ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា និង រាជរដ្ឋាភិបាល;
គណៈធិបតី ភ្ញៀវកិត្តិយសជាតិ មន្រ្តីរាជការ បុគ្គលិកសុខាភិបាល និងក្រុមគ្រូពេទ្យ នៃមន្ទីរពេទ្យហ្លួងម៉ែ
អង្គពិធីទាំងមូល ជាទីមេត្រី!
ថ្ងៃនេះ, ខ្ញុំពិតជាមានសេចក្ដីសោមស្សរីករាយ ដែលបានចូលរួមក្នុង «ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការមន្ទីរពេទ្យ ហ្លួង ម៉ែ» ក្រោមគម្រោងហិរញ្ញប្បទានផ្ទាល់របស់រាជរដ្ឋាភិបាលកម្ពុជា និង ជាគំនិតផ្ដួចផ្ដើមប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និង បច្ចុប្បន្នជា ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ។
តាមរបាយការណ៍ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល, មន្ទីរពេទ្យ ហ្លួង ម៉ែ ជាមន្ទីរពេទ្យឯកទេសព្យាបាលជំងឺមហារីក ដែលបានបំពាក់ឧបករណ៍បរិក្ខារទំនើបៗ កម្រិតស្ដង់ដាអន្តរជាតិ ក្នុងគោលបំណងលើកកម្ពស់វិស័យសុខភាពសាធារណៈនៅកម្ពុជាថែមមួយកម្រិតទៀត តាមរយៈការផ្តល់សេវាជូនប្រជាជនកាន់តែគ្រប់ជ្រុងជ្រោយ ។ ក្នុងន័យនេះ, ខ្ញុំសូមកោតសរសើរ និង វាយតម្លៃខ្ពស់ចំពោះការប្រឹងប្រែង និង យកចិត្តទុកដាក់ខ្ពស់របស់ក្រសួងសុខាភិបាល និង ភាគីពាក់ព័ន្ធ ដែលបានរួមគ្នាជាធ្លុងមួយ ជួសជុល កែលម្អ និង សាងសង់មន្ទីរពេទ្យ ហ្លួង ម៉ែ ចប់សព្វគ្រប់ ប្រកបដោយគុណភាព, សោភណភាព និង ស័ក្តិសមជាមន្ទីរពេទ្យថ្នាក់ជាតិ ឯកទេសព្យាបាលជំងឺមហារីក ។
[ចាប់ផ្ដើមសេចក្ដីអធិប្បាយ១]
ខ្ញុំចាំថា កាលពីឆ្នំា២០២១ ឬជាង ៥ឆ្នាំមុន ខ្ញុំធ្លាប់មកទីនេះ … ខានមកប៉ុន្មានឆ្នាំ ចង់វង្វេង។ ពីមុន នៅជុំវិញ(ទីនេះ)សុទ្ធតែជាវាលស្រែ។ អម្បាញ់មិញ សួរលោកប្រធានពេទ្យថា ជុំវិញហ្នឹង (ស្ថានភាព)ទឹកយ៉ាងម៉េចទៅ? កាលមុន ភ្លៀងមក ទឹកហូរពីនេះ ចេញទៅក្រោយ។ ឥឡូវ កន្លែងនោះពេញអស់វិញ។ បានសាលាក្រុងជួយរៀបចំ។ ខ្ញុំចាំថា កាលពី ៥ឆ្នាំមុននោះ ស្ថានភាពខុសពីពេលនេះ។ បងប្អូនអាចចាំហើយ។ ទាំងអស់គ្នានៅភ្នំពេញ សុទ្ធតែអ្នកឆ្លងកាត់ស្ថានភាពពេលនោះ។ គឺយើងកំពុងតែស្ថិតក្នុងស្ថានភាពចាប់ផ្តើមការរីករាលដាលនៃជំងឺកូវីដ១៩ នៅក្នុងសហគមន៍ នៅភ្នំពេញ។ ឯកឧត្តម ឃួង ស្រេង ក៏នៅទីនេះ … រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចតេជោ ទប់បានមួយឆ្នាំជាង ពេលដែលកូវីដ១៩ ចាប់ផ្តើមចេញ។ យើងបានដាក់វិធានការតឹងរ៉ឹង ទប់ការរីកចូលក្នុងសហគមន៍បានជាងមួយឆ្នាំ នៅពេលដែលពិភពលោក មានការស្លាប់ មានការ(ឆ្លង)អីច្រើន។ ដល់ដើមឆ្នាំ ២០២១ ដូចជាខែកុម្ភៈ យើងចាប់ផ្តើមមានការរីករាលដាលក្នុងសហគមន៍។
ពេលនោះ តម្រូវឲ្យមានការគិតគូរធ្វើយ៉ាងណាដោះស្រាយ/ជួយដល់ប្រជាពលរដ្ឋរបស់យើង … ក្រោយពីខ្ញុំរៀបចំនៅ(អតីតសណ្ឋាការ) Great Duke ទៅជាមណ្ឌលសុខភាពព្យាបាលកូវីដកម្រិតស្រាល ដែលកាលនោះយើងគិតថារៀបចំជាមណ្ឌលចត្តាឡីស័កប្រជាពលរដ្ឋ ក៏ដូចជាមន្ទីរពេទ្យមួយចំនួនគឺអាចឲ្យយើងធានាបានសំរាប់រយៈពេលមួយឆ្នាំជាង … ស្ថានភាពចាប់ផ្តើមរាលលឿនមែនទែន។ មួយថ្ងៃ(ឆ្លងកូវីដ)ចូលរាប់រយនាក់។ ថ្ងៃខ្លះចូលរាប់ពាន់នាក់។ ដំបូងគិតថា អាចដាក់គាត់នៅព្យាបាលតាមផ្ទះ។ ដំណាក់កាលនោះអត់ទាន់មានថ្នាំទេ។ ថ្នាំទើបចេញមកដំបូង និងមិនដឹងថាមានប្រសិទ្ធភាពយ៉ាងណា។ ប្រជាជនយើងមានការភ័យព្រួយជាខ្លាំង ជាពិសេសការដែលឆ្លងដំបូងនោះគឺតែងតែព្រួយបារម្ភ(និងមានបំណង)ថាត្រូវតែនៅក្បែរពេទ្យ… អញ្ចឹង ក៏ត្រូវការរៀបចំពេទ្យជាបន្ទាន់។ យើងចាប់ផ្តើមពីមណ្ឌលសុខភាពកម្រិតស្រាល។ មុខព្រួញដែលក្រុមខ្ញុំធ្វើ ជាមួយខាង TYDA និងជាមួយគ្រួសារនោះ គឺបន្ទាប់ពី ៣៦ម៉ោង ក៏រៀបនៅ Great Duke ហើយ។
(តែក៏បាន)ទទួលបទបញ្ជារបស់សម្តេចតេជោ ឲ្យមកមើលនៅមន្ទីរពេទ្យស្ត្រីនគរទេព។ ដោយសារក្រៅពីពេទ្យកម្រិតស្រាល យើងត្រូវរៀបចំពេទ្យព្យាបាលកម្រិតធ្ងន់។ កាលពីរៀបចំដំបូងឡើយ យើងបានត្រៀមតែនៅពេទ្យរុស្ស៊ីប៉ុន្មានគ្រែទេ … កាលនោះ ប្រហែលមិនដល់ ២០គ្រែទេ ដែលយើងគិតឱ្យមានអុកស៊ីសែន មាន Ventilators អីហ្នឹង ត្បិតយើងគិតថាមិនសូវ(មានអ្នកជំងឺ)ធ្ងន់។ តែដល់ពេលវាបុកមកមួយប្រាវ ក៏ត្រូវរៀបចំពេទ្យដាច់ដោយឡែក ព្រោះយើងយល់ថាប្រសិនជាដាក់លាយគ្នានៅកន្លែង … (អ្នកជំងឺ)កូវីដនៅពេទ្យរុស្ស៊ី នឹង(បង្កឱ្យ)មានហានិភ័យកាន់តែខ្ពស់ដល់អ្នកជំងឺផ្សេងទៀត ព្រោះថាពេទ្យដែលព្យាបាល/ប៉ះពាល់អ្នកជំងឺ(កូវីដ១៩)ផ្ទាល់នេះ (នៅពេល)ផុតម៉ោង (ក៏)លាងខ្លួន ចេញទៅមើលអ្នកជំងឺផ្សេងទៀត។ អញ្ចឹង វាមានហានិភ័យខ្ពស់ក្នុងការ(ធ្វើឱ្យមានការ)ឆ្លងចុះឡើង ដែលទាមទារឲ្យយើងរៀបចំដាច់ដោយឡែក។ ការមករៀបចំទីនេះ ពីដំបូងបានជួបលោកជំទាវ អ៊ឹង កន្ថាផាវី និងស្វាមីរបស់គាត់ ឯកឧត្តម ត្រាក់ ថៃសៀង … កន្លែងនេះ ជាមន្ទីរពេទ្យស្ត្រីនគរទេព ដែលបានសម្ពោធប្រើប្រាស់នៅឆ្នាំ ២០១៩ គឺប៉ុន្មានឆ្នាំមុន(មុនកូវីដ) តែដល់កូវីដទៅ ក៏មានការលំបាក។
សូមអរគុណចំពោះលោកជំទាវ និងឯកឧត្តម ក៏ដូចជាដៃគូ ដែលមានលោកស្រី ចេនណា រីសថិច ខាងអង្គការនគរទេព ដែលដំបូងឡើយថាផ្តល់ជូនពេទ្យនេះឲ្យខ្ចីប្រើសិន សម្រាប់(ដាក់អ្នកជំងឺកូវីដ១៩) ព្រោះពេលនោះក៏មិនមាន(អ្នកជំងឺ)ស្ត្រីដែរ។ (ដូច្នេះ)ឲ្យពេទ្យទៅរាជរដ្ឋាភិបាលខ្ចីប្រើ សម្រាប់(ធ្វើចត្តាឡីស័កព្យាបាលអ្នកជំងឺកូវីដ១៩)។ គាត់ថាស្ម័គ្រចិត្តផ្តល់ជូន។ ប៉ុន្តែ ជាចក្ខុវិស័យ សម្តេចតេជោ(សំរេច)ថា យើងត្រូវគិតពីរយៈពេលវែង ព្រោះមេរៀនអំពីជំងឺឆ្លងនេះបង្ហាញថា រឿងនេះប្រហែលជាមិនចប់ទេ ហើយយើងក៏ត្រូវគិតគូរទៅថ្ងៃក្រោយ ឱ្យមានពេទ្យឯកទេសដាច់ដោយឡែកមួយ។ កាលនោះ អត់ទាន់គិតពីរឿងពេទ្យមហារីកនេះទេ។ គិតថាដោះស្រាយរឿងកូវីដសិន ហើយថ្ងៃក្រោយរៀបចំជាពេទ្យជំងឺឆ្លងប្រភេទណាមួយ … ព្រោះកន្លងទៅ យើងមានពេទ្យជំងឺឆ្លង ដែលនៅលាយឡំគ្នាជាមួយពេទ្យ(ជំងឺ)ផ្សេងទៀត ដូចជាពេទ្យរុស្ស៊ី ពេទ្យកាល់ម៉ែត អីមានផ្នែក(ជំងឺឆ្លង)នៅក្នុងហ្នឹង។ យើងមិនមាន(ពេទ្យជំងឺឆ្លងនៅ)ដាច់(ដោយឡែកទេ)។ ពេលនោះ ជាចក្ខុវិស័យ សម្តេចតេជោ បានប្រគល់ភារកិច្ចឲ្យរាជរដ្ឋាភិបាលទិញយកតែម្តង។
ដំណាក់កាលនៃការរៀបចំដំបូង ខ្ញុំឃើញថា វាឆ្លងកាត់ការលំបាកនិងការប្រថុយច្រើន។ ពេទ្យរបស់យើង បុគ្គលិកសុខាភិបាលគ្រប់គ្នា មានការប្រឹងប្រែងពាក់ព័ន្ធជាមួយកូវីដ១៩។ (កន្លងទៅ) ៥ឆ្នាំហើយ ប្រហែលជាអាចនឹងភ្លេចបន្តិច។ កាលនោះ គ្មានបានអង្គុយក្បែរគ្នាអញ្ចឹងទេ។ ប្រហែលជា ២ម៉ែត្រឬ ១ម៉ែត្រជាងពីគ្នា ហើយកម្មវិធីរួមដូចនេះ មិនអាចរៀបចំទៅរួចតែម្តង ព្រោះមានហានិភ័យខ្ពស់(ក្នុងការឆ្លង)។ ស្ថានភាពនៃការវិវត្ត បើមើលពីនោះមកដល់នេះ គឺយើងបានឃើញថាមានការប្រែប្រួលច្រើន។ នៅក្នុងដំណាក់កាលនៃជំងឺកូវីដ១៩ មន្ទីរពេទ្យមួយនេះក៏បានជួយសង្គ្រោះជីវិតមនុស្សច្រើន (ក្នុងឋានៈជា)មន្ទីរពេទ្យកម្រិតធ្ងន់។ ពាក្យថាកម្រិតធ្ងន់ ទាល់តែជាអ្នករលាកសួតកម្រិតធ្ងន់ ត្រូវការសង្គ្រោះ ដោយភាគច្រើនត្រូវការ Ventilators បំពង់ខ្យល់បន្ថែម។ អ្នកស្រាលៗ គេបញ្ជូនទៅកោះពេជ្រ ទៅមណ្ឌលស្រាលៗ ផ្សេងៗ។
នៅមន្ទីរពេទ្យរបស់យើងនេះ ខ្ញុំបានឃើញសំខាន់គឺគុណភាពពេទ្យ ទឹកចិត្តពេទ្យ ទ័ពអាវសរបស់យើង ដែលខិតខំព្យាបាលប្រជាពលរដ្ឋ។ អ្នកខ្លះចូលមក សឹងតែ ៩០ភាគរយ អត់សង្គ្រោះបានទៅហើយ តែពេទ្យយើងធ្វើបាន។ មាន(ស្ត្រី)ម្នាក់(មាន)ទម្ងន់ប្រមាណជា ៨ខែ ឬ ៩ខែ ទម្រាំតែមកដល់ទីនេះ ទាំងម្តាយទាំងកូន គិតថាមិនអាចរស់ទេ ព្រោះរលាក(សួត)ខ្លាំង តែយើងអាចព្យាបាលបាន។ ជាសំណាង យើងសល់ថ្នាំមួយចំនួន ហើយពេទ្យយកចិត្តទុកដាក់ព្យាបាលបាន។ កូនស្រីកើតមកដាក់ឈ្មោះ ធីតា តាមលំនាំឈ្មោះពេទ្យ TYDA។ កាលនោះ ពេទ្យនេះគ្រប់គ្រង និងប្រតិបត្តិដោយពេទ្យយោធា និងសមាគម TYDA។ យើងមានពេទ្យផ្សេងៗទៀត សមាគមយុវជនផ្សេងៗ ទៀត ធ្វើការនៅតាមបណ្តាពេទ្យជាច្រើនដើម្បីជួយសង្គ្រោះ ទាំងមណ្ឌលសុខភាព ទាំងមណ្ឌលចត្តាឡីស័ក ឯនៅទីនេះ យើងមាន(សមគមគ្រូពេទ្យ TYDA)។ យើង(ក៏មានការ)សោកស្តាយ ដែលយើងមិនអាចជួយអ្នកជំងឺខ្លះបាន។ ជាការសោកសង្រេង ដែលពេលចូលមក(មន្ទីពេទ្យ) ឃើញមួយគ្រួសារមានគ្នា ៤នាក់ តែចេញទៅវិញ មានគ្នាតែ ៣នាក់ទេ។ ពេលនោះ សូម្បីតែបុណ្យសព ក៏ធ្វើមិនបានផង ព្រោះវាបារម្ភអំពីការឆ្លង។ នេះគឺជាសោកនាដកម្ម ដែលយើងបានឆ្លងផុត។
ហេតុអ្វីបានជាយើងរំលឹក? ថាព្រោះវាជាទិដ្ឋភាពភាពជាក់ស្តែងដែលបានកើតឡើង … ដែលមន្ទីរពេទ្យមួយនេះ កន្លែងនេះ បានចូលរួមផ្ទាល់(ផ្តល់ការព្យាបាល)សម្រាប់អ្នករាជធានីភ្នំពេញនិងអ្នកដែលបានឆ្លង(ជំងឺកូវីដ១៩) … ដោយមានការចូលរួមប្រតិបត្តិ ដោយប្រតិបត្តិករដ៏ល្អគឺទ័ពអាវស ជាពេទ្យរបស់យើង និងបុគ្គលិកសេវាគាំទ្រជាច្រើន (រហូតដល់)មួយចំនួនក៏ត្រូវឆ្លងកូវីដ ខ្លួនឯងផង (ក៏ដូចជា)កងកម្លាំងប្រដាប់អាវុធរបស់យើងដែលមកជួយការពារនៅកន្លែងនេះ។ វាជានិមិត្តរូបនៃការរួមគ្នាក្នុងដំណាក់កាលកូវីដ នៅទូទាំងប្រទេស របស់ប្រជាពលរដ្ឋ មន្ត្រីរាជការ ជាពិសេសទ័ពអាវសគ្រប់ថ្នាក់ទាំងអស់ ជាសមិទ្ធផលដែលយើងរួមគ្នា ក្រោមការដឹកនាំរបស់សម្តេចតេជោ ការចូលរួមរបស់មន្ត្រីប្រតិបត្តិទាំងអស់ ជាពិសេសមន្ត្រីសុខាភិបាល មន្ត្រីរាជការដែលចូលរួម រួមគ្នាដោះស្រាយបញ្ហា ដែលលំបាកសម្រាប់ប្រទេសរបស់យើង។ បានន័យថា គ្រប់ដំណាក់កាលទាំងអស់ មិនថាដំណាក់កាលខ្មៅងងឹត ដែលយើងមិនដឹងថាអនាគតទៅជាយ៉ាងណា រាជរដ្ឋាភិបាល(តែងតែនៅរួមសុខទុក្ខជាមួយប្រជាពលរដ្ឋ)។
ពេលនោះ យើងអត់ដឹងថាស្ថានការណ៍នឹងវិវត្តទៅយ៉ាងណាទេ … ឈរនៅទីនេះ កាលពីដើមខែមីនាឆ្នាំ២០២១ យើងអត់ដឹងថាតើទីក្រុងភ្នំពេញក្លាយទៅជាយ៉ាងណាទេ ព្រោះនៅទូទាំងពិភពលោក ដូចជានៅឥណ្ឌាជាដើម គឺឆ្លងម្តងមួយថ្ងៃៗ រាប់ពាន់នាក់ និងស្លាប់ក្នុងមួយថ្ងៃៗ (ច្រើននាក់)។ សូម្បីប្រទេសមហាអំណាច ដូចជាអាមេរិក ក៏ដូចគ្នា។ កូនឯកឧត្តម ស៊ុន ចាន់ថុល ធ្វើការនៅ emergency ទៅជួយគេ ឆ្លងទាំងពេទ្យទៀត។ នៅកម្ពុជា ពេលនោះ យើងកំពុងតែឈរ(គិត)ថា មិនដឹងទៅថ្ងៃមុខ វាទៅ(ជាយ៉ាង)ណា។ ប៉ុន្តែ អ្វីដែលជាទិសដៅនិងការសម្រេចចិត្តដឹកនាំរបស់សម្តេចតេជោ និងការរួមគ្នាធ្វើ គឺត្រូវទៅមុខ … ខិតខំអស់លទ្ធភាព រួមគ្នាធ្វើឲ្យលឿន ដោយប្រសិទ្ធភាព ដើម្បីការពារអាយុជីវិតប្រជាពលរដ្ឋ ឲ្យបានជាអតិបរមាដែលអាចយើងធ្វើទៅបាន ហើយរង់ចាំដំណោះស្រាយណាមួយ ដែលក្រោយមកមានថ្នាំមានអីដោះស្រាយ។
នេះជាឧទាហរណ៍ជាក់ស្តែងនៃសង្គមជាតិរបស់កម្ពុជា ដែលនៅពេលដែលស្ថានភាពប្រឈម យើងរួមគ្នាដោះស្រាយ។ នេះជាស្មារតីនៃជាតិខ្មែរយើង នៅក្នុងការម្ចាស់ការ ធានាសុខទុក្ខរបស់ជាតិ ប្រជាពលរដ្ឋយើង ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល ដែលពេលនោះមានសម្តេចតេជោ(ជាប្រមុខ) ក្នុងដំណាក់កាលដែលយើងមានសមត្ថភាពគ្រប់គ្រាន់។ រយៈពេល ៤០ឆ្នាំ យើងកសាងបានសមត្ថភាពពេទ្យ សមត្ថភាពដោះស្រាយនៃវិស័យសុខាភិបាល ដោយចាប់ផ្តើមពីបាតដៃទទេកាលពីឆ្នាំ១៩៧៩ ដែលនៅសល់ពេទ្យតែប៉ុន្មាននាក់។ នេះបង្ហាញអំពីការដាក់ទិសដៅដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល ក្រោយរបបប្រល័យពូជសាសន៍ ក្នុងការកសាងសមត្ថភាពម្ចាស់ការ។ ពីនោះមកដល់នេះ (សមត្ថភាពរបស់)យើងមិនថយទេ។ យើងកាន់តែកើន។
មន្ទីពេទ្យនៅទីនេះ បានប្រែប្រួល ក្រោយពីការប្រឈមដោះស្រាយបញ្ហាកូវីដ ទៅជាពេទ្យដែលបន្តបំពេញភារកិច្ចជួយសង្គ្រោះ ព្យាបាលប្រជាពលរដ្ឋមានជំងឺមហារីក។ ការរៀបចំពេទ្យនិងបំពាក់ឧបករណ៍នៅទីនេះ ជាជំហានៗ គឺជាការប្ដេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលក្នុងការផ្ដល់សេវាជូនប្រជាពលរដ្ឋ (តាមគោលដៅ)កាត់បន្ថយភាពក្រីក្រ។ នេះគឺជាការចូលរួមចំណែកខ្លាំងណាស់។ជំងឺមហារីក ជាជំងឺរ៉ាំរ៉ៃ ជាជំងឺដែលបំផ្លាញទ្រព្យ។ មិនមែនជំងឺដែលបង្កើនទ្រព្យទេ។ ជំងឺមហារីកបង្កើនទ្រព្យសំខាន់មួយគឺសុខភាពប្រជាពលរដ្ឋដើរថយក្រោយ ពីមួយថ្ងៃទៅមួយថ្ងៃ បើគ្មានការព្យាបាលទាន់ពេល។ (ទោះបីមាន)ការពិគ្រោះ ការវាយតម្លៃឱ្យឃើញទាន់ពេល (ក្តី) បើគ្មានសមត្ថភាពព្យាបាលទេគឺអាចលំបាក។ អម្បាញ់មិញ ដើរចូលមក ឯកឧត្ដម ឈាង រ៉ា ថាបើទៅព្យាបាលក្រៅប្រទេស ម្នាក់ត្រូវការ ៨ម៉ឺនដុល្លារយ៉ាងហោច។ តែការវិនិយោគនៅទីនេះ រដ្ឋចេញលុយច្រើន។
ការវិនិយោគនៅទីនេះ គឺដើម្បីកាត់បន្ថយតម្លៃ(ចំណាយព្យាបាល)ជូនប្រជាពលរដ្ឋ។ យើងមើលម្ដង ៣០ ដុល្លារ។ អញ្ចឹង មកមើលម្ដង ៣០ដុល្លារ គុណនឹងប៉ុន្មានដង អាស្រ័យទៅតាមកម្រិត(ជំងឺ) ប៉ុន្តែមិនអស់ ៨ ឬ ៩ម៉ឺន(ដុល្លារ)ទេ។ បានន័យថា ប្រជាពលរដ្ឋរបស់យើងអាច(មានលទ្ធភាពពិនិត្យនិងព្យាបាលបាន)។ មានមួយផ្នែកណានោះ យើងក៏បាន Cover ដោយ ប.ស.ស និងផែនការរបស់រដ្ឋ លើសេវាមួយចំនួន ដែលរដ្ឋនឹងខិតខំពង្រីកសមត្ថភាពដើម្បីជួយ។ មន្ទីរពេទ្យនេះចាប់ផ្ដើមដំបូង គ្រោងដើរតួនាទីជាមន្ទីរពេទ្យដែលផ្ដល់សេវាជូនស្ត្រី តែបានប្រែប្រួលនៅក្នុងដំណាក់កាលលំបាកទៅជាកន្លែងសង្គ្រោះជីវិតមនុស្សក្នុងសម័យកូវីដ។ ឥឡូវនេះ កំពុងបន្តបេសកកម្មដ៏ឧត្ដុង្គឧត្ដម ពិគ្រោះយោបល់ ក៏ដូចជាព្យាបាលជូនប្រជាពលរដ្ឋ។ មន្ទីរពេទ្យហ្លួងម៉ែ ក៏ដូចជាមន្ទីរពេទ្យជាតិ មន្ទីរពេទ្យថ្នាក់ខេត្ត រាជធានី ពេទ្យបង្អែកស្រុក មណ្ឌលសុខភាព សុទ្ធតែជាអង្គភាពដែលដើរតួនាទីសំខាន់ជួយធានាទ្រព្យ គឺសុខភាពរបស់ប្រជាពលរដ្ឋ ព្យាបាល និងកាត់បន្ថយបន្ទុកសម្រាប់ខ្លួននិងគ្រួសារ ហើយប្រែទៅជាទ្រព្យនៃសុខភាពមាំមួន អាចបង្កើនសេដ្ឋកិច្ចនិងអនាគតរបស់ខ្លួន។
ការសម្ពោធសមិទ្ធផលថ្ងៃនេះ គឺជាការចូលរួមអបអរសាទរចំពោះការខិតខំប្រឹងប្រែងរួមគ្នា តាមការដាក់ចេញនូវគោលនយោបាយរបស់រាជរដ្ឋាភិបាល។ សម្តេចតេជោ ដាក់ចេញតាំងពីអាណត្តិមុន ក្រោយបញ្ចប់កូវីដឱ្យកសាង(មន្ទីពេទ្យនេះ) ហើយរាជរដ្ឋាភិបាលអាណត្តិនេះ បានបន្តកសាង និងបញ្ចប់បេសកកម្មនេះ។ យើងដើរទៅមុខ។ ការចូលរួមរបស់ពេទ្យ ក្រសួងសុខាភិបាល បុគ្គលិកទាំងអស់ និងប្រជាពលរដ្ឋក្នុងការជំរុញអង្គភាពសុខាភិបាលមួយនេះ ដើម្បីបំពេញបេសកកម្មជូនជាតិ ប្រជាជនរបស់យើង ក៏ដូចជាការអបអរសាទរ នូវវឌ្ឍនភាព រីកចម្រើននៅក្នុងវិស័យសុខាភិបាលនៅក្នុងរយៈពេលកន្លងមក។ បន្តិចទៀត ខ្ញុំនិយាយ(អំពីប្រការថា) មានអ្នកខ្លះទើសថា “មួយថ្ងៃៗ នាយករដ្ឋមន្ត្រីដើរតែសម្ពោធ អត់ធ្វើអីទេ”។ ថាអីថាទៅ។ បើ(ថាធ្វើកិច្ចការ)ហ្នឹងទើស (ខ្ញុំនឹង)ដើរសម្ពោធទៀត … “បើទើសនឹងខ្ញុំ ខ្ញុំនឹងធ្វើទៀត”។ មិនមែនសម្ពោធតែអគារទេ ប៉ុន្តែជាការបញ្ជាក់ជូនប្រជាពលរដ្ឋ អំពីការខិតខំរួម និងសមិទ្ធផលរបស់ជាតិយើង។ ពេទ្យនេះមិនមែនជាពេទ្យរបស់អ្នកណាម្នាក់ទេគឺពេទ្យរបស់ប្រជាពលរដ្ឋ ជាពេទ្យសំរាប់អ្នកត្រូវការព្យាបាល ការពិគ្រោះយោបល់ … បើកទូលាយ និងផ្ដល់លទ្ធភាពជូន។ អញ្ចឹង (សូមយើង)អបអរសាទរសមិទ្ធផលរបស់ប្រជាជនយើងទាំងអស់គ្នា។ (ហេតុអ្វី)ក្នុងនាមជាប្រមុខរាជរដ្ឋាភិបាល គ្រាន់តែមកអបអរផងមិនបាន។ ថ្ងៃនេះ មកឃើញពេទ្យឆ្មបច្រើន។ អញ្ចឹង គ្រប់កន្លែងមានឆ្មបមានច្រើន។ បានន័យថាកូនកើតច្រើន។ យើងត្រូវការអោយមានប្រជាជនច្រើន។
