សុន្ទរកថានិងសេចក្ដីអធិប្បាយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត សម្ពោធវិថីតេជោសន្តិភាព ឆ្នេរអង្កោលប្រវែងសរុប ១២ ៦៤៥ ម៉ែត្រ ក្រោមកម្ចីឥណទានសម្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី

ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ព្រឹទ្ធសភា, រដ្ឋសភា សមាជិក សមាជិកា រាជរដ្ឋាភិបាលលោក ANTHONY GILL តំណាងធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំកម្ពុជាគណៈធិបតី ភ្ញៀវកិត្តិយស អង្គពិធីទាំងមូលជាទីមេត្រី! ថ្ងៃនេះ ខ្ញុំមានសេចក្ដីរីករាយក្រៃលែង ដែលបានចូលរួមជាអធិបតីក្នុង «ពិធីសម្ពោធ វិថីតេជោសន្តិភាពឆ្នេរអង្កោលប្រវែងសរុប ១២ ៦៤៥ ម៉ែត្រ, ក្រោមកម្ចីឥណទានសម្បទាន​ពីធនាគារអភិវឌ្ឍន៍អាស៊ី»។ ខ្ញុំសូមចូលរួមត្រេកអរ ចំពោះសមិទ្ធផលថ្មីសម្រាប់ប្រជាជនកែប។ [ចាប់ផ្ដើមសេចក្ដីអធិប្បាយ១] ថ្ងៃនេះ បានជួបជាមួយនឹងលោកតា លោកយាយ បងប្អូន អ៊ំ ពូ មីង ក្មួយៗពេលចូលមក អញ្ជើញមកតាំងពីព្រឹកមកពីឆ្ងាយនៅខេត្តកែបយើងនេះ។ កែបដូចជា(មានប្រជាជនប្រមាណ)២ម៉ឺននាក់។ ថ្ងៃនេះមកចង់កន្លះ(នៃប្រជាជនខេត្ត)កែបហើយ ដើម្បីអបអរសារនៅក្នុងសមិទ្ធផលរួមរបស់យើង។ ចូលមកអម្បាញ់មិញសប្បាយចិត្តផង អន់ចិត្តផង។ សប្បាយចិត្តចូលមកជួបអ៊ំគាត់ថាក្មេងជាងរូបថត ក្មេងជាងក្នុងទូរទស្សន៍ ខំតែសប្បាយចិត្ត។ ដើរដល់មុខប្រហែលជា ៥ជំហាន ក្មួយស្រីហៅតា។ គិតទៅ មិនដឹងថាអ៊ំត្រូវឬមួយក្មួយត្រូវទេ។ គិតថាអ៊ំត្រូវចុះ ព្រោះគាត់ថាក្មេង។ ដល់ក្មួយហៅតា ដូចចង់ធ្លាក់ថ្លើមបន្តិច។ ទោះយ៉ាងណាក៏សប្បាយចិត្តនៅថ្ងៃនេះ។ មិនមែនកំហុសក្មួយស្រីទេ ដោយសារភ្លេច​​លាបសក់។…

សារលើហ្វេសប៊ុក ស្ដីពី ការបិទបញ្ចប់ការទទួលចលនានៃការបរិច្ចាគថវិកាក្នុង “មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ដោយផ្ដោតលើការកសាងផ្លូវក្រវាត់ព្រំដែន”

កាលពីថ្ងៃទី២២ សីហា ២០២៤ កន្លងទៅ ខ្ញុំព្រះករុណាទូលព្រះបង្គំ ខ្ញុំបានប្រកាសបង្កើត “មូលនិធិកសាងហេដ្ឋា​រចនាសម្ព័ន្ធតាមព្រំដែនដោយផ្តោតលើការកសាងផ្លូវក្រវាត់ព្រំដែន” ហើយចាប់ពីថ្ងៃទី ២៦ សីហា ២០២៤ មកក្រុម​ការងារមូលនិធិបានចាប់ផ្តើមទទួលការបរិច្ចាគថវិកាដោយស្ម័គ្រចិត្តពីជនរួមជាតិខ្មែរគ្រប់ទិសទីទាំងក្នុង និងក្រៅ​ប្រទេស ។ ចលនានៃការបរិច្ចាគថវិកាក្នុង “មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ដោយផ្ដោតលើការកសាងផ្លូវក្រវាត់​ព្រំដែន” ត្រូវបិទបញ្ចប់នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ នេះ ដោយមានការចូលរួមយ៉ាងច្រើនកុះករពីសំណាក់​ប្រជាពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋានទាំងក្នុង និងក្រៅប្រទេសចំនួន ៧២០.១០៥ អង្គ/នាក់ ដែលបានចូលរួមបរិច្ចាគ និង ទទួលបានថវិកាសរុបចំនួន ៣២.៩៥២.៤៤២.០៤៤ រៀល និងប្រាក់ដុល្លាអាមេរិកសរុបចំនួន ១៨.៧២៩.៩៩៨ ដុល្លារអាមេរិក (គិតជាទឹកប្រាក់ដុល្លារអាមេរិកប្រមាណ ២៦.៩៦៧.៦០៩ ដុល្លាអាមេរិក)។ វិភាគទានស្ម័គ្រចិត្តដែលទទួលបាននេះ នឹងត្រូវយកទៅប្រើប្រាស់ក្នុងការកសាងផ្លូវក្រវាត់ព្រំដែន។ ដើម្បីធានាការ​គ្រប់គ្រង ប្រើប្រាស់ថវិការបានត្រឹមត្រូវ តម្លាភាព និងចំគោលដៅ ខ្ញុំបានសម្រេចបង្កើតក្រុមការងារចំពោះកិច្ច ដើម្បី​គ្រប់គ្រងមូលនិធិកសាងហេដ្ឋារចនាសម័្ពន្ធតាមព្រំដែន ដោយផ្ដោតលើការកសាងផ្លូវក្រវាត់ព្រំដែន ដែលដឹកនាំ​ដោយ​ឯកឧត្តម នាយឧត្តមសេនីយ៍ គឹម ប៊ុនថាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជានាយករង​ខុទ្ទកាល័យ​នាយករដ្ឋ​មន្ត្រី។ បន្ថែមលើនេះ នៅថ្ងៃសុក្រ ទី១ ខែវិច្ឆិកា…

សុន្ទរកថានិងសេចក្ដីអធិប្បាយ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការគម្រោងអភិវឌ្ឍន៍ ទំនប់អូរតេធិបតី ទំនប់សែនសុខដុម និង ទំនប់សែនមនោរម្យ

ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា សមាជិក សមាជិកា រាជរដ្ឋាភិបាល;គណៈធិបតី ភ្ញៀវកិត្តិយស តំណាងដៃគូអភិវឌ្ឍន៍លោកគ្រូ អ្នកគ្រូ[ចាប់ផ្ដើមសេចក្ដីអធិប្បាយ១] សូមស្វាគមន៍ ហើយអរគុណ ក្មួយៗ សិស្សានុសិស្ស អ៊ំពូមីង បងប្អូនប្រជាពលរដ្ឋនៅខេត្តមណ្ឌលគិរី ដែលបានអញ្ជើញមកពីតាមបណ្ដាស្រុកផ្សេងៗ មានពីស្រុកកែវសីមា សែនមនោរម្យ អូរាំង ចំពោះការចូលរួមអបអរសា​ទរនៅថ្ងៃនេះ។ សូម្បីតែទេវតាក៏សប្បាយចិត្តជាមួយយើងដែរ។ ឮសូរប៉ុន្មានថ្ងៃមុន មានភ្លៀង (តែថ្ងៃនេះបើកថ្ងៃ ) អបអរសាទរសមិទ្ធផលថ្មីទាំងបីរបស់ខេត្តមណ្ឌលគិរី សម្រាប់បម្រើឱ្យតម្រូវការរបស់ប្រជាពលរដ្ឋយើង។ [ចប់សេចក្ដីអធិប្បាយ១] ថ្ងៃនេះ,  ខ្ញុំពិតជាមានសេចក្តីរីករាយ ដោយបានមកចូលរួមជាអធិបតីក្នុង «ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការគម្រោងអភិវឌ្ឍន៍ទំនប់អូរតេធិបតី ទំនប់សែនសុខដុម និង ទំនប់​សែនមនោរម្យ ក្នុងខេត្តមណ្ឌលគិរី ដែលអនុវត្តដោយក្រសួងធនធានទឹក និង ឧតុនិយម ។ ក្នុងនាមរាជរដ្ឋាភិបាល ខ្ញុំសូមសម្តែងនូវការអបអរសាទរ កោតសរសើរ និង វាយតម្លៃខ្ពស់ចំពោះសមិទ្ធផលដ៏ប្រពៃទាំងនេះ ដើម្បីជាប្រយោជន៍របស់ប្រជាពលរដ្ឋយើងក្នុងខេត្តមណ្ឌលគិរី និង ដើម្បីជំរុញការធ្វើបរិវត្តកម្មកម្ពុជាឆ្ពោះទៅ «ជាប្រទេសមួយដែលធានាបាននូវសន្តិសុខទឹក,ទាំងបរិមាណ និង គុណភាព សម្រាប់ចូលរួមចំណែកដល់ការអភិវឌ្ឍលើគ្រប់វិស័យ»។…

