[ផ្ដើមសេចក្ដីអធិប្បាយ១]
អរគុណសន្តិភាព!
អរគុណនយោបាយឈ្នះឈ្នះ!
ដឹងគុណស្ថាបនិកមគ្គុទ្ទេសក៍ឯក និងប្រតិបត្តិករនយោបាយឈ្នះឈ្នះ ដែលនាំមកនូវសន្តិភាព
និងការឯកភាពជាតិពេញលេញ!
ផែនទាំងមូល សម្រាក! ប្រុង! សម្រាក!
ទើបតែចូលបាន ៤ ថ្ងៃ? ខ្ញុំអត់ដឹង … ខាងក្បួនយើងយ៉ាងម៉េច។ ទម្លាប់ខ្ញុំ ពេល “សម្រាក” ហ្នឹងស្ដាប់បានយូរជាង។ “ប្រុង” រវល់តែឈរប្រុង ខ្លាចដួល ហើយជាពិសេសរយៈពេលវែង។
[ចប់សេចក្ដីអធិប្បាយ១]
ថ្ងៃនេះ ខ្ញុំពិតជាមានសេចក្តីសោមនស្សរីករាយដែលបានចូលរួមក្នុងពិធីបើកវគ្គហ្វឹកហ្វឺនយោធិនកាតព្វកិច្ចយោធា វគ្គដំបូង ឆ្នាំ ២០២៦ នៅសាលាហ្វឹកហ្វឺនការពារកោះឆ្នេរ នាពេលនេះ។ ជាមួយនឹងការនាំមកនូវការនឹករព្ញក និងការសួរសុខទុក្ខពីសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ខ្ញុំសូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានដ៏ថ្លៃថ្លារបស់ឯកឧត្តម លោកជំទាវ លោក លោកស្រី ភ្ញៀវកិត្តិយស កងកម្លាំងប្រដាប់អាវុធ យោធិនកាតព្វកិច្ចយោធា និងអាណាព្យាបាល លោកយាយ លោកតា អ៊ំពូមីង បងប្អូនប្រជាពលរដ្ឋ ដែលកំពុងចូលរួមធ្វើជាសាក្សីប្រវត្តិសាស្ត្រ ចំពោះការចាប់ផ្តើមការអនុវត្តកាតព្វកិច្ចយោធារបស់យុវជនកម្ពុជា ក្នុងបុព្វហេតុជាតិមាតុភូមិ និងប្រជាជននៃយើងទាំងអស់គ្នា។
ខ្ញុំសូមសម្តែងនូវមនោសញ្ចេតនាស្នេហារាប់អាន និងការកោតសរសើរយ៉ាងក្រៃលែង ចំពោះយុវជនស្ម័គ្រចិត្តចូលបំពេញកាតព្វកិច្ចយោធាទាំងអស់ និងក្រុមគ្រួសារដែលមានភាពក្លាហាន ឆន្ទៈមោះមុត ជាពិសេសគឺស្មារតីភ្ញាក់រលឹក និងការទទួលខុសត្រូវខ្ពស់ ក្នុងការបំពេញតួនាទីជាពលរដ្ឋដែលស្រឡាញ់ និងស្ម័គ្រចិត្តបម្រើជាតិមាតុភូមិគ្រប់កាលៈទេសៈទាំងអស់។
ផ្អែកតាមរបាយការណ៍របស់ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិកាតព្វកិច្ចយោធា ក្រោមការដឹកនាំសម្របសម្រួលរបស់គណៈកម្មាធិការជាតិ គ្រប់សាលាពលទាហានដែលមានភារកិច្ចហ្វឹកហាត់យោធិនកាតព្វកិច្ចយោធា បានចូលរួមសហការរៀបចំវគ្គដំបូងនៃការហ្វឹកហ្វឺនយោធិនកាតព្វកិច្ចយោធា ប្រកបដោយស្មារតីបុរេសកម្ម និងអន្តរសកម្ម ធ្វើឱ្យការអនុវត្តច្បាប់ស្តីពីកាតព្វកិច្ចយោធា ប្រព្រឹត្តទៅដោយរលូន តាមការគ្រោងទុក។
ក្នុងន័យនេះ ខ្ញុំសូមវាយតម្លៃខ្ពស់ចំពោះឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឯកឧត្តម នាយឧត្តមសេនីយ៍ ភួង ស៊ីផាន ថ្នាក់ដឹកនាំ និងបុគ្គលិកនៃគណៈកម្មាធិការជាតិ ព្រមទាំងក្រសួងស្ថាប័នពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់ ជាពិសេស បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករង កងរាជអាវុធហត្ថ រាជធានី ក្រុង ស្រុក ខណ្ឌ ដែលបានសហការជិតស្និទ្ធ និងធ្វើកិច្ចសហប្រតិបត្តិការប្រកបដោយសង្គតិភាព នៅក្នុងអភិក្រម«ជវភាពនៃប្រព័ន្ធតួអង្គតែមួយ» រហូតសម្រេចបាននូវលទ្ធផលគួរជាទីសាទរនៅពេលនេះ។
[…] ការដាក់ឱ្យអនុវត្តនូវច្បាប់នូវកាតព្វកិច្ចយោធា ជាយុទ្ធសាស្ត្ររយៈពេលវែងរបស់រាជរដ្ឋាភិបាល ក្នុងការកសាងមូលធនមនុស្សក្នុងវិស័យការពារជាតិ ជាពិសេស ការដុសខាត់ប្រាជ្ញាស្មារតីរបស់យុវជន ដែលជា «ប្រភពធនធានមនុស្សមិនចេះរីងស្ងួត» ឱ្យស្រឡាញ់ជាតិ មាតុភូមិ គោរពច្បាប់ មានវិន័យ និងត្រៀមខ្លួនចូលរួមបម្រើជាតិនៅគ្រប់កាលៈទេសៈ។ យុវជនដែលឆ្លងកាត់ការហ្វឹកហ្វឺន នឹងទទួលបានបទពិសោធនៅក្នុងការគ្រប់គ្រងខ្លួនឯង គោរពពេលវេលា ដោះស្រាយបញ្ហាជាក់ស្តែង ចេះរួមរស់ជាមួយអ្នកដទៃ ប្រកបដោយភាតរភាពនិងភាពជាអ្នកដឹកនាំ។ យុវជនទាំងនេះនឹងក្លាយជាខឿនការពារជាតិដ៏រឹងមាំបំផុត។
[ផ្ដើមសេចក្ដីអធិប្បាយ២]
ប្អូនៗ ដែលបានចូល(បំពេញ)កាតព្វកិច្ចវគ្គនេះ និងដែលមានវត្តមាននៅទីនេះ សាលាកោះឆ្នេរទទួលបានជាង ១០០០នាក់។ ច្រើនជាងគេ។ ក្រៅពីនោះ យើងត្រូវពង្រាយនៅតាមសាលាពលទាហានរបស់កងទ័ពជើងគោក ដោយមានចំនួនសរុប ៥ ០០០នាក់ ក្នុងវគ្គទី១ ហើយ(៥ពាន់នាក់ទៀតក្នុង)វគ្គទី២។ ឆ្នាំនេះយើងយក ១០០០០នាក់ តាមផែនការរបស់ក្រសួងការពារជាតិ (សំរាប់បែងចែកឱ្យ)តាមបណ្តាអង្គភាពមួយចំនួន។ យើងបំបែកជា២ (ក្រុម)។
អ្វីដែលជាលក្ខណៈពិសេសរបស់ប្អូនៗដែលឈរនៅទីនេះគឺប្រវត្តិសាស្ត្រ។ ទី១. (នេះជា)កាតព្វកិច្ចយោធា ដែលអនុវត្តដំបូងបង្អស់នៅក្នុងប្រវត្តិសាស្ត្រនៃព្រះរាជាណាចក្រកម្ពុជា និងប្រវត្តិសាស្ត្រនៃកងយោធពលខេមរភូមិន្ទ។ ទី២. ក្នុង(ចំនួន) ១០០០០នាក់នេះ យើងបែងចែកជា ២វគ្គ។ នេះគឺវគ្គទី១។ ប្អូនៗ ជាយោធិនកាតព្វកិច្ច ក្នុងចំណោមអ្នក(ហ្វឹកហ្វឺនក្នុង)វគ្គទី១ ជាប្រវត្តិសាស្ត្រនៃកងយោធពលខេមរភូមិន្ទ។ សូមអបអរសាទរទាំងអស់គ្នា។ សង្ឃឹមថាវគ្គនេះនឹងជាវគ្គដែលល្អ និងជាវគ្គដែលរៀបចំកំណត់បានស្តង់ដាសម្រាប់វគ្គក្រោយៗទៀត។
តាមរបាយការណ៍របស់ឯកឧត្តម ទៀ សីហា … យើងមានអ្នកស្ម័គ្រចិត្តជាង ១០០០០នាក់។ ប៉ុន្តែ នៅឆ្នាំនេះ យើងយក ១០០០០នាក់។ ឆ្នាំក្រោយយើងនឹងបន្ត(ជ្រើសរើសទៀត)។ ចាប់ផ្តើមអនុវត្តជាប្រចាំឆ្នាំ។ អ្នកដែលបានជាប់នៅឆ្នាំនេះគឺអនុវត្តចាប់ពីឆ្នាំ២០២៦ រយៈពេល ២៤ខែ។ អ្នកដែលមិនទាន់មានឈ្មោះ គឺនឹងត្រូវរើសជាបន្តបន្ទាប់ទៅទៀត។ កុំអាលសួរថា “ម៉េចក៏អត់មានឈ្មោះខ្ញុំ?”។ គង់តែចូលទេ។ ក្នុងនោះ តាមរបាយការណ៍យើងមានការបើកវគ្គដែលវគ្គទី២ នឹងចេញឈ្មោះខ្ទង់ថ្ងៃទី២៥(វិច្ឆិកា)។ នឹងចេញបញ្ជីឈ្មោះ ៥០០០នាក់ទៀត … ហើយនឹងត្រូវចូលវគ្គទី២ … ចាប់ផ្តើមនៅចុងខែកុម្ភៈឬដើមខែមីនា។
ល្ងាចមិញ ខ្ញុំបានឱ្យខាងគណៈកម្មាធិការរាយការណ៍ឱ្យថា តើវគ្គទី២ ចាប់ផ្តើមបានពេលណា? គេបូកលេខចុះ ហើយបញ្ជូនមក គឺអនុវត្តបាននៅថ្ងៃទី៣០ ខែកុម្ភៈ ឆ្នាំ២០២៧។ ខ្ញុំថា “មិនបាច់តែម្តង!”។ ខែកុម្ភៈ មានយ៉ាងច្រើនបំផុតត្រឹមថ្ងៃទី២៩ ហើយឆ្នាំ២០២៧ មានតែត្រឹមថ្ងៃទី ២៨ទេ។ បើយកថ្ងៃ៣០ ខែកុម្ភៈ បានន័យថាលែងចាប់ផ្តើមហើយ។ អ្នកបូកលេខហ្នឹង ឧត្តមសេនីយ៍ទោទៀត។ ខ្ញុំអត់បញ្ចេញឈ្មោះ។
ក្រៅពីនោះ គណៈកម្មាធិការយើងនឹងបន្តចុះឈ្មោះ។ ជាគោលការណ៍ តាមរបាយការណ៍របស់គណៈកម្មាធិការ គឺជិតដល់ពេលបើកទទួលពាក្យជាក់ស្តែង ក៏នឹងអនុវត្តដូចឆ្នាំនេះដែរ គឺកងរាជអាវុធហត្ថស្រុក យោធាស្រុកនឹងទទួលពាក្យ។ រីឯនៅចន្លោះហ្នឹង គឺបងប្អូនដែលស្ម័គ្រចិត្តអាចចុះឈ្មោះចូលតាមអនឡាញ។ គេនឹងប្រមូលទុកទិន្នន័យ។ ដល់ពេលត្រូវរើសឆ្នាំក្រោយគេនឹងយកឱ្យអាទិភាពមុនដល់បញ្ជីអ្នកដែលស្ម័គ្រចិត្តតាម(ការចុះឈ្មោះអនឡាញ)ហ្នឹង។ សល់ប៉ុន្មាននឹងចុះឈ្មោះតាមបញ្ជីដែលត្រូវចូលកាតព្វកិច្ច។
សូមបន្តរៀបចំឱ្យយុវជនស្ម័គ្រចិត្ត ដែលឆ្នាំនេះមិនទាន់ដាក់បានទេ ឱ្យបន្តចុះឈ្មោះតទៅទៀត។ នេះគឺជាគោលការណ៍។ គណៈកម្មាធិការរបស់ក្រសួងការពារជាតិ នឹងបញ្ជាក់លម្អិតបន្ថែមទៀត។ ធ្លាប់ឃើញមានសំណួរថា តើ(ធ្វើដូច)ម៉េចទៅបើដាក់ពាក្យសុំមិនទាន់។ បើចង់ដាក់ពាក្យតើធ្វើយ៉ាងម៉េចបាន? ដោយសារតែតាមយោធាស្រុក មិនអាចបើកប្រចាំឆ្នាំរហូត គឺបើកតែមួយរយៈពេលខ្លី (ដូចជា)១០ថ្ងៃ ឬ ១៥ថ្ងៃ ទទួលការដាក់ពាក្យជាក្រដាសស្នាម ហើយចន្លោះពេលនេះ យើងនៅចុះឈ្មោះជាបន្តបន្ទាប់ជូនចំពោះយុវជនយើងផ្សេងៗ ទៀត ដែលមានបំណងចូលកាតព្វកិច្ចកងទ័ពដោយស្ម័គ្រចិត្ត។
ពាក្យថា “កាតព្វកិច្ច” នេះ គឺបើមិនស្ម័គ្រចិត្តគ្រប់ត្រូវចាប់បង្ខំ។ តែយើងឱ្យអាទិភាពទៅអ្នកស្ម័គ្រចិត្តមុន។ បើអ្នកចង់ចូលឱ្យហើយ ឆាប់បានចូលឱ្យហើយ នឹងអាលបានទៅធ្វើអីទៀតគឺដាក់ពាក្យមក។ យើងនឹងឱ្យអាទិភាពមុន។ នេះគឺជាគោលការណ៍។
ជាធម្មតា យើងបើកវគ្គពេលព្រឹក ប៉ុន្តែថ្ងៃនេះ យើងបើកវគ្គពេលល្ងាច។ គឺដោយសារថ្ងៃនេះជាថ្ងៃប្រវត្តិសាស្ត្ររបស់យើង។ ថ្ងៃ ៩វិច្ឆិកាគឺខួបឯករាជ្យជាតិ ហើយក៏គួបផ្សំជាមួយខួបកំណើតកងយោធពលខេមរភូមិន្ទ ៩វិច្ឆិកា ឆ្នាំ១៩៥៣។ យើងបានគិតគូរអំពីច្បាប់កាតព្វកិច្ចតាំងពីឆ្នាំ ២០០០ជាង។ ច្បាប់ទី១ ចេញនៅឆ្នាំ២០០៦។ ដោយសារកាលៈទេសៈ និងអាទិភាពពេលនោះ យើងមិនទាន់បានអនុវត្ត។ យើងបានលើកមកអនុវត្តនៅឆ្នាំនេះ។ យើងធ្វើវិសោធនកម្មច្បាប់ចំណុចមួយចំនួនឱ្យស្របតាមស្ថានភាពបច្ចុប្បន្ន ហើយអនុវត្តឆ្នាំនេះតែម្តង ដោយកំណត់យកថ្ងៃ ៩វិច្ឆិកា។
វគ្គ(ហ្វឹកហ្វឺនយោធិនកាតព្វកិច្ចជំនាន់)ទី១ ត្រូវបានរៀបចំត្រូវថ្ងៃ ៩វិច្ឆិកាជាខួបកំណើតកងទ័ព។ នេះជាអត្ថន័យនិងជាករណីពិសេសសម្រាប់ប្អូនៗ ដែលមានវត្តមាននៅវគ្គទី១នេះផងដែរ។ បើជាវគ្គពិសេស ទាល់តែប្អូនៗ ពិសេសដែរ។ សង្ឃឹមថាអ្នកទាំង ៥០០០នាក់ ដែលចូលនៅឆ្នាំទី១ នេះនឹងខិតខំតស៊ូរហូតដល់បញ្ចប់កាតព្វកិច្ចរបស់ខ្លួនក្នុងកំឡុងពេល ២៤ខែ ជាគំរូដល់យោធិនកាតព្វកិច្ចជំនាន់ក្រោយៗ ទៀត។
ខ្ញុំមិនមានការចាំបាច់នឹងនិយាយអ្វី(វាងវង់)ទេ។ ខ្ញុំសូមនិយាយការពិតថា ប្អូនៗនឹងមានការប្រឈម។ (ថ្វីបើប្អូនៗ)នឹងទទួលបានរបស់ល្អ ទទួលបានអត្ថប្រយោជន៍ ទទួលបានចំណេះដឹងថ្មីក្តី ក៏យើងនៅតែប្រឈម។ ប្រឈមទី១ គឺត្រូវប្តូររបៀបរបបរស់នៅបែបស៊ីវិល ដូចជាប្តូរពី អ្នកខ្លះធ្លាប់សំរាករហូតម៉ោង ១០ មិនទាន់ងើបផង ឬអ្នកខ្លះចូលដេកក្រោយម៉ោង១២ ជាដើម … មកជាការដេក ដើរ ឈរ អង្គុយ ដោយមានការគ្រប់គ្រង។ ហ្នឹងយើងត្រូវប្រឈមហើយ។ ទី២ រស់នៅក្រោមការកំណត់ច្បាស់លាស់។ កងទ័ពគឺវិន័យ។ កងទ័ពគ្មានវិន័យ ច្បាំងមិនឈ្នះគេទេ។ កងទ័ពគ្មានវិន័យមិនមានថាមពលទេ។ យើងធ្វើការជាក្រុម។ ទី៣ គឺដូររបៀបធ្វើការ។ ពីដើមមក អ្នកខ្លះធ្វើការតែម្នាក់ឯងទេ។ អត់ចូលចិត្តធ្វើការជាមួយគេ។ ចូលក្នុងកងទ័ព ចៀសមិនផុតទេ (នឹងការធ្វើការជាក្រុម)។ ចាប់ផ្តើមពីថ្ងៃទីមួយ ប្អូនៗ ស្គាល់រសជាតិហើយ។ ៤ ថ្ងៃនេះ ចេះ “សម្រាក” “ប្រុង” ហើយ។ ដូចម្តេចហៅថាឯកសណ្ឋាន? គឺបោះចោលនូវឯកជនភាព។ គឺខ្លៀកពាក់ឯកសណ្ឋានតែមួយដូចគ្នា។
ងើបម៉ោងដូចគ្នា ធ្វើអីដូចគ្នាទាំងអស់។ ជួយគ្នា។ នេះគឺការប្រឈម។ ប៉ុន្តែ វាក៏ជាឱកាស។ ប្តូរពីផ្នត់គំនិតដែលយើងធ្វើការងារប្រកួតប្រជែងគ្នា យកចាញ់ឈ្នះ មកជាការប្រកួតប្រជែងគ្នាជាក្រុម រួមគ្នាដើម្បីពង្រឹងខ្លួន ពង្រឹងក្រុម។ នេះគឺជាអ្វីដែលត្រូវប្រឈម។ (ប្អូនៗ ត្រូវមាន)ការលត់ដំកាយសម្បទា ស្មារតីសតិអារម្មណ៍។ អាចថា ឥឡូវប្អូនៗ រត់ ១០គីឡូម៉ែត្រ មិនទាន់បាន។ អញ្ចឹង ចៀសមិនផុតពីត្រូវតែរត់ ១០គីឡូម៉ែត្រឱ្យទាល់តែបាន។ សម្រួចការហ្វឹកហ្វឺនហ្នឹងនៅពេលនោះ។ បានន័យថាម៉េច? យើងត្រូវដាក់ខ្លួននៅក្រោមសម្ពាធ ត្រូវបោះបង់ភាពស្រណុក (ដោយទទួល)ត្រឡប់មកវិញនូវការជំរុញខ្លួនឯង ជំរុញឆន្ទៈ (បោះបង់ទម្លាប់ដែល)ធ្លាប់តែសេរីភាពគ្រប់បែបយ៉ាង។ កន្លែងខ្លះ ដោយស្រឡាញ់កូនពេក ម្ដាយមិនហ៊ានទាំងនិយាយសម្តីធ្ងន់ផង។ មកដល់នេះ គ្រូថា មេស្រែក។ ត្រូវតែទៅ។
ហ្នឹងជាការប្រឈមដែលយើងត្រូវតែធ្វើ មានវិន័យសណ្តាប់ធ្នាប់ តម្រង់ទិសឱ្យរឹងមាំ មិនមែនតែកាយសម្បទានោះទេ ប៉ុន្តែក៏ទាំងស្មារតីសតិអារម្មណ៍ផងដែរ។ នេះគឺភាពរឹងមាំរបស់បុគ្គល។ គឺអារម្មណ៍ស្មារតីសតិអារម្មណ៍ ហើយជាពិសេសសាមគ្គីគ្នាពេលលំបាកបំផុត គឺត្រូវតែឆ្ពោះទៅមុខ មិនអាចចោលគ្នាបាន។
