សេចក្ដីអធិប្បាយ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ពិធីជួបសំណេះសំណាល និងចុះត្រួតពិនិត្យវឌ្ឍនភាព នៃគម្រោងសាងសង់ អាកាសយានដ្ឋានអន្តរជាតិតេជោ​ លំដាប់ថ្នាក់ 4F ដំណាក់កាលទី១

ឯកឧត្តម លោកជំទាវ លោក លោកស្រី​ គណៈធិបតីភ្ញៀវកិត្តិយសបុគ្គលិកសហការីក្រុមហ៊ុន Cambodia Airport Investment និងបងប្អូនវិស្វករ កម្មករ/ការនីទាំងអស់ ជាទីស្រលាញ់រាប់អាន! ថ្ងៃនេះខ្ញុំមានសេចក្ដីសោមនស្សរីករាយ ដែលបានចូលរួមជួបជាមួយនឹងបងប្អូន ជាពិសេសពិសេសបានត្រួតនូវវឌ្ឍនភាពគម្រោងកសាងអាកាសយានដ្ឋានអន្តរជាតិតេជោ លំដាប់ 4F នៅថ្ងៃនេះ។ ដូចប្លែកម៉េចទេ។ ធ្លាប់តែកាន់មេក្រូឈរ កាន់អង្គុយដូច(និយាយ)អត់លះ។ អ្នកច្រៀងដឹងហើយ ត្រូវទេ? ច្រៀងអង្គុយមិនសូវលះទេ។ តែសប្បាយរីករាយដែលបានមកចូលរួមជាមួយថ្នាក់ដឹកនាំរបស់យើង បានមើល(វឌ្ឍនភាពនៃគំរោង)ផ្ទាល់។ កន្លងទៅធ្លាប់មើលតាមទូរទស្សន៍។ ពេលខ្លះ ក៏ធ្វើដំណើរតាមឧទ្ធម្ភាគចក្រកាត់ពីលើនេះ។ (ថ្ងៃ)នេះបានចូលផ្ទាល់តែម្ដង។ ​មានអារម្មណ៍រំភើបតាំងពីឡានចូលមក។ តាំងពីផ្លូវបំបែកចូលមក។ ពីផ្លូវខ្សែក្រវ៉ាត់ក្រុងលេខ៣ ចូលមកដោយ(ឃើញ)ធំ។ ចូលមកដល់ខាងក្នុង ឡើងមកដល់ piste នេះ ទោះបីជាមិនទាន់ចប់ក៏ដោយ តែមានអារម្មណ៍ថារំភើប។ (១) ព្រលានយន្តហោះធំជាងគេនៅកម្ពុជាលំដាប់ 4F សាងសង់ ៦៥ ឆ្នាំក្រោយព្រលានយន្តហោះអន្តរជាតិទី១    ថ្ងៃមុន ខ្ញុំទៅសម្ពោធនៅអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ក៏មានអារម្មណ៍រំភើបម្ដងហើយ។  ខ្ញុំដើរច្រើនប្រទេសដែរ។ ព្រលានយន្តហោះបែបនេះ ក៏យើងធ្លាប់មានឃើញនៅប្រទេសផ្សេងដែរ ប៉ុន្តែអ្វីដែលជាមោទនភាពធ្វើឱ្យខ្ញុំរំភើបនោះ ប្រហែលជាដូចបងប្អូនដែរ គឺនេះនៅលើទឹកដីខ្មែរយើង…

សុន្ទរកថានិងសេចក្ដីអធិប្បាយ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បើកការដ្ឋានសាងសង់ចំណតផែកុងតៃន័រទឹកជ្រៅថ្មី ជំហានទី ១ និងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការគ្រឿងចក្រលើកដាក់ចល័តនៅគែមផែរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ

ឯកឧត្តម អ៊ិស៊ិបាស៊ី វីនតារ៉ូ (ISHIBASHI Rintaro) អនុរដ្ឋមន្ត្រីក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍នៃប្រទេសជប៉ុន,   ឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ី (UENO Atsushi) ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសជប៉ុនប្រចាំនៅព្រះរាជាណាចក្រកម្ពុជា,ឯកឧត្តម លោកជំទាវ គណៈអធិបតី ភ្ញៀវកិត្តិយស អង្គពិធីទាំងមូល​ និងបងប្អូនជនរួមជាតិទាំងអស់ជាទីស្រឡាញ់, [សេចក្តីអធិប្បាយ] (១) សង់ផែកុងតៃន័រទឹកជ្រៅថ្មី និងដាក់ឱ្យប្រើប្រាស់គ្រឿងចក្រ ដើម្បីពង្រីកសមត្ថភាពនិងធ្វើទំនើបកម្មកំពង់ផែ សំដៅឆ្លើយតបនឹងកំណើនទំហំពាណិជ្ជកម្មអន្តរជាតិកម្ពុជា ថ្ងៃនេះ ជាកិត្តិយសដែលខ្ញុំបានមកចូលរួមក្នុងពិធីបើកការដ្ឋានសាងសង់ចំណតផែកុងតៃន័រទឹកជ្រៅ ជំហានទី១ និងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការគ្រឿងចក្រលើកដាក់ចល័តនៅគែមផែចំនួន ២ គ្រឿង។ សូមថ្លែងអំណរគុណដល់ ឯកឧត្តមអនុរដ្ឋមន្ត្រី អ៊ិស៊ិបាស៊ិ វីនតារ៉ូ និងគណៈប្រតិភូជប៉ុន ដែលបានឆ្លៀតពេលវេលាដ៏មមាញឹក ចូលរួមក្នុងពិធីដ៏មានសារៈសំខាន់នៅថ្ងៃនេះ។ ឆ្លៀតឱកាសនេះ ខ្ញុំសូមនាំមកនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសម្តេចអគ្គមហាសេនាបតីតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនចំពោះលោកយាយ លោកតា អ៊ំពូមីង បងប្អូន ជាពិសេសមន្ត្រី និយោជិត កម្មករ-កម្មការិនីនៃកំពង់ផែស្វយ័តក្រុងព្រះសីហនុទាំងអស់។ កាលពីថ្ងៃទី១ ឧសភា ដែលជាទិវា(ពលកម្មអន្តរជាតិ)ជាប្រចាំរាល់ឆ្នាំ សម្តេចបានជួបសំ​ណេះសំណាលជាមួយបងប្អូននៅទីនេះមិនដែលខាន។ បើតាមខ្ញុំចាំគឺសឹងតែរាល់ឆ្នាំ…