ឯកឧត្តម លោកជំទាវ សមាជិក សមាជិកាព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល
ឯកឧត្តម ភារធារីស្ថានទូតចិនប្រចាំកម្ពុជា
គណៈអធិបតី ភ្ញៀវកិត្តិយសជាតិ អន្តរជាតិ លោកគ្រូ អ្នកគ្រូ ក្មួយៗសិស្សានុសិស្ស
លោកយាយ លោកតា អ៊ុំ ពូម៉ែ បងប្អូនប្រជាពលរដ្ឋ ជាទីមេត្រី!
ថ្ងៃនេះ ខ្ញុំមានសេចក្តីសោមនស្សរីករាយដែលបានចូលរួមក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវកំណាត់ផ្លូវជាតិលេខ១០ ក្រោមក្របខ័ណ្ឌឥណទានរបស់រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន និងក្របខ័ណ្ឌថវិកាជាតិ ជាមួយឯកឧត្តម ជាំង ណាន ភារធារីស្ថានទូតចិនប្រចាំកម្ពុជា និងឯកឧត្តម លោកជំទាវ លោក លោកស្រី លោកតា លោកយាយ អ៊ំ ពូម៉ែ បងប្អូនប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ ក្មួយៗសិស្សានុសិស្សនៅពេលនេះ។
[ផ្ដើមសេចក្ដីអធិប្បាយ១]
(១) ផ្លូវលេខ១០ សាងសង់លើតម្រាយផ្លូវនិងភូមិសាស្ត្រក៏លំបាក
(ខ្ញុំក៏មានការ)សប្បាយរីករាយដែលបានត្រឡប់មកវិញ។ ខ្ញុំចាំ (កាលពី)មួយឆ្នាំជាងមុន ខែ៥ បានមកសម្ពោធនៅកន្លែងនេះដែរ គឺសមិទ្ធផលនៅវិទ្យាល័យប្រមោយ។ កាលនោះមុនសង្គ្រាម សក់ខ្មៅ។ ឥឡូវប៉ះគ្នាមួយប្រាវពីរប្រាវទៅ សក់ស។ អម្បាញ់មិញ មើលរូបថតទៅ កាលបើកការដ្ឋានសាងសង់ឆ្នាំ២០២០ ឯកឧត្តម ស៊ុន ចាន់ថុល ក៏សក់ខ្មៅ។ ឥឡូវ (សក់)សបានពីរនាក់ដែរ។ ពេលវេលាវិវត្ត។ យ៉ាងណាក៏ដោយ យើងឃើញថា សមិទ្ធផលនៅទីនេះ បើតាមរបាយការណ៍ឯកឧត្តម ប៉េង ពោធិ៍នា គឺកើតចេញពីការខិតខំប្រឹងប្រែង។ ការសាងសង់ផ្លូវលេខ១០ មិនមែនជាធម្មតាទេ។ បើយើងមើលតម្រាយផ្លូវ និងភូមិសាស្ត្រ មានការលំបាក។ មានតំបន់ភ្នំ តំបន់ការពារធនធានធម្មជាតិ បូកជាមួយនឹងកន្លែងខ្លះគឺជំរាលខ្ពស់ដែលត្រូវធ្វើ(ការពង្រាប)។ បើយើងឃើញផ្លូវនៅកន្លែងខ្លះគឺត្រង់តែម្តង ហើយនៅកន្លែងនេះគឺយើងហៅថាអន្ទង់(អាំង)នោះ។ យើងឃើញគេធ្វើដូចស្រួល ប៉ុន្តែត្រូវការបច្ចេកទេសខ្ពស់ និងការថែទាំ ព្រោះនៅតំបន់ភ្នំពិបាកមិនត្រឹមតែធ្វើទេ (សូម្បី)ការថែទាំ ការពារទឹកហូរ(ច្រោះ) ដីបាក់ ដែលយើងឃើញថាជាសមិទ្ធផល និងជាមោទនភាពសម្រាប់ប្រជាពលរដ្ឋនៅក្នុង ៣ខេត្តនេះ។
[ចប់សេចក្ដីអធិប្បាយ១]
[…] ដែលសរុប ១៩៨ គីឡូម៉ែត្រ ចាប់ពីស្រុកសំឡូត ខេត្តបាត់ដំបង កាត់វាលវែង ខេត្តពោធិ៍សាត់ ភ្ជាប់ទៅផ្លូវជាតិ៤៨ ខេត្តកោះកុងដែលប្រើប្រាស់ថវិកាជាង ២៥២ លានដុល្លារអាមេរិក ក្នុងនោះមានមួយផ្នែកធំបានមកពីឥណទានរបស់រដ្ឋាភិបាលចិន និងមួយផ្នែកទៀតបានមកពីថវិការបស់រដ្ឋាភិបាលកម្ពុជា។យើងឃើញហើយថា ដើមឡើយខេត្តពោធិ៍សាត់ គឺជាតំបន់ដែលមានសង្គ្រាមស៊ីវិល ប៉ុន្តែក្រោមនយោបាយឈ្នះ-ឈ្នះរបស់សម្តេចតេជោ ខេត្តនេះមានការរីកចម្រើនឆាប់រហ័ស ជាមួយនិងសក្តានុពលខ្ពស់សម្រាប់ទាក់ទាញការវិនិយោគនិងការអភិវឌ្ឍធម្មជាតិ។
[ផ្ដើមសេចក្ដីអធិប្បាយ២]
ផ្លូវ៥៥ អតីតផ្លូវ៥៦នេះ យើងមានប្រវត្តិប្រយុទ្ធគ្នាខ្លាំងពីឆ្នាំ៧៩ ទសវត្សរ៍ទី៩០ ហើយឥឡូវទៅជាផ្លូវមួយដែលមានការអភិវឌ្ឍ និងការរីកចម្រើនច្រើន។
[ចប់សេចក្ដីអធិប្បាយ២]
ការសាងសង់ផ្លូវជាតិលេខ១០នេះ គឺជាការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់សម្តេចតេជោ ដែលជំរុញការតភ្ជាប់រវាងតំបន់ភាគពាយព្យ និងតំបន់ឆ្នេរសមុទ្រភាគនិរតីនៃប្រទេសកម្ពុជាយើង។
ផ្លូវជាតិលេខ១០ ដ៏ថ្មីសន្លាងនេះ ត្រូវបានបើកការដ្ឋានសាងសង់កាលពីឆ្នាំ២០២០ ក្រោមអធិបតីភាពសម្តេចតេជោ និងឯកឧត្តម វ៉ាង វិនធៀន អតីតឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា។
ទន្ទឹមនេះ រដ្ឋាភិបាលចិនក៏បាន និងកំពុងផ្តល់ហិរញ្ញប្បទានសហប្រតិបត្តិការជាច្រើនដល់ការកសាង អភិវឌ្ឍវិស័យដឹកជញ្ជូន និងឡូជីស្ទិកនៅកម្ពុជាផងដែរ ដែលខ្លះនឹងបើកការដ្ឋានសាងសង់ ខ្លះទៀតកំពុងសាងសង់ ឬសាងសង់រួច។
ខ្ញុំសូមយកឱកាសនេះ ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ប្រជាជន និងរដ្ឋាភិបាលចិន តាមរយៈឯកឧត្តម ភារធារីទូតចិនប្រចាំកម្ពុជា ដែលបានជួយសាងសង់ផ្លូវជាតិលេខ១០ និងជួយគាំទ្រដល់ការអភិវឌ្ឍនៅកម្ពុជាលើគ្រប់វិស័យ ក្នុងគ្រប់កាលៈទេសៈ។
ខ្ញុំក៏សូមថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំចិន ដែលបានសន្យាបន្តផ្តល់ជំនួយឥតសំណង និងឥណទានសម្បទានដល់កម្ពុជា ព្រមទាំងលើកកម្ពស់ការវិនិយោគ និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចឲ្យកាន់តែខ្លាំងក្លា ជាពិសេស ជំរុញបន្ស៊ីគ្នារវាងគំនិតផ្តួចផ្តើម «ខ្សែក្រវាត់ និងផ្លូវ» និង «យុទ្ធសាស្ត្របញ្ចកោណ» សំដៅគាំទ្រដល់ «កិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ» ព្រមទាំងពង្រឹងភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការល្អ ដែលនឹងរួមចំណែកដល់ការគាំទ្រ «កិច្ចសហប្រតិបត្តិការត្បូងពេជ្រ កម្ពុជា-ចិន» និង«ការកសាងសហគមន៍ជោគវាសនារួម កម្ពុជា-ចិន គ្រប់រដូវកាល ក្នុងយុគសម័យថ្មី» ប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដាខ្ពស់។
ផ្លូវជាតិលេខ១០នេះ ត្រូវបានសាងសង់ជាប្រភេទផ្លូវ DBST (Highway Grade III) និងជាប្រភេទផ្លូវចាក់បេតុងសរសៃដែក ដោយមានគន្លងធ្វើចរាចរណ៍ ២គន្លង ទៅមក។ ជាមួយគ្នានេះ គន្លងផ្លូវជាតិលេខ១០នេះ ក៏រួមបញ្ចូលការសាងសង់ស្ពានខ្ពស់ជាងគេនៅកម្ពុជា ដែលមានកម្ពស់ ៩០ម៉ែត្រ ដែលបានប្រើប្រាស់ថវិកាជាតិជាង ២៥លានដុល្លារអាមេរិក និងត្រូវប្រសិទ្ធនាមថា «ស្ពានតេជោសន្តិភាពឫស្សីជ្រុំ» ដើម្បីគោរពដឹងគុណយ៉ាងជ្រាលជ្រៅបំផុត ដល់វីរភាពរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ចំពោះការបង្រួបបង្រួមជាតិ និងការដឹកនាំប្រទេសពីបាតដៃទទេ រហូតដល់មានការអភិវឌ្ឍលើគ្រប់វិស័យ និងបន្តរីកចម្រើនឥតឈប់ឈរ ទោះក្នុងកាលៈទេសៈលំបាកយ៉ាងណាក៏ដោយ។
គម្រោងនេះនឹងផ្តល់ផលចំណេញផ្នែកសេដ្ឋកិច្ចខ្ពស់ តាមរយៈការកាត់បន្ថយពេលវេលា ថ្លៃដឹកជញ្ជូន តាមទិសពាយព្យ […] បង្កើនទេសចរណ៍ និងកាលានុវត្តភាពផ្សេងៗ។ ជាក់ស្តែង គម្រោងផ្លូវជាតិលេខ១០នេះ កាត់បន្ថយការដឹកជញ្ជូនប្រមាណ ៣០៦ គីឡូម៉ែត្រ ប្រសិនគិតពីខេត្តបាត់ដំបងទៅកោះកុង, ប្រមាណ ២៣០ គីឡូម៉ែត្រ ប្រសិនគិតពីខេត្តពោធិ៍សាត់ទៅកោះកុង, និងប្រមាណ ៣៧២ គីឡូម៉ែត្រ គិតពីខេត្តប៉ៃលិនទៅខេត្តកោះកុង។
[ផ្ដើមសេចក្ដីអធិប្បាយ៣]
(២) ផ្លូវលេខ១០ កាត់បន្ថយចម្ងាយ កាត់បន្ថយថ្លៃដឹកទំនិញ បង្កើនឱកាសប្រើប្រាស់សក្តានុពល
នេះគឺជាចម្ងាយដែលត្រូវ(បាន)កាត់បន្ថយ(ដោយផ្លូវជាតិលេខ១០នេះ)។ ចម្ងាយដែលត្រូវកាត់បន្ថយ គឺវាប្រែទៅជាអី? (គឺប្រែទៅជាការ)កាត់បន្ថយថ្លៃដឹកទំនិញ ឱកាសក្នុងការ(ចំណាយពេលកាន់តែមានប្រយោជន៍របស់)ប្រជាពលរដ្ឋរបស់យើង។ ឥឡូវ អ្នកពោធិ៍សាត់ទៅលេងកំពង់សោម មិនបាច់ទៅកាត់ភ្នំពេញទៀតទេ គឺទៅតាមផ្លូវនេះ ដល់ផ្លូវ៤៨ និងឡើងពី៤៨ ទៅផ្លូវជាតិលេខ៤ ឬផ្លូវល្បឿនលឿន ភ្នំពេញ-កំពង់សោម។ (ពេល)ត្រឡប់មកវិញដូចគ្នា។ ពីមុនត្រូវទៅណា? ត្រូវទៅដល់ភ្នំពេញសិន ហើយបានឡើងផ្លូវជាតិលេខ៤ ទៅកំពង់សោម។ ឥឡូវទៅកោះកុងក៏តាមនេះ។ អញ្ចឹង យកសមុទ្រមកជិតភ្នំ ហើយតិចទៀតនាំអ្នកសមុទ្រមកលេងភ្នំកាន់តែច្រើន ព្រោះផ្លូវ(ធ្វើឱ្យមាន)លំហូរទៅមក។ តំបន់ប្រមោយ នៅស្រុកវាលវែង មានទេសភាពល្អ គឺជាកន្លែងដែលផ្តល់ឱកាសសក្តានុពលច្រើន។ ខ្ញុំធ្លាប់មកលើកមុន (សក្តានុពល)តំបន់នេះ(មាន)នៅហ្នឹងរាប់ពាន់ឆ្នាំមកហើយ។ ប៉ុន្តែ (មិនមាន)លក្ខណៈ(សម្បត្តិដូច)ដែលយើងមានរាល់ថ្ងៃនេះទេ។ កាលមកសម្ពោធសាលាបឋមសិក្សាប្រមោយ និងសម្ពោធវិទ្យាល័យ កន្លែងដែលពីមុនមានប្រជាជនមិនដល់ប៉ុន្មានរយគ្រួសារផង ឥឡូវមានចូលពាន់គ្រួសារ …។
(៣) នយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ បង្កើតចក្ខុវិស័យកសាងផ្លូវតភ្ជាប់ដល់ភាគពាយព្យ
ខ្ញុំធ្លាប់មកទីនេះកាលពីឆ្នាំ២០១៣-២០១៤ ម្តង ដែលកាលនោះអត់ទាន់ផ្លូវកៅស៊ូទេ។ ផ្ទះតាមផ្លូវ៥៥ហ្នឹង ក៏អត់សូវមានដែរ។ កាលនោះ យកអំណោយទៅចែកកងទ័ពនៅថ្មដា។ កាលនោះទឹកជំនន់ ហើយឡើងទៅតាមចិនយំ។ ខ្ញុំពាក់នាឡិការាប់ជំហាន។ យើងដើរមួយជំហាន វារាប់មួយជំហាន ដល់១ម៉ឺនជំហាន វាចេញបាញ់កាំជ្រួចអបអរសាទរ។ ខ្ញុំជិះឡានពីព្រឹកពីពោធិ៍សាត់ចេញមក ដល់កន្លែងមួយនោះនៅតំបន់ចិនយំហ្នឹង មានកងទ័ពបោះទីតាំង។ កន្លែងអភិវឌ្ឍន៍របស់កងទ័ពជើងគោក។ ជិតដល់ហ្នឹងនាឡិកាហ្នឹងវាលោតអបអរសាទរដើរបាន ១០,០០០ ជំហាន។ (គឺ)ដោយសារផ្លូវវារលាក់ អញ្ចឹងនាឡិកាវាគិតថាយើងដើរបាន ១ម៉ឺនជំហាន។ តាមដឹង កាលនោះ ពីប្រមោយនេះទៅកោះកុង (មិនអាច)ទៅរួចទេ។ ផ្លូវលំបាក ហើយកន្លែងខ្លះក៏ដាច់ផង។ ឥឡូវយើងទៅស្រួល … កាលនោះគឺល្អជាងកាលវាយគ្នាទៀត។ ដែលផ្លូវនេះពីមុនដូច៥៦ ដែលហៅថាកន្លែងដែលស៊ីសាច់ហុតឈាម … (តែមកដល់ពេលនេះ) ពីមួយដំណាក់កាលទៅមួយដំណាក់កាលកាន់តែរឹងមាំល្អ កាន់តែវិវត្ត។ នយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ មិនត្រឹមតែបង្កើតនូវចក្ខុវិស័យកសាងផ្លូវតភ្ជាប់ដល់ភាគពាយព្យនោះទេ ប៉ុន្តែបង្កើតបរិស្ថានអំណោយផលក្នុងការកសាង។ បើគ្មាននយោបាយឈ្នះ-ឈ្នះនោះ មួយជួរខាងប៉ៃលិន មួយជួរទិសខាងលិចហ្នឹង បូកមកសំឡូត ម៉ាឡៃ និងនៅកន្លែងនេះអត់ទាន់បានសន្តិភាព (ហើយក៏)មិនអាចកសាងផ្លូវបែបនេះបានទេ មិនមានការដោះមីនធ្វើផ្លូវទេ គឺមានតែដាក់មីនបន្ថែមទៀត។
(៤) ផ្លូវបង្កើតសង្ឃឹម ផ្លូវបង្កើតឱកាស ផ្លូវបង្កើតអនាគត និងធ្វើឱ្យមានការកសាងបន្ថែម
(គឺនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោដែលបាន)បង្កលក្ខណៈឱ្យយើងឈានមកដល់ទីនេះ។ ខ្ញុំសូមអបអរសាទរចំពោះសមិទ្ធផល ដែលយើងត្រូវនិយាយថាការអភិវឌ្ឍគឺបែបនេះ។ បើយើងមើលតែផ្លូវកន្លែងនេះ នៅពេលនេះ ប្រហែលជាថា «ផ្លូវប៉ុណ្ណឹង មានអ្វីត្រូវអួត?»។ មិនដូច្នោះទេ។ តែបើមើល(ថាតើ)នៅកន្លែងនេះ តើប្រវត្តិវាជូរចត់ប៉ុណ្ណា (ហើយយើងបានខិតខំ)បានប៉ុណ្ណេះ ហើយមានសក្តានុពលដើរទៅមុខទៀត គឺជាមោទនភាពដែលយើងយកជាការវាស់ស្ទង់នៃការរីកចម្រើនពិតប្រាកដ។ គឺមិនរីកចម្រើនតែហេដ្ឋារចនាសម្ព័ន្ធទេ តែ(ក៏ទាំង)ឱកាសសម្រាប់ប្រជាពលរដ្ឋនៅទីនេះ មានលទ្ធភាពធ្វើដំណើរទៅកន្លែងផ្សេង បង្កបង្កើតសកម្មភាពសេដ្ឋកិច្ច ឱកាសរៀនសូត្រ កសាងសាលា មានគ្រូបង្រៀន។ ប្រជាពលរដ្ឋពីកន្លែងនានា ក៏មានឱកាសមកតាំងទីលំនៅនៅទីនេះ ប្រកបរបរផ្សេងៗ (ធ្វើឱ្យសេដ្ឋកិច្ច)រីកធំធាត់ឆាប់រហ័ស។ គេថា មានផ្លូវមានសង្ឃឹម គឺផ្លូវបង្កើតសង្ឃឹម ផ្លូវបង្កើតឱកាស ផ្លូវបង្កើតអនាគត និង(ធ្វើឱ្យមានការ)កសាងបន្ថែមទៀត។ ការកសាងផ្លូវ ហេដ្ឋារចនាសម្ព័ន្ធ ជាអាទិភាពរបស់រាជរដ្ឋាភិបាល។ យើងបានធ្វើច្រើន ហើយយើងនឹងបន្តធ្វើតទៅទៀត។ នេះគឺជាបុរេលក្ខខណ្ឌសម្រាប់ការអភិវឌ្ឍប្រទេសដោយចីរភាពរបស់យើង។
(៥) ផ្លូវ៥៥ មិនមានសំរាម ជាផ្លូវបរិស្ថានស្អាត បង្ហាញថាមានការចូលរួម
ផ្លូវជាតិលេខ១០ កំពុងលាក់ខ្លួននៅកណ្តាលព្រៃនៃជួរភ្នំក្រៅពីភ្នំក្រវ៉ាញ។ កន្លែងនេះ បើនិយាយអំពីផ្លូវ នៅពោធិ៍សាត់នេះ ខ្ញុំសូមធ្វើការកោតសរសើរចំពោះគណៈអភិបាលខេត្ត ឯកឧត្តមអភិបាលខេត្ត គណៈអភិបាលខេត្ត ស្រុក និងមូលដ្ឋាន ដែលបានខិតខំកសាង និងកែលម្អ។ បើខ្ញុំឃើញតាម Facebook និងជិះមក ចាប់អារម្មណ៍ថាផ្លូវ៥៥នេះ ទី១ មិនឃើញមានសំរាមទេ ព្រោះ(បាន)ដាក់ជាផ្លូវបរិស្ថានស្អាត។ ខ្ញុំថាយកទីនេះជាគំរូអនុវត្ត។ សំខាន់អនុវត្តដោយចីរភាព ផ្តើមចេញពីការផ្តួចផ្តើម។ ទី២ មានការចូលរួម។ ការដឹកនាំធ្វើរបស់ខេត្ត របស់ស្រុក អាជ្ញាធរ ប៉ុន្តែអ្វីដែលសំខាន់គឺការចូលរួមរបស់ប្រជាពលរដ្ឋ។ បរិស្ថានស្អាត ចាប់ផ្តើមចេញពីប្រជាពលរដ្ឋម្នាក់ៗ។ អញ្ចឹងមិនមែនទាល់តែអ្នកក្រុង កន្លែងដែលនៅធំៗទេ គឺនៅគ្រប់កន្លែងទាំងអស់ ការចូលរួមគ្រប់គ្រងបរិស្ថាននេះ គឺបង្កលក្ខណៈសម្រាប់ផាសុកភាព និងការទាក់ទាញនៅក្នុងតំបន់តែម្តង។ អញ្ចឹងសូមអរគុណចំពោះចំណុចនេះ។ ក្រៅពីនេះ នៅតាមផ្លូវជាតិលេខ៥ កំណាត់ពោធិ៍សាត់ ក៏ឃើញចាប់ផ្តើមមុនគេរឿងសូឡា។ ដាក់អគ្គិសនីស្អាត។ ទី២ គឺដាំដើមឈើនៅតាមផ្លូវ ហើយថែបានល្អ។ ការដាំដើមឈើហ្នឹង រឿងសំខាន់ទី១ គឺការដាំនោះហើយ ប៉ុន្តែសំខាន់ទី២ គឺការថែទាំ។ យើងឃើញផ្លូវច្រើនដែលមានដើមឈើ ដំបូងស្អាត ដល់ថែទាំអត់បាន … កន្លែងខ្លះជិះចង់គេច ព្រោះវាដុះដៃចេញមកដល់លើផ្លូវទៀត។ ការថែទាំសំខាន់។ ខ្ញុំសួរឯកឧត្តម ខូយ រីដា (អភិបាលខេត្ត ដោយ)ឃើញបានកសាង រៀបចំកន្លែងនៅក្នុងខេត្តឲ្យមានសោភ័ណភាព ហើយសូមអរគុណដល់ក្រុមការងារថ្នាក់ជាតិចុះជួយខេត្ត ដឹកនាំដោយឯកឧត្តម កែវ រតនៈ និងក្រសួងរ៉ែ និងថាមពល, អគ្គិសនីកម្ពុជា … យក(តាមគំរូ)ពីខេត្តពោធិ៍សាត់នេះ។
