ប្រធានក្រុមប្រឹក្សាធុរកិច្ចអាស៊ាននៃប្រទេសម៉ាឡេស៊ី៖ កម្ពុជាជាប្រទេសតូច តែមានសក្ដានុពលខ្ពស់ ជាពិសេសខាងវិស័យទេសចរណ៍
ពីផេចអ្នកនាំពាក្យ នាល្ងាចថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី បានអនុញ្ញាតឱ្យ Tan Sri Nazir Razak ប្រធានក្រុមប្រឹក្សាធុរកិច្ចអាស៊ាន (ASEAN-BAC) នៃប្រទេសម៉ាឡេស៊ី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសនៃការចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៤ និង ៤៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ពីថ្ងៃទី៩ ដល់ថ្ងៃទី ១១ ខែតុលា ឆ្នាំ២០២៤ នៅរដ្ឋធានីវៀងច័ន្ទន៍ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។ ក្នុងឱកាសនៃជំនួប លោកប្រធានក្រុមប្រឹក្សាធុរកិច្ចអាស៊ាន នៃប្រទេសម៉ាឡេស៊ី បានសម្ដែងនូវក្ដីសោមនស្សរីករាយដែលសម្ដេចបវរធិបតីបានអនុញ្ញាតឱ្យចូលជួបសម្ដែងការគួរសម ដើម្បីពិភាក្សាអំពីផែនការសកម្មភាពការងារមួយចំនួនរបស់ក្រុមប្រឹក្សាធុរកិច្ចអាស៊ាន នៅពេលដែលប្រទេសម៉ាឡេស៊ីនឹងក្លាយជាប្រធានអាស៊ាន ឆ្នាំ២០២៥ខាងមុខ ហើយរូបលោកក៏នឹងក្លាយជាប្រធានក្រុមប្រឹក្សាធុរកិច្ចអាស៊ាន ផងដែរ។ លោកប្រធានក្រុមប្រឹក្សាធុរកិច្ចម៉ាឡេស៊ីបានលើកឡើងអំពីគំនិតផ្ដួចផ្ដើមមួយចំនួនក្នុងការជំរុញការធ្វើធុរកិច្ច និងវិនិយោគនៅតំបន់អាស៊ាន តាមរយៈ៖ (១) ការកំណត់អត្តសញ្ញាណរួមពិសេស ក្នុងនាមជាធុរជន និងវិនិយោគិនអាស៊ាន, (២) ការរៀបចំការបោះផ្សាយលក់មូលបត្រជាសាធារណៈលើកដំបូង នៅក្នុងទីផ្សារមូលបត្រអាស៊ាន (ASEAN-IPO), (៣)ការពង្រឹងយន្តការនៃការទទួលខុសត្រូវផ្នែកសង្គម ជាមួយនឹងការសម្រួលដល់ការបរិច្ចាគឆ្លងដែននានា និង (៤) ការជំរុញឱ្យមានការចូលរួមផ្នែកយែនឌ័រប្រកបដោយសមធម៌ និងបរិយាប័ន្ន ក្នុងធុរកិច្ច និងការវិនិយោគ។…

