សុន្ទរកថានិងសេចក្ដីអធិប្បាយ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការកំណាត់ផ្លូវជាតិលេខ៧៣ កំណាត់ផ្លូវខេត្តលេខ៣៧៧និងផ្លូវខេត្តលេខ៣៧៧A ប្រវែងសរុប ៩៨,៤០៥ គ.ម ក្នុងខេត្តក្រចេះ
ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល;គណៈធិបតី ភ្ញៀវកិត្តិយសជាតិ លោកគ្រូ អ្នកគ្រូ, ក្មួយៗ សិស្សានុសិស្ស អ៊ំពូមីង បងប្អូនប្រជាពលរដ្ឋ ជាទីមេត្រី! ថ្ងៃនេះ, ខ្ញុំមានសេចក្ដីសោមនស្សរីករាយ ដែលបានមកចូលរួមក្នុងកម្មវិធី «ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវកំណាត់ផ្លូវជាតិលេខ ៧៣, កំណាត់ផ្លូវខេត្តលេខ ៣៧៧ និងកំណាត់ផ្លូវខេត្តលេខ ៣៧៧A ក្រោមហិរញ្ញប្បទានសម្បទានរបស់ធនាគារពិភពលោក» ជាមួយ លោកស្រី តាញ៉ា ម៉ៃយ័រ (Tania Meyer) ប្រធានគ្រប់គ្រងធនាគារពិភពលោកប្រចាំនៅព្រះរាជាណាចក្រកម្ពុជានិងក៏ដូចជា ឯកឧត្តម លោកជំទាវ លោក លោកស្រី, លោកយាយ លោកតា អ៊ំ ពូ មីង និងបងប្អូនប្រជាពលរដ្ឋ នៅពេលនេះ។ តាមរបាយការណ៍របស់ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន, កំណាត់ផ្លូវទាំងបីខ្សែដែលកំពុងដាក់ឱ្យប្រើប្រាស់ជាផ្លូវការក្នុងថ្ងៃនេះ មានប្រវែងសរុបប្រមាណ ៩៨,៤ គីឡូម៉ែត្រ និងបានប្រើប្រាស់ថវិកាសរុបប្រមាណ ៤៤ លានដុល្លារ…

