សុន្ទរកថានិងសេចក្ដីអធិប្បាយ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាអធិបតី «បើកពិព័រណ៍ផលិតផលខ្មែរ» លើកទី៤ ក្រោមប្រធានបទ «រួមគ្នាផលិត រួមគ្នាប្រើផលិតផលជាតិ»
ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា និង រាជរដ្ឋាភិបាល;គណៈធិបតិ ភ្ញៀវកិត្តិយសជាតិ អន្តរជាតិ និងអង្គពិធីទាំងមូល ជាទីមេត្រី! ថ្ងៃនេះ, ខ្ញុំពិតជាមានសេចក្ដីសោមនស្សរីករាយ ដែលបានចូលរួមក្នុងពិធីបើកជាផ្លូវការ «ពិព័រណ៍ផលិតផលខ្មែរ» លើកទី៤ ក្រោមប្រធានបទ «រួមគ្នាផលិត, រួមគ្នាប្រើផលិតផលជាតិ» ដែលជាវេទិកាផ្សារភ្ជាប់រវាងអ្នកផលិត, អ្នកផ្គត់ផ្គង់, អ្នកចែកចាយ, អ្នកលក់រាយ, និង អ្នកប្រើប្រាស់ សំដៅជំរុញឱ្យមានការផ្លាស់ប្តូរពីការផ្សព្វផ្សាយផលិតផល ទៅជាការបង្កើតទំនាក់ទំនងពាណិជ្ជកម្ម និង ការផ្គូផ្គងអាជីវកម្ម។ ប្រធានបទ «រួមគ្នាផលិត, រួមគ្នាប្រើផលិតផលជាតិ» ដែលមានន័យថា រោងចក្រសហគ្រាសក្នុងស្រុក ត្រូវរួមគ្នាផលិត និង ផ្គត់ផ្គង់ផលិតផលឱ្យបានច្រើន ប្រកបដោយ គុណភាព, សុវត្ថិភាព, ស្តង់ដា, ថ្លៃសមរម្យ ជាពិសេស ប្រើប្រាស់ធនធាន និង វត្ថុធាតុដើមក្នុងស្រុកឱ្យអស់លទ្ធភាព, ម៉្យាង និង ម៉្យាងទៀត, អ្នកប្រើប្រាស់ក្នុងស្រុក, ទាំងគេហជន និង រោងចក្រសហគ្រាស, ត្រូវផ្តល់អាទិភាពខ្ពស់ចំពោះផលិតផលក្នុងស្រុក…