សុន្ទរកថាសម្ដេចមហាបវរធិបតី ហ៊ុន​ ម៉ាណែត សម្ពោធសាកលវិទ្យាល័យ De Montfort

 ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ព្រឹទ្ធសភា, សមាជិក សមាជិការដ្ឋសភា និង រាជរដ្ឋាភិបាល ឯកឧត្តម ដូមីនីក វិលលៀមស៍ ឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំកម្ពុជា​ គណៈធិបតី ភ្ញៀវកិត្តិយសជាតិ អន្តរជាតិ ថ្នាក់ដឹកនាំ សាស្រ្តាចារ្យ, បុគ្គលិកសិក្សា ​​និស្សិតទាំងអស់នៃសាកលវិទ្យាល័យ De Montfort cambodia​ អង្គពិធីទាំងមូលជាទីមេត្រី! ថ្ងៃនេះ, ខ្ញុំមានសេចក្តីរីករាយ ដោយបានចូលរួម ក្នុងពិធីសម្ពោធបើកឱ្យដំណើរការជាផ្លូវការ សាកលវិទ្យាល័យ ឌឹ ម៉ុនហ្វត កម្ពុជា (De Montfort University Cambodia) ។ នេះ គឺ​ជាសាកលវិទ្យាល័យ ទីមួយ ដែលមានស្តង់ដារប្រទេសអង់គ្លេស ដែល​បាន​បង្ហាញ​វត្តមាន​ជារូបវន្ត នៅក្នុងព្រះរាជាណា-ចក្រកម្ពុជា និង ជាសាខា ​របស់សាកលវិទ្យាល័យ​ De Montfort ដំបូង​ នៅតំបន់។ ខ្ញុំពិតជា​​មានមោទនភាពក្រៃលែង​ ដែល​សាកលវិទ្យាល័យ De Montfort បានសម្រេចជ្រើសរើស…

សុន្ទរកថានិងសេចក្ដីអធិប្បាយ សម្ដេចមហាបវរធិបតី ហ៊ុន​ ម៉ាណែត ចែកសញ្ញាបត្រសាកលវិទ្យាល័យ ពុទ្ធិសាស្ត្រ

ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា រាជរដ្ឋាភិបាលឯកឧត្តម សុខ ពុទ្ធិវុធ ប្រធានក្រុមប្រឹក្សាភិបាលសាកលវិទ្យាល័យពុទ្ធិសាស្ត្រ គណៈធិបតី ភ្ញៀវកិត្តិយសថ្នាក់ដឹកនាំ​ សាស្រ្តាចារ្យ បុគ្គលិកសិក្សា ​ និសិ្សតជ័យលាភី នៃសាកលវិទ្យាល័យពុទ្ធិសាស្ត្រនិងនិស្សិតជាលាភីទាំងអស់ជាទីមេត្រី! ថ្ងៃនេះ, ខ្ញុំមានសេចក្តីរីករាយ ដោយបានមកចូលរួមក្នុងពិធីប្រគល់សញ្ញាបត្រ ជូននិស្សិត ជ័យលាភី ថ្នាក់បរិញ្ញាបត្ររង ថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សរុបចំនួន ៥៦១ នាក់ (នារី ៣៣៣ នាក់ ឬស្មើនឹង​ ៥៩%) នៃសាកលវិទ្យាល័យពុទ្ធិសាស្ត្រ ។ ក្នុងនាមរាជរដ្ឋាភិបាល និងក្នុងនាមខ្ញុំផ្ទាល់ ខ្ញុំសូមសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកា​រខិតខំប្រឹងប្រែងរបស់ក្រសួងអប់រំ យុវជន និងកីឡា ក៏ដូចជា ក្រុមប្រឹក្សាភិបាល, គណៈគ្រប់គ្រង, លោកគ្រូ អ្នកគ្រូ, សាស្រ្តាចារ្យ និងដៃគូសហប្រតិបត្តិការនៃសាកលវិទ្យាល័យពុទ្ធិសាស្ត្រ​ ដែលសម្រេចបានលទ្ធផលគួរជាទីមោទនៈ ក្នុងការបណ្តុះបណ្តាលនិស្សិត ប្រកបដោយគុណភាព និងសមត្ថភាព ដើម្បីចូលរួមអភិវឌ្ឍប្រទេសជាតិ។ ខ្ញុំ​ក៏សូម​ចូលរួមអបអរសាទរ ចំពោះនិស្សិតជ័យលាភីទាំងអស់ ដែលបានខិតខំប្រឹងប្រែងក្នុងការសិក្សា រហូតបានបញ្ចប់ការសិក្សាដោយជោគជ័យ និងសូមចូលរួមអបអរសាទរជាមួយមាតាបិតា…

សុន្ទរកថានិងសេចក្ដីអធិប្បាយ សម្ដេចមហាបវតធិបតី ហ៊ុន ម៉ាណែត បើកការដ្ឋានស្ថាបនាស្ពានអាកាសភ្លោះ តាមបណ្ដោយមហាវិថី សម្ដេចតេជោ ហ៊ុន សែន ប្រសព្វជាមួយនឹងផ្លូវជាតិលេខ ២ ត្រង់ព្រំប្រទល់រាជធា​នី​ភ្នំពេញនិងខេត្តកណ្ដាល

ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា​ ព្រឹទ្ធសភា រដ្ឋសភា សមាជិក សមាជិកា រាជរដ្ឋាភិបាលគណៈធិបតីភ្ញៀវកិត្តិយស អ៊ំ ពូ មីង បងប្អូន ប្រជាពលរដ្ឋដែលអញ្ជើញមកតាំងពីរាជធានីភ្នំពេញ និងខេត្តកណ្ដាល​​ ថ្ងៃនេះ  ខ្ញុំមានសេចក្តីសោមនស្សរីករាយ ដែលបានចូលរួមពិធី «បើកការដ្ឋាន​ស្ថាបនាស្ពានអាកាសភ្លោះ តាម​បណ្ដោយមហាវិថី សម្ដេចតេជោ ហ៊ុន សែ​ន ប្រសព្វជាមួយនឹងផ្លូវជាតិលេខ ២ ស្ថិតនៅព្រំប្រទល់រាជធានីភ្នំពេញ និង​ ខេត្តកណ្ដាល» ដែលជាស្ពានអាកាសថ្មី​មួយ បន្ថែមទៀត ត្រូវសាងសង់ ដើម្បីជួយសម្រួលដល់ការ ធ្វើដំណើររបស់​បងប្អូន​ប្រជាពល​រដ្ឋ និង សម្រាប់រួមចំណែកដល់ការលើកកម្ពស់​វិស័យ​គមនាគមន៍ ដឹកជញ្ជូន និង ឡូជីស្ទិក សំដៅ​​​ជំរុញ សកម្មភាព​សេដ្ឋកិច្ច និង ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ឱ្យកាន់តែប្រសើរថែមទៀត ។​ ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមថ្លែងអំណរគុណ និងកោតសរសើរជូនរដ្ឋបាលរាជធានីភ្នំពេញ ក៏ដូចជាក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា (OCIC) ក៏ដូចជាបណ្ដាអង្គភាពពាក់ព័ន្ធ ដែលបានផ្ដល់កិច្ចសហការល្អជាមួយគ្នា និង សម្របសម្រួលរាល់កិច្ចការទាំងឡាយរហូតឈានដល់ការបើកការដ្ឋានសាងសង់នៅថ្ងៃនេះ ។ ផ្អែកតាមរបាយការណ៍ស្វាគមន៍របស់ឯកឧត្តម…

