– ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា សមាជិក សមាជិកា រាជរដ្ឋាភិបាល;
– គណៈធិបតី ភ្ញៀវកិត្តិយស, ថ្នាក់ដឹកនាំ គ្រឹះស្ថានសិក្សានានា,
– មាតាបិតា អាណាព្យាបាល និងក្មួយៗជាបេក្ខជននិទ្ទេស A ជាទីមេត្រី !
ថ្ងៃនេះ, ខ្ញុំមានសេចក្ដីសោមនស្សរីករាយ ដែលបានមកចូលរួមក្នុងពិធីសំណេះសំណាលជាមួយសិស្សជាប់និទ្ទេស A ទាំង ២ ០៤៤ នាក់ សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងការប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ កម្រិត៣ ដែលជាជំនួបលើកទី១២ រាប់ចាប់ពី ក្រសួងអប់រំ យុវជន និងកីឡា បានធ្វើការកែទម្រង់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅឆ្នាំ២០១៣ ផ្អែកលើគោលការណ៍ «អ្នកចេះ គឺជាប់»។
ការរៀបចំពិធីជួបសំណេះសំណាលនៅថ្ងៃនេះ ជាការបន្តការជួបជុំ និងការលើកទឹកចិត្តដល់ក្មួយៗសិស្សជាប់និទ្ទេស A ដែល សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា បានផ្តួចផ្តើមរៀបចំឡើងតាំងពីឆ្នាំ ២០១៤, និងក្រោយៗមក ឯកឧត្តម លោកជំទាវ ជាតំណាងរាស្រ្ត, ជាអភិបាលនៃគណៈអភិបាលរាជធានី ខេត្ត បានបន្តជួប និងលើកទឹកចិត្តដល់ក្មួយៗសិស្សជាប់និទ្ទេស A នៅតាមមូលដ្ឋានរៀងខ្លួន តាមគ្រប់រូបភាព។ ខ្ញុំនឹងបន្តរក្សាទម្លាប់នេះ នៅបន្តទៀត។
ខ្ញុំសូមចូលរួមអបអរសាទរជាមួយបេក្ខជនទាំង ១២៥ ៩៧៥ នាក់, ស្មើនឹង ៨៤,០៦ % នៃបេក្ខជនសរុប ដែលបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នាសម័យប្រឡងថ្ងៃទី ១០ ខែ សីហា ឆ្នាំ ២០២៦ កន្លងទៅនេះ។ ទន្ទឹមនឹងនេះ, ខ្ញុំសូមអបអរសាទរជាពិសេស និងវាយតម្លៃខ្ពស់ចំពោះសិស្សជាប់និទ្ទេស A ទាំង ២ ០៤៤ នាក់, ក្នុងនោះ សិស្សជាប់និទ្ទេស A នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ចំនួន ២ ០២២ នាក់ (ស្រី ១ ០៨១ នាក់) និងការប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ កម្រិត៣ ចំនួន ២២ នាក់ (ស្រី ១៧ នាក់) ផងដែរ។
វឌ្ឍនភាពដ៏ល្អប្រសើរនេះ ជាលទ្ធផលនៃការខិតខំរបស់សិស្សានុសិស្សផ្ទាល់, គួបផ្សំជាមួយនឹងការដឹកនាំល្អរបស់ក្រសួងអប់រំ យុវជន និងកីឡា, ការយកចិត្តទុកដាក់បង្ហាត់បង្រៀនរបស់លោកគ្រូអ្នកគ្រូ, ការបំពេញការងារប្រកបដោយប្រសិទ្ធភាពរបស់នាយក នាយិកាសាលារៀន និងការជួយជ្រោមជ្រែងពីមាតាបិតា អាណាព្យាបាល របស់សិស្សានុសិស្សទាំងអស់។
ខ្ញុំសូមកោតសរសើរក្រសួងអប់រំ យុវជន និងកីឡា ដែលបានដាក់ចេញនូវគោលនយោបាយ, យុទ្ធសាស្រ្ត និងកម្មវិធីកែទម្រង់ ដើម្បីលើកកម្ពស់គុណភាព និងសមត្ថភាព អប់រំនៅគ្រប់កម្រិត, ធ្វើទំនើបកម្មមូលដ្ឋានសម្ភារៈបច្ចេកទេស និងពង្រឹងប្រសិទ្ធភាពការប្រើប្រាស់បច្ចេកវិទ្យាទំនើប ដើម្បីអភិវឌ្ឍធនធានមនុស្ស ស្របតាមតម្រូវការនៃការអភិវឌ្ឍសង្គម សេដ្ឋកិច្ចជាតិរយៈពេលវែង ក្នុងបរិការណ៍ពហុវិបត្តិ, ជាពិសេស ក្នុងស្ថានភាពដែលកម្ពុជាត្រូវប្រឹងរស់ ប្រឹងងើបឈរឡើង ដើម្បីការពារឯករាជ្យ អធិបតេយ្យ និងសន្តិភាព របស់យើង។
ខ្ញុំក៏សូមវាយតម្លៃខ្ពស់ចំពោះក្រសួងអប់រំ យុវជន និងកីឡា ដែលបានសហការគ្នាយ៉ាងល្អជាមួយក្រសួងមហាផ្ទៃ, ក្រសួងសុខាភិបាល, កងរាជអាវុធហត្ថលើផ្ទៃប្រទេស, អង្គភាពប្រឆាំងអំពើពុករលួយ, សហភាពសហព័ន្ធយុវជនកម្ពុជា, អគ្គិសនីកម្ពុជា, រដ្ឋបាលរាជធានី ខេត្ត និងអ្នកពាក់ព័ន្ធ ក្នុងការរៀបចំ និងដំណើរការនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងការប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ កម្រិត៣ ឆ្នាំសិក្សា ២០២៥-២០២៦, ដោយរលូន និងទទួលបានលទ្ធផលគួរជាទីមោទនៈ។
ខ្ញុំសូមកោតសរសើរដល់អាណាព្យាបាលគ្រប់រូប និងសូមថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំ, លោកគ្រូ អ្នកគ្រូ និងបុគ្គលិកសិក្សានៃសាលារៀនទាំងអស់នៅទូទាំងប្រទេស ដែលបានរួមគ្នាបង្កើតបរិយាកាសសិក្សាប្រកបដោយគុណភាព, ផ្តល់ការណែនាំ និងជំរុញសិស្សានុសិស្សឱ្យកសាង, ទាំងចំណេះដឹង សីលធម៌ និងវិន័យ, ដើម្បីត្រៀមខ្លួនចូលរួមក្នុងការអភិវឌ្ឍសង្គម សេដ្ឋកិច្ចជាតិ និងមាតុភូមិនៃយើងទាំងអស់គ្នា។
ខ្ញុំក៏សូមថ្លែងអំណរគុណចំពោះអភិបាលនៃគណៈអភិបាលរាជធានី ខេត្ត, អាជ្ញាធរ ពាក់ព័ន្ធ, សហភាពសហព័ន្ធយុវជនកម្ពុជា និងអ្នកស្ម័គ្រចិត្តដទៃទៀត ដែលបានខ្នះខ្នែង និងផ្តល់ការបំពាក់បំប៉នសមត្ថភាពដល់សិស្សានុសិស្ស ដើម្បីជួយពួកគេទទួលបានលទ្ធផលល្អក្នុងការសិក្សា ក៏ដូចជា ទទួលបានជ័យលាភីក្នុងការប្រឡងយកសញ្ញាបត្រ ក្នុងឆ្នាំសិក្សានេះ និងឆ្នាំសិក្សាកន្លងទៅ។
ការពង្រឹងគុណភាពធនធានមនុស្ស ជាពិសេស កុមារ និងយុវជន ដែលជាគោលដៅឤទិភាពរបស់រាជរដ្ឋាភិបាល, ដូចបានកំណត់ក្នុងយុទ្ធសាស្រ្តចតុកោណកន្លងមក និងបច្ចុប្បន្នយុទ្ធសាស្ត្របញ្ចកោណសម្រាប់អនុវត្តនៅគ្រប់ដំណាក់កាល, គឺការអប់រំឱ្យមានចំណេះដឹងទូលំទូលាយ ជំនាញពិតប្រាកដ, ព្រមទាំងសីលធម៌ វិន័យ និងមនសិការស្នេហាជាតិ, ជាពិសេស ការបណ្តុះបណ្តាលជំនាញបច្ចេកទេស វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា, ការតម្រង់ទិសសម្រាប់ទីផ្សារការងារ និងការពង្រឹងជំនាញវិជ្ជាជីវៈដល់យុវជន ដោយធានាថា «យុវជនម្នាក់មានជំនាញមួយយ៉ាងតិចប្រចាំជីវិត» សំដៅលើកស្ទួយជីវភាពគ្រួសារឱ្យកាន់តែប្រសើរ, និងចូលរួមក្នុងកាអភិវឌ្ឍសង្គម សេដ្ឋកិច្ចជាតិ ឱ្យឆាប់រហ័ស ប្រកបដោយ បរិយាប័ន្ន និងចីរភាព។
រាជរដ្ឋាភិបាលពិតជាមានមោទនភាព ចំពោះការងារអភិវឌ្ឍមូលធនមនុស្សកម្ពុជា ដែលមានការរីកចម្រើន, ទាំងបរិមាណ និងគុណភាព, ជាបន្តបន្ទាប់។ វឌ្ឍនភាព នៃវិស័យ អប់រំ និងបណ្តុះបណ្តាលវិជ្ជាជីវៈនេះ ពិតជាបានរួមចំណែកយ៉ាងសំខាន់ ដល់ការអភិវឌ្ឍសង្គម សេដ្ឋកិច្ចជាតិ, ក្នុងនោះ កម្ពុជាត្រូវបានទទួលស្គាល់ថាជា ប្រទេសដែលមានកំណើនសេដ្ឋកិច្ចរឹងមាំ និងមានការអភិវឌ្ឍឆាប់រហ័ស ទាំងផ្នែកសេដ្ឋកិច្ច, ពាណិជ្ជកម្ម និងសេវាកម្ម។
បន្ថែមលើគោលនយោបាយដែលមានស្រាប់, រាជរដ្ឋាភិបាលនឹងសិក្សាដាក់ចេញនូវផែនការ, យុទ្ធសាស្រ្ត និងវិធានការគោលនយោបាយ ដែលមានលក្ខណៈប្រាកដនិយម សម្រាប់ជំរុញការកសាង និងពូនជ្រំមូលធនមនុស្សកម្ពុជា ស្របតាមការរីកចម្រើនយ៉ាងឆាប់រហ័សនៃវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាក្នុង «យុគមាស» នៃបដិវត្តឧស្សាហកម្មជំនាន់ទី៤ ដែលកម្ពុជា, ដៃម្ខាង, ត្រូវប្រឹងប្រែងកសាងមូលដ្ឋានឧស្សាហកម្មរបស់ខ្លួន ដោយឈរលើធនធានដែលមានស្រាប់ និងដៃម្ខាងទៀត, ត្រូវពុះពារអភិវឌ្ឍសមត្ថភាពរបស់ខ្លួន ដើម្បីឈោងចាប់យកតម្លៃបន្ថែមកាន់តែខ្ពស់ក្នុងខ្សែច្រវាក់ផ្គត់ផ្គង់ ពីក្នុងស្រុក ទៅកាន់តំបន់ និងចុងក្រោយនៅសកលលោក។
[ចាប់ផ្ដើមសេចក្ដីអធិប្បាយ១]
ឯកឧត្តម លោកជំទាវ លោក លោកស្រី លោកគ្រូ អ្នកគ្រូ ក្មួយៗ (ដែលទទួលបាន)និទ្ទេស A (ក្នុងការប្រឡងប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ)ទាំងអស់ ដែលមានវត្តមាននៅទីនេះ។ ដូចនៅក្នុងសុន្ទរកថាអម្បាញ់មិញ ធនធានមនុស្សជាអាទិភាពទី១ របស់ប្រទេសជាតិ។ គ្មានអ្វីដែលមានតម្លៃជាងមនុស្សនោះទេ។ ធនធានមនុស្សជាគន្លឹះនៅក្នុងការអភិវឌ្ឍប្រទេសដោយចីរភាព។ សម្រាប់(ការអភិវឌ្ឍ)ធនធានមនុស្ស រាជរដ្ឋាភិបាលមានគោលដៅ ៣ គឺទី១ សុខភាព, ទី២ ចំណេះដឹងនិងបំណិន និងទី៣ ជីវភាព។ រដ្ឋាភិបាលបានរៀបចំការងារដោយផ្ដោតខ្លាំងទៅលើ(គោលដៅ)ជីវភាព ព្រោះរដ្ឋាភិបាលមិនអាចបង្កើតមនុស្ស និង/ឬចិញ្ចឹមមនុស្ស(បានទេ)។ ប្រជាពលរដ្ឋក៏មិនត្រូវការរដ្ឋចិញ្ចឹមដែរ តែគាត់ត្រូវការឱកាស។ អំពីទី១ សុខភាព។ បើឈឺ ត្រវមានពេទ្យ។ បើខ្វះលទ្ធភាព រដ្ឋជួយខ្លះ បង្កើតបរិយាកាសដែលមានផាសុកភាព។ ទី២ សុំឱ្យមានឱកាសរៀនសូត្រ មិនថារៀនចំណេះដឹងទូទៅ ឬបំណិន TVET នោះទេ។ ទី៣ សុំបង្កើតបរិស្ថានដែលគាត់អាចចិញ្ចឹមជីវិតបាន។ ខ្ញុំជឿថាប្រជាជន(ក៏បានគិត)ដូចរដ្ឋាភិបាលដែរ។ នេះគឺជាទិសដៅតែមួយដែលយើងត្រូវធ្វើ។
ព្រឹកនេះយើងផ្ដោតទៅលើការអប់រំ។ វិស័យសង្គមកិច្ចជាវិស័យអាទិភាពធំ។ ក្រោយពីចប់សង្គ្រាម ក្រោមនយោបាយឈ្នះ-ឈ្នះនាឆ្នាំ១៩៩៨ វិស័យសង្គមកិច្ចទទួលបានការចំណាយថវិកាធំរបស់ជាតិ សូម្បីវិស័យការពារជាតិ ក៏អត់ដល់ហ្នឹងដែរ។ ឆ្នាំ១៩៩៣ (យើង)ចប់សង្គ្រាមមួយតង់។ ១៩៩៨ យើងចប់មែនទែន។ មិនមានការចាំបាច់ក្នុងការចំណាយលើសង្គ្រាម មិនមានការចាំបាច់ក្នុងការដាក់គ្រាប់បំផ្លាញហេដ្ឋារចនាសម្ព័ន្ធ។ តើត្រូវបង្វែរថវិកានោះទៅលើអ្វី? ទៅលើអប់រំនិងសុខាភិបាល ដែលយើងហៅថាសង្គមកិច្ច។ ក្នុង ៤ឆ្នាំនេះ ថវិកាចំណាយទៅលើវិស័យសង្គមកិច្ចមានការកើនឡើងខ្លាំង។ នៅក្នុងឆ្នាំ២០២៦ ដែលយើងមានសង្គ្រាម និងឆ្នាំ២០២៧ ទៅមុខ ដែលយើងត្រូវប្រឈម ក៏គ្មានការកាត់បន្ថយចំណាយ(លើវិស័យអប់រំ និងសុខាភិបាល)នេះទេ។ ដោយសារធ្លាប់មានការយល់ច្រឡំថារាជរដ្ឋាភិបាលកាត់លុយពីវិស័យអប់រំ និងសុខាភិបាល ទៅ(បំរើ)ឱ្យវិស័យការពារជាតិ ខ្ញុំសូមបញ្ជាក់ម្ដងទៀតមិនដូចនោះទេ។ ផ្ទុយទៅវិញ (តាមរយៈ)ការចរចាថវិកាដែលបានបញ្ចប់ថ្មីៗ នេះ ថ្វីបើយើងឃើញថាថវិកាវិស័យការពារជាតិមានការកើនឡើង (យោងតាម)តម្រូវការចាំបាច់(ក្តី ចំណែកថវិកាក្នុង)វិស័យអប់រំនិងសុខាភិបាលមិនបានថយនោះទេ។ ទាំងថវិកាទៅក្រសួង(នានា ក៏មិនមានការកាត់បន្ថយឡើយ)។
ថវិកា(ចំណាយក្នុង)វិស័យសង្គមកិច្ច មិនមែនមានតែថវិកាក្រសួងសុខាភិបាលនិងអប់រំនោះទេ។ ការអប់រំមានការបណ្ដុះបណ្ដាល ទាំងក្រសួងការងារក៏ធ្វើ ក្រសួងនានាក៏ធ្វើ … តាមពិត ក្រសួង(ដែលធ្វើការងារ)សង្គមកិច្ច(មាន)ច្រើន ព្រោះយើងត្រូវជួយដល់ប្រជាពលរដ្ឋ ជាពិសេសក្នុងដំណាក់កាលដែលមានការលំបាក (ដូចជា)ជនភៀសសឹក អតិផរណា គ្រោះហានិភ័យ បូកជាមួយប្រជាជនក្រីក្រ។ ថវិកាដែលត្រូវទម្លាក់សម្រាប់កូនចៅប្រជាពលរដ្ឋទទួលបានការបណ្ដុះបណ្ដាលជំនាញផ្សេងៗ។ ក្រសួងអប់រំក៏មានផ្ដល់អាហារូបករណ៍ជាច្រើន ដែលអាហារូបករណ៍នេះ ក៏មួយផ្នែកត្រូវបានបញ្ចេញពីថវិកាជាតិ។ ចំពោះការយល់ច្រឡំថា “រដ្ឋាភិបាលល្ងង់មិនចេះគិត ដែលកាត់(ថវិកាពី)វិស័យសុខាភិបាលនិងវិស័យអប់រំយកទៅបំពេញនូវតម្រូវការ(ក្នុងវិស័យ)ផ្សេង (សូមបញ្ជាក់ថា)មិន(មានការពិត)ទេ។ (ជាក់ស្តែង)គឺនៅតែកើន … ក្នុងរយៈពេលមធ្យម គម្រោងផែនការរបស់យើង ៣ឆ្នាំទៅមុខនេះក៏មានការកើនជាប្រចាំ។ នេះជាការយកចិត្តទុកដាក់ ដែលមិនត្រឹមតែនិយាយទេ គឺយើងបានអនុវត្ត និងកំពុងបន្តអនុវត្តទៅទៀត។
