មន្រ្តីធនាគារជាតិនៃកម្ពុជា៖ គិតត្រឹមដំណាច់ខែវិច្ឆិកា ឆ្នាំ២០២៤ ការរៀបចំឥណទានឡើងវិញ មានទំហំទឹកប្រាក់ជាង ៨៥០លានដុល្លារ, វិស័យធនាគារនៅតែមានភាពរឹងមាំ
FN ៖ គិតត្រឹមដំណាច់ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ការរៀបចំឥណទានឡើងវិញ មានទំហំទឹកប្រាក់ប្រមាណជាង ៨៥០លានដុល្លារ ស្មើប្រមាណ ១.៥%នៃទំហំឥណទាននៅក្នុងប្រព័ន្ធធនាគារ ដែលបានជួយសម្រួលបន្ទុកចំណាយដល់អ្នកជាប់កម្ចី។ លោកស្រី ម៉ក់ រស្ម៊ី អគ្គនាយករងបទប្បញ្ញត្តិ និងបរិយាបន្នហិរញ្ញវត្ថុ និងជាប្រធាននាយកដ្ឋានបទប្បញ្ញត្តិ ធនាគារជាតិនៃកម្ពុជា បានឱ្យដឹងថា គិតត្រឹមដំណាច់ខែវិច្ឆិកា ឆ្នាំ២០២៤ អ្នកជាប់កម្ចីប្រមាណជាង ៥ម៉ឺន៣ពាន់នាក់ ដែលស្មើនឹងជាង ៥ម៉ឺន៧ពាន់គណនី ត្រូវបានរៀបចំឥណទានឡើងវិញ។ លោកស្រីបានពន្យល់ថា តាមរយៈទិន្នន័យខាងលើនេះបង្ហាញថា ការរៀបចំឥណទានឡើងវិញក្នុងដំណាក់កាលនេះ នៅមានកម្រិតទាបនៅឡើយ បើធៀបនឹងវិធានដែលបានធនាគារជាតិ បានដាក់កាលពីអំឡុងរីករាលដាលជំងឺកូវីដ១៩ ដែលមានជាង១០%។ ការរៀបចំឥណទានឡើងវិញជូនអតិថិជន នៅមានកម្រិតទាបនៅឡើយនេះ ដោយសារការអនុវត្តនៅមានរយៈពេលខ្លី ដែលទើបតែបាន៣ខែ ខណៈអ្នកជាប់កម្ចីមួយចំនួនទៀត ដែលគ្មានលទ្ធភាពបង់ មិនចង់ទៅស្នើសុំរៀបចំឥណទានឡើងវិញ ដោយសារខ្លាចជាប់ឈ្មោះនៅក្នុង CBC។ ទន្ទឹមគ្នានេះ លោកស្រីវាយតម្លៃថា ស្ថានភាពនៃវិស័យធនាគារនៅកម្ពុជា នៅតែមានភាពរឹងមាំ បើទោះបីជាមានកំណើននៃការស្នើសុំរៀបចំឥណទានឡើងវិញ ការថយចុះនៃការផ្តល់ឥណទាន និងការកើនឡើងនៃឥណទានមិនដំណើរការក៏ដោយ ព្រោះតែធនាគារនៅតែរស់នៅបាន តាមរយៈការទទួលបានប្រាក់ចំណេញ។ ថ្លែងនៅក្នុងកិច្ចពិភាក្សាតុមូលស្តីពី «ស្ថានភាពបំណុលនៅកម្ពុជា» ដែលរៀបចំដោយរាជបណ្ឌិត្យសភាកម្ពុជា នៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៤ លោក តូច…