(៦) នឹងពង្រីកគម្រោងដាក់អំពូលដើរដោយថាមពលព្រះអាទិត្យដល់ ១៣ខេត្ត
ថ្ងៃមុនខ្ញុំទៅកំពង់ឆ្នាំង ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធ រាយការណ៍ថាបន្តដាក់ ហើយខេត្តបាត់ដំបង ឯកឧត្តម សុខ លូ ក៏បានដាក់។ អញ្ចឹងគឺតភ្ជាប់គ្នា មានខេត្ត(កំពង់ឆ្នាំង) ពោធិ៍សាត់ បាត់ដំបង តាមផ្លូវជាតិលេខ៥។ ប៉ុន្តែ ខ្ញុំបញ្ជាក់ជាមួយឯកឧត្តម កែវ រតនៈ គឺគម្រោងនេះមិនមែនតែ ២-៣ខេត្តនេះទេ។ ជំហាន១ គឺគម្រោងដាក់អំពូលសូឡា ឬដែលដើរដោយថាមពលព្រះអាទិត្យ នឹងពង្រីកដល់ ១៣ខេត្ត ស្មើ ១,០០០គីឡូម៉ែត្រ នៅទូទាំងប្រទេស។ ឥឡូវថា កំពុងរៀបចំផែនការ។ ខេត្តខ្លះចរចាថែម ឥឡូវឡើងដល់ ១,២០០គីឡូម៉ែត្រ ដោយចំណាយថវិកា ៦លានដុល្លារអាមេរិក ក្នុងជំហានទី១នេះ។ អគ្គិសនីកម្ពុជានឹងបន្តជួយជំរុញការងារនេះ។ ខ្ញុំសូមអរគុណ។ ខេត្ត១៣នោះ មានរាជធានីភ្នំពេញ, ខេត្តកណ្តាល, កំពង់ឆ្នាំង, បាត់ដំបង, បន្ទាយមានជ័យ, សៀមរាប, កំពង់ចាម, កំពង់ស្ពឺ, តាកែវ, ខេត្តព្រះសីហនុ, កោះកុង, កំពត, កែប។ ខ្ញុំសូមគាំទ្រការអនុវត្តនេះ ហើយសូមឲ្យទៅថ្ងៃក្រោយ ពង្រីករហូតទៅដល់ ២៥រាជធានី-ខេត្ត ជាពិសេសនៅផ្លូវធំៗ ផ្លូវជាតិ។ សូមបន្តគំនិតផ្តួចផ្តើម និងការរៀបចំបែបនេះ។ ខ្ញុំសូមគាំទ្រ ព្រោះទី១ វានឹងមានសោភ័ណភាព តែទី២ (គឺវានឹងជួយដល់)សុវត្ថិភាព។
(៧) ការងារជាផលប្រយោជន៍សាធារណៈ/ប្រជាពលរដ្ឋ ត្រូវធ្វើដោយមានការគិតគូរថ្មី និងនវានុវត្តន៍
សុវត្ថិភាពចម្បង ជាពិសេសផ្លូវល្បឿនលឿន មិនថាផ្លូវល្បឿនលឿនដែលលក្ខណៈ BOT តែផ្លូវដែលយើងធ្វើហើយនេះ(សូម្បី)ផ្លូវជាតិលេខ៥ហ្នឹង ក៏យើងគិតថាល្បឿនលឿនដែរ ព្រោះវាលឿនជាងមុន។ កាលមុន ពីកំពង់ឆ្នាំងមកបាត់ដំបង កាត់ពោធិ៍សាត់ ផ្លូវតែ ២គន្លងហ្នឹង ហើយមិនស្រួល(បើកបរទេ)។ ព្រឹកមិញ ពីភ្នំពេញ មកដល់នេះ តែ ៣ម៉ោងកន្លះ។ បើកាលមុនគ្រាន់តែខ្ញុំជិះពីពោធិ៍សាត់ទៅដល់ថ្មដា ចង់ ៥ម៉ោងទៅហើយ។ អញ្ចឹងគឺល្បឿនលឿន។ នេះទាក់ទងជាពិសេសលើសុវត្ថិភាពពេលយប់ ងងឹត មនុស្សឆ្លងកាត់ ប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋាន។ ចំណុចនេះគឺខ្ញុំសូមអបអរសាទរ ហើយសូមលើកទឹកចិត្តបន្ថែម។ អរគុណបន្ថែមដល់អគ្គិសនីកម្ពុជា ក្រសួងរ៉ែ និងថាមពល ក៏ដូចជាខេត្តទាំងអស់ដែលបានចូលរួមសហការ រួមជាពិសេសខេត្តពោធិ៍សាត់នៅទីនេះ ដែលចាប់ផ្តើមមុនគេ ដើម្បីជួយជំរុញបន្តទៀត។ អ្វីក៏ដោយ ដើម្បីផលប្រយោជន៍សាធារណៈ ផលប្រយោជន៍ប្រជាពលរដ្ឋរបស់យើង គឺជាការងារដែលត្រូវធ្វើ។ ក្នុងផែនការមានហើយ ប៉ុន្តែការគិតគូរគំនិតថ្មី និងនវានុវត្តន៍ក្នុងការអនុវត្តនេះគឺសំខាន់។
(៨) ភូមិ/ឃុំ/ស្រុក/ក្រុង/ខេត្ត រីកចម្រើន ទើបប្រទេសជាតិទាំងមូលរីកចម្រើន
ឥឡូវក៏ជាការល្អដែរ ដោយសារប្រព័ន្ធបច្ចេកវិទ្យាមានអំណោយផលឱ្យយើងអាចដាក់សូឡាបាន។ បើដូចពីមុន ប្រើប្រាស់តែភ្លើង ១,០០០គីឡូហ្នឹង ក៏ពិបាករកលុយតដែរ។ ឥឡូវប្រើប្រាស់សូឡា យើងចំណាយតែនៅក្នុង(ការដំឡើង)ទេ។ ខ្ញុំសួរឯកឧត្តម កែវ រតនៈ គឺយើងច្នៃទៀត។ ដងដែកហ្នឹង គឺយើងមិនទិញពីក្រៅទេ។ កាលមុនយើងនាំចូលពីក្រៅ (មានតម្លៃ)ថ្លៃ។ ឥឡូវយើងធ្វើក្នុងប្រទេស។ ឱ្យកូនខ្មែរ សិប្បកម្មខ្មែរ មានលទ្ធភាពរកចំណូល ដោយម្ចាស់ការ សំខាន់មានសមត្ថភាពអាចផលិតបាន។ អញ្ចឹងគឺជាកិច្ចការល្អ។ ខ្ញុំគាំទ្រ។ នេះគឺការគិតគ្រប់ជ្រុងជ្រោយ ដោយមិនមែនត្រឹមតែយកបង្គោលយកមកដាក់ទេ តែគិតគ្រប់តាំងពីខ្សែច្រវាក់នៃការផលិត។ យើងមិនទាន់អាច(ផលិត)អំពូលបាន ប៉ុន្តែដូចមានផលិតអំពូលសូឡាខ្លះ។ ថ្ងៃក្រោយបើអាចគិតគូរពីអំពូលក្នុងស្រុកទៀត គឺកាត់បន្ថយតម្លៃបានកាន់តែច្រើន … ខ្ញុំឃើញនៅតាមបណ្តាស្រុកឃុំមួយចំនួន ក៏បានដាក់(អំពូលបំភ្លឺសូឡា)ហ្នឹង។ មានសប្បុរសជន មានស្រុក មានឃុំ មានក្រុមការងារជួយ។ ខ្ញុំសូមលើកទឹកចិត្តបន្តបន្ថែមទៀត ជួយគ្នាមួយដៃមួយជើងផលិតសមិទ្ធផលផ្សេងៗ ជូនប្រជាពលរដ្ឋនៅទូទាំងប្រទេស។ ដើម្បីប្រទេសយើងរីក ទាល់តែកោសិកាមួយៗរីក។ ភូមិមួយកាន់តែរីកចម្រើន ឃុំមួយកាន់តែរីកចម្រើន ស្រុកមួយកាន់តែរីកចម្រើន ក្រុងមួយកាន់តែរីកចម្រើន ខេត្តមួយកាន់តែរីកចម្រើន ទើបឱ្យប្រទេសជាតិទាំងមូលរីកចម្រើន។
(៩) ផ្លូវជាតិលេខ១០ នឹងសម្រួលការដឹកជញ្ជូនរហូតទៅដល់កំពង់ផែព្រះសីហនុ ឬកំពង់ផែកោះកុង
ខ្ញុំសូមលើកទឹកចិត្ត និងជំរុញបន្ថែមទៀតទៅលើការច្នៃប្រឌិត និងការបង្កើតនូវសមិទ្ធផលថ្មីៗ សម្រាប់សាធារណៈរបស់យើង។ ទាក់ទងជាមួយនឹងផ្លូវលេខ ១០នេះ ក្រៅពីការកាត់បន្ថយចម្ងាយ(ក្នុងការធ្វើដំណើរ) កាត់បន្ថយថ្លៃ/ចំណាយធ្វើដំណើរ បង្កើតលទ្ធភាពប្រទាក់ក្រឡាគ្នាជាខ្សែច្រវាក់ជាច្រករបៀងបង្កើតសេដ្ឋកិច្ចរបៀង ពីទិសពាយព្យមកទិសនិរតី ជាចក្ខុវិស័យរបស់សម្តេចតេជោ នៅក្នុងការភ្ជាប់សេដ្ឋកិច្ច ក្នុងពេលជាមួយគ្នា ក៏បានធានាភាពបត់បែននៃភាពធន់របស់យើង។ ឧទាហរណ៍ ពេលដែលយើងមានជម្លោះជាមួយថៃ ព្រំដែនត្រូវបានបិទទាំងអស់នៅទិសពាយព្យ កសិផលយើងចេញទៅណា? យើងកែសម្រួលមួយចំនួន។ ទីបំផុត ផ្លូវនេះបានធ្វើ(នូវតួនាទីតភ្ជាប់ពង្រឹងភាពធន់)។ ថ្ងៃក្រោយ (ផ្លូវនេះក៏)សម្រួល(ការដឹកជញ្ជូន)ពីនេះ រហូតទៅដល់កំពង់ផែព្រះសីហនុ ឬកំពង់ផែកោះកុង។ នៅកោះកុង យើងរៀបឱ្យមានផែទឹកជ្រៅមួយ ទោះមិនទាន់បានអនុវត្ត ប៉ុន្តែកន្លែងនោះក៏ជាសក្តានុពលនៅថ្ងៃអនាគត។
(១០) ធ្វើផ្លូវឆ្អឹងជំនីតភ្ជាប់បន្ថែម នៅគ្រប់ទិស ដើម្បីសម្រួលនិងបង្កើតឱកាសសេដ្ឋកិច្ច
ពីកោះកុង ឥឡូវធ្វើផ្លូវមួយកាត់ទៅឱរ៉ាល់។ អញ្ចឹង បន្តិចទៀតពីពោធិ៍សាត់ទៅភ្នំពេញមានជម្រើសច្រើន។ កាលមុនមានតែជម្រើសមួយទេ គឺផ្លូវជាតិលេខ៥។ បើផ្លូវជាតិលេខ៥ ដាច់ ឬមួយក៏បិទកន្លែងណា យើងកកស្ទះ ឬមួយក៏ទាល់តែទៅផ្លូវសៀមរាបឯណោះ។ ឥឡូវយើងមកផ្លូវនេះ។ អម្បាញ់មិញ ឯកឧត្តម ប៉េង ពោធិ៍នា ប្រាប់ថា បងប្អូនខ្លះគាត់ទៅភ្នំពេញតាមផ្លូវនេះព្រោះទេសភាពល្អ។ គ្រាន់តែអ្នកពុលឡាន មិនសូវហ៊ានជិះព្រោះបត់បែនច្រើន។ ចំណេញពេលខ្លះដែរ បើសិនជាទៅខេត្តព្រះសីហនុ ទៅខេត្តកោះកុង។ ថ្ងៃក្រោយ ទៅដល់កោះកុង ផ្លូវ៤៨បន្តិច ចាក់ផ្លូវមួយទៀតបុកទៅឱរ៉ាល់ កំពង់ស្ពឺ កាត់ទៅភ្នំពេញតែម្តង។ ពីខេត្តបាត់ដំបង យើងគ្រោងធ្វើផ្លូវមួយតភ្ជាប់ទៅសៀមរាប ដោយមិនចាំបាច់អ្នកបាត់ដំបង ឡើងទៅដល់បន្ទាយមានជ័យ ហើយបានចាក់ទៅទៀតទេ។ អញ្ចឹង យើងនឹងធ្វើផ្លូវឆ្អឹងជំនីរច្រើនតភ្ជាប់បន្ថែមទៀត។ ថ្ងៃក្រោយ នៅគ្រប់ទិសទាំងអស់ មិនថាទិសឦសានភ្ជាប់មកទិសនិរតី ទិសឧត្តរមកទិសពាយព្យ ទិសណាក៏នឹងមានសរសៃឈាមកាន់តែច្រើនតភ្ជាប់គ្នាដើម្បីជួយសម្រួលនិងបង្កើត(ឱកាស)។ បើសរសៃឈាមទៅដល់ណា វាក៏នឹងចិញ្ចឹមសរីរាង្គនៅកន្លែងហ្នឹង។ បានន័យថាផ្លូវទៅដល់ណា កន្លែងទាំងនោះនឹងបង្កើតបានជាតំបន់សេដ្ឋកិច្ច។
(១១) ពីពោធិ៍សាត់មកដល់ប្រមោយមានផ្ទះជាប់គ្នាហើយ
មិនខុសពីនៅកន្លែងនេះទេ។ មុននឹងផ្លូវ៥៥ ធ្វើតភ្ជាប់ស្រួលបួល តាមខ្ញុំមើល មានប្រជាជនតិចណាស់(ដែលមករស់នៅ ព្រោះ)គ្មានវិទ្យាល័យ គ្មានបឋមដូចថ្ងៃ។ ឥឡូវតភ្ជាប់ពីពោធិ៍សាត់មកដល់ប្រមោយនេះ គឺមានផ្ទះជាប់គ្នា។ កាលខ្ញុំមកនៅឆ្នាំ២០១៤ ផ្ទះមួយៗទេ។ ផ្លូវទើបពង្រីកទេ។ ឃើញតែបង្គោលភ្លើង។ ឥឡូវសឹងតែបាត់បង្គោលភ្លើង ព្រោះឃើញតែផ្ទះ។ បង្គោលនៅហ្នឹង គ្រាន់តែឥឡូវសំណង់ផ្សេងៗ ច្រើន។ ដល់មានផ្ទះច្រើន យើងជិះអត់ដឹងយូរទេ។ បើកាលអត់មានអី ជិះទៅដូចលន្លង់លន្លោច។ នេះជាការវិវត្ត។ ឥឡូវ កន្លែងនេះក៏ក្លាយទៅជាកន្លែងតំបន់ទេសចរណ៍។ ស្ពានតេជោសន្តិភាពឫស្សីជ្រុំ មានកន្លែងសំរាប់បងប្អូនប្រជាពលរដ្ឋចុះថតផ្ដិតយកទេសភាព។ ខ្ញុំចង់ទៅហ្នុងដែរ។ មកប៉ុន្មានដងអត់បានទៅ។ សួរគេអម្បាញ់មិញថា ៣០គីឡូ(ពីទីនេះ)។ បើអញ្ចឹង មិនបាច់ទេ។ ថ្ងៃណានឹងលួចមក។ លួចមកសប្បាយជាងមកគ្នាច្រើន … ខ្ញុំចេញម៉ោង៣ ប៉ុន្តែសួរទៅ មានឯកឧត្តមច្រើនណាស់មកតាំងពីយប់។ ឯកឧត្តម ជួន សុវណ្ណ ប្រធានក្រុមសន្តិសុខ សុំខ្ញុំមកតាមលើ ដោយសារគាត់ជាប់រវល់។ ម្សិលមិញ ត្រូវមកតាមលើ ប៉ុន្តែក្រោយមកដូរផែនការមកតាមក្រោម។ ថា “ពូ! ម៉ោង ៣មកដល់ផ្ទះ” តែគាត់មកតាំងពីម៉ោង ៣ល្ងាច។ ព្រឹកឡើងសួរ “ឯណា ពូ សុវណ្ណ?” ថាគាត់ដល់មុនបងឯងទៀត។ (ក្រុម)សន្តិសុខ ត្រូវមើលផ្លូវមុនអញ្ចឹង។ យើងបង្កើតតំបន់ទេសចរណ៍កន្លែងនេះ។
(១២) “តំបន់ភ្នំ១៥០០” ជា បុប្ផាលាក់ខ្លួន លើផ្លូវអន្ទង់អាំងប្រមាណ ៤គីឡូម៉ែត្រ មានតែមួយនៅកម្ពុជា
ខ្ញុំសូមយកឱកាសហ្នឹងនិយាយបន្តិច ពាក់ព័ន្ធជាមួយភ្នំ១៥០០។ តំបន់ភ្នំ១៥០០ គេហៅថាជា បុប្ផាលាក់ខ្លួន។ ផ្លូវអន្ទង់អាំងដែលតាមមើលដូចមាន៤ គីឡូម៉ែត្រ។ ផ្លូវ ១០គីឡូម៉ែត្រ តែរង្វង់កន្លែងហ្នឹងគឺកន្លែងដែលល្អ កន្លែងធម្មជាតិ កន្លែងដែលមួយប្រទេសខ្មែរ ដូចជាមានតែមួយ។ ផ្លូវលេខ១០នេះ មានជាង១០០គីឡូម៉ែត្រ មានអន្ទង់អាំងច្រើន ប៉ុន្តែកន្លែងបុប្ផាលាក់ខ្លួនហ្នឹងពិសេស។ កាលពីមកពោធិ៍សាត់ដើមឆ្នាំ២០២៤ មានសំណើរបស់ប្រជាពលរដ្ឋតាមរយៈក្រុមការងារថាចង់ថែរក្សា/រៀបចំតំបន់ហ្នឹង ជាតំបន់បរិស្ថានសាធារណៈអេកូទេសចរណ៍។ ប៉ុន្តែវាមានបញ្ហាមួយ គឺកន្លងទៅមានការចូលទៅកាន់កាប់ដោយមិនមានច្បាប់ ដោយប្រជាពលរដ្ឋ ប្រហែលជាជិត ៩០គ្រួសារ។ ការរៀបចំសំណង់មិនទាន់មានរបៀបរៀបរយ បូកជាមួយមានការវិនិយោគ។ កាលនោះដូចមានក្រុមហ៊ុនតូចៗ វិស័យទេសចរណ៍ប្រហែលជា ៤-៥នៅកន្លែងនោះ ជាតំបន់ទេសចរណ៍ខ្នាតតូច។ អញ្ចឹង ជាគោលគំនិត កាលនោះ ខ្ញុំបានឯកភាពប៉ុន្តែនៅក្នុងលក្ខខណ្ឌ ទី១ ត្រូវផ្តល់ដំណោះស្រាយសមរម្យជូនប្រជាពលរដ្ឋ។ ទោះបីជាគាត់នៅកន្លែងហ្នឹងអត់ស្របច្បាប់ក៏ដោយ ក៏ត្រូវដោះស្រាយដោយបត់បែន និងផ្តល់ការយកចិត្តទុកដាក់ទៅដល់អត្ថប្រយោជន៍របស់ប្រជាពលរដ្ឋ។ មិនចាប់ចង មិនទៅអីគាត់ទេ … ទី២ ទីតាំងនេះ ត្រូវរក្សាដាច់ខាតជាសម្បត្តិសាធារណៈ អត់មានដោះស្រាយហើយ ស្រាប់តែយកទៅឱ្យឯកជនណាវិនិយោគទេ ឬមួយក៏ឱ្យថ្នាក់ណាមកធ្វើផ្ទះលំហែទេ។
(១៣) រដ្ឋផ្តល់ដីសម្បទាន ធ្វើផ្ទះ ផ្តល់កម្មសិទ្ធ ជួយអភិវឌ្ឍ ខណៈមានកាតព្វកិច្ចការពារសម្បត្តិរួម
ទុកកន្លែងហ្នឹងជាសម្បត្តិសាធារណៈ ហើយត្រូវរៀបចំវាឱ្យល្អ រួមទាំងការដាំដើមឈើឡើងវិញ។ រៀបចំហេដ្ឋារចនាសម្ព័ន្ធសាធារណៈ ដូចជាបន្ទប់ទឹកផ្សេងៗ … សូមអរគុណចំពោះក្រុមការងារដែលមាន ឯកឧត្តម កែវ រតនៈ ក្រសួងបរិស្ថាន បូកជាមួយរដ្ឋបាលខេត្ត និងស្ថាប័នពាក់ព័ន្ធ ដែលបានដោះស្រាយបញ្ហាកន្លែងនេះ។ សម្រាប់ប្រជាពលរដ្ឋ ខ្ញុំអត់ចិត្តអាក្រក់ទេ។ ឥឡូវយើង(មាន)គម្រោងប្រជាពលរដ្ឋអត់ដីពិតប្រាកដ។ យើងធ្វើគម្រោងឡាសិត(LASED) (ផ្តល់ផលដល់)រាប់ពាន់គ្រួសារ រាប់ម៉ឺនគ្រួសារ គម្រោងអតីតយុទ្ធជន គម្រោងប្រជាពលរដ្ឋដែលអត់លំនៅដ្ឋានពិតប្រាកដ។ យើងរៀបដីសម្បទានសង្គមកិច្ច ធ្វើផ្ទះជូន ឱ្យកម្មសិទ្ធិ និងជួយអភិវឌ្ឍឱ្យទៀត។ យើងអត់ចិត្តអាក្រក់ទេ។ ជាគោលនយោបាយរបស់យើង។ ប៉ុន្តែ ពេលជាមួយគ្នា យើងត្រូវមានភារកិច្ច កាតព្វកិច្ចការពារសម្បត្តិរួម។ សម្បត្តិរដ្ឋគឺសម្បត្តិរួម។ បើសិនជាអ្នកខេត្តពោធិ៍សាត់ចង់បានកន្លែង៤ហ្នឹងជាទ្រព្យមហាសាលរបស់ខេត្តពោធិ៍សាត់ដែលជាសម្បត្តិរួម យើងគួរតែឱ្យទៅ។ យើងត្រូវដោះស្រាយជូនប្រជាពលរដ្ឋមួយចំនួនតូចដែលគាត់មានលំនៅនៅទីនោះ។ តាមសួរថាមាន ៩០គ្រួសារ។ មានតែ ៣៧-៣៨គ្រួសារដែលជាអ្នករស់នៅហ្នឹង។ ក្រៅពីហ្នឹង ម្ចាស់នៅភ្នំពេញ នៅអូឡាំពិក នៅអីនោះ។ ជួនកាលដីត្រូវប៉ាន់ អ្នកគួកជេហៅមកទិញ ក៏ចេះតែទិញទៅ។ ហ្នឹងកន្លែងល្អចេះតែទិញទៅ អ្នកខ្លះនៅដល់ក្រៅប្រទេសឯណោះ។
(១៤) ផ្តល់ដីជាង ១០០ហិកតា ចម្ងាយប្រមាណ ១៥គីឡូម៉ែត្រពីកន្លែងចាស់ រៀបចំហេដ្ឋារចនាសម្ព័ន្ធជាភូមិ ធ្វើផ្លូវកៅស៊ូ មានទឹកភ្លើង