ថ្ងៃនេះ ខ្ញុំសូមយកឱកាសក្រាបថ្វាយបង្គំ អរព្រះគុណ សម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ និងព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ដែលតែងតែយកព្រះទ័យទុកដាក់ចំពោះសុខភាពរបស់ប្រជារាស្រ្ត។ និយាយជារួម និងដោយឡែកចំពោះ ពេទ្យហ្លួងម៉ែ ដែលសម្តេចព្រះមហាក្សត្រី បានសព្វព្រះរាជទានជួយគាំទ្រជាប្រចាំ។ ដូរពីមន្ទីរពេទ្យស្រ្តី នគរទេព សម្តេចតេជោ បានសុំព្រះរាជានុញ្ញាតពីព្រះមហាក្សត្រដើម្បីដាក់ឈ្មោះជា ពេទ្យហ្លួងម៉ែ ដើម្បីជាកិត្តិយសជូនសម្តេចព្រះវររាជមាតា ជានិមិត្តរូបនៃការដែលព្រះអង្គតែងតែយកព្រះទ័យទុកដាក់ចំពោះជីវភាព សុខទុក្ខរបស់ប្រជារាស្រ្ត។ នៅក្នុងដំណាក់កាលកូវីដ ព្រះមហាក្សត្រ ក៏ដូចជា សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក៏តែងតែបានជួយឧបត្ថម្ភគាំទ្រជាថវិកា សម្ភារៈស្បៀង ដល់ពេទ្យដែលប្រចាំការនៅទីនេះ។ ព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ បានព្រះរាជទានថវិកា៤ លើកស្មើនឹង ៦០ ម៉ឺនដុល្លារជួយដល់ពេទ្យ ក្នុងការជួយដំណើរការ។ សូមអរព្រះគុណ។
ខ្ញុំសូមអរគុណ ចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលតែងតែផ្ដល់ការឧបត្ថម្ភ គាំទ្រ ទាំងថវិកាកម្លាំងចិត្ត និងការដឹកនាំ តាំងពីក្នុងដំណាក់កាលចាប់ផ្ដើមដំបូងពីអាណត្តិមុន។ ក្នុងនាមជានាយករដ្ឋមន្ត្រី សម្តេចតេជោបានផ្ដល់គោលការណ៍ណែនាំ ជំរុញរៀបចំជាមន្ទីរពេទ្យមហារីកនេះ ព្រោះលោកយល់ថា ឥឡូវយើងមានលទ្ធភាពព្យាបាលមហារីក ប៉ុន្តែយើងអត់មានពេទ្យដាច់ដោយឡែកមួយទេ។ យើងមាននៅមន្ទីរពេទ្យរុស្ស៊ី កាល់ម៉ែត និងពេទ្យឯកជនមួយចំនួន ដែលអាចថាផ្ដល់សេវាពិគ្រោះខ្លះ ប៉ុន្តែយើងអត់មានពេទ្យរដ្ឋដាច់ដោយឡែក។ អញ្ចឹង បានរៀបចំកន្លែងនេះតែម្ដង។ សូមអរគុណផងដែរចំពោះកាកបាទក្រហមកម្ពុជា ដែលបានឧបត្ថម្ភជាថវិកាចូលរួមជួយបំពាក់ឧបករណ៍ សម្ភារៈសំខាន់ៗមួយចំនួន។ កិច្ចការ(នេះ)សំខាន់។ ចំពោះទីនេះ ក៏សូមអរគុណដល់លោកជំទាវ អ៊ឹង កន្ថាផាវី និងឯកឧត្ដម ត្រាក់ ថៃសៀង ដែលបានជួយគាំទ្រ ជ្រោមជ្រែងតាំងពីជំនាន់រៀបចំ(ទប់ទល់ជំងឺ)កូវីដ និងបានគាំទ្រនៅក្នុងការជំរុញ(អោយមានការវិវត្តន៍)បែបនេះ។
ខ្ញុំសូមអរគុណដល់លោកស្រី Janne Ritskes ដែលឥឡូវ គាត់ជាខ្មែរហើយ។ Thank you very much for all your support and your donation to this hospital។ គាត់តែងតែជួយឧបត្ថម្ភគាំទ្រ ហើយចុងក្រោយនេះ ផ្ដល់ដីជាង ៧០០០ ម៉ែត្រការ៉េ និងម៉ាស៊ីន X-ray ដើម្បីបំពាក់ និងបានឧបត្ថម្ភជាថវិកាមួយខែខ្ទង់ ១ម៉ឺន(ដុល្លារ)សម្រាប់ថ្លៃសេវាធ្វើតេស្តមហារីកមាត់ស្បូនជូនដល់ស្ត្រី។ ឥឡូវគាត់ជាខ្មែរហើយ។ You became Cambodian citizen, right? Okay, so we are Cambodians។ ខ្ញុំចាំពេលដែលជួបគាត់ដំបូង គឺអង្គការបានជួយឧបត្ថម្ភដល់សកម្មភាពរបស់សមាគម TYDA ដែលពីមុនខ្ញុំជាក្រុមប្រឹក្សាភិបាល និងឥឡូវក៏នៅតែជាក្រុមប្រឹក្សាភិបាលដែរ។ ពេលនោះបានជួបជាមួយគាត់។ លោកស្រីមានការចាប់អារម្មណ៍ជួយដល់វិស័យមហារីកនេះ ដោយគាត់ក៏ធ្លាប់ជាជនរងគ្រោះនៃជំងឺមហារីកដែរ តែគាត់ត្រូវបានជួយសង្គ្រោះអាយុជីវិត ដោយសារសមត្ថភាពពេទ្យ ព្យាបាលឱ្យគាត់ជា។ អញ្ចឹង គាត់យល់អំពីសារៈសំខាន់នៃការផ្ដល់ឱកាស ផ្ដល់ជីវិត និងធានាជីវិត បើសិនជាយើងមានលទ្ធភាពក្នុងការរៀបចំពេទ្យ … ក្រោយពីកូវីដ១៩ ដែលយើងគិតថាត្រូវរៀបពេទ្យនេះ(សំរាប់)ជំងឺឆ្លង … និងក្រោយពីយើងជួបគ្នា បានលើកយោបល់ជូនសម្តេចតេជោ។ លោកក៏បានឯកភាពភ្លាម ផ្ដល់ចក្ខុវិស័យណែនាំថាត្រូវមករៀបមន្ទីពេទ្យហ្នឹង ជាមន្ទីរពេទ្យ(ពិនិត្យព្យាបាល)មហារីកតែម្តង។
ការរៀបចំនៅទីនេះក៏មិនធម្មតាដែរ ព្រោះមន្ទីរពេទ្យមហារីកត្រូវការ ទី១ ការសម្រេចចិត្តរបស់ប្រមុខរាជរដ្ឋាភិបាល ដែលលោកបានផ្ដល់ការគាំទ្រពេញទំហឹងឱ្យធ្វើ។ ទី២ បញ្ហាដំបូងធំបំផុតគឺហេដ្ឋារចនាសម្ព័ន្ធ ត្បិតពេទ្យមហារីក មិនដូចពេទ្យធម្មតាទេ គឺត្រូវមានស្តង់ដាច្បាស់លាស់ ទាំងជញ្ជាំងទាំងអីហ្នឹង ព្រោះវាមានកាំរស្មីមានអី។ មកមើលដំបូងគឺបារម្ភថាកន្លែងនេះទី១ ទីធ្លាតូច, ទី២ ជញ្ជាំងដែលរៀបនេះគឺសម្រាប់ពេទ្យធម្មតា ជំងឺស្ត្រី មិនមែនត្រៀម(សម្រាប់ជំងឺមហារីក)។ អញ្ចឹង ក៏ត្រូវរកវិស្វករ(មកពិនិត្យនិងកែសំរួល)។ ឯកឧត្ដម ឈាង រ៉ា បានបញ្ជាក់ ហើយក៏ឃើញនៅក្នុងរូបថា Bunker ដែលដាក់ពិនិត្យគឺត្រូវមានស្តង់ដារអន្តរជាតិ ដែលមានអង្គការ IAEA មកពិនិត្យ ព្រោះវាមានជាតិនុយក្លេអ៊ែរ វិទ្យុសកម្ម។ ធ្វើមិនស្រួលហ្នឹងគឺប៉ះអ្នកជិតខាងពេញហ្នឹង។ អញ្ចឹង បានជាត្រូវការគិតគូរ។ មួយរយៈពេលជំហានដំបូង មកមើលហើយចង់ក្រវីក្បាលគ្រប់គ្នា … លើកយោបល់ បានគោលការណ៍ណែនាំ និងការគាំទ្រហើយ ស្រាប់តែមកដល់ (បែជា)ធ្វើមិនបាន។ បើថាត្រូវវាយអគារនេះចោលនិងធ្វើថ្មី វាក៏នឹងអស់លុយច្រើនណាស់។ គិតជាមួយវិស្វករ បូកជាមួយនិងបច្ចេកទេសចុះឡើង បានយករូបមន្តទៅរៀបចំ Bunker នៅខាងក្រោយ។ ខាងក្រោយហ្នឹងពីមុនវាលទេ។ កាលជំងឺកូវីដ-១៩ យើងដាក់មួយចំហៀង … អញ្ចឹង ក៏មានអំណោយផលកន្លែងហ្នឹងរៀបទៅ …។
ការរៀបចំ(មន្ទីពេទ្យឯកទេសពិនិត្យនិងព្យាបាលមាហារីក)នេះ មិនអាចគិតតែពីការព្យាបាលក្នុងពេទ្យទេ។ ត្រូវគិតពីផលប៉ះពាល់សម្រាប់អ្នកជុំវិញផង គឺបរិស្ថាននិងប្រជាជន។ ការរៀបចំ ទាល់តែមានស្តង់ដារ។ យើងអត់ឆិនឆៃបានទេ។ រឿងអីផ្សេងអាចឆិនឆៃ តែរឿងពេទ្យមួយមិនអាចឆិនឆៃបានទេ។ សូម្បីតែឆ្មបហ្នឹងក៏មិនអាចឆិនឆៃបានដែរ។ កូនទាហានខ្ញុំមួយដួលទៅបែកក្បាល ដល់ទៅកន្លែងគិលានដ្ឋានប្រចាំការ ពេទ្យប្រចាំការស្រវឹងមកដេរចិញ្ចើម។ ព្រឹកឡើងប្រកែកគ្នាពេញហ្នឹង ព្រោះឈាមវាហូរមកអញ្ចេះ ដល់ពេលអ្នកឈឺប្រាប់ថា ដេរច្រឡំហើយ។ ពេទ្យថាកុំចេះ អញពេទ្យ។ ព្រឹកឡើងដេរចិញ្ចើម។ ថាប្រាប់ហើយប្រាប់ទៀត តែពេទ្យថាធ្វើម៉េចបើមើលច្រឡំ។ ខ្ញុំនិយាយរឿងពិត តែរឿងនេះវាតូច។ ប៉ុន្តែ មិនអាច(ធ្វើអញ្ចឹង)បាន(ទេ)។ ត្រូវធានាក្រមនិងបច្ចេកទេស ទាំងឧបករណ៍សម្ភារៈ រៀបចំទាល់តែត្រូវនិងមានការរៀនសូត្របណ្តុះបណ្តាល។
ការរៀបចំនៅទីនេះ យើងឃើញធ្វើបានច្រើន។ ខ្ញុំក៏សុំយកឱកាសនេះ អរគុណឯកឧត្តម ម៉ម ប៊ុនហេង អតីតរដ្ឋមន្ត្រីក្រសួងសុខាភិបាល ដែលបានគាំទ្រដល់ការគិតគូររៀបចំជាពេទ្យកូវីដ-១៩ នៅក្នុងដំណាក់កាលនោះ ក៏ដូចជាពេទ្យជំងឺមហារីក(ពេល)នេះ ដែលយើងចាប់ផ្តើមតាំងពីមុនដាច់អាណត្តិទី៦។ មានការគាំទ្រពីឯកឧត្តមរដ្ឋមន្ត្រី និងថ្នាក់ដឹកនាំក្រសួងសុខាភិបាលដើម្បីចុះមករៀប។ ឯកឧត្តមចាត់តាំងក្រុមការងារមួយដែលមាន ឯកឧត្តម ង៉ូវ កាង ជាប្រធាន។ ជំនាន់កូវីដ-១៩ ស្គាល់គ្នា។ សំខាន់ ក្រោយពីកូវីដ-១៩ រយៈពេល៥ឆ្នាំ ខ្ញុំចាស់ជាងគាត់។ ប៉ុន្តែ កាលនោះមុខជ្រួញគ្រប់គ្នា។ អង្គុយគូសប្លង់ គូសវាស ដាក់ចត្តាឡីស័កយ៉ាងម៉េច ចូលពីព្រំដែនយ៉ាងម៉េច ចុះមកធ្វើអីយ៉ាងម៉េច។ ប៉ុន្តែឥឡូវយើងបានធូរស្រាល។ ចេញពីនោះហើយ ទើបបានជាយើងមកដល់ពេលនេះ។ អរគុណឯកឧត្តម ឈាង រ៉ា បន្តគាំទ្រការរៀបចំមន្ទីរពេទ្យរហូតដល់ចប់សព្វគ្រប់ និងបានបើកដំណើរការ។ ការរៀបចំពេទ្យ មិនមែនតែធ្វើហេដ្ឋារចនាសម្ព័ន្ធ បំពាក់ឧបករណ៍ទេ ជាពិសេសគឺ(ក្រុមគ្រូ)ពេទ្យតែម្តង។ ពេទ្យឯកទេសពិបាករក។ ត្រូវការបណ្តុះបណ្តាល។
អញ្ចឹង ដំបូងឡើយគឺខ្ចីពេទ្យពីកន្លែងខ្លះមក។ យើងសង្ឃឹមថានឹងងបន្តបណ្តុះបណ្តាលធនធានបំពេញបន្ថែម។ ឥឡូវ ឧបករណ៍ខ្លះក៏នៅមានសមត្ថភាព(មានកម្រិត) ដោយសារចំនួនពេទ្យក៏មានកំណត់។ យើងត្រូវធ្វើការបណ្តុះបណ្តាល ពង្រីកបន្ថែមសមត្ថភាពធនធាននៅគ្រប់ពេទ្យទាំងអស់បន្ថែមទៀត។ ខ្ញុំសូមកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំផ្ទាល់ មានលោកវេជ្ជបណ្ឌិត សុក ស៊ីផាន់ណា នៅទីនេះ បូកជាមួយថ្នាក់ដឹកនាំ បុគ្គលិកមន្ទីរពេទ្យទាំងអស់ ដែលបានរៀបចំដំណើរការតាំងពីថ្ងៃចាប់ផ្តើម។ សួរទៅ បទឧទ្ទេសនាមដែលគាត់បង្ហាញគឺ ២ឆ្នាំគត់ គិតដល់ថ្ងៃនេះ។ យើងបើកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤។ ឥឡូវទី១៦ ខែកញ្ញា ឆ្នាំ២០២៦។ ក្នុងនោះមន្ទីពេទ្យបានផ្តល់សេវាប្រឹក្សាយោបល់ និងព្យាបាលប្រជាពលរដ្ឋយើងដោយគុណភាពនិងដោយស័ក្តិសិទ្ធិភាព។ សូមអរគុណចំពោះការរៀបចំនេះ។ យើងហៅថា «ទ័ពអាវស» កូវីដ-១៩ក៏ព្យាបាល ទាំងសម័យឥឡូវ គ្រប់កន្លែងទាំងអស់ដែលយើងត្រូវបន្ត(មើលថែ)សុខភាពរបស់ប្រជាពលរដ្ឋ។
[ចប់សេចក្ដីអធិប្បាយ១]
ការដាក់ឱ្យប្រើប្រាស់ជាផ្លូវការមន្ទីរពេទ្យឯកទេសព្យាបាលជំងឺមហារីក ជាសក្ខីភាពនៃការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់សុខភាពសាធារណៈ និង សុខុមាលភាពប្រជាពលរដ្ឋ ស្របតាមពាក្យស្លោក «មិនទុកឱ្យពលរដ្ឋណាម្នាក់ មិនបានទទួលការថែទាំសុខភាព» ។ ខ្ញុំសូមលើកទឹកចិត្តដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការ និង បុគ្គលិកទាំងអស់ នៃមន្ទីរពេទ្យ ហ្លួង ម៉ែ សូមបន្តបំពេញតួនាទី ភារកិច្ច ប្រកបដោយសីលធម៌វិជ្ជាជីវៈ និង តម្កល់អាយុជីវិត អ្នកជំងឺជាឧត្តមប្រយោជន៍របស់អង្គភាពផង និង សាមីខ្លួនផងដោយត្រូវចងចាំថា «គ្រូពេទ្យល្អ ត្រូវមានទាំងជំនាញ និង បេះដូង», និង ត្រូវអនុវត្តគោលការណ៍ «៣ ឆាប់» គឺ «រកឃើញឆាប់, បញ្ជូនឆាប់, ព្យាបាលឆាប់» ។
[ចាប់ផ្ដើមសេចក្ដីអធិប្បាយ២]
ឆាប់ទាំងបី(គឺរកឃើញឆាប់ បញ្ជូនឆាប់ និងព្យាបាលឆាប់)។ ពេលវេលាសំខាន់សម្រាប់អ្នកជំងឺ ជាពិសេសសមត្ថភាពក្នុងការព្យាបាលនៅនឹងកន្លែងគ្រោះថ្នាក់ធ្ងន់។ ខ្ញុំតែងតែថា៖ ពេទ្យមិនមែនជាទេវតាទេ តែជាប្រតិបត្តិកររបស់ទេវតា ជួយឱ្យអ្នកឈឺធ្ងន់ទៅជាឈឺស្រាលហើយជា, ជួយដល់អ្នកដែលរងហានិភ័យនៃការបាត់បង់ជីវិតឱ្យនៅមានជីវិត។ ប្រសិទ្ធភាព សមត្ថភាព បូកនឹងក្រមសីលធម៌វិជ្ជាជីវៈ គឺជារឿងចម្បងសម្រាប់ពេទ្យទាំងអស់។ ខ្ញុំជឿថាអ្នកទាំងអស់ដែលរៀនពេទ្យ គឺស្រឡាញ់(វិជ្ជាជីវៈហ្នឹង) មិនមែនថាដោយសារអាជីពនេះរកបានច្រើនទេ។ ជីវភាពធូធារវាជារឿងមួយផ្នែក ប៉ុន្តែដែលសំខាន់គឺអ្នកចង់ជួយមនុស្ស (អ្នកដែលរៀនផ្នែក)ឆ្មបជួយបង្កើតកូនគេឱ្យបានល្អ ព្រោះបង្កើតមិនស្រួលគឺគ្រោះថ្នាក់។ តាមប្រទេសជាច្រើន មានអត្រាស្លាប់របស់មាតានិងទារកច្រើន ដោយសារពេទ្យឆ្មបមិនមានសមត្ថភាពគ្រប់គ្រាន់។ ជួនកាលកើតកូនមកធ្វើមិនស្រួល ស្លាប់ម្តាយ អាប់សែ … មហារីក ក៏ដូចគ្នា។ ការវិនិច្ឆ័យត្រូវគឺជួយ។ បើឃើញអ្នកហ្នឹងមានទម្រង់ហើយ កុំចាំដល់ដំណាក់កាលទី៤ បានរកឃើញ។ ឃើញតាំងពី Symptoms ដំបូងៗ ឱ្យប្រយ័ត្នប្រយែង ណែនាំទាំងរបៀបហូបចុក កុំឱ្យហានិភ័យឡើងមហារីក (Cancer)។ នេះគឺជានិមិត្តរូបនៃសមត្ថភាពនិងការទទួលខុសត្រូវ និងអ្វីដែលពេទ្យអាជីព ប្រតិបត្តិកររបស់ទេវតាជួយដល់មនុស្សលោក។ ជីវិតធំណាស់។ គ្មានអ្វីសំខាន់ជាងជីវិតទេ។ អ្វីទាំងអស់មិនមានតម្លៃថ្លៃស្មើនឹងជីវិតទេ។ យើងត្រូវការពារ។ បន្តិចទៀតខ្ញុំនឹងនិយាយ មូលហេតុអីបានជាយើងដោះស្រាយរឿងព្រំដែន ដោយត្រូវយកជីវិតជាគោល …។
[ចប់សេចក្ដីអធិប្បាយ២]
រាជរដ្ឋាភិបាល នីតិកាលទី ៧ នៃរដ្ឋសភា បន្តចាត់ទុក «ការ-អភិវឌ្ឍមូលធនមនុស្ស» គឺជាការដ្ឋានអាទិភាពទី ១ ដោយបន្តលើកកម្ពស់វិស័យសុខាភិបាល និង កែលម្អប្រព័ន្ធសុខាភិបាលសាធារណៈ តាមរយៈ ការពង្រីកហេដ្ឋារចនាសម័្ពន្ធសុខាភិបាល ឱ្យកាន់តែខិតជិតដល់មូលដ្ឋានរបស់ប្រជាពលរដ្ឋ, ការកែលម្អបរិក្ខារឯកទេស ឱ្យកាន់តែទំនើប និង ទាន់សម័យ ការកសាងធនធានមនុស្ស ប្រកបដោយ សមត្ថភាព និង សីលធម៌វិជ្ជាជីវៈ, និង ការអភិវឌ្ឍប្រព័ន្ធគាំពារសង្គម ឱ្យមាន សមធម៌ និង ចីរភាព ស្របតាមទិសស្លោក «ការវិនិយោគលើវិស័យសុខាភិបាល គឺជាការវិនិយោគលើអាយុជីវិត លើកម្លាំងពលកម្ម លើធនធានមនុស្ស និង លើការអភិវឌ្ឍប្រកបដោយសមធម៌ និង ចីរភាព របស់ប្រទេសជាតិ» ។
ក្នុងន័យនេះ, រាជរដ្ឋាភិបាលបានសិក្សាដាក់ចេញនូវក្របខ័ណ្ឌគោលនយោបាយចាំបាច់នានា, រួមមាន «ផែនការយុទ្ធ-សាស្ត្រសុខាភិបាល ២០២៥-២០៣៤» និង «ផែនការជាតិប្រយុទ្ធនឹងជំងឺមហារីក ២០២៥-២០៣០»,ក្នុងគោលបំណងទប់ស្កាត់ជំងឺដែលអាចបង្ការបាន កាត់បន្ថយការស្លាប់មុនអាយុ បង្កើនឱកាសរស់រានមានជីវិ, និង លើកកម្ពស់គុណភាពជីវិតរបស់អ្នកជំងឺ និង ក្រុមគ្រួសារ ប្រកបដោយ ភាពស័ក្តិសិទ្ធ ប្រសិទ្ធភាព តម្លាភាព និង សមធម៌ ជាពិសេស ជំរុញល្បឿនការគ្របដណ្តប់សុខភាពជាសកលនៅកម្ពុជា ។
រាជរដ្ឋាភិបាលនឹងបន្តផ្តល់អាទិភាពខ្ពស់ចំពោះ ការពង្រឹងសមត្ថភាពស្ថាប័ន, ការកែលម្អ អភិបាលកិច្ចនៅតាមមូលដ្ឋាន សុខាភិបាល និង ការជំរុញបរិវត្តកម្មឌីជីថលនៅក្នុងវិស័យសុខភាពសាធារណៈកម្ពុជា, ព្រមទាំង ការពង្រីកប្រព័ន្ធផ្តល់សេវាថែទាំ សុខភាព ប្រកបដោយនវានុវត្តន៍ និងផ្តោតជាចម្បងលើ ការថែទាំសុខភាពបឋម, ការលើកកម្ពស់របបអាហារសុខភាព, ការបង្កើនគុណវុឌ្ឈិ, សុវត្ថិភាព និង ប្រសិទ្ធភាព នៃសេវាថែទាំសុខភាព, ការចែកចាយ និងប្រើប្រាស់ឱសថ ឱ្យបានត្រឹមត្រូវ ការអប់រំ និងផ្សព្វផ្សាយអំពីសុខភាព ព្រមទាំង ពង្រឹងគណនេយ្យភាពសមិទ្ធកម្ម។
[ចាប់ផ្ដើមសេចក្ដីអធិប្បាយ៣]
រាជរដ្ឋាភិបាលបានដាក់ចេញគោលនយោបាយ កសាង និងផែនការយុទ្ធសាស្ត្រសុខាភិបាល។ ចំពោះអភិក្រមក្នុងការអនុវត្តនៅក្នុងអាណត្តិនេះ ខ្ញុំថា “ពង្រឹងមូលដ្ឋាន គឺពីក្រោមឡើង ពង្រឹងពិពិធកម្មសមត្ថភាពពីលើចុះ Bottom-up និង Top-down”។ អ្វីទៅពីក្រោមឡើងលើ? មានន័យថាពង្រឹងសមត្ថភាពមូលដ្ឋាន ចាប់ផ្តើមពីប៉ុស្តិ៍សុខភាព, មណ្ឌលសុខភាព, និងពេទ្យបង្អែកស្រុកឡើងមក។ បើពង្រឹងសមត្ថភាពពិពិធកម្មជំនាញដែលត្រូវការវិនិយោគធំ ដូចជាពេទ្យមហារីក ពេទ្យបេះដូង ពេទ្យអីផ្សេងៗ ទៀត យើងលើកពីថ្នាក់ជាតិចុះទៅដល់ពេទ្យតំបន់ ហើយបានទៅខេត្ត ដោយសារតម្រូវការធនធានច្រើន តម្រូវការការបណ្តុះបណ្តាលរយៈពេលយូរ និងតម្រូវការការគិតគូរអំពីគុណភាព ដែលយើងមិនអាចពង្រីករាប់ពាន់មណ្ឌលសុខភាពបាននៅឡើយ ហើយក៏មិនចាំបាច់ត្រូវមានសេវាព្យាបាលជំងឺមហារីកនៅគ្រប់មណ្ឌលសុខភាពនោះដែរ។ អ្វីដែលសំខាន់គឺការរៀបចំ ជំហានមួយនេះផ្តោតទៅលើការពង្រឹងមណ្ឌលសុខភាព និងពេទ្យបង្អែកស្រុក។
យើងធ្វើ(កិច្ចការ)២៖
ទី១ នៅក្នុងគោលនយោបាយនៃ ការពង្រីកវិសាលភាពគ្របដណ្តប់តាមរយៈកម្មវិធីសមធម៌ កម្មវិធីសុខាភិបាល ឆ្ពោះទៅរកការគ្របដណ្តប់សុខភាពជាសកល ដែលយើងពង្រីក ប.ស.ស. ពង្រីកកម្មវិធីមូលនិធិសមធម៌ និងបង្កើតគោលនយោបាយផ្សេងៗ ដើម្បីឱ្យប្រជាពលរដ្ឋយើងមានលទ្ធភាពទទួលបានសេវា និងមានការជួយកម្រិតណាមួយ។
ទី២ ពង្រីកលទ្ធភាពព្យាបាល។ ឱ្យឱកាសគាត់ទៅ។ គាត់មានប័ណ្ណហើយ។ តែនៅឃុំរបស់គាត់ អត់មានពេទ្យទេ ឬមួយក៏មានពេទ្យ តែអត់មានបុគ្គលិកពេទ្យ ឬមួយក៏មានមណ្ឌលសុខភាព ដែលអត់មានសមត្ថភាពគ្រប់គ្រាន់សម្រាប់ជួយគាត់។ អញ្ចឹងត្រូវការទាំងពីរហ្នឹង។ ទាំងការជួយសមត្ថភាពផ្តល់ឱកាសឱ្យគាត់ទៅដល់ បូកជាមួយសមត្ថភាពក្នុងការផ្តល់សេវាសុខាភិបាល។
