ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា និង រាជរដ្ឋាភិបាល;
គណៈធិបតិ ភ្ញៀវកិត្តិយសជាតិ អន្តរជាតិ និងអង្គពិធីទាំងមូល ជាទីមេត្រី!
ថ្ងៃនេះ, ខ្ញុំពិតជាមានសេចក្ដីសោមនស្សរីករាយ ដែលបានចូលរួមក្នុងពិធីបើកជាផ្លូវការ «ពិព័រណ៍ផលិតផលខ្មែរ» លើកទី៤ ក្រោមប្រធានបទ «រួមគ្នាផលិត, រួមគ្នាប្រើផលិតផលជាតិ» ដែលជាវេទិកាផ្សារភ្ជាប់រវាងអ្នកផលិត, អ្នកផ្គត់ផ្គង់, អ្នកចែកចាយ, អ្នកលក់រាយ, និង អ្នកប្រើប្រាស់ សំដៅជំរុញឱ្យមានការផ្លាស់ប្តូរពីការផ្សព្វផ្សាយផលិតផល ទៅជាការបង្កើតទំនាក់ទំនងពាណិជ្ជកម្ម និង ការផ្គូផ្គងអាជីវកម្ម។
ប្រធានបទ «រួមគ្នាផលិត, រួមគ្នាប្រើផលិតផលជាតិ» ដែលមានន័យថា រោងចក្រសហគ្រាសក្នុងស្រុក ត្រូវរួមគ្នាផលិត និង ផ្គត់ផ្គង់ផលិតផលឱ្យបានច្រើន ប្រកបដោយ គុណភាព, សុវត្ថិភាព, ស្តង់ដា, ថ្លៃសមរម្យ ជាពិសេស ប្រើប្រាស់ធនធាន និង វត្ថុធាតុដើមក្នុងស្រុកឱ្យអស់លទ្ធភាព, ម៉្យាង និង ម៉្យាងទៀត, អ្នកប្រើប្រាស់ក្នុងស្រុក, ទាំងគេហជន និង រោងចក្រសហគ្រាស, ត្រូវផ្តល់អាទិភាពខ្ពស់ចំពោះផលិតផលក្នុងស្រុក ដើម្បីជំរុញសមត្ថភាពផលិតកម្ម, បង្កើនតម្លៃបន្ថែម និងលើកកម្ពស់ភាពប្រកួតប្រជែងរបស់សេដ្ឋកិច្ចជាតិជារួម។
ខ្ញុំសូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមាគមសហគ្រាសធុនតូច និង មធ្យមកម្ពុជា (FASMEC), សមាគមមូលនិធិសម្តេចតេជោ, ព្រមទាំង ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និង នវានុវត្តន៍, វិស័យឯកជន និង អ្នកពាក់ព័ន្ធទាំងអស់ ដែលបានរួមគ្នាគិត រួមគ្នារៀបចំឱ្យមាន «ពិព័រណ៍ផលិតផលខ្មែរ» ជាប្រចាំ ដើម្បីលើកកម្ពស់សក្តានុពលផលិតកម្មក្នុងស្រុក, លើកស្ទួយផលិតផលជាតិ និង បង្កើតឱកាសពាណិជ្ជកម្មដល់រោងចក្រ សហគ្រាសកម្ពុជា។
ខ្ញុំសូមលើកទឹកចិត្តដល់ក្រសួងស្ថាប័នពាក់ព័ន្ធ ជាពិសេស ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និង នវានុវត្តន៍ ដែលជាសេនាធិការផ្នែកយុទ្ធសាស្រ្ត, គណៈកម្មាធិការដឹកនាំការអនុវត្តយុទ្ធសាស្ត្រជាតិអភិវឌ្ឍសហគ្រាសធុនមីក្រូ តូច និង មធ្យម ដែលជាសេនាធិការផ្នែកគោលនយោបាយ និង អង្គភាពសម្របសម្រួលសហគ្រាសធុនតូច និង មធ្យម ដែលជាសេនាធិការផ្នែកប្រតិបត្តិរបស់រាជរដ្ឋាភិបាល ត្រូវបន្តពង្រីកកិច្ចសហការ និង ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយវិស័យឯកជន និង តួអង្គពាក់ព័ន្ធ ជាពិសេស សមាគមសហគ្រាសធុនតូច និង មធ្យមកម្ពុជា ក្នុងអភិក្រម «ជវភាពនៃប្រព័ន្ធតួអង្គតែមួយ» (Dynamics of Stakeholder System) និង គ្រប់ភាគីត្រូវស្រុះស្រួលគ្នា ក្នុងស្មារតី «ឧត្តមនិយម» ផលប្រយោជន៍ជាតិ និង ប្រជាជន សំដៅបង្កើតនូវ «សហថាមពលនៃការអភិវឌ្ឍ (Synergy of Development) វិស័យសហគ្រាសធុនមីក្រូ តូច និង មធ្យម» នៅកម្ពុជា។
រាជរដ្ឋាភិបាលចាត់ទុកវិស័យឯកជន ជាពិសេស សហគ្រាសធុនមីក្រូ តូច និង មធ្យម(MSMEs) ជា «ឆ្អឹងខ្នងនៃសេដ្ឋកិច្ចជាតិ» និងជាដៃគូមិនអាចខ្វះបានរបស់រាជរដ្ឋាភិបាល ក្នុងការបង្កើតការងារ, បង្កើនចំណូលគ្រួសារ, លើកកម្ពស់ផលិតកម្ម និង តម្លៃបន្ថែមក្នុងស្រុក, ជំរុញសហគ្រិនភាព និង នវានុវត្តន៍, និង ពង្រឹងភាពធន់ និង បរិយាប័ន្ន នៃសេដ្ឋកិច្ចជាតិ ស្របតាមទិសស្លោក «សហគ្រាសធុនមីក្រូ តូច និង មធ្យម មានខ្លួនតូច ប៉ុន្តែមានតួនាទីធំក្នុងការពង្រឹងភាពរឹងមាំ នៃសេដ្ឋកិច្ចគ្រួសារ, សេដ្ឋកិច្ចមូលដ្ឋាន និង សេដ្ឋកិច្ចជាតិទាំងមូល»។
នៅក្នុងបរិបទពហុវិបត្តិ, ការពង្រឹងផលិតកម្មក្នុងស្រុក គឺស្មើគ្នានឹងការពង្រឹងភាពធន់ នៃសេដ្ឋកិច្ចជាតិ ដោយត្រូវផ្តោតលើសមត្ថភាពផលិតទំនិញ និង ផ្តល់សេវា ការប្រកួតប្រជែង។
កម្ពុជាកំពុងត្រៀមខ្លួនចាកចេញពីឋានៈជាប្រទេសអភិវឌ្ឍតិចតួច នៅចុងឆ្នាំ២០២៩ ខាងមុខ។ ដូច្នេះ ការផ្លាស់ប្តូរឋានៈនេះ ជាវឌ្ឍនភាពនៃការអភិវឌ្ឍប្រទេស ប៉ុន្តែក៏ទាមទារឱ្យសេដ្ឋកិច្ច និង រោងចក្រ-សហគ្រាសរបស់យើង ត្រូវមានសមត្ថភាពប្រកួតប្រជែងកាន់តែរឹងមាំ ដើម្បីឆ្លើយតបទៅនឹងការប្រែប្រួលនៃលក្ខខណ្ឌពាណិជ្ជកម្ម និង ការអនុគ្រោះអន្តរជាតិ។ ដូច្នេះ, ការកែលម្អគុណភាពផលិតផល, ការពង្រឹងប្រសិទ្ធភាពផលិតកម្ម, ការបង្កើនផលិតភាពការងារ, ការចាប់យកបច្ចេកវិទ្យាថ្មីៗ និង ការពង្រីកទីផ្សារ ជាការដ្ឋានកែទម្រង់អាទិភាពរបស់រោងចក្រ-សហគ្រាសកម្ពុជា ចាប់ពីពេលនេះតទៅ។
ការគាំទ្រផលិតផលជាតិ មិនមែនត្រឹមតែជាការបង្ហាញនូវស្មារតីស្នេហាជាតិប៉ុណ្ណោះទេ, ប៉ុន្តែជាការបង្កើតឱ្យមានឱកាសទីផ្សារដំបូង និង ការជំរុញលើកទឹកចិត្តដល់ផលិតករក្នុងស្រុក ឱ្យសម្រេចបោះទុនវិនិយោគ, ខិតខំផលិតឱ្យបានច្រើន និង ពុះពារឈរជើងលើទីផ្សារពោរពេញទៅដោយការប្រកួតប្រជែង។ ទោះយ៉ាងណា, ម្ចាស់រោងចក្រ-សហគ្រាសត្រូវចងចាំថា ការគាំទ្រគ្រាន់តែជាការសាកល្បងប៉ុណ្ណោះ។ ការរក្សាទីផ្សារឱ្យបានយូរអង្វែង គឺត្រូវពឹងផ្អែកទាំងស្រុងលើគុណភាព, សុវត្ថិភាព, ស្តង់ដា, ថ្លៃសមរម្យ, និយាយជារួម គឺគុណតម្លៃ និង ទំនុកចិត្តលើផលិតផល, ទើបជាកត្តាជំរុញឱ្យមានការគាំទ្រ និង ជ្រើសរើសប្រើប្រាស់ជាប្រចាំ។
រាជរដ្ឋាភិបាលកំពុងប្រឹងប្រែងកែលម្អបរិយាកាសធុរកិច្ច និង វិនិយោគ ជាពិសេស ប្រព័ន្ធអេកូឡូស៊ីសហគ្រាសធុនមីក្រូ តូច និង មធ្យម ដោយបានសិក្សា និង គ្រោងដាក់ចេញនូវ៖ ទី១. «អនុក្រឹត្យស្តីពីការគ្រប់គ្រងវដ្តអាជីវកម្មរបស់សហគ្រាសធុនតូច និង មធ្យម» ដើម្បីជួយសម្រួលដល់ដំណើរការគ្រប់គ្រងអាជីវកម្ម តាំងពីដំណាក់កាលចាប់ផ្តើម រហូតដល់ដំណាក់កាលបិទបញ្ចប់អាជីវកម្ម, និង ទី២. «អនុក្រឹត្យស្តីពីការលើកទឹកចិត្តដល់សហគ្រាសធុនតូច និង មធ្យម» ដើមី្បជួយសហគ្រាសធុនមីក្រូ តូច និង មធ្យម ឱ្យអាចងើបឡើង, ឈរជើង និង ដើរបានលឿន តាមរយៈ យន្តការលើកទឹកចិត្ត, ទាំងហិរញ្ញវត្ថុ និង មិនមែនហិរញ្ញវត្ថុ និង ដោយផ្ទាល់ និង ប្រយោល។ ជាមួយគ្នានេះ, រាជរដ្ឋាភិបាលក៏បានបង្កើត «អង្គភាពសម្របសម្រួលសហគ្រាសធុនតូច និង មធ្យម» ដែលជាយន្តការ « ជវភាពនៃប្រព័ន្ធតួអង្គតែមួយ» សម្រាប់ដោះស្រាយជាប្រព័ន្ធនូវបញ្ហាប្រឈមជារចនាសម្ព័ន្ធ ប្រកបដោយតម្លាភាព, ការទទួលខុសត្រូវខ្ពស់ និង មានភាពប្រាកដនិយមបំផុត។
និយាយជារួម គឺការអភិវឌ្ឍវិស័យឯកជន និង និយាយដោយឡែក គឺ MSMEs មិនអាចពឹងផ្អែកតែលើការបង្កើនចំនួនអាជីវកម្ម ឬ ការផ្តល់ហិរញ្ញប្បទានប៉ុណ្ណោះទេ, ប៉ុន្តែត្រូវផ្តោតលើការបង្កើនផលិតភាព, គុណភាព, តម្លៃបន្ថែម និង សមត្ថភាពប្រកួតប្រជែង, ពិសេស ចំនួនសហគ្រាសដែលបន្តរស់រាន និង បន្តរីកចម្រើន។
[ចាប់ផ្ដើមសេចក្ដីអធិប្បាយ១]
(១) កម្ពុជាមានចក្ខុវិស័យពង្រីកនិងពង្រឹងការផលិត មិនត្រឹមតែចែកចាយទីផ្សារក្នុងស្រុក តែក៏ទាំងតំបន់ផង
អម្បាញ់មិញ ចូលមកតាមផ្លូវ បានឃើញប៉ុន្មានស្តង់ដែរ។ បងប្អូនបានប្រាប់(ថាមាន)តាំងពីផលិតផលគ្រឿងហូប (ដូចជា)ទឹកត្រីទឹកស៊ីវអ៊ីវ គ្រឿងប្រេងឆា ត្រីខ រហូតដល់ការផលិតកង់ឡាន ប្រេងម៉ាស៊ីនរថយន្ត។ ចុងក្រោយអម្បាញ់ម៉ិញនេះគឺផលិត Tablet បានន័យថាសមត្ថភាពកម្ពុជាមិនមែនផលិតតែរបស់របរដែលប្រើប្រាស់ជំនាញទាប ឬគុណភាពទាបទេ តែយើងឈានទៅដល់ការផលិតគ្រឿងអេឡិចត្រូនិក(ទៀតផង)។ ខ្ញុំឃើញថា មានការអបអរសាទរចំពោះជោគជ័យរបស់គាត់ហើយ ប៉ុន្តែសំខាន់បំផុតគឺមិនត្រឹមតែអបអរសាទរនូវជោគជ័យដែលគាត់(ទទួល)បាន ហើយសប្បាយរីករាយប៉ុណ្ណោះទេ ប៉ុន្តែសុទ្ធតែមានចក្ខុវិស័យក្នុងការពង្រីកនិងពង្រឹងខ្លួន … មិនត្រឹមតែចែកចាយក្នុងទីផ្សារកម្ពុជាទេ តែក៏ចែកចាយទៅដល់តំបន់។ យើងត្រូវមានមហិច្ឆតាបែបនេះ។ កម្ពុជាត្រូវតែជាប្រទេសដែលមិនត្រឹមតែប្រែពីប្រទេសដែលពឹងផ្អែកលើការនាំចូល ទៅជាប្រទេសដែលផ្គត់ផ្គង់ខ្លួនឯងនោះទេ ប៉ុន្តែក៏ត្រូវតែជាប្រទេសដែលមានលទ្ធភាពអាចផ្គត់ផ្គង់ទីផ្សារអន្តរជាតិលើផ្នែកមួយចំនួនថែមទៀត។
(២) ឱកាសគង់វង្សអាស្រ័យភាពប្រកួតប្រជែង គុណភាពនិងទំនុកចិត្តនៃអតិថិជន
ដោយសារកន្លងទៅ យើងមានការនាំចូលមួយចំនួនពីប្រទេសថៃ។ ពិតណាស់ (ក្នុងជញ្ជីង)ពាណិជ្ជកម្ម(កម្ពុជាថៃ) ៤ពាន់លានដុល្លារប្រចាំឆ្នាំ មាន ៣ពាន់លានជាងដែលកម្ពុជាចំណាយនាំចូល។ អញ្ចឹង បើយកតែ ១០ភាគរយនៃ ៣ពាន់លានជាងក្នុងមួយឆ្នាំមកចាក់ចូលក្នុងផលិតកម្ម/ផលខ្មែរ ក៏(វាមានទំហំ) ៣រយលានដុល្លារជាងដែរ ដែលសម្រាប់ផលិតផលមួយចំនួន ៣រយលានជាងនេះគឺ(ជាទំហំមួយ)ធំ។ នេះគឺជាឱកាស ប៉ុន្តែឱកាសនេះមិនអាចនៅ(គង់វង្ស)ទេ មិនអាចរស់បានដោយខ្វះភាពប្រកួតប្រជែង ឬមួយក៏ការបាំង(ទេ)។ ខ្ញុំធ្លាប់និយាយរឿងនេះម្តងហើយថា វាអាស្រ័យលើគុណភាព វាអាស្រ័យលើការពង្រឹងទំនុកចិត្តអតិថិជន។ យើងអត់មានការប្រកួតប្រជែងពីប្រទេសមួយ តែយើងមានប្រទេស ១០០ទៀតដែលចាំលក់ប្រកួតប្រជែងជាមួយយើង។ យើងមិនអាចបិទប្រទេសយើងទាំងមូលទេ។ បើយើងមិនប្រកួតជាមួយប្រទេសខាងលិច ក៏មានប្រទេសផ្សេងដែលគេចាប់យកដែរ។
(៣) កំណើនផលិតផលក្នុងស្រុកបានន័យថា វិស័យឯកជនចាប់ឱកាសពង្រឹងខ្លួន ប្រជាពលរដ្ឋបែរមកគាំទ្រ
ខ្ញុំឃើញថា ក្នុងមួយឆ្នាំឬពីរឆ្នាំនេះដែល ឯកឧត្តម ហែម វណ្ណឌី បានរាយការណ៍ថាផលិតផលក្នុងស្រុកមានការកើនឡើង គឺបានន័យថា វិស័យឯកជនចាប់យកឱកាសពង្រឹងខ្លួន ស្របពេលដែលប្រជាពលរដ្ឋយើងបែរមកគាំទ្រផលិតផលក្នុងស្រុក។ អញ្ចឹង(យើងបាន)ចាប់យកឱកាសនេះ។ ការចាប់អារម្មណ៍ដំបូងវាមិនស្ថិតស្ថេរទេ បើសិនជាអតិថិជន(មិនគាំទ្រ) ព្រោះអតិថិជនមានជម្រើស។ ខ្ញុំក៏ដូចគ្នា បងប្អូនក៏ដូចគ្នា។ ខ្ញុំមានជម្រើស ខំប្រឹងរកបានប្រាក់ខែមក (ត្រូវជ្រើសរើសថា)ទិញទឹកត្រីមកពីណា, ទិញកង់ឡានណាប្រើ មានតម្លៃសមរម្យ មានគុណភាពធានា បានខ្ញុំទិញរបស់ខ្មែរ។ បើសិនជារបស់ខ្មែរប្រើមិនមានគុណភាព ទោះបីតម្លៃ(ធូរ)ក៏ខ្ញុំអត់ទិញដែរ ព្រោះរបស់ខ្លះខ្ញុំទិញរាងថ្លៃបន្តិច តែជិះបានយូរ (ដោយសារមាន)គុណភាព។ នេះគឺជាគោលដៅសំខាន់។
(៤) ឆ្នាំ២០២៩ កម្ពុជានឹងបញ្ចប់ស្ថានភាពជាប្រទេស LDC និងប្រឈមលក្ខខណ្ឌមួយចំនួនលំបាកជាងមុន
