- ឯកឧត្តម ស៊ីយ៉េដ យូសាហ្វ រ៉ាសា ហ្គីឡានី (Syed Yusuf Raza Gillani) ប្រធានព្រឹទ្ធសភា នៃសាធារណរដ្ឋឥស្លាមប៉ាគីស្ថាន;
- សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា;
- សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា;
- ឯកឧត្តម អគ្គលេខាធិការ នៃសន្និសីទប្រធានសភានៃអន្តរសភា;
- ឯកឧត្តម លោកជំទាវ ប្រធានអង្គនីតិប្បញ្ញត្តិ;
- ឯកឧត្តម លោកជំទាវ លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ ជាទីមេត្រី!
ខ្ញុំមានកិត្តិយសក្រៃលែង ដែលបានចូលរួមថ្លែងសុន្ទរកថា នៅក្នុងកិច្ចប្រជុំដ៏ឧត្តុង្គឧត្តមក្នុងឱកាសនៃពិធីបើក «សន្និសីទប្រធានសភានៃអន្តរសភា លើកទី២» (ISC-2) នៅរាជធានីភ្នំពេញ ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា, ខ្ញុំសូមសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅបំផុត ជូនចំពោះ ឯកឧត្តម, លោកជំទាវ ប្រធានសភា, ប្រធានគណៈប្រតិភូ, សមាជិក-សមាជិកាសភា និងតំណាងស្ថាប័នអន្តរជាតិទាំងអស់។ វត្តមានរបស់ ឯកឧត្តម, លោកជំទាវ, លោក, លោកស្រី នៅរាជធានីភ្នំពេញក្នុងថ្ងៃនេះ ជាសក្ខីភាពនៃការប្តេជ្ញាចិត្តរួមគ្នារបស់យើងចំពោះកិច្ចសន្ទនាដ៏មានអត្ថន័យ, កិច្ចសហប្រតិបត្តិការស្ថាប័ន, សន្តិភាពប្រកបដោយចីរភាព,និងវិបុលភាពរួម ក្នុងយុគសម័យនៃភាពមិនប្រាកដប្រជាសកលដ៏ជ្រាលជ្រៅ។
ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះ ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែនដែលបានរៀបចំសន្និសីទដ៏មានសារៈសំខាន់នេះឡើង និងបានប្រមូលផ្តុំថ្នាក់ដឹកនាំនីតិប្បញ្ញត្តិមកពីប្រព័ន្ធនយោបាយ និងទ្វីបចម្រុះគ្នាមកកាន់ទីនេះ។
ដោយ សម្តេចតេជោ ហ៊ុន សែន នឹងថ្លែងលម្អិតអំពីភូមិសាស្ត្រនយោបាយសកល និងសភាពការណ៍អន្តរជាតិដ៏ស្មុគស្មាញ, ព្រមទាំងតួនាទីការទូតសភា ក្នុងការថែរក្សាកិច្ចសន្ទនា និងទំនុកចិត្ត, ខ្ញុំសូមអនុញ្ញាត លើកយកទិដ្ឋភាពមួយផ្សេងទៀត ដែលជាការបំពេញបន្ថែមដល់មូលបទរួមរបស់យើង នោះគឺសកម្មភាពរបស់រាជរដ្ឋាភិបាលកម្ពុជា និងការកសាងជាក់ស្តែងនៃសន្តិភាពរបស់ប្រជាជាតិនីមួយៗ។
សន្តិភាព គឺជាបុរេលក្ខខណ្ឌសម្រាប់ការអភិវឌ្ឍ និងភាពរីចម្រើន។ សន្តិភាពចាំបាច់ត្រូវទទួលបានការការពារនៅលើឆាកអន្តរជាតិ និងដោយច្បាប់ ហើយត្រូវធានាឱ្យមានចីរភាពតាមរយៈស្ថាប័នដែលមានភាពធន់រឹងមាំ។ ជាងនេះទៅទៀត, សន្តិភាពក៏ចាំបាច់ត្រូវប្រែក្លាយជាវិបុលភាពរួម និងការរីកចម្រើនជាក់ស្តែងនៃជីវភាពរស់នៅរបស់ប្រជាជន។
សម្រាប់កម្ពុជា, ទស្សនៈនេះកើតចេញពីប្រវត្តិសាស្ត្ររបស់យើងផ្ទាល់ ដែលយើងបានឆ្លងកាត់នូវបទពិសោធពីសង្គ្រាមទៅសន្តិភាព, ពីសន្តិភាពទៅការអភិវឌ្ឍ, ហើយជាពិសេសថ្មីៗនេះ គឺពីការរំលឹកដ៏ឈឺចាប់មួយថា ទោះបីជាសន្តិភាពត្រូវបានរក្សាឱ្យមានស្ថិរភាពយូរយ៉ាងណាក៏ដោយ ក៏យើងមិនអាចមើលស្រាលតម្លៃនៃសន្តិភាពបានឡើយ។
សម្តេច, ឯកឧត្តម, លោកជំទាវ, សមាជិក-សមាជិកានៃស្ថាប័ននីតិប្បញ្ញត្តិ និងភ្ញៀវកិត្តិយសទាំងអស់!
