ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា និង រាជរដ្ឋាភិបាល;
គណៈធិបតី ភ្ញៀវកិត្តិយសជាតិ–អន្តរជាតិ
សាស្រ្តាចារ្យ បុគ្គលិកសិក្សា គរុសិស្ស គរុនិស្សិត ជ័យលាភី គ្រូបង្វឹក កីឡាករ/ការិនី អង្គពិធី ជាទីមេត្រី!
ថ្ងៃនេះ, ខ្ញុំពិតជាមានសេចក្ដីសោមនស្ស ដោយបានចូលរួមក្នុង «ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារកម្ពស់ ៣ ជាន់, សមិទ្ធផលនានា, និង ប្រគល់សញ្ញាបត្រគ្រូបង្រៀនកម្រិតមូលដ្ឋាន និង សញ្ញាបត្របរិញ្ញាបត្រអប់រំ ឯកទេសអប់រំកាយ ជូនដល់ គរុសិស្ស គរុនិស្សិត នៅវិទ្យាស្ថានជាតិអប់រំកាយ និង កីឡា» នាពេលនេះ ។
[ចាប់ផ្ដើមសេចក្ដីអធិប្បាយ១]
មានភ្ញៀវពិសេសម្នាក់ចូលរួមក្នុងសមាសភាពខាងក្រោម។ ខ្ញុំមិនប្រាប់ទុកឱ្យឆ្ងល់។ អ្នកចូលរួមនេះ មួយអាទិត្យនេះ សួរចង់ ១០ដង ថាខ្ញុំមកដល់ម៉ោងប៉ុន្មានព្រឹកហ្នឹង ព្រោះគាត់ត្រូវមកតាំងពីម៉ោង ៦កន្លះ។ នៅផ្ទះហ្នឹង បន្ទាប់ពីប្រពន្ធខ្ញុំមក គឺពួកគាត់ហ្នឹងឯងដែលធំ។ ខ្ញុំថាពិធីការប្រាប់ម៉ោង ៨កន្លះ បើតែមកមុនគឺអ្នករៀបចំកម្មវិធីពិបាក រត់ជាន់ជើងគ្នា។ ខ្ញុំធ្លាប់រៀបចំកម្មវិធី។ ពេលខ្លះរៀបចំ(មិនទាន់)ហើយ(គណអធិបតីមកដល់)។ ភ័យជាងគេបំផុតគណៈធិបតីមកមុនកម្មវិធី។ ថ្ងៃនេះ ខ្ញុំសូមអរគុណចំពោះការរៀបចំបានល្អនៅទីនេះ ហើយក៏ជាលើកទី១ ដែលខ្ញុំបានមកឃើញសមិទ្ធផល ជាពិសេសការរៀបចំអគារ ហេដ្ឋារចនាសម្ព័ន្ធជាច្រើន ដូចឯកឧត្តម ហង់ជួន ណារ៉ុន បានរៀបរាប់នៅក្នុងសុន្ទរកថាអម្បាញ់មិញសម្រាប់បម្រើឱ្យវិស័យអប់រំ កីឡា។
[ចប់សេចក្ដីអធិប្បាយ១]
សមិទ្ធផលដែលបានលេចចេញជារូបរាងនៅវិទ្យាស្ថានជាតិអប់រំកាយ និង កីឡានេះ កំពុងឆ្លុះបញ្ចាំងពីការខិតខំរបស់រាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍវិស័យអប់រំនៅកម្ពុជា ជាពិសេស វិស័យអប់រំកាយ និង កីឡា សំដៅលើកកម្ពស់សុខុមាលភាពប្រជាជន តាមរយៈ ការកសាងសុខភាពរាងកាយឱ្យរឹងមាំ, ការថែរក្សាសុខភាពផ្លូវចិត្ត ឱ្យជ្រះថ្លា, និង ការជំរុញសិនិទ្ធភាពសង្គមជាតិ ។ ក្នុងន័យនេះ, ខ្ញុំសូមវាយតម្លៃខ្ពស់ចំពោះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និង កីឡា, ក៏ដូចជា ថ្នាក់ដឹកនាំ និង មន្រ្តីរាជការ បុគ្គលិក ដែលបានយកចិត្តទុកដាក់ខ្ពស់ ក្នុងការដាក់ចេញនូវគោលនយោបាយ ផែនការយុទ្ធសាស្រ្ត និង កម្មវិធីកែទម្រង់ ដែលបាននិងកំពុង កែលម្អវិស័យអប់រំ ឱ្យប្រសើរឡើងជាលំដាប់, និយាយជារួម និង លើកស្ទួយវិស័យអប់រំកាយ និង កីឡា ឱ្យរស់រវើក, និយាយដោយឡែក ។
ខ្ញុំសូមកោតសរសើរវិទ្យាស្ថានជាតិអប់រំកាយ និង កីឡា ដែលមានចក្ខុវិស័យវែងឆ្ងាយ, បេសកកម្មច្បាស់លាស់ និង គុណតម្លៃត្រឹមត្រូវ ដែលបាននិងកំពុងដើរតួនាទីជាត្រីវិស័យ និង បង្គោលចរ សម្រាប់ដឹកនាំគ្រឹះស្ថានសិក្សានេះ ឱ្យទទួលបានជោគជ័យជាបន្តបន្ទាប់ ក្នុងការបណ្តុះបណ្តាលធនធានមនុស្សកម្ពុជា ក្នុងវិស័យអប់រំកាយ និង កីឡា ចាប់តាំងពីឆ្នាំ ១៩៨៨ មក ។ ទន្ទឹមនេះ, ខ្ញុំក៏សូមវាយតម្លៃខ្ពស់ចំពោះការរីកចម្រើនជាលំដាប់របស់វិទ្យាស្ថានជាតិអប់រំកាយ និង កីឡា, ទាំងលើផ្នែកហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និង បច្ចេកវិទ្យា, ការកែលម្អកម្មវិធី និង វិធីសាស្រ្តបណ្តុះបណ្តាល, ការអភិវឌ្ឍសមត្ថភាពគ្រូលើការស្រាវជ្រាវ និង ការបង្រៀន, និង ការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការជាមួយដៃគូពាក់ព័ន្ធ សំដៅឆ្លើយតបនឹងការកើនឡើង, ទាំងបរិមាណ និង គុណភាព, នៃតម្រូវការរបស់សង្គមជាតិ ក្នុងវិស័យអប់រំកាយ និង កីឡា ។
ឆ្លៀតឱកាសនេះ, ខ្ញុំសូមសម្តែងនូវអំណរគុណចំពោះ រាជរដ្ឋាភិបាល និង ប្រជាជនជប៉ុន ជាពិសេស អង្គការមិនមែនរដ្ឋាភិបាលបរទេសបេះដូងមាស និង ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) ដែលបានឧបត្ថម្ភគាំទ្រដល់គម្រោងសាងសង់អគារកម្ពស់ ៣ ជាន់ និងសមិទ្ធផលនានា នៅវិទ្យាស្ថានជាតិអប់រំកាយ និង កីឡា ដោយបានបំពាក់នូវសម្ភារៈបរិក្ខារគ្រប់គ្រាន់ សម្រាប់បម្រើដល់ការសិក្សាស្រាវជ្រាវរបស់លោកគ្រូ អ្នកគ្រូ និង គរុសិស្ស គរុនិស្សិត សំដៅចូលរួមលើកកម្ពស់សមត្ថភាពវិជ្ជាជីវៈគ្រូបង្រៀនមុខវិជ្ជាអប់រំកាយ និង កីឡានៅកម្ពុជា ។ ជាមួយនេះ, ខ្ញុំក៏សូមវាយតម្លៃខ្ពស់ចំពោះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និង លោកជំទាវ កែ សួនសុភី ស សុខា ដែលបានជួយកសាងទីលានបាល់ទាត់ស្មៅសិប្បនិម្មិត និង ជួសជុលកែលម្អទីលានស្មៅធម្មជាតិ របស់វិទ្យាស្ថាននេះ ។
ក្នុងបរិការណ៍សកលពោរពេញដោយហានិភ័យ និង ភាពមិនប្រាកដប្រជាខ្ពស់, កម្ពុជាត្រូវតែពន្លឿនការកែទម្រង់ឱ្យកាន់តែស៊ីជម្រៅក្នុងវិស័យសេដ្ឋកិច្ច និង វិស័យការពារជាតិ ស្របតាមពាក្យស្លោក «មុជឱ្យជ្រៅ ទៅឱ្យឆ្ងាយ» តាមរយៈ ការបន្តពូនជ្រំមូលធនមនុស្សស្របតាមទិសដៅនៃយុទ្ធសាស្រ្តអភិវឌ្ឍជាតិ, និង ការបន្តលើកកម្ពស់ចំណេះដឹង ចំណេះធ្វើ សីលធម៌ និង វិន័យ របស់ប្រជាពលរដ្ឋខ្មែរ ដើម្បីឆ្លើយតបបានកាន់តែប្រសើរ និង ទាន់ពេល ទៅនឹងសេចក្តីត្រូវការនៃការអភិវឌ្ឍសង្គមសេដ្ឋកិច្ច និង កិច្ចការពារជាតិមាតុភូមិ ។
ក្នុងន័យនេះ, រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា បន្តជំរុញការអភិវឌ្ឍវិស័យអប់រំនៅកម្ពុជា ឱ្យមានប្រសិទ្ធភាព ភាពស័ក្តិសិទ្ធ និង សមធម៌ តាមរយៈ ការសិក្សាដាក់ចេញនូវ គោលនយោបាយ ផែនការយុទ្ធសាស្រ្ត និង កម្មវិធីកែទម្រង់ស៊ីជម្រៅតាមគ្រប់រូបភាព សំដៅអប់រំបណ្តុះបណ្តាលប្រជាជនកម្ពុជា ជាពិសេស យុវជន និង កុមារ ឱ្យមានចំណេះដឹងទូលំទូលាយ ជំនាញពិតប្រាកដ សីលធម៌ និង វិន័យ, ក៏ដូចជា សុខភាពផ្លូវកាយ និង ផ្លូវចិត្តរឹងមាំ ដើម្បីក្លាយជាសសរទ្រូងពិតប្រាកដរបស់ប្រទេសជាតិ នៅគ្រប់កាលៈទេសៈ និង គ្រប់ទីកន្លែង ។ រាជរដ្ឋាភិបាលនឹងបន្តចាត់ទុកការអភិវឌ្ឍមូលធនមនុស្ស និង ការលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋ ជាការងារអាទិភាពខ្ពស់ ក្នុងក្របខ័ណ្ឌហិរញ្ញវត្ថុសាធារណៈ រយៈពេលមធ្យម និង វែង តាមរយៈ ការបន្តបង្កើនការវិភាជថវិកាជាតិដល់វិស័យសង្គមកិច្ច, និយាយជារួម និង វិស័យអប់រំ និង សុខាភិបាល, និយាយដោយឡែក ។
[ចាប់ផ្ដើមសេចក្ដីអធិប្បាយ២]
(១) គ្មានការកាត់បន្ថយចំណាយអប់រំនិងសុខាភិបាលទៅបំពេញឲ្យវិស័យការពារជាតិ គឺមានតែបន្ដកើនឡើង
