– ឯកឧត្តម អ៊ូអិណូ អាត់ស៊ូស៊ី (UENO Atsushi) ឯកអគ្គរាជទូតជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា;
– ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាល;
– គណៈអធិបតី ភ្ញៀវកិត្តិយស កម្មករ កម្មការិនី និងបុគ្គលិកកំពង់ផែស្វយ័តក្រុងព្រះសីហនុ និងបងប្អូនជនរួមជាតិទាំងអស់ ជាទីមេត្រី!
ថ្ងៃនេះ ខ្ញុំពិតជាមានសេចក្ដីសោមនស្ស ដែលបានជួបសំណេះសំណាលជាមួយ មន្ត្រីរាជការ បុគ្គលិក កម្មករ និយោជិត នៃកំពង់ផែស្វយ័តក្រុងព្រះសីហនុ នាឱកាសខួបអនុស្សាវរីយ៍លើកទី១៤០ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ២០២៦ ក្រោមប្រធានបទ «រួមគ្នាកសាងភាពធន់ ដើម្បីការងារសមរម្យ» និងអបអរសាទរខួបអនុស្សាវរីយ៍លើកទី៣០ នៃជំនួយអភិវឌ្ឍន៍ផ្លូវការរបស់ជប៉ុនសម្រាប់កំពង់ផែស្វយ័តក្រុងព្រះសីហនុ (១៩៩៦-២០២៦) ជាមួយឯកឧត្តម អ៊ូអិណូអាត់ស៊ូស៊ី (UENO Atsushi) ឯកអគ្គរាជទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម លោកជំទាវ លោក លោកស្រី នាពេលនេះ។
ខ្ញុំសូមយកឱកាសនេះ សម្ដែងនូវអំណរគុណជាអនេកចំពោះ ប្រជាពលរដ្ឋ រាជរដ្ឋាភិបាល និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ នៃប្រទេសជប៉ុន (JICA) ដែលបានរួមចំណែកឈានមុខដល់ការអភិវឌ្ឍកម្ពុជាលើគ្រប់វិស័យ, និយាយជារួម និងនិយាយដោយឡែក, បានជួយដល់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងការគ្រប់គ្រងកំពង់ផែ, ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងការគ្រប់គ្រងប្រព័ន្ធចម្រោះទឹកកខ្វក់, ការសិក្សាគម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវ-ស្ពានសំខាន់ៗ និងការរៀបចំផែនការមេប្រព័ន្ធភស្តុភារកម្មនៅកម្ពុជា, តាមរយៈ ការផ្តល់ឥណទានសម្បទាន, ហិរញ្ញប្បទានឥតសំណង និងជំនួយបច្ចេកទេសជាច្រើនដល់កម្ពុជា, រួមទាំង ការទទួលយកពលករកម្ពុជា ទៅបម្រើការងារនៅប្រទេសជប៉ុន ក្នុងលក្ខខណ្ឌល្អ និងគួរជាទីទុកចិត្ត។ ជាក់ស្ដែង, មិត្តជប៉ុន គឺជាប្រទេសនាំមុខ ដែលបានជួយអភិវឌ្ឍពង្រីកសមត្ថភាពកំពង់ផែស្វយ័តក្រុងព្រះសីហនុ ចាប់តាំងពីឆ្នាំ១៩៩៦ មក។
[ផ្ដើមសេចក្ដីអធិប្បាយ១]
ខួបទី៣០នៃការអភិវឌ្ឍកំពង់ផែក្រុងព្រះសីហនុ កំពង់ផែយើងកាន់តែរីកចម្រើន
ថ្ងៃនេះ មិនមែនត្រឹមតែជាការជួបជុំគ្នាដូចរាល់ឆ្នាំប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការអបអរសាទរខួបទី៣០ នៃការអភិវឌ្ឍកំពង់ផែក្រុងព្រះសីហនុ។ ហើយ(មកតាមផ្លូវអម្បាញ់មិញ) បើមើលរូបភាពនៃការអភិវឌ្ឍ យើងពិតជាមានមោទនភាពដែលកំពង់ផែនេះមានការរីក(ចម្រើន)ខ្លាំង ហើយថែមទាំងមានផែនការរហូតទៅដល់ឆ្នាំ២០៥០ ក្នុងការអភិវឌ្ឍកំពង់ផែនៅទីនេះ។ ជាប្រពៃណីតាំងពីសម្ដេចតេជោអញ្ជើញ ហើយខ្ញុំក៏បានមកពីរឆ្នាំ។ អម្បាញ់មិញ ខ្ញុំប្រាប់ឯកឧត្តម ប៉េង ពោធិ៍នា ថាស្រួលចាំទេ រូបភាពណាដែលមានសក់ស គឺនៅចន្លោះឆ្នាំ ២០២៥-២០២៦ ហ្នឹងឯង ព្រោះពីរឆ្នាំមុន មើលអម្បាញ់មិញឃើញសក់ខ្មៅ នៅក្មេងខ្ចីញេញតែម្ដង មកដល់ឆ្នាំនេះរាងចាស់បន្តិច ប៉ុន្តែគឺជាការវិវត្តទៅមុខ។ និយាយរួម យ៉ាងហោចយើងជួបគ្នាម្ដងនៅទីនេះ ព្រោះឯកឧត្តម លូ គឹមឈន់ គាត់កក់ខ្ញុំតាំងពីដើមឆ្នាំ។ ការពិត កក់តាំងពីឆ្នាំទៅ ហើយដើមឆ្នាំគាត់រំលឹកទៀត ប៉ុន្មានខែមុនរំលឹកទៀត ព្រោះកន្លងទៅ ខ្ញុំបានលុបកម្មវិធីមួយចំនួន ដោយសារស្ថានភាពព្រំដែន ដែលទាមទារឱ្យខ្ញុំនៅប្រចាំការ ប៉ុន្តែក្រោយពីស្ថានភាពមានស្ថិរភាព អញ្ចឹងខ្ញុំចាប់ផ្ដើមចេញចូលរួមនៅក្នុងកម្មវិធីមួយចំនួន រួមទាំងកម្មវិធីនៅទីនេះ។ អញ្ចឹងខ្ញុំក៏មានមោទនភាពដែលបានមក។
អរគុណជប៉ុនសម្រាប់ការអភិវឌ្ឍកំពង់ផែក្រុងព្រះសីហនុ ទាំងជាឥណទាន បច្ចេកទេស និងការគ្រប់គ្រង
ខ្ញុំក៏សូមអរគុណណាស់ ចំពោះការបន្តជួយអភិវឌ្ឍរបស់ជប៉ុននៅទីនេះ។ ហើយក្នុងរយៈពេល ៣០ឆ្នាំនេះ ត្រឹមតែអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទេ បើយើងនិយាយពីហេដ្ឋារចនាសម្ព័ន្ធ គឺដើម្បីបម្រើនូវយុទ្ធសាស្រ្តរយៈពេលវែង(និង)ភាពម្ចាស់ការរបស់យើង។ ដែលបច្ចុប្បន្ន ទំនិញប្រមាណ ១២% ដែលអាចមកត្រង់ ក្រៅពីហ្នឹង ត្រូវចូលទៅ transship នៅសិង្ហបុរី ឬមួយនៅប្រទេសផ្សេង ដោយសារជម្រៅទឹករបស់យើងរាក់។ ជំហានទី១នេះ យើងឈានទៅដល់ ១៤ម៉ែត្រកន្លះ, ជំហានទី២ ១៦ម៉ែត្រជាង ហើយជំហានទី៣ ១៧ម៉ែត្រកន្លះ ដែលអាចឱ្យនាវាពីពិភពលោក(ធំៗចូលបាន) ដូចដែលឯកឧត្តម ប៉េង ពោធិ៍នា បានលើក។
អញ្ចឹងការធានានូវភាពម្ចាស់ការនេះ គឺអាចធ្វើបាន ដោយសារមានការជួយពីជប៉ុន។ មិនជួយត្រឹមតែថវិកាក្នុងនាមជាឥណទានអនុគ្រោះ concessional loans ប៉ុណ្ណោះទេ ប៉ុន្តែជួយជាបច្ចេកទេសនៅក្នុងការសាងសង់ និងការគ្រប់គ្រង។ នេះគឺជាការគិតគូររយៈពេលវែង ព្រោះបើសិនជាសង់តែសំណង់ មិនជួយគិតគូរច្បាស់លាស់ ជួនកាលសង់ហើយ(ដំណើរការ)អត់កើត។ សង់តែកំពង់ផែ ប៉ុន្តែកប៉ាល់ចូលមិនរួច។ សង់តែកំពង់ផែ តែគ្មានវិធីសាស្រ្តគ្រប់គ្រងឱ្យទៅជាកំពង់ផែទំនើប គ្រប់គ្រងតាមបច្ចេកទេស។ អញ្ចឹងការគិតគូររយៈពេលវែង ក្នុងនាមជាយុទ្ធសាស្រ្តដៃគូនេះ គឺល្អ។
សក្ដានុពលធំសម្រាប់ខេត្តព្រះសីហនុ គឺផែភស្ដុភារកម្ម និងឧស្សាហកម្ម
