ប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញប្រកាសដាក់ឱ្យអនុវត្ត «កម្មវិធីពិសេសជំរុញការវិនិយោគ ក្នុងខេត្តព្រះសីហនុឆ្នាំ២០២៤»
FN ៖ នៅព្រឹកថ្ងៃពុធ ៦រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញជាអធិបតីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤»។ ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញប្រកាសដាក់ឱ្យអនុវត្ត «កម្មវិធីពិសេសជំរុញការវិនិយោគ ក្នុងខេត្តព្រះសីហនុឆ្នាំ២០២៤»៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលនីតិកាលថ្មី សម្រេចបានលទ្ធផលការងារជាបន្តបន្ទាប់ ដែលបង្ហាញឱ្យឃើញពីកិច្ចប្រឹងប្រែង និងការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាល។ សម្តេចធបិតី ហ៊ុន ម៉ាណែត បានថ្លែងថា «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុឆ្នាំ២០២៤» ជាជំហានជាក់ស្តែងថ្មីមួយទៀតរបស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចក្នុងខេត្តព្រះសីហនុ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ខេត្តព្រះសីហនុ និងខេត្តសៀមរាប ជាគោលដៅពិសេសសម្រាប់ការដោះស្រាយ អ៊ីចឹងហើយបានរាជរដ្ឋាភិបាលដាក់ចេញកម្មវិធីពិសេសក្នុងខេត្តទាំងពីរ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការកាត់បន្ថយតម្លៃឡូជីស្ទីក និងការស្តារវិស័យសំណង់នៅខេត្តព្រះសីហនុ នឹងជួយដល់ការវិនិយោគ និងបញ្ហានៅតំបន់ដទៃ។…