ចំពោះអភិក្រមកសាងពង្រឹងវិស័យអប់រំ។ យើងមានច្រើនថ្នាក់។ មានមត្តេយ្យ បឋម មធ្យមនិងឧត្តម។ ក្រសួងអប់រំបានយកចិត្តទុកដាក់ទាំងអស់ទៅលើការពង្រឹងនិងរៀបចំវិធានការ វិធីសាស្ត្រ ដែលយើងបានបង្កើតហេដ្ឋារចនាសម្ព័ន្ធ រុញទៅដល់មូលដ្ឋាន តាំងពីសម្ដេចតេជោ ក្នុងគោលដៅឱ្យមានបឋមសិក្សាមួយក្នុងមួយឃុំ។ រហូតទៅដល់បើកឱ្យមានការចូលរួមពីវិស័យឯកជនក្នុងការអប់រំ គ្រប់ថ្នាក់/កម្រិតទាំងអស់។ នេះសុទ្ធតែជាគោលដៅការអភិវឌ្ឍ និងការពង្រឹងគ្រឹះស្ថានអប់រំ … ការអប់រំមានក្នុងសាលា និងក្រៅសាលា ប៉ុន្តែមូលដ្ឋានគ្រឹះត្រូវចេញមួយផ្នែកធំពីក្នុងសាលា។ (ការរៀននៅ)ក្រៅសាលា គឺទៅរៀនទៅធ្វើការ ប៉ុន្តែភាគច្រើនទាល់តែអ្នកហ្នឹងធំហើយ។ តែពីមត្តេយ្យឡើងទៅ ការរៀននៅបឋមសិក្សា ត្រូវតែ(រៀន)នៅក្នុងសាលា។ សហគមន៍អាចមានដែរ ប៉ុន្តែនៅតែត្រូវការប្រមូលផ្ដុំកន្លែងណាមួយ។ ជាអភិក្រមរបស់រាជរដ្ឋាភិបាល ខ្ញុំគិតថាយើងបានធ្វើការពង្រឹងវិនិយោគនេះ។
ក្នុងពេលជំរុញគ្រប់កម្រិតនេះ ការពង្រឹងមូលដ្ឋាននៅតែជាអាទិភាពធំ នៅតែជាគោលដៅធំ។ សំរាប់កិច្ចការនេះ ខ្ញុំបាននិយាយតាំងពីមុនទទួលតួនាទីជានាយករដ្ឋមន្ត្រី។ (ការសិក្សា)១២ឆ្នាំជាគ្រឹះ។ (ក្រោយការសិក្សា)១២ឆ្នាំ ចេញមកពីវិទ្យាល័យដែល(មានមូលដ្ឋានសិក្សា)ឆ្អិន/ច្បាស់លាស់ មិនពិបាកទៅរៀនបន្ត និង/ឬទៅធ្វើការបន្តទេ។ បើរៀនចប់ថ្នាក់ទី១២ សរសេរអក្សរត្រង់ជួរ ច្បាស់លាស់ អត់ខុស យល់អំពីគណិតវិទ្យាច្បាស់លាស់ យល់ពីវិទ្យាសាស្ត្រច្បាស់លាស់ កន្លែងធ្វើការទទួលយកបាន… (បើបានរៀនចប់)១២ឆ្នាំ ចេញទៅ បើអ្នកដែលបានចូលរៀនលឿនបំផុត និង/ឬផ្លោះថ្នាក់អីផងអាចថាចប់(ត្រឹមអាយុ) ១៦ឆ្នាំទៅចុះ។ ខ្ញុំទទួលសញ្ញាបត្រអាយុ ១៥ឆ្នាំ។ ទៅដល់អាមេរិក គេអត់ឱ្យចូលមហាវិទ្យាល័យទេ។ គេថាអាយុតិចពេក។ គេដេញឱ្យទៅរៀនវិទ្យាល័យ។ មានតែសាលាមួយគត់ទទួល។ អាចមានអ្នកអញ្ចឹង តែវាមធ្យមពី១៥ ទៅ១៨ឆ្នាំហ្នឹងឯង។ អញ្ចឹង វាដល់ពេលមួយកម្រិតមួយដែលក្មួយៗ ចេញទៅអាចជាធនធានមនុស្ស។ ពេលហ្នឹងមានកម្លាំងពេញ។ អញ្ចឹងការពង្រឹងមូលដ្ឋានថ្នាក់ក្រោមនេះសំខាន់ណាស់។
យើងបានធ្វើការកែទម្រង់ការងារអប់រំ។ យើងធ្វើការកែទម្រង់ច្រើនជំនាន់មកហើយ តាំងពីជំនាន់ឯកឧត្តម អ៊ឹម សិទ្ធី ក្រោយមកមានឯកឧត្តម ហង់ជួន ណារ៉ុន បានឡើង(មក)ធ្វើការកែទម្រង់ និងពង្រឹង(ការងារអប់រំ)។ ឥឡូវហ្នឹង យើងដាក់អាទិភាពទៅលើការពង្រឹង STEM ពង្រឹងសាលា ហើយបង្កើតវិធីសាស្ត្រមួយចំនួនតាមលទ្ធភាព តាមរូបមន្តមួយចំនួន ដូចជាសាលាជំនាន់ថ្មី សាលាគំរូ សាលាផ្សេងៗ ដែលសុទ្ធតែនៅក្នុងគោលដៅរួម។ យើងមិនបង្កើតសាលា ២ស្តង់ដាទេ គ្រាន់តែលទ្ធភាពយើងមិនអាចរុញទាំងអស់។ យើងរុញតាមជំហាន។ រុញចោះៗ ប៉ុន្តែទៅថ្ងៃក្រោយគឺត្រូវតែគ្រប់សាលារដ្ឋទាំងអស់មានលទ្ធភាព(ធ្វើដូចគ្នា)។ អញ្ចឹង ការច្នៃប្រឌិតក្នុងដំណាក់កាលដែលជីវភាពនិងសេដ្ឋកិច្ចរបស់យើង(នៅមាន)កម្រិត យើងមិនអាចរង់ចាំឬអត់ធ្វើ(ទាល់តែសោះទេ)។ មិនចាំថាទាល់តែក្លាយជាប្រទេសអ្នកមាន ទើបបានពង្រឹងទេ។ យើងធ្វើបណ្ដើរៗ។ ក្នុងន័យនេះ ឯកឧត្តម ហង់ជួន ណារ៉ុន និងក្រសួងអប់រំបានធ្វើកិច្ចការនេះច្រើន។
ខ្ញុំសូមយកឱកាសនេះ ធ្វើការវាយតម្លៃនិងកោតសរសើរ ចំពោះការអនុវត្តនិងធ្វើនវានុវត្តន៍ក្នុងការងារអប់រំ។ ការចូលរួមរបស់សហគមន៍ និងរបស់លោកគ្រូអ្នកគ្រូក៏ជាកត្តាសំខាន់ជួយជំរុញការអប់រំ។ សហគមន៍ ឪពុកម្ដាយ គ្រួសារជាកត្តាសំខាន់។ ការភ្ជាប់រវាងគ្រូនិងសិស្ស ក៏ជាកត្តាសំខាន់ ដែលសាលារូបមន្តថ្មីមិនគ្រាន់តែថាបង្កើតជារូបមន្តសាលា តែ(នៅបាន)ព្យាយាមភ្ជាប់រវាងគ្រួសារ រវាងសហគមន៍ និងសាលា ទាំងអស់គ្នាដើម្បីអប់រំ។ នេះជាកត្តាដែល(ធ្វើឱ្យ)យើងបានជោគជ័យ។ ខ្ញុំឃើញថាមានការវាយតម្លៃខ្ពស់។ នៅក្នុងអាណត្តិទី៧ ខ្ញុំក៏បានដាក់ចេញវិធានគន្លឹះ៥ ហើយវិធានគន្លឹះទី២ គឺពង្រឹងការកែទម្រង់វិស័យអប់រំ ដែលផ្ដោតសំខាន់ទៅលើការអប់រំមូលដ្ឋាន។ យើងមាន ៥វិធានគន្លឹះបន្ថែមទៅលើយុទ្ធសាស្ត្របញ្ចកោណ និងអាទិភាពរបស់រាជរដ្ឋាភិបាល គឺកែទម្រង់រដ្ឋបាលសាធារណៈ សុខាភិបាល អប់រំ ប្រព័ន្ធយុត្តិធម៌ និងការពង្រឹងការប្រយុទ្ធប្រឆាំងបទល្មើសឧក្រិដ្ឋកម្មផ្សេងៗ ពង្រឹងសុវត្ថិភាព ភូមិ-ឃុំសង្កាត់មានសុវត្ថិភាព។ ក្នុងវិធានគន្លឹះ ស្តីពីការពង្រឹង(កំណែទម្រង់វិស័យអប់រំ)នោះ យើងបានរៀបចំវិធានការច្បាស់លាស់។ ខ្ញុំធ្លាប់បាននិយាយពីដើមអាណត្តិ មុនពេលដែលយើងដាក់(ចេញវិធានការ)។ នៅក្នុង ៣ឆ្នាំនេះ យើងបានអនុវត្តហើយជាការសិក្សាក្នុងសាលាគំរូមួយចំនួន។
សាលាគំរូ មានន័យជាសាលាតេស្ត ជា Pilot test … ដើម្បីឈានទៅពង្រីក ព្រោះយើងមានសាលាបឋមសិក្សា៧០០០។ ទាំងបឋមសិក្សា ទាំងមធ្យមសិក្សា យើងមាន ១ ម៉ឺន។ ដោយយើងមិនអាចធ្វើទាំង ១ម៉ឺនបាន ក៏ទាមទារឱ្យមានការសម្រេចចិត្ត។ ក្រុមការងារបានលើកយោបល់ ក្នុងនោះសំរេចថាពង្រឹងមត្តេយ្យសិក្សាមុន ពង្រឹងបឋមសិក្សា ពង្រឹងមធ្យមសិក្សា អនុវិទ្យាល័យឬវិទ្យាល័យ។ ដោយយើងមានបឋមសិក្សា ៧០០០ ហើយសរុប(ទាំងអនុនិងវិទ្យាល័យ)មាន ១ម៉ឺន ដូចនេះអនុនិងវិទ្យាល័យមានចំនួនតិច។ ខ្ញុំបានសម្រេចថាត្រូវយកបឋមសិក្សា(ជាការចេញដំណើរ)។ ត្រូវពង្រឹង(សាលា)បឋមសិក្សា(ទាំង)៧០០០។ (ការសិក្សាពី)ឆ្នាំទី១ ដល់ឆ្នាំទី៦ ត្រូវតែមានមូលដ្ឋាន ត្រូវតែបានពង្រឹងជាអាទិភាពមុន។ កន្លែងផ្សេងទៀតក៏យើងពង្រឹងដែរ ប៉ុន្តែគម្រោងថ្មីនេះ អនុវត្តតាមគណៈកម្មាធិការជំរុញអនុវត្តវិធានគន្លឹះក្នុងវិស័យអប់រំ ដែលខ្ញុំមើលផ្ទាល់គឺយើងផ្ដោតទៅលើថ្នាក់បឋមសិក្សា។ ដោយសារអី? មត្តេយ្យសិក្សាសំខាន់។ សិស្សដែលធ្លាប់ចូលមត្តេយ្យទៅរៀននៅបឋមសិក្សា(មានភាពវាងវៃ)គ្រាន់បើ។
ប៉ុន្តែ (ដោយសារថា)លុយយើង(មាន)តិច (ដូច្នេះត្រូវ)ដាក់កន្លែងណាដែល(ឱ្យ)ចំ(គោលដៅ)។ ពិតហើយ(ថានៅកម្រិត)មត្តេយ្យសិក្សា មានរឿងអាហារូបត្ថម្ភរឿងអី … យើងនឹងបន្តធ្វើការងារនេះជាមួយសហគមន៍ ដោយរៀបចំមត្តេយ្យសហគមន៍តទៅទៀត។ អនុវិទ្យាល័យក៏សំខាន់ដែរ។ វិទ្យាល័យក៏សំខាន់ ប៉ុន្តែ(ថ្នាក់បឋមសិក្សា)៦ឆ្នាំ វាសំខាន់ជាងគេ។ ហ្នឹងហើយដែលយើងសម្រេចយកសាលាទាំង៧០០០ជាជាងយក១០០០(សាលា) វិទ្យាល័យ៥៥០(សាលា) អនុវិទ្យាល័យ១២០០(សាលា)។ យកចំនួនតិច ស្រួលធ្វើជាង អស់លុយតិច … យើងត្រូវធ្វើទាំងអស់ហ្នឹង ប៉ុន្តែយើងចាប់ផ្តើមពីបឋមសិក្សា។ អ្នកផ្សេងអាចមានទស្សនៈផ្សេង។ ខ្ញុំក៏ធ្លាប់រៀនមត្តេយ្យដែរ។ កាលទៅរៀនមត្តេយ្យ ទិញនំ។ ដល់ម៉ោងគូររូបលេង។ ប៉ុន្តែចាប់ពីថ្នាក់ទី១ ទៅ ថ្ងៃទី១ រៀនអក្សរ រៀនបូកលេខ រហូតដល់ថ្នាក់ទី៦ ប្រឡង(បញ្ចប់)ថ្នាក់បឋមសិក្សា។ ខ្ញុំគិតថា យើងសម្រេចចិត្តដាក់កន្លែងហ្នឹងជា(ការ)រៀបចំជំរុញ។ ក្រសួងអប់រំក៏មានរូបមន្តនៅកម្រិតបឋមសិក្សា និងសាលាជំនាញ … (ហេតុដូចម្តេច)ក៏សាលានៅកម្ពុជាមានស្តង់ដាច្រើនម៉្លេះ? ម្ដងក្រសួងនេះ ម្តងក្រសួងនោះ សាលាគំរូ។ ពាក្យថាសាលាគំរូ មិនមែនជាសាលាដែលល្អលើសគេទេ គឺជាសាលាដែលបានជ្រើសរើសមកធ្វើជាតេស្ត។ គំរូនៅកន្លែងនេះគឺ pilot test ដើម្បី(សំរាំង)យករូបមន្តណាមួយ ដើម្បីយកទៅពង្រាយ(នៅក្នុងសាលា)ទាំងអស់។
ម្សិលមិញ ខ្ញុំបានជួបគ្រូៗ អតីតនាយកសាលាជិត ២០០នាក់ ក្រៅផ្លូវការប្រហែលជាជាង ៤ម៉ោង។ បាននិយាយផ្ទាល់។ ពួកគាត់ក៏អត់ដឹងថាខ្ញុំទៅ(ចូលរួមទេ)។ (ដោយសារទំរង់នៃ)ការរៀបចំកម្មវិធី ពួកគាត់មិនគិតថាខ្ញុំទៅទេ។ ពួកគាត់គិតថា ឯកឧត្តម ពេជ សោភ័ន អញ្ជើញទៅ។ កំពុងតែអង្គុយ ស្រាប់តែ(ខ្ញុំ)ចូលទៅ។ ពួកគាត់ភ្ញាក់។ ម្សិលមិញគឺ ៤ម៉ោងពេញទៅដោយការជជែកត្រង់ទៅត្រង់មក។ យើងបានអនុវត្តគម្រោងនេះជិត ៣ឆ្នាំសាកល្បងមើល។ ខ្ញុំគិតថាការអប់រំវាត្រូវមាន២ គឺអប់រំចំណេះដឹង និងចំណេះទន់ គឺឥរិយាបថ។ សាលាដែលយើងអនុវត្តនេះមាន ១៦១។ (ទី១) ផ្នែកទន់/ឥរិយាបថ។ យើងឃើញថាសាលាមានការអភិវឌ្ឍរួមជាទូទៅ។ ពីមុន យើងឃើញថាសាលាមួយចំនួនធំ សិស្សទៅរៀនមិនគ្រប់ម៉ោង មិនទាន់ម៉ោង សាលាបិទទ្វារ បែរទៅជាកន្លែងដែលគោរព(ដល់ការសិក្សា)។ គ្រូនិងសិស្សចេះលើកដៃសំពះ(គ្នាទៅវិញទៅមក)។ មុននឹងចូលរៀន លោកគ្រូអ្នកគ្រូមកបដិសណ្ឋារកិច្ចនៅមុខស្វាគមន៍ឪពុក-ម្តាយ។ សិស្សធ្លាប់រញ៉េរញ៉ៃនៅផ្ទះ។ ឥឡូវទៅដល់ផ្ទះចេះបត់ខោអាវ ចេះរៀបចំ មានឥរិយាបថក្នុងការទទួលខុសត្រូវអនាម័យ/បរិស្ថាន។
ខ្ញុំសួររឿងចីរភាព តើធ្វើឬអត់ ព្រោះពេលដែលចាប់ផ្តើមដំបូង ៦ខែ ទៅមួយឆ្នាំ ដំណើរមិនអីទេ។ ខ្ញុំបានចុះទៅ ២ ឬ ៣សាលា។ ក្រោយមកផ្ទុះសង្គ្រាមក៏អត់បានចុះ។ ប៉ុន្តែបានទទួលរបាយការណ៍ជាប់ជាប្រចាំ។ ជាទម្លាប់ ខ្ញុំមិនមើលតែរបាយការណ៍ទេ។ ខ្ញុំហៅមកជួបផ្ទាល់។ បើមិនបានចុះទៅ ក៏អញ្ជើញគាត់មកដែរ ដើម្បីនិយាយគ្នាត្រង់ទៅត្រង់មក។ ម្សិលមិញ បាន(ជជែកគ្នា)ត្រង់ទៅត្រង់មកច្រើន។ ពួកគាត់បានចូលរួមមតិក្នុងការពង្រឹង(រូបមន្តសាលាគំរូ)។ គ្មានស្អីល្អអត់ខ្ចោះទេ។ ប៉ុន្តែ អ្វីដែលខ្ញុំចង់សួរគឺចីរភាពនៃការងារនិងការចូលរួម។ ពាក្យថាចីរភាព មានន័យថាចូលរួមដោយស្ម័គ្រចិត្តចំពោះកម្មវិធីនិងរូបមន្តថ្មី។ រដ្ឋាភិបាលនិងក្រសួងអប់រំ បានដាក់បទបញ្ជា ប៉ុន្តែបើមិនមានការចូលរួមពីនាយក លោក/អ្នកគ្រូ គណៈគ្រប់គ្រង សិស្ស និងឪពុក-ម្តាយ (វានឹងធ្វើអោយការអនុវត្តបទបញ្ជានោះ)អត់ចីរភាពទេ ព្រោះអត់ពេលតាមមើលរហូតនោះទេ។