ប្រវត្តិសាស្ត្រដ៏ឈឺចាប់ និងការរស់រានមានជីវិតឡើងវិញដ៏គួរឱ្យស្ញប់ស្ញែងរបស់ប្រជាជាតិកម្ពុជា បានផ្តល់នូវសច្ចភាពជាមូលដ្ឋាន និងជាសកលមួយ គឺ៖ សន្តិភាពជាដើមទុនដ៏មានតម្លៃបំផុតរបស់ប្រទេសជាតិ។ សន្តិភាពគឺជាមូលដ្ឋានគ្រឹះដែលមិនអាចខ្វះបាន សម្រាប់ការកសាងសេចក្តីថ្លៃថ្នូររបស់មនុស្ស ការលើកកម្ពស់យុត្តិធម៌សង្គម ស្ថិរភាពស្ថាប័ន និងការរីកចម្រើនប្រកបដោយចីរភាព។
សម្រាប់កម្ពុជា សន្តិភាពដែលរកបានមកយ៉ាងលំបាកលំបិន គឺសម្រេចបានតាមរយៈនយោបាយឈ្នះ-ឈ្នះ ជាប្រវត្តិសាស្ត្ររបស់ សម្តេចតេជោ ហ៊ុន សែន ក្នុងឆ្នាំ១៩៩៨ដែលបានបញ្ចប់នូវជម្លោះសោកនាដកម្ម និងការបែកបាក់ជាតិអស់រយៈពេលជាច្រើនទសវត្សរ៍។ ភាគលាភនៃសន្តិភាព បានបង្កើតនូវលក្ខខណ្ឌសម្រាប់ការស្តារប្រទេសឡើងវិញ, ការកាត់បន្ថយភាពក្រីក្រ, ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ, និងការធ្វើសមាហរណកម្មកាន់តែស៊ីជម្រៅទៅក្នុងទីផ្សារតំបន់ និងសកលលោក។ សន្តិភាពបានអនុញ្ញាតឱ្យសង្គមរបស់យើងអាច
វិនិយោគលើវិស័យសុខាភិបាល, ផ្តល់ភាពអង់អាចដល់យុវជនតាមរយៈការអប់រំ និងប្រែក្លាយប្រជាជាតិនេះ ទៅជាតួអង្គដែលចូលរួមយ៉ាងសកម្ម និងប្រកបដោយការទទួលខុសត្រូវខ្ពស់ ក្នុងកិច្ចការអន្តរជាតិ។
ប៉ុន្តែនៅក្នុងឆ្នាំ២០២៥, បន្ទាប់ពីទទួលបានសន្តិភាពពេញលេញដោយគ្មានការរំខានរយៈពេល ២៦ឆ្នាំ, ដែលជាវដ្តនៃសន្តិភាពដ៏យូរអង្វែងបំផុត មិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រជាង ៥០០ឆ្នាំ របស់ប្រជាជាតិយើង, សង្រ្គាមបានវិលត្រឡប់មកវិញ នៅតាមបណ្តោយព្រំដែនដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិរបស់យើងជាមួយប្រទេសថៃ ដោយបានគំរាមកំហែងដល់អធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា។ អាយុជីវិត និងជីវភាពរស់នៅត្រូវបានបាត់បង់ ក្រុមគ្រួសារជាច្រើនត្រូវបានផ្លាស់ទីលំនៅ ហើយការអភិវឌ្ឍនៅមូលដ្ឋានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ។
បទឈប់បាញ់ ត្រូវបានចុះហត្ថលេខានៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ប៉ុន្តែស្ថានភាពនៅលើដីជាក់ស្តែង នៅតែមានភាពផុយស្រួយ ដោយហេតុថា កំលាំងយោធារាប់ពាន់នាក់កំពុងបន្តប្រឈមមុខដាក់គ្នា នៅតាមបណ្តោយព្រំដែន និងវិធានការបន្ថយភាពតានតឹងនៅមិនទាន់មាននៅឡើយ។ បញ្ហាជាសារវ័ន្តនោះគឺ អធិបតេយ្យភាព និងបូរណភាពទឹកដីស្របតាមច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងដែលមានស្រាប់ នៅមិនទាន់បានដោះស្រាយបាននៅឡើយ។
