សុន្ទរកថានិងសេចក្ដីអធិប្បាយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត សម្ពោធវិថីតេជោសន្តិភាព ឆ្នេរអង្កោលប្រវែងសរុប ១២ ៦៤៥ ម៉ែត្រ ក្រោមកម្ចីឥណទានសម្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី

ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ព្រឹទ្ធសភា, រដ្ឋសភា សមាជិក សមាជិកា រាជរដ្ឋាភិបាលលោក ANTHONY GILL តំណាងធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំកម្ពុជាគណៈធិបតី ភ្ញៀវកិត្តិយស អង្គពិធីទាំងមូលជាទីមេត្រី! ថ្ងៃនេះ ខ្ញុំមានសេចក្ដីរីករាយក្រៃលែង ដែលបានចូលរួមជាអធិបតីក្នុង «ពិធីសម្ពោធ វិថីតេជោសន្តិភាពឆ្នេរអង្កោលប្រវែងសរុប ១២ ៦៤៥ ម៉ែត្រ, ក្រោមកម្ចីឥណទានសម្បទាន​ពីធនាគារអភិវឌ្ឍន៍អាស៊ី»។ ខ្ញុំសូមចូលរួមត្រេកអរ ចំពោះសមិទ្ធផលថ្មីសម្រាប់ប្រជាជនកែប។ [ចាប់ផ្ដើមសេចក្ដីអធិប្បាយ១] ថ្ងៃនេះ បានជួបជាមួយនឹងលោកតា លោកយាយ បងប្អូន អ៊ំ ពូ មីង ក្មួយៗពេលចូលមក អញ្ជើញមកតាំងពីព្រឹកមកពីឆ្ងាយនៅខេត្តកែបយើងនេះ។ កែបដូចជា(មានប្រជាជនប្រមាណ)២ម៉ឺននាក់។ ថ្ងៃនេះមកចង់កន្លះ(នៃប្រជាជនខេត្ត)កែបហើយ ដើម្បីអបអរសារនៅក្នុងសមិទ្ធផលរួមរបស់យើង។ ចូលមកអម្បាញ់មិញសប្បាយចិត្តផង អន់ចិត្តផង។ សប្បាយចិត្តចូលមកជួបអ៊ំគាត់ថាក្មេងជាងរូបថត ក្មេងជាងក្នុងទូរទស្សន៍ ខំតែសប្បាយចិត្ត។ ដើរដល់មុខប្រហែលជា ៥ជំហាន ក្មួយស្រីហៅតា។ គិតទៅ មិនដឹងថាអ៊ំត្រូវឬមួយក្មួយត្រូវទេ។ គិតថាអ៊ំត្រូវចុះ ព្រោះគាត់ថាក្មេង។ ដល់ក្មួយហៅតា ដូចចង់ធ្លាក់ថ្លើមបន្តិច។ ទោះយ៉ាងណាក៏សប្បាយចិត្តនៅថ្ងៃនេះ។ មិនមែនកំហុសក្មួយស្រីទេ ដោយសារភ្លេច​​លាបសក់។…

សម្តេចបវរធិបតី៖ ការកសាងហេដ្ឋារចនាសម្ព័ន្ធសម្ព័ន្ធផ្លូវ-ស្ពានជាកិច្ចការសំខាន់របស់រាជរដ្ឋាភិបាលគ្រប់អាណត្តិ ព្រោះជាមូលដ្ឋានធានាដល់កំណើនសេដ្ឋកិច្ច

នាព្រឹក ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ វិថីតេជោសន្តិភាពឆ្នេរអង្កោលប្រវែងសរុប ១២ ៦៤៥ ម៉ែត្រ ក្រោមកម្ចីឥណទានសម្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី។ វិថីតេជោសន្តិភាពឆ្នេរអង្កោលនេះ គឺជាខ្សែផ្លូវទេសចរណ៍ ប្របមាត់សមុទ្ររបស់ខេត្តកែប ដែលបាន និងកំពុងដើរតួនាទីជួយសម្រួលដល់ចរាចរណ៍ ដឹកជញ្ជូន និងការធ្វើដំណើរផ្សេងៗរបស់បងប្អូនប្រជាពលរដ្ឋរស់នៅក្នុងតំបន់ប្រមាណជាង ៦ ០០០ គ្រួសារ។ វិថីនេះ ក៏ជាខ្សែផ្លូវ តភ្ជាប់ពីក្រុងកែបទៅកាន់តំបន់សហគមន៍ទេសចរណ៍ និងនេសាទនៅក្នុងឃុំអង្កោល និងលាតសន្ធឹងឆ្លងកាត់តំបន់កសិកម្ម, តំបន់ស្រែអំបិល, តំបន់ព្រៃកោងកាង និងតភ្ជាប់ជាមួយផ្លូវខេត្ត ក្នុងទិសដៅទៅមក រវាងស្រុកដំណាក់ចង្អើរ និងច្រកលក ខេត្តកំពត រួមទាំងតភ្ជាប់ជាមួយហេដ្ឋារចនាសម្ព័ន្ធខ្សែផ្លូវមួយចំនួននៅក្នុងភូមិសាស្រ្តខេត្តកែប ដើម្បីភ្ជាប់ទៅកាន់តំបន់ទីប្រជុំជន តំបន់ភូមិឋាន និងតំបន់ផ្សេងៗទៀត នៅក្នុងខេត្ត។ សម្តេចបវរធិបតីនាយករដ្ឋមន្រ្តី បានយកឱកាសនេះ កោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាល ដែលបានខិតខំប្រឹងប្រែង និងយកចិត្តទុកដាក់ខ្ពស់ ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវ-ស្ពាន ជាបន្តបន្ទាប់ ស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១…