សូមក្រាបថ្វាយបង្គំព្រះថេរានុថេរៈគ្រប់ព្រះអង្គ
ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល
គណៈអធិបតី ភ្ញៀវកិត្តិយស សាស្ត្រាចារ្យ បុគ្គលិកសិក្សា មាតាបិតា អាណាព្យាបាល និង
និស្សិតជ័យលាភីទាំងអស់ជាទីមេត្រី!
ថ្ងៃនេះ ខ្ញុំពិតជាមានសេចក្តីសោមនស្សរីករាយ ដែលបានមកចូលរួមក្នុងពិធីប្រគល់សញ្ញាបត្រថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ ដល់និស្សិតជ័យលាភីសរុប ២០០១ អង្គ/នាក់ ក្នុងនោះស្រ្តី ១២៥១, ស្រ្តីច្រើនជាង នៃសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច ខេត្តបាត់ដំបង ដែលជាពិធីអបអរសាទរចំពោះលទ្ធផលនៃការខិតខំព្រឹងប្រែងរបស់និស្សិតជ័យលាភីទាំងអស់។ ម្យ៉ាងនិងម្យ៉ាងទៀត ក៏ជាពិធីទទួលស្គាល់នូវការប្រឹងប្រែងចូលរួមរបស់សាកលវិទ្យាល័យជាមួយនឹងរាជរដ្ឋាភិបាល នៅក្នុងការបណ្តុះបណ្តាល អប់រំយុវជនកម្ពុជាឱ្យមានទាំងចំណេះដឹង ជំនាញ សីលធម៌ វិជ្ជាជីវៈ និងវិន័យ និងជួយពូនជ្រំមូលធនមនុស្សក្នុងមុខជំនាញវិទ្យាសាស្ត្រ បច្ចេកវិទ្យា សេដ្ឋកិច្ច នីតិសាស្ត្រ គ្រប់គ្រងពាណិជ្ជកម្ម ទេសចរណ៍ មនុស្សសាស្ត្រ កសិកម្ម អភិវឌ្ឍន៍ជនបទ សិល្បៈ និងភាសាបរទេស សម្រាប់បំពេញតម្រូវការទីផ្សារការងារកម្ពុជា។
[ចាប់ផ្ដើមសេចក្ដីអធិប្បាយ១]
(១) បានចូលរួមចែកសញ្ញាបត្រសាកលវិទ្យាល័យ UME ច្រើនដង ច្រើនកន្លែង និងច្រើនជ័យលាភី
ខ្ញុំគិតថា ក្នុងចំណោមសាកលវិទ្យាល័យទាំងអស់នៅកម្ពុជា សាកលវិទ្យាល័យ UME ជាសាកលវិទ្យាល័យមួយដែលខ្ញុំចូលរួមចែកសញ្ញាបត្រច្រើនជាងគេ។ ច្រើនហ្នឹង មិនមែនច្រើនលើកទេ ច្រើនកន្លែង ព្រោះ UME មានច្រើនកន្លែង នៅបាត់ដំបង បានមកប៉ុន្មានដងដែរ។ ទីពីរគឺក្រចេះ ខេត្តព្រះសីហនុ កំពត កំពង់ចាម កោះកុង។ អញ្ចឹង(មាន)ច្រើន។ គាត់ប្រាប់ខ្ញុំថា កាលពីមុនគាត់ភ័យដែរ។ ពេលខ្ញុំទទួលការងារនៅលើ តិចលោលែងចុះមក។ ខ្ញុំថាចុះមក គ្រាន់តែអត់បានទៅគ្រប់កន្លែងទៀតទេ។ ថ្ងៃនេះ បានមកជួបគ្នាម្តងទៀតនៅ UME។ អនុស្សាវរីយ៍ UME មួយទៀតច្រើនហ្នឹងច្រើនគឺរឿងចែកសញ្ញាបត្រផ្ទាល់។ ឥឡូវ គាត់សុំលែងបានហើយ .. ឱ្យតែមកកន្លែងបង ទន់ ភក្តី សុំម្តងតែ ១០០នាក់ទេ។ ដល់ពីរថ្ងៃក្រោយសុំ ២០០នាក់។ ដល់ជិតដល់ថ្ងៃ(ចែកសញ្ញាបត្រ)សុំ ៥០០នាក់។ ដល់ថ្ងៃចុងក្រោយគឺទាំងអស់តែម្តង។ ចែកសញ្ញាបត្រនៅកន្លែងបង ទន់ ភក្តី គឺជួនកាល ២០០០នាក់ហ្នឹងចែកគ្នា។ មិនមែនខ្ញុំម្នាក់ឯងទេ(គឺចែក)តគ្នា។ ខ្ញុំចាំ(មានពេលមួយ)ជាមួយអតីតអភិបាល ឯកឧត្តម ចាន់ សុផល តកន្ទុយគ្នាចែក។ ហ្នឹងបានខ្ញុំថា ចែកសញ្ញាបត្រច្រើន។ ច្រើនកន្លែងហើយច្រើនគ្នាទៀត។ គាត់មានវិធីសាស្ត្រ lobby របស់គាត់។ តែឥឡូវ lobby លែងបានហើយ ព្រោះពិធីការគេមិនឱ្យ។ ខ្ញុំទៅដល់ណា គេអញ្ជើញចូល។ ពេលដែលចប់ គេអញ្ជើញត្រឡប់ទៅវិញ។ យើងអត់អាចនៅបានទេ។ សំខាន់ MC ថាស្វាគមន៍សម្តេចត្រឡប់ទៅវិញ … ថ្ងៃនេះ ខ្ញុំសប្បាយរីករាយដែលបានមកជួប។ ប៉ុន្មានថ្ងៃមុនឱ្យឆែកមើលថាតើចែកបានអត់ ព្រោះ ១៤ស្រុក/ក្រុងលិច។ ប៉ុន្តែ ឥឡូវក៏បានស្រកច្រើន នៅសល់តែថ្មគោលមួយទេ តាមរបាយការណ៍របស់ឯកឧត្តម សុខ លូ។ ថ្ងៃនេះយើងជួបគ្នានៅក្នុងស្មារតីអបអរសាទរជាមួយនិស្សិតជ័យលាភីដែលខិតខំប្រឹងប្រែង ទទួលបានជោគជ័យក្នុងការសិក្សា … មិនមែនរៀនថ្ងៃនេះ ស្អែកបានសញ្ញាបត្រទេ។ ត្រូវការប្រើពេលវេលា ៤ឆ្នាំ (និង) ៦ឆ្នាំ។ ក្នុងរយៈពេលនេះ គឺមានបញ្ហាជាច្រើនដែលយើងប្រឈម។ មិនមែនប្រឈមតែ Homework ទេ ព្រោះកម្រិតនិស្សិតខុសពីកុមារ។ កុមារដឹងតែមកពីរៀន ទៅដល់ផ្ទះឪពុកម្តាយដោះស្រាយបាយទឹក … មានកុមារខ្លះត្រូវជួយឪពុកម្តាយដោយសារជីវភាព ប៉ុន្តែភាគច្រើនមិនសូវលំបាកទេ។ ចំពោះនិស្សិតភាគច្រើនត្រូវទទួលខុសត្រូវការងារខ្លួនឯង និងកន្លែងខ្លះទៅជាឪពុកម្តាយ។
(២) ខិតខំរុញអនុវិទ្យាល័យទៅតាមឃុំ វិទ្យាល័យកាន់តែសម្បូណ៌បែប ឧត្តមសិក្សានៅគ្រប់ខេត្ត និងឱកាសរៀនតាំងពីតូច
ថ្ងៃនេះ ខ្ញុំហៅប្អូនៗនិស្សិត ឬរហូតទៅដល់ក្មួយៗនិស្សិត ប៉ុន្តែកន្លែងខ្លះមានលោកអ៊ំនិស្សិតទៅទៀត។ ដល់ពេលឡើងទទួលសញ្ញាបត្រ ឃើញថាអ៊ំ(អាយុ) ៧០ឆ្នាំជាងបាត់។ គាត់ថា ក្មួយអើយ! អ៊ំរៀនតាំងពីប្រទេសយើងមានសង្គ្រាម។ ជំនាន់ ប៉ុល ពត អត់មានឱកាស។ ចេញពី ប៉ុល ពត មក ធ្វើការរហូត។ ដល់ឥឡូវមានពេល (បាន)ចូលនិវត្តន៍(ហើយ) ចាប់ផ្តើមចង់រៀនយក Master យកអីអញ្ចឹងទៅ។ ខ្ញុំចាំម្តងនៅកំពត សាកលវិទ្យាល័យ UME កំពត នៅទល់មុខអនុវិទ្យាល័យមួយ មាននិស្សិតម្នាក់ឡើងទទួលសញ្ញាបត្រ។ គាត់ជាគ្រូបង្រៀននៅអនុវិទ្យាល័យ។ អញ្ចឹង ឆ្លងតែផ្លូវមកក្លាយជាគ្រូ ឆ្លងតែផ្លូវទៅក្លាយជាសិស្ស។ នេះបង្ហាញអំពីការរីកធំធាត់ ការផ្តល់ឱកាស និងការគ្របដណ្តប់នៃវិស័យអប់រំរបស់យើង។ កាលជំនាន់ខ្ញុំរៀន ចេញមក ចំនួនសាកលវិទ្យាល័យមានកំណត់។ កាលនោះ ចប់វិទ្យាល័យ យើងមិនបានចូលទៅឆ្នាំទី១ ឬកន្លែងខ្លះគេហៅថាឆ្នាំមូលដ្ឋាន ទេ។ ឥឡូវឆ្នាំមូលដ្ឋាន និងឆ្នាំទី១ហ្នឹងដូចគ្នា។ គឺកាលពីពេលនោះ រៀនត្រៀមមួយឆ្នាំ ទើបបានប្រឡងយកកៅអី។ នៅតាមខេត្តមានការលំបាក អត់មានសាកលវិទ្យាល័យដែលបើកច្រើន។ ឥឡូវ នៅបាត់ដំបង យើងមានសាកលវិទ្យាល័យច្រើន ក្រៅពី UME មានសាកលវិទ្យាល័យបាត់ដំបង មានសាកលវិទ្យាល័យឌូវី (Dewey international University) មានច្រើនទៀត … ដែលបង្កលក្ខណៈអាចស្រូបយកប្រជាពលរដ្ឋ យុវជនដែលចប់វិទ្យាល័យ ហើយត្រូវរៀនបន្តទៅទៀត។ ឱកាសសម្បូណ៌បែបនេះ ផ្ដល់លទ្ធភាពសម្រាប់ប្រជាជនកម្ពុជា មិនថារាជធានីភ្នំពេញ ឬនៅតាមខេត្តទេ។ ឥឡូវ ២៥រាជធានី/ខេត្ត មិនមានខេត្តមួយណាដែលអត់មានកម្រិតឧត្តមសិក្សាទេ។ ឥឡូវ យើងរុញបឋមសិក្សាទៅដល់តាមភូមិ។ ទៅថ្ងៃមុខ យើងនឹងខិតខំរុញអនុវិទ្យាល័យទៅតាមឃុំ ហើយធ្វើម៉េចឱ្យវិទ្យាល័យកាន់តែមានភាពសម្បូណ៌បែប និងលទ្ធភាពសម្រាប់កូនៗ ក្មួយៗ មានឱកាសរៀនតាំងពីតូច។ កុំឱ្យបោះបង់(ការសិក្សា)។
(៣) អនាគតមនុស្សម្នាក់ៗ ជាអនាគតគ្រួសារមួយ ជាអនាគតរបស់ប្រទេសជាតិមួយ …
អម្បាញ់មិញ ឯកឧត្តម ទន់ ភក្តី ថាពីវិទ្យាល័យមកមហាវិទ្យាល័យ បាត់បង់ប្រហែលជា ១០ភាគរយ ប៉ុន្តែបើយើងមើលតាំងពីបឋមសិក្សា រហូតទម្រាំទៅដល់បញ្ចប់វិទ្យាល័យ ក៏យើងបាត់ច្រើនដែរ។ ១០ភាគរយ មិនតិចទេ។ ១០ភាគរយ គឺធនធានមនុស្សរបស់កម្ពុជា ជាអនាគតរបស់មនុស្សម្នាក់ៗ ជាអនាគតរបស់គ្រួសារមួយ ជាអនាគតរបស់ប្រទេសជាតិមួយ ដែលកោសិកា ១០ភាគរយ មិនបានរីកធំធាត់។ បើសិនជារាប់ពីបឋមសិក្សាមកមធ្យមសិក្សា ពីមធ្យមសិក្សាមកអនុវិទ្យាល័យ ពីអនុវិទ្យាល័យមកវិទ្យាល័យ ពីវិទ្យាល័យមកខាងលើ។ ក្នុងប៉ុន្មានឆ្នាំនេះ តាំងពីប៉ុន្មានអាណត្តិមកហើយ រាជរដ្ឋាភិបាលសម្តេចតេជោបានខិតខំពង្រីកសាលាគ្រប់កន្លែង។ មករៀនមហាវិទ្យាល័យយ៉ាងម៉េច បើអត់បានរៀនថ្នាក់ទី១ ផង។ ខ្ញុំតែងតែលើកថាសម័យនេះ ទោះបី(មាន) AI ម៉េចក៏ដោយ ក៏មិនអាច Download ជំនាញចូលក្នុងខួរក្បាលយើងបានដែរ។ ខ្ញុំអាចមើលសន្ទរកថា អាចសរសេរ រៀនបានចប់កម្រិតឧត្តម ក៏ដោយសារខ្ញុំចាប់ផ្តើមពីថ្ងៃទី១ រៀនអក្សរ “ក” និងលេខ១។ បើខ្ញុំអត់ចេះអក្សរ ក ខ គ ទេ អត់ចេះលេខ១ ដល់លេខ១០ លេខពាន់លានទេ ក៏មិនអាចវិវត្តន៍មកដល់នេះដែរ។ ការអប់រំបណ្តុះបណ្តាលជាមូលដ្ឋានរហូតមកដល់ឧត្តមសិក្សា។ ឧត្តមសិក្សាជាគុណភាពនៃធនធានមនុស្សរបស់យើង គិតពីរយៈពេលនៃការរៀនសូត្រ។ ឥឡូវ យើងមិនមែនរៀនតែក្នុងសាលាទេ។ យើងមានឱកាសរៀនតាមរយៈការងារ ពង្រីកការងារច្រើនវិស័យមកដល់ខេត្ត នៅទូទាំងប្រទេស និងលទ្ធភាពការងាររៀនសូត្រផ្សេងៗទៀត មិនថាតែសាលាបណ្តុះបណ្តាលទេ។ សំខាន់គឺរៀនចប់ទៅណា ឱកាសការងារយ៉ាងម៉េច ជំនាញណា មិនត្រឹមតែក្នុងសាលា និងការអប់រំចំណេះដឹងទូទៅទេ ប៉ុន្តែនៅក្នុងការអប់រំបំណិន ខាង TVET បច្ចេកវិទ្យា ខាងចំណេះដឹងផ្សេងៗ ដើម្បីបំពាក់តាមតម្រូវការជារឿងចាំបាច់។
[បញ្ចប់សេចក្ដីអធិប្បាយ១]
ខ្ញុំសូមវាយតម្លៃខ្ពស់ចំពោះការប្រឹងប្រែងរបស់សាកលវិទ្យាល័យក្នុងការបំពេញតួនាទីដ៏មានសារៈសំខាន់ក្នុងការកសាងមូលដ្ឋានចំណេះដឹង, បណ្តុះជំនាញ, និង អភិវឌ្ឍសីលធម៌វិជ្ជាជីវៈ និង វិន័យ ដល់យុវជនកម្ពុជា ឱ្យក្លាយជាធនធានមនុស្សដែលមានសមត្ថភាព និងជាសសរទ្រូងដ៏រឹងមាំ សម្រាប់ការអភិវឌ្ឍប្រទេសកម្ពុជា ស្របតាមយុទ្ធសាស្ត្រ និង គោលនយោបាយអភិវឌ្ឍជាតិរយៈពេលវែងរបស់រាជរដ្ឋាភិបាល ជាពិសេស គោលនយោបាយជាតិអភិវឌ្ឍវិស័យកសិកម្ម ២០២២-២០៣០ និង គោលនយោបាយអភិវឌ្ឍវិស័យឧស្សាហកម្មកម្ពុជា ២០១៥-២០២៥។ ខ្ញុំក៏សូមសម្តែងនូវការកោតសរសើរចំពោះការរីកចម្រើនជាបន្តបន្ទាប់របស់សាកលវិទ្យាល័យគ្រប់គ្រង និង សេដ្ឋកិច្ច ខេត្តបាត់ដំបង, ជាពិសេស ការទទួលបានគម្រោង SATREPS ពីអង្គការ JICA និង JST របស់រដ្ឋាភិបាលជប៉ុន, សបញ្ជាក់ពីភាពត្រឹមត្រូវ, ទាំងផ្នែកដឹកនាំ គ្រប់គ្រង និង យុទ្ធសាស្រ្ត, របស់សាកលវិទ្យាល័យ។
[ចាប់ផ្ដើមសេចក្ដីអធិប្បាយ២]