អញ្ចឹងហើយ យើងបានធ្វើការពង្រឹងសុខាភិបាលនៅមូលដ្ឋានហើយក្នុងរយៈពេល ៣ឆ្នាំនេះ។ យើងសំរេចបានសមិទ្ធផលជាច្រើន។ ក្នុងនោះ ខ្ញុំរាប់មិនអស់ទេ តែខ្ញុំយកសមិទ្ធផលប្រមាណ ៥ទៅ ៦មក(រៀបរាប់)។ យើងដាក់ទិសដៅឱ្យការផ្តល់សេវាសុខភាពរបស់យើងនៅមណ្ឌលសុខភាព ដំណើរការ២៤ម៉ោង/២៤ម៉ោង។ កុំឱ្យម៉ោង ៥ល្ងាច គាត់បិទទ្វារ។ ទៅដល់កន្លែងមណ្ឌលសុខភាពនៅឃុំហ្នឹង ម៉ោង៦ អត់មានពេទ្យ។ បើអញ្ចឹងត្រូវទៅរកកន្លែងណា? យើងធ្វើអី? គឺយើងត្រូវបង្កើនចំនួនពេទ្យ។ មកដល់ម៉ោងនេះ យើងជ្រើសរើសពេទ្យ និងគិលានុបដ្ឋាក គិលានុបដ្ឋាយិកា និងឆ្មប សរុបបាន ៥២២នាក់ ក្នុងនោះ មន្ត្រីក្របខ័ណ្ឌ ៨២នាក់ និងមន្ត្រីផ្អែកលើកិច្ចព្រមព្រៀងការងារ ៤៤០នាក់ យើងបានដាក់ពង្រាយ។
ខ្ញុំសូមបញ្ជាក់អំពីថាតើមន្ត្រីកិច្ចព្រមព្រៀងការងារ ខុសពីមន្ត្រីកិច្ចសន្យាធម្មតា(ដូចម្តេច)។ មន្ត្រីកិច្ចព្រមព្រៀងការងារនេះ ខ្ញុំបាននិយាយពីដើមអាណត្តិថាយើងធ្វើ … ប្រទេសណាក៏គេប្រកាសនូវគោលនយោបាយមុន និងដាក់សូចនាករហើយគេធ្វើ។ គេនឹង Update ជាប់ជាប្រចាំ។ គោលនយោបាយក្នុងការរៀបចំបំពេញពេទ្យនេះ គឺអភិក្រម “រើសឱ្យចំ បំពេញឱ្យត្រូវ រក្សាឱ្យនៅ” … (១)គឺត្រូវរើសឱ្យចំដើម្បីបំពេញកង្វះខាត។ រើសឱ្យចំមានន័យថាម៉េច? ឱ្យចំជំនាញ តាមគុណភាព។ បើមណ្ឌលសុខភាពហ្នឹងខ្វះឆ្មប កុំទៅរើសពេទ្យឯកទេសធ្មេញ។ ឱ្យធ្មេញមកធ្វើឆ្មបមិនកើតទេ មិនអាចឱ្យតែក្របខ័ណ្ឌដើម្បីយក ហើយគាត់ផ្ទេរចេញទេ។ រើសទៅតាមគុណភាពគឺមានការប្រឡងស្រួលបួល និងវាយតម្លៃត្រឹមត្រូវ។ យើងចង់បានគុណភាព ព្រោះមិនថាពេទ្យបង្អែកស្រុក ឬមួយមណ្ឌលសុខភាពទេ កន្លែងហ្នឹងសំខាន់។ មិនមែនមិនបាច់យកពេទ្យដែលមានសមត្ថភាពច្បាស់លាស់ ជំនាញច្បាស់លាស់ឱ្យទៅទេ។ កន្លែងហ្នឹងហើយដែលនៅផ្ទាល់ជាមួយប្រជាពលរដ្ឋ មិនថានៅរាជធានីភ្នំពេញ(ឬកន្លែងផ្សេង)។ នៅភ្នំពេញមានពេទ្យច្រើន (ប៉ុន្តែ)នៅតាមខេត្ត នៅតាមស្រុក តាមឃុំ មុនគេគឺទៅរកកន្លែងមណ្ឌលសុខភាពហ្នឹងហើយ។ អញ្ចឹងត្រូវរើសឱ្យចំគោលដៅ។ ពិតណាស់ គុណវុឌ្ឍិអាចមានកម្រិតទៅតាមសេវាដែលយើងផ្តល់ តែរើសឱ្យចំ។ (២)បំពេញឱ្យត្រូវ តាមតម្រូវការរបស់មូលដ្ឋាន។ ដូចខ្ញុំនិយាយ គឺថាមិនត្រឹមតែរើសពេទ្យឆ្មបទេ ប៉ុន្តែត្រូវយកពេទ្យឆ្មបហ្នឹងទៅដាក់កន្លែងណាដែលគេត្រូវការពេទ្យឆ្មប កុំឱ្យកន្លែងនេះពេទ្យឆ្មបមានលើសហើយ តែខ្វះពេទ្យសង្គ្រោះបន្ទាន់ បែរជាឱ្យពេទ្យឆ្មបទៅវិញ។ យើងត្រូវបំពេញតាមតម្រូវការជាក់ស្តែង (៣)រក្សាឱ្យនៅ។ នេះគឺជាបញ្ហាចោទធំសម្រាប់យើងដែលថា កន្លងទៅ បងប្អូនមន្ត្រីក្របខ័ណ្ឌមួយចំនួន ពេលខ្លះមានធុរៈគ្រួសារឬមួយអី ត្រូវការផ្ទេរចុះឡើង។ ដល់អញ្ចឹង កន្លែងខ្លះនៅមូលដ្ឋានអត់មានពេទ្យទេ។ មូលដ្ឋានបំពេញឱ្យបានមួយឆ្នាំពីរឆ្នាំគឺអស់ ដោយសារគាត់ផ្ទេរ(ចេញ)។
មន្ត្រីក្របខ័ណ្ឌផ្អែកលើកិច្ចព្រមព្រៀងការងារនេះ យើងធ្វើកុងត្រាមួយឆ្នាំម្តង ពីរឆ្នាំម្តង ឬមួយអី(អញ្ចឹង) ខុសពីមន្ត្រីកិច្ចសន្យាធម្មតា ត្រង់ថា មន្ត្រីកិច្ចសន្យាកិច្ចព្រមព្រៀងការងារនេះ ទទួលអត្ថប្រយោជន៍ដូចមន្ត្រីរាជការធម្មតាដូចគ្នា គ្រាន់តែអត់មានក្របខ័ណ្ឌ ប្រាក់ខែប៉ុន្មានគឺប្រហែលគ្នា, បាន ប.ស.ស., មានអតីតភាពការងារ ធ្វើការយូរ ពេលចូលនិវត្តន៍មានលុយនិវត្តន៍ដូចគ្នា … គាត់មានភាពបត់បែន។ គាត់ថាធ្វើ៥ឆ្នាំ គាត់ឈប់៥ឆ្នាំ គាត់ទៅធ្វើវិស័យឯកជន។ អញ្ចឹង អតីតភាពការងាររបស់គាត់នឹងរត់។ ឥឡូវយើងធ្វើអតីតភាពការងារដូរពីមួយកន្លែងទៅមួយកន្លែង ពីរដ្ឋនិងឯកជន គឺយើងបូកសរុបទាំងអស់។ អញ្ចឹង ដល់ពេលចូលនិវត្តន៍ គឺនឹងបូកតគ្នា មិនមែនធ្វើការងាររដ្ឋ២០ឆ្នាំទៅឯកជន១០ឆ្នាំ បានតែ១០ឆ្នាំនោះទេ។ គឺយើងបូកតគ្នាដើម្បីធានា។ ការងារនេះ គឺយើងបានធ្វើ។ ខ្ញុំឆែកមើលនៅតាមមូលដ្ឋាន គឺមានការសប្បាយចិត្ត។
កំណើន(ប្រជាពលរដ្ឋមក)ប្រើប្រាស់មណ្ឌលសុខភាពនិងពេទ្យបង្អែកស្រុក … ម្សិលមិញជួបជាមួយឯកឧត្តម យក់ ប៊ុនណា (ការប្រើប្រាស់មណ្ឌលសុខភាពនិងពេទ្យបង្អែកស្រុក)កើនជិត៨០%។ ដោយសារទី១ ពេទ្យយើងមានគ្រប់ និងបើកធ្វើការ២៤ម៉ោង, គុណភាពសេវា ថ្នាំ សម្ភារៈក៏យើងបង្កើន។ ឥឡូវ នៅកន្លែងខ្លះ គាត់ថាគ្លីនិកប្រកួតលែងឈ្នះមណ្ឌលសុខភាពហើយ។ គាត់ទៅប្រើសេវាច្រើន បូកជាមួយ ប.ស.ស. និងបណ្ណមូលនិធិសមធម៌មួយចំនួន។ គឺយើងបង្កើនគុណភាព មិនត្រឹមតែបរិមាណទេ។ ពេទ្យដែលមានលទ្ធភាព មណ្ឌលសុខភាពដែលមានលទ្ធភាព បើក ២៤ម៉ោងលើ២៤ម៉ោង នៅទូទាំងប្រទេស កើនដល់ ៩៩.៣% នៅសល់អា ០.៧% ហ្នឹងទៀត (យើងនឹង)ធ្វើឱ្យអស់។ ០.៧% នេះគឺកន្លែងដែលនៅជាប់រឿងសង្គ្រាម ដែលមិនអាចចូលទៅបាន។ កន្លែងដែលចូលទៅបាន បានបើក១០០% ហើយ។ សូមអបអរសាទរ។
មិនមែននិយាយតែគោលនយោបាយទេ និយាយអំពីសូចនាករ និងលទ្ធផលជាក់ស្តែង និយាយទិន្នន័យជាក់ស្តែង។ រដ្ឋមន្ត្រីសុខាភិបាលរាយការណ៍ឱ្យខ្ញុំ … បើនាំគ្នានិយាយអញ្ចឹងគឺ(មណ្ឌលសុខភាព)១០០% បើក២៤ម៉ោង។ មណ្ឌលសុខភាពតាមសង្កាត់បើក២៤ម៉ោង។ មានកន្លែងណាមិនទាន់បើក ២៤ម៉ោង លើកដៃតិចមើល? ពួកយើងនៅជិតផ្ទះមណ្ឌលសុខភាព ២៤ម៉ោងទេ ឬអត់ដែលប្រើ ប្រើតែគ្លីនិក? មណ្ឌលសុខភាពនៅជិតផ្ទះបើក ២៤ម៉ោងអត់? បើក។ មានកន្លែងអត់បើកឬទេ? អត់ទេ។ មិនមែនដោយសាររដ្ឋមន្ត្រី(នៅទី)នេះ ទេ … នេះគឺជាការរៀបចំជាក់ស្តែង។ បើប្រៀបធៀបពីចាប់ផ្តើមអាណត្តិ គឺយើងកើន ៤៧,៧%។ អាណត្តិមុន យើងមានជាង៥០% ដែលបើក២៤ម៉ោង។ ឥឡូវ យើងជំរុញថាក្រៅពីតំបន់ក្រហមដែលមិនទាន់ប្រតិបត្តិបានដោយសារសង្គ្រាមគឺយើង(ដាក់អោយដំណើរការ)១០០%។ ប៉ុន្តែ ត្រូវធានាជាមួយខ្ញុំ។ ថ្ងៃណាមួយ ម៉ោង២ភ្លឺ ខ្ញុំទៅដល់មុខផ្ទះហៅឡើងឡានទៅជាមួយគ្នា។ ខ្ញុំអញ្ចឹង។ ភាគច្រើនគឺទៅអត់ប្រាប់ទេ។ ទៅដល់ហៅតែម្ដង។ កន្លែងខ្លះ រដ្ឋមន្ត្រីខ្លះមក ព្រឹកឡើងៗ ឡានជាមួយខ្ញុំ។ សប្តាហ៍មុន ក្រុមការងារមកឡើងឡានជាមួយខ្ញុំ ទៅមើលកន្លែង Scam។ ពីល្ងាច ផែនការទៅកំពង់សោម ទៅដល់ស្រែអំបិល កាច់ទៅកោះកុង។ អ្នកកំពង់សោម ត្រៀមចាំ។ ខ្ញុំទៅកោះកុង។ មិនមានអីទៀត ព្រោះមិនមែនថាទៅឆែកអីទេ។ អត់ទេ។
សំខាន់ទី១ ទៅកន្លែងណា បើប្រាប់មុន ពិបាកមូលដ្ឋានរៀបចំ។ មិនមែនរៀបចំបង្ហាញទេ រៀបចំសន្តិសុខ។ ប៉ូលិស ប៉េអឹម ប្រជាការពារត្រូវឈប់ធ្វើអីទាំងអស់មក(ការពារ)។ ថាមិនឱ្យពាក់ឯកសណ្ឋាន ក៏គាត់លួចពាក់ស៊ីវិលដែរ។ ខ្ញុំធ្លាប់កាលហ្នឹងទៅចែកអំណោយនៅបន្ទាយមានជ័យ។ កាលហ្នឹងមិនទាន់ឡើងនាយករដ្ឋមន្ត្រី ខ្ញុំប្រាប់អភិបាលខេត្តថា “មិនបាច់ទេ កុំរំខានបងប្អូន កុំពង្រាយកម្លាំង យើងទៅធម្មតាបានហើយ”។ អត់មានឯកសណ្ឋានទេ ប៉ុន្តែគ្រាន់តែក្បួនឡានទៅដល់ ឃើញឈរប្រុងក្នុងទឹក ពាក់អាវស៊ីវិល យើងដឹងបាត់ហើយ បើមិនប៉េអឹម ក៏ទាហាន។ ទី១៖ កុំរំខាន។ ទី២៖ ទៅមុនទៅ បើរឿងសន្តិសុខ គឺថាល្អបំផុតកុំឱ្យគេដឹងមុន។ អត់ពិបាកការពារ បង្ហាញមុខ ចប់ចេញមក។ បើអ្នកចង់ធ្វើអីអាក្រក់ ក៏អត់មានពេលទៅធ្វើដែរ។ ទី៣៖ ចុះមើលជាក់ស្តែង។ ទៅផ្ទាល់ជាមួយប្រជាពលរដ្ឋ ទៅអង្គុយតុការហ្វេ អង្គុយជាមួយគាត់ទៅ។ តែមានអ្នកការពារ គាត់អត់ហ៊ានមកទេ។ អញ្ចឹងចេះតែទៅ ហើយបានលេសផង ប្រាប់ប្រពន្ធថា លួចទៅនេះលួចទៅនោះ។ លួចសុទ្ធតែសុំច្បាប់ដែរ ព្រោះចេញទៅណាមិនរួចទេ ហើយយើងទៅភូទប្រពន្ធយ៉ាងម៉េច។ បើយើងប្រាប់តៃកុងឡានយើងថា កុំចេះភូត … ឱ្យអភិក្រមតៃកុងឡានកុំភូត។ អញ្ចឹងប្រពន្ធយើងសួរ ក៏អត់ចេះភូត។ ទៅមើលស្ថានភាព … ខ្ញុំបានទៅមើលវិស័យធនធានទឹក វិស័យកសិកម្ម ចុះបានមួយពីរកន្លែង នឹងបន្តទៅទេសចរណ៍ … នៅក្នុងសុខាភិបាលនេះ … ខ្ញុំបានឮប្រជាពលរដ្ឋច្រើនសរសើរអំពីគុណភាព អភិក្រម ការប្រតិបត្តិរបស់ពេទ្យទាំងម៉ោងពេល … ប៉ុន្តែវាមិនល្អឥតខ្ចោះទេ។ នៅកន្លែងខ្លះ នៅមានសម្ដី មានអីខ្លះមួយចំនួន ប៉ុន្តែការវិវត្តបានរីកចម្រើនច្រើន ព្រោះពេទ្យក៏ជាមនុស្ស … ប៉ុន្តែយើងពង្រឹងការបណ្តុះបណ្តាលនេះ …។
ការរៀបចំពង្រីកសមត្ថភាព(ពិនិត្យព្យាបាល) ២៤ម៉ោងនេះបានន័យថាធ្វើម៉េចឱ្យបានឆាប់ទៅដល់ពេទ្យ មានពេទ្យប្រចាំការនៅហ្នឹង … កុំចាំទៅដល់ បិទទ្វារ ហើយទៅណា។ មួយទៀត ឆាប់ផ្តល់សេវាដោយគុណភាព។ កាលពីឆ្នាំ២០២៤ និង២០២៥នេះ មុនផ្ទុះសង្គ្រាម ពេលប្រជុំជាមួយថ្នាក់ក្រោមជាតិ ខ្ញុំបានសម្រេចប្រគល់ថវិកា ១៨លានដុល្លារបង្កើនសមត្ថភាពរបស់ពេទ្យបង្អែកស្រុក ៦១កន្លែង។ ដើម្បីអី? ដើម្បីធ្វើការសង្គ្រោះបឋម។ ជាលទ្ធផល កន្លែងទាំងនោះបានធ្វើហើយ។ យើងនឹងទៅសម្ពោធជានិមិត្តរូបមួយកន្លែងក្នុងពេលឆាប់ៗខាងមុខនេះ។ យើងឃើញថាក្រោយពីការរៀបចំហើយការវះកាត់តាមមន្ទីរពេទ្យបង្អែកទាំងនោះ បានកើនឡើង ២៤,៨ភាគរយ ហើយករណីដែលបញ្ជូនអ្នកជំងឺទៅមន្ទីរពេទ្យកម្រិតខ្ពស់បានថយចុះ ១១ភាគរយ។ បានន័យថាម៉េច? បានន័យថា “ការផ្តល់សេវាទាន់ពេល បានឆាប់” ព្រោះឧទាហរណ៍ថា ដួលបុកគ្នា គ្រោះថ្នាក់ បោកក្បាល ឬមួយបាក់ឆ្អឹងអីភ្លាម អាចធ្វើការវះកាត់បឋមនៅហ្នឹងកន្លែង ដោយមិនបាច់ចាំបញ្ជូនពីពេទ្យបង្អែកស្រុក ទៅពេទ្យខេត្តទេ ព្រោះស្រុកខ្លះឆ្ងាយ។ ឧទាហរណ៍ ស្រុកខ្លះ រាប់រយគីឡូពីពេទ្យខេត្ត។
យើងត្រូវបង្កើនសមត្ថភាពវះកាត់បឋម។ ខ្ញុំគិតថា មួយនាទីៗ មួយវិនាទីៗ សំខាន់ ជាពិសេសគឺគ្រោះថ្នាក់ចរាចរណ៍ ដែលថាមានការបោកក្បាលបោកអីហ្នឹង។ ឈាមកកហ្នឹងនៅយូរពិបាកហើយ។ មានអ្នកស្គាល់គ្នាម្នាក់ ប៉ុន្មានអាទិត្យមុននេះ គ្រោះថ្នាក់ចរាចរណ៍បោកក្បាល មិនទាន់ដឹងខ្លួនផង។ ជាងមួយខែមុន ជិះម៉ូតូ អត់ពាក់មួក ដល់ដួលបោកក្បាល យកទៅព្យាបាល។ ទម្រាំតែយកទៅដល់ពេទ្យសង្គ្រោះ អាចបានប្រើរយៈពេលមួយចំនួន ដោយសារតែដួលកន្លែងហ្នឹងវារាងស្ងាត់ អត់សូវមានមនុស្ស។ ដោយសារវាយូរពេក ទម្រាំតែទៅដល់ពេទ្យ។ ឥឡូវដឹងខ្លួន កម្រើកដៃ កម្រើកជើងខ្លះ ប៉ុន្តែពេទ្យគេថាប្រហែលទៅជាមនុស្សរុក្ខជាតិមួយរយៈ។ មិនស្រួលទេ មនុស្សប្រុសអាយុ ៣០ជាង ពេញកម្លាំង កូនប្រុសរបស់គ្រួសារមួយដែលកំពុងមោទនភាព មានអនាគតវែងឆ្ងាយ តែមួយភ្លែត(អ្វីៗ ផ្លាស់ប្តូរ) … អញ្ចឹងសមត្ថភាពវះកាត់ ជួយសង្គ្រោះបឋមសំខាន់។
ដោយហេតុនេះ យើងនឹងនៅតែបន្តការបង្កើនសមត្ថភាពពេទ្យមូលដ្ឋាននេះតទៅទៀត។ ឯកឧត្តម ឈាង រ៉ា រាយការណ៍មកថា ពេទ្យខ្លះធ្វើតាមប្រព័ន្ធឌីជីថល។ ឌីជីថល សំខាន់។ កន្លែងខ្លះ ការពិគ្រោះយោបល់ ជំងឺមួយចំនួន មិនបាច់ចាំគាត់បញ្ជូនមកទេ ត្រូវការពិគ្រោះយោបល់ភ្លាម ដូចយើងខ្លះនៅទីនេះ ពេទ្យបេះដូងកន្លែងខ្លះ នៅកាល់ម៉ែត ដល់ពេលជំងឺមួយចំនួន ត្រូវពិគ្រោះយោបល់ ជាមួយវេជ្ជបណ្ឌិត នៅបារាំង បញ្ជូនរូបទៅឱ្យភ្លាម មើលភ្លាមវះកាត់យ៉ាងម៉េច អីយ៉ាងម៉េច? អញ្ចឹង បើសិនជាពេទ្យខេត្តដែលមានសមត្ថភាព ដូចត្រូវការពិគ្រោះយោបល់ជាមួយពេទ្យភ្នំពេញ មិនបាច់ជិះឡានយកហ្វ៊ីលហ្នឹងមកទេដាក់តាមឌីជីថលនិយាយគ្នាតែម្តង។ ពេលខ្លះ កំពុងវះកាត់ហ្នឹងគឺអាចធ្វើការផ្ទាល់។ វិធីនេះជួយជីវិតច្រើន។
យើងនឹងបន្តបំពាក់សមត្ថភាព ឌីជីថល ជាពិសេសការជួយជីវិតប្រជាពលរដ្ឋ ឱ្យកាន់តែបានលឿន ឱ្យចំគោលដៅដោយប្រសិទ្ធភាព។ នេះគឺជាគោលដៅដែលយើងបានធ្វើហើយ។ ចំពោះអ្នកដែលឆ្ងល់ថា រដ្ឋាភិបាល អត់បានធ្វើអីសោះ ឥឡូវខ្ញុំនិយាយទិន្នន័យមួយចំនួន និងសូមកត់ត្រាទៅ កុំឱ្យខ្ញុំពិបាកប្រាប់ទៀត។ បើចង់បានដឹងទៅមើលផេករបស់ក្រសួងនីមួយៗ ទៅ គេធ្វើគ្រប់វិស័យ គេផ្សាយហើយ។ កុំចាំ! ងើបពីដេក អត់ព្រមទៅមើល ចាំឱ្យនាយករដ្ឋមន្ត្រីសង្ខេបឱ្យ។ ទៅមើលទៅ សមិទ្ធផលជាក់ស្តែង នៅកន្លែងណាក៏មើលបានដែរ ពីអូស្ត្រាលីក៏បានដែរ ប្រើពេលតែបន្តិចចូលទៅហ្វេសប៊ុក ចំណាយពេលតែមួយម៉ោង អាចមើលឃើញសមិទ្ធផលរដ្ឋាភិបាលធ្វើអីខ្លះគ្រប់វិស័យ។
ថ្ងៃនេះ ខ្ញុំនិយាយតែសមិទ្ធផលមួយចំនួនក្នុងវិស័យសុខាភិបាល ក្នុងរយៈពេល ៣ឆ្នាំនេះទេ។ ៤០ឆ្នាំនេះ យើងបានធ្វើច្រើន។ ៣៨ឆ្នាំ ពី ១៩៧៩មក បានច្រើនណាស់ តាំងពីបាតដៃទទេ មកដល់ប៉ុណ្ណេះ តែខ្ញុំនិយាយតែ ៣ឆ្នាំនេះ។ គ្រាន់តែ៣ឆ្នាំក៏មានការវិវត្តដែរ។ សមិទ្ធផលនៅទីនេះជាក់ស្តែងទាំងវិស័យរដ្ឋទាំងវិស័យឯកជន។ នៅជុំវិញនេះ មានទាំងក្រុមហ៊ុនឡាន ក្រុមហ៊ុនអីនៅទីនេះ ដែលប៉ុន្មានឆ្នាំមុនអត់មាន។ នេះហើយជាការវិវត្តជាក់ស្តែងក្នុងសង្គមសេដ្ឋកិច្ចរបស់ជាតិ។ គ្រប់វិស័យទាំងអស់។ នេះហើយដែលហៅថាការវិវត្ត។ យើងមើលទៅ ពិតណាស់វាមិនមែនស្រួលទាំងអស់ទេ។ ស្ថានភាពសេដ្ឋកិច្ចបច្ចុប្បន្នក៏វាមិនដូចមុនកូវីដ-១៩ដែរ។ ប៉ុន្តែយើងមានការរីកចម្រើនវិស័យខ្លះ (ហើយមាន)វិស័យខ្លះប៉ះពាល់ យើងត្រូវទទួលស្គាល់។
ចំណុចសំខាន់ទី៣ គឺការពង្រឹងប្រព័ន្ធបញ្ជូនជនរងគ្រោះ និងបណ្តុះបណ្តាល ការសង្គ្រោះបឋម ដល់ពេទ្យ រាជធានី/ខេត្ត គឺបានបណ្តុះបណ្តាល ជាង ២៦០០នាក់ ជិត ២៧០០នាក់ សមត្ថភាពសង្គ្រោះបឋម បំពាក់ឧបករណ៍សម្ភារឱ្យហើយ បូកជាមួយនឹងការផ្តល់ពេទ្យឱ្យដើម្បីបើក ២៤ម៉ោង។ នេះគឺជាសូចនាករ៣ ដែលយើងបានធ្វើនៅក្នុងចំណោមលទ្ធផលច្រើន។ ៣នេះ បូកចូលគ្នា បងប្អូន អាចឃើញហើយ មិនមែនធ្វើដោយចៃដន្យទេ។ ៣ហ្នឹងដើរជាមួយគ្នា មានគោលដៅធំគឺ “ផ្តល់សេវាដែលមានគុណភាព ប្រសិទ្ធភាព ឆាប់រហ័ស ឱ្យប្រជាជន ឱ្យដល់មូលដ្ឋាន ដើម្បីសង្គ្រោះ ដើម្បីជួយព្យាបាល” … មិនមែនយើងចេះតែនឹកឃើញធ្វើនោះទេ។ ទាំងអស់នេះគឺដើម្បីសម្រេចផែនការសុខាភិបាល ផែនការសកម្មភាពថ្នាក់ជាតិរយៈពេលវែង។
ចំណុចទី៤ យើងបានបង្កើននិងពង្រឹងគុណភាពថ្នាំ សម្ភារៈបរិក្ខារ ក្នុងនោះយើងមានថ្នាំលើសឈាម ថ្នាំទឹកនោមផ្អែមជាពិសេស។ កាលមុនយើងបាន ៥ទៅ ៧ថ្ងៃ។ កន្លែងខ្លះ។ ឥឡូវ យើងបង្កើន ទី១ គុណភាពថ្នាំ។ ខ្ញុំប្រាប់ ឯកឧត្តម ឈាង រ៉ា ឱ្យមើលក្រុមហ៊ុនដែលដេញថ្លៃឱ្យច្បាស់។ តែគុណភាពអត់តាមនិយាមដែលយើងកំណត់គឺមិនអាចទទួលការដេញថ្លៃជោគជ័យនោះទេ។ អ្នកប្រើប្រាស់ត្រូវតាមដាន(ឱ្យ)ជាប់។ ប្រកួតប្រជែង ធ្វើការងារ បើសិនជាមានការធានា … ទាំងបរិក្ខារទាំងអីត្រូវមើលឱ្យច្បាស់ ទាំងបង់ស្អិតទាំងអី … តិចថាបង់ស្អិតអត់សំខាន់។ ត្រូវការបិទឈាម បិទទៅស្រាប់តែយកបកបន្តិចរបេះអស់បាត់។ អត់កើតទេ។ បិទទៅ បកទៅវិញដោយទាំងស្បែកទៅទៀត។ អត់ទេ។ បរិក្ខារពេទ្យ យកម្ជុលទៅចាក់ថ្នាំ កុំឱ្យចាក់មួយបាក់ម្ជុល ត្រូវមានការធានាគុណភាពច្បាស់លាស់។ ទី២ បរិមាណ គឺយើងបានដំឡើងពី ៥ថ្ងៃ ៧ថ្ងៃ ពីមុនមក ឥឡូវ យើងដំឡើង ថ្នាំទឹកនោមផ្អែម ថ្នាំលើសឈាមនេះ ពី ១៥ ទៅ ៣០ថ្ងៃ តាមកម្រិតជំងឺ។ ដើម្បីអី?
កាលខ្ញុំចុះទៅមណ្ឌលគិរី ជួបម្តង។ ខ្ញុំយកពេទ្យ TYDA ទៅមើលជំងឺ ឆ្នាំដូច២០១៧ ឬ២០១៨ ឬ២០២០ទេ ជួបម្នាក់គាត់មកព្យាបាល នៅខេត្តហ្នឹង។ ស្រុកមួយៗ រាប់រយគីឡូ។ ជិះម៉ូតូម្តង៣ ឬ៤ម៉ោង។ គាត់កាន់តែថ្នាំ។ ពេលហ្នឹង មកព្យាបាលផង មកបើកថ្នាំហ្នឹងផង។ សួរទៅ គាត់ថាកាលហ្នឹង(បើកថ្នាំម្តង)បាន ៧ថ្ងៃ។ គាត់ថាមួយអាទិត្យត្រូវមកម្តង។ អញ្ចឹង បានគិតជាមួយ ឯកឧត្តម ឈាង រ៉ា … គិតជាមួយ ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ធ្វើម៉េចដំឡើងថវិកាផ្តល់ថ្នាំជូនគាត់(អោយបានពេលវែង)ព្រោះជំងឺហ្នឹងត្រូវទៅរហូត។ អញ្ចឹង ចៀសជាងឱ្យគាត់ចំណាយពេល ចំណាយថវិកា ជិះមកយកញឹកញាប់ យើងបង្កើនគុណភាពនិងបង្កើនបរិមាណថ្នាំជូនគាត់ទៅ។ យើងបានធ្វើ។ កិច្ចការនេះក៏ជាសមិទ្ធផលជាក់ស្តែងជូនដល់ប្រជាពលរដ្ឋ។ អញ្ចឹង អាចទៅសួរប្រជាពលរដ្ឋ អ្នកដែលធ្លាប់យកថ្នាំតើបានកើនមែនអត់? តើគុណភាពថ្នាំ គុណភាពបរិក្ខារ បានមែនអត់? ហេតុអី បានជាឥឡូវ បងប្អូនចូលចិត្តមកប្រើមណ្ឌលសុខភាព? តើនៅមានបញ្ហាអីខ្លះទៀតដែលយើងត្រូវដោះ?
