សន្និសីទសារព័ត៌មានរួម រវាង សម្តេចធិបតី ហ៊ុន ម៉ាណែត​ និងឯកឧត្តម Ilham Aliyev ប្រធានាធិបតី នៃសាធារណរដ្ឋអាស៊ែបៃហ្សង់

សូមអរគុណ ឯកឧត្តមប្រធានាធិបតី! ជាកិច្ចចាប់ផ្ដើម ខ្ញុំសូមសម្តែងនូវការថ្លែងអំណរគុណ ក្នុងនាមគណៈប្រតិភូកម្ពុជា ចំពោះការបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅ និងការអញ្ជើញរបស់ឯកឧត្ដមមកខ្ញុំ ចូលរួមកិច្ចប្រជុំកំពូល CICA លើកទី២ នៅទីក្រុង បាគូ (Baku) និងដំណើរទស្សនកិច្ចផ្លូវការនាថ្ងៃនេះ។ យើងបានជួបពិភាក្សាការងារនាព្រឹកនេះ ដូចដែលឯកឧត្តមប្រធានាធិបតីបានលើកឡើង ដោយយើងបានពិភាក្សាអំពីវិស័យនានាដែលយើងអាចធ្វើការរួមគ្នា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី។ ជាមួយគ្នា នេះ យើងក៏បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងចំនួនបី ដែលបង្កើតជាមូលដ្ឋានសម្រាប់ការបន្តកិច្ចសហប្រតិបត្តិការបន្ថែមទៀតក្នុងវិស័យពាណិជ្ជកម្ម អប់រំ និងវិស័យអាទិភាពផ្សេងៗទៀត។ ខ្ញុំយល់ស្របជាមួយឯកឧត្តមប្រធានាធិបតីថា ទំនាក់ទំនងពាណិជ្ជកម្ម និងទំនាក់ទំនងក្នុងវិស័យផ្សេងៗទៀតរវាងប្រទេសទាំងពីរ នៅមានកម្រិតនៅឡើយ។ ប្រទេសយើងទាំងពីរមានទំនាក់ទំនងជាមួយគ្នាជាង ៣០ឆ្នាំមកហើយ។ យើងក៏ធ្លាប់មានដំណើរទស្សនកិច្ចរបស់ សម្តេចតេជោ ហ៊ុន សែន ក្នុងឆ្នាំ២០១៤ ដែលបានរៀបចំផែនទីបង្ហាញផ្លូវសម្រាប់កិច្ចសហប្រតិបត្តិការរបស់យើងរហូតមកដល់ពេលនេះ។ ដូច្នេះ ខ្ញុំមានទំនុកចិត្តថា តាមរយៈដំណើរទស្សនកិច្ចរបស់ខ្ញុំនៅថ្ងៃនេះ យើងអាចធ្វើការរួមគ្នាដើម្បីពង្រឹង ទំនាក់ទំនងពាណិជ្ជកម្ម និងវិស័យសហប្រតិបត្តិការផ្សេងៗទៀត។ ជាឧទាហរណ៍ យើងបានឯកភាពគ្នាលើការរៀបចំកិច្ចព្រមព្រៀងក្របខ័ណ្ឌមួយ ដែលនឹងបង្កើតក្រុមការងារពាណិជ្ជកម្មរួម ដើម្បីអនុវត្ត និងឯកភាពលើវិធានការជាក់ស្តែងនានា សំដៅលើកកម្ពស់ទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។ យើងក៏បានពិភាក្សាអំពីលទ្ធភាពនៃការបន្តពង្រឹងកិច្ចសហប្រតិបត្តិការពាក់ព័ន្ធនឹងវិស័យការពារជាតិ សន្តិសុខ និងការអប់រំផងដែរ។ សម្រាប់កម្រិតពហុភាគី យើងបានបញ្ជាក់ជាថ្មីអំពីការប្តេជ្ញាចិត្តរួមគ្នាក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការលើវេទិកាអន្តរជាតិ។ កន្លងមក កម្ពុជាក៏បានគាំទ្រអាស៊ែបៃហ្សង់…

សុន្ទរកថាពិសេស សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងពិធីបើកកិច្ចប្រជុំប្រមុខមុខងារសាធារណៈអាស៊ាន លើកទី២៣ និងអាស៊ានបូកបី លើកទី៨ ស្ដីពីកិច្ចការមុខងារសាធារណៈ