ហើយអម្បាញ់មិញ និយាយជាមួយនឹងគាត់ថា ឥឡូវយើងធ្វើកិច្ចការពីរជាមួយជប៉ុនពាក់ព័ន្ធជាមួយនឹងកំពង់ផែព្រះសីហនុ និង logistics។ ឥឡូវយើងធ្វើដើរហើយ ផែនការវែងយើងមានហើយទៅលើការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្តនិងកំពង់ផែ។ តែដោយឡែកម្ខាងទៀត គឺ logistics យើងមានដីនៅកន្លែងនេះ មានមួយចំនួនដំណើរការទៅមុខ ប៉ុន្តែនៅសក្ដានុពលធំណាស់ដែលត្រូវធ្វើម៉េចពង្រីក logistics ជាយុទ្ធសាស្រ្តនេះបន្ថែមទៀត ភ្ជាប់ជាមួយនឹងកំពង់ផែ ព្រោះនេះជាអនាគតរបស់ខេត្តព្រះសីហនុហើយ។ ទេសចរក៏ជាសក្ដានុពលមួយ ប៉ុន្តែសម្រាប់ខ្ញុំ គិតថា ដែលមានចីរភាពធំ មានសក្ដានុពលធំសម្រាប់ខេត្តព្រះសីហនុ គឺផែភស្ដុភារកម្ម និងឧស្សាហកម្ម ដែលយើងត្រូវជំរុញបន្ត។ ហើយការកសាងកំពង់ផែនៅទីនេះ គឺក្នុងទិសដៅហ្នឹងឯង។
តាំងពីចក្ខុវិស័យរបស់សម្ដេចព្រះបរមរតនកោដ្ឋ កំពង់ផែព្រះសីហនុជាកន្លែងយុទ្ធសាស្រ្ត និងមានសក្ដានុពល
យើងមិនត្រឹមតែដាក់ទិសដៅ ចក្ខុវិស័យទេ ហើយខ្ញុំជឿថា នៅពេលដែលសម្ដេចព្រះបរមរតនកោដ្ឋ សម្ដេចតា បានជ្រើសរើសយកទីតាំងនៅកន្លែងនេះ បូកជាមួយនឹងឆ្នាំ១៩៦០ជាងនោះ ក៏ប្រហែលជាមើលឃើញសក្ដានុពលនៅទីនេះដែរ។ ទឹកជ្រៅមានច្រើនកន្លែង ហេតុអ្វីបានជាយកទឹកជ្រៅនៅកន្លែងនេះ? កន្លែងទឹកជ្រៅមាននៅកំពត កោះកុង នៅអីមានតំបន់ច្រើន ហេតុអ្វីបានជ្រើសរើសយកកន្លែងនេះ? ពីដើមមានបារាំងជួយ មានជប៉ុនមានគិតគូរនៅកន្លែងនេះ។ តាំងពីយើងប្រែប្រួលពីជំនាន់មុនសង្រ្គាម ចូលសង្រ្គាម ក្រោមមកសង្រ្គាមលោកសង្រ្គាមអី កន្លែងនេះនៅតែជាកន្លែងយុទ្ធសាស្រ្តមួយ។
កំពង់ផែព្រះសីហនុទីតាំងយុទ្ធសាស្រ្ត ផ្នែកខាងដឹកជញ្ជូននិងភស្តុភារកម្ម បម្រើដល់ការអភិវឌ្ឍប្រទេសជាតិ
អញ្ចឹងការប្រែក្លាយទីតាំងយុទ្ធសាស្រ្ត ហើយចាប់យកសក្ដានុពលធំសម្រាប់ប្រទេសជាតិរបស់យើង គឺជាអ្វីដែលរាជរដ្ឋាភិបាលតាំងពីឆ្នាំ១៩៩៦ រយៈពេល ៣០ឆ្នាំមកនេះ បានធ្វើនិងប្រែក្លាយ ហើយរាជរដ្ឋាភិបាលអាណត្តិនេះ និងអាណត្តិក្រោយៗក៏នៅតែបន្ត ព្រោះយើងមានផែនការរហូតទៅដល់ឆ្នាំ២០៥០ ក្នុងការអភិវឌ្ឍនៅទីនេះ។ ប៉ុន្តែអភិវឌ្ឍនៅឆ្នាំ២០៥០ ដើម្បីបម្រើរាប់សតវត្សរ៍នៃការអភិវឌ្ឍប្រទេសជាតិ ជាពិសេស ផ្នែកខាងដឹកជញ្ជូន និងភស្តុភាកម្មនៅកម្ពុជាតែម្ដង នេះជាចក្ខុវិស័យ។
ហើយខ្ញុំក៏ធ្លាប់ឮ មានគេសួរថា រដ្ឋាភិបាលថ្មីមានតែទ្រឹស្ដី ប៉ុន្តែអីផ្សេងសូន្យ។ រួចមិនព្រមមើល។ ហើយមានអ្នកវិភាគមួយនោះ គេថា មកពីរដ្ឋាភិបាលមិនព្រមបញ្ចេញធ្វើសង្ខេបឱ្យគេមើល។ នៅចាំសង្ខេបទៀត លោកអើយ! គេធ្វើរាល់ថ្ងៃ កម្មវិធីសម្ពោធ មិនមែនតែខ្ញុំទៅសម្ពោធទេ គ្រប់កន្លែងទាំងអស់ ក្រសួងស្ថាប័នដាក់ចេញនូវវិធានការថ្មី(ខ្លួនឯង)។ ធ្វើជាអ្នកស្រាវជ្រាវ ស្រាវជ្រាវមើលទៅ។ ហើយសម័យឥឡូវ មិនដូចសម័យកាលឆ្នាំ១៩៩០ មិនមាន internet ទេ អត់មាន Google, Facebook ទេ ឥឡូវព័ត៌មានពេញ។ អញ្ចឹងសម្រាប់ប្រជាពលរដ្ឋរបស់យើងដូចគ្នា។
វិស័យដឹកជញ្ជូននិងភស្តុភារកម្មនេះ គឺជាស្នូលមួយ សម្រាប់បម្រើឱ្យវិស័យផ្សេងៗទៀត
អ្វីដែលខ្ញុំនិយាយ គឺរាជរដ្ឋាភិបាលដាក់ទិសដៅ និងបានធ្វើជាក់ស្ដែងនៅក្នុងការដាក់ទិសដៅ ដើម្បីជំរុញប្រទេសជាតិរីកចម្រើន ហើយក្នុងនោះ វិស័យដឹកជញ្ជូននិងភស្តុភារកម្មនេះ គឺជាស្នូលមួយ សម្រាប់បម្រើឱ្យវិស័យផ្សេងៗទៀត។ ព្រោះបើសិនជាវិស័យដឹកជញ្ជូនវាថ្លៃខ្ពស់ យើងត្រូវចំណាយខ្ពស់ ភាពប្រកួតប្រជែងផលិតផលកសិកម្ម ឧស្សាហកម្ម កម្មន្តសាលរបស់យើង ក៏ពិបាក ប៉ុន្តែ បើយើងធ្វើអានេះភ្ជាប់ ហើយថ្ងៃក្រោយដឹកទៅត្រង់ទៅត្រង់មក ពីកម្ពុជាទៅពិភពលោក ជាជាងពឹងចូលតាមនេះ/នោះ វាដំឡើងថ្លៃកប់។ (ការដឹកជញ្ជូនត្រង់ទៅត្រង់មក) គឺនឹងជួយលើកស្ទួយនូវសេដ្ឋកិច្ចផ្សេងៗទៀតផងដែរ។
[ចប់សេចក្ដីអធិប្បាយ១]
ឆ្លៀតក្នុងឱកាសនេះ, ខ្ញុំសូមស្នើ មិត្តជប៉ុន តាមរយៈឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ី (UENO Atsushi) ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា ជួយពិនិត្យលទ្ធភាពក្នុងការគាំទ្រដល់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ប្រព័ន្ធឡូជីស្ទីក និងប្រព័ន្ធចម្រោះទឹកកខ្វក់ នៅកម្ពុជាបន្ថែមទៀត, ព្រមទាំង សូមជួយសម្របសម្រួលរៀបចំឱ្យមានកម្មវិធីផ្លាស់ប្ដូរចំណេះដឹង ជំនាញ បទពិសោធ និងបច្ចេកវិទ្យា លើការអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធ ដើម្បីជំរុញការអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តកម្ពុជា ឱ្យកាន់តែប្រសើរឡើង។
ផ្អែកតាមរបាយការណ៍ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ដែលបានលើកឡើងអំពីតួនាទី និងសារៈសំខាន់នៃកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដែលជាកំពង់ផែទឹកជ្រៅតែមួយគត់របស់កម្ពុជា និងជាមូលដ្ឋាននៃការរីកចម្រើនផ្នែក ឧស្សាហកម្ម, ពាណិជ្ជកម្ម និងកម្មន្តសាល បន្ថែមលើវិស័យទេសចរណ៍ នៅកម្ពុជា។ ជាក់ស្តែង, បរិមាណទំនិញឆ្លងកាត់កំពង់ផែនេះ បានកើនឡើងគួរឱ្យកត់សម្គាល់ពីមួយឆ្នាំទៅមួយឆ្នាំ។ ជាង ២ ឆ្នាំចុងក្រោយនេះ, សមត្ថភាពកំពង់ផែស្វយ័តក្រុងព្រះសីហនុ បានកើនឡើងពី ៥៥ ម៉ឺន TEUs ដល់ ១,៣ លាន TEUs ក្នុងមួយឆ្នាំ។
ក្នុងន័យនេះ, ខ្ញុំសូមសម្តែងនូវការកោតសរសើរ ក្រុមប្រឹក្សាភិបាល ថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិក កម្មករ និយោជិត របស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ ចំពោះកិច្ចសហការល្អ និងការបំពេញការងារប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការធានាប្រសិទ្ធភាពនៃប្រតិបត្តិការ និងគុណភាពសេវាកម្ម ដែលជាលទ្ធផល ធ្វើឱ្យកំពង់ផែស្វយ័តក្រុងព្រះសីហនុ រីកចម្រើនជាលំដាប់, ឆ្លុះបញ្ចាំង តាមរយៈការកើនឡើងចំនួនកុងតឺន័រឆ្លងកាត់ជារៀងរាល់ឆ្នាំ។
ឯកឧត្តម លោកជំទាវ លោក លោកស្រី និងអង្គពិធី ជាទីមេត្រី!