ការដំឡើងខ្សែចង្វាក់នៃការផលិតមានដំណាក់កាលរបស់វា។ ផលិតផលខ្លះ យើងអាចធ្វើគ្រឿងបង្គុំ ១០០ភាគរយនៅក្នុងប្រទេស។ ចាប់ផ្តើម(ភ្លាមអាច)ធ្វើបាន(តែម្តង) ដូចជា យើងជំរុញពង្រីកទីផ្សារនិងជួយរឿងទឹកដោះគោ។ ឥឡូវ ខ្ញុំឱ្យសាកល្បង ៥ផលិតផល … ម្សិលមិញ ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី ខ្ញុំបានណែនាំគណៈកម្មាធិការគោលនយោបាយ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុឱ្យពិនិត្យមើល។ ឥឡូវ ជារចនាសម្ព័ន្ធ យើងនាំចេញច្រើន។ យើងពឹងផ្អែកលើការនាំចេញ។ ក្នុងប៉ុន្មានឆ្នាំនេះ លោកជំទាវ ចម និម្មល ក្រសួងពាណិជ្ជកម្ម ក៏បានធ្វើការយ៉ាងល្អ(ក្នុងការ)ពង្រីកទីផ្សារបានច្រើន។ ក្រសួងកសិកម្មក៏បានចរចានាំចេញជាមួយច្រើនប្រទេស មិនត្រឹមតែនាំចេញគ្រឿងកសិកម្មសន្តិសុខស្បៀងទេ ប៉ុន្តែបាននាំចេញទាំងផលិតផលគ្រឿងបង្គុំអេឡិចត្រូនិក កង់ឡាន នាំកង់(ទោចក្រយានយន្ត)ជាច្រើន(ទៅក្រៅប្រទេស)។ យើងបន្តធ្វើតទៅទៀត។ នៅឆ្នាំ២០២៩ យើងនឹងបញ្ចប់(ស្ថានភាពជា)ប្រទេសក្រីក្រ ឬ LDC។ យើងត្រូវប្រឈមជាមួយលក្ខខណ្ឌមួយចំនួនដែលលំបាកជាងមុន។ ប៉ុន្តែខ្ញុំជឿសមត្ថភាពរបស់យើង។ បើស្រណុកពេកអត់រីកទេ។ ជឿខ្ញុំចុះ។ មិនខុសពីការហាត់ទាហានទេ។ បើស្រណុកពេក អត់រីក(ចំរើន)ទេ។ ប៉ុន្តែ បើយើងដឹងថាត្រៀមឡើងសង្វៀន ហើយគូប្រកួតកាន់តែខ្លាំង យើងត្រូវតែពង្រឹងខ្លួនយើង។ ដោយសារយើងពង្រឹងខ្លួនយើងនេះហើយ ទើបយើងទុកចិត្តខ្លួនយើង។ ដោយសារយើងរឹងមាំហ្នឹងហើយ បាន Fan ដែលជាអតិថិជនគាំទ្រផលិតផលយើងយូរអង្វែង។ ដោយហេតុនេះ សូមដាក់ទិសដៅហ្នឹងទៅ។
(៥) ដំណាក់កាល CKD ទទួលយកការផ្ទេរបច្ចេកវិទ្យា, ដំណាក់កាល IKD បង្កើតនិងបង្កើនផលិតផលក្នុងស្រុកដោយខ្លួនឯង
ខ្ញុំ(បានសម្គាល់)ឃើញ(ថា ក្នុង)ដំណាក់កាលបែបនេះ កន្លែងខ្លះយើងអាចផលិតខ្លួនឯងបានភ្លាម កន្លែងខ្លះយើងនាំគ្រឿងបង្គុំពីក្រៅ។ ល្ងាចមិញ ខ្ញុំទើបស៊ីញ៉េឯកភាពករណីក្រុមហ៊ុន HONDA។ ដំបូងឡើយ គាត់ធ្វើ CKD (Completely Knocked Down ឬដែលពាក់ព័ន្ធនឹងគ្រឿងបន្លាស់ធ្វើរួចជាស្រេច ឬត្រៀមរួចរាល់សម្រាប់ការដំឡើង មិនចាំបាច់មានការកិនពុម្ព/ផ្សារដែកកម្រិតធ្ងន់ និងមានតម្រូវការប្រើប្រាស់គ្រឿងបន្លាស់ក្នុងស្រុកទាប)។ នេះខ្ញុំនិយាយអំពីក្រុមហ៊ុន HONDA។ រាងធំបន្តិច។ ប៉ុន្តែ វាក៏ស្រដៀងគ្នាជាមួយ MSMEs ដែរ។ ចូលដំបូង គាត់យកគ្រឿងបង្គុំ ១០០ភាគរយមកផ្គុំទេ … សំខាន់បំផុត ទោះបី ១០០ភាគរយក៏ដោយ ស្អីដែល(បាននាំ)មកគឺបច្ចេកវិទ្យា ដែល Transfer មកស្រុកយើង។ យើងចាប់(លទ្ធភាព)ហ្នឹងមុន។ យកបច្ចេកវិទ្យានៃការផលិត មិនថាផលិតម៉ូតូ ផ្គុំម៉ូតូ ឬមួយផលិតត្រីខ យកម៉ាស៊ីនយកគ្រឿងបច្ចេកទេស អ្នកជំនាញមកបង្រៀនយើងទៅ។ ជំហានទីពីរគឺ IKD (Initial / Incomplete Knocked Down ឬ ការផលិតក្នុងស្រុក ការកែច្នៃ ឬការបញ្ចូលគ្រឿងបន្លាស់ក្នុងស្រុកបន្ថែម)។ បានន័យថា ដំបូងយើងយកមក ១០០មុខ តែបន្ទាប់មក យើងកាត់បន្ថយនៅសល់តែ ៨០ ដែលយើងយកពីក្រៅ និងយើងខិតខំបង្កើតខ្លួនឯងរបស់ក្នុងស្រុក ២០។ អញ្ចឹង HONDA គាត់មិនត្រឹមតែ(ធ្វើ)ផលិត(កម្មបែប) IKD ទេ តែថែមទាំងជាកន្លែងផលិតខ្ចៅខ្យង ផលិតគ្រឿងបង្គុំមួយចំនួននាំចេញទៅក្រៅ … ជំហានទីមួយ (គាត់)យកមក និងបានបង្កើនសមត្ថភាពយើង។ យើងច្នៃបន្ថែម។ ហ្នឹងដែលថាជាការបន្ត។ ឥឡូវ គាត់សុំបន្ថែមនេះគឺបំពាក់ AI ឬមួយអីបន្ថែមទៀត កាត់បន្ថយការនាំ(ចូល)។
(៦) មិននៅស្ងៀម ត្រូវកែច្នៃរបស់ដែលពីមុនថាធ្វើមិនបាន ដោយត្រូវតែធ្វើបាន
ពិតណាស់ គ្រឿងបង្គុំខ្លះមិនអាចផលិតនៅស្រុកយើងទេ។ ឧទាហរណ៍ ការផលិតភេសជ្ជៈមួយ ដូចជាស្រូវសាលីត្រូវតែយកមកពីក្រៅ។ ស្រុកយើងដាំមិនបានទេ។ កន្លែងខ្លះ តាមប្រភេទ(ភេសជ្ជៈ)មួយចំនួន គេធ្វើស្រូវសាលីលាយជាមួយអង្ករក្នុងស្រុក។ ក្រៅពីស្រូវសាលីហ្នឹង វាមានធាតុផ្សំមួយចំនួនទៀត។ ឧទាហរណ៍ ទឹកត្រីអាចធ្វើនៅក្នុងស្រុកបាន អយស្ទ័រក្នុងស្រុកបាន។ (ការផលិត)ត្រីខ(កំប៉ុង)ត្រូវការត្រីមួយប្រភេទ(គឺសាឌីន) មិនអាច(យកត្រីផ្សេងមកផលិតបានទេ)។ ត្រីសាឌីនហ្នឹងមិនមាននៅស្រុកខ្មែរ។ ប៉ុន្តែ ខ្ញុំប្រាប់ថាអញ្ចេះ ពេលដែលយើងចេះផលិតត្រីខពីសាឌីន ថ្ងៃក្រោយ មានបច្ចេកវិទ្យាហើយ យើងច្នៃត្រីក្នុងស្រុក។ សាកត្រីខ(ផលិតពី)ពីត្រីឆ្លូញសាកមើល។ យើងមិនអាចនៅស្ងៀមទេ។ យើងត្រូវតែច្នៃរបស់ដែលថាពីមុនធ្វើមិនបាន។ ត្រូវធ្វើបាន ត្រូវគិតបំបែក។ ឥឡូវយើងមានជំនាញធ្វើត្រីខហើយ យើងចេះ Cook ហើយ យើងច្នៃសាច់បានហើយ។ អញ្ចឹងត្រីដូចតែគ្នា … (ជាឧទាហរណ៍ទេ) មិនមែន(ឲ្យប្រើ)ត្រីឆ្លូញនៅកម្ពុជា(ទេ)។ (ប៉ុន្តែ)ជួនកាលត្រីប្រភេទខ្លះដែលយើងចិញ្ចឹមនៅទឹកប្រៃនៅកំពង់សោមបាន។ នេះគឺជាការច្នៃប្រឌិត។ វាត្រូវតែអញ្ចឹង។ មិនអាចថា ដំបូងត្រូវតែធ្វើនៅក្នុង(ស្រុក) និងអ្នកនាំបច្ចេកវិទ្យាពីក្រៅទេ។
(៧) ចង់ឱ្យ១០ឆ្នាំក្រោយ ចូលផ្សារទំនើប ៨០%នៃទំនិញជាផលិតផលខ្មែរនិង ២០%ជាផលិតផលនាំចូល
ទី១ វិវត្តហើយ។ បានន័យថា យើងធ្លាប់តែទិញរបស់ស្រាប់ពីគេ ផលិតគ្រឿងបង្គុំផ្គុំនៅគេ យើងទិញផលិតផលសម្រេច។ ជំហានទីមួយ យើងយកមកធ្វើនៅយើង។ ទោះបីជាយកគ្រឿងបង្គុំ ១០០% មកដាក់នៅក្នុងស្រុកយើងក៏ដោយ។ ក៏វាបានន័យថា Made in Cambodia រួចទៅហើយ។ ទីពីរ យើងចាប់ផ្តើមយកបច្ចេកវិទ្យាមក។ ប្រជាជនយើង រហូតដល់វិស្វករយើង រៀនចេះ។ ខាងវិស្វករចំណីអាហារមានឱកាសរៀនសូត្រផលិតខ្លួនឯង។ ហ្នឹងដែលយើងចង់បាន។ បែបនេះ រដ្ឋាភិបាលជួយគ្រប់ជំហាន ព្រោះគោលដៅរបស់យើងគឺទី១ នាំចេញច្រើន ប៉ុន្តែទី២ យើងក៏នាំចូលច្រើន។ ជាពិសេសគ្រឿងហូប គ្រឿងប្រើប្រាស់មួយចំនួន ដែលយើងមានសមត្ថភាពអាចធ្វើបាន។ ដោយហេតុនេះ យើងប៉ះជាមួយថៃបន្តិច។ យើងកំពុងពឹង(ផលិតផលនាំចូល)ច្រើនពីក្រៅ(ប្រទេស)។ មិនមាននាំចូលតែពីថៃទេ។ (នាំចូលពី)ប្រទេសផ្សេងៗក៏មាន។ យើងចង់(អោយបាន)អញ្ចេះ គឺពេលចូលទៅផ្សារទំនើប ដែលឥឡូវមាន ២០% ជាផលិតផលខ្មែរ និង៨០% ជាផលិតផលពីក្រៅប្រទេស ក្នុង ១០ឆ្នាំក្រោយ អោយ ៨០%ជាផលិតផលខ្មែរនិង ២០% ជាផលិតផលនាំចូល(វិញ)។
(៨) ចង់ឱ្យមានផលិតផលសម្រេចនាំចេញទៅផ្គត់ផ្គង់ ត្បិតសហគមន៍ខ្មែរក្រៅប្រទេសក៏ជាច្រកសំខាន់
ពីមុន នៅក្រៅប្រទេស ១០០% មិនមានផលិតផលពីខ្មែរសោះ។ ឥឡូវចាប់ផ្តើមជ្រៀតបន្តិចម្ដងៗ។ ប្រជាជនខ្មែរនៅក្រៅប្រទេស អ៊ំពូមីងដែលបើកហាងនៅកាណាដានៅអាមេរិកចង់បានផលិតផលខ្មែរយកទៅដាក់លក់។ ឥឡូវ យើងមានអង្ករមានអី។ យើងចង់ថាថ្ងៃក្រោយ មិនត្រឹមតែមានអង្ករ មានវត្ថុធាតុដើមទេ តែក៏មានទាំងផលិតផលសម្រេចដូចជាទឹកត្រី ត្រីខ មី ឬមួយផលិតផលជានំផ្សេងៗ នាំចេញទៅផ្គត់ផ្គង់។ សហគមន៍ខ្មែរនៅក្រៅប្រទេសក៏ជាច្រកសំខាន់ដែរ។ អញ្ចឹងហើយ រាជរដ្ឋាភិបាលបានបង្កើតតំណាងសភាពាណិជ្ជកម្មនៅក្រៅប្រទេស។ រឿងនេះវាចាប់ផ្តើមពីឆ្នាំ២០១៦ នៅកាណាដា។ កាលនោះ ជាយុវជន ខ្ញុំបានទៅអូស្ត្រាលី អាមេរិក និងកាណាដា។ ខ្ញុំ(បានសង្កេត)ឃើញចំណុចមួយគឺប្រជាពលរដ្ឋខ្មែរនៅបារាំងដែលភៀសសឹកចេញ(ពីប្រទេសទៅកាល)ពីទសវត្សរ៍ទី៧០និង៨០ ដោយដៃទទេ តែទៅដល់នោះ គាត់តស៊ូជោគជ័យ បើកហាងច្រើន។ ទីផ្សារកន្លែងខ្លះ ដូចនៅប៉ារីសអី ដូចជា Paris Store ហ្នឹងខ្មែរដែរ … បើនៅកាណាដាមានអ៊ំម្នាក់ កាលដែលទៅមានលុយតែ ២ដុល្លារទេ។ គាត់ទៅលីអង្ករឱ្យគេ រហូតដល់ក្លាយជាថៅកែហាងធំ។ ខ្ញុំអត់ចាំឈ្មោះគាត់។ (អ្នកទាំងនោះ)សុទ្ធតែចង់មានការតភ្ជាប់ ដោយចង់យករបស់របរ(ជាផលិតផល)ខ្មែរទៅលក់។
(៩) បង្កើតសភាពាណិជ្ជកម្មដើម្បីនាំនិងតភ្ជាប់ ខណៈរដ្ឋាភិបាលបានតែស៊ីញ៉េ ឯវិស័យឯកជនជាអ្នកប្រតិបត្តិ
ពេលខ្លះ មានជាប់បញ្ហាមួយចំនួនពាក់ព័ន្ធក្នុងការនាំចូល។ ពេលនោះ តំណាងសភា/ក្រសួងពាណិជ្ជកម្មយើងមានតែនៅ Washington, D.C. ទេ។ អាមេរិក និងកាណាដាធំណាស់ មិនអាចយកម្នាក់ទៅជួយបាន។ អញ្ចឹងមកវិញខ្ញុំជជែកជាមួយក្រសួងពាណិជ្ជកម្ម ជាមួយសភាពាណិជ្ជកម្មថា យើងត្រូវបង្កើតតំណាងសភាពាណិជ្ជកម្មនៅទីនោះ ហើយកុំបញ្ជូនពីខ្មែរទៅគឺរើសសហគមន៍ខ្មែរអ្នករកស៊ីនៅក្បែរហ្នឹង ឱ្យឈរជាតំណាង ព្រោះគាត់មានឆន្ទៈ យើងគ្រាន់តែបំពាក់(សិទ្ធឱ្យ)គាត់ជាតំណាង។ អញ្ចឹង បើនាំទៅពីស្រុកខ្មែរ ពិបាកលក្ខខណ្ឌស្រុកខ្មែរ យើងនឹងសម្របសម្រួលនៅទីនេះ។ បើចូលទៅកាណាដា ពិបាកជាមួយកាណាដា គាត់ជាខ្មែរកាណាដាស្រាប់ ធ្វើការជាមួយក្រសួងពាណិជ្ជកម្មកាណាដា ឬអាមេរិក ឬបារាំង ដើម្បីសម្រួលបែបនេះ។ ឥឡូវឃើញថា បង្កើតបានច្រើនកន្លែងនៅកាណាដា ដូចជា ២-៣ កន្លែងហើយ។ (យើងមាន)នៅអូស្ត្រាលី នៅបារាំង នៅអាមេរិក និងត្រៀមបង្កើតបន្ថែមទៀត។ អញ្ចឹង (ការបង្កើតសភាពាណិជ្ជកម្មទាំងនេះតើ)ក្នុងគោលដៅអី? គឺដើម្បីនាំ/តភ្ជាប់។ រដ្ឋាភិបាល គឺខ្ញុំជាមួយថ្នាក់ដឹកនាំប្រទេសផ្សេងៗ បានត្រឹមតែស៊ីញ៉េ ឬក្រសួងពាណិជ្ជកម្មជាមួយក្រសួងពាណិជ្ជកម្ម បានត្រឹមតែស៊ីញ៉េបើកច្រកទេ ប៉ុន្តែអ្នកប្រតិបត្តិគឺវិស័យឯកជន។
(១០) មិនអាចសូម្បីចានស្លាបព្រាជ័រក៏នាំចូលដែរនោះទេ … សិប្បកម្មក្នុងស្រុកមានសមត្ថភាពធ្វើបាន
យើងត្រូវគិតថា បើត្រឹមតែមានអ្វីដែលហៅថាគោលនយោបាយនៅលើមេឃ មិនជាប់ដី មិនជោគជ័យទេ។ ជឿចុះ។ សំខាន់គឺអ្នកប្រតិបត្តិដោយផ្ទាល់ គឺវិស័យឯកជននៅលើដីតែម្តង។ អញ្ចឹងហើយ ការតភ្ជាប់ប្រតិបត្តិការនេះ ត្រូវលើកទឹកចិត្ត និងជួយធ្វើយ៉ាងណាឱ្យអ្នកប្រតិបត្តិបានទទួលជោគជ័យ ហើយដោះស្រាយចំគោលដៅ។ ការលើកទឹកចិត្តដែលយើងដាក់ចេញនេះគឺដើម្បីបង្កើតឱកាសនិងជួយបន្ថែម។ យើងរៀបចំគោលនយោបាយ ដាក់ចេញវិធានការសម្របសម្រួលការចុះបញ្ជីផ្សេងៗ។ ទៅមុខទៀតនឹងមានការកែសម្រួលកាន់តែច្រើន។ រៀបចំគោលនយោបាយមួយ List មកដើម្បីគិតគូរទាំងពីរឿងហិរញ្ញវត្ថុរឿងអីមួយចំនួន។ ពិតណាស់ វាមិនបានទាំងអស់ ប៉ុន្តែយើងរកគន្លឹះជួយ។ ប្រជុំ(គណៈរដ្ឋមន្ត្រី)ម្សិលមិញ ខ្ញុំ(បានលើកឡើង)ថា យើងមិនអាចគ្រាន់តែចានស្លាបព្រាជ័រក៏នាំចូលដែរទេ។ សិប្បកម្មក្នុងស្រុករបស់យើងមានសមត្ថភាពធ្វើ។ រើសមួយឬពីរ ហើយជួយផ្គត់ផ្គង់។ តួយ៉ាង ទឹកដោះគោ។ ពេលយើងបិទព្រំដែន (ទើបយើង)ដឹងថាទីផ្សារយើងធំ។ ប៉ុន្តែ យើងផលិតខ្លួនឯងបានតែ២០%។ ដោយហេតុនេះ យើងបានជួយជំរុញការផលិត(ទឹកដោះគោ)ទៅ។ ទីផ្សារមានស្រាប់ លុយមានស្រាប់ហើយ រាល់ឆ្នាំទិញតែពីក្រៅ។ ចាក់លុយហ្នឹង(ចូលមកផលិតកម្ម)ក្នុងស្រុក តាមរយៈការជួយពង្រីកសមត្ថភាពអ្នកផលិតក្នុងស្រុក និងភ្ជាប់ជាមួយទីផ្សារ។ នេះគឺ(អ្វីដែល)រដ្ឋាភិបាលជួយបាន។
(១១) វិស័យឯកជនគប្បីគិតអំពីគុណភាព តម្លៃ និងដាក់ទិសដៅឆ្ងាយ