សុន្ទរកថានិងសេចក្ដីអធិប្បាយ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បិទសន្និបាតបូកសរុបលទ្ធផលការងារអភិវឌ្ឍន៍ជនបទឆ្នាំ២០២៣ និងលើកទិសដៅការងារបន្តឆ្នាំ២០២៤

ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា រាជរដ្ឋាភិបាល;ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូតនៃបណ្ដាប្រទេសនានាប្រចាំនៅកម្ពុជាគណៈអធិបតី ភ្ញៀវកិត្តិយសជាតិ–អន្តរជាតិ តំណាងដៃគូអភិឌ្ឍន៍ និងអង្គសន្និបាត​ទាំងមូល ជាទីមេត្រី! ថ្ងៃនេះ ខ្ញុំមានសេចក្តីសោមនស្សរីករាយ ដោយបានចូលរួមជាអធិបតីក្នុង «ពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារអភិវឌ្ឍន៍ជនបទឆ្នាំ២០២៣ និងលើកទិសដៅការងារបន្តឆ្នាំ២០២៤»  នាពេលនេះ។ អង្គ​សន្និបាតបូកសរុបលទ្ធផលការងារក្នុងវិស័យអភិវឌ្ឍន៍ជនបទ នាឱកាសនេះ ពិតជាមានសារៈសំខាន់ណាស់ ក្នុងការឆ្លុះបញ្ចំាងលទ្ធផលការងារសម្រេចបាន និងកំណត់ទិសដៅការងារបន្តសម្រាប់ឆ្នាំបន្ទាប់  បន្ទាប់ពីការជួបជុំពិភាក្សា និងផ្លាស់ប្តូរយោបល់តាមជំនាញ និងបទពិសោធន៍រវាងថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងអភិវឌ្ឍន៍ជនបទ និងភាគីពាក់ព័ន្ធនានាគ្រប់លំដាប់​ថ្នាក់ រយៈពេល ១ ថ្ងៃកន្លះ មកនេះ។ យោងតាមរបាយការណ៍បូកសរុប និងទិសដៅការងាររបស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ក្នុងនាមរាជរដ្ឋាភិបាល ខ្ញុំសូមសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ មន្រ្តីរាជការ នៃក្រសួងអភិវឌ្ឍន៍ជនបទ និងមន្ទីរអភិវឌ្ឍន៍ជនបទរាជធានី-ខេត្ត ចំពោះលទ្ធផលធំៗ ដែលក្រសួងសម្រេច​បានក្នុងឆ្នាំ២០២៣ ជាមួយនឹងកិច្ចសហការជិតស្និទ្ធ និងប្រកបដោយផ្លែផ្កា ជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធនានា  រដ្ឋបាលថ្នាក់ក្រោមជាតិ  ដៃគូអភិវឌ្ឍន៍ អង្គការជាតិ-អន្តរជាតិ  វិស័យឯកជន និងប្រជាពលរដ្ឋ នៅតាមមូលដ្ឋាននៅទូទាំងប្រទេស។ [ផ្ដើមសេចក្ដីអធិប្បាយ១] ឆ្លៀតក្នុងឱកាសនេះផងដែរ…

សេចក្ដីអធិប្បាយ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ពិធីជួបសំណេះសំណាល និងចុះត្រួតពិនិត្យវឌ្ឍនភាព នៃគម្រោងសាងសង់ អាកាសយានដ្ឋានអន្តរជាតិតេជោ​ លំដាប់ថ្នាក់ 4F ដំណាក់កាលទី១