យើងបានផ្តល់សេវាស្រាវជ្រាវរកមហារីកមាត់ស្បូន ប្រើប្រាស់តេស្ត HPV PCR និងបច្ចេកវិទ្យាដែលចាប់ផ្តើមអនុវត្តនៅឆ្នាំ២០២៦ នេះ។ យើងបានជំរុញការធ្វើតេស្តមហារីក រហូតទៅដល់មូលដ្ឋាននៅ ៨ខេត្ត ដែលក្នុងនោះមានមណ្ឌលសុខភាព ៥៤០កន្លែង និងមន្ទីរពេទ្យបង្អែកចំនួន ១៥កន្លែង ដែលមានសមត្ថភាពធ្វើតេស្ត មហារីកបាន កុំចាំដល់គាត់ឡើងមក ឬដំណាក់កាលទី១ ទី២ ទី៣ ឬទី៤ ហើយបានធ្វើ … ផ្តល់សេវាឱ្យឃើញដំណាក់កាលដំបូង ឬមួយក៏ហានិភ័យខ្ពស់ ដើម្បីអាចរៀបចំបង្ការ ឬព្យាបាលហើយពីដើមទី។ នៅឆ្នាំ ២០២៦ យើងបានពង្រីកលទ្ធភាពមណ្ឌលសុខភាព ៥៤០កន្លែង បូកជាមួយមន្ទីរពេទ្យបង្អែកចំនួន ១៤កន្លែងដើម្បីមានលទ្ធភាពធ្វើតេស្តជូនស្ត្រីស្តីពីលទ្ធភាព ឬមួយក៏ហានិភ័យមានមហារីកមាត់ស្បូន។ នេះគឺជាការផ្តល់សេវាបន្ថែមជូនប្រជាពលរដ្ឋ ជាពិសេសស្ត្រីតែម្តង។ នេះគឺជាសមិទ្ធផលមួយដែលអាចមានអ្នកគិតថាមិនសំខាន់។ អត់ទេ។ សម្រាប់អ្នកដែលពាក់ព័ន្ធ ការរកឃើញមុននេះសំខាន់ព្រោះវាជួយបង្ការ និងព្យាបាលបានលឿន បានន័យថាស្មើនឹងជួយជីវិតរបស់គាត់រួចទៅហើយ។ កុំចាំបាច់ ទាល់តែព្យាបាល ការបង្ការនេះជាការរួមចំណែកធំណាស់ដើម្បីជួយជីវិត។ បើគាត់មាននៅជំហានដំបូង ការព្យាបាលទាន់ពេលវេលា អត់ចំណាយថវិកា អត់ចំណាយពេលវេលា មិនប៉ះពាល់សុខភាព ហើយក៏មានហានិភ័យទាប ដែលថា មានឱកាសខ្ពស់ក្នុងការព្យាបាល និងជួយសង្គ្រោះជីវិត … ការបង្ការជាកិច្ចការសំខាន់ក្នុងការព្យាបាលនិងធានាសុខភាពរបស់ប្រជាពលរដ្ឋ …។
អញ្ចឹង លទ្ធភាពដែលយើងអាចធ្វើតេស្តរកឃើញពីដំបូង ឬពីដើមទី ឬពីមុនដែលមានការសង្ស័យនោះ គឺជាកិច្ចការសំខាន់។ សូមឱ្យក្រសួងសុខាភិបាលដាក់ទិសដៅដើម្បីពង្រីកនូវសេវានេះ លទ្ធភាពនេះ ឱ្យមានច្រើននៅទូទាំងប្រទេសទៅថ្ងៃក្រោយ។ នេះគឺជាសមិទ្ធផល។ វាអាចកើតលើមនុស្សម្នាក់ ប៉ុន្តែមនុស្សម្នាក់នេះជាអ្នកណា? មនុស្សម្នាក់នេះគឺជាសមាជិកគ្រួសារមួយ។ បើជាស្ត្រីអាចជាបុគ្គលអត់ទាន់មានគ្រួសារ អាចជាម្តាយគេ ឬមួយក៏ជាអនាគតម្តាយគេ ជាយាយគេ។ អញ្ចឹង ការជួយមនុស្សម្នាក់ គឺជួយមួយគ្រួសារ និងមិនត្រឹមតែជួយមួយគ្រួសារទេ គឺធានានូវកំណើនប្រជាពលរដ្ឋ ព្រោះបើគាត់មហារីកមាត់ស្បូន ហើយមិនព្យាបាល អញ្ចឹងធ្វើម្តេចគាត់មានកូន? អញ្ចឹងជួយបង្កើតកូនបង្កើតប្រជាជនម៉េចកើត? អញ្ចឹងយើងជួយនេះជួយគ្រប់កត្តាទាំងអស់។
ទី៦ យើងពង្រឹងក្រមប្រតិបត្តិវិស័យឯកជនក្នុងការផ្តល់សេវាសុខាភិបាល។ កាលមុន យើងឧស្សាហ៍ឃើញ ambulance ដណ្តើមអ្នកជំងឺគ្នា នៅកន្លែងខ្លះទាញដល់ AK។ ឥឡូវអត់មានទេ។ (យើងមាន)ក្រមប្រតិបត្តិតាំងពីអាណត្តិមុនមក។ ឯកឧត្តម ម៉ម ប៊ុនហេង ដាក់វិធានការដើម្បីពង្រឹងក្រមសីលធម៌បែបនោះ បូកជាមួយឥឡូវនេះ ឯកឧត្តម ឈាង រ៉ា ចូលមកក៏យើងពង្រឹង។ កន្លែងខ្លះ តឹងមានការត្អូញត្អែរ ប៉ុន្តែសម្រាប់សេវាសុខាភិបាលមួយ ខ្ញុំថាគួរឱ្យមានក្រឹត្យក្រមតឹងចុះដើម្បីធានាសុខភាពរបស់ប្រជាពលរដ្ឋ។ ក្មួយៗដូចគ្នាដែរ។ ប្អូនៗ រៀនឱ្យចេះ កុំទាមទារជាប់អត់ប្រឡង។ អត់ឱ្យទេ។ ប្រឡងឱ្យជាប់។ ពេលដែលយើងចេញទៅធ្វើតេស្ត យើងដាក់អនាគតរបស់យើង សមត្ថភាពរបស់យើង ជាមួយជីវិតមនុស្ស។ យើងជាឆ្មប ជីវិតម្តាយ ជីវិតកូន បើយើងអត់ច្បាស់មានបញ្ហា។
ដែលខ្ញុំនិយាយនេះ អ្នកដែលខ្ញុំស្គាល់ដួលបោកក្បាល សង្គ្រោះបឋមដំបូងហ្នឹងគឺពេទ្យមណ្ឌលសុខភាពមួយ … ពេលមកជួយដំបូង យកឧបករណ៍សម្រាប់សប់ខ្យល់ ដែលតាមក្បួនត្រូវសុងសួតដើម្បីបាញ់ខ្យល់ចូលក្នុងសួត ដើម្បីឱ្យសួតមានអុកស៊ីសែន តែបែជាគាត់សុងចូលក្រពះ។ អញ្ចឹង ក្នុងរយៈពេល ដែលគាត់សុងរហូតទៅដល់ពេទ្យនេះគម្លាតនេះគឺខួរក្បាលអត់មានអុកស៊ីសែនទេ។ នេះដែលថាបើយើងមិនច្បាស់ត្រូវពង្រឹងសមត្ថភាព។ គាត់មិនមែនអត់ឆន្ទៈទេ ។ ពេទ្យមានឆន្ទៈ ខំប្រឹងធ្វើ … ខ្ញុំសួរទៅថាឆែកដឹងឬទេ? គេថាអាចឆែកដឹង បើសិនជាពេទ្យដែលដាក់ទៅសប់បន្តិច គេឆែកមើល គេធ្វើតេស្តស្អីៗ … ខ្ញុំមិនដឹងថាដោយសារអីទេ ប៉ុន្តែបើសិនជាពេទ្យសង្គ្រោះបឋមច្បាស់លាស់ គឺថាមិនគួរមានការឆកល្វែងយ៉ាងហ្នឹងទេ។ ដូចនេះ ឆន្ទៈមានហើយ រៀនពេទ្យសុទ្ធតែមានឆន្ទៈជួយមនុស្ស តែបើយើងចង់ស្រួល យើងអត់គិតពីស្នាដៃ យើងពិបាក យើងគ្រោះថ្នាក់។ អញ្ចឹង តើមនុស្សម្នាក់នេះ បើសិនជាគាត់បានសប់ជួយខួរក្បាលតាំងពីពេទ្យទៅដល់ … ខួរក្បាលដែលបានអុកស៊ីសែន ពីពេលនោះ ប្រៀបធៀបជាមួយឥឡូវអត់បានអុកស៊ីសែនទេ រយៈពេលដឹកទៅពេទ្យ ប្រហែលជាចង់ កន្លះម៉ោង ជិតមួយម៉ោង ឬមួយក៏អីហ្នឹងទៅ។ អញ្ចឹង វាអាចខុសគ្នា។ ហ្នឹងពេទ្យជំនាញអាចដឹង។
អញ្ចឹង ត្រូវតែធ្វើអោយបានច្បាស់លាស់អំពីសុខភាពនិងសមត្ថភាពរបស់ពេទ្យ។ ពេទ្យរដ្ឋមិនអាចធ្វើបានតែម្នាក់ឯងទេ។ ត្រូវការចូលរួមពីវិស័យឯកជន ដៃគូ អង្គការក៏មានដែរ អង្គការជាតិ និងអន្តរជាតិ ដែលផ្តល់សេវា មានគុណភាព។ ប៉ុន្តែ អ្នកដែលប្រតិបត្តិក្នុងវិស័យនេះ មិនថារដ្ឋ មិនថាឯកជន ត្រូវគោរពឱ្យបានតឹងរ៉ឹងតាម ក្រមសីលធម៌ អនុលោមតាមច្បាប់បទដ្ឋានជាធរមាន ដើម្បីធានាថាសេវាមានគុណភាព សុវត្ថិភាព ប្រសិទ្ធភាព និងស្តង់ដារសុវត្ថិភាពជួយដល់អ្នកជំងឺ។ យើងត្រូវធ្វើកិច្ចការហ្នឹង។ កុំខ្លាចតឹង។ ក្នុងកងទ័ពខ្ញុំតែងតែប្រាប់ពេលដែលខ្ញុំទៅបិទវគ្គអ្នកដោះមីន។ ខ្ញុំអត់ឱ្យគ្រូធូរទេ។ បើវគ្គហ្វឹកហ្វឺនបាញ់កាំភ្លើងធម្មតា ក៏អាចធូរបាន … តែបើថាអ្នកដោះមីន គឺអត់អាចទេ។ ត្រូវតែច្បាស់។ ដាក់តេស្តឱ្យតឹង។ តែដោះមិនស្រួល ស្លាប់ទាំងអ្នកនៅក្បែរខ្លួនទៀត។ ត្រូវឱ្យច្បាស់។ ពេទ្យដូចគ្នា។ ជំនាញនីមួយៗសូមឱ្យច្បាស់។ កុំសុំទម្លាក់ស្តង់ដារដើម្បីឱ្យយើងបានជាប់ តែត្រូវដំឡើងសមត្ថភាពយើងឱ្យជាប់ស្តង់ដារដែលខ្ពស់ សមត្ថភាពយើងមាន ត្រូវការការវិនិយោគ ពេលវេលា និងការតាំងចិត្ត។ តាំងចិត្តឱ្យយើងក្លាយទៅជាឆ្មបល្អ ទៅជាអ្នកដែលផ្តល់ អាយុជីវិតនិងធានាសុវត្ថិភាពកូន និងម្តាយ ពេលដែលកើត ១០០ភាគរយ កុំឱ្យមាន ឆកល្វែង …។
កន្លែងដែលធ្វើតេស្តជាប់ ឬធ្លាក់គឺមានតែសាលាទេ … ពេលចេញទៅគឺតេស្តជីវិតពិតហើយ … គ្រប់ពេទ្យទាំងអស់ ពេទ្យឯកជន ទាំងបុគ្គលិកទាំងអីត្រូវធានាស្តង់ដារអភិក្រមនេះ។ រួមគ្នាដើម្បីជួយជីវិត ព្យាបាលសុខភាពប្រជាពលរដ្ឋ កុំបន្ធូរឱ្យសោះ។ រឿងតូចមួយ ខុសតែពីក្រពះមកសួត យើងគិតថាខុសបន្តិច ប៉ុន្តែបើជំនាញបច្ចេកទេស ហើយអ្នកដែលត្រូវការអុកស៊ីសែនមកខួរក្បាល គឺខុសធ្ងន់ខុសឆ្ងាយ។ យើងអាចភ្លេច គិតតែរឿងបញ្ជាក់ថាចូលឬនៅ។ ឆែកបន្តិច មួយហ្នឹងជាគន្លឹះ។ អញ្ចឹង បានន័យថា ឆន្ទៈទឹកចិត្តមានហើយ ប៉ុន្តែសមត្ថភាព និងក្រមប្រតិបត្តិ ស្តង់ដារប្រតិបត្តិ ត្រូវតែមានក្នុងវិស័យសុខាភិបាល។ ខ្ញុំសូមគាំទ្រ ក្រសួងសុខាភិបាលមើលផលិតផលដែលលក់អនឡាញអីនេះ ដែលប៉ះពាល់ក្រសួង ទាំងសុខាភិបាល ពាណិជ្ជកម្ម។ សុំឱ្យមើល រឿងគ្រប់គ្រងគុណភាពថ្នាំ។ ទិញថ្នាំខុស ផ្សាយធ្វើពីមាសចេញមកធ្វើពីស្ពាន់ … ថ្នាំមួយគ្រាប់លេបទៅបញ្ហា។ ឡេលាបស្បែកដាក់ទៅរលួយស្បែកគេ។ អត់បានទេ។ ត្រូវធានា។ ជួយទាំងអ្នកលក់។ ជួនកាល អ្នកលក់គាត់អត់ដឹងទេ។ គាត់មិនមែនអ្នកផលិត។ គាត់ទៅទិញតពីក្រៅមកដែរ។ ជួនកាលទិញអនឡាញតគ្នា អ្នកក្នុងស្រុកទិញអនឡាញពីអ្នកលក់ អ្នកលក់ទិញអនឡាញពីក្រៅ។ ត្រូវមានការគ្រប់គ្រងច្បាស់លាស់លើផលិតផល។ ថ្ងៃមុន កន្លែងខ្លះ ឃើញមានផលិតផលខ្លះ លេបទៅមានសារធាតុដែលធ្វើឱ្យមាន Cancer។ ដកចេញមកភ្លាម។ ក្រុមហ៊ុនប៉ះពាល់ហើយ ប៉ុន្តែមិនអាចដើម្បីក្រុមហ៊ុនមួយចំណេញ មិនខាតលុយ យើងឱ្យជីវិតសុខភាពប្រជាពលរដ្ឋមានបញ្ហាទេ។ ត្រូវទទួលខុសត្រូវ។
រឿងសុខភាពមួយ អាយុជីវិតមួយ ត្រូវតែតឹង។ រឿងអីផ្សេងនិយាយគ្នាបានតែអ្វីដែលប៉ះពាល់សុខភាពអាយុជីវិតប្រជាជនត្រូវតែច្បាស់។ កូនគេកូនយើង ម្តាយគេម្តាយយើង … ពេទ្យក៏ដូចគ្នាដែរ។ យើងក៏ឈឺដែរ។ ថ្ងៃណាមួយ យើងក៏ចង់ថាទៅដល់ពេទ្យណាក៏ពេទ្យហ្នឹងមានស្តង់ដារមួយដែលព្យាបាលយើងស្រួលដែរ។ កុំឱ្យថាទេ! ពេទ្យនេះជំនាន់ឯងធូរដែរទេ។ អត់ទេ។ ម្តាយយើងឈឺទៅដល់ពេទ្យក៏ពឹងទៅលើគាត់ដែរ។ យើងមិនអាចចូលទៅថា “ទេ! ម្តាយខ្ញុំ។ ខ្ញុំជំនាញខាងហ្នឹង ចូលទៅប្រតិបត្តិនៅគ្លីនិកនេះ នៅពេលនេះ”។ អត់ទេ។ គឺពឹងទៅលើពេទ្យនៅកន្លែងនោះ។ យើងចង់បានការធានាទាំងអស់គ្នានូវសុខភាពមួយដែលពិតប្រាកដ។ យើងសូមស្វាគមន៍ការលើកទឹកចិត្ត ការចូលរួមរបស់វិស័យឯកជន។ ខ្ញុំក៏សូមអរគុណចំពោះការចូលរួមកន្លងទៅ។ យើងក៏បានជួយរែកបន្ធូរសម្ពាធទៅលើពេទ្យរដ្ឋ។ យើងពង្រីកវិសាលភាពគ្របដណ្តប់ដែលមានដៃគូ អនុវត្តទាំង បសស ទាំងកម្មវិធីមួយចំនួនជួយបានពង្រីកវិសាលភាព ក្នុងការវិនិយោគ ពង្រីក(ចំនួន)គ្រែ(សំរាកព្យាបាល) … សូម្បីតែពិគ្រោះបឋមហ្នឹងក៏ជួយរំលែកដែរ។ បើសិនជាអត់មានមន្ទីរពេទ្យ ឬមួយក៏គ្លីនិក ឬមួយ ប៉ូលីគ្លីនិកឯកជនទៅបឋមទេ គឺបុកគ្នាទៅដល់ពេទ្យរដ្ឋ គឺចាល់នៅហ្នឹងតែម្តង។ អញ្ចឹងយើងជួយរែកច្រើន។
ខ្ញុំសូមយកឱកាសនេះ បញ្ជាក់រូបមន្តមួយដែលខ្ញុំមិនឯកភាព ហើយសូមជូនដំណឹងតែម្តង។ ខ្ញុំបានណែនាំទៅ ឯកឧត្តម ឈាង រ៉ា និងពេទ្យមួយចំនួន ក្រសួងពាក់ព័ន្ធមួយចំនួន ហើយសូមដាក់តាមនេះតែម្តង ដើម្បីកុំឱ្យអ្នកដែលមានគំនិតចង់វិនិយោគរូបមន្តនេះ ដាក់ពាក្យទៀត។ នៅកន្លែងពេទ្យរដ្ឋគឺអត់អនុញ្ញាតទេ។ សូមរាជធានី ខេត្តទាំងអស់ គឺមិនអនុញ្ញាត(អោយទទួលយក)រូបមន្តដែលវិស័យឯកជនយកធ្វើការវិនិយោគផ្តល់សេវាឯកជនក្នុងទីតាំងរដ្ឋបានទេ។ ខ្ញុំអត់ឯកភាពទេ។ មិនថាមណ្ឌលសុខភាព ពេទ្យបង្អែកស្រុក ឬពេទ្យថ្នាក់ជាតិ គឺអត់ទេ។ ចង់ឱ្យងាយយល់ ខ្ញុំលើកឧទាហរណ៍ជាក់ស្តែង។ ពីសប្តាហ៍មុន ខ្ញុំបដិសេធសំណើមួយ។ ក្រុមហ៊ុនមួយមកពីក្រៅប្រទេសចង់ចាប់ដៃវិនិយោគជាមួយពេទ្យយើងមួយ … នៅភ្នំពេញដើម្បីធ្វើអគារបំពាក់ឧបករណ៍ព្យាបាលមហារីកនៅពេទ្យនោះ។ ដោយសារពេទ្យនៅទីនោះមានឧបករណ៍រាងចាស់ៗដែរ អញ្ចឹងយើងត្រូវការដៃគូឯកជនវិនិយោគ។ អញ្ចឹងសុំគោលការណ៍សាងសង់អគារ ឬប្រើប្រាស់ផ្នែកខ្លះនៃអគាររបស់ពេទ្យរដ្ឋហ្នឹង។ គាត់កសាង បំពាក់ឧបករណ៍ គាត់ចំណាយលុយប្រហែលពី៣០ ទៅ ៤០លាន(ដុល្លារ)អញ្ចឹងទៅ។ ពេលជាមួយគ្នា គាត់សុំសិទ្ធបើកសេវាឯកជននៅក្នុងមូលដ្ឋានពេទ្យរដ្ឋរបស់យើង និងទីពីរសុំសិទ្ធិប្រើប្រាស់បុគ្គលិកពេទ្យរដ្ឋរបស់យើងដោយគ្រាន់តែបំពាក់បំប៉នមួយចំនួនឱ្យមកធ្វើការពេញម៉ោងក្នុងកន្លែងឯកជនឬ part time …។
លទ្ធភាពគឺយើងអាចចំណេញអញ្ចេះ។ បើសិនជាយើងធ្វើរូបមន្តនេះ ពេទ្យរដ្ឋអាចមានទុនសម្រាប់វិនិយោគឧបករណ៍លឿន។ មានដៃគូ យើងមិនបាច់ចំណាយលុយ យើងមានគេមកបណ្តុះបណ្តាល ប៉ុន្តែបើយើងមើលម្ខាងទៀត គឺវាប៉ះពាល់ដល់សមត្ថភាពពេទ្យរបស់យើងក្នុងការពង្រីកពេទ្យរដ្ឋពេលអនាគត។ ទី១ រដ្ឋបានវិនិយោគច្រើនហើយ រាប់រយលានទៅហើយលើហេដ្ឋារចនាសម្ព័ន្ធពេទ្យដែលមាន ដើម្បីអនុវត្តគោលនយោបាយផ្តល់សេវារបស់រដ្ឋនៅក្នុងពេទ្យរដ្ឋ។ ទី២ យើងបណ្តុះបណ្តាលនិងឱ្យប្រាក់ខែបុគ្គលិករដ្ឋច្រើនដើម្បីធ្វើការ ដើម្បីផ្តល់សេវាអនុវត្តគោលនយោបាយរបស់រដ្ឋហ្នឹងមិនទាន់គ្រប់ផង។ ឥឡូវយើងត្រូវហែកបុគ្គលិកនេះធ្វើការឱ្យពេទ្យឯកជន។ សំខាន់គឺ charge កូតាឯកជន។ ពេលដែលធ្វើហ្នឹងមិនមែនឱ្យទៅពេទ្យរដ្ឋអាចអនុវត្ត ប៉ុន្តែប្រហែលជាគ្រប់គ្រងឯកជនហើយ ព្រោះធ្វើ BOT ៣០ឆ្នាំ។ ធ្វើហើយពេទ្យគាត់ charge ជាឯកជនហើយ។ គាត់បានលុយមក គាត់ចែកឱ្យពេទ្យ ៣០ភាគរយ គាត់ទុក ៧០ភាគរយ។ រូបមន្តនេះខ្ញុំមិនឯកភាពទេ។ ទីតាំងរបស់រដ្ឋនិងបុគ្គលិកពេទ្យរបស់រដ្ឋ ក្នុងម៉ោងរដ្ឋ(គប្បី)ត្រូវបានបម្រើប្រជាពលរដ្ឋតាមគោលនយោបាយរបស់រដ្ឋ … ដូចជាកន្លែងនេះ បើសិនជាឱ្យឯកជនមកបើកពេទ្យមួយ (ចំណោទគឺ)ទី១ ឈ្មោះអី។ អញ្ចឹង ពេទ្យរដ្ឋត្រូវទទួលខុសត្រូវ។ អត់ដឹងថាពេទ្យឯកជនឬពេទ្យរដ្ឋ។ ទី២ យើងចង់ដាក់គោលនយោបាយសេវា តើដាក់ប៉ុណ្ណាបើមកកន្លែងនេះត្រូវបង់ថ្លៃឯកជន តែជាកន្លែងរបស់រដ្ឋ។ ទី៣ ពេទ្យរបស់រដ្ឋត្រូវមកធ្វើការកន្លែងនេះ។ អញ្ចឹងញែកអត់ដាច់រវាងពេទ្យរដ្ឋនិងពេទ្យឯកជនទេ នៅពេលដែលរដ្ឋកំពុងតែខ្វះពេទ្យ ខ្វះកន្លែងសម្រាប់ពង្រីកការផ្តល់សេវារដ្ឋបន្ថែមទៀត អញ្ចឹងគឺសុំកុំប៉ះពាល់នៅទីនេះ។
ខ្ញុំសូមជូនដំណឹងឱ្យហើយ។ ខ្ញុំលើកទឹកចិត្តឱ្យចាប់ដៃគូតែទៅវិនិយោគបង្កើតពេទ្យនៅក្រៅទៅ ដើម្បីបង្កើតគ្រែបន្ថែម កុំមកយកគ្រែដែលមាន ឬមួយក៏កុំមកយកដីបន្ថែម … បន្តិចទៀតពេទ្យត្រូវការដីកន្លែងនោះ។ តិចឃើញបាន ៧០០០ការ៉េ មកសល់ប៉ុណ្ណឹង ហៅដៃគូឯកជនមកបើកពេទ្យឯកជនជាន់ហ្នឹង។ អត់ទេ។ ទុកយើងពង្រីកថ្ងៃក្រោយជាពេទ្យហ្លួងម៉ែរបស់យើង … ប្រយ័ត្នដល់ពេលយើងមានលុយទិញឧបករណ៍ អត់មានកន្លែង ហើយសេវារបស់យើង lock ជាប់ ៣០ឆ្នាំជាមួយតម្លៃឯកជន … រូបមន្តនេះខ្ញុំធ្លាប់បានលុបនៅក្នុងវិស័យអប់រំម្តងហើយ។ គោលគំនិតមិនអាក្រក់ទេ។ ក្រុមហ៊ុនសាលាវិស័យឯកជនមួយទៅវិនិយោគក្នុងសាលា(រដ្ឋ)។ ឧ. ចាប់ដៃជាមួយវិទ្យាល័យមួយ។ គាត់ទៅសុំអគារមួយឬពីរនៅក្នុងសាលាហ្នឹងដើម្បីបើកជាលក្ខណៈឯកជន តម្លៃគាត់រាងធូរថ្លៃសម្រាប់កូនចៅប្រជាជនមួយចំនួន ប៉ុន្តែមិនជួលរបៀបថាក្រៅម៉ោងទេ គឺយកពេញម៉ោងតែម្តង។ អគារហ្នឹងត្រូវតែឱ្យគម្រោងហ្នឹងទៅធ្វើ។ ទីពីរ អ្នកចូលរៀនហ្នឹង ត្រូវតែបង់លុយដូចឯកជន។ ដល់អញ្ចឹង ពិតមែនតែគាត់វិនិយោគដាក់ជា Lab អីមួយចំនួន ប៉ុន្តែយើងកំពុងតែបន្ថយលទ្ធភាព សមត្ថភាពនិងថ្នាក់រៀនម៉ោងរដ្ឋដែលឱ្យហ្វ្រីទៅឱ្យប្រជាពលរដ្ឋ។ យើងអត់អាចធ្វើបានទេ។
យើងលើកទឹកចិត្តឱ្យគាត់វិនិយោគនៅខាងក្រៅដូចគេដូចឯងទៅ។ កន្លែងខ្លះ បើប្រជាជនមានដី ដៃគូ PPP ហ្នឹង គាត់ចេញទុនទៅ។ យើងអាចបង្កើតពេទ្យថ្មីមួយ ហើយរើសឯកជន បុគ្គលិកឯកជនទៅ កុំយកពេទ្យរដ្ឋ ហើយគិតគូររឿងភាគហ៊ុនម៉េចទៅ។ កន្លែងហ្នឹងយើងធ្វើបែបហ្នឹង។ កុំមកដណ្តើមកន្លែងរដ្ឋ។ ទុកកន្លែងហ្នឹង ថ្ងៃក្រោយយើងមានលទ្ធភាពធ្វើ។ ឧទាហរណ៍ បំពាក់ឧបករណ៍ ៣០លានជាង … ពេទ្យដែលកំពុងខ្វះសមត្ថភាព ខាងវិស័យឯកជនដាក់ប្រហែល ៣០លានដែរ បំពាក់ឧបករណ៍។ ឥឡូវ បើយើងធ្វើរូបមន្តណាមួយបំពាក់ជាជំហានទៅមួយឆ្នាំ ៥លាន ៥លានទៅ ដូរអាចាស់ ដាក់អាថ្មីទៅ ពេទ្យយើងនៅដដែល។ ឬមួយក៏ទិញបង់រំលោះទៅ ពេលខ្លះនោះ ថ្លៃសេវាមកហ្នឹងបង់រំលោះទៅ។ ទោះជាយ៉ាងណា កន្លែងនោះនៅតែជាកន្លែងដែលរដ្ឋគ្រប់គ្រង ១០០ភាគរយ ព្រោះកន្លែងរដ្ឋជាកន្លែងដែលត្រូវអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលទាំងសេវាទាំងថ្លៃ ពេលណាមួយដែលរដ្ឋចាំបាច់ត្រូវកំណត់។ អញ្ចឹង ឱ្យតែចូលបរិវេណកន្លែងហ្នឹង គឺត្រូវការទទួលខុសត្រូវរបស់រដ្ឋ មិនអាចឱ្យកើតសភាពការណ៍/អង្គភាពផ្សេងនៅក្នុងហ្នឹងទេ ហើយស្រាប់តែមានព្យាបាលមិនត្រូវស្តង់ដារមកចំឈ្មោះពេទ្យយើង …។
ខ្ញុំសុំបញ្ជាក់ឡើងវិញ។ រូបមន្តនេះ ទាំងវិស័យអប់រំ វិស័យសុខាភិបាល ឬមួយវិស័យណាក៏ដោយ (មិនអោយអនុវត្តទេ)។ ថ្ងៃមុន ក្នុងវិស័យកងទ័ព ខ្ញុំចូលទៅមើល។ ខ្ញុំឱ្យបិទក្រុមហ៊ុនមួយក្នុងទីតាំងរបស់រដ្ឋដែលមានអគាររដ្ឋនៅជាប់គ្នាដែរ។ យើងឱ្យបិទ។ យើងដូរកន្លែងចេញ។ ទុកកន្លែងហ្នឹងឱ្យ … រឿងកាហ្វេអីបន្តិចបន្តួចហ្នឹងជារឿងមួយទេ។ ការបើកហាង shopping កន្លែងពន្ធដារ ពេលបើកអគារថ្មី ឱ្យកាហ្វេប្រោនបើកហាងអី ហ្នឹងរឿងផ្សេង។ ប៉ុន្តែបើសិនជាឱ្យទៅធ្វើសេវា ជាពិសេសសេវាស្រដៀងគ្នាជាមួយរដ្ឋទៀត គឺមិនអាចធ្វើបានទេ ហើយជាទូទៅគឺទុកកន្លែងរដ្ឋ ទុកវិនិយោគសាធារណៈដើម្បីយើងធ្វើការ។ យើងអាចទទួលជំនួយពីដៃគូ យើងអភិវឌ្ឍដូចកូរ៉េអីជួយ អញ្ចឹងយើងធ្វើ។ ប៉ុន្តែហ្នឹងវាផ្ទេរមកឱ្យរដ្ឋ រដ្ឋគ្រប់គ្រង បង្កើនសមត្ថភាពរដ្ឋ។
បើសិនជាមានវិនិយោគិនអន្តរជាតិ ឬជាតិណាចាប់អារម្មណ៍ចង់វិនិយោគតាមរូបមន្តនេះដោយយកទីតាំងរបស់រដ្ឋបង្កើតសេវាឯកជន គ្រប់គ្រងដោយក្រុមហ៊ុនឯកជន ឬមួយសហការកម្រិតណាដោយក្រុមហ៊ុនឯកជនដែរ គឺសុំកុំគិតដូច្នោះ។ យើងមិនអនុញ្ញាតទេ។ ហ្នឹងសុំរក្សាកន្លែងរដ្ឋទុកលទ្ធភាពដើម្បីបង្កើនសមត្ថភាពរដ្ឋទៅថ្ងៃក្រោយក្នុងការព្យាបាលប្រជាពលរដ្ឋរបស់យើង និងការទទួលខុសត្រូវរបស់ប្រជាពលរដ្ឋ ដោយរដ្ឋអនុវត្តគោលនយោបាយទាំងហេដ្ឋារចនាសម្ព័ន្ធ ទាំងពេទ្យតែម្តង។ រឿងគាត់ទៅធ្វើការក្រៅម៉ោងក្រៅអីឱ្យឯកជន រឿងរបស់គាត់ ប៉ុន្តែក្នុងម៉ោងរដ្ឋមិនអាចយកមកធ្វើឯកជន ហើយនៅក្នុងហ្នឹង មិនថាជា PPP មិនថាជារូបមន្តស្អីដែលឱ្យនោះទេ។ រឿងនេះខ្ញុំធ្លាប់ម្តងពីឆ្នាំ២០០០ … មានការលើកឡើងស្រដៀងគ្នាដែរ។ កាលនោះគេប្រុងមកពឹងខ្ញុំឱ្យរត់ការ។ ខ្ញុំថាខ្ញុំអត់ចេះរត់ការទេ។ ទីពីរ បើសួរខ្ញុំ បងឯងសួរខុសហើយខ្ញុំអត់គាំទ្រគម្រោងហ្នឹង។ អញ្ចឹងគេទៅរកអ្នកផ្សេងរត់ការប៉ុន្តែរត់អត់ចេញព្រោះអត់មានពេទ្យណាធ្វើផង។ សម្តេចតេជោពេលនោះក៏គាត់បដិសេធស្រដៀងគ្នាដែរ គឺទុកពេទ្យរដ្ឋ សមត្ថភាពខ្លួនឯង បង្កើនខ្លួនឯង ដើម្បីធានាភាពជាម្ចាស់ការ និងការទទួលខុសត្រូវក្នុងការផ្តល់សេវាជូនជាតិរបស់យើង។ ខ្ញុំសូមបញ្ជាក់រូបមន្តនេះជូនរដ្ឋមន្ត្រីក្រសួងសុខាភិបាល និងថ្នាក់ខេត្ត ឯកឧត្តម លោកជំទាវ អភិបាលរាជធានី ខេត្តដូចគ្នា គឺមិនអនុញ្ញាតឱ្យយកទីតាំងរបស់ពេទ្យរដ្ឋ សាលារដ្ឋវិនិយោគបង្កើតសាលា ឬមួយក៏កន្លែងព្យាបាលផ្តល់សេវាឯកជនពេញម៉ោងនៅក្នុងកន្លែងរបស់យើងនោះទេ។ ហ្នឹងគឺដាច់ខាតទុកឱ្យរដ្ឋធ្វើ។
សមត្ថភាពយើងកាន់តែមានហើយ។ មិនដូច២០ ឬ៣០ឆ្នាំមុនដែលយើងខ្វះខាត ឱ្យអ្នកណាមកចេះតែឱ្យលក្ខខណ្ឌ។ ឥឡូវ រដ្ឋយើងមានសមត្ថភាពខ្លួនឯងច្រើនហើយ។ យើងអាចម្ចាស់ការច្រើនវិស័យហើយ ទាំងការវិនិយោគ ទាំងអប់រំសុខាភិបាល។ ខ្ញុំសុំលើកទឹកចិត្តឱ្យចូលរួមក្នុងការវិនិយោគពង្រីកសមត្ថភាពនៅទីតាំងក្រៅដើម្បីធានាការផ្តល់សេវាទំនើបកាន់តែខិតជិតដល់ប្រជាពលរដ្ឋនៅក្នុងប្រទេសជាជាងប្រជាជនយើងទៅក្រៅ បូកជាមួយការបង្កើនសមត្ថភាពក្នុងវិស័យសុខាភិបាល។ យើងគាំទ្រ ប៉ុន្តែអត់គាំទ្រតែរូបមន្តហ្នឹងមួយទេ។ បើគាត់ចាប់ដៃគ្នាជាមួយវិស័យឯកជនទៅបង្កើតនៅខាងក្រៅ ឬមួយកន្លែងខ្លះអាចចាប់ដៃជាមួយពេទ្យរដ្ឋរបស់យើង ដើម្បីដាក់ជាភាគហ៊ុន ប៉ុន្តែបង្កើតមិនមែនឈ្មោះពេទ្យរបស់រដ្ឋហ្នឹងទេ បង្កើត Entity (ដូច)នៅប្រទេសក្រៅក៏គេមានធ្វើដែរ។ ពេទ្យរដ្ឋរបស់គេក៏មានជាភាគហ៊ុននៅក្នុងពេទ្យឯកជនណាមួយដែលគេអាចចាប់ដៃ ហើយបណ្តុះបណ្តាលធនធានថ្មីទៅ កុំដណ្តើមធនធានពីពេទ្យរដ្ឋ ដែលកំពុងតែខ្វះ។ ខ្ញុំសុំបញ្ជាក់ បើក្រុមហ៊ុនឯកជនណា ចាប់អារម្មណ៍លើគម្រោងហ្នឹង មិនបាច់ជួល consultant សរសេរទេ។ កុំសរសេរ។ ឯកឧត្តម រដ្ឋមន្ត្រី ឬមួយក៏អភិបាលខេត្តណា ចង់សុំអាហ្នឹង គឺអត់ទេ ទុកក្រដាសទៅ កុំខាតព្រីនវាមក។ ពិបាកខ្ញុំចារប៊ិចក្រហមទៅវិញ។
យើងមិនបដិសេធការចូលរួមរបស់វិស័យឯកជនទេ។ យើងស្វាគមន៍ តែរូបមន្តនេះ យើងមិនអនុញ្ញាតទេ។ ខ្ញុំលើកទឹកចិត្តឱ្យបន្តការចូលរួមបន្ថែម គោរពតាមក្រមប្រតិបត្តិ គោរពតាមបទបញ្ញត្តិជាធរមាន។ ទទួលខុសត្រូវ លើជីវិតរបស់ប្រជាជន មិនថាជាឯកជន ឬរដ្ឋនោះទេ ត្រូវធ្វើឱ្យបាន។ នេះគឺស្ថិតនៅក្នុងការពង្រឹងដែលជាវិធានគន្លឹះទីបីក្នុងវិធានគន្លឹះប្រាំ ដែលខ្ញុំដាក់ចេញនៅដើមអាណត្តិ។ កែទម្រង់មុខងារសាធារណៈ កែទម្រង់អប់រំ កែទម្រង់សុខាភិបាល យកចិត្តទុកដាក់ទៅលើការពង្រឹងមូលដ្ឋាន សមត្ថភាពមូលដ្ឋានដែលមានមណ្ឌលសុខភាព ពេទ្យបង្អែក។ ការពង្រឹងសុវត្ថិភាពភូមិឃុំសង្កាត់ ពិសេសការប្រយុទ្ធប្រឆាំងជាមួយនិងឧក្រិដ្ឋកម្មផ្សេងៗ គ្រឿងញៀន។ ឥឡូវមានទាំងស្កែម (Scam) ដែលយើងបន្តវាយ ចោរកម្ម ស្អីៗផ្សេងទៀត។ ទី៥ គឺកំណែទម្រង់ប្រព័ន្ធយុត្តិធម៌ ដែលឆ្ពោះទៅដល់ការដោះស្រាយបញ្ហាកកស្ទះមួយចំនួនតាមប្រព័ន្ធតុលាការ ដែលយើងបានបង្កើតអង្គភាពដោះស្រាយទំនាស់ក្រៅផ្លូវការ … ក្នុងវិស័យអប់រំក៏មានច្រើន។ ខ្ញុំមិនយកពេលនេះលើកទេ។