អ្វីដែលសំខាន់គឺ ខ្ញុំសុំឱ្យវិស័យឯកជន(គិតពី)គុណភាពនិងតម្លៃ ហើយដាក់ទិសដៅឆ្ងាយ។ អម្បាញ់មិញខ្ញុំប្រាប់ប្អូនម្នាក់ដែលផលិតកង់ឡាន។ គាត់ថា ឥឡូវការផលិតកង់ឡាន ប្រើកៅស៊ូរបស់យើង១០០% ហើយថាជោគជ័យដោយសារមានរឿងព្រំដែនមួយចំនួន។ (តែ)ខ្ញុំបានប្រាប់ថា “ទាន់ទ្វារបិទ កុំដេក។ ប្រយ័ត្នពេលបើកទ្វារវិញ គេទៅអស់”។ បើទ្វារបិទគឺត្រូវតែខំប្រឹងយកចិត្តស្គាល់ចិត្តភ្ញៀវឱ្យហើយទៅ ដើម្បីពេលទ្វារបើកវិញ គេអត់ទៅណាចោលយើង។ នេះគឺជារឿង Business។ ភ្ជាប់ទំនាក់ទំនង ភ្ជាប់គុណភាព ឱ្យអតិថិជនយើង ដែលធ្លាប់តែយករបស់ពីក្រៅ និងឥឡូវបែរមកថា “ក្នុងស្រុកមាន(ផលិតផលហ្នឹងទេ)តើ ហើយមានការធានា ថែមទាំងស្គាល់អ្នកផលិត និងទុកចិត្តគាត់ទៀតផង លែងទៅណាហើយ”។ ជួនកាល ពេលខ្លះណា បើសិនជាយើងធ្វើបានអញ្ចឹង (ក៏វា)មិនមែនតែរឿងតម្លៃសុទ្ធទេ។ ជួនកាលរបស់រាងថ្លៃបន្តិចក៏ដោយ ប៉ុន្តែបើសិនជាសេវាល្អ ស្គាល់ម្ចាស់នៅកន្លែងហ្នឹងថាធ្វើបាន គាត់មានទំនុកចិត្ត សុខចិត្តទិញរបស់ក្នុងស្រុកដែលមិនចាំបាច់ទៅរករបស់ក្រៅដែលនាំតែឈឺក្បាល។ ទិញថោកជាងមែន ប៉ុន្តែជួនកាលដាច់ស្តុកជួនកាលអី។ របស់ក្នុងស្រុក ថ្ងៃណាក៏យកបាន កុម្ម៉ង់ផលិតបានតាមចង់បានទៀត។ គាត់ប្រាកដជានៅជាមួយហើយ។
(១២) “សូមវិស័យឯកជនទុកចិត្តកម្ពុជា … យើងរួមគ្នាធ្វើ … យើងធ្វើបាន”
អំពីការពង្រឹងផ្ទៃក្នុងនេះ ខ្ញុំសូមអរគុណដល់វិស័យឯកជន និង SMEs របស់យើង។ ចូលមក អម្បាញ់មិញ បានឃើញតាង៉ែន(មៀនប៉ៃលិន) ដំឡូងមី និងផលិតផលច្រើនណាស់ ដែលគេគិតថាការបិទច្រកព្រំដែន(នឹងធ្វើឱ្យ)សេដ្ឋកិច្ចព្រំដែនយើងត្រូវរលំ។ ជាការពិត ប៉ោយប៉ែតពឹងលើសេវាកម្ម។ សេវាកម្មប៉ះពាល់រឿងបិទច្រក ប៉ុន្តែរឿងផលិតកម្ម រឿងកសិកម្ម យើងអត់ស្លាប់ទេ។ យើងបានបង្វែរ(ភោគផលពី)ព្រំដែនខាងលិចទៅចិនយ៉ាងទាន់ពេលវេលា ទាំងដំឡូងមី ទាំងតាង៉ែន។ អម្បាញ់មិញ ពូឧកញ៉ាថា ទុកចិត្តខ្ញុំ។ ខ្ញុំថា “ពូមិនបាច់ទុកចិត្តខ្ញុំទេ។ សូមពូទុកចិត្តកម្ពុជា”។ យើងទុកចិត្តកម្ពុជា។ វិស័យឯកជនទុកចិត្តកម្ពុជា។ យើងរួមគ្នាធ្វើ។ យើងធ្វើបាន។ យើងបង្វិលតាង៉ែននៅទីនោះទៅទីផ្សារចិន។ យើងចរចាជាមួយឡាវ (ដើម្បីនាំ)ចេញតាម(ផ្លូវ)គោកទៀត។ ដឹកតាម(ផ្លូវទឹកតាមច្រកកំពង់ផែ)កំពង់សោមក៏បាន។ នៅពេលខាងមុខ កោះកុងក៏កំពុងតែ(រៀបចំធ្វើ)ផែសមុទ្រទឹកជ្រៅ។ យើងតភ្ជាប់បានច្រើនបូកជាមួយខាងលិច យើងកាត់តាមឡាវដោយឡាវអនុគ្រោះឱ្យនាំទៅដល់ចិន។ អញ្ចឹង យើងមានជម្រើសច្រើន។ ទោះគេបិទព្រំដែនយ៉ាងម៉េចក៏ដោយ ក៏យើងមិនស្លាប់ទេ។
(១៣) ការបិទព្រំដែនជាឱកាសមាស ត្បិតការលំបាកធ្វើឱ្យពិនិត្យមើល និងពង្រឹងខ្លួនឯងដើម្បីខ្លួនឯងរឹងមាំ
យើងមិនមានតម្រូវការឱ្យបើកស្អីទេ។ នរណាថាបិទ(ព្រំដែនដើម្បី)ឱ្យយើងស្លាប់? កម្ពុជាអត់ស្លាប់ទេ។ ផ្ទុយទៅវិញ ការបិទ(ព្រំដែនជា)ឱកាស។ ការបង្កើតការលំបាក ធ្វើឱ្យយើង(ពិនិត្យ)មើលខ្លួនឯង ពង្រឹងខ្លួនឯង ដើម្បីរឹងមាំខ្លួនឯង។ គឺជាឱកាសមាស។ ពេលខ្លះ (កាលបើ)ស្រណុក យើងអត់បានគិត។ ទាល់តែលំបាកបានប្រឹង។ របង ២ម៉ែត្រ តាមធម្មតាគ្រាន់តែឃើញ ដួលបាត់ហើយ(មិនបាច់ដល់ថា)លោតទេ។ តែបើឆ្កែដេញវិញ លោត(ទាល់តែ)រួច។ បើយើងមិនប្រឹង យើងត្រូវស្លាប់ យើងត្រូវឆ្កែខាំ។ យើងត្រូវរបួស។ អញ្ចឹង (បើ)បដិសេធ នឹងនៅតែស្លាប់ យើងត្រូវរួមគ្នាច្នៃប្រឌិត។ ក្នុងពេល ២ឆ្នាំនេះ ខ្ញុំសូមអរគុណដែលយើងបានដំណើរការចុះបញ្ជីកើនឡើង សំរាប់ការផលិតនូវផលិតផលក្នុងស្រុក។ ក៏សូមអរគុណដល់ប្រជាពលរដ្ឋកម្ពុជាដែលគាំទ្រដល់ផលិតផលក្នុងស្រុក។ ការធ្វើពហិការប្រឆាំងទំនិញប្រទេសមួយ ខុសគ្នាជាមួយនឹងការគាំទ្រផលិតផលក្នុងស្រុក។ សូមកុំយកការពហិការដើម្បីជាការមករកការឧបត្ថម្ភក្នុងស្រុក។ ហ្នឹងដូចរឿងស្នេហាក្នុងកុនអញ្ចឹង។ កុំមកស្រឡាញ់ខ្ញុំដោយសារចង់បញ្ឈឺសង្សារចាស់។ បើមកស្រឡាញ់ខ្ញុំដោយសារស្រឡាញ់ខ្ញុំ ទោះបីសង្សារចាស់បកមកវិញ ក៏មិនបែកពីខ្ញុំដែរ … បានន័យថា សូមប្រជាពលរដ្ឋយើងគាំទ្រផលិតផលខ្មែរ ដោយសារយើងចង់រួមគ្នាពង្រឹងខ្មែរ មិនមែនដោយសារយើងចង់ពហិការប្រទេសណាទេ។ យើងត្រូវរួមគ្នាដើម្បីស្រឡាញ់និងគាំទ្រផលិតផលជាតិខ្មែរ។
(១៤) រដ្ឋាភិបាលបង្កើត/សំរួលលក្ខខណ្ឌ វិស័យឯកជនពង្រឹងសមត្ថភាព អតិថិជនគាំទ្រដោយចីរភាព
ទោះបីជាព្រំដែនបិទ ឬមួយយ៉ាងណាត្រូវដាក់ទិសដៅខិតខំរួមគ្នា(ធ្វើការងារ)៣ គឺ (១) រាជរដ្ឋាភិបាលខិតខំបង្កើតលក្ខខណ្ឌ សម្រួលលក្ខខណ្ឌ និងផ្តល់ការយកទុកចិត្ត, (២) វិស័យឯកជនខិតខំពង្រឹងសមត្ថភាពដើម្បីដាក់ទិសដៅ ម្ចាស់ការខ្លួនឯង បូកជាមួយនឹង(៣)ប្រជាពលរដ្ឋដែលជាអតិថិជន ដែលមកស្រឡាញ់និងគាំទ្រដោយចីរភាព គឺស្រឡាញ់និងគាំទ្រដើម្បីឈានទៅដល់ម្ចាស់ការលើផលិតផល។ យើងចង់ឃើញថានៅក្នុងទីផ្សារមួយ ដែលថ្ងៃនេះ ផលិតផល ២០% ជារបស់យើង ទៅ ៨០%របស់យើងនៅថ្ងៃក្រោយ។ ពេលដែលយើងចេញទៅក្រៅ(ប្រទេស) យើងឃើញមានផលិតផលយើងកាន់តែច្រើន។ នេះគឺជាកិច្ចការល្អ។ ម្សិលម្ង៉ៃ នៅក្រៅប្រទេស កូនខ្ញុំទៅទិញខោអាវរងា។ បើកមើលទៅឃើញវាយផ្លាក Made in Cambodia។ នេះជាមោទនភាពរបស់យើង។ ការផ្គត់ផ្គង់សម្ភារៈជារឿងមួយ។ អ្វីដែលសំខាន់គឺការម្ចាស់ការរបស់យើងតាំងពីតូចទៅធំ។ មិនបាច់និយាយអីច្រើនទេ មិនបាច់និយាយដល់ការផលិតយន្តហោះ ផលិតរថយន្តប្រកួតជាមួយគេផ្គត់ផ្គង់ទីផ្សារទេ … យើងនិយាយតែផលិតផលធម្មតា ដូចជាគ្រឿងហូបចំណីអាហារ គ្រឿងសម្ភារៈសង្ហារិមក្នុងផ្ទះ ក្នុង Office ចានឆ្នាំង មិនបាច់ដល់ចានអេឡិចត្រូនិក ចានឆ្នាំង ក្រដាស កែវជ័រ ស្លាបព្រា បូកមិនតិចជាង ១ពាន់លានទេ/ឆ្នាំ។ ប្រជាជន ១៧លាននាក់ទៀតហើយ ខ្ញុំជឿថាបូកការចំណាយមិនតិចជាង ១ពាន់លានទេ។ បើគិតទំហំនាំចូលដែលភាគច្រើនជាគ្រឿងហូប ពិតណាស់តម្លៃវាតិចជាងគ្រឿងបង្គំរថយន្តមែន បើគិតជាលុយ ប៉ុន្តែក៏មិនតិចជាង ១ពាន់លានដែរ។
(១៥) សិក្សារៀបចំ Ecosystem ដើម្បីរដ្ឋដឹងថាត្រូវធ្វើអន្តរាគមន៍ចំពោះផលិតផលណាខ្លះ
ខ្ញុំអត់មានទិន្នន័យសរុប។ (ចម)និម្មលមកទេ? ក្រសួងពាណិជ្ជកម្មមក? ខាងគយបានដឹង។ ខ្ញុំធានាថា មិនតិចជាង ១ពាន់លានទេ គ្រាន់តែគ្រឿងហូបគ្រឿងស្អីហ្នឹង។ ឥឡូវយកតែ៥០% ក៏ស្មើនឹង ៥០០លានចាក់ចូល អាចចិញ្ចឹមបានវិស័យឯកជនមួយចំនួនរួចទៅហើយ។ ក្នុងន័យនេះ ល្ងាចម្សិលមិញ ខ្ញុំបានឱ្យគោលដៅទៅឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ជាប្រធានគណៈកម្មាធិការគោលនយោបាយ(សេដ្ឋកិច្ចនិងហិរញ្ញវត្ថុ) ពិភាក្សាជាមួយ(ស្ថាប័នពាក់ព័ន្ធ) រៀបចំ Ecosystem គឺសិក្សាមើលតើត្រូវអន្តរាគមន៍ Ecosystem ចំពោះផលិតផលណាខ្លះ? ឧ. ទឹកដោះគោមួយ។ យើងអាចជួយ មិនត្រឹមតែក្រុមហ៊ុនផលិតទឹកដោះគោ ក្រុមហ៊ុនផលិតសំបកដប យើងឱ្យគាត់ដាំស្មៅ Free ទៅចុះ ក្រុមហ៊ុនដឹកជញ្ជូននានាទាក់ទង(នឹងទឹកដោះគោ)ហ្នឹង … ដែលគិតជា Ecosystem ហើយយើងធ្វើអន្តរាគមន៍។ កុំអន្តរាគមន៍តែមួយ។ អន្តរាគមន៍មួយកញ្ចប់ក្នុងវិស័យហ្នឹង ដើម្បីរុញឱ្យទៅទាំងអស់តែម្តង។ ឧ. ផលិតមី។ យកគ្រឿង(ពី)ក្នុង(ស្រុក)របស់យើងមានអីខ្លះ? ដូចជា ដាំដំឡូងមី និងស្អីខ្លះដែលពាក់ព័ន្ធ។ កញ្ចប់មីធ្វើពីប្លាស្ទិកស្អីៗ គិតជាកញ្ចប់តែម្តង។ យើងមិនបាច់យក ១ម៉ឺនមុខទេ។ យើងធ្វើដោយចាប់ផ្តើមពី ៥ឬ៦ មុខជា Ecosystem។ បើត្រូវការរុញបង្កើតតំបន់សេដ្ឋកិច្ច គេហៅថា តំបន់ឧស្សាហកម្មសម្រាប់គ្រឿងផលិត ឧ. ថាឧស្សាហកម្មមួយកន្លែងសម្រាប់ផលិតតែចានឆ្នាំងជ័រក្នុងស្រុក ដាក់មួយដុំកន្លែងហ្នឹង អន្តរាគមន៍ជួយហិរញ្ញវត្ថុ កន្លែងហ្នឹងជា Ecosystem តែម្តង។
(១៦) តើគួរបម្រុងទុកសិប្បកម្មផ្គត់ផ្គង់សម្ភារៈក្នុងស្រុកមួយចំនួនសំរាប់តែសហគ្រិនខ្មែរឬទេ?
ខ្ញុំបានឱ្យគិតទៅលើចំណុចហ្នឹង។ គោលដៅយើងមិនមែនរឿងផលិតផលមួយៗ ទេ។ គោលដៅរបស់យើងគឺដាក់ទិសដៅរួម គឺ(ផលិត)ជំនួសការនាំចូល (ដើម្បីឱ្យការនាំចូល)កាន់តែតិចជាអតិបរមា។ ការជំនួសនេះ (ក៏ត្រូវតែ)ឱ្យកាន់តែច្រើនជាមួយផលិតផលក្នុងស្រុកជាកញ្ចប់។ នេះគឺជាគោលដៅយើងសម្រាប់ ១០ ឬ១៥ ឬ២០ឆ្នាំ ហើយផលិតផលទាំងអស់នេះមិនបាច់ចាំទៅរករោងចក្រធំទេ។ ខ្ញុំនិយាយត្រង់ហ្មងទៅ ម្សិលមិញខ្ញុំថាគួរពិចារណាមើល។ ត្រូវហើយ(ដែលលើកអំពី) WTO ស្អីៗ ហ្នឹង ប៉ុន្តែច្បាប់យើងក៏មានការពារដែរ។ ឧ. ការលក់ដូរតូចតាច ដូចជាចាប់ហួយអី។ យើងមិនឱ្យបរទេសលក់ទេ។ ប៉ុន្តែ សូមឱ្យគិតមើលថា តើសិប្បកម្មដែលផ្គត់ផ្គង់សម្ភារៈក្នុងស្រុកមួយចំនួនគួរតែ Reserve ទេ សម្រាប់តែខ្មែរដូចជាកុំឱ្យមាន(អ្នកក្រៅស្រុក)ផលិតចានឆ្នាំងអី (បើមិនដូច្នោះទេ)ថ្ងៃក្រោយទៅ SMEហ្នឹង ថៅកែក៏បរទេស ក្រុមហ៊ុនក៏បរទេសដែរ។ ហ្នឹងសូមឱ្យគិតមើល។ យើងមិនប៉ះពាល់ដល់ការប្រកួតប្រជែងទេ។ មិនបិទគ្រប់ទាំងអស់ទេ។ ប៉ុន្តែយើងមើលមួយចំនួន។ ខ្ញុំចង់ថា សូម្បីតែចានជ័រមួយ ក្រុមហ៊ុននៅខ្មែរមែន ប៉ុន្តែថៅកែធ្វើ FDI (foreign direct investment) មកពីក្រៅ។ ហៅគេមកវិនិយោគធំៗ ដែលមានបច្ចេកវិទ្យានាំមកជាមួយ។ ស្អីដែល MSMEs ធ្វើបាន ពិនិត្យមើល តើវិស័យណាខ្លះ មុខព្រួញណាខ្លះដែលគាត់មានសក្តានុពល យើងបង្ការទុកឱ្យតែសហគ្រិនខ្មែរយើង។
(១៧) មិនហាមមិនឱ្យនាំផលិតផលពីក្រៅចូលទេ តែចង់ទុកសមត្ថភាពនិងឱកាសឱ្យសហគ្រិនកម្ពុជា
អញ្ចឹង CDC មិនបាច់ឱ្យ QIP ទេ។ ឱ្យសិក្សាជាមួយច្បាប់ WTO ស្អីៗ ហ្នឹងទៅ។ ពេលខ្លះ យើងត្រូវការពារ។ គ្រប់ប្រទេសទាំងអស់មានឧស្សាហកម្មមួយចំនួនត្រូវការពារសម្រាប់ក្នុងស្រុក។ មិនអាចគ្រាន់តែលក់ចាប់ហួយតាមផ្លូវក៏សុទ្ធតែបរទេសមកលក់ដែរទេ។ នោះចប់បាត់ហើយ។ តែយើងមិនចង់ត្រឹមតែការពារចាប់ហួយទេ យើងចង់ការពារ MSMEs មួយចំនួននៅក្នុងស្រុក។ ជាផលិតផលយុទ្ធសាស្ត្រមួយចំនួន។ ឧ. ចានឆ្នាំង ក្រដាស រឿងអេឡិចត្រូនិក យើងនាំពីក្រៅ។ មិនមែនហាមមិនឱ្យនាំរបស់ពីក្រៅទេ។ គ្រាន់តែថាផលិតនៅក្នុង(ស្រុក)គឺយើងចង់ទុកសមត្ថភាព និងឱកាស(ឲ្យសហគ្រិនកម្ពុជា)។ ឧ. ចំណាយ ២០០លានមួយឆ្នាំទៅលើចានក្រដាសជប់លៀង ចានជ័រចានអីហ្នឹង។ អញ្ចឹង ទុក ២០០លានហ្នឹង Reserve ឱ្យសិប្បកម្មក្នុងស្រុកមួយចំនួន កុំឱ្យគេមកប្រកួត …។ ខ្ញុំមិនថាប្រទេសណាទេ ប៉ុន្តែបងប្អូនប្រហែលជាដឹង មិនឆ្ងាយពីយើងទេគឺសិប្បកម្ម ឧស្សាហកម្មតូចតាចក្នុងស្រុកបិទរាប់ពាន់ ដោយសារដាក់មិនត្រូវ។ ពីក្រៅមកឃើញឱកាសហ្នឹង មិនត្រឹមតែផលិតនៅក្រៅនាំ(ចូល)ទេ គាត់មកដាក់រោងចក្រផលិតប្រកួតប្រជែងជាមួយ MSMEs (នាំអោយមានការ)បិទរាប់ពាន់។ ខ្ញុំឱ្យគិតគូររឿងហ្នឹង ព្រោះគេមានឱកាសមួយគគោកធ្វើអីផ្សេងៗ ដូចជាមកផលិតឡាន ផលិតគ្រឿងបង្គុំផលិតអីទៅ។ បើគេចង់ផលិតរបស់ហ្នឹងដែរ ផលិតនាំចេញយើងឱ្យ។ តែបើផលិតផ្គត់ផ្គង់ទីផ្សារ យើង Reserve សំរាប់ MSMEs។ ខ្ញុំឱ្យសិក្សាអាហ្នឹង។