យើងបានបង្កើតរូបមន្តនេះឡើង ដោយធ្វើជា ៣ជំហាន។ ជំហានទី១ គឺដឹកដៃឱ្យដើរ។ យើងរៀបចំគ្រូ។ ខ្ញុំឃើញសាលាវត្តបូព៌(នៅសៀមរាប) មិនត្រឹមតែល្បីក្នុងខេត្តទេ ប៉ុន្តែនៅទូទាំងប្រទេស។ លោកគ្រូ ឆេង ក៏ពូកែខាង marketing ដែរ។ តែនៅក្នុងប្រទេស មិនមែនមានតែសាលាវត្តបូព៌ទេ។ មានសាលាច្រើនដែលមានលក្ខណៈគំរូបែបនេះ។ មុននឹងយើងដាក់ចេញកម្មវិធីនេះ ខ្ញុំបានជួបជាមួយលោកគ្រូពីសាលាជំនាញ។ មុនការបោះឆ្នោត ខ្ញុំបានឱ្យក្រុមការងារស្រាវជ្រាវរបស់ខ្ញុំចុះទៅស្រាវជ្រាវទូទាំងប្រទេស។ យើងរើសយកសាលាដែលមានភាពជាគំរូ ទាំងសាលាដែលធ្លាប់បានពានរង្វាន់របស់ក្រសួងអប់រំ ទាំងសាលាដែលមិនបានពានរង្វាន់អប់រំ។ ភាពជាគំរូ(នៃសាលា)នោះ គឺ(សាលា)មានការចូលរួម ការគាំទ្រនិងវិន័យ ដោយអត់ប្រើលុយទេ។ សាលាខ្លះអត់ប្រើលុយទាំងអស់។ ខ្ញុំចង់សិក្សាថា តើទាល់តែដាក់រង្វាន់ឬបានគាត់ធ្វើ? មិនដូច្នោះទេ។ សាលាខ្លះមិន(ដែលបានទទួលអ្វី)តែម្តង។
(តួយ៉ាង)សាលាមួយនៅខេត្តស្វាយរៀង បានវិវត្តពី(ស្ថានភាពជា)សាលាដែលឪពុក-ម្តាយមិនចង់ឱ្យកូនមករៀន ដែលមានវិន័យតឹងរ៉ឹង ពួកគាត់អត់លុយ អត់មានសហគមន៍ជួយ ព្រោះសហគមន៍អត់ទាន់គាំទ្រ។ (មាតាបិតាសិស្ស)ចង់យកកូនចេញពីសាលាហ្នឹងទៅដាក់សាលាផ្សេង។ ពេលឡើងធ្វើនាយក លោកគ្រូបានពង្រឹងនិងលើកទឹកចិត្តឪពុក-ម្តាយ។ ឃើញសាលាល្អ ឪពុក-ម្តាយទុកចិត្តនិងបកមកជួយសាលាវិញ។ ដំបូងលោកនាយកឱ្យកូនមករៀនថែមម៉ោង។ ឪពុក-ម្តាយមិនចង់ឱ្យមកទេ។ ដល់ឃើញរូបមន្តសិក្សាដើរល្អ ឪពុក-ម្តាយឱ្យមករៀន … សាលានៅមណ្ឌលគិរីក៏ដូចគ្នា។ សាលាខ្លះនៅកន្លែងបងប្អូនជនជាតិ។ ពេលដែលរៀបចំឱ្យសិស្សមករៀនថែម ២ម៉ោង ឪពុក-ម្តាយអត់ចង់ឱ្យមក។ គ្រូត្រូវតស៊ូខ្លាំងណាស់។ ទីបំផុតពេលសាលាដើរ កូនគាត់មានសមត្ថភាព ឪពុក-ម្តាយមកជួយឯង។ ខ្ញុំចង់បានរូបមន្តបែបនេះ។ ខ្ញុំគិតថា កត្តាទាំងអស់នេះវាជាវដ្ត ជាមុំចង្ក្រានដែលត្រូវគាំទ្រគ្នាទៅវិញទៅមក។ ឪពុក-ម្តាយគាំទ្រសាលាឱ្យដើរ។ ទាល់តែសាលាដើរល្អ បានឪពុក-ម្តាយចង់ឱ្យកូនមករៀន ជាជាងយកកូនទៅដាក់សាលាផ្សេង។ ទាល់តែឪពុក-ម្តាយ និងគ្រូត្រូវជាមួយគ្នា បានជំរុញសិស្ស ទាំងវិន័យនិងការសិក្សាកូនបានល្អ។
ទៅសាលាកំពង់ស្ពឺថ្ងៃមុន ខ្ញុំបានជួបកូនសិ្សដែលធ្លាប់តែល្ងាចឡើងបង្ហោះកង់។ ក្មួយហ្នឹងអត់មានម៉ូតូទេ។ គាត់ក្លាយទៅជាក្មេងដែលត្រឡប់ពីរៀនទៅផ្ទះ ងូតទឹកស្លៀកពាក់មុនម៉ោង ចាំឱ្យម្តាយដឹកមកអង្គុយរៀនម៉ោងបន្ថែម។ នេះដែលខ្ញុំហៅជោគជ័យដោយចីរភាព។ ខ្ញុំអត់ចង់បានថា អនុវត្តទាល់តែមានរង្វាន់ អនុវត្តទាល់តែថែមថវិកា អនុវត្តទាល់តែមានស្អី ឬមួយក៏បង្ខំ អត់ទេ។ អនុវត្តដោយយើងចង់ឱ្យសិស្សល្អ។ ឪពុក-ម្តាយទី១ ដែលជាអ្នកបង្កើត តែងតែចង់ឱ្យកូនរៀន។ លោកគ្រូ អ្នកគ្រូជាឪពុកម្តាយទី២ តែងតែចង់បានឱ្យកូនខ្លួនឯងដែលបង្រៀនហ្នឹងមានសមត្ថភាពមានចំណេះដឹង។ ខ្ញុំជឿថា លោកគ្រូអ្នកគ្រូដែលមកអង្គុយនេះ ពេលដែលសិស្សរៀនបាននិទ្ទេស A អង្គុយ(ញញឹម)បិទមាត់មិនជិតទេ។ ពេលសិស្សឡើងទទួល(រង្វាន់)ហ្នឹង អាចថានេះជាសិស្សខ្ញុំៗ បង្រៀនបាននិទ្ទេស A។ ហ្នឹងហើយជាមោទនភាពឪពុក-ម្តាយទី១ និងឪពុក-ម្តាយទី ២។ ចង់បានបែបហ្នឹង។ អ្វីដែលបានសួរទី១ ហៅថានិរន្តរភាព, ទី២ គោលដៅដែលយកទៅ(អនុវត្ត)។ ជាគោលដៅ អត់មានត្រូវពង្រីកសាលាហ្នឹងទៀតទេ។ អត់មានត្រូវពង្រីកសាលា គ.វ.អ. សាលាគំរូអី៥០០ ឬ១០០០(សាលា)ទេ។
ថ្ងៃក្រោយ យករូបមន្តដែលយើងបានដកពិសោធន៍នៅសាលាទាំងអស់នេះ ប្រៀបដូចជាឡាបូ ទៅដាក់ទិសដៅ(អនុវត្ត)។ ទិសដៅគឺ ៧០០០សាលា ឬ៨០០០សាលា ឬ ១០ ០០០សាលា ដែលត្រូវជាសាលាគំរូទាំងអស់។ នេះជាគោលដៅ។ អ្វីដែលយើងចង់បាន យើងមិនអាចធ្វើ ៧០០០សាលា(ទេ) តែយើងបានយកមួយចំនួនយកមកដាក់ធ្វើជាគំរូសាកល្បង។ ហេតុនេះហើយបានជា (ពេលដែល)គណៈកម្មាធិការស្នើសុំឆ្នាំនេះពង្រីកទៅ ១៨០ជាងទៀត ខ្ញុំថា “អត់(ពង្រីកដូចនេះ)ទេ”។ ត្រូវយល់ពីគោលគំនិតធំរបស់ខ្ញុំ។ មិនត្រូវបង្កើតស្តង់ដាពីរក្នុងសាលារដ្ឋទេ។ ត្រូវរកវិធីសាស្ត្រដែលល្អ ដើម្បីឱ្យសាលាទាំងអស់ ទៅជាសាលាដែលមានសមត្ថភាព ជាសាលាដែលជាគំរូគ្រប់សាលាទាំងអស់។ នេះជារឿងដែលជាគោលដៅ។ ប៉ុន្តែ(ដែលថា)យើងធ្វើម៉េចបាន ទាល់តែយកសាលាខ្លះមកអនុវត្ត ដើម្បី(សាកល្បង)រូបមន្ត ស្រង់យកមតិយោបល់ រៀបចំ(ជារូបមន្តមួយ)យកទៅអនុវត្ត ដើម្បីយើងចាប់ផ្តើមជំរុញទូទាំងប្រទេស។
មានអ្នកសួរថា ហេតុអ្វីបានជាក្រសួងអប់រំ(បង្កើតឱ្យមាន)ស្តង់ដាសាលាច្រើនម៉្លេះ? មានទាំងជំនាន់ថ្មីផង មានទាំងគំរូផង? ថ្ងៃមុន សុំដាក់ឈ្មោះថា “សាលាគំរូ សម្តេចបវរធិបតី”។ ខ្ញុំថាមិនបាច់ទេ។ សាលា គ.វ.អ. ក៏អត់ទេ។ ឈប់ទៅ។ គ្រាន់តែឈ្មោះបឋមសិក្សាហៅងាយនិងស្រួលចាំ។ មានតែសាលារដ្ឋរបស់កម្ពុជា ក្រោមការគ្រប់គ្រងដឹកនាំទទួលខុសត្រូវរបស់ក្រសួងអប់រំ មន្ទីរអប់រំ ដែលជាសេនាធិការឱ្យរដ្ឋាភិបាល ក្នុងការអប់រំបណ្តុះបណ្តាល។ នេះជាសាលាតែមួយគត់ដែលត្រូវធ្វើ។ សាលានេះត្រូវតែមានគុណភាព។ យើងបានធ្វើ(រហូត)មកដល់ម៉ោងនេះ។ មិនមែនអត់ធ្វើទេ។ យើងបានកែសម្រួលនិងពង្រឹងហើយ។ ៤០ ឆ្នាំនេះ (យើងបានកសាង)តាំងពីអត់មានអី មកដល់ប៉ុណ្ណេះ។ ប៉ុន្តែ យើងមិននៅស្ងៀមទេ។ យើងត្រូវធ្វើការវាយតម្លៃជាប្រចាំ។ យើងត្រូវធ្វើការកែទម្រង់ជាប្រចាំ ជាពិសេសក្នុងដំណាក់កាលដែលពិភពលោកដើរកាន់តែលឿន។ សូម្បីតែប្រទេសមហាអំណាច ក៏កំពុងវាយតម្លៃកែសម្រួលប្រព័ន្ធអប់រំដែរ។ ខ្ញុំជួបមេដឹកនាំអាស៊ាន នៅម៉ាឡេស៊ី និងប្រទេស(សមាជិក)ផ្សេងៗ កំពុងតែវាយតម្លៃប្រព័ន្ធដែលធ្លាប់ដើរ ១០ឬ២០ ឆ្នាំហើយ។ ឥឡូវអត់ដើរទាន់សភាពការណ៍។ គេត្រូវកែ។ បើយើងឈប់ យើងចប់ហើយ។
វាមិនខុសពីក្រុមហ៊ុនទេ។ ក្រុមហ៊ុនណាដែលផលិតតែផលិតផលដដែលៗ អត់ update មានក្រុមហ៊ុនផ្សេងដើរលឿនជាងហើយ។ ការអប់រំដូចគ្នា។ ឥឡូវយើងនិយាយអំពីកែទម្រង់ អំពីនវានុវត្តន៍ ត្រូវមានមូលដ្ឋានច្បាស់លាស់។ ម្សិលមិញ ការសំខាន់មួយទៀតគឺកន្លងទៅនេះ មានការដាក់ឱ្យអនុវត្តនិងស្វែងយល់គន្លឹះ។ អ្វីខ្លះដែលជាបញ្ហាប្រឈមគន្លឹះក្នុងការសម្រេចគោលការណ៍ និងសមត្ថភាពនៃការបណ្តុះបណ្តាលរបស់យើង? មិនមែនការខ្វះឆន្ទៈទេពេលខ្លះ។ មានការខ្វះខាតស្អីខ្លះ ដែលយើងត្រូវធ្វើឱ្យចំ … អ្នកណាក៏ដឹងដែរគឺហេដ្ឋារចនាសម្ព័ន្ធអគារ ដែលរាជរដ្ឋាភិបាល(គ្រប់អាណត្តិ) សម្តេចតេជោ បានជំរុញការកសាងនិងពង្រីករុញ(បឋមសិក្សា)ទៅតាមគ្រប់ឃុំទាំង។ ឥឡូវ យើងដាក់ទិសដៅពង្រីកនិងពង្រឹងអនុវិទ្យាល័យ។ គឺពង្រីកអាគារនៅនឹងកន្លែង។ ថ្នាក់រៀនខ្លះ មួយថ្នាក់ ៨០នាក់។ ថ្នាក់ខ្លះច្រើនជាងហ្នឹងទៀត។ មួយថ្នាក់លើសពី ៥០នាក់។ ខ្ញុំគិតថាប្រសិទ្ធភាពថយ។ ខ្ញុំសួរលោកគ្រូម្នាក់មកពីកោះកុងម្សិលមិញ។ គាត់ថា “សម្តេច ពេលភ្លៀងមក ដំបូលសាលាប្រកួតជាមួយភ្លៀងអត់ឈ្នះទេ”។ យើងមិនអាចលុបម៉ោងរៀនពេលភ្លៀងរហូតអញ្ចឹងទេ។
យើងត្រូវតែគិតគូររឿងចំនួន(សិស្សក្នុងថ្នាក់)។ ចំនួន(សិស្សក្នុងថ្នាក់នេះ)មានកត្តា២ (ជាមូលដ្ឋាន)។ ទី១ ខ្វះអគារ និងទី២ ខ្វះគ្រូ។ ដើម្បីដោះស្រាយបញ្ហាខ្វះអគារនេះ … ខ្ញុំបានឱ្យឯកឧត្តម ហង់ជួន ណារ៉ុន ធ្វើឡើងបច្ចុប្បន្នភាពឱ្យខ្ញុំ។ ខ្ញុំណែនាំហើយអំពីក្រុមការងារដែលត្រូវធ្វើការជាមួយគ្នា។ ដំបូង ត្រូវឱ្យដឹងសិនថា តើបច្ចុប្បន្ន សាលាទាំងអស់មានប៉ុន្មាន នៅកន្លែងណាខ្លះ មួយកន្លែងៗមានសិស្សប៉ុន្មាន មានអាគារថ្នាក់រៀនប៉ុន្មាន។ សមាមាត្ររវាងចំនួនសិស្សទៅនឹងបន្ទប់ប៉ុន្មាន ដើម្បីយើងដឹងថាតើ(យើងកំពុងស្ថិតនៅ)កម្រិតណា? យើងខិតខំកសាង។ យើងធ្វើហើយ តែល្បឿននៃការកសាងនៅយឺតជាងល្បឿននៃ(សេចក្តីត្រូវការរបស់)ប្រជាជន។ ប្រជាជនកើនលឿន។ យើងត្រូវដាក់ឱ្យចំគោលដៅ។ ពង្រីកសាលា។ ខ្ញុំបានឱ្យកែហើយ។ ឥឡូវ យើងមានសាលាតែមួយស្តង់ដាគ្រប់កន្លែង។ ខ្ញុំសុំឱ្យលោក/អ្នកគ្រូ ទាំងនៅទីនេះនិងនៅទូទាំងប្រទេស ទាំងប្រជាពលរដ្ឋ ទាំងមាតាបិតា សូមយោគយល់។ យើងមានសាលាតែមួយស្តង់ដាទេ គំរូតែមួយទេ ធ្វើតែមួយ ធ្វើនៅក្រុង ១០ម៉ឺន ធ្វើនៅខេត្តក៏ ១០ម៉ឺន នៅជនបទក៏ ១០ម៉ឺន។
ដើម្បីពន្លឿនការពង្រាយសាលា … ខ្ញុំបានឱ្យក្រសួងអប់រំបែងចែកសាលា ៣កម្រិត។ ខ្ញុំនិយាយតែពីរឿងសំណង់។ នៅទីជនបទ គុណភាពត្រូវរក្សា មិនមែនធ្វើពីឈើ ពីអីឡើងវិញទេ … ឥដ្ឋអីយើងយកពីបរទេស ពីប្រភេទថ្មី របៀបបច្ចេកវិទ្យាថ្មី។ ខ្ញុំឱ្យធ្វើ ៣ប្រភេទ។ សម្រាប់ជនបទដាច់ស្រយាល ដែលខ្វះខាត យើងសង់អគារប្រភេទណា? កម្រិត៣។ ក្រៅពីទីប្រជុំជន នៅជាយក្រុង (សង់សាលា)កម្រិត ២។ នៅក្នុងក្រុង យើងធ្វើកម្រិត៣ ចុះ។ នេះខ្ញុំនិយាយអំពីបឋម(សិក្សា)។ មធ្យម(សិក្សា)ហ្នឹង យើងនៅរក្សាដដែល។ កម្រិត១ កម្រិត២ កម្រិត៣ មិនមែនជាសាលាកន្ទ្រីកកន្ទ្រួកទេ គ្រាន់តែវិធីសាស្ត្រ(សង់ផ្សេងគ្នា)។ ឧ. សាលាកម្រិត៣ យើងអត់ចាំបាច់ចាក់ធ្នឹមទេ។ យើងក៏មិនបាច់ដាក់ក្បឿងដែរ។ យើងរៀបចំស័ង្កសី មានអាំងសូឡង់(insulator)។ ខ្ញុំទៅមណ្ឌលជនភៀសសឹកតាកឹង ឃើញវិស្វកម្មប្រើស័ង្កសីប្រភេទនេះ។ អត់ក្តៅទេ។ ស័ង្កសីហ្នឹងមានស្នោនៅខាងក្នុង ហើយតម្លៃប្រហែលក្បឿង។ យើងអត់ចាក់(ប្លង់សេ)ទេ។ ដូចនេះ សំរាប់អគារធម្មតាដែលយើងធ្វើ ១០ម៉ឺន យើងអាចចំណាយតែ ៦ម៉ឺនទេ។
បានន័យថា (ជាវិធីសាស្ត្រសមស្របនិង)សមរម្យ … ខ្ញុំមិនដឹងថាមានក្រាលការ៉ូឬអត់ទេ។ កំពុងឡើងផែនការនេះ។ ជួនកាលអត់ចាំបាច់មានការ៉ូមកពីចិនអី ដូចនៅសាលាប្រណីតទេ។ ចាក់សាបធ្វើឱ្យស្អាត ដូចសាលាយើងពីដើម។ នៅជនបទ ស្រួលថែផង។ កាត់បន្ថយចំណាយ។ លើកខ្ពស់ផុតពីទឹក ពីក្រៅដាក់ឥដ្ឋប្លុកដែលគេធ្វើសំណង់ធំៗ ឥឡូវនេះ … គេចាក់ពុម្ពស្រាប់។ គេលែងរៀបឥដ្ឋ២០ ឥដ្ឋ១០ ហើយ។ ដំបូលមិនបាច់ចាក់ប្លង់សេទេ។ ពីមុនយើងចាក់ប្លង់សេកុំឱ្យក្តៅ។ អញ្ចឹង អស់ថ្លៃប្លង់សេ។ យើងកាត់ប្លង់សេចោល។ យើងដាក់ស័ង្កសីមានស្នោ។ ថ្លៃជាងស័ង្កសីធម្មតា ប៉ុន្តែវាជួយ។ ភ្លៀងអត់ឮសូររញ៉េរញ៉ៃទេ។ វាជួយទប់កម្តៅ(ផង)។ តែនៅឌីសាញនៅឡើយទេ។ បើយើងធ្វើមួយខ្នង(មានប្លង់សេអស់) ១០ម៉ឺនដុល្លារ យើងមាន ១លានដុល្លារ ធ្វើបានតែ ១០អគារទេ។ ប៉ុន្តែ បើយើងមាន ១លានដុល្លារ យើងធ្វើអគារមួយអស់តែ ៦ម៉ឺន យើងនឹងបាន ១៥ ទៅ ១៦អគារ។ ១៦អគារ អាចផ្តល់ដល់ ១៦បឋម(សិក្សា) នៅជនបទដែលដាច់ស្រយាល។ ខ្ញុំសួរហើយ។ អគារនេះជាប់បាន១៥ ឬ២០ ឆ្នាំ។ អត់ទៅណាទេ។ ពេលដែលយើងមាន(លទ្ធភាព)កម្រិត(ខ្ពស់) ថ្ងៃក្រោយ(ចាំគិតទៀត។ តែ)ឥឡូវយកស្អីមុន? យកអគារប្រណីត ឬមួយយកដំបូលឱ្យសិស្សរៀន? យើងត្រូវទទួលស្គាល់លទ្ធភាពយើងប៉ុណ្ណា ហើយតម្រូវការយើងយ៉ាងម៉េច?