ខ្ញុំសូមអរគុណដល់សាកលវិទ្យាល័យ ដែលជានិច្ចកាលបានផ្តល់អាហារូបករណ៍ប្រចាំឆ្នាំ ជូនដល់សម្តេចតេជោ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដើម្បីធ្វើការបែងចែកផ្តល់ឱកាសបន្តជូនទៅដល់និស្សិត កូនចៅប្រជាពលរដ្ឋដើម្បីបានរៀន។ មិនមែនតែអាហារូបករណ៍នេះទេ ក៏បានផ្តល់នូវលទ្ធភាព ដោយមានការជួយបន្ធូរបន្ថយថ្លៃសិក្សា។ នេះគឺជាការចូលរួមចំណែកសំខាន់។ ប្រវត្តិឯកឧត្តម ចេញពីកំចាយមារ ពី TVET ហើយទៅបើកនៅកន្លែងនោះ។ អញ្ចឹងយល់ច្បាស់អំពីសារៈសំខាន់នៃឱកាសសម្រាប់កូនចៅប្រជាពលរដ្ឋ។ ឱកាសខ្លួនឯងកើតមានហើយ ទៅខំដើម្បីរៀបចំកសាងបង្កើតសាលា ពង្រីកសាខា ផ្តល់ឱកាសកសាងធនធាន សាស្ត្រាចារ្យ ធនធានបុគ្គលិកសិក្សា គ្រូ ដើម្បីយកមកបណ្តុះបណ្តាលបន្ត។ នេះគឺជា(ការខិតខំមួយគួរអោយកើតសរសើ)។
[បញ្ចប់សេចក្ដីអធិប្បាយ២]
ខ្ញុំសូមលើកទឹកចិត្តដល់ ក្រុមប្រឹក្សាភិបាល ថ្នាក់ដឹកនាំ សាស្ត្រាចារ្យ គ្រូបង្រៀន និង បុគ្គលិកសិក្សា របស់សាកលវិទ្យាល័យគ្រប់គ្រង និង សេដ្ឋកិច្ច ឱ្យបន្តខិតខំពង្រឹងបេសកកម្មផ្តល់ការអប់រំបណ្តុះបណ្តាល ជាមួយនឹងចក្ខុវិស័យវែងឆ្ងាយ និង គុណតម្លៃច្បាស់លាស់, ផ្តោតលើគុណភាព និង នវានុវត្តន៍, ព្រមទាំងធានាឱ្យកម្មវិធីសិក្សា និង ការបណ្តុះបណ្តាលមានភាពបត់បែន ដើម្បីឆ្លើយតបទៅនឹងការវិវត្តនៃសេដ្ឋកិច្ច បច្ចេកវិទ្យា និង តម្រូវការទីផ្សារការងារ, ទាំងនៅថ្នាក់ក្រោមជាតិ និង ថ្នាក់ជាតិ។
សមិទ្ធផលរបស់ប្អូនៗនិស្សិតជ័យលាភីនាពេលនេះ មិនមែនជាការពុះពាររបស់ប្អូនៗតែម្នាក់ឯងនោះទេ, ប៉ុន្តែគឺជាផ្លែផ្កានៃការគាំទ្រ ការលះបង់ និង ការលើកទឹកចិត្ត របស់ មាតាបិតា អាណាព្យាបាល, ព្រមទាំង ការខិតខំ និង ទទួលខុសត្រូវខ្ពស់ របស់សាកលវិទ្យាល័យផងដែរ, ពោលគឺ «សញ្ញាបត្រមួយសន្លឹក គឺជាសមិទ្ធផលរួមគ្នា នៃការខិតខំរបស់និស្សិត, ការបង្រៀនរបស់សាស្ត្រាចារ្យ, និង ការលះបង់របស់អាណាព្យាបាល និង ក្រុមគ្រួសារ» របស់យើង។ ក្នុងន័យនេះ, ខ្ញុំសូមអបអរសាទរដល់និស្សិតជ័យលាភី, សូមកោតសរសើរដល់អាណាព្យាបាល, និង សូមថ្លែងអំណរគុណចំពោះ ថ្នាក់ដឹកនាំ សាស្ត្រាចារ្យ និង បុគ្គលិកសិក្សា នៃសាកលវិទ្យាល័យ ដែលបានរួមគ្នា បង្កើតបរិយាកាសសិក្សាប្រកបដោយគុណភាព, ផ្តល់ការណែនាំ និង ជំរុញនិស្សិតឱ្យអភិវឌ្ឍ, ទាំងចំណេះដឹង ជំនាញ និង គុណតម្លៃ, ដើម្បីត្រៀមខ្លួនចូលរួមក្នុងការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន សង្គមជាតិ និង មាតុភូមិនៃយើងទាំងអស់គ្នា។
ខ្ញុំជឿជាក់យ៉ាងមុតមាំថា ប្អូនៗនិស្សិតជ័យលាភីនឹងយកចំណេះជំនាញដែលក្រេបជញ្ជក់បានទៅបម្រើមាតុភូមិ ដោយប្រកាន់ខ្ជាប់នូវសីលធម៌វិជ្ជាជីវៈ វិន័យ និង មនសិការស្នេហាជាតិ។ ម៉្យាងទៀត, ការសិក្សាជាសកម្មភាពពេញមួយជីវិត ពីព្រោះ ពេលណាក៏ត្រូវរៀន, ក៏ត្រូវយល់ដឹង និង ក៏ត្រូវស្រាវជ្រាវ ដោយត្រូវចងចាំថា «យើងមិនរៀនដើម្បីតែបានសញ្ញាបត្រ, ប៉ុន្តែត្រូវរៀនដើម្បីឱ្យមានសមត្ថភាពនិងអាចធ្វើការបាន»។
[ចាប់ផ្ដើមសេចក្ដីអធិប្បាយ៣]
ដែលយើងហៅថាសញ្ញាឃើញ គឺសកម្មភាពនិងលទ្ធផលជាក់ស្ដែង ដែលបងប្អូននិស្សិតគ្រប់ៗរូប នឹងត្រូវបង្ហាញក្នុងសង្គម នៅកន្លែងការងារ អាជីវកម្មរបស់ខ្លួន គឺនៅក្នុងអ្វីៗ ដែលយើងនឹងធ្វើ។ សញ្ញាឃើញ និងសញ្ញាបត្រ វាត្រូវជួយគ្នាទៅវិញទៅមក។ បទពិសោធន៍នៃការរៀនសូត្របន្ថែមទៀត និងបង្កើតស្នាដៃបន្ថែមទៀត គឺជាការចាំបាច់សម្រាប់ការវិវត្តនៃការរៀនសូត្រលូតលាស់។
[បញ្ចប់សេចក្ដីអធិប្បាយ៣]
រាជរដ្ឋាភិបាលតែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះគុណភាពអប់រំនៅកម្ពុជា តាមរយៈ ការតាមដាន, វាយតម្លៃ និង កែលម្អជាប្រចាំ ដើម្បីអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីអប់រំនៅកម្ពុជា ប្រកបដោយ គុណភាព, ប្រសិទ្ធភាព, នវានុវត្តន៍, សមធម៌ និង ចីរភាព សំដៅធានាដល់ការអភិវឌ្ឍធនធានមនុស្ស ឱ្យមានជំនាញខ្ពស់ និង ឥរិយាបថល្អ សម្រាប់ឆ្លើយតបទៅនឹងតម្រូវការចំពោះមុខ ក៏ដូចជា និន្នាការតំបន់ និង សកល។ ចក្ខុវិស័យរបស់រាជរដ្ឋាភិបាល គឺមិនត្រឹមតែផ្តល់សញ្ញាបត្រដល់អ្នកសិក្សាប៉ុណ្ណោះទេ, ប៉ុន្តែត្រូវផ្តល់ចំណេះដឹង, ជំនាញ, បទពិសោធ, ឱកាសការងារ, សមត្ថភាពសម្របខ្លួន និង ឱកាសរៀនសូត្រពេញមួយជីវិត ដើម្បីឱ្យអ្នកបញ្ចប់ការសិក្សា អាចឈរជើងក្នុងទីផ្សារការងារ ដែលកំពុងផ្លាស់ប្តូរយ៉ាងឆាប់រហ័ស និង អាចក្លាយជាកម្លាំងចលករពិតប្រាកដនៃការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចជាតិ។
ជារៀងរាល់ឆ្នាំ, តម្រូវការសិក្សាថ្នាក់ឧត្តមសិក្សារបស់យុវជន និង យុវនារីកម្ពុជា មានការកើនឡើងយ៉ាងឆាប់រហ័ស, តម្រូវឱ្យរាជរដ្ឋាភិបាលសម្រេចអនុញ្ញាតឱ្យវិស័យឯកជន ចូលរួមផ្តល់សេវាអប់រំកម្រិតឧត្តមសិក្សា នាពេលកន្លងមក។ និន្នាការនេះ បានរីកចម្រើនយ៉ាងខ្លាំងចាប់ពីឆ្នាំ២០០២ រហូតមកដល់បច្ចុប្បន្ន ហើយបានឆ្លុះបញ្ចាំងពីភាពត្រឹមត្រូវផ្នែកយុទ្ធសាស្រ្តរបស់ សម្តេចតេជោ អតីតនាយករដ្ឋមន្រ្តី ក្នុងការដឹកនាំវិស័យអប់រំនៅកម្ពុជា។
បច្ចុប្បន្ន, គ្រឹះស្ថានឧត្តមសិក្សាឯកជន កំពុងបំពេញបន្ថែមឱ្យគ្រឹះស្ថានឧត្តមសិក្សា-សាធារណៈ បានយ៉ាងល្អ, ខណៈដែលគុណភាពអប់រំនៅកម្រិតឧត្តមសិក្សា ក៏មានការកែលម្អជាប្រចាំ ហើយបានឆ្លុះបញ្ចាំងតាមរយៈការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ ទាំងរូបវន្ត និង មិនរូបវន្ត, ការកែលម្អកម្មវិធីសិក្សា និង វិធីសាស្រ្តបង្រៀន, ការលើកកម្ពស់ការស្រាវជ្រាវ និង នវានុវត្តន៍, និងកិច្ចសហប្រតិបត្តិការ និងកិច្ចសហការ ឱ្យកាន់តែទូលំទូលាយ និង ស៊ីជម្រៅ ជាមួយនឹងគ្រឹះស្ថានឧត្តមសិក្សាតំបន់ និង អន្តរជាតិ។
ខ្ញុំសូមយកឱកាសនេះ ដើម្បីលើកទឹកចិត្ត និង ផ្តល់នូវទស្សនៈមួយចំនួន ដើម្បីរួមចំណែកដល់ការលើកកម្ពស់គុណភាពអប់រំ និង បណ្តុះបណ្តាលវិជ្ជាជីវៈ នៅកម្ពុជា ដូចខាងក្រោម ៖
ទី១. ក្រសួងអប់រំ យុវជន និង កីឡា ត្រូវបន្តពង្រឹងគុណភាពអប់រំចាប់ពីកម្រិតមធ្យមសិក្សា រហូតដល់កម្រិតឧត្តមសិក្សា តាមរយៈ ការធ្វើបច្ចុប្បន្នកម្មកម្មវិធីសិក្សា, ការកែលម្អវិធីសាស្ត្របង្រៀន និង ការធ្វើសុក្រឹតកម្មប្រព័ន្ធវាយតម្លៃ តាមរយៈ ការពង្រឹងប្រព័ន្ធធានាគុណភាព និង ទទួលស្គាល់គុណភាពអប់រំ ដែលអាចធានាបាននូវ ចំណេះដឹង, ជំនាញអនុវត្ត, ការគិតវិភាគ, ការដោះស្រាយបញ្ហា, ការធ្វើការងារជាក្រុមពហុវិជ្ជាជីវៈ, ភាពច្នៃប្រឌិត, និង សមត្ថភាពបត់បែនតាមសភាពការណ៍ជាក់ស្តែង។
ទី២. ក្រសួងអប់រំ យុវជន និង កីឡា ត្រូវបន្តបញ្ចូលជំនាញឌីជីថល, បញ្ញាសិប្បនិម្មិត, វិភាគទិន្នន័យ និង បច្ចេកវិទ្យាថ្មីៗ ទៅក្នុងកម្មវិធីសិក្សា ទៅតាមកម្រិតសមស្រប, ព្រមទាំង ត្រូវពង្រឹងសមត្ថភាពគ្រូបង្រៀន និង សាស្ត្រាចារ្យ ក្នុងការប្រើប្រាស់បច្ចេកវិទ្យា ជាពិសេស បច្ចេកវិទ្យាឌីជីថល ដើម្បីឱ្យប្រព័ន្ធអប់រំកម្ពុជា អាចឆ្លើយតបបានកាន់តែប្រសើរទៅនឹង តម្រូវការទីផ្សារការងារ, និង ការអភិវឌ្ឍសង្គម សេដ្ឋកិច្ច ក្នុងបរិការណ៍នៃបដិវត្តឧស្សាហកម្មទី៤, បរិវត្តកម្មឌីជីថល, និង ការផ្លាស់ប្តូរនិម្មាបនកម្មសេដ្ឋកិច្ចតំបន់ និង សកល។
ទី៣. ក្រសួងអប់រំ យុវជន និង កីឡា, និង ក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ ត្រូវបន្តធ្វើទំនើបកម្មការអប់រំ និង បណ្តុះបណ្តាលវិជ្ជាជីវៈ ដោយផ្តោតលើមុខជំនាញដែលមានតម្រូវការខ្ពស់ និង ជំនាញសម្រាប់ឧស្សាហកម្មអនាគត, ដោយត្រូវពង្រឹងការផ្សារភ្ជាប់ការរៀន និង ការអនុវត្ត និង ការរៀននៅកន្លែងការងារ ដើម្បីធានាថា អ្នកបញ្ចប់ការបណ្តុះ-បណ្តាលដោយជោគជ័យ អាចចូលក្នុងទីផ្សារការងារដោយរលូន។
ទី៤. ក្រសួងអប់រំ យុវជន និង កីឡា, និង ក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ ត្រូវពង្រឹងការប្រមូល និង វិភាគទិន្នន័យអំពីការងារ, តម្រូវការតាមមុខជំនាញ, ប្រាក់ឈ្នួល, ផលិតភាព និង និន្នាការទីផ្សារការងារ ដើម្បីផ្តល់ជាមូលដ្ឋានវិទ្យាសាស្រ្តសម្រាប់ការរៀបចំគោលនយោបាយស្តីពីការអប់រំ និង បណ្តុះបណ្តាលវិជ្ជាជីវៈ, កំណត់មុខជំនាញអាទិភាព, និង ផ្តល់ព័ត៌មានជាក់លាក់ដល់យុវជនក្នុងការសម្រេចចិត្តជ្រើសរើសមុខជំនាញ និង អាជីព។
ទី៥. ក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ និង ក្រសួងអប់រំ យុវជន និង កីឡា ត្រូវសម្របសម្រួលជាមួយក្រសួង ស្ថាប័ន និង អង្គភាពពាក់ព័ន្ធនឹងវិស័យផលិតកម្ម និង សេវាកម្ម និង វិស័យឯកជន ដើម្បីកំណត់តម្រូវការធនធានមនុស្សតាមវិស័យ ដើម្បីកសាងនូវបញ្ជីតម្រូវការធនធានមនុស្សនៅកម្ពុជា, តាមរយៈពេល ខ្លី និង វែង។ ទន្ទឹមនេះ, ត្រូវរៀបចំយន្តការដែលសម្រួលឱ្យវិស័យឯកជនចូលរួមកាន់តែសកម្ម ក្នុងការកំណត់តម្រូវការជំនាញ, ការរៀបចំកម្មវិធីសិក្សា, ការផ្តល់កន្លែងកម្មសិក្សា, ការបណ្តុះបណ្តាលជាក់ស្តែង, និង ការស្រាវជ្រាវអនុវត្ត ដើម្បីធានាថា ការអប់រំបណ្តុះបណ្តាល ផ្សារភ្ជាប់ទៅនឹងសកម្មភាពផលិតកម្ម និង អាជីវកម្មជាក់ស្តែង។
[ចាប់ផ្ដើមសេចក្ដីអធិប្បាយ៤]
(៤) ជាខេត្តជាប់ព្រំដែន បាត់ដំបងប្រឈមបញ្ហាមិនបានព្យាករណ៍ទុកពីរ គឺសង្គ្រាមឈ្លានពាន និងទឹកជំនន់
