សុន្ទរកថានិងសេចក្ដីអធិប្បាយ របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត បើកសន្និសីទចក្ខុវិស័យប្រទេសកម្ពុជាលើកទី១៦ ឆ្នាំ២០២៥ ក្រោមប្រធានបទ «យុទ្ធសាស្រ្តកំណើនថ្មីរបស់ប្រទេសកម្ពុជា៖ អាទិភាពសម្រាប់ការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ និងនិរន្តរភាព»
ឯកឧត្តម លោកជំទាវ សមាជិក សមាជិកាព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាលឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូតនៃបណ្ដាប្រទេសនានា ប្រចាំកម្ពុជាគណៈអធិបតី ភ្ញៀវកិត្តិយស តំណាងដៃគូជាតិ–អន្តរជាតិ និងអង្គសន្និសីទទាំងមូលជាទីមេត្រី! ខ្ញុំពិតជាមានសេចក្តីរីករាយក្រៃលែង ដែលបានចូលរួមជាអធិបតី ជាលើកទី ២ ក្នុងពិធីបើកនៃសន្និសីទចក្ខុវិស័យប្រទេសកម្ពុជាលើកទី១៦ ឆ្នាំ២០២៥ ក្រោមប្រធានបទ «យុទ្ធសាស្រ្តកំណើនថ្មីរបស់ប្រទេសកម្ពុជា៖ អាទិភាពសម្រាប់ការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ និងនិរន្តរភាព»។ ខ្ញុំសូមថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះវិទ្យាស្ថានបណ្ដុះបណ្ដាល និងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា (CDRI) ដោយមានការសហការជាពិសេសពីកម្មវិធីភាពជាដៃគូប្រទេសកម្ពុជា-អូស្រ្តាលី សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់ (CAPRED) ដែលបានរៀបចំសន្និសីទដ៏មានសារៈសំខាន់នេះឡើង។ ខ្ញុំក៏សូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមាន ថ្នាក់ដឹកនាំនៃក្រសួង-ស្ថាប័នរបស់រាជរដ្ឋាភិបាល អង្គទូត ដៃគូអភិវឌ្ឍ អង្គការជាតិ និងអន្តរជាតិ វិស័យឯកជន និងវិទ្យាស្ថានស្រាវជ្រាវគោលនយោបាយ និងគ្រឹះស្ថានសិក្សានានា ដែលបានអញ្ជើញចូលរួមដោយផ្ទាល់ក្នុងសន្និសីទនាពេលនេះ។ ជាមួយគ្នានេះ ខ្ញុំក៏សូមលើកទឹកចិត្តឱ្យមានការចូលរួមពីសំណាក់យុវជន និងនិស្សិត ដែលជាមូលធនមនុស្ស និងជាអនាគតអ្នកដឹកនាំបន្តវេនរបស់យើង ដើម្បីជាឱកាសក្រេបយកចំណេះដឹងពាក់ព័ន្ធនឹងការអភិវឌ្ឍទៅអនាគតរបស់កម្ពុជា។ ឆ្លៀតឱកាសនេះ ខ្ញុំសូមចូលរួមអបអរសាទរចំពោះ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា ដែលត្រូវបានក្រុមប្រឹក្សាភិបាលនៃវិទ្យាស្ថាន CDRI បានជ្រើសតាំងជាប្រធានក្រុមប្រឹក្សាភិបាលនៃវិទ្យាស្ថាន។ ខ្ញុំសង្ឃឹមយ៉ាងមុតមាំថា…