(សារលើហ្វេសប៊ុក)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត សង្ឃឹមថា ភាគីថៃដែលតែងតែប្រកាសថា ជាប្រទេសស្រលាញ់សន្តិភាព និងគោរពច្បាប់អន្តរជាតិ នឹងបន្តប្រើប្រាស់មធ្យោបាយសន្តិវិធី ស្របតាមគោលការណ៍ច្បាប់ ក្នុងការធ្វើការវាស់វែង និងបោះបង្គោលព្រំដែន ដើម្បីកំណត់ដែនអធិបតេយ្យភាពរបស់ប្រទេសនីមួយៗ

ថ្នាក់ដឹកនាំថៃធ្លាប់ប្រកាសនៅតាមបណ្តាញសារព័ត៌មាន និងនៅតាមវេទិកាអន្តរជាតិជាប្រចាំថា ប្រទេសថៃជាប្រទេសស្រឡាញ់សន្តិភាព និងគោរពច្បាប់អន្តរជាតិ។ ហេតុដូច្នេះ គឺជាការភ្ញាក់ផ្អើលមួយនៅពេលដែលឃើញព័ត៌មានចុះផ្សាយនៅថ្ងៃទី ៨ ធ្នូ ២០២៥ ថាកងទ័ពភូមិភាគទី១ របស់ថៃបានប្រកាសថានឹងប្រើប្រាស់កម្លាំងដើម្បីដណ្ដើមដែនអធិបតេយ្យរបស់ថៃមកវិញ រួមទាំងការបាញ់កាំភ្លើងផ្លោង និងចល័តកម្លាំងយោធា ចូលក្នុងភូមិព្រៃចាន់ ភូមិជោគជ័យ និងគោលដៅមួយចំនួនទៀតនៅខេត្តបន្ទាយមានជ័យ។ បើថៃពិតជាស្រឡាញ់សន្តិភាព និងស្រឡាញ់ទឹកដីដូចកម្ពុជា គួររាជរដ្ឋាភិបាលនិងកងទ័ពថៃ ប្រកាន់យកការដោះស្រាយបញ្ហាព្រំដែនតាមសន្តិវិធី ដោយប្រើប្រាស់យន្តការដែលបានឯកភាពគ្នានិងបានកំពុងអនុវត្តជាមួយគ្នា។ បើថៃពិតជាគោរពច្បាប់អន្តរជាតិមែន គឺមិនត្រូវប្រើប្រាស់កម្លាំងយោធាធ្វើការវាយប្រហារលើភូមិប្រជាជនស៊ីវីលទេ ក្រោមហេតុផលដណ្ដើមយកដែនអធិបតេយ្យរបស់ខ្លួនមកវិញនោះទេ។ កម្ពុជាបានប្រកាន់ខ្ជាប់ជាប្រចាំនូវគោលការណ៍គោរពអធិបតេយ្យ និងបូរណភាពទឹកដីរបស់ប្រទេសជិតខាង ប៉ុន្តែក៏មិនអនុញ្ញាតឱ្យប្រទេសណារំលោភលើដែនអធិបតេយ្យ និងបូរណភាពទឹកដីរបស់ខ្លួនដែរ។ ខ្ញុំក៏បានលឺថ្នាក់ដឹកនាំថៃប្រកាសដូចគ្នា។ មូលហេតុនេះហើយ បានជាប្រទេសទាំងពីរបានបង្កើតគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោកកម្ពុជា-ថៃ (JBC) ដែលបានដំណើរការជាង ២០ឆ្នាំ ដោយផ្អែកលើមូលដ្ឋាននៃឯកសារគតិយុត្តដែលបន្សល់ទុកពីអាណាព្យាបាលបារាំង ជាពិសេសកំណត់ហេតុ (Procès Verbaux) បោះបង្គោលរបស់គណៈកម្មការកំណត់ព្រំដែនរវាងឥណ្ឌូចិន-សៀម ឆ្នាំ១៩០៨-១៩០៩ និងគណៈកម្មការបោះបង្គោលព្រំដែនរវាងឥណ្ឌូចិន-សៀម ឆ្នាំ១៩១៩-១៩២០។ ថ្មីៗនេះ ស្របតាមស្មារតីដែលបានឯកភាពគ្នារវាងគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោកកម្ពុជា-ថៃ (JBC) ភាគីកម្ពុជា និងភាគីថៃបានឯកភាពគ្នាបញ្ជូនក្រុមវាស់វែងចម្រុះចុះអនុវត្តការងារវាស់វែងនិងបោះបង្គោលព្រំដែនបណ្តោះអាសន្ននៅកំណាត់ខ្សែព្រំដែនចន្លោះបង្គោលព្រំដែនលេខ៤២-៤៧ នៅខេត្តបន្ទាយមានជ័យ និង លេខ៥២-៥៩ នៅខេត្តបាត់ដំបង។ ការងារនេះបានប្រព្រឹត្តទៅដោយរលូនដោយមានការសហការគ្នាល្អរវាងក្រុមការងារបច្ចេកទេសព្រំដែននៃប្រទេសទាំងពីរ។ ជាលទ្ធផល ការងារវាស់វែងនិងបោះបង្គោលព្រំដែនបណ្តោះអាសន្ននៅកំណាត់ខ្សែព្រំដែនចន្លោះបង្គោលព្រំដែនលេខ៥២-៥៩ នៅខេត្តបាត់ដំបងបានដំណើរការស្ទើរតែបញ្ចប់…

សារពិសេសរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ឆ្លើយតបទៅនឹងអ្នកនយោបាយមួយចំនួនដែលឆ្លៀតប្រឌិតរឿងមិនពិតក្នុងចេតនាកេងចំណេញនយោបាយ និងដើម្បីឱ្យប្រជាពលរដ្ឋមានការយល់ច្រឡំមកលើរាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសជិតខាង

ក្នុងកាលៈទេសៈដែលយើងកំពុងដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសជិតខាង ខ្ញុំមិនចង់មានការឆ្លើយឆ្លងជាមួយអ្នកនយោបាយខ្មែរមួយចំនួននោះទេ។ ក៏ប៉ុន្តែពេលខ្លះក៏មានការចាំបាច់ក្នុងការលើកឡើងនូវចំណុចមួយចំនួន កុំឱ្យក្រុមអ្នកនយោបាយខ្លះឆ្លៀតប្រឌិតរឿងមិនពិតក្នុងចេតនាកេងចំណេញនយោបាយ និងដើម្បីឲ្យប្រជាពលរដ្ឋមានការយល់ច្រឡំមកលើរាជរដ្ឋាភិបាល។ កាលពីព្រឹកមិញនេះ លោក អ៊ុំ សំអាន បានបង្ហោះសារនៅក្នុងគណនីហ្វេសប៊ុករបស់ខ្លួនថា៖ Pong Nam Ron នេះជាប់ស្រុកកំរៀង ខេត្តបាត់ដំបងដែលជាអតីតតំបន់មូលដ្ឋានយោធាខ្មែរក្រហមដែលលោក អៀង សារី បានកាន់កាប់ហើយមានលោក អ៊ី ឈាន ជាមេទ័ព នាសម័យសង្រ្គាមសុីវិលនាទសវត្សទី៨០។ លោក អ៊ី ឈាន អតីតអភិបាលខេត្តប៉ៃលិនធ្លាប់និយាយថា ថៃបានបង្ខិតចូលដីខ្មែររាប់រយម៉ែត្រនៅតំបន់ Pong Nam Ron ជាប់ស្រុកកំរៀងនេះ។ ព្រំដែនចាស់ មិនមែនស្ថិតនៅព្រំដែនបច្ចុប្បន្ននេះទេ។ ប៉ុន្តែឥឡូវនេះ កម្ពុជាទទួលស្គាល់ព្រំដែនថ្មីគឺធ្វើអោយបាត់បង់ទឹកដីខ្មែរជាច្រើនគីឡូម៉ែត្រការ៉េនៅតំបន់នោះ។ ប៉ុន្តែ ប៉ុន្មានមួយម៉ោងក្រោយមក ឯ.ឧ អ៊ី ឈាន បានចេញសារបញ្ជាក់ជូនបងប្អូនជនរួមជាតិថា៖ អ្វីដែល អ៊ុំ សំអាន សរសេរនេះគឺជាការប្រឌិតទាំងស្រុង និងមានចរិតញុះញង់ដើម្បីបង្ករឿង និងកេងចំណេញនយោបាយក្នុងចេតនាបង្កចលាចលសង្គម និងការយល់ច្រឡំមកលើកិច្ចការព្រំដែន ដែលរាជរដ្ឋាភិបាល និងគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក(JBC) កម្ពុជាកំពុងអនុវត្តដោយឈរលើមូលដ្ឋានច្បាប់អន្ដរជាតិ អនុសញ្ញា សទ្ធិសញ្ញា ផែនទីនិងឯកសារដែលបន្សល់ទុកពីបារាំង។ ខ្ញុំនិងប្រជាជនទាំងអស់នឹងរង់ចាំមើលថាតើលោក…

សារ(លើហ្វេសប៊ុក) ពាក់ព័ន្ធនឹងការចុះអនុវត្តការងារវាស់វែងនិងបោះបង្គោលព្រំដែន បណ្តោះអាសន្ននៅកំណាត់ខ្សែព្រំដែនចន្លោះបង្គោលព្រំដែនលេខ៤២-៤៧ នៅខេត្តបន្ទាយមានជ័យ និងលេខ៥២-៥៩ នៅខេត្តបាត់ដំបង

