. ឯកឧត្តម វ៉ាង វិនពីន (Wang Wenbin) ឯកអគ្គរដ្ឋទូត វិសាមញ្ញនិងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា
. ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាល
. គណធិបតី ភ្ញៀវកិត្តិយស លោកគ្រូ អ្នកគ្រូ ក្មួយៗសិស្សានុសិស្ស អ៊ំពូមីង និងបងប្អូនប្រជាពលរដ្ឋ និង
. អង្គពិធីទាំងមូលជាទីមេត្រី!
ថ្ងៃនេះ ខ្ញុំពិតជាមានសេចក្ដីសោមនស្សរីករាយ ដែលបានមកចូលរួមក្នុង «ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការកំណាត់ផ្លូវជាតិលេខ ៧ (ស្គន់-កំពង់ចាម) ក្រោមក្របខ័ណ្ឌឥណទានសម្បទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន និងក្របខ័ណ្ឌថវិកាជាតិ» ជាមួយឯកឧត្តម វ៉ាង វិនពីន ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម លោកជំទាវ លោក លោកស្រី លោកយាយ លោកតា អ៊ំពូមីង និងបងប្អូនប្រជាពលរដ្ឋ នៅទីនេះ។
ផ្អែកតាមរបាយការណ៍របស់ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន កំណាត់ផ្លូវជាតិលេខ ៧ នេះមានប្រវែងប្រមាណ ៤៥,៥ គីឡូម៉ែត្រ ចាប់ពីរង្វង់មូលស្គន់ ដល់រង្វង់មូលស្ពានគីហ្សូណា ក្រុងកំពង់ចាម និងបានចំណាយថវិកាសរុបប្រមាណជិត ១១៨ លានដុល្លារ (១១៧,៦៥ លានដុល្លារ)ក្នុងនោះ មួយផ្នែកធំបានមកពីឥណទានសម្បទានរបស់រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន និងមួយផ្នែកទៀត បានមកពីថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា។ កំណាត់ផ្លូវជាតិលេខ ៧ នេះ ត្រូវបានស្ថាបនាជាប្រភេទផ្លូវក្រាលបេតុងកៅស៊ូ (AC) កម្រាស់ ៩ សង់ទីម៉ែត្រ និងបេតុងសរសៃដែក កម្រាស់ ២៦ សង់ទីម៉ែត្រ មានគន្លងផ្លូវធ្វើចរាចរណ៍ចំនួន ៤ (២ គន្លងទៅ និង២ គន្លងមក) ដោយគន្លងនីមួយៗមានប្រវែង ៣,៧៥ ម៉ែត្រ និងមាន សួនពុះទ្រូងផ្លូវប្រវែង ១,៥ ម៉ែត្រ។
[ចាប់ផ្ដើមសេចក្ដីអធិប្បាយ ១]
(១) ផ្លូវជាតិលេខ៧ ជាវិនិយោគរបស់រាជរដ្ឋាភិបាល ដែលឱ្យផលចំណេញទៅប្រជាពលរដ្ឋ
អម្បាញ់មិញ តាមរបាយការណ៍របស់ឯកឧត្តម ប៉េង ពោធិ៍នា (បានរៀបរាប់អំពី)ផលចំណេញផ្នែកសេដ្ឋកិច្ច (ដែល)បង្ហាញថា គម្រោងនេះនឹងផ្តល់ផលចំណេញក្នុងអត្រាប្រមាណ ១៥,២៧ % ដែលជាអត្រាចំណេញខ្ពស់ពីការវិនិយោគលើគម្រោងកសាងផ្លូវជាតិ។ (ដែល)ឮសូរថាចំណេញ ១៥ % ប្រហែលបងប្អូនខ្លះឆ្ងល់ថាតិច(ត្រូវ)បង់លុយ(ប្រើប្រាស់)ទៅ? ការគណនាចំណេញហ្នឹង ភាគច្រើន(សំរាប់តែ)ក្រុមហ៊ុនវិនិយោគ ដែលគេបង់លុយដូចជាផ្លូវល្បឿនលឿន។ អញ្ចឹង ធ្វើផ្លូវហើយគិតជាចំណេញ ១៥,២៧% ហ្នឹងស្អីទៅ? ពិតណាស់! ផ្លូវនេះអត់បង់លុយទេ។ ផ្លូវនេះគឺជាកម្ចីនិងបដិភាគរបស់រាជរដ្ឋាភិបាល។ រដ្ឋវិនិយោគ។ ប៉ុន្តែផលចំណេញបានទៅអ្នកណា? បានទៅប្រជាពលរដ្ឋ។
(២) ផលចំណេញសំរាប់ការដឹកជញ្ជូន គឺលើចម្ងាយ ៤៥គីឡូដដែល តែបើកបរបានលឿនជាងមុន
អម្បាញ់មិញ ចូលមកទីនេះ បានប្រាប់អភិបាលខេត្តថា បានផ្លូវមួយនេះហាងតាម៉ាប់លែងស្ងាត់ហើយ។ កាលមុន អ្នកធ្វើដំណើរគេចក្រុងកំពង់ចាម។ ពេលខ្លះមកពីខាងទិសឦសានមានផ្លូវជាតិលេខ៨ និងផ្លូវលេខ១១។ បើ(ថា)មកកាត់ឆ្លងស្ពានគីហ្សូណា ដល់ក្រុងកំពង់ចាម ចេញមកស្គន់ កាត់កំពង់សៀម កាត់ព្រៃឈរ (ដំណើរនឹង)យឺត ព្រោះផ្លូវចង្អៀត។ (ដែលនិយាយពី)ផល(ប្រយោជន៍)១៥% ជាងហ្នឹង គឺជាផលចំណេញពីការដឹកជញ្ជូន។ មានន័យថាបង្រួមដី។ បង្រួមដីមានន័យថា បើកលឿនជាងមុន តែប្រវែងនៅ ៤៥គីឡូម៉ែត្រដដែល។ កាលមុនជិះមួយម៉ោង។ ឥឡូវ (មាន)ផ្លូវប៉ុណ្ណេះ ជិះប្រហែលជាកន្លះម៉ោង។
ព្រឹកមិញនេះ ក្រុមជំនួយការបានគណនាឲ្យថា ពីផ្ទះតាខ្មៅមកដល់នេះ ១ម៉ោង ២០នាទី។ ចេញឡានមកហួសព្រែកលៀប ខ្ញុំថាចំងាយផ្លូវតែ ៩០គីឡូម៉ែត្រ ហើយយើងបើក១២០(គម/ម៉ោង) វាមិនត្រូវមួយម៉ោងកន្លះ(ទេ)។ ប្រហែលជាពួកគាត់ភ្លេចគិតថាពីស្គន់មកនេះ ផ្លូវស្អាត ផ្លូវ៤គន្លង ទៅ២មក២។ អញ្ចឹងនៅចន្លោះពីស្គន់មក ប្រជាពលរដ្ឋធ្វើដំណើរបានលឿនជាងមុន ការចំណាយដឹកកសិផលក៏តិចជាងមុន ព្រោះតែឡានបញ្ឆេះគឺគិតនាទី គិតគីឡូ ថ្លៃប្រេង។ ប៉ុន្ដែបើគីឡូដដែល តែនាទី(តិចជាងមុន) អាចបើកលឿនជាងមុន អញ្ចឹង(អាច)សន្សំសំចៃ(បាន)។ ម្យ៉ាងទៀត ការខូចខាតរថយន្តទៅលើអីផ្សេងៗ ក៏មានកម្រិត (ទាបជាងមុន)។
(៣) ផ្លូវជាតិលេខ៧ បំរើការដឹកជញ្ជូនកសិផល និងអាចទាក់ទាញវិស័យឧស្សាហកម្ម និងហាងទំនិញនានា
ប៉ុន្តែ វាមិនត្រឹមតែ(បំរើឱ្យការដឹក)កសិផលរបស់ប្រជាពលរដ្ឋទេ។ ការវិនិយោគ(កសាងផ្លូវក្នុង)ចន្លោះនេះ ក៏អាចទាក់ទាញបន្ថែមនូវការបើកវិស័យឧស្សាហកម្ម ការបើករោងចក្រ បើកកន្លែងផលិត ហាងអីផ្សេងៗ។ កន្លងទៅ បើ(ធ្វើដំណើរ)ទៅក្រុងកំពង់ចាម ឬមួយទៅចំការលើ អាចថាមកដល់រង្វង់មូលស្គន់ កាត់ទៅតាមផ្លូវកំពង់ធំ ហើយចាក់ចុះមកវិញ ដោយមិនមកតាមនេះ (ប្រើពេល)យូរ។ តែ (ដោយបានសាងសង់)ផ្លូវនេះ(រួចហើយ ការធ្វើដំណើរបាន)លឿន។ អញ្ចឹង កាត់តាមផ្លូវនេះទៅដល់ត្រើង ហើយឡើងមកវិញ។ តាមផ្លូវហ្នឹង មានលទ្ធភាពអាចដឹកជញ្ជូន(បាន) ហើយ(បើ)ទៅកំពង់ធំក៏ល្អ។