យើងអនុវត្តចាប់ផ្តើម។ ខ្ញុំសុំអោយមានការយោគយល់ … យើងគិតគូរឱ្យសមរម្យ។ អត់ដូចពីដើមរ៉េករ៉ោកអីទេ។ យើងធ្វើឱ្យល្អ។ យើងពង្រាយសាលាឱ្យបានច្រើន។ សាលាជាយក្រុងនិងសាលាក្នុងក្រុង។ សាលាក្នុងក្រុង យើងយកស្តង់ដាដដែល។ បើកម្ពស់ ២-៣ ជាន់ ហ្នឹងត្រូវតែស្តង់ដារ ព្រោះមិនអាច(ធ្វើផ្សេងបាន)ទេ។ តែនេះខ្ញុំនិយាយ(ករណីមានតែ)មួយជាន់ៗ។ នេះគឺជាការគិតថ្មី និងការអនុវត្តថ្មី។ (បើតម្រូវអោយជ្រើសរើសរវាង)ធ្វើ១០០ ឬ១៥០ ខ្ញុំរើសយកធ្វើ ១៥០ ដើម្បីឱ្យប្រជាជនខ្ញុំបានទទួលផលពីសាលា១៥០ (ពីការ)ចាយលុយ(ទំហំ)ដូចគ្នា … មិនបាច់មានការ៉ូពីចិនដូចនៅក្នុងក្រុងទេ។ មិនបាច់មានក្បឿងស្រកាលេញ ឬក្បឿងអីទេ។ យើងប្រើសុទ្ធតែបច្ចេកវិទ្យាទំនើប។ ជាបច្ចេកវិទ្យានៅចិន។ នៅអាមេរិក ក៏យកមកពីចិន មកពីប្រទេសអភិវឌ្ឍន៍។ មិនមែនយើងធ្វើខ្លួនឯងទេ។ ឥឡូវអាចធ្វើក្នុងប្រទេស តែសុទ្ធតែបច្ចេកវិទ្យា ដូចគេធ្វើនៅក្រៅប្រទេសដែរ ព្រោះវាមានអាំងសូឡង់កុំឱ្យក្តៅ។
កន្លងទៅ យើងចាក់ប្លង់សេដើម្បីកុំឱ្យក្តៅ។ តែប្លង់សេអស់ថវិកាច្រើន។ យើងរកវិធីថ្មី បច្ចេកវិទ្យា ផលិតផលលើពិភពលោក។ គេមានហើយ ហេតុអីយើងមិនប្រើ? ចាប់យកមក។ គេធ្វើផ្ទះនៅអាមេរិកនៅអី លក់រាប់សិបសែនរាប់លាន ដំបូលមួយចំនួនសុទ្ធតែដាក់អាំងសូឡង់ហ្នឹងដែរ។ គេរៀបជ័រពីលើ។ យកបច្ចេកវិទ្យាហ្នឹងមកធ្វើទៅដើម្បីបណ្ដោះអាសន្ន។ សូមឱ្យមានការយោគយល់។ នេះទាក់ទងទៅនឹងការពង្រីក។ យើងត្រូវតែពង្រីកឱ្យលឿន។ សិស្សកើនលឿន។ មួយឆ្នាំៗ គាត់ខាត។ កន្លែងខ្លះ អនុវិទ្យាល័យដែលនៅជាមួយបឋមសិក្សា យើងធ្វើតាមរបៀបហ្នឹងដែរ។ អាចមានកន្លែងរៀន។ ជាជាងមួយថ្នាក់ញាត់ ១០០នាក់ ឬ ៨០នាក់។ យើងមានពីរថ្នាក់។ ឥឡូវថែម ៥ថ្នាក់ ៦ថ្នាក់ទៀតហើយ គាត់អាចបំបែកទៅបាន។ ទៅរៀនមួយថ្នាក់តែ ៤០នាក់ ទៅ ៥០នាក់។
កន្លែងខ្លះមានគ្រូគ្រប់ តែខ្វះអគារ។ កន្លែងខ្លះមានអគារអីគ្រប់ តែខ្វះគ្រូ។ អញ្ចឹង យើងបង្កើតរូបមន្ត។ នេះខ្ញុំនិយាយរឿងបឋម(សិក្សា)។ កន្លងទៅ ក្រសួងអប់រំបានច្នៃប្រឌិតហើយ គឺមានគ្រូកិច្ចសន្យា។ ប៉ុន្តែកិច្ចសន្យាមានការលំបាក ដោយទាក់ទងនឹងគុណភាព និងទាក់ទងនឹងការលើកទឹកចិត្តគ្រូដែលទៅបង្រៀន ព្រោះបៀវត្សរ៍គ្រូកិច្ចសន្យាដូចមន្ត្រីសន្យា … គឺគ្រូកិច្ចសន្យា ១លាន ២សែន គ្រូបឋម ១លាន ៥សែន។ អញ្ចឹង យើងរៀបចំមួយទៀតគឺកិច្ចព្រមព្រៀងការងារ។ រឿងអីដាក់ថ្មីនេះ? មានអ្នកមិនទាន់យល់។ មានអ្នកសង្ស័យច្រើន។ ជាការធម្មតាទេ។ ទាល់តែអនុវត្តមួយរយៈ បានយើងដឹង។ អត់មានស្អីដែលថ្មីទេ ព្រោះជាធម្មជាតិនៃមនុស្ស។ យើងចូលចិត្តតែអ្វីដែលយើងធ្លាប់ដឹងធ្លាប់ឮ។ គេថា “បើមិនខូច កុំជួសជុលវា”។ តែដំណាក់កាលនេះ អត់បានទេ។ បើមិនខូចកុំជួសជុលវា ថែត្រឹមតែថែដដែលៗ គេដើរទៅចោលហើយ។ បើយើងមិននវានុវត្តន៍ ច្នៃប្រឌិតខ្លួនឯងខ្លះ។ បើទម្លាប់មកប៉ុណ្ណឹង ១០ឆ្នាំ ២០ឆ្នាំ ធ្វើតែប៉ុណ្ណឹងទៅ មិនបាច់កែទេ យើងអត់ខុសអីទេ គេទៅតែគេ។ ដើរអត់ឈ្នះគេទេ។
ការច្នៃប្រឌិតរឿងមន្ត្រីបូកជាមួយគ្រូដូចគ្នា។ ឥឡូវក្របខ័ណ្ឌយើងគាំងត្រង់ហ្នឹង។ យើងមានច្រកពីរ៖ ទី១ មន្ត្រីជាគ្រូក្របខ័ណ្ឌ ប្រឡងជាប់ ចូលរៀនសាលាគរុកោសល្យចប់ បានចេញ។ យើងធ្វើរបៀបនេះ ល្បឿនយឺតសម្រាប់បំពេញចំនួនគ្រូទៅឱ្យទូទាំងប្រទេសបូកជាមួយគ្រូរ៉ឺត្រែតផងអីផង។ យើងពិបាកព្រោះត្រូវការ ពេល ៤ឆ្នាំ។ ឥឡូវ គ្រូសុទ្ធតែមានបរិញ្ញាបត្រទាំងអស់ អត់មាន ១២+២ ទៀតទេ គឺ ១២+៤ ទាំងអស់។ អញ្ចឹងត្រូវការ ៤ឆ្នាំ។ ដោយសារមានគ្រូដែលចូលនិវត្តន៍ផងអីផង យើងប្រឈមបញ្ហាច្រើន។ ទី២ ការចាត់បញ្ជូនទៅជនបទពិបាក។ សាលាកំបូលថ្ងៃមុន ក៏ខ្វះគ្រូដែរ។ កុំថាតែសាលានៅជនបទ សាលានៅជាយក្រុងក៏ខ្វះគ្រូដែរ។ អញ្ចឹង ការបើកក្របខ័ណ្ឌសាកល្បង ក្របខ័ណ្ឌកិច្ចព្រមព្រៀងនេះ បានន័យថា យើងរើសអ្នកដែលមានគុណវុឌ្ឍិ ឧ. មានបរិញ្ញាបត្រ ហើយទៅបណ្តុះបណ្តាលរយៈពេលខ្លី។ កន្លងទៅ គ្រូទើបមានបាក់ឌុប្លិ៍ រៀន ៤ឆ្នាំទើបបានបរិញ្ញាបត្រ។ ឥឡូវ យើងយកអ្នកដែលមានបរិញ្ញាបត្រទៅបណ្តុះបណ្តាលរយៈពេលខ្លី ៦ខែ ឬមួយឆ្នាំ (ខ្ញុំមិនដឹងថាក្រសួងមានវិធានតម្រូវដូចម្តេចទេ) ដើម្បីឱ្យទៅជាគ្រូបង្រៀនសម្រាប់បឋម(សិក្សា)។
កិច្ចសន្យាក្នុងរយៈពេលមួយឆ្នាំ ហើយបើគាត់នៅរហូត (គាត់ទទួលបាន)បៀវត្សរ៍ និងអត្ថប្រយោជន៍អីដូចគ្នា។ គ្រូបឋមសិក្សា មានក្របខ័ណ្ឌ ចាប់ផ្តើមពី ១លាន ៥សែន គ្រូកិច្ចព្រមព្រៀងក៏ ១លាន ៥សែន។ គ្រូទទួលបាន ប.ស.ស. បានដូចគ្នា អត្ថប្រយោជន៍អីទាំងអស់(ក៏បានដូចគ្នា)។ (គាត់ក៏បានទទួល)ប្រាក់រ៉ឺត្រែតទៅថ្ងៃក្រោយ ព្រោះបូកទាំងអតីតភាពការងារ ទោះគាត់ផ្ទេរទៅណា ទៅក្រៅឬមកក្នុងវិញ … ដល់ពេលចប់មានប្រាក់រ៉ឺត្រែត ដែលយើងបូក(បន្តជូនគាត់) … អញ្ចឹង យើងឱ្យដូចគ្នាទាំងអស់ … បើធ្វើតាមវិធីដូចយើងធ្វើរាល់ថ្ងៃ យើងបានដោះស្រាយមួយជំហានហើយ ប៉ុន្តែវាមានបញ្ហាចោទអញ្ចេះ។ ទី១ គ្រូតាមស្តង់ដាតិចពេក បំពេញអត់គ្រប់។ អញ្ចឹង ដើម្បីគ្រប់ យើងយកកិច្ចសន្យាធម្មតាដែលអត់មានគុណវុឌ្ឍិ។ យើងដាក់រូបមន្តថ្មី ដើម្បីយកគ្រូគុណវុឌ្ឍិ ស្ម័គ្រចិត្តទៅកន្លែងហ្នឹង បំពេញកន្លែងហ្នឹង “បំពេញឱ្យត្រូវ រក្សាឱ្យនៅ”។ រឿងតែប៉ុណ្ណឹង។
ក្រសួងអប់រំ រាជរដ្ឋាភិបាល លោក/អ្នកគ្រូ (រៀបចំ)គោលនយោបាយដើម្បីគោលបំណងស្អី? គឺគោលដៅធំគឺការអប់រំ។ ការអប់រំទាល់តែមានគ្រូដែលមានគុណវុឌ្ឍិ។ អត់អាចថា “បឋមសិក្សាអត់សំខាន់ទេ ចាំដល់មធ្យមបានសំខាន់”។ មិនអញ្ចឹងទេ។ បើគ្មានមូលដ្ឋានថ្នាក់ទី១ ដល់ទី៦ រឹងមាំទេ (នោះវិស័យសិក្សាធិការមាន)បញ្ហាហើយ។ គ្រូអនុវិទ្យាល័យនឹងស្រែក “ឱ្យខ្ញុំធ្វើម៉េចបើ(សិស្សឡើងពីក្រោម)មកអញ្ចឹង? បើខ្ញុំតឹង ធ្លាក់អស់”។ គ្រាន់តែជាឧទាហរណ៍ទេ មិនមែនដល់ថ្នាក់ហ្នឹងទេ។ យើងបានពង្រឹងគុណភាពបឋមសិក្សា ការអប់រំបានច្រើនហើយ។ អ្វីដែលខ្ញុំនិយាយគឺគុណភាពនៅថ្នាក់ក្រោមនីមួយៗ ជាមូលដ្ឋានចាប់យកការសិក្សាកម្រិតខ្ពស់នៅថ្នាក់បន្តបន្ទាប់។ ដើម្បីរៀនកម្រិតខ្ពស់នៅថ្នាក់ឧត្តមសិក្សា ទាល់តែថ្នាក់វិទ្យាល័យខ្លាំង។ ថ្នាក់វិទ្យាល័យខ្លាំងទាល់មានគ្រឹះពីអនុ(វិទ្យាល័យ)។ អនុ(វិទ្យាល័យ)ខ្លាំងទាល់មានគ្រឹះពីបឋម(សិក្សា) … ៦ ឆ្នាំដំបូងនេះសំខាន់។
អញ្ចឹងហើយ ១អាណត្តិនេះ យើងផ្ដោតលើការពង្រឹងជាអាទិភាពពិសេសទៅតាមវិធានការគន្លឹះនេះ។ ក្រសួងអប់រំមានថវិកា មានផែនការសម្រាប់ពង្រឹងគ្រប់ហើយ។ ប៉ុន្តែ ដែលថាពង្រឹងបន្ថែម គឺ “ប៉ូវកម្លាំងបន្ថែម ស៊ីម៉ង់ត៍បន្ថែម ដែកបន្ថែមនេះ” នៅសសរស្ដម្ភថ្នាក់បឋម(សិក្សា)ហ្នឹងឯង។ ក្រសួងអប់រំមានផែនការអីផ្សេងៗ ពង្រឹងគ្រប់វិស័យ មិនមែនថាធ្វើតែថ្នាក់បឋមសិក្សាហើយបោះបង់ថ្នាក់ផ្សេងទេ។ ធ្វើទាំងអស់។ ហ្នឹងជាផែនការ។ អ្វីដែលខ្ញុំនិយាយគឺក្នុងក្របខ័ណ្ឌនៃទិសដៅ។ បើសិនជាយើងពង្រឹងហ្នឹងបាន មិនខុសពីវិស័យសុខាភិបាលទេ។ យើងធ្វើម៉េចពង្រឹងមណ្ឌលសុខភាព ពេទ្យបង្អែកស្រុកនិងប៉ុស្តិ៍សុខភាព ក្នុងអាណត្តិនេះរហូតដល់ពេលណាមួយ។ កាលណាមណ្ឌលសុខភាពខ្លាំង ប៉ុស្តិ៍សុខភាពអាចយោងទៅជាមួយហើយ … បឋមសិក្សាគឺនៅផ្ទាល់តែម្ដង។
គ្មានសិស្សណាអាចមិនចូលរៀនបឋមសិក្សា ហើយឡើងទៅរៀនអនុវិទ្យាល័យទេ។ យូរៗ មានមួយទេ … ក្មួយមួយនៅតាកែវ អាយុប៉ុន្មានឆ្នាំ ឡើងដល់ថ្នាក់ណា រៀននៅសាលាបែលធីនេះ? … ក្មួយហ្នឹងអត់រៀនបឋម(សិក្សា)ទេ … គាត់ឡើងផ្លោះ … ហ្នឹងឪពុកម្តាយសប្បាយចិត្ត។ ខ្ញុំបានជួបម្តង។ ក្មេងខ្លះអញ្ចឹង។ ក្រៅពី(ករណីពិសេស)ហ្នឹង គឺត្រូវរៀនពីថ្នាក់ទី១ រហូតដល់ថ្នាក់ទី៦ រហូតបានឡើង។ ដូចតែខ្ញុំដូចអ្នកឯងអញ្ចឹង។ ពីក្មេងធ្លាប់ផ្លោះមួយថ្នាក់ៗដែរប៉ុន្តែនៅតែរៀនជាប់ហ្នឹង។ អញ្ចឹងយើងត្រូវពង្រឹងការងារហ្នឹង គឺពង្រឹងគ្រូនិងបន្ថែមសាលា។ ទី៣ បញ្ហាគន្លឹះមួយទៀតដែលយើងអាចធ្វើបានគឺម៉ោង។ ឥឡូវដោយសារកត្តាខ្វះគ្រូ ខ្វះសាលា ខ្វះអគារ យើងរៀនបានតែ ៤ម៉ោងទេ ដែលពាក្យសាមញ្ញថា រៀនតែមួយវេន។ សាលាដែលខ្ញុំសាកអនុវត្តនេះ យើងអាចបន្ថែម ២ម៉ោងល្ងាច។ កំណើនឡើងលឿន។ ខ្ញុំសួរគ្រូពីម្សិលមិញ។ ខ្ញុំឆ្ងល់ថា ក្នុងសាលា ១៦០ជាងនោះ សាលាខ្លះអត់មានសុំបន្ថែមគ្រូ អត់មានសុំបន្ថែមអគារសោះ ម៉េចក៏ធ្វើបាន? គាត់ថា សាលាខ្លះនៅមានអគារ នៅមានលទ្ធភាពធ្វើ។ អញ្ចឹងគោលការណ៍យើងត្រូវរៀបចំ គិតគូរបន្ថែមទៀតរឿងអីផ្សេងៗ។
កាលខ្ញុំរៀន មួយថ្ងៃ ៨ម៉ោង ជំនាន់ទសវត្សឆ្នាំ ១៩៨០។ ត្រូវទេ? អ្នករៀនជំនាន់ទសវត្ស១៩៨០ ព្រឹក ម៉ោង ៧ ដល់ ម៉ោង ១១ ថ្ងៃ ម៉ោង ១ ដល់ ម៉ោង ៥ ល្ងាចរៀនគួរបន្ថែមទៀត … យើងឃើញថាសមត្ថភាព និងភាពច្បាស់របស់សិស្ស ទាក់ទងជាវិជ្ជមានជាមួយម៉ោងសិក្សាក្នុ្នងសាលា។ ឥឡូវ យើងមិនទាន់ឈានទៅដល់(ការសិក្សា) ៨ម៉ោង(ក្នុងមួយថ្ងៃ)ដូចកាលខ្ញុំរៀនក៏ដោយ តែឥឡូវត្រូវដាក់ទិសដៅថ្ងៃក្រោយ សាលារដ្ឋត្រូវរៀន ៦ម៉ោង បន្ថែមពី ៤ម៉ោងជាស្វ័យប្រវត្តិ ដើម្បីឱ្យក្មួយៗ មានឱកាសរៀនបន្ថែម។ ឥឡូវមើល លោក/អ្នកគ្រូ ដែលមក បើអោយបង្រៀនបន្ថែមដល់ ៦ម៉ោង ព្រមឬអត់? មានគ្រូទេ? អត់ទេ។ សុទ្ធតែសិស្សទេ។ យើងឱ្យសាកល្បង។ កម្មវិធីសិក្សាច្រើនម៉ោង ប៉ុន្តែយើងមានតែ ៤ម៉ោងសិក្សា ដូច្នេះគ្រូត្រូវកាត់មេរៀនច្រើន។ មួយទៀត ការបង្រៀនមិនស៊ីជម្រៅទេ ដោយសារមេរៀនត្រូវ cover ច្រើន ឯសិស្សចាប់មិនទាន់។ យើងសាកល្បងថែមតែ ២ម៉ោងល្ងាច ដែលផ្តោតទៅលើការពង្រឹង (ដោយឱ្យសិស្ស)មានឱកាសសួរស្រដៀង(គ្នានឹង)រៀនគួរ ប៉ុន្តែមិនមែនរៀនគួរទេ គឺរៀនក្នុងម៉ោងរដ្ឋ …។