(១៨) បើមានទីផ្សារ គុណភាពកាន់តែកើនឡើង … បើផលិតហើយលក់មិនដាច់ គ្មានអី្វបង្កើនសមត្ថភាព
ថ្ងៃមុន ខ្ញុំឱ្យឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ពិនិត្យមើលក្នុងការធ្វើលទ្ធកម្មរបស់ក្រសួង/ស្ថាប័ន អំពីការទិញគ្រឿងសង្ហារិមអីផ្សេងៗ គួរតែឱ្យប៉ុន្មានភាគរយ Reserve សម្រាប់ផលិតផលក្នុងស្រុក។ រដ្ឋយើងអាចផ្គុំកម្រិតណាមួយ។ កាលខ្ញុំរៀននៅអាមេរិក ប៉ូលិសអាមេរិក មានក្រុមដែលដាក់ស៊ីរ៉ែន និងក្រុមអត់ដាក់ស៊ីរ៉ែន។ យើងបើកលើសល្បឿនមិនស្រួល មកដល់អត់ដឹងថាឡានប៉ូលិសទេ។ បើកភ្លើងចាប់យើងយកតែម្តង។ តែយើងចាំអញ្ចេះ បើឡានក្រោយហ្នឹងឡាននាំចូល មិនមែនប៉ូលិសទេ។ តែបើឡានអត់ស៊ីរ៉ែនហ្នឹងជាឡានរបស់អាមេរិក ឡាន Ford ឡានអីប្រយ័ត្នទៅ ព្រោះរដ្ឋមួយៗ ដាក់លក្ខខណ្ឌទិញឡានទិញអីដែលបំពាក់ឱ្យ(សេវា)រដ្ឋ ត្រូវតែទិញឡានផលិតនៅអាមេរិក ថ្លៃក៏ដោយ ត្រូវតែទិញ … ឥឡូវរៀងដូរបន្តិចហើយ។ យើងក៏មិនមែនទៅហាម ១០០%ដែរ។ យើងគិតគូរកម្រិតណាដើម្បីគាំទ្រ។ ឥឡូវគ្រឿងសង្ហារិមដែលផលិតក្នុងស្រុកយើងល្អ។ យើងធ្វើការជាមួយគាត់។ យើងដាក់កុងត្រា ហើយអ្នកដែលធ្លាប់នាំចូលយកមកលក់កុងត្រាជាមួយក្រសួង។ កាលមុនគាត់យកពីក្រៅ ១០០% មកលក់។ ឥឡូវគាត់ធ្វើ។ គាត់ថាយកតែ ៥០%ទេ។ គាត់ទៅកុងត្រាជាមួយអ្នកហ្នឹង ហើយរដ្ឋកុងត្រាជាមួយអ្នកលក់ដដែល។ អត់បាត់ជំនាញទេ។ បន្តិចម្តងៗ បើយើងមានទីផ្សារ គុណភាពកាន់តែកើនឡើង … បើយើងផលិតហើយលក់មិនដាច់ សិប្បកម្មមួយៗ មានអីត្រូវបង្កើនសមត្ថភាព។ តែបើមានទីផ្សារ គាត់បានលុយ គាត់ទៅបង្កើនការប្រកួតប្រជែង។ ចរន្តវិលបែបហ្នឹង។ កន្លងទៅយើងបានគិតគូរខ្លះដែរ ប៉ុន្តែលទ្ធកម្មយើងតិច នៅតាមក្រសួងស្ថាប័ន។
(១៩) ត្រូវហ៊ានចាយលុយដើម្បីឯករាជ្យភាព និងភាពម្ចាស់ការ ដើម្បីគាំទ្រសិប្បកម្មឱ្យការផលិតក្នុងស្រុក
ពិតណាស់ ការសន្សំសំចៃថវិការដ្ឋក៏ជាកិច្ចការសំខាន់។ ប៉ុន្តែ ពេលខ្លះ(ត្រូវធ្វើ)ការចំណាយដើម្បីបង្កើនសមត្ថភាពម្ចាស់ការខ្លួនឯង។ ខ្ញុំជួបជាមួយឯកឧត្តម Mark Carney។ គាត់ថាដោយសារពាក់ព័ន្ធពន្ធជាមួយអាមេរិក អញ្ចឹងគាត់ប្រាប់តែម្តងថាឥឡូវ “កាណាដាសុខចិត្តចំណាយលុយ ទោះថ្លៃបន្តិចក៏ដោយ ត្រូវធ្វើពិពិធកម្ម”។ ពីមុនគាត់ពឹងផ្អែកលើ Free Trade Agreement។ ដល់ពេលមានបញ្ហា គាត់គិតថាសុខចិត្តចំណាយខ្ពស់បន្តិចចុះ ប៉ុន្តែធានា Supply Chain របស់គាត់។ បើសិនជាមានបញ្ហាជាមួយអាមេរិក គាត់អាចទាញការធានា(ពីប្រភពផ្សេង) … ពេលខ្លះ យើងត្រូវហ៊ានចាយលុយដើម្បីឯករាជ្យភាពរបស់យើង។ ហ្នឹងត្រូវតែអញ្ចឹង។ យើងត្រូវហ៊ានចាយលុយដើម្បីភាពម្ចាស់ការ (ទោះបី)ថ្លៃបន្តិចនៅពេលដំបូងដើម្បីគាំទ្រដល់សិប្បកម្មរបស់យើង ដើម្បីការផលិតក្នុងស្រុក ប៉ុន្តែទៅថ្ងៃក្រោយ ពេលដែលមុខជំនួញដើរ គាត់អាចបន្ថយ(ថ្លៃ)មកវិញ។ ពេលហ្នឹងយើងចំណេញទាំងពីរ គឺតម្លៃក៏សមរម្យ ឧស្សាហកម្ម ឬមួយក៏សិប្បកម្មរបស់យើងក៏បានរីកចម្រើន។
(២០) សូមវិស័យឯកជន និង MSMEs ជម្រើសយកការធានាគុណភាព ជាជាងខំពង្រីក តែបន្ថយគុណភាព
ទោះជាលទ្ធភាពរបស់យើងមិនច្រើនក្តី ដាក់ទិសដៅធ្វើទៅ។ នេះគឺជាការគិតគូរ។ ប៉ុន្តែ ខ្ញុំសូមឱ្យវិស័យឯកជនចូលរួម ធានាគុណភាព កុំផ្លូវកាត់។ បើផលិតផលមួយដែលភ្ញៀវទិញទៅប្រើល្អ ស្រាប់តែបុកទិញច្រើន … យើងមានជម្រើសពីរប្រាប់ភ្ញៀវ ឬខ្ញុំមិនអាចទទួល Order ច្រើនប៉ុណ្ណឹងទេ ព្រោះខ្ញុំត្រូវធានាគុណភាព ឬជម្រើសមួយទៀតគឺខ្ញុំទទួលបាន តែយកមកកាត់បន្ថយគុណភាព។ ខ្ញុំសូមឱ្យវិស័យឯកជន អ្នកផលិត MSMEs ទាំងអស់យកជម្រើសទីមួយ។ សុខចិត្តធានាគុណភាព ទោះបីបរិមាណមិនច្រើនឆ្លើយតបក្នុងពេលនេះក៏ដោយ ជាជាងយើងខំពង្រីក តែបន្ថយគុណភាព។ ហ្នឹងហើយនាំឱ្យបាត់ទីផ្សារ។ គ្មាននរណានឹងយកសាប៊ូទៅកក់ បើម្តងល្អ និងកក់លើកក្រោយជ្រុះសក់នោះទេ … គេលែងប្រើហើយ ជាពិសេសគ្រឿងហូបចុក … គុណភាពសំខាន់។ រាជរដ្ឋាភិបាលនឹងបន្តជួយដល់ផលិតផលខ្មែរ។ នេះគឺជាការដាក់ទិសដៅ។ វាត្រូវតែទៅជាមួយគ្នា។
(២១) កុំគាំទ្រផលិតផលក្នុងស្រុកដោយសារធ្វើពហិការ តែដោយសារស្រឡាញ់ចង់ឱ្យផលិតផលខ្មែររឹងមាំ
អ្នកអតិថិជនសូមគាំទ្រផលិតផលខ្មែរ។ កុំ(គាំទ្រ)ដោយសារតែធ្វើពហិការរបស់ផ្សេង តែគឺគាំទ្រផលិតផលខ្មែរដោយសារយើងស្រឡាញ់ យើងចង់ឃើញផលិតផលខ្មែររឹងមាំ។ កុំមកស្រឡាញ់បងដោយសារខឹងអ្នកនោះ និងឱ្យអ្នកនោះប្រចណ្ឌ។ គឺស្រឡាញ់ដោយសារស្រឡាញ់។ គេហៅអី ឈឺបេះដូងស្លាប់។ ទីពីរ គឺតួអង្គនៃសិប្បកម្ម MSMEs អ្នកផលិតរបស់យើងគឺត្រូវផ្តោតការធានាចីរភាព (តាមរបៀប)តក់ៗពេញបំពង់។ ហ្នឹងពាក្យខ្មែរយើង។ សន្សំតិចៗ ឱ្យរីក បើមិនបានរីក ក៏រក្សាភ្ញៀវដដែល ព្រោះប្រើរាប់ឆ្នាំដើម្បីកសាងភាពទុកចិត្ត។ តែខូចមួយពេល ខូចតែមួយ Production line ធ្វើឱ្យខូច។ កន្លែងខ្លះក្រុមហ៊ុនធំៗ គេហ៊ានចំណាយរាប់រយលានដុល្លារ។ ដូចជាក្រុមហ៊ុនឡាន … ឡានតែមួយគ្រឿងទេមានបញ្ហា គេ Recall ទាំងអស់តែម្តងចូលមកវិញ។ គេសុខចិត្តខាតរាប់រយលាន។ ឧ. ឡាន Tesla ផលិតរាប់សែន រាប់ម៉ឺនគ្រឿង ប៉ុន្តែមួយឆេះ គេត្រូវទាញចូលមកវិញ។ សុខចិត្តចំណាយខាតរាប់រយលានដើម្បីថែរក្សា Brand របស់គេ។ ព្រោះបើខូច Brand គឺចប់ហើយ។ ខ្ញុំចង់ឱ្យ Brand កម្ពុជា មិនត្រឹមតែប្រជាជនយើងទេទុកចិត្ត តែក៏មានស្តង់ដាអន្តរជាតិ ហើយធានាចីរភាពដែលបរទេសបន្តទុកចិត្ត ហើយទិញពីកម្ពុជាផង។
(២២) ការិយាល័យសហប្រតិបត្តិការសេដ្ឋកិច្ចហ្វ្រង់កូហ្វូនី នៅភ្នំពេញ បើកច្រកទីផ្សារបន្ថែមទៀត
ក្នុងកិច្ចប្រជុំកំពូល Francophonie ទើបចប់នេះ យើងបានបង្កើតការិយាល័យ Francophonie ដោយឯកភាពយកទីក្រុងភ្នំពេញ/កម្ពុជា សម្រាប់បង្កើតការិយាល័យទំនាក់ទំនងសេដ្ឋកិច្ចរវាងប្រទេស Francophonie ជាមួយកម្ពុជា។ នេះជាចំណុចបន្ថែមទីផ្សារដែលមាន Access រាប់រយលានបន្ថែមទៀត ដែលគេចង់មកឆែកនៅអាស៊ីអាគ្នេយ៍ ចូលមកច្រកភ្នំពេញ។ នេះគឺឱកាសសំរាប់ភ្ជាប់ជាមួយក្រុមប្រទេស Francophonie ហើយ Francophonie មិនមែនមានតែអាហ្វ្រិកទេ គឺមានប្រទេសមកពី ៥ទ្វីប។ ជួនកាល Business ជាច្រើនអត់ដឹងទៅណាទេ គេមកសួរតាមច្រកមួយហ្នឹង។ ចាប់យកឱកាសនេះដើម្បីរុញ(ផលិតផល)របស់យើងទៅក្រៅ ដែលគុណភាពសំខាន់។ នេះជាឱកាសមាស។ រដ្ឋាភិបាលមានឱកាសត្រឹមតែបើកច្រក ត្រឹមតែមកចរចាទាមទារ។ ការចរចាហ្នឹងក៏មិនស្រួលដែរទេ។ មិនមែនគេមកទេ។ ចរចាផង ដើរ Lobby ផង។ ឯកឧត្តម ប្រាក់ សុខុន ដើរ Lobby ផង គ្រប់វេទិកាយើងអង្គុយលើកផង ក្នុងសុន្ទរកថាបើកក៏យើងស្នើបើក ទម្រាំតែគេឯកភាព។ គេចង់ដាក់នៅប្រទេសផ្សេងនៅអាស៊ីអាគ្នេយ៍ មិនមែនមានតែកម្ពុជាទេ។ យើងរៀបចំគ្រប់ឱកាសយើងចាប់យកឱកាសទាំងអស់ដើម្បីប្រើជាច្រកសម្រាប់ដើរ។ បើកសាងទ្វារ កសាងស្ពាន គ្មានមនុស្សដើរ វាអត់ន័យទេ។ យើងបើកនិងយកច្រកសេដ្ឋកិច្ចមកដាក់នៅទីនេះ គឺពឹងផ្អែកលើវិស័យឯកជនហ្នឹងហើយ។ យើងក៏រកឱកាសនៅក្រៅប្រទេស គេក៏រកឱកាសនៅក្នុង ភ្ជាប់គ្នាទៅ។
(២៣) ប្រទេសតូចៗ ក៏ដោយ សុទ្ធតែអាចជាច្រកទីផ្សាររបស់កម្ពុជារាប់សិប ឬរាប់រយលានបាន
ខ្ញុំអរគុណចំពោះសភាពាណិជ្ជកម្ម ចំពោះវិស័យឯកជនដែលបានចូលរួមនៅក្នុងការរៀបចំមាន FrancoTech មានវេទិកាធុរកិច្ចបារាំង-ខ្មែរ មានការភ្ជាប់គ្នារវាង Business នៅក្នុងរយៈពេលខ្លីនេះ គឺឱ្យគេស្គាល់។ ខ្ញុំជួបប្រទេសពីអាហ្វ្រិកកន្លែងខ្លះ ក៏គិតថានឹងយកផលិតផលមួយចំនួនមកកម្ពុជា។ ខ្លះថានឹងមកវិញ។ ប្រទេសច្រើនដែលអត់ស្គាល់កម្ពុជា ដូចកម្ពុជាអត់ស្គាល់ប្រទេសច្រើននៅអាហ្វ្រិកអញ្ចឹង។ ប្រជាជនអាហ្វ្រិកភាគច្រើនអត់ដឹងទេ។ គាត់ឃើញបញ្ចាំងតាមទូរទស្សន៍ ក៏គិតថាកម្ពុជាជាប្រទេសក្រីក្រ ប្រទេសដែលមានសង្គ្រាម។ ប្រទេសមួយចំនួននៅអាហ្វ្រិកក៏គិតអំពីកម្ពុជាដូចគ្នាដែរ ជាប្រទេសក្រីក្រ មានសង្គ្រាម ប៉ុន្តែជាក់ស្តែងវាខុសពីហ្នឹង … ពិតណាស់ ប្រទេសអ្នកមានជាគោលដៅធំនៃទីផ្សារ ដូចជាសហរដ្ឋអាមេរិក អឺរ៉ុបអី ប៉ុន្តែកុំភ្លេចថា ប្រទេសតូចៗក៏ដោយ សុទ្ធតែជាច្រកទីផ្សាររបស់យើងរាប់សិបលានរាប់រយលានដូចគ្នាទេ។ ចាប់យកជាឱកាសទៅ។ ឥឡូវ គ្រាន់តែប្រទេសយើងមួយ ទីផ្សារក្នុងស្រុកសម្រាប់ផលិតផលគ្រឿងហូបហ្នឹងមានទំហំរាប់រយលានទៅហើយ។ មិនតិចទេ …។
[ចប់សេចក្តីអធិប្បាយ១]
ចំពោះគោលដៅនៃការផលិតនេះ ខ្ញុំសូមក្នុងគោលបំណងដើម្បីប្រែក្លាយការគាំទ្រផលិតផលជាតិ ទៅជាមូលដ្ឋានរឹងមាំក្នុងការអភិវឌ្ឍផលិតកម្ម និងជំរុញសមត្ថភាពប្រកួតប្រជែងរបស់រោងចក្រសហគ្រាសកម្ពុជា ខ្ញុំសូមផ្តល់នូវអនុសាសន៍ចំនួន ៧ ចំណុចដូចខាងក្រោម៖
ទី១. ពង្រឹងគុណភាព សុវត្ថិភាព ស្តង់ដា និងទំនុកចិត្តលើផលិតផល
ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ត្រូវសហការជាមួយ ក្រសួងស្ថាប័នពាក់ព័ន្ធ បន្តពង្រឹងហេដ្ឋារចនាសម្ព័ន្ធគុណភាពជាតិ, សេវាវិភាគតេស្ត, វិញ្ញាបនបត្រ, និងការណែនាំបច្ចេកទេស, ព្រមទាំង កែលម្អការចុះបញ្ជីផលិតផល ឱ្យកាន់តែមានភាពងាយស្រួល និង មានប្រសិទ្ធភាព, ជាពិសេស ត្រូវពង្រឹងការ-ផ្សព្វផ្សាយ, ការផ្ទៀងផ្ទាត់ព័ត៌មានផលិតផល និង ការតាមដានអនុលោមភាព ដើម្បីធានាថា ប្រព័ន្ធចុះបញ្ជីផលិតផលរួមចំណែកជាក់ស្តែងដល់ការការពារសុខភាពរបស់ប្រជាពលរដ្ឋ និង ការលើកកម្ពស់ភាពប្រកួតប្រជែងរបស់ផលិតផលកម្ពុជា។
ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍ ត្រូវជំរុញការចុះបញ្ជីផលិតផល ដោយបង្កើនការផ្សព្វផ្សាយ និង សម្រួលនីតិវិធីដើម្បីលើកទឹកចិត្តឱ្យមានការចូលរួមកាន់តែទូលំទូលាយ។ ការចុះបញ្ជីផលិតផល (ចបផ) ជាឧបករណ៍ចាំបាច់សម្រាប់ពង្រឹងការគ្រប់គ្រងគុណភាព, ការការពារអ្នកប្រើប្រាស់, និង ការកសាងទំនុកចិត្តលើទីផ្សារ, ដោយសារ ដើម្បីទទួលបានអាជ្ញាបណ្ណ ចបផ, រោងចក្រ-សហគ្រាស ត្រូវឆ្លងកាត់នីតិវិធីច្បាស់លាស់រួមមាន៖ ការផ្តល់លទ្ធផលវិភាគតេស្តផលិតផលពីមន្ទីរពិសោធដែលមានការទទួលស្គាល់ និង ការពិនិត្យស្របតាមស្តង់ដាជាតិ។ ដូច្នេះ, រោងចក្រ-សហគ្រាស សិប្បកម្ម និង ក្រុមហ៊ុន នាំចូលទាំងអស់ ត្រូវទៅចុះបញ្ជីផលិតផលឱ្យបានត្រឹមត្រូវ ហើយត្រូវគោរពកាតព្វកិច្ចគុណភាព និង សុវត្ថិភាព ជាប្រចាំ។