ទោះបីជាភាគីទាំងពីរបានឯកភាពគ្នា ក្រោមកិច្ចព្រមព្រៀងទីក្រុងគូឡាឡាំពួរ (KL Accords) ចុះថ្ងៃទី២៦ ខែតុលា និងសេចក្តីប្រកាសរួម ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ដើម្បីអនុញ្ញាតឱ្យគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) ចាប់ផ្តើមការងារខណ្ឌសីមា និងបោះបង្គោលព្រំដែនឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ដើម្បីកំណត់ខ្សែបន្ទាត់ព្រំដែនឱ្យបានច្បាស់លាស់រវាងប្រទេសទាំងពីរ សំដៅទប់ស្កាត់វិវាទនាពេលអនាគត និងជាការបើកផ្លូវឱ្យប្រជាពលរដ្ឋភៀសសឹកអាចត្រឡប់ទៅកាន់លំនៅឋានរបស់ពួកគេវិញប្រកបដោយសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរក្ដី, ក៏គណៈកម្មការនេះនៅមិនទាន់បានអនុវត្តការងារទាំងនេះទេ។ ជាក់ស្តែង, ប្រជាពលរដ្ឋខ្មែរភៀសសឹកជាង ២ ម៉ឺននាក់ នៅមិនទាន់អាចត្រឡប់ទៅកាន់លំនៅឋានរបស់ខ្លួនវិញបាននៅឡើយ។
លើសពីនេះ, កងទ័ពថៃនៅតែបន្តកាន់កាប់ទីតាំងជាច្រើនចូលមកក្នុងទឹកដីកម្ពុជាហើយទាំងហួសពីខ្សែបន្ទាត់ព្រំដែនដែលខ្លួនបានទាមទារជាឯកតោភាគីថែមទៀត។ សកម្មភាពរបស់យោធាថៃ ដែលព្យាយាមបង្កើតនូវអង្គហេតុសម្រេចលើទីតាំងជាក់ស្ដែង (fait accompli) ក្នុងតំបន់ដែលខ្លួនកំពុងគ្រប់គ្រង ដូចជាការរាយលួសបន្លា, ការដាក់ទូកុងតឺន័រ និងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធស៊ីវិល និងយោធា ព្រមទាំងការចេញប័ណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋថៃ មុនពេលកិច្ចការខណ្ឌសីមា និងបោះបង្គោលព្រំដែនត្រូវបានបញ្ចប់ គឺជា
ក្តីព្រួយបារម្ភមួយយ៉ាងក្រៃលែង។
ទោះបីជាប្រឈមនឹងបញ្ហាទាំងនេះក្ដី, កម្ពុជានៅតែប្រកាន់ខ្ជាប់ជានិច្ចនូវជំហរដោះស្រាយវិវាទដោយសន្តិវិធី ដោយផ្អែកលើច្បាប់អន្តរជាតិ។ សេចក្តីសម្រេចកាលពីពេលថ្មីៗនេះរបស់កម្ពុជា ក្នុងការផ្តួចផ្តើមយន្តការផ្សះផ្សាដោយបង្ខំ (Compulsory Reconciliation) ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) ដើម្បីដោះស្រាយបញ្ហាព្រំដែនសមុទ្រជាមួយប្រទេសថៃ គឺជាសក្ខីភាពបញ្ជាក់យ៉ាងច្បាស់អំពីបំណងប្រាថ្នាដ៏ស្មោះត្រង់របស់យើង ក្នុងការស្វែងរកដំណោះស្រាយមួយប្រកបដោយយុត្តិធម៌ និងយូរអង្វែង ដែលឈរលើមូលដ្ឋានច្បាប់អន្តរជាតិយ៉ាងរឹងមាំ។