អញ្ចឹង ជាគោលការណ៍ត្រូវធ្វើម៉េច? (គឺអនុវត្តគោលការណ៍)ឈ្នះ-ឈ្នះ។ យើងឃើញថា ការដោះស្រាយមកដល់ម៉ោងនេះ ប្រជាពលរដ្ឋជិត ៩០គ្រួសារហើយនៅក្នុងចំណោមទាំងអស់បានទទួលយកដំណោះស្រាយ។ ដំណោះស្រាយយ៉ាងម៉េច? ដំណោះស្រាយនេះគឺ(ឲ្យចេញពីកន្លែងដែលអត់មានកម្មសិទ្ធិស្របច្បាប់ សំណង់មិនទាន់រៀបរយ ទៅកន្លែងថ្មីក្នុងតំបន់ ជួយរៀបចំផ្លូវ ទឹកស្អាត អគ្គិសនីជូន ផ្តល់ប្លង់ស្របច្បាប់ឱ្យ)។ ឱ្យតែគាត់មានដីនៅកន្លែងហ្នឹង ទោះបីជាគាត់មិនមានសិទ្ធិស្របច្បាប់ក៏ដោយ។ ភាពស្របច្បាប់លើដីរដ្ឋ ទាល់តែមានអនុប្រយោគ មាន ស.ជ.ណ. របស់រាជរដ្ឋាភិបាលប្រែក្លាយពីដីរដ្ឋទៅជាដីឯកជនរបស់រដ្ឋ ហើយសូមកាត់ឆ្វៀលឱ្យប្រជាពលរដ្ឋ។ ប៉ុន្ដែ នេះអត់មានអីទាំងអស់។ ខ្លះថាមានប័ណ្ណនេះប័ណ្ណនោះ។ មិនដូច្នោះទេ។ អញ្ចឹង អត់មានត្រូវធ្វើអីទេ គឺត្រូវគិតគូរឱ្យគាត់។ គឺដោះស្រាយ(តាមយោបល់)ខេត្ត/ក្រុមការងារ ដោយបានស្នើសុំដីជាង ១០០ហិកតា រៀបចំហេដ្ឋារចនាសម្ព័ន្ធជាភូមិ ផ្តល់ដីឱ្យគាត់ ធ្វើផ្លូវកៅស៊ូឱ្យ ដាក់ទឹកស្អាតឱ្យ តភ្លើងឱ្យហ្វ្រ៊ី ហើយឱ្យប្រជាពលរដ្ឋរស់នៅទីនោះ។ កន្លែងដែលគាត់នៅទីនេះ មិនមានភាពស្របច្បាប់ទេ។ ទោះបីកន្លែងល្អ។ យើងកែទៅកន្លែងជិតហ្នឹង។ ប៉ុន្មានគីឡូពីកន្លែងចាស់? ប្រហែលជាខ្ទង់ ១៥គីឡូ។ នៅក្នុងតំបន់ប្រមោយដដែល។
(១៥) ក្រុមហ៊ុនវិនិយោគចេញក្រៅ តំបន់បុប្ផាលាក់ខ្លួន ដើម្បីជោគជ័យទាំងអស់គ្នា
អញ្ចឹង អត់ឱ្យគាត់ទៅណាទេ គ្រាន់តែសូមយកកន្លែងដែលពាក់ព័ន្ធជាមួយបុប្ផាលាក់ខ្លួនហ្នឹង យកមកទុកជាទ្រព្យអ្នកពោធិ៍សាត់ ដើម្បីទាក់ទាញម៉ូយពីកន្លែងផ្សេង ឱ្យមកលេងពោធិ៍សាត់ មកមើលតំបន់នេះ។ មកដល់ម៉ោងនេះ យើងបានធ្វើការរៀបចំ។ (មានន័យថា)យកគាត់ពីកន្លែងដែលអត់មានកម្មសិទ្ធិស្របច្បាប់ សំណង់មិនទាន់រៀបរយ កន្លែងខ្លះមានតែដីទេ មក(កន្លែងដែលរដ្ឋ)ជួយរៀបចំផ្លូវ រៀបចំទឹកស្អាត រៀបចំភ្លើងអគ្គិសនីជូនគាត់ ផ្តល់ប្លង់ស្របច្បាប់ឱ្យ គឺផ្តល់(ភាព)ស្របច្បាប់ឱ្យគាត់។ គឺដោះស្រាយបែបនេះ … ក្រុមហ៊ុនវិនិយោគ ៤-៥ហ្នឹង ក៏ដូចគ្នា គឺចេញពីហ្នឹង មិនមែនឱ្យតែប្រជាជនចេញទេ។ អ្នកវិនិយោគក៏ត្រូវតែរំកិលចេញទៅក្រៅហ្នឹងបន្តិចទៅ ប៉ះប៉ូវឱ្យគាត់វិញដើម្បីយើងជោគជ័យ។ កន្លែងហ្នឹងក៏ត្រូវការវិនិយោគដែរ។ គ្រាន់តែថា ផ្លូវហ្នឹងវារាប់រយគីឡូ។ សុំតែ ៤គីឡូហ្នឹង។ ៤គីឡូហ្នឹងយកមកធ្វើអី? ៤គីឡូម៉ែត្រហ្នឹងយកមករៀបចំឱ្យល្អ ដាំដើមឈើឡើងវិញ រៀបចំកន្លែងហេដ្ឋារចនាសម្ព័ន្ធទទួលទេសចរបម្រើឱ្យសហគមន៍ បម្រើឱ្យខេត្តពោធិ៍សាត់ ឱ្យក្លាយទៅជាបុប្ផាលាក់ខ្លួន។
(១៦) ការរៀបចំហេដ្ឋារចនាសម្ព័ន្ធទេសចរ “បុប្ផាលាក់ខ្លួន” ដែលថ្ពក់សហគមន៍អ្នកខេត្តពោធិ៍សាត់
តាមដឹង ដូចជាបានដាំដើមឈើឡើងវិញជាង ១៥០ ០០០ដើមហើយ។ សហការជាមួយក្រុមហ៊ុន Renaissance របស់អូស្រ្តាលីដាំ ១៥០.០០០ដើម ហើយគ្រោងដាំរាប់ពាន់ដើមបន្ថែមទៀត។ រៀបចំហេដ្ឋារចនាសម្ព័ន្ធ បន្ទប់ទឹក ស្អីៗ។ ខ្ញុំសូមឱ្យមើល បើអាចបាន ធ្វើម៉េចថ្ពក់ជាមួយសហគមន៍នៅកន្លែងហ្នឹងដើម្បីគាត់បានផលពីកន្លែងហ្នឹង។ គាត់មិនកាន់កាប់ដីកន្លែងហ្នឹងទេ កន្លែងហ្នឹងគឺជាដីរបស់រដ្ឋ ដីរួមរបស់ខេត្ត របស់ជាតិ។ យកមកជាតំបន់ទេសចរណ៍សម្រាប់ជាតិ ជាតំបន់បុប្ផាលាក់ខ្លួន មួយប្រទេសមានតែមួយកន្លែងហ្នឹងដែលល្អ ហើយវានៅពោធិ៍សាត់ ដើម្បីឱ្យអ្នកពោធិ៍សាត់អាចទទួលបានផល។ (ប្រសិនបើ) Stress អីពីខេត្តពោធិ៍សាត់ ជិះឡានមួយម៉ោងមកកន្លែងនេះមក … មានទិដ្ឋភាពដើមឈើ មានអីល្អ មានបន្ទប់ទឹកអនាម័យ មានសេវាមានអី។ បើសិនជាកន្លែងទេសចរណ៍ល្អ! ឥឡូវគ្រប់កន្លែងសហគមន៍ដែលយើងបង្កើត កន្លែងដែលមនុស្សទៅច្រើន ខ្ញុំតែងតែឱ្យគិតគូរពីប៉ុស្តិ៍សង្គ្រោះបន្ទាន់ដែលមានពេទ្យជំនាញសង្គ្រោះបន្ទាន់ទៅប្រចាំការ។ ថ្ងៃមុន ទៅគិរីរម្យ បានឲ្យសិក្សានៅខ្នងផ្សារ។ យើងឱ្យមានប៉ុស្តិ៍នៅកន្លែងហ្នឹង ព្រោះជួនកាលអ្នកទៅលេង ក្រឡាច់(ជើង) ចូលព្រៃមិនស្រួលពស់ចឹកស្អីៗ។ វាមាន(អាសន្ន)។ ត្រូវមានពេទ្យត្រៀម។
(១៧) តំបន់អន្ទង់អាំង ៤គីឡូម៉ែត្រជាកន្លែងទូងស្គរ កុំអោយទេសចរទៅហួសមកហួស
ថ្ងៃក្រោយ កន្លែងហ្នឹងអត់មានជារបស់នរណាទេ។ ជារបស់រដ្ឋ។ ជារបស់រួម។ ខ្ញុំអនុញ្ញាតឱ្យនោះ គឺកាលហ្នឹងដោយសារគាត់ប្រាប់ថាមិនយកដើម្បីឱ្យវិនិយោគណាមកផ្តាច់មុខនៅកន្លែងហ្នឹងទេ គឺយកត្រឡប់មកវិញឱ្យប្រជាពលរដ្ឋដាក់ជារបស់រួម ហើយអភិវឌ្ឍដើម្បីធ្វើជាបុប្ឆាលាក់ខ្លួន សម្រាប់ប្រទេសយើងនៅក្នុងតំបន់អន្ទង់អាំងនេះ ដើម្បីឱ្យទេសចរមកទស្សនា ទាញផលភ្ជាប់ជាមួយសហគមន៍។ ឲ្យតែគេមកលេងច្រើននៅ ៤គីឡូហ្នឹង មកធ្វើហាងធ្វើអីនៅក្បែរហ្នឹង ក្រៅពី ៤គីឡូហ្នឹងគេមកហើយ។ ភូមិដែលគាត់បានទៅ នៅជិតហ្នឹង គាត់បង្កើត Restaurant កន្លែងហួស ពី៤គីឡូហ្នឹង អត់មាននរណាធ្វើអីទេ។ តាមហ្នឹងទៅ(ជា)កម្មសិទ្ធិរបស់គាត់។ បានន័យថា កន្លែងនេះគឺជាកន្លែងទូងស្គរ។ មនុស្សមកលេងកន្លែងហ្នឹង អញ្ចឹងគាត់ហួសទៅបាយនៅក្បែរហ្នឹង ទៅស្នាក់នៅក្បែរហ្នឹង បង្កើតសេដ្ឋកិច្ចឱ្យប្រជាពលរដ្ឋនៅក្នុងតំបន់ហ្នឹង … ផ្ទុយទៅវិញ បើសិនជាតំបន់អន្ទង់អាំងនេះ យើងគ្រប់គ្រងមិនបាន ទៅកាប់រាបធ្វើឱ្យឆក គេទៅហួសមកហួសហើយ។ អត់មានមកឈប់ទេ … គ្រាន់តែជិះ វិលមុខចង់ស្លាប់ហើយ ឈប់ធ្វើអី។ បើឈប់អត់មានអីផង មានតែផ្ទះ មានតែស្អីៗ ដូចតែគេដូចតែឯង តាំងពីផ្លូវ ៥៥មកដល់។
(១៨) ព្រៃឈើកន្លែងអន្ទង់អាំងទាញទេសចរ ទាញចំណូលមកសហគមន៍មូលដ្ឋាន
លក្ខណៈពិសេសរបស់វា តម្លៃពិសេសរបស់វានេះហើយ ដែលថាយើងសុំមានការយោគយល់របស់ប្រជាពលរដ្ឋ។ សូមអរគុណប្រជាពលរដ្ឋ ក្នុងចំណោមជិត ៩០គ្រួសារ ដូចជា ៨៦ទៅ៨៧គ្រួសារហើយ ដែលឯកភាព។ គាត់ទទួលយក។ គាត់ចូលរួម។ (ការរៀបចំនេះ)អត់បានធ្វើឱ្យខាតប្រយោជន៍គាត់ទេ។ គាត់ទៅទទួលនៅកន្លែងដែលមានកម្មសិទ្ធិស្របច្បាប់ (ដែលពីមុនជា)កន្លែងអត់ស្របច្បាប់។ គាត់ទទួលនូវការវិនិយោគជួយរបស់រដ្ឋកសាងផ្លូវកៅស៊ូ ភ្លើង ទឹកស្អាត ហេដ្ឋារចនាសម្ព័ន្ធនៅកន្លែងនោះសម្រាប់គាត់ហើយអត់ឆ្ងាយពីហ្នឹងទៀត។ មិនយកគាត់ទៅដាក់ឆ្ងាយ ៣០០គីឡូទេ។ នៅក្បែរហ្នឹង ជាកន្លែងដែលអាចទាញផលពី(តំបន់នេះ) … ថាព្រៃឈើទាញទឹកភ្លៀង ប៉ុន្តែព្រៃឈើកន្លែងអន្ទង់អាំងទាញទេសចរ។ ទាញចំណូលមកសហគមន៍មូលដ្ឋាន។ ភ្លៀងក៏ទាញ មនុស្សក៏ទាញ ទាញទាំងលុយចូលសហគមន៍ គឺដើម្បីអភិវឌ្ឍបែបនេះ។ ខ្ញុំសុំឱ្យលើកទឹកចិត្តរៀបចំហេដ្ឋារចនាសម្ព័ន្ធគាំទ្រដល់ទេសចរណ៍ បន្ទប់ទឹក … និងអាចមានប៉ុស្តិ៍សុខភាព មិនមែនប៉ុស្តិ៍ដូច(រដ្ឋបាល)ទេ គឺថា(ជួយពេលមានអាសន្ន)គ្រោះ Emergency បើសិនជាមានអ្នកចុះមកធ្វើ Hiking កន្លែងហ្នឹង។ កន្លែងនេះជាតំបន់ប្រវត្តិសាស្ត្រមួយដែរ។
(១៩) មានបញ្ហាអ្វី សូមចូលមកនិយាយគ្នា ដើម្បីជួយដោះស្រាយ កុំបង្កើតមាតិកាមិនពិត
កន្លងទៅក៏មានប្អូនស្រីម្នាក់ថា គាត់ជាមនុស្សនៅក្នុងហ្នឹង។ គាត់ឈ្មោះ សែម សុខគា។ ភាគច្រើនទៅហ្នឹង គឺមាន TFA ទៅតាម។ ឥឡូវទូរទស្សន៍ស្អី Free Asia ទៅតាម។ គាត់បានទៅយំស្រែកនៅមុខក្រសួងយុត្តិធម៌២ ឬ៣ដងហើយទាមទារ។ ខ្ញុំប្រាប់ថាឱ្យឯកឧត្តម កែវ រតនៈ ឯកឧត្តម កើត រិទ្ធ មើលថា គាត់មានបញ្ហាអី(ឲ្យពិតប្រាកដ ដើម្បី)ជួយដោះស្រាយ។ តែ ទី១ គាត់អត់បានចូលសហការទេ។ គេអញ្ជើញប៉ុន្មានដង គាត់អត់ព្រមចូល។ ដល់ស្រាវជ្រាវទៅ គាត់មិនមែនអ្នកនៅក្នុងហ្នឹង។ អត់មានប្លង់នៅហ្នឹងទេ។ ដីគាត់ដែលមានប្លង់គឺចម្ងាយប្រហែលជាជិត ៣គីឡូពីតំបន់ហ្នឹង។ ទី២ កូនដែលគាត់បីហ្នឹង មិនមែនកូនគាត់ទេ អាចជាចៅ។ ទី៣ គាត់មានដី ៦កន្លែង នៅក្រៅតំបន់ហ្នឹង។ ខ្ញុំថា ឥឡូវមានក៏មានទៅចុះ ឱ្យតែគាត់ចូលមក យើងអាចជួយផ្តល់ដីគាត់នៅកន្លែងនេះ ដែលគេ ៩០គ្រួសារ(ព្រម)ទៅ។ យើងអត់មានចាប់អត់មានអីទេ។ មកជួយដោះស្រាយ។ ដីកន្លែងដែលគាត់នៅ ២គីឡូកន្លះក្រៅពីតំបន់នេះ អត់មាននរណាទៅប៉ះទេ ព្រោះគេធ្វើតែ ៤គីឡូហ្នឹងទេ។ ប៉ុន្តែមិនដឹងថាមានបញ្ហាអី។ សុំឱ្យមកសហការ កុំទៅបង្កើតមាតិកាដែលមិនពិត។ គាត់មានរឿងអីពិតឬមិនពិត សូមមកនិយាយគ្នា។
(២០) ឱ្យគោលការណ៍ដោះស្រាយដោយភាពទន់ភ្លន់ បើមានបញ្ហា/សំណូមពរពិតប្រាកដ
ខ្ញុំឱ្យគោលការណ៍ទៅក្រសួងយុត្តិធម៌ ក្រុមការងារដោះស្រាយដោយភាពទន់ភ្លន់។ បើគាត់មានបញ្ហាអីឱ្យពិតប្រាកដ មានសំណូមពរអីពិតប្រាកដ សូមដោះស្រាយឱ្យ។ ឆែកទៅ គាត់មានដី ៦កន្លែងនៅកន្លែងផ្សេង មានទាំងឈ្មោះមានទាំងអីទៀត។ កន្លែងដីគាត់ដែលមានកម្មសិទ្ធិជាប្លង់រឹងនៅឆ្ងាយពីកន្លែងហ្នឹង … តែទោះជាយ៉ាងណាក៏ដោយ ខ្ញុំអំពាវនាវឱ្យប្អូនស្រីចេញមកជួបជាមួយក្រុមការងារ។ យើងដោះស្រាយ គ្មានរឿងអីទៅធ្វើបាបគាត់ទេ។ បើថាឥឡូវគាត់ចង់បានដី តើដីគាត់នៅឯណាពិតប្រាកដ។ ចង់បានដីយ៉ាងម៉េច ដំណោះស្រាយយ៉ាងម៉េច មកនិយាយគ្នាទៅ។ ប្រជាពលរដ្ឋ៨៦ ជិត៩០គ្រួសារក្នុងចំណោមដែលពាក់ព័ន្ធ(បានព្រមហើយ) … សង្ឃឹមថា បងប្អូនដែលមិនទាន់(បានចូល)យោគយល់ ហើយជួយចូលរួម ព្រោះយើងធានាថា មិនយកពីរបស់បងប្អូនមកឱ្យឯកជនណាទេ។ សូម្បីតែក្រុមហ៊ុនវិនិយោគខ្នាតតូចដែលមានអាជ្ញាបណ្ណ មានគោលការណ៍អនុញ្ញាតពីក្រសួងបរិស្ថាន ក៏យើងឱ្យគាត់ចេញ(ពីតំបន់នេះ)បន្តិច ទុកកន្លែង ៤គីឡូហ្នឹងធ្វើជាកន្លែងរួមសាធារណៈ។ គាត់ក៏ព្រម។
(២១) តំបន់ដីសម្បទានសង្គមកិច្ច មិនត្រឹមតែធ្វើផ្ទះ ឱ្យដីធ្វើដំណាំទេ កន្លែងខ្លះបង្កើតរូបមន្តកសិដ្ឋានឱ្យសហគមន៍ទៀត
នេះគឺជាគោលការណ៍នៅអន្ទង់អាំង។ ប្អូនស្រីដែលបីកូនហើយថា រដ្ឋបាលនេះអាក្រក់ណាស់ យ៉ាប់ជាង ប៉ុល ពត ទៅទៀតនោះ សុំចេញមក។ យើងមិនចាប់ មិនយកអូសដំណើរទេ។ ដោះស្រាយគោលការណ៍ជូនបាន តែនិយាយគ្នាឱ្យច្បាស់ថាតើចង់បានស្អី? នេះគឺជាគោលការណ៍។ កន្លែងនេះយើងដោះស្រាយឱ្យ។ កន្លែងប្រជាជនតាមតំបន់មួយគរគោកដែលគាត់ទៅ កន្លែងខ្លះគាត់ទៅទន្ទ្រានដី យើងដោះស្រាយ។ កន្លែងខ្លះ អ្នកដែលអត់ដីពិតប្រាកដ យើងយកទៅធ្វើផ្ទះ ឱ្យដីនៅតំបន់ដីសម្បទានសង្គមកិច្ច។ ឥឡូវតំបន់សម្បទានសង្គមកិច្ច មិនត្រឹមតែធ្វើផ្ទះឱ្យដីធ្វើដំណាំទេ កន្លែងខ្លះយើងបង្កើតរូបមន្តកសិដ្ឋាន ឬមួយចំណូលឱ្យសហគមន៍ទៀត។ យើងវិនិយោគធ្វើផ្ទះកញ្ចក់ យើងវិនិយោគលើការដាំដុះដើម្បីយកចំណូលឱ្យសហគមន៍។ មិនមែនយកទៅទុកទេ។ ការគិតគូររឿងដីធ្លីរបស់យើង ប្រជាពលរដ្ឋដែលអត់ផ្ទះពិតប្រាកដ យើងនឹងឱ្យ រួមទាំងមន្ត្រីរាជការ អតីតមន្ត្រីរាជការដែលចូលនិវត្តន៍ទៅ អតីតកងកម្លាំងប្រដាប់អាវុធដែលលំបាក។ នេះគឺជាគោលការណ៍ និងជាអ្វីដែលយើងបានធ្វើ។
(២២) គិតគូរពី Ecotourism និងEcosystem ជួយបណ្តុះសហគមន៍ឱ្យចេះរកស៊ី
ពាក់ព័ន្ធរឿង ភ្នំ១៥០០ តំបន់បុប្ផាលាក់ខ្លួន បើអ្នកពោធិ៍សាត់ ឬមួយប្រជាជនណា ក្តាប់បានតែនៅក្នុង៤គីឡូនេះ ខេត្ត ឬក្រុមការងារ ឬអ្នកណាលួចយកទៅឱ្យឈ្មួញ សុំរាយការណ៍មកខ្ញុំៗ នឹងទទួលខុសត្រូវ។ ត្រូវរក្សាកន្លែងនេះជាសម្បត្តិរួមរបស់ប្រជាពលរដ្ឋ។ ធ្វើការអភិវឌ្ឍដើម្បីឱ្យទៅជាកន្លែងទេសចរទាក់ទាញ របស់ប្រទេសជាតិ ដើម្បីតំបន់អន្ទង់អាំងនេះ ទាញផលមកឱ្យប្រជាជនដែលរស់នៅក្បែរហ្នឹង។ សុំធានា។ អភិបាលខេត្តធានាឱ្យខ្ញុំ។ អត់មានលួចឆ្មក់ឱ្យទៅ …(អ្នកណាទេ)។ យើងរក្សាកន្លែងនេះ។ អ្នកវិនិយោគខ្នាតតូច អេកូទេសចរណ៍ គាត់រើទៅក្បែរៗ ហ្នឹង។ គេមកលេងកន្លែងនេះ អត់មានអីទេ គេ Trekking គេដើរអី។ អញ្ចឹង ទៅកន្លែងដែលសាធារណៈ។ គេមកស្នាក់នៅក្បែរហ្នឹងទៅ មាន Resort មានស្អីនៅក្បែរៗហ្នឹង ប្រជាពលរដ្ឋបើក Restaurant … ធ្វើម៉េចគិតគូរជាខ្សែច្រវាក់ទេសចរណ៍ Ecotourism និងEcosystem។ តំបន់នេះទូងស្គរ ប៉ុន្តែមកត្រូវមានសេវាឱ្យគេយ៉ាងម៉េច។ លើកទឹកចិត្តឱ្យជួយបណ្តុះសហគមន៍ ប្រជាពលរដ្ឋយើងឱ្យចេះរកស៊ី។ ខ្ញុំជឿថាអ្នកនៅប្រមោយសុទ្ធតែពូកែហើយខាង Business ព្រោះខ្ញុំជិះមកឃើញហាងមួយគរគោក ទីប្រជុំជនក៏មិនណយដែរ។
(២៣) តភ្ជាប់ផ្លូវ ទាញលំហូរមនុស្ស បង្កើតបានជាកញ្ចប់សកម្មភាពទាក់ទាញសេដ្ឋកិច្ចទេសចរណ៍
ឱ្យតែយើងទាញមនុស្សមក។ ធ្វើផ្លូវភ្ជាប់មកហើយ មនុស្សអាចហូរមកបាន។ ខុសគ្នាមួយហូរមក មួយហូរកាត់។ ចង់ឱ្យហូរកាត់ ឬហូរមក? ហូរមក។ ហូរពីឆ្ងាយមក យ៉ាងហោចគេឈប់ថតនៅស្ពានឫស្សីជ្រុំ។ ទៅដល់ ១៥០០អន្ទង់អាំងឈប់ចុះថត ចុះអី ទម្រាំតែថត ២កន្លែងហ្នឹង ដល់ម៉ោងបាយបាត់។ ចូលហាងនៅក្បែរហ្នឹង។ ហ្នឹងដែលយើងចង់ទាញ។ ធ្វើផ្លូវហើយ ទាញឱ្យចូលជាកញ្ចប់នៃសកម្មភាពទាក់ទាញសេដ្ឋកិច្ចទេសចរណ៍ជាផ្នែកមួយរបស់វា។ យើងត្រូវបន្តមានការគិតគូរបែបនេះ។ សូមបញ្ជាក់ដល់ប្រជាពលរដ្ឋរបស់យើង កន្លងទៅឱ្យតែឃើញទូរទស្សន៍ Free Asia ហ្នឹង ផ្សាយគឺប្រជាពលរដ្ឋជាច្រើនយល់ច្រឡំថារដ្ឋាភិបាលធ្វើបាបប្រជាពលរដ្ឋ។ មានទាំងអ្នកនៅអាមេរិកទៀតថា “ផ្ទះរបស់គេ ហេតុអីក៏មិនឱ្យគេនៅ ឃ្លានអីម្ល៉េះ មកយកកន្លែងហ្នឹង”។ កន្លែងហ្នឹងដីរបស់រដ្ឋតាំងពីដើម។ កន្លែងហ្នឹងវាមានសក្តានុពលសម្រាប់ផលប្រយោជន៍រួម។ យើង(សូមឱ្យមានការ)យោគយល់គ្នាទៅ រកឈ្នះៗ បែបនេះ។ សូមឱ្យបងប្អូនប្រជាជនយោគយល់ បើមានឱកាសជិះមកលេងទៅ។