រោងចក្រ-សហគ្រាសកម្ពុជាទាំងអស់ ត្រូវប្រឹងប្រែងពង្រឹងគុណភាព, សុវត្ថិភាព, ស្តង់ដា ជាពិសេស ទំនុកចិត្តលើផលិតផលរបស់ខ្លួន ដែលជាមូលដ្ឋានគ្រឹះ ពិតប្រាកដ នៃភាពប្រកួតប្រជែងតាមរយៈ ការកែលម្អការរចនា, ការវេចខ្ចប់ និង ការកសាងម៉ាកផលិតផល ពីព្រោះ ការគាំទ្ររបស់អ្នកប្រើប្រាស់ អាចបង្កើតឱកាសទីផ្សារដំបូង, ប៉ុន្តែ គុណភាព, ថ្លៃសមរម្យ និង ភាពទៀងទាត់នៃការផ្គត់ផ្គង់ ទើបជាកត្តារក្សាទីផ្សារឱ្យមានចីរភាព។
ទី២. ពង្រឹងមូលដ្ឋានផលិតកម្ម និង ការតភ្ជាប់សហគ្រាសក្នុងស្រុកទៅនឹងខ្សែច្រវាក់តម្លៃ
ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍ ត្រូវសហការជាមួយ ក្រសួងស្ថាប័នពាក់ព័ន្ធ និង វិស័យឯកជន កំណត់ខ្សែច្រវាក់ផលិតកម្មអាទិភាព ហើយជំរុញការអភិវឌ្ឍអ្នកផ្គត់ផ្គង់វត្ថុធាតុដើម, គ្រឿងបន្លាស់, សម្ភារវេចខ្ចប់, និង សេវាកម្មគាំទ្រផលិតកម្ម ដើម្បីបង្កើនសមត្ថភាពផ្គត់ផ្គង់ក្នុងស្រុក, និង កាត់បន្ថយការពឹងផ្អែកលើការនាំចូលផលិតផលដែលកម្ពុជាមានសមត្ថភាពផលិត និង ផ្គត់ផ្គង់ ដោយខ្លួនឯង។ ត្រូវជំរុញការអភិវឌ្ឍបណ្តុំសហគ្រាសធុនតូច និង មធ្យម ដែលជាយន្តការចាំបាច់សម្រាប់តភ្ជាប់ SMEs ជាមួយខ្សែច្រវាក់ផលិតកម្មជាតិ, និង រក្សាតម្លៃបន្ថែមឱ្យបានកាន់តែច្រើននៅក្នុងសេដ្ឋកិច្ចកម្ពុជា។
រោងចក្រ-សហគ្រាសធំៗក្នុងស្រុក និងក្រុមហ៊ុនវិនិយោគផ្ទាល់ពីបរទេស សូមបង្កើនការប្រើប្រាស់ធនធាន និង វត្ថុធាតុដើមក្នុងស្រុក, ព្រមទាំងចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍអ្នកផ្គត់ផ្គង់ក្នុងស្រុក តាមរយៈ ការផ្ទេរចំណេះដឹង, ការកែលម្អសមត្ថភាពផលិតកម្ម, ការចែករំលែកព័ត៌មានទីផ្សារ, និង ការបង្កើតទំនាក់ទំនងពាណិជ្ជកម្មរយៈពេលវែង។
ទី៣. ប្រែក្លាយការគាំទ្រផលិតផលជាតិ ទៅជាឱកាសទីផ្សារ និង ទំនាក់ទំនងពាណិជ្ជកម្ម
រោងចក្រ–សហគ្រាស ត្រូវត្រៀមខ្លួនសម្រាប់ទីផ្សារ ដោយត្រូវកែលម្អសមត្ថភាពផលិត ពង្រឹងគុណភាព, អនុលោមភាព និង ថ្លៃ នៃផលិតផល, និង លក្ខខណ្ឌផ្គត់ផ្គង់ ឱ្យបានត្រឹមត្រូវ, ខណៈដែល ក្រសួងស្ថាប័នពាក់ព័ន្ធ, អ្នកទិញ, អ្នកចែកចាយ និង អ្នកនាំចេញ ត្រូវផ្តល់ព័ត៌មានឱ្យបានច្បាស់លាស់ និង គ្រប់ជ្រុងជ្រោយ អំពីតម្រូវការ និង លក្ខខណ្ឌទីផ្សារ, និង ចំណុច ត្រូវកែលម្អ ដើម្បីឱ្យរោងចក្រ-សហគ្រាសកម្ពុជា អាចឈរជើងលើទីផ្សារជាតិ តំបន់ និង អន្តរជាតិ ឱ្យបានរឹងមាំ យូរអង្វែង។
សមាគមសហគ្រាសធុនតូច និង មធ្យមកម្ពុជា ក៏ដូចជា សមាគមធុរកិច្ចនានា ត្រូវខិតខំជំរុញការតភ្ជាប់រវាងរោងចក្រ-សហគ្រាសជាមួយនឹងអ្នកទិញ, អ្នកចែក-ចាយ, និង អ្នកនាំចេញ។ ជោគជ័យ នៃការរៀបចំ «ពិព័រណ៍ផលិតផលខ្មែរ» មិនត្រូវវាស់វែងត្រឹមចំនួនស្តង់ ឬ ចំនួនអ្នកចូលទស្សនា ប៉ុណ្ណោះទេ, ប៉ុន្តែក៏ត្រូវផ្តោតលើការបញ្ជាទិញ, កិច្ចព្រមព្រៀងពាណិជ្ជកម្ម និងឱកាសទីផ្សារដែលអាចបន្ត នាពេលខាងមុខ។
ទី៤. ជំរុញបរិវត្តកម្មឌីជីថល, ទាំងក្នុងការផ្តល់សេវាសាធារណៈ និង ការគ្រប់គ្រងអាជីវកម្ម
រោងចក្រ–សហគ្រាសកម្ពុជា ត្រូវជំរុញការសិក្សា, ស្វែងយល់ និង ចាប់យកបច្ចេក-វិទ្យាឌីជីថល ជាពិសេស បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ក្នុងការគ្រប់គ្រងផលិតកម្ម ប្រតិបត្តិការហិរញ្ញវត្ថុ, ទីផ្សារ រួមទាំង ការរៀបចំផែនការ និង យុទ្ធសាស្រ្ត, ខណៈ-ដែលសេវាសាធារណៈទាំងអស់របស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍ ត្រូវបានដាក់ឱ្យដំណើរការតាមប្រព័ន្ធឌីជីថលរួចរាល់ត្រឹមថ្ងៃទី- ២៨ ខែ កញ្ញា ឆ្នាំ ២០២៦ ដើម្បីកែលម្អគុណភាព និង ប្រសិទ្ធភាព នៃការផ្តល់សេវាសាធារណៈ។
ទី៥. បន្តកែលម្អបរិយាកាសធុរកិច្ច និង ជំរុញការចូលក្នុងប្រព័ន្ធ ដោយភ្ជាប់ជាមួយអត្ថប្រយោជន៍ជាក់ស្តែង
ខ្ញុំសូមគូសបញ្ជាក់ថា ការធ្វើប្រក្រតីកម្ម ជាជំហានចាំបាច់សម្រាប់ការលូតលាស់របស់រោងចក្រ-សហគ្រាស។ តាមរយៈការអនុវត្ត «យុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ២០២៣-២០២៨», ការចុះឈ្មោះក្នុងថ្នាលឌីជីថលសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ បានកើនលើស ៥៦ ម៉ឺនករណី, ក្នុងនោះ សហគ្រាសធុនមីក្រូមានចំនួន ៣ ៣៨៩ មូលដ្ឋាន។ ការចុះឈ្មោះនេះ ជាជំហានដំបូង និង មិនមានន័យថាសហគ្រាសបានបំពេញគ្រប់លក្ខខណ្ឌនៃការចុះបញ្ជីអាជីវកម្មផ្លូវការនោះទេ។ ដូច្នេះ, ត្រូវខិតខំជំរុញឱ្យសហគ្រាសធុនមីក្រូទាំងអស់ អភិវឌ្ឍសមត្ថភាព ឆ្ពោះទៅចុះបញ្ជីក្នុងប្រព័ន្ធផ្លូវការ ស្របតាមលក្ខខណ្ឌច្បាប់ជាធរមាន, តាមរយៈ ការផ្តល់ព័ត៌មាន, សម្រាប់សេវាហិរញ្ញប្បទាន, ជំនាញ និង ឱកាសទីផ្សារ ដើម្បីឱ្យការចូលក្នុងប្រព័ន្ធបង្កើតអត្ថប្រយោជន៍ជាក់ស្តែង។
[ចាប់ផ្ដើមសេចក្ដីអធិប្បាយ២]
(២៤) ការចុះបញ្ជីសេដ្ឋកិច្ចក្រៅប្រព័ន្ធ មិនជាប់កាតព្វកិច្ចពន្ធ តែដើម្បីរដ្ឋដឹងថាជួយបណ្តុះបណ្តាលអី្វបាន
ចំណុចនេះ កន្លងទៅមានការសួរថា បញ្ហាដែលគេមិនចង់ចុះ(បញ្ជីគឺ)រឿងជាប់កាតព្វកិច្ច ជាពិសេសជាប់កាតព្វកិច្ចពន្ធ។ រឿងនេះខ្ញុំបានបញ្ជាក់ រាជរដ្ឋាភិបាលក៏បានបញ្ជាក់ច្រើនហើយ។ សម្រាប់ធុរកិច្ច អាជីវកម្មណាដែលមានចំណូលដុលតិចជាង ២៥០លាន(រៀល)ក្នុងមួយឆ្នាំអត់ជាប់កាតព្វកិច្ចពន្ធទាំងអស់។ ដូចនេះសូមកុំខ្លាចចុះបញ្ជី។ ការចុះបញ្ជីនេះ គ្រាន់តែដើម្បីដឹងថាបើសិនជារដ្ឋទៅជួយបណ្តុះបណ្តាលអី យើងដឹងទៅរកនៅណា បើមានការអី យើងអាចទៅរក/ជួយផ្សព្វផ្សាយឱ្យបាន។ តែកាតព្វកិច្ចអី(គឺ)អត់មានទេ។ គោលដៅគឺចង់ឱ្យប្រែពីក្រៅផ្លូវការ មកក្នុងផ្លូវការ ពី Informal មក Formal Sector។ យើងមានគោលដៅសម្រាប់ជួយបងប្អូន។ ខ្ញុំសូមបញ្ជាក់ម្តងទៀត “អត់ជាប់កាតព្វកិច្ចទេ”។ ថាហៅមកទាក់ម៉ូយ ដល់ចុះ(បញ្ជី)ហើយជាប់(ពន្ធ)។ មិនអញ្ចឹងទេ។ ចំណូលដុលក្រោម ២៥០លាន(រៀល) មិនជាប់កាតព្វកិច្ចទេ ប៉ុន្តែផ្ទុយទៅវិញ អាចទទួលបានការជួយជ្រោមជ្រែងតាមគោលនយោបាយរបស់រដ្ឋ កម្មវិធីរបស់រដ្ឋតាមរយៈក្រសួងពាក់ព័ន្ធដូចជាឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍, ក្រសួងការងារ ការបណ្តុះបណ្តាលអីផ្សេងៗដែលយើងអាចធ្វើបាន រួមទាំងអាចក្រសួងប្រៃសណីយ៍ដែលមានវគ្គបណ្តុះបណ្តាលឌីជីថលជួយផង …។
(២៥) គោលដៅចុងក្រោយនៃការជ្រោមជ្រែងរបស់រដ្ឋាភិបាលគឺជីវភាពនិងការងារប្រជាពលរដ្ឋ១៧លាននាក់
ខ្ញុំប្រាប់ហើយថា Business/ធុរកិច្ចជាមធ្យោបាយ មិនមែនជាគោលដៅចុងក្រោយរបស់រដ្ឋាភិបាលទេ ត្រូវយល់ឱ្យច្បាស់។ គោលដៅចុងក្រោយរបស់រដ្ឋាភិបាលធ្វើអី? គឺជីវភាពនិងការងាររបស់ប្រជាពលរដ្ឋ។ ធុរកិច្ច MSMEs គ្រាន់តែជាមធ្យោបាយ ជាដៃគូរបស់រដ្ឋក្នុងការបង្កើតការងារ រុញប្រាក់ខែឱ្យប្រជាពលរដ្ឋ។ ចុងក្រោយគឺប្រជាពលរដ្ឋ ១៧លាននាក់ជាគោលដៅសំខាន់។ ការលើកទឹកចិត្ត ការអនុគ្រោះពន្ធស្អីៗ ដល់ដៃគូយើង ដើម្បីគាត់ដើរតួនាទីជួយក្នុងការបង្កើតការងារ ការបង្កើតប្រាក់ខែឱ្យប្រជាពលរដ្ឋ គឺជាគោលដៅរបស់យើង។ ទោះបីជាពេលលំបាកក៏យើងកាន់តែទម្លាក់ពន្ធ និងមានវិធានការផ្សេងៗ។ នេះគឺជាគោលការណ៍ដែលយើងចង់បាន។ គោលដៅ មិនមែនដើម្បីគាបយកពន្ធទេ។ វិស័យឯកជនជាដៃគូ ជាមធ្យោបាយ ជាឧបករណ៍របស់រដ្ឋក្នុងការបង្កើតការងារនិងជំរុញប្រាក់ខែទៅប្រជាពលរដ្ឋ និងជំរុញផលិតផលក្នុងស្រុកធានាភាពម្ចាស់ការរបស់យើង។ ហ្នឹងហើយគឺជាគោលដៅចុងក្រោយ ដែល(មាន)វិស័យឯកជនជាដៃគូ។ សូមកុំគិតថាដៃគូចាំតែគាបដៃគូ។ ជួយគ្នាដើម្បីពង្រឹងខ្លួនយើង ជាពិសេសជីវភាពរស់នៅរបស់ប្រជាពលរដ្ឋរបស់យើង …។
(២៦) “យកពន្ធតិច ក្រុមហ៊ុនដើរ បង្កើតការងារ” អ្នកក្រីក្រចូលមកជីវភាពមធ្យម រដ្ឋសន្សំលុយចាក់លើពេទ្យ លើផ្លូវ និងអន្តរាគមន៍ដល់អ្នកលំបាក
ខ្ញុំក៏បានលើកជារឿយៗ ថាត្រូវតែគិតរឿងហ្នឹង។ បើលុយយើងយកពន្ធច្រើន តែគាត់បង្កើតការងារតិច អញ្ចឹងនៅសល់អ្នកដែលមិនមានការងារធ្វើ។ រដ្ឋត្រូវតែចេញជួយដដែល តាមរយៈប័ណ្ណសមធម៌ស្អីៗ កម្មវិធីជួយសង្គម ប័ណ្ណក្រីក្រ។ បើសិនជាយើងយកពន្ធតិច ក្រុមហ៊ុនដើរ បង្កើតការងារ អញ្ចឹងអ្នកក្រីក្រហ្នឹងនឹងចូលមកជីវភាពមធ្យម លែងពឹងរដ្ឋយកលុយទៅជួយរឿងសមធម៌អីទៀតហើយ។ ក្រុមហ៊ុនកន្លែងខ្លះមានទៅដល់ ប.ស.ស.។ គាត់ម្ចាស់ការខ្លួនឯង។ រដ្ឋសន្សំលុយទុករួចទៅហើយ គឺហោប៉ៅឆ្វេងហោប៉ៅស្តាំ តែហោប៉ៅល្អបំផុតគឺបង្កើតតាមរយៈនេះ ដោយរដ្ឋមិនចាំបាច់ទៅជួយអន្តរាគមន៍ គឺប្រជាពលរដ្ឋអាចមានសមត្ថភាពខ្លួនឯង ជាមួយវិស័យឯកជនក៏អាចជួយបាន។ យើងយកលុយតិចក៏ដោយ តែយើងទុកបានច្រើន … យើងយកលុយហ្នឹងទៅចាក់លើពេទ្យ លើផ្លូវ ស្អីៗ ផ្សេងទៀត អន្តរាគមន៍ដល់អ្នកលំបាក។ នេះគឺជាគោលការណ៍របស់យើង។
[ចប់សេចក្ដីអធិប្បាយ២]
ទី៦. តម្រង់ហិរញ្ញប្បទាន ជំនាញ បច្ចេកវិទ្យា និងការគាំទ្រផ្សេងៗ ទៅតាមតម្រូវការ និងវដ្តអាជីវកម្មរបស់រោងចក្រសហគ្រាស
ទំហំឥណទានសរុបក្នុងប្រព័ន្ធធនាគារ និង ហិរញ្ញវត្ថុកម្ពុជា នៅចុងឆ្នាំ២០២៥ មានជាង ៦៣ ពាន់លានដុល្លារ, កើនឡើង ៤,១% ធៀបនឹងឆ្នាំ២០២៤, ប៉ុន្តែ MSMEs នៅកម្ពុជា នៅតែពុំអាចទទួលបានហិរញ្ញប្បទានដែលឆ្លើយតបទៅនឹងតម្រូវការសមត្ថភាព និង ហានិភ័យអាជីវកម្មរបស់ខ្លួន។ ក្នុងន័យនេះ, ធនាគារអភិវឌ្ឍជនបទ និង កសិកម្ម, ធនាគារសហគ្រាសធុនតូច និង មធ្យម, សាជីវកម្មធានាឥណទានកម្ពុជា, គ្រឹះស្ថានហិរញ្ញវត្ថុឯកជន, និង ស្ថាប័នពាក់ព័ន្ធ ត្រូវជំរុញការសិក្សាដាក់ចេញនូវផលិតផលហិរញ្ញវត្ថុ ស្របតាមវដ្តអាជីវកម្ម ជាពិសេស ការ-ផ្សារភ្ជាប់ហិរញ្ញប្បទាន ទៅនឹងការបញ្ជាទិញ, ការពង្រីកផលិតកម្ម និង ការវិនិយោគលើបច្ចេកវិទ្យា។
ក្រសួងស្ថាប័នពាក់ព័ន្ធ, គ្រឹះស្ថានអប់រំ និង បណ្តុះបណ្តាលវិជ្ជាជីវៈ, និង ដៃគូ–អភិវឌ្ឍ ត្រូវតម្រង់កម្មវិធីគាំទ្រ ស្របតាមតម្រូវការផលិតកម្ម និង ទីផ្សារជាក់ស្តែង, ខណៈដែលរោងចក្រ-សហគ្រាស ត្រូវពង្រឹងការគ្រប់គ្រងផលិតកម្ម, ប្រតិបត្តិការ និង ហិរញ្ញវត្ថុ ឱ្យស្របតាមផែនការអាជីវកម្ម និងបង្កើនទំនុកចិត្តពីគ្រឹះស្ថានធនាគារ និង ហិរញ្ញវត្ថុ ។
[ចាប់ផ្ដើមសេចក្ដីអធិប្បាយ៣]
(២៧) ការជួយដល់កសិករ និង MSMEs មិនសំដៅតែទម្លាក់លុយបន្ថែមទេ តែបង្កើនសមត្ថភាពឱ្យ និងតើគាត់សល់លុយប៉ុន្មាន?
