សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត

១. ព័ត៌មានផ្ទាល់ខ្លួន

កើតថ្ងៃទី២០ ខែតុលា ឆ្នាំ១៩៧៧ នៅភូមិសំរោងត្បូង ឃុំទ្រៀក ស្រុកមេមត់ ខេត្តកំពង់ចាម (បច្ចុប្បន្នខេត្តត្បូងឃ្មុំ) បណ្ឌិត ហ៊ុន ម៉ាណែត ជាកូនទីពីរ នៅក្នុងគ្រួសារដែលមានឪពុកឈ្មោះ ហ៊ុន សែន និងម្តាយឈ្មោះ ប៊ុន រ៉ានី។ បណ្ឌិត ហ៊ុន ម៉ាណែត មានបងប្រុសឈ្មោះ ហ៊ុន កំសត់ (១០ វិច្ឆិកា ១៩៧៦ – ស្លាប់), ប្អូនស្រីឈ្មោះ ហ៊ុន ម៉ាណា (១៥ កញ្ញា ១៩៨០), ប្អូនប្រុសឈ្មោះ ហ៊ុន ម៉ានិត (១៧ តុលា ១៩៨១), ប្អូនប្រុសឈ្មោះ ហ៊ុន ម៉ា​នី (២៧ វិច្ឆិកា ១៩៨២) និងប្អូនស្រីឈ្មោះ ហ៊ុន ម៉ាលី (៣០ ធ្នូ ១៩៨៣)។

ថ្ងៃទី ៥ ខែឧសភា ឆ្នាំ២០២០ ត្រូវនឹងថ្ងៃអង្គារ៍ ១៤ កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស ២៥៦៣ ក្នុងពិធីបុណ្យសពជីដូន អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញាណ វិវឌ្ឍនា ប៊ុន ស៊ាងលី, បណ្ឌិត ហ៊ុន ម៉ាណែត បានបួសមុខភ្លើង និងបន្ទាប់ទៅ ដោយមានសម្តេចព្រះពោធិ៍វង្ស អំ លឹមហេង ជាឧប្ឈាយ៍ បានសាងផ្នួស ដោយមាននាមបញ្ញតិ្តថា “សាមណេរ ចន្ទធម្មោ” ឬអ្នកមានធម៌ត្រជាក់ដូចព្រះច័ន្ទ រហូតដល់ព្រឹកថ្ងៃទី ១១ ខែឧសភា ឆ្នាំ ២០២០ ត្រូវនឹងថ្ងៃ ៥រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤។

បណ្ឌិត ហ៊ុន ម៉ាណែត បានរៀបការជាមួយលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី នៅថ្ងៃទី០៧ ខែមករា ឆ្នាំ២០០៦ និងទទួលបានបុត្រាបុត្រីជាចំណងដៃអាពាហ៍ពិពាហ៍ចំនួន ៣នាក់គឺ ១) ហ៊ុនពេជ មុន្នីវលក្ខណ៍ (២៥ កក្កដា ២០០៧), ២) ហ៊ុនពេជ មុន្នីលីណា (០១ កញ្ញា ២០១០) និង៣/ ហ៊ុនពេជ មុន្នីរិទ្ធិសិទ្ធ (០៩ តុលា ២០១៧)។

២. ការសិក្សា

ពីឆ្នាំ១៩៨០ ដល់ឆ្នាំ១៩៩០ ក្នុងវ័យកុមារ បណ្ឌិត ហ៊ុន ម៉ាណែត បានសិក្សាថ្នាក់បឋមសិក្សានៅសាលាបឋមសិក្សានិងមធ្យមសិក្សាកុមារី (បច្ចុប្បន្ន សាលាបឋមសិក្សានិងមធ្យមសិក្សាចតុមុខ)។ ពីឆ្នាំ១៩៩០ ដល់ឆ្នាំ១៩៩៣ បណ្ឌិត ហ៊ុន ម៉ាណែត បានបន្តការសិក្សានៅវិទ្យាល័យភ្នំដូនពេញ (បច្ចុប្បន្នជាវិទ្យាល័យ ព្រះស៊ីសុវត្ថិ)។

