- ឯកឧត្តម លោកជំទាវ ប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាល !
- ឯកឧត្តម លោកជំទាវ ប្រធានគណៈប្រតិភូ !
- ឯកឧត្តម លោកជំទាវ លោក លោកស្រី !
សូមជម្រាបសួរ!
សូមស្វាគមន៍មកកាន់ព្រឹត្តិការណ៍ FrancoTech 2026!
សូមស្វាគមន៍មកកាន់រាជធានីភ្នំពេញ!
ព្រឹត្តិការណ៍ FrancoTech បានចាប់កំណើតឡើងនៅទីក្រុងប៉ារីស កាលពី ២ឆ្នាំមុន។ ព្រឹត្តិការណ៍លើកទី១ បានប្រមូលផ្តុំអ្នកចូលរួមជាង ១ ៥០០នាក់ មកពីប្រទេសចំនួន ១០០។
ឯកឧត្តម អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង បានអញ្ជើញជាអធិបតីក្នុងពិធីបើកព្រឹត្តិការណ៍លើកទី១ ដែលប្រទេសបារាំងបានអុជភ្លើងគប់ផ្តួចផ្តើមឡើង។ ថ្ងៃនេះ កម្ពុជាសូមទទួលបន្តភ្លើងគប់រៀបចំព្រឹត្តិការណ៍ជាលើកទី២ ដោយរំពឹងថានឹងមានអ្នកចូលរួមជាង ៥ ០០០នាក់ មកពីជាង ៥០ ប្រទេស។
កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី បានវិលត្រឡប់មកកាន់តំបន់អាស៊ីអាគ្នេយ៍ជាថ្មី បន្ទាប់ពីកិច្ចប្រជុំកំពូលនៅទីក្រុងហាណូយ កាលពីជិត៣០ឆ្នាំមុន។
ខ្ញុំសូមថ្លែងអំណរគុណចំពោះអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី (OIF), សម្ព័ន្ធនិយោជកហ្រ្វង់កូហ្វូនី, និង ដៃគូរបស់យើង។
មូលបទនៃព្រឹត្តិការណ៍ FrancoTech លើកនេះ មានភាពសាមញ្ញ គឺ៖ «សហគមន៍ហ្វ្រង់កូហ្វូនីតែមួយ អនាគតឌីជីថលតែមួយ»។
ភាសាបារាំងបានផ្សារភ្ជាប់រវាងយើងទាំងអស់គ្នា ជាយូរមកហើយ តាមរយៈវប្បធម៌ និងការអប់រំ។ ថ្ងៃនេះភាសាបារាំងអាចជួយឱ្យយើងកាន់តែខិតជិតគ្នាថែមទៀត តាមរយៈបច្ចេកវិទ្យាឌីជីថល។
ការមានភាសារួមមួយ នឹងជួយជំរុញការផ្លាស់ប្តូរ, ជំរុញឱ្យទីផ្សារកាន់តែខិតជិតគ្នា, ជំរុញឱ្យយើងកាន់តែយល់គ្នា, ជំរុញការកសាងភាពជាដៃគូ, និងជំរុញឱ្យយើងអាចធ្វើការរួមគ្នា ពីទ្វីបមួយទៅទ្វីបមួយទៀត។ ទីផ្សារអ្នកប្រើប្រាស់ភាសាបារាំង ជិត ៤០០ លាននាក់ គឺជាឱកាសដ៏សម្បូរបែប សម្រាប់សហគ្រាសដែលទើបចាប់ផ្តើម។
របាយការណ៍ចុងក្រោយរបស់អង្គការ OIF បានបញ្ជាក់យ៉ាងច្បាស់ថា ភាសាបារាំងមានអ្នកប្រើប្រាស់ប្រមាណ ៣៩៦ លាននាក់ និងត្រូវបានចាត់ថ្នាក់ជាភាសាដែលគេនិយាយច្រើនជាងគេទី៤ នៅលើពិភពលោក។