ឯកឧត្តម លោកជំទាវ ប្រមុខមុខងារសាធារណៈ នៃប្រទេសសមាជិកអាស៊ាន និងអាស៊ានបូកបី ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន ឯកឧត្តម លោកជំទាវ លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ ជាទីមេត្រី; ជាបឋម, ខ្ញុំពិតជាមានសេចក្តីសោមនស្សរីករាយក្រៃលែង ដែលបានចូលរួមក្នុង «ពិធីបើកកិច្ចប្រជុំប្រមុខមុខងារសាធារណៈអាស៊ាន លើកទី២៣ និងអាស៊ានបូកបី លើកទី៨ ស្តីពីកិច្ចការមុខងារសាធារណៈ» ក្រោមមូលបទដ៏មានសារៈសំខាន់ ដែលស្របនឹងបរិបទពិភពលោកគឺ «នវានុវត្តន៍ សម្រាប់ការផ្ដល់សេវាសាធារណៈឱ្យកាន់តែប្រសើរឡើង»។ តាងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ខ្ញុំសូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈប្រតិភូទាំងអស់ ដែលបានអញ្ជើញមកកាន់ទីក្រុងសៀមរាប-អង្គរ។ ប្រទេសកម្ពុជាមានមោទនភាពយ៉ាងខ្លាំង ក្នុងការធ្វើជាប្រធានប្តូរវេន នៃកិច្ចសហប្រតិបត្តិការអាស៊ានស្តីពីមុខងារសាធារណៈ (ACCSM) និងធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំ ACCSM ជាលើកទីពីរ។ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រសួងមុខងារសាធារណៈកម្ពុជា ប្រទេសជាសមាជិកអាស៊ានទាំងអស់ អគ្គលេខាធិការដ្ឋានអាស៊ាន និងប្រទេសដៃគូបូកបីដ៏ជិតស្និទ្ធរបស់យើង គឺ សាធារណរដ្ឋប្រជាមានិតចិន ជប៉ុន និងសាធារណរដ្ឋកូរ៉េ ចំពោះការប្តេជ្ញាចិត្តដ៏មោះមុត ក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងតំបន់ លើរដ្ឋបាលសាធារណៈ។ កិច្ចប្រជុំនេះ គឺជាវេទិកាដ៏សំខាន់សម្រាប់កិច្ចពិភាក្សាដោយបើកចំហ និងត្រង់ទៅត្រង់មក ប្រកបដោយយុទ្ធសាស្ត្រ…

សារពិសេសរបស់ សម្ដេចធិបតី លើគណនេយ្យហ្វេសប៊ុកផ្ទាល់ខ្លួន បន្ទាប់ពីមានការវាយប្រហារពីភាគីថៃមកលើជនស៊ីវិលស្លូតត្រង់កម្ពុជានៅភូមិព្រៃចាន់

ខ្ញុំសូមថ្កោលទោសចំពោះការប្រើប្រាស់អំពើហិង្សារបស់ភាគីថៃមកលើប្រជាពលរដ្ឋស៊ីវិលស្លូតត្រង់កម្ពុជានៅភូមិព្រៃចាន់ នាល្ងាចថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ ២០២៥ នេះ ដែលបណ្តាលឱ្យប្រជាពលរដ្ឋស៊ីវិលស្លូតត្រង់កម្ពុជារបួស៣នាក់ និងស្លាប់បាត់បង់ជីវិត ១នាក់។  ទង្វើនេះ គឺផ្ទុយទៅនឹងស្មារតីមនុស្សធម៌ ក៏ដូចជាការឯកភាពគ្នាកន្លងមកក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ជាពិសេស ការឯកភាពឱ្យយន្តការ គណៈកម្មាការចម្រុះព្រំដែន (JBC) ចុះវាស់វែង និងបោះបង្គោលបណ្តោះអាសន្ន និងត្រូវរក្សាស្ថានភាពដើម ដដែលរហូតដល់ការវាស់វែងត្រូវបានបញ្ចប់ និងរង់ចាំការសម្រេចដោយ JBC។  ខ្ញុំសូមអោយភាគីថៃ បញ្ឈប់ជាបន្ទាន់នូវការប្រើប្រាស់កម្លាំងមកលើប្រជាពលរដ្ឋស៊ីវិលស្លូតត្រង់កម្ពុជានៅភូមិព្រៃចាន់ ក៏ដូចជាការប្រើប្រាស់កម្លាំងក្នុងការដោះស្រាយបញ្ហាព្រំដែនរវាងប្រទេសទាំងពីរ។  ខ្ញុំសូមអោយមានការបើកការស៊ើបអង្កេតដោយឯករាជ្យលើករណីនេះ និងសូមអំពាវនាវអោយមានការចូលរួមពីភាគីបរទេសដែលមានជំនាញ ដើម្បីស្វែងរកការពិត និងផ្តល់យុត្តិធម៌ជូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារការបាញ់ប្រហារនេះ។  ជាមួយគ្នានេះ ខ្ញុំសូមឱ្យអាជ្ញាធរដែនដី និងគ្រប់កងកម្លាំងសមត្ថកិច្ចទាំងអស់ចាត់វិធានការជាបន្ទាន់ ក្នុងការការពារប្រជាពលរដ្ឋរបស់យើង ជាពិសេសត្រូវគិតគូរលើសុវត្ថិភាព និងអាយុជីវិតរបស់ពួកគាត់ ឱ្យបានជាដាច់ខាត ។  កម្ពុជានៅរក្សាជំហរក្នុងការដោះស្រាយបញ្ហាដោយសន្តិវិធី ស្របតាមស្មារតីនៃសេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួ នៅថ្ងៃទី ២៦ ខែតុលា ឆ្នាំ២០២៥ ដើម្បីឈានទៅដល់ការបញ្ចប់ជម្លោះ និងកសាងសន្តិភាពរវាងប្រទេសទាំងពីរ។