(២៤) ទប់ស្កាត់ការកាប់ឈើខុសច្បាប់ និងដាំដើមឈើឡើងវិញ នៅតំបន់បុប្ផាលាក់ខ្លួន
ឥឡូវ រាងត្រងិលបន្តិចនៅតំបន់នោះ។ ឥឡូវខ្ញុំឱ្យទី១ ទប់ស្កាត់ការកាប់ឈើខុសច្បាប់, ទី២ ចាប់ផ្តើមដាំដើមឈើឡើងវិញ ជាពិសេសនៅតាមតំបន់ព្រំដែនមួយចំនួន។ កន្លែងប៉ះប្រយុទ្ធគ្នា យើងឃើញហើយត្រងិលតែម្តង។ (ម្ដុំកន្លែង)ស៊ុបពោធិ៍សាត់អីនោះ ត្រងិលតែម្ដង មិនអាចស្រួលបានទេ ពីដ្រូននោះ។ ត្រូវការមានជម្រក មានទីតាំងបិទអី វាជួយក្នុងការថែរក្សាបរិស្ថានផង។ ម្សិលមិញ ក្រសួងបរិស្ថានបានស្នើសុំសាកល្បងដាំស្មៅយក្សនៅតំបន់រេចរឹល។ តំបន់រេចរឹលហ្នឹងគឺដីពិបាកដាំ។ ស្តារព្រៃឡើងវិញ ឈើខ្លះពិបាក។ គាត់សុំដាំស្មៅយក្សខ្លះ ដែលស្មៅនេះវាមានអត្ថប្រយោជន៍ច្រើន រួមទាំងចំណូលដល់ប្រជាពលរដ្ឋផង។ ធ្វើជាចំណីសត្វ វាជួយជាជីវសាស្ត្រមុននឹងថ្ងៃក្រោយដាំដើមឈើឡើងវិញ ស្តារដីឡើងវិញ។ របៀបហ្នឹងដូចជាការដាំដំឡូងហើយវាហិលដីទៅ គេដាំសណ្តែក ដាំអីហើយគេភ្ជួរចោលឱ្យវា… គេសាកល្បង។ ខ្ញុំថា កុំអាលដាក់ទូទាំងប្រទេស។ ធ្វើគម្រោងគំរូ Pilot Project នៅប៉ុន្មានកន្លែងសិន។ ធ្វើម៉េចកុំភ្លេច កុំដាំឱ្យតែបានដាំ ត្រូវភ្ជាប់វាជាមួយនឹងសហគមន៍ ត្រូវដាក់ទិសដៅ យើងដាំនេះមិនមែនដាំចោលដើម្បីតែដីទេ ប៉ុន្តែដាំដើម្បីឱ្យផលជាចំណូលដល់សហគមន៍ បូកជាមួយនឹងការជួយស្តារដីឡើងវិញ ហើយឱ្យគាត់ជួយថែ។ កន្លែងណាដែលដាំដើមឈើបាន យើងដាំ ព្រោះមិនអាចដាំគ្រប់កន្លែងទេ។
(២៥) ធ្វើពិពិធកម្មផលិតផលទេសចរណ៍ ដោយឆ្នាំនេះផ្សព្វផ្សាយអំពីកោះ ឆ្នាំក្រោយផ្សព្វផ្សាយអំពីភ្នំ
កន្លែងខ្លះ ដីមិនអាចដាំដើមឈើដុះតែម្ដងទេ វាបានតែរេចៗ បន្តិចបន្តួច ទោះដាំម៉េចក៏មិនទៅដែរ ទាល់តែប្តូរដីហ្នឹងចេញ។ គ្មានលទ្ធភាពប្តូរដីទេ មានតែប្តូរដំណាំដែលស្របជាមួយដី។ យើងមិនអាចទៅដឹកដីទន្លេយកមកចាក់រាប់លានគូបនៅហ្នឹងដើម្បីដាំទេ។ (ទោះជា)ដាំក៏មិនប្រាកដដែរ។ ដាក់នៅលើមួយម៉ែត្រដល់ដីរឹង។ ខ្ញុំធ្លាប់នៅជើងគោក ខំដាំឈើទាល ដីវារឹង ដាក់ប៉ុន្មានឆ្នាំវាមិនរីកសោះ។ ឯកឧត្តម ម៉ៅ សុផាន់ ប្តូរដីកន្លែងហ្នឹងវាដុះលឿន។ យើងសិក្សា កន្លែងណាដែលត្រូវរុក្ខជាតិប្រភេទណា ដំណាំប្រភេទណា? ស្តារឡើងវិញ។ ប៉ុន្តែ អ្វីដែលសំខាន់ Ecotourism គឺជាសក្តានុពលធំដែលខ្ញុំឱ្យឯកឧត្តម ហួត ហាក់ គិតគូរ ព្រោះកន្លងទៅយើង Branding យើងដាក់តែប្រាសាទទេ ទេសចរវប្បធម៌។ យើងអត់ត្រូវមានតែមួយទេ។ យើងត្រូវធ្វើពិពិធកម្មផលិតផលទេសចរណ៍។ មួយឆ្នាំយើងផ្សព្វផ្សាយប្រាសាទ ឆ្នាំក្រោយយើងផ្សព្វផ្សាយកោះ ឆ្នាំក្រោយយើងផ្សព្វផ្សាយភ្នំ។ នៅក្នុងនោះគឺទេសចរខាងភ្នំ។ ថ្ងៃមុន ជួបក្រុមហ៊ុនទេសចរណ៍ខ្នាតអន្តរជាតិមួយដែលធ្វើអេកូទេសចរណ៍ជាមួយសហគមន៍ទូទាំងពិភពលោក គាត់ថាយើងមានសក្តានុពលខាងទេសចរធម្មជាតិ ការរៀបចំប្រទាក់ក្រឡាគ្នានេះសំខាន់។ អ្វីក៏ដោយ ឱ្យតែទាញមនុស្សទាញចំណូលមកគឺយើងយកទាំងអស់។ មកល្អមិនមែនមកកាប់បំផ្លាញទេ។ ទេសចរមកដើម្បីបង្កើតសេដ្ឋកិច្ច ជួយចំណូល យើងរៀបចំល្អ។ ការប្រទាក់ក្រឡា ការគិតគូរសក្តានុពលរបស់យើង។
(២៦) បង្កើតការងារគឺបង្កើតមនុស្ស ព្រោះបង្កើតសកម្មភាពសេដ្ឋកិច្ច មនុស្សមកច្រើន កូនក៏ច្រើន
ខេត្តពោធិ៍សាត់ ដែលធ្លាប់ជាខេត្តទៅហួសមកហួស ដូចកំពង់ឆ្នាំងកន្លងទៅ ឥឡូវលែង(ដូច្នោះ)ហើយ។ យើងមានឧស្សាហកម្ម យើងមានផ្លូវតភ្ជាប់ យើងមានវារីអគ្គិសនីនៅទីនេះ យើងមានសក្តានុពលទេសចរច្រើន។ (របស់ទាំងហ្នឹង)នៅហ្នឹងរាប់លានឆ្នាំមកហើយ (គ្រាន់តែថាការ)ទាញផលពីវាត្រូវការនូវការដាក់ចេញគោលការណ៍ត្រឹមត្រូវ។ ខ្ញុំសូមគាំទ្រខេត្ត ដែលបានខិតខំក្នុងការរៀបចំកញ្ចប់ កន្លែងតំបន់ឧស្សាហកម្មដាក់ឧស្សាហកម្ម កន្លែងណាទេសចរណ៍ដាក់ទេសចរណ៍ កន្លែងណាបង្កើតអីផ្សេងទៀតយើងដាក់អាហ្នឹង។ រុញវាជាតំបន់បង្កើតការងារ បង្កើតមនុស្ស ព្រោះបង្កើតសេដ្ឋកិច្ចហ្នឹងឱ្យមនុស្សកើនច្រើននិងលឿន។ មិនមែនបានន័យថា កើតកូនច្រើនទេ។ បានន័យថាមនុស្សមកពីក្រៅបុកមករកការងារធ្វើនៅទីនេះ។ ធម្មតា តែមនុស្សមកច្រើន កើតកូនក៏ច្រើនដែរ។ កើតកូននៅពោធិ៍សាត់ គេហៅអ្នកពោធិ៍សាត់ហើយ។ ភាគច្រើនអ្នកនៅពោធិ៍សាត់ ទៅសួរចុះម៉ែមកពីបន្ទាយមានជ័យ ឪមកពីស្វាយរៀង តែមកជួបគ្នានៅវាលវែង កើតនៅហ្នឹង។ ថ្ងៃក្រោយ ២-៣តំណ អ្នកវាលវែងទាំងអស់ …។
[បញ្ចប់សេចក្ដីអធិប្បាយ៣]
ខ្ញុំសូមវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងមន្រ្តីរាជការគ្រប់ជាន់ថ្នាក់របស់ក្រសួងសាធារណការ និងដឹកជញ្ជូន និងរដ្ឋបាលខេត្តពាក់ព័ន្ធ, ព្រមទាំង ក្រុមហ៊ុនសាងសង់ និងក្រុមហ៊ុនទីប្រឹក្សាត្រួតពិនិត្យ ដែលបានសហការគ្នាជិតស្និទ្ធ និងត្រៀមលក្ខណៈបានល្អប្រសើរ ក្នុងការប្រឹងប្រែងជំរុញ និងពន្លឿនការងាររៀបចំទីតាំងការដ្ឋានសាងសង់នេះឡើង អមដោយសម្ភារ, បរិក្ខារ និងគ្រឿងចក្រគ្រប់គ្រាន់ ជាពិសេស ការត្រៀមលក្ខណៈរបស់ថ្នាក់ដឹកនាំ វិស្វករជំនាញ និងមន្ត្រីបច្ចេកទេសទាំងអស់ ពិតជាមានភាពចាំបាច់ និងមិនអាចខ្វះបាន ដើម្បីធានាឱ្យដំណើរការសាងសង់អាចប្រព្រឹត្តទៅដោយរលូន និងទទួលជោគជ័យតាមផែនការគ្រោងទុក។
ការដាក់ឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ១០នាពេលនេះ ជាជោគជ័យថ្មីមួយទៀត នៃយុទ្ធនាការពង្រីកប្រព័ន្ធដឹកជញ្ជូន និងពង្រឹងប្រព័ន្ធឡូជីស្ទីក របស់រាជរដ្ឋាភិបាល ឱ្យកាន់តែពេញលេញ នៅក្រោមពាក្យស្លោក «ផ្លូវគឺជាមូលដ្ឋាននៃការធ្វើសមាហរណកម្មផ្ទៃក្នុង និងការអភិវឌ្ឍនៅតាមសហគមន៍» សំដៅលើកកម្ពស់កម្រិតជីវភាព និងសុខុមាលភាពរបស់ប្រជាពលរដ្ឋទូទាំងប្រទេស តាមរយៈ ការជំរុញការធ្វើសមាហរណកម្មវិស័យកម្មន្តសាលកម្ពុជា ជាពិសេស សហគ្រាសធុនតូច និងមធ្យម និងសិប្បកម្ម ទៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់ និងតម្លៃតំបន់ និងសកល ក៏ដូចជា លើកកម្ពស់ភាពប្រកួតប្រជែង និងពិពិធភាពសេដ្ឋកិច្ចជាតិ។ ការតភ្ជាប់ប្រទាក់ក្រឡារវាងភូមិភាគពាយ័ព្យ និងតំបន់ឆ្នេរសមុទ្រភាគនិរតី នៃប្រទេសកម្ពុជា, គឺជាយុទ្ធសាស្រ្តវែងឆ្ងាយរបស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍភូមិភាគពាយ័ព្យកម្ពុជា, ជាពិសេស ខេត្តបាត់ដំបង, ពោធិ៍សាត់ និងប៉ៃលិន, ឱ្យក្លាយជាតំបន់ប្រកបដោយសុខសន្តិភាព, ស្ថិរភាព និងការអភិវឌ្ឍ ស្របតាមទិស។
[ចាប់ផ្តើមសេចក្តីអធិប្បាយ៤]
(២៧) មិនទាន់គ្រប់ឃុំក៏ពិតមែន តែក៏មានឃុំច្រើនហើយ មានផ្លូវបេតុង/ផ្លូវកៅស៊ូនៅទូទាំងប្រទេស
ផ្លូវគឺជាអាទិភាពសំខាន់ទីពីរ បន្ទាប់ពីមនុស្សនៅក្នុងការអភិវឌ្ឍប្រទេសជាតិ។ ព្រឹកមិញ ជិះឡានមកតាមផ្លូវ មើលហ្វេសប៊ុកមួយ។ ខ្ញុំហួសចិត្ត។ គេបង្ហោះរូបមួយ យកប្រទេសអាហ្វ្រិកមួយ ដូចជា បួគីណាហ្វាសូ (Burkina Faso) ដែលមេដឹកនាំនៅទីនោះឡើង(កាន់ការ)ប៉ុន្មានថ្ងៃធ្វើផ្លូវ ធ្វើ high way ហើយថតរូបផ្លូវនៅឃុំមួយដែលភក់ជ្រាំ (និងប្រដូច)ថា ៤០ឆ្នាំនៃការដឹកនាំគណបក្សប្រជាជន គ្មានបានរីកចម្រើនផ្លូវអ្វីបន្តិច ចាញ់គេ។ ខ្ញុំអង្គុយសើច។ ខ្ញុំអង្គុយហួសចិត្ត។ ខ្ញុំជិះឡានមកព្រឹកមិញ ខ្ញុំថាយើងជិះមកផ្លូវលេខ៥, ផ្លូវលេខ៥ ចូលមក៥៥, មក៥៥ មកសម្ពោធលេខ១០។ ផ្លូវទាំងហ្នឹងដូចជាគេមើលមិនឃើញ។ ផ្លូវហ្នឹងមានភក់មកពីណា? គេទៅពូកែរកភក់នៅកន្លែងណា? ទៅឃុំ ខ្ញុំទទួលស្គាល់ថាមិនទាន់គ្រប់ឃុំមានផ្លូវបេតុងទេ ប៉ុន្តែក៏មានឃុំច្រើនមានផ្លូវបេតុង ផ្លូវកៅស៊ូដែរ នៅទូទាំងប្រទេស។ យើងនៅបន្តធ្វើតទៅទៀត។ គេទៅរើសផ្លូវមួយមក … អ្នកហ្នឹងនៅខ្មែរទេ។ ទើបតែរត់ទៅនៅអាមេរិកប៉ុន្មានឆ្នាំហ្នឹង។ ឥឡូវនេះជួបបងស្រី បងប្រុសមកពីអាមេរិក ពីមីនីសូតា(Minnesota) … ឥឡូវ បងមើលជិះមកព្រឹកមិញផ្លូវភក់ឬអី? ផ្លូវស្អាត។ ជិះពីហ្នឹងទៅដល់កោះកុង ស្ពាន ៩០ម៉ែត្រហ្នឹង មិនមែនស្ពានធ្វើពីដីឥដ្ឋទេ។
(២៨) ក្នុងនាមជាមេដឹកនាំនយោបាយ សូមអបអរចំពោះរដ្ឋាភិបាលណាដែលធ្វើសមិទ្ធផលជូនជាតិ
អញ្ចឹង បងទៅវិញ ប្រាប់ប្រជាជន និងអ្នកស្រុកខ្មែរថតឱ្យច្រើន … ទៅដល់ផ្លូវ៤៨ ថតទៀត។ ខ្ញុំនឹងទៅសម្ពោធ ហើយទៅដល់ផ្លូវល្បឿនលឿនយើងផងថា កម្ពុជាពិតណាស់មិនមែនអស់ភក់ទាំងអស់ទេ ហើយនៅអាមេរិក ក៏មានផ្លូវដីមួយគរគោកដែរទេ។ ផ្លូវអត់សំខាន់ គេមិនធ្វើ ផ្លូវនៅតំបន់មួយចំនួន នៅរដ្ឋមួយចំនួន ផ្លូវដីដូចតែគ្នាដែរហ្នឹង។ គេធ្វើផ្លូវកៅស៊ូ ផ្លូវសំខាន់ៗ របស់គេ។ គេច្រើនជាងយើង ត្រូវហើយ។ នៅតំបន់ តែផ្លូវស្រុកគេ ប្រទេសមហាអំណាច គេធ្វើច្រើនជាងយើង។ ប្រទេសនៅអាហ្វ្រិកនោះ ខ្ញុំឃើញគាត់ធ្វើបាន ៣-៤ឆ្នាំ ធ្វើបានច្រើន។ ខ្ញុំអបអរសាទរ ក្នុងនាមជាមេដឹកនាំនយោបាយ។ យើងអបអរសាទរចំពោះរដ្ឋាភិបាលណាក៏ដោយ ឱ្យតែធ្វើសមិទ្ធផលជូនប្រទេសជាតិ។ ប៉ុន្តែ កុំមើលគេ មកបង្អាប់ប្រទេសខ្លួនឯង។ ទៅថតរូបផ្លូវគ្រលុក យកទៅប្រៀបធៀបជាមួយហាយវេគេទើបតែធ្វើ ហើយថាផ្លូវស្រុកខ្មែរធ្វើខូចៗ ផ្លូវគេធ្វើជាប់។ គេទើបតែធ្វើបានមួយឆ្នាំ វាមិនជាប់។ ផ្លូវស្រុកណាដែលធ្វើហើយ មិនជួសជុលថែទាំ? នៅអាមេរិកហ្នឹង ក៏ការថែទាំជាប់រហូតហ្នឹង … ឃើញជួសជុលរហូត ស្ទះចរាចរណ៍រហូត ព្រោះគេត្រូវថែទាំ។ ផ្លូវនៅកម្ពុជាក៏ដូចគ្នាដែរ។ ផ្លូវធ្វើក៏ថែទាំ កន្លែងខ្លះវាប្រើប្រាស់លឿនទៅ វាខូចទៅវិញ។ យើងជួសជុលហើយថែទាំតទៅទៀត។
(២៩) ពី១៩៩៨ ដល់ឆ្នាំ២០២៣ ក្រោយនយោបាយឈ្នះ-ឈ្នះ បានធ្វើផ្លូវរាប់ពាន់គីឡូ
ប៉ុន្តែ អ្វីដែលសំខាន់ ហេដ្ឋារចនាសម្ព័ន្ធ គឺជាអាទិភាពក្នុងដំណាក់កាលដែលរាជរដ្ឋាភិបាលច្រើនអាណត្តិមកហើយ ជាពិសេសក្រោយនយោបាយឈ្នះ-ឈ្នះ (បានដាក់ចេញ)។ ការដាក់ចេញនូវយុទ្ធសាស្ត្រត្រីកោណ យុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី១ ទី២ ទី៣ ទី៤៖ មនុស្ស អាទិភាពទី១ ផ្លូវ អាទិភាពទី២ ទឹក ភ្លើង … ឥឡូវអំពីផ្លូវ ខ្ញុំមិនបាច់និយាយពី១៩៩៨ មកដល់ឆ្នាំ២០២៣ ទេ ធ្វើរាប់ពាន់គីឡូ។ ឥឡូវខ្ញុំនិយាយតែពីអាណត្តិទី៧ ខ្ញុំឡើងមកនេះ ដើរសម្ពោធផ្លូវគោកនេះ កំណាត់ផ្លូវជាតិលេខ៥ ផ្លូវជាតិលេខ៧ ផ្លូវ៧១C សម្ពោធស្ពានស្ទឹងត្រង់ បន្តិចទៀតទៅសម្ពោធស្ពានក្រចេះ បើកការដ្ឋានសាងសង់ស្ពាននៅភ្នំពេញ ផ្លូវលេខ១០ ថ្ងៃនេះមកសម្ពោធ បន្តិចទៀតទៅសម្ពោធផ្លូវលេខ៤៨ ចុងឆ្នាំនេះ។ គ្រាន់តែរាប់ ៣ឆ្នាំហ្នឹង សម្ពោធព្យុះទៅហើយ បូកទៅជិតពាន់គីឡូទៅហើយ … បន្ថែមលើរាប់ពាន់គីឡូដែលមានទៀត។ អម្បាញ់មិញរៀបចំផែនការអនុម័តមួយចំនួនទៀត ដើម្បីធ្វើបន្តទាំងផ្លូវឆ្អឹងជំនីរ។ យើងគ្រោងធ្វើផ្លូវស្ពានឆ្លងកាត់ទន្លេសាប ពីបាត់ដំបងទៅសៀមរាប តភ្ជាប់ច្រើនទៀត។ អញ្ចឹងថាអត់សោះ ខ្ញុំពិបាកយល់ដែរ។ គ្រាន់តែផ្លូវជាប់ផ្លូវលេខ១០នេះ មានផ្លូវ៤៨, ៥៧, ៥៨, ៥៩ ផ្លូវជាតិលេខ៥ តទៅទៀតសុទ្ធតែផ្លូវកសាងក្នុងដំណាក់កាល ៤០ឆ្នាំនេះ … និយាយតែពីនយោបាយឈ្នះ-ឈ្នះ ១៩៩៨ មកតែប៉ុណ្ណឹង ៣០ឆ្នាំជិតនេះ គឺធ្វើបានទាំងអស់ ហើយយើងនឹងបន្តធ្វើតទៅទៀត។
(៣០) ព្រែកជីកហ្វូណនតេជោ នឹងជាផ្លូវទឹកតភ្ជាប់ពីទឹកសាបទៅទឹកប្រៃ ជួយសម្រួលសេដ្ឋកិច្ច និងធានាប្រព័ន្ធស្រោចស្រព
ខ្ញុំហួសចិត្តត្រង់ហ្នឹង។ ផ្លូវទឹកក្នុង ៣ឆ្នាំនេះ បើកការដ្ឋានព្រែកជីកហ្វូណន។ ឥឡូវកំពុងតែធ្វើ។ សង្ឃឹមថាចប់ឆ្នាំ២០២៨។ យើងនឹងមានប្រវត្តិសាស្ត្រហើយ។ តពីទន្លេទៅសមុទ្រ។ យើងមានទន្លេទឹកសាប យើងមានសមុទ្រទឹកប្រៃ តែយើងភ្ជាប់តែតាមផ្លូវគោកទេកន្លងទៅ។ បន្តិចទៀត ពេលដែលព្រែកជីកហ្វូណនតេជោបានកសាងហើយ យើងនឹងមានផ្លូវទឹកតភ្ជាប់ពីទឹកសាបខាងក្នុងទៅទឹកប្រៃ ភ្ជាប់ពីផែទឹកសមុទ្រទៅផែទឹកសាបដើម្បីជួយសម្រួលសេដ្ឋកិច្ច និងធានាប្រព័ន្ធស្រោចស្រពរាប់លានហិកតាតទៅទៀត។ ស្ថានីយទឹកស្អាតមួយគគោក នយោបាយធារាសាស្ត្ររបស់យើង ខ្ញុំមកសួរឯកឧត្តម ខូយ រីដា ពោធិ៍សាត់ឆ្នាំនេះដូចអត់លិច? រាល់ឆ្នាំឱ្យតែបាត់ដំបង បន្ទាយមានជ័យលិច ពោធិ៍សាត់លិចដែរហើយ។ ឆ្នាំនេះដូចចោលបងប្អូនខាងលើ? គាត់ថា(ពោធិ៍សាត់)អត់លិចដោយសារគន្លឹះធំមួយ គឺសំណង់អាងទឹកដែលស្ទាក់ទឹកពីស្ទឹងពោធិ៍សាត់១ ដែលធំជាងគេ ទប់ទឹកបាន ១,២០០លានម៉ែត្រគូប។ អាងនេះមិនមែនកើតដោយចៃដន្យ កើតដោយទេវតាជប់ទេ កើតដោយរាជរដ្ឋាភិបាលតាំងពីអាណត្តិមុនកសាង។ យើងបញ្ចប់ដើម្បីទប់កុំឱ្យលិចទីក្រុងពោធិ៍សាត់ លិចខេត្តរបស់យើង ហើយធានាទឹកសម្រាប់ប្រជាពលរដ្ឋខែប្រាំង។ ១,២០០លានម៉ែត្រគូប មិនធម្មតាទេ។ ទំនប់ខ្លះបាន ៥០លាន ៦០លាន ទំហំ១,២០០នេះធំ។ អញ្ចឹងអាចចាត់ទុកជាទំនប់មួយដែលធំជាងគេនៅកម្ពុជាផង។ ឯកឧត្តម ថោ ជេដ្ឋា មកទេ? ធំជាងគេ។
