អរគុណនយោបាយឈ្នះឈ្នះ !
ដឹងគុណស្ថាបនិក មគ្គទេសក៍ឯក និងប្រតិបត្តិករនយោបាយឈ្នះឈ្នះ
ដែលនាំមកនូវសន្តិភាព និងឯកភាពជាតិពេញលេញ !
ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល;
លោកស្រី វ្ល៉ាដាន់កា អេនឌ្រេវ៉ា (Vladanka Andreeva) អ្នកសម្របសម្រួលអង្គការសហប្រជាជាតិ
ប្រចាំព្រះរាជាណាចក្រកម្ពុជា;
គណៈធិបតី ភ្ញៀវជាតិ-អន្តរជាតិ, អង្គពិធីទាំងមូល ជាទីមេត្រី !
ថ្ងៃនេះ, ខ្ញុំពិតជាមានសោមនស្សសេចក្ដីរីករាយ ដែលបានមកចូលរួមក្នុង «ពិធីអបអរសាទរខួប ២០ ឆ្នាំ (២០០៦–២០២៦) នៃការបញ្ជូនកងកម្លាំងនៃកងយោធពលខេមរភូមិន្ទ ចូលរួមបំពេញបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ និងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការសមិទ្ធផលនានា នៅសាលាហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពពហុជាតិ» នាពេលនេះ។
ខួប ២០ ឆ្នាំ នៃការបញ្ជូនកងកម្លាំងនៃកងយោធពលខេមរភូមិន្ទ ចូលរួមបំពេញបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនេះ ក៏ជាខួប ២០ ឆ្នាំ នៃជោគជ័យក្នុងការផ្លាស់ប្តូរកម្ពុជាដែលធ្លាប់ត្រូវបានហែកហួរដោយសង្គ្រាម និង ធ្លាប់តែល្បីថា ជាវាលពិឃាត, ជាតំបន់អសន្តិសុខ និង ជាចម្ការមីន ទៅជាកម្ពុជាថ្មី ដែលបាន និង កំពុងដើរតួនាទីសំខាន់ ក្នុងការចូលរួមរក្សាសណ្តាប់ធ្នាប់តំបន់ និង សកល, ក៏ដូចជា ការចូលរួមការពារសន្តិភាពពិភពលោក។
ជោគជ័យទាំងនេះ ជាសមិទ្ធផលនៃការអនុវត្ត «នយោបាយឈ្នះ–ឈ្នះ» របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និង បច្ចុប្បន្នជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដែលបានបញ្ចប់សង្រ្គាមស៊ីវិលរ៉ាំរ៉ៃនៅកម្ពុជា, ការទទួលបានសុខសន្តិភាពពេញលេញទូទាំងផ្ទៃប្រទេស និង ការអភិវឌ្ឍឥតឈប់ឈរលើគ្រប់វិស័យ ដែលយើងមិនធ្លាប់មានក្នុងរយៈពេលជាង ៥០០ ឆ្នាំចុងក្រោយនេះ។
ខ្ញុំសូមឧទ្ទិសសមិទ្ធផលនៃ «នយោបាយឈ្នះ–ឈ្នះ» នេះ ជូនចំពោះជនរួមជាតិនៅទូទាំងប្រទេស ហើយសូមឱ្យសមិទ្ធផលនៃ «នយោបាយឈ្នះ-ឈ្នះ» បន្តនៅគង់វង្សស្ថិតស្ថេរជាអមតៈនៅលើទឹកដីមាតុភូមិរបស់យើងជារៀងរហូត និង សូមបួងសួងដល់ដួងព្រលឹងបុព្វបុរស និង អ្នកស្នេហាជាតិទាំងអស់ ឱ្យស្ថិតនៅជាម្លប់ និង ជានិមិត្តរូប នៃការធ្វើពលិកម្មសម្រាប់ពលរដ្ឋខ្មែរជំនាន់ក្រោយ ដើម្បីបន្តវីរភាពក្នុងបុព្វហេតុបម្រើឧត្តមប្រយោជន៍ជាតិមាតុភូមិកម្ពុជាជាទីស្នេហានៃយើងជានិច្ចនិរន្តរ៍តរៀងទៅ។