ការជួយទៅដល់កសិករ ដល់ MSMEs មិនសំដៅតែលើការទម្លាក់លុយបន្ថែមទេ អ្វីដែលសំខាន់គឺធ្វើឱ្យគាត់សល់លុយប៉ុន្មាន? បានន័យថា ជួយបង្រៀនគាត់បង្កើនសមត្ថភាពឱ្យគាត់កាត់បន្ថយថ្លៃដើម។ ថ្លៃដើមរួមមានទាំងអស់ មិនមែនតែភ្លើង ការប្រាក់ទេ … គ្រាន់តែថារបៀបចេះគ្រប់គ្រងក្រុមហ៊ុនហ្នឹង។ អាជីវកម្មរបស់គាត់ហ្នឹងក៏ជួយកាត់ថ្លៃដើមដែរ … តែបើធ្វើមិនស្រួលចំណាយលើស។ ហ្នឹងដូចកសិករអញ្ចឹង បង្រៀនឱ្យគាត់ចេះបាញ់ជី បាញ់ថ្នាំ។ ហ្នឹងគឺជួយគាត់។ កាលពីមុន គាត់ធ្លាប់បាញ់ដល់ទៅ ៣កាន ជីគ្មានគុណភាព … ឥឡូវយើងទៅបង្រៀនបច្ចេកទេសដល់គាត់។ គាត់បាញ់ជីតែ ១កាន លាយត្រូវ បានទិន្នផលខ្ពស់ កាត់បន្ថយថ្លៃដើម។ អាជីវកម្មដូចគ្នា។ បង្រៀនគាត់ឱ្យចេះគ្រប់គ្រងគណនេយ្យតូចតាច។ មិនមែនគណនេយ្យខ្នាតក្រុមហ៊ុនធំទេ។ កន្លែងខ្លះ អ្វីបន្តិចៗហ្នឹងជួយច្រើនដល់ MSMEs។ ហ្នឹងហើយដែលរដ្ឋ(ជួយ) មិនមែនទាល់តែឱ្យហិរញ្ញវត្ថុ(បានហៅថាជួយនោះទេ)។ ហិរញ្ញវត្ថុក៏ត្រូវមានលក្ខខណ្ឌមួយចំនួនធានាស្ថានភាពស្ថិរភាព(កម្រិតណាមួយ) ប៉ុន្តែសម្រាប់ MSMEs គួរតែមានលក្ខខណ្ឌកម្រិតណាមួយដែលអាចជួយប្រៀបធៀបជាមួយធនាគារពាណិជ្ជអីផ្សេងៗ។ ទុកឱ្យជំនាញធ្វើចុះ។
(២៨) ក្រៅពីហិរញ្ញវត្ថុ បង្កើនសមត្ថភាព ការយល់ដឹង ជួយកាត់បន្ថយការចំណាយមិនចាំបាច់ ធ្វើឱ្យសល់លុយច្រើន
ប៉ុន្តែ ធ្វើម៉េចក្រៅពីហិរញ្ញវត្ថុនេះ ការជួយសមត្ថភាព ការយល់ដឹងរបស់គាត់ កាត់បន្ថយច្រើនក្នុងការចំណាយដែលមិនចាំបាច់។ បើកាត់បន្ថយការចំណាយមិនចាំបាច់ បានន័យថាលុយគាត់សល់ច្រើនជាងមុន។ កាលមុនលុយលក់បានមួយខែ១០០ តែចាយ៨០ ទៅហើយ ដោយសារការងារមួយត្រូវការប៉ុន្មានថ្ងៃឯណោះ។ ឥឡូវការងារហ្នឹងដដែល កាត់បន្ថយមកតែ ២ថ្ងៃ ចំណាយតែ ២ថ្ងៃ ភ្ញៀវលក់បានកាន់តែច្រើន។ សមត្ថភាពដែលក្រសួងការងារ ក្រសួងឧស្សាហកម្ម សិប្បកម្មបានសហការគ្នាធ្វើរួមជាមួយក្រសួងពាក់ព័ន្ធទាំងអស់ បូកទាំងថ្នាក់ក្រោមជាតិដែលអាចធ្វើទៅបាន។ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ សូម្បីតែសេវាកម្ម ឬកន្លែងដែលសេវាកម្មមិនមែនហិរញ្ញវត្ថុដែលអាចបណ្តុះបណ្តាលអីបាន ក៏យើងផ្តល់ ព្រោះការគ្រប់គ្រង … មានប្រព័ន្ធការងាររបស់វា។ មិនថាធុរកិច្ច(ឬអ្វីផ្សេង)។ បើក្រុមហ៊ុនកាន់តែរីក កាន់តែពិបាក។ មានហាងមួយអត់អីទេ។ ប៉ុន្តែចាប់ផ្តើមពង្រីកសាខាទៅ៥ គឺត្រូវការទាំងប្រព័ន្ធគ្រប់គ្រងស្តុក ប្រព័ន្ធគ្រប់គ្រងគុណភាពអីទៅបាន។ បើមិនអញ្ចឹងទេ(គឺពិបាក)។ ខ្ញុំសួរ ហាងខ្លះលក់ដាច់ណាស់ តាំងពីហាងតូចទៅដល់ផ្ទះល្វែងមួយ។ តែគាត់មិនព្រមពង្រីកសាខា។ គាត់ថាពង្រីកទៅគ្រប់គ្រងអត់បានទេ ហើយបើសិនពង្រីក៥ ខូចតែមួយសាខា ខូចដល់ឈ្មោះគាត់។ ដើម្បីឱ្យគាត់អាចពង្រីកសាខាបាន ទាល់តែប្រព័ន្ធគ្រប់គ្រងហ្នឹងគ្រប់។ គ្រាន់តែគ្រប់គ្រងស្តុកហ្នឹងក៏មិន(ស្រួលដែរ)។ គ្រប់គ្រងមិនស្រួលខាតឡុងចុង។ លក់ដាច់ ប៉ុន្តែស្តុកវាទៅណា? ធ្វើស្តុកមិនស្រួលហួសដឺឡេក៏អត់ដឹង។ ការរៀបចំបណ្តុះបណ្តាលបែបនេះ ដែលរាជរដ្ឋាភិបាលនិងក្រសួងស្ថាប័នពាក់ព័ន្ធបានរៀបចំ។
(២៩) សហគ្រិនរកស៊ីធូរធារក៏សប្បាយចិត្ត ពឹងខ្លួនឯង លែងជាបន្ទុករបស់រដ្ឋាភិបាល និងក្លាយជាអ្នកជួយ
សូម MSMEs ចូលរួម ស្រាវជ្រាវមើល។ ក្រសួងបង្ហោះតាមវេបសាយហើយ។ សូមស្រាវជ្រាវមើលទៅ។ ឥឡូវតាមអនឡាញ ទាញយកផលប្រយោជន៍ពីកម្មវិធីទាំងនេះ។ កម្មវិធីភាគច្រើនយើងផ្តល់ឱ្យដោយមិនគិតលុយ។ កន្លែងខ្លះមិនត្រឹមតែមិនគិតលុយទេ ថែមទាំងបង់លុយឱ្យទៀត ដូចវគ្គបណ្តុះបណ្តាលវិជ្ជាជីវៈ ១លាន ៥សែន នាក់ ក៏មាន MSMEs ដែលអាចទទួលយកបានលើការងារមួយចំនួន។ អ្នកស្វ័យនិយោជន៍ចង់បើកហាងលក់កាហ្វេ ជួនកាលទៅរៀនលក់កាហ្វេនៅក្រសួង។ កម្មវិធីក្រសួងមិនគិតលុយ ហើយបានលុយទៀត។ ហ្នឹងយើងជួយដើម្បីឱ្យគាត់ចេញទៅលាយម្សៅលាយអីត្រូវ។ គាត់រកស៊ី(លក់)ដាច់សប្បាយចិត្ត។ គាត់ពឹងខ្លួនឯង គាត់លែងជាបន្ទុករបស់រដ្ឋាភិបាល ព្រោះគាត់រឹងដៃរឹងជើង។ ផ្ទុយទៅវិញគាត់ក្លាយទៅជាអ្នកជួយ។ ហាងកាហ្វេមួយមិនមែនថៅកែតែម្នាក់ទេ ហោចណាស់ត្រូវមានបុគ្គលិកម្នាក់ជួយដែរ។ អញ្ចឹងគាត់ក៏ជាអ្នកបង្កើតការងារមួយដែរ។ បើហាងកាហ្វេលក់តាមផ្លូវហ្នឹងបាន១០០០ យើងបង្កើត១០០០ កន្លែងផ្សេងទៀត … ការលាយគ្រឿងចំណីអាហារសំខាន់ ត្បិតវាមិនត្រឹមតែ(ជាជំនាញ)ទេ តែពាក់ព័ន្ធសុខភាពប្រជាពលរដ្ឋ …។
[ចប់សេចក្ដីអធិប្បាយ៣]
ទី៧. ពង្រឹងកិច្ចសហការរួម និង ការវាស់វែងលទ្ធផល ដើម្បីធានាប្រសិទ្ធភាពនៃការអនុវត្តគោលនយោបាយ
ជោគជ័យនៃការអនុវត្តគោលនយោបាយ និង កម្មវិធីគាំទ្រ ត្រូវផ្លាស់ប្តូរពីការផ្តោតលើចំនួនសកម្មភាព ទៅលើលទ្ធផលជាក់ស្តែង ដូចជា កំណើនផលិតភាព, ការ-កាត់បន្ថយថ្លៃដើម, ការបង្កើតការងារ, ការពង្រឹងទីផ្សារ, និង ចំនួនសហគ្រាសដែលអាចរីកលូតលាស់ និង ចូលរួមក្នុងខ្សែច្រវាក់ផ្គត់ផ្គង់ តំបន់ និង សកល, ដែលទាមទារឱ្យ ក្រសួងស្ថាប័នពាក់ព័ន្ធ, សមាគមធុរកិច្ច, ដៃគូអភិវឌ្ឍ, និង គ្រឹះស្ថានធនាគារ និង ហិរញ្ញវត្ថុ ត្រូវតម្រង់ទិសយុទ្ធសាស្ត្រឱ្យស្របទៅតាមអាទិភាពនៃ «យុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសហគ្រាសធុនមីក្រូ តូច និង មធ្យម ឆ្នាំ២០២៦-២០៣០» ដោយផ្តោតលើការសម្របសម្រួល, ភាពស៊ីសង្វាក់គ្នា។
សមាគមសហគ្រាសធុនតូច និង មធ្យមកម្ពុជា ក៏ដូចជា សមាគមធុរកិច្ចនានា ពង្រឹងតួនាទីជាស្ពានតភ្ជាប់រាជរដ្ឋាភិបាល និង វិស័យឯកជន តាមរយៈ ការប្រមូលផ្ដុំបញ្ហាប្រឈម, សម្របសម្រួលដោះស្រាយ ការអភិវឌ្ឍសមត្ថភាពសមាជិក។ ចំពោះមុខ, ស្របតាមលទ្ធផល«ពិព័រណ៍ផលិតផលខ្មែរ» លើកទី៤(សម្ដេចលោកមានប្រសាសន៍ទី៦) ដោយផ្តោតលើការវាស់វែងឱកាសទីផ្សារ។
[ចាប់ផ្ដើមសេចក្ដីអធិប្បាយ៤]
(៣០) ចំនួនអ្នកចុះឈ្មោះក្នុងបញ្ជីសេដ្ឋកិច្ចក្រៅប្រពន្ធកើន គឺប្រជាជនកាន់តែដឹង និងអាចជឿទុកចិត្តបាន
នៅក្នុងន័យនេះ ខ្ញុំសូមអរគុណ និងកោតសរសើរចំពោះក្រសួងឧស្សាហកម្ម សិប្បកម្ម បច្ចេកវិទ្យា និងនវានុវត្តន៍ ក៏ដូចជាក្រសួងស្ថាប័នពាក់ព័ន្ធ ដែលបានខិតខំអនុវត្តគោលការណ៍និងវិធានការ និងទិសដៅសកម្មភាពដែលបានដាក់ចេញតាំងពីដើមអាណត្តិមក។ ខ្ញុំចាំថា ពេលដែលយើងទៅប្រកាសកម្មវិធីចុះឈ្មោះ យើងអត់ទាន់មានទេ។ ថ្ងៃនោះ ខ្ញុំជួបប៉ុន្មាននាក់នៅអង្គុយតុចុះឈ្មោះ MSMEs។ តែមកដល់ថ្ងៃនេះ មានរាប់ម៉ឺននាក់។ ពិតណាស់ យើងអាចមានរាប់សែនដែលនៅមិនទាន់ចុះ ប៉ុន្តែពីសូន្យមករាប់ម៉ឺនជាជោគជ័យហើយ។ យើងត្រូវបន្តតទៅទៀត។ ការធ្វើវាមិនមែនមួយថ្ងៃជប់ហើយទាំងអស់ទេ។ យើងមិនអាចធ្វើហើយទាំងអស់ តែក៏មិនអាចថាយើងអត់ធ្វើសោះលើចំណុចនេះទេ។ បើចំនួនអ្នកចុះឈ្មោះកាន់តែកើន បានន័យថាប្រជាជនកាន់តែដឹង កាន់តែអាចផ្តល់ទំនុកចិត្ត បានយើងធ្វើត្រូវ។ ត្រូវបន្តធ្វើការវាយតម្លៃបន្ថែមទៀត។ គ្មានស្អីដែលល្អឥតខ្ចោះទេ។ ដាក់ឱ្យដើរសិន។ បើយើងរវល់តែចាំល្អឥតខ្ចោះ ចាំតែប្រមូលមនុស្សមកចុះទិន្នន័យគ្រប់ទាំងអស់ ឧទាហរណ៍ថា M/SMEs មាន ១សែន ១ម៉ឺន ១ពាន់ ១នាក់។ (បើ)យើងរកទិន្នន័យទាល់តែបាន១ពាន់ ១នាក់ហ្នឹង យើងលែងដើរ។ មិនបាច់ធ្វើទេ។ យកបានប៉ុន្មាន ធ្វើប៉ុណ្ណឹងសិន។ ពេលខ្លះយើងចាំ(ថាទាល់តែ)ល្អឥតខ្ចោះ។ វាទៅអត់រួច។ វាមានការងារខ្លះដែលត្រូវល្អឥតខ្ចោះ ឧ. វះកាត់ខួរក្បាលត្រូវតែល្អឥតខ្ចោះហើយ។ ទាល់តែប្រាកដថាមានឧបករណ៍គ្រប់ចាំវះ។ ហ្នឹងតែមួយខុសមួយត្រូវ។ ប៉ុន្ដែការចុះបញ្ជី ឬមួយការបណ្តុះបណ្តាល ធ្វើបណ្តើរៗទៅ។ កម្មវិធីដំឡើងមកមិនល្អឥតខ្ចោះ ធ្វើសិនទៅ ចាំសួរសិស្សមើលត្រូវឬទេ។
(៣១) ផ្តើមពីអ្វីដែលអាចធ្វើបាន … បើមិនដើរពីជំហានទីមួយ យើងនឹងទៅមិនដល់ដល់ជំហានទីមួយរយ
កែទៅ … ខ្ញុំជឿថា ចំពោះបងប្អូនក៏ដូចគ្នា។ មិនបាច់ចាំថាទាល់តែគុណភាពរបស់យើងផលិតល្អជាងរបស់នាំចូលនោះទេ។ យើងចាប់ផ្តើមពីអ្វីដែលយើងធ្វើបាន ធ្វើសន្សឹមៗនេះហើយ បានជាយើងមានសិប្បកម្មរាប់ពាន់ចុះឈ្មោះក្នុងរយៈពេលប៉ុន្មានខែនេះ។ ក៏បងប្អូនដាក់ចិត្តធ្វើតែម្តង។ មិនល្អដូចគេ តែចាប់ផ្តើមពីយើងម្ចាស់ការពីជាមួយជំហាន ទៅថ្ងៃក្រោយយើងនឹងល្អដូចគេ ហើយល្អលើសគេទៀត។ បើរង់ចាំល្អឥតខ្ចោះទាល់ល្អលើសគេបានធ្វើ ដាំចេក។ បើយើងមិនធ្វើ មិនដើរពីជំហានទីមួយ កុំថាយើងទៅដល់ជំហានទីមួយរយ។ អញ្ចឹងខ្ញុំសូមលើកទឹកចិត្ត រដ្ឋនៅជាមួយយើង ដើរខុស ដើរត្រូវ កុំខ្លាច ធ្វើស្អីក៏គ្មានជោគជ័យដែលល្អ(ជាងការចាប់ផ្ដើមធ្វើ)ទៀតទេ ជាពិសេស Business។ បើយើងមិនហ៊ាន យើងនៅតែអង្គុយមើលទៅ។ ប៉ុន្ដែ បើយើងហ៊ាន វាមានមួយចានទឹកមួយចានគោក។ បើយើងហ៊ាន មួយចានគោកសុទ្ធហ្នឹង យើងយកទៅច្នៃជាអីទៀតបាន មីគោកក៏គេច្នៃបានដែរ …។ ឥឡូវមើល មីគេធ្វើមកតាមស្តង់ដា។ គេត្រូវដាក់ទឹកក្តៅប៉ុន្មាននាទីឱ្យឆ្អិន។ បើមានមីកញ្ចប់ កាលខ្ញុំនៅទាហានចុះបេសកកម្មតែញយហ្នឹង។ មានទឹកក្តៅមកពីណា(នៅ)ក្នុងឡាន លេងតែមីឆៅហ្នឹងឯង។ តែហោចណាស់ យើងមានមីក្នុងដៃ។ វាមិនល្អឥតខ្ចោះ មិនបាន(ស្រុះ)ទឹកក្តៅ តែវាបានឆ្អែតខ្លះដែរ។ ទៅថ្ងៃក្រោយពេលយើងមានទឹកក្តៅ យើងធ្វើវាទៅ។ ដូចគ្នា ផលិតផលក្នុងស្រុកចាប់ផ្តើមអនុវត្ត ធ្វើដើម្បីកុំខ្លាច ចង់មិនចង់ដើរមួយជំហានទៅ។ បើវាបរាជ័យក៏ជាបទពិសោធ ដើរតទៅទៀត ច្នៃតទៅទៀត ដើម្បីជោគជ័យ។
(៣២) អរគុណសហគ្រិន/អ្នកវិនិយោគក្នុងស្រុកហ៊ានចាប់ឱកាស ត្បិតបើត្រឹមនិយាយនិងគិត ទៅអត់រួចទេ
ខ្ញុំសូមអរគុណចំពោះសហគ្រិន អ្នកវិនិយោគក្នុងស្រុក M/SMEs ដែលហ៊ានចាប់យកឱកាស។ ត្រឹមតែនិយាយ និងគិតវាអត់ទៅរួចទេ បើយើងមិនធ្វើសកម្មភាព ដែលមានរាប់ពាន់ផលិតផលចុះឈ្មោះ ហើយកាន់តែកើននេះ។ បានន័យថា សហគ្រាសរបស់យើងបានធ្វើសកម្មភាព មិនត្រឹមតែគិតនោះទេ។ នេះហើយគឺជាអ្វីដែលយើងចង់បាន។ ឱ្យរដ្ឋបន្តជួយ ហើយសូមបន្តទៅទៀត។ ឆ្មាត្រូវទឹកក្តៅក៏វានៅតែជាឆ្មាដែរ។ ដើរទៅមុខនៅតែទៅ។ កុំខ្លាច។ នៅក្នុងក្បួន កាលខ្ញុំរៀននៅអាមេរិក ឧ. ឧទ្ធម្ភាគចក្រទាហានកំពុងតែសមយុទ្ធធ្លាក់ គេអត់ឱ្យនៅយូរទេ។ ប្រសិនជាអ្នកហ្នឹងអត់របួសត្រូវឱ្យឡើងកន្ទុំរុយថ្មី ក្នុងរយៈពេលណាមួយ តែអត់ឱ្យ(បន្តសកម្មភាព) គឺ(ចាញ់)ច្រាបមួយជីវិត។ ហ្នឹងជាចិត្តសាស្ត្រ។ ស្រដៀងគ្នាជាមួយនឹង Business (ឬ)ជាមួយនឹងការងារទាំងអស់។ បើយើងប៉ះទៅ ប៉ុន្ដែបើយើងមិនគិត យើងមិនធ្វើ យើងអត់ដឹងទេ។ គំនិតមួយគគោក។ ខ្ញុំជឿថាបងប្អូនម្នាក់ៗ មិនស្រួលតាំងពីព្រឹកមកដល់ពេលនេះមានគំនិតចង់ដប់។ គេងយល់សប្តិឃើញផលិតស្អីអញ្ចឹងទៅ។ ដល់ងូតទឹក ឃើញអីផ្សេងអញ្ចឹងទៅ។ ជិះឡានមកឃើញអីផ្សេង។ មកដល់សម្រេចយកមួយ។ ផ្សេងទៀតទុកចោល ធ្វើអាមួយហ្នឹង។
(៣៣) ផលិតផលតម្បាញទាក់ទងជាមួយការអភិវឌ្ឍនិងអភិរក្សវប្បធម៌ ព្រមទាំងអត្តសញ្ញាណជាតិ