ឯកឧត្តម លោកជំទាវ លោក លោកស្រី​ គណៈធិបតីភ្ញៀវកិត្តិយសបុគ្គលិកសហការីក្រុមហ៊ុន Cambodia Airport Investment និងបងប្អូនវិស្វករ កម្មករ/ការនីទាំងអស់ ជាទីស្រលាញ់រាប់អាន! ថ្ងៃនេះខ្ញុំមានសេចក្ដីសោមនស្សរីករាយ ដែលបានចូលរួមជួបជាមួយនឹងបងប្អូន ជាពិសេសពិសេសបានត្រួតនូវវឌ្ឍនភាពគម្រោងកសាងអាកាសយានដ្ឋានអន្តរជាតិតេជោ លំដាប់ 4F នៅថ្ងៃនេះ។ ដូចប្លែកម៉េចទេ។ ធ្លាប់តែកាន់មេក្រូឈរ កាន់អង្គុយដូច(និយាយ)អត់លះ។ អ្នកច្រៀងដឹងហើយ ត្រូវទេ? ច្រៀងអង្គុយមិនសូវលះទេ។ តែសប្បាយរីករាយដែលបានមកចូលរួមជាមួយថ្នាក់ដឹកនាំរបស់យើង បានមើល(វឌ្ឍនភាពនៃគំរោង)ផ្ទាល់។ កន្លងទៅធ្លាប់មើលតាមទូរទស្សន៍។ ពេលខ្លះ ក៏ធ្វើដំណើរតាមឧទ្ធម្ភាគចក្រកាត់ពីលើនេះ។ (ថ្ងៃ)នេះបានចូលផ្ទាល់តែម្ដង។ ​មានអារម្មណ៍រំភើបតាំងពីឡានចូលមក។ តាំងពីផ្លូវបំបែកចូលមក។ ពីផ្លូវខ្សែក្រវ៉ាត់ក្រុងលេខ៣ ចូលមកដោយ(ឃើញ)ធំ។ ចូលមកដល់ខាងក្នុង ឡើងមកដល់ piste នេះ ទោះបីជាមិនទាន់ចប់ក៏ដោយ តែមានអារម្មណ៍ថារំភើប។ (១) ព្រលានយន្តហោះធំជាងគេនៅកម្ពុជាលំដាប់ 4F សាងសង់ ៦៥ ឆ្នាំក្រោយព្រលានយន្តហោះអន្តរជាតិទី១    ថ្ងៃមុន ខ្ញុំទៅសម្ពោធនៅអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ក៏មានអារម្មណ៍រំភើបម្ដងហើយ។  ខ្ញុំដើរច្រើនប្រទេសដែរ។ ព្រលានយន្តហោះបែបនេះ ក៏យើងធ្លាប់មានឃើញនៅប្រទេសផ្សេងដែរ ប៉ុន្តែអ្វីដែលជាមោទនភាពធ្វើឱ្យខ្ញុំរំភើបនោះ ប្រហែលជាដូចបងប្អូនដែរ គឺនេះនៅលើទឹកដីខ្មែរយើង…

សុន្ទរកថានិងសេចក្ដីអធិប្បាយ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បើកការដ្ឋានគម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា)