ជូនចំពោះបងប្អូនជនរួមជាតិ។ បញ្ហាព្រំដែន គឺជាបញ្ហាស្មុគស្មាញ ដែលបានបន្សល់ទុករាប់រយឆ្នាំមកហើយ ហើយដែលយើងត្រូវរួមគ្នាដោះស្រាយ ដើម្បីប្រជាពលរដ្ឋនៃប្រទេសទាំងពីរអាចរស់នៅជាមួយគ្នាតាមបណ្ដោយព្រំដែនដោយសុខសាន្ត ក្នុងរយៈពេលវែងទៅខាងមុខ។ ខ្ញុំធ្លាប់បានបញ្ជាក់ជូនបងប្អូនជនរួមជាតិម្តងរួចហើយ អំពីការខិតខំរបស់រាជរដ្ឋាភិបាល ក្នុងការស្វែងរកដំណោះស្រាយមួយដែលត្រឹមត្រូវសម្រាប់រយៈពេលវែង និងជួយអោយបញ្ហាដូចដែលបានកើតឡើងនៅភូមិជោគជ័យនិងព្រៃចាន់អាចដោះស្រាយបញ្ចប់បាន ហើយប្រជាពលរដ្ឋអាចរស់នៅប្រកបរបរចិញ្ចឹមជីវិតជាប្រក្រតីឡើងវិញបាន ជៀសវាងអូសបន្លាយបញ្ហាអោយបន្តនៅរ៉ាំរ៉ៃរយៈពេលវែងទៅមុខ។ ដំណោះស្រាយបែបនេះ គឺមិនអាចសម្រេចបានតាមរយៈការប្រើប្រាស់មធ្យោបាយហិង្សា ឬតាមរយៈការប្រើប្រាស់កម្លាំងប្រដាប់អាវុធនោះទេ។ ផ្ទុយទៅវិញ មានតែការដោះស្រាយដោយសន្តិវិធី ស្របតាមសន្ធិសញ្ញា អនុសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់រវាងប្រទេសទាំងពីរកម្ពុជានិងថៃ ទើបធានាបាននូវលទ្ធផលដូចចង់បានខាងលើ។ ក្នុងន័យនេះ ស្របតាមស្មារតីដែលបានឯកភាពគ្នារវាងគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោកកម្ពុជា-ថៃ (JBC) ភាគីកម្ពុជា និងភាគីថៃបានឯកភាពគ្នាបញ្ជូនក្រុមវាស់វែងចម្រុះចុះអនុវត្តការងារវាស់វែងនិងបោះបង្គោលព្រំដែន បណ្តោះអាសន្ននៅកំណាត់ខ្សែព្រំដែនចន្លោះបង្គោលព្រំដែនលេខ៤២-៤៧ នៅខេត្តបន្ទាយមានជ័យ និង លេខ៥២-៥៩ នៅខេត្តបាត់ដំបង។ ខ្ញុំបានសង្កេតឃើញនៅតាមបណ្ដាញសង្គមមានការជជែកវែកញែក ក៏ដូចជាការបញ្ចេញមតិ ការចោទជាសំណួរ និងការបង្ហាញពីកង្វល់ របស់បងប្អូន ប្រជាពលរដ្ឋពាក់ព័ន្ធទៅនឹងការវាស់វែងនិងការបោះបង្គោលព្រំដែនបណ្ដោះអាសន្ននៅចន្លោះបង្គោលព្រំដែនលេខ៤២-៤៧ និងលេខ៥២-៥៩។ ខ្ញុំសូមយកឱកាសនេះ ធ្វើការបញ្ជាក់ជូនបងប្អូនប្រជាពលរដ្ឋបានជ្រាបពាក់ព័ន្ធនឹងចំណុចមួយចំនួន៖ ១. មានមតិខ្លះលើកឡើងថា ការវាស់វែងនិងបោះបង្គោលព្រំដែនបណ្តោះអាសន្ននៅចន្លោះបង្គោលព្រំដែនលេខ៤២-៤៧ និង លេខ៥២-៥៩ ធ្វើឡើងដោយប្រញ៉ាប់ប្រញ៉ាល់ ក្នុងរយៈពេលខ្លី។ នេះជាការពិតឬទេ? ខ្ញុំសូមបញ្ជាក់ថា ការវាស់វែងនិងបោះបង្គោលព្រំដែនបណ្តោះអាសន្ននៅចន្លោះបង្គោលព្រំដែនខាងលើមិនមែនជាការងារដែលចាប់ផ្ដើមថ្មីទាំងស្រុងនោះទេ ប៉ុន្តែវាជាការងារបច្ចេកទេសដែលបន្តពីអ្វីដែលក្រុមការងារបច្ចេកទេសព្រំដែននៃប្រទេសទាំងពីរបានរួមគ្នាធ្វើជិត ២០ឆ្នាំមកហើយ។ រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនបានបញ្ជាក់ជូនបងប្អូនប្រជាពលរដ្ឋនៅពេលថ្មីៗនេះរួចហើយថា ក្នុងការងារវាស់វែងនិងខណ្ឌសីមាព្រំដែនគោកកម្ពុជា-ថៃ…

សារពិសេសរបស់ សម្ដេចធិបតី លើគណនេយ្យហ្វេសប៊ុកផ្ទាល់ខ្លួន បន្ទាប់ពីមានការវាយប្រហារពីភាគីថៃមកលើជនស៊ីវិលស្លូតត្រង់កម្ពុជានៅភូមិព្រៃចាន់