ខ្ញុំសូមយកឱកាសនេះបញ្ជាក់បន្ដិចរឿងថវិកាវិស័យអប់រំ និងសុខាភិបាល។ ថ្មីៗនេះ រាជរដ្ឋាភិបាលបានដាក់ចេញសារាចរណ៍ស្ដីពីការរៀបចំផែនការយុទ្ធសាស្ដ្រថវិកាឆ្នាំ២០២៧-២០២៩ និងការគ្រប់គ្រងឆ្នាំ២០២៧។ វិទ្យុបារាំង RFI បានផ្សាយថារាជរដ្ឋាភិបាលកម្ពុជាគ្រោងកាត់បន្ថយចំនាយក្នុងវិស័យអាទិភាពមួយចំនួន តួយ៉ាងវិស័យអប់រំ និងវិស័យសុខាភិបាល ដើម្បីបញ្ចូលទៅក្នុងវិស័យការពារជាតិនៅឆ្នាំ២០២៧។ គេបានបញ្ជាក់ថា រាជរដ្ឋាភិបាលគ្រោងកាត់បន្ថយចំណាយជាង ១៧០លានដុល្លារលើវិស័យអប់រំនិងសុខាភិបាល ដើម្បីពង្រឹងវិស័យការពារជាតិ។ ករណីនេះ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានចេញពន្យល់រួចហើយ។ មិនមានករណី(កាត់ថវិកាពីវិស័យទាំងពីរ)នេះទេ។ ទោះក្រសួងសេដ្ឋកិច្ចបានចេញមកពន្យល់រួចហើយ ក៏នៅតែមានអ្នកមិនយល់ចេញមកថា រដ្ឋាភិបាលកាត់(ថវិកាក្នុង)វិស័យអប់រំនិងសុខាភិបាល។ ខ្ញុំសូមបញ្ជាក់ដោយខ្លីថា ទី១ រដ្ឋាភិបាលមិនមានកាត់បន្ថយចំណាយវិស័យអប់រំនិងសុខាភិបាល ទៅបំពេញឲ្យវិស័យការពារជាតិទេ។ ទោះបីជា(ថវិកា)វិស័យការពារជាតិត្រូវកើនក៏ដោយ។ ជាចំលើយខ្លី។ ទី២ (ថវិកាសំរាប់)វិស័យសង្គមកិច្ច អប់រំ សុខាភិបាល (នៅតែ)បន្ដកើនឡើង។
(២) រដ្ឋាភិបាលមានថវិកាគ្រប់គ្រាន់សំរាប់បង្កើនលើវិស័យការពារជាតិ និងសង្គមកិច្ច
ជាក់ស្ដែង ទោះបីជាផ្ទុះសង្គ្រាមឆ្នាំ ២០២៥ ក៏ដោយ ចំនាយលើវិស័យការពារជាតិកើនក៏ដោយ ក៏ចំណាយលើវិស័យអប់រំនិងសុខាភិបាលនៅតែកើនក្នុងឆ្នាំ២០២៦ និងកើនក្នុងឆ្នាំ២០២៧ ដល់ឆ្នាំ២០២៩ បន្ដទៅទៀត។ មិនមានការកាត់បន្ថយឬដកលុយពី(វិស័យ)អប់រំនិងសុខាភិបាលយកទៅបង្កើនឲ្យកងទ័ពទេ។ រដ្ឋាភិបាលមានថវិកាគ្រប់គ្រាន់សំរាប់បង្កើនលើវិស័យដែលសំខាន់ៗ រួមទាំងវិស័យការពារជាតិ សន្ដិសុខជាតិ អប់រំ និងសុខាភិបាល គឺសង្គមកិច្ចនេះឯង។ បើមើលក្នុងដើមអាណត្ដិនេះវិស័យអាទិភាពរបស់ជាតិ គឺអប់រំ និងសុខាភិបាល។ មនុស្សគឺជាគោលដៅទី១ ក្នុងអភិក្រមរបស់រាជរដ្ឋាភិបាល ច្រើនអាណត្ដិមកហើយ។ យុទ្ធសាស្ដ្រត្រីកោណ (យុទ្ធសាស្ត្រ)ចតុកោណ និងឥឡូវចូលមក(យុទ្ធសាស្ត្រ)បញ្ចកោណដំណាក់កាលទី១ (ថែមទៀត)។ បើយើងមើលតែក្នុងអាណត្ដិនេះ តាំងពីឆ្នាំ ២០២៤ មកដល់ ២០២៦ គឺ ៣ឆ្នាំនេះ ថវិកាក្នុងវិស័យសង្គមកិច្ចកើនឡើងជាមធ្យម ជាង ២ ៦០០ លានដុល្លារ ឬមានកំណើនជាមធ្យម៧%។ វិស័យការពារជាតិ និងសន្ដិសុខសណ្ដាប់ធ្នាប់កើនជាមធ្យមជាង ១ ១០០លាន ដុល្លារ ឬតែ ៣,៣% ទេក្នុងរយៈពេលពី២០២៤ ដល់២០២៦ នេះ។ គិតជាមេគុណ គឺយើងចំណាយលើសង្គមកិច្ច អប់រំ និងសុខាភិបាល កើនមួយគុណជាពីរ (បើ)ប្រៀបធៀបជាមួយវិស័យការពារជាតិ សន្ដិសុខជាតិ។ នេះបញ្ជាក់ថាអប់រំនិងសុខាភិបាល គឺសង្គមកិច្ច ជាអាទិភាពទី១ ជាការចំណាយធំបំផុតរបស់រាជរដ្ឋាភិបាល និងនៅតែបន្ដជាអាទិភាពទី១ ទោះបីជាយើងនៅក្នុងកាលៈទេសៈមានសង្គ្រាមនេះក៏ដោយ …។
(៣) វិទ្យុបារាំងអន្តរជាតិយល់ច្រលំរវាងតួលេខសំរាប់ចរចា និងតួលេខចុងក្រោយក្នុងច្បាប់ថវិកា
វិទ្យុបារាំងអន្ដរជាតិ បានយកតួលេខដែលសារាចរណ៍ណែនាំភ្ជាប់មកជាមួយធ្វើជាភស្ដុតាង។ គេគុណគូរមើលទៅឃើញថាថយមែន។ ហើយចុះពន្យល់យ៉ាងម៉េចថាកើន។ វាសាមញ្ញទេ ហើយបានបញ្ជាក់ជាមួយអ្នកជំនាញនៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ(រួចហើយ)។ អ្វីដែលវិទ្យុបារាំងអន្តរជាតិយល់ច្រលំនោះ គឺតួលេខដែលមានជាប់ក្នុងសារាចរណ៍ណែនាំ។ តួលេខនោះមិនមែនជាតួលេខចុងក្រោយក្នុងច្បាប់ថវិកាទេ។ គឺជាតួលេខដំបូងសំរាប់ចរចា។ សុំឱកាសនេះពន្យល់បន្ដិចចុះ។ រឿងនេះវាបច្ចេកទេស (ប៉ុន្តែ)ខ្ញុំខិតខំពន្យល់យ៉ាងណាឲ្យសុក្រឹតដោយមិនប្រើបច្ចេកទេសពេក ហើយ ឯកឧត្តម ហង់ជួន ណារ៉ុន នៅទីនេះអាចយល់។ អ្វីដែលវិទ្យុបារាំងអន្តរជាតិយកមក(អះអាង)នោះ បានន័យថាជាការប្រៀបធៀបតួលេខខុស។ ប្រៀបដូចជាថាយកគោទៅប្រៀបធៀបជាមួយក្របី។ ស្អីទៅគោស្អីទៅក្របី? បានន័យថា យកតួលេខពីរដែលមិនមានសង្គតិភាពជាមួយគ្នាទៅប្រៀបធៀប (ដល់តែអញ្ចឹង)ទៅវាខុស។ បើចង់(រក)តួលេខដែលជាការចំណាយពិតប្រាកដ ត្រូវយកតួលេខច្បាប់ថវិកាប្រចាំឆ្នាំ បានន័យថាក្រោយពីចរចា(មកធ្វើប្រមាណវិធី)។ ស្អីទៅជាតួលេខនៅក្នុងច្បាប់ថវិកា និងស្អីទៅជាតួលេខដែលប្រកាសនៅក្នុងសារាចរណ៍ថ្ងៃមុន ឬហៅថា“ពិដានគោលឆ្នាំ២០២៧” ដែលជានីតិវិធីរបស់ក្រសួងមួយៗ មុននឹងចាប់ផ្ដើមចរចាក្នុងខែ៧ ហើយវេចខ្ចប់ថវិកាឆ្លងសភា។ ការចរចានឹងបិទបញ្ចប់នៅខែ៩ ហើយបានបូកសរុបយកទៅឆ្លងសភា។
(៤) ដែលយកតួលេខមិនទាន់ចរចាទៅប្រៀបធៀបគឺជាការយល់ច្រលំ ត្បិតតួលេខចុងក្រោយមិនទាន់ចេញ
ពេលដែលចាប់ផ្ដើមដំបូង ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នឹងចេញតួលេខមួយដែលហៅថា “ពិដានគោលឆ្នាំ ២០២៧” ជាតួលេខបឋមយកទៅចរចា។ តួលេខបឋមនេះស្អី? គឺជាតួលេខដែលផ្អែកទៅលើសកម្មភាពប្រចាំឆ្នាំរបស់ក្រសួង។ គេយកតួលេខអាហ្នឹង ដកចេញសកម្មភាពដែលបានបញ្ចប់នៅឆ្នាំ២០២៦ ដកចេញមុខចំណាយមិនប្រចាំមួយចំនួន ហើយដកចេញការធ្វើវិសោធនកម្មចំនាយ ដើម្បីធានាប្រសិទ្ធភាពថវិកាសំរាប់ក្រសួងហ្នឹង។ កំឡុងពេលចរចា ក្រសួងសាមី ដូចជាក្រសួងអប់រំ ឬសុខាភិបាល អាចនឹងបា្រប់ថា(ពិដាន)គោលមកប៉ុណ្ណឹង ប៉ុន្ដែខ្ញុំសុំបន្ថែមចំណាយជាមិនប្រចាំ សុំបន្ថែមបន្ដមុខព្រួញមួយចំនួន ដែលមិនទាន់បញ្ចប់នៅឆ្នាំ២០២៦ សុំបន្ថែមថវិកាលើអាទិភាពថ្មី ឬគោលនយោបាយថ្មី។ អញ្ចឹង គេនឹងធ្វើការចរចា។ ឧទាហរណ៍ថា ដើម១០០ ចរចាទៅអាចឡើង ១០៥ ពេលដែលបិទបញ្ចប់។ ខ្ញុំសូមនិយាយតែប៉ុណ្ណឹង។ ដែល RFI យក(តួលេខមិនទាន់ចរចា)ទៅនិយាយថា “ថវិកា២០២៧ ទាបជាងថវិកា២០២៦” វាមិនត្រូវទេ។ គេមិនទាន់ចរចាទេ។ គេចរចានៅខែ៧ គឺទាល់(តែដល់)ខែ៩ ទើបបានលទ្ធផល(ច្បាស់)ថានឹងបានប៉ុន្មានសំរាប់ឆ្នាំ២០២៧។ នេះគឺការយល់ច្រលំ។ ដែលថាថវិកា២០២៧ សំរាប់ក្រសួងសុខាភិបាល និងក្រសួងអប់រំថយចុះ ១៧០លានដុល្លារប្រៀបធៀបឆ្នាំ២០២៦ ជាការប្រៀបធៀបមិនត្រូវ ព្រោះមិនទាន់ចរចាចេញលេខចុងក្រោយផង។ លេខចុងក្រោយមិនទាន់ចេញផង។
(៥) តាមធម្មតា តួលេខថវិកាក្រោយការចរចា តែងតែខ្ពស់ជាងតួលេខពិដានគោល
អញ្ចឹង អ្នកនៅក្នុងវិស័យអប់រំ គ្រូៗ កុំអាលភ័យ។ មិនស្រួលលឺថាកាត់វិស័យអប់រំ (គិតថា)កាត់ទាំងថវិការបស់ខ្លួនទៀត។ អត់កាត់ទេ។ ថវិកាដែលចេញសារាចរណ៍ណែនាំនោះ គឺថវិកាតួលេខបឋមសម្រាប់យកទៅចរចា។ ខ្ញុំសុំបញ្ជាក់។ ឥឡូវយើងយកជាក់ស្តែងយ៉ាងម៉េច? ឧទាហរណ៍ នៅក្នុងវិស័យសុខាភិបាល, និយាយជាគោលថាឆ្នាំ២០២៦ នេះ នៅក្នុងច្បាប់ថវិកា ក្រសួងសុខាភិបាលមាន ២៧៥៥ ប៊ីលានរៀល។ ដល់ឥឡូវ តួលេខពិដានគោលឆ្នាំ២០២៧ ចេញមក ២៦៩៤ប៊ីលានរៀល។ ហ្នឹងជាពិដានគោលសំរាប់យកទៅចរចា។ ដោយសារតែដូចហ្នឹងហើយ បានជាមើលទៅហាក់ដូចជាថយ។ បើប្រៀបធៀបទៅវាថយ ៦១ប៊ីលានរៀល ឬស្មើនឹង ១៥លានដុល្លារ។ ប្រហែលគេយកតួលេខហ្នឹងទៅប្រៀបធៀប(ហើយ)។ មិនអញ្ចឹងទេ។ កុំភ័យ។ មិនមែនដូចហ្នឹងទេ។ ខ្ញុំសូមបញ្ជាក់ កាលពីឆ្នាំ២០២៦ ពិដានគោលមុនទៅចរចាមាន ២៦១៨ប៊ីលានរៀលទេ។ ដល់ពេលចប់ចរចា បានចេញដល់ទៅ ២៧៥៤ប៊ីលានរៀលនេះ គឺកើន៥%។ ខ្ញុំសូមបញ្ជាក់ម្តងទៀត សារាចរណ៍ដែលចេញទៅនោះ ភ្ជាប់ទៅជាមួយគឺ(តួលេខជា)ថវិកាគោល មិនមែនថវិកាឆ្នាំ២០២៧ របស់ក្រសួងសុខាភិបាលទេ។ បើមើលលេខដើមនៃពិដានគោល កាលឆ្នាំ២០២៦ មុនទៅចរចា មានតែ ២៦១៨ប៊ីលានរៀលទេ។ ដល់ចរចាចប់(តួលេខជាក់ស្តែង)ឡើង(ដល់) ២៧៥៤ប៊ីលានរៀល។ ឥឡូវឆ្នាំ២០២៧ លេខពិដានគោល ចូលទៅចរចាដំបូងនេះ ខ្ពស់ជាងលេខចូលទៅចរចាឆ្នាំ២០២៦ គឺ ២៦៩៤ប៊ីលានរៀលឯណោះ។ អញ្ចឹងវាលើស ៧៥ប៊ីលានរៀល។ បានន័យថាលេខពិដានគោលដែលយកទៅចរចា ប្រៀបធៀបជាមួយឆ្នាំទៅ គ្រាន់តែលេខចាប់ផ្តើមនោះ កើន ៧៥ប៊ីលានរៀលហើយ។ ទម្រាំតែតួលេខចុងក្រោយ វាមិនថយជាងច្បាប់ថវិកាឆ្នាំ២០២៦ទេ។