ដំណោះស្រាយដោយសន្តិវិធី គឺជាផលប្រយោជន៍រួមរបស់ប្រទេសទាំងពីរ ហើយនឹងរួមចំណែកដល់សន្តិភាព និងស្ថិរភាពនៅក្នុងតំបន់។ ដំណោះស្រាយនេះនឹងការពារអធិបតេយ្យភាព, ពង្រឹងទំនុកចិត្ត, អភិវឌ្ឍធនធានថាមពល, គាំទ្រការអភិវឌ្ឍ និងបង្កើតកាលានុវត្តភាពការងារថ្មីៗ មិនត្រឹមតែនៅពេលបច្ចុប្បន្នប៉ុណ្ណោះទេ ប៉ុន្តែក៏សម្រាប់មនុស្សជំនាន់ក្រោយរបស់កម្ពុជា និងថៃផងដែរ។
ជម្លោះព្រំដែនរវាងប្រទេសកម្ពុជា និងប្រទេសថៃ មិនមែនត្រឹមតែជាបញ្ហាទ្វេភាគីនោះទេ ប៉ុន្តែក៏ជាការព្រួយបារម្ភសកលផងដែរ ជុំវិញការគោរពច្បាប់អន្តរជាតិ, ធម្មនុញ្ញអង្គការសហប្រជាជាតិ រួមមានគោលការណ៍មិនរំលោភបំពានព្រំដែន, និងធម្មនុញ្ញអាស៊ាន។
ក្នុងស្មារតីនេះ, កម្ពុជាសូមកោតសរសើរ និងថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះការគាំទ្ររបស់សហគមន៍អន្តរជាតិ រួមទាំងប្រទេសជាសមាជិកអាស៊ាន ចំពោះបទឈប់បាញ់និងការដោះស្រាយជម្លោះដោយសន្តិវិធីរវាងកម្ពុជា និងថៃ ស្របតាមច្បាប់អន្តរជាតិ និងគោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិ និងអាស៊ាន។ កម្ពុជាសង្ឃឹមយ៉ាងមុតមាំចំពោះការយកចិត្តទុកដាក់ និងការគាំទ្របន្តទៀតពីសំណាក់សហគមន៍អន្តរជាតិ។
ជារួម, ច្បាប់មិនអាចការពារសន្តិភាពបានទេ ប្រសិនបើរដ្ឋណាមួយត្រូវបានទុកចោលឱ្យនៅឯកោ នៅពេលដែលវិធានច្បាប់ត្រូវបានបំពាន។ ចំណុចនេះហើយដែលសាមគ្គីភាព ឆ្លុះបញ្ចាំងនូវអត្ថន័យពេញលេញរបស់ខ្លួន។ សាមគ្គីភាពមានន័យថាជាការការពារគោលការណ៍តែមួយសម្រាប់ប្រជាជាតិទាំងអស់, ការគាំទ្រការអនុវត្តកិច្ចព្រមព្រៀង, ការការពារប្រជាជនស៊ីវិល, និងការរក្សាកិច្ចសន្ទនា នៅក្នុងពេលដែលទំនាក់ទំនងប្រឈមនឹងភាពតានតឹង។ សាមគ្គីភាព មិនត្រូវមានត្រឹមតែនៅលើសេចក្តីថ្លែងការណ៍ប៉ុណ្ណោះទេ ប៉ុន្តែត្រូវប្រែក្លាយទៅជាកិច្ចសហប្រតិបត្តិការជាក់ស្តែង។
សម្តេច ឯកឧត្តម លោកជំទាវ សមាជិក សមាជិកានៃស្ថាប័ននីតិប្បញ្ញត្តិ និងភ្ញៀវកិត្តិយសទាំងអស់!