ក្នុងការហ្វឹកហ្វឺនដំបូង ជាកាតព្វកិច្ចមាន ២វគ្គ។ វគ្គដំបូង មានរយៈពេលវគ្គ ៣ខែ ជាការ(ហ្វឹកហ្វឺនដើម្បី)ប្តូរពី(ទម្លាប់)ស៊ីវិល ទៅជាយោធិនក្នុងសាលា។ ក្រោយវគ្គ ៣ខែចប់ ប្អូនៗ ត្រូវប្រឈមរយៈពេល ២១ខែ តាមបណ្តាអង្គភាព។ ប្អូនៗ នឹងត្រូវទៅរស់នៅ ដេក ដើរ ឈរ អង្គុយ មានច្បាប់មានវិន័យខុសពីសាលាបន្ថែមទៀត។ គឺ២១ខែ ប្រកបទៅដោយការទទួលខុសត្រូវ ២១ខែ ប្រកបទៅដោយការលត់ដំបន្ថែមទៀត ២១ខែដែលនឹងសម្រួចយើងពី(ទម្លាប់)ស៊ីវិលឱ្យទៅជាយោធិនពិតប្រាកដ។ មានអ្នកខ្លះសួរថា ចុះហេតុអីបានជាកាតព្វកិច្ចដល់ ២៤ខែ? ហាត់ ៣ខែបានហើយ ឬហាត់ ៦ខែ បានហើយ។
សូមឱ្យយល់ថា មិនមែនហាត់យុទ្ធវិធីយោធាទេ។ គឺហាត់យោធា។ សម្រួចមនុស្សឱ្យទៅជាយោធា។ (ក្នុង)យោធា ការហ្វឹកហ្វឺនយុទ្ធវិធី ការហ្វឹកហ្វឺនកាយសម្បទាជាផ្នែកតូចមួយប៉ុណ្ណោះ។ នៅទីនេះ ប្អូនៗ នឹងត្រូវបានបង្រៀនក្រោមការគ្រប់គ្រងដោយម៉ត់ចត់ និងតឹងរ៉ឹងរបស់យោធាចារ្យ។ តែ ពេលប្អូនៗ ចេញទៅតាមបណ្តាអង្គភាព ប្អូនៗ នឹងត្រូវរស់នៅ មិនមែន(តាមរបៀបដែល)មានការត្រួតពិនិត្យ ២៤ម៉ោងទេ តែនឹងត្រូវបានប្រគល់ភារកិច្ច ប្រគល់សិទ្ធិ ប្រគល់ការទទួលខុសត្រូវនិងភាពជាអ្នកដឹកនាំខ្លួនឯងប្រចាំថ្ងៃរយៈពេល ២១ខែបន្ថែមទៀត។ នេះហៅថាការបណ្តុះបណ្តាលកងទ័ព។ មិនមែនបណ្តុះបណ្តាលកាយសម្បទា ឬហាត់ទ័ពនោះទេ។ គឺបង្វឹកទ័ព បង្វឹកទាំងកាយសម្បទា រួមទាំងយុទ្ធវិធី។
សំខាន់គឺបង្វឹកវិន័យ អត្តចរិត និងការទទួលខុសត្រូវ របៀបរស់នៅ ដែលយើងធ្វើជាប្រចាំនៅតាមបណ្តាអង្គភាពទ័ព ជាពិសេស ការចេញប្រតិបត្តិការ ការទទួលខុសត្រូវ ការធ្វើឱ្យមានតុល្យភាពរវាងការងារនិងជីវភាពរស់នៅ របៀបរបបយ៉ាងម៉េច។ នេះហើយ(ជាអ្វីដែលប្អូនៗ ត្រូវជួបក្នុងពេល) ២៤ខែនោះ។ បងប្អូនខ្លះយល់ថា ម៉េចក៏មិន(ហ្វឹកហ្វឺន)តែ ៣ខែ? … (មិនមែនជាការ)បើកវគ្គកាយសម្បទាខ្លីៗ ទេ។ (យោធិនកាតព្វកិច្ចត្រូវ)ហាត់និងបំពេញកាតព្វកិច្ចជួរទ័ព ដើម្បីឱ្យយោធិនម្នាក់ៗ ដែលចប់កាតព្វកិច្ច (ក្លាយជា)យុវជនម្នាក់ៗ ក្រោយពីចេញទៅស្គាល់ជីវិតពិតរបស់ទ័ព មិនត្រឹមតែក្នុងការហ្វឹកហ្វឺន ៣ខែដំបូងនោះទេ។
យើងនឹងមានការហ្វឹកហ្វឺនបណ្តុះបណ្តាលបន្ថែមទៀត តែជាទូទៅគឺជីវិតកងទ័ព ការរស់នៅក្នុងកងកម្លាំងប្រដាប់អាវុធ ការបំពេញភារកិច្ច មិនថានៅក្នុងអង្គភាព មិនថានៅក្នុងបេសកកម្មផ្សេងៗ គឺមានការទទួលខុសត្រូវដាច់ដោយឡែកបន្ថែមទៀត។ នេះការលត់ដំរយៈពេល ២៤ខែដើម្បីត្រៀមលក្ខណៈឱ្យ។ ពេលចប់ ២៤ខែ (យោធិនកាតព្វកិច្ចនឹង)ចេញទៅធ្វើការងារស៊ីវិល។ អ្នកខ្លះបន្តជាយោធិនអាជីព ដោយសុំដាក់ពាក្យ(និងទទួលការ)វាយតម្លៃតាមហ្នឹង។
ពេលត្រឡប់ទៅជីវភាពស៊ីវិល ប្អូនៗ(នឹងនាំទៅជាមួយនូវ)ទម្លាប់នៃការដេក ដើរ ឈរ អង្គុយ រយៈពេល ២៤ខែហ្នឹង គឺប្រកបដោយវិន័យ។ ទោះបីជាសេរីភាពមកវិញក៏ដោយ ក៏នៅតែប្រកាន់ខ្ជាប់ក្នុងខួរក្បាលរបស់យើង។ នៅមានការទទួលខុសត្រូវ ធ្លាប់លត់ដំខ្លួន ធ្លាប់លំបាកខ្លួនឯង ធ្លាប់ងើបម៉ោង២ ម៉ោង៣ ធ្លាប់គេអត់ឱ្យដេក ធ្លាប់ដេកយប់គ្រូរំខាន ធ្លាប់ចេញប្រតិបត្តិការ ហាលខ្យល់ហាលភ្លៀង ធ្លាប់(ទទួលភារកិច្ច)ពេលបុណ្យទាន … កាលមុនបុណ្យទានទៅរាំពេញវត្ត។ ឥឡូវបុណ្យទានត្រូវឈរការពារសន្តិសុខឱ្យក្មេងៗ រាំ។
ដើម្បីចូលរួមនៅក្នុងការការពារសណ្តាប់ធ្នាប់កងយោធពលខេមរភូមិន្ទ មានភារកិច្ចស្នូលចូលរួមហ្វឹកហ្វឺន ត្រៀមប្រតិបត្តិការតាមបទបញ្ជាការពារទឹកដី។ ប៉ុន្តែក៏ចូលរួមក្នុងប្រតិបត្តិការគាំទ្រដល់ការរក្សាសន្តិសុខ គាំទ្រដល់អាវុធហត្ថ គាំទ្រដល់កងនគរបាលជាតិ នៅក្នុងការអនុវត្តការងារសន្តិសុខមួយចំនួន។ យើងនឹងទទួលខុសត្រូវ និងប្រកបការងារ។ នេះហើយគឺជាជីវិតដែលប្អូនត្រូវប្រឈម ២៤ខែ។
សួរថាតើក្នុង ២៤ខែនេះ ត្រូវតស៊ូយ៉ាងម៉េច? ចូល ៣-៤ ថ្ងៃដំបូង ដូចចង់ខុសយ៉ាងម៉េចទេ។ ធ្លាប់តែម៉ោង ១០មិនទាន់ងើប។ ម៉ោង២មេដេញឱ្យងើប។ បងក៏ធ្លាប់មានអារម្មណ៍ដូចគ្នាដែរ។ នៅសាលា ៤ឆ្នាំ ១០០០ថ្ងៃនោះ។ ចូលថ្ងៃដំបូងចាប់ផ្តើមរាប់ថ្ងៃថយក្រោយ។ ប៉ុន្តែបើយើងគិតបែបនេះ។ ចង់ឱ្យជោគជ័យ ២៤ខែ (ត្រូវធ្វើអោយមាន)ជោគជ័យពីមួយថ្ងៃៗទៅបានហើយ។ កុំលំបាកពេក។ ធ្វើម៉េចឱ្យតែមួយថ្ងៃហ្នឹងបំពេញភារកិច្ចបាន ហើយត្រៀមសម្រាប់ស្អែក ឱ្យជាប់ទៅ។ បូកចូលគ្នា ធ្មេចបើកៗ ៧០០ ថ្ងៃហើយ។
ឥឡូវ មាននរណារាប់ថ្ងៃថយក្រោយហើយឬនៅ? មិនទាន់មានទេអ្ហេះ? ចង់ជោគជ័យ ២៤ខែ ផ្ដោតលើជោគជ័យមួយថ្ងៃៗ ចង់ជោគជ័យមួយថ្ងៃៗ ធ្វើម៉េចឱ្យតាំងពីងើបពេលព្រឹក រហូតដល់ដេកទៅវិញ បំពេញភារកិច្ចដោយម៉ត់ចត់ រៀនឱ្យបាន ហ្វឹកហ្វឺនឱ្យបាន អនុវត្តវិន័យឱ្យបានល្អ។ ហ្នឹងហើយជោគជ័យ។ បើដាក់មក គ្រាន់តែប្រឈមលំបាកបន្តិច ឯងរត់មិនរួចទេ ៧០០ថ្ងៃទៀត ដាច់ខ្យល់បាត់ហើយ។ យើងធ្វើបានទាំងអស់។ គន្លឹះគឺអញ្ចឹង។ ជោគជ័យពីមួយថ្ងៃទៅមួយថ្ងៃ ជោគជ័យពីការងារមួយដែលមេដាក់ឱ្យទៅការងារមួយ ជោគជ័យលើឧបសគ្គមួយទៅឧបសគ្គមួយ។ ហ្នឹងហើយ យើងនឹងជោគជ័យ ២៤ខែ។
សូមថាទោះប្រឈមយ៉ាងណាដាច់ខាតកុំបោះបង់។ បងនឹងនិយាយថាម៉េចបានមិនឱ្យបោះបង់? យើងចូលកាតព្វកិច្ច។ តែបោះបង់ច្បាប់ទៅចាប់មកវិញហើយ។ កុំឱ្យគេទៅចាប់មកវិញ … ស្ម័គ្រចិត្តកាតព្វកិច្ច ឬកាតព្វកិច្ចដែលចាប់ឈ្មោះគឺកាតព្វកិច្ចក្រោមច្បាប់កាតព្វកិច្ច។ កុំខ្លាច។ យើងសម្រេចចិត្តប៉ុណ្ណេះហើយ។ សំខាន់បំផុត កុំគិតថាយើងចាយជីវិត២ឆ្នាំ។ យើងគិតថាវិនិយោគជីវិតយើង ២ឆ្នាំ។ ចាយនិងវិនិយោគ ខុសគ្នា។ ចាយបានន័យថាយើងចាយអស់ អត់បានមកវិញទេ។ តែវិនិយោគ យើងដាក់ទុន វាបានផលមកវិញ។ យើងដាក់ទុនអី? យើងដាក់ទុនពេលវេលា។ យើងដាក់ទុនឆន្ទៈ។ យើងដាក់ទុនការខិតខំប្រឹងប្រែង ក្នុងរយៈពេល ២ឆ្នាំ។ យើងមិនចាយអត់ប្រយោជន៍ទេ។ តើបានផលអីពីការវិនិយោគទុនមកវិញ?