(៤) ក្រោយបានដាក់ឱ្យផ្លូវដំណើរការ សកម្មភាពសេដ្ឋកិច្ចនិងសង្គមតាមដងផ្លូវនឹងរីកដុះដាល
ថ្ងៃមុន យើងអាចពង្រឹងបន្ថែមផ្លូវពីត្រើងទៅផ្លូវបំបែកកំពង់ធំ និងចំការលើ។ អញ្ចឹង យើងធ្វើសន្សឹមៗ ធ្វើមួយជំហានៗ និងដល់ពេលមួយ យើងនឹងបានផលទាំងអស់។ នេះហើយគឺជាការអភិវឌ្ឍ។ ទោះបីថាយើងមិនអាចប្រៀបធៀបផ្លូវជាតិលេខ៧ ជាមួយផ្លូវល្បឿនលឿនពិតមែន ប៉ុន្តែបើប្រៀបធៀបជាមួយរយៈពេល ៣ឆ្នាំមុន ឬមួយឆ្នាំជាងមុន ដែលផ្លូវនេះនៅលំបាកមិនទាន់សាងសង់រួចជាបេតុង ហើយជាកៅស៊ូ AC នេះគឺ(រាប់ថា)មានការអភិវឌ្ឍខ្លាំង។ ខ្ញុំជឿថា ក្នុងរយៈពេល៥ ទៅ១០ឆ្នាំខាងមុខ ក្រោយផ្លូវនេះ(បានដាក់ឱ្យដំណើរការ សកម្មភាពសេដ្ឋកិច្ចនិងសង្គម)នៅតាមបណ្តោយផ្លូវនេះនឹងកាន់តែរីក(ដុះដាល)។
(៥) សល់ដីមុខផ្ទះតូចជាងមុន ប៉ុន្តែមានផ្លូវល្អធ្វើដំណើរនិងបម្រើសេដ្ឋកិច្ច
នេះជាលើកទីមួយដែលខ្ញុំធ្វើដំណើរពីស្គន់មកកំពង់ចាមតាមផ្លូវគោក។ តាមពិតមានជម្រើសមកតាមលើ តែព្រឹកនេះខ្ញុំបានសុំមកតាមក្រោម។ ចំណាយពេលបន្តិច តែបានមើលស្ថានភាពតាមផ្លូវ(ថាតើ)ពីភ្នំពេញ មកខេត្តកណ្តាល មកបាធាយ មកជើងព្រៃ មានស្ថានភាពយ៉ាងម៉េច។ ពិសេស ពីស្គន់មកដល់ទីនេះ មានសភាពយ៉ាងណា។ ខ្ញុំជឿថា បងប្អូនប្រជាពលរដ្ឋនៅទីនេះក៏មានការសប្បាយចិត្ត។ ខ្ញុំសូមអរគុណចំពោះប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយផ្លូវ ដែលជានិច្ចកាលបានគាំទ្រដល់ការធ្វើផ្លូវ ការពង្រីកផ្លូវ និងធ្វើផ្លូវថ្មី។ កាលមុន យើងសល់ដីច្រើនមុខផ្ទះ តែផ្លូវតូច។ ឥឡូវយើងសល់ដីតូចជាងមុន ប៉ុន្តែ(មាន)ផ្លូវល្អបម្រើដល់ការធ្វើដំណើរបានលឿននិងសេដ្ឋកិច្ចរបស់យើងបានច្រើន។
(៦) ក្នុង ៥ទៅ ១០ឆ្នាំខាងមុខ ការធ្វើដំណើរតាមផ្លូវជាតិលេខ៧ ពីភ្នំពេញមកកំពង់ចាមមិនស្ទះទេ
នេះគឺជាផលដែល(បាននិងកំពុង)កើត(មាន)។ (រមណីយ៍ដ្ឋាន)ទឹកឆា ភ្នំប្រុសភ្នំស្រី និងកន្លែងទេសចរផ្សេងៗ អាចនឹងបង្កើនការទាក់ទាញ(ដោយសារតែងាយក្នុងការធ្វើដំណើរ)។ ឥឡូវ (អ្វី)ដែលពិបាកបំផុត ធ្វើឱ្យបងប្អូនលែងចង់ទៅគឺទៅណាមកណាស្ទះ។ មកដល់ពេលនេះ ខ្ញុំគិតថា យ៉ាងហោច ៥ទៅ ១០ឆ្នាំទៀត (ការធ្វើដំណើរតាម)ផ្លូវនេះពីភ្នំពេញមក មិនស្ទះទេ។ (ដោយហេតុនេះ វានឹង)បង្កលក្ខណៈ(ឱ្យ)វិស័យទេសចរណ៍និងការធ្វើដំណើរ(កាន់តែងាយស្រួល)។ នេះគឺជាផ្នែកនៃផលចំណេញដល់ប្រជាពលរដ្ឋ អ្នករស់នៅតាមចន្លោះផ្លូវនិងអ្នកធ្វើដំណើរប្រើប្រាស់ផ្លូវនេះ។ មិនតែប៉ុណ្ណោះ វាជាការលើកទឹកចិត្តឲ្យប្រជាពលរដ្ឋចង់ធ្វើដំណើរតាមផ្លូវជាតិលេខ៧ មិនរើសយកតែផ្លូវជាតិលេខ១១ ឬមួយក៏ផ្លូវជាតិលេខ៨ ទេ។
(៧) Upgrade ផ្លូវជាតិលេខ៧ រហូតដល់ព្រំដែនឡាវ ទាញការវិនិយោគ និងបង្កើតការងារបន្ថែម
យើងកំពុងតែ upgrade បន្ថែមទៀតនូវផ្លូវជាតិលេខ៧ ឱ្យរហូតដល់ព្រំដែនឡាវ។ ថ្ងៃមុន ក្រសួងកសិកម្មបានធ្វើការជាមួយខាងភាគីឡាវបើកច្រកដឹកទំនិញទៅប្រទេសចិន។ ថ្ងៃក្រោយ វានឹងបានជាការតភ្ជាប់ផ្លូវសេដ្ឋកិច្ចសំខាន់។ ទាំងអស់នេះគឺជាផលចំណេញ។ ខ្ញុំមិនដឹងថា(ក្រសួង)ប្រើរូបមន្តអី(ដែលគណនា)ចេញ ១៥%(ទេ។ តែ)ខ្ញុំជឿថា ទំហំ ១៥% នេះ ប្រហែលជាគិតតែក្នុងពេលបច្ចុប្បន្នទេ។ ប៉ុន្តែ បើគិតពីសក្តានុពល ដែលផ្លូវនេះអាចទាញជាការវិនិយោគ ការបង្កើតការងារអីបន្ថែមទៀត ប្រហែលជា(មានទំហំ)លើសនេះ។ យើងគិតថា ការគណនានេះប្រហែល(បានគិតតែពី)ការកាត់បន្ថយចំណាយមួយចំនួនចំពោះមុខ ប៉ុន្តែ(នៅមាន)សក្តានុពលច្រើនទៀត។
(៨) ការកសាងហេដ្ឋារចនាសម្ព័ន្ធ ជាការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលអាណត្តិមុន
កន្លែងដែលកាលពីមុនថា(ផ្លូវស្តួចដូច)កដបនោះ ឥឡូវលែង(ស្តួចដូច)កដបហើយ។ វាមានលំហូរដូចគេដូចឯងហើយ។ កាលពីខ្ញុំនៅក្នុងកងទ័ព ការបរឡានចុះពីកំពង់ចាមមករាងតឹងបន្តិច។ តែពីស្គន់ទៅភ្នំពេញ មួយភ្លែត។ ឥឡូវ អត់មានពាក្យហ្នឹងទៀតទេ។ លែងកដបទៀតហើយ។ ពីគីហ្សូណាមកគឺកាត់កំពង់សៀម កាត់ជើងព្រៃ កាត់ព្រៃឈរ … អត់មានបញ្ហាទៀតទេ … ហើយចរាចរណ៍ក៏មិនជាបន្ទុកធ្ងន់ធ្ងរសម្រាប់ការធ្វើដំណើររបស់ប្រជាពលរដ្ឋយើង។ នេះគឺជាការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលពីអាណត្តិមុន ដែលអតីតនាយករដ្ឋមន្ត្រី សម្តេចតេជោ បានសំរេចរៀបចំ(ការកសាងហេដ្ឋារចនាសម្ព័ន្ធ និង)ដែលយើងសម្ពោធនៅទីនេះថ្ងៃនេះ។
(៩) កំណាត់ផ្លូវជាតិលេខ៧ ថ្មី ជានិមិត្តរូបនៃទំនាក់ទំនងចីរភាពរវាងកម្ពុជានិងចិន
យើងអាច(និយាយបានថាកំណាត់ផ្លូវជាតិលេខ៧ ថ្មីនេះ)ជានិមិត្តរូបនៃការបន្តទំនាក់ទំនងចីរភាពរវាងកម្ពុជានិងចិនផង។ ខ្ញុំបានមើលរូបភាពអម្បាញ់មិញ ដែលសម្តេចតេជោ អតីតនាយករដ្ឋមន្ត្រី បានបើកការដ្ឋានសាងសង់ផ្លូវ ជាមួយឯកឧត្តម វ៉ាង វិនធាន អតីតឯកអគ្គរដ្ឋទូត(សាធារណរដ្ឋប្រជាមានិតចិន) និងការសម្ពោធក្នុងអាណត្តិថ្មី(នៃរដ្ឋាភិបាល) ដោយមាននាយករដ្ឋមន្ត្រីថ្មី និងឯកអគ្គរដ្ឋទូតថ្មី។ វាជាសមិទ្ធផលដែលបានដំណើរការសាងសង់ ហើយវានឹងមិនចប់ត្រឹមតែសម្ពោធផ្លូវជាតិលេខ៧ ទេ។
(១០) ធ្វើកំណាត់ផ្លូវច្រើនទៀតក្នុងឆ្នាំ២០២៦-២៧ ដែលមួយផ្នែកបានឥណទានពីសាធារណរដ្ឋប្រជាមានិតចិន