(៣១) ទឹកជំនន់ទឹកភ្លៀងឆ្នាំនេះ ធ្វើអោយមានផលប៉ះពាល់ដល់ជាង ១០ខេត្ត
នៅបាត់ដំបងមានលូធំជាងគេ តែនៅពោធិ៍សាត់មានអាងទឹកធំជាងគេ។ កាលមុនគេសួរខ្ញុំថានៅស្រុកខ្មែរ ខេត្តណាលូធំជាងគេ? ខ្ញុំថាអត់ដឹង គេថាខេត្តកំពង់ធំ។ កាលណោះគាត់អភិបាលខេត្តកំពង់ធំ។ ឥឡូវលូធំហ្នឹងចល័តទៅបាត់ដំបង។ អញ្ចឹង អាងស្តុកទឹកដែលយើងធ្វើ ហើយយើងបន្តធ្វើទៀតនៅដូនទ្រី នៅកំពង់គោ នៅកំពង់ធំអី យើងធ្វើស្ទាក់ទឹក។ ថ្ងៃមុន ទៅបាត់ដំបង ទៅមើលទឹកជំនន់ហ្នឹង។ មានសំណូមពរឱ្យសិក្សាពីការស្ទាក់ទឹកនៅស្ទឹងសែន។ យើងមានទំនប់មួយនៅខាងលើ ហើយចង់ស្តុកនៅខាងក្រោមទៀតដើម្បី(បានជាប្រយោជន៍ដល់)ប្រជាពលរដ្ឋ។ យើងសិក្សាបន្តទៀត រុញទឹកស្អាតយ៉ាងម៉េចឱ្យប្រជាពលរដ្ឋបានប្រើ នេះនយោបាយទឹករបស់យើង។ ខ្ញុំសូមរំលឹកផងដែរនៅពេលនេះដែលមានទឹកជំនន់ ជាង ១០ខេត្តហើយដែលប៉ះពាល់។ ឆ្នាំនេះទន្លេក៏ធំ ទឹកជន់ក៏ច្រើន ជាពិសេសមកពីថៃភ្ជាប់មកជាមួយ។ ខ្ញុំសូមយកឱកាសនេះអរគុណអាជ្ញាធរខេត្តទាំងអស់ ស្រុក អាជ្ញាធរមូលដ្ឋាន កងកម្លាំងប្រដាប់អាវុធគ្រប់ខេត្ត រួមទាំងកម្លាំងស្ម័គ្រចិត្តទាំងអស់ នៅក្នុងតំបន់ដែលបានធ្វើអន្តរាគមន៍ជួយដល់ប្រជាពលរដ្ឋ ពិសេសជម្លៀសប្រជាពលរដ្ឋទាន់ពេលវេលា។ យើងអត់ទាន់មានប្រជាពលរដ្ឋស្លាប់ដោយទឹកជំនន់ទេឆ្នាំនេះ …។
(៣២) កងកម្លាំងប្រដាប់អាវុធ ត្រៀមរុញច្រានការឈ្លានពាននិងជួយប្រជាពលរដ្ឋរងគ្រោះពីទឹកជំនន់
ថ្ងៃមុន នៅប៉ោយប៉ែត កន្លែងស្ទឹងបត់ ប្រជាពលរដ្ឋថា វាបុកមកខ្លាំង តែយើងជម្លៀសទាន់ ព្រោះកម្លាំងយើងនៅចាំ ២៤ម៉ោងនៅហ្នឹង ទៅជួយស្ពាយគាត់ លោកយាយម្នាក់គាត់ថា អត់ទាន់មកទេ ទឹកទើបតិចៗ ស្រាប់តែបុកមកខ្លាំង មកទាំងចោមពុង។ គេអៀវមកបណ្តោយ។ ខ្លាំងជាងគេ ដែលគ្រោះថ្នាក់ជាងគេ គឺចាស់ជរាហ្នឹងឯង។ អញ្ចឹងយើងធ្វើការបានល្អ។ នៅខេត្តបាត់ដំបងក៏លិចច្រើន … ថ្ងៃមុន ទៅឯកភ្នំបន្តិចនៅជិតនោះ។ នៅបណ្តាខេត្តផ្សេងៗទៀត ក៏បានជួយ។ អរគុណដល់អាជ្ញាធរជាតិគ្រប់គ្រងគ្រោះមហន្តរាយ ឯកឧត្តម គន់ គីម បានចុះជាប់ជាប្រចាំ ក្រសួងស្ថាប័នពាក់ព័ន្ធ និងក្រុមការងារថ្នាក់ជាតិចុះជួយតាមមូលដ្ឋាន ក៏បានចុះជួបផ្ទាល់ សហការគ្នា រួមគ្នា។ កងកម្លាំងប្រដាប់អាវុធ កងទ័ព ត្រៀមកម្លាំងដើម្បីអន្តរាគមន៍បន្ថែម កងកម្លាំងទាំងអាវុធហត្ថ ទាំងនគរបាលជាតិ។ យើងមូលដ្ឋានប្រើប្រាស់អស់សមត្ថភាព តែបើត្រូវការកម្លាំងមកពីលើយើងមាន។ នៅតាមភូមិភាគ យើងមានកម្លាំងភូមិភាគដែលរៀបជាកងអន្តរាគមន៍ ហើយមានអង្គភាព។ នៅទីនេះ ឥឡូវទាំងពោធិ៍សាត់ អ្នកតាមព្រំដែនថៃ ព្រំដែនក៏ត្រូវការពារ ជាមួយការឈ្លានពាន ត្រៀមលក្ខណៈ ហើយទឹកជំនន់ក៏ត្រូវមកជួយប្រជាពលរដ្ឋ។ នេះហើយគឺជាការរួមសុខរួមទុក្ខ មិនមែនរួមសុខរួមទុក្ខតាមហ្វេសប៊ុក តាមស្អីស្រែកនៅក្នុងម៉ាស៊ីនត្រជាក់ ដាក់កាហ្វេមួយកែវ និយាយបានមួយម៉ោង ហើយស្អែកឡើងមកចាំរិះគន់នោះទេ …។
(៣៣) មុនបង្អស់ត្រូវសង្គ្រោះជីវិតប្រជាជន បន្ទាប់មកចាំគិតពីទ្រព្យសម្បត្តិ
ថ្ងៃមុនហ្នឹង បងប្អូនចុះទៅកន្លែងខ្លះជាស្តង់ដាសុវត្ថិភាពត្រូវមានអាវពោង។ អ្នកខ្លះថាទឹកត្រឹមជង្គង់ក៏ពាក់អាវពោងដែរ។ អាហ្នឹងស្តង់ដា។ កន្លែងហ្នឹងជ្រៅ ទៅបន្តិច វាចូលដល់ត្រឹមក ដើរបន្តិច ចូលអូរ។ បើយើងខ្លួនឯងអ្នកទៅជួយគេ យោងតែខ្លួនឯងមិនរួចផង ទម្រាំតែទៅអៀវមនុស្សទៅម៉េច? វាត្រូវតែស្តង់ដា។ សូមកុំចាប់អាតូចៗ ត្រូវមើលការងារធំ។ ថាបងប្អូនខិតខំណាស់ អត់បាយ អត់ទឹក អត់ទាំងយប់ទាំងថ្ងៃ មិនត្រឹមតែជម្លៀសប្រជាជនទេណា ការពារទាំងផ្ទះគាត់ទៀត ក្រែងអ្នកណាមកបន្លំកាច់សោរចូលផ្ទះលួចទ្រព្យសម្បត្តិគាត់ ការពារហ្នឹងទៀត។ សូមឱ្យអាជ្ញាធរគ្រប់កន្លែងទាំងអស់ជួយ មិនត្រឹមតែជម្លៀសទេ។ ជីវិតប្រជាជនធំ បន្ទាប់មកទ្រព្យសម្បត្តិអីៗ របស់គាត់ហ្នឹង។ ប៉ុន្តែជីវិតមុនគេ។ បើថាយកតែមនុស្សបាន យកមនុស្សមក កុំចាំទៅស្ពាយគោ ស្ពាយក្របីមកអី។ យកមនុស្សមកឱ្យផុតសិន ចាំហើយចាំទៅត្រឡប់មើល។ ពូកអីៗ បើថាលិច យើងយកទៅហាលបាន តែជីវិតមិនអាចទេ។ ជួនកាលរវល់តែទៅយកមនុស្សម្នាក់និងទ្រព្យរបស់គាត់មួយផ្ទះហ្នឹង ចោលមួយផ្ទះទៀត … អញ្ចឹងសូមឱ្យយកចិត្តទុកដាក់ …។
(៣៤) ទឹកឡើងកម្រិតខ្ពស់ ជាឱកាសដ៏សមស្របសម្រាប់ការវាយតម្លៃសមត្ថភាពប្រព័ន្ធធារាសាស្ត្រ
ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ខាងជំនួយសង្គ្រោះ ត្រៀមសហការផ្តល់ការគាំទ្រទៅដល់ខេត្តដែលចាំបាច់។ អរគុណកាកបាទក្រហមដែលបានផ្តល់សម្ភារមួយចំនួនជួយដល់ខេត្ត។ អញ្ចឹង រាល់សំណូមពរផ្សេងៗដែលខេត្តមានប្រឈម សូមសំណើ។ ត្រូវការកម្លាំង មកកងទ័ព ត្រូវការសម្ភារផ្សេងៗ ទៅខាងគ្រោះមហន្តរាយ តាមរយៈគ្រោះមហន្តរាយទៅដល់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។ យើងមានឃ្លាំងស្តុកមួយសម្រាប់គ្រោះអាសន្ន។ ថ្ងៃមុនចេញប៉ុន្មានពាន់ kit ទៅឱ្យនៅបន្ទាយមានជ័យដើម្បីធ្វើកិច្ចការនេះ។ ក្រោយពីហ្នឹង គឺត្រូវស្តារឡើងវិញ។ ឆ្នាំនេះអាចមានការស្តារផ្លូវច្រើន ទាំងអភិវឌ្ឍន៍ជនបទ ទាំងសាធារណការ ក៏មានកំណាត់ផ្លូវខ្លះត្រូវដាច់ដែរ។ សូមឱ្យមើលផង។ ដែលទឹកឡើងនេះ គឺជាឱកាសធំណាស់ សម្រាប់ការវាយតម្លៃប្រព័ន្ធធារាសាស្ត្ររបស់យើង។ ដូចថ្ងៃមុនទៅបន្ទាយមានជ័យ។ បន្ទាយមានជ័យហ្នឹង គឺសហការជាមួយកូរ៉េ យើងទើបធ្វើប្រព័ន្ធប្រឡាយមេមួយរួចប្រមាណ ១០០គីឡូជាងនោះ បណ្ដោះទឹកមកក្រោម។ មុនហ្នឹងប៉ុន្មានថ្ងៃ ក្រុមការងារឯកឧត្តម ប៉ាន់ខែម ប៊ុនថន ទូរស័ព្ទមករាយការណ៍ថា បងសូមរាយការណ៍ ប្រព័ន្ធប្រឡាយយើងល្អណាស់ ទោះបីជាទឹកជន់យ៉ាងម៉េចក៏អត់លិចដែរ។ ៣ថ្ងៃក្រោយលិច អត់ឃើញទូរស័ព្ទមករាយការណ៍ឱ្យខ្ញុំសោះ។
(៣៥) មិនកសាងតាមរបៀប “ទឹកធំត្រូវតែលិច” តែតាមរបៀបដែលថា “ទោះបីជាទឹកធំ ក៏មិនលិច”
ខ្ញុំចាំសម្តេចតេជោថា បើឈ្នះដាច់ ទូរស័ព្ទមករាយការណ៍ បើស្មើគ្នា ចាំយើងទូរស័ព្ទទៅសួរ តែបើថាអត់ជោគជ័យទេ ទូរស័ព្ទទៅក៏បិទទូរស័ព្ទហើយ។ អញ្ចឹងក៏ខ្ញុំទូរស័ព្ទទៅសួរ … (ថា)ខ្ញុំរាយការណ៍ជូនបងក្នុងគ្រុប។ ចុះពេលដែលរាយការណ៍ថាទឹកអត់លិចហ្នឹងរាយការណ៍មកត្រង់? ប្រព័ន្ធប្រឡាយយើងធ្វើ ប៉ុន្តែយើងនៅគន្លឹះមួយអត់បានគិតកាលនោះ អត់បានវាយតម្លៃត្រូវ។ ពេលទឹកតូច វាហូរមកត្រូវ ដល់ទឹកធំ ពីស្ទឹងអូរជ្រៅហ្នឹងមក វានៅសល់ប្រឡោះប្រហែលជាប៉ុន្មានគីឡូដែលត្រង់កន្លែងហ្នឹងវាជាដី មិនមានប្រឡាយ។ កន្លែងខ្លះក៏មានចាក់ដីលុប។ អញ្ចឹងមើលឱ្យហើយ។ យកទឹកធំហ្នឹងត្រៀមឲ្យហើយទៅ ព្រោះអត់ទាន់មានសំណង់អីធ្វើទៅ។ កន្លែងណាដែលចាំបាច់ត្រូវការបើកមុខវាឲ្យហើយ។ យើងមិនធ្វើចាំតែថាឲ្យតែទឹកធំត្រូវតែលិចទេ។ ធ្វើ(តាមរបៀបដែលថា)ទោះបីជាទឹកធំ ក៏មិនត្រូវលិចដែរ … កុំថាធ្វើ(បើ)ទឹកប៉ុណ្ណេះឲ្យលិច ចុះទឹកទាបជាងនេះ … ជ្រុលជាធ្វើទៅហើយ(ធ្វើឱ្យបានត្រូវគ្រប់កាលៈទេសៈ)។ ឆ្នាំនេះទឹកធំ គ្រប់ខេត្តថា អត់ដែលឃើញទឹកធំអញ្ចឹងទេ។ ឆ្នាំ២០១៣ ទឹកធំល្មមៗ តែនេះគឺទឹកធំខ្លាំង។ បន្ទាយមានជ័យដូចគ្នា។ យកឱកាសហ្នឹង សិក្សាកន្លែងណាទីទួលសុវត្ថិភាព។ ទាំងផ្លូវអភិវឌ្ឍន៍ជនបទ។ ខ្ញុំប្រាប់ឯកឧត្តម ឆាយ ឫទ្ធិសែន ថ្ងៃនោះចុះទៅជាមួយគ្នាថា មើលឲ្យហើយផ្លូវអភិវឌ្ឍន៍ជនបទ។ ធម្មតាទុយោមានលូហ្នឹង លូមានស្តង់ដាកម្រិតណាមួយមិនធំទេ ប៉ុន្តែមើលឲ្យហើយ កន្លែងណាដែលវាដាច់ កន្លែងមុខទឹក គឺថ្ងៃក្រោយដាក់លូឲ្យធំទៅ កន្លែងផ្សេងទៀតរក្សាទុកចុះ។ កន្លែងណាដែលទឹកធំហើយមិនលិច ទុកជាទីទួលសុវត្ថិភាពថ្ងៃក្រោយ។
(៣៦) ក្នុងគ្រោះមានកត្តាជាឱកាសសម្រាប់វាយតម្លៃ និងពង្រឹងខ្លួនទៅថ្ងៃមុខកុំឲ្យវាកើតមាន
ក្នុងរាល់បញ្ហាទាំងអស់ត្រូវមើលចំណុចជាកាលានុវត្តផង កុំមើលតែបញ្ហា។ មើលបញ្ហា តែមើលកាលានុវត្តភាពសម្រាប់វាយតម្លៃ។ ធ្វើអីក៏ដោយ គេតេស្តៗ ទៅ maximum ឥឡូវធម្មជាតិ ជួយធ្វើតេស្ត maximum ហើយ។ ចំណុចមួយទៀត យើងមិនអបអរសាទរជាមួយទឹកជន់លិចលង់នោះទេ។ ប៉ុន្តែគេថាក្នុងគ្រោះមានលាភ។ ក្នុងគ្រោះមានលាភយ៉ាងម៉េច? ក្នុងប៉ុន្មានឆ្នាំនេះ ហើយនៅក្នុង ៦ខែខាងមុខ មានការព្យាករអំពីបាតុភូតអែលនីណូ(El Niño) គឺបាតុភូតដែលគ្រោះរាំងស្ងួតមានរយៈពេលវែង អាកាសធាតុឡើងក្ដៅ។ គេព្យាករថាប្រហែល ៤៥ម៉ឺននាក់ទូទាំងពិភពលោកនឹងស្លាប់ដោយប្រឈមជាមួយគ្រោះអត់ទឹក។ ពេលដែលភ្លៀងទឹកជំនន់ចូលមកនេះ មួយថ្ងៃចូល ៥០លានម៉ែត្រគូបចូលទៅក្នុងអាង។ វាដូចជាជួយបំពេញ។ បើតាមភ្លៀងធ្លាក់ធម្មតា អត់ពេញទេ។ យកវា(ស្តុកទុក)ទៅ។ ទឹកមានហើយ … រកវិធីទប់ដើម្បីការពារកម្ដៅ ព្រោះជួនកាលថ្ងៃហ្នឹងត្រជាក់ គិតថាវាមិនអាចអត់ភ្លៀងទៀតទេ ស្រាប់តែ ៦ ខែទៀតអត់ភ្លៀង។ ការសិក្សាមានវាយតម្លៃហើយ ពីមន្ទីរពិសោធន៍មួយនៅអាមេរិកទាក់ទងនឹងអាកាសធាតុហ្នឹងគឺវាយតម្លៃ ៦ខែទៀត។ យកឱកាសទឹកពេញតាមអាងជាច្រើន កន្លែងណាត្រូវបង្ហៀរចេញ គឺជាឱកាសមួយសម្រាប់ស្តុកជួយដល់(ប្រជាជន)។ នៅខាងក្នុងគ្រោះមានកត្តាជាឱកាសសម្រាប់វាយតម្លៃខ្លួនយើង ហើយពង្រឹងខ្លួនយើងទៅថ្ងៃមុខទៅថ្ងៃមុខកុំឲ្យវាកើតមាន។
(៣៧) សង្គ្រាមព្រំដែន ការបិទព្រំដែន ជាឱកាសវាយតម្លៃ ពង្រឹងផ្ទៃក្នុង ធ្វើពិពិធកម្មសេដ្ឋកិច្ច
ការដែលយើងមានសង្គ្រាមព្រំដែន ការបិទព្រំដែន ស្អីៗនេះ សុទ្ធតែជាឱកាសឲ្យយើងវាយតម្លៃ ពង្រឹងផ្ទៃក្នុងខ្លួនឯង ពង្រឹងពិពិធកម្មសេដ្ឋកិច្ច អ្នកជាប់ព្រំដែន។ រយៈពេលខ្លី យើងឈឺ ប៉ុន្តែត្រូវយកមេរៀននេះ(មកសិក្សា) ដើម្បីកុំឲ្យវាកើតមាននៅថ្ងៃអនាគតទៀត។ ការពង្រឹងខ្លួនគ្រប់វិស័យ … សូម្បីតែដាំដើមឈើហ្នឹងក៏ត្រូវដាក់ទិសដៅដែរ។ ទាហានស្គាល់ហើយថា ហេតុអីបានជាដើមឈើវាមានសារៈសំខាន់ ជាពិសេសក្នុងសម័យស្អីក៏ដ្រូនៗ ដែរ។ ប្រជាពលរដ្ឋក៏ត្រូវការ។ ការរៀបចំឡើងវិញជាឱកាសល្អ សម្រាប់យើងធ្វើ។ ភ្លើងនៅទីនេះក៏មាន។ យើងមានវារីអគ្គិសនី មានសូឡានៅពោធិ៍សាត់ក៏ទាញបានច្រើន … អ្នកដែលថា ៤០ឆ្នាំនេះ អត់មានផ្លូវល្អមួយខ្សែស្អីៗ សូមមកជិះឡានទៅ។ បងនៅរដ្ឋមីនីសូតា(Minnesota) ថតបង្ហោះទៅវិញ … គ្រាន់តែប្រាប់ឲ្យគេមើលតាមផេករបស់ក្រសួងសាធារណការ និងដឹកជញ្ជូនទៅ។ ទី១ រដ្ឋមន្ត្រីស្អាត គេច្រឡំថាកូនឥណ្ឌា។ ទី២ សកម្មភាពនិងសមិទ្ធផលហេដ្ឋារចនាសម្ព័ន្ធរបស់យើង។ បងមកផ្ទាល់ ទៅថតស្ពានឬស្សីជ្រុំ ស៊ែលហ្វី(selfie)នៅអន្ទង់អាំង។ អន្ទង់អាំងឥឡូវ ថតឆ្នាំ២០២៦ ឡើងទៅកន្លែងខ្ពស់ថតពីក្រោយ។ ៣ឆ្នាំ ឬ៤ឆ្នាំមកទៀត ថតស្ថានភាពខុសពីហ្នឹង … ឃើញការវិវត្តមួយៗ។ អរគុណដែលបានខំមក ប៉ុន្តែជាអ្នកប្រមោយស្រាប់ មកអបអរសាទរស្រុកកំណើតយើង។
(៣៨) ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធ រាជរដ្ឋាភិបាលគិតពីផលប្រយោជន៍ប្រជាជនទូទាំងខេត្ត ទូទាំងប្រទេស
ខ្ញុំជឿថាបងស្រីបងប្រុសសុទ្ធតែឆ្លងកាត់សម័យគ្រាប់ប្លោង។ សម័យដែលតំបន់នេះជាតំបន់វាយគ្នា។ ប្រហែលជាមិននឹកស្មានថា ប្រមោយមានហេដ្ឋារចនាសម្ព័ន្ធ ក្លាយទៅជាទីប្រជុំជនអញ្ចឹងផងកាលនៅក្មេង។ នៅទីនេះ តាំងពីឆ្នាំណា? (២០០៥)។ អញ្ចឹង ២១ឆ្នាំ ឃើញប្រែប្រួលហើយ។ ពីមុនមកហ្នឹងយ៉ាងម៉េច ដាច់យ៉ាងម៉េច ឥឡូវមនុស្សច្រើនយ៉ាងម៉េច។ សូមអរគុណបានចូលរួម ហើយជួយផ្សព្វផ្សាយ ដល់ប្រជាពលរដ្ឋយើង។ ប្រជាពលរដ្ឋខ្មែរ នៅកាន់តែឆ្ងាយ នឹកស្រុកគិតស្រុកកាន់តែច្រើន។ ខ្ញុំទៅជួបបងប្អូនប្រជាពលរដ្ឋនៅក្រៅប្រទេសកាន់តែនឹកស្រុកកាន់តែឆាប់ជឿគេ។ អ្នកខ្លះជ្រុលទៅបញ្ចេញព័ត៌មាន (បើសិនជា)ព័ត៌មានល្អជារឿងមួយ តែព័ត៌មានដែលធ្វើឲ្យកម្សត់ ព័ត៌មានអីហ្នឹងគឺឆាប់ជឿ ព្រោះអារម្មណ៍គាត់ចង់ឃើញ/បានសេចក្តីសុខ។ សូមបង្ហាញនិងប្រាប់ចុះ ទាំងរឿងដោះស្រាយនៅអន្ទង់អាំងទាំងរឿងប្អូនស្រីម្នាក់ដែលពរកូន។ រឿងដែលយើងកសាងហេដ្ឋារចនាសម្ព័ន្ធនេះ គឺរាជរដ្ឋាភិបាលគិតពីផលប្រយោជន៍ប្រជាជនទូទាំងខេត្ត ទូទាំងប្រទេស មិន(បានបោះបង់)ចោល មិនធ្វើបាបប្រជាជនទេ មានតែជួយ ធ្វើឲ្យប្រសើរឡើងគ្រប់កន្លែងទាំងអស់។ សូមជឿចុះ។
(៣៩) ជំរុញការរៀបចំថាមពលស្អាត ត្បិតវាជួយបរិស្ថាន និងទប់តម្លៃ ត្បិតអត់ឡើងចុះតាមថ្លៃប្រេង
