កម្ពុជា-ឡាវ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងចៀសវាងការយកពន្ធត្រួតគ្នា (DTA) ដើម្បីផ្តល់ផលប្រយោជន៍ដល់ធុរជននៃប្រទេសទាំង២
FN ៖ កិច្ចព្រមព្រៀងស្តីពីការចៀសវាងការយកពន្ធត្រួតគ្នា (DTA) កម្ពុជា-ឡាវ ត្រូវបានភាគីទាំងពីរចុះហត្ថលេខា នៅរសៀលថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ ដើម្បីលុបបំបាត់ ការយកពន្ធត្រួតគ្នារវាងកម្ពុជានិងឡាវ ក្នុងគោលដៅផ្តល់ផលប្រយោជន៍ដល់ធុរជន កម្ពុជា និងឡាវ។ ភាគីកម្ពុជាចុះហត្ថលេខាដោយអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងនាមរាជរដ្ឋាភិបាលនៃកម្ពុជា និងលោក SANTIPHAB PHOMVIHANE រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ ក្នុងនាមរដ្ឋាភិបាលឡាវ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកបណ្ឌិត SONEXAY SIPHANDONE នាយករដ្ឋមន្ត្រីឡាវ។ កិច្ចព្រមព្រៀង DTA កម្ពុជា-ឡាវ នេះ ជាកិច្ចព្រមព្រៀង DTA ទី១២ ដែលកម្ពុជាបានចុះហត្ថលេខាជាមួយយុត្តាធិការដៃគូ និងជាសមិទ្ធផលថ្មីមួយទៀតក្នុងចំណោម សមិទ្ធផលសំខាន់ៗជាច្រើន ដែលរាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា ក្រោមការដឹកនាំដោយសម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត សម្រេចបាន។ ទន្ទឹមនឹងនេះ កម្ពុជាបាន និងកំពុងធ្វើការចរចាលើកិច្ចព្រមព្រៀងនេះ ជាមួយបណ្តាយុត្តាធិការដៃគូមួយចំនួនទៀត ដូចជា ជប៉ុន មីយ៉ាន់ម៉ា…