ប៉ុន្តែ ខ្ញុំសូមក្នុងមួយអាណត្តិនេះ យើងបានធ្វើច្រើនក្នុង ៣ឆ្នាំនេះ គ្រប់វិស័យ។ ថ្ងៃមុន ប្រជុំគណៈរដ្ឋមន្ត្រី ខ្ញុំបានប្រាប់ដែរ សុំឱ្យរដ្ឋមន្ត្រីទាំងអស់ អភិបាលខេត្តទាំងអស់រកវិធីផ្សព្វផ្សាយ ប្រមូលផ្តុំសង្ខេប ដាក់ចេញជារូបភាព ដើម្បីឱ្យប្រជាជនបានយល់។ ជួនកាលយើងគិតថាធ្វើមួយ យើងផ្សព្វផ្សាយមួយ បើកប៉ុស្តិ៍សុខភាពមួយ រដ្ឋមន្ត្រីចុះទៅឬមួយក៏មណ្ឌលសុខភាពផ្សាយអីក្នុងកាសែតខេត្តកាសែតអី … សូមយករូបភាពធ្វើការសង្ខេបសំយោគមួយឱ្យប្រជាជនបានយល់ថា ៣ឆ្នាំយើងធ្វើអីខ្លះ។ កុំឱ្យគេថា ៣ឆ្នាំស្ងាត់ជ្រៀប។ អត់ស្ងាត់ទេ។ យើងធ្វើបានច្រើន។ កុំបាច់ចាំខ្ញុំ មកទីនេះអាន។ ខ្ញុំមិនអាចអានទាំងអស់ទេ។ សុំឱ្យធ្វើដាក់បង្ហាញឱ្យជាសាធារណៈឱ្យគេឃើញថាស្អីខ្លះដែលយើងបានធ្វើ ស្អីខ្លះដែលយើងមិនទាន់ធ្វើបាន នៅបន្តធ្វើ ស្អីខ្លះទៀតដែលយើងត្រូវទទួលយកមកកែលម្អ។ រៀបចំជាកញ្ចប់ ហើយរកវិធីបង្ហាញ។ សូម្បីតែពេទ្យហ្លួងម៉ែខ្លួនឯងហ្នឹង ក៏ត្រូវដាក់ដែរ ធ្វើវីដេអូឃ្លីបតូចមួយទៅ បង្ហាញតាំងពីយើងបើក ២ឆ្នាំនេះ បានស្អីខ្លះ។ កុំតែជិតដល់ពេលពិធី យើងធ្វើបន្តិច។ ធ្វើទៅ។ បង្ហាញទៅព្រោះហ្នឹងក៏ជាសមិទ្ធផលរបស់រាជរដ្ឋាភិបាលដែរ។ ឱ្យប្រជាជនបានដឹងនិងពីសេវាផង។
រឿងដីធ្លីយើងដោះស្រាយរាប់ម៉ឺនករណី យើងផ្តល់ផ្ទះរាប់ពាន់ខ្នង ផ្តល់ដីរាប់ពាន់កន្លែង។ យើងបន្តដោះស្រាយបញ្ហាតាំងពីរាប់ម៉ឺននៅសល់តែប៉ុន្មាន។ យើងបន្តដោះទៀត។ ផ្សព្វផ្សាយកម្មវិធីឡាសែត កម្មវិធីដីសម្បទានដែលយើងឱ្យគាត់។ ឥឡូវគាត់មានកូនមានចៅ កសាងជីវភាព … យើងផ្សាយឱ្យដឹង។ កុំឱ្យគេឃើញថាថ្ងៃណាក៏រឿងដីធ្លី អត់ដោះ អត់ចប់។ យើងដោះច្រើនហើយ។ កសិកម្ម ឧស្សាហកម្ម ពាណិជ្ជកម្ម ទេសចរណ៍ កុំឱ្យឃើញតែកន្លែងដែលមានបញ្ហា … ប្រជាជនត្រូវដឹង ព្រោះគាត់ជាម្ចាស់ប្រទេស។ គាត់ផ្តល់ការគាំទ្រឱ្យរាជរដ្ឋាភិបាលមួយដែលមានគោលនយោបាយល្អ មានបទពិសោធន៍និងមានស្នាដៃ ដើម្បីបន្តដឹកនាំដោះស្រាយបញ្ហាឱ្យគាត់តាមរយៈការបោះឆ្នោតឆ្នាំ ២០២២/២០២៣។ ឥឡូវបានលទ្ធផល ត្រូវប្រាប់គាត់មិនមែនថ្ងៃណាក៏ឃើញតែរដ្ឋាភិបាល រដ្ឋមន្ត្រី មន្ត្រី ពាក់អាវគ្រ័រសេ(croise)អង្គុយប្រជុំក្នុងម៉ាស៊ីនត្រជាក់ទេ។ ក្នុងការប្រជុំដែលយើងឃើញបូកសរុប២ ឬ ៣ឆ្នាំនេះ ថាតែ ១០០ម៉ោងចុះ ប៉ុន្តែវានៅរាប់ពាន់ម៉ោងទៀតដែលរដ្ឋមន្ត្រី មន្ត្រីគ្រប់ជាន់ថ្នាក់ ទាំងថ្នាក់ជាតិថ្នាក់ក្រោមជាតិបានខិតខំបង្កើតសមិទ្ធផលទាំងនេះ។ អ្វីដែលខ្ញុំអាន ៦ចំណុចនេះគឺជាសមិទ្ធផលជាក់ស្តែង។
ពេទ្យដែលរើសបានជាង ៥០០នាក់នេះកើតពីការចូលរួមអនុវត្តដោយក្រមសីលធម៌ ការទទួលខុសត្រូវ ពីក្រសួងសុខាភិបាល ពីក្រសួងមុខងារសាធារណៈ ពី ACU ដើម្បីយើងរើសឱ្យចំ។ ពីការគិតគូរនូវគោលនយោបាយថ្មី ដើម្បីឱ្យយើងបំពេញឱ្យត្រូវ ហើយរក្សាឱ្យនៅ ពីការចូលរួមរបស់គ្រូដែលប្រឡងធ្វើគ្រូបឋមនៅតាមខេត្ត តាមមណ្ឌលនិងគ្រូពេទ្យបឋម។ នេះគឺជាសមិទ្ធផលដែលយើងសុំ។ សុំបង្ហាញបន្តទៀត។ មិនមែនទាល់តែកម្មវិធីម្តងម្កាលឡើងមក ឬមួយមួយឆ្នាំបូកសរុបម្តង ឯកឧត្តម ហ្សង់ ហ្វ្រង់ស៊័រតាន់ និងឯកឧត្តម ប៉ែន បូណា អង្គុយអាននោះទេ។ យើងត្រូវធ្វើ ហើយសូម្បីធ្វើ គឺធ្វើឱ្យសកម្ម ធ្វើឱ្យច្រើន។ បង្ហាញការរីកចម្រើនសម្រាប់អ្នកអត់ដឹង មិនដែលមកដល់ទីនេះ និងគិតថាកន្លែងហ្នឹងវាអញ្ចឹងតាំងពីដើមមក។ អត់ទេ។ សម្រាប់ខ្ញុំដែលមកពីនេះបែកតែ ៥ឆ្នាំសោះ មកដល់វិញ កន្លែងនេះវាប្រែហើយ។ វាមិនមែនប្រែពីមានអគារទៅខ្ទេចដូចនៅអ៊ុយក្រែនទេណា វាប្រែពីដីស្រែ ពីកន្លែងវាល ទៅជាកន្លែងក្រុមហ៊ុនឡាន កន្លែងផ្ទះល្វែង ដែលបង្កើនតម្លៃ មនុស្សនៅពេញ ការអភិវឌ្ឍ។ តែបើយើងមិននិយាយ ក៏មិនដឹង។ អម្បាញ់មិញ ខ្ញុំនិយាយប៉ុណ្ណេះ បងប្អូនប៉ុន្មាននាក់ដែលមកទីនេះលើកដៃមួយមើល ប៉ុន្មាននាក់ដែលមកទីនេះលើកដំបូង? ច្រើន។ ប៉ុន្មាននាក់ដែលដឹងថាអគារនេះទើបរីក? ប្រហែលជាអត់ដឹងទេ។ គិតថាមានយូរហើយ។ ដូចគ្នា កុំសន្មត់ថាអ្វីយើងធ្វើប្រជាពលរដ្ឋបានដឹង។ ជួនកាលអ្វីដែលយើងបង្កើតមណ្ឌលសុខភាពនៅទីនេះ ប្រជាពលរដ្ឋដែលទទួលផលធ្លាប់ទៅមណ្ឌលសុខភាព ធ្លាប់តែម៉ោង ៥បិទ។ ឥឡូវ ២៤ម៉ោង។ គាត់ដឹង។ ប៉ុន្តែ ចុះប្រជាពលរដ្ឋខ្មែរនៅកាណាដា នៅអាមេរិក គាត់ម៉េចដឹងថាយើងបានបង្កើនមណ្ឌលសុខភាពបើក ២៤ម៉ោង និងកើនមក ១០០ភាគរយ។ ឥឡូវទៅកន្លែងណាក៏អត់ខ្លាចពេទ្យបិទម៉ោង ៥ដែរ។ រឿងបន្តិចបន្តួចហ្នឹង ទាល់តែប្រាប់/ជូនដំណឹង/ជម្រាបគាត់។
ថ្ងៃមុន ក្នុងប្រជុំគណៈរដ្ឋមន្ត្រី ខ្ញុំឆ្ងល់ដែរចំពោះសំណួរដែលអ្នកខ្លះថាយើងអត់ធ្វើអីទាំងអស់។ ត្រូវយកអាហ្នឹងមកគិត។ ទី១ អ្នកថាយើងអត់ធ្វើអីទាំងអស់ ដោយសារគាត់មាននិន្នាការថាអត់ទទួលស្គាល់អ្វីហើយ។ ប៉ុន្តែ ក៏មានប្រជាជនមួយចំនួនដែលថា អត់ដឹងថាយើងធ្វើអី … អញ្ចឹងយើងត្រូវតែប្រាប់គាត់ ហើយប្រាប់ជាប្រចាំ មិនមែនថាជិតបោះឆ្នោតបានប្រាប់ បានមកធ្វើទេ។ យើងធ្វើ ៣ឆ្នាំហើយ។ យើងធ្វើ ៣ឆ្នាំ ត្រូវសង្ខេបសមិទ្ធផល ដូចពេទ្យនេះមកសម្ពោធថ្ងៃនេះ ព្យាបាលបានប្រមាណប្រជាជនរាប់រយនាក់បំពាក់ឧបករណ៍។ យើងធ្វើតាំងពីអាណត្តិមុននោះជាប់រហូត ទម្រាំតែដើរ ហើយមិនដឹងថាពេទ្យប៉ុន្មាននាក់ដឹងថា ទម្រាំតែបានពេទ្យកន្លែងនេះ ទម្រាំតែមាន bunker មានហានិភ័យអីខ្លះ ពិបាកស្អីខ្លះ។ ទាល់តែប្រាប់គាត់។ ប្រជាពលរដ្ឋមានសិទ្ធិដឹង ក្នុងនាមជាម្ចាស់ប្រទេស ក្នុងនាមជាអ្នកដែលត្រូវឱ្យរាជរដ្ឋាភិបាលគ្រប់ថ្នាក់បម្រើគាត់។ យើងត្រូវមានកាតព្វកិច្ចជូនព័ត៌មានគាត់ជាប់ជាប្រចាំ ហើយមានវិធីសង្ខេបឱ្យគាត់ កុំធ្វើរបាយការណ៍ ៥ម៉ោង។ ធ្វើតែ ៥វិនាទីឱ្យគាត់ឃើញខ្លះទៅក៏បានដែរ។ ដាក់ទិន្នន័យតែម្តងទៅ។
ឥឡូវថា យើងចង់បង្កើនពេទ្យ។ យើងដាក់គោលនយោបាយក្នុងការពង្រឹង ២៤ម៉ោង/២៤ម៉ោង។ ដាក់តែប៉ុណ្ណឹងតែគាត់សួរថាស្អី។ យើងប្រាប់តែម្តងថាឥឡូវ ២៤ម៉ោងបានប៉ុន្មាន? គឺ១០០ភាគរយ ដោយសារយើងបង្កើនពេទ្យជាង ៥០០នាក់ ដោយសារយើងដាក់គោលនយោបាយរុញសេវាសង្គ្រោះបន្ទាន់ទៅដល់មូលដ្ឋាន។ យើងនិយាយមែន ប៉ុន្តែឥឡូវយើងធ្វើបានអ្វីខ្លះ។ យើងធ្វើបាន៦១ ពេទ្យបង្អែកស្រុក បន្ថែមទៅអ្វីដែលមានពីមុនស្រាប់នៅសល់។ នៅសេសសល់ពេទ្យបង្អែកស្រុកដែលនៅមិនទាន់មានសមត្ថភាពសង្គ្រោះបឋមហ្នឹង? ថានៅ ២០ទៀត។ អញ្ចឹងយើងដាក់ទិសដៅធ្វើបន្តទៀត។ ថ្ងៃមុន មកសុំចរចា។ គាត់ឆ្លាត។ គាត់អួតពីសមិទ្ធផល មុនសុំ។ គាត់អួតសមិទ្ធផលសិន … បើមកអត់ប្រាប់ខ្ញុំពីសមិទ្ធផល ធ្វើម៉េចខ្ញុំទន់ចិត្ត។ បើឱ្យទៅលើកមុន មិនដឹងដល់ណាផង។ ធ្វើមិនធ្វើអត់ប្រាប់ផង។ ត្រូវបង្ហាញលទ្ធផល។ គឺជាការគិតជាក់ស្តែង។ ធ្វើហើយៗ មានមនុស្សប្រើឬអត់។ បើយើងមើលទិន្នន័យ កំណើនការព្យាបាលនៅមូលដ្ឋាន ដោយមិនបាច់បញ្ជូនបន្ត បានកើន២៤%។ ប្រៀបធៀបពីឆមាសទី២ ឆ្នាំ២០២៥ ដល់ឆមាសទី១ ឆ្នាំ២០២៦។ បានន័យថា មើលតែក្នុងរង្វង់ ៦ខែនេះទេ កើន ២៤ភាគរយ។ បើយើងនិយាយទិន្នន័យ មិនមែនប្រៀបធៀប ១០ឆ្នាំមុនទេណា គឺប្រៀបធៀបតែ ៦ខែមុន។ ចំនួនអ្នកដែលទទួលសេវាក្រោយពីយើងព្យាបាល និងបង្កើនសមត្ថភាពរបស់ពេទ្យបង្អែកស្រុក ៦១កន្លែងនេះ អ្នកដែលគ្រោះថ្នាក់ត្រូវការសង្គ្រោះបឋម គឺព្យាបាលនៅហ្នឹងកន្លែងកើនដល់ ២៤ភាគរយ … គឺមិនចាំបាច់មានហានិភ័យត្រូវដឹកឡានឆ្ងាយយកមកដល់ពេទ្យខេត្តឬមួយពេទ្យភ្នំពេញទេ។ អញ្ចឹងឱកាសដែលគាត់រស់រានមានជីវិត បើអាស្រ័យទៅលើនេះ គឺមានកម្រិតខ្ពស់។
ខ្ញុំសុំឱ្យបន្តពង្រឹងសមត្ថភាពពេទ្យបង្អែកស្រុកបន្ថែមទៀត ពេទ្យខេត្តនិងពេទ្យតំបន់របស់យើង ជាពិសេសពេទ្យបង្អែកស្រុកទៅលើសមត្ថភាពឱ្យកាន់តែរឹងមាំ។ ថ្ងៃក្រោយ ការបញ្ជូនមកលើកាន់តែកាត់បន្ថយបន្ថែម ឱ្យមានអីកើតដោះស្រាយនៅនឹងស្រុកហ្នឹងតែម្តង សមត្ថភាពរបស់យើង។ នេះហើយគឺជាគោលការណ៍។មុននឹងបញ្ចប់នេះ ខ្ញុំសូមពង្រឹងមូលដ្ឋាន វិធានគន្លឹះទីបីដែលយើងដាក់ចេញ។ ស្អីក៏ដោយត្រូវជើងរឹង ត្រូវរឹងមាំមូលដ្ឋានបានមានភាពធន់។ អញ្ចឹងឱ្យតែមណ្ឌលសុខភាពរឹងមាំ ប៉ុស្តិ៍សុខភាពអាចធានាបាន មានពេទ្យគ្រប់ មានគុណវុឌ្ឍិគ្រប់គ្រាន់ មានឧបករណ៍សម្ភារគ្រប់គ្រាន់ មានវិធីសាស្ត្រសង្គ្រោះនៅហ្នឹងកន្លែងគ្រប់គ្រាន់ ទៅតាមកម្រិតនៃការព្យាបាល មានសមត្ថភាពបញ្ជូនលឿន។ បានបន្ថែមឡានឱ្យប៉ុន្មានគ្រឿងទៀត។ ប៉ុន្តែកាលមុនដូចបន្ថែមឱ្យប៉ុន្មានហើយ។ កាលមុនបានប៉ុន្មានហើយ? បាន ៤០គ្រឿង។ អញ្ចឹងយើងនៅខ្វះមួយចំនួនបន្ថែមទៀត។ នឹងដោះបណ្តើរៗ បន្ថែមទៀត។ យើងអត់ចោលទេ សុខភាព/សុខាភិបាលនេះ ទោះបីជាយើងក្នុងដំណាក់កាលណាក៏ដោយ។ អញ្ចឹង រឿងការព្យាបាល រឿងការធានាសុខភាពរបស់ប្រជាពលរដ្ឋ គឺជាអ្វីដែលយើងត្រូវធ្វើបន្ត។
[ចប់សេចក្ដីអធិប្បាយ ៣]
អញ្ចឹងខ្ញុំក៏សូមឆ្លៀតឱកាសនេះផងដែរ នៅក្នុងគោលបំណងចូលរួមដោះស្រាយបញ្ហាប្រឈម ក្នុងការអភិវឌ្ឍវិស័យសុខាភិបាល និងលើកកម្ពស់ការផ្តល់សេវាព្យាបាលជំងឺមហារីកនៅកម្ពុជា ខ្ញុំសូមដាក់ចេញនូវអនុសាសន៍មួយចំនួនដល់ក្រសួងសុខាភិបាលដូចខាងក្រោម៖
ទី១. ត្រូវបន្តជំរុញការអនុវត្ត «ផែនការជាតិប្រយុទ្ធនឹងជំងឺមហារីក ឆ្នាំ២០២៥-២០៣០» ដើម្បីបង្ការកុំឱ្យកើតជំងឺ ស្វែងរកជំងឺទាន់ពេល ធ្វើរោគវិនិច្ឆយបានច្បាស់លាស់ ព្យាបាលជំងឺបានត្រឹមត្រូវ និងថែទាំអ្នកជំងឺ បានគត់មត់ ប្រកបដោយ គុណភាព ប្រសិទ្ធភាព និរន្តរភាព និងសមធម៌។
ទី២. ត្រូវបន្តលើកកម្ពស់គុណភាពសេវាសុខាភិបាល ជាពិសេសនៅថ្នាក់មូលដ្ឋាន ដោយត្រូវការពង្រឹងអភិបាលកិច្ចនៃមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែកក្នុងការផ្តល់សេវាសុខាភិបាលជូនប្រជាពលរដ្ឋប្រកបដោយគុណភាព សីលធម៌វិជ្ជាជីវៈ និងការទទួលខុសត្រូវខ្ពស់ ព្រមទាំងត្រូវលើកកម្ពស់សមត្ថភាពមន្ទីរពេទ្យខេត្តឱ្យមានសមត្ថភាពខ្ពស់ប្រហាក់ប្រហែលនឹងមន្ទីរពេទ្យនៅរាជធានីភ្នំពេញ ក្នុងការពិនិត្យសុខភាព ព្យាបាលជំងឺ និងផ្តល់សេវាសុខាភិបាលប្រកបដោយភាពសក្តិសិទ្ធិ ប្រសិទ្ធភាព និងនិរន្តរភាព។
ទី៣. ត្រូវបន្តជំរុញការអនុវត្តប្រព័ន្ធគ្រប់គ្រងទិន្នន័យជំងឺមហារីកឱ្យបានច្បាស់លាស់ ដើម្បីគាំទ្រដល់ការរៀបចំ និងការអនុវត្តគោលនយោបាយ ដោយត្រូវរៀបចំមានគោលការណ៍ណែនាំបច្ចេកទេសអនុលោមភាពតាមឧត្តមានុវត្តន៍អន្តរជាតិ និងពង្រឹងសមត្ថភាពរបស់បុគ្គលិកសុខាភិបាលគ្រប់កម្រិត ទាំងរដ្ឋ និងឯកជន ក្នុងការគ្រប់គ្រងប្រតិបត្តិការ ការបម្រើសេវា ព្រមទាំងការបង្ការ ការធ្វើរោគវិនិច្ឆ័យ ការថែទាំ ការព្យាបាលជំងឺមហារីកប្រកបដោយគុណភាព និងសុវត្ថិភាព។
ទី៤. ត្រូវបន្តជំរុញការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យសុខាភិបាលឱ្យមានសមត្ថភាពគ្រប់គ្រាន់ក្នុងការផ្តល់សេវាថែទាំ និងព្យាបាលជំងឺមហារីកប្រកបដោយគុណភាព និងសីលធម៌វិជ្ជាជីវៈ តាមរយៈការសិក្សារៀបចំកម្មវិធីបណ្តុះបណ្តាលជំនាញឯកទេសគ្រប់កម្រិត ទាំងជំនាញវេជ្ជសាស្ត្រ និងអមវេជ្ជសាស្ត្រ។
ទី៥. ក្រុមប្រឹក្សាភិបាល ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ បុគ្គលិកទាំងអស់របស់មន្ទីរពេទ្យហ្លួងម៉ែ ត្រូវបន្តខិតខំបំពេញការងារឱ្យបានកាន់តែល្អប្រសើរ និងខ្លាំងក្លាបន្ថែមទៀត ដើម្បីបង្ហាញនូវសុឆន្ទៈ សមត្ថភាព និងប្រសិទ្ធភាពការងារ ដើម្បីលើកកម្ពស់ការផ្តល់សេវាសុខភាពផ្នែកព្យាបាលជំងឺមហារីកឱ្យកាន់តែមានភាពប្រកួតប្រជែងខ្ពស់។
[ផ្ដើមសេចក្ដីអធិប្បាយ ៤ ]
សូមយកឱកាសនេះលើកចំណុចមួយ។ បើកវង់ក្រចក។ មានន័យថាចាកប្រធានបទបន្តិច។ ម្សិលមិញ ឯកឧត្តម លោកជំទាវ លោក/លោកស្រី បានឃើញព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយរបស់ប្រជាជនយើង របស់ជាតិយើងគឺការតតាំងផ្លូវច្បាប់ជាមួយប្រទេសថៃដោយប្រើច្បាប់និងយន្តការអន្តរជាតិ។ សូមយកឱកាសនេះជម្រាបជូនប្រជាពលរដ្ឋឱ្យបានជ្រាបអំពីអភិក្រមដែលយើងដាក់និងអ្វីដែលយើងធ្វើ ហើយក៏សូមផ្ញើសារទៅដល់លោកអ្នកវិភាគទាំងអ្នកពុកមាត់ទាំងអ្នកវៀចមាត់ថាមិនមែនមានតែលោកឯងទេចេះជេរ ចេះប្រើពាក្យ(ទាំងនេះ)ទេ អ្នកណាក៏ចេះដែរ តែខ្ញុំមិនប្រើ។ ប៉ុន្តែ ពេលខ្លះក៏ថាដែរ ព្រោះវាសឹងតែអង្គុយជេរៗ រហូត។ ដំបូងវាថា មួយថ្ងៃៗរដ្ឋាភិបាលដើរតែសម្ពោធ គ្មានគិតពីទឹកដីអីទេ។ វាទើសគ្រប់។ ថ្ងៃមុន គ្រាន់តែគីឡូរបស់ខ្ញុំហ្នឹងក៏គេទើសដែរ។ ចុះទៅកោះកុង មើលទៅឃើញដូចឡើងគីឡូ។ ចេញក្បាលពោះបន្តិច។ ខំផតពោះដែរ។ ស្រាប់តែយកគីឡូឯងហ្នឹងភ្ជាប់ជាមួយរឿងនយោបាយ គឺអ្នកដុះក្បាលពោះសុទ្ធតែមេដឹកនាំផ្តាច់ការ។ ដោយឡែក មេដឹកនាំប្រទេសប្រជាធិបតេយ្យសុទ្ធតែស្វ៊ែលៗ។ ចូលមើលខំមិន មានម្នាក់សួរ “ចុះប្រធានាធិបតីអាមេរិកយ៉ាងម៉េចចុះ?” ខ្ញុំថា រឿងហ្នឹងមិនដឹងមកពីកាមេរ៉ា ឬមកពីអ្នកថត? … កាមេរ៉ាហ្នឹង មើលអាកន្លែងណាដកគីឡូបន្តិចមើល។ ឱ្យតែខ្ញុំជួបប្រជាពលរដ្ឋ គាត់តែងតែថា “នៅក្រៅឡើងក្មេង នៅក្រៅឡើងស្វ៊ែល នៅក្រៅឡើងខ្យូត (Cute)”។ បានន័យថា នៅក្នុងកាមេរ៉ាហ្នឹង បូកអាយុ បូកគីឡូ ហើយធ្វើឱ្យជ្រីវជ្រួញ។ មិនដឹងថា អ្នកថតឬមួយកាមេរ៉ា ចាំមើលនិយាយគ្នាបន្តិចមើល។
រឿងទឹកដី យើងមិនដែលភ្លេចទេ។ ការដោះស្រាយគ្រប់វិធីទាំងអស់ មិនដែលភ្លេចក្នុងមួយវិនាទី។ រាល់ថ្ងៃ កងទ័ពយើងនៅឈរជើងនៅជួរមុខទប់ស្កាត់និងពង្រឹងការការពារជាតិ។ បងប្អូនអត់ចោលទេ។ មេទ័ពយើង ដែលឈរជើងត្រៀមប្រយុទ្ធ អត់មាននរណាបោះបង់ទឹកដីឱ្យគេទេ។ បើនិយាយថា “បាត់ទឹកដី” ទាល់តែរដ្ឋាភិបាលស៊ីញ៉េឯកភាព។ យើងអត់មានស៊ីញ៉េឯកភាពទេ។ ស្អីដែលមានឯកភាពជាមួយថៃ មានតែ ទី១ រឿងផែនទី មានតែអនុសញ្ញា ១៩០៤ សន្ធិសញ្ញា ១៩០៧ បារាំង-សៀម ដែលបារាំងស៊ីញ៉េជាមួយរដ្ឋបាលសៀមពេលនោះ។ យើងមិនទាន់មានស៊ីញ៉េឯកភាពគ្នាណានៅលើព្រំដែនទឹក ព្រំដែនគោកទេ។ JBC ចុះធ្វើការ២០ឆ្នាំ បានឯកភាពទៅលើបង្គោលមួយចំនួន ប៉ុន្តែមិនទាន់មានការផ្ទៀងផ្ទាត់ឡើងវិញនូវខ្សែព្រំដែនដែលបានវាស់តាំងពីឆ្នាំ១៩០៧នោះទេ។ អត់មានខ្សែព្រំដែនថ្មីដែលត្រូវធ្វើទេ។ ការចុះទៅលើដី អ្នកខ្លះថា “បង្គោលថ្មីម្ល៉េះ”។ សូមប្រាប់គេចុះទៅមិនមែនកំណត់រកបង្គោលទេ គេរកទីតាំងបង្គោល។ បង្គោលខ្លះវាថ្មី ឬមួយក៏វាចាស់ បើសិនជាវានៅខុសទីតាំងដែលកំណត់ដោយសន្ធិសញ្ញា គឺត្រូវរំកិល។ ដូចបង្គោល ៥៨, ៥៩ ដែលយើងកំណត់ឯកភាពគ្នា វាចូលមកក្នុងដីយើងជាងមួយគីឡូដីរាល់ថ្ងៃនេះ ត្រូវរំកិលចេញទៅវិញ … មានអស់ហើយ អត់មានស៊ីញ៉េដីឱ្យនរណាទេ។
សូម្បីតែកិច្ចព្រមព្រៀងឈប់បាញ់ KL Accord ថ្ងៃ២៧ ខែធ្នូ គ្មានកិច្ចព្រមព្រៀងណាថា កាត់ដីឱ្យនរណាទេ និយាយឱ្យច្បាស់ មើលឱ្យច្បាស់។ ចំណុចទី២ ថា “វាយកន្លែងណា ឈប់កន្លែងហ្នឹងសិន” បើរវល់តែរំកិលចុះឡើង មិនស្រួលវាយគ្នាមិនចេះចប់ព្រោះនៅសង្ស័យ។ ក្រោយមក ពេលដែលថៃរាយបន្លាលួស យើងតវ៉ាថា “អ្នកឯងរំលោភបទឈប់បាញ់”។ នៅក្នុងកិច្ចព្រមព្រៀងមានចំណុចទី៣ និយាយច្បាស់។ បើគ្មានចំណុចទី៣ យើងក៏មិនស៊ីញ៉េដែរ កាលពីថ្ងៃ២៧/១២នោះ។ ចំណុចទី៣ បញ្ជាក់ច្បាស់ថា “ខ្សែព្រំដែន មិនមែនកំណត់ដោយកិច្ចព្រមព្រៀងនេះទេ … ខ្សែព្រំដែនគឺត្រូវកំណត់ដោយគណៈកម្មាធិការចម្រុះ JBC ដែលត្រូវចុះវាស់វែង តាមសន្ធិសញ្ញាដែលមានស្រាប់ កិច្ចព្រមព្រៀងដែលមានជាធរមាន”។ ហ្នឹងសូមបញ្ជាក់។ ថាយើងបាត់ដី ស៊ីញ៉េដីឱ្យគេ។ គ្មានទេ។ យើងគ្មានពេលនេះ និងគ្មានពេលណាទាំងអស់។ ត្រូវធ្វើតាមសន្ធិសញ្ញា តាមអនុសញ្ញាដែលមានស្រាប់ កិច្ចព្រមព្រៀងដែលមានស្រាប់ និងតាមបច្ចេកទេស។ សូមបញ្ជាក់ គ្មានការបាត់(បង់ដី)ទេ។ បាត់ការគ្រប់គ្រង មានមែន។ ក្រោយវាយគ្នា យើងមាន(បាត់បង់)ប៉ុន្មានចំណុច ប៉ុន្តែសួរថាកន្លែងបាត់ការគ្រប់គ្រងនេះ កន្លែងណាដែលទាហានយើង ប៉ូលីសយើង មិនស្លាប់ទេ? ខ្ញុំសួរ។ កន្លែងណា? អានសេះ កន្លែងហ្នឹងស្លាប់ប៉ុន្មាននាក់? របួសប៉ុន្មាននាក់? តើយើងចុះឱ្យគេយកឬ? រដ្ឋាភិបាលបញ្ជាឱ្យគេឬ? អត់ទេ។ វាយគ្នា ២៦ថ្ងៃ ២វគ្គ។ ខ្ញុំចរចាវគ្គទី១ អស់៥ថ្ងៃ។ ចរចាចប់ពីល្ងាចម៉ោង ៥-៦ ថាម៉ោង ១២យប់(បានអនុវត្ត) ប្រជាពលរដ្ឋខ្លះបន្ទោសខ្ញុំទៀត “ចុះហេតុអីក៏មិនចប់ភ្លាមទៅ ចាំបាច់ដល់ម៉ោង ១២ធ្វើអី?”។ ២១ថ្ងៃ។
បងប្អូនរាប់ទៅ រំលឹកទៅវិញទៅ។ ខ្ញុំជឿ ម្នាក់ៗ គ្មាននរណាអត់បើកទូរស័ព្ទទេ រាល់ថ្ងៃ។ ថ្ងៃនេះ រត់នៅណា? កោះកុងរត់ប៉ុន្មាននាក់? រីកដល់កោះកុងហើយ ស្ពាននេះផ្តាច់ហើយ។ ថ្ងៃនេះ មកទម្លាក់ដល់ភ្នំសំពៅ ប្លោង១៥៥មក ដាច់ជើងប្រជាពលរដ្ឋយើងម្នាក់នៅជិតសិរីសោភ័ណ។ ចាំទេ? ហេតុនេះហើយ បានជាមានថ្ងៃ២៧ ខែ១២ គឺបទឈប់បាញ់ មិនមែនស៊ីញ៉េឱ្យដីគេទេ។ និយាយឱ្យច្បាស់។ កុំនិយាយឡើង ថ្ងៃណាក៏រដ្ឋាភិបាលស៊ីញ៉េដីឱ្យគេ។ ចោទឯកឧត្តម ទៀ សីហា ទៅចុះហត្ថលេខាឱ្យដីគេ។ អត់ទេ។ ផ្អាកការបាញ់ ដើម្បីផ្អាកឱ្យប្រជាជនយើងដកដង្ហើម។ ឥឡូវ គ្រប់គ្នាទៅមើលភូមិរង់ចាំ។ ប្រជាជនគាត់វេទនា គាត់បាត់កន្លែង គាត់មិនទាន់ចូលបាន ប៉ុន្តែហោចណាស់ គាត់បានចូលមកនៅកន្លែងនេះ រួចផុតពីការប្លោង។ បើវាយគ្នាទៀត នៅកន្លែងហ្នឹងក៏គេប្លោងដែរ កុំថាឡើយជំរំដែលគាត់ទៅនៅនោះ។ ប៉ុន្មាននាក់ដែលពេលវាយគ្នា ព្រឹកឡើងតឹងទ្រូង? មិនមែនតែអ្នកព្រំដែនទេ អ្នកនៅនេះក៏តឹងទ្រូងរាល់ថ្ងៃ។ ខ្ទេចអីទៀតហើយ? ដល់ណាហើយ? បងប្អូនមើលតាម Facebook តឹងទ្រូង។ ខ្ញុំអ្នកដោះ រដ្ឋាភិបាល កងទ័ពយើងនៅខាងមុខ មេទ័ពយើងបញ្ជាវាយនៅខាងមុខ ពេទ្យយើងទៅព្យាបាលនៅសមរភូមិ មានទាំងពេទ្យពីក្រសួងសុខាភិបាលចុះទៅជួយ នៅពេទ្យបង្អែកស្រុក ព្យាបាលទ័ពរបួស ប្រជាជនរបួស។
តើយើងធ្វើស្អីថ្ងៃ២៧ខែ១២? មិនមែនកិច្ចព្រមព្រៀងក្បត់ជាតិទេ គឺកិច្ចព្រមព្រៀងដោះស្រាយដោយសន្តិវិធី។ ទី១ ផ្អាកការវាយគ្នាសិន ព្រោះយើងមានសង្គ្រាមផ្សេងៗ ទៀតច្រើន រួមទាំងសេដ្ឋកិច្ចនិងជីវភាពប្រជាពលរដ្ឋ។ អ្នកនៅជាយដែន ព្រំដែនត្រូវបិទ។ កន្លែងខ្លះ រឿងបង្ក្រាប Scam ក៏វាប៉ះពាល់។ ខ្ញុំសុំឱ្យអ្នកប៉ោយប៉ែតមានការយោគយល់។ តែយើងត្រូវវាយសមរភូមិនេះ។ ម្សិលមិញ ប្រជុំជាមួយវិស័យទេសចរណ៍ (ពិនិត្យវាយតម្លៃ)មើលមូលហេតុអីបានទេសចរមកយើងឆ្នាំទៅថយ? មានគន្លឹះ២។ ទី១ រូបភាពសង្គ្រាម តែទី២ រូបភាពនៃអសន្តិសុខដោយសារ Scam។ ត្រូវតែវាយវា។ ឈឺក្នុងរយៈពេលខ្លី ប៉ះពាល់ប្រជាជនមួយចំនួន។ សុំការយោគយល់។ បងប្អូនអាចទៅរកអាជីពអីផ្សេងៗ បណ្តោះអាសន្នសិន តែមិនស្លាប់ដោយសារសង្គ្រាមទេ។ ក្រៅពីអ្នកប៉ោយប៉ែត អ្នកនៅតាមបណ្តោយព្រំដែនច្រើនដែលប៉ះពាល់ តែឥឡូវគាត់បានដកដង្ហើមសិន។ គាត់បង្កបង្កើនផល ស្តារឡើងវិញមួយចំនួនសិន។ រង់ចាំការដោះស្រាយ។ ឥឡូវ ការដោះស្រាយស្អី? ការដោះស្រាយការទូត បច្ចេកទេស និងច្បាប់អន្តរជាតិ។ អ្នកខ្លះថា “តាមរបៀបហ្នឹងយូរណាស់!”។ ឥឡូវចង់ម៉េច? ចង់វាយទៀត?