សូមអនុញ្ញាតឱ្យខ្ញុំជម្រាបជូននូវរឿងប្រវត្តិសាស្ត្រមួយ៖
កាលពីជាងមួយពាន់ឆ្នាំមុន បុព្វបុរសរបស់យើងបានកសាងប្រាសាទបាគង ដែលជាប្រាសាទដ៏អស្ចារ្យមួយ ក្នុងចំណោមប្រាសាទដំបូងៗនៃតំបន់អង្គរ។ បច្ចុប្បន្ននេះ ធនាគារជាតិនៃកម្ពុជា បានយកឈ្មោះដូចគ្នានេះ មកដាក់ជាប្រព័ន្ធទូទាត់ឌីជីថលរបស់កម្ពុជា។
នេះមិនមែនជារឿងចៃដន្យនោះទេ។ ស្ថាបត្យករអង្គរបានកសាងសំណង់នានា ដើម្បីឱ្យមានភាពរឹងមាំ និងគង់វង្សយូរអង្វែង។ ហេដ្ឋារចនាសម្ព័ន្ធឌីជីថលសាធារណៈក៏ត្រូវតែមានលក្ខណៈដូចគ្នានេះដែរ ពោលគឺ មានភាពរឹងមាំ, បើកចំហ, និងបម្រើផលប្រយោជន៍ដល់មនុស្សគ្រប់រូប។
កាលពីអតីតកាល ស្ថាបត្យករយើងបានបង្កើតស្នាដៃលើផ្ទាំងថ្ម។ សព្វថ្ងៃនេះ ប្រព័ន្ធ «បាគង» បានជួយសម្រួលដល់លំហូរនៃទំនុកចិត្ត និងការទូទាត់ប្រាក់ នៅក្នុងទីក្រុង នៅតាមជនបទ និងឆ្លងកាត់ព្រំដែន។ តាមរយៈការប្រើប្រាស់ ឃ្យូអរ កូដ ដ៏សាមញ្ញមួយ អ្នកទេសចរអាច ទូទាត់ប្រាក់ឆ្លងកាត់ព្រំដែនបានយ៉ាងងាយស្រួល។
យើងក៏បានបង្កើតថ្នាល «verify.gov.kh» ដែលអនុញ្ញាតឱ្យយើងផ្ទៀងផ្ទាត់បាននូវភាពត្រឹមត្រូវ និងភាពពិតប្រាកដនៃឯកសារផ្លូវការដែលមានបំពាក់ ឃ្យូអរ កូដ។ នៅឆ្នាំនេះ ប្រព័ន្ធនេះបានទទួលពានរង្វាន់សេវាសាធារណៈរបស់អង្គការសហប្រជាជាតិ។
យើងខ្ញុំក៏បានចែករំលែកប្រព័ន្ធនេះជាមួយដៃគូរបស់យើង ជាពិសេសទីម័រខាងកើត, ហ្វីលីពីន និងឡាវ។ ដូចនេះ អ្វីដែលទទួលបានជោគជ័យនៅក្នុងប្រទេសយើងខ្ញុំ ក៏អាចផ្តល់ជាប្រយោជន៍ដល់ប្រទេសដទៃទៀតបាន។
ស្ថិតក្នុងស្មារតីនេះ, កម្ពុជាមានបំណងក្លាយជាប្រទេសច្រកទ្វារបច្ចេកវិទ្យាហិរញ្ញវត្ថុ (FinTech Gateway) ដើម្បីផ្សារភ្ជាប់ផ្នែកបច្ចេកវិទ្យាហិរញ្ញវត្ថុរវាងបណ្តាសមាជិកអង្គការ OIF និងសមាជិកអាស៊ាន។ តាមរយៈគំនិតផ្តួចផ្តើមនេះ, កម្ពុជាអាចដើរតួជាមជ្ឈមណ្ឌលកណ្តាលមួយ ដែលធុរកិច្ច និងនវានុវត្តជននៃបណ្តាប្រទេសហ្វ្រង់កូហ្វូនី និងអាស៊ាន ប្រើប្រាស់ជាគោលដៅសម្រាប់សាកល្បងនិងតភ្ជាប់ទីផ្សារបច្ចេកវិទ្យាហិរញ្ញវត្ថុរវាងគ្នា។ យើងមានមោទនភាពយ៉ាងក្រៃលែងក្នុងការស្វាគមន៍វត្តមាន វេទិកា Black Swan Summit នៅថ្ងៃនេះ។ ជាមួយគ្នានេះ, បណ្ដាក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុ (FinTech) ក៏មានវត្តមាននៅទីនេះ ព្រមទាំងមានស្តង់ពិព័រណ៍នៅក្បែរនេះផងដែរ។ ខ្ញុំសូមអញ្ជើញអ្នកទាំងអស់គ្នា ចូលរួមទស្សនាស្តង់ពិព័រណ៍ទាំងនេះ ដើម្បីស្វែងយល់អំពីដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត ដែលពួកគេបាននាំយកមកបង្ហាញនាពេលនេះ។
សម្រាប់ទិសដៅអនាគត កម្ពុជាសូមស្វាគមន៍ ឯកឧត្តម លោកជំទាវ ជាមួយនឹងជំនឿមុតមាំចំនួនបី៖
ទី១). បច្ចេកវិទ្យាឌីជីថលត្រូវតែសម្រាប់មនុស្សគ្រប់រូប
បច្ចេកវិទ្យានេះ ត្រូវតែមានលទ្ធភាពជួយកសិករឱ្យលក់ផលដំណាំរបស់ខ្លួនបានកាន់តែប្រសើរ ដូចដែលបច្ចេកវិទ្យានេះអាចជួយសហគ្រាសចាប់ផ្តើមអាជីវកម្មថ្មី (Start-Up) ឱ្យពង្រីកទីផ្សារថ្មីៗរបស់ខ្លួនបាន។
បច្ចេកវិទ្យាឌីជីថលបាននាំមកនូវការប្រមូលផ្តុំគម្រោងនានាពី គ្រួសារហ្វ្រង់កូហ្វូនី ព្រមទាំងលើកតម្កើងសមត្ថភាព និងទេពកោសល្យរបស់សហគ្រិន ដែលជាយុវជន និងជាស្រ្តី។
ទី២). យើងទទួលយកនវានុវត្តន៍ដែលស្ថិតនៅក្នុងវិធានច្បាប់
បញ្ញាសិប្បនិម្មិត (AI) នឹងធ្វើឱ្យសេដ្ឋកិច្ចរបស់យើងមានការផ្លាស់ប្តូរយ៉ាងខ្លាំង។ ប្រទេសទាំងអស់ ជាពិសេសប្រទេសកំពុងអភិវឌ្ឍ ត្រូវតែមានលទ្ធភាពចូលរួមក្នុងការរៀបចំ និងកំណត់វិធានច្បាប់ទាំងនោះ។
បញ្ញាសិប្បនិម្មិត ត្រូវតែបម្រើមនុស្សជាតិ ការពារឯកជនភាព និងគោរពដល់ភាសារួម ព្រមទាំងវប្បធម៌របស់យើង។ យុវជនយើងត្រូវតែមានភាពជាម្ចាស់លើការគ្រប់គ្រងបច្ចេកវិទ្យានេះ ព្រមទាំងអាចរួមចំណែកក្នុងការអភិវឌ្ឍបច្ចេកវិទ្យានេះផងដែរ។
ទី៣). គំនិតល្អមួយត្រូវការហិរញ្ញប្បទាន ដើម្បីអាចអនុវត្តបាន
ព្រឹត្តិការណ៍ FrancoTech ជាវេទិកាបង្ហាញផលិតផលនានា ប៉ុន្តែអ្វីដែលសំខាន់ជាងនេះទៅទៀតនោះ គឺព្រឹត្តិការណ៍នេះជាកន្លែងសម្រាប់ធ្វើធុរកិច្ច ដែលសហគ្រិន និងវិនិយោគិនអាចរួមគ្នាកសាងកិច្ចសហប្រតិបត្តិការ និងបង្កើតឱកាសអាជីវកម្មថ្មីៗ។ នៅទីក្រុងប៉ារីស ជំនួបធុរកិច្ចជាង ១ ០០០ លើក ត្រូវបានរៀបចំឡើងក្នុងរយៈពេលត្រឹមតែ ២ថ្ងៃប៉ុណ្ណោះ។ សូមយើងទាំងអស់គ្នាធ្វើកិច្ចការនេះឱ្យកាន់តែល្អប្រសើរជាងនេះទៅទៀត នៅរាជធានីភ្នំពេញលើកនេះ!