អម្បាញ់មិញ (រដ្ឋមន្ត្រីសាធារណការនិងដឹកជញ្ជូន) ឯកឧត្តម ប៉េង ពោធិ៍នា បានលើកថា “គម្រោងឆ្នាំ២០២៦-២០២៧ យើងនឹងបន្តធ្វើកំណាត់ផ្លូវច្រើនទៀត ដែលមួយផ្នែកធំ គឺបានឥណទានពីសាធារណរដ្ឋប្រជាមានិតចិន”។ សូមយកឱកាសនេះ អរគុណដល់រដ្ឋាភិបាលនិងប្រជាជនចិន ដែលបានបន្តគាំទ្រ(កម្ពុជាជា)ការវិនិយោគសាងសង់ប្រទេស និងការវិនិយោគពីវិស័យឯកជនផ្សេងៗ ជាពិសេសការជួយសាងសង់ហេដ្ឋារចនាសម្ព័ន្ធរូបវន្តនេះដើម្បីបម្រើ(ឱ្យការអភិវឌ្ឍ)សេដ្ឋកិច្ច និងជួយលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន។ ខ្ញុំសូមអរគុណ។
(១០) បន្តផ្តល់អាទិភាពអភិវឌ្ឍប្រព័ន្ធផ្លូវថ្នល់ ផ្លូវដែក ផ្លូវទឹក ផ្លូវអាកាស ជាសរសៃឈាមសេដ្ឋកិច្ចជាតិ
រាជរដ្ឋាភិបាលកម្ពុជាតែងចាត់ទុកផ្លូវគឺជាសរសៃឈាមនៃសេដ្ឋកិច្ចជាតិ និងបន្តផ្តល់អាទិភាពខ្ពស់ចំពោះការអភិវឌ្ឍប្រព័ន្ធផ្លូវថ្នល់ ផ្លូវដែក ផ្លូវទឹក ផ្លូវអាកាស ស្របតាមពាក្យស្លោក“មានផ្លូវមានសង្ឃឹម”។ អម្បាញ់ម៉ិញឯកឧត្តមក៏បានលើកពាក្យហ្នឹងដែរ។ បើទៅដណ្តឹងកូនស្រីគេៗថាអត់ផ្លូវ គឺចប់ហើយ។ តែបើថាមានផ្លូវតិចៗ វិញ តស៊ូបន្តិចទៅអាចបានហើយ។ ពាក្យនេះ មិនមែនមានតែក្នុងភាសាខ្មែរទេ។ ភាសាអង់គ្លេសថា “No way” គឺចប់ហើយ។ អញ្ចឹង ផ្លូវបង្កើតក្តីសង្ឃឹម។ ផ្លូវជួយឲ្យមនុស្សឈានទៅចាប់យកឱកាស និងបង្កើតនូវឱកាសផ្សេងៗ សម្រាប់ខ្លួន។ អាទិភាពនៃការរៀបចំសាងសង់ផ្លូវ បន្ទាប់ពីមនុស្សគឺជាអាទិភាពសំខាន់ តាមការកំណត់អាទិភាព “មនុស្ស ផ្លូវ ទឹក ភ្លើង (និងបន្ថែម)បច្ចេកវិទ្យា” មួយទៀត។
(១១) ផ្លូវដែកជួយកាត់បន្ថយការកកស្ទះនិងការចំណាយ ដឹកទំនិញបានច្រើន និងតម្លៃដឹកជញ្ជូនកាន់តែល្អ
ទាំងអស់នេះជាអាទិភាពដែលយើងត្រូវធ្វើ មិនមែនត្រឹមតែលើក្រដាសទេ។ មិនមែនធ្វើតែផ្លូវគោកទេ។ ចំពោះផ្លូវគោក ក៏មិនមែនធ្វើតែផ្លូវថ្នល់មួយដែរ។ ប្រព័ន្ធផ្លូវដែកក៏យើងនឹងពង្រឹង។ ពង្រឹងអ្វីដែលមានស្រាប់ និងគិតគូរសាងសង់រយៈពេលវែង ព្រោះថ្ងៃក្រោយ ហេដ្ឋារចនាសម្ព័ន្ធផ្លូវដែកនឹងជួយកាត់បន្ថយ(ការកកស្ទះ និងការចំណាយ) … មិនងាយឃើញរថភ្លើងស្ទះចរាចរណ៍ទេ។ រថភ្លើងដឹកទំនិញបានច្រើនជាងឡាន។ តម្លៃដឹកជញ្ជូនក៏កាន់តែល្អ … ជាពិសេសការតភ្ជាប់(ការដឹកជញ្ជូន)កសិផលទូទាំងប្រទេស។
(១២) សង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវទឹក ផែពហុបំណង មជ្ឈមណ្ឌលភស្តុភារកម្មតំបន់នៅព្រលានយន្តហោះ
យើងក៏នឹងបន្តធ្វើ(ហេដ្ឋារចនាសម្ព័ន្ធ)ផ្លូវទឹក។ បន្តអភិវឌ្ឍបន្ថែមទៀត ជាពិសេសព្រែកជីកហ្វូណន ដែលនឹងតភ្ជាប់ទន្លេមេគង្គ និងទន្លេសាបទៅសមុទ្រ។ ថ្ងៃក្រោយ យើងមិនចាំបាច់នាំកសិផលតែតាមផ្លូវគោកទៀតទេ។ អាចចុះដឹកជញ្ជូនតាមទឹក។ យើងមានគម្រោងស្ដារ(ផ្លូវទឹក)ពីភ្នំពេញឡើងទៅកំពង់ឆ្នាំង(តាមដងទន្លេសាប)និងឡើងមកមួយផ្នែកនៃខេត្តកំពង់ចាមតាមទន្លេមេគង្គ។ ទៅថ្ងៃមុខ យើងនឹងស្ដារដើម្បីការតភ្ជាប់រហូតដល់ក្រចេះ។ យើងកំពុងសាងសង់ផែពហុបំណងនៅខេត្តក្រចេះ។ អញ្ចឹង តាមបណ្តោយផ្លូវនេះនឹងមានផែសម្រាប់ដឹក។ តាមដងទន្លេសាបក៏ដូចគ្នា … នៅភ្នំពេញ យើងកំពុងតែទាក់ទងបង្កើតជាមជ្ឈមណ្ឌលភស្តុភារកម្មតំបន់នៅព្រលានយន្តហោះ បើសិនជាអាចធ្វើទៅបាន។
(១៣) ធ្វើឱ្យផែសមុទ្រក្លាយជាមជ្ឈមណ្ឌលភស្តុភារកម្មតំបន់ បំពាក់ឧបករណ៍ និងធានាភាពប្រកួតប្រជែង
នៅខេត្តព្រះសីហនុ យើងមាន Master Plan សាងសង់និងរៀបចំឱ្យផែសមុទ្រក្លាយជាមជ្ឈមណ្ឌលភស្តុភារកម្មតំបន់។ ថ្ងៃក្រោយ ពាក្យថាតំបន់នេះគឺហេដ្ឋារចនាសម្ព័ន្ធទ្រង់ទ្រាយធំ បំពាក់គ្រឿងកម្រិតខ្ពស់ ដើម្បីធានាភាពប្រកួតប្រជែង។ នេះហើយគឺជាការតភ្ជាប់។ ឥឡូវផលដែលធ្វើបាននៅទីនោះនៅឆ្ងាយ។ តែបើយើងតភ្ជាប់បាន ទៅថ្ងៃក្រោយ (វានឹងបាន)ផលដល់អ្នកកំពង់ចាម អ្នកក្រចេះ អ្នកកំពង់ធំ ដែលនៅតាមបណ្តោយទន្លេនេះ។ ខេត្តដែលមិនជាប់ទន្លេ ដូចជាបាត់ដំបងជាដើមអាចតភ្ជាប់បន្តិចក៏នឹងទៅដល់ទន្លេ រួច(អាចដឹកជញ្ជូន)ចុះទៅក្រោម។ នេះជាការរៀបចំប្លង់មេហេដ្ឋារចនាសម្ព័ន្ធ ដោយសារផ្លូវបង្កើតក្តីសង្ឃឹម និងផ្លូវបង្កើតសកម្មភាពសេដ្ឋកិច្ច។
(១៤) ធ្វើស្ពានឆ្លងកាត់រវាងកំពង់ធំនិងកំពង់ឆ្នាំងហើយ ភាគទាំងសងខាងនៃទន្លេសាបនឹងបានតភ្ជាប់គ្នា
ផ្លូវលេខ ៥០សេ ដែលគ្រោងធ្វើតភ្ជាប់ខេត្តកំពង់ធំ ទៅកំពង់ឆ្នាំង។ ពីផ្លូវជាតិលេខ៥ ទៅផ្លូវជាតិលេខ៦ មានការលំបាក។ បើមិនចង់ឆ្លងទឹក ទាល់តែធ្វើដំណើរឆ្ងាយ គឺទៅឆ្លងនៅព្រែកក្តាម ឬមួយក៏ទៅសៀមរាប វាងចុះមកបន្ទាយមានជ័យ កាត់បាត់ដំបង ពោធិ៍សាត់វិញ។ ពេលដែលយើងធ្វើផ្លូវ ធ្វើស្ពានឆ្លងកាត់រវាងកំពង់ធំ និងកំពង់ឆ្នាំងហើយ យើងតភ្ជាប់(ភាគទាំងពីរនៃទន្លេសាបឱ្យ)កាន់តែជិត។ ឥឡូវ ពីក្រចេះមកកំពង់ចាម មានផ្លូវប៉ុន្មាន? ផ្លូវជាតិលេខ៧ នេះមួយ ផ្លូវកាត់តាមក្រូចឆ្មារ ឆ្លងស្ពានស្ទឹងត្រង់។ បន្តិចទៀត ឆ្លងស្ពានព្រែកប្រសព្វ ធ្វើផ្លូវ ៦០បេ តភ្ជាប់មកទៀត។
