ឯកឧត្តម លោកជំទាវ សមាជិក សមាជិកាព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល,
ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត គណៈអធិបតី ភ្ញៀវកិត្តិយសជាតិ អន្តរជាតិ,
កីឡាករ កីឡាការិនី និងអង្គពិធីទាំងមូល និងបងប្អូនជនរួមជាតិទាំងអស់ជាទីមេត្រី,
ថ្ងៃនេះ ខ្ញុំពិតជាមានសេចក្តីសោមនស្សរីករាយ ដែលបានចូលរួមក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣ ក្រោមប្រធានបទ «កីឡាដើម្បីឯកភាពជាតិ» នាពេលនេះ។ ការរៀបចំឲ្យមានការប្រកួតកីឡាជាតិ និងកីឡាជាតិជនពិការជាប្រចាំ ជាគំនិតផ្ដួចផ្ដើមប្រកបដោយឆន្ទៈមោះមុត និងចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ក្នុងគោលបំណងដើម្បីផ្តល់ឱកាសដល់កីឡាករ កីឡាការិនីមកពី រាជធានី-ខេត្ត ទាំង២៥ បញ្ចេញសមត្ថភាព ទេពកោសល្យ ព្រមទាំងបណ្តុះបណ្តាលស្មារតី ឆន្ទៈ និងសាមគ្គីភាពនេះម្យ៉ាង។
ម្យ៉ាងទៀត ក៏ដើម្បីបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលចំពោះតម្លៃដ៏វិសេសវិសាលរបស់កីឡាករ កីឡាការិនី ជាពិសេសជំរុញការផ្លាស់ប្តូរឥរិយាបថសង្គមចំពោះជនមានពិការភាព សំដៅបង្កើតបរិយាកាសសង្គមកម្ពុជា ប្រកបដោយបរិយាបន្ន សុខដុមនី និងសុខដុម ដោយមិនទុកពលរដ្ឋណាម្នាក់ចោល។
បន្ថែមលើការវាស់ស្ទង់សមត្ថភាព និងដុសខាត់ស្មារតីអត្តពលិកទូទាំងប្រទេស ការរៀបចំការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣ ក៏មានគោលបំណងសំខាន់មួយទៀតគឺត្រៀមលក្ខណៈសម្បត្តិឲ្យបានរួចរាល់ និងកាន់តែប្រសើរឡើងថែមទៀតសម្រាប់ចូលរួម ក៏ដូចជាជួយរៀបចំព្រឹត្តិការណ៍កីឡាកម្រិតតំបន់ និងអន្តរជាតិនាពេលខាងមុខ។
រាជរដ្ឋាភិបាលបានដាក់ចេញនូវទិសដៅច្បាស់លាស់ត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះនៃការរៀបចំ៖ ១. ការប្រកួតកីឡាសកលវិទ្យាល័យអាស៊ាន លើកទី២៣ ឆ្នាំ២០២៨។ ២. ការប្រកួតកីឡាយុវជនអាស៊ីប៉ារ៉ាហ្គេមឆ្នាំ២០២ និង ៣. ការប្រកួតកីឡាយុវជនអាស៊ី ឆ្នាំ២០៣១។
ខ្ញុំសូមកោតសរសើរចំពោះក្រសួងអប់រំ យុវជន និងកីឡា គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា សហព័ន្ធកីឡាជាតិ និងអ្នកពាក់ព័ន្ធទាំងអស់ ចំពោះកិច្ចសហការ និងកិច្ចប្រតិបត្តិការល្អក្នុងការរៀបចំកម្មវិធី និងទីកន្លែងប្រកួតទាំងអស់បានច្បាស់លាស់ និងរៀបរយតាមនិយាមបច្ចេកទេសដូចបានគ្រោងទុក។
កីឡាមិនមែនគ្រាន់តែជាសកម្មភាពប្រកួតប្រជែងដើម្បីមេដៃ ឬបំបែកកំណត់ត្រានោះទេ។ កីឡាជាមធ្យោបាយដ៏សំខាន់ក្នុងការកសាងមនុស្សឲ្យមានសុខភាពល្អ កាយសម្បទារឹងមាំ វិន័យ និងការទទួលខុសត្រូវ ទាំងស្មារតីសហការជាក្រុម។ កីឡាក៏ជាសាលារៀនសម្រាប់អប់រំមនុស្សឲ្យចេះគោរពច្បាប់ គោរពគូប្រកួត ទទួលស្គាល់លទ្ធផល និងក្រោកឈរឡើងវិញនៅពេលបរាជ័យ។