ខ្ញុំសង្ឃឹមថា អ្នកចូលរួមទាំងអស់នឹងត្រឡប់ទៅវិញ ដោយទទួលបានទំនាក់ទំនងថ្មី, គម្រោងថ្មី ឬ កិច្ចសន្យាធុរកិច្ចថ្មី។
ឯកឧត្តម លោកជំទាវ លោក លោកស្រី!
មុននេះបន្តិច ខ្ញុំបានលើកឡើងអំពីពន្លឺភ្លើងគប់មួយ ដែលអាចជះរស្មីកាន់តែខ្លាំងក្លា ប្រសិនបើយើងចែករំលែកពន្លឺភ្លើងនេះ ជាមួយគ្នា។ សូមយើងបន្តពង្រឹងស្មារតីនៃកិច្ចសហប្រតិបត្តិការនេះឱ្យកាន់តែរស់រវើក នៅភ្នំពេញ។
ទន្ទឹមនេះ ខ្ញុំសូមយកឱកាសនេះវាយតម្លៃខ្ពស់ ចំពោះសភាពាណិជ្ជកម្មកម្ពុជា និងសម្ព័ន្ធនិយោជកហ្វ្រង់កូហ្វូនី ដែលបានសហការរៀបចំ «ជំនួបសហគ្រិនហ្វ្រង់កូហ្វូនី ឆ្នាំ២០២៦» ប្រកបដោយជោគជ័យ នាប៉ុន្មានថ្ងៃកន្លងមកនេះ។ វេទិកានេះ ទទួលស្វាគមន៍សហគ្រិនជាង ១ ០០០ នាក់ មកពីលំហហ្រ្វង់កូហ្វូនី ដើម្បីពិភាក្សាអំពីធុរកិច្ច និងកសាងបណ្តាញទំនាក់ទំនង។
ពន្លា និងស្តង់ពិព័រណ៍ជាច្រើនបានបើកដំណើរការ ហើយវិនិយោគិនជាច្រើននាក់ក៏មានវត្តមាននៅទីនេះ។ ពេលនេះជាពេលដែល ឯកឧត្តម លោកជំទាវ លោក លោកស្រី ប្រែក្លាយជំនួប និងការផ្លាស់ប្តូរទាំងនេះ ឱ្យទៅជាភាពជាដៃគូជាក់ស្តែង។
សូមផ្លាស់ប្តូរនាមប័ណ្ណគ្នា!
សូមចែករំលែកគំនិតគ្នា!
សូមរួមគ្នាបង្កើតគម្រោងរវាងគ្រួសារហ្វ្រង់កូហ្វូនី និងតំបន់អាស៊ីអាគ្នេយ៍!
ជាមួយមោទនភាព ខ្ញុំសូមប្រកាសបើកជាផ្លូវការនូវព្រឹត្តិការណ៍ FrancoTech 2026 ចាប់ពីពេលនេះតទៅ។
សូមមហាគ្រួសារហ្រ្វង់កូហ្វូនី រស់រវើក និងរីកចម្រើនជានិរន្តរ៍!
សូមអរគុណ!