យើងមើលរូបមន្ត។ អ្នកខ្លះថា “ហ៊ុន ម៉ាណែត គ្មានបានមួយចំណិតប្រធានាធិបតីអ៊ូក្រែនទេ”។ ខ្ញុំថា អត់ទេ! ខ្ញុំមើលរូបមន្តហ្នឹងហើយ។ ខ្ញុំយកជម្រើសដោះស្រាយសន្តិវិធីសិន។ ឥឡូវនៅប្រទេសនោះ ស្លាប់ជាងមួយលាននាក់។ ឥឡូវនៅប្រទេសនោះ ឃើញរូបភាពចាប់(ឲ្យចូលធ្វើ)ទាហានទេ? កាលយើងឆ្នាំ ៨០ជាង វាយគ្នាយូរ ក៏មានចាប់(ឲ្យចូលធ្វើ)ទាហានដែរ។ ឥឡូវ នៅហ្នឹងចាប់ចូលទាហាន។ មើលតាម Facebook ទៅ។ ដំបូងគេថា យកអ្នក៦០ចុះចូលទ័ព។ ក្រោយមក ដល់វាយគ្នារាប់ឆ្នាំទៅ ឡើងទៅដល់៦៥ ចាប់ចូល។ ទាំងសងខាងជួលបរទេសមកពីក្រៅ។ ឥឡូវ ដល់វគ្គចាប់បញ្ចូលឡានតែម្តង បំពាក់អាវុធទៅមុខ។ តើយើងចង់អញ្ចឹងទេ? ដរាបណា យើងនៅមានសមត្ថភាពដោះស្រាយ ទ្វារនៅបើក ដោយចរចាប្រើច្បាប់ យន្តការការទូត និងកិច្ចព្រមព្រៀងដែលមានស្រាប់ រួមទាំង JBC ចុះវាស់វែង យើងនៅតែមានឱកាស ប្រើពេលវេលា ខ្ញុំសុំឱ្យបងប្អូនយោគយល់។ វាមិនខុសពីវីរកងទ័ពយើងទាំង១៨នាក់ទេ។ រឿងវាអាចដោះស្រាយតែ២ថ្ងៃ ប៉ុន្តែវា ១៥១ថ្ងៃ។ តើនៅចាំទេ? បងប្អូនខ្លះថា “រដ្ឋាភិបាលភ្លេចទៅហើយ ជីវិតកងទ័ព ១៨នាក់ អត់តម្លៃទេ លែងនិយាយហើយ”។ អត់ទេ។ រាល់វេទិកាអន្តរជាតិ ស្ថាប័ន UN អង្គការសិទ្ធិមនុស្ស អង្គការកាកបាទក្រហមអន្តរជាតិ យើងនិយាយទាំងអស់។ ខ្ញុំចេញទៅក្រៅប្រទេស ជួបជាមួយអគ្គលេខាធិការដ្ឋានអង្គការសហប្រជាជាតិ ជួបជាមួយប្រធានាធិបតីប្រទេសមហាអំណាច មេដឹកនាំមហាអំណាច តែងតែលើកឱ្យគេជួយរកធ្វើម៉េចអន្តរាគមន៍ឱ្យដោះ ១៨នាក់មកវិញ។ វាប្រើពេល ១៥១ថ្ងៃ។ យើងមិនបានលើកទ័ពទៅវាយរំដោះ១៨នាក់មកវិញទេ ប៉ុន្តែប្រើវិធីសាស្ត្រដោះស្រាយ។ វាយូរ ប៉ុន្តែយើងសម្រេចភារកិច្ចបាន។ គាត់ត្រឡប់មកវិញបានជួបជុំគ្រួសារ។
ខ្ញុំសូមឱ្យបងប្អូនបន្តជឿទុកចិត្តលើរដ្ឋាភិបាលក្នុងការខិតខំបន្តដោះស្រាយបញ្ហាទឹកដីដោយសន្តិវិធី ដោយប្រើប្រាស់ច្បាប់តទៅទៀត។ វាប្រើពេលយូរ តែយើងមិនបានភ្លេចទេ … ឥឡូវ UNCLOS នេះ គឺយើងប្តឹងទៅអង្គការសហប្រជាជាតិ។ មានអ្នកវិភាគស៊ីអារម្មណ៍ខាងក្រៅ “កាលពីយើងមិនប្តឹង (ថា)ហេតុអីក៏រដ្ឋាភិបាល ហ៊ុន ម៉ាណែត មិនប្តឹង?” ដល់ពេលយើងប្តឹង ចេញមកទៀតថា “ប្តឹងគ្មានបានការ”។ ម្សិលមិញ ក្រុមការងារយើង ទាំងអ្នកច្បាប់យើង ខំប្រឹងធ្វើការដុតដៃដុតជើងរាប់ខែដើម្បីត្រៀមសម្រាប់ម្សិលមិញ ដោយ ឯកឧត្តម ប្រាក់ សុខុន ដឹកនាំក្រុមការងារតស៊ូធ្វើការប្រជុំ អត់បាយអត់ទឹកដើម្បីធ្វើការងារ … ស្រាប់តែមានអ្នកចេញមកថា “មើលសាររដ្ឋាភិបាលខ្មែរ និយាយគ្មានបានប្រយោជន៍អីទាំងអស់។ គ្មានយល់”។ ខ្លួនឯងអត់យល់ស្អីផងហ្នឹង។ មនុស្សម្នាក់មើលរឿងមួយ មើលអត់យល់បន្ទោសអ្នកដឹកនាំរឿង ឬមួយក៏បន្ទោសខ្លួនឯង នៅពេលដែលគេផ្សេងគេមើលយល់? … គេមានគោលការណ៍ មានដំណាក់កាល មានគោលដៅក្នុងការធ្វើ(សកម្មភាព ដោយ)ក្រុមការងារយើងបូកជាមួយអ្នកច្បាប់អន្តរជាតិ ដែលប្រឹក្សាយោបល់ធ្វើការរាប់សិបសិបខែដើម្បីត្រៀមលក្ខណៈ ដើម្បីអី? គឺដើម្បីបញ្ជាក់អំពីការធានាខុសត្រូវ ការការពារអធិបតេយ្យភាពដែនសមុទ្ររបស់យើង តាមយន្តការ UN នេះឯង។ នេះហើយការប្តឹង ការប្រើប្រាស់យន្តការអន្តរជាតិ ពេលដែលយើងអស់ជម្រើស។ នៅពេលដែលថៃ លុប MOU 2001 យើងអស់ជម្រើសក្នុងការធ្វើការពិភាក្សាហើយ។ យើងត្រូវប្រើយន្តការដោះស្រាយដោយបង្ខំ។ ភាគីទាំងពីរនៅតែធ្វើការ ជជែកគ្នាដដែលប៉ុន្តែមានអ្នកទីបីមកជួយសម្របសម្រួល។ ការដោះស្រាយ(ព្រំដែន)ផ្លូវគោក យើងនៅរក្សាសិទ្ធិគ្រប់មធ្យោបាយទាំងអស់ គ្រប់យន្តការទាំងអស់។ “ឆ្មាខ្មៅក៏ឆ្មា ឆ្មាសក៏ឆ្មា ឱ្យតែចាប់កណ្តុរបាន” ប្រើប្រាស់វិធីសាស្ត្រអីក៏ប្រើ តាមមធ្យោបាយ ឥឡូវ ច្បាប់ ការទូត យន្តការទ្វេភាគី យន្តការតំបន់ យន្តការអន្តរជាតិ ដែលយើងអាចធ្វើបានដើម្បីព្យាយាមទាញយកទឹកដីស្របច្បាប់យើងមកវិញ …។
ខ្ញុំទៅអើត Walk Street ថ្ងៃមុន ដោយសារកូនចង់ទៅ។ មិនមែនខ្ញុំភ្លេចរឿងទឹកដីទេ។ គ្រាន់តែអើតនៅ Walk Street ហ្នឹងក៏ថាឯងភ្លេចរឿងទឹកដីដែរ។ តាមពិត Walk Street ហ្នឹងឆុងជាមួយខ្ញុំ។ រៀបចំផែនការសម្ពោធ ម្តងភ្លៀង ដល់រៀបម្តងទៀត ផ្ទុះសង្គ្រាម។ អញ្ចឹង ឯកឧត្តម ឃួង ស្រេង សម្ពោធតែម្តងទៅ។ ចាំខ្ញុំទៅលេង។ ទៅលេងមែន។ ឃើញរៀបចំបានល្អ សូមសរសើរ។ យើងឥឡូវកំពុងរៀបចំនៅព្រលានយន្តហោះចាស់ ពោធិ៍ចិនតុង។ យើងរៀបចំនិងបើកទៅខាងមុខ ដាក់”សួនច្បារពោធិ៍ចិនតុង” ដាក់ឈ្មោះដើមជាប្រវត្តិ។ មិនមែនសួនច្បារព្រលានភ្នំពេញទេ។ “សួនច្បារពោធិ៍ចិនតុង” ដាក់ឈ្មោះដើមតែម្ដង។ អគារ២ គឺអគារផ្លិត និងអគារមួយទៀត គឺអគារ Tower ជាអគារប្រវត្តិសាស្ត្រ កំពុងតែរៀបចំ។ ឥឡូវកំពុងតែដាំដើមឈើមួយចំនួន រៀបចំពេលបើកទៅ។ បើកសាកពេលចូលឆ្នាំ ប្រជាពលរដ្ឋទៅពេញហ្នឹង។ មានទឹកមានអី កន្លែងសង់ទីម៉ង់ល្អផង។ បើកាលខ្ញុំអាយុ ១៧-១៨ឆ្នាំ ទៅដែរហើយ។ តែឥឡូវចាស់ហើយ។ បើកន្លែង piste ហ្នឹង អ្នករត់ អ្នកជិះកង់ល្អ។ ថ្ងៃប៉ុន្មាននេះ គេសុំធ្វើកម្មវិធីរត់ម៉ារ៉ាតុងនៅទីនោះ។ ថ្ងៃទី៥ ខែធ្នូ ហើយមានរៀបចំពិធីបើក។ ឯកឧត្តម ម៉ៅ ហាវណ្ណាល់ ស្នើសុំធ្វើពិព័រណ៍រថយន្តនៅហ្នឹង។ ឱ្យធ្វើទៅ។ ថ្ងៃក្រោយរៀប Concert រៀបអី ឱ្យប្រជាពលរដ្ឋទៅៗ។ ហ្នឹងគឺសម្រាប់សាធារណៈ ប៉ុន្តែយើង Reserve piste នេះជា piste បម្រុង។ អញ្ចឹង បានយើងអត់អាចដាំដើមឈើកៀកហ្នឹងបាន។ ក្បួនវាត្រូវ ១៥០ម៉ែត្រសងខាង។ អញ្ចឹងបាននៅកន្លែងនោះវាអត់ដើមឈើ។ ល្ងាចអីអត់ក្តៅទេ។ ល្ហើយណាស់។ នៅភ្នំពេញ កន្លែងណាក៏ហប់ដែរ តែទៅកន្លែងនោះគឺខ្យល់ល្ហើយ មិនថាខែណា ខែណាទេ។ ទើបទៅចុងសប្តាហ៍មុន ទៅមើលគេរៀបយ៉ាងម៉េច កន្លែងណាគេបើកកាហ្វេ កន្លែងណាទុកកង់ ម៉ូតូឡានអី ព្រោះមានគណៈកម្មាធិការគេរៀបចំប្លង់ហើយ គ្រាន់តែយើងទៅមើលគេឧទ្ទេសនាមទៅ។ គេចាត់ចែងបានល្អ ធ្វើការទៅមុខ។ កន្លែង terminal ថ្ងៃក្រោយអាចពិនិត្យមើល ព្រោះហ្នឹងជារបស់រដ្ឋទេ។ អញ្ចឹងជាជាងទុកចោលរដ្ឋអាចថាជួលឱ្យវិស័យឯកជនណាមួយវិនិយោគធ្វើកន្លែងប្រជុំ ឬស្អីទៅដើម្បីយកសកម្មភាពសេដ្ឋកិច្ចនៅហ្នឹងផង។ ប៉ុន្តែ កម្មសិទ្ធិអត់មានលក់ទេ និយាយឱ្យច្បាស់គឺឱ្យបង្កើតសកម្មភាពសេដ្ឋកិច្ច យកលុយមកចិញ្ចឹមព្រលាន ព្រោះព្រលាននេះ ចំណាយមួយឆ្នាំដូច ៤លានដុល្លារ គ្រាន់តែចិញ្ចឹម ថែទាំស្អីៗហ្នឹង។ ទុកចោលខូចអគារសម្ភារទាំងអស់ហ្នឹង ទាំងម៉ាស៊ីនត្រជាក់ ទាំងអីនៅហ្នឹង។ បើអត់ថែ។ អញ្ចឹង បើគេប្រើនឹងល្អ ឬមួយក៏យកធ្វើស្អីមួយទៅ ឱ្យគិតគូរ ឬបោះក្រុមហ៊ុនរដ្ឋមួយដែលគ្រប់គ្រង អាចជួលកន្លែងហ្នឹង។ ក្រុមហ៊ុនរដ្ឋគ្រប់គ្រងក៏បាន មិនបាច់យកឯកជន តែក្រុមហ៊ុនរដ្ឋហ្នឹងជាអ្នករកស៊ីយកចំណូលមក ជួលធ្វើកន្លែងប្រជុំ កន្លែងអី។ ឱ្យគិតគូរចុះ។ ប៉ុន្តែផលប្រយោជន៍គឺការរៀបចំកន្លែងសាធារណៈ។
យើងកំពុងមើលនៅបឹងតាមោក។ ឥឡូវធ្វើព្រលានសិន។ យើងនឹងរៀបចំបឹងតាមោក។ ឥឡូវ ដាំដើមឈើបានច្រើនហើយ។ ចាក់ដី ទើបបូមដាក់ពេញ អស់ប៉ុន្មានលានគូបនោះ។ មានអ្នកចែចូវច្រើន តែខ្ញុំថាអត់ទេ។ កន្លែងហ្នឹងទុកធ្វើសួនប្រជាពលរដ្ឋទៅរត់នៅហ្នឹង ទៅលេងនៅហ្នឹង។ បងស្រេង បានដាំដើមឈើច្រើននៅហ្នឹង បន្តិចទៀតយើងនឹងរៀបនៅកន្លែងនោះ។ អញ្ចឹង កន្លែងបរិស្ថានសាធារណៈ លំហសាធារណៈ កាន់តែមានសម្រាប់អ្នកភ្នំពេញ។ យករូបមន្តដូច Walk Street អញ្ចឹង។ កុំឱ្យពិបាកជិះឆ្ងាយទៅដល់(walk street)នោះ ចែកគ្នាទៅលេងទៅ ទៅហាត់កីឡាអីទៅ។ ហ្នឹងវាទាក់ទងរឿងសុខភាពដែរ។ រស់នៅដោយផាសុកភាព គឺល្អហើយ ផាសុកភាពនេះគឺរឿងអនាម័យ។ ខ្ញុំសូមយកឱកាសនេះសរសើរលោក ប៉ាង លីដា នៅខណ្ឌពោធិ៍សែនជ័យ។ ឃើញគាត់ធ្វើបានច្រើន។ បារលូបារអី។ ក៏មានការចូលរួមរបស់ខណ្ឌអីផ្សេងៗ ច្រើន។ ធ្វើទៅរឿងហ្នឹង ហើយក៏មានការចូលរួមពីប្រជាពលរដ្ឋ។ ខ្ញុំសូមអំពាវនាវប្រជាពលរដ្ឋផង កន្លែងខ្លះឃើញគាត់បារលូហើយ ឥឡូវសំរាមមកវិញទៀត។ បារអត់អស់ទេ។ សម្រាប់សុខភាពបងប្អូនហ្នឹង សូមធ្វើរួមគ្នា ដើម្បីការពារ ព្រោះ(ផលនៃកិច្ចការ)ហ្នឹងជារបស់ខ្លួន។ ខណ្ឌផ្សេងៗ ទៀត(ក៏គួរធ្វើដែរ)។ ការប្រជុំម្សិលមិញហ្នឹង រឿងធំមួយនៅក្នុងវិស័យទេសចរណ៍គឺសំរាម គឺបរិស្ថានហ្នឹងឯង ដែលក្រសួងបរិស្ថាន មិនមែនថាក្រសួងទេ ឬមន្ទីរទេ ប៉ុន្តែគ្រប់អាជ្ញាធរដែនដី ប្រជាពលរដ្ឋត្រូវចូលរួម។ កាលពីដែលយើងបើកសាកល្បងនៅព្រលានភ្នំពេញ ប្រជាពលរដ្ឋទៅរាប់ម៉ឺននាក់ ប៉ុន្តែសំរាមអត់មាន។ ប្រជាពលរដ្ឋទៅ គាត់យក(សំរាម)បោះចោលក្នុងធុងសំរាម ឬមួយក៏គាត់ដាក់ស្បោងមកវិញ។ គាត់ថាហ្នឹងគាត់ជួយថែ។ របៀបហ្នឹង។ អញ្ចឹង បរិស្ថានស្អាត គឺផ្តើមចេញពីយើងម្នាក់ៗ ប្រជាពលរដ្ឋនីមួយៗ មិនអាចទាល់តែអាជ្ញាធរ ក្រុមហ៊ុន ស៊ីនទ្រី ក្រុមហ៊ុនប្រមូលសំរាម ដើរប្រមូលទេ គឺយើងទុកដាក់ ជួយគ្នា។ ជាពិសេស ក្មេងៗជប់លៀងហើយ សម្បកកំប៉ុងអីហ្នឹងដាក់ស្បោងទៅ សាច់ក្លែមដាក់ចូលក្នុងពោះ ឆ្អឹងដាក់ចូលធុងសំរាម។ រួមគ្នា ហ្នឹងវារស់នៅបរិស្ថានស្អាត។ នេះគឺជាកិច្ចការសំខាន់រឿងសុខភាព ប៉ុន្តែការរៀបចំ ការកសាង ការអនុវត្ត នៅក្នុងការដោះស្រាយបញ្ហា។
ការគិតគូររឿងព្រំដែន ទាំងទឹកទាំងគោក គឺយើងដោះស្រាយដោយការទទួលខុសត្រូវ មិនមានមួយវិនាទីណាដែលយើងទុកចោលនោះទេ។ យើងបាត់បង់ការគ្រប់គ្រងទីតាំងមួយចំនួន យើងទទួលស្គាល់។ គ្មានអ្វីត្រូវលាក់លៀមទេ។ យើងបានបង្ហាញទាំងពិភពលោក គ្រប់វេទិកាអន្តរជាតិទាំងអស់ មិនថានៅក្នុងប្រទេស នៅក្រៅប្រទេស។ យើងតែងតែលើកជាប្រចាំឲ្យអន្តរជាតិបានដឹង។ មិនមែនជាការបង្កើនកម្ដៅតែជាការទាមទារសិទ្ធិស្របច្បាប់ យុត្តិធម៌សម្រាប់ប្រទេសកម្ពុជា សម្រាប់ការការពារដែនអធិបតេយ្យភាពរបស់យើង។ យើងធ្វើ យើងអត់ខ្លាចទេ។ សូមឲ្យប្រជាពលរដ្ឋមើលចុះ។ អត់មានកន្លែងណាមួយ វេទិកាណាមួយ ដែលយើងមិនលើក។ យើងបន្តជំរុញព្យាយាមដោះស្រាយបញ្ហា រួមទាំងការប្រើប្រាស់យន្តការ UNCLOS ដើម្បីដោះស្រាយ។ យើងចង់បានដំណោះស្រាយមួយ មិនសម្រាប់តែឆ្នាំ២០២៦ទេ។ យើងចង់បានដំណោះស្រាយមួយដែលកុំឲ្យកូនចៅយើងវេទនាតទៅទៀត។ យើងមិនចង់ ១០ឆ្នាំ វាយគ្នាម្តងទេ។ អ្នកដែលរស់នៅព្រំដែន មិនចង់ ១០ឆ្នាំ វេចបង្វិចម្តងទេ។ អ្នកព្រំដែនក៏មានអ្នកស្លាប់ អ្នករបួសច្រើនដែរ ប្រជាពលរដ្ឋស៊ីវិល រួមទាំងកូនក្មេង ដែលស្លាប់របួសក្នុងពេលវាយគ្នា និងក្រោយពេលវាយគ្នា។ ត្រឡប់ទៅវិញឃើញគ្រាប់បែកចង្កោម ទាញយកមក ផ្ទុះស្លាប់។ ឥឡូវបញ្ហាដែលបន្សល់ដោយសារការបិទព្រំដែន បូកជាមួយរឿងបញ្ហារឿងសេដ្ឋកិច្ចពិភពលោក។
យើងត្រូវការដោះស្រាយ ជាជាងចំណាយពេល ធនធាន ជីវិតមនុស្ស ធនធានថវិកា ដើម្បីបន្តវាយគ្នាតាមព្រំដែន យកចាញ់ឈ្នះ។ អត់ចាញ់ឈ្នះទេ។ វាយទៅវាយមក។ មិនថានៅមជ្ឈិមបូព៌ា ឬមួយនៅអឺរ៉ុបទេ វាយមិនទាន់ចប់ទេ។ ទៅមកៗហ្នឹង។ ចុងក្រោយអស់តែមនុស្សហ្នឹងឯង។ ចុងក្រោយទៅតែមកចរចាដដែល។ អញ្ចឹងយើងខិតខំរកវិធីចរចាអស់លទ្ធភាព យកពេលដកដង្ហើមឲ្យប្រជាជន ជីវភាពរស់នៅរបស់ប្រជាជនលំបាក។ រដ្ឋត្រូវយកលុយដោះស្រាយអន្តរាគមន៍ប៉ុណ្ណេះ។ មកដល់ម៉ោងនេះ រដ្ឋចេញថវិកាឧបត្ថម្ភធនជាង ៣៦០លានដុល្លារ គ្រាន់តែជួយថ្លៃប្រេង ទម្លាក់ពន្ធក្រុមហ៊ុននាំប្រេងដើម្បីទប់ប៉ុណ្ណឹង ប្រេងនៅមានឡើងទៀត។ តែយើងឧបត្ថម្ភអស់ ៣៥០លានដុល្លារ ហ្នឹងមិនទាន់គិត EDC អស់ប្រហែល ៥០លាន ពីការឧបត្ថម្ភមិនឲ្យថ្លៃភ្លើងឡើងផង។ ខ្ញុំទើបស៊ីញ៉េឯកភាពថ្ងៃមុន ដើម្បីជំនួយទៅដល់គ្រួសារដែលរងហានិភ័យជាង ១លានគ្រួសារ … គ្រួសារងាយរងហានិភ័យ និងបងប្អូនប្រកបរបររត់ PassApp ដែលយើងឧបត្ថម្ភថវិកាដូចជា ៣ដង? … យើងត្រូវចេញលុយហ្នឹងអស់ប៉ុន្មានជិតរយលាន … ជាជាងយកលុយហ្នឹងទៅចំណាយទិញគ្រាប់ BM បាញ់ យើងយកមកជួយទប់ប្រជាពលរដ្ឋសិន។ ខណៈប្រជាជនយើងជួបហានិភ័យ គ្រួសារទ័ព អ្នករងគ្រោះជម្លោះព្រំដែន ពលករដែលត្រឡប់មកពីក្រៅ ធនាគារជួយក្នុងការមិនយកការប្រាក់ ៥-៦ ខែហ្នឹង (តើ)ចំនូលប៉ុន្មានដែលត្រូវបង់?