មុននឹងបញ្ចប់ អនុញ្ញាតឱ្យខ្ញុំយកឱកាសនេះធ្វើការកោតសរសើរចំពោះរដ្ឋបាលខេត្តបាត់ដំបង មន្ទីរជំនាញ មន្ត្រីរាជការគ្រប់ថ្នាក់ អាជ្ញាធរគ្រប់ថ្នាក់ ខេត្ត ស្រុក/ក្រុង ឃុំ កងកម្លាំងប្រដាប់អាវុធទាំងអស់នៅក្នុងខេត្ត ដែលបានខិតខំធ្វើការដោយសកម្មជម្រុញការអភិវឌ្ឍលើគ្រប់វិស័យ និងបានខិតខំប្រឹងប្រែងជួយប្រជាពលរដ្ឋគ្រប់កាលៈទេសៈ។ បាត់ដំបង ជាខេត្តមួយក្នុងចំណោមខេត្តតាមព្រំដែនកម្ពុជា-ថៃ។ ក្នុងរយៈពេលជាងមួយឆ្នាំនេះ បានប្រឈមបញ្ហាដែលមិនបានព្យាករណ៍ទុកធំៗ ជាច្រើន ក្នុងនោះបញ្ហាធំពីរដែលយើងជួប។ ទី១៖ សង្គ្រាមឈ្លានពានដែលប៉ះពាល់ដល់បណ្តាស្រុក និងសេដ្ឋកិច្ចតាមព្រំដែន។ ទី២៖ ទឹកជំនន់។ អញ្ចឹង បាត់ដំបងជាខេត្តជួរមុខដែលត្រូវប្រឈមផ្ទាល់ជាមួយបញ្ហា។ ប្រជាជនអ្នកខេត្តបាត់ដំបងក៏ជាអ្នកដែលប្រឈមផ្ទាល់ជាមួយកិច្ចការនិងបញ្ហាដែលយើងបានមិនរំពឹងទុក នៅក្នុងឆ្នាំ២០២៥-២០២៦។ សង្ឃឹមថា ២០២៦នេះ អ្វីដែលអាក្រក់នឹងចប់អស់ ហើយឆ្នាំ២០២៧ នឹងនាំមកនូវសេចក្តីសុខ ការរីកចម្រើនដល់អ្នកខេត្តបាត់ដំបង និងដល់ទូទាំងប្រទេស។ យើងមិនអាចត្រឹមតែបន់ស្រន់ទេ។ យើងត្រូវខិតខំរក្សា បង្កាកុំឱ្យភាពឈឺចាប់កើតឡើងវិញទៀត ដោយការដាក់ចេញវិធីសាស្ត្រដោះស្រាយនិងបន្តខិតខំពង្រឹងខ្លួនឯងលើគ្រប់វិស័យ។
(៥) ដៃម្ខាងជួយគ្នាទប់ខាងផ្នែកកងទ័ព ដៃម្ខាងជួយដល់ប្រជាពលរដ្ឋភៀសពីសង្គ្រាមនិងទឹកជំនន់
យើងមិនអាចអង្គុយចាំទេវតាប្រទានពីលើមេឃ ឬមួយក៏ខែភ្ជុំបិណ្ឌ ដូនតាឱ្យពរមក បង្កើតអី្វៗឱ្យយើងក្រៅពីយើងខំព្រឹងធ្វើខ្លួនឯងនោះទេ។ ជាក់ស្តែង ក្នុងដំណាក់កាលនៃការផ្ទុះអាវុធកន្លងទៅនេះ បណ្តាស្រុកមួយចំនួននៅតាមព្រំដែនរបស់ខេត្តមានភ្នំព្រឹក កំរៀង សំឡូត មានការប្រយុទ្ធគ្នា ការប្លោង ការវាយចូលលើចំណុចមួយចំនួន ប៉ុន្តែមិនធ្ងន់ដូចនៅបន្ទាយមានជ័យ ឧត្តរមានជ័យ ព្រះវិហារ និងពោធិ៍សាត់ទេ។ ទីតាំងនៅតាមព្រំដែន បង្ក(ឱ្យ)ប្រជាពលរដ្ឋអ្នកបាត់ដំបងមានជនភៀសសឹកមួយចំនួនដែលត្រូវការជួយជាប្រចាំ។ កងកម្លាំងប្រដាប់អាវុធរបស់យើង កងកម្លាំងនគរបាល កងទ័ព អាវុធហត្ថ រួមជាមួយប្រជាពលរដ្ឋ មន្ត្រីរាជការ ប្រជាការពារ បានខិតខំជួយគ្នា។ ដៃម្ខាងទប់ខាងផ្នែកកងទ័ព ដៃម្ខាងជួយដល់ប្រជាពលរដ្ឋ។ ទឹកជំនន់ក៏ដូចគ្នា។ កាលពីប៉ុន្មានថ្ងៃមុន ខ្ញុំទៅបន្ទាយមានជ័យ។ មកហ្នឹងគឺខ្ញុំលួចមក។ ពាក្យថា «លួចមក» គេឆ្ងល់ថា ចុះទៅណា ម្តេចក៏លួចទៅ។ ម៉េចខ្លាចម៉្លេះ? ខ្ញុំថា មិនខ្លាចទេ។ ដែលខ្ញុំខ្លាច មិនមែនរឿងសុវត្ថិភាពទេ។ ខ្ញុំខ្លាចរឿងរំខានគេ។ កំពុងតែទឹកជំនន់ បើសិនជាប្រកាសនាយករដ្ឋមន្ត្រីចុះមក ខ្ញុំហ៊ានភ្នាល់ ១០០ភាគរយ ទោះបទបញ្ជាមិនឱ្យពង្រាយកម្លាំងការពារ ក៏កម្លាំងមួយចំនួនត្រូវតែការពារដែរ។ បងប្អូនរត់មកកន្លែងការពារ នាយករដ្ឋមន្ត្រីចុះមក។ តើនរណាទៅជួយ បើដកកម្លាំងចុះឡើង ឬមួយក៏ត្រូវដឹក។ យើងមិនចង់បង្កបន្ទុកបន្ថែម(សម្រាប់ពួកគាត់)។ តាំងពីខ្ញុំនៅជើងគោក ក៏ដូចតែគ្នាទេ។ ទៅណាតែ ២ឡានហ្នឹងឯង។ រឿងសុវត្ថិភាពផ្ទាល់ខ្លួននៅក្នុងប្រទេសខ្មែរ ទឹកដីខ្មែរ វាគ្មានអី(បារម្ភ)ទេ។
(៦) “មិនថានៅព្រំដែន និង/ឬក្នុងប្រទេស … អង្គរក្សពេញផ្លូវ (គឺ)ប្រជាពលរដ្ឋ”
មានម្តងនៅកំពង់ចាម។ កាលណោះឃោសនាបោះឆ្នោតឆ្នាំ២០១៣។ យប់បានឡើងពីត្បូងឃ្មុំទៅកងមាស។ ទៅដល់ផ្លូវមួយឡានវារអិល។ ផ្លូវទើបឈូសថ្មី។ ដល់ពេលភ្លៀង ភក់វារអិល ក៏ធ្លាក់(ផ្លូវ)។ គ្នាប៉ុន្មាននាក់រុញមិនរួច។ ខ្ញុំឡើងបើក(ម្តង) ព្រោះតៃកុងគាត់រៀងមិនសូវ(ចំណាប់)។ ខ្ញុំឡើងបើកតែមិនទាន់ផុត ព្រោះវានៅជ្រៅ។ អ៊ំម្នាក់ដើរមកអើតមើលពីចម្ងាយ។ ឃើញតាមកញ្ចក់ គាត់ថា៖ “ចុម! ហ៊ុន ម៉ាណែត”។ គាត់រត់ទៅភូមិបាត់។ ខ្ញុំថាចុំ ម៉េចអញ្ចឹង? កាលពេលនោះម៉ោង៩។ ងងឹតឈឹង។ ប្រហែលជា១០នាទីក្រោយមក គាត់មក(ជាមួយគ្នីគ្នាសឹងតែ)មួយភូមិ យកខ្សែយកអីមកជួយ។ គាត់ជួយទាញឡានឡើង។ ខ្ញុំថា “បើយើងធ្វើអំពើល្អ យើងធ្វើការងារជួយប្រជាពលរដ្ឋ យើងគ្មានទៅខ្លាចស្អីទេ”។ មានអ្នកសម្ភាសន៍សួរខ្ញុំ “អ្នកឯងដើរ(អត់បានបារម្ភសុវត្ថិភាពទេ)”។ កាលនៅមេជើងគោក ទៅណាខ្ញុំអត់មានអង្គរក្សអីទេ មានតែតៃកុងឡានមួយ អង្គរក្សមួយ។ គ្មានម៉ូតូនិងឡានបិទគូទអីទេ។ គេសួរអ្នកឯងទៅអញ្ចឹងអត់អីទេ? ពេលដែលខ្ញុំជាបេក្ខជននាយករដ្ឋមន្ត្រី គេថាអ្នកឯងដើរទៅណាមិនបារម្ភទេ? នៅអាមេរិក បើសិនជាប់ជាបេក្ខជន ឬមួយក៏ជាអីហ្នឹងគេចាប់ផ្តើមឱ្យអង្គរក្សឱ្យអីទៅការពារព្រោះគេខ្លាចមានរឿង។ ខ្ញុំថា អង្គរក្សខ្ញុំពេញផ្លូវ(គឺ)ប្រជាពលរដ្ឋ។ ខ្ញុំនិយាយបទពិសោធន៍មួយនេះប្រាប់ទៅគាត់។ មិនថានៅព្រំដែននិង/ឬក្នុងប្រទេស ការចុះទៅស្ងាត់អញ្ចឹងស្រួល … ថ្ងៃមុនខ្ញុំទៅដល់កោះកុង ដែលជាកន្លែងទេសចរណ៍ធម្មជាតិមួយអត់ទាន់មានស្ពានគឺជីផាត។ ខ្ញុំទៅដល់ និងឆ្លងសាឡាងមកវិញ។ អត់មាននរណាដឹងទាំងអស់។ ថ្ងៃក្រោយ ខ្ញុំបង្ហោះវីដេអូមួយ។ ខ្ញុំបានទៅមើលទេសភាព។ មានអ្នកទាយ(ថាខ្ញុំ)នៅកោះកុង នៅកំពតនៅអីផ្សេងៗ។ យើងទៅមើលស្ថានភាពជាក់ស្តែង ការវិវត្តនៅកន្លែងនោះយ៉ាងម៉េច ហើយថ្ងៃក្រោយយើងគ្រោងយ៉ាងម៉េច។ សំខាន់បំផុតអត់រំខាន។ បើសិនជាខ្ញុំប្រាប់ព័ត៌មានថាទៅមុន ប្រហែលជាអភិបាលស្រុកអត់បានធ្វើការទេថ្ងៃហ្នឹង។ ប្រាកដជាចុះមកចាំហើយ។ មេឃុំ(ក៏មកចាំដូចគ្នា)។ យើងទៅធ្វើការជាមួយប្រជាពលរដ្ឋ។ នេះគឺជាការល្អ។
(៧) មិនថាជាសង្គ្រាមនិង/ឬទឹកជំនន់ អភិក្រមរបស់រាជរដ្ឋាភិបាលគឺសង្គ្រោះជីវិតជាអាទិភាព
ថ្ងៃមុន មកបាត់ដំបងនេះ អភិបាលខេត្តដឹង។ ថាអត់ឱ្យ(ផ្សព្វផ្សាយ)ទេ ដើម្បីកុំឱ្យរំខានប្រជាពលរដ្ឋ។ ទឹកកំពុងតែជន់ផង កុំហៅប្រជាពលរដ្ឋមកស្វាគមន៍អី។ មិនបាច់ទេ។ កន្លែងណាទៅដល់យើងទៅៗ។ ទៅបន្ទាយមានជ័យក៏អត់បាន(អោយមកទទួល)ដែរ។ គេនាំទៅមើលកន្លែងដែលលិចជិតអូរ នៅក្នុងបុរីមួយ។ វាដល់កន្លែងណា ស្ថានភាពយ៉ាងម៉េច។ ចុះទៅបែបនេះគឺជាកិច្ចការ(ដែលស្រួល)។ ខ្ញុំឃើញនៅកន្លែងនេះ ការជួយរបស់ខេត្ត របស់អាជ្ញាធរ ប៉ូលិស ប៉េអឹម ទៅមើលឯកភ្នំ ប៉ុន្តែមិនមែនតែឯកភ្នំនិងក្រុងបាត់ដំបងទេដែលលិច។ នៅ ១៤ ស្រុក/ក្រុង។ ឯកឧត្តមអភិបាលបានរាយការណ៍ឱ្យខ្ញុំជាប្រចាំអំពីស្ថានភាពពីមុនទឹកជំនន់ ស្ថានភាពព្រំដែន នៅកន្លែងណាមានបញ្ហាអី កងទ័ពយើងយ៉ាងម៉េចអីយ៉ាងម៉េច។ ពេលទឹកជំនន់ កងកម្លាំងបានចេញទៅសង្គ្រោះប្រជាពលរដ្ឋ។ ខ្ញុំតាមជាប់ជាប្រចាំ។ មកដល់ម៉ោងនេះ ស្ថានភាពដែលខ្ញុំថាបញ្ហាប្រឈមពីរដែលយើងមិនព្រាងទុកនោះ ព្រោះមិនអាច(ស្ថិតក្នុងការ)កំណត់របស់យើង។ (១) សង្គ្រាមឈ្លានពានក៏យើងមិនបានកំណត់។ យើងគិតថាមិនមានផ្ទុះអាវុធខាងលើ មានដឹងថាមកខាងមួយជួរព្រំដែនទាំងមូលឯណា។ ទី២៖ ទឹកជំនន់។ យើងមិនអាចទៅប្រាប់ទេវតា សូមបួងសួងទេវតាថាកុំឱ្យ(មាន)ទឹក(ជំនន់បានទេ)។ អ្នកខ្លះថាមកពីអ្នកណាទេបួងសួងខ្លាំងពេកទេ។ ទឹកមកច្រើន។ ប៉ុន្តែ មកដល់ម៉ោងនេះ ទឹកក៏បានស្រកមួយចំនួនទៅហើយ។ នៅប្រទេសជិតខាងយើងនៅឡើយទេ។ មកដល់ម៉ោងនេះ ទឹកបានស្រក យើងបានចាប់ផ្តើមស្តារឡើងវិញ។ ការខិតខំជួយទៅដល់ប្រជាពលរដ្ឋ គឺជាកិច្ចការសំខាន់។ នៅខេត្តបាត់ដំបង (កិច្ចការ)អាទិភាពដែលត្រូវ(ធ្វើគឺ)ទាំងពីរ មិនថាជាសង្គ្រាមនិងទឹកជំនន់។ រឿងទាំងពីរនេះជាអាទិភាពរាជរដ្ឋាភិបាលតែមួយទេ។ អភិក្រមដូចគ្នាគឺ(សង្គ្រោះ)ជីវិតមុនគេ។ ធ្វើអីក៏ដោយ កុំគិតស្តាយសម្ភារៈស្តាយអី។ បើគ្រាប់មកហើយ ជម្លៀសប្រជាជនឱ្យផុតសិនទៅ (ទឹកមកហើយ)រកទួលសុវត្ថិភាព។ ទឹកជំនន់បុកមក ទៅសង្គ្រោះគាត់ឱ្យបានផុតសិន។ រឿងពូកលិចពូកអីហ្នឹង ចាំថ្ងៃក្រោយយកហាលទៅ។ ជួយជីវិតគាត់សិន។ ថ្ងៃមុនខ្ញុំទៅដល់បន្ទាយមានជ័យ ជួបអ៊ំមកពីស្ទឹងបត់។ ពីល្ងាចទឹកឡើងធម្មតា … អ៊ំស្រីម្នាក់ថា គាត់អត់ទៅទេ ទឹកឡើងតិចៗ មិនអីទេ។ ទឹកបុកមកខ្លាំង គាត់មកទាំងចងពុង។ កម្លាំងយើងលីគាត់មកតែម្ដង។
(៨) សំរាប់ប្រជាជនភៀសសឹក ដោះស្រាយជាក់ស្តែងកន្លែងអាចត្រឡប់ទៅវិញបាននិងកន្លែងត្រូវរង់ចាំ, ឯទឹកជំនន់ កន្លែងទឹកស្រក បើផ្លូវខូច ត្រូវស្តារ/ជួសជុល បើដំណាំខូច ត្រូវគិតគូរពូជ …
អាទិភាពទី១ គឺជីវិត។ ទី២ គឺសុខទុក្ខ។ មានន័យថាជម្លៀសគាត់ចេញពីកន្លែងគ្រោះថ្នាក់ហើយ (មកដល់)ទួលសុវត្ថិភាព។ ជំនាន់សង្គ្រាម ជួយឱ្យចេញផុតពីកន្លែងគ្រាប់ប្លោង។ ទឹកជំនន់ ចេញពីកន្លែងលិច មករកកន្លែង/តំបន់ណាមួយ(សុវត្ថិភាព)ដែលអាចធ្វើបាន (ដោយ)គិតគូរអំពីការហូបចុក ជម្រក និងសុខភាពរបស់គាត់។ ៧០ម៉ឺននាក់ទូទាំងប្រទេសមិនធម្មតាទេ។ ប៉ុន្តែការសហការរបស់យើង ការចូលរួមរបស់ប្រជាពលរដ្ឋ ទាំងសប្បុរសជន ព្រះតេជគុណព្រះសង្ឃគ្រប់កន្លែង ទាំងក្រៅក្នុងក្រុងប្រទេស ជាកម្លាំងចិត្តមួយធំ បូកជាមួយកងកម្លាំងប្រដាប់អាវុធ អាជ្ញាធរមូលដ្ឋានរបស់យើង បានធ្វើការងារល្អ និយាយដោយឡែកគឺខេត្តបាត់ដំបង ក៏បានចូលរួមធ្វើកិច្ចការនេះបានល្អ។ នេះគឺជាអាទិភាពអភិក្រមនៃការដោះស្រាយ។ បន្ទាប់មកគឺការគិតគូរស្តារឡើងវិញ។ ម្សិលមិញខ្ញុំបាន(បកស្រាយ)ហើយ ខ្ញុំអត់ចាំបាច់រំលឹកទេ។ ការស្តារឡើងវិញសម្រាប់ប្រជាជនភៀសសឹក កន្លែងណាដែលអាចត្រឡប់ទៅវិញបាន កន្លែងណាដែលនៅរង់ចាំយើងដោះស្រាយយ៉ាងម៉េច រយៈពេលបឋម ក្នុងដំណាក់កាលនៃការចរចា ទាមទារទឹកដី។ ទឹកជំនន់ដូចគ្នា កន្លែងដែលស្រកត្រឡប់ទៅវិញ បើសិនជាផ្លូវខូច យើងត្រូវស្តារឡើងវិញ។ បើសិនជាដំណាំខូច ត្រូវគិតគូរស្រូវពូជ ពូជដំណាំជូនគាត់ ដើម្បីធ្វើយ៉ាងម៉េចស្តារឡើងវិញ។ មិនថាសង្គ្រាម មិនថាទឹកជំនន់ ឬគ្រោះអាសន្នកម្រិតណាទេ អភិក្រមរបស់រាជរដ្ឋាភិបាលនៅ(កំណត់យក)មនុស្សជាអាទិភាពចម្បង។ ក្នុងមនុស្សនោះ គឺជីវិតជាអាទិភាពទី១ ដែលយើងត្រូវយកចិត្តទុកដាក់។ ទ្រព្យសម្បត្តិ ស្អីៗផ្សេងៗ អាហ្នឹងអាទិភាពបន្ទាប់បន្សំ …។