គ្រួសារក៏ដូចគ្នា។ ឪពុកម្តាយក៏ដូចគ្នា។ កូនៗ កំពុងតែវិនិយោគ ២ឆ្នាំ។ ទី១ សំខាន់បំផុត គាត់បានឱកាសបម្រើជាតិមាតុភូមិ។ នេះគឺជាឱកាសធំបំផុតសំរាប់អ្នកចូលកងទ័ព។ ចូលកងកម្លាំងប្រដាប់អាវុធគឺបានឱកាសបម្រើជាតិមាតុភូមិ។ នេះគឺជាកិច្ចការវិនិយោគដែលប្អូនបានទទួលក្នុងជួរកងទ័ព។ (ក្នុងនោះ)ទី២ យើងបានឱកាសទទួលការហ្វឹកហ្វឺន និងបំពេញសមត្ថភាពជំនាញ ទាំងកងទ័ពទាំងបច្ចេកទេសជំនាញផ្សេងៗ ដែលផ្នែកកងទ័ពតាមជំនាញអាចផ្តល់ឱ្យ។
កងទ័ពមិនមែនមានតែជំនាញកាន់កាំភ្លើងបាញ់មួយទេ។ មានជំនាញច្រើន។ ជំនាញប្រយុទ្ធ(Combat Arms) មានថ្មើរជើង មានរថក្រោះ មានកាំភ្លើងធំ មានផ្នែកពារអាកាស។ សុទ្ធតែជំនាញដែលរៀនបន្ថែម។ សូម្បីតែថ្មើរជើង ឥឡូវត្រូវបង្ហាត់ពីដ្រូន (Drone) បង្ហាត់ពីស្អីៗ ផ្សេងៗ ទៀត។ ថ្មើរជើងបង្ហាត់ពីបច្ចេកទេសអាវុធ បង្ហាត់ពីអីទៀតដែលស៊ីវិលមិនអាចរៀនបានទេ។ ទាំងអស់នេះ សុទ្ធតែមានផលប្រយោជន៍នៅក្នុងស៊ីវិល។ ជំនាញគាំទ្រប្រយុទ្ធ មានវិស្វកម្ម។ ការបណ្តុះបណ្តាលវិស្វកម្មក្នុងកងទ័ព។
កន្លែងខ្លះខ្ពស់ជាងវិស្វកម្មនៅខាងក្រៅ។ កងវិស្វកម្មនៅខាងក្រៅ ភាគច្រើននិយាយតែរឿងសំណង់ដូចជា ស្ពាន ថ្នល់ អាគារ។ វិស្វកម្មកងទ័ព ក៏ធ្វើផ្នែកទាំងហ្នឹងដែរ ប៉ុន្តែយើងធ្វើទាំងវិស្វកម្មប្រយុទ្ធ លេណដ្ឋាន ឧបសគ្គវត្ថុរារាំងដែលស៊ីវិលអត់អាចរៀនបានទេ។ ជំនាញគីមីសាស្ត្រ ចារកិច្ច ជំនាញផ្គត់ផ្គង់សេវាកម្ម ភស្តុភារ ហិរញ្ញវត្ថុ សុខាភិបាល បច្ចេកទេស។ នេះគឺជាឱកាសក្នុងកងទ័ព។ ខ្ញុំលើកមកនេះ មិនទាន់អស់ទេ។ ពាក្យថាក្នុងកងទ័ព មិនមែនហ្វឹកហ្វឺនតែ ៣ខែ ចេះបាញ់កាំភ្លើង យុទ្ធវិធីថ្នាក់ពួក ថ្នាក់ក្រុម ថ្នាក់បុគ្គល ថ្នាក់កងអនុសេនាតូច អីបន្តិចបន្តួចហ្នឹងទេ តែចេះច្រើនជាងនេះ។ ដូចជាវិទ្យុទាក់ទង ចេះគ្រឿងអេឡិចត្រូនិក កុំព្យូទ័រ ដែលយើងអាចធ្វើបាន។ អញ្ចឹងវិនិយោគ ២ឆ្នាំនេះឬ ២៤ខែនេះ ប្អូនៗនឹងអាចទទួលបានការបណ្តុះបណ្តាល ទៅតាមជំនាញខុសៗ គ្នា។ អ្នកខ្លះជំនាញថ្មើរជើង។ វគ្គនេះច្រើនថ្មើរជើងទេ។ ថ្ងៃក្រោយមានវគ្គចូលទៅបំពេញឱ្យខាងជំនាញកាំភ្លើងធំ ជំនាញអីផ្សេងៗទៀត ដែលរៀនគណិតវិទ្យា អ្នកខ្លះចប់បាក់ឌុប្លិ៍ទៅរៀនបន្ថែមភាសា កុំព្យូទ័រដែលអាចធ្វើទៅបាន។ នេះហើយគឺជាអ្វីដែលប្អូនទទួលបាន។
ទី២គឺឱកាសអភិវឌ្ឍខ្លួន។ ក្រៅពីជំនាញផ្នែករឹងគឺជំនាញទន់ វិន័យ សណ្ដាប់ធ្នាប់ ការទទួលខុសត្រូវ និងភាពជាអ្នកដឹកនាំ។ សាលាឯកជនអត់មានបង្រៀនទេ។ មានតែក្នុងកងកម្លាំងប្រដាប់អាវុធទេ។ គឺបង្រៀនតាំងពីថាខ្លួនជាបុគ្គល ជាយុទ្ធជនម្នាក់ ត្រូវទទួលខុសត្រូវខ្លួនឯង។ ធ្វើមេគេ ទាល់តែចេះទទួលខុសត្រូវខ្លួនឯងមុនគេ។ បន្ទាប់មក មេពួក ៣នាក់ មេក្រុមមេអី។ វិន័យ រស់ ដេក ដើរ ឈរ អង្គុយ តាមវិន័យ ម៉ោងពេលវេលា។ ការទទួលខុសត្រូវ និងភាពជាអ្នកដឹកនាំជាកិច្ចការសំខាន់។ នៅក្នុងសាលា គ្រូសង្កត់ គ្រូអង្គុយមើល យាម មិនយាម តែដល់ពេលចេញបេសកកម្ម ធ្វើការងារខ្លួនឯងនៅក្រៅអង្គភាព។ ដល់ម៉ោងយាមត្រូវតែយាមដោយម៉ត់ចត់។ នេះគឺការទទួលខុសត្រូវ។ មិនបាច់ចាំមេដើរត្រួតពិនិត្យដាក់កាមេរ៉ាមើល។ នេះគឺជាភាពដឹកនាំ ការទទួលខុសត្រូវ ដែលប្អូនៗ នឹងត្រូវបណ្ដុះបណ្ដាល។ រយៈពេល ២៤ខែនេះគឺធ្វើឱ្យយើងទៅផ្ស៊ាំ … ប្រហែល ៣ខែអាចប្រាប់អត់ធ្លាប់ទេ។ ដល់នៅរហូតដល់ ២១ខែធ្លាប់ហើយ។ លំនាំហ្នឹងហើយដែលប្អូនយកទៅស៊ីវិលវិញ។
ទី៣ បើនិយាយ ហោចណាស់គឺស្ថិរភាពការងារ។ ប្អូនៗ មានការងារ ២៤ខែ ធានា ២៤ខែ។ ក្រសួងការពារជាតិជាអង្គភាពរបស់ប្អូនៗ។ អញ្ចឹង អត់ព្រួយបារម្ភទេ។ ធ្វើការស៊ីវិលគឺរត់តាមសេដ្ឋកិច្ចចុះឬឡើង។ ចូលកងទ័ព មានកាតព្វកិច្ចគឺ ២៤ខែ។ ដល់ខែប្រាក់ឧបត្ថម្ភចូលក្នុងកុង។ អត់លំបាកក្នុងការប្រែប្រួល។ អញ្ចឹង(យើងមាន)លំនឹងការងារ ២៤ខែ។ ខ្ញុំមិនចង់ទៅដល់អារឿងអត្ថប្រយោជន៍មានអីខ្លះទេ ត្បិតបានបកស្រាយហើយ។ តែលំនឹងការងារជាជាគោល។
ទី៤ ពេលបញ្ចប់(កាតព្វកិច្ច)២៤ខែ … ឈ្មោះប្អូនៗនឹងបានផ្ទេរចូលទៅអង្គភាពបម្រុង ជាយោធិនបម្រុងរហូតដល់អាយុ ៤៥ឆ្នាំ។ បានន័យថា ប្អូនៗ ចេញទៅធ្វើការអីធ្វើចុះ។ អ្នកដែលចប់កាតព្វកិច្ច មានជម្រើស ២។ ជម្រើសទី១ បើស្រឡាញ់កងទ័ព ដាក់ពាក្យចូលស្នើសុំជាយោធិនអាជីព។ ពេលហ្នឹងអង្គភាពវាយតម្លៃថាតើប្អូនៗ អាចបន្តបានទេ ស្របតាមតម្រូវការរបស់អង្គភាពឬទេ។ យើងគិតថាទៅថ្ងៃក្រោយ មួយភាគធំនៃយោធិនដែលរើសថ្មីគឺត្រូវចេញពីយោធិនកាតព្វកិច្ចតែម្ដង។ លើកលែងតែជំនាញពិសេសមួយចំនួន។
ដោយហេតុនេះ ត្រូវតែលុតដំឱ្យអាទិភាពមុនគេទៅយោធិនកាតព្វកិច្ច ហើយបានរើសចូលទៅជាយោធិនអាជីព។ នេះគឺទិសដៅទៅថ្ងៃក្រោយ។ អាទិភាពភាគច្រើនតែម្ដង។ អញ្ចឹង គាត់បានបន្សាំ ២ឆ្នាំរួចហើយ ក្នុងជីវិត(ជាកងទ័ព)។ គាត់បានសម្រេចចិត្តរួចហើយថាតើជីវិតកងទ័ពជាជីវិតរបស់គាត់ឬទេ។ សម្រាប់អង្គភាពទ័ព ក៏ដូចគ្នា។ ក្រោយចប់កាតព្វកិច្ច ២ឆ្នាំ ពេលដែលមានយោធិនដាក់ពាក្យ បានន័យថាមិនសូវលំបាកដែរ ព្រោះ ២ឆ្នាំហ្នឹងល្មមជាទាហានឆ្អិន។ យកបន្ថែមបាន … យ៉ាងហោចណាស់ គាត់ស្គាល់និងសម្រេចចិត្តហើយថាព្រមរស់នៅក្នុងអាជីពកងទ័ព …។