(១៥) ពីមុនមានតែផ្លូវជាតិធំៗ ជាសរសៃឈាម ឥឡូវធ្វើឆ្អឹងជំនីនិងបន្ថែមសរសៃឈាមភ្ជាប់តគ្នា
ពីមុនដែលមានតែផ្លូវជាតិធំៗ ជាសរសៃឈាម ឥឡូវយើងធ្វើ ឆ្អឹងជំនី (និងបន្ថែម)សរសៃឈាមភ្ជាប់តគ្នា ដើម្បីឲ្យអ្នករស់នៅតំបន់ទាំងនោះកាន់តែងាយស្រួល ក្នុងការធ្វើដំណើរ។ បើប្រជាជនរស់នៅកន្លែងហ្នឹងងាយស្រួល ប្រជាជនទៅរស់នៅច្រើន សេដ្ឋកិច្ចក៏នឹងកើន។ អញ្ចឹង ការតភ្ជាប់ផ្លូវនេះ គឺតភ្ជាប់ជីវិតនិងសរសៃឈាមដែលនាំឈាមទៅចិញ្ចឹមនៅគ្រប់កន្លែងនៃប្រទេស។ នៅតាមមូលដ្ឋាន យើងសាងសង់ផ្លូវបេតុង (ដោយ)មូលនិធិឃុំតាមស្រុកមួយចំនួន។ អញ្ចឹង សរសៃតូចៗ ក៏តភ្ជាប់មកសរសៃធំ និងសរសៃធំនេះក៏មានផ្លូវកាន់តែច្រើន។
(១៦) “កុំបន្ទោសថា រដ្ឋាភិបាលធ្វើផ្លូវច្រើន នាំឲ្យវង្វេង” និងសូមប្រើប្រាស់ផ្លូវដោយគោរពច្បាប់ចរាចរណ៍
ថ្ងៃក្រោយ បើជិះវង្វេង ក៏កុំបន្ទោសថារដ្ឋធ្វើផ្លូវច្រើនពេក។ រឿងហ្នឹង ខ្ញុំលឺច្រើនដង។ និយាយម្តងទៀតចុះ។ កាលខ្ញុំនៅកងទ័ព ជិះលើផ្លូវពីស្ទឹងត្រែងទៅព្រះវិហារ។ ឲ្យប៉ូលិសព្រំដែនដែលដឹងផ្លូវមើលផ្លូវ។ ប្រហែលជាជិតកណ្តាលអធ្រាត្រ ក៏ទៅវង្វេងផ្លូវនៅជិតត្បែង។ ពេលបន្ទោសថា ប៉ូលិសនៅព្រំដែនអត់ស្គាល់ផ្លូវ គាត់ថា “មិនមែនមកពីខ្ញុំទេមេ មកពីធ្វើផ្លូវកៅស៊ូច្រើនខ្សែ”។ កាលមុន មានតែផ្លូវកៅស៊ូមួយហ្នឹង។ ជិះមកត្រង់ មិនខុសទេ។ បន្ទាប់មក គេធ្វើផ្លូវបំបែកមួយទៀត តែផ្លូវដីក្រហម ក៏នៅចាំបាន។ ជិះមកត្រង់។ (ឃើញ)ផ្លូវដីក្រហមកុំចូល នោះក៏ត្រូវហើយ។ ដល់ក្រោយមកនេះ ចាក់ទាំងកៅស៊ូទៀត ក៏ធ្វើឱ្យវង្វេង។
បើនៅក្រៅប្រទេស គេ(ប្រាប់ផ្លូវ)ថា អ្នកឯងទៅតាមផ្លូវឈ្មោះនេះ បត់តាមផ្លូវឈ្មោះនេះ។ នៅស្រុកយើងមិនអញ្ចឹងទេ។ ទៅដល់ ឃើញភ្លើងស្តុប សូមបត់ឆ្វេង។ ទៅដល់ហ្នឹង ឃើញហ្គារ៉ាស់សាំង សូមបត់ស្តាំ។ ទៅដល់ឃើញដើមពោធិ៍មួយធំ សូមបត់ឆ្វេង។ ពេលដែលកាប់ដើមពោធិ៍បាត់ ក៏មិនដឹងថាទៅតាមផ្លូវណា។ នៅក្នុងតំបន់ភ្នំពេញ កន្លែងដែលរីកថ្មីៗ មានច្រើន។ កន្លែងខ្លះ កាលមុនជាវាលស្រែ ដល់ឥឡូវសុទ្ធតែផ្លូវបេតុង ហើយផ្ទះពេញ។ អញ្ចឹងកុំបន្ទោសរដ្ឋាភិបាល ថាធ្វើផ្លូវច្រើនពេក នាំឲ្យវង្វេងផ្លូវ។ មួយទៀត ការប្រើប្រាស់ផ្លូវ សូមឱ្យគោរពច្បាប់ចរាចរណ៍។ កាលមុន ផ្លូវល្អជិះបុកជ្រូក ប្ដឹងទៅសម្ដេចតេជោថាមកពីសម្ដេចតេជោធ្វើផ្លូវល្អ ទើបបានជាមានអ្នកបើកលឿនបុកជ្រូក។ កាលផ្លូវអត់ល្អ ឡានមិនបើកលឿនព្រោះជង្ហុក។
(១៧) កម្ពុជាមានផែនការមេប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយនិងភស្តុភារកម្ម ១១កន្លែងនៅទូទាំងប្រទេស
តើការពង្រីកផ្លូវបន្ថែមដើម្បីអ្វី? មិនមែនតែផ្លូវនោះទេ។ ឥឡូវ យើងមានផែនការមេគ្រប់ជ្រុងជ្រោយស្តីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយនិងភស្តុភារកម្មកម្ពុជា។ ភស្តុភារកម្មគឺជាមជ្ឈមណ្ឌលចែកចាយ។ មណ្ឌលភស្តុភារកម្មអាចជួយសម្រួលបង្កើនសេដ្ឋកិច្ច។ ក្នុងផែនការមេ យើងមានគម្រោងរៀបចំ(មណ្ឌលភស្តុភារកម្ម) ១១កន្លែងនៅទូទាំងប្រទេសគឺមជ្ឈមណ្ឌលភស្តុភារកម្មភ្នំពេញ, មជ្ឈមណ្ឌលភស្តុភារកម្មព្រះសីហនុ, សួនភស្តុភារកម្មបាវិត, សួនភស្តុភារកម្មប៉ោយប៉ែត, មជ្ឈមណ្ឌលភស្តុភារកម្មសៀមរាប, មជ្ឈមណ្ឌលភស្តុភារកម្មកំពត, មជ្ឈមណ្ឌលភស្តុភារកម្មកំពង់ចាម, មជ្ឈមណ្ឌលភស្តុភារកម្មបាត់ដំបង, មជ្ឈមណ្ឌលភស្តុភារកម្មពោធិ៍សាត់, មជ្ឈមណ្ឌលភស្តុភារកម្មបន្ទាយមានជ័យ និងមជ្ឈមណ្ឌលភស្តុភារកម្មកំពង់ធំ។
(១៨) តសរសៃឈាម សម្រួលការដឹកជញ្ជូន និងរៀបចំមណ្ឌលភស្តុភារកម្ម បង្កើនសកម្មភាពសេដ្ឋកិច្ច
ខណៈដែលយើងតសរសៃឈាម សម្រួលការដឹកជញ្ជូនហើយ យើងត្រូវរៀបចំជាមណ្ឌលភស្តុភារកម្មដើម្បីងាយស្រួលក្នុងការដឹករបស់រួម ចែកចាយ និងសម្រួលដល់តម្លៃទំនិញផង។ ថ្ងៃក្រោយ (ហេដ្ឋារចនាសម្ព័ន្ធនិងមណ្ឌលភស្តុភារកម្មនេះ នឹង)បង្កើតសកម្មភាពសេដ្ឋកិច្ចបន្ថែមទៀត។ អម្បាញ់មិញ ខ្ញុំបានលើកពីច្រករបៀងដឹកជញ្ជូន ពីកម្ពុជាទៅចិន ឆ្លងកាត់តាមឡាវ ដែលទើបចុះហត្ថលេខាកាលពីថ្ងៃ២២ មិថុនា ប្រហែលជាពីរអាទិត្យមុននេះ។ ឡាវក៏អាចដឹកជញ្ជូនមកក្រោម(តាមប្រទេសយើង)។ ប្រើប្រាស់គ្រប់(មធ្យោបាយ)។ ប្រទេសនីមួយៗ មានច្រកច្រើនដើម្បីការដឹកជញ្ជូនកាន់តែល្អ។ អ្នកនៅខាងក្រោមជិតខេត្តព្រះសីហនុ ចេញតាមទឹកទៅ។ អ្នកនៅខាងលើស្ទឹងត្រែងអី អាចងាយស្រួលដឹកទៅចិនជាងចុះមក។ បើចង់ប្រើទូក ចុះមកដល់ក្រចេះ ចុះតាមផែ ចេញទៅតាមវៀតណាម ចេញទៅតាមព្រែកជីកហ្វូណន ទៅខេត្តព្រះសីហនុ។ មានជម្រើសច្រើនសម្រាប់ប្រជាពលរដ្ឋកសិករដឹកទំនិញ។ នេះគឺការរៀបចំតភ្ជាប់ ហើយរាជរដ្ឋាភិបាលកំពុងតែទាក់ទាញការវិនិយោគ និងរៀបចំប្រព័ន្ធភស្តុភារកម្ម។
[ចប់សេចក្ដីអធិប្បាយ១]