ការរៀបចំការប្រកួតកីឡាជាតិរៀងរាល់ពីរឆ្នាំម្តង ជាយុទ្ធសាស្ត្រលើកកម្ពស់សកម្មភាពអប់រំកាយ និងកីឡាក្នុងសង្គមកម្ពុជា ជាឧបករណ៍សម្រាប់វាស់ស្ទង់សមត្ថភាពអត្តពលិកនិងក្រសួង ស្ថាប័នពាក់ព័ន្ធ ក្នុងការរៀបចំព្រឹត្តិការណ៍ប្រកួតកីឡា ដើម្បីត្រៀមខ្លួនសម្រាប់ការប្រកួតនិងរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាថ្នាក់តំបន់ និងអន្តរជាតិនាពេលអនាគត ព្រមទាំងជាយន្តការត្រួតពិនិត្យវឌ្ឍនភាព និងវាយតម្លៃចំណុចខ្លាំង ចំណុចខ្វះខាត ដើម្បីដាក់ចេញទិសដៅអភិវឌ្ឍបន្ត។
ការរៀបចំកីឡាជាតិជនពិការ រួមជាមួយការប្រកួតកីឡាជាតិ គឺដើម្បីបង្ហាញថា សមត្ថភាពរបស់មនុស្សមិនមែនវាស់ដោយផ្អែកទាំងស្រុងលើកាយសម្បទានោះទេ ពោលគឺត្រូវកំណត់ដោយផ្អែកលើទេពកោសល្យ ការខិតខំប្រឹងប្រែង និងសមិទ្ធផលដែលពួកគេសម្រេចបាន។ ម្យ៉ាងទៀត កីឡាករ កីឡាការិនីមានពិការភាព ជាមិត្តរូបនៃភាពអត់ធ្មត់ ឆន្ទៈមោះមុត និងការតស៊ូឆ្ពោះទៅរកគោលដៅ ខណៈដែលការចូលរួមរបស់ពួកគេ រំលឹកយើងថា ឧបសគ្គមិនមែនជាហេតុផលត្រឹមត្រូវនៃការបោះបង់ឱកាសនោះទេ។
ក្នុងន័យនេះ ប្រជាពលរដ្ឋនិងសហគមន៍ ត្រូវរួមគ្នាជាមួយរាជរដ្ឋាភិបាល ក្នុងការកសាងសង្គមកម្ពុជាមួយដែលផ្តល់ឱកាសឲ្យមនុស្សគ្រប់រូបអាចអភិវឌ្ឍសមត្ថភាព បញ្ចេញទេពកោសល្យ និងចូលរួមក្នុងសកម្មភាពសង្គមសេដ្ឋកិច្ចបានពេញលេញនិងដោយស្មើភាព។
ជាថ្មីម្តងទៀត ខ្ញុំសូមវាយតម្លៃខ្ពស់ចំពោះគណៈកម្មាធិការរៀបចំ ក្រសួងស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី កងកម្លាំងប្រដាប់អាវុធ គ្រូបង្វឹក កីឡាករ កីឡាការិនី និងអ្នកពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមនិងខិតខំប្រឹងប្រែងរៀបចំព្រឹត្តិការណ៍កីឡាជាតិនេះឡើង។ ខ្ញុំសូមជូនពរឲ្យកម្មវិធីប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣ ឆ្នាំ២០២៦ នេះ ទទួលបានជោគជ័យដោយត្រចះត្រចង់ និងសូមជូនពរអត្តពលិកទាំងអស់ ទទួលបានលទ្ធផលល្អប្រសើរ ប្រកបដោយស្មារតីកីឡា យុត្តិធម៌ និងមិត្តភាព។
ជាទីបញ្ចប់ ជាមួយនឹងការប្រកាសបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជនពិការលើកទី៣ ឆ្នាំ២០២៦ ខ្ញុំសូមប្រសិទ្ធពរជ័យចំពោះ ឯកឧត្តម លោកជំទាវ លោក លោកស្រី និងអង្គពិធី សូមមានសុខភាពល្អបរិបូរណ៍ សុភមង្គលក្នុងគ្រួសារ និងសម្រេចបានជោគជ័យលើគ្រប់ភារកិច្ចការងារ ព្រមទាំងសូមប្រកបដោយពុទ្ធពរទាំងប្រាំប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ។ សូមអរគុណ៕