(៩) អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ គ្រប់គ្រងគ្រោះមហន្តរាយ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទម្លាក់ Kits សង្គ្រោះដល់ខេត្តពាក់ព័ន្ធបានទាន់ពេលវេលា
មកដល់ម៉ោងនេះ ខ្ញុំគិតថា នៅទូទាំងប្រទេស និយាយដោយឡែកនៅខេត្តបាត់ដំបង ដែលជាខេត្តមួយក្នុងចំណោមខេត្តជួរមុខនេះ គឺបានអនុវត្ត(កិច្ចការទាំងអស់នេះ)ល្អ។ ឃើញទឹកជំនន់ដូចជាអកុសល។ ម្សិលមិញយើងមានមេភូមិម្នាក់ដែលលិចទូក ប៉ុន្តែជាទូទៅ អត់មានប្រជាពលរដ្ឋណាដែលថាទឹកបុកមកភ្លាមត្រូវបាត់ទៅតាមទឹកទេ។ មានអ្នកជិះម៉ូតូធ្លាក់ទឹក ប៉ុន្តែ(ដែលថាជា)បន្ទុក មិនអាចទាហានទៅជម្លៀសចេញមកបាន ទើលើដំបូល ឬមួយក៏ទឹកវាធ្វើឱ្យរសាត់ទៅ គឺអត់មានទេ។ យើងដោះស្រាយទាន់។ នៅបាត់ដំបងភាគច្រើនអត់ដូចបន្ទាយមានជ័យទេ។ បន្ទាយមានជ័យលិចធំ។ នៅឯកភ្នំ នៅក្នុងផ្ទះ គាត់អាចនៅបន្តបាន ប៉ុន្តែមានស្រុកខ្លះដែរ ដែលត្រូវជម្លៀស។ ខ្ញុំសូមយកឱកាសនេះ ធ្វើការកោតសរសើរនិងការវាយតម្លៃខ្ពស់ និងអរគុណម្តងទៀតចំពោះ អាជ្ញាធរ ខេត្ត ស្រុក ក្រុង កងកម្លាំងប្រដាប់អាវុធទាំងអស់ អាជ្ញាធរនិងស្ថាប័នថ្នាក់ជាតិ អាជ្ញាធរជាតិ គ្រប់គ្រងគ្រោះមហន្តរាយ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុដែលទម្លាក់នូវឃីតជួយសង្គ្រោះមកតាមខេត្តដែលពាក់ព័ន្ធ បានទាន់ពេលវេលា។ ក្រសួងស្ថាប័នពាក់ព័ន្ធក៏ត្រូវត្រៀមលក្ខណៈជួយស្តារឡើងវិញ មិនថាតែហេដ្ឋារចនាសម្ព័ន្ធ ឬមួយក៏ដំ ណាំស្រូវនោះទេ។ ឆ្នាំនេះទឹកធំ។ ឆ្នាំខ្លះយើងមានទឹកធំទឹកភ្លៀង តែទឹកទន្លេមិនសូវ។ អញ្ចឹង ល្បឿនហូរទៅវាលឿន។ ឆ្នាំខ្លះទន្លេធំ ភ្លៀងវាមិនសូវ។ ឆ្នាំនេះធំទាំងទន្លេ ទឹកភ្លៀងក៏ច្រើន។ ប៉ុន្តែទឹកភ្លៀង ទឹកជំនន់ក្នុងរយៈពេលខ្លី ក៏មិនដូចជាសង្គ្រាមរយៈពេល ២១ថ្ងៃដែរ។
(១០) ធ្លាប់មានប្រវត្តិសង្គ្រាមបរទេសវាយកាន់កាប់ ២ដង អ្នកបាត់ដំបងយល់ពីហានិភ័យនិងគ្រោះសង្គ្រាម
ក្នុងសង្គ្រាមរយៈពេល ២១ថ្ងៃ ខ្ញុំសូមសួរអ្នកបាត់ដំបងបន្តិច “ប៉ុន្មាននាក់ដែលនៅក្នុងតំបន់រង្វង់នៃគ្រាប់ប្លោងចូលមក? អត់មានទេ?”។ បានន័យថា ម្ដុំភូមិ ឃុំស្រុកយើងមានទម្លាក់គ្រាប់ ឬមាននរណាមកពីបាណន់ឬទេ? បាណន់ហ្នឹងដូច F-16 មកទម្លាក់នៅភ្នំតូច។ ប៉ុន្តែ ប្រហែលជាអត់នៅក្បែរផ្ទះទេ។ មើលប៉ុន្មាននាក់ភ័យ ពេលវាយគ្នា ២១ថ្ងៃហ្នឹង? អត់ភ័យទេ? មើលប៉ុន្មាននាក់លើកដៃ។ ភ័យទេ? ពីក្មេងឮតែ B-52។ ឥឡូវគេលែងស្គាល់ B-52 ហើយ។ គេស្គាល់ F-16។ ប៉ុន្មាននាក់ដែលមានអារម្មណ៍ភ័យខ្លាចកាលពីមិនទាន់ចប់ថ្ងៃ២៧ខែធ្នូ វាយគ្នាលើកទី២? ឬវាយលើកទី១។ ប៉ុន្មាននាក់ដែលថា យប់ហ្នឹងកើតអីទៀតហើយ ស្អែកកើតអីទៀតហើយ? មានទេ? ប៉ុន្មាននាក់ដែលតឹងទ្រូងថា សង្គ្រាមកំពុងតែវាយគ្នារាល់ថ្ងៃ? ទាំងអស់គ្នាឬ? … ទាំងអស់គ្នាតឹងទ្រូង។ ឃើញទម្លាក់កាន់តែជ្រៅទៅៗ ហើយ។ មិនដឹងថ្ងៃណាដល់ក្រុងទេ។ ប៉ុន្មាននាក់ថា បើសិនជាទៅមុខទៀត អាចគេទម្លាក់ដល់ក្រុង? មើលប៉ុន្មាននាក់លើកដៃមើល។ ដែលគិតពេលនោះ កុំគិតពេលឥឡូវ។ គិតពេលនោះ ព្រោះមួយថ្ងៃៗ កាន់តែចូលមកជ្រៅ។ មើលប៉ុន្មាននាក់ដែលគិតថា បាត់ដំបងអាចក្លាយជាគោលដៅ ជាពិសេសទីបញ្ជាការភូមិភាគ៥ នៅបាត់ដំបងនេះ? មើលប៉ុន្មាននាក់ដែលគិត? ប៉ុន្មាននាក់ដែលនៅក្បែរទីបញ្ជាការភូមិភាគ? មាននៅអត់ពេលនោះ? នៅ។ ប៉ុន្តែ សង្ឃឹមថាគេមិនមក? ព្រោះបាត់ដំបងធ្លាប់ទម្លាក់គ្រាប់បែកឆ្នាំ១៩៤១ ពេលដែលបារាំងវាយជាមួយសៀម។ ធ្លាប់មានប្រវត្តិ ព្រោះសង្គ្រាមវាយកាន់កាប់ទៅបាត់ដំបងមាន ២ដងហើយ។ ខ្ញុំជឿថា បងប្អូនយល់អំពីហានិភ័យនិងគ្រោះនៃសង្គ្រាម។ កាលមុនគេថាក្មេងកើតក្រោយគ្រាប់ប្លោង ក្រោយជំនាន់អ៊ុនតាក់ ឬអ្នកកើតឆ្នាំ២០០០។
(១១) “សន្តិភាពមានតម្លៃបំផុតពេលដែលបាត់វា” … សង្ឃឹមថាពីពេលនេះទៅគ្រោះចង្រៃរសាត់អស់ពីកម្ពុជា
ឥឡូវមិនមែនក្រោយគ្រាប់ប្លោងទេ។ យើងអាចថាជំនាន់នេះ ជំនាន់ក្នុងគ្រាប់ប្លោង និងគ្រាប់ទម្លាក់ ដែលមិនមែនជាមោទនភាពសម្រាប់យើងទេ តែវាកើតរួចទៅហើយ។ អ្នកដែលស្គាល់តម្លៃពិតប្រាកដនៃសន្តិភាព ដែលខ្ញុំនិយាយពេលមុន វាទាល់តែពេលពាក្យសន្តិភាពហ្នឹងវាបាត់។ ក្នុងរយៈពេល ២១ថ្ងៃ ជាពិសេសវាយលើកទី២នេះ ពាក្យនោះបានត្រូវបាត់ទៅហើយ ជាពិសេសនៅខេត្តបាត់ដំបងតែម្តង។ ពេលនោះ ប្រហែលបងប្អូនកាន់តែយល់ច្បាស់ថា តើពាក្យមួយម៉ាត់ «សន្តិភាព» នេះមានតម្លៃយ៉ាងណា គឺនៅពេលដែលវាបាត់។ មួយថ្ងៃៗ អង្គុយតែបុកពោះថា មិនដឹងចូលជ្រៅដល់ណា។ ឃើញតែដ្រូនហោះពេញក្រុង។ មិនដឹងស្អែកឡើងគេចូលកន្លែងណាទៀត។ ដល់តែភ័យដ្រូនពេក ឃើញយន្តហោះៗ ក៏ថាដ្រូនដែរ។ មើលនរណាថា យន្តហោះៗក៏ឃើញដ្រូន ដល់ភ័យពេក? និយាយជាមួយអ្នកដែលស្គាល់សង្គ្រាម ដែលមិនចង់បានសង្គ្រាម ជាមួយអ្នកជួបផ្ទាល់ អ្នកខេត្តបាត់ដំបងគឺជាអ្នកជួរមុខ ជាអ្នកដែលជួបផ្ទាល់។ អញ្ចឹង យល់ហើយថា ហេតុអ្វីបានជាយើងតែងតែប្រើពាក្យ «អរគុណសន្តិភាព»។ អ្វីទៅដែលជាតម្លៃសន្តិភាព? សន្តិភាពនោះគឺមានតម្លៃបំផុត ពេលដែលវាបាត់។ ជាក់ស្តែង ២១ថ្ងៃ រួចទៅហើយ។ បើសម្រាប់អ្នកនៅខាងឧត្តរមានជ័យ ខាងព្រះវិហារ ២៧ថ្ងៃ ស្គាល់តាំងពីប៉ុន្មានឆ្នាំមុនទៀត។ នេះគឺជាការដោះស្រាយ ដាក់ទិសដៅទៅមុខ ដោយថែរក្សា ដាក់អភិក្រមឲ្យច្បាស់ ដែលសង្ឃឹមថា ២០២៧ នេះ ចាប់ផ្តើមទៅ ឬមួយក៏ចាប់ផ្តើមពីពេលនេះទៅ គ្រោះអាក្រក់ចង្រៃឲ្យវាអស់ពីទូទាំងប្រទេសកម្ពុជា រួមទាំងខេត្តបាត់ដំបង។
(១២) ដោះស្រាយបូរណ៌ភាពទឹកដី ដោយជ្រើសយកអភិក្រមមិនស្លាប់/របួស បង្កលក្ខណៈប្រកបរបរ ស្តារសេដ្ឋកិច្ចឡើងវិញ
កុំឲ្យ F-16 គ្រាន់ផ្លោង155 ដ្រូនហោះស៊ើបការណ៍ វាយប្រហារ ប្រជាពលរដ្ឋគេចគ្រាប់ មិនដឹងអនាគតយ៉ាងណា។ ខ្ញុំជឿថា ពេលវាយគ្នានោះ គ្មានអារម្មណ៍រៀនទេ។ មើលប៉ុន្មាននាក់ព្រឹកឡើង ស្អីទៀតហើយថ្ងៃនេះ? គ្រាន់តែឃើញវាយទៀតហើយ ផ្ទុះទៀតហើយ អ្នកខ្លះងើបមិនរួចពីគ្រែ បាក់ទឹកចិត្ត។ ថាខ្ញុំចុះអ្នកដោះ(បញ្ហា ត្រូវ)អង្គុយមើល តាមហេតុការណ៍ជាប់។ មានប្អូនម្នាក់ ប្រជាពលរដ្ឋយើងនៅភ្នំពេញហ្នឹងថា ព្រឹកឡើងគ្រាន់តែឃើញហ្នឹងបាក់ទឹកចិត្ត … ទោះបីថ្ងៃរះ មេឃស្រឡះម៉េច ក៏មើលទៅដូចមេឃពពកខ្មៅដែរ។ មើលនរណាមានអារម្មណ៍អញ្ចឹង ពេលដែលគ្រាប់កំពុងតែធ្លាក់? (យើងធ្វើ)កុំឲ្យពពកខ្មៅតទៅទៀត។ (បូរណភាព)ទឹកដី ជាកាតព្វកិច្ចរបស់រាជរដ្ឋាភិបាល ត្រូវតែដោះស្រាយ ប៉ុន្តែយើងរើសវិធីដែលមិនស្លាប់ មិនរបួស បង្កលក្ខណៈឲ្យបងប្អូនប្រកបរបរ ស្តារឡើងវិញ។ សេដ្ឋកិច្ចសកលលោក(កំពុងតែលំបាក) សេដ្ឋកិច្ចកម្ពុជាក៏លំបាក ប្រជាពលរដ្ឋ ជាពិសេសអ្នកព្រំដែនរងបញ្ហាផ្ទួនៗ ពីសង្គ្រាម បិទព្រំដែន ទឹកជំនន់។ ឥឡូវត្រូវងើបឡើង បន្តដំណើរតទៅទៀត ហើយពង្រឹងខ្លួន។ នេះគឺជាអភិក្រមរបស់រាជរដ្ឋាភិបាល។ ការបាត់បង់ការគ្រប់គ្រងនៅទីកន្លែងមួយចំនួន មិនមែនបានន័យថា យើងឯកភាពកាត់ឲ្យគេនោះទេ ខ្ញុំសូមបញ្ជាក់។ កន្លងទៅ ខ្ញុំនិយាយអំពីការបាត់បង់និងការបាត់បង់ការគ្រប់គ្រង។ ជារូបភាពវាដូចតែគ្នា យើងលែងនៅកន្លែងនោះបាន លែងចូលបាន។ ប៉ុន្តែតើគេមានកម្មសិទ្ធិទេ? ថាអត់ទេ។ បើយើងមិនស៊ីញ៉េឲ្យគេ។
(១៣) “ទាមទារត្រឹមតែការអនុវត្តអនុសញ្ញា១៩០៤និងសន្ធិសញ្ញា១៩០៧ … ផែនទីឧបសម្ព័ន្ធដែលមាន …”
រាជរដ្ឋាភិបាលអត់បានស៊ីញ៉េឲ្យអ្នកណាទេ។ យើងទាមទារដីត្រឹមតែតាមអនុសញ្ញាសន្ធិសញ្ញា១៩០៧ ទេ។ យើងមិនទៅទាមទារបុរីរ៉ាម មិនទៅទាមទារសុរិន្ទអីទេ។ សុំត្រឹមតែអនុសញ្ញា១៩០៤ សន្ធិសញ្ញា ១៩០៧ ផែនទីឧបសម្ព័ន្ធដែលមាន … យកតែប៉ុណ្ណឹងហ្នឹង។ ការពារភាពស្របច្បាប់របស់យើង។ អនុសញ្ញា សន្ធិសញ្ញាមានហើយ។ យើងត្រូវតែធ្វើ។ មានបងប្អូនខ្លះថា“ហ្នឹងដូចតែគ្នា ចេះតែនិយាយឆ្កួតអញ្ចឹងទៅកើត” … ភាពមិនស្របច្បាប់នៃការគ្រប់គ្រង យើងនៅបន្តទាមទារទៅមុខ។ បើនិយាយអំពីការបាត់បង់ការគ្រប់គ្រង ហើយត្រឡប់មកវិញ ខេត្តបាត់ដំបងជាខេត្តដែល(ធ្លាប់បាន)ឆ្លងកាត់រួចហើយក្នុងប្រវត្តិសាស្ត្រ។ ពីឆ្នាំ១៧៩៥ ដល់ ១៩០៧ ធ្លាប់មានការដូរការគ្រប់គ្រង។ កាលនោះ ប្រទេសជិតខាងគេមកគ្រប់គ្រងខេត្តបាត់ដំបង និងខេត្តប៉ុន្មានជុំវិញហ្នឹង។ ឆ្នាំ១៩៤១ ពេលជប៉ុនចូលមកក៏ដូចគ្នា។ ដល់១៩៤៦ បានចេញទៅវិញ។ សួរថា រាល់ថ្ងៃនេះ បងប្អូននៅខ្មែរឬនៅឯណា? បងប្អូននៅខ្មែរ នៅកម្ពុជា។ អត់នៅក្រោមប្រទេសណាទេ។ ទោះបីជាក្នុងដំណាក់កាលខ្លះ វាបាត់បង់ការគ្រប់គ្រង ផ្នែកខ្លះនៃភូមិជោគជ័យនិងព្រៃចាន់ តែខេត្តទាំងមូលបូកប៉ុន្មានខេត្តទៀត តែភាពចាំបាច់ និងការទាមទាររបស់យើង មិនចប់ទេ។ យើងបន្ត។ យើងមើលប្រវត្តិសាស្ត្រដែលយើងបានយកខេត្តត្រឡប់មកវិញ។ មិនមែនពេលវាយគ្នាទេ គឺក្រោយប្រើសម្ពាធអន្តរជាតិ។ កាលនោះមានបារាំង និងប្រទេសផ្សេង តាមសន្ធិសញ្ញា/អនុសញ្ញា។ ១៩៤៦ក៏ដូចគ្នា ក្រោយពីជប៉ុនចាញ់សង្គ្រាម ដោយសារសម្ពាធការទូតពីអន្តរជាតិ ពីអ្នកទី៣ ពីបារាំងពីអី បានគេដកចេញ។