សូមបងប្អូនខ្មែរនៅក្រៅប្រទេសស្រឡាញ់ទឹកដីដូចគ្នា សប្បាយចិត្តហើយទុកចិត្តចុះ។ អញ្ជើញមកលេងឲ្យច្រើន។ កុំស្តាប់គេ កុំជឿគេ មកមើលទៅ។ បើថាស្រុកខ្មែរ ៤០ឆ្នាំ ធ្វើបានតែផ្លូវភក់ មកជិះដើររកផ្លូវភក់ទៅ។ មានមិនអត់ទេ ប៉ុន្តែក៏មានផ្លូវបេតុងដែរចូលក្នុងឃុំ។ ខ្ញុំជឿថាឃុំនៅពោធិ៍សាត់ក៏មានផ្លូវបេតុងដែរ។ មិនមែនតែក្នុងក្រុងមានផ្លូវកៅស៊ូ មានភ្លើង។ យើងអូសភ្លើងសឹងតែដល់គ្រប់ភូមិទូទាំងប្រទេស លើកលែងតែតំបន់ដែលទើបបង្កើតថ្មីមួយចំនួន។ បណ្តាញជាតិ កន្លែងខ្លះភ្លើងជាតិ កន្លែងខ្លះនៅប្រើភ្លើងដែលសេវាករឯកជន។ ទៅថ្ងៃក្រោយ យើងនឹងចូលបណ្តាញជាតិ (ដោយ)អនុវត្តគោលនយោបាយព្យាយាមទប់តម្លៃ … អគ្គិសនីកម្ពុជា(EDC) ចេញលុយជួយទប់ ៥០លានជាងហើយក្នុងរយៈពេលប៉ុន្មានខែនេះ កុំឲ្យថ្លៃភ្លើងមួយគីឡូៗ វាកើនឡើង។ យើងខំលើកទឹកចិត្តការវិនិយោគលើប្រព័ន្ធសូឡា ភ្លើងសូឡា កកើតឡើងថ្មី។ ឥឡូវ វារីអគ្គិសនីយើងមាននៅ អាតៃ១ និងគ្រោងមួយទៀតនៅស្ទឹងពោធិ៍សាត់១ ស្ទឹងមេទឹកថ្មដា ហើយនិងសូឡា។ យើងជំរុញការរៀបចំថាមពលស្អាត ត្បិតវាជួយស្អាតផង វាជួយទប់តម្លៃផង ព្រោះថាមពលនេះ វាអត់ឆ្លើយឆ្លង វាអត់ឡើងចុះតាមថ្លៃប្រេងទេ។ ថ្លៃប្រេងរបស់យើង គឺថារោងចក្រ អគ្គិសនី ដែលផលិតដោយធ្យូងថ្ម វាឡើងតាមថ្លៃប្រេងដែរព្រោះត្រូវដឹកមក។ អញ្ចឹងជួយទប់។ យើងនឹងបន្តៗ ទៅទៀត ទៅលើកិច្ចការទាំងអស់នេះ។ ខ្ញុំសូមឲ្យអាជ្ញាធរខេត្តដែលពាក់ព័ន្ធសូមបន្ត ជាពិសេសជួយត្រៀមអន្តរាគមន៍ ទៅដល់ប្រជាពលរដ្ឋរបស់យើង ដែលជួបប្រទះគ្រោះទឹកជំនន់។ កន្លែងខ្លះស្រកហើយ តែកន្លែងខ្លះវាឡើងវិញ មិនទាន់ផុតទេ។ បញ្ចប់ពីហ្នឹង គឺក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងពាក់ព័ន្ធ ត្រៀមដើម្បីជួយស្តារឡើងវិញ។ ដំណាំណាដែលខូច ជួយផ្តល់ពូជ។ ផ្លូវដែលខូច ក្រសួងអភិវឌ្ឍន៍ជនបទ កន្លែងណាក្រសួងសាធារណការ និងដឹកជញ្ជូន គិតគូរក្នុងការជួយសម្រួលបឋមចំពោះមុខដែលអាចធ្វើតទៅបាន ហើយថ្ងៃក្រោយ ស្តារវាឡើងវិញ ឲ្យចប់។
[ចប់សេចក្ដីអធិប្បាយ៤]
ក្នុងគោលបំណងពន្លឿនការអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូន និងឡូជីស្ទីកនៅកម្ពុជា ឱ្យមានគុណភាព, ប្រសិទ្ធភាព និងតម្លាភាព, ព្រមទាំងជំរុញការកែលម្អនិម្មាបនកម្មសេដ្ឋកិច្ចនៃខេត្តបាត់ដំបង, ពោធិ៍សាត់ និងប៉ៃលិន ឱ្យមានភាពប្រកួតប្រជែង ពិពិធភាព បរិយាបន្ន និងចីរភាព, ខ្ញុំសូមផ្តល់នូវអនុសាសន៍មួយចំនួនដូចខាងក្រោម៖
ទី១. ក្រសួងសាធារណការ និងដឹកជញ្ជូន ត្រូវបន្តពង្រឹងសមត្ថភាពក្នុងការប្រើប្រាស់និយាមបច្ចេកទេសកម្រិតខ្ពស់ ដោយដកស្រង់បទពិសោធពីការស្ថាបនាផ្លូវជាតិលេខ១០នេះ សម្រាប់ការស្ថាបនាផ្លូវស្ពាននៅតាមតំបន់ដែលមានភូមិសាស្ត្រស្មុគស្មាញ ដូចជា តំបន់ជួរភ្នំ និងជ្រោះជ្រង, ជ្រលង, ដងអូរ តាមរយៈ ការប្រើប្រាស់គ្រឿងចក្រធុនធ្ងន់សម្រាប់ពុះកាត់ភ្នំ, និងបច្ចេកទេសសាងសង់ស្ពានឆ្លងកាត់ជ្រោះជ្រៅ តភ្ជាប់ពីកំពូលភ្នំម្ខាងទៅម្ខាងទៀត, ព្រមទាំង បញ្ចៀសឱ្យបានជាអតិបរមានូវការប៉ះពាល់ជាអវិជ្ជមានលើបរិស្ថាន សង្គម ដើម្បីធានាថាផ្លូវមានស្ដង់ដាសុវត្ថិភាព, គុណភាព និងសោភ័ណភាព សម្រាប់ទាំងការធ្វើចរាចរណ៍ប្រចាំថ្ងៃ និងការដឹកទំនិញនានា។
ទី២. ក្រសួងសាធារណការ និងដឹកជញ្ជូន ត្រូវបន្តជំរុញការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវ ស្ពានបន្ថែមទៀត ដែលអាចតភ្ជាប់ប្រទាក់ក្រឡាពីតំបន់ដែលយើងកំពុងប្រារព្ធពិធីថ្ងៃនេះ ទៅតំបន់ដែលមានសក្ដានុពលផ្សេងទៀត, ក៏ដូចជា តភ្ជាប់ប្រទាក់ក្រឡារវាង ប៉ូលសេដ្ឋកិច្ចសំខាន់ៗ និងតំបន់ឧស្សាហកម្ម, កសិកម្ម, ទេសចរណ៍ និងកំពង់ផែ សំដៅលើកកម្ពស់ប្រសិទ្ធភាព, ភាពប្រកួតប្រជែង ពិពិធភាព និងការអភិវឌ្ឍប្រកបដោយបរិយាបន្ននៅកម្ពុជា។
ទី៣. គ្រប់ក្រសួង-ស្ថាប័នពាក់ព័ន្ធ ត្រូវបន្តជំរុញការបង្កើតមជ្ឈមណ្ឌលភស្តុភារកម្ម, តំបន់សេដ្ឋកិច្ចពិសេស, និងឃ្លាំងស្តុកទំនិញ និងកសិផល បន្ថែមទៀត ដើម្បីលើកកម្ពស់សកម្មភាពផលិតកម្ម និងពាណិជ្ជកម្ម តាមរយៈការធ្វើសាមញ្ញកម្មនីតិវិធីធុរកិច្ច, ការលើកទឹកចិត្តផ្នែកពន្ធ និងការប្រើប្រាស់យន្តការថែទាំវិនិយោគ ជាដើម។
ទី៤. ក្រសួង-ស្ថាប័នពាក់ព័ន្ធ ត្រូវបន្តជំរុញការវិនិយោគលើវិស័យគាំទ្រដល់សេដ្ឋកិច្ច នៅតាមតំបន់សក្តានុពលថ្មីៗ តាមរយៈ ១). ការជំរុញ ផលិតកម្ម និងសហគ្រិនភាព ដោយត្រូវលើកទឹកចិត្តការបង្កើត សិប្បកម្ម និងសហគ្រាសធុនតូច និងមធ្យម, ២). ការអភិវឌ្ឍទេសចរណ៍ និងសហគមន៍ ដោយត្រូវពង្រីកវិស័យទេសចរណ៍ធម្មជាតិ, ទេសចរណ៍សហគមន៍ និងទេសចរណ៍ប្រវត្តិសាស្រ្ត, និង៣). ការលើកកម្ពស់សេវាពាណិជ្ជកម្ម ដោយត្រូវពង្រឹងគុណភាពសេវាកម្មបម្រើឱ្យវិស័យទេសចរណ៍, សណ្ឋាគារ, ភោជនីយដ្ឋាន និងមជ្ឈមណ្ឌលអាជីវកម្ម។
ទី៥. អាជ្ញាធរមូលដ្ឋាន ត្រូវសហការជិតស្និទ្ធជាមួយអង្គភាពពាក់ព័ន្ធ ពង្រឹងការរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ប្រកបដោយចីរភាព នៅតាមដងផ្លូវជាតិលេខ១០ និងតំបន់ដែលមានសក្តានុពលអភិវឌ្ឍ រួមទាំង ការតភ្ជាប់បណ្តាញទឹកស្អាត, អគ្គិសនី និងទូរគមនាគមន៍។ ទន្ទឹមនេះ, ត្រូវសិក្សារៀបចំ «ផែនការអភិវឌ្ឍរបៀងសេដ្ឋកិច្ចផ្លូវជាតិលេខ១០» ក្នុងគោលបំណង ដើម្បីប្រែក្លាយពី «ការតភ្ជាប់ផ្លូវ» ទៅជា «ការតភ្ជាប់សេដ្ឋកិច្ច និងពាណិជ្ជកម្ម»។
[ចាប់ផ្ដើមសេចក្ដីអធិប្បាយ៥]
(៤០) ធនាគារជាតិបញ្ចេញក្រដាសប្រាក់ថ្មី ដើម្បីពង្រឹងសោភ័ណភាពនិងសុវត្ថិភាព
មុននឹងបញ្ចប់ សូមបើកវង់ក្រចកតូចមួយ។ វង់ក្រចកតូចទេ។ រឿងដែលមិនប្រទាក់ក្រឡា ក៏ដូចជាប្រទាក់ក្រឡា តែត្រូវការបកស្រាយបន្តិច ព្រោះបើមិនជួយពន្យល់អាចធ្វើឲ្យកើតមានការយល់ច្រឡំ ហើយមានសម្ទុះក្នុងការវាយប្រហារធ្វើឲ្យមានការយល់ច្រឡំច្រើន ច្របូកច្របល់ក្នុងអារម្មណ៍របស់ប្រជាពលរដ្ឋ។ ទី១៖ រឿងសេដ្ឋកិច្ចដែលប្រជាពលរដ្ឋហាក់ដូចជាមានការព្រួយបារម្ភ ជាពិសេសទាក់ទងវិស័យធនាគារ។ កន្លងទៅនេះថ្មីៗ នេះ ធនាគារជាតិបានបញ្ចេញក្រដាសប្រាក់ ៥ម៉ឺនរៀលថ្មី និង១០ម៉ឺនរៀលថ្មី។ តើបញ្ចេញក្រដាសប្រាក់នេះធ្វើអី? គោលដៅគឺរៀបចំការពង្រឹងសោភ័ណភាពនិងសំខាន់សុវត្ថិភាពកុំឲ្យមានលុយក្លែងក្លាយ។ លុយមានក្លែងក្លាយច្រើន អញ្ចឹងបច្ចេកវិទ្យាថ្មីគេបង្កប់ក្រដាសបង្កប់ស្អីក្នុងក្រដាសប្រាក់ថ្មីហ្នឹង ដែលពិបាកនឹងក្លែងក្លាយ។ មើលដូចគ្នា ប៉ុន្តែលើកទៅឆ្លុះទៅឃើញពិតមិនពិត។ លុយក្រដាសធំៗ គឺជាលុយដែលចរាចរច្រើន ដែលគេងាយក្លែងក្លាយ។ បើលុយក្រដាស ១០០០រៀល គេមិនងាយសូវមានក្លែងក្លាយប៉ុន្មានទេ។ តែ ៥ម៉ឺនរៀលវាស្មើ ១២ដុល្លារ, ១០ម៉ឺនរៀល វាស្មើ ២៥ដុល្លារ។ មួយទៀតគឺ ជំនួសក្រដាសចាស់។ បងប្អូនអត់ដឹងថាលុយប្រើប្រាស់វាចាស់ ហើយធនាគារជាតិត្រូវប្រមូលទិញកិន។
ខ្ញុំភ្ញាក់ដែរ។ ដល់មើលទិន្នន័យ ខ្ញុំសួរថាលុយក្រដាសដែលកិនចោលចាស់ៗ ក្នុងមួយខែមធ្យមប៉ុន្មាន? គេឲ្យទិន្នន័យគ្រាន់តែខែ៥ កិនចោល ៧២លាន ៦សែនសន្លឹកក្នុងមួយខែ។ ដល់ខែដែលកើនខ្លាំងខែ៨ ចំនួន ១១៨លាន ៩សែនសន្លឹក។ នេះគ្រាន់តែលុយចាស់ត្រូវបង្វិលចូលវិញ … ខែ៩ នេះលុយចាស់ដែលប្រមូលចូលយកទៅកិន/ដុតចោលហ្នឹងមាន ៩២លាន ឬជិត ៩៣លានសន្លឹក។ បូកទៅ ពីខែ៥ ដល់ខែ៩ គ្រាន់តែលុយចំនួនសន្លឹកដែលប្រមូលចូល ហើយកិនដុតចោលវិញ ៤៣៥ លានសន្លឹក។ បើគរ ប្រហែលជាពេញហ្នឹង។ លុយដែលចរាចរ កន្លែងខ្លះរហែក កន្លែងខ្លះចាស់អីខ្លាំង … គេ print ថ្មីចេញ។ អញ្ចឹង រឿងការបោះពុម្ពលុយថ្មីនេះ គេធ្វើចរន្តហើយមិនមែនទើបតែឥឡូវទេ។ ពេលដែលមួយខែ គេយក ៩២លាន សន្លឹកចូល គេបោះពុម្ពថ្មីបញ្ចេញ ៩២លានសន្លឹកវិញ។ បង្វិលចូល បង្វិលចេញ។ រឿងការដោះដូរលុយនេះវាជាចរន្តហើយ។
អ្វីដែលត្រូវតែពន្យល់នោះគឺមានការយកទៅបន្លាចថា រដ្ឋយើងអស់លុយហើយ រដ្ឋយើងជិតរលំហើយ។ អ្នកណាមានលុយនៅធនាគារទៅដកឲ្យអស់ទៅ។ កន្លងទៅ ធនាគារជាតិក៏បានចេញពន្យល់ពីមូលហេតុនៃការបោះពុម្ពហើយ ប៉ុន្តែហាក់ដូចជា (នៅតែមិនស្ងប់) … មន្ត្រីថ្នាក់ដឹកនាំជាន់ខ្ពស់ធនាគារជាតិ ចេញមកពន្យល់មនុស្សមួយម៉ឺននាក់មើល ដល់អ្នកបន្លាចនេះ វាច្រើនមនុស្សរាប់លាននាក់មើល។ ទៅខ្លាចអ្នកមើលវិញ ព្រោះ៥ ម៉ឺននាក់ដឹងការបកស្រាយ ឯមួយលាននាក់ខ្លាច។ វាបង្កើតរឿង។ រឿងនេះយើងមិនអាចមើលស្រាលបានទេ។ អារម្មណ៍ខ្លាចខ្មោចអាក្រក់ជាងឃើញខ្មោច។ អារម្មណ៍ដែលថាប្រយ័ត្នសេដ្ឋកិច្ចជិតរលាយ ដោយឃើញរដ្ឋត្រូវការបោះលុយ។ ឃើញបោះពុម្ពលុយមែន។ អញ្ចឹងបានន័យថារដ្ឋអស់លុយហើយ? អញ្ចឹងសេដ្ឋកិច្ចយ៉ាងណា។ ទៅដកលុយពីធនាគារ ទាន់ឥឡូវវា(មិនទាន់)មានបញ្ហាធនាគារ។ (បញ្ហាធនាគារ)មួយពីរដោយសារបញ្ហាអី(វាជារឿងផ្សេង)ទេ។ ប្រព័ន្ធធនាគារយើងនៅពេញទេ។ មនុស្សនៅដាក់លុយធម្មតា។ សូមកុំបារម្ភរឿងនេះ។ រដ្ឋមិនបានអស់លុយទេ …។
បើរដ្ឋអស់លុយ ត្រូវបញ្ចេញលុយ ចាំបាច់ទៅប្រកាសធ្វើស្អី ទៅរៀបចំលុយថ្មីធ្វើស្អី បោះតែលុយចាស់ហ្នឹងស្ងាត់ៗ ទៅ ចង់ប៉ុន្មានក៏បាន។ តែយើងមិនចាំបាច់។ រដ្ឋត្រូវការបោះលុយថ្មីនេះ ដោយសារលុយចាស់ជាង ១០ឆ្នាំហើយ។ មួយឆ្នាំ២០១២ ក្រដាស ១០ម៉ឺនរៀល, មួយក្រដាស ៥ ម៉ឺនរៀលចេញពីឆ្នាំ២០១៣។ អញ្ចឹងវា ១០ឆ្នាំជាងហើយ។ កែលម្អបន្តិចបន្តួចមិនឲ្យខុសច្រើនទេ តែសំខាន់ប្រព័ន្ធសុវត្ថិភាព ដើម្បីកុំឲ្យមានការក្លែងបន្លំ។ កិច្ចការប៉ុណ្ណឹង។ ខ្ញុំបញ្ជាក់ថា រដ្ឋមិនអស់លុយទេ។ ឥឡូវ មន្ត្រីរាជការមានបើកលុយយឺតទេ? មួយខែពីរដង។ ឥឡូវខែភ្ជុំនេះ ត្រូវបើកតែម្តងទេ គឺបើកឌុបឲ្យតែម្តង។ អញ្ចឹង បើរដ្ឋអស់សាច់លុយ អត់បើកឌុបឲ្យទេ មានតែ ៣ខែបើកម្តង។ មួយឆ្នាំយើងបើកឌុបពីរដង មិនមែនបើកឌុបថែមលុយឲ្យទេ … គ្រាន់តែជំនួសឲ្យបើកពីរដង យើងយកមកបើកឲ្យម្តងមុនចូលឆ្នាំ ឬមុនភ្ជុំបិណ្ឌដើម្បីបានលុយដើរលេង ឬធ្វើចង្ហាន់ទៅវត្ត។
យើងបើកជូន អត់មានខ្វះសាច់ប្រាក់ទេ។ ថែមទាំងប្រាក់ឧបត្ថម្ភបន្ថែម ៥ម៉ឺនរៀលម្នាក់សម្រាប់ភ្ជុំបិណ្ឌ សម្រាប់មន្ត្រីរាជការថ្នាក់ជាតិ ក្រោមជាតិ កងកម្លាំងប្រដាប់អាវុធ មន្ត្រីចូលនិវត្តន៍ អតីតយុទ្ធជន មានតាំងពីសមាជិកភូមិមន្ត្រីភូមិអី ច្រើនគោលដៅផ្សេងទៀត … ហើយយ៉ាងយូរបើកថ្ងៃ៨ ខែតុលា ខ្ញុំមិនចាំទេ។ ប៉ុន្តែនៅតែមានសាច់ប្រាក់បើកជូនបន្តទៅទៀត អត់មានអស់សាច់ប្រាក់ទេ។ ប្រាក់ខែក៏បើកឲ្យឌុប ហើយបូកជាមួយនឹងប្រាក់ឧបត្ថម្ភ។ មិនត្រឹមតែប៉ុណ្ណឹងទេ សាលារាជធានីចេញឡាន ៦០០គ្រឿង ចេញលុយជូនប្រជាជនទៅផ្ទះទៀត។ (បើ)អស់សាច់ប្រាក់មានលុយណាចេញអញ្ចឹង។ សេដ្ឋកិច្ចយើង ការគ្រប់គ្រងថវិកាជាតិ សាច់ប្រាក់របស់យើងគឺមាន។ ៥ម៉ឺនរៀលហ្នឹងបាននៅ? ទាន់ទេ? ប៉ុន្តែត្រូវតែ(បាន)មុនភ្ជុំ។ តែបើកលឿនពេកអស់។ គេសន្សំឲ្យ។ បើបើកត្រឹមថ្ងៃ២ ដាច់បាត់។ បើអ្នកគ្រូៗអត់អីទេ បើលោកគ្រូខ្ញុំអត់ទុកចិត្តទេ …។
(៤១) មិនស្រឡាញ់រដ្ឋាភិបាល មិនស្រឡាញ់គណបក្សប្រជាជន ក៏សូមទុកទ័ពជាវត្ថុរបស់ជាតិ កុំវាយទឹកចិត្តកងទ័ព
ទី២៖ ទាក់ទងរឿងលុយដែរ។ រឿងកងទ័ព។ ទី១ សូមអរគុណដល់ប្រជាពលរដ្ឋទាំងក្នុងនិងក្រៅប្រទេស គាំទ្រនិងបន្តគាំទ្រ និងទុកចិត្តទៅលើវីរកងទ័ព វីរនគរបាលជាតិ វីរយុទ្ធជន អាវុធហត្ថ និងកងទ័ពនៅគ្រប់ទីកន្លែងក្នុងការការពារបូរណភាពទឹកដី ក៏ដូចជាសុខសន្តិភាព សន្តិសុខនៅក្នុងទូទាំងប្រទេស … សូមបន្តគាំទ្រនូវស្មារតីនេះ … (យ៉ាងណាក្តី)ខ្ញុំសូមអញ្ចេះមួយថា បក្សណាក៏ដោយ និន្នាការណាក៏ដោយ ទ័ពជាវត្ថុរបស់ជាតិ ការពារទឹកដីរបស់ជាតិ បើមិនស្រឡាញ់រដ្ឋាភិបាល មិនស្រឡាញ់គណបក្សប្រជាជន វាយអីផ្សេងទៅ កុំវាយទឹកចិត្តកងទ័ព។ នៅមិននៅទៅបង្ហោះថាទាហានហូបបាយជាមួយអំបិលបុកម្ទេស។ ទាហានជួរមុខផ្ទាល់ ដឹងហើយ។ តើសម័យនេះ បាយជាមួយអំបិលបុកម្ទេសឬទេ? កន្លែងខ្លះអាចវាចុង គេយកមិនទាន់ មិនដឹងហូបរបបហ្នឹងអត់ ព្រោះនៅជួរមុខសុទ្ធតែមានស្បៀងក្រៀម ធានាទុកមួយរយៈពេលតទៅទៀត។ ប៉ុន្តែការផ្គត់ផ្គង់ទៅដល់ៗ។ គោលរបបរបស់យោធា កងកម្លាំងប្រដាប់អាវុធ ធម្មតា ៤២០០ ក្នុងមួយថ្ងៃ មួយខែ ១២ម៉ឺន(រៀល) ត្រូវចូលទៅក្នុងផ្ទះបាយរួម។
(៤២) ទាហានមិនទាន់បើកបៀវត្សរ៍តាមប្រព័ន្ធធនាគារទេ គឺចាំដល់ពាក់កណ្តាលឆ្នាំ២០២៧