ចំពោះផ្លូវជាតិលេខ ៧ នេះ នឹងតភ្ជាប់ជាមួយបណ្តាញផ្លូវជាតិ និងតំបន់ភូមិសាស្រ្តសំខាន់ៗ, ក្នុងនោះ ចំណុចចាប់ផ្ដើមផ្នែកខាងលិចនៃខ្សែផ្លូវនេះ នឹងតភ្ជាប់ជាមួយផ្លូវជាតិលេខ ៦ ឆ្ពោះទៅកាន់ទិសដៅ រាជធានីភ្នំពេញ និងទិសដៅខេត្តកំពង់ធំ-សៀមរាប; នឹងតភ្ជាប់ត្រង់ចំណុចផ្លូវបំបែកទីរួមស្រុកព្រៃឈរ ជាមួយផ្លូវជាតិលេខ ៦០ ឆ្ពោះទៅកាន់ផ្លូវជាតិលេខ ៦, និងជាមួយផ្លូវជាតិលេខ ៧០ ឆ្ពោះទៅកាន់ស្រុកកងមាស; ព្រមទាំង តភ្ជាប់ជាមួយផ្លូវជាតិលេខ៧១ ត្រង់ចំណុចផ្លូវបំបែកត្រើង ឆ្ពោះទៅកាន់ស្រុកចំការលើ, និងផ្លូវជាតិលេខ ៧១ សេ ឆ្ពោះទៅកាន់ស្រុកស្ទឹងត្រង់; ខណៈដែលផ្នែកខាងកើតនៃចុងបញ្ចប់ខ្សែផ្លូវនេះ នឹងតភ្ជាប់ជាមួយផ្លូវជាតិលេខ ៨ និងលេខ ១១ ឆ្ពោះទៅកាន់ខេត្ត-ព្រៃវែង; នឹងតភ្ជាប់ជាមួយផ្លូវជាតិលេខ ៧៣ ឆ្ពោះទៅកាន់ខេត្តត្បូងឃ្មុំ; ព្រមទាំង តភ្ជាប់ផ្លូវជាតិលេខ ៧៦ និងលេខ ៧៨ ឆ្ពោះទៅភូមិភាគឦសាន រួមមាន៖ ក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី និងរតនគិរី។
[ចាប់ផ្ដើមសេចក្ដីអធិប្បាយ២]
(១៩) ផ្លូវជាតិលេខ៧ ជាចំនុចកណ្តាល តភ្ជាប់បណ្តាញផ្លូវជាតិនិងតំបន់ភូមិសាស្រ្តសំខាន់ៗ
អញ្ចឹង (ផ្លូវជាតិលេខ ៧ នេះ តភ្ជាប់ជាមួយបណ្តាញផ្លូវជាតិនិងតំបន់ភូមិសាស្រ្តសំខាន់ៗ ដែល)នេះគឺជាកន្លែងកណ្តាលមួយនៃការតភ្ជាប់។ កន្លែងដែលធ្លាប់តែកដប មិនសូវមានអ្នកធ្វើដំណើរ ចំណាយពេលវេលាយូរ ពិបាក បន្តិចទៀតនឹងបានជាកន្លែងដែលអាចមានចរន្តចរាចរណ៍រវល់កាន់តែច្រើន បង្កើតជាហាងលក់ដូរ បង្កើតសេដ្ឋកិច្ច បង្កើតរោងចក្របន្ថែមទៀត ជាមួយការតភ្ជាប់កាន់តែជិតទៅភ្នំពេញ។
[ចប់សេចក្ដីអធិប្បាយ២]
ក្នុងគោលបំណងជំរុញការអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូន និងឡូជីស្ទីកកម្ពុជា ឱ្យមានគុណភាព, ប្រសិទ្ធភាព, តម្លាភាព, គណនេយ្យភាព, បរិយាប័ន្ន និងចីរភាព, ខ្ញុំសូមផ្តល់នូវអនុសាសន៍មួយចំនួន ដល់ក្រសួងសាធារណការ និងដឹកជញ្ជូន ដូចខាងក្រោម៖
ទី១.ត្រូវបន្តជំរុញការរៀបចំគោលនយោបាយ យុទ្ធសាស្រ្ត និងលិខិតបទដ្ឋានគតិយុត្ត ដើម្បីលើកកម្ពស់ គុណភាព តម្លាភាព និងគណនេយ្យភាព នៃការអភិវឌ្ឍ និងការអនុវត្តប្រព័ន្ធដឹកជញ្ជូន និងឡូជីស្ទីកនៅកម្ពុជា។ ជាមួយនេះ, ត្រូវពង្រឹងការអនុវត្ត «ផែនការមេគ្រប់ជ្រុងជ្រោយស្តីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្តុភារកម្មកម្ពុជា ២០២៣-២០៣៣» ដោយត្រូវពង្រឹងការអនុវត្តយន្តការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃ សំដៅលើកកម្ពស់ប្រសិទ្ធភាពនៃការអនុវត្ត និងដាក់ចេញនូវវិធានការសមស្រប និងទាន់ពេល សម្រាប់ដោះស្រាយបញ្ហាប្រឈមនានា។
ទី២.ត្រូវពង្រឹងការប្រើប្រាស់យន្តការភាពជាដៃគូរវាងរដ្ឋ និងឯកជន ដើម្បីបន្តអភិវឌ្ឍហេដ្ឋា-រចនាសម្ព័ន្ធរូបវន្តគន្លឹះៗ, ទាំង ផ្លូវគោក, ផ្លូកដែក, ផ្លូវទឹក, កំពង់ផែ និងផ្លូវអាកាស, ជាពិសេស គម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធឡូជីស្ទីក, គម្រោងធ្វើទំនើបកម្មប្រព័ន្ធខ្សែផ្លូវរថភ្លើងដែលមានស្រាប់ ភ្នំពេញក្រុងព្រះសីហនុ និងខ្សែផ្លូវរថភ្លើងថ្មី ប៉ោយប៉ែត-សៀមរាប-ភ្នំពេញ, ព្រមទាំងការគិតគូរអភិវឌ្ឍផ្លូវល្បឿនលឿនបន្ថែម, ការតភ្ជាប់ប៉ូលសេដ្ឋកិច្ចសំខាន់ៗ និងការអភិវឌ្ឍរបៀងសេដ្ឋកិច្ចគន្លឹះ ក្នុងប្រទេស ទៅនឹងប្រទេសជិតខាង និងតំបន់។
ទី៣.ត្រូវបន្តជំរុញការកែទម្រង់ស្ថាប័ន និងការកសាងមូលធនមនុស្ស ដើម្បីលើកកម្ពស់ផលិតភាពការងារ, គុណភាពសេវាកម្ម និងប្រសិទ្ធភាពនៃប្រតិបត្តិការ ជាពិសេស ត្រូវសិក្សាអំពីតម្រូវការធនធានមនុស្ស, ទំាងបរិមាណ និងគុណភាព, ដោយផ្អែកលើទំហំការងារជាក់ស្តែង, ការកំណត់តួនាទីភារកិច្ច, ការពិពណ៌នាការងារ, ការវាយតម្លៃលទ្ធផលការងារ, ការរៀបចំគោលនយោបាយ និងប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានគ្រប់គ្រងធនធានមនុស្ស, ការកែទម្រង់រចនាសម្ព័ន្ធមុខងារ, និងការអនុវត្តការងារ ជាដើម។
ទី៤.ត្រូវពង្រឹងកិច្ចសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ប្រកបដោយតម្លាភាព និងប្រសិទ្ធភាពខ្ពស់ ស្របតាមអភិក្រម «ជវភាពនៃប្រព័ន្ធតួអង្គតែមួយ» សំដៅកែលម្អប្រព័ន្ធឡូជីស្ទីកកម្ពុជា ឱ្យកាន់តែប្រសើរឡើង ដែលទាំងអស់នេះ មានសារៈសំខាន់បំផុត ក្នុងការលើកកម្ពស់ការជឿទុកចិត្តពីសំណាក់វិនិយោគិនជាតិ-អន្តរជាតិ និងសាធារណជនលើប្រព័ន្ធអភិបាលកិច្ចរបស់រាជរដ្ឋាភិបាល។
ទី៥.ត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការសាងសង់ និងការត្រួតពិនិត្យបច្ចេកទេសគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ឱ្យត្រឹមត្រូវតាមស្តង់ដាបច្ចេកទេស និងប្រកបដោយគុណភាពខ្ពស់, និងបញ្ចៀសឱ្យបានជាអតិបរមានូវការប៉ះពាល់ជាអវិជ្ជមានលើបរិស្ថានដ៏ស្រស់ស្អាតរបស់ប្រទេសយើង។ ជាមួយនេះ, ត្រូវបន្តពង្រឹង ប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព របស់ស្ថានីយជញ្ជីង ដើម្បីជំរុញការអនុវត្តច្បាប់ឱ្យបានតឹងរ៉ឹង និងមិនលើកលែង ចំពោះយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់។
[ចាប់ផ្ដើមសេចក្ដីអធិប្បាយ៣]
(២០) សង់ស្ថានីយនិងបំពាក់ជញ្ជីងថ្លឹងរថយន្ត ដើម្បីជួយថែរក្សាផ្លូវ