(១៤) “បាត់បង់ការគ្រប់គ្រងមួយចំនួន … បន្តទាមទារមកវិញតាមការទូត តាមផ្លូវច្បាប់ … គ្រប់ពេលវេលា
ការការពារទឹកដីនៅតែជាកាតព្វកិច្ចរបស់យើង។ ជាការសោកស្តាយ ដែលមាការប៉ះគ្នា។ យើងបានបាត់បង់ការគ្រប់គ្រងមួយចំនួន។ មិនមែនសប្បាយចិត្ត ហើយក៏មិនបានទៅទទួលស្គាល់នោះដែរ។ សួរថា តើយើងដកទេ? គ្រប់កន្លែងទាំងអស់សុទ្ធតែមានការលះបង់ឈាមរបស់យុទ្ធជន រួមទាំងអ្នកបាត់ដំបងផង ដែលបានពលីលើសមរភូមិ ដើម្បីការពារគ្រប់មីលី្លម៉ែត្រនៃប្រទេសរបស់យើង។ ឥឡូវ យើងនៅបន្តច្បាំង តែច្បាំងតាមការទូត តាមផ្លូវច្បាប់ ដើម្បីទាមទារមកវិញ។ ដែលអ្នកខ្លះថាបាត់ៗហើយ គឺគ្មាន(ការពិត)ទេ។ ដរាបណាយើងមិនស៊ីញ៉េទទួលស្គាល់ ព្រមកាត់ឲ្យគេ នៅតែជាភាពស្របច្បាប់របស់យើង។ យើងនៅតែបន្តប្រើច្បាប់ ការទូត និងទាមទារត្រឡប់មកវិញតាមយន្តការ(ទាំងនេះ)គ្រប់ពេលវេលា។ យើងមិនរំពឹង ឬចង់ក្លាយទៅ ១០០ឆ្នាំ ដូចកាលមុន១៩០៧ បានយើងយកមកវិញ ឬមួយក៏ ៥ឆ្នាំ ដូចឆ្នាំ ១៩៤១-១៩៤៦ សង្គ្រាមលោកលើកទី២ នោះទេ។ យើងចង់ដោះឲ្យចប់។ អញ្ចឹងបានសម្ពាធ និងការធ្វើចលនារបស់យើងនៅបន្តធ្វើជាប់ជាប្រចាំ។ យើងយល់ថា បើគ្មានការឯកភាពគ្នាទេគឺវាយគ្នាមិនចេះចប់។ ប្រើកម្លាំងវាយគ្នាមិនចេះចប់។ ទីចុងបំផុតគឺមិនចប់ដោយកម្លាំងទេ។ ១៩០៧ ចប់ដោយសន្ធិសញ្ញា។ ១៩៤៦ ចប់ដោយការបង្ខំប្រើប្រាស់អន្តរជាតិ ដើម្បីដាក់សម្ពាធដកចេញពីដីយើង។ យើងនឹងប្រើវិធីសាស្ត្រនេះ។ ដរាបណាវិធីសាស្ត្រប្រើប្រាស់ការទូត ច្បាប់អន្តរជាតិនៅតែមានឱកាសក្នុងការដោះស្រាយ។
(១៥) មានលទ្ធភាពធ្វើផ្ទះផ្តល់ជីវភាពថ្មី តែចង់ឱ្យប្រជាជនបានត្រឡប់ទៅទីតាំងដីស្របច្បាប់វិញ
យើងមានយន្តការ JBC, MOU ដែលធ្វើការជាមួយគ្នា។ បង្គោល៥២, ៥៩ យើងបានវាស់វែង។ ឥឡូវ … យើងក៏ធ្វើផ្លូវ គេក៏ធ្វើផ្លូវនៅតាមហ្នឹង ស្របទៅតាមអ្វីដែលមាន។ គ្រាន់តែថា JBC ខុសនីតិវិធី JBC ដែលមិនទាន់ធ្វើ តែកងទ័ពរបស់យើងនៅការពាររាល់ថ្ងៃ។ បងប្អូនខ្លះឃើញគេធ្វើរបងថាហ្នឹងគេយកដីយើង។ អត់ទេ ធ្វើនៅក្នុងដីគេ។ កន្លែងខ្លះនៅតាមព្រំដែន មានប្រជាពលរដ្ឋយើង(ធ្វើ)ចំការចូលទៅគេ ធ្វើរបងហើយយកមកវិញ។ កន្លែងខ្លះគេចូលមកយើង គេត្រូវដកថយចេញ។ ថ្ងៃមុន ក្នុងកាសែតថៃ ប្រជាពលរដ្ឋថៃនៅចន្លោះបង្គោល ៥២, ៥៩ មកទាមទារសំណងពីរដ្ឋាភិបាល ដោយសារចំការមួយចំនួនត្រូវកាត់មកឱ្យយើងក្រោយពីវាស់វែង។ តែយើងមិនចង់រើកកាយ ចាំដល់ពេលមួយចាំយើងពន្យល់ ជាលក្ខណៈបច្ចេកទេស។ ខ្ញុំមិនចង់និយាយជំនួស JBC ទេ ព្រោះដំណាក់កាលនេះ ជាដំណាក់កាលធ្វើ។ យើងបកស្រាយ។ យើងធ្វើការ។ ឃើញផេកខ្លះ បងប្អូនខ្លះ អ្នកខ្លះគឺអ្នកនយោបាយដែលចង់ចំណេញ ថាអាហ្នឹងគឺឱ្យតែឃើញគេធ្វើផ្លូវ ដឹងតែយើងបោះបង់ឱ្យគេ”។ មិនដូច្នោះទេ។ កន្លែងខ្លះមានការកែសម្រួល ការវាស់វែងច្បាស់លាស់។ បើសិនយន្តការចរចា យន្តការឈានទៅដល់ការកំណត់តាមអនុសញ្ញា តាមកិច្ចព្រមព្រៀងដែលមានស្រាប់ JBC, MOU នេះ(នៅមានតម្លៃ) យើងនៅបន្តដោះ … ចង់បានលឿន ចង់បានឆាប់ ដើម្បីឱ្យប្រជាពលរដ្ឋយើងជាង ២ម៉ឺននាក់ត្រឡប់ទៅវិញ។ រដ្ឋាភិបាលចង់បានអញ្ចឹង។ យើងអត់សប្បាយចិត្តទេ។ ទោះបីជាយើងអាចមានលទ្ធភាពដោះស្រាយធ្វើផ្ទះធ្វើអី ៤ទៅ ៥ពាន់ខ្នងឱ្យប្រជាពលរដ្ឋ ផ្តល់ឱ្យគាត់មានជីវភាពថ្មីក៏ដោយ តែយើងអត់សប្បាយចិត្ត(នឹងស្ថានភាពនេះ)ទេ។ យើងចង់ឱ្យប្រជាជនមានលទ្ធភាពត្រឡប់ទៅកន្លែងដីស្របច្បាប់របស់យើងវិញ …
(១៦) “មិនទទួលស្គាល់ដាច់ខាត ការប្រើប្រាស់កំលាំងដើម្បីយកទឹកដី …” និងសុំឱ្យ AOT ជាសាក្សីការត្រួតពិនិត្យការវាស់វែងលើកក្រោយ
ខ្ញុំជឿថា អ្នកបាត់ដំបងយល់។ អំណាចនៃការដោះស្រាយដោយគ្រាប់កាំភ្លើងគ្មានឥទ្ធិពលយូរអង្វែងទេ។ អាចយកបានក្នុងរយៈពេលខ្លី ប៉ុន្តែមិនអាចកាន់កាប់រយៈពេលវែង បើគ្មានកិច្ចព្រមព្រៀងរវាងប្រទេសទាំងពីរ។ កម្ពុជាមិនទទួលស្គាល់ជាដាច់ខាត ការប្រើប្រាស់កំលាំងដើម្បីយកទឹកដី។ នេះជាជំហររបស់កម្ពុជា។ វាខុសច្បាប់អន្តរជាតិ។ បងប្អូនខ្លះថាយូរណាស់។ កុំសង្ឃឹមច្បាប់អន្តរជាតិ ប៉ុន្តែទាមទារអោយយើងប្ដឹង។ ខ្ញុំសូមបញ្ជាក់ថាយើងរក្សាសិទ្ធប្រើគ្រប់មធ្យោបាយដើម្បីយកទឹកដីស្របច្បាប់មកវិញ។ ក្នុងអាទិភាពចំពោះមុខ យើងត្រូវប្រើប្រាស់លទ្ធភាពច្បាប់ និងកិច្ចព្រមព្រៀងដែលមានស្រាប់ តាមរយៈការទូត ដោយមិនចាំបាច់បង្ហូរឈាមទៀត។ អ្នកបាត់ដំបង អ្នកកំរៀង សំឡូតនិងអ្នកដែលពាក់ព័ន្ធ គាត់ចង់រស់ដោយមានសេចក្ដីសុខដែរ។ វាស់អោយចប់ទៅ វាស់តាមសិន្ធិសញ្ញា អនុសញ្ញា ដែលបានឯកភាពគ្នា១០០ឆ្នាំជាងមុន។ វាស់ដោយគណៈកម្មាធិការដែលបានឯកភាពគ្នា។ ខ្ញុំបានលើកសំណូមពរពេលដែលវាស់លើកក្រោយ សុំឱ្យ AOT ទាំងសងខាងចូលជាសាក្សី ដើម្បីត្រួតពិនិត្យមើល ព្រោះគាត់មានភារកិច្ចត្រួតពិនិត្យ។ យើងក៏បាននាំ AOT ទៅមើលគ្រប់កន្លែង។ កន្លែងដែលបង្គោល ៥២, ៥៩ ក៏យើងទៅមើល កន្លែងដែលមានបញ្ហា យោធាថៃគ្រប់គ្រងហួសខ្សែព្រំដែនក៏យើងទៅមើល ដើម្បីបញ្ជាក់ជាសាក្សី។ អ្នករាយការណ៍ពិសេសរបស់អង្គការ UN សិទ្ធិមនុស្សក៏ទៅមើល។ យើងអត់លាក់ទេ។ យើងបង្ហាញ (ដើម្បី)យុត្តិធម៌សម្រាប់បងប្អូនរៀននៅទីនេះ។
(១៧) “គ្មានសង្គ្រាមឯណា ត្រូវបានបញ្ចប់ដោយសង្គ្រាមទេ” …
ខ្ញុំជឿថា មិនខ្វះទេអ្នកស្នេហាជាតិដែលហ៊ានកាន់អាវុធទៅវាយយកវិញ។ ប៉ុន្តែ បើសិនជាយើងមានជម្រើសផ្សេងក្រៅពីបង្ហូរឈាម ទុកឱកាសឱ្យបងប្អូនដកដង្ហើម ពង្រឹងខ្លួនឯង ធ្វើការងារចិញ្ចឹមគ្រួសារ ជួយសេដ្ឋកិច្ចជាតិឱ្យខ្មែរកាន់តែខ្លាំង នៅពេលដែលយើងរកវិធីដោះស្រាយដោយសន្តិវិធី។ តើបងប្អូនរើសវិធីនេះទេ? ខ្ញុំជឿថាយើងនឹងផ្តល់ឱកាសក្នុងការរើសវិធីនេះមុនគេ។ ការវាយគ្នាវាអត់ចប់ទេ។ ជឿខ្ញុំចុះ។ គ្មានសង្គ្រាម(ណាត្រូវបាន)បញ្ចប់ដោយសង្គ្រាមទេ។ នេះគឺជាគោលការណ៍របស់(រដ្ឋាភិបាល)។ ជំនាន់យើងសង្គ្រាមផ្ទៃក្នុង មិនអាចបញ្ចប់ខ្មែរក្រហមដោយសារអាវុធនោះទេ។ យើងបញ្ចប់ដោយនយោបាយឈ្នះ-ឈ្នះ។ គ្រប់ប្រទេសទាំងអស់គឺវាយហើយយចរចា។ អាមេរិកអ៊ីរ៉ង់ វាយគ្នា មហាអំណាចជាមួយប្រទេសមួយ នៅតែព្យាយាមចរចាដើម្បីបញ្ចប់ដដែលហ្នឹង។ មិនទាន់ត្រូវគឺឡងទៅឡងមក។ មិនថាប្រទេសធំប្រទេសតូច ឈាមដូចតែគ្នាទេ គ្រាន់តែឈាមតិចឈាមច្រើន។ ខ្ញុំជឿថា បងប្អូនប្រជាពលរដ្ឋជាពិសេសអ្នកព្រះវិហារ ឧត្តរមានជ័យ បាត់ដំបង បន្ទាយមានជ័យ ប៉ៃលិន (ដែល)វាយលើកនេះ ប៉ៃលិនអត់ទាន់បានប៉ះ តែអ្នកប៉ៃលិនក៏ភ័យដែរ។ អត់ចង់ឱ្យមានលើកក្រោយទេ។ លើកក្រោយក៏មិនច្បាស់ថាអត់ដែរ។ នេះមេខេត្តប៉ៃលិននៅនេះ។ ពោធិ៍សាត់ កោះកុង បើវាយតាមព្រំដែន ជនភៀសសឹកបុកទៅក្នុងហើយ។ ជនភៀសសឹក ៧០ម៉ឺននាក់(បានកើតមាន) យើងរៀបចំក្នុងខេត្តអត់គ្រប់។ យើងរុញទៅដល់ខេត្តសៀមរាប ខេត្តកំពង់ស្ពឺ ខេត្តនានាឱ្យពង្រីកទីតាំង។ បើវាយគ្នាលើស ២១ថ្ងៃ ប្រហែលជាមិនតិចជាង ១លាននាក់ទេ …
(១៨) “តើចាំបាច់រុញមនុស្សឱ្យទៅស្លាប់ដោយការប្រយុទ្ធទេ បើនៅមានដំណោះស្រាយផ្សេង … ខំឱ្យអស់លទ្ធភាពសិន …”
បើយើងជ្រើសយកសង្គ្រាម (ស្ថានការណ៍ទាំងនេះនៅ)អត់ទាន់ចប់ទេ។ អាមេរិក និងអ៊ីរ៉ង់ វាយគ្នា សង្ឃឹមថា ៤៨ម៉ោងនឹងចប់។ ឥឡូវ ប៉ុន្មានខែហើយ អត់ចប់។ រុស្ស៊ីនិងអ៊ុយក្រែន សង្ឃឹមថាវាយក្នុង ៧២ម៉ោង … ឥឡូវ ៤ឆ្នាំ មិនទាន់ចប់ផង។ ប្រទេសតូចក៏ដោយ ក៏មានដៃវាយវិញដែរ។ ប្រជាជនខ្មែរមិនមែនកំសាកទេ ប៉ុន្តែក្នុងនាមជាមេដឹកនាំ តើយើងចាំបាច់រុញមនុស្សឱ្យទៅស្លាប់ដោយ(ការប្រយុទ្ធទេ)។ បើសិនមានដំណោះស្រាយផ្សេង យើងខិតខំអស់លទ្ធភាពសិនទេ។ ការនិយាយវាខុសពីការទទួលខុសត្រូវក្នុងការធ្វើការសម្រេចចិត្ត … ខ្ញុំថា បើចង់បានសេចក្តីសុខ ឱ្យពីនេះទៅមុខយើងដកដង្ហើម យើងកសាងស្ដារសេដ្ឋកិច្ចដែលកំពុងតែលំបាក។ ថវិការាប់រយលានដែលត្រូវទម្លាក់មកដើម្បីជួយស្ដារសេដ្ឋកិច្ច ជួយ(ដោះ)បន្ទុក។ ពេលប្រេងឡើងថ្លៃ យើងទម្លាក់អាករពិសេសលើគ្រប់ប្រេងដែលនាំចូល ដើម្បីកុំឱ្យតម្លៃប្រេងហក់ឡើងខ្ពស់ពេក។ យើងចំណាយអស់ប្រហែលជាជិត ៥០០លាន(ដុល្លារ) បូកទាំង EDC ៥០លាន(ដុល្លារ)។ ល្ងាចមិញ ប្អូនម្នាក់បូកចុះបូកឡើង គុណលេខវារីអគ្គិសនីនៅយើងថា រដ្ឋជួយថ្លៃភ្លើងនេះវាចំណេញទៅដល់អ្នកនេះអ្នកនោះ … វារីអគ្គិសនីអត់ប៉ះពាល់ថ្លៃទេ។ កុងត្រារដ្ឋទិញប៉ុន្មានគឺតែប៉ុណ្ណឹង ទោះបីប្រេងឡើងចុះ អត់(ប៉ះពាល់)ថ្លៃទេ។ ប៉ុន្តែ អ្វីដែលថ្លៃសម្រាប់ភ្លើងគឺ(ការផលិត)ថាមពលកកើតថ្មី បានតែ៦២% ទេ។ ឥឡូវ សល់៣៨% ទៀត យើងពឹងលើធ្យូងថ្ម ពឹងទៅលើម៉ាស៊ូត ដែលមានម៉ាស៊ីនធំៗ មួយគរគោក។ (ការផលិតបែប)ហ្នឹងហើយ ដែលឡើងនោះ។
(១៩) “… ទឹកដី អាយុជីវិត ជីវភាពរស់នៅរបស់ប្រជាជន ជាជម្រើសដែលបានធ្វើការគិតគូរគ្រប់ពេលវេលា”