ផ្អែកលើរបាយការណ៍ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិសម្របសម្រួលការបញ្ជូនកងកម្លាំងចូលរួមបេសកកម្មថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ, សម្តេចតេជោអតីតនាយករដ្ឋមន្រ្តី បានសម្រេចបញ្ជូនកងកម្លាំងនៃកងយោធពលខេមរភូមិន្ទ ឱ្យចូលរួមបំពេញបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ក្នុងឆ្នាំ ២០០៦ តាមការអំពាវនាវរបស់ឯកឧត្តមអតីតអគ្គលេខាធិការអង្គការសហប្រជាជាតិ, ដោយចាប់ផ្តើមពីកងបោសសម្អាតមីនចំនួន ១៣៥ នាក់ នៅប្រទេសស៊ូដង់។ មកដល់ពេលនេះ, យើងបានបញ្ជូនកងកម្លាំងសរុបចំនួន ១០ ៩១៤ នាក់ ទៅចូលរួមបំពេញបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ នៅតំបន់អាហ្រ្វិកមជ្ឈឹមបូព៌ា និង អ៊ឺរ៉ុប, ពោល គឺនៅ ស៊ូដង់, ស៊ូដង់-ខាងត្បូង, ឆាដ, សាធារណរដ្ឋអាហ្រ្វិកកណ្ដាល, លីបង់, ស៊ីរី ,ម៉ាលី, សាយប្រឺស, យេម៉ែន, និងសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ។
[ចាប់ផ្ដើមសេចក្ដីអធិប្បាយ១]
ក្នុង ៣០ ឆ្នាំចុងក្រោយនេះ យើងបានប្រែប្រួលពីប្រទេសដែលទទួលផល នៃការរក្សាសន្តិភាពរបស់កងកម្លាំងរក្សាសន្តិភាព ដែលនៅដើម ទសវត្សរ៍ទី ៩០ យើងមានកម្លាំង UNAMIC ក្រោយមក UNTAC ទៅជាអ្នកដែលចូលរួមផ្តល់នូវកម្លាំងដើម្បីចូលរួមថែរក្សាសន្តិភាព និងជួយនូវការងារមនុស្សធម៌ជាច្រើនទៅលើបណ្តាប្រទេសនានា ដែលកំពុងរងគ្រោះនូវអ្វីដែលកម្ពុជាធ្លាប់ឆ្លងកាត់។
ក្នុងន័យនេះ ខ្ញុំសូមធ្វើការអរគុណ និងដឹងគុណចំពោះសម្តេចតេជោ សម្តេចពិជ័យសេនា ទៀ បាញ់, ឯកឧត្តម ប្រាក់ សុខុន, ឯកឧត្តម សុខ ចិន្តាសោភា, ឯកឧត្តម នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អតីតអគ្គនាយកមជ្ឈមណ្ឌលជាតិ ដែលថ្នាក់ដឹកនាំទាំងអស់បានដឹកនាំ មិនត្រឹមតែដាក់ចេញនូវចក្ខុវិស័យមុនទេ ប៉ុន្តែអនុវត្តដោយម៉ឺងម៉ាត់ ដើម្បីឱ្យយើងបានចូលរួមប្រកបដោយជោគជ័យ នៅក្នុងការថែរក្សាសន្តិភាពមកដល់ពេលនេះ។
[ចប់សេចក្ដីអធិប្បាយ១]