ឯកឧត្តម ប៉េង ពោធិ៍នា បានរាយការណ៍អំពីការសាងសង់ស្ថានីយនិងបំពាក់ជញ្ជីងថ្លឹងរថយន្ត បំពាក់ប្រព័ន្ធឈ្លាសវៃ និងត្រួតពិនិត្យដោយស្វ័យប្រវត្តិ។ តើប្រព័ន្ធហ្នឹងយ៉ាងម៉េច? បើកមក មិនបាច់ឈប់ទេ វាស់គីឡូតែម្ដងឬ? ឥឡូវ អ្វីៗទាំងអស់សុទ្ធតែវៃឆ្លាត … ហ្នឹងត្រូវប្រព័ន្ធភ្លើងអីចូល AI អីអញ្ចឹង។ អ៊ីនធើណិតអីឱ្យដើរ អាហ្នឹងឱ្យដើរគ្រប់ កុំឱ្យដាក់ទៅដើរតែជញ្ជីង អត់ដើរ(ការថ្លឹង)ទម្ងន់ស្រួលបួល។ ហ្នឹង(ជា)ការជួយ(ដល់ការថែរក្សាផ្លូវ) ជាពិសេសការដឹកជញ្ជូន យើងត្រូវជួយថែរក្សាទាំងអស់គ្នា។ ពិតណាស់ ក្រុមហ៊ុនដឹកជញ្ជូនត្រូវការចំណេញ ប៉ុន្តែចំណេញនៅក្នុងក្របខ័ណ្ឌដែលច្បាប់អនុញ្ញាត ព្រោះធ្វើច្បាប់មិនមែនដើម្បីគាបសង្កត់ប្រជាជនទេ។ ច្បាប់ធ្វើឡើងដើម្បីរក្សាតុល្យភាពឈ្នះ-ឈ្នះ។
(២១) តម្លើងទម្ងន់ដឹកជញ្ជូនពី ៤០តោនទៅ ៥០តោន សម្រួលដល់អ្នកដឹកជញ្ជូន ប៉ុន្តែសូមជួយថែផ្លូវ
អ្នកដឹកទំនិញក៏អាចដឹកបាន។ ឥឡូវ ក្នុងច្បាប់ថ្មីនេះ យើងដំឡើង(ទំងន់អនុញ្ញាតដឹកជញ្ជូន)ពី ៤០តោនទៅ ៥០តោន។ អញ្ចឹង(ដំឡើង) ១០តោន។ បានន័យថា ជួយសម្រួលការដឹកជញ្ជូនដល់អ្នកដឹកជញ្ជូន។ ប៉ុន្តែ សូមឱ្យអ្នកដឹកជញ្ជូនជួយថែផ្លូវផង។ កុំឱ្យ(អនុញ្ញាតត្រឹម) ៤០តោន តែដាក់ដល់ ៥០តោន។ ដល់តែឱ្យដល់ ៥០តោន ដាក់ដល់ ៦០តោន។ យកស្តង់ដារបូក ១០ អត់បានទេ។ យើងថែផ្លូវទាំងអស់គ្នា ព្រោះទម្ងន់រថយន្តហ្នឹង(ធ្ងន់ហើយ)។ ថ្ងៃមុនឯកឧត្តម ស៊ុន ចាន់ថុល ថាគុណប៉ុន្មាននោះ។ មួយតោនហ្នឹងគុណទៅចេញស្មើនឹងប៉ុន្មាននៅលើផ្លូវ … (តាមការគន់គូរ)បច្ចេកទេស ហើយអាស្រ័យទៅលើ(រថយន្តហ្នឹងមាន)កង់ប៉ុន្មានទៀត? ច្បាប់មានគិតគូរហើយ។
(២២) កុំឱ្យក្រុមហ៊ុនដែលជួលអ្នកដឹកជញ្ជូន ប្រើខូចផ្លូវជាការវិនិយោគរបស់រដ្ឋសម្រាប់មនុស្សរាប់លាននាក់
ឡានក្រុមហ៊ុនដឹកជញ្ជូន អ្នកជួលគេដឹកជញ្ជូនកសិផល កន្លែងខ្លះយើងមានភាពបត់បែនសំរាប់កសិផល។ ក្នុងច្បាប់ក៏ផ្ដល់ភាពបត់បែនសម្រាប់ក្រសួងស្ថាប័នជំនាញគិតគូរ។ ប៉ុន្តែទំនិញផ្សេងទៀតត្រូវគិតគូរ និងអនុវត្តឲ្យបានច្បាស់។ ធ្វើយ៉ាងម៉េចដើម្បីថែរក្សាផ្លូវ។ ឃើញក្រសួងសាធារណការនិងដឹកជញ្ជូន ក៏បានខិតខំពង្រឹងកិច្ចការនេះ។ សូមឲ្យមានចីរភាព។ ធ្វើៗ ទាំងអស់គ្នាទៅវាស្រួល។ យើងមើលថាតើប្រព័ន្ធតាមផ្លូវរកស៊ីដឹកជញ្ជូនហ្នឹងត្រូវចំណាយទៅលើស្អីខ្លះទៀត ក្រៅពីជញ្ជីងលើសហ្នឹង ដើម្បីយើងជួយកាត់បន្ថយចំណាយផ្សេងៗ ដើម្បីឲ្យការដឹកជញ្ជូនមានចំណេញ។ បើមិនអញ្ចឹងទេ ក្រុមហ៊ុនប្រហែល១០ ជួលអ្នកដឹកជញ្ជូន ប៉ុន្តែប្រើផ្លូវដែលធ្វើសម្រាប់រាប់លាននាក់ផ្សេងទៀត(ឲ្យ)ខូច ដែលជាការវិនិយោគរបស់រដ្ឋ។ មិនថាជាកម្ចី មិនថាជាថវិកាបដិភាគរបស់រដ្ឋគឺសុទ្ធតែថវិកាជាតិត្រូវទទួលខុសត្រូវសម្រាប់ប្រជាជនទាំងអស់។ ត្រូវជួយគ្នាការពារនិងថែរក្សា។
(២៣) ករណីជញ្ជីងថ្លឹង ត្រូវប្រុងប្រយ័ត្នស្ថានភាពមនុស្សដេកជញ្ជីងដេក និងការដឹកជញ្ជូនខ្លាចពន្លឺថ្ងៃ
សូមឲ្យក្រសួងពិនិត្យមើលការអនុវត្ត។ ករណីជញ្ជីងថ្លឹងហ្នឹង ឧស្សាហ៍ឃើញរឿងផ្សេងៗ តាម Facebook។ ឲ្យតែឃើញរឿង ខ្ញុំបញ្ជូនទៅឲ្យឯកឧត្ដម ប៉េង ពោធិ៍នា មើល។ ជញ្ជីងហ្នឹង អត់ម៉ោងទេ។ ប្រចាំការរហូត២៤ម៉ោងឬ។ មិនមែនពីម៉ោង១២ដល់ ៤ភ្លឺ អត់ដើរឯណាអី? ហ្នឹងមើលឲ្យច្បាស់។ ប្រយ័ត្នមនុស្សដេកជញ្ជីងដេកដែរ។ ការដឹកជញ្ជូនខ្លះខ្លាចពន្លឺថ្ងៃ។ ដល់តែម៉ោង ១១-១២យប់ បានចេញ ដល់ម៉ោង ៤ភ្លឺទៅ បានឈប់។ ហ្នឹងមើលផង។ បើកថ្ងៃបើកយប់ សម្ពាធទៅលើផ្លូវដូចតែគ្នាទេ។ ឃើញក្រសួងចាត់វិធានការលើកិច្ចការហ្នឹង ដើម្បីពង្រឹងអភិក្រមធ្វើកិច្ចការនេះ និងធានាការប្រកួតប្រជែងស្មើភាព។ យើងដឹក តែថែទាំផ្លូវផង។
(២៤) ត្រូវមានស្តង់ដារួម ជំរុញការអនុវត្តច្បាប់ដូចគ្នា មិនមានក្រុមហ៊ុនណាមានអាទិភាពជាងក្រុមហ៊ុនណា
អនុវត្តគោលការណ៍ដូចគ្នា។ ក្រុមហ៊ុនណាក៏ដូចគ្នា អត់មានក្រុមហ៊ុនណាមានអាទិភាពជាងក្រុមហ៊ុនណាទេ។ ច្បាប់យើងជំរុញអនុវត្តដូចគ្នា។ ដូចជាកសិផលសម្រាប់កសិករ ហ្នឹងគឺមានអភិក្រមបត់បែន ព្រោះថាកាលមុន ពេលដែលសរសេរច្បាប់មក យើងថាទម្ងន់កសិផលទុកជាការវាយតម្លៃជាក់ស្ដែងរបស់ក្រសួងសាធារណការ ឬមួយក៏ស្ថាប័នមានសមត្ថកិច្ច។ ឥឡូវ សមត្ថកិច្ចមានប៉ុន្មាន? ថាមានក្រសួងអភិវឌ្ឍន៍ជនបទ មានខេត្ត មានក្រសួងសាធារណការ។ អញ្ចឹង ត្រូវតែមានស្តង់ដារួមមួយ។ គោលការណ៍យ៉ាងម៉េចឲ្យរួម។ កុំឲ្យសាធារណការអនុញ្ញាតប៉ុណ្ណេះ ដល់ពេលអភិវឌ្ឍន៍ជនបទឲ្យប៉ុណ្ណេះ។ ឧទាហរណ៍ អភិវឌ្ឍន៍ជនបទឲ្យ ៦០តោន ដល់មកសាធារណការឲ្យ ៥៥តោន។ អញ្ចឹង បានន័យថាដឹកពីចម្ការមកបាន ៦០តោន តែមកដល់ផ្លូវសាធារណការត្រូវរើទម្លាក់ ១០តោនចេញ។ (គួរតែមានការ)ឯកភាពគ្នាពីដើមដល់ចប់តែម្ដង។
(២៥) អភិក្រមបត់បែន ត្រូវគិតគូរពីការធានាស្តង់ដាផ្លូវនិងគុណភាពផ្លូវ