ខ្ញុំសូមថ្កោលទោសចំពោះការប្រើប្រាស់អំពើហិង្សារបស់ភាគីថៃមកលើប្រជាពលរដ្ឋស៊ីវិលស្លូតត្រង់កម្ពុជានៅភូមិព្រៃចាន់ នាល្ងាចថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ ២០២៥ នេះ ដែលបណ្តាលឱ្យប្រជាពលរដ្ឋស៊ីវិលស្លូតត្រង់កម្ពុជារបួស៣នាក់ និងស្លាប់បាត់បង់ជីវិត ១នាក់។  ទង្វើនេះ គឺផ្ទុយទៅនឹងស្មារតីមនុស្សធម៌ ក៏ដូចជាការឯកភាពគ្នាកន្លងមកក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ជាពិសេស ការឯកភាពឱ្យយន្តការ គណៈកម្មាការចម្រុះព្រំដែន (JBC) ចុះវាស់វែង និងបោះបង្គោលបណ្តោះអាសន្ន និងត្រូវរក្សាស្ថានភាពដើម ដដែលរហូតដល់ការវាស់វែងត្រូវបានបញ្ចប់ និងរង់ចាំការសម្រេចដោយ JBC។  ខ្ញុំសូមអោយភាគីថៃ បញ្ឈប់ជាបន្ទាន់នូវការប្រើប្រាស់កម្លាំងមកលើប្រជាពលរដ្ឋស៊ីវិលស្លូតត្រង់កម្ពុជានៅភូមិព្រៃចាន់ ក៏ដូចជាការប្រើប្រាស់កម្លាំងក្នុងការដោះស្រាយបញ្ហាព្រំដែនរវាងប្រទេសទាំងពីរ។  ខ្ញុំសូមអោយមានការបើកការស៊ើបអង្កេតដោយឯករាជ្យលើករណីនេះ និងសូមអំពាវនាវអោយមានការចូលរួមពីភាគីបរទេសដែលមានជំនាញ ដើម្បីស្វែងរកការពិត និងផ្តល់យុត្តិធម៌ជូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារការបាញ់ប្រហារនេះ។  ជាមួយគ្នានេះ ខ្ញុំសូមឱ្យអាជ្ញាធរដែនដី និងគ្រប់កងកម្លាំងសមត្ថកិច្ចទាំងអស់ចាត់វិធានការជាបន្ទាន់ ក្នុងការការពារប្រជាពលរដ្ឋរបស់យើង ជាពិសេសត្រូវគិតគូរលើសុវត្ថិភាព និងអាយុជីវិតរបស់ពួកគាត់ ឱ្យបានជាដាច់ខាត ។  កម្ពុជានៅរក្សាជំហរក្នុងការដោះស្រាយបញ្ហាដោយសន្តិវិធី ស្របតាមស្មារតីនៃសេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួ នៅថ្ងៃទី ២៦ ខែតុលា ឆ្នាំ២០២៥ ដើម្បីឈានទៅដល់ការបញ្ចប់ជម្លោះ និងកសាងសន្តិភាពរវាងប្រទេសទាំងពីរ។

សារពិសេសរបស់ សម្ដេចធិបតី នាយករដ្ឋមន្ត្រី ពាក់ព័ន្ធនឹងការដោះស្រាយបញ្ហាព្រំដែន ជាពិសេសនៅភូមិព្រៃចាន់ និងភូមិជោគជ័យ ក្នុងឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ

បងប្អូនជនរួមជាតិជាទីស្រលាញ់! ថ្ងៃនេះខ្ញុំសូមជម្រាបជូនបងប្អូនខ្លះៗអំពីការខិតខំដោះស្រាយបញ្ហានៅភូមិជោគជ័យ និងភូមិព្រៃចាន់ ដោយសារស្ថានការបានបោះមួយជំហ៊ានទៅមុខ ប្រកបដោយភាពច្បាស់លាស់ជាងពេលមុន ដោយភាគីទាំងពីរអាចយកគោលការណ៍បច្ចេកទេស និងច្បាប់មកជជែកគ្នាដើម្បីរកដំណោះស្រាយមួយដោយសន្តិវិធី។ បញ្ហាដែលកើតមានឡើងនៅភូមិជោគជ័យ និងភូមិព្រៃចាន់ ដែលចាប់ផ្ដើមឡើងពីការប្រើប្រាស់លួសបន្លានិងកង់ឡានរបស់យោធាថៃ ធ្វើការហ៊ុមព័ទ្ធផ្ទះ និងដីអាស្រ័យផលមួយចំនួនរបស់ប្រជាពលរដ្ឋនៅទីនោះ ក្នុងរយៈពេលជាង ២ខែកន្លងមកនេះ បានបង្កនូវការលំបាកដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយផ្ទាល់ ក៏ដូចជាប្រជាពលរដ្ឋដទៃទៀត ដែលកំពុងរស់នៅក្នុងភូមិទាំងពីរ។ បញ្ហានេះក៏បានបង្កនូវភាពតានតឹងក្នុងអារម្មណ៍របស់ប្រជាពលរដ្ឋខ្មែរយើងទាំងក្នុង និងក្រៅប្រទេសដែលតាមដានបញ្ហានេះ។ គោលដៅរបស់រាជរដ្ឋាភិបាលតាំងពីដំបូង គឺធ្វើយ៉ាងណាដើម្បីទប់សភាពការណ៍ដែលកើតមានកុំឱ្យរីករាលដាល ដែលនាំឱ្យប៉ះពាល់ដល់ប្រជាពលរដ្ឋកាន់តែច្រើននិងកាន់តែមានកម្រិតធ្ងន់ធំធ្ងរ ក៏ដូចជារកគ្រប់វិធីដើម្បីដោះស្រាយបញ្ហានៅនឹងកន្លែងឱ្យបានឆាប់ជាទីបំផុត។ ដើម្បីសម្រេចគោលដៅនេះ រាជរដ្ឋាភិបាលបានប្រកាន់យកនូវអភិក្រម ក្នុងការខិតខំការដោះស្រាយដោយភាពអត់ធ្មត់ និងការប្រើប្រាស់មធ្យោបាយសន្តិវិធី ក្នុងការស្វែងរកដំណោះស្រាយ ព្រោះការប្រើប្រាស់មធ្យោបាយហិង្សាណាមួយ មិនត្រឹមតែមិនអាចរកដំណោះស្រាយបាននោះទេ ប៉ុន្តែអាចនាំដល់ការពង្រីកភូមិសាស្ត្រនៃជម្លោះ និងបង្កផលប៉ះពាល់ដល់ប្រជាពលរដ្ឋកាន់តែច្រើន និងកាន់តែធ្ងន់ធ្ងរ ក៏ដូចជាបង្កការលំបាកនៅក្នុងការស្វែងរកដំណោះស្រាយ បញ្ចប់បញ្ហាឱ្យបានឆាប់។ ខ្ញុំយល់ពីអារម្មណ៍របស់បងប្អូនប្រជាពលរដ្ឋ ដោយសារវិធីសាស្ត្រត្រជាក់ដែលរាជរដ្ឋាភិបាលបានប្រកាន់យកនៅពេលកន្លងមក ពេលខ្លះមិនអាចទទួលបាននូវលទ្ធផលដែលយើងចង់បានភ្លាមៗ។ ខណ:ដែល ការស្វែងរកដំណោះស្រាយហាក់ដូចជាគ្មានលទ្ធផល ហើយសកម្មភាពជាក់ស្តែងនៅទីនោះកាន់តែធ្ងន់ធ្ងរទៅៗ ដែលធ្វើឱ្យបងប្អូនមួយចំនួនអាចមានអារម្មណ៍អស់សង្ឃឹម និង គិតថានឹងគ្មានដំណោះស្រាយណាមួយនោះទេ។ បន្ថែមលើនេះ សកម្មភាពមួយចំនួនរបស់ភាគីថៃ ដូចជាការរាវមីន ការបែងចែកដីឱ្យប្រជាពលរដ្ឋថៃ ឬការបំផ្លាញអគារ នៅក្នុងកន្លែងដែលកងទ័ពថៃបានហ៊ុមព័ទ្ធរួចទៅហើយ បានធ្វើឱ្យប្រជាពលរដ្ឋកាន់តែមានអារម្មណ៍ថាប្រហែលជានឹងគ្មានដំណោះស្រាយ ហើយអ្នកខ្លះរហូតដល់មានការយល់ច្រឡំថារាជរដ្ឋាភិបាលកម្ពុជាបានលួចឯកភាពកាត់ដីខ្មែរអោយគេដើម្បីប្ដូរយកបទឈប់បាញ់ឬ កិច្ចព្រមព្រៀងសន្តិភាព។ ខ្ញុំសូមបញ្ជាក់សាជាថ្មីថា គ្មានការលួចឯកភាពនៅក្នុងការកាត់ទឹកដីដែលស្ថិតនៅក្នុងដែនអធិបតេយ្យ…

