សុន្ទរកថា និងសេចក្ដីអធិប្បាយ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ
ឯកឧត្តម លោកជំទាវ អនុប្រធានទី១ អនុប្រធានទី២ សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា សមាជិក សមាជិក រាជរដ្ឋាភិបាល ឯកឧត្ដម ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត តំណាងស្ថានទូតនានា ប្រចាំកម្ពុជា គណៈធិបតី ភ្ញៀវកិត្តិយសជាតិ អន្តរជាតិ អង្គពិធីទាំងមូល បងប្អូនជនរួមជាតិទាំងអស់ ទាំងក្នុងនិងក្រៅប្រទេស ជាទីមេត្រី! ខ្ញុំពិតជាមានសេចក្តីរំភើប ប្រកបដោយមហាកិត្តិយស និងមោទនភាពក្រៃលែង ដែលបានចូលរួមធ្វើជាសាក្សីក្នុង «ពិធីសម្ពោធបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ» ជាប្រវត្តិសាស្រ្ត នាថ្ងៃនេះ។ [ផ្ដើមសេចក្ដីអធិប្បាយ១] ខ្ញុំសូមថ្លែងអំណរគុណឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល ចំពោះរបាយការណ៍សង្ខេប ដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយ ក៏ដូចជាការចូលរួមខិតខំប្រឹងប្រែងនៅក្នុងការរៀបចំដំណើរការបើកការដ្ឋាននៅថ្ងៃទី៥ សីហា នេះ បានប្រព្រឹត្តទៅរលូន។ អរគុណចំពោះឯកឧត្តម ប៉េង ពោធិ៍នា ឯកឧត្តម លោកជំទាវ អស់លោក ថ្នាក់ដឹកនាំក្រសួងសាធារណការ ក្រុមការងារពាក់ព័ន្ធ គណៈអភិបាលខេត្តកណ្ដាល ក៏ដូចជាក្រុមការងារពាក់ព័ន្ធទាំងអស់ដែលបានរៀបចំសហការគ្នានៅថ្ងៃនេះ។ ថ្ងៃនេះ សូម្បីតែមេឃក៏មិនអីដែរ។ ពេលដែលឯកឧត្តម ស៊ុន…