នេះគឺជាការសហការរវាងស្ថាប័ន ដោយត្រូវមានគោលការណ៍ស្តង់ដារួម កុំឲ្យជាន់គ្នា កុំឲ្យខ្ទាស់គ្នា ហើយងាយស្រួលអនុវត្ត ស្រួលដល់អ្នកដឹកជញ្ជូន ស្រួលដល់កសិករ។ ការ(វាយតម្លៃអំពី)ភាពបត់បែននេះ ក៏ត្រូវគិតគូរពីការធានាស្តង់ដាផ្លូវនិងគុណភាពផ្លូវកុំឲ្យវាខូច។ មិនមែនមានន័យថា ឲ្យមានភាពបត់បែននេះ លើកលែងឲ្យហួសព្រំដែននោះទេ។ ត្រូវធានាបែបបទបែបនេះ។ អញ្ចឹង ចេញច្បាប់ដើម្បីអនុវត្តឲ្យបាន។ បើចេញច្បាប់ទៅ អត់សមស្របទៅតាមស្ថានភាពជាក់ស្ដែង យើងត្រូវធ្វើវិសោធនកម្មឲ្យស្រប (ដើម្បីរកស្ថានភាព)ឈ្នះឈ្នះ។ បើយើងធ្វើវិសោធនកម្មហើយ យើងគិតគូរគ្រប់ជ្រុងជ្រោយហើយ ក៏ត្រូវតែអនុវត្តតាមច្បាប់ទៅ។ អញ្ចឹង យើងបានទាំងអស់គ្នា។ (រក្សា)និរន្តរភាពនៃច្បាប់។ កុំឲ្យដាក់ច្បាប់ចេញទៅ អនុវត្តមិនបាន គឺទាល់តែប្រជាជនគេច បានចំណេញ។ មិនអញ្ចឹងទេ។
(២៦) គ្រប់គ្រងដោយចីរភាពការដឹកជញ្ជូនលើសទម្ងន់ ថែរក្សាសមិទ្ធផលជាគុណប្រយោជន៍ប្រជាជន
ត្រូវគិតទាំងទិដ្ឋភាពសេដ្ឋកិច្ច ទាំងទិដ្ឋភាពបច្ចេកទេស ផលសេដ្ឋកិច្ចសម្រាប់អ្នកប្រើប្រាស់ដឹកជញ្ជូនខ្ពស់ តែ(ក៏ត្រូវធានា)ផលសេដ្ឋកិច្ចសម្រាប់ប្រជាពលរដ្ឋទូទៅ អ្នកប្រើប្រាស់ឡានតូច ដែលមិនត្រូវការដឹកជញ្ជូន អ្នកដែលរស់នៅកន្លែងនេះ និងថែទាំផ្លូវឲ្យបានយូរអង្វែង។ ការជួសជុលថែទាំផ្លូវគឺយើងត្រូវធ្វើឲ្យជាប់។ បញ្ហានេះមានច្រើន។ យើងបានអនុវត្តកន្លងទៅ ប៉ុន្តែចីរភាពមានឡើងចុះៗ។ ឥឡូវ ខិតខំអនុវត្តឲ្យមានចីរភាពនៅក្នុងការគ្រប់គ្រងការដឹកជញ្ជូនលើសទម្ងន់នេះ។ ជាពិសេស ក្រោយពីធ្វើវិសោធនកម្មច្បាប់ដំឡើងកម្រិត និងទម្ងន់ជូនអ្នកដឹកជញ្ជូនហើយ គឺសូមចូលរួមគោរពច្បាប់ទាំងអស់គ្នា ដើម្បីថែរក្សាឲ្យបានយូរអង្វែងនូវសមិទ្ធផលរួមប្រើប្រាស់ជាគុណប្រយោជន៍សម្រាប់ប្រជាជន សេដ្ឋកិច្ចមូលដ្ឋាននិងតាមបណ្ដោយផ្លូវ។ នេះជាបញ្ហាសំខាន់។
(២៧) ផ្លូវជាប់បានយូរ សន្សំថវិកាជួសជុលថែទាំ ទៅធ្វើស្ពាន ធ្វើផ្លូវបេតុង តាមឃុំ/ស្រុក
លុយមានកំណត់ តម្រូវការមានច្រើន។ បើសិនជាយើងថែផ្លូវនេះបានយូរ ថវិកាដែលត្រូវយកមកជួសជុលថែទាំ ឬមួយក៏ធ្វើឡើងវិញ អាចយកទៅធ្វើស្ពានឆ្លងទឹកជូនកន្លែងណាមួយ ឬធ្វើផ្លូវបេតុងនៅតាមឃុំ តាមស្រុក ឬមួយក៏ជួសជុលផ្លូវកន្លែងណាផ្សេងទៀត។ បើសិនជា (ផ្លូវ)មួយកន្លែងៗ ដែលធ្វើហើយ ទីមួយ ត្រូវតាមស្តង់ដាគុណភាព វានឹងស្ថិតស្ថេរបានយូរ។ ហ្នឹងហៅថា «កុំចាក់ស្ដើងស៊ីក្រាស់ ចាក់ក្រាស់ស៊ីស្ដើង»។ ធ្វើឲ្យត្រឹមត្រូវតាមបទដ្ឋានស្តង់ដា។ ទីពីរ ការថែទាំផ្លូវនិងការអនុវត្តច្បាប់ កុំឲ្យលើស។ អញ្ចឹងរួមគ្នាថែទាំ។ ថែទាំជួសជុលមិនមែនជាភារកិច្ចរបស់តែក្រសួងជំនាញទេ ប៉ុន្តែប្រើប្រាស់ដោយត្រូវស្តង់ដាដឹកជញ្ជូននេះគឺយើងចូលរួមថែទាំហើយ។
យើងអត់ចូលរួមបំផ្លាញផ្លូវ ធ្វើឲ្យវាខូចលឿនទេ។ យើងចូលរួមថែទាំ(ត្បិតជា)របស់យើងទាំងអស់គ្នា។ បើសិនជាផ្លូវនេះខូច ក្រុមហ៊ុនដឹកជញ្ជូនរាល់ថ្ងៃហ្នឹងក៏ត្រូវចាយលុយច្រើនដែរ។ គាត់ត្រូវប្រើផ្លូវហ្នឹងរហូត គាត់នឹងត្រូវចំណាយទៅលើការជួសជុលឡានរបស់គាត់។ អញ្ចឹង គាត់ចំណេញបានតែប៉ុន្មានឆ្នាំ។ បើធ្វើឲ្យផ្លូវហ្នឹងខូចលឿន គាត់នឹងត្រូវចំណាយលើការប្រើរយៈពេលបើកបរដឹកជញ្ជូនយឺត។ អញ្ចឹងចូលរួមថែរក្សាទាំងអស់គ្នា ព្រោះគឺជាឆ្នាំងបាយរួម។ សូមថែរក្សាការពារផលប្រយោជន៍រួម។
[ចប់សេចក្ដីអធិប្បាយ៣]
ទី៦ ត្រូវគិតគូរសិក្សាសមិទ្ធិលទ្ធភាព ក្នុងការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ និងការបង្កើតមណ្ឌលឡូជីស្ទីក សម្រាប់ភូមិភាគឦសាន ដែលជាជង្រុកផលិតផលកសិ-ឧស្សាហកម្ម, សំដៅលើកកម្ពស់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និងសុខុមាលភាពរបស់ប្រជាពលរដ្ឋ ក្នុងភូមិភាគឦសាន ស្របតាមយុទ្ធសាស្រ្តជំរុញការវិនិយោគក្នុងខេត្តទាំង ៤ នៃភូមិភាគឦសាន របស់រាជរដ្ឋាភិបាល។
មុននឹងបញ្ចប់ ខ្ញុំសូមថ្លែងអំណរគុណ ឯកឧត្តមឯកអគ្គរដ្ឋទូត និងសហការីនៃស្ថានទូតចិន និងធនាគារនីហរ័ណ-អាហរ័ណចិន ដែលបានសហការជំរុញលំហូរហិរញ្ញប្បទានរបស់រដ្ឋាភិបាលចិន សម្រាប់ការស្ដារ សាងសង់ និងអភិវឌ្ឍផ្លូវស្ពាននៅកម្ពុជា ឲ្យប្រព្រឹត្តទៅដោយរលូន និងឆាប់រហ័ស។ ខ្ញុំក៏សូមកោតសរសើរ ដល់ក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) ដែលជាក្រុមហ៊ុនសាងសង់ និងក្រុមហ៊ុនក្វាងចូវវ៉ាន់អាន (WACC) ដែលជាក្រុមហ៊ុនត្រួតពិនិត្យបច្ចេកទេស ចំពោះការខិតខំបញ្ចប់ការសាងសង់កំណាត់ផ្លូវជាតិលេខ ៧ (ស្គន់-កំពង់ចាម) ជាស្ថាពរ តាមការគ្រោងទុក។
ខ្ញុំសូមយកឱកាសនេះ ជាថ្មីម្ដងទៀត អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋអ្នកធ្វើដំណើរ សូមចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា និងថែរក្សាទ្រព្យសម្បត្តិជាតិ តាមរយៈ ការបើកបរក្នុងលឿនកំណត់ ប្រកបដោយការប្រុងប្រយ័ត្ន និងចៀសវាងការផ្ទុកលើសទម្ងន់ ដែលបណ្តាលឱ្យខូចខាតផ្លូវ-ស្ពាន។
ជាទីបញ្ចប់, ជាមួយនឹងការប្រកាស «ដាក់ឱ្យប្រើប្រាស់ជាផ្លូវការកំណាត់ផ្លូវជាតិលេខ ៧ (ស្គន់-កំពង់ចាម) ក្រោមក្របខ័ណ្ឌឥណទានសម្បទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន និងក្របខ័ណ្ឌថវិកាជាតិ», ខ្ញុំសូមជូនពរ ឯកឧត្តម លោកជំទាវ, លោក លោកស្រី, សមាជិក សមាជិកា នៃអង្គពិធី, សូមមានសុខភាពល្អបរិបូរណ៍ សុភមង្គលក្នុងគ្រួសារ និងសម្រេចបានជោគជ័យលើគ្រប់ភារកិច្ចការងារ, និងសូមប្រកបដោយពុទ្ធពរ និងពរទាំង ៥ ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណ កុំបីឃ្លៀងឃ្លាត។