សេចក្ដីដកស្រង់ ប្រសាសន៍សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជួបសំណេះសំណាលនិងចែករំលែកព័ត៌មានខ្លះ អំពីកិច្ចការមួយចំនួនដែលរាជរដ្ឋាភិបាលបាន និងកំពុងព្យាយាមបន្តធ្វើ សម្រាប់អាយុជីវិត សុខទុក្ខ និងសេរីភាពរបស់បងប្អូនវីរៈកងទ័ព ១៨រូប កំពុងស្ថិតនៅក្រោមការឃុំខ្លួនរបស់កងទ័ពថៃ ជូនដល់ក្រុមគ្រួសារ

ថ្ងៃនេះ អ៊ំ ពូមីង បងប្អូន ត្រូវជាគ្រួសារយោធិនទាំង ១៨នាក់ ដែលជាប់ឃុំដោយកងទ័ពថៃ បានអញ្ជើញមកពីខេត្តឆ្ងាយទាំង៦។ ខ្ញុំសូមអរគុណណាស់ចំពោះលោកអ៊ំ ពូមី បងប្អូន និងតាមរយៈអ៊ំពូមីង បងប្អូន ក៏សូមអរគុណចំពោះវីរៈកងទ័ពរបស់យើងទាំង ១៨រូប ដែលបានបំពេញភារកិច្ចយ៉ាងអង់អាចក្លាហានក្នុងការការពារទឹកដីរបស់យើង ក្នុងពេលប្រយុទ្ធកន្លងទៅ។ ថ្ងៃនេះ ជាថ្ងៃបិណ្ឌ១២។​ តាមពិត ថ្ងៃភ្ជុំបិណ្ឌជាថ្ងៃដែលជួបជុំគ្រួសារ។ កន្លងទៅ កងទ័ពរបស់យើងដែលបានប្រជុំជាមួយភាគីថៃនោះ ក៏បានយកចិត្តទុកដាក់ព្យាយាមស្នើសុំឱ្យមានការដោះលែងជាមនុស្សធម៌ ឱ្យបងប្អូន ១៨រូប បានត្រឡប់មកជួបជុំគ្រួសារ។ ប៉ុន្តែ មកដល់ពេលនេះ នៅមិនទាន់មានចម្លើយវិជ្ជមាននៅឡើយ។ ទោះជាយ៉ាងណា ក៏យើងនៅបន្តខិតខំ ដើម្បីរកវិធីឱ្យមានការដោះលែងឱ្យពួកគាត់មានសេរីភាពក្នុងពេលឆាប់ៗ តាមដែលអាចធ្វើទៅបាន។ ខ្ញុំយល់ពីទឹកចិត្ត ការព្រួយបារម្ភចំពោះប្ដី ចំពោះកូន ចំពោះគូដណ្ដឹង ព្រោះតាមព័ត៌មាន (ក្នុងចំណោមនោះ)ក៏មានជាគូដណ្ដឹងមួយដែរ។ មានម្នាក់ជាគូដណ្ដឹង(របស់វីរៈកងទ័ពដែលបានចាប់ខ្លួន) នៅស្ទឹងត្រែង​។ ត្រូវចូលរៀបការថ្ងៃណា? ត្រូវរៀបការនៅក្នុងកំឡុងខែមករា ឬខែកុម្ភៈ(ឆ្នាំ២០២៦)នេះ។ យើងសង្ឃឹមថា (កងទ័ពយើង)នឹង(ត្រូវ)បាន(ដោះលែង)ក្នុងពេលឆាប់ៗខាងមុខ និងបើអាចទៅរួចសង្ឃឹមថានឹងអាចជួយកុំឱ្យលើកពេល ក្នុងការវិលត្រឡប់(មកជួបជុំ)គ្រួសារ និងគូដណ្ដឹងវិញ។ ខ្ញុំសូមរំលឹកបន្តិចអំពីសាវតារនៃឧបទ្ទវហេតុនៅថ្ងៃទី ២៩(កក្កដា កន្លងទៅ ដែលកើតហេតុការណ៍ចាប់ខ្លួនកើតឡើង)។ តាមដែលខ្ញុំចាំ…