វិស័យកំពង់ផែ គឺជាវិស័យអាទិភាព ដែលបានចង្អុលបង្ហាញក្នុង យុទ្ធសាស្ត្របញ្ចកោណ- ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា។ ក្នុងន័យនេះ, រាជរដ្ឋាភិបាលខិតខំបន្តបង្កើនថវិកាវិនិយោគ និងកៀរគរហិរញ្ញប្បទាននានា ដើម្បីបន្តអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធកំពង់ផែរបស់យើងឱ្យកាន់តែរីកចម្រើនថែមទៀត សម្រាប់ទ្រទ្រង់កំណើននៃសកម្មភាពពាណិជ្ជកម្មអន្តរជាតិ និងកំណើនសេដ្ឋកិច្ចជាតិ។
រាជរដ្ឋាភិបាលមានចក្ខុវិស័យវែងឆ្ងាយក្នុងការប្រែក្លាយកំពង់ផែស្វយ័តក្រុងព្រះសីហនុនេះទៅជាកន្លែងផ្ទេរទំនិញដ៏សំខាន់របស់កម្ពុជា និងជាកំពង់ផែទឹកជ្រៅស្នូលនៅក្នុងតំបន់។ ជាមួយនឹងគោលដៅយុទ្ធសាស្ត្រអភិវឌ្ឍកំពង់ផែ, រាជរដ្ឋាភិបាលនឹងសាងសាង់ចំណតផែកុងតឺន័រទឹកជ្រៅជំហានទី២ និងទី៣ បន្ថែមទៀត ដែលនឹងអនុញ្ញាតឱ្យមានការដឹកជញ្ជូនទំនិញចេញ-ចូល [ដូចក្នុងរបាយការណ៍ដែលឯកឧត្ដម ប៉េង ពោធិ៍នា បានលើក]។
ក្នុងគោលបំណងលើកកម្ពស់ផលិតភាពការងារ, គុណភាពសេវាកម្ម និងប្រសិទ្ធភាពនៃប្រតិបត្តិការ នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ, ខ្ញុំសូមផ្តល់នូវអនុសាសន៍មួយដូចខាងក្រោម ៖
ទី១. កំពង់ផែស្វយ័តក្រុងព្រះសីហនុ ត្រូវបន្តពង្រឹងកិច្ចសហប្រតិបត្តិការល្អជាមួយទីភ្នាក់ងារ JICA លើការងារអាទិភាព រួមមាន៖ ទី១. ជំរុញការអនុវត្តគម្រោងសាងសង់ចំណតផែកុងតឺន័រទឹកជ្រៅថ្មី ជំហានទី២ និងទី៣ ឱ្យសម្រេចបានតាមផែនការ, ទី២. ជំរុញការចូលរួមសិក្សារៀបចំផែនការមេ សម្រាប់ប្រែក្លាយកំពង់ផែស្វយ័តក្រុងព្រះសីហនុ ទៅជាកំពង់ផែតំបន់ និងមជ្ឈមណ្ឌលឡូជីស្ទីក, ទី៣. ជំរុញការតភ្ជាប់បណ្តាញដឹកជញ្ជូនផ្ទៃក្នុងប្រទេស មកកាន់កំពង់ផែស្វយ័តក្រុងព្រះសីហនុ, និងទី៤. ជំរុញការធ្វើទំនើបកម្មកំពង់ផែស្វយ័តក្រុងព្រះសីហនុ (Port Digitalization) ឱ្យក្លាយជា E-Port។
[ផ្ដើមសេចក្ដីអធិប្បាយ២]
ធ្វើឲ្យកំពង់ផែអន្តរជាតិទាំងអស់បំពេញឲ្យគ្នា ជាជាងប្រកួតប្រជែងគ្នា, បែងចែកភារកិច្ចផែនីមួយៗ កុំឲ្យផែមួយពហុភារកិច្ច
ដូចខ្ញុំបានលើក យើងមានកំពង់ផែអន្តរជាតិមួយចំនួននៅកម្ពុជា ដូចជានៅកំពត កោះកុង និងខេត្តព្រះសីហនុ។ កន្លងទៅ ខ្ញុំបានចេញគោលការណ៍ផ្អាកការចេញអាជ្ញាបណ្ណឲ្យធ្វើកំពង់ផែអន្តរជាតិបន្ថែមទៀត ព្រោះឥឡូវនេះមានហើយ ប៉ុន្មាននេះធ្វើឲ្យហើយ ធ្វើឲ្យអស់ ជួយឲ្យមានសក្ដានុពលសិន ប៉ុន្តែទោះជាយ៉ាងណានៅក្នុងផែទាំងអស់នោះក្នុងកម្រិតអន្តរជាតិប្រាកដមិនមែនជាផែគ្រប់ … ដើម្បីឲ្យមានប្រសិទ្ធភាពយើងត្រូវធ្វើម៉េចឲ្យផែទាំងអស់នោះបំពេញគ្នាទៅវិញទៅមក ជាជាងប្រកួតប្រជែងគ្នាទៅវិញទៅមក។ ការសិក្សាបន្ថែមទៀតទៅលើការរៀបចំ តើផែមួយភារកិច្ចវាអី? តើនេះជាផែសម្រាប់ដឹកកុងតៃន័រ និងទំនិញចម្រុះផ្សេងៗ ដែលជាអាទិភាពធំសម្រាប់មជ្ឈមណ្ឌលភស្ដុភារកម្ម ដែលភាគច្រើនពាក់ព័ន្ធទៅនឹងទំនិញ កសិផល អីផ្សេងៗ។ ផែនៅកន្លែងផ្សេងទៀត តើរៀបចំយ៉ាងណា? តើគ្រប់ផែទាំងអស់ជាផែដែលមានពហុភារកិច្ច? បានន័យថា ថ្ងៃក្រោយសង់កន្លែងស្តុកប្រេងក៏នៅទីនេះ អ្វីផ្សេងក៏នៅទីនេះ ទេសចរណ៍ក៏នៅទីនេះ បានន័យថា តែមួយកន្លែងហ្នឹងមានគ្រប់ ឬមួយក៏យើងត្រូវបែងចែកភារកិច្ចគ្នា។ ដោយសារឆ្នេរយើងមិនឆ្ងាយទេ ត្រឹមតែ៣០០គីឡូ បើឲ្យផែនីមួយៗដែលមានអាជ្ញាបណ្ណធ្វើនេះ ហើយកំពុងអភិវឌ្ឍន៍ កន្លែងខ្លះក៏បានធ្វើហើយ ទៅជាផែដែលប្រកួតប្រជែងគ្រប់មុខ (វាអត់កើត) ទីមួយវាអត់ប្រសិទ្ធភាពផែហ្នឹង។ ឧទាហរណ៍៖ បើសិនជាផែខេត្តព្រះសីហនុត្រូវធ្វើគ្រប់មុខ អញ្ចឹងកន្លែងសម្រាប់ពង្រីកកុងតៃន័រក៏តិច ព្រោះត្រូវធ្វើកន្លែងស្ដុកប្រេង និងធ្វើអីគ្រប់ប្រភេទ អញ្ចឹងវាអត់មានប្រសិទ្ធភាព។ ធ្វើទាំងកន្លែងសម្រាប់ទទួលទេសចរផ្សេងៗ។ ត្រូវបែងចែកមុខគ្នា។
ពិនិត្យមើលផែនៅកំពតធ្វើសម្រាប់រ៉ែ និងសិក្សាមួយកន្លែងទៀតសម្រាប់ប្រេង
នៅកំពតយើងអាចពិនិត្យមើលផែដែលធ្វើសម្រាប់ជារ៉ែ។ យើងកំពុងសិក្សាមួយកន្លែងទៀត គឺសម្រាប់ជាមូលដ្ឋានកសាងសម្រាប់កន្លែងប្រេងតែម្ដង ព្រោះវិបត្តិនៃសង្គ្រាមពីអ៊ីរ៉ង់មក ធ្វើឲ្យផ្នែកថាមពលមានវិបត្តិ ដែលតម្រូវឲ្យយើងគិត និងខិតខំជំរុញនៅក្នុងការកសាងសមត្ថភាពរក្សាប្រេង និងឧស្ម័នបម្រុង reservoir។ ទៅថ្ងៃក្រោយបើយើងមានការអភិវឌ្ឍប្រេងនៅខាងក្នុង វាត្រូវភ្ជាប់ជាមួយឧស្សាហកម្មដែលបម្រើឲ្យការចម្រាញ់ប្រេង។ ត្រូវគិតគូរឲ្យហើយអំពីការបែងចែកកន្លែងណា ដែលជា zone សម្រាប់ធ្វើទាំងអស់ហ្នឹង ហើយរុញទៅនោះតែម្ដង។ មិនគួរយកមកកសាងពោងប្រេង ឬកន្លែងចម្រោះប្រេង ចម្រាញ់ប្រេង នៅជាប់កំពង់ផែ ទុកកន្លែងដែលធ្វើទៅថ្ងៃមុខ ពង្រីកកុងតៃន័រអី ដែលជាភារកិច្ចរបស់ផែ ព្រោះមានភារកិច្ចខុសគ្នា។
ប្រទាក់ក្រឡាគ្នាផែទឹកសាប និងទឹកប្រៃ ធ្វើឲ្យលំហូរនៃទំនិញពីក្រៅចូលមកក្នុង និងពីក្នុងចេញទៅក្រៅ បានល្អ
ផែព្រះសីហនុនេះត្រូវភ្ជាប់គ្នាជាមួយផែខេត្តផ្សេងៗ។ នៅក្នុងទឹកសាបក៏យើងមានផែភ្នំពេញ។ យើងកំពុងធ្វើផែពហុបំណងនៅកំពង់ឆ្នាំង និងនៅក្រចេះ អញ្ចឹងការតភ្ជាប់នេះគឺត្រូវតែធ្វើ។ នៅក្នុងផែនការមេធំរបស់យើង ដែលកំពុងកសាងព្រែកជីកហ្វូណនតេជោ ភ្ជាប់ទន្លេមកសមុទ្រ ដើម្បីបង្ហូរទំនិញពីទិសខាងជើង និងទិសឦសានតាមផ្លូវទឹកបន្ថែមទៅលើផ្លូវគោក ផ្លូវដែក ដែលយើងមាន ដើម្បីបង្កើតជម្រើសនិងរកវិធីកាត់បន្ថយចំណាយ។ ការធ្វើផែនការមេដែលមានក្រសួងសាធារណការ និងដឹកជញ្ជូនធ្វើជាសេនាធិការឲ្យរាជរដ្ឋាភិបាល គឺធ្វើការតភ្ជាប់បែបនេះ។ សុំឲ្យផែព្រះសីហនុធ្វើសកម្មភាពក្នុងការប្រទាក់ក្រឡាគ្នា បានន័យថា ផែនីមួយៗកុំប្រកួតគ្នាហើយត្រូវតែប្រមូលទាំងអស់ អត់ទេ។ ត្រូវប្រទាក់ក្រឡាគ្នាធ្វើយ៉ាងណាឲ្យការលំហូរនៃទំនិញពីក្រៅចូលមកក្នុង និងពីក្នុងចេញទៅក្រៅវិញ ពីផែទឹកប្រៃប្រទាក់ក្រឡាគ្នាបូកជាមួយផែទឹកសាបនៅខាងក្នុងបានល្អ។ ព្រោះវាជួយ ដូចដែលខ្ញុំបានលើកថា វិស័យភស្ដុភារកម្ម និងវិស័យដឹកជញ្ជូននេះវាមិនមែនជួយតែក្រុមហ៊ុនដឹកជញ្ជូន ឬផែឲ្យចំណេញទេ វាជួយលើកកម្ពស់នៃវិស័យអ្វីៗទាំងអស់ រួមទាំងកសិផលយើង។