(៦) ចំណាយថវិកាវិស័យសង្គមកិច្ច តាមក្របខណ្ឌថវិការយៈពេលមធ្យមឆ្នាំ២០២៧-២០២៩ កើនជាមធ្យម៥,៦%
បើមើលក្នុងការចរចា ដែលគ្រោងក្នុងការចំណាយថវិការបស់វិស័យសង្គមកិច្ច ស្របតាមក្របខណ្ឌថវិការយៈពេលមធ្យមឆ្នាំ២០២៧-២០២៩ ចំណាយវិស័យសង្គមកិច្ចគ្រោងកើនឡើង៣,៤% សម្រាប់ឆ្នាំ២០២៧, គ្រោង ៨,៣% នៅឆ្នាំ២០២៨ និងគ្រោងកើនឡើង៥% នៅឆ្នាំ២០២៩។ (និយាយជារួម)នៅឆ្នាំ២០២៧-២០២៩នេះ (មានការ)កើនជាមធ្យម ៥,៦%។ អញ្ចឹង អត់មានកន្លែងណាមួយដែលបញ្ជាក់ថា រដ្ឋាភិបាលកាត់លុយពីវិស័យអប់រំ និងសុខាភិបាលយកទៅបង្កើនវិស័យការពារជាតិនោះទេ។ សូមបងប្អូនឈប់ព្រួយបារម្ភ។ (វិស័យទាក់ទងដល់មនុស្សជា)អាទិភាពសំខាន់របស់រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា។ (បើ)បក្សផ្សេងឡើងកាន់អំណាច (យើង)មិនដឹងទេ។ រដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជន (ត្រូវតែគិតពីវិស័យទាក់ទងដល់មនុស្សជា)អាទិភាព។ រដ្ឋាភិបាលដឹកនាំដោយបក្សណា (ក៏តែងតែ)អនុវត្តគោលនយោបាយរបស់គណបក្សនោះ។ អញ្ចឹង យើងធានាថាវិស័យសង្គមកិច្ច រួមមានសុខាភិបាលនិងអប់រំ គឺជាអាទិភាពទី១។ មនុស្សគឺជាអាទិភាពទី១ សម្រាប់យើង។ ការចំណាយនឹងបន្តកើន យ៉ាងហោចនៅក្នុងឆ្នាំ២០២៧-២០២៩នេះ សូមកុំមានការព្រួយបារម្ភ ឬយល់ច្រឡំថារដ្ឋាភិបាលកាត់លុយពី(វិស័យ)សុខាភិបាលនិងអប់រំ តទៅទៀត។
(៧) បើប្រៀបពិដានគោល ជាមួយច្បាប់ថវិកាឆ្នាំ២០២៦ វិស័យអប់រំកើន ៥៣លានដុល្លារ
អម្បាញ់មិញ ខ្ញុំបាននិយាយពីក្រសួងសុខាភិបាល។ ចុះក្រសួងអប់រំ ម៉េចមិនព្រមនិយាយ? តិចកាត់អប់រំ។ អត់កាត់ទេ។ (សំរាប់វិស័យ)អប់រំ(កាន់តែ)ខុសពីសុខាភិបាលទៀត ព្រោះប្រៀបធៀបទៅនឹង(សុខាភិបាល)ពិដានគោលឆ្នាំនេះកើន។ មិនមែនថយទេ។ បានន័យថា ពិដានគោលដែលយើងយកទៅចរចាឆ្នាំ២០២៦គឺ ៤៤៥៧ប៊ីលានរៀល។ ដល់ទៅចរចាចេញជាច្បាប់ថវិកាបាន ៤៤៧៤ប៊ីលានរៀល។ កើនបន្តិច។ ពិដានគោលសម្រាប់ថវិកាឆ្នាំ២០២៧ នេះ សម្រាប់វិស័យអប់រំគឺ ៤៦៨៩ប៊ីលានរៀលឯណោះ បានន័យថាកើន ២៣១ប៊ីលានរៀល។ គ្រាន់តែពេលចាប់ផ្តើម(កើន)រួចទៅហើយ។ អញ្ចឹង ប្រាកដណាស់ ទម្រាំតែលទ្ធផលចុងក្រោយ កាន់តែកើនខ្ពស់់ជាងឆ្នាំ២០២៦។ គ្រាន់តែតួលេខបឋម(សំរាប់)យកទៅចរចានោះ ខ្ពស់ជាងច្បាប់ថវិកាអប់រំឆ្នាំ២០២៦ រួចទៅហើយ។ ពេលចរចានេះ មិនងាយក្រសួងណាថយក្រោយទេ មានតែកើន។
ពេលកំណត់តួលេខពិដានគោលទៅចរចា គឺលេខអប្បបរមា គឺយកតែអ្វីដែលចាំបាច់។ អញ្ចឹង ពេលចរចា ក្រសួងមុខតែដាក់ហើយថា ឆ្នាំថ្មីនេះខ្ញុំមានគោលនយោបាយថ្មី អាទិភាពថ្មី។ អញ្ចឹង ចុងក្រោយប្រាកដជាកើនលើសពិដានគោលឆ្នាំ២០២៧ ដែលដាក់ថា ៤៦៨៩ប៊ីលានរៀលនេះទៅហើយ។ សូមបញ្ជាក់ បើយើងប្រៀបធៀបទៅពិដានគោលសំរាប់យកទៅចរចា ប្រៀបធៀបជាមួយច្បាប់ថវិកាឆ្នាំ២០២៦ សម្រាប់វិស័យអប់រំគឺកើន ២១៤ប៊ីលានរៀល ស្មើនឹង ៥៣លានដុល្លារ។ (ឯវិស័យ)សុខាភិបាល ប្រៀបធៀបជាមួយច្បាប់ថវិកា ពិដានគោលដកបន្តិច តែវិស័យអប់រំគឺកើនខ្ពស់ជាង។ អញ្ចឹង សូមមានភាពជឿជាក់ចុះ។ លោកគ្រូៗ នៅទីនេះ និងវិស័យកីឡារបស់យើង ទាំងអ្នកប្រកួតអីផ្សេងៗ ឱ្យមានលំនឹងចិត្ត អត់មានកាត់ទេ មានតែបន្ថែម …។
(៨) ការពារជាតិរឹងមាំបាន អាស្រ័យមានមនុស្សរឹងមាំ មនុស្សរឹងមាំបាន អាស្រ័យការវិនិយោគធនធានមនុស្ស
ចុះតើវិស័យការពារជាតិអត់កើនទេឬ? វិស័យការពារជាតិក៏កើនដែរ។ (យើងផ្តល់)អាទិភាពសម្រាប់ពង្រឹងវិស័យការពារជាតិ។ យើងអនុវត្តច្បាប់កាតព្វកិច្ច យើងធ្វើកំណែទម្រង់កងទ័ព (ដូចនេះថវិកា)ត្រូវកើន ប៉ុន្តែ(យើង)មិនដកយកថវិកាពីក្រសួង(ផ្សេងៗទេ)។ រដ្ឋាភិបាលនៅមានថវិកាសម្រាប់ប្រើប្រាស់គ្រប់គ្រាន់ មិនទាន់ត្រូវការដកពីវិស័យអប់រំ និងវិស័យសុខាភិបាលមកទេ។ ការពារជាតិមិនមែនមួយថ្ងៃទេ។ ការពារជាតិត្រូវប្រើប្រាស់រយៈពេលយូរអង្វែង។ ដរាបណាកម្ពុជានៅតែជាប្រទេស (វិស័យ)ការពារជាតិ ការពារទាំងបូរណភាពទឹកដី ការពារទាំងសន្តិសុខសណ្តាប់ធ្នាប់សង្គមត្រូវតែធ្វើជាប្រចាំ។ ការកសាងនិងការពារជាតិរឹងមាំ(ទៅបាន) អាស្រ័យលើមនុស្សរឹងមាំ។ មនុស្សរឹងមាំ(ទៅបាន)គឺអាស្រ័យលើការវិនិយោគលើធនធានមនុស្ស គឺនៅក្នុងសង្គមកិច្ច ទាំងអប់រំ ទាំងសុខាភិបាលនេះឯង។ (តើ)រើស(កងទ័ព ឬអនុវត្ត)កាតព្វកិច្ចយោធា ឬកងទ័ពអាជីពយ៉ាងម៉េច បើចំណេះដឹងរបស់ប្រជាពលរដ្ឋមានកំណត់ សុខភាពពិបាក។ រើសកងទ័ពចូលមកម្តេចទៅ។
(៩) ពង្រឹងកិច្ចការពារជាតិ គឺត្រូវវិនិយោគលើមនុស្ស ក្នុងនោះវិស័យអប់រំនិងសុខាភិបាល
(រដ្ឋ/រដ្ឋាភិបាល)ត្រូវតែវិនិយោគលើសុខភាពប្រជាជនតាំងពីមុនកើត។ ស្រ្តីមានផ្ទៃពោះច្រើន មាននៅក្នុងច្រើនវិស័យ ដូចជាកម្មការិនី មន្រ្តីរាជការជាដើម។ រដ្ឋមានកម្មវិធីឧបត្ថម្ភសាច់ប្រាក់តាំងពីមុនកើតកូន។ ពេលកើតឧបត្ថម្ភ(ម្តង) ក្រោយកើត(បន្តឧបត្ថម្ភ)២ឆ្នាំ។ សូម្បីតែទារកកើតដោយម្តាយជាប់ពន្ធធនាគារ ក៏យើងគិតគូរ ព្រោះកូនអត់មានកំហុសទេ។ ម្តាយធ្វើខុស គាត់ទទួលតាមច្បាប់។ អញ្ចឹង ត្រូវជួយ។ សុទ្ធតែជាធនធានមនុស្សរបស់យើង។ អញ្ចឹង ការវិនិយោគលើការពង្រឹងវិស័យការពារជាតិ ពង្រឹងកិច្ចការពារជាតិ គឺត្រូវវិនិយោគទៅលើមនុស្ស ក្នុងនោះការវិនិយោគលើវិស័យអប់រំនិងសុខាភិបាលនេះ ក៏ជាផ្នែកមួយនៃការពង្រឹងវិស័យការពារជាតិយូរអង្វែងផងដែរ។ ខ្ញុំសូមបញ្ជាក់អញ្ចេះ កុំមើលវិស័យការពារជាតិថាជាចំណាយតែទៅលើការពារជាតិ។ ជាតិមួយខ្លាំងបានទាល់តែប្រជាជនខ្លាំង សេដ្ឋកិច្ចខ្លាំង … សេដ្ឋកិច្ចខ្លាំង ស្មារតីស្នេហាជាតិ ធនធានមនុស្សម្នាក់ៗ មានសមត្ថភាព មានសុខភាពគ្រប់គ្រាន់ ហ្នឹងទើបការពារជាតិរឹងមាំ។ ការពារជាតិមិនត្រឹមតែការពារជាតិចំពោះការគំរាមកំហែងផ្នែកយោធាទេ។ ការពារជាតិគ្រប់ទាំងអស់ គឺរាប់ទាំងការវាយប្រហារភេរវកម្ម។ សូម្បីតែជំងឺ ដូចជាកូវីដ-១៩ ក៏យើង(រាប់ថា)ការពារជាតិដែរ។ បើគ្មានមន្រ្តីពេទ្យរឹងមាំ តើការពារជីវិតប្រជាជនយើងបានទេ ពេលដែលកូវីដ-១៩ វាយប្រហារ។ ឥឡូវមានជំងឺផ្សេងៗថ្មីកើតទៀត។ ដោយសារយើងមានប្រព័ន្ធសុខាភិបាលរឹងមាំ យើងអាចធានាបាន។