ថ្ងៃមុន មានការយល់ច្រឡំមួយថា កាត់ប្រាក់ ១២ម៉ឺនរៀល។ មិនមែនទេ។ គឺចូលទៅក្នុងផ្ទះបាយសម្រាប់យោធិននិងកងកម្លាំង ទាំងនគរបាលជាតិដែលឈរជើងនៅខាងមុខ។ តាំងពីជំនាន់សម្តេចតេជោ យើងថែម ៣០០០រៀលក្នុងមួយថ្ងៃទៀត សម្រាប់ការហូបបំប៉នទៅឲ្យបងប្អូននៅជួរមុខ។ បើគិតថា អ្នកមុខនិងអ្នកក្រោយ អ្នកមុខហូប ១៧៥ភាគរយនៃអ្នកក្រោយ បានន័យថា លើស ៧៥ភាគរយ។ បំប៉នជូន។ ការធានានៅខាងមុខ ក្រសួងការពារជាតិយើងធ្វើជាប្រចាំ បូកជាមួយសប្បុរសជនយើងក៏មានការជួយ។ ប៉ុន្តែទោះមិនមានសប្បុរសជន កន្លែងខ្លះក៏ការផ្គត់ផ្គង់ ការធានារបស់យើង(នៅតែមានជាប្រចាំ)។ នេះខ្ញុំអត់និយាយរឿងប្រាក់បៀវត្សរបស់គាត់ទេ។ បៀវត្សរ៍សាច់ប្រាក់ ទាំងទាហានទាំងអី អត់មានបាត់ទេ។ គ្រាន់តែទាហាន ឥឡូវយើងអត់ទាន់បើកតាមប្រព័ន្ធធនាគារ។ ខ្ញុំឲ្យគោលការណ៍រៀបចំធ្វើ ដល់ខែពាក់កណ្តាលឆ្នាំ ២០២៧ គឺនឹងបើកតាមប្រព័ន្ធធនាគារ។ អត់អីទេ អត់បាត់ទៅណាទេ។ ប៉ុន្តែ ទោះបីជាបើកតាមប្រព័ន្ធធម្មតាក៏ហិរញ្ញវត្ថុយកទៅបើកដល់ជួរមុខ ទាន់ពេល លើកលែងតែពេលវាយគ្នា។ ឥឡូវស្ថិរភាពបែបនេះអាចទៅ។ ផ្គត់ផ្គង់អាហារ ពេលវាយគ្នា យើងអត់អាចទៅទេ (ប្រើប្រាស់)ស្បៀងក្រៀមនៅខាងមុខ កន្លែងណាលីទៅបានទៅ។ តែបើអត់វាយគ្នា ដូចយើងផ្គត់ផ្គង់(ដល់កន្លែង) យើងធានាបានទាំងអស់។
(៤៣) បើប្រាកដជាមានកងកម្លាំងប្រដាប់អាវុធទទួលទានបាយនឹងអំបិលបុកម្ទេស សូមដាក់សារមក ដើម្បីមើលកិច្ចការនេះជាបន្ទាន់
សូមកុំយក(ប្រឌិតរឿងវាយទឹកចិត្តកងទ័ព)។ ឥឡូវ បើសិនជាមែន បងប្អូនយោធិនកងកម្លាំងប្រដាប់អាវុធណា ដែលប្រាកដជាថាបាយជាមួយអំបិលបុកម្ទេសនៅជួរមុខ នៅកន្លែងណាក៏ដោយ សូមប្រាប់មកផេករបស់ខ្ញុំ។ បានន័យថា បាយជាប្រចាំ មិនមែនម្តងម្កាលជាមួយស្វាយខ្ចីអំបិលប្រហុក។ ហ្នឹងជាការប៉ូវបន្ថែមទេ។ គោលរបបប្រចាំថ្ងៃ។ បើមួយថ្ងៃៗ ៣ពេល ហូបតែជាមួយអំបិលបុកម្ទេស សូមដាក់សារមកខ្ញុំ ដើម្បីខ្ញុំមើលកិច្ចការនេះជាបន្ទាន់។ ឯកឧត្តម អគ្គមេបញ្ជាការនៅទីនេះ។ ខ្ញុំធានា។ ខ្ញុំស៊ីញ៉េ ទ័ពបង្កើនទៅមុខបន្ថែម។ ខ្ញុំស៊ីញ៉េបង្កើនលុយ ៣០០០ហ្នឹង។ ឯកឧត្តម គឹម ប៊ុនថាន, ឯកឧត្តម ទៀ សីហា ដាក់ស្នើសុំថែមប៉ុន្មាន ខ្ញុំថែមឲ្យ … យើងបន្ថែមសម្រាប់គោលរបបជាង ៥ម៉ឺននាក់។ ហ្នឹងរាប់ទាំងទឹកទាំងគោក។ តាំងពីជំនាន់សម្តេចតេជោ គឺបំប៉នឲ្យ តែដល់ពេលសង្គ្រាមនេះ យើងបង្កើនទ័ពជួរមុខ។ យើងក៏បំប៉នឲ្យតែថែមទៀត។
(៤៤) តែងដោះស្រាយរាល់សំណើពីជួរមុខ ដោយមិនចារជូនក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុពិនិត្យនិងផ្តល់យោបល់ទេ
អត់មានផ្អាកអីទេ។ ឲ្យតែឃើញសំណើពីជួរមុខមក មិនថាសំណើធ្វើលេណដ្ឋាន សំណើត្រូវបំពាក់ធ្វើស្អី ធ្វើផ្លូវ សំណើស្បៀង សំណើអីបន្ថែម អត់មានចារទៅជូនក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុដើម្បីពិនិត្យលើកយោបល់ទេ។ (បើ)សំណើផ្សេងៗ ខ្ញុំឲ្យពិនិត្យលើកយោបល់ ព្រោះត្រូវការទំហំថវិកា។ តែសំណើពីសមរភូមិមុខ ពីកងទ័ពដែលចេញប្រតិបត្តិការ មិនថាគ្រោះមហន្តរាយ ឬមួយអីទេ ដាក់មកគឺស៊ីញ៉េឲ្យភ្លាម។ គ្រោះមហន្តរាយស្នើមកភ្លាមស៊ីញ៉េភ្លាម។ ខ្ញុំប្រគល់សិទ្ធិជូនឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ ត្រូវការប៉ុន្មាន បងដោះស្រាយឲ្យទៅកុំឲ្យស្ទះ។ ប្រជាជនមានអាសន្ន ទឹកជំនន់ត្រូវដោះស្រាយឲ្យ។ នេះជាគោលការណ៍មិនឲ្យប្រជាជន កងទ័ព កងកម្លាំងយើង មិនថាអ្នកក្រោយ មិនថាអ្នកមុខ ដាច់បាយនោះទេ។ ខ្ញុំមិនជឿ ក្រែងលោខ្ញុំខុសយ៉ាងម៉េច។ ឥឡូវដាក់សារមកក្នុងផេករបស់ខ្ញុំមក។ ខ្ញុំធានាអត់ឲ្យមេណាដឹងទេ។ មកខ្ញុំតែម្ដង ដើម្បីខ្ញុំចាត់ឲ្យ(អ្នកណាម្នាក់)ទៅមើល តើកន្លែងហ្នឹងមែនឬអត់? កន្លែងលំបាកម៉េចក៏ដោយ យើងនៅចាត់កម្លាំងស្ពាយទៅ … កន្លែងឈរជើងនៅខាងមុខ មិនអាចធ្វើផ្លូវទៅគ្រប់ទេ វាត្រូវតែល្បាត … នៅខាងគេដូចតែគ្នា។ កន្លែងខ្លះគេស្ពាយ កន្លែងខ្លះគេប្រើលា វាឈរជើងខុសគ្នា។ កន្លែងខ្លះឡានទៅដល់។ យើងរុញទៅដល់ទាំងទឹក។ ទឹកកន្លែងខ្លះយើងទួលស្គាល់ ភ្នំហ្នឹងអត់មាន(ឈរជើង)ទេពីមុន។ ឥឡូវយើងឡើងទៅលើហ្នឹង ទឹកវាមិនទាន់ទៅដល់ ត្រូវលីទឹកទៅ។ ខែប្រាំងវាអត់មានប្រភពទឹក បុកអណ្តូងក៏វាមិនកើត ស្រះក៏វាមិនមាន ភ្លៀងក៏វាអត់។ យើងប្រឹងផ្គត់ផ្គង់។ វាយឺតកន្លែងខ្លះ ប៉ុន្តែយើងមិនឲ្យដាច់ទេ។
(៤៥) សូមរកការបញ្ជាក់ជាមុន កុំបង្ហោះព័ត៌មានមិនគ្រប់ជ្រុងជ្រោយ ធ្វើឲ្យប៉ះពាល់
សូមជូនដំណឹង។ មួយគឺដល់ប្រជាពលរដ្ឋទាំងក្នុងនិងក្រៅប្រទេសដែលព្រួយបារម្ភពិតប្រាកដទៅដល់សុខទុក្ខរបស់កងទ័ព កងនគរបាលរបស់យើងនៅជួរមុខ ខ្លាចអត់បាយអត់ទឹក បានខំបង្ហោះសារ ដោយបានព័ត៌មានមិនគ្រប់ជ្រុងជ្រោយ ឬក៏បានព័ត៌មានជួយឲ្យ យើងក្តាប់និងដោះស្រាយ។ ទ័ពច្រើន ប៉ូលីសច្រើន ច្រើនកន្លែង កន្លែងខ្លះវាទៅមិនទាន់ កន្លែងខ្លះវាទៅទាន់ កន្លែងខ្លះយើងដោះ កន្លែងខ្លះបានទាំងស្បៀងបានទាំងអំណោយ កន្លែងខ្លះនៅឆ្ងាយមិនទាន់ដល់។ ប៉ុន្តែយើងក្តាប់ត្រូវតែបាន។ សម្រាប់ប្រជាពលរដ្ឋដែលបារម្ភពិតប្រាកដ សូមផ្តល់ព័ត៌មានហើយក្តាប់ ជួយចែករំលែក។ បើមិនបានព័ត៌មានគ្រប់ សូមស៊ើបបញ្ជាក់មុននឹងបង្ហោះអីផ្សេងៗ ក្រែងលោព័ត៌មានយើង(ខុស) យើងមានចេតនាល្អទេ ប៉ុន្តែព័ត៌មានមិនគ្រប់ជ្រុងជ្រោយ វាធ្វើឲ្យប៉ះពាល់ ព្រោះឥឡូវដាក់ទៅនរណាក៏មើល គេក៏មើលដែរ ហើយគេយកទៅចុចបន្ថែម វាយតម្លៃសង្កត់ស្មារតីអារម្មណ៍កងទ័ពរបស់យើង។
(៤៦) ប្រជាពលរដ្ឋទាំងចាស់ទាំងក្មេង ពិសេស Gen Z សកម្មបង្កើតមូលនិធិជួយដល់សមរភូមិមុខ
ជូនបងប្អូន ប្រជាពលរដ្ឋទាំងចាស់ទាំងក្មេង។ ឥឡូវក្មេងៗ យុវជនច្រើនណាស់ ជាពិសេស Gen Z ហ្នឹងដែលសកម្ម ពេលវាយគ្នា គាត់បង្កើត(មូលនិធិ) ដូច Eat More ដូចស្អីហ្នឹង រៃអង្គាស(ជួយ)ទៅដល់មុខជូនទៅដល់ … ជីវភាពគ្រប់កន្លែងទាំងអស់ គឺផ្តល់ការគាំទ្រលើកទឹកចិត្ត តាមថវិកា សម្ភារដែលអាចមាន។ ខ្លះឡើងទៅលេងជួយដល់កងទ័ព។ អរគុណទៅដល់ក្រសួងស្ថាប័ន រាជធានី-ខេត្ត ដែលសម្ព័ន្ធមេត្រីភាព និងប្រជាពលរដ្ឋយើងជាច្រើនដែលបានទៅលេងសួរសុខទុក្ខ ទាំងជនភៀសសឹក។ ជនភៀសសឹកយើងមានបីកន្លែង នៅបន្ទាយមានជ័យ គឺភូមិរង់ចាំ។ យើងមាននៅតាកាំង នៅព្រះវិហារ ជាង ៦០០គ្រួសារ។ នៅឧត្តរមានជ័យដូច ១០០០គ្រួសារដែរ សរុបទាំងអស់ចូលជិត ៥០០០គ្រួសារ។ ល្បីជាងគេគឺភូមិរង់ចាំ។ ប៉ុន្តែមានកន្លែងពីរទៀតផង។ លើកទឹកចិត្តឲ្យទៅលេងកន្លែងពីរទៀតផង។ យើងធ្វើផ្ទះឲ្យដូចគ្នា ហេដ្ឋារចនាសម្ព័ន្ធដូចគ្នា ព្រោះយើងអត់នៅមើលប្រជាជនវេទនាក្នុងតង់ទេ។ ខ្ញុំប្រាប់ហើយ។ ខ្ញុំចុះជួបជនភៀសសឹកខែធ្នូ(ឆ្នាំ២០២៥) ខ្ញុំថាគោលការណ៍គឺសង្គ្រោះជីវិត ទីពីរបង្កភាពងាយស្រួល និងជួយស្តារឡើងវិញ។ យើងនិយាយហើយយើងធ្វើពិតប្រាកដ។ ៥០០០ផ្ទះធ្វើក្នុងរយៈពេលប៉ុន្មានខែ។ ឥឡូវប្រជាជនស្តារឡើងវិញ ហើយមិនទាន់ចប់ទេ។ យើងចាយថវិកាបន្ថែមទៀតដើម្បីកសាងសហគមន៍នៅហ្នឹង។
(៤៧) ប្រទេសជាតិកំពុងរងការឈ្លានពាន សូមកុំធ្វើឱ្យប៉ះពាល់អារម្មណ៍កងទ័ព ជាពិសេសការបង្កការយល់ច្រឡំដោយព័ត៌មានមិនពិត
នៅភូមិរង់ចាំ យើងយកដីដូចប៉ុន្មាន ១០០-២០០ ហិកតា ទៅបង្កើតជាផ្ទះសំណាញ់ស្អីៗ ក្រសួងកសិកម្មទៅជួយកសិដ្ឋាននៅហ្នឹង យកចំណូលចូលសហគមន៍។ នៅព្រះវិហារនៅអីដូចគ្នា។ យើងធ្វើអាហ្នឹងដើម្បីជួយ។ គ្រួសារទ័ព ប្រជាពលរដ្ឋដែលរងគ្រោះ ត្រឡប់ទៅវិញ។ យើងមានការប៉ះប៉ូវ កន្លែងខ្លះត្រូវគ្រាប់ប្លោងអី យើងជួយ។ ខ្ញុំអត់មានទិន្នន័យទាំងអស់ទេ។ កន្លែងខ្លះប៉ះ(ប៉ូវ) ២លាន ឬ ៣លាន តាមទំហំអញ្ចឹងទៅ។ សូមយោគយល់។ មិនមែនជាថ្លៃសំណងទេ។ បងប្អូនខ្លះថា ផ្ទះវីឡាមួយប៉ុណ្ណាណី អស់រាប់សែន គេបាញ់អស់ហើយ រដ្ឋឲ្យតែប៉ុណ្ណឹង។ អត់ទេ! ទៅទារពីអ្នកបាញ់ទៅ។ រដ្ឋជួយឧបត្ថម្ភការលំបាក ហើយរដ្ឋក៏បេះពីមាត់ពីកឱ្យដែរ។ ចាយគ្រប់ទិស ប្រាក់ខែ ប្រាក់ឧបត្ថម្ភសម្រាប់ប្រជាពលរដ្ឋទូទាំងប្រទេស ចាយលើកម្លាំងការពារទឹកដី សន្តិសុខ ទឹកជំនន់ ជួយសង្គ្រោះជនភៀសសឹក ជួយប្រជាពលរដ្ឋ … សូមអរគុណណាស់ចំពោះការយោគយល់នេះ … សូមផ្ញើសារទៅពួកមួយក្រុមទៀតដែលដឹងរឿងហើយ តែចូលចិត្តយកទៅបំភ្លៃដើម្បីវាយប្រហារ។ ខ្ញុំថា ធ្វើអីធ្វើទៅអី ម៉ោងនេះប្រទេសជាតិរងការឈ្លានពាន ហើយទាហាន ប៉ូលីសរបស់យើងកំពុងឈរការពារទឹកដីត្រៀមលក្ខណៈ (សូម)កុំធ្វើអីឱ្យប៉ះពាល់អារម្មណ៍ដល់ប្រជាពលរដ្ឋអី។ បើមិនបានជួយ កុំធ្វើឲ្យប៉ះពាល់អារម្មណ៍របស់កងទ័ពរបស់យើង ជាពិសេសយកព័ត៌មានមិនពិតមក(បង្កការយល់ច្រឡំ)។ មួយថ្ងៃៗ ថាទាហានយើងត្រូវគេបាញ់ស្លាប់រាល់ថ្ងៃ។ មានស្លាប់រាល់ថ្ងៃ? គិតមើលតែយើងហ្នឹង មិនគិតពីជីវិតទាហានរបស់យើង? គេបាញ់ទាហានយើងស្លាប់រាល់ថ្ងៃ ឲ្យយើងលាក់? វាគ្មានហេតុការណ៍ហ្នឹងកើតឡើង ហើយចេះតែខំបំផូសទៅ។
(៤៨) “ញោម! កាន់បាត្រឱ្យអាត្មាៗ វាយអាមួយហ្នឹងម្តងមើល …”
ថ្ងៃមុន ខ្ញុំថាបើលេងកុំខឹង បើខឹងកុំលេង។ ជេរខ្ញុំ។ ឌឺខ្ញុំអស់សាច់។ គ្រាន់តែខ្ញុំដាក់ទៅពីរម៉ាត់ អាពុកមាត់ អាវៀចមាត់ (ពួកហ្នឹងត)ដូចឃ្មុំអញ្ចឹង។ អ្នកខ្លះទៅទះដៃ “ជយោ ហ៊ុន ម៉ាណែត ចេះជេរហើយ”។ ពួកហ្នឹងបាននាយករដ្ឋមន្ត្រីចេះជេរ គេថានាយករដ្ឋមន្ត្រីធ្លាក់។ ស្អីគេវ៉ើយ សូម្បីតែព្រះសង្ឃកាន់សីល ក៏មាន ពេលដល់ដែនកំណត់ដែរ។ “ញោម កាន់បាត្រឱ្យអាត្មា អាត្មាវាយអាមួយហ្នឹងបន្តិចមើល វាឌឺខ្លាំងពេក”។ វាល្អសើចដែរ។ គ្រាន់និយាយអាពុកមាត់ មនុស្សជាច្រើនសុទ្ធតែអ្នកវិភាគជំនាញ(យក)ដាក់ខ្លួនទាំងអស់ ថាឲ្យខ្ញុំៗ គិតខ្លួនឯងចុះ។ អ្នកដែលដឹងចម្លើយថា ខ្ញុំចង់ថាអ្នកណាហ្នឹង គឺមានតែខ្ញុំទេ។ តែខ្ញុំមិនប្រាប់ ទុកឲ្យឆ្ងល់។ ទុកឲ្យគិតតែខ្លួនឯងចុះ ព្រោះវាគ្មានភាពចាំបាច់។ ខ្ញុំហៅត្រឹមអាវៀចមាត់ គ្រាន់បើហើយ។ វៀចទាំងចិត្តទៀត។ រាល់ថ្ងៃនេះ បើមើល គ្រាន់តែប្រជាជនអបអរសាទរឆ្នាំថ្មីហ្នឹង គឺថាវាមិនសប្បាយចិត្ត គ្រាន់តែទៅ(រៀបចំកម្មវិធី)ឲ្យប្រជាពលរដ្ឋនៅភូមិរង់ចាំ កុំឲ្យគាត់មានទុក្ខលំបាក ចែករំលែកទៅកុំឲ្យគាត់(គិតថា ត្រូវបាន)បោះបង់ចោលពេលចូលឆ្នាំ ក៏វាជេរ។ ដល់ពេលវារាំវិញ វាថាអាហ្នឹងជាស្មារតីអបអរបុណ្យចូលឆ្នាំ។ តែអ្វីដែលខ្ញុំខឹងបំផុត មិនមែនរឿងរិះគន់គោលនយោបាយអីទេ តែខ្ញុំគិតថាមនុស្សនេះត្រូវគិតរឿងព្រំដែន។ ផ្តាំទៅអ្នកនយោបាយចាស់វស្សា និងអាមួយវៀចមាត់ យកទៅថាទៀតទៅ ថា ហ៊ុន ម៉ាណែត ធ្លាក់ហើយ។ គ្រាន់តែឯងហៅវៀចមាត់ វាថាឈប់ធ្វើនាយករដ្ឋមន្ត្រីទៅអញ្ចឹង។ គេថាធ្វើនាយករដ្ឋមន្ត្រី គឺត្រូវតែឲ្យគេជេរ តែមិនអាចមានសិទ្ធិជេរគេ។ ខ្ញុំអត់ជេរទេ គ្រាន់តែហៅអាទេតើ។ អ្នកឯងអត់ហៅ អា តែអ្នកឯងឌឺខ្ញុំសាហាវជាងទៀត។ សុទ្ធតែមេដឹកនាំអត់កំណើត សុទ្ធតែមេដឹកនាំបាត់ដីក្បត់ជាតិស្អីៗ អាហ្នឹងមិនបាច់ហៅ អា ក៏វាសាហាវជាងជេរទៀត។
(៤៩) យកពាក្យរបស់បច្ចាមិត្រមកវាយប្រហារកងទ័ពខ្លួនឯង ជាអំពើក្បត់ជាតិ
បើគេដាក់វិញ កុំយំដូចឃ្មុំ។ យកទៅ យកទៅជាន់ទៀតទៅថាខ្ញុំហៅ អា ទៀតហើយ។ អញ្ចឹង ខ្ញុំគួរតែលាលែង(ពីតំណែង)ទៅ។ ខ្ញុំមើលថ្ងៃមុន ប្រធានាធិបតីអាមេរិកក៏ចេះជេរដែរ។ ដាក់គាត់ច្រើនពេក គាត់ឡងទៅវិញមួយពីរដែរ។ គ្មានច្បាប់ណាហាមមិនឱ្យយើងឡងការពារខ្លួនទេ។ ការប្រើពាក្យជាសិទ្ធិ ហើយខ្ញុំមិនបានប្រើពាក្យអសុរោះអីទេ គ្រាន់តែពាក្យតែប៉ុណ្ណឹង … អ្នកដឹកនាំនយោបាយចាស់វស្សា … ពេលដែលកំពុងវាយគ្នា ហេតុអីពេលគេប្លោងគ្រាប់មកកម្ទេចផ្ទះប្រជាពលរដ្ឋយើង ចូលវត្តចូលអី អត់មាត់ ហើយបែជាចោទថា យើងបាញ់ទៅប្រជាពលរដ្ឋស៊ីវិលគេ នៅពេលដែលទាហានរបស់យើង មេទ័ពរបស់យើងនៅមុខគ្មានផែនការបាញ់ទៅផ្ទះប្រជាជនស៊ីវិលទេ។ ឡងតែមូលដ្ឋានយោធា និងក្រោយពីគេបាញ់មកយើងមុន។ វាបែរជាមេដឹកនាំនយោបាយក្រៅប្រទេស ស្អីរដ្ឋាភិបាល ២៣ តុលា មិនដឹងបង្កើតរដ្ឋាភិបាលស្អីខ្លះទេនៅក្រៅនោះ តាំងពីជំនាន់សម្តេចតេជោ ឥឡូវមកដល់ជំនាន់ខ្ញុំទៀត … ឡើងមេក្រូប្រាប់ថា ទាហានយើងបាញ់សម្លាប់ប្រជាជនគេដោយអយុត្តិធម៌ … អញ្ចឹងស្មើនឹងខ្លួនឯងជាខ្មែរនេះ យកពាក្យរបស់គេមកវាយប្រហារកងទ័ពខ្លួនឯង។ នេះគឺជាអំពើក្បត់ជាតិធំណាស់។ ទ័ពរបស់យើងមិនបានទៅ(បាញ់)គេ(មុនទេ)។ វារលែងតែគេបាញ់មក ងទ័ព បាញ់មកផ្ទះ បាញ់មកភូមិរបស់យើង … ហើយចោទថាយើងអ្នកបាញ់គេ ផ្ទះប្រជាជនស៊ីវិលគេ។ ដល់ទៅអ្នកនយោបាយខ្លួនឯងឡើងទៅនិយាយហ្នឹង ខាងគេនោះក៏យកសំដីហ្នឹងទៅដាក់(ឃោសនាបន្ត) “សូម្បីតែខ្មែរហ្នឹង ក៏ទទួលស្គាល់ថាទាហានខ្មែរបាញ់ទៅផ្ទះ(ប្រជាជនគេ)” … (ក្នុងពេលដែល)ទាហានយើងអត់បានធ្វើដូចនោះផង … (តើពួកអ្នកឯង)រកអីនិយាយមិនបានឬអី។ ថ្ងៃមុនអាវៀចហ្នឹងទៀត គេបាញ់ប្រហារប្រាសាទយើងឡើងខ្ទេច ដៃយោង(crane)របស់យើង គេបាញ់ហើយសើច បង្ហោះតាម Facebook … គេបាញ់កម្ទេច ៥០០កន្លែង លើប្រាសាទរបស់យើង។
(៥០) ក្រសួងវប្បធម៌បង្ហាញភស្តុតាងថា លេណដ្ឋាននៅប្រាសាទព្រះវិហារ គឹសម្រាប់អ្នកអភិរក្សជ្រក