សារលើហ្វេសប៊ុក របស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត អំពី ៥ចំណុច ផ្ញើដល់ភាគីថៃពាក់ព័ន្ធនឹងការចោទប្រកាន់គ្មានមូលដ្ឋាន និងគំរាមដាក់វិធានការឯកតោភាគីក្នុងតំបន់ដែលមានវិវាទ

មួយរយៈនេះខ្ញុំបានឃើញថ្នាក់ដឹកនាំនយោបាយ កងទ័ព និងបណ្ដាញសារព័ត៌មានថៃ បានធ្វើការចោទប្រកាន់ដោយគ្មានមូលដ្ឋានមកលើកម្ពុជាពាក់ព័ន្ធនឹងបញ្ហាមួយចំនួនដូចជាលូកដៃចូលនយោបាយផ្ទៃក្នុងថៃ ការដាក់មីន ព្រមទាំងបានធ្វើការគំរាមដាក់ចេញនូវវិធានការជាឯកតោភាគីនៅក្នុងតំបន់ដែលមានវិវាទ រួមមានតំបន់មុំបី និងប្រាសាទតាមាន់ធំ ។ល។ ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ក្រសួងការពារជាតិ ក្រសួង ស្ថាប័នជំនាញពាក់ព័ន្ធរបស់កម្ពុជា បានធ្វើការឆ្លើយតបយ៉ាងសកម្មទៅលើការចោទប្រកាន់ទាំងនោះ ដើម្បីការពារភាពត្រឹមត្រូវរបស់កម្ពុជាជាបន្តបន្ទាប់រួចហើយ ក៏ដូចជាការត្រៀមដាក់ចេញនូវវិធានការចាំបាច់បន្ថែមទៀតក្នុងគោលដៅការពារឧត្តមប្រយោជន៍ជាតិខ្មែរ។ ខ្ញុំមិនមានការចាំបាច់ធ្វើការអត្ថាធិប្បាយអ្វីបន្ថែមច្រើននោះទេ ប៉ុន្តែខ្ញុំគ្រាន់តែចង់ផ្ញើសារខ្លីប៉ុន្មានចំណុចតែប៉ុណ្ណោះដើម្បីរំលឹកទៅភាគីថៃថា៖ ១. តំបន់ឬទីកន្លែងដែលមានវិវាទ ឬមិនទាន់ដាច់ស្រេចថាស្ថិតក្នុងដែនអធិបតេយ្យភាពរបស់ប្រទេសណាមួយ គឺគ្មានភាគីណាមានសិទ្ធិធ្វើសកម្មភាពឬដាក់ចេញនូវវិធានការជាឯកតោភាគីនៅក្នុងតំបន់ឬទីកន្លែងនោះ។ រាល់វិធានការនានាដែលអាចអនុវត្តបាន ត្រូវមានការឯកភាពគ្នារវាងភាគីទាំងពីរជាមុនសិន។ ២. បន្ទាត់ក្រហមនៅតែជាបន្ទាត់ក្រហម មិនមានការប្រែប្រួលទេ។ សូមកុំបំពាន។ ៣. កម្ពុជាមិនរំលោភបំពានលើអ្នកណាទេ ប៉ុន្តែកម្ពុជាក៏មិនឲ្យអ្នកណាមួយរំលោភបំពានលើខ្លួននោះដែរ។ កម្ពុជាមានសមត្ថភាពគ្រប់គ្រាន់និងបានត្រៀមខ្លួនជាស្រេចក្នុងការការពារខ្លួននិងការពារបូរណភាពទឹកដី តាមគ្រប់មធ្យោបាយទាំងអស់ប្រឆាំងនឹងការរំលោភបំពាន។ ៤. វិធីសាស្រ្តបៀមឈាមព្រួសដាក់អ្នកដទៃ មិនមែនជាវិធីសាស្រ្តដែលមានសីលធម៌និងសុច្ចរិតភាពនោះទេ។ វិធីសាស្ត្របែបនេះមិនត្រូវប្រើទេ បើយើងពិតជាចង់កសាងនូវទំនុកចិត្តរវាងគ្នានិងគ្នា។ ៥. កម្ពុជានៅតែរក្សាជំហរក្នុងការស្វែងរកដំណោះស្រាយលើបញ្ហានេះ ដោយមធ្យោបាយអហិង្សា ឲ្យបានឆាប់រហ័ស ប្រកបដោយភាពច្បាស់លាស់និងចីរភាព។