(១០) ទោះបីត្រូវពង្រឹងវិស័យការពារជាតិក្នុងបណ្តាឆ្នាំទៅខាងមុខ ក៏មិនចោលការវិនិយោគលើធនធានមនុស្ស
នៅឆ្នាំ ២០២១-២០២២ ដែលកូវីដ-១៩ផ្ទុះខ្លាំងនៅកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ និងការអនុវត្តរបស់មន្រ្តីគ្រប់ជាន់ថ្នាក់ រួមទាំងប្រជាពលរដ្ឋ យើងបានរួមគ្នាទប់ជំងឺនេះ។ ពិតណាស់ យើងមានស្លាប់៣០០០ នាក់ជាង ប៉ុន្តែបើយើងគ្មានសមត្ថភាពទប់ទល់ មិនមែនត្រឹមតែ៣០០០ នាក់ទេ។ ប្រទេសខ្លះ ធំជាងយើង ស្លាប់រាប់ម៉ឺននាក់ក្នុងពេលនោះ។ ដោយហេតុនេះ ត្រូវតែធ្វើការផ្តល់អាទិភាពទៅលើវិស័យអប់រំ និងសុខាភិបាល។ ខ្ញុំសូមបញ្ជាក់ម្តងទៀត ទោះបីជាយើងត្រូវពង្រឹងវិស័យការពារជាតិឆ្នាំនេះនិងទៅខាងមុខក៏ដោយ យើងមិនចោលការអភិវឌ្ឍនិងការវិនិយោគលើធនធានមនុស្សទេ ជាពិសេសវិស័យសង្គមកិច្ច គឺអប់រំនិងសុខាភិបាល។ មិនមានការកាត់ថវិកាទេ។ មានតែគ្រោងកើន។ កើនប៉ុន្មាន (អាស្រ័យការ)វេចខ្ចប់នៅខែ៩។ ដឹងថាមិនមានថយទេ សំរាប់ឆ្នាំ២០២៧ ហើយក៏មិនថយនៅឆ្នាំ២០២៨ និង ២០២៩ដែរ។ ដូចខ្ញុំប្រកាសអម្បាញ់មិញ ការត្រៀមជាថវិកា គ្រោងរយៈពេលមធ្យមបានកើន ៣,៤ភាគរយ(នៅឆ្នាំ)២០២៧ កើន៨,៣% នៅឆ្នាំ២០២៨ និង៥% នៅឆ្នាំ២០២៩ រួចទៅហើយ។ អញ្ចឹង នឹងកើនបន្តទៅទៀត។ សូមបញ្ជាក់ប៉ុណ្ណេះ។
(១១) ជាទម្លាប់ “កាលបើដាក់ផែនការអ្វីមួយដែលយកចិត្តទុកដាក់គឺទៅមើល, មិនស្តាប់តែរបាយការណ៍ទេ”
រឿងហ្នឹងដែរ ម្សិលម្ង៉ៃ ថ្ងៃអាទិត្យ ដោយឥតព្រាងទុក ខ្ញុំបានទៅខ្នងផ្សារ។ គោលដៅមិនមែនខ្នងផ្សារទេ គឺតេទឹកពុះ។ ខ្ញុំទៅតេទឹកពុះ។ ទៅដល់ ក្លែងភេទចូលទៅហៅប្រធានសហគមន៍មកអង្គុយមើលកន្លែងហ្នឹង ដើម្បី(ពិភាក្សាគ្នាថា)រៀបចំអភិវឌ្ឍយ៉ាងម៉េច? ទៅដល់ឃើញប្រជាពលរដ្ឋច្រើន ជាពិសេសលោកយាយៗ ទៅត្រាំទឹកស្ពាន់ធ័រ។ គាត់ថាទៅត្រាំតែ៣ ឬ៤ ដង ជំងឺអីក៏បាត់។ ឡានក្រុងមកច្រើន។ ខ្ញុំស្មានតែមិនមានមនុស្ស។ យើងបន្លំអង្គុយ។ ដល់ចេញដើរ គាត់ជំរាបសួរគ្រប់គ្នា។ ខ្ញុំថាម៉េចដឹង? គាត់ថាដឹងតែមិនហ៊ាន ព្រោះឃើញលោកក្មួយមកដូចលាក់។ អញ្ចឹងអ៊ំលាក់ដែរ។ ចប់ពីហ្នឹងបានទៅខ្នងផ្សារ។ ខ្នងផ្សារនេះអត់មានផែនការទេ។ ថ្ងៃទៅហ្នឹងមានរដ្ឋមន្រ្តីបរិស្ថាន រដ្ឋមន្រ្តីទេសចរណ៍ ហើយអភិបាលខេត្ត។ ទៅធ្វើអ្វី? ទៅខ្ញុំមិនបង្ហោះផង។ ឃើញមានប្រជាពលរដ្ឋថតអញ្ចឹងទៅ។ ស្រាប់តែមានអ្នកចូល comment “ទឹកដីប្រទេសជាតិមិនគិតទេ គិតតែពីដើរលេងអត់ប្រយោជន៍”។ វាទៅជាអញ្ចឹងទៀតទៅ។ (សួរថា)ទៅធ្វើអ្វី?
គឺទៅតាមដានត្រួតពិនិត្យ។ ជាទម្លាប់តែដាក់ផែនការទៅលើកិច្ចការអ្វីមួយល្អិត និងដែលខ្ញុំយកចិត្តទុកដាក់ ខ្ញុំទៅមើលហើយ។ អត់ស្តាប់តែរបាយការណ៍ទេ។ ខ្ញុំមិនធ្វើគ្រប់(រឿង)ទេ។ ខ្ញុំដៅយកគោលដៅមួយចំនួន។ ខ្នងផ្សារនេះ កាលពីឆ្នាំ២០២៥ ថ្ងៃ ៨មីនា ខ្ញុំបានឡើងទៅជាមួយឯកឧត្តម ហួត ហាក់, ឯកឧត្តម អ៊ាង សុផល្លែត, ឯកឧត្តម អភិបាលខេត្ត ជាម ច័ន្ទសោភ័ណ្ឌ។ លឺសូរថាមានមនុស្សដើរច្រើន យើងក៏ចង់ទៅដែរ។ ម្យ៉ាង ចង់សាកកម្លាំងអាយុ៤០ ជាងហើយឡើងរួចអត់? ឡើងរួច។ ពេលដែលទៅនោះ ខ្ញុំបានជួបជាមួយប្រធានសហគមន៍ និងបានយល់អំពីតម្រូវការរបស់សហគមន៍។ ខ្ញុំបានឲ្យគោលការណ៍ទៅឯកឧត្តម អ៊ាង សុផល្លែត ឯឧ ហួតហាក់ និងអភិបាលខេត្ត ធ្វើម៉េចអភិវឌ្ឍសហគមន៍នេះ។ អាចថាជាគម្រោងមួយយក(ជាការសាកល្បង)ការអភិវឌ្ឍនៅមូលដ្ឋាន។
(១២) សម្រួលឱ្យវិនិយោគឯកជនយកទីតាំងផ្សេងដែលមិនប៉ះពាល់អាជីពរបស់សហគមន៍
ខ្ញុំទៅអង្គុយជាមួយគាត់។ គាត់មានទឹកចិត្តក្នុងការរកចំណូលនៅមូលដ្ឋាន។ ពីមុនគាត់ធ្លាប់ទៅរកឈើ ទៅកាប់ឈើនៅក្នុងព្រៃ ដល់ពេលមានទេសចរណ៍ឡើង មួយចំនួនឈប់(ទៅកាប់ឈើនិងបែ)មករកស៊ីធ្វើម្ហូប ធ្វើជា guide នាំផ្លូវឡើង។ អត់ច្រើនទេ។ តែជាង១០០ គ្រួសារទេ ប៉ុន្តែទេសចរទៅច្រើន។ មានសក្តានុពល។ ខ្ញុំបានណែនាំឲ្យពិនិត្យមើលនិងដកអាជ្ញាប័ណ្ណវិនិយោគឯកជនទ្រង់ទ្រាយតូចនៅទីនោះ ព្រោះសហគមន៍បារម្ភខ្លាចការវិនិយោគបង្កការប៉ះពាល់ទៅដល់អាជីពរបស់គាត់។ អញ្ចឹង យើងឲ្យកែសម្រួល ឱ្យវិនិយោគឯកជនយកទីតាំងណាដែលជួយគ្នាទៅវិញទៅមក តែមិនទៅធ្វើសហគមន៍ដាច់អាជីព។ ត្រូវឲ្យសហគមន៍មានអាជីព។ ឧទាហរណ៍ ការវិនិយោគធ្វើ resort ត្រូវធ្វើនៅកន្លែងណាដែលទាញមនុស្សមកនៅជិតហ្នឹង ហើយមនុស្សមកខ្នងផ្សារបានផលមកសហគមន៍ …។
(១៣) ណែនាំឱ្យដោះស្រាយប្រភពទឹក រៀបកន្លែងសំរាកតាមផ្លូវឡើង និងតបណ្តាញទឹកស្អាត
យើងបានធ្វើការកែសម្រួលមួយចំនួន។ យើងឲ្យធ្វើហេដ្ឋារចនាសម្ព័ន្ធមួយចំនួននៅទីនេះ រៀបចំជាផ្សារសហគមន៍ រៀបចំជាកន្លែងលំហែបៃតង។ ឯកឧត្តម អ៊ាង សុផល្លែត គូសប្លង់មកឲ្យខ្ញុំ។ ខ្ញុំឯកភាព។ គូសបានស្អាត។ ដំណើរឡើងទៅ ខ្ញុំឃើញផ្លូវលំបាក។ អត់ទាន់ឃើញមានកន្លែងអង្គុយស្រួលបួលនៅតាមផ្លូវ។ ឡើងទៅដល់លើ ខ្ញុំឃើញមានចោលដបចោលសំរាម។ ខ្ញុំបានឲ្យ ទី១ រកវិធីដោះស្រាយទឹកនៅលើ ដោយពិនិត្យលទ្ធភាពធ្វើទំនប់បង្ហៀរ ឬមួយយ៉ាងម៉េច។ ទី២ រៀបចំកន្លែងផ្លូវឡើងជាដំណាក់ៗ។ កន្លែងនីមួយៗ សុទ្ធតែមានដំណាក់អង្គុយ។ រៀបចំធ្វើម៉េច(អោយមានលក្ខណៈ)ធម្មជាតិ។ កុំធ្វើទំនើបជា Kiosk អី។ មិនបាច់ទេ រៀបបែបធម្មជាតិទៅ។ ដំណាក់មួយៗ ពេលឈប់សម្រាកអាចអង្គុយ។ នៅប្រទេសមួយចំនួន គេដាក់តែឈើ រៀបស្អាត ឱ្យអង្គុយ។ ទី៣ ឲ្យតទឹក។ ពេលដែលយើងដាក់ទូយោទឹក ថ្ងៃក្រោយទេសចរម្នាក់ៗ ឡើង (ប្រើទឹកស្អាតនៅទីនោះ ដែល)គាត់មិនបោះដបចោល(ទៀតទេ)។
(១៤) នឹងឈូសផ្លូវពីឱរ៉ាល់ ទៅកោះកុង និងទៅមុខទៀត នឹងក្លាយជាផ្លូវកៅស៊ូ
ខ្ញុំសូមអំពាវនាវអ្នកឡើងភ្នំ កុំបោះដបចោល។ សូមដាក់នៅក្នុងស្បោងឬកាតាបខ្លួនឯង។ ជួយថែទាំងអស់គ្នា។ អ្វីដែលគោលគំនិត ឥឡូវកំពុងតែធ្វើហ្នឹង គឺថ្ងៃក្រោយ ដបទឺកដែលផឹកអស់ គាត់ទៅបើកទឹកនៅកន្លែងសម្រាកហ្នឹងដាក់ទឹកចូលដបបាន។ អញ្ចឹង ទោះបីជាសង្គ្រាមក៏ដោយ តែការអនុវត្ត(និងការអភិវឌ្ឍ)មិនឈប់ទេ។ អញ្ចឹង មានផ្លូវឈូសពីផ្លូវឱរ៉ាល់ ទៅកោះកុង កំពុងធ្វើ និងទៅមុខទៀតនឹងជាផ្លូវកៅស៊ូ។ ក្នុងមួយឆ្នាំ ឬមួយឆ្នាំជាងទៀត។ អ្នកកំពង់ស្ពឺទៅកោះកុងមានផ្លូវបន្ថែមទៀតហើយ។ ចប់ពីហ្នឹងវាមកកាត់តាមតេទឹកពុះ មកកាត់តាមឱរ៉ាល់។ នៅឱរ៉ាល់នេះ ក៏អរគុណណាស់ក្រសួងអភិវឌ្ឍន៍ជនបទ ហើយក្រសួងបរិស្ថានក៏បានឈូសផ្លូវចូល។ កាលខ្ញុំទៅមុនសុទ្ធតែថ្ម។ ឥឡូវធូរ។ មិនទាន់ទៅកៅស៊ូទេប៉ុន្តែបានល្អ ហើយផ្លូវឡើងបេតុងមួយចំនួន។
(១៥) រដ្ឋមន្ត្រីពីរ និងអភិបាលខេត្តមួយ បានពិន្ទុ A++