ទាក់ទងផលិតផលនេះ ខ្ញុំសុំនិយាយបន្តិច។ ផលិតផលមួយនេះ ដែលខុសពីផលិតផលប្រើប្រាស់ ឬហូបចុកនិងដែលយើងចង់លើក(ក្នុងពេលនេះ)គឺផលិតផលខ្មែរដែលទាក់ទងជាមួយសិល្បៈវប្បធម៌ជាតិ។ ហ្នឹងគឺជាផលិតផលដែលពាក់ព័ន្ធអត្តសញ្ញាណរបស់យើង។ យើងត្រូវរួមគ្នាធ្វើដែរ។ ថ្ងៃនេះយើងផ្តោតខ្លាំងទៅលើការផលិតអីផ្សេងៗ ប៉ុន្ដែនេះក៏ជាការផលិត មិនមែនរឿង(តែ)ក្រសួងវប្បធម៌ទេ។ ការស្រាវជ្រាវទម្រង់សិល្បៈ ស្បៃ ហូល ផាមួង ដែលត្រូវទម្រង់ជារឿងក្រសួងវប្បធម៌។ ប៉ុន្តែ បង្វែរវាទៅជាធុរកិច្ចគឺជាកិច្ចការ(ពាក់ព័ន្ធនឹងអ្នកផលិតនិងលក់ដូរ)។ ទាំងអស់ហ្នឹងយកមកអោយផ្នួង យកមកតម្បាញជាហូលលក់ យកមកចាក់ស្បៃលក់ នេះគឺជាផលិតផលមួយដែលសំខាន់។ ផលិតផលនេះ ទាក់ទងជាមួយការអភិវឌ្ឍនិងអភិរក្ស។ វាទាក់ទងនឹងអត្តសញ្ញាណរបស់យើង។ យើងមិនចង់(អោយមានករណី)ថា ស្ត្រីម្នាក់ជំនាន់នេះ ឬក្មេងជំនាន់ក្រោយទៅផ្សារមិនដឹងថាមួយណាជារបស់ខ្មែរ មួយណារបស់គេ។ គ្រោះថ្នាក់។ ឥឡូវ កំពុងតែមានបញ្ហាដែរ។ ប្រទេសជាច្រើនមិនមែនតែក្នុងតំបន់ សូម្បីតែប្រទេសនៅក្រៅតំបន់ក៏មានការរសើបអំពីរឿងអត្តសញ្ញាណជាតិ។ អញ្ចឹង ជាការចាំបាច់ត្រូវកូនខ្មែរ អ្នកប្រើប្រាស់យល់ថាស្អីជារបស់ខ្មែរឱ្យច្បាស់។ អ្នកតម្បាញត្រូវយល់ឱ្យច្បាស់ថា បែបម៉េចដែលជាហូលរបស់ខ្មែរ។ គោមបែបណាជារបស់គេ។ គោមបែបណាជារបស់ខ្មែរ។ បើស្លៀកស៊ឹងៗ ណាជារបស់ឡាវ ណាជារបស់ខ្មែរខេត្តស្ទឹងត្រែង។ ស្លៀកយ៉ាងម៉េច ស្បៃពាក់យ៉ាងម៉េចជារបស់គេ ពាក់យ៉ាងម៉េចជារបស់ខ្មែរ។ សក់បួងយ៉ាងម៉េចជាមួយខោអាវហ្នឹងជារបស់ខ្មែរ សក់បួងយ៉ាងម៉េចជារបស់គេ។ ខុសគ្នាតិចៗទេ ព្រោះវប្បធម៌ស្រដៀងគ្នា។
(៣៤) ស្គាល់អត្តសញ្ញាណផលិតផលសិល្បៈវប្បធម៌ខ្មែរ គឺចូលរួមអភិវឌ្ឍនិងអភិរក្ស
ការផលិតនូវផលិតផលទាំងនេះសំខាន់។ ខ្ញុំបានផ្តល់គោលការណ៍ និងឃើញហើយក្នុងពេលមួយរយៈនេះមានបញ្ហាមួយចំនួន។ ថ្ងៃមុន ការរៀបចំកម្មវិធី Miss Universe នោះ រូបថតតែមួយសន្លឹកគត់ច្រឡំធ្វើឱ្យវាមានបញ្ហា … អ្វីដែលរឿងតូចៗ វាបង្ហាញនូវភាពចាំបាច់ដែលកូនខ្មែរត្រូវតែស្គាល់អត្តសញ្ញាណ និងស្គាល់ផលិតផលដែលជាផលិតផលសិល្បៈវប្បធម៌របស់ខ្មែរឱ្យបានច្បាស់ ដើម្បីចូលរួមអភិវឌ្ឍនិងអភិរក្ស គឺអភិរក្សនិងការអភិវឌ្ឍទៅខាងមុខ។ បើយើងត្រូវច្នៃក៏ត្រូវច្នៃឱ្យចំដែរ។ ឧ. យើងអភិរក្សតែក្រណាត់ ដូចជាទម្រង់ហូលឱ្យដឹងថាហ្នឹងជារបស់យើង ព្រោះបន្ដិចទៀតប្រទេសថៃគាត់នឹងចុះឈុតថៃ។ ស្បៃយើងនឹងចុះសម្លៀកបំពាក់អាពាហ៍ពិពាហ៍របស់យើង កុំឱ្យពាក់ទៅ “(ស្រាប់តែ)គេចូលមកអរគុណខ្មែរ ដែលបានគាំទ្រ”។ រឿងនេះយើងគិតថាតូច តែក្នុងដំណាក់កាលនេះវាធំ ព្រោះវាទាក់ទងអត្តសញ្ញាណ។ ថ្ងៃមុនឃើញអ្នកទៅដើរព្រំក្រហមនៅខាងក្រៅ ប្អូនម្នាក់ខ្ញុំអត់ស្គាល់ឈ្មោះទេ។ គាត់យកខោអាវជាអ្នកតែងទៅកាត់ជាខោអាវ modern តែក្រណាត់របស់ខ្មែរ (ជា)អត្តសញ្ញាណរបស់យើង។ ថ្ងៃមុនឃើញ LV គេមកយករូបនៅអង្គររបស់យើងទៅធ្វើជាផ្កាចន្ទន៍អីមួយ(ជា)របស់យើង ជាមោទនភាពរបស់យើងណាស់។ ឃើញបងប្អូនរបស់យើងធ្វើកម្មវិធីពិព័រណ៍នៅខាងក្រៅ ចូលកម្មវិធីប្រកួតប្រជែងនៅខាងក្នុងប្រទេស ក៏រៀបចំនៅក្នុងការបង្ហាញវប្បធម៌ ចូលទៅប្រកួតកម្មវិធីក្រៅប្រទេស ដូចថ្ងៃមុននៅកម្មវិធីប្រកួតបវរកញ្ញា Miss Icon Teen ក្មួយស្រីល្អហួស។ ឥឡូវនេះប្អូនស្រីម្នាក់នៅខាងក្រៅឈ្មោះ សុគា គឹមលាង កំពុងតែប្រកួតនៅជប៉ុន។
(៣៥) ខ្មែរជា BA វប្បធម៌និងសិល្បៈរបស់ខ្មែរ … ស្រាវជ្រាវអំពីសិល្បៈវប្បធម៌អោយបានច្បាស់លាស់
អ្វីដែលគាត់ជ្រើសរើស(គឺចង់)បង្ហាញអំពីអត្តសញ្ញាណខ្មែរ។ ទឹកចិត្តមាន ក្រុមការងារគាត់មាន ប៉ុន្តែសំខាន់ត្រូវណែនាំ ត្រូវជួយគាត់ឱ្យច្បាស់រៀបឱ្យត្រូវ កុំស្លៀក/ពាក់ច្រឡំ។ កុំយករបស់គេមកប្រើ។ យើងមិនមែន BA ឱ្យអ្នកណាទេ។ ខ្មែរត្រូវតែជា BA ឱ្យវប្បធម៌ និងសិល្បៈរបស់ខ្មែរ។ យើងត្រូវរួមគ្នាគាំទ្រទៅលើនេះ។ ចំណុចនេះ ខ្ញុំសូមលើកបីចំណុចដែលខ្ញុំធ្លាប់និយាយ។ ការការពារអភិរក្ស។ ទី១ ការកសាងត្រូវស្រាវជ្រាវឱ្យបានច្បាស់។ ក្រុមការងារក្រសួងវប្បធម៌បានធ្វើការស្រាវជ្រាវរួចហើយ។ ស្រាវជ្រាវវាមានសិល្បៈវប្បធម៌របស់យើង សូម្បីតែដូរតន្ត្រីរបស់យើងក៏ត្រូវផ្សព្វផ្សាយ។ ខោអាវ សម្លៀកបំពាក់ ហូល ផាមួងស្បៃអីផ្សេងៗ ត្រូវស្រាវជ្រាវឱ្យច្បាស់។ ក្បាច់គុនកន្លងទៅយើងស្រាវជ្រាវទាំងក្បាច់គុនមកទៀត យើងចុះទាំងក្នុងបញ្ជីសម្បត្តិវប្បធម៌អរូបី។ (អ្វី)ទាំងអស់ឱ្យជារបស់ដូនតារបស់យើង សូម្បីតែស្លឹករឹតស្អីៗហ្នឹង ត្រូវតែគិតគូរនៅក្នុងការពារស្រាវជ្រាវចងក្រងឱ្យគ្រប់។
(៣៦) រៀបចំឯកសារណែនាំអំពីសិល្បៈវប្បធម៌ខ្មែរ ហើយរៀបចំបណ្តុះបណ្តាលនិងផ្សព្វផ្សាយ
ទី២ គឺការផ្សព្វផ្សាយនិងឯកសារណែនាំ។ ខ្ញុំបានជម្រាបទៅលោកជំទាវ ភឿង សកុណា ហើយខ្ញុំបង្កើតឱ្យឯកឧត្តម នេត្រ ភក្ត្រា ដឹកនាំជាមួយលោកជំទាវ ភឿង សកុណា ឯកឧត្តម ហួត ហាក់ លោកជំទាវ អ៊ឹង កន្ថាផាវី ខាងស្ត្រី ព្រោះហ្នឹងទាំងស្ត្រីទាំងបុរស បូកជាមួយនឹងព្រឹកមិញនិយាយជាមួយឯកឧត្តម ហង់ជួន ណារ៉ុន ដែរឱ្យក្រសួងអប់រំផង។ រួមគ្នារឿងស្រាវជ្រាវ។ ត្រូវផ្សព្វផ្សាយតាមកម្មវិធីនានា ដូចជាវគ្គបណ្តុះបណ្តាលផ្នួង បណ្តុះបណ្តាលឱ្យគាត់ឆ្លងកាត់កន្លែងណាដោយហ្វ្រី … យើងមិនយកលុយយកអីគាត់ទេ តែឱ្យគាត់ចេះ។ ត្រូវមានឯកសារមួយចំនួនឱ្យគាត់។ ឧ. ស្បៃពាក់តែ ៧ប្រភេទ។ ខ្ញុំសួរលោកជំទាវ សកុណា ស្បៃខ្មែរប្រភេទពាក់មានតែ ៧ ទម្រង់ទេ។ ដូច្នឹងឱ្យគាត់ ៧ទម្រង់ រឿងអីយើងមិនធ្វើឯកសារឱ្យគាត់ដឹង។ ផ្នួង ជួនកាលគាត់ចង់(ពាក់) បើមិនដឹងរបស់ស្អី មិនដឹងពាក់យ៉ាងម៉េច ស្រាវជ្រាវតាម Google។ ស្រាវជ្រាវតាម Google មិនច្បាស់ទៀត យកតាមខុសទៀត។ ឱ្យគាត់នៅខេត្តមកសួរក្រសួង ទៅរកមន្ត្រីគាត់ម៉េចចូល គាត់មិនដឹងចូលតាមណា? ត្រូវរៀបចំ(ឯកសារ)ហ្នឹងឲ្យគាត់ ហើយរៀបចំបណ្តុះបណ្តាល និងផ្សព្វផ្សាយ។
(៣៧) រៀបចំសៀវភៅណែនាំអំពីភ្លេងខ្មែរ ប្រើប្រាស់ម៉ោងសិក្សាសីលធម៌ ដើម្បីក្មេងៗ បានយល់ដឹង
ខ្ញុំបានជជែកជាមួយឯកឧត្តម ហង់ជួន ណារ៉ុន។ ឥឡូវយើងចងក្រង។ នៅក្នុងកម្មវិធីអប់រំមានម៉ោងខ្លះនិយាយពីសីលធម៌។ យើងមិនបាច់បង្កើតម៉ោងថ្មីទេ។ ក្នុងមេរៀនហ្នឹងយើងគ្រាន់តែឱ្យក្មេងៗ យល់ដឹង ថាឧបករណ៍ភ្លេងយើងមានស្អីខ្លះ។ ឥឡូវ ប៉ុន្មាននាក់នៅអង្គុយនេះស្គាល់ឧបករណ៍ភ្លេងខ្មែរអស់? (អញ្ចឹងយើង)រឿងហ្នឹងទៅ។ មានមួយម៉ោងពីរម៉ោងឱ្យក្មេងយល់ថាហ្នឹងគេហៅរនាត ស្អីៗអញ្ចឹងទៅ។ ប្រើប្រាស់ហើយ(បន្ថែម) ប្រវត្តិតិចៗ ជាមួយហ្នឹង ឱ្យក្មេងៗ(បានដឹង) … សម្លៀកបំពាក់ស្បៃខ្មែរយ៉ាងម៉េច ស្អីខ្លះដែលជារបស់យើង ស្អីខ្លះដែលប្រយ័ត្ន(ច្រឡំ)ជាមួយប្រទេសជិត។ ហ្នឹងជាចំណេះដឹងទូទៅ។ កាលខ្ញុំរៀនមានថ្នាក់ដល់ដេរប៉ាក់ ខ្ញុំចេះប៉ាក់ដែរ។ កាលពីខ្ញុំរៀនថ្នាក់ទី៦ ទី៧ ប្រុសៗគេឱ្យរៀនរោងជាង … កាលខ្ញុំរៀននៅសាលាចតុមុខ ប្រុសៗក៏ប៉ាក់ដែរ។ ខ្ញុំប៉ាក់ផ្កាកុលាបស្អាតណាស់។ អ្វីដែលខ្ញុំនិយាយគឺថា ក្រៅពីម៉ោងរៀនភូមិវិទ្យា វាមានម៉ោងខ្លះដែលត្រូវយល់ដឹងបន្ថែម។ អញ្ចឹងដាក់នៅក្នុងម៉ោងសីលធម៌/វប្បធម៌មួយចំនួន ថែមរឿងហ្នឹងចូល។ វាត្រូវឱ្យខ្មែរគ្រប់រូបយល់ដឹង មិនមែនតែផ្នួងទេ។ គាត់(ផ្នួង)ចាំយល់លម្អិត។ កូនខ្មែរជាទូទៅ គ្រាន់តែដឹងថាស្អីខ្លះ។ ដូនតារបស់យើង។ ឃើញតែគេមានក្បាច់គុនមួយថៃ។ ចុះខ្មែរយើងមានល្បុក្កតោ មានខ្លាក្រាប ស្រងែពេនជាដើម ឱ្យគាត់ដឹងខ្លះទៅ។ យើងរៀនភូមិសាស្ត្រ រៀនប្រវត្តិសាស្ត្ររបស់ប្រទេសគេ។ យើង(ត្រូវ)ដាក់ចំណេះដឹងក្នុងស្រុក(អោយរៀន)ផង។ នេះគឺជាការផ្សព្វផ្សាយ។ ខ្ញុំឱ្យក្រសួងរៀបចំជា SOP ជាសៀវភៅណែនាំ បង្ហោះតាម Facebook ដើម្បីឱ្យផ្នួងរៀបចំ(តាម)។
(៣៨) រៀបចំសារមន្ទីរតាំងបង្ហាញខោអាវអាពាហ៍ពិពាហ៍ខ្មែរ បន្ទាប់ពីការចុះបញ្ជីសម្បត្តិវប្បធម៌បេតិកភណ្ឌអរូបី នៅថ្ងៃ ២ធ្នូ២០២៦ នៅ Xiamen ប្រទេសចិន
ទី៣ (ខ្ញុំ)កំពុងឱ្យរៀបចំជាសារមន្ទីរ។ បន្ដិចទៀត ពេលខោអាវអាពាហ៍ពិពាហ៍ចុះសម្បត្តិវប្បធម៌បេតិកភណ្ឌអរូបីនៅថ្ងៃ២ ធ្នូ ដូចនៅសៀមិន(Xiamen)នេះ យើងត្រូវទៅ។ ថ្ងៃមុន យើងយកមកបង្ហាញនៅ Francophonie តូបហ្នឹងគឺមនុស្សចូលមើលច្រើន។ ខ្មែរយើងក៏ចូលទៅមើល។ ប៉ុន្ដែដល់ចប់ Francophonie យើងបិទ។ ឥឡូវរៀបចំឱ្យមើលនៅអតីតសាលារចនាក្រោយសារមន្ទីរមានអគារស្រាប់។ ជួសជុលកន្លែងហ្នឹង (ហើយ)រៀបចំជាសារមន្ទីរមួយដែលសារមន្ទីរសម្បត្តិវប្បធម៌ បេតិកភណ្ឌជាតិ ក៏ដូចជាសម្បត្តិវប្បធម៌របស់ខ្មែរដែលរួមមានទាំងឧបករណ៍ភ្លេង មានទាំងសម្លៀកបំពាក់អាពាហ៍ពិពាហ៍ ស្បៃអីយកទៅដាក់តាំងនៅហ្នឹង។ ថ្ងៃក្រោយភ្ញៀវចូលទៅមើលទាំងរូបចម្លាក់នៅខាងមុខ ថែមមកមើលទាំង(សំលៀកបំពាក់)ប្រពៃណីវប្បធម៌របស់យើង។ សិស្សសាលា Field trip(សាលា) នាំទៅមើលទៅ។ អត់មានអីខាតទេ។ វាអត់ដូចកង់ឡានទេ។ ផលិតអីក៏វាអត់បាត់អត្តសញ្ញាណខ្មែរដែរព្រោះកង់ឡានវាដូចតែគ្នាទេ។ វាគ្មានកង់ឡានខ្មែរវ៉ៃត្រាអី វ៉ៃត្រាអាចផលិតបាន ប៉ុន្តែវាអត់មានរចនាបថអង្គរទេ។ ខោអាវ ហូល ផាមួង ស្លៀកពាក់ពេលខ្មែរការ កន្លងទៅមានបញ្ហាខ្លះ។ ឥឡូវចំណុចទី៣ ការប្រើប្រាស់កម្មវិធីផ្សេងៗ ជាតិនិងអន្តរជាតិ ខ្ញុំបាននិយាយហើយពេល Francophonie សូមអរគុណដល់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ខាងសមាគមសិល្បៈ ខាងសមាគមបវរកញ្ញាកម្ពុជា ខាងសាលាសិល្បៈដែលបានមកពាក់ស្បៃ ចងក្បិន ឡកឆៃយ៉ាំ។ ខ្ញុំមើលនៅខាងក្រៅនោះ ទេវតាជួយដែរ ខ្ញុំបារម្ភខ្លាចតែភ្លៀងខ្លាំង តែមេឃខ្លៅ ក្តៅអាណិតអ្នករាំឆៃយ៉ាំបាតជើងទទេវិញ …។
(៣៩) “អភិរក្សហើយអភិវឌ្ឍ” ច្នៃឱ្យមានលំនាំសហសម័យ តែក៏ត្រូវតែ “អភិវឌ្ឍក្នុងទម្រង់ខ្មែរ”
ទីពីរ ការលក់ដូរ។ ឥឡូវស្រាវជ្រាវផ្សព្វផ្សាយឱ្យដឹង។ ការលក់ដូរ ការត្បាញ ត្រូវធ្វើឱ្យត្រូវ។ ឃើញមានការចាប់អារម្មណ៍ក្នុងការចាក់ស្បៃ។ ខ្ញុំឱ្យក្រសួងវប្បធម៌មើលឱ្យច្បាស់ ប្រយ័ត្នច្រឡំទៅយករចនាបថរបស់គេយកមកចាក់ ព្រោះរចនាបថរបស់គេដាក់ចូលនៅក្នុងបញ្ជី UNESCO។ ប្រយ័ត្នរបស់យើងអត់ច្បាស់ ទៅចាក់របស់គេ។ របស់ខ្លួនឯងភ្លេចអត់ដឹង។ ពេលខ្លះស្រាវជ្រាវ Google ទៅឃើញរបស់គេច្រើនជាង។ ត្រូវតែយករបស់យើងមកឱ្យច្បាស់លាស់។ ធ្វើហើយយើងអភិរក្ស ហើយអភិវឌ្ឍវា។ យកទៅច្នៃ យកទៅអីទៅ ប៉ុន្តែមានលំនាំ ដូចរបាំបុរាណ ហើយទៅសហសម័យ។ សហសម័យបានន័យថាអភិវឌ្ឍប៉ុន្តែអភិវឌ្ឍក្នុងទម្រង់ខ្មែរ ទោះបីជារាំបាឡេក៏ដោយ ការស្លៀកពាក់អីវាត្រូវតែក្នុងទម្រង់ខ្មែរ។ រឿងរបស់ខ្មែររឿងអីចឹង។ យើងមិនហាមឃាត់ទេ ប៉ុន្តែទម្រង់ដើមត្រូវតែច្បាស់។ ទាល់តែយើងច្បាស់ បានយើងអាចច្នៃទៅវាមិនខុស។ ដូចចុងភៅអញ្ចឹង។ ទាល់តែគាត់ច្បាស់ ទើបបានគាត់អាចច្នៃម្ហូបអីក៏នៅតែជាម្ហូបខ្មែរ។ បារម្ភជាងគេខ្លាចច្នៃអត់ច្បាស់ ទៅកូពីរបស់គេយកមកថារបស់ខ្មែរ ហើយច្នៃលើរបស់ហ្នឹង។ ខុស។
(៤០) ជាតិនិយមមិននិយាយតែរឿងព្រំដែនទេ តែទាំងវប្បធម៌សិល្បៈ … ព្រោះត្រូវការពារអត្តសញ្ញាណជាតិ