កងកម្លាំងរបស់យើងបានពង្រីកតួនាទីជាបន្តបន្ទាប់, ពោល គឺពីការងារបោសសំអាតមីន ទៅបំពេញភារកិច្ចជាតម្រួតយោធា, វិស្វកម្ម, ពេទ្យកម្រិត ២, អ្នកបោសសំអាតគ្រឿងផ្ទុះ រហូតដល់មុខងារជានាយទាហានសង្កេតការណ៍ និង ជានាយទាហានសេនាធិការ ទៀតផង។ ការរីកចម្រើនយ៉ាងឆាប់រហ័សបែបនេះ សបញ្ជាក់អំពីសក្ដានុពលដ៏ខ្លាំងក្លារបស់កងទ័ពកម្ពុជា ក្នុងការបំពេញបេសកកម្មសំខាន់ និង តួនាទីគន្លឹះ ក្នុងប្រព័ន្ធពហុជាតិរបស់អង្គការសហប្រជាជាតិ, ក៏ដូចជា សមត្ថភាពរបស់ក្រសួងការពារជាតិ, គណៈកម្មាធិការជាតិ, និង មជ្ឈមណ្ឌលជាតិគ្រប់គ្រងកម្លាំងរក្សាសន្តិភាពបោសសំអាតមីន និង កាកសំណល់សង្គ្រាម ក្នុងការជ្រើសរើសកងកម្លាំង, ការហ្វឹកហ្វឺន, និង បំពាក់ឧបករណ៍សម្ភារៈ ស្របតាមនិយាមរបស់អង្គការសហប្រជាជាតិ។
ឥឡូវនេះ, កម្ពុជាបានក្លាយទៅជាប្រទេសនាំមុខផ្នែកបោសសំអាតមីន និង យុទ្ធភណ្ឌមិនទាន់ផ្ទុះ ដែលត្រូវបានអន្តរជាតិទទួលស្គាល់ និង កោតសរសើរ, ទាំងចំពោះសកម្មភាពក្នុងស្រុក និង ចំពោះសកម្មភាព ក្នុងក្របខ័ណ្ឌអង្គការសហប្រជាជាតិ។ យើងក៏មោទនភាពបំផុតផងដែរ ដែលទង់ជាតិកម្ពុជាបន្តបក់រវ៉ិកជាមួយទង់ជាតិនៃប្រទេសទាំងឡាយ ដែលបញ្ជូនកងទ័ពចូលរួមបំពេញបេសកកម្មក្រោមឆត្រអង្គការសហប្រជាជាតិដូចគ្នា។
ខ្ញុំសូមយកឱកាសនេះ, សម្ដែងនូវការគោរព និង កោតសរសើរដ៏ស្មោះចំពោះស្នាដៃ និងវីរភាពរបស់កងទ័ពមួកខៀវកម្ពុជា ដែលតែងតែបង្ហាញសមត្ថភាពវិជ្ជាជីវៈ, ការគោរពវិន័យយ៉ាងម៉ឺងម៉ាត់, ការរក្សាបាននូវមិត្តភាព, សាមគ្គីភាព និង ទំនាក់ទំនងល្អ នៅគ្រប់កន្លែងប្រតិបត្តិការ, ជាពិសេស ការការពារកិត្តិយស និង សេចក្ដីថ្លៃថ្នូរបស់ប្រទេសជាតិ, របស់កងយោធពលខេមរភូមិន្ទ និង របស់ប្រជាពលរដ្ឋយើងទាំងមូល។
ខ្ញុំក៏សូមសម្តែងនូវការកោតសរសើរចំពោះ ក្រសួងការពារជាតិ, គណៈកម្មាធិការជាតិ, និងមជ្ឈមណ្ឌលជាតិ ដែលបាន និង កំពុងសហការដឹកនាំ សម្របសម្រួលទ្រទ្រង់កិច្ចការជ្រើសរើស, ហ្វឹកហាត់, បំពាក់ឧបករណ៍សម្ភារៈ និង បញ្ជូនកងទ័ពកម្ពុជា ចូលរួមបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ប្រកបដោយជោគជ័យ ក្នុងរយៈពេល ២០ ឆ្នាំកន្លងមកនេះ, ចាប់តាំងពីបាតដៃទទេ មកសម្រេចសមិទ្ធផលធំធេងដូចសព្វថ្ងៃ។