ខ្ញុំប្រាប់រដ្ឋមន្ត្រីទាំង២ (និងអភិបាលខេត្តថា)បានលទ្ធផល A++ ព្រោះគាត់បានរាយការណ៍ឲ្យខ្ញុំ អ្វីដែលគាត់បានធ្វើនិងអ្វីដែលមិនទាន់ធ្វើ។ ខ្ញុំយកទៅផ្ទៀងផ្ទាត់ជាក់ស្តែងគឺត្រូវមែន។ អញ្ចឹង បើខ្ញុំថា A++ ទៅវិញជប់លៀងទៅ ៣ នាក់ហ្នឹង។ គាត់ប្រាប់ថាបានធ្វើហើយ ជាពិសេសកន្លែងលំហែបៃតង។ កន្លែងនេះ ពីមុនពេលយើងទៅ ប្រជាពលរដ្ឋលក់ដូរនៅហ្នឹងមែន ប៉ុន្តែលក់នៅលើដីលើភក់។ ឥឡូវយើងរៀបចំ ហើយការចលនានេះ មិនប្រើថវិកាជាតិទេ គឺចលនាការចូលរួមនិងមាន ឯកឧត្តម អ៊ាង សុផល្លែត ចូលរួម កៀរគរពីសប្បុរសជនមួយចំនួនយកទៅធ្វើ។ ច្រើនដែរ តែរដ្ឋអត់ចេញទេ។ ដល់រៀបហើយ បើយើងអត់ដឹង មើលទៅ(ក៏គិតថា)ប្រហែលជាកន្លែងហ្នឹងឯកជនវិនិយោគហើយ។ អត់ទេ។ អ្នកណាធ្លាប់ទៅខ្នងផ្សារទេពេលថ្មីៗនេះ? បើអត់ទាន់ទៅ ចាំឡើងទៅលេងទៅ។ អញ្ចឹង ការរៀបកន្លែងហ្នឹង ប្រែក្លាយពីដីភក់ទៅជាសួន ទៅជាកន្លែងបេតុង កន្លែងចតឡានស្អាត ដូចនៅក្រៅប្រទេស។ រៀបចំជាកន្លែងលំហែបៃតង។
(១៥) ការរៀបចំអស់ទាំងនេះគឺសំរាប់សហគមន៍ធ្វើអាជីវកម្ម និងធ្វើបដិសណ្ឋារកិច្ចភ្ញៀវ
សួរថា (តើការរៀបចំនេះសំរាប់)ឲ្យអ្នកណា? អត់ឲ្យអ្នកណាទេ។ កន្លែងទាំងមូលបានប្រគល់ទៅឲ្យសហគមន៍ ដើម្បីធ្វើអាជីវកម្ម និងធ្វើបដិសណ្ឋារកិច្ចទទួលភ្ញៀវ។ ដល់ទៅទេសចរឃើញមានហាងកាហ្វេ លក់(ដូរផ្សេងៗ) ទេសចរចូលអង្គុយ។ គាត់មានផ្សាររបស់សហគមន៍។ អ្នកនៅក្នុងសហគមន៍ដាក់លក់នៅហ្នឹង។ អត់យកលុយ(ថ្លៃទីតាំង)ទេ។ យើងទុកការចំណាយឲ្យ។ យើងសុំតែម្យ៉ាង ឲ្យចូលរួមថែទាំ។ អញ្ចឹង គាត់ចូលគ្នាម្នាក់ ១០០០ ឬ២០០០ ពាន់មួយខែសម្រាប់បោសសំរាម។ ថ្ងៃអាទិត្យ ថ្ងៃសម្រាក គាត់ប្រមូលគ្នាក្នុងសហគមន៍មួយថ្ងៃមកជួយថែ។ ការសម្ពោធបានធ្វើពីខែមករា។ ទៅដល់ ខ្ញុំដើរទៅមើលបន្ទប់ទឹក។ ខ្ញុំឃើញថែបានស្អាត។ ខ្ញុំប្រាប់បង អ៊ាង សុផល្លែត, ឯកឧត្តម ហួត ហាក់ និង(អភិបាលខេត្ត)ថា សហគមន៍នេះដើរហើយ។ មើលកន្លែងណាដែល(ទេសចរ)គាត់មិនពេញចិត្ត មើលបង្គន់មុនគេ។ ៦ខែនឹងស្អុយ (តែនេះស្អាត)។ ទៅមើលសំរាម ទៅមើលផ្កានៅខាងក្រោយ គាត់តម្រឹមស្អាត។ អត់មានសំរាម … នេះគឺជារូបមន្តនៃសហគមន៍ដែលចេះរកស៊ី។
(១៦) បង្រៀនសហគមន៍ដែលមានទឹកចិត្តនិងឆន្ទៈចង់ចេះ ចង់ថែទាំ និងចង់រកចំណូលឲ្យចេះរកស៊ី
កាលខ្ញុំទៅខែកុម្ភៈ ឆ្នាំទៅ បងប្អូនមានមតិថា “សម្តេច ក្រែងសហគមន៍អត់ចេះរកស៊ី អត់ចេះគ្រប់គ្រង។ យើងធ្វើគំរោងហ្នឹង តែឲ្យរកក្រុមហ៊ុនឯកជនគ្រប់គ្រង”។ ឯកឧត្តម ជាម ច័ន្ទសោភ័ណ បានលើក។ ខ្ញុំថា “បង! បើយើងមិនទាន់សាក យើង(ម៉េចដឹង)។ កុំយកអ្នករកស៊ីទៅធ្វើនៅកន្លែងហ្នឹង។ (វាជា)របស់សហគមន៍។ (ត្រូវ)បង្រៀនសហគមន៍ឲ្យចេះរកស៊ី”។ សុំទោសដែលប្រើពាក្យសាមញ្ញ។ ប្រកបរបរអាជីវកម្ម ឬធុរកិច្ចអី (ក្រែង)ពិបាក(ស្តាប់)ពេក។ ឱ្យចេះរកស៊ី។ អញ្ចឹង ក្នុងពេលយើងកំពុងធ្វើហេដ្ឋារចនាសម្ព័ន្ធនេះ ឯកឧត្តម ហួត ហាក់ បានចាត់មន្ត្រីខាងវិស័យទេសចរណ៍ទៅធ្វើការជាមួយសហគមន៍ បង្រៀនគាត់ឲ្យចេះបដិសណ្ឋារកិច្ច បង្រៀនឱ្យចេះឆុងកាហ្វេ។ នៅខាងក្រោម គាត់មានផ្ទះដែល(អាចរៀបចំ)ទទួលភ្ញៀវ។ គាត់អត់មានផ្ទះសំណាក់អីទេ។ គាត់មានផ្ទះដែលទទួលភ្ញៀវ។ គេហៅផ្ទះស្នាក់នៅ។ ឲ្យគាត់ចេះធ្វើបដិសណ្ឋារកិច្ច។ នៅខាងលើ ខ្ញុំទៅឃើញ ក៏សួរគាត់។ គាត់ថាស្រុះគ្នាល្អណាស់។ គាត់ចេះធ្វើអនាម័យ ថែទាំ អ្នកលក់កាហ្វេដូរវេនគ្នា … អ្នកណាចង់លក់កាហ្វេ ដូរវេនគ្នាទៅ។ អញ្ចឹងមួយវេន ៣គ្រួសារ។ គេធ្វើហើយគេសហការគ្នា។ គ្រាន់តែទៅបង្រៀនគេឲ្យចេះធ្វើបដិសណ្ឋារកិច្ច។ គេចេះរកស៊ី។ ខ្ញុំសង្ឃឹមថា កន្លែងនេះនឹងមាននិរន្តភាព ចីរភាព រាប់សិបឆ្នាំទៅទៀត។ បើកន្លែងនេះដើរ គឺយកជាគំរូមួយ ហើយមិនចាំបាច់យកវិស័យឯកជនទៅវិនិយោគទេ។ បង្រៀនសហគមន៍ដែលមានទឹកចិត្តនិងឆន្ទៈ ហើយចង់ចេះ ចង់ថែទាំ និងចង់រកចំណូលក្នុងវិស័យនេះ។ មិនបាច់ទៅរកឈើរកអីទៀតទេ …។
(១៧) សូមវិស័យឯកជនចុះទៅក្រោម ទុកខាងលើឲ្យសហគមន៍ធ្វើ business និងកុំដណ្តើមរបរពីសហគមន៍
នេះជាមូលហេតុដែលខ្ញុំទៅខ្នងផ្សារកាលពីថ្ងៃទី៣១ ខែឧសភា (២០២៦)។ ខ្ញុំទៅដើម្បីមើលការវិវត្តន៍ជាក់ស្តែងហើយខ្ញុំពិតជាមានការត្រេកអរដែលក្រសួងស្ថាប័ន មានរដ្ឋមន្រ្តីទាំង២ និងចៅហ្វាយខេត្ត បានសហការគ្នាធ្វើ ជាពិសេសប្រជាពលរដ្ឋក្នុងសហគមន៍មានការសប្បាយចិត្ត។ ពីដំបូង ពួកគាត់ព្រួយបារម្ភថាឲ្យតែកន្លែងមានសក្តានុពលទេសចរណ៍ វិស័យឯកជនទៅវិនិយោគ (នាំឱ្យពួក)គាត់អស់(មុខរបរ)។ គាត់បានត្រឹមតែចំណូលពីការងារ។ តែនេះយើងឲ្យគាត់ធ្វើជាម្ចាស់។ យើងមិនដណ្តើមគាត់ទេ។ យើងសុំឲ្យវិស័យឯកជន move ទៅខាងក្រោម … ថ្ងៃក្រោយគាត់/អ្នកវិនិយោគអាចបង្កើត(កន្លែងស្នាក់)។ ព្រោះចង់ឲ្យមនុស្សទៅលេងខ្នងផ្សារច្រើន មិនមែនទាំងអស់គ្នាទៅបោះតង់ទេ។ មានអ្នកខ្លះគេទៅវិលល្ងាច។ តែក៏មានកន្លែងស្នាក់នៅអីសមរម្យនៅខាងក្រោម ចម្ងាយ៣ ឬ៤ ឬ៥ គីឡូ ឬ១០គីឡូអីទៅ។ គេទៅ ហើយគេនឹងឡើងទៅលើ។ នៅកន្លែងលើនេះគឺឲ្យសហគមន៍ធ្វើ business តែម្ដង។ ទាញមនុស្សទៅ។ យើងនឹងស្វាគមន៍ការវិនិយោគឯកជន ប៉ុន្តែធ្វើយ៉ាងណាគឺកុំយកតាមរូបមន្តទៅជាកន្លែងជំនួស ឬដណ្តើមរបររបស់សហគមន៍ ប៉ុន្តែជាអ្វីដែលជួយផ្គុំគ្នា ជួយគ្នារស់។ នេះហើយជារូបមន្តដែលយើងអនុវត្តនៅខ្នងផ្សារ។
(១៨) រដ្ឋនិងសប្បុរសជនបង្កលក្ខណៈឲ្យសហគមន៍រកស៊ី ជាការអភិវឌ្ឍនៅហ្នឹងកន្លែងមានសក្តានុពលទេសចរ
ខ្ញុំឃើញហើយ។ ខ្ញុំសប្បាយចិត្ត។ ជាពិសេសសុំសរសើរដល់សហគមន៍ ប្រជាពលរដ្ឋតែម្តង ដែលស្រឡាញ់ ហើយយល់ថានេះជារបស់គាត់។ ខ្ញុំប្រាប់គាត់ហើយ អត់មានអ្នកណាទៅយកលុយគាត់ទេ។ តិចថាទៅយកលុយពីផ្សារសហគមន៍ មួយខែ ១ម៉ឺនរៀល។ មិនដូច្នោះទេ។ (ទុកឱ្យ)គាត់ធ្វើចុះ។ កន្លែងចតឡានហ្នឹង គាត់យកម្នាក់ ១៥០០, ៣០០០, ៤០០០ ឬ៥០០០រៀលក្តី ខ្ញុំមិនដឹងទេ។ យកទៅថែទាំចុះ។ នេះគឺជាអ្វីដែលរដ្ឋ បូកជាមួយសប្បុរសជនជួយរៀបចំ បង្កលក្ខណៈឲ្យសហគមន៍(រកស៊ី)។ មិនត្រឹមតែឲ្យហេដ្ឋារចនាសម្ព័ន្ធទេ តែបង្រៀនគាត់ឲ្យចេះរកចំណូល។ ភាសាសាមញ្ញគឺចេះរកស៊ីថែមទៀតដើម្បីបង្កើនជីវភាពរស់នៅ។ នេះជាការអភិវឌ្ឍមូលដ្ឋានដែលយើងចង់បាន។ ការអភិវឌ្ឍនៅក្នុងកន្លែងដែលមានសក្តានុពលវិស័យទេសចរណ៍។ រួមជាមួយគ្នា ថែទាំបរិស្ថានតែម្តង។ ឥឡូវ គាត់លែងទៅរកឈើ កាប់ព្រៃ ប្រឈមជាមួយមន្ត្រីអនុរក្ស។ ឥឡូវគាត់រកចំណូលពីហ្នឹងវិញ។ នេះហើយគឺជាការអភិវឌ្ឍ។ រួមគ្នាជាមួយមន្ត្រីបរិស្ថានថែទាំព្រៃនៅទីនោះឲ្យបានល្អ។
(១៩) នៅតេទឹកពុះ កំពុងរករូបមន្តរៀបចំឱ្យល្អនិងជោគជ័យ បង្កើនសមត្ថភាពរបស់សហគមន៍