យើងត្រូវចំណាយបន្ថែមទៀតក្នុងការជួយប្រជាពលរដ្ឋ។ ឥឡូវ បើបងប្អូនជាអ្នកដោះស្រាយ អ្នកអង្គុយចាំតែស្រែក គាត់ស្រែកហើយ ប៉ុន្តែសំរាប់អ្នកដោះស្រាយ បើយើងយកម៉ោងនេះទៅយកលុយទិញគ្រាប់វាយគ្នា មិនដឹងពេលណាចប់ ហើយកាន់តែឆេះថែម។ អ្នកមួយថ្ងៃៗ កាន់តែស្លាប់ថែម កាន់តែរបួសថែមទៀត ឬមួយក៏យើងទុកសិន ផ្អាកការវាយគ្នាសិន មកវាយគ្នានៅតាមយន្តការច្បាប់ យន្តការការទូត ដែលយើងមាន ដើម្បីព្យាយាមដោះស្រាយបញ្ហា ហើយយកលុយ យកពេលវេលាដែលយើងមាននេះស្តារសេដ្ឋកិច្ច ជីវភាព សម្រាប់អ្នកដែលនៅប៉ះពាល់ ដូចជានៅភូមិរង់ចាំនៅបន្ទាយមានជ័យ ព្រះវិហារ ឧត្តរមានជ័យ ក៏មានគ្រួសាររាប់រយរាប់ពាន់គ្រួសារ។ យកលុយមកឧបត្ថម្ភធនដល់ក្រុមហ៊ុនប្រេង កុំឲ្យតម្លើងមានន័យថាយើងទម្លាក់ពន្ធប្រេង អាករលើប្រេង … ជួយឧបត្ថម្ភធន កុំឲ្យថ្លៃប្រេងវាកើនឡើងហួសពេក។ វាឡើងខ្លះដែលយើងខំទប់។ ជួយទប់ EDC ព្រោះលុយ EDC ដែលជាសហគ្រាសសាធារណៈមែន ប៉ុន្តែលុយក៏ជាលុយរបស់រដ្ឋ ដើម្បីកុំឲ្យប្រជាពលរដ្ឋត្រូវបង់ថ្លៃមួយគីឡូឡើងប៉ុន្មាន។ ប្រទេសច្រើនបានឡើងថ្លៃអគ្គិសនី។
យកលុយដើម្បីពង្រីកការជួយឧបត្ថម្ភ តិចច្រើនយកទៅឲ្យអ្នកដែលពាក់ព័ន្ធដូចអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ អ្នកប្រកបរបរហ្នឹង ដូចប៉ុន្មានម៉ឺននាក់។ ខ្ញុំត្រូវបន្ថែមទៀត។ យកលុយហ្នឹងទៅជួយឧបត្ថម្ភស្រ្តីមានផ្ទៃពោះ សុខាភិបាល ក្មេងអាយុ ២ឆ្នាំ យកឧបត្ថម្ភកម្មវិធីអាហាររបស់យើង នៅតាមសាលារៀន។ ឥឡូវយើងមានជាង ១ ០០០ សាលា។ គ្រាន់តែប្រជាពលរដ្ឋ សិស្សរបស់យើង មកដល់ម៉ោងនេះ ១,១១៤ សាលាបឋម ដែលយើងឧបត្ថម្ភអាហារឲ្យគាត់នៅកន្លែង យកលុយហ្នឹងមកឲ្យកូនក្មេងរបស់យើង ជៀសជាងយកទៅទិញគ្រាប់បាញ់គ្នា ជៀសជាងយោធិនពលី។ ឥឡូវ យើងធ្វើផ្ទះជូនយោធិនពលី កូនចៅឲ្យក្របខ័ណ្ឌ រកការងារឲ្យធ្វើ។ យុទ្ធជនដែលរបួសខ្លាំងមិនអាចធ្វើការងារបាន យើងឲ្យកូនចៅ ឬសាច់ញាតិរបស់គាត់ចូលបំពេញក្របខ័ណ្ឌ។ កន្លែងណាដែលយើងជួយបាន យើងជួយ។ យកលុយទាំងអស់ហ្នឹងយកមកជួយ តែយើងមិនចង់ឲ្យចំនួនស្លាប់របួសធ្ងន់ហ្នឹង កើនតទៅទៀតដោយមិនចាំបាច់នោះទេ។
នៅពេលដែលយើងមានជម្រើសផ្សេងទៀត ដែលដោះស្រាយដោយមិនចាំបាច់វាយគ្នា មិនមែនបានន័យថា ស៊ីញ៉េឲ្យដីគេទេ។ នៅតែទាមទារយកមកវិញដែរ ព្រោះដីហ្នឹងគ្មានអ្នកណាមានសិទ្ធិទៅឲ្យអ្នកណាទេ។ ជាដីរបស់ជាតិ។ រដ្ឋាភិបាលនីមួយៗ ទទួលបន្ទុកការពារថែទាំ។ គ្រាន់តែយើងប្រើមធ្យោបាយណា។ យើងធ្លាប់ប្រើ ២៦ ថ្ងៃ វាយគ្នាហើយ។ ក្នុង ២៥-២៦ យើងអត់និយាយពីអតីតកាល ១០ឆ្នាំមុនក៏យើងវាយគ្នាដែរ។ ឥឡូវយើងប្រើប្រាស់កម្មវិធីការទូត ដោះស្រាយដូច ១៨នាក់ ១៥១ថ្ងៃ តែយើងយកមកវិញបានដោយសុវត្ថិភាព។ អញ្ចឹងយើងនឹងបន្តខិតខំ។ ពេលជាមួយគ្នាយើងសន្សំលុយ ដើម្បីជួយស្តារសេដ្ឋកិច្ចជូនប្រជាពលរដ្ឋ ជួយជីវភាព … ម្សិលមិញ ក្នុងវិស័យទេសចរណ៍ យើងត្រូវចំណាយទុនមួយចំនួនវិនិយោគក្នុងការបង្កើនផលិតផលទេសចរណ៍ ព្រោះទេសចរណ៍នាំភ្ញៀវមកដើម្បីជួយអ្នកដែលពឹងទេសចរណ៍រាប់សែននាក់។ វិស័យកសិកម្ម មួយឆ្នាំៗ ទៅ យើងចំណាយជាង ១០០លានដុល្លារជួយដល់ម៉ាស៊ីនកិនស្រូវ ក្នុងការទិញ/ទប់តម្លៃស្រូវ នៅពេលដែលវាធ្លាក់ខ្លាំង ដើម្បីដាក់លុយទៅឲ្យម៉ាស៊ីនកិនស្រូវ។ ម៉ាស៊ីនកិនស្រូវបុកទិញបង្កើតទីផ្សារក្នុងស្រុក។ លុយទាំងអស់នេះ គឺសុទ្ធតែលុយដែលយើងត្រូវសន្សំយកទៅជួយដល់ SME។
សម្រាប់អ្នកផ្សេង ខ្ញុំមិនដឹងទេ ប៉ុន្តែសម្រាប់រាជរដ្ឋាភិបាល យើងត្រូវរកវិធីដោះស្រាយបញ្ហាដែលដាក់ផលប្រយោជន៍ជាតិនិងប្រជាជនជាធំ គឺដោះស្រាយដោយសន្តិវិធី ការទូត … ទោះបីប្រើពេលយូរខ្លះក៏ដោយ អត់ធ្មត់ខ្លះក៏ដោយ ដើម្បីយកទឹកដីយើងមកវិញ ដើម្បីយើងមានឱកាសដោះស្រាយបញ្ហាចំពោះមុខ ឲ្យប្រជាពលរដ្ឋរបស់យើងក្នុងដំណាក់កាលដ៏លំបាកនេះ។ នេះគឺជាការសម្រេចចិត្តមួយ ហើយវាអាចមានការលំបាក វាយូរ ដែលបងប្អូនចាប់អារម្មណ៍ ប៉ុន្តែរាជរដ្ឋាភិបាលមិនធ្មេចភ្នែក ទុកបងប្អូន ឬទឹកដីយើងចោលដោយគ្មានការទាមទារទេ។ សម្រាប់អ្នកអង្គុយតែក្នុងម៉ាស៊ីនត្រជាក់ មើលងាយគេ រាជរដ្ឋាភិបាលអត់កំណើតស្អីៗ មិនចេះយុទ្ធសាស្ត្រ (ទុកឱ្យ)ឈ្លក់ទឹកមាត់ខ្លួនឯងទៅក្រៅទៅ។ អ្នកពុកមាត់មួយ អ្នកវៀចមាត់និយាយមិនច្បាស់មួយ … ខ្ញុំកាចហើយត្រឹមប៉ុណ្ណឹង។ ខ្ញុំអត់ចេះមាត់ទេ ប៉ុន្តែកូនទាហានខ្ញុំបានស្គាល់។ ថ្ងៃមុនអ្នកណាទេថា ហ៊ុន ម៉ាណែត ញញឹមៗ ស្លូតណាស់ ធ្វើមេទ័ពមិនកើតទេ។ ដល់កូនទាហានខ្ញុំថា កុំនិយាយវើយ ខ្សែភ្លើង … ខ្ញុំសូមឲ្យអង្គុយជេរ។ អង្គុយទើសចុះ។ ខ្ញុំនៅតែបន្តធ្វើជូនប្រទេសជាតិ នៅតែដើរអបអរសាទរសមិទ្ធផល … សម្រាប់ប្រជាជនឱកាសដែលខ្ញុំជួប មកនិយាយគ្នា ផ្សព្វផ្សាយគោលនយោបាយ ត្រូវធ្វើ និងដាក់ទិសដៅអ្វីខ្លះដើម្បីឲ្យ(ឆ្លើយតបទៅនឹងសេចក្តីត្រូវការរបស់ពួកគាត់ និងជូនឱ្យពួកគាត់បានដឹង) … ព្រោះពេលខ្លះ … ប្រជាពលរដ្ឋត្រូវការ ចង់ដឹង ចង់ឮ ពីថ្នាក់ដឹកនាំដែរ។
ពេលប្រឈមសេដ្ឋកិច្ចនេះ រដ្ឋជួយស្អីខ្លះ? (កុំថារដ្ឋ)ស្ងាត់ឈឹង។ អត់ស្ងាត់ទេ។ ជាង ៣០០លានទៅហើយ បូកជាមួយ ៤០០លានហើយ។ ឥឡូវ ផែនការគ្រោងសម្រាប់ជាង ១លានគ្រួសារចេញទៀត សម្រាប់ឧបត្ថម្ភទុន តិចឬច្រើនជួយថែមទៀត។ រៀបហើយ។ អ្នកដែលមកពីថៃ ជួយផ្សះផ្សាររុញទៅរកការងារ កន្លែងខ្លះទទួលការបណ្តុះបណ្តាលថ្មី សុទ្ធតែរដ្ឋចេញលុយទាំងអស់។ ឥឡូវ គិតគូរទៅដល់ការបង្កើតជីវភាពរស់នៅ ជនភៀសសឹក មិនត្រឹមតែធ្វើផ្ទះទេ បង្កើតជីវភាពឲ្យគាត់ទៀត ធ្វើសហគមន៍ឲ្យគាត់ទៀត កន្លែងទេសចរណ៍ សហគមន៍ទេសចរណ៍ មួយៗ ចុះទៅជួយគាត់ … យើងធ្វើបានច្រើន រួមទាំងសុខាភិបាល រួមទាំងអ្វីដែលបងប្អូនពេលឈឺនេះ ក្នុង ៣ឆ្នាំនេះ វាកើនអញ្ចឹង។ ឥឡូវទូទាំងប្រទេសគ្លីនិកបើក ២៤ម៉ោង ពេទ្យថែមសម្ភារៈហើយ ពេទ្យបង្អែកស្រុក៦១ ទៀត ដែលមានសមត្ថភាពព្យាបាល មិនបារម្ភបញ្ជូនទៅឆ្ងាយ ករណីមានមានគ្រោះថ្នាក់អី … ហ្នឹងហើយដែលរាជរដ្ឋាភិបាលបានធ្វើ ៤០ឆ្នាំជាងនេះ។ ក្នុងអាណត្តិនេះ យើងនឹងបន្តធ្វើជូនប្រជាពលរដ្ឋតទៅទៀត។ ឱកាសថ្ងៃនេះ ខ្ញុំសូមបើកវង់ក្រចកប៉ុណ្ណេះ។ ឥឡូវខ្ញុំបិទវង់ក្រចកវិញហើយ … ពេលវាយគ្នា អ្នកមានអារម្មណ៍ល្អក៏ឈឺដែរ ព្រោះខ្ញុំមើលស្ត្រេស។ ខ្ញុំមើលតាមហ្វេសប៊ុក បងប្អូនមួយថ្ងៃៗឃើញតែអ្នកចូល។ ព្រឹកឡើងគឺស្ត្រេស មិនចង់ងើបពីគ្រែទេ។ ឥឡូវ មានពីណាមានអារម្មណ៍អញ្ចឹងអត់ ពេលដែលយើងកំពុងវាយគ្នា? ថ្ងៃខ្លះគឺស្ត្រេស អត់ចង់ធ្វើអី ព្រោះជាជាតិរបស់យើងទាំងអស់គ្នា ប្រជាជនយើង មិនដឹងថា(សង្គ្រាម)វារីកដល់ណា? ថ្ងៃខ្លះឮថា គេមកទម្លាក់នៅភ្នំពេញ។ អ្នកខ្លះថាមកទម្លាក់កាត់ផ្តាច់ស្ពានកោះកុង អ្នកកោះកុង អ្នកបាក់ខ្លងភ័យរត់។
មើលប៉ុន្មាននាក់ ពេលដែលមានសង្គ្រាមប៉ុន្មានថ្ងៃហ្នឹងស្ត្រេសដែរ? មើលលើកដៃមើល? ឥឡូវចង់ស្ត្រេសចឹងទៀតអត់? អ្នកដែលទើសថា យើងដោះស្រាយតាមសន្តិវិធី។ ឥឡូវគ្រប់គ្នាទទួលហើយ។ យើងនឹងបន្តដោះស្រាយដោយសន្តិវិធី កុំឲ្យស្ត្រេសទូទាំងប្រទេស យកពេលដោះស្រាយបញ្ហាចំពោះមុខគឺជីវភាព។ រឿងប្រទេសយើងទាំងអស់ កងទ័ពជួរមុខលះបង់ជីវិត វីរនគរបាល វីរកងទ័ពអាវុធហត្ថ ដើម្បីការពារទឹកដី នៅពីក្រោយការគាំទ្រ (ដោយ)ប្រជាជាតិទាំងមូល តែវាប៉ះនៅមុខ វាប៉ះយើងទាំងអស់គ្នា មិនថាខ្មែរក្នុងស្រុក ខ្មែរក្រៅស្រុក យើងរួមគ្នា។ អញ្ចឹង ទាំងអស់គ្នាដោះស្រាយ យកការទទួលខុសត្រូវរួម។ រាជរដ្ឋាភិបាលនៅជាមួយប្រជាជន នៅយល់ពីចិត្តប្រជាជនក្នុងការការពារអធិបតេយ្យភាពទឹកដី ហើយសូមឲ្យប្រជាជននៅជាមួយរដ្ឋាភិបាលជឿ ថាយើងមិនបានចោលទេ គ្រាន់តែវិធីសាស្ត្រដែលយើងខិតខំដោះស្រាយក្នុងពេលនេះ គឺដោះស្រាយអស់លទ្ធភាព តាមមធ្យោបាយការទូត និងច្បាប់អន្តរជាតិ ដើម្បីយើងយកទឹកដីមកវិញ។ ប្រមូលផ្តុំធនធាន ពេលវេលា ដើម្បីផ្តោតទៅលើការដោះស្រាយ ទប់ទៅលើវិបត្តិសេដ្ឋកិច្ច ដែលប៉ះពាល់រូបភាព កិត្តិនាមរបស់ជាតិតាមរយៈ scam ការប៉ះពាល់ទៅដល់ជីវភាពរស់នៅ ដោយសាររឿងសង្គ្រាមនៅអ៊ុយក្រែន នៅមជ្ឈិមបូព៌ាសោះ ក៏វាប៉ះពាល់ប្រេង និងអតិផរណា។ ប៉ុន្តែយើងនៅជាមួយគ្នា យើងនឹងឆ្លងកាត់ការលំបាកនេះ។
ពិភពលោក ដូចវដ្តនៃជីវិត។ គ្មានអីទៀងទាត់ទេ។ ពេលល្អក៏វាមាន ពេលអាក្រក់ក៏វាមាន។ គ្មានពេលល្អមួយដែលនៅរហូតទេ ហើយក៏គ្មានពេលអាក្រក់ណាដែលនៅរហូតដែរ។ អ្វីដែលសំខាន់ ពេលដែលល្អ យើងទាញផលពីល្អ។ យើងពង្រឹងខ្លួនឯង។ ពេលអាក្រក់ យកពេលហ្នឹងដើម្បីទប់។ កុំឲ្យវាអាក្រក់ខ្លាំង ហើយយកវិធីកែសម្រួលខ្លួនឯងដើម្បីឲ្យមានភាពធន់កាន់តែរឹងមាំ ដែលយើងកំពុងធ្វើរាល់ថ្ងៃនេះ តាមការកែទម្រង់ ទាំងអប់រំ សុខាភិបាល មុខងារសាធារណៈ សន្តិសុខ ការពារជាតិ … យើងមានការវះកាត់ ប៉ុន្តែដើម្បីឲ្យសុខភាពយើងកាន់តែដើរបានល្អ ការធ្វើខ្លះវាប៉ះប្រជាពលរដ្ឋមួយចំនួន យើងទទួលស្គាល់ តែសូមឲ្យយោគយល់ ធ្វើដើម្បីផលប្រយោជន៍ជាតិរួមទាំងអស់គ្នា នេះគឺជាអ្វីដែលរាជរដ្ឋាភិបាលបានធ្វើ និងប្តេជ្ញាបន្តធ្វើតទៅទៀត សូមជឿចុះ។ ស្ងាត់តែមិនស្ងៀម។ ខ្ញុំគ្មានពេលដើរព្រោកប្រាជ្ញមួយថ្ងៃមួយម៉ោងតាមហ្វេសប៊ុកដូចអស់លោកមួយចំនួនទេ។ ដោយសារមិនស្ងៀម មួយថ្ងៃម្សិលមិញប្រជុំ២ ព្រឹករឿងវិស័យទេសចរណ៍ទល់តែម៉ោង២ និងប្រជុំមួយទៀតពី ពីរកន្លះ រហូតទៅដល់ម៉ោង៦ យប់ទាក់ទងរឿងការធ្វើ R&D សមត្ថភាពស្រាវជ្រាវវិទ្យាសាស្ត្រដើម្បីបង្កើនសមត្ថភាពរបស់យើង។ ពេលជាមួយគ្នា ចាំទូរស័ព្ទពីក្រុមចរចា UNCLOS ព្រោះពេលខ្លះត្រូវការការសម្រេចចិត្តនយោបាយ។ អញ្ចឹងធ្វើការ៣ ក្នុងពេលតែមួយ។ ខ្ញុំអត់មានផ្សាយឯណា។ ម្សិលមិញខ្ញុំអត់មានដេកអេះពោះទេ។ ពីព្រឹកទល់ល្ងាច។ មិនមែនរអ៊ូទេ គ្រាន់តែប្រាប់ថារាជរដ្ឋាភិបាលមិនស្ងៀមទេ។ មិនមែនតែខ្ញុំទេ គ្រប់គ្នាទាំងអស់ មន្ត្រីថ្នាក់ជាតិ ក្រោមជាតិ មិនស្ងៀមទេ តែគ្រាន់តែមិនបានផ្សាយ។
សមិទ្ធផលកើតចេញ ដោយសារការមិនស្ងៀមរបស់យើងហ្នឹងហើយ។ ពេលខ្លះយើងស្ងាត់ពេក សូមជួយប្រាប់ផងណា។ មន្ត្រីមូលដ្ឋានធ្វើអីហ្នឹង។ ឥឡូវហ្វេសប៊ុកដាក់ទៅ ចែកគ្នាឲ្យប្រជាជនដឹងផង។ ប្រជាពលរដ្ឋយើងឥឡូវស្រួល។ ខ្ញុំឃើញការសហការ និងគាំទ្រដល់អាជ្ញាធរមូលដ្ឋានបានល្អ ជាពិសេសអ្វីដែលបម្រើឲ្យផលប្រយោជន៍រួមរបស់គាត់។ ដូចរឿងខ្ញុំលើកឧទាហរណ៍រឿង លោក ប៉ាង លីដា អញ្ចឹង ក៏មានអ្នកផ្សេងធ្វើដែរ ដែលគាត់ចុះវាយកន្លែងធ្នឹមអាគារធ្វើលើសធ្វើអីហ្នឹងគឺប្រជាជនគាំទ្រ ព្រោះគាត់ថាមិនមែនធ្វើដើម្បីរបស់ខណ្ឌ របស់អីទេ មិនមែនធ្វើដើម្បីទាញផលប្រយោជន៍ទេ ធ្វើដើម្បីសម្បត្តិរួម។ អញ្ចឹង ប្រជាជនគាំទ្រ កន្លែងខ្លះប្រជាជនផ្ទះនៅហ្នឹងគាត់វាយខ្លួនឯងតែម្តង … ការចូលរួមនេះគឺល្អ។ ធ្វើស្អីប៉ះស្អីក៏ដោយ ពេលខ្លះ ខ្ញុំតែងប្រាប់មន្ត្រីរបស់ខ្ញុំ គាត់ត្រូវការលើកទឹកចិត្ត។ ពេលគាត់ទៅធ្វើការងារហ្នឹង វាប៉ះពាល់គេច្រើនពេក វាមានពាក្យចចាមអារ៉ាមវាយគាត់ថាអញ្ចេះថាអញ្ចុះ។ ខ្ញុំថា បើសិនជាខ្លាច រឿងប៉ះចចាមអារ៉ាម យកខ្ញុំជាគោលទៅ។ បើពាក្យចចាមអារ៉ាមដាក់ខ្ញុំ មួយថ្ងៃគិតជាម្ហូបវិញ ហូបព្រឹក ហូបថ្ងៃ ហូបល្ងាច ហើយយប់នៅសល់ទៀត ព្រោះវាច្រើនពេក … អ្នកណាថាអីថាទៅ ដាក់ទិសដៅឲ្យច្បាស់ កំណត់យកអ្វីដែលយើងធ្វើគឺធ្វើដើម្បីផលប្រយោជន៍រួមរបស់ប្រទេសជាតិ ប្រជាជន។ ខ្ញុំជឿថាយើងធ្វើបានជោគជ័យហើយ កុំពិបាក អ្នកណាថាអីថាទៅ។ ព្រោះឲ្យ ១០០នាក់ សប្បាយចិត្តទាំង ១០០នាក់ធ្វើទៅមិនរួចទេ ត្រូវតែយកការវះកាត់ណាមួយ។ កន្លែងខ្លះត្រូវតែធ្វើការវះកាត់ធំ លឿន ឈឺ ហូរឈាម។ តែបើមិនអញ្ចឹងទេ វានឹងប៉ះពាល់ខ្លួនទាំងមូលតែម្តង។ scam កើតតែនៅតំបន់មួយទេ ប៉ុន្តែវាប៉ះពាល់កិត្តិនាមប្រទេសជាតិ ធ្វើឲ្យធ្លាក់ទេសចរដែលប៉ះពាល់អ្នកអត់ដឹងអីរាប់លាននាក់។ អ្នកសៀមរាបអត់ដឹងផង ប៉ុន្តែគេខ្លាចរឿង scam គេអត់មកសៀមរាប។ អ្នកសៀមរាបហាលអាវ អ្នកភ្នំពេញ តំបន់ទេសចរណ៍ពិបាក ការវិនិយោគក៏ដូចគ្នា។
ខ្ញុំលើករឿង scam ព្រោះខ្ញុំឃើញតាមហ្វេសប៊ុកពីការប៉ះពាល់។ ខ្ញុំទទួលតែឲ្យយើងធ្វើម៉េច? យើងអនុញ្ញាតឲ្យ scam ចូលវិញដើម្បីបងប្អូនបានសប្បាយចិត្តវិញ ហើយទុកឲ្យប្រទេស(មានវិបត្តិ) … អត់ទេ។ យើងអត់ឈប់ទេ។ យើងបន្តធ្វើតទៅទៀត។ មុខរបរច្រើនណាស់។ ធ្វើទៅ។ យើងរស់តាំងពី ១៩៧៩ មកដល់នេះ តាំងពីអត់អីទាំងអស់មកដល់នេះ យើងធ្វើបានដោយគ្មានអាលុយ scam ហ្នឹង។ តើរស់ទៀតបានអត់? … យើងលំបាករស់ហើយ ព្រោះកាលមុន អត់អីយើងរស់បាន ស្បែកជើងផ្ទាត់ទៅបាន។ ឥឡូវទាល់តែម៉ាស៊ីនត្រជាក់បានប្រជុំបាន ឬមួយក៏យ៉ាងម៉េច? វាអត់ត្រូវអញ្ចឹង ត្រូវតែហ៊ាន(អារកាត់)។ ខ្ញុំមិនមែនប្រឆាំងចិនទេ។ ម្នាក់ៗ ថា ដេញចិនអស់។ អត់ទេ។ ចិនវិនិយោគ បើករោងចក្រមួយគគោកនៅ។ តែបើបើករោងចក្រផលិតបោកហ្នឹង អត់បានទេ។ ឥឡូវបោកច្រើន។ ឥឡូវមិនបោកតែក្រៅប្រទេសទេ បោកក្នុងប្រទេសច្រើន។ ដូចខ្ញុំឃើញឧស្សាហ៍ ជាពិសេសធ្វើបុគ្គលិកទូរស័ព្ទមកហ្មង។
មានបងស្រីម្នាក់។ ខ្ញុំអង្គុយសើច។ គាត់ដឹងថា scam តែគាត់លេងជាមួយ។ គាត់ថត។ អ្នក scam ហ្នឹង មកពីធនាគារមួយ … គេណែនាំបងស្រី។ ប្រាប់បងឱ្យប្រយ័ត្នចាញ់បោកគេអញ្ចេះៗ។ បងប្អូនត្រូវប្រយ័ត្នអញ្ចេះៗ។ គាត់ថាអឺ។ គាត់ចេះតែលេងតទៅ … ឥឡូវបងឯងជួយផ្តល់ព័ត៌មានឲ្យខ្ញុំ ។ បងស្រីថា អត់ទេ។ ស្រាប់តែអ្នកហ្នឹង បងឯងខ្ញុំនិយាយមួយយូរ អត់ជឿខ្ញុំទៀត ខ្ញុំអន់ចិត្តណាស់បង។ ប្រយ័ត្នប្រយែងរឿងប្រព័ន្ធបច្ចេកវិទ្យានេះ ហើយងាយស្រួលណាស់។ សូមឲ្យស្ថាប័នក្រសួងមហាផ្ទៃ ក្រសួងប្រៃសណីយ៍ គណៈកម្មាធិការប្រឆាំងការឆបោកតាមអនឡាញ សហការគ្នាទប់រឿងហ្នឹង។ អនឡាញ scam អនឡាញល្បែង យើងបិទ ព្រោះអនឡាញល្បែង យើងសម្រេចប្រជុំថ្ងៃមុនថា … ល្បែងអនឡាញឥឡូវ វាមិនមែនល្បែងកុំព្យូទ័រអង្គុយមួយបន្ទប់ មួយអាគាររាប់ពាន់នាក់ ដូចតែ scam អនឡាញ ដាក់នៅកុំព្យូទ័រ … យើងគ្រប់គ្រងអត់បានទេ។ គ្រោះថ្នាក់។ បើប្រទេសយើងចូលក្នុងបញ្ជីប្រផេះ ហ្នឹងវាអត់ចំណេញប្រជាពលរដ្ឋយើង អ្នកដែលរកធ្វើការនៅក្នុងវិស័យហ្នឹងថា ៨០% ជនបរទេសទេ មិនមែនការងារស្រុកខ្មែរទេ។ ប្រជាពលរដ្ឋខ្មែរក៏មិនបានច្រើន …
បងប្អូនបានច្រើនឆ្នាំមកហើយ។ យើងក៏មិនយកទោសអូសដំណើរបងប្អូនធ្វើការតាមសម្មាអាជីវោ។ គ្រាន់តែបងប្អូន អតិថិជនបងប្អូន គាត់ពាក់ព័ន្ធជាមួយការឆបោកដែលធ្វើឲ្យខូចប្រទេសរបស់យើង។ គាត់យកប្រទេសរបស់យើងទៅបោកគេ។ បងប្អូន បច្ចេកវិទ្យានេះ ធ្វើឲ្យមនុស្សក្លាយទៅជាម៉ាស៊ីន ជាមនុស្សអត់មនោសញ្ចេតនា។ បើសិនជាមនុស្សម្នាក់ទៅបោកអ្នកណាមួយ យើងឃើញយើងអាណិត។ ឃើញមុខជនរងគ្រោះ យើងអាណិត តែការឆបោកនេះយើងអត់ឃើញអ្នករងគ្រោះទេ តែអ្នករងគ្រោះខ្លះចងកនៅអាមេរិក ខ្លះចាស់ៗ សន្សំលុយចូលនិវត្ត យកមកដាក់វិនិយោគ អស់លុយ វេទនា។ ដោយសារយើងមិនឃើញ យើងគិតតែចំនួនទឹកលុយបានចូល មួយខែបានផ្ទះមួយម៉ឺន សប្បាយចិត្ត មួយខែបានប៉ុណ្ណេះ។ ខ្ញុំយល់ពីចំណូល ប៉ុន្តែអ្វីដែលបានរក្សានិងរករបរអីផ្សេងបណ្តោះអាសន្នសិនទៅ។ យើងមិនស្លាប់ដោយសារការវាយគ្នា មិនស្លាប់ដោយសារ(បាត់ចំណូលពីសកម្មភាពសេដ្ឋកិច្ចខ្មៅ)នេះទេ។ អ្នកលំបាកជាងបងប្អូននៅប៉ោយប៉ែត នៅព្រះសីហនុច្រើនណាស់ ហើយនៅខេត្តព្រះសីហនុហ្នឹង ក៏មានអ្នកពឹងផ្អែកលើវិស័យទេសចរណ៍ច្រើនជាងអ្នកនៅក្នុងក្រុងព្រះសីហនុ ដែលធ្វើការពាក់ព័ន្ធ(នឹងការឆរបោក)ដែរ ដូចជានៅតាមកោះរ៉ុងតាមអី ក៏មានទេសចរមានអី សូម្បីតែឆ្នេរអូរត្រេះ ហ្នឹង បើមានទេសចរ កន្លែងដែលគេទៅ ក៏មានច្រើនដែរ …។
បងប្អូនខ្លះចុះទៅប្រតិបត្តិការថា “បង! យើងទៅប៉ះគេ។ ឆ្នាំងបាយគេ។ គេស្អប់យើង។” ថាទៅ ប្រាប់ថា សម្តេចបវរធិបតីឱ្យធ្វើទៅ។ ខ្ញុំទទួលខុសត្រូវ។ បើមានអី បងប្អូនចុះទៅ អ្នកណារករឿង (ទុក)ខ្ញុំទទួលខុសត្រូវ ខ្ញុំការពារ តែជៀសវាងកុំទៅធ្វើបាបគេ។ ចុះទៅអនុវត្តត្រឹមត្រូវដើម្បីបម្រើប្រទេសជាតិរបស់យើង។ (យើងត្រូវ)បិទបញ្ជីមួយដើម្បីកុំឱ្យមានហានិភ័យ។ ធ្វើការងារហ្នឹង បន្តទៀត អត់ថយក្រោយទេ។ ខ្ញុំនិយាយឱ្យច្បាស់។ អ្នកខ្លះថាធ្វើខែ៤ ចប់ខែ៦។ អត់ទេ។ អ្នកខ្លះថាធ្វើខែ៦ ហើយ ចាំខែ១២។ អ្នកខ្លះថា បន្តិចទៀតរាជរដ្ឋាភិបាលឱ្យបើកហើយ បិទអនឡាញ តែឱ្យភ្នាល់អនឡាញ។ អត់ទេ។ អ្នកខ្លះដើរធានា តែរត់ការឡាយសិន license អត់បានទេ។ កម្ពុជាក៏មិនត្រូវការពឹងផ្អែកទៅលើសេដ្ឋកិច្ចពីកាស៊ីណូទេឬមួយក៏រឿងអនឡាញស្កែម(Scam) ទេ។ យើងត្រូវពឹងផ្អែកទៅលើសេដ្ឋកិច្ចផ្សេងទៀតដែលមានច្រើន។ សូម្បីតែសុខាភិបាលហ្នឹងក៏ជា Business មួយដែរ។ វិស័យឯកជនដែលវិនិយោគហ្នឹងក៏ជាអាជីវកម្ម តែយើងមានក្របខ័ណ្ឌក្នុងការផ្តល់សេវា។ អ្នកដែលធ្វើការក្នុងហ្នឹង ក៏ជាការងារមួយដែរ មិនខុសពីអ្នកធ្វើការនៅក្នុងសណ្ឋាគារទេ គ្រាន់តែអាជីពខុសគ្នា មុខរបរខុសគ្នាតែប៉ុណ្ណឹង។ អាជីពទាំងអស់នេះគឺស្អីដែលចិញ្ចឹមសេដ្ឋកិច្ចរបស់យើង។ ពេលខ្លះយើងរើសទាំងពីរមិនបាន យើងត្រូវយកមួយ។ យកមួយត្រូវយកឱ្យចំ យកអីដែលផលប្រយោជន៍ធំសម្រាប់ជាតិយូរអង្វែងយក …