ខ្ញុំគិតថា យើងត្រូវតែពង្រីកម៉ោងសិក្សា។ ក្រសួងអប់រំធ្វើផែនការ ពិនិត្យជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីរកមើលអ្វីដែលយើងអាចធ្វើបាន កាត់បន្ថយអ្វីមួយឲ្យចំណាយតិច ហើយមានអាទិភាពធំ គឺម៉ោងសិក្សា។ ម៉ោង(បន្ថែមម៉ោង)សិក្សា (ធ្វើឱ្យ)ចំណេញ២។ យើងថែម ២ម៉ោងឱ្យល្ងាច ដើម្បីសិស្សអាចសួរ ឬមួយក៏ថែមមេរៀនឱ្យគាត់បានកាន់តែឆ្អិន។ ឥឡូវនេះ យើងផ្តោតលើគណិតវិទ្យានិងអក្សរសាស្ត្រខ្មែរ ដើម្បីឱ្យរឹងមាំ។ ប៉ុន្តែឱ្យគិតគូរមើល តើ ៦ម៉ោងនេះ យើងធ្វើអី? ទី២ ពេលសិស្សនៅក្នុងសាលា ឪពុកម្តាយលែងលំបាក។ បើនៅក្រៅ វាទៅបង្ហោះកង់ វាទៅគ្រោះថ្នាក់ វាទៅដើរលេងបងតូចបងធំ ខ្លះវាឈានទៅដល់ប្រើគ្រឿងញៀនអី … ឥឡូវពេលល្ងាចកូននៅក្នុងសាលារៀន។ លោក/អ្នកគ្រូ ខ្លះបង្រៀនគួរ។ គាត់កែម៉ោងទៅក្រោយ ព្រោះយើងសាកល្បង។ កាលមុន ពេលល្ងាចខ្លះ លោក/អ្នកគ្រូបង្រៀនគួរម៉ោង១ ម៉ោង២។ ដល់យើងដាក់ម៉ោងរៀនហ្នឹងទៅ គាត់កែទៅម៉ោង៤ ម៉ោង៥ វិញ … គាត់មកជួយបង្រៀននៅសាលារដ្ឋ។
នេះជាគោលការណ៍ដែលយើងត្រូវបន្តធ្វើនិងជំរុញធ្វើនៅឆ្នាំក្រោយ បន្ថែមទៅលើគម្រោងថវិកាដែលមាន។ យើងនឹងពិនិត្យមើល វិភាជមួយចំនួន ពិសេសទៀតទៅលើការកសាង ពង្រីកសាលា ផ្តោតលើបឋមសិក្សា អគារសិក្សាមួយចំនួន។ យើងមិនអាចធ្វើមួយឆ្នាំហើយអស់ទេ តែជាផែនការឆ្នាំ យើងនឹងបន្ត។ ទី៣ ការរើសគ្រូថ្មីឱ្យចំដើម្បី(បង្រៀន) និងការបង្កើនម៉ោងសិក្សា។ មើលក្មួយៗ យើងរៀនចប់ហើយ។ យើងរួចខ្លួនហើយ។ សូមនិយាយត្រង់មើល ជាជាងរៀនតែ ៤ម៉ោងក្នុងមួយថ្ងៃ បើមានឱកាសរៀន ៦ម៉ោង ព្រឹក ៤ម៉ោង ល្ងាច២ម៉ោងវិញ និងបើសិនជាត្រឡប់ទៅរៀនវិញ តើក្មួយៗណាខ្លះព្រមរៀន លើកដៃមើល? មានតែប៉ុណ្ណឹងទេ? មើលប៉ុន្មាននាក់ដែលថា សុំរៀនតែ ៤ម៉ោងហ្នឹងទេ? ហើយអ្នកអត់លើកដៃ ប៉ុន្មានក៏បានដែរ? … ក្មួយភាគច្រើនរៀនបានតែមួយព្រឹក ឬមួយល្ងាចទេ។ ចង់បានឱកាសរៀនច្រើនក្នុងមួយថ្ងៃហ្នឹង ជាជាងយើងរៀនតែ ៤ម៉ោងឬទេ? តើមើលប្រាប់ពូមើលថា បើសិនជាប្អូនៗជំនាន់ក្រោយ ឬមួយជំនាន់យើង មួយថ្ងៃបានរៀនដល់ទៅ ៦ម៉ោង យើងអាចយល់ដឹងច្រើនជាង ៤ម៉ោងទេ? មើលលើកដៃមើល? លើកទាំងអស់ មើលអត់ឃើញ។ ម្សិលមិញ ខ្ញុំសួរលោកគ្រូ អ្នកគ្រូ នូវសំនួរសាមញ្ញមួយ។ បើសិនជាក្រសួងអប់រំចេញគោលការណ៍ជាជាងរៀនតែមួយវេនមួយថ្ងៃ ឱ្យរៀនមួយវេនកន្លះ បានន័យថាជាជាងរៀនតែ ៤ម៉ោង ទៅរៀន ៦ម៉ោងក្នុងមួយថ្ងៃ តើលោកគ្រូ អ្នកគ្រូ ឪពុកម្តាយសិស្សធ្វើបាតុកម្មឬអត់? គាត់ថាអត់ទេ។
ខ្ញុំសួរថា ម៉េចអញ្ចឹង? គាត់ថា ឪពុកម្តាយចង់បានទៅវិញទេ ព្រោះឥឡូវសាលា ក្នុង គ.វ.អ ១៦១ ដែលយើងឱ្យថែម ៦ម៉ោងនោះ សាលានៅជុំវិញហ្នឹងសួរថាកាលណាឱ្យសាលាពួកគាត់ចូល? វាមិនបាច់ត្រូវការធ្វើអីដែលបង្ខំមនុស្សទេ។ អ្វីដែលខ្ញុំសួរលោក/អ្នកគ្រូ កាលពីម្សិលមិញហ្នឹង គឺស្អីខ្លះដែលជាគន្លឹះ ដែលលោក/អ្នកគ្រូចង់បាន ទាក់ទងការសិក្សា បូកជាមួយការប្រឈមជាក់ស្តែង។ អញ្ចឹង ហេដ្ឋារចនាសម្ព័ន្ធ គ្រូ ប៉ុន្តែកត្តាមួយទៀត ដូចខ្ញុំនិយាយ គឺកត្តាម៉ោងសិក្សា ឬចំនួនម៉ោងសិក្សា។ យើងអាចឈានមួយជំហាន ពី ៤ទៅ ៦ម៉ោង។ បើសិនជាបានហើយ ថ្ងៃក្រោយ ចាំយើងគិតថាត្រូវការពង្រឹងអីទៀត ចាំគិតគូររឿងថែមទៅ ៨ម៉ោង … គួរតែគិតខិតខំប្រឹងប្រែង ព្រោះប្រទេសយើងត្រូវប្រកួតជាមួយប្រទេសផ្សេងៗ។ សូម្បីតែនៅក្នុងអាស៊ាន ប្រទេសនានាក៏គេបណ្តុះបណ្តាលកូនសិស្សគេដែរ។ អញ្ចឹង ធនធានមនុស្សយើង ត្រូវតែចូលជាមួយគេក្នុងការប្រកួតប្រជែង។ យើងហាត់តែ ៤ម៉ោង ម៉េចដូចគេហាត់ ៨ម៉ោងឬ ៦ម៉ោង? ដូចនេះទាល់តែយើងបង្កើនម៉ោងហាត់។ ពង្រឹងទៅលើអី? ថែមម៉ោង ដោយពង្រឹងលើច្រើនមុខ។ ប៉ុន្តែ ខ្ញុំសុំឱ្យផ្តោតអាទិភាពលើអក្សរសាស្ត្រខ្មែរ និងគណិតវិទ្យាឱ្យបានច្រើន ព្រោះពីរហ្នឹងសំខាន់ណាស់។ មិនអាចថាកូនខ្មែរតែអត់ចេះសរសេរ(ខ្មែរ)ទេ។
ឃើញសរសេរនៅលើ Facebook ភាគច្រើន ខ្ញុំមើលអត់យល់ ឬមួយក៏ជាអក្សរ Gen Z? អក្សរខ្លះ យើងអានហើយ មិនដឹងថាគេប្រកបជាឡាតាំង ឬមួយក៏ខ្មែរ … ការតែងសេចក្តីវាជួយរៀបចំពាក្យ។ ការតែងសេចក្តីនេះ មិនមែនសរសេរដើម្បីពិន្ទុទេ តែឱ្យមនុស្សចេះរៀបរៀងនៅក្នុងការនិយាយស្តី ការគិត ចេញមកជាការអនុវត្ត តាមរយៈសំណេរ។ ពេលដែលយើងគិតហើយ ការនិយាយក៏វាដូចតែគ្នាទេ។ ការគិត ការតែងសេចក្តី ទី១ ការរៀបរៀងពាក្យ អក្ខរាវិរុទ្ធ វេយ្យាករណ៍។ ប៉ុន្តែអ្វីសំខាន់ ការបញ្ចេញគំនិត ការតាក់តែងផ្គុំ។ ឱ្យម៉ោងប៉ុណ្ណឹង ប្រធានបទហ្នឹង តើយើងចេះគិតគូរតាក់តែងគំនិតបែបណា … ឯកឧត្តម ហង់ជួន ណារ៉ុន ក៏មានធ្វើការប្រឡងនៅអង្គរវត្ត ប្រឡងសរសេរតាមអាន។ ឥឡូវយើងមានទេ សរសេរតាមអាន? មានដែរ។ កាលខ្ញុំសរសេរតាមអាន ចង់បែកញើសម្តងៗ។ សរសេរតាមអានសំខាន់។ និយាយរួមសរសេរអីក៏សំខាន់ដែរ សរសេរឱ្យត្រូវ មិនថាភាសាខ្មែរ ភាសាបរទេសទេ ស្អីក៏ដោយ ព្រោះជាមធ្យោបាយក្នុងការជជែក ការប្រទាក់ក្រឡាគ្នា។ អញ្ចឹងខ្មែរត្រូវសរសេរខ្មែរឱ្យច្បាស់។
ទី២ មូលដ្ឋានគណិតវិទ្យា … អ្វីក៏ដោយផ្អែកលើបច្ចេកវិទ្យាច្រើន មិនថាការងារស្អីទេ។ កសិកម្មដែលធ្លាប់តែភ្ជួរដោយគោក្របី ឥឡូវប្រើសុទ្ធតែត្រាក់ទ័រ។ បន្តិចទៀត AI ទៀត។ ឥឡូវ មានដ្រូន AI ហើយ។ ដល់ម៉ោង គេគ្រាន់តែចុចបញ្ជាឱ្យវាហោះទៅ គេចុចតែមុំឱ្យ វាហោះបាញ់ថ្នាំខ្លួនវា។ បន្តិចទៀតបច្ចេកវិទ្យា AI ទាំងអស់។ ភោជនីយដ្ឋាន ប្រើសុទ្ធតែរ៉ូបូត … ទៅ Walk Street ឃើញរ៉ូបូត dancing … ក្រៅពីហ្នឹង ខ្ញុំសុំឱ្យតាក់តែងរៀបចំផែនការចុះ ជជែកពិគ្រោះយោបល់ទៅ។ ការរៀបចំលទ្ធភាពឌីជីថល ឯកឧត្តម ជា វ៉ាន់ដេត មកទេ? ម្សិលមិញក៏ជជែក(ពីប្រធានបទហ្នឹងដែរ)។ សាលាដែលយើងរៀបជាបឋមនេះ កន្លងទៅ ក្រសួងប្រៃសណីយ៍ក៏បានរៀបចំជាឡាបូមួយចំនួន។ ខ្ញុំសួរទៅថាមួយកន្លែងអស់ជាង ២ម៉ឺនដុល្លារ មានកុំព្យូទ័រមានអីអញ្ចឹងទៅ។ តែកន្លែងដែលយើងរៀបឥឡូវហ្នឹង កន្លែងដែលមានលទ្ធភាពមានភ្លើងមានអី លទ្ធភាពបង់មួយចំនួន។ ប៉ុន្តែ ដូចខ្ញុំគិតអញ្ចេះ។ បើយើងយក ២ម៉ឺន គុណនឹង ៧០០០សាលា តើអស់ប៉ុន្មាន? ច្រើន។ បើយើងចង់រុញឱ្យបានច្រើន ត្រូវរកវិធីច្នៃប្រឌិតបន្តិច។
ដូចអគារសិក្សាអញ្ចឹង បើចង់ឱ្យបានច្រើន កុំយកប្រណីតពេក យកល្មមសម្រាប់បម្រើទៅតាមសេចក្តីត្រូវការ។ យើងធ្វើផ្នែកៗ។ ឥឡូវរៀបចំឌីជីថល។ ខ្ញុំសួររៀនអី? រៀន Microsoft Word រៀន PowerPoint រៀនស្អីដែលបម្រើដល់ការសិក្សា អាចថែមអ៊ីនធឺណិត។ រៀន search។ គ្រប់គ្នាចេះ search ហើយ … ប៉ុន្តែភាគច្រើន មិនស្រួល search តែបាល់ទាត់ search តែអីហ្នឹងឯង។ តែយើងបង្រៀនឱ្យចេះ search ឯកសារ ប្រព័ន្ធស្រាវជ្រាវ ជួនកាលថ្ងៃក្រោយ Database ក្រសួងអប់រំ ឬក្រសួងអី ដែលបង្កើតជា Database របស់ខ្លួន ព័ត៌មានរបស់ខ្លួន សិស្សអាច search នៅក្នុងហ្នឹងយកព័ត៌មាន សរសេរនិក្ខេបបទ ឬមួយក៏ការសិក្សា … បង្រៀន search បង្រៀនការពារ កុំឱ្យទាក់ទងរឿងបទឆបោក បង្រៀនប្រើប្រាស់អ៊ីនធឺណិតដោយទទួលខុសត្រូវ ក្រមសីលធម៌។
ឥឡូវ តើចាំបាច់ប្រើកុំព្យូទ័រ ដែលមានតម្លៃ ២ម៉ឺនហ្នឹងទេ? ជួនកាលយើងច្នៃប្រឌិត មិនបាច់ចាំកុំព្យូទ័រធំៗហ្នឹងទេ។ ព្រឹកមិញនេះ ឧកញ៉ា លាង ឃុន រៀបចំ Tablet ថ្មីនេះឱ្យ។ ខ្ញុំមើលមួយភ្លែត។ ថ្លៃគួរសមដែរ។ ប៉ុន្តែមានប្រព័ន្ធ Tablet ច្រើនទៀត។ បន្តិចទៀតខ្មែរយើងរៀបចំដំឡើង Tablet មួយនៅស្រុកខ្មែរយើង តម្លៃតែជាង ១០០ដុល្លារទេ ប៉ុន្តែមានកម្មវិធីសំខាន់។ ខ្ញុំមើលមាន PowerPoint មាន Microsoft Word មាន Excel ដែលអាចធ្វើបាន មាន AI ទៀត។ របស់ហ្នឹងអាចពង្រីកបានលឿន។ យកកុំព្យូទ័រ យក Lab ទៅសាលានៅជនបទពិបាកភ្លើង និងពិបាកថែ។ របៀបអញ្ចេះ គាត់ស្រួលតែទុក។ ចប់យកទៅដាក់នៅក្នុង bureau គាត់ ស្រួលទុក យកចេញមក តូច ឬមួយធំជាងហ្នឹង។ អញ្ចឹង បើមាន ១លាន ឆ្នាំនេះ បើ ២ម៉ឺន បានតែ ៥០សាលាទេ តែបើកាត់បន្ថយវាទៅត្រឹមតែ ១ម៉ឺន អាចធ្វើបាន ១០០សាលាលឿន។
អញ្ចឹងត្រូវរៀបចំឌីជីថល។ ការដោះស្រាយគ្រូអីនោះ យើងតាមជាក់ស្តែង ដូចធ្លាប់មានរូបមន្តហើយ។ ថែមការគិតគូរហេដ្ឋារចនាសម្ព័ន្ធបន្ថែម គ្រូបន្ថែម ម៉ោងបន្ថែម ផ្តោតពង្រឹងទៅលើអក្សរសាស្ត្រខ្មែរ គណិតវិទ្យា។ បច្ចេកវិទ្យាហ្នឹងឱ្យគិតចុះ បូកជាមួយឌីជីថល នៅថ្នាក់បឋមសិក្សាថ្ងៃក្រោយជាទិសដៅរបស់យើង។ គ្រប់សាលាទាំងអស់ ត្រូវមានលទ្ធភាព ចាប់ផ្តើមពីហ្នឹង តែត្រូវការពេលវេលា។ ខ្ញុំសុំអភ័យទោសដែលមិនអាចប្រកាសថ្ងៃហ្នឹង ស្អែក ៧០០០សាលា មានទាំងអស់ទាន់ទេ។ យើងនឹងដោះទៅតាមជំហាន។ តែខ្ញុំឱ្យរករូបមន្តគិតគូររបៀបថ្មី។ ខ្ញុំសុំឱ្យលោក/អ្នកគ្រូ ឪពុកម្តាយយោគយល់ ដែលមិនបានសាលាប្រណីត ដូចនៅក្រុងភ្នំពេញ តែបានសាលាល្អគួរសម។ យើងធ្វើកម្រិតហ្នឹងសិននៅជនបទ។ មិនបានកុំព្យូទ័រ Dell ដូចនៅសាកលវិទ្យាល័យភ្នំពេញ ឬមួយសាលាភ្នំពេញ បាន Tablet ដែលអាចរៀនបាន។ ធ្វើម៉េចឱ្យមានលទ្ធភាពរៀន។
គ្រូដែលមានក្របខ័ណ្ឌថ្មី សូមទទួលពួកគាត់ កុំរើសអើងថាគ្រូក្របខ័ណ្ឌនេះគ្រូក្របខ័ណ្ឌនោះ។ សុទ្ធតែគ្រូដែលត្រូវធ្វើការជាមួយគ្នាទាំងអស់។ សូមឪពុកម្តាយសិស្សានុសិស្សទាំងអស់ចូលរួម។ នេះជាការកែទម្រង់បន្ថែម។ មួយឆ្នាំៗសុទ្ធតែជាការកែទម្រង់បន្ថែមផ្អែកទៅលើសមិទ្ធផល ដែលបាន(អនុវត្តពី)ឆ្នាំទៅ ការអនុវត្តផែនការ ការវាយតម្លៃអំពីចំណុចខ្លាំង ចំណុចខ្សោយ ដាក់ទិសដៅបន្តទៀត។ យើងអនុវត្ត ហើយយើងពិនិត្យមើល។ ការជួប ៤ម៉ោងជាងម្សិលមិញជាមួយលោកគ្រូជាង ២០០នាក់ ខ្ញុំមិនបានសួរគាត់តែរឿងសាលា គ.វ.អ ទេ ព្រោះខ្ញុំមិនបានយកសាលានេះជាទិសដៅសម្រាប់ពង្រីកទៅច្រើន តែខ្ញុំយកសាលានេះគឺជាឡាបូសម្រាប់អនុវត្តសាកល្បង ដើម្បីខ្ញុំយកលទ្ធផល ឬចំណុចណាដែលអាចពង្រីកបាននៅទូទាំងប្រទេស ទៅថ្ងៃក្រោយ … គ្មានសាលាស្តង់ដា២ ស្តង់ដា៣ ក្នុងសាលាបឋមសិក្សារបស់រដ្ឋទេ។ មានតែសាលារដ្ឋមួយដែលយើងត្រូវដាក់ទិសដៅពង្រឹង។