នៅតេទឹកពុះកំពុងរករូបមន្តហ្នឹងទៀត។ ខ្ញុំបានហៅមេសហគមន៍ដើរជាមួយ។ (គាត់បានដឹង(ថាខ្ញុំមក)។ ជួយលាក់ ធ្វើជាមិនដឹង។ រដ្ឋមន្ត្រីហៅខ្ញុំសម្ដេច មេសហគមន៍ថា បើហ៊ានតែប្រើពាក្យហ្នឹងទៀតប្រជាពលរដ្ឋហ្នឹងមកចោមរោម(មិនខាន)។ ខ្ញុំបានប្រាប់គាត់ថា សូមទៅប្រាប់ប្រជាពលរដ្ឋ ប៉ុន្តែឥឡូវខ្ញុំបញ្ជាក់តាមមេក្រូអោយដឹងតែម្ដង។ ខ្ញុំទៅថ្ងៃមុន មិនមែនទៅដកពីប្រជាជនទេ តែទៅដើម្បីបន្តិចទៀតយើងនឹងរៀបចំអោយល្អ និងបង្កើនសមត្ថភាពរបស់សហគមន៍ រៀបចំជំរុញការអភិវឌ្ឍ ធ្វើអោយតំបន់នោះមានភាពជោគជ័យ។ កន្លែងដែលមានសក្តានុពលទេសចរ ឧទាហរណ៍តេទឹកពុះនិងខ្នងផ្សារ ខ្ញុំបានណែនាំ កុំអោយយកការវិនិយោគទៅដាក់លើកន្លែងដែលអាចប្រើប្រាស់ជាសាធារណៈ យកទៅដាក់ជាប់ហ្នឹងមាត់តេទឹកពុះ។ កុំអោយសោះ។ ទុកវាជា(កន្លែងសំរាប់សាធារណជន) … បានន័យថារបស់ហ្នឹងនៅកន្លែងហ្នឹង យើងធ្វើជា Zone (ទំហំ)២០០ ទៅ៣០០ម៉ែត្រ ទុកកន្លែងហ្នឹងតាមធម្មជាតិ។ បើចង់អភិវឌ្ឍរៀបចំហេដ្ឋារចនាសម្ព័ន្ធ ទោះបីជាសហគមន៍ក៏ដោយ យើងរៀបចំកន្លែងណាអោយស្រួល។ បើចង់វិនិយោគជារមណីយ៍ដ្ឋាន ឬអ្វីផ្សេង សូមកុំនៅកន្លែងហ្នឹង។
(២០) នៅតេទឹកពុះ ដកការវិយោគឯកជនឱ្យទៅឆ្ងាយ ទុកជាតំបន់បៃតង រៀបចំផ្លូវថ្មើរជើង និងកន្លែងងូតទឹក
បើយើងវិនិយោគនៅនឹងតេទឹកពុះ ដីមានតែ១០ហិកតា។ ឥឡូវគ្រាន់តែដុះ(ព្រៃឈើ)ចង់អស់ទៅហើយ។ បើសិនជានាំគ្នាទៅវិនិយោគនៅច្រាំងលើហ្នឹងអស់បាត់ទៅហើយ ទៅជាកន្លែងឯកជន លែងទៅបាន អត់មានការទាក់ទាញ។ ដូច្នេះ ដកការវិយោគ resort ឯកជនឱ្យទៅនៅឆ្ងាយបន្តិច ដូចជា ១គីឡូទៅ ២គីឡូ(ម៉ែត្រអីទៅ)។ ឥឡូវនេះសូម្បីតែ ៥គីឡូ ក៏អត់ឆ្ងាយដែរ។ ទុកតំបន់នេះជាតំបន់បៃតង តំបន់ដែលអមទៅដោយ(ធម្មជាតិ) … (ទី១)ខ្ញុំប្រាប់អោយរៀបចំផ្លូវថ្មើរជើង។ ទី២ កន្លែងងូតទឹក។ ពេលដែលយើងចុះទៅកៀកហ្នឹងតែម្ដង កន្លែងអ៊ំៗផ្លាស់(សម្លៀកបំពាក់)នៅកៀក។ យើងអោយគាត់កាយ ត្បិតនៅវាល … រៀបកន្លែងងូតទឹកឱ្យឆ្ងាយបន្តិច។ យើងរៀបចំកន្លែងងូតទឹកស្អាតជូនគាត់។ ចូលទៅ អត់មាននៅជិតផ្លូវទៀតទេ។ កន្លែងផ្លូវនេះ ទុកទេសចរធម្មតាដែលអត់ត្រូវការដូរខោអាវ។ ឯអ្នកដែលដូរខោអាវទៅងូតទឹកនៅកន្លែងផ្សេងទៀត ដែលយើងរៀបចំឈូសអោយស្អាត។ កាយកន្លែង(មាន)ទឹក ព្រោះឥឡូវមានដុះ(ដើមឈើ)ពេញ។ យើងរៀបអោយស្អាតជូនប្រជាពលរដ្ឋ។ ធ្វើប៉ុណ្ណឹង កន្លែងនេះហ្នឹងទាក់ទាញ។
(២១) ពីកន្លែងលំហែបៃតងទៅ “ដានព្រះអង្គ” នឹងមានផ្លូវបេតុងជាគម្រោង ADB ជាមួយក្រសួងអភិវឌ្ឍន៍ជនបទ
យើងផ្ទេរការគ្រប់គ្រងនិងជួយបណ្ដុះបណ្ដាលសមត្ថភាពរបស់សហគមន៍នៅទីនោះអោយចេះលក់ដូរនិងរៀបចំបដិសណ្ឋារកិច្ច។ សូមផ្ដាំទៅអ្នកដែលជេរថា “មិនគិតរឿងទឹកដី ដើរលេងអត់ប្រយោជន៍” ថា ខ្ញុំទៅអោយពិន្ទុរដ្ឋមន្ត្រីរបស់ខ្ញុំ។ គាត់បានA++ ព្រោះគាត់បានធ្វើមែន។ យើងត្រូវបន្ត(រៀបចំ)ទៀត ពីកន្លែងលំហែបៃតងឡើងទៅលើនឹងមានផ្លូវបេតុងបន្ថែម ជាគម្រោង ADB ជាមួយក្រសួងអភិវឌ្ឍន៍ជនបទ។ សង្ឃឹមថា (គំរោងនឹង)ធ្វើហើយនៅឆ្នាំនេះ។ ឡើងទៅដល់ត្រឹមតែដានព្រះអង្គ អត់ឱ្យឡើងទៅទៀតទេ … ព្រោះចាស់ៗ អ៊ំៗ មួយចំនួនពិបាកឡើង។ ផុតហ្នឹង ទុកជាលំហធម្មជាតិ អោយប្រជាជនច្នៃបោះតង់។ មានតែកន្លែងហ្នឹងទេ មនុស្សទៅច្រើននៅខែវស្សាជាងខែប្រាំង។ ខ្ញុំសួរថាមានទាកឬអត់? គាត់ថាអត់មានទាកទេ។ បើមានមែន គាត់ដើរលឿន ទាកហក់ក៏មិនទាន់ដែរ … មិនដឹងយ៉ាងម៉េចយើងដាក់កៅស៊ូ ដាក់ថ្នាំជក់ ទាកនៅតែចូលបាន។ ពេលដែលចូល វាមិននៅកំភួនជើងទេ វាឡើងមកលើ។ ខែនេះភ្លៀង ធម្មជាតិបៃតងល្អ។
(២២) ចាប់ផ្ដើមយន្តការច្បាប់អន្តរជាតិ UNCLOS ការពារអធិបតេយ្យភាព និងសិទ្ធលើដែនសមុទ្រ
គ្រប់ពេលទាំងអស់ មិនថាខ្ញុំ ឬមន្ត្រីផ្សេងៗទៀតទេ រាជរដ្ឋាភិបាល(ដាក់ចេញនិងអនុវត្ត)គោលនយោបាយ(ដើម្បីផលប្រយោជន៍ប្រជាជន) … ទោះបីជាយើងកំពុងតែជាប់ដៃការពារជាតិ ក៏យើងមិនភ្លេច(ការអភិវឌ្ឍ)ទេ។ ប៉ុន្តែការដោះស្រាយត្រូវការពេលវេលា។ ដោះស្រាយតាមសន្តិវិធី ផ្អែកទៅលើផ្លូវច្បាប់ជាមូលដ្ឋាន។ ម្សិលមិញនេះយើងបានចាប់ផ្ដើមប្រើប្រាស់យន្តការច្បាប់អន្តរជាតិ UNCLOS ដើម្បីដោះស្រាយការពារអធិបតេយ្យភាព និងសិទ្ធរបស់កម្ពុជាលើដែនសមុទ្រ ដោយប្រើប្រាស់ UNCLOS ការផ្សះផ្សារដោយបង្ខំនេះឯង។ វាប្រើពេល ប៉ុន្តែប្រសើរជាងបញ្ជូនទាហានទៅច្បាំងគ្នា ហើយដោះស្រាយមិនចេញ រួចក៏មកចរចាដោយគ្មានការចាំបាច់ដដែល។ ដរាបណាយើងនៅមាន(លទ្ធភាព)ដោះស្រាយបញ្ហាជាតិ ទឹកដី ដោយសន្តិវិធី (យើងនឹងខិតខំ)។ សូមជឿចុះ គ្មានការដោះស្រាយដោយកម្លាំងមួយណាដែល(បានលទ្ធផលមក)ស្ថិតស្ថិរទេ។ មិនអាចយករថក្រោះ គ្រាប់បែក ផ្លូវបេតុងទៅការពារសិទ្ធស្របច្បាប់ប្រទេសណាមួយទេ។ ទាល់តែប្រើតាមច្បាប់បានត្រឹមត្រូវ។ យើងត្រូវធ្វើការតស៊ូផ្លូវច្បាប់។ ខ្ញុំសូមបញ្ជាក់ម្ដងទៀត ទោះបីជាយើងពង្រឹងវិស័យការពារជាតិ តែយើងមិនបាន(ភ្លេច)គិតអំពីសេដ្ឋកិច្ចសង្គម រួមទាំងគម្រោងតូចៗ ដូចជានៅខ្នងផ្សារ ឬតេទឹកពុះនេះទេ ព្រោះប្រជាជនមានបានទាល់តែគ្រប់សហគមន៍ទាំងអស់មានបាន។
(២៣) ការពារអធិបតេយ្យភាពទឹកដី មិនប្រើតែកម្លាំងកងទ័ពនិងអាវុធយុទ្ធភណ្ឌទេ ប៉ុន្តែគឺកំលាំងសរុបរបស់ជាតិ
ការអភិវឌ្ឍនៅខ្នងផ្សារ តេទឹកពុះ … កាលពីពេលដែលឯកឧត្តម សាយ សំអាល់ នៅធ្វើជារដ្ឋមន្ត្រីក្រសួងបរិស្ថាន ក៏បានធ្វើច្រើនហើយ។ សូម្បីតែគាត់ទៅក្រសួងរៀបចំដែនដី នគរូបនីយ៍កម្មនិងសំណង់ នៅកំពត គាត់បានរៀបចំត្រពាំងសង្កែអោយសហគមន៍ យកជាមូលធនទេសចរដើម្បីទាញសក្ដានុពល។ យើងធ្វើបន្តទៀតនៅជ្រៀវ នៅទឹកធ្លាក់ល្អៀង។ កាលមុន ម្ដងម្កាលខ្ញុំបានលួចជិះម៉ូតូទៅដល់ … ឥឡូវអស់សិទ្ធហើយ។ បានត្រឹមចតចោល។ ប្រពន្ធលែងអោយជិះ … (សូម)ព្យាយាមសាកល្បង។ អ្នកភ្នំពេញ មិនចាំបាច់ចេញទៅឆ្ងាយទេ។ ត្រឹមតែ ២០០គីឡូម៉ែត្រពីភ្នំពេញ កន្លែងថ្មីៗ ដែលយើងមិនទាន់ទៅដល់ ជាពិសេសទេសចរធម្មជាតិមានច្រើន។ ត្រឹម ២០០គីឡូដីមិនឆ្ងាយទេ។ ទៅវិលល្ងាចបាន។ មិនមែនមានតែខេត្តកែប ខេត្តកំពត ខេត្តកំពង់សោមទេ។ និយាយអញ្ចឹង មិនមែនមានន័យថាកុំអោយទៅលេងខេត្ត ៣ហ្នឹងទេ។ អញ្ជើញទៅទៀត ប៉ុន្តែនៅខេត្តផ្សេងៗ នៅកំពង់ស្ពឺ មាន ជ្រៀវ ឱរ៉ាល់ ខ្នងផ្សារ តេទឹកពុះ បន្ថែមលើនោះកំពង់ឆ្នាំងក៏មាន។ នេះគឺជាកំណើនសេដ្ឋកិច្ច។ យើងចងភ្ជាប់សេដ្ឋកិច្ចសង្គម។ សេដ្ឋកិច្ចរបស់ជីវភាពសហគមន៍នីមួយៗ កើនឡើង ហ្នឹងហើយគឺការការពារជាតិ។ យើងដោះស្រាយបញ្ហាអធិបតេយ្យភាព ការការពារទឹកដី … គឺមិនមែនប្រើប្រាស់តែកំលាំងប្រដាប់អាវុធ មិនប្រើប្រាស់តែកងទ័ព និងអាវុធយុទ្ធភណ្ឌទំនើបនោះទេ ប៉ុន្តែប្រើប្រាស់កំលាំងសរុបរបស់ជាតិ គឺប្រជាពលរដ្ឋនិងសេដ្ឋកិច្ចសង្គមតែម្ដង។
(២៤) ប្រជាជនកាន់តែខ្លាំង សម្បូរសប្បាយ សុខភាពមាំមួន ខឿនការពារជាតិក៏កាន់តែរឹងមាំយូរអង្វែងតទៅ
