ប្រវត្តិរូបសង្ខេប

លោកជំទាវ បណ្ឌិត ពេជ ចន្ទមុន្នី

ជំទាវទីមួយនៃព្រះរាជាណាចក្រកម្ពុជា

 

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជំទាវទីមួយរបស់ប្រទេសកម្ពុជា (កើតនៅថ្ងៃទី២២ ខែមករា ឆ្នាំ១៩៨០) គឺជាអ្នកជំនាញការផ្នែកមនុស្សធម៌ និងសេវាកម្មសង្គមដ៏មានប្រជាប្រិយភាពមួយរូប ដែលត្រូវបានគេស្គាល់តាមរយៈការប្ដេជ្ញាចិត្តមិនផ្លាស់ប្តូរ ក្នុងការកែប្រែជីវិតរស់នៅរបស់ប្រជាជន និងសហគមន៍។ ជាមួយនឹងសាវតាដ៏រឹងមាំក្នុងវិស័យថែទាំសុខភាព និងសុខភាពសាធារណៈ លោកជំទាវបណ្ឌិតមានភាពលេចធ្លោបំផុត ក៏ព្រោះតែភាពជាអ្នកដឹកនាំ និងមេត្តាធម៌ចំពោះប្រជាជនកម្ពុជារបស់លោកជំទាវបណ្ឌិត។

 

លោកជំទាវបណ្ឌិត ចន្ទមុន្នី កាន់មុខតំណែងដ៏មានឥទ្ធិពលជាច្រើន ដែលបង្ហាញពីការយកចិត្តទុកដាក់របស់លោកជំទាវចំពោះការប្រសើរឡើងនៃសង្គម។ គួរកត់សម្គាល់ថា លោកជំទាវបណ្ឌិតមានតួនាទីជាអនុប្រធានសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA), ជាប្រធានអង្គការ Smile Cambodia, ជាសមាជិកដ៏គួរឲ្យគោរពនៃក្រុមប្រឹក្សាភិបាលនៃប្រតិបត្តិការរបស់អង្គការ Smile Cambodia និងជាអគ្គស្នងការនៃសមាគមកាយឫទ្ធិនារីកម្ពុជា (GGAC)។ លោកជំទាវបណ្ឌិតក៏ជាសមាជិកនៃគណៈកម្មាធិការប្រឹក្សានៃមូលនិធិ A&H Fujimoto ផងដែរ ដែលនេះបានបង្ហាញឲ្យឃើញពីឥទ្ធិពលដ៏ទូលំទូលាយរបស់លោកជំទាវបណ្ឌិត។

 

ក្នុងអំឡុងពេលនៃការរាតត្បាតជំងឺកូវីដ-១៩ លោកជំទាវបណ្ឌិត ចន្ទមុន្នី បានប្រើជំនាញដឹកនាំការសិក្សានិងស្រាវជ្រាវឱសថ និងការផ្គត់ផ្គង់ផ្នែកវេជ្ជសាស្ត្រក្នុងក្រុមការងារប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។ លើសពីនេះ វីរភាពនៃការដឹកនាំរបស់លោកជំទាវបណ្ឌិត ក៏បានផ្តល់កម្លាំងចិត្តទៅដល់អ្នកស្ម័គ្រចិត្តជួរមុខដ៏អង់អាចក្លាហានដទៃទៀត ដែលកំពុងតែប្រយុទ្ធនឹងជំងឺនេះផងដែរ។ លោកជំទាវបណ្ឌិតបានជំរុញឱ្យមានការផ្លាស់ប្តូរជាវិជ្ជមាន ដោយបានដឹកនាំអ្នកជំនាញវេជ្ជសាស្រ្ត និងយុវជន ចូលរួមនៅក្នុងគំនិតផ្តួចផ្តើមចម្រុះជាមួយស្វាមីរបស់លោកជំទាវ គឺ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុង​ពេល​វិបត្តិនៃ​ជំងឺ​រាតត្បាត។ លោកទាំងពីរបានធ្វើការក្រោមការណែនាំរបស់ “គណៈកម្មាធិការជាតិដើម្បីប្រយុទ្ធប្រឆាំងនឹងកូវីដ-១៩” ដែលរួមចំណែកដល់ការធ្វើតេស្ត ការព្យាបាល និងយុទ្ធនាការចាក់វ៉ាក់សាំងប្រកប​ដោយ​ជោគជ័យ។

 

លោកជំទាវបណ្ឌិត ចន្ទមុនី្ន ត្រូវបានបោះឆ្នោតជ្រើសរើសជាអគ្គស្នងការនៃសមាគមកាយឫទ្ធិនារី (GGAC) សម្រាប់អាណត្តិ ២០២១-២០២៤។ ក្រោមការដឹកនាំរបស់លោកជំទាវបណ្ឌិត GGAC មានការរីកចម្រើនគួរឱ្យកត់សម្គាល់ក្នុងកម្មវិធីបង្កើនសមាជិកភាព ការអប់រំ និងការបណ្តុះបណ្តាល ការអភិរក្សបរិស្ថាន និងភាពខ្នះខ្នែងផ្នែកមនុស្សធម៌។ បន្ថែម​លើនេះ លោកជំទាវបណ្ឌិតក៏បានបង្កើតលទ្ធផលជាប្រវត្តិសាស្ត្រមួយដោយនាំឲ្យប្រទេសកម្ពុជាទទួលបានជោគ​ជ័យក្នុងការបោះឆ្នោតធ្វើជាម្ចាស់ផ្ទះនៃសន្និសីទពិភពលោក លើកទី៣៩ ឆ្នាំ២០២៦ របស់សមាគមកាយប្ញទ្ធិនារីពិភពលោក (WAGGGS) ដែលជាព្រឹត្តិការណ៍ដ៏មានកិត្យានុភាព និងប្រមូលផ្តុំក្រុមកាយឫទ្ធិមកពីជុំវិញពិភពលោក។