បើថាធ្វើរដ្ឋាភិបាល ធ្វើរដ្ឋមន្ត្រី ធ្វើចៅហ្វាយខេត្ត ធ្វើចៅហ្វាយស្រុក ធ្វើមេឃុំ អាជ្ញាធរ មេប៉ូលីស មេ PM ឬមេអី មិនហ៊ានអនុវត្តច្បាប់ ដោយសារខ្លាចប៉ះអារម្មណ៍គេ ឈប់ធ្វើទៅ។ អត់ខ្លាចអារម្មណ៍ប្រជាពលរដ្ឋ ១៧លាននាក់ទេឬ? សម្ងំសុខតែខ្លួនឯង! អញ្ចឹង បានកន្លែងខ្លះ យើងត្រូវការកែសម្រួលក្បាលម៉ាស៊ីនមួយខេត្ត ព្រោះគាត់អត់ធ្វើ។ មិនមែនគាត់ចូលដៃទេ។ អញ្ចឹង យើងដាក់អ្នកសកម្មជាងមុន។ កន្លែងហ្នឹងគឺទុក។ យើងមិនមែនរឿងប៉ះដៃកាត់ដៃប៉ះជើងកាត់ជើងទេ។ ខ្ញុំហៅមកណែនាំផ្ទាល់ច្រើនដងហើយ។ គ្មាននាយករដ្ឋមន្ត្រីណាហៅចៅហ្វាយខេត្ត ហៅមេ PM មកអង្គុយណែនាំផ្ទាល់ទេ។ ខ្ញុំផ្តល់ឱកាស បងប្អូនខិតខំ ប៉ុន្តែធ្វើវាលំបាក។ យើងត្រូវកែសម្រួល។ ដាក់អ្នកថ្មីទៅ ទទួលខុសត្រូវ។ បើធ្វើមិនបានចេញទៀត។ ថ្ងៃមុនត្រូវកែចៅហ្វាយស្រុកមួយ។ ឥឡូវតែងតាំងថ្មី។ ធ្វើមិនចេះអស់បញ្ហា។ វាមានអ្នកមិនចេះអស់ដែលខំប្រឹងធ្វើ តែអ្នកមិនចេះអស់ដែលមិនធ្វើ ទាល់តែយកឈើដោត។ អ្នកដែលយកឈើដោតហ្នឹងគឺមិនបាច់ទេ កុំឱ្យហត់អ្នកដោត ឱ្យអ្នកថ្មីទៅ … ហើយកុំថាបោះឆ្នោត មិនហ៊ានដូរបក្សខេត្ត បក្សស្រុក ឬមួយក៏ប្រធានសុ្រក ប្រធានខេត្ត … មិនដូចនោះទេ។
ត្រូវតែធ្វើ។ បើមានអភិក្រមវះកាត់គឺធ្វើហើយ។ ការយោគយល់កម្រិតណា វាមានបន្ទាត់ក្រហម។ រឿង Scam នេះជាបន្ទាត់ក្រហម។ រឿងផ្សេងៗទៀតយើងមើលតាមទំហំបញ្ហា។ កន្លែងខ្លះ យើងធ្វើការវះកាត់ កន្លែងខ្លះយើងធ្វើការអប់រំណែនាំ។ យើងផ្តល់ឱកាស តែត្រូវធ្វើ។ គ្មាននរណាល្អឥតខ្ចោះទេ សំខាន់(មាន)ឆន្ទៈធ្វើអត់? (មាន)ឆន្ទៈធ្វើ(ហើយ) ធ្វើមិនទាន់អស់ វាប្រសើរជាងអត់ឆន្ទៈធ្វើ … ខ្ញុំសូមនិយាយឱ្យច្បាស់តែម្ដង បើយកការទទួលខុសត្រូវរឿងនេះ បាត់ប្រយោជន៍ការងារបាត់អី ដាក់បន្ទុកមកខ្ញុំចុះ។ ខ្ញុំសូមទទួល។ ព្រោះខ្ញុំជាអ្នកចេញបញ្ជា ខ្ញុំហ៊ានទទួល។ តែខ្ញុំសូមឱ្យច្បាស់ ការទទួលខុសត្រូវនេះ គឺដើម្បីប្រទេសជាតិទាំងមូល ព្រោះយើងត្រូវអង្គុយជាមួយគ្នា។ អនាគតប្រទេសយើង ១៧លាននាក់ ថ្ងៃក្រោយ ២០លាននាក់ យើងមិនអាចរស់នៅក្នុងពេលដែលប្រទេសយើងត្រូវគេវាយប្រហារ វាយហើយវាយទៀត ពិភពលោកថ្កោលទោស ហើយគេបន្ត(ថ្កោលទោស)ដោយយើងមិនធ្វើអីអំពីរឿង Scam នោះទេ។
យើងធ្វើពីមុន។ យើងមិនមែនមិនធ្វើទេ។ អាណត្តិមុនៗ ក៏យើងខំប្រឹងធ្វើដែរ។ ប៉ុន្តែដល់ពេលពីក្រោយសង្គ្រាមនេះ យើងដាក់អភិក្រមមួយលេងកាំភ្លើងធំតែម្តង។ កាលមុន យើងប្រើត្រឹមត្បាល់៦០ ត្បាល់១២០ ឥឡូវលេង BM តែម្តង។ ជញ្ជ្រំហើយ។ អត់មានជញ្ជ្រំហើយ ចាំឱ្យងើបឡើងវិញទៀតទេ។ ជញ្ជ្រំហើយ អត់ឱ្យងើបឡើងវិញទេ។ ដាក់ទិសដៅបញ្ចប់រឿងហ្នឹងមួយ។ ដកចេញ។ កុំស្តាយ។ ស្តាយឱកាសមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធដែលទទួលជាប្រធានស្ថាប័ន យើងស្តាយឱកាសដែលយើងកាន់តួនាទីហ្នឹងហើយ ដែលយើងត្រូវមានកាតព្វកិច្ចជួយឱ្យកន្លែង/តំបន់របស់យើង/ខេត្តរបស់យើង/រាជធានីរបស់យើង ក្លាយជាកន្លែងមួយដែលពេលយើងចេញទៅ កន្លែងហ្នឹងវាល្អជាងមុនសម្រាប់កូនយើង សម្រាប់យើងរស់នៅដោយសុខភាព កុំឱ្យជាខេត្តមួយ/ជាក្រុងមួយដែលប្រឡាក់ឈ្មោះ ហើយយើងមិនបានខិតខំអស់លទ្ធភាព … សូមកុំស្តាយថា ក្នុងពេលហ្នឹង ឯងមិនបាន២០-៣០ លានឬ ១០០លានដូចគេ។ កុំស្តាយអាហ្នឹង។ ធ្វើវិនិយោគអីស្របច្បាប់ រឿង Business យើងស្វាគមន៍។
ដូចវិនិយោគពេទ្យឯកជនហ្នឹង ខ្ញុំមិនមែនបដិសេធទេ គ្រាន់តែកុំឱ្យធ្វើនៅក្នុងពេទ្យរដ្ឋ ទៅធ្វើនៅក្រៅ។ យើងលើកស្ទួយវិនិយោគដើម្បីពង្រីកសមត្ថភាពព្យាបាល បង្កើតពេទ្យបន្ថែម បណ្តុះបណ្តាលពេទ្យ សម្រាប់បុគ្គលិកឯកជនទៅ ជាជាងទៅយកពេទ្យ ដែលមានក្របខ័ណ្ឌក្នុងពេទ្យស្រាប់ … យកវេជ្ជបណ្ឌិតយកអីយើង ដែលទើបចេញពីសាលាថ្មីៗ មកធ្វើបុគ្គលិកពេទ្យឯកជនថ្មី បានការងារថ្មីផង អាហ្នឹងបង្កើតការងារ។ ប៉ុន្ដែបើមកធ្វើ រឿងScam នេះ អត់លេងទេ។ ខ្ញុំកំពុងឱ្យមើលកាស៊ីណូយើងជាង ១០០ហ្នឹង។ ឥឡូវដល់ពេល Review ឡើងវិញហើយ។ តើចាំបាច់ត្រូវមានច្រើនអញ្ចឹងទេ? លក្ខខណ្ឌឥឡូវយើងបង្កើនហើយ ការវិនិយោគត្រូវឡើងដូចប៉ុន្មាន ១០០លាន? កាលមុនយើងតិច។ អញ្ចឹង ផ្ទះល្វែងមួយ ក៏ទៅជាកាស៊ីណូ។ ឥឡូវឱ្យមើល … (ត្រូវមាន)ហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រាន់ … គោលគំនិតដើម មិនមែនយកកាស៊ីណូដើម្បីកាស៊ីណូទេ។ រាជរដ្ឋាភិបាល ដាក់ចេញឱ្យបើកកាស៊ីណូ នៅព្រំដែនដើម្បីទាញសកម្មភាពសេដ្ឋកិច្ចផ្សេងទៀត ដូចនៅ Las Vegas នៅម៉ាកាវ មិនមែនកាស៊ីណូដើម្បីមនុស្សទៅលេង ឈ្នះចាញ់មានបាន ដោយសារកាស៊ីណូទេ គឺដើម្បីបង្កើត Restaurant បង្កើតផលិតផលទេសចរណ៍ផ្សេងៗ ទាញទៅកំពង់សោម។ លេងបន្តិចបន្តួចហ្នឹង វាលេងជាការអម។
អញ្ចឹងយើងត្រូវមើលអភិក្រម។ ខ្ញុំឱ្យឯកឧត្តម យ៉េត វីណែល ព្រោះខ្ញុំបានតែងតាំង គ.ល.ក ថ្មី ដើម្បីដឹកនាំយន្តការថ្មី … យន្តការចាស់ ប្រធានចាស់ អនុប្រធានចាស់ បានធ្វើការបំពេញមួយរយៈហើយ ក៏បានប្រែប្រួលទៅ។ ដាក់មេទ័ពថ្មី។ កន្លែងខ្លះ ដាក់មេទ័ពថ្មី ដាក់យន្តការថ្មី រុញទៅថ្មី ឱ្យគិតគូរពីក្របខ័ណ្ឌទស្សនទានរបស់យើងនៅក្នុងវិស័យ ព្រោះវាជាផ្នែកមួយតូចនៃវិស័យទេសចរណ៍ និងសេវាកម្មទេ។ វាមិនមែនជាស្នូលទេ។ មានអ្នកខ្លះចង់សុំអាជ្ញាប័ណ្ណកាស៊ីណូនៅសៀមរាប។ ដាច់ខាត (មិនបានទេ)។ តាំងពីសម្តេចតេជោ មកដល់រដ្ឋាភិបាលថ្មី ដែលខ្ញុំដឹកនាំគឺដាច់ខាតមិនឱ្យមានអាជ្ញាប័ណ្ណកាស៊ីណូណានៅសៀមរាបទេ និយាយឱ្យច្បាស់ … អត់មានទេ។ សូមកុំមកសុំអាជ្ញាប័ណ្ណកាស៊ីណូនៅខេត្តសៀមរាប។ ឱ្យធ្វើធ្វើសណ្ឋាគារ ធ្វើស្អីឱ្យធ្វើ ប៉ុន្តែកាស៊ីណូសៀមរាប គឺអត់ទេ។ បើថា រលំដោយសារអត់មានកាស៊ីណូ ក៏រលំចុះ។ យកការទទួលខុសត្រូវជាខេត្តបេតិកភណ្ឌ។ មានអ្នកមកសួរ។ ឥឡូវនៅមានសួរទៀត។ អត់ទេ។ ខ្ញុំសូមប្រកាសតែម្តង។ ជួនកាល ខ្ញុំជូនដំណឹងទៅអ្នកស្ងាត់ៗ ប្រាប់វាអត់អស់។ និយាយតាមមេក្រូតែម្តងទៅ។ បន្តិចទៀត គេថត កាត់បន្តិចៗ ហើយអ្នកសារព័ត៌មានយើងច្រើន ៣ម៉ោង ២ម៉ោងហ្នឹងកាត់យកចំណុចអញ្ចឹងៗ ទៅផ្សព្វផ្សាយឱ្យដឹង …។
រឿងអនឡាញ ភ្នាល់ល្បែងអី ម៉ោងនេះយើងផ្អាកហើយ។ ពីដើមខែ១០ ទៀតទៅ គឺហ្គេមអនឡាញ (Game Online)។ យើងបន្តវាយរហូត មិនឱ្យងើបឡើងវិញទេ។ ច្បាប់យើងមាន អីយើងមាន។ ថ្ងៃ២០កញ្ញាជាងនេះ យើងធ្វើសន្និសីទអន្តរជាតិមួយ។ ជាមោទនភាពរបស់យើងខ្លាំងណាស់ ដែលក្នុងរយៈពេលតែប៉ុន្មានខែបានប្រែក្លាយពីប្រទេសមួយដែលគេចោទប្រកាន់ សារព័ត៌មានវាយយើងរឿង Scam។ យើងជាជនរងគ្រោះ … ប្រទេសផ្សេងៗ មាន scams ដែរ តែគេអត់វាយប្រទេសទាំងនោះ។ ប្រទេសផ្សេងក៏មានដែរ។ សូម្បីតែប្រទេសដែលជេរយើងរាល់ថ្ងៃហ្នឹង ក៏មាន Scam ពេញនៅក្នុងហ្នឹងដែរ ហើយមនុស្សដែលឆ្លងដែនចូលខុសច្បាប់ ភាគច្រើន ចេញពីហ្នឹង ចូលមកខ្មែរ ចូលទៅភូមា … (ដែលប្រទេស/សារព័ត៌មានទាំងនោះបាន)ប្រែពីវាយប្រហារយើងជាឋានសួគ៌របស់ពួក Scam មកជាកន្លែងមួយដែលគេទទួលស្គាល់ថាបានធ្វើជោគជ័យ(ក្នុងការកម្ចាត់ Scam) ហើយអន្តរជាតិសហការជាមួយយើងធ្វើសន្និសីទអន្តរជាតិនៅកម្ពុជាប្រឆាំងស្កែមនឹង Scam គឺជាការទទួលស្គាល់ធំធេងណាស់ របស់អន្តរជាតិ ចំពោះការខិតខំប្រឹងប្រែងរបស់យើង។
អង្គការ UN, UNIDO, FBI និងអង្គការរបស់ចិន មិនដាក់ឈ្មោះជាសហប្រធានរៀបចំកម្មវិធីជាមួយប្រទេសណាដែលមានបញ្ហាទេ តែដោយភាពជោគជ័យរបស់យើងមកដល់ម៉ោងនេះធ្វើបាន៧០%(ពួកគេក៏ចូលរួម)។ នៅសល់តូចៗ ៣០%។ កុំឱ្យ ៣០% ទៅជា៧០% វិញ។ ត្រូវឱ្យ៣០% ទៅជា២០% ទៅជា១០%។ យើងត្រូវបន្តធ្វើតទៅទៀត។ ខ្ញុំសូមអរគុណដល់មន្ត្រីអនុវត្តច្បាប់គ្រប់រូបទាំងអស់ ទាំងថ្នាក់ជាតិក្រសួងស្ថាប័នពាក់ព័ន្ធ គណៈកម្មាធិការប្រឆាំងការឆបោក អ្នកខ្លះគេហៅ គ. ប. ឆ. ប. ថាជា គណៈកម្មាធិការបោកឆ្នាំងបាយគេ។ តាមដំណើរ។ មន្ត្រីមូលដ្ឋានដឹងទាំងអស់ ឮទាំងអស់ … សូមបន្តធ្វើតទៅទៀត។ រួមគ្នាធ្វើ ហើយនៅពីលើហ្នឹង បន្តតាមដាន ព្រោះចំពោះ Scam មួយ អត់ប្រណីទេ។ ហ្នឹងជាបន្ទាត់ក្រហមហើយ។ រឿងអី និយាយគ្នាបាន តែរឿងហ្នឹងមួយសម្រាប់រដ្ឋាភិបាលនេះគឺបន្ទាត់ក្រហមហើយ។ សន្តិសុខមានរឿងច្រើនដូចជា ភូមិឃុំសុវត្ថិភាព ក្មេងទំនើង គ្រឿងញៀនអី យើងនឹងខិតខំធ្វើ តែរឿងហ្នឹងមួយកុំប្រណី។
ដូចជាមានចៅហ្វាយស្រុកមួយចំនួនទៀតត្រូវដូរ។ កន្លែងខ្លះ មានស្នងការរងមានស្អីផង។ ក្រសួងមហាផ្ទៃ កំពុងស្រាវជ្រាវបន្ថែមទៀត។ កន្លែងខ្លះ ACU ទៅ កន្លែងខ្លះគណៈកម្មាធិការ។ កុំបៀតឱ្យសោះ។ ដាក់កាំភ្លើងធំ BM ហើយ។ អត់ឱ្យងើបឡើងវិញទេ។ ធ្វើអី ចំណាយអត់ប្រយោជន៍ ធ្វើបានប៉ុន្មានខែ ងើបឡើងវិញ។ អត់ទេ។ លំបាកអ្នកណា លំបាកទាំងអស់គ្នាហ្នឹង។ ទាំងអ្នកដែលបានផលហ្នឹងផង។ បើប្រទេសយើងវេទនា អ្នកដែលបានផល ដោយការជួលផ្ទះ ស្អីៗ ចេញទៅក្រៅ(ប្រទេស)ក៏លំបាក ធ្វើអីក៏លំបាក។ ប្រទេសខ្មែរមួយ ដែលគេមើលស្មានតែសប្បាយចិត្តហ្អី? មានលុយជិះ Business Class ទៅលេងនៅក្រៅ(ប្រទេស) ទៅដល់គេសួរមកពីកម្ពុជា គេនាំគ្នាសើចរឿង Scam។ យើងសប្បាយចិត្តទេ? សូម្បីអ្នករកស៊ីត្រឹមត្រូវក៏គាត់រអៀសចិត្តដែរ។ សួរឧកញ៉ាមួយចំនួន រកស៊ីមិនអីទេ ប៉ុន្តែទៅក្រៅរាងដូចខ្មាសៗ គេបន្តិច។ ហ្នឹងតាំងពីដើមឆ្នាំ តាំងពីអីមក ព្រោះគេវាយយើងច្រើនពេកគ្រប់កន្លែង។ ទៅប្រទេសខ្លះ យើងធ្លាប់ជិះតាក់ស៊ី គេថាកម្ពុជា(មាន)អង្គរវត្ត ឥឡូវគេថាកម្ពុជា ឮតែខេត្តព្រះសីហនុមួយ គេមិនចង់មក ដោយសាររឿងគេផ្សាយរញ៉េរ៉ញ៉ៃ។
យើងត្រូវរួមគ្នាសម្អាតហើយផ្សព្វផ្សាយល្អពីខេត្តព្រះសីហនុឡើងវិញ។ ផ្សព្វផ្សាយអំពីតំបន់ប៉ះពាល់ឡើងវិញ។ ប្រជាជនខេត្តព្រះសីហនុ បាវិត ប៉ោយប៉ែត ជ្រៃធំ ដែលធ្លាប់បានផលពាក់ព័ន្ធជាមួយនឹងសេដ្ឋកិច្ចខ្មៅនេះ ខ្ញុំសូមឱ្យមានការយោគយល់។ យើងខិតខំដោះស្រាយជាកញ្ចប់រួមតែម្តង។ សូមឱ្យបងប្អូនយោគយល់ ហើយរួមគ្នាថែរក្សាឆ្នាំងបាយរួមរបស់យើង។ គឺប្រទេសយើងបានហូបទាំងអស់គ្នា។ វិនិយោគ ទេសចរណ៍មក ជាតិយើង បានដើរមុខមាត់ប្រជាជនយើង កុំឱ្យទៅណាក៏គេចំអក ឬមួយក៏គេនិយាយតែពីរឿងហ្នឹង។ យើងចាប់ផ្តើមសម្អាតរឿងហ្នឹងចោលទៅ។ យើងវេទនាហួសហេតុហើយ ៥០០ឆ្នាំនៃសង្គ្រាម ប្រល័យពូជសាសន៍ ប្រទេសបែកបាក់។ ឥឡូវចង់ស្អីទៀត? ឈឺចាប់ច្រើនហើយ។ ឈឺចាប់ដោយសារឈ្លានពានមួយ។ កុំឈឺចាប់ដោយសារខ្លួនឯង។ កុំឈឺចាប់ដោយសារជាតិខ្លួនឯង។ ធ្វើរឿងហ្នឹងបំផ្លាញកេរ្ដិ៍ឈ្មោះជាតិខ្លួនឯង។ រួមគ្នាថែរក្សាទៅ គ្មាននរណាមកជួយខ្មែរជាងខ្មែរទេ។ បរទេសមករកស៊ីនៅនេះ ធ្វើ Scam បានលុយ គេទៅស្រុកគេចប់ … គេមិនមែននៅជាមួយយើងទេ។ យើងទេដែលនៅ។ កន្លែងខ្លះយើងត្រូវការសម្អាតរាប់សិបឆ្នាំដើម្បីលាងឈ្មោះកន្លែងហ្នឹង ហៅទេសចរល្អមកវិញ ។ អាភក់ប្រឡាក់មួយភ្លែតទេ តែទម្រាំតែបោកឱ្យវាជ្រះដានយូរណាស់។ បើយើងមិនខំដុសលាងទេ ខំយកតែភក់មកទៀត ដុសមិនចេញទេ។
រឿងមួយនេះ គឺយើងត្រូវតែរួមគ្នាធ្វើការងារតទៅទៀត។ អ្នកប៉ះពាល់ សូមយោគយល់ តែយើងធ្វើដើម្បីប្រទេសជាតិ។ ខ្ញុំមិនមែនធ្វើដើម្បី ដេញពីនេះចូលពីនោះ។ មានអ្នកខ្លះគិតថា នាយករដ្ឋមន្ត្រីដេញ Scam អនឡាញ ដើម្បីទាញចូលល្បែងអនឡាញ ដើម្បីខ្លួនឯងបានលុយ ឱ្យអាជ្ញាប័ណ្ណ។ អត់លេងជាមួយទេ។ អត់មានត្រូវការលុយហ្នឹងទេ។ ខ្ញុំមានត្រូវការលុយស្អី? បើលុយនៅក្នុងកាបូបប្រជាជនគឺជារបស់ដែលមានទៅហើយ។ ធ្វើម៉េចឱ្យតែប្រជាជនយើងមានបានគឺជារបស់ដែលរដ្ឋាភិបាលមានហើយ។ គ្មានត្រូវការលុយពីចំណូល ពីវិស័យហ្នឹង ដែលធ្វើឱ្យបាត់លុយពីប្រជាជនទេ។ សុខចិត្តលុយចូលកាបូបប្រជាជន តាមសេដ្ឋកិច្ចល្អ កំណើនត្រឹមត្រូវ និងការកសាងភាពធន់ កាត់បន្ថយហានិភ័យ នៃការធ្វើវិនិយោគនៅកម្ពុជា លុបបំបាត់បទល្មើសឧក្រិដ្ឋកម្មឆ្លងដែន រួមទាំង Scam ការប្រឆាំងគ្រឿងញៀន ដែលយើងត្រូវវាយបន្តទៀត។
វិធានការគន្លឹះទី៤ គឺការ រក្សា ឃុំ-សង្កាត់ សុវត្ថិភាពនេះ ដែលមានក្រសួងមហាផ្ទៃជាតួអង្គដឹកនាំបន្តអនុវត្តធ្វើ។ កិច្ចការនេះ ក៏បានខិតខំ។ យើងក៏មានអាជ្ញាធរប្រឆាំងគ្រឿងញៀន។ យើងនៅបន្តធ្វើតទៅទៀត។ រឿងដោះស្រាយប្រព័ន្ធយុត្តិធម៌ មានក្រសួងយុត្តិធម៌ដឹកនាំ យន្តការដែលនាយករដ្ឋមន្ត្រីដឹកនាំ មានតែ ៣ទេ កែទម្រង់ មុខងារសាធារណៈ ដែលមានឧបនាយករដ្ឋមន្ត្រី មុខងារសាធារណៈ ជាអ្នកដឹកនាំប្រតិបត្តិ។ ខ្ញុំនៅពីលើ មើលផ្ទាល់។ កែទម្រង់អប់រំ ដែលមានក្រសួង និងគណៈកម្មាការអនុវត្តមួយ និងសុខាភិបាល ដែលមានរដ្ឋមន្ត្រីសុខាភិបាលប្រតិបត្តិ ដែលខ្ញុំនៅជាមួយ មិនមែនទៅធ្វើការជំនួសទេ ប៉ុន្តែវិធានការគន្លឹះដើម្បីធានាការតម្រង់ទិសខ្លះ និងទម្លាក់ទុនពិសេសខ្លះ ដើម្បីយើងធ្វើបន្ថែមឱ្យបានលឿន។ លុយក្រសួងមានហើយ ប៉ុន្តែដូចធ្វើមណ្ឌលសុខភាព ៦១ហ្នឹង នៅក្នុងផែនការក្រសួងអត់មានទេ។ ទាល់តែប្រើឆន្ទានុសិទ្ធិរបស់នាយករដ្ឋមន្ត្រី ទើបអាចយកលុយហ្នឹង យកមកចំណាយបន្ថែម។ អញ្ចឹងទាល់តែនៅជាមួយគ្នា។
អញ្ចឹង កិច្ចការអាទិភាពអាណត្តិនេះ មាន ៣ហ្នឹង មុខងារសាធារណៈ ដែលយើងចំណាយច្រើនទៅលើការការពង្រឹងរឿងប្រឡងស្អីនេះ។ មន្ត្រីឥឡូវ យើងប្រឡងជិត ២០ម៉ឺននាក់ យកតែប៉ុន្មានពាន់នាក់ទេ។ តែអត់មាន Complain ទេ ក្នុងសម័យ ហ្វេសប៊ុក (Facebook)។ តែហ៊ានធ្វើអត់មានយុត្តិធម៌ ត្រឹមត្រូវហ្នឹង ចេញមកពេញ ហ្វេសប៊ុក ហ្នឹងឥឡូវហើយ។ យើងធ្វើបានត្រឹមត្រូវ។ ធានាអ្នកជាប់គឺជាប់ដោយចេះ អ្នកធ្លាក់គឺដោយអស់ចិត្ត បានន័យថា អត់មានសង្ស័យទេ។ អត់មានសង្ស័យថា ខ្ញុំធ្វើបានល្អ(មិនជាប់)ទេ។ ត្រូវយកជាអភិក្រម។ ឥឡូវយើងពង្រឹងគុណាធិបតេយ្យក្នុងក្រសួងសាធារណៈទៀត។ ប្រាក់ឧបត្ថម្ភលើកទឹកចិត្តទៅលើសមិទ្ធកម្ម។ ម្សិលមិញ ជួបឯកឧត្តម ប៉ែន បូណា។ យើងឱ្យអ្នកណាធ្វើស្អីៗ មាន KPI ដើម្បីឧបត្ថម្ភមន្ត្រីហ្នឹង។ មុខងារគោលនយោបាយដែលកន្លងទៅអ្នកខ្លះអត់ធ្វើ ឧទាហរណ៍ ក្រសួងស្ថាប័នមួយ កន្លែងខ្លះមានគម្រោង កន្លែងហ្នឹង សកម្មទៅ គេចង់តែនៅ ទៅកន្លែងខ្លះទៀត ត្រឹមតែសរសេរ។ អញ្ចឹង យើងគិតថា ឥឡូវមុខងារហ្នឹងសំខាន់ ត្រូវមានគោលការណ៍ឧបត្ថម្ភឱ្យគាត់។
ត្រូវធានាការតែងតាំង ចាត់តាំងផ្ទៃក្នុងក្រសួង។ ខ្ញុំបានណែនាំត្រូវធ្វើឱ្យចំគោលដៅគុណាធិបតេយ្យ ពិនិត្យលទ្ធភាពឱ្យចំគោលដៅ ការរើសមន្ត្រីថ្មី ត្រូវប្រឡង មាននិយាមច្បាស់លាស់។ ឥឡូវ ប្រឡងយកមន្ត្រីនៅខាងវិទ្យាស្ថានជាតិស្ថិតិ ត្រូវយកអ្នកចេះអី ជំនាញស្អី ហើយប្រឡងស្អី ឱ្យច្បាស់ មិនមែនយកជំនាញវិស្វករសំណង់ យកទៅធ្វើស្ថិតិទេ។ គាត់អាចរៀនខ្លះ ប៉ុន្តែរើសអ្នកខាងស្ថិតិតែម្តង។ ឧទាហរណ៍ ប្រឡងគយ ពន្ធដារ ត្រូវតែចេះ Account ឬមួយស្អី ដែលចំគោលដៅ។ យើងយកឱ្យចំជំនាញ។ អ្នកដែលអត់ចេះ ដែលមានស្រាប់ បណ្តុះបណ្តាលឱ្យចំទៅ ជាជាងស្នើសុំមន្ត្រីថ្មី។ មន្ត្រីដែលមានស្រាប់ បណ្តុះគាត់ថែគាត់ជំរុញគាត់ឱ្យទៅ ឱ្យបានប្រសិទ្ធភាព ជាជាងមាន ១០នាក់ មានតែ ៥នាក់ទេ ធ្វើការបាន ឯ ៥នាក់ទៀត គាត់អត់ទៅរួច។ សុំបន្ថែម ៥ទៀត … ត្រូវបង្រៀនគាត់ឱ្យចេះធ្វើការ។
រក្សាឱ្យនៅ គឺមន្ត្រីមូលដ្ឋានត្រូវធានាមានមន្ត្រី។ ការិយាល័យស្រុកខ្លះ កន្លែងខ្លះ អត់មានមនុស្សទេ ព្រោះកន្លែងខ្លះបំពេញបាន ១ឆ្នាំ ២ឆ្នាំ គាត់សុំផ្ទេរ។ ថ្ងៃមុន ខ្ញុំទៅកំបូល ជាយក្រុងភ្នំពេញហ្នឹង ក៏គាត់ថា ពិបាករកគ្រូដែរ ប្រៀបធៀបជាមួយភ្នំពេញកណ្តាល(ក្រុង)។ អញ្ចឹង ថ្ងៃក្រោយ កន្លែងហ្នឹងខ្វះប៉ុន្មាន យើងបង្កើតមន្ត្រីក្របខ័ណ្ឌ កិច្ចសន្យាការងារ ឱ្យប្រាក់ខែ អត្ថប្រយោជន៍ដូចគ្រូអាជីពទាំងអស់ តែទាល់តែគាត់ទៅបង្រៀនហ្នឹងបានៗ ក្របខ័ណ្ឌហ្នឹង អត្ថប្រយោជន៍ហ្នឹង។ អញ្ចឹង យើងលែងបារម្ភរឿង លើសមន្ត្រីទៀតហើយ។ គរកន្លែងមួយ អីមួយទៀតហើយ។ យើងដាក់ទិសដៅពីដើមអាណត្តិដែលយើងបានធ្វើ។ (យើង)កំពុងតែធ្វើការសាកល្បង តែយើងបានធ្វើដើម្បីអី? ដើម្បីធានានូវគុណាធិបតេយ្យជូនមន្ត្រី។ យើងត្រូវគិតពីយុត្តិធម៌ឱ្យគាត់ដែរ។ បើយកមកច្រើន គរជើងគ្នា អត់មានកន្លែងធ្វើការ កន្លែងអង្គុយអត់មាន យកធ្វើអី? នេះជារឿងកែទម្រង់ ដែលយើងបានធ្វើ រឿងដែលខ្ញុំសូមលើកពេលនេះ រៀងយូរតិចចុះ។ ឥឡូវទើបប៉ុន្មាន? ម៉ោង ងាប់ហើយអី? ម៉ោងទើប ៨ កន្លះ។ ឈប់និយាយហើយ។ យូរៗ ជួបម្តង ចង់បង្ហាញតែប៉ុណ្ណឹងទេ សុទ្ធតែពាក់ព័ន្ធ។ ថ្ងៃនេះ សុំប៉ុណ្ណឹងចុះ អត់តទៀតទេ …។
[បញ្ចប់សេចក្ដីអធិប្បាយ ៤]
ឥឡូវ អរគុណចុងក្រោយនេះ គឺ សូមជូនពរ អរគុណសារជាថ្មី ដល់មន្ត្រី ក្រសួងសុខាភិបាល មន្ទីរសុខាភិបាល ក្នុងវិស័យសុខាភិបាលទាំងអស់ បុគ្គលិកសុខាភិបាល ទូទាំងប្រទេស ដែលបានខិតខំ យកចិត្តទុកដាក់ ក្នុងការបំពេញភារកិច្ចរបស់ខ្លួន ក៏ដូចជា មន្ត្រីគ្រប់ ជំនាញទាំងអស់ សូមបន្តខិតខំ យកចិត្តទុកដាក់ ហើយ បម្រើប្រជាពលរដ្ឋតទៅទៀត ហើយជាចុងបញ្ចប់នេះ គឺសូមជូនពរ ជាមួយនឹងការ ប្រើ ដាក់ឱ្យប្រើប្រាស់ជាផ្លូវការ មន្ទីរពេទ្យលួងម៉ែ ខ្ញុំសូមជូនពរ ឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិក សមាជិកា នៃអង្គពិធី សូមប្រកបដោយ ពុទ្ធពរ ទាំង ៥ ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ និង បដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ។ តែជូនពរហើយ ចប់ហើយ។ ក្នុងឱកាសនេះដែរ សូម សម្រាប់និស្សិត សកលវិទ្យាល័យ វិទ្យាសាស្ត្រ សុខាភិបាល ចំនួន ៥០០ នាក់ ម្នាក់ៗ ថវិកា ២ ម៉ឺនរៀល ។ បុគ្គលិក មានកក់ហាងនៅ? ឮកក់គេម៉ោង ១០ កន្លះ នោះ។ ជូនបុគ្គលិក គ្រូពេទ្យ មន្ទីរពេទ្យលួងម៉ែ ៤៧១ នាក់ ម្នាក់ៗ ថវិកា ២០ ម៉ឺនរៀល។ ប្អូនៗ បបួល គ្រូពេទ្យ ជប់លៀងជាមួយគ្នា គាត់មានថវិកាច្រើន។ ជូនស្រ្តីមានផ្ទៃពោះ បម្រើការក្នុងពេទ្យ ១២ នាក់ ថែមម្នាក់ ថវិកា ១ លានរៀល បានហើយ ។អ្នកជំងឺកំពុងសម្រាកព្យាបាល ក្នុងមន្ទីរពេទ្យ ១២៥ នាក់ ម្នាក់ៗ ថវិកា ២០ ម៉ឺនរៀល ហើយជូនមន្ទីរពេទ្យលួងម៉ែ ថវិកា ២០ លាន ហើយសាលាខណ្ឌដង្កោ ថវិកា ២ លានរៀល។ សូមអរគុណ៕