សុន្ទរកថានិងសេចក្ដីអធិប្បាយ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បិទកិច្ចប្រជុំគណៈកម្មាធិការកណ្តាល សហភាពសហព័ន្ធយុវជនកម្ពុជា ឆ្នាំ២០២៥

ឯកឧត្តម លោកជំទាវ សមាជិក សមាជិការាជរដ្ឋាភិបាល គណៈអធិបតី ភ្ញៀវកិត្តិយស ថ្នាក់ដឹកនាំ សមាជិក សមាជិកា គណៈកម្មាធិការកណ្ដាលនៃសហភាពសហព័ន្ធយុវជនកម្ពុជា ជាទីមេត្រី! ថ្ងៃនេះ ខ្ញុំមានសេចក្តីសោមនស្សរីករាយ ដែលបានចូលរួមជាមួយ ក្នុងពិធីបិទកិច្ចប្រជុំគណៈកម្មាធិការកណ្តាលសហភាពសហព័ន្ធ​យុវជនកម្ពុជា ឆ្នាំ២០២៥ នៅលើទឹកដីអង្គរ នៅពេលនេះ។ ក្នុងនាមជាប្រធានកិត្តិយសហភាពសហព័ន្ធយុវជនកម្ពុជា ខ្ញុំសូមអរគុណ​ ចំពោះ​ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលបានចំណាយពេលវេលាដ៏មានតម្លៃអញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះ និងបានផ្តល់នូវធាតុចូលសំខាន់ៗសម្រាប់ជាមូលដ្ឋានក្នុងការកំណត់ទិសដៅការងារបន្ត ហើយខ្ញុំក៏សូមអរគុណចំពោះគណៈកម្មការរៀបចំ ដែលបានចាត់ចែងសម្របសម្រួលកិច្ចប្រជុំដ៏មានសារៈសំខាន់នេះ ឱ្យប្រព្រឹត្តទៅដោយរលូន ប្រកប​ដោយ​ភាពជោគជ័យគួរជាទីមោទនៈ។ ខ្ញុំសូមយកឱកាសនេះ ចូលរួមអបអរសាទរចំពោះសមិទ្ធផលថ្មីៗដែល ស.ស.យ.ក. សម្រេចបានរយៈកាលកន្លងមក ដូចដែល ឯកឧត្តម ហ៊ុន ម៉ានីប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានបញ្ជាក់យ៉ាងច្បាស់ក្នុងសេចក្តីរាយការណ៍អំពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការកណ្តាល ស.ស.យ.ក. អម្បាញ់មិញនេះ។ សមិទ្ធផលទាំងនេះ គឺជាសក្ខីភាពបញ្ជាក់ឱ្យឃើញយ៉ាងច្បាស់នូវកិច្ចខិតខំប្រឹងប្រែង និងការចូលរួមសហការ​គ្នាយ៉ាងជិតស្និទ្ធរបស់បងប្អូនយុវជនយើងពីគ្រប់មជ្ឈដ្ឋាន ក្នុងការបំពេញភារកិច្ចរៀងខ្លួនៗ ក្រោម​ស្មារតីសាមគ្គីភាព មិត្តភាព ភាតរភាព ឯកភាពផ្ទៃក្នុង និងការទទួលខុសត្រូវខ្ពស់ ក្នុងដំណើរឆ្ពោះទៅការចូលរួម​ជ្រោង​ទង់ចលនាយុវជន ក្នុងបុព្វហេតុជាតិ មាតុភូមិ និងប្រជាជនជាទីស្នេហានៃយើង។ ជាមួយគ្នានេះដែរ…

សម្ដេចមហាបវរធិបតី បញ្ជាឱ្យបិទច្រកទ្វារព្រំដែនចំនួន២ ជាអចិន្ត្រៃយ៍ក្នុងខេត្តឧត្តរមានជ័យ ឆ្លើយតបនឹងមេទ័ពយោធភូមិភាគ២ របស់ថៃ ដែលបិទច្រកសាយតាគូ-ជប់គគីរ