ប៉ុន្តែ បើប្អូនមិនចូលទេ។ ប្អូនចេញទៅអង្គភាព ចេញទៅធ្វើការស៊ីវិល ទៅរៀនបន្ត ឬទៅ(ប្រកបរបរ)អីមួយ តែឈ្មោះប្អូនគេបានកត់ត្រាទុកថាជាយោធិនបម្រុង។ យើងនឹងគិតគូរទៅថ្ងៃមុខថារៀបចំអង្គភាពបម្រុងយ៉ាងណា ហើយជាឧទាហរណ៍ មួយឆ្នាំហៅមកហ្វឹកហ្វឺន/រំលឹកមួយអាទិត្យ ឬពីរអាទិត្យ ឬយ៉ាងណា។ តែប៉ុណ្ណឹងទេ។ ក្រៅពីហ្នឹង ត្រឡប់ទៅធ្វើការទៅអីវិញចុះ។ យើងកំពុងតែគិតគូរ និងផ្សព្វផ្សាយគោលការណ៍ទៅថ្ងៃក្រោយ។
ការគិតគូរបែបនេះគឺដើម្បីធ្វើយ៉ាងណា ទៅថ្ងៃក្រោយ យោធិនរបស់យើង ជាយោធិនបម្រុង យោធិនសកម្ម យោធិនអាជីព យោធិនកាតព្វកិច្ច បូកបញ្ចូលគ្នា មានចំនួនច្រើន។ សំខាន់បំផុត ការបណ្ដុះបណ្ដាល ២៤ខែនៅទីនេះ ដែលបងនិយាយថា មិនត្រឹមតែចេះរឿងសព្វាវុធ និងជំនាញរបស់ខ្លួនទេ ប៉ុន្តែអ្វីដែលសំខាន់ លុតដំបំពាក់នូវផ្នត់គំនិត វិន័យ សណ្ដាប់ធ្នាប់ ក្លាយជាធនធានមនុស្សដ៏ល្អ ទៅថ្ងៃក្រោយ(ទោះទៅ)ខាងឯកជន ឬប្រឡងចូលក្របខ័ណ្ឌរដ្ឋអីផ្សេងៗ ក៏បានមូលដ្ឋានដែលចេញពីកងទ័ពទៅដែរ។ ចេញពីកងទ័ព គឺមានមូលដ្ឋានគ្រឹះមួយចំនួន ជាពិសេសមូលដ្ឋានការអត់ធ្មត់ ការខិតខំប្រឹងប្រែង ការធ្វើការជាក្រុម។ នេះហើយដែលគ្រប់ស្ថាប័ន មិនថាស៊ីវិល ឬទាហានចង់បាន។
(អំពី)អត្ថប្រយោជន៍ផ្សេងៗទៀតសម្រាប់យោធិនបម្រុង យើងនឹងគិតក្រោយ។ ប៉ុន្តែអ្វីដែលខ្ញុំនិយាយនេះ គឺផ្ដោតទៅលើការវិនិយោគ។ សូមកុំគិតថាជាការចំណាយ ២ឆ្នាំ។ ត្រូវគិតថាជាការវិនិយោគ ២ឆ្នាំដើម្បីឱកាសបម្រើជាតិនិងពេលជាមួយគ្នាឱកាសរៀនសូត្រ ហ្វឹកហ្វឺនបន្ថែម យកចំណេះដើម្បីក្លាយជាធនធានមនុស្សរឹងមាំរបស់ជាតិ របស់គ្រួសារ និងដែលថ្ងៃក្រោយ ប្អូនៗ អាចមានជម្រើសច្រើន ដូចជាចង់ធ្វើទាហានក៏ធ្វើទាហាន ចប់ពីទាហានចេញទៅប្រឡងចូលប៉ូលីស ឬធ្វើប៉េអឹម មានមូលដ្ឋានស្រាប់។
ម្សិលមិញ នៅប៉ូឡូញ ប៉ូលីសម្នាក់ដែលបាញ់ភេរវករម្នាក់ដែលបាញ់គេក្នុងក្រុង ជាអតីតទាហានទ័ពឆ័ត្រយោង។ ចប់ពីទ័ពគាត់ទៅចូលធ្វើប៉ូលីស។ អញ្ចឹង វាអត់មានបិទឱកាសយើងទេ។ យើងចង់ទៅធ្វើស៊ីវិល ក៏ធ្វើការស៊ីវិល ធ្វើអីក៏បានដែរ។ ជាពិសេស (ធ្លាប់)ធ្វើការលំបាក ដូចជាចូលទៅព្រៃ យើងថាធ្លាប់ហើយ ២ឆ្នាំក្នុងកងទ័ព។ លែងខ្លាច លែងព្រួយបារម្ភ។ មេថា ត្រូវធ្វើការពេលបុណ្យពេលអីហ្នឹង … ថាខ្ញុំធ្លាប់ហើយ អត់អីទេ។ ខ្ញុំទទួលបាន។ ហ្នឹងគឺការបង្វឹកមនុស្ស ជម្រុញមនុស្ស ឱ្យឆ្លងកាត់នូវការលំបាក ចេញផុតពីភាពស្រណុកសុខស្រួលរបស់ខ្លួនទៅរកអ្វីដែលខ្លួនអាចធ្វើបាន។
ពេលដែលយើងធ្លាប់ទៅដល់(ការលំបាកអស់ទាំង)ហ្នឹងហើយ នៅក្នុងអារម្មណ៍របស់យើងមិនខ្លាចទៅដល់កន្លែងហ្នឹងទៀតទេ។ បានន័យថាធ្លាប់លោតរបង ២ម៉ែត្រ ដែលកាលមុនទាល់តែឆ្កែដេញបានលោតរួច ឥឡូវគ្រូឱ្យលោតៗ ២ម៉ែត្ររួច។ អញ្ចឹង ថ្ងៃក្រោយយើងមានឧបសគ្គអី ថាយើងធ្លាប់ធ្វើបាន យើងទុកចិត្តខ្លួនឯង … នេះគឺជាអ្វីដែលប្អូនត្រូវធ្វើ។
តើយោធិនកាតព្វកិច្ចដោយស្ម័គ្រចិត្តនិងយោធិនកាតព្វកិច្ចដោយចាប់ឆ្នោតខុសគ្នាយ៉ាងម៉េច? អ្វីដែលជាចំណុចខុសគ្នាគឺមួយស្ម័គ្រចិត្តចុះឈ្មោះ ដាក់ពាក្យរុញឈ្មោះមកឱ្យក្រសួងការពារជាតិ ឱ្យគណៈកម្មាធិការ ហើយក៏បានអាទិភាពមុនក្នុងការជ្រើសរើស។ អ្នកដែលចុចឈ្មោះកាតព្វកិច្ចគឺអ្នកដែលក្រសួងការពារជាតិ គណៈកម្មាធិការកាតព្វកិច្ចថា ឥឡូវយើងមានតម្រូវការទ័ព។ នេះជាបញ្ជីយុវជនជាប់ឈ្មោះត្រូវមកបំពេញកាតព្វកិច្ច។ ខុសគ្នាតែប៉ុណ្ណឹងទេ។ មួយដាក់ពាក្យមកដោយស្ម័គ្រចិត្ត មួយទៀតត្រូវស្ម័គ្រចិត្តតាមបទបញ្ជា ឬតាមបង្ខំ។
តែចូលមកគឺត្រូវគោរពនិងអនុវត្តតាមច្បាប់កាតព្វកិច្ចដូចគ្នា។ មិនមែនថា មួយស្ម័គ្រចិត្តចូលមក អញ្ចឹងគឺច្បាប់កាតព្វកិច្ចមិនអនុវត្តចំពោះខ្ញុំទេ។ ខ្ញុំអាចឈប់ពេលណាក៏បាន។ មិនអញ្ចឹងទេ។ ឥឡូវ មានប៉ុន្មាននាក់ចង់ឈប់ឬអត់ទេ? ប្រាកដជាអត់ហើយ។ បងដឹង។ សំណួរហ្នឹងប្រាកដជាគ្មានអ្នកលើកដៃទេ ព្រោះបើចង់ឈប់ប្រហែលជាមិនខ្ចីលើកដៃ យប់ហ្នឹងវេចបង្វេចទៅតែម្តង។ ការអនុវត្តកាតព្វកិច្ច ទោះវេចបង្វេចទៅ ក៏ត្រូវរកមកវិញដែរ។ កាតព្វកិច្ចខុសពីទាហានស្ម័គ្រចិត្តមិនកាតព្វកិច្ចដែលចូលអាជីពលើកមុន។ នេះជាការអនុវត្តកាតព្វកិច្ច។
ចាត់ទុក ២ឆ្នាំជាការវិនិយោគដើម្បីបានផលបន្ថែម ធំបំផុតឱកាសបម្រើជាតិមាតុភូមិ។ ខ្ញុំឃើញសួរសំណួរថា ម៉េចបានជាចូល(បំរើកងទ័ព)? ថាស្ម័គ្រចិត្តចូល។ ចង់បម្រើជាតិ។ ឥឡូវ ជាតិបានផ្តល់ឱកាសឱ្យហើយ។ កុំបោះបង់ តស៊ូ។ ប្អូនចូលមកបម្រើជាតិ ២ឆ្នាំ (ពេល)ចេញទៅវិញ (នាំយក)ជំនាញ(ផ្សេងៗ)ទៅបម្រើជាតិក្នុងវិស័យស៊ីវិលទៀត។ គឺជាការបម្រើជាតិពេញមួយជីវិត។ នេះហើយជាឱកាស ដែលចាប់ផ្ដើមពីថ្ងៃទី១ នៃកាតព្វកិច្ចយោធានៅទីនេះ។
តើយោធិនកាតព្វកិច្ចនិងយោធិនអាជីពខុសគ្នាយ៉ាងម៉េច? … ទី១ រយៈពេលបំពេញការងារ យោធិនកាតព្វកិច្ចធ្វើតែ ២៤ខែទេ។ យោធិនអាជីពមានច្បាប់ មានលក្ខន្តិកៈកងយោធពលខេមរភូមិន្ទ។ ដល់ស័ក្ដិប៉ុន្មាន អាយុប៉ុន្មានត្រូវចេញ។ ទី២ ឋានន្តរស័ក្ដិ។ សម្រាប់កាតព្វកិច្ច យើងអត់មានរៀបចំឋានន្តរស័ក្ដិទេ។ ទាល់តែយោធិនអាជីព បានមានពលទោ ព្រិន្ទបាល អនុសេនីយ៍អីទៅ។ ពេលដែលប្អូនចប់កាតព្វកិច្ច បើចង់តទៅទៀតដាក់ពាក្យចូលយោធិនអាជីពទៅ។ តែអតីតភាពការងារនៃកាតព្វកិច្ចនេះក៏វាបូកចូលនៅក្នុងការងារ។ ក្រសួងការងារត្រូវរាប់ជាពេលវេលានៃការងារដែរ។ ថ្ងៃក្រោយទៅធ្វើស៊ីវិល ចូលនិវត្តន៍ទៅក៏រាប់ថ្ងៃបូកទាំង ២ឆ្នាំកាតព្វកិច្ច។ ត្រូវអញ្ចឹង។ អត់អាចឱ្យគាត់ខាតទេ។ អញ្ចឹង គាត់ធ្វើ(កាតព្វកិច្ច)នេះ ២ឆ្នាំ រួចចេញទៅស៊ីវិល។ ត្រូវបូកទាំងឆ្នាំហ្នឹងរហូតដល់អតីតភាព(កាតព្វកិច្ច)។ បើគាត់ចូលទ័ពវិញ គាត់ទៅធ្វើអីផ្សេងទៀត ត្រូវតែបូកបញ្ចូលគិតជាឆ្នាំការងារសម្រាប់បូកទៅថ្ងៃក្រោយ សម្រាប់អត្ថប្រយោជន៍ផ្សេងៗ សម្រាប់និវត្តន៍។