ខ្ញុំសូមអរគុណយ៉ាងជ្រាលជ្រៅចំពោះមិត្តបរទេសទាំងអស់ ជាពិសេស អូស្រ្តាលី, ឥណ្ឌា, សហរដ្ឋអាមេរិក, បារាំង, ជប៉ុន, ចិន, កូរ៉េខាងត្បូង និង រុស្សី ដែលបានជួយហ្វឹកហាត់, បំពាក់បំប៉នទាំងជំនាញ និង ភាសា និង ឧបត្ថម្ភសម្ភារៈហ្វឹកហ្វឺន, ដើម្បីលើកកម្រិតសមត្ថភាពរបស់កងកម្លាំងកម្ពុជា ស្របតាមស្ដង់ដារបស់អង្គការសហប្រជាជាតិ។ ខ្ញុំក៏សូមអរគុណជាពិសេសដល់បញ្ជាការដ្ឋានកងទ័ពសហរដ្ឋអាមេរិកប្រចាំតំបន់ប៉ាស៊ីភិច ដែលបានឧបត្ថម្ភគាំទ្រដល់លំហាត់យោធាពហុជាតិ ក្នុងក្របខ័ណ្ឌគំនិតផ្តួចផ្តើមប្រតិបត្តិការសន្តិភាពជាសាកល (GPOI) ដែលបានផ្តល់ប្រយោជន៍ដល់ប្រទេសនានា ជាការរៀនសូត្រ, ដកពិសោធន៍, និង ពង្រឹងសមត្ថភាពសម្រាប់បំពេញប្រតិបត្តិការរក្សាសន្តិភាពក្នុងតំបន់ និង សកលលោក។
រយៈពេលជិតបីទសវត្សរ៍ចុងក្រោយ បន្ទាប់ពីសម្រេចបាននូវសុខសន្តិភាពពេញលេញ, ឯកភាពជាតិ និង ឯកភាពទឹកដីទាំងស្រុង តាមរយៈ «នយោបាយឈ្នះ-ឈ្នះ» របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី, រាជរដ្ឋាភិបាលសម្រេចបានសមិទ្ធផលធំៗជាច្រើន រួមមាន៖ ការកសាងស្ថាប័នរដ្ឋមួយរឹងមាំ និង ឯករាជ្យ ដែលប្រព័ន្ធអភិបាលកិច្ចត្រូវបានធ្វើទំនើបកម្មជាប្រចាំ ឱ្យកាន់តែមានប្រសិទ្ធភាព តម្លាភាព និង គណនេយ្យភាព, ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិយ៉ាងឆាប់រហ័ស ជាមួយកំណើនសេដ្ឋកិច្ចខ្ពស់ និង រឹងមាំ ដែលត្រូវបានទទួលស្គាល់ ទាំងក្នុងតំបន់ និង សកលលោក, ការប្រែក្លាយកម្ពុជា ទៅជាប្រទេសចំណូលមធ្យមកម្រិតទាប ក្នុងឆ្នាំ ២០១៥ និង ត្រៀមចាកចេញពីឋានៈប្រទេសមានការអភិវឌ្ឍតិចតួច នៅចុងឆ្នាំ ២០២៩ ខាងមុខ ដោយបានកាត់បន្ថយភាពក្រីក្រយ៉ាងលឿន និង ការធ្វើសមារណកម្មដោយជោគជ័យ ទៅក្នុងរចនាសម្ព័ន្ធ និង និម្មាបនកម្មសេដ្ឋកិច្ច តំបន់ និង សកល។
រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា នឹងបន្តជំរុញការកែទម្រង់វិស័យការពារជាតិឱ្យកាន់តែរឹងមាំបន្ថែមទៀត។
[ចាប់ផ្ដើមសេចក្ដីអធិប្បាយ២]
អភិក្រមនៅក្នុងការកែទម្រង់របស់យើង គឺផ្អែកលើការកែទម្រង់ដើម្បីពង្រឹងខាងក្នុង និងកិច្ចសហប្រតិបត្តិការដើម្បីពង្រីកមិត្តខាងក្រៅ។ ការធ្វើកំណែទម្រង់ពង្រឹងសមត្ថភាពកងទ័ព គឺជារឿងចាំបាច់។ ការធ្វើកំណែទម្រង់ ទំនើបកម្ម រចនាសម្ព័ន្ធ ការហ្វឹកហ្វឺន និងគ្រឿងបំពាក់។ ការអនុវត្តច្បាប់កាតព្វកិច្ចយោធាដែលគ្រោងបើកវគ្គដំបូងនៅដើមខែវិច្ឆិកា ពោលគឺយើងកំណត់យកថ្ងៃទី ៩វិច្ឆិកា ដែលត្រូវជាថ្ងៃកំណើតកងទ័ព និងថ្ងៃបុណ្យឯករាជ្យជាតិរបស់យើង គឺជាថ្ងៃចាប់ផ្តើមអនុវត្តនូវគោលការណ៍ និងការអនុវត្តច្បាប់កាតព្វកិច្ចជាប្រវត្តិសាស្ត្រ ដើម្បីចូលរួមក្នុងការពង្រឹងកងទ័ពរបស់យើងនេះ។ យើងនឹងបន្តរើសរៀងរាល់ឆ្នាំ ហើយតាមតម្រូវការជាក់ស្តែងរបស់កងទ័ព។