កំពុងរៀបចំសួនឧស្សាហកម្មស្វាយចន្ទីនៅខេត្តកំពង់ធំ
យើងកំពុងតែរៀបចំនូវសួនឧស្សាហកម្មស្វាយចន្ទីមួយ ដើម្បីជំរុញស្វាយចន្ទីនៅខេត្តកំពង់ធំ។ រៀបចំជា master plan មួយ ជាផែនការគោលមួយ ឲ្យវិស័យនេះរីកចម្រើន។ ហេតុអីបានជាយើងយកខេត្តកំពង់ធំមុនគេ? ហើយទីតាំងដែលយើងធ្វើហេតុអីបានយកកន្លែងនោះ? គឺដោយសារវានៅជិតទន្លេដែលនឹងអាចឆ្លងមកផែពហុបំណងកំពង់ឆ្នាំងដឹកចុះមក។ ការកសាងកំពង់ផែ និងផ្លូវទឹកភ្ជាប់គ្នាមិនមែនត្រឹមតែបម្រើឲ្យក្រុមហ៊ុនដឹកជញ្ជូន ឬមួយកំពង់ផែរកចំណេញជាភស្ដុភារកម្មនោះទេ ប៉ុន្តែវាជួយលើកកម្ពស់ដល់ការប្រកួតប្រជែងនៅក្នុងវិស័យស្វាយចន្ទី, ស្រូវ, អង្ករ និងវិស័យផ្សេងទៀត ដែលអាចដឹកបាន។ បើសិនជាដឹកតាមផ្លូវដែក និងដឹកតាមផ្លូវទឹកភាគច្រើន គឺដឹកតាមផ្លូវទឹកថោកជាង។ នៅលើពិភពលោកនេះការដឹកជញ្ជូនធ្វើពាណិជ្ជកម្មតាមផ្លូវទឹក ទោះបីជាយូរ តែជាង៨០% ទៅ៩០% នៃការដឹកជញ្ជូន គឺតាមផ្លូវទឹក។ យន្តហោះមាន ប៉ុន្តែដឹកវាថ្លៃ។ ដឹកតាមផ្លូវគោក និងតាមផ្លូវដែកមួយចំនួន។
ចង់ចាប់ដៃគូជាមួយផែរបស់គេ ទាល់តែទំនើបកម្ម និងពង្រឹងសមត្ថភាពផែរបស់យើងឲ្យមានកម្រិតដូចគេ
អញ្ចឹង ការកសាងនៅកន្លែងនេះ និងការរៀបចំធ្វើទំនើបកម្មផែព្រះសីហនុ គឺជាការល្អ។ ហើយការភ្ជាប់ទំនាក់ទំនងជាមួយកំពង់ផែដៃគូនៅលើពិភពលោក ពេលដែលយើងខ្លាំង នឹងមានដៃគូខ្លាំងដែរហើយ។ ព្រឹកមិញ ខ្ញុំបញ្ជូនទៅឲ្យ មានផែលេខ២ក្នុងប្រទេសមហាអំណាចមួយ ដាក់មកសុំភ្ជាប់ សូមអញ្ជើញឯកឧត្ដមទៅ ដើម្បីពិភាក្សាគ្នាភ្ជាប់ទំនាក់ទំនងបង្កើតជា … ដែលអង់គ្លេសថា Sister Ports បើបកជាខ្មែរថា ផែសម្ព័ន្ធមិត្ត តែបើបកប្រែចំគឺថា ផែបងប្អូនស្រី។ ហេតុអីគេយកបងប្អូនស្រី មិនយក brother? … ការចាប់បែបនេះ ខ្ញុំគិតថា គេក៏មើលដែរ ព្រោះមិនអាចថា បើសិនជាផែរបស់គេចេញមកសុទ្ធតែតាមអេឡិចត្រូនិចទាំងអស់ ដល់មកផែយើងអត់មានសមត្ថភាព គេពិបាកធ្វើការជាមួយ គេមិនចាប់ដៃទេ។ តែបើយើងមានដូចគ្នា គឺវាជួយ clear ទាំងអស់។ អញ្ចឹងការធ្វើទំនើបកម្ម ការពង្រឹងសមត្ថភាពយើង ឲ្យយើងឆ្ពោះទៅរកដៃគូដែលកម្រិតដូចគ្នា។ ហើយបើយើងមាន Sister Ports អាចចរចាគ្នាពីរឿងកាត់បន្ថយថ្លៃអីផ្សេងៗ យើងធ្វើបានទៀត។
ហើយនេះជាការពង្រីកនៅក្នុងការបង្កើននូវសមត្ថភាព ដែលមិនត្រឹមតែខ្លួនឯងទេ ប្រទាក់ក្រឡានៅខាងក្នុងផង អាចថាកំពង់ផែខេត្តព្រះសីហនុជាកំពង់ផែបោះមេមួយ ព្រោះទំនិញទាំងអស់ដែលដឹកចេញពីផែទឹកសាប មិនអាចដឹកពីផែទឹកសាបហើយឡើងទៅដល់អាមេរិកហ្មងទេ ប្រាកដជាត្រូវចូលមកផែទឹកជ្រៅ ហើយផែទឹកជ្រៅដែលសកម្មជាងគេ គឺនៅទីនេះក្នុងវិស័យមួយចំនួន។ (ប៉ុន្តែ) រ៉ែគេអាចមានផែផ្សេង (ដូចជា)មាននៅកំពត មិនបាច់ដាក់រ៉ែនៅទីនេះទេ។ ប្រេងគេមានផែផ្សេងដែរ។ តែបើទំនិញទូទៅគឺមកកន្លែងនេះ។ អញ្ចឹង បោះមេ ហើយរៀបចំជាតួអង្គមួយសម្រាប់សម្របសម្រួល ហើយពង្រឹងសមត្ថភាពខ្លួន។
[ចប់សេចក្ដីអធិប្បាយ២]
ទី២. កំពង់ផែស្វយ័តក្រុងព្រះសីហនុ ត្រូវបន្តជំរុញការកែទម្រង់ស្ថាប័ន និងការកសាងមូលធនមនុស្ស ដើម្បីបង្កើន ផលិតភាពការងារ, គុណភាពសេវាកម្ម និងប្រសិទ្ធភាពនៃប្រតិបត្តិការ ឱ្យកាន់តែប្រសើរឡើងថែមទៀត ជាពិសេស ត្រូវសិក្សាអំពីតម្រូវការធនធានមនុស្ស, ទំាងបរិមាណ និងគុណភាព, ដោយផ្អែកលើទំហំការងារជាក់ស្តែង ការកំណត់តួនាទីភារកិច្ច, ការពិពណ៌នាការងារ, ការវាយតម្លៃលទ្ធផលការងារ, ការរៀបចំគោលនយោបាយ និងប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងធនធានមនុស្ស ការកែទម្រង់រចនាសម្ព័ន្ធមុខងារ និងការអនុវត្តការងារ ជាដើម។
[ផ្ដើមសេចក្ដីអធិប្បាយ៣]
ទោះបីបច្ចេកវិទ្យាទំនើប តែបើមនុស្សមិនទំនើប ក៏ប្រើបច្ចេកវិទ្យាមិនកើត
នេះគឺជាគន្លឹះមួយសំខាន់។ បច្ចេកវិទ្យាជួយយើងក្នុងការធ្វើឲ្យមានប្រសិទ្ធភាពនៃលំហូរការងារ ប៉ុន្តែ បើសិនជាគ្មានមនុស្សដែលទំនើបទេ យកបច្ចេកវិទ្យាមកប្រើអត់កើតទេ។ ទូរស័ព្ទទោះជាទំនើបយ៉ាងម៉េចក៏ដោយ បើយើងចេះត្រឹមតែចុចលេខខលហ្នឹង ប្រើបានតែប៉ុណ្ណឹង រឿងផ្សេងៗទៀតបញ្ជូនរូបអីជាដើម អត់ចេះប្រើ វាប្រើអត់បាន។ បច្ចេកវិទ្យាដូចគ្នា តែមិនស្រួលច្នៃ បច្ចេកវិទ្យាទំនើបយកមកដាក់អាក្រោយទៀត ព្រោះប្រើអានោះទៅពិបាក ច្នៃយកមកតខ្សែចុះឡើង … វាអត់ប្រសិទ្ធភាព។ ទី២ យើងក៏ពិបាកក្នុងការទាញយកនូវប្រព័ន្ធការងារកម្រិតស្តង់ដាអន្តរជាតិដែលប្រើប្រាស់បច្ចេកវិទ្យា។ អញ្ចឹងការយកចិត្តទុកដាក់ទៅលើការកសាងធនធានមនុស្ស មិនមែនតែផែស្វយ័តព្រះសីហនុទេ នៅគ្រប់ស្ថាប័នរដ្ឋទាំងអស់ ទាំងកងទ័ព នគរបាល និងស៊ីវិល ត្រូវតែពង្រឹងសមត្ថភាព។
[ចប់សេចក្ដីអធិប្បាយ៣]
ទី៣. ក្រុមប្រឹក្សាភិបាល ថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិក កម្មករ និយោជិត របស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ ត្រូវបន្តខិតខំបំពេញការងារឱ្យបានកាន់ល្អថែមទៀត ដើម្បីបង្ហាញនូវសុឆន្ទៈ, សមត្ថភាព និងប្រសិទ្ធភាពការងាររបស់យើង ដើម្បីលើកកម្ពស់ការផ្តល់សេវាកំពង់ផែ ឱ្យកាន់តែប្រសើរ សម្រាប់បម្រើឱ្យវិស័យពាណិជ្ជកម្មកម្រិតអន្តរជាតិ ប្រកបដោយភាពប្រកួតប្រជែងខ្ពស់។
