សូមអរគុណ ឯកឧត្តមប្រធានាធិបតី!
ជាកិច្ចចាប់ផ្ដើម ខ្ញុំសូមសម្តែងនូវការថ្លែងអំណរគុណ ក្នុងនាមគណៈប្រតិភូកម្ពុជា ចំពោះការបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅ និងការអញ្ជើញរបស់ឯកឧត្ដមមកខ្ញុំ ចូលរួមកិច្ចប្រជុំកំពូល CICA លើកទី២ នៅទីក្រុង បាគូ (Baku) និងដំណើរទស្សនកិច្ចផ្លូវការនាថ្ងៃនេះ។
យើងបានជួបពិភាក្សាការងារនាព្រឹកនេះ ដូចដែលឯកឧត្តមប្រធានាធិបតីបានលើកឡើង ដោយយើងបានពិភាក្សាអំពីវិស័យនានាដែលយើងអាចធ្វើការរួមគ្នា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី។ ជាមួយគ្នា នេះ យើងក៏បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងចំនួនបី ដែលបង្កើតជាមូលដ្ឋានសម្រាប់ការបន្តកិច្ចសហប្រតិបត្តិការបន្ថែមទៀតក្នុងវិស័យពាណិជ្ជកម្ម អប់រំ និងវិស័យអាទិភាពផ្សេងៗទៀត។
ខ្ញុំយល់ស្របជាមួយឯកឧត្តមប្រធានាធិបតីថា ទំនាក់ទំនងពាណិជ្ជកម្ម និងទំនាក់ទំនងក្នុងវិស័យផ្សេងៗទៀតរវាងប្រទេសទាំងពីរ នៅមានកម្រិតនៅឡើយ។ ប្រទេសយើងទាំងពីរមានទំនាក់ទំនងជាមួយគ្នាជាង ៣០ឆ្នាំមកហើយ។ យើងក៏ធ្លាប់មានដំណើរទស្សនកិច្ចរបស់ សម្តេចតេជោ ហ៊ុន សែន ក្នុងឆ្នាំ២០១៤ ដែលបានរៀបចំផែនទីបង្ហាញផ្លូវសម្រាប់កិច្ចសហប្រតិបត្តិការរបស់យើងរហូតមកដល់ពេលនេះ។
ដូច្នេះ ខ្ញុំមានទំនុកចិត្តថា តាមរយៈដំណើរទស្សនកិច្ចរបស់ខ្ញុំនៅថ្ងៃនេះ យើងអាចធ្វើការរួមគ្នាដើម្បីពង្រឹង ទំនាក់ទំនងពាណិជ្ជកម្ម និងវិស័យសហប្រតិបត្តិការផ្សេងៗទៀត។ ជាឧទាហរណ៍ យើងបានឯកភាពគ្នាលើការរៀបចំកិច្ចព្រមព្រៀងក្របខ័ណ្ឌមួយ ដែលនឹងបង្កើតក្រុមការងារពាណិជ្ជកម្មរួម ដើម្បីអនុវត្ត និងឯកភាពលើវិធានការជាក់ស្តែងនានា សំដៅលើកកម្ពស់ទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។
យើងក៏បានពិភាក្សាអំពីលទ្ធភាពនៃការបន្តពង្រឹងកិច្ចសហប្រតិបត្តិការពាក់ព័ន្ធនឹងវិស័យការពារជាតិ សន្តិសុខ និងការអប់រំផងដែរ។
សម្រាប់កម្រិតពហុភាគី យើងបានបញ្ជាក់ជាថ្មីអំពីការប្តេជ្ញាចិត្តរួមគ្នាក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការលើវេទិកាអន្តរជាតិ។ កន្លងមក កម្ពុជាក៏បានគាំទ្រអាស៊ែបៃហ្សង់ ក្នុងឋានៈជាអ្នកសង្កេតការណ៍របស់អាស៊ាន និងពង្រឹងទំនាក់ទំនងជាមួយសហគមន៍អាស៊ាន។