ក្នុងន័យនេះ ខ្ញុំសូមសរសើរលើកទឹកចិត្តទៅដល់យុវជនរបស់យើង ដែលក្នុងរយៈពេល ១៣ថ្ងៃជាង ជិត ៧៥ ០០០នាក់បានធ្វើការដាក់ពាក្យ។ ក្រសួងការពារជាតិនឹងធ្វើការសម្រេច នៅក្នុងតម្រូវការជាក់ស្តែងឆ្នាំនេះ និងឆ្នាំបន្តបន្ទាប់ទៀត ដើម្បីធ្វើការហ្វឹកហ្វឺន។
ទី៣ ដែលយើងកំពុងតែអនុវត្តគឺការពង្រឹងអភិបាលកិច្ច តាមរយៈការធ្វើឌីជីថលូបនីយកម្មនៃការគ្រប់គ្រងការងារបុគ្គលិក ការងារហ្វឹកហ្វឺន និងការរៀបចំប្រព័ន្ធបើកប្រាក់វិវត្តតាមប្រព័ន្ធធនាគារ។ល។ កិច្ចការទាំងអស់នេះ គឺជាកិច្ចការដែលមិនងាយស្រួល ស្មុគស្មាញ ប៉ុន្តែចាំបាច់ត្រូវតែធ្វើ។
ក្នុងន័យនេះ ខ្ញុំសូមធ្វើការកោតសរសើរដល់ថ្នាក់ដឹកនាំក្រសួងការពារជាតិ អគ្គបញ្ជាការ បញ្ជាការដ្ឋានកងទ័ពគ្រប់ប្រភេទ រហូតដល់អង្គភាពថ្នាក់ក្រោម ដែលចូលរួមដោយស្មោះត្រង់ នៅក្នុងការសម្រេចនូវកិច្ចការអនុវត្តនៅក្នុងការកែទម្រង់ដែលចាំបាច់ ដែលយើងត្រូវធ្វើនេះ។
ទី២ ការកែទម្រង់នៅក្នុងការពង្រីកមិត្តនៅខាងក្រៅ។ កិច្ចការងារនេះ យើងអាចចាត់ទុកថាជាការងារការទូតយោធា ដែលក្រសួងការពារជាតិរបស់យើង ជានិច្ចកាលបានតែងតែពង្រីក និងធ្វើកិច្ចសហប្រតិបត្តិការនៅក្នុងប្រទេស និងក្រៅប្រទេស ជាមួយបណ្តាប្រទេសនានា ជាពិសេសការបង្កើតនូវទំនាក់ទំនងថ្មីៗ ដូចជា MOU, TOR ការធ្វើការរួមគ្នា សហប្រតិបត្តិការរួមគ្នា ការហ្វឹកហ្វឺនរួមគ្នា ទាំងក្នុងកម្ពុជា និងក្រៅប្រទេស ដែលកងទ័ពយើងចូលរួម។
ថ្មីៗនេះ នៅក្នុងដំណើរទស្សនកិច្ចខ្ញុំទៅកាន់ប្រទេសទួរគី ក៏បានចុះ MOU ជាមួយប្រទេសទួរគីរវាងក្រសួងការពារជាតិនិងការពារជាតិយើង។ តាមពិតកិច្ចការងារនេះ មិនមែនថ្មីទេ គឺបានចាប់ផ្តើមពិភាក្សាគ្នារវាងកម្ពុជា និងប្រទេសទួរគីតាំងពីឆ្នាំ២០២០ តែដោយសារកូវីដ យើងត្រូវការបន្ធូរបន្ថយ។ នាដើមឆ្នាំ២០២៥ គឺយើងបានចាប់ផ្តើមជជែកគ្នា ហើយរហូតឈានដល់ចុះកិច្ច MOU នៅពេលថ្មីៗនេះ។ អញ្ចឹងបានមានអ្នកខ្លះថា ម៉េចបានវាយគ្នាហើយ បានទៅចុះហត្ថលេខាគ្រប់។ អត់ទេ។ ការពង្រីកមិត្តនៅខាងក្រៅ ការចូលរួមប្រតិបត្តិការនៅខាងក្រៅគឺជាកិច្ចការដែលយើងបានធ្វើជាប្រចាំ។ យើងនឹងបន្តធ្វើតទៅទៀត(នូវ)ការពង្រីកមិត្តឱ្យកាន់តែច្រើន ការសហប្រតិបត្តិការគ្នាកាន់តែច្រើន។