ទី៤. ក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួង-ស្ថាប័នពាក់ព័ន្ធ ត្រូវបន្តបង្កើនកិច្ច-សហការឱ្យបានជិតស្និទ្ធ ប្រកបដោយតម្លាភាព និងប្រសិទ្ធភាពខ្ពស់ ស្របតាមអភិក្រម «ជវភាពនៃប្រព័ន្ធ តួអង្គតែមួយ» ដើម្បីកែលម្អប្រព័ន្ធគ្រប់គ្រងសេវាកម្មគ្រប់ផ្នែក នៅក្នុងកំពង់ផែស្វយ័តក្រុងព្រះសីហនុឱ្យបានកាន់តែប្រសើរឡើង, ដែលទាំងអស់នេះ មានសារៈសំខាន់បំផុត ក្នុងការលើកកម្ពស់ការជឿទុកចិត្តពីសំណាក់អតិថិជន វិនិយោគិនជាតិ-អន្តរជាតិ លើសេវាកំពង់ផែរបស់យើង។
[ផ្ដើមសេចក្ដីអធិប្បាយ៤]
ភាពច្របូកច្របល់នៃនីតិវិធីការងារ និងប្រព័ន្ធការងារស្មុគស្មាញ ក៏មិនអាចប្រកួតប្រជែងឈ្នះគេដែរ
ចំណុចនេះគឺជាគន្លឹះមួយនៃការប្រកួតប្រជែង មានហេដ្ឋារចនាសម្ព័ន្ធ ឧបករណ៍ទំនើប មានមនុស្សពូកែ យ៉ាងម៉េចក៏ដោយ ប៉ុន្តែបើមានភាពច្របូកច្របល់នៃនីតិវិធីការងារ ការរៀបចំប្រព័ន្ធការងារច្របូកច្របល់ស្មុគស្មាញ ត្រួតគ្នាយូរ ក៏មិនអាចប្រកួតប្រជែងបានដែរ។ ទោះបីមនុស្សពូកែធ្វើតាមក្បួនក៏ដោយ តែក្បួនហ្នឹងវាស្មុគស្មាញ យើងអត់ឈ្នះគេទេ។ ផែចង់បាន ១លាន ២លាន TEU ក៏ដោយប៉ុន្តែបើ Clear កុងតៃន័រហ្នឹងត្រូវការពេល ៣ថ្ងៃ នៅពេលដែលផែប្រទេសផ្សេងគេ Clear តែមួយថ្ងៃ នេះហើយគឺជាកិច្ចការសំខាន់។ បច្ចេកវិទ្យាល្អយ៉ាងម៉េចក៏ដោយវានៅតែមនុស្ស តែមនុស្សធ្វើម៉េចក៏ដោយក៏នៅតែតាមនីតិវិធី។
ដើម្បីឱ្យប្រកួតប្រជែង ទាល់តែធ្វើឱ្យសាមញ្ញ តែមានប្រសិទ្ធភាព កុំស្មុគស្មាញពេក
ទី២ ការត្រួតគ្នានៃនីតិវិធីមួយចំនួនស្មុគស្មាញលុបចោលទៅ។ ទំនើបកម្ម គឺទំនើបកម្មប្រព័ន្ធការងារហ្នឹងឯង ដើម្បីឱ្យប្រកួតប្រជែង ទាល់តែធ្វើឱ្យសាមញ្ញ តែមានប្រសិទ្ធភាព កុំស្មុគស្មាញពេក។ អញ្ចឹង បើស្មុគស្មាញត្រួតគ្នា មានតែយើងដែលយល់ អ្នកផ្សេងទៀតអត់យល់អញ្ចឹងពិបាក។ អញ្ចឹងទាំងអតិថិជនទាំងអីក៏ងាយយល់ ហើយមានតម្លាភាព ស្រួលធ្វើតែម្តង។ ការងារនេះគឺសំខាន់ណាស់។ កន្លែងនេះគឺខ្ញុំសូមធ្វើការកោតសរសើរកន្លងទៅគ្រប់ស្ថាប័នទាំងអស់នៅទីនេះ មិនថាគយ មិនថាកំពង់ផែ បានខិតខំកែសម្រួលនីតិវិធីច្រើន នៅក្នុងការធ្វើយ៉ាងឱ្យការ Clear ទំនិញទាំងចេញទាំងចូលបានដោយប្រសិទ្ធភាព លឿន កាត់បន្ថយ(ពេលវេលា)។ ហើយការបង្កើននូវការវិនិយោគទៅលើបច្ចេកវិទ្យាថ្មីៗដូច Scanner ដូចអីហ្នឹង គឺវាជួយច្រើន ហើយមិនត្រឹមតែជួយកាត់បន្ថយពេលវេលាទេ ប៉ុន្តែវាជួយទាំងតម្លៃ។ តម្លៃយ៉ាងម៉េច? កាលខ្ញុំនៅអង្គភាពប្រឆាំងភេរវកម្មធ្លាប់មកហ្នឹងម្តង កាលហ្នឹងដូចខាង IEAA គេឱ្យ Scanner លើវិទ្យុសកម្ម ព្រោះអាហ្នឹងចាត់ទុកជារបស់ហានិភ័យ បើសិនជាយើងអត់មានទេ កុងតៃន័រចេញពីយើង ត្រូវទៅចូលសិង្ហបុរី Scan ម្តងបង់លុយគេនៅនោះ ព្រោះតែចូលប្រទេសមហាអំណាច ប្រទេសធំៗគេត្រូវការមានអាហ្នឹង គេមិនអាចឲ្យយកវិទ្យុសកម្មមួយកុងតៃន័រ ទៅដល់ផែ គេផ្ទុះភឹងអស់បាត់។ អញ្ចឹងនៅពេលដែលយើងអភិវឌ្ឍខ្លួនឯង ធ្វើអីចេញពីយើងទាំងអស់ បានន័យថា វាយ Seal ពីយើងទៅ កំពង់ផែទូទាំងពិភពលោក មិនត្រឹមតែដឹកទៅដល់ទេ គេទទួលទៀត។ នេះហើយគឺជាការកាត់បន្ថយ ហើយបង្កើនសមត្ថភាព និងជំនឿទុកចិត្តរបស់យើង។ សូមអបអរសាទរ ហើយអរគុណណាស់ចំពោះការខិតខំ ហើយសូមបន្តទៀត។
នីតិវិធីមិនស្មុគស្មាញ តែក៏មិនត្រូវធូររលុងពេក, កុំឲ្យកុងតៃន័រមួយឬពីរ ធ្វើឲ្យគេអស់ជំនឿលើកម្ពុជា
ជួនកាលនីតិវិធីយើងស្មុគស្មាញ ឬធូររលុងពេក ក៏ទៅដល់គេអត់ទុកចិត្ត ព្រោះចេញទៅស្រាប់តែធ្លាយអីមួយពីរម្តងម្កាល គឺគេ Blacklist ថ្ងៃក្រោយចេញពីហ្នឹងទៅថ្លៃ ចេញពីហ្នឹងទៅពិបាក។ អញ្ចឹងគឺការគិតគូរធ្វើនេះ ប្រសិទ្ធភាព។ អញ្ចឹងបានថាការងារបងប្អូនធ្វើនៅទីនេះ ធ្វើឱ្យទំនិញចេញចូលកុងតៃន័រ មានប្រសិទ្ធភាព គឺជួយកម្ពុជាទាំងមូល បានន័យថា ជួយរក្សានូវកេរ្តិ៍ឈ្មោះប្រព័ន្ធដឹកជញ្ជូននៅកម្ពុជា។ អញ្ចឹងសូមបន្តពង្រឹង និងធ្វើទំនើបកម្ម និងជួយក្នុងការបំពេញភារកិច្ចដ៏ល្អបែបនេះបន្តទៀត។ ខ្ញុំសូមអរគុណ។ ព្រោះវាប្រទាក់ក្រឡាគ្នាទាំងអស់។ វាអត់ខុសពីក្រុមហ៊ុន ឥឡូវថា Food Panda ទៅចុះ កម្ម៉ង់ម្ហូបមក ម៉ូតូរាប់រយគ្រឿង តែម៉ូតូមួយគត់ដែលគាត់ធ្វើមិនច្បាស់លាស់ យកទៅដល់ អ្នកកម្ម៉ង់ហ្នឹងបានម្ហូបឆៅ ឬមួយក៏ហូបទៅយ៉ាងម៉េច ថ្ងៃក្រោយគេលឺតែ Food Panda គេរាង ដូចរាងចង់ញ៉ាកដែរ ញ៉ាំម្តងហ្នឹងធ្វើទុក្ខ៥ថ្ងៃ។ អញ្ចឹង គឺភារកិច្ចនៃកុងតៃន័រមួយៗ គឺជាកត្តាគន្លឹះ។ កុងតៃន័រមួយពាន់ទៅល្អ តែមានមួយឬពីរមានបញ្ហា គេចាប់ផ្តើម(ប្រយ័ត្ន)ហើយ។ វាមិនខុសពីទំនិញកសិកម្មទេ អង្ករយើងនាំចេញរាប់ម៉ឺន រាប់សែនតោន ប៉ុន្តែនៅពេលមួយឬពីរកុងតៃន័រមានបញ្ហា គេចាប់ផ្តើមដាក់សញ្ញាសួរមកពីកម្ពុជា។ អញ្ចឹងការដឹកជញ្ជូនគ្រប់ទាំងអស់គឺជាបញ្ហាសំខាន់ដែលត្រូវអភិវឌ្ឍ។
កាត់បន្ថយការឆែកពីរតង់លើផលប៉ះពាល់ដល់បរិស្ថានចំពោះរោងចក្រ/ក្រុមហ៊ុនក្នុងតំបន់សេដ្ឋកិច្ចដែលមានអាជ្ញាបណ្ណ និងឲ្យការទទួលខុសត្រូវទៅតំបន់សេដ្ឋកិច្ចពិសេស នៅក្នុងការចូលរួមថែរក្សាបរិស្ថាន