បទពិសោធនាពេលថ្មីៗនេះរបស់យើង បានបង្រៀនយើងនូវមេរៀនមួយផ្សេងទៀត។ ការការពារសន្តិភាពនៅតាមព្រំដែន នៅមិនទាន់គ្រប់គ្រាន់នោះទេ។ ប្រទេសមួយក៏ត្រូវតែមានភាពរឹងមាំផងដែរ ដើម្បីទប់ទល់នឹងផលប៉ះទង្គិចផ្នែកសេដ្ឋកិច្ច, សង្គម, និងស្ថាប័ន ដែលបណ្តាលមកពីជម្លោះ និងអស្ថិរភាពសកល។
សម្រាប់ប្រទេសកម្ពុជា, នេះហើយគឺជាអត្ថន័យនៃ «ភាពធន់» ពោលគឺ ជាសមត្ថភាពរបស់ប្រជាជាតិមួយ ក្នុងការស្រូបយកនូវផលប៉ះទង្គិចនានា ដោយមិនបាត់បង់នូវរាល់សមិទ្ធផលដែលខ្លួនបានកសាង តាមរយៈសន្តិភាពអស់រយៈពេលជាច្រើនទសវត្សរ៍មកនេះ។
ទោះបីជាប្រឈមនឹងសម្ពាធពីខាងក្រៅយ៉ាងធ្ងន់ធ្ងរក៏ដោយ, កម្ពុជានៅតែបន្តរក្សាបាននូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ព្រមទាំងបានជំរុញល្បឿននៃការធ្វើពិពិធកម្មសេដ្ឋកិច្ច, ការពង្រឹងផលិតកម្មក្នុងស្រុក, និងការវិនិយោគលើវិស័យឡូជីស្ទីក, សន្តិសុខថាមពល និងការតភ្ជាប់នានា។
គោលបំណងរបស់យើងគឺច្បាស់លាស់៖ កំណើនត្រូវតែរួមចំណែកពង្រឹងភាពធន់របស់ជាតិ ហើយកាលានុវត្តភាពនេះត្រូវតែគ្របដណ្តប់ទៅដល់ទាំងតំបន់ទីប្រជុំជន និងសហគមន៍ជនបទ។
ភាពធន់ក៏អាស្រ័យលើស្ថាប័នដែលមានប្រសិទ្ធភាព និងទំនុកចិត្តពីប្រជាពលរដ្ឋផងដែរ។ ដូច្នេះ, កម្ពុជាកំពុងធ្វើទំនើបកម្មរដ្ឋបាលសាធារណៈ និងប្រើប្រាស់បរិវត្តកម្មឌីជីថល ដើម្បីធ្វើឱ្យសេវាសាធារណៈកាន់តែមានប្រសិទ្ធភាព, តម្លាភាព និងងាយស្រួលទទួលបាន។
ទោះជាយ៉ាងណាក៏ដោយ, កម្លាំងចម្បងបំផុតរបស់ប្រទេសមួយ គឺស្ថិតទៅលើប្រជាជនរបស់ខ្លួន។ ដូច្នេះ, រាជរដ្ឋាភិបាលកំពុងវិនិយោគយ៉ាងសកម្មទៅលើការអប់រំ, ការបណ្តុះបណ្តាលបច្ចេកទេស និងជំនាញវិជ្ជាជីវៈ, ការថែទាំសុខភាព, និងជំនាញឌីជីថល ដើម្បីឱ្យយុវជនរបស់យើងអាចសម្របខ្លួន, បង្កើតថ្មី, ប្រកួតប្រជែង, និងប្រឈមមុខនឹងអនាគតដោយភាពជឿជាក់។
សង្គមដែលមានភាពធន់ ក៏ត្រូវតែការពារដល់ក្រុមជនងាយរងគ្រោះ ដែលងាយរងនូវផលប៉ះទង្គិចនានាផងដែរ។ ជាការឆ្លើយតប, កម្ពុជាបានពង្រីកការគ្របដណ្តប់នៃប្រព័ន្ធគាំពារសង្គមពីប្រជាពលរដ្ឋចំនួន ៣,៣ លាននាក់ ក្នុងឆ្នាំ២០១៧ កើនដល់ប្រមាណ ៨,៥ លាននាក់ ក្នុងឆ្នាំ២០២៦។ ការគាំពារនេះ ជួយថែរក្សាសេចក្តីថ្លៃថ្នូររបស់ពួកគេ និងជួយទប់ស្កាត់កុំឱ្យការប៉ះទង្គិចផ្នែកសេដ្ឋកិច្ចវិវឌ្ឍទៅជាវិបត្តិសង្គម។ គោលការណ៍ដូចគ្នានេះ ក៏ត្រូវបានអនុវត្តចំពោះភាពធន់ទៅនឹងអាកាសធាតុផងដែរ។ ប្រទេសកំពុងអភិវឌ្ឍ ត្រូវការការទទួលបានដោយយុត្តិធម៌នូវហិរញ្ញប្បទានអាកាសធាតុ, បច្ចេកវិទ្យា, និងសមត្ថភាពស្ថាប័ន ដើម្បីការពារប្រជាជនរបស់ពួកគេ ស្របពេលដែលពួកគេកំពុងបន្តស្វែងរកអន្តរកាលបៃតងប្រកបដោយយុត្តិធម៌។ ជាថ្មីម្តងទៀត, សាមគ្គីភាពត្រូវតែប្រែក្លាយទៅជាការអនុវត្តជាក់ស្តែង។
ទោះជាយ៉ាងណាក្តី, ភាពធន់ មិនមែនជាគោលដៅចុងក្រោយនោះទេ។ គោលបំណងរបស់ភាពធន់ គឺដើម្បីការពារប្រជាជន, រក្សាកាលានុវត្តភាព, និងធានាថាផលប្រយោជន៍នៃសន្តិភាព និងការអភិវឌ្ឍ អាចសាយភាយទៅដល់សង្គមទាំងមូល។ ចំណុចនេះ នាំយើងឆ្ពោះទៅរក «វិបុលភាពរួម»។
សម្តេច ឯកឧត្តម លោកជំទាវ សមាជិក សមាជិកានៃស្ថាប័ននីតិប្បញ្ញត្តិ និងភ្ញៀវកិត្តិយសទាំងអស់!
នៅក្នុងនីតិកាលទី៧ នៃរដ្ឋសភា, រាជរដ្ឋាភិបាលបានដាក់ចេញនូវ «យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១» ដែលជាផែនទីបង្ហាញផ្លូវ ដើម្បីតម្រង់ទិសការប្រែក្លាយកម្ពុជាឆ្ពោះទៅការសម្រេចបាននូវចក្ខុវិស័យឆ្នាំ២០៥០។
គោលបំណងនៃយុទ្ធសាស្ត្រនេះ មានវិសាលភាពលើសពីត្រឹមតែតួលេខស្ថិតិសេដ្ឋកិច្ចសំខាន់ៗទៅទៀត។ កំណើនសេដ្ឋកិច្ច មិនមែនជាគោលដៅចុងក្រោយនោះទេ។ កំណើននេះត្រូវតែបង្កើតការងារ និងប្រាក់ចំណូល, អភិវឌ្ឍជំនាញ, លើកកម្ពស់ការទទួលបានសេវាចាំបាច់នានា, ពង្រីកចល័តភាពសង្គម, និងផ្តល់ទំនុកចិត្តដល់ប្រជាពលរដ្ឋចំពោះអនាគតរបស់ពួកគេ។
សន្តិភាពបានផ្តល់លំហដល់រដ្ឋាភិបាល សម្រាប់ការវិនិយោគ និងការអភិវឌ្ឍ។ ប៉ុន្តែដើម្បីឱ្យសន្តិភាពអាចចាក់ឫសយ៉ាងរឹងមាំ, ផលប្រយោជន៍នៃសន្តិភាពត្រូវតែស្តែងចេញឱ្យឃើញនៅក្នុងជីវិតប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ តាមរយៈផ្លូវថ្នល់ដែលតភ្ជាប់សហគមន៍, សាលារៀនដែលបើកឱកាសសម្រាប់យុវជន, សេវាសុខាភិបាលដែលការពារគ្រួសារ, ប្រព័ន្ធគាំពារសង្គមដែលការពារសេចក្ដីថ្លៃថ្នូរ, និងការងារដែលអនុញ្ញាតឱ្យប្រជាពលរដ្ឋអាចកសាងអនាគតបាន។