ឆ្នាំនេះ យើងត្រូវធ្វើម្ចាស់ផ្ទះលើកទី៨ នៃសមយុទ្ធនាគមាសជាមួយចិន។ ឆ្នាំក្រោយ យើងត្រូវរៀបចំសមយុទ្ធ លំហាត់រួមគ្នាមួយអាមេរិកលើកទី៨ ដែរ។ ឆ្មាំអង្គរ។ យើងក៏មានការធ្វើម្ចាស់ផ្ទះនៃការហ្វឹកហ្វឺនរួមគ្នា ៣ ប្រទេស រវាងកម្លាំង PKO របស់យើង ជាមួយ UN ជាមួយជប៉ុន ហើយក៏ជាមួយ UN ជាមួយនិងកូរ៉េផងដែរ។ ក្រៅពីនោះ កម្លាំងរបស់យើងក៏មានដឹកនាំការធ្វើសមយុទ្ធ ការហ្វឹកហ្វឺនរួមគ្នា ជាមួយបណ្តាប្រទេសអាស៊ាន បណ្តាប្រទេសជាមិត្តផ្សេងទៀត និងចូលរួមនៅក្នុងសមយុទ្ធពហុភាគី។
កិច្ចការទាំងនេះ គឺជារឿង និងអភិក្រមដែលយើងត្រូវធ្វើ កែទម្រង់ពង្រឹងខាងក្នុង និងចង និងពង្រឹងសម្ព័ន្ធមេត្រីភាពនិងមិត្តភាព សហប្រតិបត្តិការជាមួយបណ្តាប្រទេសនៅលើពិភពលោកជាពិសេសកងទ័ពនិងកងទ័ព ដើម្បីរួមគ្នាការពារសន្តិភាព សន្តិសុខ នៅក្នុងតំបន់ និងសកលលោក។
[ចប់សេចក្ដីអធិប្បាយ២]
ការសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវសមិទ្ធផលនានា នៅសាលាហ្វឹកហ្វឺន កងកម្លាំងរក្សាសន្តិភាពពហុជាតិ រួមមាន៖ អគារស្នាក់នៅ, អគារបណ្តុះបណ្តាល, និង សាលប្រជុំ សម្រាប់លើកកម្ពស់គុណភាពការអប់រំបណ្តុះបណ្តាលកងកម្លាំងរក្សាសន្តិភាព ឱ្យស្របតាមស្តង់ដាអង្គការសហប្រជាជាតិ, ពង្រឹងសមត្ថភាពកម្ពុជាក្នុងការរៀបចំកម្មវិធីបណ្តុះបណ្តាលពហុជាតិ, និង ពង្រីកកិច្ចសហប្រតិបត្តិការអន្តរជាតិ នាពេលនេះ ជាសក្ខីភាពនៃការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបន្តបញ្ជូនកងកម្លាំងនៃកងយោធពលខេមរភូមិន្ទ ចូលរួមបំពេញបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ, ក៏ដូចជា ការបន្តចូលរួមលើកកម្ពស់ស្ថិរភាព, សន្តិសុខ និង ការអភិវឌ្ឍប្រកបដោយចីរភាពនៅលើសកលលោក។
ពេលនេះ, ដំណើរកសាងជាតិបានឈានដល់ដំណាក់កាលថ្មីមួយ ក្នុងបរិការណ៍ពហុវិបត្តិ ដែលទាមទារឱ្យរាជរដ្ឋាភិបាល ត្រូវផ្តោតលើការថែរក្សាសន្តិភាព, អធិបតេយ្យ និង ឯករាជ្យ, ការពង្រឹងអភិបាលកិច្ច, ប្រសិទ្ធភាព និង សមត្ថភាពស្ថាប័ន, ការទ្រទ្រង់កំណើន និង ការធ្វើទំនើបកម្មសេដ្ឋកិច្ច, ការបង្កើតការងារ ទាំងគុណភាព និង បរិមាណ, ការលើកស្ទួយវិស័យ ឯកជន និង សហគ្រិនភាព, ការកសាងមូលធនមនុស្ស ដោយផ្តោតលើគុណភាពវិស័យអប់រំ សេវាសុខាភិបាល និង សីលធម៌សង្គម, ការលើកកម្ពស់សេវាគាំពារសង្គម និង សុខុមាលភាពប្រជាពលរដ្ឋ និងការជំរុញបរិវត្តកម្មឌីជីថល ទាំងក្នុងសង្គម និង សេដ្ឋកិច្ច។