ខ្ញុំយល់ថា ក្នុងស្ថានភាពដែលពិភពលោកកំពុងមានភាពស្មុគស្មាញកាន់តែខ្លាំងនេះ អន្តរសកម្មរវាងតំបន់នានា និងរវាងប្រទេសនីមួយៗ កាន់តែមានសារៈសំខាន់ ជាពិសេសនៅលើឆាកអន្តរជាតិ។ ក្នុងន័យនេះ កម្ពុជា និងអាស៊ែបៃហ្សង់ ប្ដេជ្ញាចិត្តក្នុងការព ង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី ហើយក៏នឹងរួមចំណែកដល់ការពង្រឹងកិច្ចសហប្រតិបត្តិការពហុភាគីផងដែរ។
ចំពោះបញ្ហាផ្សេងៗទៀត ខ្ញុំគិតថា ឯកឧត្តមប្រធានាធិបតីបានលើកឡើងយ៉ាងទូលំទូលាយរួចហើយ អំពីបញ្ហាទាំងអស់ដែលយើងបានពិភាក្សា។ ជំហានបន្ទាប់គឺយើងត្រូវស្វែងរកមធ្យោបាយដើម្បីធ្វើការរួមគ្នា និងប្រែក្លាយអ្វីដែលបានពិភាក្សា ឱ្យទៅជាសកម្មភាពជាក់ស្តែង ព្រមទាំងបង្កើតចេញជាលទ្ធផលជាក់ស្ដែង។
នៅរសៀលនេះ ខ្ញុំនឹងមានឱកាសជួបជាមួយសមាគមវិស័យឯកជនរបស់អាស៊ែបៃហ្សង់ ហើយយើងសង្ឃឹមថានឹងអាចអញ្ជើញគណៈប្រតិភូធុរកិច្ចពីអាស៊ែបៃហ្សង់ មកបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីឈ្វេងយល់បន្ថែមអំពីឱកាសប្រតិបត្តិការផ្សេងៗ។ ខ្ញុំយល់ថា ការបង្កើនទំនាក់ទំនងរវាងវិស័យឯកជននៃប្រទេសទាំងពីរ ពិតជាមានសារៈសំខាន់ណាស់ក្នុងការលើកកម្ពស់ បង្កើត និងកំណត់ឱកាសជាក់ស្ដែងសម្រាប់ការវិនិយោគ និងការតភ្ជាប់ធុរកិច្ច។
យើងក៏បានពិភាក្សាអំពីលទ្ធភាពនៃការរៀបចំជំនួបរវាងអាជ្ញាធរអាកាសចរណ៍ស៊ីវិលនៃប្រទេសទាំងពីរ ដើម្បីពិភាក្សាអំពីលទ្ធភាពនៃការបង្កើតកិច្ចព្រមព្រៀងសេវាហោះហើរ ដែលនឹងជួយសម្រួលដល់ការតភ្ជាប់ឱ្យផ្លូវអាកាសរវាងប្រទេសទាំងពីរឲ្យកាន់តែប្រសើរឡើង។
ជាថ្មីម្តងទៀត ខ្ញុំសូមអរគុណ ឯកឧត្តមប្រធានាធិបតី ដែលបានអញ្ជើញខ្ញុំមកបំពេញទស្សនកិច្ចនេះ។ ក្នុងនាមប្រជាជនកម្ពុជា ខ្ញុំសូមថ្លែងអំណរគុណចំពោះរដ្ឋាភិបាលអាស៊ែបៃហ្សង់ ដែលកន្លងមកបានផ្ដល់ការគាំទ្រដល់កម្ពុជា ជាពិសេសក្នុងវិស័យអប់រំ តាមរយៈការផ្តល់អាហារូបករណ៍។ យើងសង្ឃឹមថានឹងអាចពង្រីក កិច្ចសហប្រតិបត្តិការបន្ថែមទៀតទៅកាន់វិស័យផ្សេងៗទៀតនាពេលអនាគត។
មុននឹងបញ្ចប់ ខ្ញុំសូមពាំនាំនូវការអញ្ជើញពី ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជូនចំពោះ ឯកឧត្តមប្រធានាធិបតី ដើម្បីអញ្ជើញបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជានាពេលអនាគត ដែលនឹងផ្ដល់ឱកាសឱ្យយើងបន្តពិភាក្សាគ្នាឲ្យកាន់តែស៊ីជម្រៅអំពីកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។
ជាថ្មីម្តងទៀត ខ្ញុំសូមជូនពរឯកឧត្តម ឲ្យទទួលបានជោគជ័យក្នុងការដឹកនាំកិច្ចប្រជុំកំពូល CICA ប៉ុន្មានថ្ងៃខាងមុខនេះ។
សូមអរគុណ!