ពេលដែលយើងប៉ះគ្នាឆ្នាំទៅនេះ ពេលដែលមានសង្គ្រាមផ្ទុះឡើង គឺកំលាំងជាតិទាំងមូលបានជួយគាំទ្រដល់កងទ័ពជួរមុខ។ មកដល់ពេលនេះការបរិច្ចាគនៅមិនទាន់ចប់ទេ។ បងប្អូននៅបន្ត។ ខែធុរ៉េនឃើញមានអ្នកទិញទៅ។ បងប្អូនផ្ដល់អ្វីផ្សេងៗ … រដ្ឋាភិបាលបានជួយទំនុកបម្រុង ផ្គត់ផ្គង់តាមគោលការណ៍ហើយ ប៉ុន្តែយើងស្វាគមន៍ឱ្យបន្ត(ការជួយឧបត្ថម្ភ)ទៅទៀត។ ខ្ញុំសូមអរគុណចំពោះទឹកចិត្តនិងស្មារតីជាតិ (ជា)ខឿនការពារជាតិរបស់ប្រជាជន។ ប្រជាជនកាន់តែខ្លាំង កាន់តែសម្បូរសប្បាយ សុខភាពកាន់តែរឹងមាំ ខឿនការពារជាតិរបស់យើងកាន់តែរឹងមាំយូរអង្វែងតទៅទៀត។ ខ្ញុំសូមបញ្ជាក់ ក្នុងការអភិវឌ្ឍប្រទេស រាជរដ្ឋាភិបាលមិនមែនមើលតែមួយជ្រុងទេ។ យើងមើលព្រៃទាំងមូល។ បើដើមឈើមួយដើមមានបញ្ហា យើងរកវិធីដោះស្រាយ ថែទាំវា កុំឲ្យវាឆេះ វាស្លាប់។ ដោះស្រាយដោយសន្តិវិធី តាមផ្លូវច្បាប់ តែពេលជាមួយគ្នាត្រូវពង្រឹងដើមឈើផ្សេងៗទៀត ត្រូវពង្រឹងគ្រប់វិស័យ ជាពិសេសវិស័យអប់រំនិងសុខាភិបាល ដែលជារួមហៅថាសង្គមកិច្ចនេះថែមទៀត។ សូមបញ្ជាក់ម្ដងទៀត និងសុំឲ្យប្រជាពលរដ្ឋទាំងអស់មានជំនឿទុកចិត្តចុះ អត់មានការកាត់ថវិកាជាតិ(ពីវិស័យ ២នេះ) ទៅប៉ះប៉ូវលើអ្វីផ្សេងទេ។ បើបងប្អូនណាមានការយល់ច្រឡំ ឬបកស្រាយច្រឡំ ខ្ញុំគិតថា ព្រឹកនេះខ្ញុំបានបកស្រាយគ្រប់គ្រាន់ហើយ បន្ថែមទៅលើអ្វីដែលក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានពន្យល់។ និយាយឲ្យខ្លី គ្មានការកាត់បន្ថយថវិកាពីក្រសួងសុខាភិបាលនិងអប់រំ ពីឆ្នាំ២០២៧-២០២៩នោះទេ គឺមានតែគ្រោងបង្កើនថែមទៀតលើវិស័យសង្គមកិច្ច។
[ចប់សេចក្ដីអធិប្បាយ២]
ទន្ទឹមនេះ, រាជរដ្ឋាភិបាលក៏ចាត់ទុកការងារអប់រំកាយ និងកីឡា ជាការងារគន្លឹះមួយក្នុងការអភិវឌ្ឍមូលធនមនុស្សនៅកម្ពុជា ពីព្រោះ ដើម្បីក្លាយជាមូលធនមនុស្សពិតប្រាកដ, ពលរដ្ឋ ត្រូវមានទាំង ចំណេះដឹង ជំនាញ បទពិសោធ និងសុខភាព ដែលមិនអាចកាត់ផ្តាច់ពីសកម្មភាព អប់រំកាយ និងកីឡា។ ជាលទ្ធផល, វិស័យអប់រំកាយ និង កីឡា បានក្លាយជា វិស័យឈានមុខមួយ និងទទួលបានការសាទរពីសាធារណជន, ឆ្លុះបញ្ចាំងតាមរយៈ ការទទួលបានជ័យជម្នះពីការប្រកួតជើងឯកពិភពលោក, ជើងឯកអាស៊ី, និងជើងឯកអាស៊ីអាគ្នេយ៍, ព្រមទាំងការប្រកួតកីឡាផ្សេងៗ ជាច្រើនទៀត។
[ផ្ដើមសេចក្ដីអធិប្បាយ៣]
(២៥) ត្រូវប្រៀបធៀបគុណភាពបណ្ដុះបណ្ដាល និងកម្មវិធីអប់រំកាយ និងកីឡា ជាមួយប្រទេសនានា
ជាទូទៅ ការវាយតម្លៃប្រសិទ្ធភាពកម្មវិធីអប់រំ ការបណ្ដុះបណ្ដាលនិងហ្វឹកហាត់ មិនមែនកំណត់តែលើចំនួនអត្តពលិកឬកីឡាករ ដែលយើងផលិតបាននោះទេ ប៉ុន្តែសំខាន់កំណត់ទៅលើលទ្ធផលជាក់ស្ដែង ដែល(សំរេច)បាននៅក្នុងការប្រកួត មិនថាថ្នាក់ជាតិឬអន្តរជាតិឡើយ ជាពិសេសការប្រកួតថ្នាក់អន្តរជាតិ ដែលយើងត្រូវប្រៀបធៀបគុណភាពនៃការបណ្ដុះបណ្ដាល និងកម្មវិធីអប់រំរបស់យើង ជាមួយប្រទេសផ្សេងទៀត។ ភាគច្រើនប្រទេសនៅក្នុងអាស៊ានមួយចំនួន មានថវិកាហ្វឹកហ្វឺនច្រើនជាងយើង។ តែទោះបីថវិកាតិចជាងគេក៏ដោយ ខ្ញុំមានមោទនភាពចំពោះសមិទ្ធផល និងភាពជោគជ័យរបស់កីឡាករ/ការិនីរបស់យើងដែលតំណាងជាតិយើង។ ពេលប្រកួតខ្លះ ខ្ញុំមើល ពេលដែលយើងលើកទង់លេខ១ លេខ២ និងលេខ៣ ឈរនៅលើ podium ហ្នឹងជាមួយប្រទេសផ្សេងទៀត ដែលគេមានលទ្ធភាព ហើយចាស់ទុំជាងយើងក្នុងការប្រកួត ទោះបីយើងបានមេដាយមាស ឬប្រាក់ ឬសំរឹទ្ធ និយាយរួម ទឹកភ្នែកខ្ញុំចេញមកទាំងមិនដឹងខ្លួន។ វាជាមោទនភាព។ មិនមែនដោយឈឺបេះដូងទេ តែដោយសារការរំភើបដែលជាតិខ្មែរយើង ប្រជាជនយើងបានសម្រេចលើកកិត្តិយសជាតិលើឆាកអន្តរជាតិ។
(២៦) កម្ពុជាធ្វើជាម្ចាស់ផ្ទះដ៏ល្អក្នុងការប្រកួតកីឡា SEA Games ទី៣២ និង ASEAN Para Games ទី១២
ខ្ញុំសូមអរគុណកីឡាករ/ការិនីទាំងអស់ មិនត្រឹមតែអ្នកជ័យលាភីនោះទេ ដែលខិតខំក្នុងការចេញប្រកួតមកដល់ម៉ោងនេះ និងគ្រូបង្វឹក និងក្រសួង-ស្ថាប័នពាក់ព័ន្ធ ដែលយកចិត្តទុកដាក់ បូកនឹងសប្បុរសជន និងដៃគូ ដែលបានចូលរួមក្នុងការជួយបង្វឹកនិងលើកកម្ពស់សមត្ថភាពកីឡាករ/ការិនីរបស់យើង។ ជាក់ស្ដែង ពេលដែលយើងធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡា SEA Games លើកទី៣២ និង ASEAN Para Games លើកទី១២ កម្ពុជារៀបចំបានល្អ បានមេដាយដល់ទៅ ២៨២គ្រឿង លើសពីការរំពឹងទុក ដែលមានមេដាយមាស ៨១គ្រឿង ប្រាក់ ៤៧គ្រឿង និងសំរឹទ្ធ ១២៧គ្រឿង។ ខ្ញុំមិនជឿថា ប្រទេសដែលមកប្រកួតយោគយល់យើងជាម្ចាស់ផ្ទះ ដែលយើង free ម្ហូប (និងការស្នាក់នៅ)នោះទេ។ គេខិតខំប្រកួតដូចគ្នាដែរ ប៉ុន្តែយើងបានសមិទ្ធផលជោគជ័យ។ ឯការប្រកួត ASEAN Para Games លើកទី១២ យើងបានមេដាយសរុប ៧៣គ្រឿង។ ក្នុងនោះ មេដាយមាស ៩គ្រឿង ប្រាក់ ១៩គ្រឿង និងសំរឹទ្ធ ៤៥គ្រឿង។ ក្រៅពីនោះ ការប្រកួតនៅវេទិកាក្រោយៗ មកទៀត យើងក៏ទទួលបានមេដាយជាបន្តបន្ទាប់។ ខ្ញុំសូមអបអរសាទរ និងជូនពរឲ្យកាន់តែជោគជ័យបន្ថែមទៀត។
(២៧) ជ័យជំនះនៃកីឡាករ/ការិនីជា idol ក្នុងវិស័យកីឡា បានលើកកម្លាំងចិត្តយុវជនកម្ពុជា
ការបំផុសផ្នែកកីឡា មិនត្រឹមតែបានមេដាយនោះទេ ប៉ុន្តែមានការលើកទឹកចិត្ត។ កាលនៅអាមេរិក កីឡាបាល់ទាត់ អាមេរិកហៅ Soccer មិនមែន Football ទេ … បាល់ទាត់នៅអាមេរិកមិនសូវជាល្បីប៉ុន្មានទេ។ ខុសពី Basketball និង Baseball។ ប៉ុន្តែ នៅពេលដែលកីឡាការិនីអាមេរិកឈ្នះ World Cup ពេលនោះម្ដាយឪពុកភាគច្រើនឲ្យកូនលេងនៅសាលា។ ខ្ញុំជឿថា ការឈ្នះរបស់កីឡាករ/ការិនីយើង ដែលជា idol ក្នុងវិស័យកីឡានីមួយៗ ក៏បានលើកទឹកចិត្ត កម្លាំងចិត្ត ឲ្យក្មេងៗ កម្ពុជាយើង … យើងបានប្រាប់គេថា ទោះបីកម្ពុជាចូលរួមប្រកួតយឺតជាងគេក៏ដោយ ថវិកាហ្វឹកហ្វឺនមិនខ្ពស់ជាងគេក៏ដោយ តែខ្មែរយើងអាចធ្វើបាន អាចឈ្នះមេដាយមាស ប្រាក់ និងសំរឹទ្ធ។ អញ្ចឹង ប្អូនៗជំនាន់ក្រោយតស៊ូទៅ។ យើងនឹងអាចទទួលបាន។ នេះជាការលើកទឹកចិត្តធំណាស់ ព្រោះធ្វើបាន(ជាក់ស្តែង)ហើយ មិនមែនត្រឹមតែទ្រឹស្ដីនោះទេ … មានខ្មែរយើង(ទទួលមេដាយមាស) មិនថា Petanque, Taekwondo ឬ Para Games ប្រណាំង។ យើងមានច្រើន។ នេះបង្ហាញថាយើងអាចធ្វើបាន។
(២៨) ការឈឺថ្កាត់ជាបន្ទុកចំពោះគ្រួសារនិងបន្ទុកខ្លួនឯង ដែលត្រូវចាយលុយលើថ្នាំថែទាំសុខភាព
បើទោះបីជាមេដាយនៅក្នុងកីឡាមួយចំនួន ពីមុនយើងមិនដែលបាន ឥឡូវយើងបានច្រើនមុខ។ បានន័យថា លើកទឹកចិត្តលើមុខផ្សេងៗ ទៀត។ តែយើងប្រឹងទៅ យើងអាចជាប់ដែរ។ នេះជាការលើកទឹកចិត្តធំ។ ខ្ញុំក៏ជឿថា មានមួយផ្នែកគឺដោយសារប្រជាពលរដ្ឋយើងឥឡូវចាប់អារម្មណ៍លើកីឡា។ សុខភាពជាគោល។ ឥឡូវនៅទីសួនសាធារណៈ តាមខេត្ត រាជធានី បានរៀបចំច្រើន។ សូមអរគុណ និងកោតសរសើរដល់ខេត្ត រាជធានីដែលបានរៀបចំកន្លែងឲ្យប្រជាពលរដ្ឋហាត់កីឡាហាត់ប្រាណ។ មិនថាមានក្បាច់ទេ ដាក់តែម៉ាញ៉េរាំម៉ាឌីហ្ស៊ន ក៏បានដែរ កីឡាដូចគ្នា វាបញ្ចេញកម្លាំងធ្វើឲ្យបែកញើស។ ការបញ្ចេញកម្លាំងធ្វើឱ្យបែកញើស បញ្ចេញជាតិពុល សុខភាពរបស់ប្រជាពលរដ្ឋយើង(ល្អ) កាត់បន្ថយការឈឺថ្កាត់។ ការឈឺថ្កាត់នេះ ជាបន្ទុកធ្ងន់ណាស់។ បន្ទុកចំពោះមុខគឺ គ្រួសារនិងបន្ទុកខ្លួនឯង ដែលត្រូវចាយលុយលើថ្នាំ ចាយលុយលើការថែទាំសុខភាព។ អញ្ចឹង បើសុខភាព(ល្អ) ហាត់កីឡា(ធ្វើឱ្យរាង្គកាយ)បានរឹងមាំ គឺជួយបានច្រើន។