នេះគឺដើម្បីផលប្រយោជន៍កូនចៅប្រជាពលរដ្ឋ មិនថាអ្នកនៅក្នុងស្រុកមួយដែលដាច់ស្រយាលនៅរតនគិរី ឬអ្នកនៅភ្នំពេញទេ ត្រូវតែមានលទ្ធភាពសិក្សាប្រហាក់ប្រហែលគ្នា។ នេះគឺជាគោលដៅ … បើធ្វើតូចៗ ហ្នឹង ទៅអត់រួចទេ។ តែយកតូចដើម្បីបម្រើធំ។ មុននឹងធ្វើអី គេធ្វើតេស្ត គេធ្វើ Pilot Project ហើយ គ.វ.អ នេះគឺជា Pilot Project ដែលខ្ញុំចង់ដឹងថា តើមានចីរភាពឬអត់ … គណៈកម្មាធិការ បង្កើតក្នុងរយៈពេលបណ្តោះអាសន្ន។ បន្តិចទៀតរំលាយចោលហើយ។ រូបមន្តយើងមានគ្រូបង្គោលដើម្បីទៅតាមជួយមើល។ ដល់ពេលដែលរឹងដៃរឹងជើង យើងដក(គ្រូបង្គោល)ចេញ។ នេះគឺជាគោលដៅ។ នាយកសាលានីមួយៗត្រូវមានភាពជឿជាក់និងត្រូវទទួល។ យើងបង្កើតបរិស្ថានមួយដែលគាត់ឃើញថារូបមន្តហ្នឹងគាត់ទទួលបាន គាត់ចូលរួម ហើយថែរក្សា។ គ្រួសារ ឪពុកម្តាយ សិស្ស ចូលរួម ហ្នឹងគឺជាគោលការណ៍។ អ្វីដែលធ្វើ សាលាគំរូ ឯកឧត្តម ហង់ជួន ណារ៉ុន អនុវត្ត ក៏ស្រដៀងគ្នា។ សុទ្ធតែជាសាលាដើម្បីដកបទពិសោធ។ យើងដាក់សូចនាករមួយចំនួន លក្ខខណ្ឌមួយចំនួនឱ្យគាត់អនុវត្ត ហើយយើងមើលវាយតម្លៃការប្រឈម … យើងខ្លាចបំផុត អាគារកាន់តែទំនើប សិស្សកាន់តែខ្សោយ។ នេះជាបញ្ហា។ អាគារកាន់តែទំនើប សិស្សកាន់តែច្រងេងច្រងាង។ នេះជាបញ្ហា។ អាគារកាន់តែទំនើប តែចូលទៅក្នុងសុទ្ធតែសំរាម វាបញ្ជាក់អំពីវិន័យ សមត្ថភាពនិងការគ្រប់គ្រងអង្គភាពនៃការចូលរួម។ អាគារធម្មតាក៏ដោយ ប៉ុន្តែបើថែបានល្អ សិស្សវិន័យល្អ ឥរិយាបថល្អ ហ្នឹងហើយជាថ្នាលបណ្តុះបណ្តាលដែលយើងចង់បាន។
អាគារល្អមានម៉ាស៊ីនត្រជាក់ មាន slide មានអី គ្រាន់តែជារបស់ក្រៅខ្លួនទេ។ ឥរិយាបថ និងចំណេះដឹង នៅក្នុងខ្លួនពិតប្រាកដ ដែលសិស្សបានទទួលពីការអប់រំ ១២ឆ្នាំនេះ ឬ ៦ឆ្នាំនេះ ជាគោលដៅធំបំផុត។ យើងច្នៃប្រឌិតមធ្យោបាយទៅ។ បើរបស់ក្រៅខ្លួនកុំគិតវាប្រណីតពេកក៏បានដែរ។ ធ្វើម៉េចឱ្យក្នុងខ្លួនសិស្សកាន់តែរឹងមាំ។ ចំណាយចំគោលដៅ ចំណាយទៅលើអ្វីដែលបង្កើនតម្លៃនៃការអប់រំឱ្យសិស្ស … មិនបាច់សាលាមួយ ១០ម៉ឺនទេ។ អាគារតែ ៥-៦ម៉ឺនក៏ច្រើនដែរ។ មិនមែនវាយឬស្សីវាយអីយកមកបិទទេ។ យើងរៀបចំជូន តែយើងធ្វើបាន។ មិនបាច់ចាំ lab មួយដល់ ២ម៉ឺនដុល្លារ មានកុំព្យូទ័រ សុទ្ធតែ Dell សុទ្ធតែអីទេ ឬមួយ Cloud អីទេ។ ដាក់ Tablet ហ្នឹង អស់តែ ៨០០០-១០០០០ សិស្សរៀនបាន។
អញ្ចឹង (ចំណាយ)២ម៉ឺន ចែកបាន ៣សាលា។ ខ្ញុំសប្បាយចិត្ត បើសិនជាទៅឃុំហ្នឹង ទៅភូមិហ្នឹង ទៅស្រុកហ្នឹង មាន ៣សាលាបឋមសិក្សាដែលមានឌីជីថលសមរម្យ អាចបង្រៀនបាន មានចីរភាព ហើយសម្រេចនូវមេរៀនដែលយើងចង់បាន ដោយមិនបាច់ចាំបាច់មានធ្វើកុំព្យូទ័រក្រាហ្វិកទេ។ បើទៅស្រុកមួយ មានតែមួយសាលាដែលទំនើប … ខ្ញុំសុខចិត្តយក ៣សាលា ព្រោះវាបម្រើដូចគ្នា។ កង់ជិះទៅមុខដូចគ្នាតើ គ្រាន់តែកាលជំនាន់ខ្ញុំ ឱ្យតែមានកង់មីគីជប៉ុនហ្នឹងទំនើបណាស់ ដូច Lexus ឥឡូវអញ្ចឹង។ តែខ្ញុំជិះអាកង់រុស្ស៊ីក៏ទៅដូចគ្នាដែរ។ យើងក្រចាយតាមក្រប៉ុន្តែការងារស្នូលយើងអត់ឈប់ទេ។ យើងមិនមានសាលាទំនើបដូចនៅប្រទេសគេ មួយអាគារសុទ្ធតែ ១០លាន ២០លាន សុទ្ធតែ AI Running ឬមួយ Smart សាលាទេ។
យើងមានតែអាគារមួយ ៥-៦ម៉ឺនហ្នឹងរៀនទៅ។ ប៉ុន្តែធ្វើទំនើបកម្ម របៀបរបបបង្រៀនរបស់គ្រូ។ ហ្នឹងត្រូវធ្វើទំនើបកម្ម។ កញ្ចប់អប់រំដែលក្រសួងអប់រំដាក់ទៅនេះ សិក្សាបន្ថែមហ្នឹងអត់អស់លុយច្រើនទេ។ រៀបចំកែលំអមេរៀន ហើយវិធីសាស្ត្របង្រៀនឱ្យច្រើន។ ហ្នឹងមួយជំនាន់ៗ។ ឥឡូវមួយជំនាន់រដ្ឋមន្ត្រីក្រសួងអប់រំពីមុនផ្សេង។ ឥឡូវ បងណារ៉ុន ថ្ងៃក្រោយមានអ្នកផ្សេងទៀត វាវិលតាមហ្នឹង។ ក្រសួងមួយៗ ស្ថាប័នមួយៗ សាលាមួយៗ ដូចគ្នា។ នាយកសាលាមួយ បើសិនជាគាត់នៅហ្នឹង ថ្ងៃក្រោយនាយកក្រោយមកទៀត ត្រូវតែទៅៗ អត់មាននរណានៅមួយជីវិតទេ។ យ៉ាងច្រើនដូចខ្ញុំនិយាយ ១៥០ឆ្នាំ ចប់ហើយ។ ហ្នឹងបន្ថែមផង អីផង។ ដូចបងណារ៉ុន គាត់ តៃខ្វាន់ដូ យូដូ អីផង ហើយហូបអីដូចមិនសូវ(តាមចិត្ត)ទេ។ អញ្ចឹងគាត់អាច ១៦០(ឆ្នាំ) …។
ដែលម្សិលមិញបានជួប និងអរគុណលោក/អ្នកគ្រូបានច្បាស់តែម្តង។ សាលាមួយៗ មានកង្វះខាតនេះនោះ។ ម្សិលមិញយើងអត់ផ្តោតទៅលើកង្វះតុ កង្វះទូ អីច្រើនទេ។ យើងមើលការងាររួម។ យកសាលា ១៦០នេះជានិមិត្តរូបនៃ ៧០០០សាលាទៀត ហើយយកបញ្ហានេះជាគោលដៅរួមដើម្បីដាក់ចេញទិសដៅ … ដោយឡែក ថ្នាក់អនុវិទ្យាល័យ ថ្នាក់វិទ្យាល័យ ថ្នាក់ឧត្តមសិក្សា ហ្នឹងក្រសួងអប់រំមានផែនការ មានអីបន្តតទៅទៀតចុះ។ តែអ្វីដែលខ្ញុំនិយាយនេះ គឺការផ្តោត(ទៅលើការសិក្សាកម្រិតមូលដ្ឋាន) ដែលនេះក៏ក្រសួងអប់រំជាអ្នកដឹកនាំអនុវត្តដែរ មិនមែននរណាផ្សេងទេ គ្រាន់តែជាការអនុវត្តពិសេសបន្ថែមទៀតគឺការពង្រឹងសសរស្តម្ភបឋមសិក្សា។ ពេលដែលសសរស្តម្ភបឋមសិក្សារឹងមាំហើយ យើងចាប់ផ្តើមវិវត្តទៅពង្រឹងអនុវិទ្យាល័យ ពង្រឹងវិទ្យាល័យ។ ឥឡូវ យើងពង្រឹងដែរ តែពង្រឹងជាជំហាន ព្រោះគ្រាប់យើងមានតែប៉ុណ្ណឹង បាញ់ច្រើនពេក អត់ប្រសិទ្ធភាព បាញ់ឱ្យចំគោលដៅតែម្តងយក ៧០០០ហ្នឹង ថ្ងៃក្រោយអាចកើនទៀត ៨០០០ ឬមួយអី តែរុញសមត្ថភាពបឋមសិក្សា ៦ឆ្នាំហ្នឹង ឱ្យបានកាន់តែរឹងមាំសិន។
(ក្នុង)ការពង្រីក(លទ្ធភាពសសរស្តម្ភបឋមសិក្សា)យើងត្រូវមើលបរិមាណនិងគុណភាព។ គុណភាពសំខាន់ … ដោយត្រូវមានយន្តការតាមដានត្រួតពិនិត្យវាយតម្លៃ មាន KPI ច្បាស់លាស់។ មិនអាចចេះតែបង្កើតទៅ ចេះតែចាត់ទុកជាសាលា(គំរូនេះគំរូនោះ) ទម្លាក់ថវិកា(ទៅ)ទេ។ ត្រូវមាន KPI ច្បាស់លាស់ ដើម្បីបានទទួលផលនៅក្នុងការពង្រីកហ្នឹង។ យើងត្រូវតែមាន។ បើអត់ទេ ត្រូវតែមានអ្នកទៅជួយពង្រឹង … មិនអាចថា ៧០០០សាលា អត់មានយន្តការក្នុងការវាយតម្លៃទេ។ មានសាលាកម្រងមានអីជួយគ្នាទៅ។ យើងបង្កើតកម្រងអីមកដើម្បីជួយគ្នា ចែករំលែកបទពិសោធ … ថ្ងៃនេះ ក្មួយៗ ដែលប្រឡងជាប់ និទ្ទេស A ទទួលបានការអបអរសាទរ។ ក្មួយៗ ជាប់និទ្ទេស B និទ្ទេស C និទ្ទេស D ឬមិនជាប់ សុទ្ធតែរៀនបាន ១២ឆ្នាំហើយ។ ប៉ុន្តែគន្លឹះនៃភាពជោគជ័យក្នុងការអប់រំ មិនស្ថិតលើថ្ងៃប្រឡងតែមួយថ្ងៃទេ។ វាត្រូវធ្វើគ្រប់ពេលទាំងអស់។ តាំងតែពីថ្នាក់មត្តេយ្យរហូតទៅដល់លើ។ ហើយក៏មិនមែនតែលើសមិទ្ធផលដែលយើងធ្វើត្រូវនៅលើតេស្ត បង្ហាញថាយើង(មានសមត្ថភាព)គ្រប់គ្រាន់ទទួលខុសត្រូវក្នុងជីវិតដែលត្រូវប្រឡូកទេ។
ពេលដែលក្មួយចេញពីហ្នឹង ទៅដាក់ពាក្យរៀននៅមហាវិទ្យាល័យ ឬទៅធ្វើការជាដើម ក្រដាសមួយសន្លឹកនេះ គ្រាន់តែថាអត់មាននរណាសួរក្មួយឯងបាននិទ្ទេស A ឬមួយអីទេ។ សាលាខ្លះអាចបើកទ្វារបាន អាហារូបករណ៍ ពេលដែលក្មួយឯងទៅ ប៉ុន្តែនិទ្ទេស A នេះ ចប់ពេលដែលក្មួយឯងចាប់ផ្តើមរៀន ត្រូវតែគិតថ្មី ដូចប្រឡងចប់ពីហ្នឹង អ្នកដាក់ពាក្យនៅសាលាតិចណូ ប្រឡងឆ្នាំខ្លះនិទ្ទេស A ប្រឡងអត់ជាប់ ទៅជាប់និទ្ទេស C ជួនកាលមានថ្ងៃហេងថ្ងៃស៊យ។ ប៉ុន្តែ សម្រាប់រាជរដ្ឋាភិបាល ពិន្ទុគ្រាន់តែជានិយាមមួយឱ្យដឹងថា តើគុណភាពនៃការបណ្តុះបណ្តាលយ៉ាងម៉េច។ សម្រាប់សិស្សម្នាក់ៗ អត់បានគ្រប់ជ្រុងជ្រោយនោះទេ ជានិយាមសម្រាប់វាស់ស្ទង់ចំណេះរឹងរបស់ខ្លួន ក្នុងហ្នឹងមានអ្នកហេង មានអ្នកពូកែទាយ មាន QCM … បើ QCM មានអ្នកខ្លះគឺពូកែខាង QCM ហ្នឹងតែម្តង …។
ការអប់រំបណ្តុះបណ្តាលត្រូវបន្ត។ អញ្ចឹងភ្ជាប់មកក្មួយៗ និទ្ទេស A ថ្ងៃនេះ ទាំងក្មួយដែលមិនបាននិទ្ទេស A ឬមួយក៏ក្មួយដែលមិនបានជាប់ យើងបានឈានដល់ការសម្រេចជោគជ័យមួយហើយ។ បានន័យថាយើងបានតស៊ូរៀនបាន ១២ឆ្នាំ។ ចំពោះក្មួយៗ ដែលអត់បានជាប់ឆ្នាំនេះ ក្មួយមានជម្រើស អាចរៀនបន្តទៅបរិញ្ញាបត្ររង រៀនឡើងវិញ ប្រឡងឡើងវិញ ឬយ៉ាងណា តាមការសម្រេចចិត្ត តែសូមកុំបោះបង់។ អនាគតនៅវែងឆ្ងាយទៅមុខ។ ភ្លាត់មួយពេលប្រឡង មិនមែនបានន័យថាភ្លាត់មួយជីវិតទេ។ តែបើយើងបោះបង់ ហ្នឹងហើយភ្លាត់មួយជីវិតនោះ។ ទីពីរ ក្មួយៗដែលបានរៀននិទ្ទេស A មកដល់នេះ គឺដល់ផ្លូវបំបែកហើយ។ ផ្លូវបំបែកយ៉ាងម៉េច? ពេលដែលក្មួយរៀនមត្តេយ្យ រៀនបឋម រហូតដល់ថ្នាក់ទី១២ កិច្ចការមួយចំនួនត្រូវខុសពីពេលនេះទៅដល់ខាងមុខ។ ទី១ ពីមុន ក្មួយៗ នៅក្នុងបន្ទុករបស់ឪពុកម្តាយ សឹងតែទាំងអស់ហើយ ព្រោះយើងនៅអនីតិជន។ ឥឡូវក្មួយៗ មួយចំនួនធំ អ្នកខ្លះនឹងបន្តនៅជាមួយម៉ែឪ តែមួយចំនួនធំនឹងត្រូវចេញទៅហើយ មិនថាចេញទៅរៀននៅឆ្ងាយពីផ្ទះ ឬចេញទៅធ្វើការឆ្ងាយពីផ្ទះ។ ចាប់ផ្តើមនូវដំណើរជីវិតថ្មីដែលត្រូវទទួលខុសត្រូវម្ចាស់ការខ្លួនឯងហើយ។
វាចាប់ផ្តើមពីការសម្រេចចិត្តក្រោយពីក្មួយប្រឡងចប់។ ពីមុន អត់ចាំបាច់សម្រេចទេ ធ្វើម៉េចឱ្យតែប្រឡងឱ្យជាប់ទៅ ឡើងថ្នាក់ហើយ ព្រោះបឋមសិក្សា មធ្យមសិក្សាគឺក្រសួងអប់រំរៀបឱ្យទាំងអស់។ ដឹងតែចប់ថ្នាក់ទី១ ឡើងថ្នាក់ទី២ ទី៣ ទី៤។ តែឥឡូវ ក្មួយៗ ត្រូវសម្រេចចិត្តថាទៅណា ទៅមហាវិទ្យាល័យរៀនអី ទៅធ្វើការសិន រៀនអី ធ្វើការផងរៀនផង ធ្វើការអីរៀនអី? តើបន្តនៅផ្ទះ រៀននៅក្បែរផ្ទះ ឬមួយក៏សម្រេចចិត្តទៅឆ្ងាយ។ រៀនរស់ខ្លួនឯង។ ការសម្រេចចិត្តនេះ គឺជាការសម្រេចចិត្តមួយលើផ្លូវបំបែក។ ក្មួយៗខ្លះប្រហែលជាមានអារម្មណ៍ភ័យ។ មើលប៉ុន្មាននាក់ដែលរំភើបផងភ័យផង? មើលរំភើបៗ ដែលរៀនចប់ ប្រឡងជាប់ហើយ។ តែឥឡូវដល់ត្រូវគិតបន្តទៀត ហើយប៉ះពូទើបនិយាយមិញទៀតដូចជាកាន់តែភ័យ។ ត្រូវសម្រេចខ្លួនឯង។ មើលប៉ុន្មាននាក់ភ័យ ដែលថាត្រូវដើរទៅមុខដោយខ្លួនឯងនេះ? កុំខ្មាសកុំអៀន។