[ផ្តើមសេចក្តីអធិប្បាយ ៤]
ថ្ងៃនេះលឿន ដោយសារអត់មានបិទវង់ក្រចក។ និយាយតែពីរឿងផ្លូវ។ ថ្ងៃនេះក៏សូមជូន យុវជនកាយប្ញទ្ធិ យុវជនកាកបាទក្រហម សហភាពសហព័ន្ធយុវជនកម្ពុជា យុវជនសមាគម អ.ម.ត យុវជនគណបក្ស យុវជនស្រឡាញ់សន្តិភាព សមាគមសិស្សនិស្សិតបញ្ញវន្តក្មេងវត្ត សមាគមរាជសីហ៍ សមាគមនារីដើម្បីសន្តិភាព សរុប ៨៥០នាក់ ម្នាក់ៗថវិកា ២ម៉ឺនរៀល។ ជូនក្មួយៗ សិស្សានុសិស្ស ១,៣៥០នាក់ ម្នាក់ៗ ទទួលបានសៀវភៅ ២ក្បាល ប៊ិច ១ដើម និងថវិកា ១ម៉ឺនរៀល។ ជូនលោកគ្រូ អ្នកគ្រូ ២៣៨នាក់ ម្នាក់ៗ ថវិកា ៥ម៉ឺនរៀល។ ជូនវិទ្យាល័យហ៊ុនសែនព្រៃទទឹង វិទ្យាល័យស្រេងគីម វិទ្យាល័យល្វា មួយវិទ្យាល័យៗ ថវិកា ២លានរៀល។ ជូនសាលាស្រុកព្រៃឈរ សាលាស្រុកជើងព្រៃ មួយអង្គភាព ២លានរៀល។ ជូនក្រុមគ្រូពេទ្យ ប្រចាំការអង្គពិធីថវិកា ៥លានរៀល។ ជូនក្រុមតន្ត្រីសម័យថវិកា ១០លានរៀលផងដែរ។
ថ្ងៃនេះមានលោកស្រី ហឹម ស៊ីវន លោក ឆាយ វីរៈយុទ្ធ អ្នកនាង សុគន្ធ នីសា លោក គ្រី ថៃពៅ កញ្ញា ឈិន ម៉ានិច លោក គី សាវីន កញ្ញា សំ លីដា លោក ម៉ៅ ហាជី អ្នកនាង កែវ ច័ន្ទសម្ផស្ស លោក ពៅ ពិសិដ្ឋ អ្នកនាង រ័ត្ន រចនា លោក ខេម … ខេមឈ្មោះអីពិតប្រាកដ? ប៉ុន សុណារិន។ អ្នកណាអត់ស្គាល់ឈ្មោះខេម គឺឈ្មោះ ប៉ុន សុណារិន។ ថ្ងៃមុន ទៅស្វាយរៀង ស្រុកកំណើតរបស់ ពាក់មី ត្រូវឡើងពាក់មេដាយដែរ ឃើញពាក់មីឡើងពាក់មេដាយ។ ម៉េចអត់ដល់ឈ្មោះ? គេហៅឈ្មោះ ចែម ចាន់ដារ៉ា អត់ដែលស្គាល់ថាពាក់មីសោះ។ (ឆាយវិរៈ)យុទ្ធ ដូចស្រុកកំណើតនៅហ្នឹងឬ? ថ្ងៃមុនដូចបងមកការ … នៅស្រុកអី? នៅស្រុកកងមាស ប្រពន្ធនៅស្រុកព្រៃឈរ។ ចង់ភ្លេចផ្ទះ។ ប្រយ័ត្នម៉ែលែងឱ្យចូលផ្ទះ សុទ្ធតែអ្នកកំពង់ចាម … បានកូនប៉ុន្មានហើយ? ពីរ។ ស្រីទាំងពីរ។ តាមមួយទៀតប្រុសហើយ។
អរគុណបានអញ្ជើញមកទាំងអស់គ្នា។ មកពីយប់ឬមកពីព្រឹក? បង វន មកពីព្រឹក។ ប្អូនៗ មកពីយប់។ គេនៅក្មេង គេមានកម្លាំងជាង អញ្ចឹងហើយ។ ព្រឹកឡើងបានយើងងើបៗ មិនចង់រួចផង។ ប៉ុន្តែ បងវននៅក្មេងជាងខ្ញុំ។ ខ្ញុំស្កូវជាងបងហើយ។ អរគុណបងប្អូនទាំងអស់គ្នាបានចូលរួមអបអរសាទរផ្លូវជាតិលេខ៧។ នីសាដូចទើបមកពីបារាំង … ឃើញរាំអបអរសាទរផលិតផលយើងនៅខាងក្រៅបានជោគជ័យច្រើន។ អរគុណ ខាងតន្ត្រីប្រឆាំងភេរវកម្ម។ មិនមែនភេរវកម្មទេ ប្រឆាំងភេរវកម្ម។ អង្គភាពហ្នឹងគឺជាអង្គភាពដែលខ្ញុំជាអ្នកបង្កើត តាំងពី(មានគ្នាតែ) ៤២នាក់។ ដំបូង ភារកិច្ចខ្ញុំ ចប់ពីរៀនគឺបង្កើតអង្គភាព។ គេប្រាប់ខ្ញុំថា មកត្រឹមតែរៀនវិភាគទេ។ មកធ្វើការជាអ្នកសង្ខេបព័ត៌មាននិងវិភាគ។ មកដល់ ឯកឧត្តម ឱម យិនទៀង ប្រាប់ថា មាន ៤២នាក់នៅពោធិ៍ចិនតុង។
ខ្ញុំសួរថាឱ្យខ្ញុំធ្វើអី? ថាទៅកសាងអង្គភាពប្រឆាំងភេរវកម្ម។ ទៅដល់ កសាង។ ឥឡូវឡើងប៉ុន្មានហើយ។ កាលពីនៅអង្គភាពប្រឆាំងភេរវកម្ម ទៅណាក៏គេថាមេភេរវកម្មមកហើយ។ ខ្ញុំថាសូមហៅថាប្រឆាំងភេរវកម្ម។ (កុំ)ហៅខ្ញុំមេភេរវកម្ម ខ្ញុំមិនមែនបងប្អូន ប៊ីន ឡាឌិន ទេ។ នៅស្រុកយើងកំពង់ចាមហ្នឹង មានចៅហ្វាយស្រុកមួយឈ្មោះ ប៊ីន ឡាដា ចៅហ្វាយស្រុកអីគេ? ស្រីសន្ធរ? កាលមុនដូចនៅកំពង់សៀម។ ខ្ញុំធ្វើយុវជនឆ្នាំ២០១១ ឃើញបញ្ជីយុវជន ស្រាប់តែមួយឈ្មោះ ប៊ីន ឡាដា។ ខ្ញុំថាម៉េចចេះ? អត់ទេ អត់ពាក់ព័ន្ធជាមួយ ប៊ីន ឡាឌិន ទេ។
នេះបានមកស្រុកកំណើត … ខ្ញុំមកទីនេះតាំងពី២០១១ តាំងពីនៅកំពង់ចាម មិនទាន់មានត្បូងឃ្មុំ។ ឥឡូវខេត្តពីរ។ ចៅហ្វាយខេត្តត្បូងឃ្មុំមកដែរ។ ខាងកើតទន្លេ ខាងលិចទន្លេ។ ប្រកួតគ្នា។ ប៉ុន្តែផ្លូវជាតិលេខ៧ នេះគឺជួយភ្ជាប់។ គេអួតថានៅត្បូងឃ្មុំមានបឹងមួយ បឹងក្រម ដែលបាចត្រីនៅនោះ។ ថ្ងៃណាមួយ លួចទៅបន្លំបាចនឹងគេដែរ។ ឃើញដូចម្យ៉ាងដែរ បាចអស់អ៊ីចឹងទៅ បញ្ចូលទឹកយើងដាក់ត្រី ឬត្រីចូលធម្មជាតិ? ចូលធម្មជាតិវិញ។ ឆ្នាំនេះគេថាត្រីច្រើន។ អភិរក្សហ្នឹងទៅក៏កាន់តែឡើងមក។
និយាយបន្តិច ថ្ងៃមុនគ្រលាស់ទៅស្វាយរៀង។ ខ្ញុំនិយាយច្រឡំមាត់។ ខ្ញុំនិយាយថាអភិរក្សធនធានត្រី ដល់វាច្រឡំអភិវឌ្ឍធនធានស្រី។ យើងគ្រលាស់មាត់កែខ្លួនឯងទៅជាត្រី ស្មានតែគេអត់ឮ ងាកមកប្រពន្ធ ប្រពន្ធធ្វើអត់ដឹង។ គាត់អត់ដឹង គាត់អត់សើច … វារួចខ្លួន តែវាភ្លាត់មាត់។ កន្លែងនិយាយលេង។ ដល់រៀបឡើងយន្តហោះ ប្រពន្ធថាខ្ញុំឮបងឯងនិយាយដែរតើ។ ដល់ទៅសួរអភិបាលខេត្ត ប្រពន្ធគេថា ខ្ញុំក៏ឮសម្ដេចនិយាយដែរ តែពួកខ្ញុំខំទប់មិនសើច។
អរគុណជាថ្មីម្តងទៀត ក៏សូមអរគុណទៅដល់ឯកឧត្តម លោកជំទាវ លោក លោកស្រី ហើយបងប្អូនទាំងអស់ អ្នកកំពង់ចាម មកតាំងពីកំពង់សៀម មកពីព្រៃឈរ ជើងព្រៃ មកដើម្បីអបអរសាទរ និងចូលរួមពីកន្លែងផ្សេងៗ គឺសមិទ្ធផលរបស់យើងរួមហើយ។ អញ្ចឹងសុំបន្ត ជូនពរបន្តការអភិវឌ្ឍហើយធ្វើដំណើរត្រឡប់ឱ្យបានសុខ សុវត្ថិភាពតាមផ្លូវ។ សូមអរគុណច្រើន៕