ទី ៣ នីតិវិធីនេះខ្ញុំសូមលើកបន្តិច ល្ងាចមិញខ្ញុំស៊ីញ៉េមួយរឿងបរិស្ថាន។ ស្តង់ដារបរិស្ថានយើងត្រូវតែធានាហើយ ប៉ុន្តែត្រូវមើលនីតិវិធីកន្លែងខ្លះកុំឱ្យជាន់គ្នា។ កន្លងទៅមានការលើកឡើងពីវិស័យឯកជន ឯកឧត្តម ស៊ុន ចាន់ថុល បានប្រាប់មកខ្ញុំថា ឥឡូវការធ្វើបរិស្ថានរបស់យើង កន្លែងខ្លះមិនចាំបាច់ធ្វើត្រួតគ្នាទេ ឧទាហរណ៍ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ក្រុមហ៊ុនមួយធម្មតាពេលដែលវិនិយោគធ្វើអីមួយ ត្រូវឆ្លងកាត់បទដ្ឋានរបស់យើងត្រូវបំពេញអនុលោមតាមច្បាប់របស់យើង រួមទាំងការវាយតម្លៃផលប៉ះពាល់ផ្នែកបរិស្ថាន ដែលហៅ EIA។ អញ្ចឹង ជាទូទៅត្រូវមានការត្រួតពិនិត្យ ហើយការធានា ពេលប្រតិបត្តិការកុំឱ្យបញ្ចេញផ្សែងពុលចូលបរិស្ថាន បញ្ចេញកាកសំណល់ពុលចូលទឹក ចូលអី ត្រូវតែធ្វើស្អីខ្លះ? អញ្ចឹងសម្រាប់ក្រុមហ៊ុនទូទៅនៅក្រៅត្រូវធ្វើ ប៉ុន្តែសម្រាប់នៅខាងក្នុង ខ្ញុំសួរទៅថា ឥឡូវបើសិនជាអត់ធ្វើមានអី? ខាង CDC បានពន្យល់ថា បើយើងអត់ចាំបាច់ធ្វើសម្រាប់ក្រុមហ៊ុនមួយចំនួន ក្រុមហ៊ុនប្រភេទខ្លះវាអត់ពាក់ព័ន្ធជាមួយនឹងការបំពុលបរិស្ថាន ព្រោះមានកម្រិត ប្រភេទ ការផលិតខ្លះវាមានហានិភ័យបរិស្ថានខ្ពស់ ដូចជា បោកគក់អីអញ្ចឹង ប្រើគីមី … ប្រភេទការងារខ្លះកម្រិតបំពុលបរិស្ថានវាទាប ឬមធ្យម។ អញ្ចឹងនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសនីមួយៗ គឺតំបន់សេដ្ឋកិច្ចពិសេសនេះ មុននឹងយើងឲ្យអាជ្ញាប័ណ្ណបើក ត្រូវគោរពតាម មាន master plan មានប្លង់មេមួយ ដែលបញ្ជាក់អំពីការគ្រប់គ្រងបរិស្ថាន គឺដូចរឿងកាកសំណល់ជាតិពុល គេធានារបស់គេ។ អញ្ចឹងបើសិនជាក្រុមហ៊ុនសព្វថ្ងៃនេះចូលទៅធ្វើ គ្រប់ប្រភេទទាំងអស់ត្រូវសុំ EIA មួយទៀត ត្រូវទេ? អញ្ចឹងវាពីរត្រួត ជួនកាលវាស៊ីពេល ហើយវាថ្លៃទៀត។ អញ្ចឹងខ្ញុំបានឯកភាពជាគោលការណ៍ហើយ សម្រាប់ក្រុមហ៊ុនដែលចូលទៅក្នុងតំបន់សេដ្ឋកិច្ចពិសេសមួយដែលច្បាស់លាស់ មាន master plan ដែលឆ្លងកាត់ មិនមែនតំបន់សេដ្ឋកិច្ចពិសេសមានតែឈ្មោះអត់អាជ្ញាប័ណ្ណទេ … មានតំបន់ហ្នឹងជាអ្នកធានាស្រាប់ទៅហើយ។ អញ្ចឹងពេលដែលចូលទៅក្នុងហ្នឹង ចំពោះប្រភេទរោងចក្រដែលមិនប៉ះពាល់ហានិភ័យខ្ពស់និងបរិស្ថាន មិនបាច់ធ្វើ EIA ម្តងទៀតទេ ឲ្យតំបន់សេដ្ឋកិច្ចពិសេសទទួលខុសត្រូវតែម្តងទៅ។ អញ្ចឹងក្រុមហ៊ុនហ្នឹងគឺថាគាត់លែងត្រួតគ្នាហើយ ធ្វើអាហ្នឹងកុំឲ្យត្រួតគ្នាទៀត កាត់បន្ថយពេលវេលា កាត់បន្ថយចំណាយ ប៉ុន្តែនៅតែមានអ្នកទទួលខុសត្រូវ គឺតំបន់សេដ្ឋកិច្ចពិសេសហ្នឹង ម្ចាស់ហ្នឹងជាអ្នកទទួលខុសត្រូវ ហើយក្រសួងបរិស្ថានមានសិទ្ធិឆែកឆេគ្រប់ពេល។ បើសិនជាឆែកទៅក្រុមហ៊ុនហ្នឹង ដែលតំបន់សេដ្ឋកិច្ចពិសេសធានា តែអត់គោរពតាម ហើយមិនអនុវត្ត គឺតំបន់សេដ្ឋកិច្ចពិសេសជាអ្នកទទួលខុសត្រូវ ព្រោះមានអ្នកទទួលខុសត្រូវហើយ។ បើសិនវាជាប្រភេទនៃរោងចក្រផលិត ដែលមានហានិភ័យខ្ពស់ ជួនកាលតំបន់សេដ្ឋកិច្ចពិសេស អត់មានជំនាញគ្រប់ យើងត្រូវឆែកមួយតង់ទៀត ខ្ញុំឯកភាព។ អញ្ចឹងសុំឲ្យកាត់បន្ថយការឆែកពីរតង់នេះ ហើយឲ្យការទទួលខុសត្រូវទៅតំបន់សេដ្ឋកិច្ចពិសេស នៅក្នុងការចូលរួមថែរក្សាបរិស្ថាន។
អញ្ចឹងកិច្ចការនេះខ្ញុំបានផ្តល់គោលការណ៍ហើយ។ ខាងបរិស្ថានមក អត់មានទេ? អញ្ចឹងចាំប្រាប់ទៅបង ផល្លែត ទៅ។ ហើយយើងក៏មិនហត់ផង ច្រើនពេក មិនដឹងថា ក្រុមហ៊ុនប៉ុន្មានដែលធ្វើ ជួនកាលនៅយូរ បើមានបេក្ខជនច្រើន រវល់តែធ្វើមួយៗ មិនមែនធ្វើមួយថ្ងៃហើយ ត្រូវប្រើពេល។ អញ្ចឹងទៅ យើងកាត់និតីវិធីខ្លះ តែមិនមែនកាត់ហ្នឹង ជិះសេះលែងដៃទេ មានអ្នកឆែកហើយ តែជាជាងឆែកពីរតង់។ ជួនកាលអ្នកឆែកពីរតង់ហ្នឹងគ្រោះថ្នាក់វិញ ដល់មានការ សាចទឹកដាក់គ្នា។ អញ្ចឹងឲ្យការទទួលខុសត្រូវដាច់តែម្តង អាហ្នឹងដូចកងទ័ពជួនកាលដាក់ ២ អង្គភាព ការពារមុខព្រួញតែមួយ ពិបាកវិញ។ សូម្បីតែចុះការពារបេសកកម្មខ្លះ ជួនកាលរវាងអង្គភាពនិងអង្គភាពនឹង អ្នកនៅហ្នឹងប្រាប់ថាត្រូវបើកអានេះ អត់ទេ សួរមេនៅនោះសិន។ អញ្ចឹងឲ្យដាច់តែម្តងទៅ លើកលែងតែទៅលើប្រភេទដូចខ្ញុំនិយាយចឹង គឺថាដែលត្រូវការការត្រួតពិនិត្យ បើសិនជាមានហានិភ័យខ្ពស់។ តែនិយាយចឹង មិនមែនបានន័យថា ក្រសួងបរិស្ថានគ្មានសិទ្ធិចុះទៅឆែកម្តងម្កាលទៅលើនោះទេ។ អាហ្នឹងច្បាប់ឆែកគេមានសិទ្ធិ ហើយឲ្យការទទួលខុសត្រូវ។ នៅទីនេះដូចគ្នា ស្ថាប័ន បើសិនជាមានស្ថាប័នច្រើន ហើយមានភារកិច្ចជាន់គ្នា គួរសម្រួលទៅ ហើយឲ្យអ្នកណាមួយទទួលឲ្យដាច់ទៅ បើសិនជាត្រួតគ្នា បើ function តែមួយ។
រៀបចំ CamDX កាត់បន្ថយនីតិវិធី, ស្ថាប័នរដ្ឋបន្ស៊ីគ្នា រួមនឹងអ្នករត់ការ ឲ្យមានតម្លាភាព និងច្បាស់លាស់ ទាំងតម្លៃ ពេលវេលា និងនីតិវិធី
ឥឡូវ យើងខំប្រឹងប្រជុំ រៀបចំ CamDX ដើម្បីកុំឲ្យពេលទៅចុះឈ្មោះបើកក្រុមហ៊ុនមួយ រត់ទៅស្ថាប័នមួយ យកឯកសារដដែលទៅៗ។ ដាក់មួយនៅក្នុងបញ្ជី អញ្ចឹងពេលទៅដល់ គឺឯកសារហ្នឹងវាហូរ កុំឲ្យទៅដល់សួរ។ ទៅដល់នោះ ១០ ឯកសារ ទៅដល់ស្ថាប័នមួយទៀត និតីវិធីជំហានទី២ ត្រូវដាក់១០ឯកសារទៀត។ តាមពិតត្រូវមានតែម្តងហ្នឹង គឺស្ថាប័នរដ្ឋចែកគ្នាទៅ ដើម្បីកាត់បន្ថយនូវនិតីវិធី។ ហើយខ្ញុំឃើញបានធ្វើច្រើន។ ថ្ងៃមុន ឲ្យពន្ធដារជាមួយនឹងក្រសួងពាណិជ្ជកម្មបន្ស៊ីគ្នា ហើយបន្ស៊ីគ្នាជាមួយអ្នករត់ការកណ្តាល agent ដើម្បីកុំឲ្យចុះឡើងទៅ អត់ដឹងអ្នកណាទទួល? តម្លៃប៉ុន្មានពិតប្រាកដ? រយៈពេលប៉ុន្មាន? បង់ទៅណា? ពាណិជ្ជកម្ម ឬពន្ធដារ ឬកម្រៃជើងសារ? ឲ្យមានតម្លាភាពទៅ ខ្ញុំជឿថា ក្រុមហ៊ុន ឬមួយអ្នកវិនិយោគ គេអត់ឈឺក្បាលទេ ឲ្យតែអ្នកហ្នឹងច្បាស់លាស់ថាអស់ប៉ុន្មាន? ទៅណា? កាតព្វកិច្ចអីខ្លះ? កុំឲ្យមួយថ្ងៃបង់ម្តង ១០០ ស្អែកឡើងទៅ ១៥០ តាមនេះ អត់ដឹងទៅណា។ ដល់អញ្ចឹងទៅ វាបង្កើតភាពច្បាស់លាស់ ការទស្សន៍ទាយបាននៃតម្លៃ ពេលវេលា និងនិតីវិធី។