ឥឡូវ ប៉ុន្មាននាក់ដែលធ្លាប់គិត មិនមែនតែពេលហ្នឹងទេថាឪពុកម្តាយចិញ្ចឹមយើង ដល់ពេលមួយអញមានប្រពន្ធកូន មិនដឹងរកស៊ីអីចិញ្ចឹមកូនទេ។ មើលប៉ុន្មាននាក់មានអារម្មណ៍ហ្នឹង។ ធ្លាប់ទេ? លើកដៃ ដូចគ្នាទេ ពូក៏ធ្លាប់ដែរ។ ចាំម្តងអាយុ ១២ឆ្នាំ។ ពុកចេញទៅចរចា ហើយពេលដែលចេញទៅចរចាម្តងៗ អត់ដឹងថាគាត់មកវិញឬអត់ទេ។ ម្តងនោះ ពុកអត់ឱ្យយើងដឹងទេ តែយើងដេកនៅក្នុងបន្ទប់ហ្នឹង។ គាត់ជួបជាមួយអ៊ំ … ឯកឧត្តម អ៊ី ឈាន មកទេ? កាលណោះមានគេឱ្យដូច ១លានបាត ឬ ១០លានបាតមកសម្លាប់ពុក។ ខ្ញុំចាំ។ ខាងពូហ្នឹង និយាយលេងទេ។ កាលនោះយើងនៅវាយគ្នា។ នៅ (អាយុ)១២ឆ្នាំ ឮពាក្យហ្នឹង ហើយគាត់អត់ឱ្យយើងឮ។ គាត់ស្មានយើងដេកលក់។ គាត់ថា «បើខ្ញុំនិងម៉ែវាមានការងារអី បងឯងជួយមើលកូនខ្ញុំផង»។ ដេកភ័យ។ ប្អូន ៤នាក់។ ខ្លួន(អាយុ) ១២ឆ្នាំ ថា « បើពុកម៉ែមាន(រឿង)អីទៅ អញចិញ្ចឹមប្អូនម៉េចទៅ»។ រឿង/កត្ដាខុសគ្នា ប៉ុន្តែប្អូនៗក្មួយ ប្រហែលជារឿងអ្វីផ្សេង។ ទោះជាយ៉ាងណាក៏ដោយ ពីមុនយើងធ្លាប់គិតអីក៏ដោយ តែឥឡូវត្រូវតែធ្វើ។ គ្មានពុកម្តាយណានៅបន្តចិញ្ចឹមយើង១៨ ១៩ ឬ២០ឆ្នាំទេ។ មានគ្រួសារខ្លះ អាចមានលទ្ធភាពក្នុងបន្ទុក តែនៅពេលណាមួយ គង់តែមានប្តីមានប្រពន្ធ ចេញទៅមានគ្រួសារខ្លួនឯងទេ គ្មានម៉ែឪនៅចិញ្ចឹមយើងទេ។ ទោះកូនអ្នកមានប៉ុណ្ណាក៏ដោយ។
អញ្ចឹង ការសម្រេចចិត្តរបស់ក្មួយៗថ្ងៃនេះ ពេលចប់នេះ គឺជាការកំណត់ទិសដៅទៅថ្ងៃអនាគត។ អញ្ចឹង ភ័យ(ថា)រើសអីត្រូវ ឬមិនត្រូវយ៉ាងម៉េច ណាល្អណាមិនល្អ។ កុំគិត។ (រៀន)ស្អីក៏ល្អដែរ។ សំខាន់យើងទេ ជាអ្នកធ្វើឱ្យល្អមិនល្អនោះ។ មិនមានរៀនស្អីល្អរៀនស្អីមិនល្អទេ។ រៀនស្អីក៏ល្អដែរ។ ទី១ កុំរៀនអីខុសច្បាប់។ កុំរៀនលួច Hack ប្លន់គេ លួចគេតាមអនឡាញ។ កុំធ្វើ។ កុំរៀនអីដែលខុសច្បាប់ កុំធ្វើអ្វីដែលខុសច្បាប់ ដូចជាគ្រឿងញៀន។ រៀនស្អីក៏ដោយ មិនថា IT វិស្វករ មិនថាកសិកម្ម មិនថាធ្វើម្ហូប បើយើងទៅរៀន TVET រៀនបណ្តុះបណ្តាលវិជ្ជាជីវៈ។ រៀនធ្វើអគ្គិសនី ល្អទាំងអស់ រៀនឱ្យចេះទៅ។ ចេះតិចតែចេះស្អីមួយឱ្យច្បាស់។ សម្រេចចិត្តរៀនហើយ ចាប់ផ្តើមធ្វើការហើយ ពីរបីឆ្នាំក្រោយនឹកថា «អើ ជំនាញហ្នឹងដូចអត់ត្រូវ! ដូរ»។ ប្រើឱ្យអស់លទ្ធភាព ធ្វើឱ្យចប់មួយសិនចាំយកអីផ្សេងទៀត។ រវល់តែដូរកណ្តាលទន្លេ(រៀន)អត់ចប់ទេ។ ទីបំផុតស្អីក៏រួចដែរ។ គ្មានស្អីមួយច្បាស់លាស់។ រៀនបានឆ្នាំទី២ បោះបង់ ទៅរៀនឯនោះបានឆ្នាំទី១ បោះបង់។ អត់បានអីទាំងអស់។ ចូលរៀនបណ្តុះបណ្តាលវិជ្ជាជីវៈ រៀនអត់ទាន់បានវិញ្ញាបនបត្រ ក៏(តាំង)បោះបង់។ ចូលទៅធ្វើការ មិនទាន់បានអីផង ដូរកន្លែងរត់ទៅនេះបាត់។
មិនអញ្ចឹងទេ។ ធ្វើអីក៏ដោយ សម្រេចចិត្តអីក៏ដោយ ដាក់ទិសដៅ ធ្វើឱ្យល្អទៅ ហើយតស៊ូឱ្យជោគជ័យ កុំឆាប់បោះបង់ពេក។ បើរៀន រៀនឱ្យច្បាស់។ រៀនស្អីក៏ដោយ ឱ្យតែច្បាស់មួយ ប្រើការបាន កុំថា «ចេះច្រើន តែអត់ចេះ»ណា។ យល់ពាក្យហ្នឹងទេ «ចេះច្រើន តែអត់ចេះ» បានន័យចេះបន្តិចៗ តែគ្មានស្អីមួយដែលយកជាការបាន។ អញ្ចឹង រៀនស្អីក៏ត្រូវកំណត់ទិសដៅ ហើយដាក់ទិសដៅទៅ។ បើក្មួយចាប់ផ្តើម(ធ្វើអ្វីមួយ) ធ្វើឱ្យវាចប់។ កុំបោះបង់កណ្តាលទី។ ស្អីក៏ល្អដែរ។ ស៊ីសងលើយើងទេ។ ជំនាញណាក៏មានតម្រូវការដែរ គ្រាន់តែតិចច្រើនតែប៉ុណ្ណឹង។ ជំនាញខ្លះកម្រ ក៏មានតម្រូវការដែរ។ បើយើងមានមូលដ្ឋានជំនាញហ្នឹងច្បាស់លាស់ ថ្ងៃក្រោយយើងអាចបត់បែនតាមតម្រូវការ។ ខ្លាចអត់មានមូលដ្ឋានច្បាស់ហ្នឹង បត់បន្តិចដួល តែបើមានមូលដ្ឋានច្បាស់លាស់វិញ ឧ. អ្នកដែលមានមូលដ្ឋានច្បាស់លាស់ខាងវិស្វកម្មអគ្គិសនី អាចបត់ខ្លះ។ ពេលខ្លះទៅគ្រឿងអេឡិចត្រូនិកទៅអីបាន។
នៅប្រទេសជាច្រើន ពេលទៅរៀន Master គេអត់សំខាន់អ្នកឯងរៀន Bachelor ស្អីទេ។ ចង់អ្នកឯង Bachelor ខាង Management ស្អីក៏ដោយទៅរៀន Master គេអត់គិតទេ ព្រោះសំខាន់អ្នកឯងមានមូលដ្ឋានគ្រឹះ។ គេគិតថា Bachelor ជាមូលដ្ឋានគ្រឹះទូទៅមួយ។ អញ្ចឹង អ្នកឯងទៅរៀនអី(ក៏បាន) មិនមែនទាល់តែថា(រៀន)កសិកម្ម Master ទាល់តែរៀន Bachelor កសិកម្មទេ។ វាមានតែជំនាញមួយចំនួនដូចច្បាប់ដូចអីបានត្រូវការ(មានមូលដ្ឋានពីមុខវិជ្ជាដើម) … ក្រៅពីហ្នឹងអត់សំខាន់ទេ។ ឱ្យតែមានមូលដ្ឋានច្បាស់លាស់ អ្នកឯងរឹងមាំហើយ អាចបត់បែន។ កន្លែងខ្លះគេចង់បានអ្នករបៀបហ្នឹងទៀត … អ្នកហ្នឹងមានមូលដ្ឋានច្បាស់លាស់លើទិដ្ឋភាពទូទៅ អត់មើលតែមួយជ្រុង។
តែប៉ុណ្ណឹងទេ។ សូមក្មួយៗ យកចិត្តទុកដាក់លើកត្តា ៣ ដូចរដ្ឋាភិបាលគិតគូរលើប្រជាពលរដ្ឋអញ្ចឹង។ ក្មួយៗ ក៏គិតគូរខ្លួនឯងលើកត្តា ៣ហ្នឹងទៅ។ ទី១ សុខភាព។ ទី២ ចំណេះដឹង/បំណិន។ ទី៣ គឺការងារ។ រដ្ឋខំប្រឹងផ្តល់ឱកាស ៣ហ្នឹង។ សុខភាពសំខាន់ណាស់។ កាលនៅ(ជាមួយ)ឪម៉ែ ដើរខុសម៉ោងឪវាយណា។ ឥឡូវចេញមកសេរីភាពថ្មី អ្នកខ្លះដូរខេត្ត មកក្រុង មិត្តភក្តិថ្មី ភ្លើងថ្មី ពណ៌ថ្មី បើហ៊ានធ្វើការខ្លួនឯងបានលុយថ្មីទៀត ទៅចង់សាកអីថ្មី។ ប្រយ័ត្ន។ មើលសុខភាពសំខាន់ជាទ្រព្យរបស់យើង។ មិត្តភក្តិ ឪពុកម្តាយ ជួយយើងពីក្រៅ តែមានតែសុខភាពទេនៅក្នុងខ្លួនយើង។ គ្មាននរណាជួយបាន។ មិនតិច(នាក់) ទេ អាយុ ១៨ ឬ១៩ ឬ២០ឆ្នាំ ឥឡូវទឹកនោមផ្អែម។ សូម្បីតែគ្រឿងហូបចុក(ត្រូវប្រយ័ត្ន)។
ថ្ងៃមុន ប្អូនស្រីម្នាក់បង្ហោះ(សារពីប្រការថាគាត់)ឥឡូវលាងឈាម។ មើលទៅប្រហែលជា ២០ឆ្នាំជាងទេ។ គាត់អត់ផឹកអីច្រើន (តែ)គាត់ហូបមីរហូត ឬមួយក៏គ្រឿងអីរហូត។ ប្រយ័ត្ន។ ជៀសវាងពីការប្រើប្រាស់គ្រឿងញៀន។ កុំប្រើប្រាស់គ្រឿងញៀន។ (លេង)កីឡា បើអាចបាន បន្តិចៗហ្នឹងជួយឱ្យយើងបាន១៥០ ឬ១៦០ ឬត្រឹមតែ១០០ឆ្នាំ។ ពេលខ្លះយើងនៅខ្លាំងអញ្ចឹង យើងអត់ចាប់អារម្មណ៍ទេ។ ទាល់តែអាយុ ៤០ អាយុអីបាក់ទៅតែម្តង។ ខ្ញុំប្រាប់បងប្អូនខ្ញុំមួយរឿងជក់បារី។ ជក់ៗៗ ទាល់តែថាចូលពេទ្យវះពីរដងចេញមករាងហើយ។ មួយជីវិតឈប់ជក់បារី (បានតែ)ពីរឆ្នាំក្រោយជក់ដដែល … ឥឡូវនៅរឹងមាំ អត់បានគិត។ ក្មួយៗ ក៏ដូចគ្នា។ ទើបតែ១៧ ឬ១៨ អត់អីទេ។ ប្រយ័ត្នតែភ្លេចខ្លួន ទៅដល់អាយុ ៣០ជាងបាក់ ឬមួយក៏ចាប់ផ្តើមហៅ «ជំងឺអ្នកមាន» ដូចជាទឹកនោមផ្អែមអីហ្នឹងគឺចិញ្ចឹមរហូត។ ជំងឺ Sleep eat ស្គាល់ទេ Sleep eat ជំងឺដេកស៊ី ងើបពីកន្ទេលលែងកើត។ ជំងឺ Sleep eat ដេកហើយស៊ីព្រោះងើបលែងកើតឡើងទឹកនោមផ្អែមអស់ហើយ នៅតែប្រពន្ធ នៅតែម្តាយ នៅតែអីជួយមើល។ សូមគិតពីសុខភាព។
ទី២ ចំណេះបំណិន។ បន្តរៀនៗ អត់ទាន់ចប់ទេ។ យើងប្រឡងបានល្អ ប្រឡងជាប់បាក់ឌូប្លិ៍តែ ១២ឆ្នាំរៀនបន្តទៀត។ កុំរៀន តែនៅក្នុងសាលា។ ជីវិតគឺជាការរៀនសូត្រ ជីវិតគឺជាថ្នាក់រៀន។ គ្មានស្អីដែលរៀននៅសាលា ត្រៀមយើងឱ្យដោះស្រាយគ្រប់បញ្ហា ដែលយើងទៅជួបនៅក្នុងសង្គម ជីវិតការងារ ឬមួយនៅក្នុងសង្គមទេ។ ត្រូវតែរៀន ត្រូវតែប្រឈមដោះស្រាយទៅ ត្រូវរៀនថ្មីៗទៅយកជាមេរៀន គេថា «ជីវិត គឺជាការរៀន» រៀនទាំងក្នុងសាលា រៀនទាំងក្រៅសាលា។ រៀនប្រឈម។ កុំរៀនគេចវេស។ គ្មានស្អីដែលស្រួលសម្រាប់យើងទេ។ ចង់ស្រួលបាន តែយើងហ្នឹងមិនទៅរួចជាមួយតម្រូវការនៃការអភិវឌ្ឍនៅក្នុងសង្គម រីកលូតលាស់នៅក្នុងសង្គម ដែលត្រូវការការតស៊ូ ការប្រឈមស្មុគស្មាញ។ កាលរស់នៅក្រោមជម្រកឪម៉ែៗ គិតគូរ។ យើងរស់ស្រួលបាន។ យើងធ្វើការងារអីក៏ដោយ សុទ្ធតែមានការទទួលខុសត្រូវទាំងអស់ មិនថាអ្នកដែលធ្វើការតូចតាច ឬមួយក៏ធំ សុទ្ធតែមានការទទួលខុសត្រូវ សុទ្ធតែប្រឈមនឹងការងារ។
ជីវិតអត់មានអីដែលក្មួយគិតថាដូចសមីការ 2 + 2 = 4 ទេ ឬមួយ 2x = 4 ហើយ x = 2 នោះទេ។ វាប្លែកច្រើនណាស់។ ក្មួយៗ ត្រូវរៀនដោះស្រាយ ហើយ(បើ)បរាជ័យ កុំបោះបង់ កុំចាញ់។ ពូនិយាយហ្នឹង ព្រោះ ពូឃើញក្មួយៗ មួយចំនួន ប្អូនៗមួយចំនួនជំនាន់ក្រោយ ពេលខ្លះឆាប់បាក់ទឹកចិត្ត ឆាប់បោះបង់។ ឆាប់គិតគូរខ្លី អត់មើលឱកាសជុំវិញខ្លួន។ ពេលខ្លះចាប់ផ្តើមរៀនសូត្រ ចាប់ផ្តើមការងារ គេឱ្យធ្វើការងារមួយ គាត់បាក់ទឹកចិត្ត គាត់ថាឱ្យគាត់ការងារប៉ុណ្ណឹងឱ្យគាត់រៀនស្អី វិវត្តស្អី? ចុះពេលជាមួយគ្នាមិនច្បាមទៅ។ យើងបានចូលកន្លែងហ្នឹង លួចរៀនលួចស្អីទៅ ដើម្បីបង្កើន(សមត្ថភាព) ខ្លួនឯង យកឱកាសហ្នឹងទាន់ពេលទំនេរទៅរៀនយកជំនាញបន្ថែមទៅ។ បន្តិចទៀតក្រែងគេឱ្យធ្វើ(ធំ) អត់ចេះ។ ឥឡូវយើងចេញពីសាលា អត់ទាន់ចេះ PowerPoint ឬ AI អាចរៀនបន្ថែម ចេះភាសាបន្ថែម សំខាន់យើងចេះច្បាមឬអត់ កុំអង្គុយតែបាក់ទឹកចិត្ត។
រៀននៅសាលាក៏ដូចគ្នា។ ក្មួយៗ ខ្លះ ឱ្យអាហារូបករណ៍ទៅហើយ គ្រាន់តែអត់មានម៉ូតូជិះចូលជាមួយមិត្តភក្តិ ក៏បោះបង់។ គាត់ខ្មាសមិត្តភក្តិ។ ជាការសោកស្តាយ។ កុំ(ធ្វើអញ្ចឹង។ ខំ)រៀនទៅ។ ថ្ងៃក្រោយរកលុយបាន ទិញម៉ូតូឡូយជាងពួកម៉ាកទៀត។ កុំបាក់(ទឹកចិត្ត)។ តែបើបោះបង់ បញ្ហាហើយ។ ដោយសារអី? បើយើងបោះបង់ចោល ពួកម៉ាកនៅតែមិនដើរជាមួយយើងដដែលហ្នឹង។ បើយើងទៅរៀន គេមិនឱ្យដើរចូល យើងនៅតែទៅរៀនទៅ។ ខាតអ្នកណា? យើងខ្មាសគេ។ យើងជិះកង់ទៅរៀន នៅពេលដែលគេជិះម៉ូតូ គេបង្អាប់ គេឌឺយើង។ យើងបោះបង់ចោល យើងបោះបង់ជីវិតរបស់យើងឱ្យគេជោគជ័យធ្វើអី? កុំធ្វើអញ្ចឹងណា។ ថ្ងៃមុននៅ ប្រទេសណាមួយទេ ទារឪទិញ iPhone អត់បាន ចាក់សាំងដុតខ្លួន។ យកដែកកេះៗ មិនឆេះ។ ឪយកភ្លើងទៅជួយដុត ក៏រត់។ មិនមែនដូចនៅខ្មែរទេ។
បើនៅឥណ្ឌា ដូចស្លាប់ទាំងពុកម្តាយ។ ខឹងឪអត់ទិញ iPhone ឱ្យទៅឈរបម្រុងលោត ដល់ឪពុករត់ទៅអោបធ្លាក់ទាំង ២នាក់។ កុំអត់ iPhone លោតទឹក។ អត់នៅតែអត់ដដែល ហើយទៅឋានក្រោម កុំថា រំពឹងគេចាំដុត iPhone ទៅឱ្យនោះ។ អាងអី ចាំចូលឆ្នាំ គេសែន ដុតអាហ្នឹងឱ្យ។ រស់ខ្លួនឯងទិញខ្លួនឯងទៅ មិនបាច់ iPhone ក៏បានដែរ។ បន្តជីវិតកុំបោះបង់។ ថ្ងៃមុន ឃើញនៅក្នុង Facebook ក្មេងៗ ចងកចងអី។ កុំគិតខ្លីឱ្យសោះ។ ធ្វើស្អីក៏ដោយ សំខាន់បំផុតកុំគិតខ្លីរឿងជីវិតឱ្យសោះ … ទី២ កុំបោះបង់។ ហ្នឹងការសម្លាប់ជីវិតទាំងរស់។ បានន័យថា យើងលែងទៅមុខ។ យើងបោះបង់សង្ឃឹម។ រៀនតស៊ូ រៀនច្បាមគ្រប់។ ទី៣ ការងារ។ នៅក្នុងការសិក្សា និងការងារ វាដូចគ្នា … ឥឡូវ កន្លែងខ្លះនៅស្រុកយើង អត់ខុសពីនៅកាលខ្ញុំរៀននៅអាមេរិកទេ។ រៀននៅអាមេរិក ខាង Restaurant មួយចំនួនអត់ឱ្យប្រាក់ខែ ហើយនៅក្នុងនោះ សុទ្ធតែសិស្សមហាវិទ្យាល័យគាត់យកតែ Tip ទេ។ ប៉ុន្ដែសិស្សទៅរៀន។