ក្រោយពីបញ្ចប់ថ្នាក់វិទ្យាល័យ បណ្ឌិត ហ៊ុន ម៉ាណែត ក៏បានទៅបន្តការសិក្សានៅសាលាបណ្ឌិត្យស​ភា​យោធាអាមេរិក នៅទីក្រុង West Point សហរដ្ឋអាមេរិកនៅឆ្នាំ ១៩៩៥ និងបានបញ្ចប់ការសិក្សាដោយជោគជ័យនៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ១៩៩៩។ បណ្ឌិត ហ៊ុន ម៉ាណែត ជាជនជាតិខ្មែរដំបូងបង្អស់ដែលបានចូលរៀននៅបណ្ឌិត្យសភាយោធាដ៏មានឈ្មោះល្បីល្បាញនៅសហរដ្ឋអាមេរិកមួយនេះ។

ឆ្នាំ២០០២ បណ្ឌិត ហ៊ុន ម៉ាណែត បានបន្តការសិក្សាថ្នាក់ អនុបណ្ឌិតផ្នែកសេដ្ឋកិច្ច (Master of Arts in Economics) នៅសាកលវិទ្យាល័យ New York សហរដ្ឋអាមេរិក។

ឆ្នាំ២០០៨ បណ្ឌិត ហ៊ុន ម៉ាណែត ក៏បានបញ្ចប់ការសិក្សាថ្នាក់បណ្ឌិតផ្នែកសេដ្ឋកិច្ច នៅសាកលវិទ្យាល័យ Bristol នៃចក្រភពអង់គ្លេស។

៣. អាជីពនយោបាយ

ថ្ងៃទី ៨ ខែមិថុនា ឆ្នាំ ២០២០, គណអចិន្ត្រៃយ៍នៃគណកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា បានចេញសេចក្តីសំរេច តែងតាំងតម្លើងឋានៈ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ពីអនុប្រធាន មកជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល។

ថ្ងៃទី ០៧ ខែសីហា ឆ្នាំ ២០២៣, ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ចាត់តាំង ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សំរាប់នីតិកាលទី៧ នៃរដ្ឋសភា មានភារកិច្ចរៀបចំសមាសភាពរាជរដ្ឋាភិបាលកម្ពុជា ដើម្បីសុំសេចក្តីអនុម័តទុកចិត្តពីរដ្ឋសភា។

ថ្ងៃអង្គារ ៦កើត ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី ២២ ខែសីហា ឆ្នាំ២០២៣, សម័យប្រជុំលើកទី១ នីតិកាលទី៧ នៃសភាជាតិ បានបោះឆ្នោតផ្តល់សេចក្តីទុកចិត្តជូន នាយករដ្ឋមន្ត្រី ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត និងសមាសភាពគណរដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាល។

៤. មុខតំណែងនិងការងារ ក្នុងវិស័យការពារជាតិ

ឆ្នាំ១៩៩៥ បានចូលបម្រើការងារក្នុងកងយោធពលខេមរភូមិន្ទ ជាមន្ត្រីយោធា មុនពេលបន្តការសិក្សានៅសាលាបណ្ឌិត្យសភាយោធា West Point សហរដ្ឋអាមេរិក។

ខែកញ្ញា ឆ្នាំ១៩៩៩ បណ្ឌិត ហ៊ុន ម៉ាណែត ទទួលបានតំណែងជាអនុប្រធានកងអង្គរក្សរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី។

ឆ្នាំ២០០៨ បណ្ឌិត ហ៊ុន ម៉ាណែត ត្រូវបានតែងតាំងជាវរសេនីយ៍ឯកក្នុងកងយោធពលខេមរភូមិន្ទ និងបានក្លាយជាមេបញ្ជាការកងកំលាំងពិសេសប្រឆាំងភេរវកម្ម។

ពីឆ្នាំ២០០៨ ដល់ឆ្នាំ២០១១ បានដើរតួនាទីដ៏សំខាន់ក្នុងការចរចាផងនិងបានប្រើយុទ្ធសាស្ត្រប្រយុទ្ធក្នុងសមរភូមិផង ខណ:ដែលកងទ័ពកម្ពុជាប្រឈមមុខខាងប្រដាប់អាវុធជាមួយកងទ័ពថៃនៅតំបន់ប្រាសាទព្រះវិហារ។

ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៣ បណ្ឌិត ហ៊ុន ម៉ាណែត ត្រូវបានដំឡើងឋានន្តរស័ក្តិពីឧត្តមសេនីយ៍ទោ ទៅជាឧត្តមសេនីយ៍ឯក បន្ទាប់ពីត្រូវបានតែងតាំងជាមេបញ្ជាការរងកងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ។

ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៨ បណ្ឌិត ហ៊ុន ម៉ាណែត ត្រូវបានតែងតាំងជាអគ្គសេនាធិការចម្រុះនិងជាមេបញ្ជាការរងកងទ័ពជើងគោក ទទួលភារកិច្ចជានាយសេនាធិការចម្រុះស្តីទីនិងជាមេបញ្ជាការកងទ័ពជើងគោកស្ដីទី។

ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៨ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ ប្រោសប្រទានព្រះរាជក្រឹត្យតែងតាំង ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ជាអគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ បន្ថែមលើមុខងារដែលមានស្រាប់។

ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ បានប្រោសប្រទាននូវព្រះរាជក្រឹត្យដំឡើងមុខងារឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ជាមេបញ្ជាការកងទ័ពជើងគោក​ បន្ថែមលើមុខងារដែលមានស្រាប់។

៥. សមិទ្ធផលសំរាប់សង្គមជាតិ

ក្នុងសកម្មភាពជាគុណប្រយោជន៍ដល់សង្គម ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ធ្លាប់ជាប្រ​ធានគណៈកម្មាធិការ និងសមាគមអាហារូបករណ៍ សម្តេចតេជោ ដែលបានផ្តល់កាលានុវត្តភាពបន្តការសិក្សាទៅថ្នាក់ឧត្តមសិក្សានៅក្នុងប្រទេសដល់យុវជនកម្ពុជា។

ដោយបានការផ្តើមគំនិតនិងមគ្គុទេសកម្ម ពីឯកឧត្តមកិត្តិទេសា​ភិបាលបណ្ឌិត ជាប្រធានគណៈនាយកនៃសមាគមយុវវេជ្ជបណ្ឌិតសម្តេចតេជោ(TYDA) ដែលបង្កើតនៅថ្ងៃ ២៧ ខែធ្នូ​ឆ្នាំ ២០១២ បានសកម្មផ្តល់សេវាថែទាំសុខភាពដោយឥតគិតថ្លៃដល់ពលរដ្ឋកម្ពុជាតាមទីជនបទ ក៏ដូចជារួមចំណែកដោះស្រាយវិបត្តិសុខភាពសាធារណៈ។

ក្នុងដំណាក់កាលនៃការប្រយុទ្ធប្រឆាំងជំងឺ Covid-19 ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានចូលរួមយ៉ាងសកម្មនិងប្រកបដោយប្រសិទ្ធភាព ក្នុងការដឹក​នាំកងយោធពលខេមរភូមិន្ទ គាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលប្រយុទ្ធប្រឆាំងនឹងជំងឺដ៏កាចសាហាវនេះ។

៦. គោរម្យងារ ពានរង្វាន់ និងមេដាយ

ថ្ងៃទី ៨ ខែសីហា ឆ្នាំ ២០២៣ ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ បានទ្រង់ត្រាស់បង្គាប់ ផ្តល់គោរមងារជាកិត្តិយសពិសេសតែមួយរូបគត់នៃរាជបណ្ឌិត្យសភាកម្ពុជា គឺ “កិត្តិទេសាភិបាលបណ្ឌិត” ដល់ បណ្ឌិត ហ៊ុន ម៉ាណែត។

ថ្ងៃទី ២ ខែកញ្ញា ឆ្នាំ២០២៣ ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ បានទ្រង់ប្រោសព្រះរាជទានគោរមងារ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ជា “សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត”។

ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្នុងកិច្ចប្រជុំកំពូល “សេដ្ឋកិច្ច និងបច្ចេកវិទ្យាចិនសកល ឆ្នាំ២០២៤” នៅកម្ពុជា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ត្រូវបានវិទ្យាស្ថានយុទ្ធសាស្រ្តប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក (KSI) ប្រគល់ជូននូវពានរង្វាន់ “ភាពជាដឹកនាំឆ្នើមពិភពលោក”។