សង្គមមួយដែលប្រជាពលរដ្ឋមួយផ្នែកធំមានអារម្មណ៍ថាត្រូវបានគេទុកចោល នឹងងាយរងគ្រោះបំផុតនៅក្នុងគ្រាមានវិបត្តិ។ ផ្ទុយទៅវិញ, បរិយាបន្ន, ឱកាស, ការការពារជនងាយរងគ្រោះ, និងចល័តភាពសង្គម នឹងជួយពង្រឹងការរួបរួមរបស់ជាតិ។ ដូច្នេះ វិបុលភាពរួមមិនមែនត្រឹមតែជាគោលដៅសេដ្ឋកិច្ចប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាលក្ខខណ្ឌចម្បងមួយ នៃស្ថិរភាពជាតិ និងសន្តិភាពយូរអង្វែង។
វដ្តនេះគឺមានភាពច្បាស់លាស់ណាស់៖ សន្តិភាព ធ្វើឱ្យការអភិវឌ្ឍអាចសម្រេចទៅបាន, ភាពធន់ ជួយការពារនូវរាល់សមិទ្ធផលដែលសម្រេចបាន, វិបុលភាពរួម ពង្រឹងភាពស្អិតរមួតក្នុងសង្គម, ហើយភាពស្អិតរមួតក្នុងសង្គមកាន់តែរឹងមាំ នឹងធ្វើឱ្យសន្តិភាពកាន់តែមានស្ថិតស្ថេរយូរអង្វែង។
ការទទួលខុសត្រូវរួមនេះ មិនអាចអនុវត្តដោយរដ្ឋាភិបាលតែម្នាក់ឯងបានឡើយ។ រដ្ឋាភិបាល និងសភា មានការទទួលខុសត្រូវរៀងៗខ្លួនអាស្រ័យតាមរដ្ឋធម្មនុញ្ញដែលបានចែង ប៉ុន្តែស្ថាប័នទាំងពីរមានគោលដៅរួមមួយគឺ៖ បម្រើប្រជាជន ថែរក្សាសន្តិភាព និងបង្កើតលក្ខខណ្ឌសម្រាប់វិបុលភាពយូរអង្វែង។ នៅពេលដែលច្រកការទូតផ្លូវការប្រឈមមុខនឹងភាពតានតឹង, កិច្ចសន្ទនាសភាក៏អាចជួយថែរក្សាការទំនាក់ទំនង និងកសាងទំនុកចិត្តឡើងវិញបានផងដែរ។
កម្ពុជា ដែលធ្លាប់ជាអ្នកទទួលផលពីកិច្ចខិតខំប្រឹងប្រែងរបស់អន្តរជាតិ ក្នុងការស្តារសន្តិភាពឡើងវិញ ពេលនេះបានក្លាយជាអ្នកចូលរួមចំណែកក្នុងការផ្តល់នូវផលប្រយោជន៍សាធារណៈអន្តរជាតិ។ តាមរយៈការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ, ការបោសសម្អាតមីនមនុស្សធម៌, ការចូលរួមលើសន្តិសុខស្បៀងក្នុងតំបន់, និងកិច្ចសហប្រតិបត្តិការអន្តរជាតិ យើងបានចែករំលែកជាមួយបណ្តាប្រទេសដទៃទៀត នូវបទពិសោធ, ជំនាញ និងការទទួលខុសត្រូវ ដែលកើតចេញពីប្រវត្តិសាស្ត្រផ្ទាល់របស់ខ្លួន។
សម្តេច ឯកឧត្តម លោកជំទាវ សមាជិក សមាជិកានៃស្ថាប័ននីតិប្បញ្ញត្តិ និងភ្ញៀវកិត្តិយសទាំងអស់!
ដំណើររបស់កម្ពុជា បានពាំនាំនូវសារដ៏សាមញ្ញ ប៉ុន្តែមានអត្ថន័យជ្រាលជ្រៅមួយគឺ៖
សន្តិភាព ផ្តល់ឱ្យយើងនូវឱកាសក្នុងការកសាងប្រទេសជាតិឡើងវិញ។
ភាពធន់ អនុញ្ញាតឱ្យយើងការពារបាននូវសមិទ្ធផលដែលយើងបានកសាង។
វិបុលភាពរួម ផ្តល់ឱ្យប្រជាជនរបស់យើងនូវចំណែកមួយ ក្នុងការថែរក្សាសន្តិភាពសម្រាប់មនុស្សជំនាន់ក្រោយ។
ខ្ញុំសូមជូនពរឱ្យសន្និសីទនេះ ទទួលបានជោគជ័យយ៉ាងត្រចះត្រចង់។
សូមអរគុណ!