យោធិនកាតព្វកិច្ច អាចស្នើសុំចូលជាយោធិនអាជីពពេលចប់(កាតព្វកិច្ច)តាមការវាយតម្លៃ។ អ្វីដែលដូចគ្នា រវាងយោធិនកាតព្វកិច្ច និងយោធិនអាជីព គឺភារកិច្ចនិងការទទួលខុសត្រូវ ជាយោធិននៃកងយោធពលខេមរភូមិន្ទដូចគ្នាអត់មានរើសអើង រឿងកាតព្វកិច្ច ឬមិនកាតព្វកិច្ចទេ ចេញទៅបំពេញភារកិច្ច ត្រូវគិតដូចគ្នាទាំងអស់។ (មិនមែនថា)ការងារនេះសម្រាប់កាតព្វកិច្ចទេ។ គិតគាត់ដូចជាពលទោមួយអញ្ចឹង។ គិតពលទាហានមួយអញ្ចឹង។ ត្រូវប្រគល់ភារកិច្ចអីដូចគ្នា។ អត់មានបែងចែកថាមួយកងអនុសេនាធំ មួយកងអនុសេនាធំ មានពីរកងអនុសេនាតូចអាជីព និងមួយកងអនុសេនាតូចទេ។ គឺគិតដូចគ្នាទាំងអស់។ អត់មានការរើសអើងទេ។ ខុសរឿងប្រាក់ឧបត្ថម្ភអីបន្តិចបន្តួច។ ក្រៅពីហ្នឹងអត្ថប្រយោជន៍ដូចគ្នាទាំងអស់។ តែយើងកុំគិតរឿងអត្ថប្រយោជន៍ក្នុងន័យហ្នឹង យើងគិតពីអត្ថប្រយោជន៍នៃការហ្វឹកហ្វឺន ការទទួលការចាត់តាំង ការប្រគល់ភារកិច្ច គឺត្រូវដូចគ្នាទាំងអស់ មិនថាអាជីព មិនថាកាតព្វកិច្ចនោះទេ ត្រូវតែមួយ …។
ដំបូងឡើយ យើងគិតគូរថា ក្រុមការងារកាតព្វកិច្ច បានពិភាក្សាគ្នាអំពីការរៀបចំនិមិត្តសញ្ញា ឬក៏សញ្ញាស័ក្ដិរបស់(យោធិន)កាតព្វកិច្ច។ បានជជែកគ្នាទៅក៏ថាមិនធ្វើទេ។ បើតែធ្វើគឺ(ញែល)ដាច់(ពីគ្នា)ហើយ បានន័យថាញែកជាពីរតែម្ដង។ ពលទាហាន ពលទោ យោធិនកាតព្វកិច្ចគឺពលទាហានដូចគ្នា អញ្ចឹងអត្តសញ្ញាណ និមិត្តសញ្ញាស័ក្ដិអី គឺយើងមិនឱ្យមានការបែកគ្នា។
ខ្ញុំសូមឱ្យបណ្ដាកងឯកភាពដែលមានយោធិនកាតព្វកិច្ចត្រូវទៅ(ហ្វឹកហ្វឺន/ផ្សាំ) គ្រប់មេបញ្ជាការទាំងអស់ ត្រូវអនុវត្តគោលការណ៍បែបនេះ។ គ្មានការរើសអើងដាច់ខាត។ យោធិននៃកងយោធពលខេមរភូមិន្ទតែមួយទេ។ សូមប្រកាសឱ្យច្បាស់។ ដូចជាយើងគិតអំពីនាយទាហានអញ្ចឹង។ នាយទាហានខ្លះចេញពីសាលា នាយទាហានខ្លះ មិនចេញពីសាលា តែឡើងស័ក្ដិ គិតដូចគ្នាតែមួយ។ អត់មានរើសអើងទេ។
យោធិនកាតព្វកិច្ច យោធិនអាជីព ដែលចូលធ្វើការត្រូវទទួលការគ្រប់គ្រង ការផ្តល់ឱកាស និងការទទួលខុសត្រូវដូចគេដូចឯងទាំងអស់។ នេះគឺជាការធានា។ យើងមិនរៀបចំដើម្បីបំបែកការសាមគ្គីភាព ឯកភាពផ្ទៃក្នុងទេ។ ផ្ទុយទៅវិញបង្កើនកម្លាំង បង្កើនសាមគ្គីភាព ហើយបង្កើតនូវសហថាមពលនៃកងយោធពលខេមរភូមិន្ទ តាមរយៈការបង្កើនយោធិនកាតព្វកិច្ច ផ្តល់ឱកាសឱ្យយោធិន មានឱកាសបម្រើកងទ័ព បម្រើជាតិក្នុងរយៈពេលខ្លី ហ្វឹកហ្វឺន បណ្តុះបណ្តាល ដែលនៅក្នុងន័យនេះជាអ្វីដែលយើងធ្វើ។
តាមរូបមន្តនេះ បើយើងរើសកងទ័ពអាជីព ១០០០នាក់ ក្នុង ១០ឆ្នាំ យើងមានតែ ១០០០នាក់នេះទេ។ តែបើយើងរើស ១០០០នាក់ក្នុង ១ឆ្នាំ ១០ឆ្នាំ យើងនឹងមាន ៥០០០នាក់ ព្រោះ ២ឆ្នាំចេញម្តង ដែលជាធនធានបានបណ្តុះបណ្តាល ហើយនឹងចេញទៅនៅទូទាំងប្រទេស ដោយរដ្ឋមិនចាំបាច់បង្កើនអង្គភាព បង្កើនបន្ទុកច្រើន ត្បិតអ្នកដែលហាត់ជំនាញហ្នឹងហើយបានទៅនៅជុំវិញប្រទេស … ជាធនធានហើយ។
ថ្ងៃក្រោយមានការ ហៅគាត់មកវិញ។ មួយឆ្នាំ ហៅតែ ២សប្តាហ៍ មកបណ្តុះបណ្តាល។ មិនអាចទុកអោយដូចដំឡូងមូល(បានទេ)។ បានន័យថា គាត់មានជំនាញ មានមូលដ្ឋាន សំខាន់មានផ្នត់គំនិតជាយោធារួចទៅហើយ។ នេះជាចំណុចសំខាន់។ មិនមែនរឿងកាយសម្បទាខ្លាំង មិនមែនរឿងចេះបាញ់ត្រង់នោះទេ។ ស៊ីវិលក៏អាចមានកាយសម្បទាខ្លាំង ក៏អាចបាញ់កាំភ្លើងត្រង់ដែរ។ ប៉ុន្តែអ្វីដែលខុសគឺការលត់ដំ ២ឆ្នាំ ការរស់នៅ ដេក ដើរ ឈរ អង្គុយ ក្នុងលក្ខណៈជាកងទ័ពដែលមិនអាចនរណាៗ ក៏ធ្វើបាន។
បើចង់ទៅហាត់កីឡា ចង់ទៅបាញ់កាំភ្លើងត្រង់មិនត្រង់ ជាស៊ីវិលទៅកន្លែងគេបាញ់កាំភ្លើង។ បង់លុយបាញ់បានតើ។ ប៉ុន្តែមិនឱ្យអ្នកឯងក្លាយជាទាហានទេ។ អាចរកគេឱ្យបង្ហាត់យុទ្ធវិធីអី ២-៣ខែ តែមិនមែនឱ្យអ្នកក្លាយជាទាហានទេ។ ទាហានគឺ ២៤ខែ យ៉ាងតិចបំផុត ដើម្បីឱ្យចេះដឹងពីបៀបដេក ដើ រឈរ អង្គុយ ជាកងទ័ព ផ្នត់គំនិត អត្តចរិត របៀបគិតជាយោធា។ នេះហើយការបណ្តុះបណ្តាលយោធា។ អញ្ចឹង សូមបងប្អូនដែលសួរថា ហេតុអ្វីក៏មិនហាត់តែ ៣ខែ ឱ្យក្លាយជាយោធា ឬហេតុអ្វីក៏មិនហាត់ត្រឹម ៦ខែ (បានយល់)។
តាមការពិភាក្សា វគ្គមួយនេះ ភាគច្រើនគឺយើងរុញទៅតំបន់ប្រតិបត្តិការសឹកសិន។ យោធាខេត្តមានការកែទម្រង់វគ្គមួយនេះ ហើយអាចកងពលមួយចំនួន(ផងដែរ)។ ក្រៅពីហ្នឹងទៅតំបន់ប្រតិបត្តិការសឹកដើម្បីផ្សាំសិនឱ្យយល់ ហើយចំតំបន់ប្រតិបត្តិការសឹកត្រូវកែសម្រួល។ តំបន់ប្រតិបត្តិការសឹករង ក្រោយពីសង្គ្រាម បានរៀបចំជាទ្រង់ទ្រាយចូលរួមបម្រុងសម្រាប់ការងារសន្តិសុខ ការងារសុវត្ថិភាព ឬមួយក្នុងករណីចាំបាច់បង្កើនទៅជួយអាវុធហត្ថស្រុក នគរបាលស្រុក ក្រោមគណៈបញ្ជាការឯកភាព។ មួយផ្នែកសឹករងយើងមាន ១៦នាក់ ដែលសុទ្ធតែជាជំនាញ។ មានការយើងបង្កើនបន្ថែម ឬមួយក៏ឱ្យអនុវត្តកិច្ចការអីផ្សេង។
ក្នុងការកែទម្រង់កងទ័ព ក្រសួងការពារជាតិនិងអគ្គបញ្ជាការបានឯកភាពកែទម្រង់យោធាខេត្តនីមួយៗ ដោយទី១ លុបយោធាស្រុក។ យើងលែងមានបែងចែកទៅជាយោធាស្រុក ១៦នាក់ទៀតហើយ។ កាលមុន ១៦នាក់ យើងបំបែកតូចៗ ពេក។ ធ្វើការងារអត់កើតទេ។ យើងផ្តោតទៅលើភារកិច្ច។ ឥឡូវ កងទ័ព ត្រូវសម្រួចភារកិច្ចស្នូលហ្វឹកហ្វឺន ត្រៀមប្រតិបត្តិការការពារជាតិឡើងវិញ និងទី២ គាំទ្រដល់កម្លាំងសមត្ថកិច្ចផ្សេងៗ ក្នុងកិច្ចការសន្តិសុខ បើមានការចាំបាច់។ កិច្ចការសន្តិសុខត្រូវផ្ទេរទៅឱ្យមន្ត្រីអនុវត្តច្បាប់មានអាវុធហត្ថ និងកងនគរបាលជាតិ ហើយអាចបន្ថែមប្រជាការពារចូលរួម …។