គេខំចោទប្រកាន់យើង។ គេយករូបដ្រូនស្អីមិនដឹងមកពីណាថតលេណដ្ឋាន។ គេថាមកពីទាហានខ្មែរដាក់(លេណដ្ឋាន)នៅហ្នឹង។ ចោទប្រកាន់ទាំងរស់ … ក្រសួងវប្បធម៌បានចេញបំភ្លឺហើយថាលេណដ្ឋានហ្នឹងគឺជាលេណដ្ឋានជម្រកទាហាន គេមានលេណដ្ឋាន ៣ប្រភេទ លេណដ្ឋានជម្រក លេណដ្ឋានអាវុធ លេណដ្ឋានគ្រាប់ លេណដ្ឋានស្បៀងអីហ្នឹង។ លេណដ្ឋានជម្រកគឺសម្រាប់មនុស្សជ្រក ទាហានជ្រកក៏បាន ប្រជាជនជ្រកក៏បាន។ នៅខាងថៃក៏មានគេធ្វើលេណដ្ឋានសម្រាប់ប្រជាជនជ្រកដូចគ្នាដែរ។ ជម្រកហ្នឹងគឺមានជម្រករៀបចំបាវជ្រកក្នុងហ្នឹង។ ក្រសួងវប្បធម៌យើងបង្ហាញភស្តុតាង គឺលេណដ្ឋានហ្នឹងសម្រាប់អ្នកអភិរក្សអង្គរគ្នាទៅជ្រក។ បាញ់គ្នា ៥ថ្ងៃដំបូង ឃើញស្រីៗ នៅជាប់នៅលើហ្នឹងទេ? ជាប់នៅហ្នឹងយំផងអីផង នៅក្នុងប្រាសាទរត់អត់ទាន់។ អញ្ចឹងបានគេរៀបចំ ទៅធ្វើបេតុង ធ្វើផ្ទះក្បឿងម៉េចឱ្យគាត់? មានតែយកបាវ ដូចតែបាវរៀបចំហ្នឹង រៀបឱ្យគាត់ពេលមានការគឺអ្នកអភិរក្សអង្គរ ទាំងស្ត្រីអ្នកថែទាំ ទាំងឆ្មាំអង្គរ ទាំងឆ្មាំប្រាសាទអីចូលទៅក្នុងហ្នឹង។ គេទេដែលមកចោទ គេវាយកម្ទេចរបស់យើង រូបថតគេសើចក្អាកក្អាយថាគេបាញ់តែកន្លែងយោធាយើងទេ។ បាញ់ស្អីទៅលើដៃយោងហ្នឹង។ មានទាហានណាទៅដាក់លេណដ្ឋានលើដៃយោងហ្នឹង? គេបាញ់កម្ទេច ៥០០ កន្លែង ប្រាសាទរបស់យើង។
(៥១) “មិនវៀចតែមាត់ទេ តែវៀចទាំងចិត្ត”
ប៉ុន្តែខ្មែរខ្លួនឯងនេះ ថាវៀចមាត់ក៏វៀច តែវៀចទាំងចិត្ត។ ចេញមកនិយាយថា មកពីទាហានខ្មែរឯងហ្នឹងទៅដាក់លេណដ្ឋាន។ អញ្ចឹងទាហានគេហ្នឹងបាញ់មកចំតែទាហានឯងហ្នឹងឯង។ អញ្ចឹងគឺគេមិនមែនបាញ់ប្រាសាទ។ ទៅជាអញ្ចឹងទៀត។ ឥឡូវបងប្អូនឈឺចាប់ទេ … ត្រឹមតែថាវៀចមាត់ កុំក្ដៅក្រហាយ បើវៀចទាំងចិត្ត ចិត្តហ្នឹងមិនមែនចិត្តធម្មតាទេ។ រឿងគណបក្ស រឿងរិះគន់រដ្ឋាភិបាលរឿងមួយ តែរិះគន់ដោយគ្មានយុត្តិធម៌ទៅដល់បេតិកភណ្ឌដែលគេបំផ្លាញ រិះគន់វាយប្រហារទៅដល់កងទ័ពទាំងអយុត្តិធម៌ តែមិនមែនជាកងទ័ពរបស់យើងផង កន្លែងសម្រាប់ស៊ីវិល ហើយគ្មានច្បាប់ណាហាមមិនឱ្យធ្វើកន្លែងជ្រកគ្រាប់របស់ស៊ីវិលដែលធ្វើការលើហ្នឹង នៅក្នុងកន្លែងតំបន់សង្គ្រាមទេ។ យើងនាំទាំងកាសែត នាំទាំង UNESCO នាំអីទៅមើលទៀត។ គេឃើញទៀត។ យើងមិនមែនលាក់ទេ។ នេះគឺជារឿងពិត។ ប៉ុន្តែវាពិបាកអាអ្នកខ្លួនឯងហ្នឹង។ ឥឡូវបងប្អូនថាខ្ញុំអាក្រក់ៗចុះ ខ្ញុំសុំហៅ អាវៀចមាត់ហើយ ព្រោះវាវៀចទាំងចិត្ត វាធ្វើបាប ហើយខឹងបំផុតគឺវាចោទទាហានយើងដោយគ្មានហេតុផល។ ផ្ដាំទៅ … ហើយយកទៅឃោសនាឡាំប៉ា ទៅលោតកញ្ឆក់កញ្ឆែងទៀតទៅថាជោគជ័យទៀតហើយ ហ៊ុន ម៉ាណែត ជេរទៀតហើយ។ ខ្ញុំប្រាប់ណាសម្តីសំដៅ ការកំណត់ត្រឹមមួយពាក្យផ្អែមអត់ប្រើពាក្យ អា ប៉ុន្តែដៀលគេកប់ៗមាត់ ក៏វាមុតជាង សាហាវជាង សម្តីត្រង់ហ្នឹងផង … ប្រជាជនខ្មែរទាំងក្រៅទាំងក្នុងប្រទេស អ្នកណាមិនឈឺចាប់ រូបថតគេបាញ់កម្ទេចប្រាសាទហើយ គេសើចក្អាកក្អាយបាញ់កម្ទេចដៃស្ទូចរបស់ឥណ្ឌាហ្នឹងទៀត … គេមើលរ៉ាដា មិនលាក់ទេ។ ទម្លាក់មកចំប្រាសាទ ក៏គេសើចក្អាកក្អាយ។ នៅពេលជាមួយគ្នានេះ អនុរក្សអង្គរទាំងស្រីទាំងប្រុសដែលនៅទីនោះ រត់ទៅក្រោមហ្នឹងជ្រកគ្រាប់ ហើយគេចោទទៀត។ អត់ត្រូវទៀត។
(៥២) “ហេតុតែចង់ចំណេញនយោបាយ វាយប្រហារទាហានខ្លួនឯង”
តែសំខាន់ខ្មែរខ្លួនឯងនេះថារិះគន់ត្រឹមតែចូលឆ្នាំទេ ប៉ុន្តែទៅចោទប្រកាន់ទាហានរបស់យើង វីរកងទ័ពយើងដែលឈរជើងការពារទឹកដី អំពីអ្វីដែលគេមិនបានធ្វើសោះ។ យើងគោរពច្បាប់សង្គ្រាម យើងគោរពច្បាប់បេតិកភណ្ឌ។ ថាគេចុះ គេចោទយើង តែខ្មែរគ្នាឯង ហេតុតែចង់ចំណេញនយោបាយ វាយប្រហារទាហានខ្លួនឯង … ខ្ញុំអត់ប្រឌិតទេ។ គេនិយាយ គេបង្ហោះក្នុងផេករបស់គេ។ មានភស្តុតាង។ តាចាស់មួយថា អ្នកនយោបាយចាស់វស្សា “អូ! ទាហានគេបាញ់មកចំភុចៗ គេពូកែ គេចេះ ដល់ទាហានខ្មែរអត់ចេះបាញ់ទេ បាញ់ទៅមិនដឹងណាដឹងណី ទៅត្រូវតែស៊ីវិលគេ សម្លាប់គេ”។ ទៅជាអញ្ចឹង។ បើមិនបានលើកទឹកចិត្ត កុំបង្អាប់ ហើយចោទទៀតថាទាហានយើងបាញ់ប្រជាជនស៊ីវិលគេ នៅពេលដែលយើងមិនបានធ្វើដូច្នោះផង។ គេបាញ់យើងមុនទៀត … ជាពិសេស ចោទទាហានយើងបែបថាធ្វើឧក្រិដ្ឋកម្មសង្គ្រាម។ យើងមិនបានធ្វើអ្វីគេទេ។ គេបំផ្លាញយើង ហើយខ្មែរឯងហ្នឹងដែលចោទគ្នាឯង។ អត់ព្រមស្តាប់ការបកស្រាយរបស់ក្រសួងវប្បធម៌ និងភស្តុតាងទេ គ្រាន់តែគេបង្ហោះដ្រូនមួយបង្ហោះតាម Facebook របស់គេ ជឿគេស្លុង ហើយមកវាយប្រហារទាហានខ្លួនឯងថា សុទ្ធតែទាហានអត់គោរពច្បាប់អន្តរជាតិ ធ្វើលេណដ្ឋាននៅលើប្រាសាទ។ (តើ)កន្លែងជម្រកសម្រាប់បងប្អូនយើង ប៉ូលីសបេតិកភណ្ឌ សម្រាប់អ្នកកសាងវាខុសស្អី? ប៉ុន្តែរបៀបបកស្រាយរបស់លោកឯង វាវៀចទាំងចិត្ត មិនមែនវៀចតែកាយទេ។
(៥៣) “ឱ្យតែធ្វើលើស ជាពិសេសជេរដល់កងទ័ព ខ្ញុំនឹងជេរទៀត …”
ថាខ្ញុំជេរទៀតទៅ។ ថ្ងៃក្រោយ ឱ្យតែធ្វើលើសៗ ជាពិសេសជេរដល់កងទ័ព ខ្ញុំជេរទៀត … ប្អូនស្រីមួយ ថ្ងៃមុន ជេរកងទ័ព។ យូរៗ ដាក់ទំនាយសុទ្ធតែឱ្យងាប់ស្អី អាបាត់ដី អាច្បាំងចាញ់គេ។ ជីវិតការតស៊ូ សង្គ្រាមសមរភូមិ ចាញ់ឈ្នះវាជារឿងមួយ ប៉ុន្តែគ្មានរឿងយើងបោះបង់ឱ្យគេយកទេ។ សុទ្ធតែពលី សាច់ស្រស់ ឈាមស្រស់ដើម្បីបុព្វហេតុ។ ដឹងបុព្វហេតុ ដឹងការលះបង់របស់ទាហាន និងវីរកងទ័ព វីរកងនគរបាលរបស់យើងផង … ក្រែងការពារសម្រាប់ទាំងអស់គ្នាទេតើ? ទ័ពប្រដាប់អាវុធ ការពារលើសមរភូមិ ទ័ពការទូតចេញច្បាំងលើសមរភូមិការទូត ផ្លូវច្បាប់ ដើម្បីទារយកវិញ … ជួយសង្គ្រោះ ប៉ុន្តែទ័ពនៅលើដីនៅបន្ត គេធ្វើផ្លូវធ្វើអី … ទ័ពយើងទៅទប់នៅខាងមុខ គោរពបទឈប់បាញ់ គោរពគោលការណ៍។ អត់បានទៅផ្ទះដូចបងប្អូនទេ។ នៅរង់ចាំ កងកម្លាំងប្រដាប់អាវុធយើងនៅក្រោយក៏ដូចគ្នាដែរ។ ពេលគេធ្វើការ យើងធ្វើការ ពេលដែលបងប្អូនប្រជាជនសម្រាក យើងធ្វើការកាន់តែខ្លាំង។ ប៉ូលីសត្រូវតែធ្វើសន្តិសុខ ត្រូវមើលសន្តិសុខ ស្រុកភូមិ សុវត្ថិភាព ចរាចរណ៍ កុំឱ្យតែក្មេងវាយគ្នាផង។ ពេលខ្លះ តែសប្បាយខ្លាំងពេកទៅ បងប្អូនសប្បាយខ្លាំងពេកទៅ វាឆុងឆាំងៗទៅ។
(៥៤) សូមបើកបរគោរពច្បាប់ចរាចរណ៍ ចប់បុណ្យ គ្រួសារនៅជួបជុំគ្នា អត់មានរបួស អត់មានបញ្ហា
ឥឡូវថ្ងៃនេះ ដូចផ្អាកអាផ្សាយពាណិជ្ជកម្មតាមកំប៉ុង Beer ថ្ងៃ១ តុលា។ ប្រយ័ត្ននាំគ្នាគាស់កំប៉ុងផឹកទៅឆុងឆាំង ពិបាកតែប៉ូលីសទៀត។ សូមបើកបរឱ្យស្រួលបួល គោរពច្បាប់ចរាចរណ៍។ ផ្លូវស្អាតហើយ កុំលឿនពេក។ ឡានយើងល្អហើយ តែបុកគេៗ ស្លាប់។ ប្រយ័ត្នប្រយែង ចប់បុណ្យទាន គ្រួសារទាំងអស់នៅជួបជុំគ្នា ជាការល្អប្រសើរអត់មានរបួស អត់មានបញ្ហា អត់មានវាយគ្នា ពិបាកទៅដេកគុក ឬមកធ្វើលេណដ្ឋានឱ្យកងទ័ព។ នៅពោធិ៍សាត់ហ្នឹងដូចបញ្ជូនក្មេងទំនើងមកដែរ … ខាងពន្ធនាគារ? បញ្ជូនមកប៉ុន្មាននាក់? (៤០០នាក់) ធ្វើគម្របលេណដ្ឋានបានរាប់ម៉ឺនដែរ … ពាក្យសាមញ្ញថាដេកស៊ីនៅក្រោយពេក ឡើងមកមុខហ្នឹង ហើយទៅឧត្តរមានជ័យ ទៅដល់គាត់សកម្ម មានស្មារតីភ្ញាក់រលឹកធ្វើលេណដ្ឋាន គម្របលេណដ្ឋាន ធ្វើសកម្មភាពជាងអ្នកផ្សេងផង។ តែកុំចង់អញ្ចឹងអី។ ចង់ចូលរួមធ្វើលេណដ្ឋានធ្វើទៅ មិនបាច់ចាំដល់មកកន្លែងពន្ធនាគារបានធ្វើទេ។ ធ្វើខាងក្រៅទៅ។ សួរសុខទុក្ខ ឬមួយក៏ដាក់សារជូនពរកងទ័ព កុំតែជេរទ័ពទៅប៉ុណ្ណឹងបាន។
(៥៥) រាជរដ្ឋាភិបាលនៅជាមួយកងកម្លាំងប្រដាប់អាវុធ មិនថាកាលៈទេសៈណាក៏ដោយ
យើងធ្វើការងារនេះហើយផ្ដាំផ្ញើ ក្នុងឱកាសភ្ជុំបិណ្ឌនេះសួរសុខទុក្ខ និងជូនពរទៅដល់បងប្អូនកងកម្លាំងប្រដាប់អាវុធយើងទាំងអស់ ទាំងអ្នកឈរជើងនៅជួរមុខ ទាំងអ្នកនៅខាងក្រោយគ្រប់កន្លែងទាំងអស់ សូមទទួលបាននូវជោគជ័យនិងសុខភាពល្អដើម្បីការពារសុវត្ថិភាព និងបូរណភាពទឹកដីរបស់យើងផងដែរ ក្នុងឱកាសភ្ជុំបិណ្ឌនេះ។ រាជរដ្ឋាភិបាលនៅជាមួយ កាលៈទេសៈណាក៏ដោយ មិនថាពេលវាយគ្នា មិនថាពេលអត់វាយគ្នា មិនថាពេលណាយើងនៅជាមួយគ្នា។ មានការចន្លោះប្រហោងអី រកវិធីដោះស្រាយការផ្គត់ផ្គង់ ការធានា វាមិនអាចបានល្អឥតខ្ចោះ ឬដូចទាំងអស់ទេ ប៉ុន្តែអ្វីដែលយើងចង់បានគឺយើងត្រូវធ្វើ។ ខ្ញុំសូមបញ្ជាក់ហើយផ្ដាំផ្ញើប៉ុណ្ណឹង … បើលេងកុំខឹង បើខឹងកុំលេង បើថាឱ្យគេ ឌឺគេថាហ្នឹងជាសិទ្ធិសេរីភាព ពេលគេឌឺទៅវិញ គេថាទៅវិញ សូមឱ្យរក្សា(ថាជា)សិទ្ធិសេរីភាពផង។ ហ្នឹងជាសិទ្ធិសេរីភាពដូចតែគ្នាទេ។ អ្នកខ្លះគ្រាន់តែប្រើពាក្យពីរហ្នឹងថាឯងហ្នឹងរំលោភលទ្ធិប្រជាធិបតេយ្យបាត់ហើយ។ ទម្រាំគេជេរឯងរាប់ឆ្នាំ … ទោះជាយ៉ាងណាក៏ដោយ ខ្ញុំសូមអំពាវនាវទាំងអស់គ្នា បក្សណានិន្នាការណាក៏ដោយ សូមលើកលែងកងទ័ព លើកលែងកងនគរបាលក្នុងការការពារទឹកដី រួមគ្នាកុំបំបាក់ទឹកចិត្តកងទ័ព មានបញ្ហាយើងរួមគ្នាដោះស្រាយ រួមគ្នាជួយដល់កងទ័ព។ នេះគឺជាចំណុចដែលត្រូវធ្វើ ដើម្បីការពារជាតិទាំងមូល។ ការពារជាតិ មិនមែនតែជាកងទ័ពនិងកងកម្លាំងនគរបាលជាតិនោះទេ គឺត្រូវការប្រជាជនទាំងអស់គ្នាពង្រឹងការការពារជាតិ ក៏មិនមែនធ្វើតែបំពាក់យុទ្ធោបករណ៍ អាវុធទំនើបនោះដែរ ធ្វើទាំងផ្លូវ ធ្វើទាំងអីហ្នឹង ដើម្បីឱ្យសេដ្ឋកិច្ចរឹងមាំ។ អញ្ចឹងថ្ងៃនេះ (យើងមាន)តែប៉ុណ្ណឹង សូមបិទវង់ក្រចកចុះ …។
[ចប់សេចក្តីអធិប្បាយ៥]
អញ្ចឹងសូមឱ្យឱកាសនេះ ខ្ញុំសូម ជាថ្មីអំណរសាទរជាមួយលោកតា លោកយាយ អ៊ំ ពូ មីង បងប្អូនប្រជាពលរដ្ឋ ជាពិសេសខេត្តបាត់ដំបង ពោធិ៍សាត់ ប៉ៃលិន និងកោះកុង ចំពោះសមិទ្ធផលថ្មីនេះ ដែលនឹងចូលរួមលើកកម្ពស់កម្រិតជីវភាព និងសុខុមាលភាពរបស់ប្រជាពលរដ្ឋ និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន តាមរយៈការបង្កើតកាលានុវត្តភាពសេដ្ឋកិច្ច ការទាក់ទាញវិនិយោគទាំងក្នុងស្រុក និងពីបរទេស ការបង្កើតឱកាសការងារ និងកាត់បន្ថយចំណាកស្រុក និងការលើកកម្ពស់គុណភាពជីវិតរបស់ប្រជាពលរដ្ឋ។
ខ្ញុំសូមយកឱកាសនេះ អំពាវនាវដល់អាជ្ញាធរមូលដ្ឋានគ្រប់ថ្នាក់ ខេត្តបាត់ដំបង ពោធិ៍សាត់ ប៉ៃលិន កោះកុង សូមយកចិត្តទុកដាក់ខ្ពស់ ចំពោះការថែរក្សាទ្រព្យសម្បត្តិជាតិ តាមរយៈការគ្រប់គ្រង តាមដាន ថែទាំ និងផ្តល់ព័ត៌មានពាក់ព័ន្ធផ្លូវ ស្ពាន ព្រមទាំងប្រជាពលរដ្ឋ និងធុរជន សូមចូលរួមគោរពច្បាប់ចរាចរណ៍ និងចៀសវាងការផ្ទុកលើសទម្ងន់ ដែលបណ្តាលឱ្យខូចស្ពាន ផ្លូវ។
ជាទីបញ្ចប់, ខ្ញុំសូមជូនពរ ឯកឧត្តម លោកជំទាវ លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ អន្តរជាតិ លោកយាយ លោកតា អ៊ំ ពូ មីង លោកគ្រូ អ្នកគ្រូ ក្មួយៗសិស្សានុសិស្ស និងបងប្អូនប្រជាពលរដ្ឋ, ជាពិសេស ឯកឧត្តមភារធារី ស្ថានទូតចិនប្រចាំកម្ពុជា, សហការី និងអ្នកជំនាញការចិន ដែលកំពុងបំពេញការងារនៅកម្ពុជាសូមមានសុខភាពល្អបរិបូរណ៍ សុភមង្គលក្នុងក្រុមគ្រួសារ ធ្វើដំណើរប្រកបដោយសុវត្ថិភាព និងសម្រេចបានជោគជ័យលើគ្រប់ភារកិច្ចការងារ ព្រមទាំងសូមប្រកបដោយពុទ្ធពរ និងពរទាំងប្រាំប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ។
ខ្ញុំសូមប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ផ្លូវជាតិលេខ ១០ ចាប់ពីពេលនេះតទៅ! សូមអរគុណ!
[ចាប់ផ្តើមសេចក្តីអធិប្បាយ៦]
ហើយថ្ងៃនេះដែរ ក៏មានយុវជនកាយរឹទ្ធិ កាកបាទក្រហម យុវជនស.ស.យ.ក យុវជនបក្សខេត្ត យុវជនស្រឡាញ់សន្តិភាព សមាគមនារីខេត្ត សមាគមរាជសីហ៍ សមាគមសិស្ស និស្សិត បញ្ញវន្តក្មេងវត្ត សរុប ២១៥ នាក់ ម្នាក់ៗថវិកា ២ ម៉ឺនរៀល។ ជូនក្មួយៗសិស្សានុសិស្ស ២០២០ នាក់ ម្នាក់ៗសៀវភៅ ២ ក្បាល ប៊ិច ១ ដើម ថវិកា ១ ម៉ឺនរៀល។ លោកគ្រូ អ្នកគ្រូ ស្រុកវាលវែង ២៩៩ នាក់ ម្នាក់ៗថវិកា ៥ ម៉ឺនរៀល។ សាលាបឋមសិក្សា ហ៊ុន សែន ប្រមោយ ថវិកា ១ លានរៀល។ វិទ្យាល័យ ហ៊ុន សែន ប្រមោយ ថវិកា ២ លានរៀល។ ហើយក្នុងនោះយើងមានបណ្តាកងឯកភាព ទាំងកងទ័ព នគរបាលសរុប ៦ អង្គភាព ដែលថវិកាមួយអង្គភាព ៥ លានរៀល។ ហើយមណ្ឌលសុខភាព ប្រមោយ ថវិកា ៣ លានរៀល។ សាលាស្រុកវាលវែង ថវិកា ២ លានរៀល និងក្រុមគ្រូពេទ្យ ប្រចាំការក្នុងអង្គពិធី ថវិកា ៣ លានរៀល។ ហើយក្រុមតន្ត្រីសម័យ ថវិកា ១០ លានរៀលផងដែរ សូមអរគុណ។
ថ្ងៃនេះមាន សិល្បករ សិល្បការិនី នៅឯណា? អ្នកនាង ម៉េង កែវពេជ្រចិន្តា លោកស្រី អ៊ុក សុភឿន លោក សេន សុប៊ុន អ្នកនាង កែវ ប្រាក់សុវណ្ណ លោក វ៉ាន់ ផាន់ណារ៉ា អ្នកនាង សេន ចិន្តា កញ្ញា ង៉ា ស្រីណាន លោក ញ៉ិប កូវីដ កញ្ញា អោម វិជ្ជការ លោក ពេជ្រ ថៃ លោក លឹម ប៉ុណ្ណា កញ្ញា រស្មី ស្រីកែវ និងកញ្ញា ជ័យ សេរីរ័ត្ន។ សូមអរគុណណាស់បានចូលរួមថ្ងៃនេះ ហើយបានទៅមើលស្ពាន ឬនៅ? (នៅទេ) ចេញពីហ្នឹងទៅតាមហ្នឹង ហើយទៅតាមកោះកុង។… ហើយក៏មានតន្ត្រីពីអង្គភាពប្រឆាំងភេរវកម្ម និងតារាចម្រៀង ១៣នាក់ផង។…អរគុណណាស់ អញ្ចឹងសូមជម្រាបលាទាំងអស់គ្នា៕