ក្នុងគោលបំណងពង្រីកសមត្ថភាព ពង្រឹងវិន័យ និង កាត់បន្ថយគ្រោះថ្នាក់ របស់នាយទាហាន, នាយទាហានរង, និង ពលទាហានទាំងអស់ ដែលកំពុងចូលរួមបំពេញបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ក៏ដូចជា កងកម្លាំងដែលត្រូវចូលរួមនាពេលអនាគត, ខ្ញុំសូមផ្តល់នូវអនុសាសន៍មួយចំនួន ដូចខាងក្រោម ៖
ទី១. ត្រូវចងចាំជានិច្ចថា បងប្អូនគឺជាតំណាងឱ្យកិត្តិយស និង មុខមាត់របស់កម្ពុជានៅលើឆាកអន្តរជាតិ។ រាល់សកម្មភាព ការប្រាស្រ័យទាក់ទង និង ការបំពេញភារកិច្ចរបស់បងប្អូន សុទ្ធតែឆ្លុះបញ្ចាំងពីសមត្ថភាព, វិន័យ, សីលធម៌ និង សេចក្តីថ្លៃថ្នូរ របស់កងយោធពលខេមរភូមិន្ទ ព្រមទាំងប្រជាពលរដ្ឋកម្ពុជាទាំងមូល។ ដូច្នេះ, បងប្អូនត្រូវគោរពឱ្យបានម៉ឺងម៉ាត់នូវបទប្បញ្ញត្តិរបស់អង្គការសហប្រជាជាតិ, ច្បាប់អន្តរជាតិ, និង គោលការណ៍ នៃការរក្សាសន្តិភាព។
ទី២. ត្រូវបន្តខិតខំហ្វឹកហាត់ ដើម្បីបង្កើនសមត្ថភាព និង ជំនាញវិជ្ជាជីវៈ, ព្រមទាំង ប្រឹងប្រែងរៀនសូត្រដើម្បីពង្រីកចំណេះដឹង យល់ច្បាស់ពីស្ថានភាពភូមិសាស្រ្តនយោបាយ, វប្បធម៌, សង្គម និង ហានិភ័យនៃបេសកកម្ម ដើម្បីសម្រេចបានជោគជ័យ ប្រកបដោយសុវត្ថិភាព។ ត្រូវខិតខំរៀនភាសាបរទេសបន្ថែមទៀត ជាពិសេស អង់គ្លេស និង បារាំង ដើម្បីងាយស្រួលក្នុងការប្រាស្រ័យទាក់ទងជាមួយទាហាន និង ប្រជាជន នៃប្រទេសដែលយើងត្រូវបំពេញបេសកកម្ម, ជាមួយសហការី អង្គការសហប្រជាជាតិ, និងជាយានដើម្បីឈោងចាប់ចំណេះវិជ្ជាបន្តទៀត។
ទី៣. ត្រូវបន្តគោរពក្រមសីលធម៌, វិន័យ និង បទបញ្ជា របស់អង្គការសហប្រជាជាតិ ព្រមទាំង ត្រូវរក្សាឱ្យបាននូវសេចក្តីថ្លៃថ្នូរ និង កិត្តិយសរបស់ប្រទេសជាតិ និង កងយោធពលខេមរភូមិន្ទ។ ត្រូវចងចាំថា, ក្នុងពេលបំពេញបេសកកម្ម, បងប្អូន គឺជាកងកម្លាំងរបស់អង្គការសហប្រជាជាតិ, ប្រតិបត្តិការក្រោមបទប្បញ្ញត្តិរបស់អង្គការសហប្រជាជាតិ, និង ស្ថិតក្រោមការបង្គាប់របស់មេបញ្ជាការអង្គការសហប្រជាជាតិ។ ត្រូវយកឱកាសបំពេញបេសកកម្មនេះ ដើម្បីរៀនសូត្រដកពិសោធន៍, និង ស្វែងយល់ស៊ីជម្រៅអំពីរបៀបធ្វើការរបស់ប្រព័ន្ធអង្គការសហប្រជាជាតិ។
