កម្ពុជា-បារាំង ឯកភាពពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅ
(FB) ៖ នារសៀលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅវិមានសន្តិភាព, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាការងារទ្វេភាគីជាមួយ ឯកឧត្តម Emmanuel MACRON ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង ក្នុងឱកាសដែលឯកឧត្តមប្រធានាធិបតី អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋ និងចូលរួមក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦។ ក្នុងឱកាសនៃជំនួបនេះ, ឯកឧត្តមប្រធានាធិបតីបានកោតសរសើរការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី និងអបអរសាទរកម្ពុជាចំពោះជោគជ័យនៃការរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នាពេលនេះ។ ឯកឧត្តម បានបន្តថា ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ឯកឧត្តមនៅពេលនេះ នឹងបើកទំព័រប្រវត្ដិសាស្ត្រថ្មីនៃទំនាក់ទំនងបារាំង-កម្ពុជា។ ជាមួយគ្នានេះ, ឯកឧត្តមបានវាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើននៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ និងសង្កត់ធ្ងន់ពីការបន្តពង្រឹង និងពង្រីកភាពជាដៃគូ រវាងប្រទេសទាំងពីរ ឱ្យកាន់តែស៊ីជម្រៅថែមទៀត។ ជាការឆ្លើយតប, សម្ដេចធិបតី បានចាត់ទុកវត្តមានរបស់ឯកឧត្ដមប្រធានាធិបតីបារាំង ដែលកំពុងបំពេញទស្សនកិច្ចផ្លូវរដ្ឋ និងចូលរួមក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នៅកម្ពុជា ជាដំណើរទស្សនកិច្ចប្រវត្តិសាស្ត្រ ក្នុងរយៈពេល ៦០ឆ្នាំ ក្រោយពីដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ហ្សារល៍ ដឺហ្គោល មកកាន់កម្ពុជា កាលពីឆ្នាំ១៩៦៦ និងទស្សនកិច្ចរបស់ឯកឧត្តមប្រធានាធិបតី…