 

តាមរយៈការខិតខំប្រឹងប្រែងមិនចេះនឿយហត់ លោកជំទាវបណ្ឌិត ពេជ ចន្ទមុនី្ន បានដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់ការផ្គត់ផ្គង់ទឹកស្អាត និងស្តង់ដារអនាម័យនៅទូទាំងប្រទេសកម្ពុជា ក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ។ លោកជំទាវបណ្ឌិតបានផ្តល់អណ្តូងទឹកជាច្រើនសម្រាប់អ្នកភូមិ ជាពិសេសអ្នករស់នៅតំបន់ដាច់ស្រយាល ធ្វើឲ្យជីវភាពរស់នៅប្រចាំថ្ងៃរបស់ពួកគេប្រសើរឡើងយ៉ាងខ្លាំង។ ការប្តេជ្ញារបស់លោកជំទាវចំពោះវិស័យសុខភាពសាធារណៈ និងការទទួលបានទឹកប្រកបដោយសុវត្ថិភាពប្រកបដោយនិរន្តរភាព បានធ្វើឱ្យមានការផ្លាស់ប្ដូរពិតប្រាកដសំរាប់​ជីវិតរស់នៅរបស់ប្រជាជនដែលងាយរងគ្រោះបំផុតមួយចំនួននៅកម្ពុជា។

 

លោកជំទាវបណ្ឌិត ចន្ទមុន្នី បានទទួលសញ្ញាបត្របរិញ្ញាបត្រផ្នែកឱសថស្ថានពីសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលកម្ពុជាក្នុងឆ្នាំ២០០២, អនុបណ្ឌិតផ្នែកសុខភាពសាធារណៈពីសាកលវិទ្យាល័យបូស្តុនក្នុងឆ្នាំ២០០៣, និងបណ្ឌិតផ្នែកសុខភាពសាធារណៈពីសាលា Hygiene & Tropical Medicine នៅទីក្រុងឡុងដ៍របស់ចក្រភពអង់គ្លេស ក្នុងឆ្នាំ២០១៣។ និក្ខេបបទថ្នាក់បណ្ឌិតរបស់លោកជំទាវបានផ្តោតសំខាន់លើប្រសិទ្ធភាពនៃការសង្កេតដោយផ្ទាល់លើការព្យាបាលជំងឺរបេងតាមសហគមន៍ (CDOT) នៅក្នុងប្រទេសកម្ពុជា។

 

ចំណូលចិត្តរបស់លោកជំទាវបណ្ឌិត ចន្ទមុន្នី មកលើការងារមនុស្សធម៌ បានចាប់ផ្ដើមក្នុងអំឡុងពេលកំពុងសិក្សានៅសាកលវិទ្យាល័យ​ ដោយលោកជំទាវបណ្ឌិតបានស្ដែងឲ្យឃើញពីភាពជាអ្នកដឹកនាំដ៏អស្ចារ្យរបស់ខ្លួន ក្នុងនាមជាអនុប្រ​ធានសមាគមនិស្សិតពេទ្យនៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល។ លោកជំទាវបណ្ឌិត ក៏បានរួមចំណែកប្រ​កបដោយប្រសិទ្ធភាពបំផុតចំពោះការស្រាវជ្រាវសុខភាពផ្លូវចិត្ត ពាក់ព័ន្ធនឹងជនភៀសខ្លួននៅអាស៊ីអាគ្នេយ៍ និងសហរដ្ឋអាមេរិក ដែលជាគម្រោងមួយរបស់ស្ថាប័ន Harvard Group។

 

បំពេញ​តួនាទី​ជា​ភរិយាផង ជាម្ដាយផង និង​ជា​អ្នក​ដឹកនាំផង ​លោកជំទាវបណ្ឌិត ចន្ទមុនី ចិញ្ចឹមបុត្រាបុត្រី​ទាំង​បីប្រ​កបដោយមោទនភាព​។ ក្រៅជីវិតគ្រួសារ លោកជំទាវបណ្ឌិតចូលចិត្តការអាន ការដើរលេងកាត់ព្រៃភ្នំ និងសកម្មភាពដែលជំរុញការផ្លាស់ប្តូរសង្គមជាវិជ្ជមាន។ ក្នុងនាមជាជំទាវទីមួយរបស់កម្ពុជា លោកជំទាវបណ្ឌិតតំណាងឲ្យគុណតម្លៃដ៏រឹងមាំ និងជើងឯកក្នុងបុព្វហេតុមនុស្សធម៌ ប្រកបដោយក្ដីមេត្តា និងការប្ដូរផ្ដាច់៕