បន្តកំណែទម្រង់ជាប្រចាំ ដើម្បីប្រកួតប្រជែង
អញ្ចឹងនៅគ្រប់ស្ថាប័នទាំងអស់ គ្រប់កន្លែងទាំងអស់ ដែលមានអន្តរស្ថាប័ន គួរធ្វើបែបនេះ។ ហើយខ្ញុំឃើញថា នៅផែស្វយ័តក្រុងព្រះសីហនុបានធ្វើច្រើន ហើយកិច្ចការនេះកំណែទម្រង់ជាប្រចាំ។ ហើយឥឡូវយើងកំពុងឲ្យសិក្សាក្នុងការកែទម្រង់ប្រព័ន្ធគយបន្ថែមទៀត។ ធ្វើបានច្រើន ប៉ុន្តែឥឡូវកំពុងឲ្យសិក្សាមួយចំនួន ដើម្បីប្រកួតប្រជែង។ យើងមិនអាចសប្បាយចិត្តត្រឹមតែខ្ញុំបានធ្វើថ្ងៃនេះប្រសើរជាងថ្ងៃមុនទេ ជាពិសេស នៅក្នុងវិស័យដែលពាក់ព័ន្ធនឹងការប្រកួតប្រជែងនៅខ្នាតអន្តរជាតិ យើងត្រូវគិតថា ខ្ញុំធ្វើថ្ងៃនេះប្រសើរជាងថ្ងៃមុន ហើយបង្កើនភាពប្រកួតប្រជែងជាមួយអ្នកផ្សេងទៀត អានេះទើបធ្វើបាន បើមិនអញ្ចឹងយើងអត់ដាក់ទិសដៅខ្ពស់ទេ ឲ្យតែបានពី១ ទៅ២ យើងសប្បាយចិត្ត អត់ទេ! បើគេនៅជិតខាងគេ ៨ ហើយ យើងទាល់តែដាក់ទិសដៅពី ១ មក ៦ មក ៧ ហើយរុញទៅមុខទៀត ទើបរួច។
ដើម្បីប្រកួតប្រជែង ត្រូវពង្រឹងទាំងមនុស្ស ហេដ្ឋារចនាសម្ព័ន្ធ គ្រឿងបំពាក់ នីតិវិធីដោះស្រាយបញ្ហា និងនីតិវិធីក្នុងការសហការ
នេះគឺជាការប្រកួតប្រជែងដែលត្រូវធ្វើទាំងមនុស្ស ទាំងហេដ្ឋារចនាសម្ព័ន្ធ ទាំងគ្រឿងបំពាក់ ទាំងនីតិវិធីនៅក្នុងការដឹកនាំដោះស្រាយបញ្ហា ទាំងនីតិវិធីក្នុងការសហការ ទាំងអស់នេះហើយគឺជាមូលដ្ឋាន។ ដូចដែលខ្ញុំនិយាយ បើសិនជាមានអគារល្អ ផែទំនើប គ្រឿងអេឡិចត្រូនិចសុទ្ធតែស្វ័យប្រវត្តិ មានមនុស្សពូកែ តែនៅទាក់ត្រង់នីតិវិធីស្មុគស្មាញ ក៏វាអត់ទៅរួច។ ហើយបើនីតិវិធីខ្លះធ្វើឲ្យស្ថាប័នជល់គ្នាទៀត ឬហៅថា «មនុស្សច្រើនអន្សមខ្លោច» នោះកាន់តែជាបញ្ហា។ ហើយមិនត្រូវនៅនឹងថ្កល់ទេ ត្រូវវិវត្តជាប្រចាំ ផ្អែកទៅលើស្ថានភាពប្រែប្រួលនៃពិភពលោក ស្ថានភាពនៃការប្រែប្រួលពាណិជ្ជកម្មក្នុងវិស័យដឹកជញ្ជូន ហើយការប្រើប្រាស់វិស័យឯកជនប្រទាក់ក្រឡាដៃគូជាមួយរដ្ឋ ក្នុងការធ្វើ។ ឃើញថ្ងៃមុន ផែព្រះសីហនុចាប់ដៃជាមួយខាង logistics របស់អ្នកឧកញ៉ា សៀ ឫទ្ធី ដែលមានក្រុមហ៊ុនដៃគូពីក្រៅមក ដើម្បីធ្វើយ៉ាងណាឲ្យប្រព័ន្ធ clear ហ្នឹងកាន់តែប្រសិទ្ធភាព។ ឥឡូវ យើងដូចជាមាន pre-departure, pre-arrival declarations អី អញ្ចឹងវាជួយច្រើន។ អញ្ចឹង បង្កើនប្រសិទ្ធភាពក្នុងការស្ដារ ក្នុងការគ្រប់គ្រង ក្នុងការធ្វើអាជីវកម្ម ដើម្បីភាពជោគជ័យរបស់យើងទាំងអស់គ្នា។
[ចប់សេចក្ដីអធិប្បាយ៤]
ទី៥. ក្រសួងសាធារណការ និងដឹកជញ្ជូន, ក្រុមហ៊ុនសាងសង់ និងក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស ត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការសាងសង់ និងត្រួតពិនិត្យបច្ចេកទេសគម្រោងសាងសង់ចំណតផែកុងតឺន័រទឹកជ្រៅថ្មីនេះ ឱ្យត្រឹមត្រូវតាមស្ដង់ដាបច្ចេកទេស និងប្រកបដោយគុណភាពខ្ពស់ និងបញ្ចៀសឱ្យបាននូវការប៉ះពាល់ជាអវិជ្ជមានលើបរិស្ថាននៅតំបន់ឆ្នេរសមុទ្រដ៏ស្រស់ស្អាតរបស់យើង។
មុននឹងបញ្ចប់, ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តមឯកអគ្គរាជទូត និងសហការី នៃស្ថានទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា និងទីភ្នាក់ងារ JICA ដែលបានជំរុញរំហូរហិរញ្ញប្បទានរបស់រដ្ឋាភិបាលជប៉ុន សម្រាប់ការអភិវឌ្ឍកំពង់ផែស្វយ័តក្រុងព្រះសីហនុ ក្នុងរយៈពេល ៣០ឆ្នំា។ ខ្ញុំសង្ឃឹមយ៉ាងមុតមាំថា រាជរដ្ឋាភិបាលជប៉ុន នឹងបន្តគាំទ្រ, ទាំងផ្នែកហិរញ្ញវត្ថុ និងបច្ចេកទេស ដល់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីអភិវឌ្ឍវិស័យដឹកជញ្ជូន និងកំពង់ផែនៅកម្ពុជា ឆ្ពោះទៅសម្រេចនូវ «ចក្ខុវិស័យកម្ពុជា ឆ្នាំ ២០៥០»។
ជាទីបញ្ចប់, ខ្ញុំសូមជូនពរ ឯកឧត្តម លោកជំទាវ លោក លោកស្រី និងអង្គពិធី, ជាពិសេស ជូនដល់ឯកឧត្តមឯកអគ្គរាជទូតនៃប្រទេសជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា សហការី និងអ្នកជំនាញការជប៉ុនទាំងអស់ ដែលបានបំពេញបេសកកម្មនៅក្នុងប្រទេសកម្ពុជា, សូមទទួលបាននូវសេចក្ដីសុខ សេចក្ដីចម្រើន និងជោគជ័យគ្រប់ភារកិច្ច, ព្រមទាំងបានប្រកបដោយពុទ្ធពរ និងពរទាំង ៥ ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណ កុំបីឃ្លៀងឃ្លាត។
[ផ្ដើមសេចក្ដីអធិប្បាយ៥]
ឲ្យសិក្សាច្បាប់ចាស់ តើអាចយកក្មេងទំនើងទៅធ្វើសកម្មភាពបម្រើការងារ/សកម្មភាពពាក់ព័ន្ធសមរភូមិមុខឬទេ តែមិនមែនបញ្ជូនទៅធ្វើទាហានកាន់កាំភ្លើងនៅសមរភូមិជួរមុខនោះទេ
ភ្លេចចំណុចមួយ សូមបញ្ជាក់បន្តិច។ សម្រាប់បងប្អូន ជាពិសេសអ្នកតាមនេះ (social media) បញ្ជាក់រឿងក្មេងទំនើង និងសមរភូមិមុខ។ ថ្ងៃមុន ខ្ញុំនិយាយរឿងឲ្យក្មេងទំនើងទៅធ្វើសកម្មភាពដែលបម្រើដល់សមរភូមិមុខ។ អញ្ចឹងមិនដឹងថាគេស្តាប់ម៉េច ឲ្យតែឮឈ្មោះឯកឧត្តម កើត រិទ្ធ គឺឲ្យបង្កើតច្បាប់ថ្មី។ ខ្ញុំប្រគល់ភារកិច្ចឲ្យឯកឧត្តម កើត រិទ្ធ, ឯកឧត្តម ស ថេត, ឯកឧត្តម វង្ស ពិសេន ពិនិត្យមើលក្នុងការពិនិត្យច្បាប់ដែលមានជាធរមាន ថាតើច្បាប់អាចអនុញ្ញាតឲ្យយើង … ព្រោះច្បាប់មានច្រើន ច្បាប់សិទ្ធិមនុស្ស ច្បាប់ពលកម្ម ច្បាប់អនីតិជន ច្បាប់ដែលមានស្រាប់ យើងមិនអាចចេះតែយកអ្នកឃុំទៅធ្វើអ្វីខុសច្បាប់ទេ។ ខ្ញុំឲ្យគាត់មើលច្បាប់ដែលមានជាធរមាន ថាតើច្បាប់អនុញ្ញាតឲ្យយើងធ្វើសកម្មភាពឲ្យអ្នកជាប់ឃុំមួយចំនួនបម្រើការងារ/សកម្មភាពដែលអាចពាក់ព័ន្ធបម្រើទៅដល់សមរភូមិមុខ។ អញ្ចឹងសូមបញ្ជាក់អ្នកពូកែវិភាគ អ្នកចេះគ្រប់មុខ គ្មានគោលការណ៍ឲ្យធ្វើច្បាប់ថ្មីនោះទេ ឲ្យសិក្សាច្បាប់ចាស់ អាហ្នឹងទី១។ ខ្ញុំឆ្ងល់ដែរ អ្នកវិភាគចេះគ្រប់មុខ តែស្តាប់ប៉ុណ្ណឹងមិនយល់ ដល់ឃើញប្រជាជនសាមញ្ញចូល comment គាត់យល់ច្បាស់ជាង។