ទី៤. ត្រូវបន្តទំនាក់ទំនងល្អជាមួយសហការីបរទេស ជាមួយប្រជាជន, គោរពទំនៀមទម្លាប់, និង ចេះជួយប្រជាជននៅកន្លែងដែលកងកម្លាំងយើងបំពេញប្រតិបត្តិការ។ កន្លងទៅ, កងកម្លាំងយើងទៅដល់ទីណាបានជួយទំនុកបម្រុង, ឧបត្ថម្ភ, ចែករំលែកស្បៀងអាហារ ជួយពិនិត្យព្យាបាលជំងឺ និង សង្គ្រោះការពារប្រជាជនមូលដ្ឋាននៅទីនោះ។ ទាំងនេះ គឺជាកាយវិការ ប្រកបដោយមនុស្សធម៌, សីលធម៌ ,សេចក្តីថ្លៃថ្នូរបំផុត, ស័ក្ដិសមជាតំណាងជាតិ និង កងយោធពលខេមរភូមិន្ទ។
ទី៥. ត្រូវបន្តប្រុងប្រយ័ត្នជានិច្ចចំពោះគ្រោះថ្នាក់គ្រប់ប្រភេទ, ទាំងគ្រោះថ្នាក់ដែលអាចកើតឡើងពីការប្រយុទ្ធ, ពីការប៉ះទង្គិចគ្នារវាងក្រុមប្រដាប់អាវុធនានា, ពីការវាយប្រហារពួនស្ទាក់ និង ពីជំងឺឆ្លង និង ជំងឺកាចសាហាវនានា។ ត្រូវចេះស្រលាញ់គ្នា, មើលថែគ្នា, យកអាសារគ្នា ដូចពាក្យចាស់លោកពោលថា «នៅផ្ទះម្ដាយទីទៃ, នៅព្រៃម្ដាយតែមួយ»។
មុនបញ្ចប់, ខ្ញុំសូមផ្ញើនូវការសាកសួរសុខទុក្ខ និង សេចក្ដីនឹករលឹកដ៏ខ្លាំងបំផុតចំពោះយុទ្ធជន យុទ្ធនារីរបស់យើង ដែលកំពុងបំពេញបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ នៅក្រៅប្រទេសទាំង ៤៧៥ នាក់ ក្នុងនោះមាន ស្រី្ដ ៩៥ នាក់ផងដែរ។ ខ្ញុំសូមយកឱកាសនេះ គោរពដល់វិញ្ញាណក្ខន្ធ នាយទាហាន នាយទាហានរង និង ពលទាហានរបស់យើង ដែលបានធ្វើពលិកម្ម លះបង់សាច់ស្រស់ ឈាមស្រស់ ដើម្បីបុព្វហេតុសន្តិភាព និង មនុស្សធម៌ដ៏ថ្លៃថ្លានេះ, និង ជាពិសេស ចំពោះការលះបង់ដ៏ធំធេងរបស់ ឯកឧត្តមនាយឧត្តមសេនីយ៍ សែម សុវណ្ណនី អតីតអគ្គនាយកមជ្ឈមណ្ឌលជាតិ។
ជាទីបញ្ចប់, ជាមួយការប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការសមិទ្ធផលនានា នៅសាលាហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពពហុជាតិ, ខ្ញុំសូមជូនពរឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិក សមាជិកា នៃអង្គពិធី សូមមានសុខភាពល្អបរិបូរណ៍, សុខសុភមង្គលក្នុងក្រុម-គ្រួសារ, និង សម្រេចបានជោគជ័យលើគ្រប់ភារកិច្ចការងាររៀងៗខ្លួន, និង សូមប្រកបដោយពុទ្ធពរ និង ពរទាំងប្រាំប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ និង បដិភាណ កុំបីឃ្លៀងឃ្លាតឡើយ៕