ក្នុងករណីដែលមានតម្រូវការខ្លាំង ទើបកងទ័ពចូលជួយ ដូចទឹកជំនន់ ឬមួយសន្តិសុខដែលខ្លាំង … ក្រៅពីហ្នឹងអត់ធ្វើអីទាំងអស់។ ក្រៅពីសម្រួចការហ្វឹកហ្វឺន និងត្រៀមប្រតិបត្តិការឡើងវិញ យោធាខេត្តទាំងអស់ត្រូវធ្វើការកែសម្រួលបែបនេះ។ យើងបានកែសម្រួលយោធា តំបន់ប្រតិបត្តិការសឹករងខេត្តចេញពីគណៈបញ្ជាការឯកភាព។ អញ្ចឹង រាល់ការគ្រប់គ្រង គណៈបញ្ជាការឯកភាព គឺមានកងរាជអាវុធហត្ថ ប្រជាការពារ មាននគរបាលជាតិ ដែលធ្វើការងារសន្តិសុខ។ កងទ័ពមិនធ្វើការងារសន្តិសុខជាស្នូលទេ។
ចំពោះការងារអនុវត្តច្បាប់ មានតែនគរបាល មានតែអាវុធហត្ថទេ។ កងទ័ពត្រៀមបម្រុងហ្វឹកហ្វឺនជាប្រចាំ។ អញ្ចឹងជាជាងនៅដាច់ដោយដុំ យើងប្រមូលគ្នារៀបចំជាវរសេនាតូចចំណុះ។ រីឯវរសេនាតូចរបស់កងតំបន់ប្រតិបត្តិការសឹករងក៏យើងកែ។ កាលមុនយើងមានតែមួយវរៈ ២៥០នាក់ទេ។ ឥឡូវយើងកែមកបីប្រភេទ ប្រភេទទីមួយ មួយវរៈឡើង ៦០០(នាក់)ជាង ប្រភេទទីពីរ មួយវរៈឡើង ៥០០(នាក់)ជាង និងប្រភេទទីបី មួយវរៈឡើង ៣០០(នាក់)ជាង។ ការបំពាក់ ការហ្វឹកហ្វឺនក៏ផ្លាស់ប្តូរទៅតាមបេសកកម្ម។ អញ្ចឹង មេវរៈនីមួយៗ បន្តិចទៀតចេញឈ្មោះទៅ … មេកងតំបន់ប្រតិបត្តិការសឹកនីមួយៗ ត្រៀមកន្លែងយកទ័ពបន្ថែម រៀបចំ ប្រមូលផ្តុំ រៀបចំត្រៀម ការពង្រាយ អាចពង្រាយជាកង ទទួលខុសត្រូវជាតំបន់។ តែយើងលែងមានមួយកន្លែង មួយស្រុក ១៦នាក់ទៀតហើយ។ គឺមានតែឈរជើងប្រមូលផ្តុំ។
បើមិនដល់កម្រិតវរៈ ក៏កម្រិត(គ)ដែរ។ ដើម្បីមានការអីចេញទៅម្តង ១០០នាក់តែម្តង។ កុំចេញទៅ ១៦នាក់។ តំបន់ប្រតិបត្តិការផ្នែកសឹករងយើងខ្លះ ១៦នាក់។ កាលខ្ញុំនៅ(មេបញ្ជាការ)ជើងគោក នៅសល់ពីរនាក់។ ម្នាក់ដាក់ចូលនិវត្តន៍ទៀត។ អញ្ចឹងខ្វះទ័ព បូកជាមួយនិងការ(ត្រូវ)បំពញភារកិច្ចជាប់ជាប្រចាំ។ យើងកែសម្រួលភារកិច្ចកងទ័ពប្រមូលផ្តុំហ្វឹកហ្វឺន ត្រៀមប្រតិបត្តិការ ការបំពាក់ ការរៀបចំរចនាសម្ព័ន្ធ ក៏ឱ្យស្របទៅតាម(ទំហំ និង)ដើម្បីគាំទ្រ …។
តាមការជជែកជាមួយឯកឧត្តម ទៀ សីហា (រដ្ឋមន្ត្រីការពារជាតិ) ឯកឧត្តមអគ្គបញ្ជាការ វង្ស ពិសេន មេបញ្ជាការជើងគោក ក៏យើងគិតថាឥឡូវ ជំហានទីមួយនេះគឺផ្តល់ទៅសិន ព្រោះឆ្នាំក្រោយៗ យើងនឹងរើសរាល់ឆ្នាំ។ ឆ្នាំនេះ យើងយកទៅសាកនៅតំបន់ប្រតិបត្តិការសឹករង និងកងពលមួយចំនួន។ ប៉ុន្តែ តំបន់ប្រតិបត្តិការសឹករងនិងកងពលដែលទទួលនេះ ខ្ញុំសុំមេបញ្ជាការទាំងអស់ ធ្វើម៉េចកុំឱ្យបែកកម្លាំង កុំឱ្យទៅចាត់ទុកថាជាទ័ពកាតព្វកិច្ច ជាទ័ពកម្រិតពីរ។ គឺជាទ័ពកម្រិតមួយ ដូចទ័ពយោធិនអាជីពផ្សេងទៀតដែរ ត្រូវបង្កលក្ខណៈ ផ្តល់តួនាទី និងយកចិត្តទុកដាក់ដល់ពួកគេ ដូចជាយោធិនអាជីព។ សុំឱ្យបន្តទៀត។
ប្អូនៗក៏ដូចគ្នា។ កុំថាខ្លួនជាយោធិនអាជីពទៅលែងធ្វើការ។ មិនអញ្ចឹងទេ។ យោធិនកាតព្វកិច្ចក៏មិនមែនទៅដាក់តែយើងជាយោធិនកម្រិតពីរទេ។ ពិតណាស់យើងជាពលទាហានកម្រិតក្រោមគេ។ យើងអត់មានស័ក្តិ។ ប៉ុន្តែ យើងគិតថាប្រហែលជាកម្រិតពលទោ។ យើងទៅបំពេញភារកិច្ចដូចគេដូចឯង។ កុំថាខ្ញុំនៅក្មេង ធ្វើអត់បានទេ។ ឬមួយកុំធ្វើបាបខ្ញុំជាយោធិនកាតព្វកិច្ច។ ដូចគេដូចឯង។ រឹងមាំ តស៊ូ បំពេញភារកិច្ច ទទួលខុសត្រូវពេញមុខពេញមាត់ ដូចយោធិនអាជីពផ្សេងៗ ទៀត ដូចរៀមច្បងផ្សេងៗ ទៀត ដែលនៅអង្គភាព …។
ចាប់ផ្តើមពីថ្ងៃទី១ ចាប់ផ្តើមពីពេលនេះទៅ សាលាយោធាក៏អត់មានបង្រៀនមេរៀនផ្សេង សម្រាប់យោធិនកាតព្វកិច្ច និងផ្សេងសំរាប់យោធិនអាជីពទេ។ គឺមេរៀនតែមួយ វគ្គតែមួយ គ្រូតែមួយ ចេះតែមួយ។ អញ្ចឹង ស្តង់ដារដូចគ្នាទាំងអស់។ នេះហើយដែលហៅថា អត្ថប្រយោជន៍នៃការរៀបចំពង្រឹងកងទ័ពរបស់យើង រួមទាំងការរៀបចំកាតព្វកិច្ចអនុវត្តឆ្នាំនេះ។ យើងបានគិត(មិនទាន់បានអនុវត្ត) ២០ឆ្នាំមកហើយ។ ថ្ងៃនេះ ឆ្នាំនេះ ជាប្រវត្តិសាស្ត្រ ដែលយើងចាប់ផ្តើម ចំថ្ងៃនៃខួបកងទ័ពថែមទៀត។ នេះគឺជាអ្វីដែលខ្ញុំសុំលើកពាក់ព័ន្ធជាមួយនឹងទាហានកាតព្វកិច្ច។
សូមជូនពរប្អូនៗ និងឪពុកម្តាយផង។ ថ្ងៃនេះ មានឪពុកម្តាយមកដែរ។ សុំលើកទឹកចិត្ត។ បើហាត់អីចុះឡើង ចង់ឈប់អី (សូមជួយណែនាំ)កូនឯងនៅ ២៤ខែ។ បើកូនទៅដល់ផ្ទះជួយដឹកមកផង។ កូនទៅវិញ កុំឱ្យគេមកហៅទាន់។ កុំឱ្យឪពុកម្តាយអាក់អន់ចិត្ត។ ខំឱ្យចូលមកហើយ ខំមកស្លៀកពាក់ស្អាត ឃើញអ៊ុំពូមីងខ្លះ សុខចិត្តជូនកូនឡើងលើឡាន បក់ដៃមើលកូនញញឹម សង្ឃឹមថាពីរឆ្នាំទៀតគាត់ឃើញកូនមួយដែល បងមិនដឹងថាពីមុនយ៉ាងម៉េចទេ ប៉ុន្តែបងធានាចប់ពីរឆ្នាំនេះ ប្អូនៗនឹងមានវិន័យ នឹងមានការទទួលខុសត្រូវ មានការបណ្តុះបណ្តាល និងមានចំណេះដឹងច្រើនជាងថ្ងៃនេះ។ ឪពុកម្តាយចង់បានអញ្ចឹង ហ្នឹងគឺជាការធានារបស់កងទ័ព។
