សន្និសីទសារព័ត៌មានរួម រវាង សម្តេចធិបតី ហ៊ុន ម៉ាណែត និងឯកឧត្តម Ilham Aliyev ប្រធានាធិបតី នៃសាធារណរដ្ឋអាស៊ែបៃហ្សង់
សូមអរគុណ ឯកឧត្តមប្រធានាធិបតី! ជាកិច្ចចាប់ផ្ដើម ខ្ញុំសូមសម្តែងនូវការថ្លែងអំណរគុណ ក្នុងនាមគណៈប្រតិភូកម្ពុជា ចំពោះការបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅ និងការអញ្ជើញរបស់ឯកឧត្ដមមកខ្ញុំ ចូលរួមកិច្ចប្រជុំកំពូល CICA លើកទី២ នៅទីក្រុង បាគូ (Baku) និងដំណើរទស្សនកិច្ចផ្លូវការនាថ្ងៃនេះ។ យើងបានជួបពិភាក្សាការងារនាព្រឹកនេះ ដូចដែលឯកឧត្តមប្រធានាធិបតីបានលើកឡើង ដោយយើងបានពិភាក្សាអំពីវិស័យនានាដែលយើងអាចធ្វើការរួមគ្នា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី។ ជាមួយគ្នា នេះ យើងក៏បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងចំនួនបី ដែលបង្កើតជាមូលដ្ឋានសម្រាប់ការបន្តកិច្ចសហប្រតិបត្តិការបន្ថែមទៀតក្នុងវិស័យពាណិជ្ជកម្ម អប់រំ និងវិស័យអាទិភាពផ្សេងៗទៀត។ ខ្ញុំយល់ស្របជាមួយឯកឧត្តមប្រធានាធិបតីថា ទំនាក់ទំនងពាណិជ្ជកម្ម និងទំនាក់ទំនងក្នុងវិស័យផ្សេងៗទៀតរវាងប្រទេសទាំងពីរ នៅមានកម្រិតនៅឡើយ។ ប្រទេសយើងទាំងពីរមានទំនាក់ទំនងជាមួយគ្នាជាង ៣០ឆ្នាំមកហើយ។ យើងក៏ធ្លាប់មានដំណើរទស្សនកិច្ចរបស់ សម្តេចតេជោ ហ៊ុន សែន ក្នុងឆ្នាំ២០១៤ ដែលបានរៀបចំផែនទីបង្ហាញផ្លូវសម្រាប់កិច្ចសហប្រតិបត្តិការរបស់យើងរហូតមកដល់ពេលនេះ។ ដូច្នេះ ខ្ញុំមានទំនុកចិត្តថា តាមរយៈដំណើរទស្សនកិច្ចរបស់ខ្ញុំនៅថ្ងៃនេះ យើងអាចធ្វើការរួមគ្នាដើម្បីពង្រឹង ទំនាក់ទំនងពាណិជ្ជកម្ម និងវិស័យសហប្រតិបត្តិការផ្សេងៗទៀត។ ជាឧទាហរណ៍ យើងបានឯកភាពគ្នាលើការរៀបចំកិច្ចព្រមព្រៀងក្របខ័ណ្ឌមួយ ដែលនឹងបង្កើតក្រុមការងារពាណិជ្ជកម្មរួម ដើម្បីអនុវត្ត និងឯកភាពលើវិធានការជាក់ស្តែងនានា សំដៅលើកកម្ពស់ទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។ យើងក៏បានពិភាក្សាអំពីលទ្ធភាពនៃការបន្តពង្រឹងកិច្ចសហប្រតិបត្តិការពាក់ព័ន្ធនឹងវិស័យការពារជាតិ សន្តិសុខ និងការអប់រំផងដែរ។ សម្រាប់កម្រិតពហុភាគី យើងបានបញ្ជាក់ជាថ្មីអំពីការប្តេជ្ញាចិត្តរួមគ្នាក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការលើវេទិកាអន្តរជាតិ។ កន្លងមក កម្ពុជាក៏បានគាំទ្រអាស៊ែបៃហ្សង់…