អតិផរណាទំនិញ។ បើសិនជាប្រេងឡើងថ្លៃ ការដឹកជញ្ជូនក៏ឡើងដែរ។ បើប្រើប្រេងអស់ ១លីត្រ កាលមុនថ្លៃប៉ុណ្ណេះ បើសិនជាអត់ទប់ សាំង ១លីត្រឡើងលើសហ្នឹង ៥០០រៀលទៅ ៦០០រៀលក្នុង ១លីត្រ ម៉ាស៊ូតឡើង ៥០០រៀលទៅ ៦០០រៀលក្នុង ១លីត្រ (ហើយដែលទប់ហ្នឹង យើងជួយបានត្រឹមប្រហែលជា៩% ទៅ១០% ផង ក៏)ទប់ប៉ុណ្ណឹង យើងចំណាយ ៥០០លានដុល្លារ។ បើយកលុយហ្នឹងទៅវាយគ្នា មួយភ្លែតអស់ហើយ។ បាញ់មួយៗ ហ្នឹងថ្លៃណាស់។ ហ្នឹងគ្រាន់តែនិយាយពីចំណាយក្នុងការប្រើប្រាស់សព្វាវុធ។ អ្វីដែលកាត់ថ្លៃមិនបានគឺជីវិតរបស់មនុស្ស មិនថាកងទ័ពឬប្រជាជន។ បើវាយគ្នា ផ្ទះសម្បែងនិងឱកាសរបស់បងប្អូន(ត្រូវបាត់បង់)ទៀតហើយ។ បើសិនជាគ្រាប់បែកមកទម្លាក់នៅទីក្រុងបាត់ដំបង តើបានអង្គុយរៀន ធ្វើការនៅធនាគារ នៅកន្លែងធ្វើការនានា ឬបើកហាងអីទេ? អត់ទេ។ គឺបិទ រត់ភៀសខ្លួនទាំងអស់។ តម្លៃហ្នឹងធំមហិមា។ ថ្លៃជាងអ្វីដែលយើងរាប់បាន។ យើងអាចនិយាយថា ការដោះស្រាយបញ្ចប់បញ្ហា វាមានវិធីសាស្ត្រ។ សូមឱ្យជឿថា ការគិតគូរគ្រប់ពេលវេលាគឺសម្រាប់ប្រជាពលរដ្ឋ។ ទឹកដី អាយុជីវិត ជីវភាពរស់នៅរបស់ប្រជាជន ជាជម្រើសដែលបានធ្វើ។ សម្រាប់អ្នកខេត្តបាត់ដំបង ខ្ញុំនិយាយហើយនិយាយទៀត គ្រប់វេទិកាយើងត្រូវនិយាយរំលឹកអំពីកាតព្វកិច្ចនៃការខិតខំព្រឹងប្រែងការពារទឹកដី … នេះគឺជាគំនិតមួយចំនួនដែលខ្ញុំចង់លើកឡើងសំរាប់សិស្សនិស្សិតបញ្ញវន្តរបស់យើងដែលជាអនាគត(ប្រទេសជាតិ/ទឹកដី)។
(២០) ទុកពេលឱ្យដកដង្ហើម រៀន ធ្វើការ … ពង្រឹងសេដ្ឋកិច្ចនិងដោះស្រាយកិច្ចការផ្ទៃក្នុង ជាកត្តាសំខាន់ក្នុងការការពារជាតិរយៈពេលវែង
មួយថ្ងៃៗ មើល Facebook នៅតែឃើញរឿងបាត់ដី ម៉េចក៏មិនវាយយកវិញ ម៉េចក៏យូរម្ល៉េះ? … ខ្ញុំគិតថាបងប្អូនខ្លះគាត់មានសិទ្ធិធុញ ចាំយូរ ប៉ុន្តែឆក់ណ្ដៀត ហើយគ្មានលទ្ធផល។ នៅយូរប្រសើរជាង។ យើងទៅដោយជំហានច្បាស់លាស់បានផលរក្សាបាន(យូរអង្វែង)។ ឆក់កណ្ដៀតមួយភ្លែត បានជារូបភាព ប៉ុន្តែមិនចំណេញប៉ុន្មានទេ។ វាអាចបំផ្លាញសេចក្តីសុខរបស់ប្រជាពលរដ្ឋ អាចបង្កើតបញ្ហាកាន់តែយូរអង្វែង ជាពិសេសអ្នកដែលនៅព្រំដែន។ ខ្ញុំមកបាត់ដំបងនេះ គឺអ្នកដែល(រស់នៅ)ជាប់ផ្ទាល់(នឹងស្ថានភាពសង្គ្រាម)តែម្តង។ ឥឡូវទុកពេលឱ្យដកដង្ហើម ទុកពេលឱ្យនិស្សិតរៀន ចេញទៅធ្វើការ ទុកពេលឱ្យខិតប្រឹងស្តារ រកចំណូលចូលគ្រួសារ ទុកពេលឱ្យយើងអាចពង្រឹងគ្រប់ទីកន្លែងទាំងអស់។ ការពង្រឹងខ្លួននេះហើយជាកត្តាសំខាន់ក្នុងការការពារជាតិរយៈពេលវែង ពង្រឹងសេដ្ឋកិច្ច និងដោះស្រាយបញ្ហាផ្ទៃក្នុង ជាពិសេសជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ ទុកការលំបាក ទុកគ្រាប់បែក ទុកអី្វៗ ផ្សេងទៀត កុំឱ្យវាផ្ទុះ បង្កើតបរិស្ថានដោះស្រាយបញ្ហាដែលយើងមិនអាចព្យាករណ៍ទុកដូចជាទឹកជំនន់ ការស្តារឡើងវិញ។ យើងធ្វើមែន មិនមែនធ្វើលេងៗទេ។ យើងនឹងបន្តធ្វើតទៅទៀត។ គ្រប់ថ្នាក់ ភូមិ ឃុំ ស្រុក ក្រុង ខេត្ត រាជធានីត្រូវខិតខំដោះស្រាយរាល់ការលំបាករបស់ប្រជាជន ខិតខំបម្រើប្រជាជនឱ្យបានកាន់តែល្អ ត្រូវខិតខំបង្កើតសមិទ្ធផលថ្មីៗ ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួន។ នេះគឺជាការប្តេជ្ញាចិត្តដែលបរិស្ថានសន្តិភាពបង្កលក្ខណៈឱ្យ … យកឱកាសនេះធ្វើការពង្រឹងខ្លួនយើង។
(២១) ក្រោយបានរៀបចំកន្លែងទឹកកខ្វក់ ចាក់សំរាម ប្រព្រឹត្តិកម្មទឹកស្អាត … បាត់ដំបង មកដល់ដំណាក់កាលធ្វើផ្លូវ
ក្រោយទឹកជំនន់ យើងដល់ដំណាក់កាលស្តារឡើងវិញ។ ត្រូវខិតខំប្រឹងប្រែងធ្វើ។ នៅខេត្តបាត់ដំបង ដាច់ផ្លូវនៅគាស់ក្រឡ ដូចទើបធ្វើហើយបានប៉ុន្មានខែទេ។ ខ្ញុំឃើញប្អូនប្រុសម្នាក់បង្ហោះ ផ្លូវទើបធ្វើហើយស្អាត ហើយផ្លូវម្ខាងដាច់មួយចំហៀង។ គាត់ថាផ្លូវធ្លាប់តែជិះដោយអារម្មណ៍ស្រស់បំព្រងឥឡូវត្រូវលំបាក។ យើងត្រូវស្តារ។ បើប្រជាពលរដ្ឋយើងនៅមានជីវិត នៅប្រើផ្លូវ យើងនៅមានឱកាសស្តារឡើងវិញ ត្រូវបន្ត(ធ្វើអ្វីដែលនៅ)សេសសល់។ ឃើញថ្ងៃមុន មានបងប្អូនធ្វើសំណើ ហើយឯកឧត្តមអភិបាលក៏បានធ្វើសំណើ(ស្តីពី)ផ្លូវក្នុងក្រុងបាត់ដំបង។ ថ្ងៃមុន ទៅទទួលព្រះករុណា(យាងពីទក្រុងប៉េកាំង) សម្តេចក្រឡាហោម ដោយសម្តេចជាប្រធានក្រុមការងារ(នៅខេត្តបាត់ដំបង)នេះ ក៏បានលើករឿងផ្លូវក្រុងនៅបាត់ដំបង។ ឱ្យទឹកជំនន់នាំអាចាស់ទៅអស់ទៅ។ ឥឡូវថ្មី យើងស្តារឡើងវិញ ជួសជុលឡើងវិញលើសអាមុនទៀត។ សំរាប់ខេត្តបាត់ដំបង … អាចថាឆាប់ៗ នេះ ឬមុនដាច់ឆ្នាំ … យើងបានធ្វើខ្លះហើយ មុនទឹកជំនន់មកគឺការជួសជុលឡើងវិញផ្លូវក្នុងក្រុង។ ក្នុងនោះក្រសួងសាធារណការដែលធ្វើការជាមួយមូលនិធិឥណទាន ADB កន្លងទៅពី ២០១៩ ដល់ ២០២៦ ខែកញ្ញានេះ យើងបញ្ចប់ពីរជំហានហើយ។ យើងបានធ្វើការរៀបចំហេដ្ឋារចនាសម្ព័ន្ធមួយចំនួន ដូចជាកន្លែងទឹកកខ្វក់ កន្លែងចាក់សំរាម កន្លែងប្រព្រឹត្តិកម្មទឹកស្អាតអីហ្នឹង។ ឥឡូវដល់ដំណាក់កាលត្រូវធ្វើផ្លូវ។ ក្នុងគម្រោងនេះ មាន ២១ខ្សែសំខាន់ៗ នៅខេត្តបាត់ដំបង។ ខ្ញុំសួរទៅឯកឧត្តម ប៉េង ពោធិ៍នា ថាកំពុងតែដេញថ្លៃចុងក្រោយ ហើយអាចពីក្នុងខែ១១ នេះទៅ ជួសជុលឡើងវិញផ្លូវសំខាន់ៗ នៅក្នុងក្រុងបាត់ដំបង។ មានអ្នកណាគ្រេចចង្កេះទេកន្លងទៅ? ក្រៅពីនោះ រាជរដ្ឋាភិបាលក៏បានអនុម័តឱ្យធ្វើបន្ថែមផ្លូវ ៧ខ្សែទៀត សរុប ១១គីឡូម៉ែត្រ ដោយប្រើថវិកាជាតិរបស់យើង … កន្លែងខ្លះធ្វើហើយ។
(២២) “ … សង្គ្រាមថយ ថយការស្លាប់មនុស្ស ថយការចាយវាយ តែកើនការអភិវឌ្ឍដោយសន្តិភាព ស្ថិរភាព បរិស្ថានល្អ …”
ថ្ងៃមុនខ្ញុំមក ទៅឯកភ្នំ មានមួយកំណាត់នោះជាងមួយគីឡូ ធ្វើ DBST ទើបចាក់មិនទាន់ចេញកៅស៊ូផង ទឹកឡើងមកលិចបាត់ … ខូចតិចតួចទេ … អត់អីទេនិងអត់សល់អី ខុសគ្នា។ យើងធ្វើបានខ្លះ ប៉ុន្តែ ៧ខ្សែបន្ថែមទៀត ១១គីឡូម៉ែត្រ បូកទៅ ២៨ខ្សែ ហើយផ្តោតទៅលើផ្លូវសំខាន់ៗ ធំៗ ជាអាទិភាពមុនគេ។ ធ្វើហ្នឹង មិនមែនធ្វើតែផ្លូវទេ គឺទាំងប្រព័ន្ធលូទៀត។ ឱ្យគិតទៅជាមួយគ្នា កុំធ្វើផ្លូវដាក់លូ ដាក់លូធ្វើផ្លូវ។ គេរាយការណ៍មកខ្ញុំថា គេធ្វើប្រព័ន្ធលូបង្ហូរទឹកហើយ ធ្វើផ្លូវទៅជាមួយ។ ៧ខ្សែហ្នឹងក៏ឱ្យធ្វើទាំងប្រព័ន្ធលូ។ កន្លែងណាមានប្រព័ន្ធលូហើយ ស្តារវាភ្ជាប់ជាមួយទៅ។ ផ្លូវណាមិនទាន់ធ្វើត្រូវគិតការងារហ្នឹង។ កុំធ្វើផ្លូវដាក់លូ ធ្វើលូកាត់ផ្លូវ។ ធ្វើជាមួយគ្នាទៅ។ កាដូសំរាប់អ្នកបាត់ដំបងអាចថាចាប់ផ្តើមមុនចូលឆ្នាំ២០២៧ នេះ គឺក្រោយពីទឹកជំនន់ និងទម្លាក់គ្រាប់បែកហ្នឹងទៅ។ ឆ្នាំថ្មីចាប់ផ្តើមល្អបណ្តើរៗ ចាប់ផ្តើមពីផ្លូវទៅតែម្តង។ ថ្ងៃនេះ ក៏បានធនធានមនុស្ស២០០១អង្គ/នាក់ជាកាដូថ្មីសម្រាប់អ្នកបាត់ដំបងបន្ថែម។ យើងចង់បានអញ្ចឹង … សង្គ្រាមថយ ថយទាំង(ការបាត់បង់ជីវិត)មនុស្ស ថយទាំង(ការចយវាយ)លុយ តែការអភិវឌ្ឍ ដោយសន្តិភាព ស្ថិរភាព បរិស្ថានល្អ ឱ្យវាកើនទៅមុខ។ ស្ថានភាពសេដ្ឋកិច្ចកើនឬថយ ជាវដ្តនៃសេដ្ឋកិច្ច ប៉ុន្តែនៅពេលលំបាក យើងត្រូវយកឱកាសហ្នឹងពង្រឹងខ្លួនឯង។ ពេលដែលលំបាកនេះ យើងបានធ្វើការកែទម្រង់ច្រើនណាស់ ដើម្បីពង្រឹងខ្លួនឯង។ ការវាយលុក បោសសំអាត បញ្ហាសន្តិសុខមួយចំនួនដែលធ្វើឱ្យខូចឈ្មោះប្រទេស ក៏យើងបានធ្វើតាំងពីប៉ុន្មានឆ្នាំចុងអាណត្តិមុននោះ។ ប្រតិបត្តិការប្រឆាំងហ្គេមអនឡាញ តាំងពីចុងអាណត្តិមុនសម្តេចតេជោ បានប្រគល់ភារកិច្ចជូនសម្តេចក្រឡាហោមដឹកនាំ។ ដើមអាណត្តិនេះ ឯកឧត្តមអភិ ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បន្តដឹកនាំធ្វើ។ មុនសង្គ្រាមផ្ទុះនោះ ក៏យើងបង្កើតគណៈកម្មការវាយលុកតាំងពីដើមឆ្នាំ តែដោយសារសង្គ្រាម យើងបានផ្អាកបន្តិច។ ឥឡូវយើងវាយបន្ថែមទៀត ពង្រឹងខ្លួនឯង ដុសក្អែលចោល។
(២៣) “ទោះបីត្រូវដោះស្រាយបញ្ហាចំពោះមុខ មិនថាសង្គ្រាម ឬអតិផរណា … រដ្ឋាភិបាលមិនភ្លេចធ្វើការវិនិយោគលើវិស័យអប់រំនិងសុខាភិបាល …”
ទី២៖ អំពីការវិនិយោគ(ផ្នែកសង្គមកិច្ច) … ទោះបីមានការជួយដោះស្រាយបញ្ហាចំពោះមុខ មិនថាដោយសារសង្គ្រាម ឬមួយដោយសារអតិផរណាទេ … តែកាលណាមានសង្គ្រាមនៅប្រទេសគេ ធ្វើឱ្យប្រេងឡើងថ្លៃ យើងត្រូវដោះស្រាយ… យើងក៏មិនភ្លេចវិនិយោគបន្ថែមដែរ។ ការវិនិយោគក្នុងការអប់រំនិងក្នុងវិស័យសុខាភិបាល។ កន្លងទៅមានការយល់ច្រឡំថា កាត់លុយ(ពីអប់រំនិងក្នុងវិស័យសុខាភិបាល)ទៅបង្កើនវិស័យការពារជាតិ។ ខ្ញុំបានបញ្ជាក់ហើយ ក្រោយពីប្រជុំចប់ ថវិកាអប់រំកើន៤,៧% ដល់ទំហំសរុបជាង ១១០០លានដុល្លារ។ យើងបង្កើនការរើសគ្រូ។ ឥឡូវយើងរើសគ្រូកិច្ចសន្យា។ ឆ្នាំក្រោយនេះ យើងវិនិយោគបន្ថែមដើម្បីពង្រីកប្រព័ន្ធសាលា ប្រព័ន្ធអប់រំ កសាងសាលា អនុវិទ្យាល័យ វិទ្យាល័យបន្ថែមទៀត។ ក្រសួងការងារវិនិយោគលើការបណ្តុះបណ្តាលមនុស្ស។ (ទោះនៅមាន)ការលំបាកក៏ដោយ យើងត្រូវធ្វើ យើងត្រូវពង្រឹង។ កងទ័ពកែទម្រង់។ ជាកាតព្វកិច្ចយើងត្រូវពង្រឹងមនុស្ស។ វិស័យការពារជាតិសំខាន់ តែយើងក៏មិនទៅដកពីវិស័យសុខាភិបាល ឬអប់រំ ដែល(ជាវិស័យសំខាន់ក្នុងការបង្កើត)ធនធានមនុស្សដែរ។ យើងបានធ្វើច្រើនការកែទម្រង់កងទ័ព តែខ្ញុំសុំមិនអធិប្បាយរឿងហ្នឹងទេ។ រឿងផ្ទៃក្នុងកងទ័ព មិនមែនជារឿងដែលត្រូវយកមកនិយាយឬបកស្រាយនៅលើវេទិកាទេ។ ខ្ញុំសុំឱ្យបងប្អូនយោគយល់។ តាំងពីវាយគ្នាមក ទ័ពយើងពង្រឹងស្អីខ្លះ ខ្ញុំអត់ដឹងទេ វាបែជា តា ជេម សុខ ដឹងជាងខ្ញុំទៀត។ តា ជេម សុខ ល្ងាចមិញ មើលរាជការបង្កើនអានេះ/នោះ។ ដឹងជាងខ្ញុំទៀត។ អ្នកស៊ើបការណ៍គាត់ខ្លាំងជាងជាអ្នកសម្រេចទៅទៀត។ អ្នកសម្រេចអត់ដឹងផង …។