យើងកំពុងតែគិតគូរ។ ក្រៅពីបីខែនេះតើនៅក្នុងរយៈពេល ២១ខែទៀតប្អូនត្រូវឆ្លងកាត់ការបណ្តុះបណ្តាល ឱកាសអីទៀត។ មុនចេញទៅស៊ីវិលវិញចប់ ២៤ខែ ត្រូវទទួលការបណ្តុះបណ្តាលអីទៀត។ គណៈកម្មាធិការការពារជាតិ(សំរាប់យោធិន)កាតព្វកិច្ច កំពុងគិតគូរដើម្បីត្រៀមថាពេលដែលចូលធ្វើម៉េច បន្ថែមបំប៉នឱ្យយ៉ាងណា។ អញ្ចឹង ការវិនិយោគពីរឆ្នាំដើម្បីបានឱកាសបម្រើជាតិ បូកជាមួយការចូលរួមដើម្បីពង្រឹងកងទ័ព ពង្រឹងវិស័យការពារជាតិ បូកនឹងឆន្ទៈយុវជន ប្អូនៗជាគំរូដល់យុវជនផ្សេងទៀត ដល់ជំនាន់ប្អូនៗ។ នេះហើយគេថា អត្ថន័យនៃយោធិន។ មិនថាកាតព្វកិច្ច ឬអាជីពនោះទេ គឺសុទ្ធតែជាអ្នក ទី១ ហ៊ានលះបង់ពេលវេលា ឱកាសផ្សេងក្នុងរយៈពេលពីរឆ្នាំចូលមកបម្រើជាតិ។ ទីពីរ បើសិនជាជាតិត្រូវការ ហ៊ានបំពេញប្រតិបត្តិការដើម្បីការពារជាតិទឹកដី … នេះគឺជាការសម្រេចចិត្តធំណាស់។ សូមអរគុណជាថ្មីចំពោះប្អូនៗដែលបានសម្រេចចិត្តចូលរួមក្នុងវគ្គទីមួយ ជាយោធិនកាតព្វកិច្ចរយៈពេល ២៤ខែនេះ។ ដែលយើងបានទទួល(យោធិនកាតព្វកិច្ចជំនាន់ទី១)នេះ គឺជាមោទនភាពខ្លាំងណាស់។
[ចប់សេចក្តីអធិប្បាយ២]
ក្នុងគោលបំណងជំរុញការអនុវត្តច្បាប់ស្តីពីកាតព្វកិច្ចយោធា ឱ្យបានជោគជ័យ, តម្លាភាព, ប្រសិទ្ធភាព និង ភាពស័ក្តិសិទ្ធិ, ខ្ញុំសូមផ្តល់នូវអនុសាសន៍មួយចំនួន ដូចខាងក្រោម៖
ទី១. គណៈកម្មាធិការជាតិកាតព្វកិច្ចយោធា ត្រូវបន្តផ្សព្វផ្សាយឱ្យបានទូលំទូលាយអំពីកាតព្វកិច្ចយោធាដល់ប្រជាពលរដ្ឋ ជាពិសេស យុវជន ឱ្យយល់ច្បាស់អំពីគោលបំណង, សារៈសំខាន់, គុណតម្លៃ និង អត្ថប្រយោជន៍សម្រាប់យោធិនកាតព្វកិច្ចយោធា, ព្រមទាំង ត្រូវរៀបចំឱ្យមានវេទិកាពិភាក្សា ដើម្បីដោះស្រាយកង្វល់ និង ស្រាយបំភ្លឺនូវរាល់មន្ទិលសង្ស័យជាអវិជ្ជមាននានា។ ទន្ទឹមនេះ, ត្រូវលើកកម្ពស់តួនាទីរបស់យុវជនដែលបាននិងកំពុងបំពេញកាតព្វកិច្ចយោធា ឱ្យក្លាយជាអ្នកអប់រំ និង ជាអ្នកផ្សព្វផ្សាយអំពី «តម្លៃសន្តិភាព» ជាពិសេស ការលះបង់សាច់ស្រស់ ឈាមស្រស់ របស់វីរកងទ័ពកម្ពុជា ក្នុងបុព្វហេតុទាមទារសុខសន្តិភាព និង ការពារបូរណភាពទឹកដី។
ទី២. សាលាពលទាហានដែលមានភារកិច្ចហ្វឹកហ្វឺនយោធិនកាតព្វកិច្ចយោធាត្រូវខិតខំបង្កើតបរិយាកាសអំណោយផលដល់ការហ្វឹកហាត់របស់យោធិនកាតព្វកិច្ចយោធា ដោយត្រូវផ្តល់ភាពកក់ក្តៅក្នុងការរស់នៅ, ហូបចុក និង បំពេញកិច្ចការជាយុទ្ធមិត្តក្នុងគ្រួសារតែមួយ, ព្រមទាំង រៀបចំឱ្យមានសកម្មភាពផ្សារភ្ជាប់មនោសញ្ចេតនាជិតស្និទ្ធ។ ទន្ទឹមនេះ, ត្រូវយកចិត្តទុកដាក់ខ្ពស់ចំពោះការពង្រឹងសមត្ថភាពយោធាចារ្យ និងគ្រូបង្វឹក, ព្រមទាំង កែលម្អកម្មវិធីបណ្តុះបណ្តាល, ខ្លឹមសារមេរៀន និង វិធីសាស្រ្តហ្វឹកហ្វឺន ដោយផ្តោតលើសមត្ថភាពបច្ចេកទេស រួមទាំង ការប្រើប្រាស់បច្ចេកវិទ្យា, យុទ្ធវិធីការពារជាតិ, បំណិនជីវិត, សីលធម៌, វិន័យ, និង មនសិការស្នេហាជាតិ របស់សិក្ខាកាមកាតព្វកិច្ចយោធាទាំងអស់។
ទី៣. គណៈគ្រប់គ្រងសាលា និង គ្រូបង្វឹក ត្រូវបំពេញភារកិច្ច ប្រកដោយ វិជ្ជាជីវៈ, យុត្តិធម៌, គំរូល្អ និង ការយកចិត្តទុកដាក់ខ្ពស់ចំពោះសិក្ខាកាមកាតព្វកិច្ចយោធាគ្រប់រូប, ព្រមទាំងត្រូវធានាឱ្យបាននូវគុណភាព និង សុវត្ថិភាព នៃការហ្វឹកហាត់, និងសុខភាព, អនាម័យ និងសេចក្តីថ្លៃថ្នូររបស់សិក្ខាកាមទាំងអស់។ ទន្ទឹមនេះ, ត្រូវស្រង់យកបទពិសោធល្អៗរបស់យុវជនដែលបានឆ្លងកាត់កាតព្វកិច្ចយោធា ដើម្បីធ្វើជាឧត្តមានុវត្តន៍សម្រាប់យោធិនកាតព្វកិច្ចយោធាជំនាន់ក្រោយ, ព្រមទាំង ត្រូវលើកទឹកចិត្តឱ្យអតីតយុវជនគំរូទាំងនោះ ចូលរួមចែករំលែកបទពិសោធពាក់ព័ន្ធនឹងការបំពេញកាតព្វកិច្ចយោធា និងគុណតម្លៃនៃកាតព្វកិច្ចយោធាចំពោះ សន្តិភាព, សន្តិសុខ និង កិច្ចការពារជាតិ។
ទី៤. សិក្ខាកាមកាតព្វកិច្ចយោធាគ្រប់រូប ត្រូវគោរពវិន័យ បទបញ្ជា និង ក្រមសីលធម៌ ឱ្យបានម៉ឺងម៉ាត់បំផុត ដោយត្រូវយល់ថា ការគោរពបាននូវលក្ខខណ្ឌទាំងនេះ ជាជោគជ័យ នៃការធ្វើជាម្ចាស់លើខ្លួនឯង និងជាមូលដ្ឋានគ្រឹះសម្រាប់សម្រេចគោលដៅជីវិត, ព្រមទាំង ត្រូវថែរក្សាសាមគ្គីភាព និង មិត្តភាព ដោយត្រូវចេះជួយគ្នា, លើកទឹកចិត្តគ្នា និង រួមគ្នាដោះស្រាយបញ្ហាដោយការយោគយល់បំផុត។ ទន្ទឹមនេះ, ត្រូវប្រឹងប្រែងរៀនសូត្រ និង ហ្វឹកហាត់ដោយយកចិត្តទុកដាក់ ដើម្បីយកចំណេះដឹង និង បទពិសោធពីការហ្វឹកហាត់នេះ ទៅបម្រើសហគមន៍របស់ប្អូនៗ និង សង្គមជាតិរបស់យើងទាំងអស់គ្នា។
មុននឹងបញ្ចប់, ជាថ្មីម្តងទៀត, ខ្ញុំសូមសម្តែងនូវការអបអរសាទរ និង វាយតម្លៃខ្ពស់ចំពោះយុវជនស្ម័គ្រចិត្តបំពេញកាតព្វកិច្ចយោធាទាំងអស់ ដែលកំពុងចូលរួមក្នុងវគ្គហ្វឹកហ្វឺនយោធិនកាតព្វកិច្ចយោធា វគ្គដំបូង ឆ្នាំ២០២៦ ចំពោះស្មារតីស្នេហាជាតិនិងឆន្ទៈកសាងខ្លួនឱ្យក្លាយជាយុវជនគំរូនិងសសរទ្រូងដ៏រឹងមាំរបស់ប្រទេសជាតិ។ យើងទាំងអស់គ្នាត្រូវចូលរួមពង្រឹងវប្បធម៌សន្តិភាព, សាមគ្គីភាព និងការគោរពច្បាប់។ ការការពារជាតិពិតប្រាកដ គឺចាប់ផ្តើមពីការរួបរួមគ្នារបស់ប្រជាជន, ការយល់ដឹងអំពីកាតព្វកិច្ចរបស់ខ្លួននិងការត្រៀមខ្លួនចូលរួមបម្រើជាតិនៅពេលជាតិត្រូវការស្របតាមពាក្យស្លោក «សន្តិភាពត្រូវការ ការការពារនិង ការពង្រឹងសមត្ថភាពខ្លួនឯង»។
ជាទីបញ្ចប់, ជាមួយនឹងការប្រកាសបើកវគ្គហ្វឹកហ្វឺនយោធិនកាតព្វកិច្ចយោធា វគ្គដំបូង ឆ្នាំ២០២៦, ខ្ញុំសូមប្រសិទ្ធពរចំពោះឯកឧត្តម លោកជំទាវ, លោក លោកស្រី, និង សិក្ខាកាមកាតព្វកិច្ចយោធាទាំងអស់ សូមមានសុខភាពល្អបរិបូរណ៍, សុខសុភមង្គលក្នុងក្រុមគ្រួសារ, និង សម្រេចបានជោគជ័យលើគ្រប់ភារកិច្ចការងារ, ព្រមទាំងសូមប្រកបដោយពុទ្ធពរ និង ពរទាំង ៥ ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ និង បដិភាណ កុំបីឃ្លៀងឃ្លាតឡើយ៕