ការឯករាជ្យម្ចាស់ការមិនមែនរៀនតែនៅក្នុងសាលានេះដើម្បីទៅរកការងារធ្វើថ្ងៃក្រោយ ទាល់តែរៀនចប់ទើបបានការងារលុយច្រើនទេ។ វាចាប់ផ្តើមគ្រប់ជំហានទាំងអស់ … ក្មួយខ្លះនៅមានសមត្ថភាព ឪពុកម្តាយបន្តផ្ញើលុយមកឱ្យ។ អត់អីទេ។ អត់មាននរណាថាអីទេ។ ក្មួយខ្លះមានលទ្ធភាព តែក្មួយខ្លះក៏អត់។ កុំខ្មាសគេថាយើងធ្វើការ «អត់ហ៊ានធ្វើការ ខ្លាចពួកម៉ាកគេសើចចំអក»។ មានអីត្រូវខ្មាស់អៀន។ មិនមែនយើងទៅលក់គ្រឿងញៀនក្នុងសាលាឯណា … យើងធ្វើការ យើងយកលុយ ម្ចាស់ការ។ យើងរៀន(ទើបមាន) បទពិសោធ … អ្វីដែលសំខាន់ បទពិសោធរៀនរស់ខ្លួនឯង។ កាលណាយើងធ្លាប់រស់ខ្លួនឯង ធ្វើអីខ្លួនឯងហើយ ស្អីក៏យើងលែងប្រឈមដែរ។ ខ្លាចជាងគេគឺមិនដែលធ្វើអីខ្លួនឯង។ កាលខ្ញុំចេញទៅរៀននៅក្រៅប្រទេស រឿងសេដ្ឋកិច្ចរឿងអីរឿងមួយ ជំនាញដែលរៀន ប៉ុន្តែអ្វីដែលខ្ញុំអាចថាអរគុណឪពុកម្តាយដែលយើងបានរៀននៅឆ្ងាយគឺការរស់ខ្លួនឯង។
ក្មួយៗ ចេញពីផ្ទះមករៀននៅភ្នំពេញ មិនបាច់ទៅរៀនក្រៅប្រទេស ក៏រៀនរស់ខ្លួនឯងដែរ។ ព្យាយាមកុំពឹងឪពុកម្តាយគ្រប់ពេល ព្យាយាមរស់ខ្លួនឯង ចាំអស់លទ្ធភាពចាំពឹងឪពុកម្តាយ។ គាត់នៅចាំយើងរហូត។ ក្នុងដំណាក់កាលដែលក្មួយៗ ក្លាយជាឪពុកម្តាយគេ រៀនកុំខ្មាសកុំអៀន។ ខ្ញុំលើកទឹកចិត្ត។ ចាំយើងរៀនចប់ បានសញ្ញាបត្រ ចាំទៅរកការងារអីពេញម៉ោងឬមួយអីទៅ។ នេះ Part time យើងធ្វើទៅ។ ខ្ញុំសរសើរឃើញក្មេងៗឥឡូវម្ចាស់ការ។ នេះគឺជាការវិវត្តឯករាជ្យភាព។ វាចាប់ផ្តើមពីឯករាជ្យរបស់បុគ្គល ពីផ្នត់គំនិតនៃឯករាជ្យ ដោយមិនពឹងផ្អែកលើឪពុកម្តាយចិញ្ចឹមរហូត មិនពឹងផ្អែកលើអ្នកផ្សេងចិញ្ចឹមរហូត រៀនរស់ខ្លួនឯង … កុំខ្មាសអៀន។ អត់ខ្មាសទេ។ កុំចង់ធ្វើ Cool boy ឬ Cool girl ហើយមិនបាច់ចាំសំញែងទ្រព្យសម្បត្តិទេ។ វាអត់ប្រយោជន៍ទេ។ នរណាគេមានលុយសំញែងទៅ។ យើងមិនបាច់ទេ។ ទុកលុយហ្នឹងវិញ។ iPhone ពូមិនងាយ Update ទេ ព្រោះវានៅប្រើបាន។ រាល់ខែ ជាពិសេសប៉ះក្មេងៗ អ្នក Update ទូរស័ព្ទទិញឱ្យរហូត។ តែខ្ញុំប្រើមិនដឹងប៉ុន្មានឆ្នាំហើយទេ ព្រោះវានៅប្រើបាន។ បើយកមកថ្មី ខ្ញុំចេះប្រើតែប៉ុន្មាន(មុខងារ)ដដែលហ្នឹង ព្រោះខ្ញុំអត់ចេះ AI ផង។ ខ្ញុំចេះតែចុច WhatsApp Telegram ប្រើបានដូចគ្នា វានៅប្រើការបាន។ ទូរស័ព្ទដូចគ្នាអត់មានអីច្រើន។ កុំចំណាយអត់ប្រយោជន៍លើសម្ភារនិយម។
អ្វីដែលខ្ញុំនិយាយអម្បាញ់មិញនេះ … សូមលោក/អ្នកគ្រូយោគយល់ … ឱ្យតែមានដំបូលសមរម្យសម្រាប់កូនសិស្សរៀន សុំទទួលយក។ យើងធ្វើអភិក្រមបែបនេះ។ (មាន)លុយប៉ុន្មាន សន្សំទៅ ជឿពូទៅ។ អ្នកមានលទ្ធភាពឱ្យគេចាយទៅ។ កុំរត់តាមគេ។ កាត់បន្ថយការពឹងផ្អែកទៅលើឪពុកម្តាយ។ កាលពូរៀន ៤ឆ្នាំដំបូង លុយអាហារូបករណ៍ពីប្រឡងជាប់ West Point ដល់ទៅរៀន PhD ពូបង្រៀនបន្ថែមទៀត យកប្រាក់ខែដើម្បីទូទាត់ខ្លះ។ មិនមែនឪពុកម្តាយមិនជួយទេ។ គាត់ជួយប៉ុន្តែហ្នឹងជាការសាកល្បង។ ពូសប្បាយចិត្តជាងគេ ពេលដែលរកលុយបានដំបូងបំផុត … ពីការប្រឡងជាប់លេខមួយគណិតវិទ្យា។ ពេលនោះគេបើកឱ្យមួយខែប៉ុន្មានទេ។ ជាលុយប្រវត្តិសាស្ត្រដែលខ្លួនរកបានដោយខ្លួនឯង។ ហ្នឹងលុយតាមការងារ។ លុយមួយទៀត។ កាលពីក្មេង ក៏រពឹសដែរ។ ជាមួយបងប្អូននៅផ្ទះជុំវិញ សុទ្ធតែស្ពាន់សុទ្ធតែអី ដើររើសស្ពាន់ថ្លឹងគីឡូលក់ ទិញមេធុយ ទិញមាន់ជល់ ហ្នឹងក្រៅផ្លូវការ។
ឪពុកម្តាយបានផ្គត់ផ្គង់គ្រប់គ្រាន់។ ប៉ុន្តែយើងចង់ឃើញឱកាសហ្នឹង។ ពីរនាក់បងប្អូន ផ្ទះនៅមានឯករាជ្យ សុទ្ធតែផ្ទះបាក់បែក សុទ្ធតែខ្សែភ្លើងអីសល់។ កាលនោះ គេដើរទិញស្ពាន់មួយគីឡូប៉ុន្មានឯណោះ។ ហ្នឹងផងបាញ់ឃ្លីនេះផង … លុយរកបានដោយខ្លួនឯង ទោះបីជាវាតិច តែជាមោទនភាព។ សូមក្មួយចាំ។ ពូផ្តាំឱ្យយោបល់ លុយដែលរកបានដំបូងគេក្នុងជីវិត កុំចាយវា។ ដាក់ស៊ុមទុកទៅ … ហើយចាំថ្ងៃណាយើងបាន… បានន័យថា វាបង្កើតនូវទំនុកចិត្តនៃការចង់បានខ្លួនឯង។ មួយជីវិតរបស់ពូ ទៅណាក៏គេដៀមដាម សុទ្ធតែឪជួយ។ ឪជួយតាំងពីរៀនមក។ អញ្ចឹងត្រូវតែរៀនឱ្យជាប់ ប្រឡងអត់មានត្រឹមតែមួយជាប់ទេ ទាល់តែបានពិន្ទុល្អ កុំឱ្យគេពូកែឌឺពេក។ មកដល់ម៉ោងនេះ នៅតែឌឺទៀត … ឃើញរដ្ឋាភិបាលស្អីមួយបង្កើត ១,០០០នាក់ បោះឆ្នោតសភា។ រដ្ឋាភិបាលស្អីបន្តិចទៀតគេនឹងទៅដណ្តើមកៅអីអង្គការសហប្រជាជាតិ ពីរដ្ឋាភិបាលស្របច្បាប់។ ទៅជាអញ្ចឹងកើត។ យូរៗ ដូចប្លែកៗម៉េចទេ។ ខ្ញុំខ្ជិលនិយាយ។ បងប្អូនដឹង(ហើយ) … ឥឡូវ យើងខ្ជិលតបត ទៅតាមដំណើរ។ អ្វីដែលត្រូវនិយាយៗ អស់ហើយ ចង់មកបញ្ជាក់ការពិតទៅ ចុះវាស់ទៅ។ ខ្ជិលនិយាយ។
កាលប៉ុន្មានថ្ងៃមុន ថៃប្រកាសថាគេបាត់ប៉ុន្មាន? វាអត់ជឿទៀត។ ចុះមកវាស់ខ្លួនឯងទៅ។ មានឯកសារ PV។ ឃើញមានម្នាក់ទៅយកលោកមួយហ្នឹង។ ព្រឹកមិញ គាត់ទៅក្រសួងការបរទេសបារាំងយកផែនទី PV ហ្នឹងមក។ យើងក៏មានដែរ។ ជល់គ្នាទៅ។ តែឥឡូវ រឿងរបស់គេ ឱ្យឆ្កួតតែគេទៅ។ យើងគិតតែពីយើង ចែកសញ្ញាបត្រ ដាក់ទិសដៅពង្រឹងបន្ថែម។ ក្មួយៗ ដូចគ្នាចេញទៅ អបអរសាទរជាមួយឪពុកម្តាយទៅ ចប់ធ្វើការងារ និងបន្តជីវិតយើង កុំឈឺក្បាលរឿងគេនិយាយ ដាក់ទិសដៅ ជំហរខ្លួនឯង ទទួលខុសត្រូវខ្លួនឯងកុំពិបាក។ ទៅធ្វើការងារទៅ … មិត្តសាមគ្គីទាំងអស់។ ជួនកាលទៅប្រឈម។ ជួនកាលអ្នកនៅការិយាល័យជាមួយគ្នា វាយលិចវាយកើត បាក់ទឹកចិត្តឈប់ធ្វើការ … បើនៅរៀនក៏ដូចគ្នា។ មានអ្នក Bully អី កុំខ្វល់។ តស៊ូទៅ។ ជីវិតវាអត់មានអីដែលដូចយើងគិតទេ។ ទំហំការងារវាខុសគ្នា។ ជីវិតមួយៗ ខុសគ្នា … ក្មួយនឹងត្រូវប្រឈមកាន់តែធំទៅៗ។ ចេញពីសាលាដំបូងៗ មិនសូវធំទេ។ នៅជាសិស្ស។ ចប់ពីសិស្ស ចប់ពីធ្វើការមានប្រពន្ធមានប្តីមានកូន ចាប់ផ្តើមប្រឈមការងារជីវិតកាន់តែធំជាងហ្នឹងទៀត មានតម្រូវការ ត្រូវធ្វើផ្ទះ ត្រូវអី … នេះជាការធម្មតា គ្មាននរណាម្នាក់គេចផុតទេ។ ប្រឈមវាទៅ ដោះស្រាយវាទៅ។ វាពង្រឹងយើង។
សម្រាប់ក្មួយៗ ជាថ្មីទៀតកុំភ្លេចបន្តរៀន ពង្រឹងសមត្ថភាពខ្លួនឯង ហើយកុំអួតនិទ្ទេស A ទៅដាក់ពាក្យប្រឡង … កុំប្រហែស។ ទើបប្រឡងជាប់ថ្មីក៏ដោយ គិតថាយើងបាននិទ្ទេស A យើងនៅចាំទាំងអស់ក៏ដោយ អត់ទៅរៀន។ ពេលមុនប្រឡង ត្រូវរៀនទៀត។ ហ្នឹងបានន័យថា គ្រប់ជំហានប្រុងប្រយ័ត្នទាំងអស់។ ត្រៀមទាំងអស់។ អត់អាចអាងតែមួយនេះ។ ពាក្យថាធ្វើមួយបានជោគជ័យ តែអត់ប្រឹងទៀតគេហៅថាធ្លាក់ដៃ បាត់ការប្រុងប្រយ័ត្ន យើងនឹងបរាជ័យ។ យើងបាន A ដោយសារយើងប្រុងប្រយ័ត្ន។ យើងប្រឹងមិនមែនបានន័យថាទេវតាជប់មកយើងត្រូវតែបាន A ទេ … ការងារដូចគ្នា។ គ្រប់ជំហានទាំងអស់ត្រូវតែបន្ត។ គ្មាននរណាជួយយើងទៀតទេ។ យើងជួយខ្លួនឯង ឪពុកម្តាយជួយ បានកម្រិតណាមួយប៉ុណ្ណោះ។ នាឡិកាងាប់នៅម៉ោង៤។ ម៉ោងប៉ុន្មានហើយ? (ម៉ោង១០កន្លះ) ត្រូវទៅទទួលភ្ញៀវមួយ … ម៉េចបានវាងាប់នៅម៉ោង ៤? នាឡិកាងាប់ម៉ោង៤ ទះដៃវិញ ចង់ឱ្យខ្ញុំថែម ៦ម៉ោង ដល់ម៉ោង ១០ ឬម៉េច? … ឥឡូវម៉ោង ១០កន្លះហើយ។ អាចម៉ោង ១១កន្លះ។ ត្រូវចែកអីបន្តិចបន្តួច … ល្ងាចមិញមួលចង់ ៦០ដងហើយ ចាញ់បោកនាឡិកា។
ឥឡូវអញ្ចេះ ព្រឹកនេះយើងនិយាយប៉ុណ្ណឹងចុះ ព្រោះសំខាន់គេសរសេរទៅជួបភ្ញៀវដាក់ក្រហម។ តែក្រហមហើយ ទាល់តែបញ្ឈប់ហើយ ព្រោះគេហៅ Emergency។ ជាថ្មីម្តងទៀត សូមអបអរសាទរចំពោះក្មួយៗសិស្សជ័យលាភីទាំង ២,០៤៤ នាក់ ដែលបាននិទ្ទេស A ហើយក៏ដូចគ្នា ផ្ដាំផ្ញើ អបអរសាទរទៅដល់ក្មួយៗដែលប្រឡងជាប់និទ្ទេសផ្សេងៗទៀត ដែលក្រៅពី A ក៏ដូចជា ផ្ដាំការលើកទឹកចិត្តទៅក្មួយៗដែលមិនបានប្រឡងជាប់នៅឆ្នាំនេះ សូមបន្ត ការខិតខំ ការរៀនសូត្រ។ ការប្រឡង គឺជាចំណុចមួយវាស់ស្ទង់ទេ ប៉ុន្តែវាមិនមែនជាការវាស់ស្ទង់នៃសមត្ថភាពនិងសក្តានុពលសម្រាប់អនាគតរបស់ក្មួយៗ (ទាំងស្រុងឡើយ)។ សូមបន្ត ហើយក៏អបអរសាទរដល់លោកគ្រូ អ្នកគ្រូ គណៈគ្រប់គ្រងទាំងអស់ គ្រប់សាលាទាំងអស់ ដែលបានបណ្ដុះបណ្ដាលទូទាំងប្រទេស ដែលបានខិតខំបណ្ដុះបណ្ដាល រហូតទៅដល់ក្មួយៗបានប្រឡងបាក់ឌុប្លិ៍ មិនថាជាប់ មិនថាធ្លាក់ មិនថានិទ្ទេស A B C D E នោះទេ។ អរគុណ និងអបអរសាទរទៅដល់ឪពុកម្តាយ អាណាព្យាបាលទាំងអស់ដែលបានខិតខំចិញ្ចឹមបីបាច់ថែរក្សា និងផ្តល់លទ្ធភាពឱ្យក្មួយៗ បានរៀន។
នៅក្នុងឱកាសនេះ យើងមានការរៀបចំទី១ ជូនក្មួយៗ សិស្សានុសិស្សជាបេក្ខជនប្រឡងជាប់និទ្ទេស A សរុប ២,០៤៤ នាក់ ម្នាក់ៗទទួលបាន Huawei MatePad ចំនួនមួយគ្រឿង ហើយក៏សូមអរគុណទៅដល់ លោកឧកញ៉ា លាង ឃុន ក្រុមហ៊ុន ជីប ម៉ុង ដែលបានជួយឧបត្ថម្ភជាប់ជាប្រចាំ។ គាត់លឿនណាស់ឱ្យតែប្រឡងបាក់ឌុប្លិ៍ គាត់សួរថាប៉ុន្មាន … គាត់ចង់ចូលរួមលើកទឹកចិត្តក្មួយៗ ហើយខ្លួនគាត់ ក្រុមហ៊ុនដាច់ដោយឡែកមានគាំទ្រដាច់ដោយឡែកទៀត។ តែនេះជួយសម្រាប់និទ្ទេស A … សូមអរគុណ ហើយសូមបន្តជួយដៃគូជាមួយគ្នាតទៅទៀត។ ម្នាក់ៗ បន្ថែមលើ iPad MatePad នេះ ក៏បានថវិកា ២លានរៀលផងដែរ។ ជូននាយក នាយិកា នៃគ្រឹះស្ថានសិក្សានានា ដែលបានចូលរួមព្រឹកនេះ ចំនួន ៥៣៥ នាក់ ម្នាក់ៗថវិកា ១លានរៀលសម្រាប់ថវិកាផ្ទាល់ខ្លួន និងជូន ៥៣៥ សាលា សាលានីមួយៗ បានថវិកា ៣លានរៀល បន្ថែម និងជូនក្រុមគ្រូពេទ្យ ប្រចាំនៅក្នុងអង្គពិធី ថវិកា ៣លានរៀល ផងដែរ។ សូមជូនពរ ធ្វើដំណើរត្រឡប់ទៅវិញ បានសុវត្ថិភាព ហើយកាន់តែបន្តជោគជ័យតទៅទៀត។ សូមអរគុណ៕