ខ្ញុំសូមឱ្យយកឱកាសនេះ ធ្វើកិច្ចការរៀបចំលើចំណុចនេះ និងជំរុញការដាក់ផ្សព្វផ្សាយឱ្យបានច្រើន (រួមទាំង) មន្ទីរវប្បធម៌នៅតាមខេត្ត។ រឿងនេះមិនមែនជារឿងសាមញ្ញទេ។ យើងឃើញហើយ ម្តងម្កាលប្រទេសយើងជាមួយថៃ ប្រទេសថៃជាមួយភូមា ប្រទេសឡាវ គ្រាន់តែថ្ងៃមុន ម្ហូបនេះហ្នឹងក៏អាចបង្កើត(អរិភាព)រវាងប្រជាជនមួយជាមួយប្រជាជនមួយ។ ម្ហូបមួយដែលថារបស់ប្រជាជនមួយនេះ វាស្រដៀងគ្នា(ទៅប្រទេសមួយទៀត)។ ឡាប ឬមួយអីចឹងទៅ។ ត្រូវការពារ។ អ្វីដែលសំខាន់គឺរឿងនេះមិនមែនរឿងតូច រឿងជាតិនិយម បើយើងមើលរឿងម្ហូប រឿងខោអាវហ្នឹងអត់សំខាន់អត់ទេរឿងជាតិនិយម។ ជាតិនិយមមិនមែននិយាយរឿងតែព្រំដែនទេ ជាតិនិយមនិយាយទាំងអស់ រួមទាំងវប្បធម៌ សិល្បៈ។ យើងត្រូវតែការពារជាតិរបស់យើង អត្តសញ្ញាណជាតិរបស់យើងឱ្យបាន តាមរយៈការស្រាវជ្រាវឱ្យបានច្បាស់លាស់ ការផ្សព្វផ្សាយ បណ្តុះបណ្តាល ជាពិសេសការយកទៅអនុវត្តបានច្បាស់លាស់ត្រឹមត្រូវ ជាពិសេសតាមការចេញជាធុរកិច្ច ជា M/SMEs ឬមួយតាមការធ្វើផ្នួងក្តី ពិធីការក្តី ប្រើប្រាស់ឱ្យបានត្រឹមត្រូវ។ នេះគឺជាការចូលរួមសំខាន់។ កុំឱ្យដល់ ២០ឆ្នាំក្រោយអត់ដឹងអីជាអី។ បើមិនដឹងរបស់គេរបស់យើងគឺជាបញ្ហា។ បើយើងបាត់អត្តសញ្ញាណ បញ្ហាហើយ។ ទាមទារត្រូវមានមូលដ្ឋាន។
(៤១) “ការគាំទ្រផលិតផលខ្មែរក៏ទាក់ទងនឹងសម្លៀកបំពាក់/សិល្បៈវប្បធម៌គ្រប់ទម្រង់ ដែលត្រូវស្រាវជ្រាវនិងអភិរក្ស ហើយអភិវឌ្ឍផ្អែកលើមូលដ្ឋាននៃការអភិរក្សនោះ …”
ខ្ញុំចង់និយាយនេះក៏ពាក់ព័ន្ធរឿង M/SMEs និងផលិតផលខ្មែរដែរ។ បើយើងនិយាយពីរឿងគាំទ្រផលិតផលខ្មែរ មិនមែនតែគ្រឿងហូប កង់ឡាន ប្រេងម៉ាស៊ីន គ្រឿងប្រើប្រាស់នៅផ្ទះនោះទេ ប៉ុន្តែវាទាក់ទងទៅនឹងសម្លៀកបំពាក់ សិល្បៈ វប្បធម៌របស់យើង គ្រប់ទម្រង់ទាំងអស់ត្រូវស្រាវជ្រាវនិងអភិរក្ស ហើយអភិវឌ្ឍផ្អែកទៅលើមូលដ្ឋាននៃការអភិរក្សនេះឯង។ ឱ្យច្បាស់លាស់ថាហ្នឹងជារបស់ខ្មែរ។ បើកូនខ្មែរអត់ដឹងច្បាស់ថាហ្នឹងជារបស់ខ្លួនឯងផងកុំនិយាយពីរឿងការពារ។ ចង់ការពារបានទាល់តែដឹងគោលដៅឱ្យបានច្បាស់។ ទាល់តែដឹងថាអ្វីដែលត្រូវការពារ ទាល់តែយល់ច្បាស់ពីខ្លួនឯង។ Business មួយៗចង់រកស៊ីចំណេញ ទាល់តែដឹងថា Business យើងធ្វើអី្វ។ កុំសួរផលិតអី។ បើថាផលិតគ្រប់មុខ ចប់បាត់ហើយ។ បើថាផលិតកង់ឡាន ដឹងថាកង់ឡាន … បើថាផលិតទឹកត្រី មិនមែនថាផលិតគ្រឿងទេសគ្រប់មុខទេ … ច្បាមប៉ុន្មាន ឱ្យច្បាស់ ការពារហើយពង្រឹង …។ ទាក់ទងទៅនឹងការគាំទ្រផលិតផលខ្មែរ ខ្ញុំសូមចំណាប់អារម្មណ៍រឿងហ្នឹងមួយដែលទាក់ទងនឹងអត្តសញ្ញាណរបស់យើងនិងការពង្រឹង(ការយល់ដឹងនិងការពារ)សម្រាប់ទៅថ្ងៃអនាគត។ ខ្ញុំសូមអំពាវនាវឱ្យប្រជាពលរដ្ឋពិសេសយុវជនរបស់យើងជួយផ្សព្វផ្សាយ។ ខ្ញុំឃើញបងប្អូន ជាពិសេសយុវជនរបស់យើងចាប់ផ្តើមស្វែងយល់ពីអត្តសញ្ញាណជាតិ។ ខ្ញុំមិននិយាយ ខ្ញុំមិនអួត មិនបង្អាប់ជំនាន់ខ្ញុំទេ។ យើងដឹងហើយជំនាន់ខ្ញុំ។ កាលនៅក្មេងអាយុ ២០ឆ្នាំ កាលពី ៣០ឆ្នាំមុន និយាយអញ្ចឹងដូចវែងដែរ តាំងពី ៣ទសវត្សរ៍មុន កាលពី ១៨, ១៦, ១៧ឆ្នាំ អត់សូវមានការចាប់អារម្មណ៍លើរឿងសម្លៀកបំពាក់បុរាណទេ។ ពេលហ្នឹង យើងគិតតែពីរៀន។
(៤២) “ក្មួយៗជំនាន់នេះ ចាប់អារម្មណ៍លើរឿងជាតិនិយមច្រើនជាងជំនាន់មុន …”
តែក្មួយៗជំនាន់នេះ ដោយសាររឿងជាតិនិយម គាត់ចាប់អារម្មណ៍ច្រើនជាងយើង។ នេះគឺជាសន្ទុះ។ ការដែលគួរឱ្យខ្លាចជាងគេ គឺជំនាន់ក្រោយលែងចាប់អារម្មណ៍ពីអត្តសញ្ញាណ ចេះតែក្លែងទៅយក Hollywood យកអីមក។ ផ្ទុយទៅវិញ យើងឃើញជំនាន់ក្រោយរបស់យើងកាន់តែចាប់អារម្មណ៍ កាន់តែលើកស្ទួយ។ សូម្បីតែខ្មែរយើងនៅក្រៅប្រទេស ក្មួយៗនៅក្រៅស្លៀកពាក់រាំរបាំកាន់តែកើន។ ខ្ញុំចេញទៅក្រៅ ឃើញថាសុខចិត្តយកវត្តរៀន/បង្រៀនរបាំខ្មែរនិងដល់កូនបរទេសទៀត។ នេះគឺជាការអភិរក្ស។ សូមអរគុណប្រជាជនខ្មែរយើងទាំងក្នុងនិងក្រៅប្រទេស។ សូម្បីតែពេល Francophonie មានកូនខ្មែរសុខចិត្តជិះយន្តហោះមកពីក្រៅប្រទេស មកពីបារាំងពាក់ស្បៃខ្មែរ។ គាត់ថានេះជាមោទនភាពរបស់កម្ពុជា។ បានន័យថាអ្នកមានកូននៅក្រៅប្រទេសអាចដឹង។ កូនខ្លះ មានសញ្ជាតិ២ ដែលគេលែងគិតថាជាជនជាតិដើម គេលែងបារម្ភហើយ។ គេគិតថាគេជាអាមេរិកាំង ជាបារាំង គេលែង Care។ ប៉ុន្តែ យើងឃើញថា ក្មេងៗឥឡូវ ក្នុងរយៈពេលប៉ុន្មាននេះចេះចាប់អារម្មណ៍។ ប្រទេសអភិវឌ្ឍមួយចំនួនបាត់អត្តសញ្ញាណដោយសាររឿងហ្នឹង។ ប្រទេសអភិវឌ្ឍនៅអាស៊ីមួយចំនួនលែងអនុវត្តនូវគោលការណ៍ហើយ។ ខ្ញុំសួរពួកម៉ាកខ្ញុំ តែខ្ញុំមិននិយាយថាប្រទេសណាទេ (គ្រាន់តែថាជា)ប្រទេសអភិវឌ្ឍនៅអាស៊ី ប្រទេសមហាអំណាចមួយ គាត់ថា “ជនជាតិគាត់ ក្មេងៗឥឡូវដូចសត្វដែលអត់មានអត្តសញ្ញាណច្បាស់លាស់ … ជាមនុស្សដែលអត់មានអត្តសញ្ញាណ។ ខ្លួនឯងគិតថាខ្លួនឯងជាអាមេរិកាំង Hollywood ស្លៀកពាក់អីដូចអាមេរិកាំងទាំងអស់ តែខ្លួនឯងភ្លេចមើលខ្លួនឯងថាខ្លួនឯងអាស៊ី។ ចូលទៅនោះក៏មិនចុះ នៅនេះក៏មិនចុះ”។ នេះគឺជាកិច្ចការសំខាន់ដែលត្រូវការពារ។ យើងមិនអាចហាមក្មេងៗ មិនឱ្យអភិវឌ្ឍទេ ប៉ុន្តែវាមានព្រំដែន …។
(៤៣) “គ្មានរបស់ណាដែលត្រូវសន្សំលុយដើម្បីស្លៀកពាក់ស្មើនឹងតម្លៃសិល្បៈវប្បធម៌ជាតិដែលត្រូវអភិរក្ស …”
អញ្ចឹង វាជាភារកិច្ចរបស់យើងទាំងអស់គ្នា ទី១ គឺរដ្ឋាភិបាល តាមរយៈការស្រាវជ្រាវអីហ្នឹង ទី២ អ្នកផលិត និង ទី៣ គឺខ្លួនយើង ឪពុកម្តាយហ្នឹងតែម្តង។ ខ្ញុំជឿថា ពេលខ្លះរបស់គេវាស្រួលពាក់ វាទន់ជាង វាថោកជាង បានជាយករបស់គេមកពាក់។ ភ្នួងអីហ្នឹង។ ឥឡូវឈប់។ កុំគិតរឿងហ្នឹងជាឧបសគ្គ។ ត្រូវមើលជាមួយគ្នា ធ្វើយ៉ាងម៉េចខំអភិវឌ្ឍរបស់យើងឱ្យវាទន់ដូចគេទៅ តម្លៃឱ្យបានសមរម្យដូចគ្នាទៅ។ កុំឱ្យថាដោយសាររបស់គេទន់ជាង របស់គេស្រួលពាក់ជាង យើងទៅយករបស់គេមក។ វាគ្មានរបស់ណាដែលត្រូវសន្សំលុយពាក់ វាស្មើនឹងតម្លៃនៃវប្បធម៌សិល្បៈរបស់យើងដែលត្រូវអភិរក្សទេ។ ទោះជាថ្លៃជាងបន្តិចក៏ត្រូវរួមគ្នាវិនិយោគការពារអត្តសញ្ញាណរបស់យើង។ របស់គេស្រួលពាក់ របស់គេថោក … យើងចាំជួយ។ យើងជួយកម្រិតណា … បើប្រៀបធៀបវាមិនច្រើនទេ។ ដូចផ្នួងអញ្ចឹង កន្លែងខ្លះអត់កាត់មួយសំរាប់ការមួយរោងទេ គឺកាត់តែមួយសម្រាប់ជួល។ អញ្ចឹងកុំទៅយករបស់គេមក។ កាត់របស់យើងទៅ … ថ្លៃលើសគ្នាបន្តិចក៏ដោយ … របស់គេមួយថ្លៃ១០០ ឯរបស់យើងមួយ ថ្លៃ១២០ ទិញរបស់យើង … កុំឱ្យគេសើចចំអកឱ្យអ្នកយកទៅពាក់ …។ រដ្ឋនឹងពិនិត្យមើល។ អញ្ចឹងបានជាខ្ញុំឱ្យរៀបចំជាក្រុមការងារចំពោះកិច្ចមួយដើម្បីធ្វើការ។ ផ្នួងនៅក្នុងប្រទេសមិនច្រើនទេ។ ខ្ញុំមិនជឿថា មួយស្រុកមួយខេត្តមានភ្នួង ១០០ទេ ឬមួយក្រុងមានផ្នួង៥០ ទេ។ អាចមាន ៤, ១០។ ខ្ញុំមិនដឹង(ច្បាស់)ទេ។ តែបើទោះបីមាន១០០ ក៏ត្រូវបណ្តុះបណ្តាលគាត់ ត្រូវជួយគាត់។
(៤៤) “… ទោះមិនប្រណីតដូចរបស់គេក៏ដោយ សូមស្លៀកពាក់របស់ខ្មែរ … សូមជ្រើសយកការអភិរក្ស”
យើងប្រុសៗស្លៀកពាក់ខោអាវគ្រ័រហ្សេហ្នឹង កុំអាលភ្លេច។ ប្រយ័ត្នតែទៅកម្មវិធីមួយ គេឱ្យយើងស្លៀកពាក់ខោអាវប្រពៃណីជាតិ ប្រយ័ត្នអត់ដឹងស្លៀកពាក់ស្អីត្រូវ។ មន្ត្រីរបស់យើងចេញទៅក្រៅប្រទេសប្រយ័ត្នស្លៀកពាក់អាវខុស។ ប្រយ័ត្នទៅដល់វេទិកាអន្តរជាតិគេឱ្យពាក់ខោអាវប្រពៃណី ទៅយកអាវស៊ឹងរបស់អ្នកផ្សេងយកមកពាក់ … ប្រយ័ត្នមិនដឹងប្រពៃណីរបស់ជាតិ ប្រយ័ត្នប្រពន្ធទៅកាត់អាវប្រពៃណីខ្មែរ តែផ្នួងមិនច្បាស់ កាត់យកមកឱ្យប្តីជារដ្ឋលេខាធិការ ឬរដ្ឋមន្ត្រីចូលរួមកម្មវិធីផ្សេង ស្លៀកពាក់ខោអាវជាតិផ្សេងដោយអត់ដឹងខ្លួន … ត្រូវតែយល់ទាំងអស់គ្នា … ដូចពេលប្រជុំ Francophonie យើងអត់កាត់អាវឱ្យទេ។ យើងទុកឱ្យប្រទេសមួយៗ ស្លៀកពាក់តាមប្រពៃណីរបស់គាត់ …។ ប្រយ័ត្នមន្ត្រីរបស់យើងជាន់ខ្ពស់។ ប្រជាពលរដ្ឋខុសរឿងមួយត្រឹមតែ Facebook ទេ។ បើមន្ត្រីយើងចូលកម្មវិធីអន្តរជាតិស្លៀកពាក់ខុសអត្តសញ្ញាណ មានបញ្ហា។ មន្ត្រីត្រូវយល់មុនគេ។ ខ្ញុំថាក្រសួងអប់រំ និងក្រសួងវប្បធម៌ហ្នឹងត្រូវធ្វើ(ឯកសារស្រាវជ្រាវក្បួនខ្នាតជាក់លាក់)មួយ រុញទៅឱ្យមន្ត្រីបានដឹង ដើម្បីកុំឱ្យស្លៀកពាក់ខុស។ ការកូនប្រជាជនស្លៀកពាក់ខុស(មិនសូវជា)រឿងអីទេប្រយ័ត្នតែការកូនមន្ត្រីធំៗស្លៀកពាក់ខុស។ សូមកូនមន្ត្រីរបស់យើងដែលរៀបចំពិធី អ្នកដែលមានលទ្ធភាព ទោះមិនស្អាតប្រណិតដូចគេក៏ដោយ ត្រូវស្លៀកពាក់របស់យើង គួរកុំប្រើរបស់ប្រទេសផ្សេង … បើថាខ្វះថវិកាទេ សូមជ្រើសយកការអភិរក្ស។ ការតាមប្រពៃណីខ្មែរទាំងមូល សូមកុំឱ្យចន្លោះប្រហោងតូចហ្នឹង(កើតមាន) ដោយសារទី១ ស្រាវជ្រាវមិនច្បាស់ ទី២ វាជាជម្រើសដែលស្អាតជាង។ មន្ត្រីជាគំរូដល់ប្រជាជន រួមទាំងពីការស្លៀកពាក់ ដើរ ហើរ ត្រូវធ្វើ។
(៤៥) សូមរៀបចំជា Ecosystem ផលិតរបស់របរទាំងហ្នឹង ដើម្បីឱ្យការផលិតមានគុណភាព តម្លៃសមរម្យ និងប្រទាក់ក្រឡាភ្ជាប់ជាមួយផ្សារក្នុងស្រុក និងអ្នកចែកចាយ
បើថ្នាក់លើ ថ្នាក់ធំស្លៀកពាក់ខុស តើឱ្យប្រជាជនស្លៀកពាក់យ៉ាងម៉េច។ ត្រូវចាប់ផ្តើមពីហ្នឹង។ ការរៀបចំពិធីខួបកំណើត ការរៀបចំពិធីការ ពិធីបុណ្យទានអីផ្សេងៗ ត្រូវមើលស្តង់ដាសម្លៀកបំពាក់វប្បធម៌យើងឱ្យត្រូវតាមក្បួនខ្នាត ឱ្យច្បាស់លាស់ កុំយករបស់គេ ឬមួយភាពមិនច្បាស់លាស់។ បើមិនច្បាស់សួរលោកជំទាវ ភឿង សកុណា។ នេះនិយាយឱ្យច្បាស់ មិនមែននិយាយលេង … កន្លងទៅការកូនមន្ត្រី ការមន្ត្រី ពិធីរបស់មន្ត្រីយើងមួយចំនួន ក៏ស្លៀកពាក់ខុសដែរ … យើងត្រូវមានមូលដ្ឋានច្បាស់លាស់។ បើមិនមានមូលដ្ឋានច្បាស់លាស់ ដល់គេមកថាឱ្យ ហើយស្រាវជ្រាវទៅជារបស់គេមែន ហ្នឹងចប់ហើយ … ខ្ញុំសូមទាំងអស់គ្នារួមគ្នាចាប់ផ្តើមពីគ្រប់ថ្នាក់ទាំងអស់ទាំងប្រជាពលរដ្ឋ យើងរួមគ្នាធ្វើ។ នេះផលិតផលមួយដែលយើងអាចនិយាយថាជាផលិតផលធ្វើជាពាណិជ្ជកម្មដែរ។ យើងមិនត្រឹមតែលក់ក្នុងប្រទេសទេ គឺថែមទាំងលក់ទៅក្រៅទៀត។ យើងធ្វើហូល ធ្វើកាបូប លក់ចេញទៅក្រៅ។ តែយករបស់យើង។ ហ្នឹងហើយគឺល្អ។ ក្នុងន័យនេះ ខ្ញុំសូមតែប៉ុណ្ណឹង។ ចុងក្រោយនេះគឺផលិតផលវប្បធម៌ សិល្បៈ តែក្តៅ។ ប៉ុន្តែល្អ ថ្ងៃនេះឃើញនារីៗអ្នកចូលរួមស្លៀកសុទ្ធតែហូលផាមួងអីមក។ ប៉ុន្តែ សួរអញ្ចឹងមានសួរខ្លួនឯងថាស្លៀកពាក់ត្រូវឬអត់? តិចលោពាក់របស់គេ … កន្លែងហ្នឹងហើយ ដែលសូមឱ្យមើលខាងសិប្បកម្មរបស់យើងរៀបចំជា Ecosystem ផលិតហ្នឹង ក្នុងគំនិតហ្នឹង ធ្វើម៉េចជួយអន្តរាគមន៍ជាទុន ជាស្អីផ្សេងៗ ដើម្បីឱ្យការផលិតគុណភាពល្អ មានតម្លៃសមរម្យ។ យើងប្រទាក់ក្រឡាភ្ជាប់ជាមួយផ្សារក្នុងស្រុកជាមួយអ្នកចែកចាយ។ បង្កើតជា Ecosystem ហ្នឹងដើម្បីជួយអន្តរាគមន៍ក្នុងន័យហ្នឹង។ ជួនកាលយើងជួយស្អីខ្លះដល់សហគមន៍ហ្នឹង ដើម្បីឱ្យផលិតគុណភាពទន់ដូចគេ ស្អីដូចគេដើម្បីធ្វើមកកុំឱ្យពិបាក។ យើងគិតទាំងអស់គ្នា។ នេះគឺជាចំណុចដែលខ្ញុំចង់ភ្ជាប់។ ឥឡូវខ្ញុំមិនយកពេលថែមទៀតទេ ព្រោះនិយាយទាល់តែបែកញើសខ្លួនឯងក្នុងម៉ាស៊ីនត្រជាក់ហើយ។
[ចប់សេចក្តីអធិប្បាយ៤]
ជាទីបញ្ចប់, ជាមួយការប្រកាសបើកជាផ្លូវការ «ពិព័រណ៍ផលិតផលខ្មែរ លើកទី៤», ខ្ញុំសូមជូនពរឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី សូមមានសុខភាពល្អបរិបូរណ៍, សុខសុភមង្គលក្នុងក្រុមគ្រួសារ, និង សម្រេចបានជោគជ័យលើគ្រប់ភារកិច្ចការងាររៀងៗខ្លួន, និង សូមប្រកបដោយពុទ្ធពរ និង ពរទាំងប្រាំប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ និង បដិភាណ កុំបីឃ្លៀងឃ្លាតឡើយ។ សូមអរគុណ៕