កាលពីយប់មិញនេះ (ថ្ងៃទី២១ មិថុនា) ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តឧត្តរមានជ័យ បានរាយការណ៍ប្រាប់ខ្ញុំថា យោធភូមិភាគ២ នៃកងទ័ពថៃទើបបានចេញលិខិតជូនដំណឹងថាភាគីថៃនិងបិទច្រកសាយតាគូ-ជប់គគីរ ស្ថិតនៅស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ចាប់ពីថ្ងៃនេះតទៅ។ ខ្ញុំបានឯកភាពឱ្យ ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្ត សម្រេចបិទច្រកនេះខាងកម្ពុជាជាអចិន្ត្រៃយ៍វិញដែរ។ បន្ថែមពីលើច្រកជប់គគីរនេះ ខ្ញុំបានបញ្ជាឱ្យឯកឧត្តមអភិបាលខេត្ត បិទច្រកមួយបន្ថែមទៀតតែម្ដង គឺច្រកទ្វារព្រំដែនជាំ ស្ថិតក្នុងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ចាប់ពីថ្ងៃនេះតទៅ ហើយឱ្យជូនដំណឹងទៅភាគីថៃវិញផងដែរ។ ចាប់ពីថ្ងៃទី ៧ មិថុនា ឆ្នាំ ២០២៥ កងទ័ពថៃបានប្រើប្រាស់វិធានការបិទច្រកព្រំដែន និងកែប្រែពេលវេលានៃការបិទ-បើកច្រកព្រំដែនរវាងប្រទេសទាំងពីរជាឯកតោភាគី ដោយមិនបានគិតអំពីផលប៉ះពាល់ដល់ការធ្វើដំណើរឆ្លងកាត់របស់ប្រជាជននៃប្រទេសទាំងពីរឡើយ។ កម្ពុជាមិនដែលមានបំណងចង់បង្កការលំបាកដល់ប្រជាពលរដ្ឋនៃប្រទេសទាំងពីរដែលរស់នៅ ឬធ្វើដំណើរឆ្លងកាត់ច្រកព្រំដែននោះទេ។ ប៉ុន្តែបើកងទ័ពថៃនៅបន្តប្រើវិធីបែបនេះដើម្បីដាក់គំនាបមកលើកម្ពុជានោះ គឺកម្ពុជាកំដរបានគ្រប់ពេលវេលា។ វាជារឿងចម្លែកមួយដែរដែលថ្នាក់ដឹកនាំនយោបាយថៃ រួមទាំងនាយករដ្ឋមន្ត្រីថៃ តែងតែស្នើសុំឱ្យមានការចរចាបើកច្រកព្រំដែនឱ្យមានភាពប្រក្រតីភាពឡើងវិញ។ ប៉ុន្តែពេលជាមួយគ្នា កងទ័ពរបស់ថៃនៅតែបន្តធ្វើការបិទបើកច្រក ឬកែសម្រួលម៉ោងបិទបើកច្រកតាមចិត្តនឹកឃើញជាឯកតោភាគីទៅវិញ។ ខ្ញុំមិនដឹងថាជាវិធីសាស្ត្រ ឬជាយុទ្ធសាស្ត្រនៃការធ្វើការងាររវាងរាជរដ្ឋាភិបាលថៃនិងកងទ័ពថៃ ព្រោះហាក់ដូចជាគ្មានការឯកភាពផ្ទៃក្នុងនិងគោលការណ៍ណាមួយច្បាស់លាស់សោះ។ ម្នាក់សុំចរចាទ្វេភាគីដើម្បីបើកច្រកឱ្យប្រក្រតីឡើងវិញ រីឯម្នាក់ទៀតបន្តបិទបើកជាឯកតោភាគី។ ចំពោះកម្ពុជា គឺយើងមានការឯកភាពពីថ្នាក់ដឹកនាំប្រទេសរហូតដល់កងទ័ពជួរមុខ។ បើនាយករដ្ឋមន្ត្រីចេញបញ្ជាអ្វីមួយ គ្រប់ស្ថាប័នថ្នាក់ជាតិ និងក្រោមជាតិ រួមទាំងកងទ័ពគឺអនុវត្តបទបញ្ជានោះដោយម៉ឺងម៉ាត់។ ចំពោះការបើកច្រកព្រំដែនរវាងកម្ពុជានិងថៃ ខ្ញុំសូមបញ្ជាក់ជាថ្មីម្ដងទៀតថា កម្ពុជានៅតែប្រកាន់ជំហរដដែលគឺ មិនមានការចាំបាច់ក្នុងការចរចាទ្វេភាគីរឿងបើកច្រកព្រំដែនរវាងប្រទេសទាំងពីរនោះទេ។ បើភាគីថៃពិតជាចង់បើកច្រកឱ្យដូចប្រក្រតីឡើងវិញនោះ…

សុន្ទរកថានិងសេចក្តីអធិប្បាយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរការដំណើរការជាផ្លូវការ ១ឆ្នាំ របស់សមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា និងពិធីពិសាភោជនាហារសាមគ្គី ឆ្នាំ ២០២៥

ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាល ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត នៃបណ្តាប្រទេសនានា ប្រចាំនៅកម្ពុជា អ្នកឧកញ៉ា លី ឃុនថៃ ប្រធានសមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា!គណអធិបតី ភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ ថ្នាក់ដឹកនាំ អ្នកតំណាងវិនិយោគកម្ពុជាទាំងអស់ជាទីមេត្រី! To friends from China and the Chinese speaking country 大家好 and to all from the English speaking countries.Hello and welcome to Cambodia ថ្ងៃនេះ ខ្ញុំមានសេចក្ដីសោមនស្ស ដោយបានចូលរួមក្នុង «ពិធីអបអរសាទរដំណើរការជាផ្លូវការ ១ ឆ្នាំ របស់សមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា និង ពិធីពិសាភោជនាហារសាមគ្គី ឆ្នាំ២០២៥» ។ ស្ថិតក្នុងឱកាសដ៏រីករាយនេះ ខ្ញុំសូមអបអរសាទរចំពោះសមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា ដែលបានដំណើរការយ៉ាងរលូនក្នុងរយៈពេល ១…