ខ្ញុំសូមលើកទឹកចិត្តឱ្យបន្តការកសាង និងលើកទឹកចិត្តទៅដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួន អោយហាត់កីឡា (និង)រៀបចំហេដ្ឋារចនាសម្ព័ន្ធ ទីកន្លែងឱ្យល្អ។ ជិះកាត់ ខ្ញុំឃើញខេត្តជាច្រើន(រៀបចំកន្លែងហាត់ប្រាណបានល្អ)។ ឥឡូវ ខេត្តនីមួយៗ ប្រកួតប្រជែងគ្នារៀបចំសួនសាធារណៈសម្រាប់កីឡា។ កាលមុន យើងមានតែសួនវិមានឯករាជ្យ វត្តភ្នំ ហើយដីក្រហម។ ភ្លៀងមកម្ដងៗ ពិបាកបន្តិច។ សន្តិសុខកាលមុនក៏មិនសូវល្អដែរ។ ឥឡូវ ម៉ោង ៤ភ្លឺអី ប្រជាពលរដ្ឋងើបហាត់ប្រាណអស់ហើយ។ អ៊ំៗ លោកយាយៗ សម្រាន្តមិនលក់ ងើបហាត់ប្រាណ។ ឯក្មេងៗ ខ្លះ មិនទាន់គេងផង ទើបចេញពីក្លិប។ អ្នកខាងក្រោយទះដៃ ដូចជាត្រូវ។ គ្រូកីឡាអញ្ចឹងដែរអត់? ឬម៉ោង៣ ឬ៤ ងើបហាត់ប្រាណ? អាយុប្រហែល ៣០ជាងទេ។ កុំភ្លេចថា ប្អូនៗ មិនធ្លាប់អាយុ ៤០ជាងទេ។ បងធ្លាប់អាយុ២០ និងអាយុ៣០ឆ្នាំ។ អញ្ចឹងបងអាចដឹង និងមានបទពិសោធន៍ខ្លះកាលនៅពីក្មេង។ បើអ្នកមានអាយុ ១៨ ឬ១៩ឆ្នាំវិញ កាន់តែពេញកម្លាំង។
[ចប់សេចក្ដីអធិប្បាយ៣]
ក្នុងគោលបំណងជំរុញការអភិវឌ្ឍវិស័យអប់រំនៅកម្ពុជា, និយាយជារួម និង វិស័យអប់រំកាយ និង កីឡា និយាយដោយឡែក, ខ្ញុំសូមផ្តល់ជាអនុសាសន៍ដល់ក្រសួងអប់រំ យុវជន និង កីឡា មួយចំនួន ដូចខាងក្រោម៖
ទី១. ត្រូវពង្រឹងកិច្ចសហការ ជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ ដៃគូអភិវឌ្ឍ និង វិស័យឯកជន ដើម្បីជំរុញការអនុវត្ត «យុទ្ធនាការយុវជនម្នាក់ លេងកីឡាមួយប្រភេទយ៉ាងតិច ប្រចាំជីវិត» តាមរយៈ ការលើកទឹកចិត្តប្រជាជន ទាំង បុរស និង ស្រ្តី ឱ្យចូលរួមក្នុងសកម្មភាពកីឡា, ការបំផុសសកម្មភាពកីឡាគ្រប់ប្រភេទ, ការពង្រឹងមុខវិជ្ជាអប់រំកាយ និង កីឡា នៅក្នុងកម្មវិធីសិក្សាគ្រប់កម្រិត, ការអភិវឌ្ឍការងារអប់រំកាយ និង កីឡា ក្នុងចំណោម សិស្ស និស្សិត និង សាធារណជន, ការពង្រឹង និងពង្រីកសកម្មភាពផ្សព្វផ្សាយអំពីសារសំខាន់នៃការអប់រំកាយ និង កីឡា, និង ការជ្រើសរើសកីឡាករឆ្នើម តំណាងជាតិ តំណាងអង្គភាព និង តំណាងគ្រឹះស្ថានសិក្សា ប្រកបដោយតម្លាភាព ។
ទី២. ត្រូវបន្តជំរុញការអនុវត្ត «គោលនយោបាយជាតិស្តីពីការអភិវឌ្ឍវិស័យអប់រំកាយ និង កីឡា», ព្រមទាំងពង្រឹងតួនាទីជាយុទ្ធសាស្ត្ររបស់អង្គការរដ្ឋកីឡា, អង្គការសង្គមកីឡា, និង អង្គការសង្គមវិជ្ជាជីវៈកីឡា តាមរយៈ ការលើកកម្ពស់ការអប់រំបណ្តុះបណ្តាលលើមុខវិជ្ជាអប់រំកាយ និង កីឡា, ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធអប់រំកាយ និង កីឡា, ការស្រាវជ្រាវ និង ចងក្រងឯកសារវិទ្យាសាស្រ្ត និង វេជ្ជសាស្រ្តអប់រំកាយ និង កីឡា, ការផ្តល់ស្វ័យភាពការងារផ្នែកអប់រំកាយ និង កីឡា, និង ការបង្កើនថវិកាដល់អង្គការសង្គមកីឡា ។
ទី៣. ត្រូវបង្កើនកិច្ចសហការជាមួយ ក្រសួងស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ ដៃគូអភិវឌ្ឍ និង វិស័យឯកជន ដើម្បីត្រៀមរៀបចំធ្វើជាម្ចាស់ផ្ទះនៃការប្រកួតកីឡាសាកលវិទ្យាល័យអាស៊ានលើកទី២៣ ក្នុងឆ្នាំ២០២៨, និង ការប្រកួតកីឡាយុវជនអាស៊ីលើកទី៥ ក្នុងឆ្នាំ២០៣១ នៅកម្ពុជា ឱ្យបានជោគជ័យ, ទាំងក្នុងក្របខ័ណ្ឌនៃការរៀបចំធ្វើជាម្ចាស់ផ្ទះ និង ការប្រកួតប្រជែងដណ្តើមយកមេដាយ ។
ទី៤. ត្រូវបន្តអភិវឌ្ឍកីឡាជនពិការ តាមរយៈ ការអភិវឌ្ឍរចនាសម្ព័ន្ធគ្រប់គ្រងកីឡាជនពិការក្នុងស្ថាប័នអប់រំ ស្ថាប័នសង្គមកិច្ច ស្ថាប័នសុខាភិបាល និង ស្ថាប័នពាក់ព័ន្ធផ្សេងទៀត, ការជំរុញការអភិវឌ្ឍកីឡាជនពិការគ្រប់ប្រភេទ, និង ការផ្តល់ឱកាសដល់ជនមានពិការភាព ឱ្យចូលរួមដឹកនាំក្នុងវិស័យកីឡា ជាពិសេស កីឡាជនពិការ ។
ទី៥. ត្រូវសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ បន្តជំរុញការអភិវឌ្ឍឧស្សាហកម្មកីឡានៅកម្ពុជា ដោយលើកទឹកចិត្តឱ្យមានការចូលរួមពីវិស័យឯកជន តាមរយៈ ការបង្កើត យន្តការលើកទឹកចិត្តផ្នែកសារពើពន្ធ និង យន្តការភាពជាដៃគូរវាងរដ្ឋ និង វិស័យឯកជន, ការបង្កើត ផលិត និង កែច្នៃ ផលិតផលកីឡា, ការលើកកម្ពស់ «ទេសចរណ៍កីឡា», ការបណ្តុះបណ្តាលធនធានមនុស្សផ្នែកគ្រប់គ្រងអាជីវកម្មកីឡា, ការធ្វើបរិវត្តកម្មឌីជីថលក្នុងវិស័យកីឡា, និង ការជំរុញការផ្លាស់ប្តូរផ្នត់គំនិត ពី «កីឡាដើម្បីកម្សាន្ត» ទៅជា «កីឡាដើម្បីប្រាក់ចំណេញ» ។
មុននឹងបញ្ចប់, ខ្ញុំសូមចូលរួមអបអរសាទរចំពោះ គរុសិស្ស គរុនិស្សិត ជ័យលាភីទាំង ៣៨០ នាក់ (ស្រី ៦៨ នាក់) នៃវិទ្យាស្ថានជាតិអប់រំកាយ និង កីឡា ដែលបានខិតខំសិក្សារៀនសូត្រ រហូតសម្រេចបានលទ្ធផល គួរជាទីមោទនៈ, និង សូមលើកទឹកចិត្តដល់គរុសិស្ស គរុនិស្សិតជ័យលាភីទាំងអស់ ចូលរួមជាមួយរាជរដ្ឋាភិបាល ជាពិសេស ក្រសួងអប់រំ យុវជន និង កីឡា ក្នុងបេសកកម្មអភិវឌ្ឍវិស័យអប់រំកាយ និង កីឡានៅកម្ពុជា សំដៅចូលរួមលើកកម្ពស់សុខុមាលភាពប្រជាជន និង អភិវឌ្ឍសង្គម សេដ្ឋកិច្ចជាតិ លើមូលដ្ឋាន «សុខភាពរាងកាយរឹងមាំ និង សុខភាពផ្លូវចិត្តជ្រះថ្លា របស់ប្រជាជន» ។ ទន្ទឹមនេះ, ខ្ញុំសង្ឃឹម និង ជឿជាក់យ៉ាងមុតមាំថា គរុសិស្ស គរុនិស្សិត ជ័យលាភីទាំងអស់ នឹងខិតខំពុះពារជម្នះរាល់ឧបសគ្គ ដើម្បីកសាងខ្លួនឱ្យស័ក្ដិសមជាពលរដ្ឋល្អ, មន្ត្រីរាជការល្អ និងបុគ្គលិកល្អ ដោយប្រើនូវចំណេះ ជំនាញពិតប្រាកដរបស់ខ្លួន ប្រកបដោយមនសិការវិជ្ជាជីវៈ, សីលធម៌ល្អ និង ដាក់ខ្លួនបម្រើប្រជាជនដោយស្មោះសរ ដើម្បីបុព្វហេតុជាតិមាតុភូមិដ៏ថ្លៃថ្លារបស់យើង ។
ជាទីបញ្ចប់, ខ្ញុំសូមជូនពរ ឯកឧត្តម លោកជំទាវ លោក លោកស្រី និង អង្គពិធី សូមទទួលបាននូវសេចក្ដីសុខចម្រើន និង ជោគជ័យគ្រប់ភារកិច្ច, ព្រមទាំង សមប្រកបដោយពុទ្ធពរ និង ពរទាំងប្រាំប្រការ អាយុ វណ្ណៈ សុខៈ ពលៈ និង បដិភាណៈកុំបីឃ្លៀងឃ្លាតឡើយ។
ខ្ញុំសូមប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារកម្ពស់ ៣ ជាន់ និង សមិទ្ធផលនានា នៅវិទ្យាស្ថានជាតិអប់រំកាយ និង កីឡា ចាប់ពីពេលនេះតទៅ ។
[ចាប់ផ្ដើមសេចក្ដីអធិប្បាយ៤]
ថ្ងៃនេះ គរុសិស្ស និងគរុនិស្សិតជ័យលាភី គរុនិស្សិតចូលរួមក្នុងអង្គពិធី សាស្រ្តាចារ្យ បុគ្គលិកសរុប ៥៤៦នាក់ ម្នាក់ៗថវិកា ១០ម៉ឺនរៀល។ ដោយឡែក បន្ថែមជូននិស្សិតស្រ្តីមានផ្ទៃពោះចំនួន ៥នាក់ ម្នាក់ៗថវិកា ១លានរៀល។ សម្រាប់កីឡាករ/ការិនីពិការ ៩៥នាក់ បន្ថែមម្នាក់ៗថវិកា ៥០ម៉ឺនរៀលផងដែរ។ ជូនវិទ្យាស្ថានជាតិអប់រំកាយនិងកីឡា ថវិកា ១០លានរៀល។ ជូនក្រុមគ្រូពេទ្យប្រចាំអង្គពិធីថវិកា ៣លានរៀល។ សូមអរគុណ៕
[ចប់សេចក្ដីអធិប្បាយ៤]