ឯកឧត្តម វ៉ាង វិនធៀន (Wang Wentian) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា រដ្ឋសភា សមាជិករាជរដ្ឋាភិបាល គណៈធិបតី ភ្ញៀវកិត្តិយសជាតិ អន្តរជាតិ ក្នុងអង្គពិធីទាំងមូល និងបងប្អូនជនរួមជាតិជាទីស្រលាញ់ ថ្ងៃនេះ ខ្ញុំមានកិត្តិយស និងសេចក្ដីរីករាយក្រៃលែង ដែលបានចូលរួមជាមួយឯកឧត្តម វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា និងជាមួយឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញា ក្នុងពិធីបើកការដ្ឋានគម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) ដ៏អធិកអធមនេះ។ ដែលស្ពាននេះ ដែលមិនមែនសំដៅសម្រាប់តែប្រជាពលរដ្ឋរស់នៅរាជធានីភ្នំពេញតែប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្ដល់អត្ថប្រយោជន៍ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់នៅទូទាំងប្រទេស ក្នុងការជួយសម្រួលដល់ការធ្វើដំណើរឆ្លងកាត់ពីត្រោយខាងកើតទៅត្រោយខាងលិចបានឆាប់រហ័ស និងសុវត្ថិភាព។ ជាការពិត ការប្រកាសបើកការដ្ឋាននៅព្រឹកនេះ គឺអាស្រ័យដោយមានកិច្ចសហការ និងការត្រៀមលក្ខណៈបានយ៉ាងល្អប្រសើររវាងក្រសួងសាធារណការ និងដឹកជញ្ជូន អាជ្ញាធរមូលដ្ឋាន និងក្រុមហ៊ុនសាងសង់ ដែលបានខិតខំប្រឹងប្រែងជំរុញ និងពន្លឿនការងាររៀបចំទីតាំងការដ្ឋានសាងសង់នេះឡើង អមដោយសម្ភារបរិក្ខារ និងគ្រឿងចក្រគ្រប់គ្រាន់ ជាពិសេសការត្រៀមលក្ខណៈរបស់ថ្នាក់ដឹកនាំ មន្ត្រីបច្ចេកទេស និងវិស្វករជំនាញទាំងអស់របស់ភាគីទាំងពីរ…

សេចក្ដីអធិប្បាយ សម្ដេចធិបតី ហ៊ុន ម៉ាណែត សំណេះសំណាលជាមួយសហគមន៍ខ្មែរ នៅប្រទេសក្នុងសហភាពអឺរ៉ុបនិងប្រទេសអង់គ្លេស

សូមក្រាបបង្គំព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គជាទីគោរពសក្ការៈឯកឧត្តម​ លោកជំទាវ លោក លោកស្រី លោកអ៊ំ ពូមីងបងប្អូនសហគមន៍ខ្មែររស់នៅទ្វីបអឺរ៉ុបទាំងអស់ ជាទីគោរពស្រឡាញ់! ថ្ងៃនេះ ខ្ញុំមានសេចក្ដីសោមនស្សរីករាយដែលបានជួបគ្នាជាថ្មីម្ដងទៀតជាមួយលោកអ៊ំ ពូមីង បងប្អូនមួយចំនួន ដែលយើងធ្លាប់ជួបគ្នាពីលើកមុន ហើយក៏រីករាយដែលបានជួបជាមួយនឹងលោកអ៊ំ ពូមីង បងប្អូន ដែលទើបតែជួបគ្នាលើកទី១។ ពេលចូលមកនេះ បានជួបក្មួយដែល(លើកមុន)ម្ដាយឪពុកបានមក។ ក្មួយប្រាប់ថា ជួបលើកមុនទើបបាន(អាយុ) ៤ខែ ឥឡូវ ៥ឆ្នាំបាត់ហើយ។ បានន័យថាខ្ញុំកាន់តែចាស់ទៅដែរ។ ថ្ងៃនេះ ដោយសារមុនចេញមកបានលាបសក់ កុំអីស្កូវ(ពេញ)។ ១៥នាទី បន្ថយអាយុប្រហែលជា ១០ឆ្នាំ។ បើពីមុន មើលមក(អាយុ)ប្រ​ហែល ៥០ឆ្នាំ ឥឡូវសល់ ៤០ឆ្នាំ។ នៅក្នុងប្រទេសក៏ដូចគ្នា។ ក្នុងពេលជួបជាមួយបងប្អូនប្រជាពលរដ្ឋ ជាពិសេស កម្មករ កម្មការិនី អាយុកើនកាន់តែវែង សម្រស់កាន់តែក្មេង ដោយសារតែងតែ(ត្រូវបានចាប់ថើប)។ ចុងក្រោយនេះ នៅខេត្តកោះកុង។ ឡើងវេទិកា មានអ្នកមកខ្សឹបប្រាប់ថា ក្រែមជាប់ថ្ពាល់ច្រើនណាស់ … ប្រពន្ធគាត់លែងខឹង រឿងតែកូនខ្ញុំគាត់ខឹង។ គាត់ថា “ប៉ាប៉ា! ឃើញគេថើបប៉ាប៉ានៅលើហ្វេសប៊ុក” ហើយគាត់ថា…