ទី២ ខ្ញុំថាឲ្យយកទៅធ្វើសកម្មភាពបម្រើសមរភូមិមុខ មិនមែនបញ្ជូនទៅសមរភូមិមុខទេ។ … ខ្ញុំមិនយកក្មេងទំនើងទៅកាន់កាំភ្លើង នាំឲ្យខូចសណ្តាប់ធ្នាប់ទ័ពរបស់ជាតិយើងនៅមុខទេ។ … ទៅដល់គ្រប់គ្រងតែអាបងប្អូនហ្នឹងពិបាកសឹងអី អត់ទេ។ ជាគោលគំនិត ទី១ ក្មេងទំនើងដែលប្រព្រឹត្តខុស ត្រូវអនុវត្តតាមច្បាប់ជាធរមាន។ អញ្ចឹងមានអ្នកណាត្រូវអប់រំ? អ្នកណាក្រោមអាយុយ៉ាងម៉េច? អ្នកណាជាប់ឃុំ? អ្វីដែលយើងឲ្យមើល គឺថាអ្នកដែលជាប់ឃុំនេះ គាត់មិនមែនស៊ីដេកនោះទេ ក៏មានសកម្មភាពបណ្តុះបណ្តាលធ្វើអ្វីដែររាល់ថ្ងៃ។ ឲ្យពិនិត្យមើលអ្នកទាំងអស់ហ្នឹង ក្រៅពីសកម្មភាពត្រឹមទៅធ្វើពលកម្មតិចតួច បោសសម្អាត ធ្វើរងបន្លែ (ឲ្យទៅ)ធ្វើសកម្មភាពចាក់បេតុងលេណដ្ឋាន ដើម្បីយើងដឹកទៅឲ្យទាហានជួរមុខ រឿងតែប៉ុណ្ណឹង។ អត់មានអ្វីត្រូវបង្កើតច្បាប់ថ្មី អត់មានអ្វីត្រូវបញ្ជូនជនជាប់ចោទនេះឲ្យចេញក្រៅគុក ទៅធ្វើទាហាននោះទេ អត់មានទេ។ បើនៅខាងប្រទេសបារាំងឬអ្វី … ខាងទ័ពពិសេសរបស់គេ មិនដឹងថាពិតឬមិនពិតទេ ឮតែគេនិយាយថា អ្នកដែលមានប្រវត្តិជាប់គុក អ្នកដែលមានប្រវត្តិនៅក្នុងឧក្រិដ្ឋកម្មទៅបម្រើនៅទីនោះប៉ុន្មានឆ្នាំ គេអាចលុបអាហ្នឹងសងវិញ។
ប៉ុន្តែករណីនេះមិនមែនអញ្ចឹងទេ។ ទី១ ការចាប់ ការឃុំ ឬដាក់ទម្ងន់ទោស គឺផ្អែកទៅតាមច្បាប់ដែលមានជាធរមាន មិនមានការបង្កើតថ្មីទេ។ ទី២ យើងមើលនៅក្នុងច្បាប់ដែលមានស្រាប់ទាក់ទងការអនុវត្តទៅលើអ្នកទោស ព្រោះច្បាប់ក៏មានដែរ ការពារអ្នកឃុំ មិនឲ្យយកធ្វើទាសករនោះទេ អាហ្នឹងខ្ញុំឲ្យមើលច្បាប់ហ្នឹង។ … បើច្បាប់បើកហើយ សកម្មភាពយើងចាត់ចែងទៅឲ្យនៅក្រោមប៉ូលីសដដែល អាចនៅតាមបណ្តាឃុំដែលគាត់មាន ឬមួយក៏រុញដាក់មួយដុំទៅកន្លែងឃុំណាមួយនៅខេត្តព្រះវិហារ ឲ្យមួយដុំ រួចធ្វើសកម្មភាពហ្នឹង។ ធ្វើការងារចាក់បេតុង ដើម្បីបម្រើទៅឲ្យសមរភូមិមុខ គម្របបេតុងជាគម្របលេណដ្ឋាន។ អញ្ចឹង ខ្ញុំសង្ឃឹមថា ការបកស្រាយប៉ុណ្ណេះ អាចពន្យល់ដល់អ្នកវិភាគដែលចេះគ្រប់មុខ ហើយសញ្ញាបត្រគ្រប់មុខនៅក្រៅប្រទេសផង។
ខ្ញុំឆ្ងល់ដែរ រហូតទៅដល់ម្សិលមិញនេះ ខ្ញុំឃើញវិទ្យុ RFI ប្រកាសថា គណបក្សកម្លាំងជាតិ ស្នើសុំលោក ហ៊ុន ម៉ាណែត កុំឲ្យបញ្ជូនក្មេងទំនើងទៅធ្វើទាហានជួរមុខ។ ខ្ញុំបាននិយាយថ្ងៃមុន ខ្ញុំចាំហើយខ្ញុំមើលខ្លួនឯងទៀត ខ្ញុំមានបញ្ជាក់មួយថា មិនឲ្យទៅកាន់កាំភ្លើងបាញ់ទេ ព្រោះទាហានមានវិន័យ ការគ្រប់គ្រងច្បាស់លាស់។ ប៉ុន្តែ ទៅបម្រើសេវាទាហាន ក៏អត់មានចាំបាច់បើកច្បាប់ថ្មីដែរ។ អាហ្នឹងសូមបញ្ចូនចុះ។ ហើយបើបញ្ជាក់ប៉ុណ្ណឹងហើយនៅតែមិនយល់ទៀត ជួយមិនបានទេ។ ហើយបើត្រូវការយកទៅដាក់មួយដុំឲ្យស្គាល់ បើកន្លែងហ្នឹងមានភ្នំទៀត ឲ្យគាត់លី(បេតុង) ជាការហាត់ប្រាណឡើងលើភ្នំ ឲ្យគេដឹងថាទាហានលីបេតុងដើម្បីការពារជាតិ ដែលមានអាយុប្រហែលៗគ្នាមានអារម្មណ៍យ៉ាងម៉េច? ហើយពួកយើងបានសេរីភាពនៅខាងក្នុង ម៉ែឪខំរកលុយចិញ្ចឹម ឲ្យទៅរៀន ហើយនៅដើរកាប់ចាក់គ្នាទៀត មិនត្រឹមតែបំផ្លាញខ្លួនឯង បំផ្លាញសណ្តាប់ធ្នាប់សង្គម ប៉ះពាល់ដល់អ្នកដទៃទៀត អាហ្នឹងវាយ៉ាងម៉េច? ឲ្យយល់។
សង្គមជាតិមួយរីកចម្រើន ទាល់តែមនុស្សរឹងមាំ មានវិន័យ មានឆន្ទៈ ការទទួលខុសត្រូវ
នេះគឺជាការបញ្ជាក់បន្ថែម ព្រោះជួនកាលពិបាកយើងពន្យល់តាមសារក៏ពិបាកយល់ ទាល់តែពន្យល់តាមម៉ៃក្រូហ្នឹងបានឆាប់ឮ ដើម្បីឲ្យដឹងតែម្ដង អំពី គោលការណ៍របស់យើង។ តែទោះជាយ៉ាងណាក៏ដោយ សង្គមជាតិមួយរីកចម្រើន ទាល់តែមនុស្សរឹងមាំ មានវិន័យ។ អញ្ចឹង ការរៀបចំច្បាប់កាតព្វកិច្ចក្ដី ការរៀបចំការងារគ្រប់កន្លែងទាំងអស់ បូកនឹងតាមស្ថាប័ន/ក្រសួង តាមឯកជន គ្រប់ទាំងអស់ ត្រូវមានវិន័យ។ កំពង់ផែនេះ បើសិនជាបុគ្គលិកគ្មានវិន័យ ខ្ញុំគិតថា ឯកឧត្ដម លូ គឹមឈន់ វេទនា ហើយគ្មានបានគុណភាពនៃផលិតផល ការងារទេ ហើយរបស់របរគ្មាននរណាមកធ្វើការជាមួយយើងទេ។ ទាល់តែមានវិន័យ ឆន្ទៈ ការទទួលខុសត្រូវ ទើបផែនេះរីកចម្រើន។ ប្រទេសជាតិក៏ដូចគ្នា ត្រូវការធនធានមនុស្ស ជាពិសេស យុវជនដែលមានវិន័យ មានសមត្ថភាព មានឆន្ទៈក្នុងការពង្រឹងខ្លួន ព្រោះពេលដែលម្នាក់ៗរីកចម្រើន គ្រួសារគាត់ក៏រីកចម្រើន ហើយសង្គមជាតិក៏នឹងរីកចម្រើនដែរ។
គ្មាននរណាជួយយើង ជាជាងយើងជួយខ្លួនឯងនោះទេ
នេះជាទិសដៅរបស់យើង មិនថាការវិនិយោគទៅលើហេដ្ឋារចនាសម្ព័ន្ធ ប្រព័ន្ធភស្ដុភារកម្ម ប្រព័ន្ធដឹកជញ្ជូន អប់រំ សុខាភិបាលនោះទេ គឺទាំងអស់ គឺធ្វើដើម្បីពង្រឹងសេដ្ឋកិច្ចជាតិ ឲ្យប្រជាជនយើងមានជីវភាពរឹងមាំ ដើម្បីឲ្យយើងកាន់តែខ្លាំង។ ក្នុងបរិបទគ្មាននរណាជួយយើង ជាជាងយើងជួយខ្លួនឯងនោះទេ យើងមានមិត្តដែលជួយយើង តែមិត្តក៏មានការងាររបស់គេត្រូវជួយខ្លួនគេដែរ។ អ្វីដែលចាំបាច់ កម្ពុជាត្រូវជួយកម្ពុជា ប្រជាជនគ្រប់រូបត្រូវទៅជាធនធានរបស់ជាតិ មិនមែនជាបន្ទុករបស់ជាតិទេ។ ក្មេងទំនើងត្រូវអប់រំ អនុវត្តច្បាប់ ធ្វើយ៉ាងណាដើម្បីកែពីបន្ទុកទៅជាធនធានរបស់គ្រួសារ និងជាតិ។ មិនមែនអមនុស្សធម៌ទេ តែដើម្បីតម្រង់ទិសឲ្យអនាគតបានល្អ ដើម្បីជាតិទាំងមូល។
ថ្ងៃនេះ ក៏មានសម្រាប់កម្មករ/ការិនី និងបុគ្គលិកទាំងអស់នៅកំពង់ផែស្វយ័តព្រះសីហនុ ចំនួន ១៧៧១ នាក់ មានអាវយឺតមួយ ថវិកា ៥ម៉ឺនរៀល។ ជូនសាលាក្រុងព្រះសីហនុ ថវិកា ២លានរៀល។ ជូនក្រុមគ្រូពេទ្យប្រចាំការអង្គពិធី ៥លានរៀល។ ក្រុមតន្រ្តីសម័យ ១០លានរៀលផងដែរ …៕
[ចប់សេចក្ដីអធិប្បាយ៥]