(២៤) “ត្រូវពង្រឹងធនធានមនុស្ស ពង្រឹងវិស័យការពារជាតិ សន្តិសុខជាតិ … និងបច្ចេកវិទ្យា”
ការពង្រឹងធនធានមនុស្ស ពង្រឹងវិស័យការពារជាតិ សន្តិសុខជាតិ ក៏យើងត្រូវធ្វើ។ ការពង្រឹងបច្ចេកវិទ្យា ដែលពាក់ព័ន្ធជាមួយស៊ីវិល សន្តិសុខជាតិ ក៏យើងធ្វើ។ ចាំដល់ថ្ងៃណាមួយ ស្ថានភាពស្រួលបួល ចាំរៀបរាប់ជូនថាស្អីខ្លះ។ ប៉ុន្តែប្រហែលជាបងប្អូនអាចឃើញខ្លះហើយ។ អ្នកខ្លះគាត់ដឹង។ ឯកឧត្តម វង្ស ពិសេន នៅទីនេះភ័យខ្លាចតែខ្ញុំបង្ហើប។ កែទម្រង់ថ្នាក់ក្រសួង ថ្នាក់អគ្គ ប្រភេទទ័ព ថ្នាក់ភូមិភាគ ថ្នាក់តំបន់ប្រតិបត្តិការសឹករង ថ្នាក់កងព្រំដែន។ កែស្អីខ្លះខ្ញុំអត់ប្រាប់ ប៉ុន្តែកែ។ ព្រះតេជព្រះគុណ សុំកុំប្រកាន់ ខ្ញុំករុណាអត់បានបង្ហើបកែអ្វីខ្លះ។ ឥឡូវកាតព្វកិច្ចយោធា ព្រះតេជគុណមានស្ម័គ្រចិត្តទេ វ៉ុលទី១? កាលពីប្រឡងនាយទាហាន មានព្រះតេជគុណនៅភូមិភាគ៥ហ្នឹង។ គណៈកម្មាធិការ អនុគណៈកម្មាធិការរាយការណ៍ មានព្រះសង្ឃ ៥អង្គបានសុំសឹកដើម្បីមកប្រឡងនាយទាហាន។ បើប្រឡងជាប់ចូលសាលាមិនបាច់បួសវិញ បើសិនអត់ជាប់ចាំចូលវត្តវិញ។ ហេតុអ្វីបានព្រះសង្ឃត្រូវសឹក? ព្រោះប្រឡងយោធាវាមាន ២ផ្នែក។ ប្រឡងសរសេរ មានចំណេះដឹងទូទៅ និងអង់គ្លេស។ ព្រះអង្គអាច(ស្លៀក)ស្បង់បាន ប៉ុន្តែដល់ថ្ងៃទី២ គឺប្រឡងកីឡា មានរត់ លោតចម្ងាយ ចោលដុំដែក។ បើអត់សឹកទេ អត់ស្លៀកខោកីឡា លោតអត់ឈ្នះគេទេ។ ចោលដុំដែកអាចបាន ប៉ុន្តែបើសិនចោលដុំដែកក្នុងស្បង់ ក៏មិន(កើត)ដែរ។ ឥឡូវយើងប្តូរ។ ពីមុនយើងអត់សាលា ក្មេងៗ ទៅបួសដើម្បីបានរៀនបន្ត។ ឥឡូវនៅពុទ្ធិកសាលាក៏មានព្រះសង្ឃទៅរៀន នៅសាលាឯកជនក៏មានព្រះសង្ឃរៀន។ អត់ឃាត់អីទេ … សុទ្ធតែជាធនធានមនុស្សរបស់កម្ពុជានៅក្នុងវិស័យសាសនា។ វិស័យពុទ្ធចក្រនិងអាណាចក្រ មិនថានៅក្នុងសាសនាណាទេដូចគ្នា។ យើងធ្វើការកែទម្រង់ … មិនត្រឹមតែក្នុងវិស័យកងទ័ព វិស័យការពារជាតិទេ តែក៏មានការកែទម្រង់ច្រើនក្នុងវិស័យសេដ្ឋកិច្ចនិងវិស័យមួយចំនួនដែរ។ សួរថាអស់ឬនៅ? អត់ទាន់អស់ទេ។ នៅមានបញ្ហា។
(២៥) “ពេលដែលឈឺចាប់ផ្ទួនៗ ពីសង្គ្រាមនិងទឹកជំនន់ … មិនបាក់ទឹកចិត្ត តែប្រឈមរកវិធីដោះស្រាយ កែលម្អ និងពង្រឹងខ្លួន …”
មិនមែនយើងទើបកែទម្រង់ក្រោយសង្គ្រាមទេ។ យើងកែទម្រង់ ៤០ឆ្នាំជាងហើយ។ បញ្ហាវាមាន។ គ្មានប្រទេសណាអត់មានបញ្ហាទេ។ យើងអាចអង្គុយនៅកម្ពុជា ប្រៀបធៀបជាមួយប្រទេសមួយ ប៉ុន្តែបើសិនទៅសួរប្រជាជននៅក្នុងប្រទេសនោះគឺមានបញ្ហាដូចតែគ្នាទេ។ នៅក្នុងប្រទេស ដូចនៅក្នុងសាសនាព្រះពុទ្ធ ជីវិតទាល់តែទៅនិព្វានបានផុតកម្ម ក្រៅពីនោះត្រូវមានកម្មទាំងអស់។ កម្មនៃប្រទេសមួយ មានចំណុចខ្លាំងចំណុចខ្សោយ ដែលត្រូវការកែសម្រួលជាប់ជាប្រចាំ។ យើងត្រូវធ្វើ(ការកែទំរង់ទាំងអស់)នៅក្នុងការលំបាក។ នេះគឺជាបទពិសោធជាក់ស្តែង។ ពេលដែលយើងឈឺចាប់ផ្ទួនៗ ទាំងទឹកជំនន់ទាំងសង្គ្រាម យើងមានជម្រើស២។ ជម្រើស១ យើងដួល យើងអត់ងើប យើងបាក់ទឹកចិត្ត ហើយអ្នកខ្លះរហូតដល់សម្លាប់ខ្លួន ឬមួយក៏ប្រទេសយើងមិនងើបឡើងវិញ។ ឬមួយ(យកជម្រើសទី២) យើងត្រូវប្រឈមជាមួយបញ្ហា រកវិធីដោះស្រាយ កែលម្អវាដើម្បីពង្រឹងខ្លួន ដោយកន្លែងខ្លះ ការកែទម្រង់ អាចពង្រឹងខ្លួនបានល្អបំផុតនៅពេលដែលយើងជួបផលវិបាក។ បើនៅស្រួល គេថាស្រួលហើយ កែធ្វើស្អី? … យើងអត់ដឹងទេព្រោះយើងកំពុងតែកើន។ ដូចកាលមុនកូវីដ-១៩ អចលនទ្រព្យឡើងៗ អ្នកណាក៏ថាទិញដីអត់ខុសដែរ។ ប៉ុន្តែវដ្តវាឡើងចុះអញ្ចឹង។ គឺជាឱកាសមួយដែលយើងពង្រឹងខ្លួនឯង។
(២៦) “… កែទំរង់ប្រាកដជាប៉ះពាល់ … រួមគ្នាគិតគូរលះបង់ដើម្បីផលប្រយោជន៍រួម … បន្តសាមគ្គីឯកភាពជាតិ … ដើម្បីដើរទៅមុខ”
ខ្ញុំគិតថា ពេលដែលលំបាកនេះ យើងបានពង្រឹងសាមគ្គីឯកភាពជាតិ។ ប្រមូលខ្មែរនៅក្នុងនិងក្រៅប្រទេស ដើម្បីបុព្វហេតុជាតិ។ នេះគឺជាការការពារទឹកដីរបស់យើង … យើងបន្តសាមគ្គីឯកភាពជាតិដើម្បីការកែទម្រង់ និងការពង្រឹងជាតិរបស់យើង។ ពិតណាស់ ការកែទំរង់ ប្រាកដជាប៉ះហើយ។ បើមិនធ្វើក៏វាប៉ះ បើធ្វើក៏ប៉ះ។ ដោយសារការគិតគូររួមគ្នា លះបង់ផលប្រយោជន៍ខ្លះ ដើម្បីផលប្រយោជន៍រួម យើងដើរទៅមុខបាន។ មិនថាកំណែទម្រង់រឿងបង្ក្រាប SCAM កំណែទម្រង់រឿងកងទ័ព កំណែទម្រង់វិស័យឯកជន នីតិវិធីផ្សេងៗ ដែលត្រូវធ្វើ បង្កើនការសហការរវាងក្រសួងស្ថាប័ន យើងត្រូវបន្តធ្វើ ត្បិតជាឱកាសដែលត្រូវបន្តជម្រុញ មិនអាចឈប់។ ទាំងអស់នេះ ភ្ជាប់ពីស្ថានភាព មកមនុស្សវិញ បទពិសោធន៍ជាប្រទេសជាខេត្តដែលប្រឈមការដោះស្រាយរឿងសង្គ្រាម ទឹកជំនន់ រឿងអីផ្សេងៗ បញ្ហាខ្លះយើងអាចព្យាករណ៍ បញ្ហាខ្លះយើងមិនបានព្យាករណ៍បានទេ។ ជីវិតយើងដូចគ្នា។ និស្សិតដែលបានបញ្ចប់ការសិក្សាពីកន្លែងនេះ ឬមកដល់ពេលនេះ ក៏ដូចតែគ្នា។ យើងមានបញ្ហាបន្ទុក។ អ្នកខ្លះបញ្ហាជាមួយធនាគារ អ្នកខ្លះអត់បញ្ហាថវិកាទេ តែមានបញ្ហាជាមួយគ្រួសារ … អ្នកខ្លះមានបញ្ហាជាមួយនេះ/នោះ ជីវិតគ្មានស្អីដែលល្អឥតខ្ចោះ … ការតស៊ូរបស់យើង ជីវិតរបស់យើង ក៏ដូចប្រទេសដែរថា វាមិនមែនកើតឡើងតែអ្វីដែលយើងចង់បាននោះទេ។
(២៧) “… ត្រូវការគ្រួសាររួមគ្នាតស៊ូទៅជាមួយគ្នា ជាពិសេសផ្ទាល់ខ្លួន ដាក់គោលដៅ ឆន្ទៈ ខិតខំធ្វើការ …”
កម្ពុជាមិនចង់បានសង្គ្រាមទេ។ នៅតាមព្រំដែន យើងដាក់គោលដៅកសាងព្រំដែនសន្តិភាព សហប្រតិបត្តិការ ប៉ុន្តែ(បែរជា)មានសង្គ្រាម។ ប្រជាជនយើង ជីវិតយើងដូចគ្នា។ ចង់បានតែសេចក្តីសុខ អ្វីៗល្អដូចគ្នាទាំងអស់ ប៉ុន្តែវាប្រឈម។ គ្មានអីក្រៅពីប្រទេសយើងត្រូវពង្រឹងខ្លួនឯង ស្ថានភាពដែលយើងអាចប្រឈម មិនមែនមានតែអតីតកាល បច្ចុប្បន្ន ឬអនាគតទេ វានៅតែមាន ប៉ុន្តែជាឱកាសសម្រាប់យើងពង្រឹងខ្លួនឯង។ បងប្អូននៅទីនេះ រៀន ៤ឆ្នាំប្រឈមច្រើន។ មានអ្នកខ្លះចង់បោះបង់ឆ្នាំទី១។ មានទេអ្នកដែលចង់បោះបង់ឆ្នាំទី១? មានក៏អត់លើកដៃដែរ ព្រោះឥឡូវឆ្នាំទី៤ ហើយ។ កាលជួបនៅបាត់ដំបងនេះ ក៏មានបង្កើតក្រុមការងារជួយនិស្សិតអាហារូបករណ៍។ មួយឆ្នាំៗ អ្នកបោះបង់មិនតិចទេ តែពេលខ្លះអត់មានការច្រើនទេ មានរឿងបន្តិចបន្តួច។ ជួយពន្យល់គាត់ៗ ឡើងបាន។ អ្នកខ្លះថា រៀនមួយថ្នាក់ពីរថ្នាក់ចេះតែធ្លាក់។ អញ្ចឹងសុំឈប់។ តែបើគាត់ឈប់ អត់តស៊ូ គាត់ត្រូវបញ្ចប់បាត់ហើយ។ អ្នកដែលអង្គុយនេ សុទ្ធតែអ្នកតស៊ូហើយ។ ខ្ញុំមិនជឿថា អ្នកណាធ្វើបានពិន្ទុ ១០០ភាគរយគ្រប់ពេលទេ។ ពេលខ្លះក៏មានបញ្ហាដែរ … ការដាក់ចក្ខុវិស័យរយៈពេលវែង ខិតខំបន្តរៀនសូត្រ ចេញពីសាលាបន្តរៀននៅខាងក្រៅ មេរៀនកាន់តែលំបាក កាន់តែឆាប់ចេះ។ ជឿខ្ញុំ។ ខ្ញុំអត់ចាំបាច់រំលេចច្រើនទេ។ បងប្អូនដឹងហើយ។ គ្រាន់តែចែករំលែកប្រៀបធៀបរវាងប្រទេស ខេត្តដែលដោះស្រាយបញ្ហាសង្គ្រាម បញ្ហាទឹកជំនន់ វាមិនខុសពីយើងដែលជួបបញ្ហាក្នុងជីវិតទេ។ វាត្រូវការការតស៊ូរួមគ្នាដើម្បីគ្រួសារទៅជាមួយគ្នា ជាពិសេសផ្ទាល់ខ្លួន យើងត្រូវដាក់ចេញនូវគោលដៅ ឆន្ទៈ ធ្វើការ ហើយត្រូវការខិតខំ។
(២៨) “… រៀនឱ្យចេះ យកទៅធ្វើការបានពិត … សញ្ញាឃើញ ការខំប្រឹងប្រែង បូកនឹងការច្នៃប្រឌិតរៀនបន្ថែមក្នុងសាលា … វាមិនខុសពីប្រទេសទេ ពង្រឹងខ្លួន គ្មាននរណាជួយលំបាកទេ …”
អ្នកខ្លះសួរថា តើជំនាញខ្ញុំល្អឬមិនល្អ? ជំនាញស្អីក៏ល្អដែរ កុំកាន់សញ្ញាបត្រហើយ ដូចមិនទុកចិត្តសោះ។ ឯងមានសញ្ញាបត្រនេះ តិចរៀនខុសទៅ ៤ឆ្នាំ។ កុំឱ្យសោះ។ ការសម្រេចចិត្តអីហើយធ្វើទៅ។ យកមុខវិជ្ជាហ្នឹងទៅ គឺល្អសម្រាប់យើងហើយ។ សំខាន់គឺយើងទេ ជាអ្នកធ្វើឱ្យការសម្រេចចិត្តថាវាជោគជ័យឬមិនជោគជ័យ។ យកមួយនេះចោលមួយនោះ។ អញ្ចឹង ចង់យកទាំងពីរ ក៏វានៅចោល ១០ទៀត។ អញ្ចឹង មិនអាចយកបានទាំងអស់ទេ។ យើងត្រូវយកជំនាញមួយណា ចំណេះមួយណាដែលប្អូនបានរៀន បានសញ្ញាបត្រនេះ ទៅពង្រីកបន្ថែម ច្បាមបន្ថែម។ រៀនឱ្យចេះយកទៅធ្វើការពិតប្រាកដ ... សញ្ញាឃើញ ការខិតខំប្រឹងប្រែង បូកជាមួយការច្នៃប្រឌិតរៀនបន្ថែមក្នុងសាលា ពង្រឹងខ្លួនឯង វាមិនខុសពីប្រទេសទេ គ្មាននរណាជួយយើងលំបាកទេ … ខ្ញុំដឹកនាំប្រទេសក្នុងរយៈពេល ៣ឆ្នាំ ពិសេសពេលដែលមានការលំបាក មិត្តភក្តិក៏គេជួយ ប៉ុន្តែគេមានដែនកំណត់នៃការជួយ។ មានតែយើងទេត្រូវពង្រឹងខ្លួនឯង ជួយដោះស្រាយបញ្ហាខ្លួនឯង។ បើយើងមិនឈានទៅដល់ការដោះស្រាយបញ្ហាខ្លួនឯង ប្រឈមនឹងបញ្ហា ទទួលស្គាល់បញ្ហា យើងអត់ដោះស្រាយ និងដើរទៅមុខបានទេ។ បងប្អូនមានបញ្ហា គឺប្រឈមដោះស្រាយខ្លួនឯងឱ្យអស់ កុំបោះបង់ចោល ឬចាំគេមកជួយ។ កុំចាំឪពុកមកជួយ កុំចាំម្តាយមកជួយ កុំចាំប្តីមកលើកទឹកចិត្ត កុំចាំប្រពន្ធមកលើកទឹកចិត្ត ព្រោះរំពឹងគេមកលើកទឹកចិត្តហ្នឹង ជួនកាលបាក់ទឹកចិត្តលើសដើម។ លើកខ្លួនឯងទៅ។
(២៩) អំពីទីផ្សារនិងឱកាសការងារ ឬមួយដូរទៅរកជំនាញថ្មី ឬខំស្វែងរកឱកាស ឬបង្កើតឱកាសខ្លួនឯង
គ្មាននរណាអត់មានបញ្ហា អត់មានការជម្រុញដោះស្រាយបញ្ហា ប្រឈម រឿងតូចរឿងធំទេ។ នរណាក៏មានបញ្ហាដែរ។ រឿងតូចរឿងធំ បញ្ហាគ្រួសារ ខេត្តមានបញ្ហាតាមថ្នាក់ខេត្ត ថ្នាក់ជាតិ បញ្ហាថ្នាក់ជាតិ។ វាយគ្នាប្រាវ ថ្នាក់ខេត្តដឹងតែជម្លៀសប្រជាជនក្នុងខេត្ត ថ្នាក់ជាតិត្រូវទប់គ្រប់មុខព្រួញ ទាំងយោធាទាំងការសង្គ្រោះ និងចរចា។ អត់ស្រួលទេ។ ដោះស្រាយធ្វើម៉េចឱ្យប្រជាជនបានរស់ គ្រួសារបាននៅសុខជុំគ្នា កុំឱ្យបែកបាក់។ នេះគឺជាអ្វីដែលនិស្សិតរបស់យើង (ត្រូវត្រិះរិះ)ក្នុងការបន្តកសាងអនាគត។ កុំរង់ចាំឱកាស។ ពេលខ្លះត្រូវទៅរកឱកាស មានសញ្ញាបត្រហើយ។ មានគេធ្លាប់សួរថា ចុះឃើញតែដើរនិយាយ ក្រសួងលើកទឹកចិត្តឱ្យរៀនតាមតម្រូវការទីផ្សារ ចុះហេតុអ្វីក៏មិនទៅបង្កើតទីផ្សារឱ្យចំជំនាញខ្ញុំ។ បើទីផ្សារក្នុងសម័យដែលសេដ្ឋកិច្ចធ្វើផែនការយើងអាចបង្កើតបាន តែសម័យទីផ្សារសេរីវាទៅតាមហ្នឹង។ ឆ្នាំនេះវាត្រូវជំនាញនេះ ឆ្នាំនោះវាត្រូវជំនាញផ្សេង។ អ្វីដែលសំខាន់ គ្រប់ជំនាញទាំងអស់សុទ្ធតែមានតម្រូវការ។ យើងមានជម្រើសពីរបី។ ជំនាញខ្លះអត់មាន ធ្វើយ៉ាងម៉េចក៏ពិបាករកទីផ្សារដែរ។ ឧ. ខ្លះជំនាញខាងមើលសត្វ មើលអីអញ្ចឹង។ មិនមែនពេទ្យបសុសត្វទេ ស្អីផ្សេងទៀត ជំនាញបរិស្ថាន ឬមួយជំនាញអីដែលឱកាសវាមានកំណត់ ហើយអត់ត្រូវការមនុស្សច្រើន។ ជម្រើសមួយ ប្អូនដូរជំនាញទៅរកជំនាញថ្មីដែលមានទីផ្សារ។ ទីពីរប្រកាន់ជំនាញរបស់ខ្លួន មិនបាច់ដូរទេ តែត្រូវពង្រឹង(សមត្ថភាព)ចេញទៅស្វែងរកឱកាស។ បើនៅខេត្ត(យើងនៅ)អត់មានឱកាស អត់ត្រូវជំនាញទេ យើងទៅរកខេត្ត/កន្លែងផ្សេង។ ទីបី បង្កើតឱកាសខ្លួនឯង។ បង្កើតឱកាសខ្លួនឯងលំបាក ប៉ុន្តែភាគច្រើនបង្កើតឱកាសខ្លួនឯង។ អ្នកដែលជោគជ័យធំៗ សុទ្ធតែអ្នកដែលបង្កើតឱកាសខ្លួនឯង។ មិនមែនទាំងអស់គ្នាអាចធ្វើបានទេ។ ប៉ុន្តែក៏ជាអ្វីដែលយើងមិនអាចបោះបង់ចោលបានឡើយ។ ជួនកាលជំនាញរបស់យើងនៅខេត្តយើងហ្នឹងអត់មាននរណាស្គាល់ទេ។ ប៉ុន្តែនៅកន្លែងគេ នៅកន្លែងនោះវាដើរច្រើន។ យើងត្រូវរកវិធីផ្សព្វផ្សាយបង្កើត(ឱកាស)។
(៣០) “រៀនជំនាញណាក៏មិនខុសដែរ រៀនឱ្យច្បាស់ … បើមិនច្បាស់ ប្រយ័ត្នបន្តិចទៀត AI ធ្វើជំនួស …”
ហ្នឹងមិនខុសពី Facebook ដែលពេលបង្កើតដំបូងអត់មាននរណាជឿ/ប្រើទេ។ គាត់មានជំនាញហ្នឹង គាត់បង្កើតហ្នឹង អត់មាននរណាប្រើ តែខំបង្កើតខ្លួនឯងដើម្បីបង្កើតទីផ្សារ។ Alibaba ស្រដៀងគ្នា។ មាននរណាជឿថា លក់តាមហ្នឹងដាច់ ប៉ុន្ដែក្រោយ(មក)វាលក់ដាច់ ដោយសារដើរបង្កើត ហើយអត់បោះបង់ទេ … មានអ៊ំម្នាក់នៅភ្នំពេញ។ ខ្ញុំស្មានតែគេនិយាយលេងសើច។ មុខរបរគាត់ដឹកទឹកសមុទ្រលក់។ ជឿទេ? នៅតាម Restaurant មួយចំនួនដែលចិញ្ចឹមត្រីសមុទ្រ គេចង់ឱ្យត្រីហ្នឹងវានៅរស់យូរ គេអត់យកទឹកអំបិលលាយទេ គេយកទឹកសមុទ្រ។ អត់មាននរណាធ្វើ។ គាត់ធ្វើ។ គាត់បង្កើតឱកាសខ្លួនឯង។ គាត់ដឹកទឹកសមុទ្រដើរលក់។ ទិញឡានបានមួយពីរ។ នេះខ្ញុំនិយាយសម្រាប់ជំនាញកម្រ។ យើងមានជម្រើសបី។ រៀនឱ្យចំជំនាញណាក៏អត់មានខុសដែរ។ ប៉ុន្តែគេរកការងារច្រើនបានតែរៀនមុខវិជ្ជានេះ។ ពិតហើយមាន(ជំនាញខ្លះមាន)ទីផ្សារច្រើន ប៉ុន្តែជំនាញណាដែលយើងស្រឡាញ់ ពេលខ្លះ(យើង)ត្រូវបង្កើតឱកាសឱ្យវា ច្នៃប្រឌិត។ ធ្វើអីឱ្យតែច្បាស់ទៅ។ ខ្ញុំនិយាយក្នុងនាមជាអ្នកធ្វើការឱ្យគេ ហើយក៏ក្នុងនាមជាអ្នកធ្វើមេគេដែរ។ អ្នកជួយខ្ញុំ ត្រូវការចេះច្រើនមុខ។ ជំនាញខ្លះអត់មានមនុស្សច្រើនទេ។ ឱ្យតែមួយៗ ច្បាស់ទៅ។ តែធ្វើមិនច្បាស់ ប្រយ័ត្នបន្តិចទៀត AI ធ្វើជំនួស។ មិនពឹង AI ពេកទេ មនុស្សនៅ(តែធ្វើ)ដដែល ឱ្យតែច្បាស់។ គេចង់បានម្នាក់ដែលការងារច្បាស់ ជាជាងប្រើប្រាំនាក់ ឬមួយឱ្យរកជំនួយការប្រាំនាក់លើការងារដដែល។ រកម្នាក់ដែលច្បាស់ធ្វើទៅ។ ថ្ងៃក្រោយបើការងារធំ ឱ្យអ្នកហ្នឹងដឹកនាំអ្នកផ្សេងទៀតជួយយើង។ យើងអត់ចាំបាច់ទៅរវល់ច្រើន។ ការវិវត្តន៍ដូចគ្នា។ ការដឹកនាំ ការកសាងសេដ្ឋកិច្ចផ្ទាល់ខ្លួន ជាមួយអាជីវកម្មផ្ទាល់ខ្លួន កន្លែងធ្វើការផ្ទាល់ខ្លួន សម្រាប់អ្នកជា Manager ក៏ដូចគ្នា …។
(៣១) “ប្រទេសខ្លាំង ទាល់តែប្រជាជនខ្លាំង ប្រជាជនខ្លាំងទាល់តែមានសុខភាព សុវត្ថិភាព ចំណេះដឹង …”
ការទទួលសញ្ញាបត្រថ្ងៃនេះ គឺជាជំហានបន្ដក្នុងការកសាងមូលដ្ឋានចំណេះដឹង/បទពិសោធន៍។ បងប្អូននឹងយកការងារនេះបន្តធ្វើតទៅទៀត រៀនសូត្រនិងកសាងសមត្ថភាព ជាធនធានសម្រាប់ខេត្ត សម្រាប់គ្រួសារ និងសម្រាប់ប្រទេសជាតិ។ ប្រទេសខ្លាំង ទាល់តែប្រជាជនខ្លាំង ប្រជាជនខ្លាំងទាល់តែសុខភាព សុវត្ថិភាព ចំណេះដឹងកើន។ តាំងពីតូចដល់ធំ គ្រប់វិស័យទាំងអស់ មិនថាព្រះពុទ្ធសាសនា សាសនាណា ឬមួយក៏អាណាចក្រនោះទេ។ មិនថាមន្ត្រីរាជការ អង្គការសង្គមស៊ីវិល ឬវិស័យឯកជន គឺត្រូវតែរឹងមាំ (ព្រោះទាំង)នេះជាសមត្ថភាពរបស់ប្រទេសជាតិយើង។ យើងកំសត់ណាស់ហើយ ដែលរាប់រយឆ្នាំមានការបែកបាក់ផ្ទៃក្នុង រាប់រយឆ្នាំនៃការបាត់បង់និងការទទួល។ ឧទាហរណ៍ ខេត្តបាត់ដំបង (យើង)បាត់បង់ការគ្រប់គ្រងពីរដង ដែលម្ដង ១០០ឆ្នាំ និងម្ដងទៀត ៥ឆ្នាំ។ ឥឡូវ អ្នកបាត់ដំបងគ្រប់គ្រងម្ចាស់ការ ហើយកាន់តែរឹងមាំទៀត។ កុំឱ្យបាត់បង់តទៅទៀត។ យើងត្រូវខិតខំតស៊ូ។
(៣២) ប្រកាន់យកអភិក្រមពង្រឹងខ្លួន ពង្រឹងជាតិ និងពង្រឹងធនធានមនុស្ស … ពឹងគេរយៈពេលខ្លី ពង្រឹងខ្លួនរយៈពេលវែង …”
រាជរដ្ឋាភិបាលដាក់អភិក្រមបែបនេះ ដើម្បីមានជីវិត ឱកាស ពង្រឹងខ្លួន ពង្រឹងប្រទេសជាតិ និងពង្រឹងធនធានមនុស្សរបស់យើងឱ្យកាន់តែរឹងមាំ។ ទាល់តែយើងខ្លាំង បានគេគោរព។ បើយើងចង់ឱ្យគេគោរព កុំទន់ជ្រាយ មិនថាជាប្រទេស ជាបុគ្គល ត្រូវតែរឹងមាំ (មាន)ភាពជឿជាក់ មិនមែនអួតទេណា។ ភាពជឿជាក់រឹងមាំ ពាក្យថារឹងមាំ ត្រូវម្ចាស់ការ កុំស្អីក៏ពឹងគេ។ ត្រូវម្ចាស់ការខ្លួនឯងតាមលទ្ធភាពដែលអាចធ្វើទៅបាន។ បើពឹងគេ ក៏កុំពឹងរហូត។ ពឹងគេក្នុងរយៈពេលខ្លី ដើម្បីយកមកពង្រឹងខ្លួនឯងរយៈពេលវែង។ បើថាមិនចេះទៅសួរគ្រូឱ្យគ្រូជួយបង្រៀនបំប៉នមក ដើម្បីយើងមានសមត្ថភាព។ កុំមួយ Semester ហ្នឹងគ្រូធ្វើឱ្យទាំងអស់ ជាប់នឹងគេដែរ។ កន្លែងណាលំបាក គ្រូជួយពន្យល់ យើងយកមករៀនបន្ថែមខ្លួនឯង។ ការងារដូក៏ចគ្នា។ ពឹងគេដើម្បីពង្រឹងខ្លួនយើង។ យើងធ្វើការជាមួយដៃគូកម្ចី ADB ជំនួយ ADB មួយចំនួនយកមកដើម្បីពង្រឹងហេដ្ឋារចនាសម្ព័ន្ធរបស់យើងដើម្បីពង្រឹងសេដ្ឋកិច្ចក្នុងក្រុង ពង្រឹងចរាចរណ៍របស់យើង។
មនុស្សនិងប្រទេសមិនខុសគ្នាទេ។ ការចូលរួមរបស់ខ្ញុំនៅក្នុងព្រឹកនេះ ទាក់ទងទៅនឹងការងាររួម ជាពិសេសទាក់ទងទៅនឹងបញ្ហាប្រឈមជាក់ស្ដែងដែលយើងបានជួប ដែលខេត្ត មូលដ្ឋាន និងប្រជាពលរដ្ឋខេត្តបាត់ដំបងបានជួប ហើយបានរួមគ្នាដោះស្រាយ។ សង្គ្រាមឬទឹកជំនន់ ក៏ដូចជាបទពិសោធន៍បន្តិចបន្តួចដែលខ្ញុំអាចចែករំលែកពាក់ព័ន្ធទៅនឹងនិស្សិតសញ្ញាបត្រ មិនមែនត្រូវទាំងអស់ទេ ប៉ុន្តែជាទស្សនៈ និងបទពិសោធន៍របស់ខ្ញុំសម្រាប់ព្រះតេជគុណ បងប្អូន ទាំងនារី ទាំងបុរស ដែលទទួលសញ្ញាបត្រនេះ។ ខ្ញុំជឿថាភាគច្រើនដឹងអស់ហើយ ប៉ុន្តែគ្រាន់តែថាចែករំលែកបន្ថែមនូវការរំពឹងទុកនូវអ្វីដែលយើងចង់បាន។ ថ្ងៃនេះ ២០០១អង្គ/នាក់ ស្រ្តី ១២០០នាក់។ សាលាបងខាងនារីៗ បានច្រើនជាង ចុះឈ្មោះច្រើនជាង ឬនារីៗ ទទួលសញ្ញាបត្រច្រើនជាងប្រុសៗ? ចុះឈ្មោះនារីច្រើនជាង។ អញ្ចឹង ល្អវិញ។ ប្រុសៗយើង ក្រែងលោចុះឈ្មោះប្រុសច្រើនជាង ដល់ចប់ នារីច្រើនជាង។ ខ្ញុំធ្លាប់តែចែក(បណ្ណសរសើរ) សិស្សពូកែមួយនោះនៅកំពង់ចាម លេខ១ ដល់លេខ១០ ស្រីទាំងអស់។ យើងប្រុសដូចអៀនដែរ។ ថ្ងៃនេះ ចូលរួមប៉ុណ្ណេះចុះ … ខ្ញុំដឹងថាណាត់បាយម៉ោង១១។ អញ្ចឹង ខ្ញុំនិយាយឱ្យដល់ម៉ោង ល្មមចេញទៅម៉ោង ១១កន្លះ បាយឆ្អិនល្មម។
អបអរសាទរសាជាថ្មី ថ្វាយបង្គំ ប្រគេន ព្រះតេជគុណ ព្រះសង្ឃគ្រប់ព្រះអង្គ និស្សិត ជ័យលាភីទាំងអស់ ក៏ដូចជាក្រុមគ្រួសារ សម្រាប់ភាពជោគជ័យមួយជំហានទៀត។ សូមអរគុណ ចំពោះថ្នាក់ដឹកនាំសាលា សាស្ត្រាចារ្យ បុគ្គលិកសិក្សា ដែលបានខិតខំបណ្តុះបណ្តាលធនធានមនុស្សរបស់យើង។ អរគុណទៅដល់ក្រសួងអប់រំ មន្ទីរអប់រំ និងគ្រប់អ្នកពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមនៅក្នុងការបង្កលក្ខណៈឱ្យការអប់រំបានជោគជ័យ។ សូមជូនពរនិងប្រសិទ្ធពរ ថ្វាយ/ប្រគេនពរព្រះតេជគុណនិងព្រះសង្ឃគ្រប់ព្រះអង្គ ជូនពរឯកឧត្តមលោកជំទាវ លោក/ស្រី អស់លោក ជាពិសេសនិស្សិតជ័យលាភីទាំងអស់គ្នា ឱ្យទទួលបាននូវជោគជ័យបន្ថែមទៀត សុខភាពល្អ និងទទួលបាននូវពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាត។
ថ្ងៃនេះសម្រាប់និស្សិតជ័យលាភី ដែលទទួលបានសញ្ញាបត្រ សរុប ២០០១ អង្គ/នាក់ ក្នុងមួយអង្គ/នាក់៥ម៉ឺនរៀល។ នៅបាត់ដំបង កន្លែងណាគេឧស្សាហ៍ជុំគ្នា ក្រោយពីហ្នឹង នៅកន្លែងណា? ស្រួលខ្ញុំលួចទៅដែរថ្ងៃក្រោយមក។ សាស្ត្រាចារ្យ បុគ្គលិក ១៦៩នាក់ ម្នាក់ៗថវិកា ១០ម៉ឺនរៀល។ ដោយឡែក ជូននិស្សិតស្ត្រីមានផ្ទៃពោះចំនួន ៣២នាក់ ម្នាក់ៗថវិកា ១លានរៀលផងដែរ។ អ្នកបាត់ដំបង អត់ចាញ់អ្នកភ្នំពេញទេ។ អ្នកភ្នំពេញម្សិលមិញ ២៤០០នាក់ អ្នកផ្ទៃពោះ ៣៧នាក់។ បាត់ដំបង ២០០១នាក់ អ្នកផ្ទៃពោះ ៣២នាក់។ ជួយបង្កើតកូនចៅបន្ថែមទៀតជូនអ្នកបាត់ដំបង។ និស្សិតពិការភាពចំនួន ២នាក់ ម្នាក់ៗថវិកា ៥០ម៉ឺនរៀល។ ជូនសាលាសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច ខេត្តបាត់ដំបង ១០លានរៀល និងជូនក្រុមគ្រូពេទ្យប្រចាំការក្នុងអង្គពិធី ថវិកា ៣លានរៀលផងដែរ។ សូមអរគុណ៕


