ឯកឧត្តម វ៉ាង វិនពីន (Wang Wenbin) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា;
ឯកឧត្តមអនុប្រធានទី២រដ្ឋសភា, ឯកឧត្តម លោកជំទាវ សមាជិក/ជិកា ព្រឹទ្ធសភា រដ្ឋសភា និង រាជរដ្ឋាភិបាល
គណៈធិបតី ភ្ញៀវកិត្តិយស លោកគ្រូអ្នកគ្រូ ក្មួយៗសិស្សានុសិស្ស
អ៊ំពូមីង បងប្អូនប្រជាពលរដ្ឋអ្នកស្រុកស្ទឹងត្រង់ អ្នកក្រូចឆ្មារទាំងអស់
[ចាប់ផ្ដើមសេចក្ដីអធិប្បាយ ១]
(១) ផ្លូវស្ពានស្ទឹងត្រង់ក្រូចឆ្មារ ជានិមិត្តរូប ផ្លូវភ្ជាប់និស្ស័យ
ឃើញមានទាំងអ្នកមកពីមេមត់ចូលរួមនៅទីនេះ។ សូមអរគុណ។ ថ្ងៃនេះ យើងរួមគ្នាសប្បាយរីករាយអបអរសាទរចំពោះការសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការនូវផ្លូវជាតិលេខ ៧១សេ ដ៏អធិកអធម។ អម្បាញ់មិញ ខ្ញុំបានប្រាប់ឯកឧត្តម ឯកអគ្គរដ្ឋទូតថា ផ្លូវនេះស្ពាននេះ សម្រាប់គ្រួសារខ្ញុំ គឺ(ជា)និមិត្តរូប(ដ៏)សំខាន់ ដូចជាការភ្ជាប់និស្ស័យ ព្រោះខាងកើតទន្លេគឺស្រុករបស់ម៉ែ ខាងលិចទន្លេជាស្រុករបស់ពុក។ តាមខ្ញុំ អ្នកក្រូចឆ្មារ និងអ្នកស្ទឹងត្រង់ហ្នឹង ជាគ្រួសារនឹងគ្នាច្រើនគូ។ ច្រើនតែអ្នកស្ទឹងត្រង់ទៅដណ្ដឹងអ្នកក្រូចឆ្មារ។ និយាយអញ្ចឹងមិនដឹងថាបង្អាប់ពុកឬម៉ែទេ … ការភ្ជាប់ស្ពាន ការកសាងផ្លូវបន្ថែម មិនត្រឹមតែភ្ជាប់អ្នកក្រូចឆ្មារ និងអ្នកស្ទឹងត្រង់ទេ ប៉ុន្តែយើងភ្ជាប់ភូមិស្រុកតាមបណ្ដោយហ្នឹង ហើយបើកច្រកបន្ថែមពីផ្លូវជាតិលេខ៧ ទៅផ្លូវជាតិលេខ៦ បន្ថែមទៀត។ សូមអរគុណ ដែលចូលមកបានច្រើនខ្សឺតដែរ។ អរគុណអ៊ំៗ ដែលបានអនុវត្តការថើបដោយមិនបាច់សួរ។ បងប្រុសម្នាក់ថា “សម្ដេច! យប់មិញ ខ្ញុំដេកមិនលក់សោះ”។ ខ្ញុំសួរថា “យល់សប្ដិឬ”។ គាត់ថា “យល់សប្ដិឃើញសម្ដេច”។ ម្យ៉ាងដែរ ដេកមិនលក់ តែយល់សប្ដិបាន។
[ចប់សេចក្ដីអធិប្បាយ ១]
ទោះជាយ៉ាងណាក៏ដោយ ខ្ញុំសូមយកឱកាសនេះ ចូលរួមត្រេកអរ ចំពោះការទទួលបានសមិទ្ធផលផ្លូវដ៏ថ្មីសន្លាងនេះ ជាមួយលោកយាយ លោកតា អ៊ំពូមីង បងប្អូនប្រជាពលរដ្ឋរស់នៅខេត្ត-ត្បូងឃ្មុំ និង ខេត្តកំពង់ចាមផ្ទាល់, ក៏ដូចជាបងប្អូនប្រជាពលរដ្ឋនៅទូទាំងប្រទេស ដែលធ្វើដំណើរតាមបណ្ដោយផ្លូវនេះ ។ សមិទ្ធផលនេះ ជាចំណងដៃដ៏ថ្មីមួយ នឹងជួយសម្រួលដល់ការធ្វើដំណើរប្រចាំថ្ងៃ និងការដឹកជញ្ជូនផ្សេងៗរបស់បងប្អូនប្រជាពលរដ្ឋ ដែលនេះ ជាកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការបន្តអភិវឌ្ឍទៅមុខឥតឈប់ឈរលើវិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និង ការតភ្ជាប់ប្រទាក់ក្រឡា ពីតំបន់មួយ ទៅតំបន់មួយ ជាបន្តបន្ទាប់ នៅទូទាំងប្រទេស ដោយរលូន និងប្រកបដោយសុវត្ថិភាព។
[ចាប់ផ្ដើមសេចក្ដីអធិប្បាយ ២]
(២) រដ្ឋ ខេត្ត ក្រសួងនិងមន្ទីរសាធារណការ នឹងដាក់បន្ថែមការបំភ្លឺផ្លូវ ប៉ុន្តែសូមប្រជាពលរដ្ឋគោរពច្បាប់ចរាចរណ៍ និងកុំបើកបរក្នុងស្ថានភាពស្រវឹង
អម្បាញ់មិញនេះ គឺអ៊ំៗស្រីប៉ុន្មាននាក់បានជួបខ្ញុំ ហើយស្នើសុំឱ្យដាក់អំពូល ដាក់ភ្លើងស្តុប ព្រោះនៅគល់ស្ពាននេះ (និង)ផុតពីគល់ស្ពានទៅ(មានសភាពងងឹតនៅពេលយប់)។ អម្បាញ់មិញ សួរឯកឧត្តម អ៊ុន ចាន់ដា (គាត់ថា) ឧស្សាហ៍មានគ្រោះថ្នាក់នៅផ្លូវបំបែក។ អញ្ចឹងខ្ញុំបានឯកភាពជាគោលការណ៍។ ខ្ញុំសូមប្រកាសតែម្ដងថា “ខ្ញុំឯកភាព”។ ឯកឧត្តម ប៉េង ពោធិ៍នា អម្បាញ់មិញបានឯកភាពហើយ ត្រៀមដាក់ឱ្យមន្ទីរសាធារណការជំនាញមកមើល រៀបចំដាក់ឱ្យបានលឿន ដើម្បីកាត់បន្ថយគ្រោះថ្នាក់។ ខ្ញុំ(បាន)សួរទៅថា នៅងងឹតកន្លែងហ្នឹង។ ឯកឧត្តម អ៊ុន ចាន់ដា នឹងថែមអំពូលសូឡានៅជិតតំបន់កន្លែងនេះបន្ថែមទៀត។ អាចធ្វើនៅក្រោយចូលឆ្នាំ ព្រោះជិតចូលឆ្នាំហើយ។ ធ្វើដើម្បី(បំភ្លឺផ្លូវ ព្រោះ)កន្លែងខ្លះ ងងឹតដោយសារផ្លូវផង និងងងឹតផង។ អញ្ចឹងដាក់នៅកន្លែងដែលមានគ្រោះថ្នាក់ហ្នឹង។
សូមបន្ថែមអំពូល(ភ្លើងស្តុប)ចរាចរណ៍ជូន ថែមទាំងអំពូលភ្លើងជូនទៀត។ អំពូលសូឡា(ជូន)ទៅកន្លែងហ្នឹងតែម្ដង។ ក្រៅពីនោះ ក៏សិក្សាដាក់នៅសញ្ញាចរាចរណ៍មួយចំនួនផងដែរ។ ផ្លូវល្អក៏ដោយ អំពូល(បំភ្លឺផ្លូវ)ក៏ដោយ អត់ជួយទេ បើអ្នកបើកបរបើកលឿន ហើយបើកមិនគោរព(ច្បាប់ចរាចរ)។ អញ្ចឹងធំបំផុតសូមឱ្យប្រជាពលរដ្ឋដែលជាអ្នកប្រើប្រាស់ផ្លូវ បើកបរគោរពតាមច្បាប់ចរាចរណ៍ កុំលឿនពេក ហើយបើស្រវឹងកុំបើកបរ ជាពិសេស ចូលឆ្នាំផង។ ប្រយ័ត្នឱ្យមែនទែន។ សំខាន់បំផុត គឺកុំលឿន។ សូមចូលរួមទាំងអស់គ្នា។ រដ្ឋ ក្រសួងសាធារណការ ខេត្ត មន្ទីរសាធារណការ នឹងដាក់(ការបំភ្លឺ)ជូន បំពេញបន្ថែមនូវចំណុចចន្លោះបន្តិចបន្តួចនេះ ដើម្បីកាត់បន្ថយ(គ្រោះថ្នាក់ចរាចរណ៍) ប៉ុន្តែសូមឱ្យប្រជាពលរដ្ឋដែលជាអ្នកប្រើប្រាស់ផ្លូវ កុំបើកលឿនពេក សូមគោរពច្បាប់ចរាចរណ៍ ជាពិសេសកុំបើកបរក្នុងស្ថានភាពស្រវឹង។ អញ្ចឹងឯកភាពគ្នាថា ជូនទៅជូនមក ដើម្បីរួមគ្នាកាត់បន្ថយការគ្រោះថ្នាក់ចរាចរណ៍នៅទីនេះ។
(៣) ដរាបណានៅតែមានការគាំទ្រឱ្យដឹកនាំ គណបក្សប្រជាជននឹងបន្តកសាងនិងបម្រើប្រជាពលរដ្ឋ
សមិទ្ធផលផ្លូវមួយខ្សែដែលលេចចេញជារូបរាងនេះ ដូចក្នុងរបាយការណ៍របស់ឯកឧត្តម ប៉េង ពោធិ៍នា គឺបើកការដ្ឋានសាងសង់នៅចុងឆ្នាំ២០២១ នៅអាណត្តិទី៦ ដោយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បច្ចុប្បន្នជាប្រធានព្រឹទ្ធសភា។ ពីមុន លោកជា នាយករដ្ឋមន្រ្តី បានមកបើកការដ្ឋាន។ ថ្ងៃនេះ ខ្ញុំក្នុងនាមរាជរដ្ឋាភិបាលអាណត្តិទី៧ ចូលរួមនៅក្នុងការសម្ពោធដាក់ឱ្យប្រើប្រាស់។ នេះជានិមិត្តរូបនៃការបន្តការកសាង ការថែរក្សាសមិទ្ធផលបន្ថែមជូនប្រជាពលរដ្ឋ។ ដរាបណា គណបក្សប្រជាជននៅតែមានការគាំទ្រពីប្រជាពលរដ្ឋ ឱ្យមានឱកាសដឹកនាំ កសាងនិងបម្រើប្រជាពលរដ្ឋ យើងនឹងខិតខំកសាងសមិទ្ធផលកាន់តែច្រើនទៀត ជូនប្រជាពលរដ្ឋគ្រប់ទីកន្លែង រួមទាំងនៅស្ទឹងត្រង់និងក្រូចឆ្មារនេះផង។ ថ្ងៃមុន មកចែកប័ណ្ណ(កម្មសិទ្ធដីធ្លី)ជូនប្រជាពលរដ្ឋនៅស្ទឹងត្រង់ ក៏បានសន្យាផ្ដល់ជូននូវអគារសិក្សា។ ថ្ងៃមុននេះគឺនៅទំនប់ពាមកោះស្នា។ អញ្ចឹងក៏បានហើយ។ មិនត្រឹមតែសន្យាទេ។ អម្បាញ់មិញរាយការណ៍មក សាលា(សាងសង់)បាន ៣២%។ យើងនៅបន្តតទៅទៀត កសាងបន្ថែមទៀត។
(៤) ស្ពានមិត្តភាពកម្ពុជាចិននិងផ្លូវ៧១សេ ផ្តល់សេរីភាពនិងឯករាជ្យភាពក្នុងការធ្វើដំណើរនិងលំហូរទំនិញ
តាមរយៈរបាយការណ៍របស់ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ដែលបានលើកឡើងមុននេះបន្តិច, ផ្លូវជាតិលេខ ៧១សេ ជាផ្លូវត្រូវបានសាងសង់ដោយក្រុមហ៊ុនសំណង់សៀងហៃ (SCG) ក្រោមឥណទានរបស់ចិន។ ផ្លូវនេះ ជាលេខមូល មានប្រវែង ១១៥គីឡូម៉ែត្រ (១១៤,៩៩២) … តភ្ជាប់ពីផ្លូវជាតិលេខ៦ តាមផ្លូវជាតិលេខ៧១ បុកទៅចំការលើ មកដល់ខាងក្រូចឆ្មារយើងនេះ តភ្ជាប់ទៅដល់ឃុំស្រឡប់ ទៅខាងត្បូងឃ្មុំ។ ឃុំស្រឡប់នេះ មានប្រវត្តិ។ កាលឆ្នាំ២០១២ ខ្ញុំបានយកពេទ្យពេទ្យស្ម័គ្រចិត្តមកដាក់នៅប៉ុន្មានស្រុកនិងប៉ុន្មានឃុំនៅត្បូងឃ្មុំ។ ព្រឹកឡើង ខ្ញុំសួរថាពេទ្យបានពិនិត្យព្យាបាលប៉ុន្មាននាក់? គេរាយការណ៍ថា “បង! ស្រឡប់ ៥០០នាក់”។ ខ្ញុំ(សួរ)ថា ប្រជាជនមានរឿងអីបានជាសន្លប់ច្រើនម្លេះ។ គាត់ថា អត់ទេ! នៅឃុំស្រឡប់ ព្យាបាលបាន ៥០០នាក់។ ឈ្មោះទីកន្លែង។ ស្ដាប់មិនបាន។
យើងតភ្ជាប់តាមឈូកមក។ យើងឃើញទំនាក់ទំនងរបស់ប្រជាពលរដ្ឋកាន់តែងាយស្រួល កាន់តែមានឯករាជ្យភាព។ ពីមុន ឆ្លងពីក្រូចឆ្មារមកស្ទឹងត្រង់នេះ មានទូកដមួយនៅទ្រា។ ខ្ញុំធ្លាប់ឆ្លងដែរ។ អម្បាញ់មិញមានអ្នកទ្រាមកដែរ។ ទូកដនេះរត់ត្រឹមម៉ោងប៉ុន្មានក៏ឈប់ហើយ។ បើសិនជាប្រជាពលរដ្ឋមានការលំបាកពេលយប់ ត្រូវតែរកអ្នករត់ទូកដ ឬមួយក៏(ចាំដល់ម៉ោងទូកដបើក)។ ពិបាក។ ដល់មានស្ពាននេះតភ្ជាប់ គឺប្រជាជនសេរីភាពនិងឯករាជ្យភាពក្នុងការឆ្លងកាត់ពីស្ទឹងត្រង់ ឬមួយពីចំការលើទៅក្រូចឆ្មារ គ្រប់ពេលវេលា ២៤/២៤ម៉ោង។ ពីត្បូងឃ្មុំក៏អាចឆ្លងទៅផ្លូវជាតិលេខ៦ ពេលណាក៏បាន។ ការរីកចម្រើន ឯករាជ្យភាពនិងភាពម្ចាស់ការរបស់ប្រជាជនកាន់តែល្អ។ លំហូរនៃទំនិញក៏ជួយច្រើនពង្រាយ។
ខ្ញុំអាណិតហាងតាម៉ាប់(នៅកំពង់ចាម)។ ហាង ហាវ អាន នៅកំពង់ចាម។ ផ្លូវគេធ្វើព័ទ្ធអស់។ ពីមុនអ្នកធ្វើដំណើរត្រូវចូលកាត់កំពង់ចាម។ បើមកពីខាងត្បូងឃ្មុំផ្លូវជាតិលេខ៦ ទៅសៀមរាបទាល់តែកាត់តាមហ្នឹង។ អញ្ចឹងកាត់តាមកំពង់ចាមចូលគុយទាវហាង តាម៉ាប់ សិន បានឡើងមកត្រើង ហើយចាក់មកផ្លូវ៧១ ឡើងមកកំពង់ធំ។ ឥឡូវ មានផ្លូវនេះឆ្លងកាត់ ប្រហែលជាលែងមកហើយ។ កាលពីមុនពេលដែលផ្លូវជាតិលេខ៨ ផ្លូវ១១ធ្វើហើយ មួយចំនៀរហ្នឹងមិនបានឆ្លងកាត់ទេ។ ចុះទៅព្រៃវែង តាមនោះតែម្ដង។ ផ្លូវជាតិលេខ៨ ទៅភ្នំពេញ។ ពេលដែលផ្លូវជាតិលេខ៦A ធ្វើមួយកំណាត់មកដល់ស្គន់ ហើយផ្លូវវាងទៀត ក៏គេច្រើនទៅតាមនោះ។ ប៉ុន្តែអត់អីទេ បន្តិចទៀតផ្លូវជាតិលេខ៧ ពីស្គន់ មកដល់កំពង់ចាមធ្វើហើយ … កាន់តែអ៊ូអរមកវិញហើយ។ អញ្ចឹងហាងតាម៉ាប់អាចមានសង្ឃឹមឡើងវិញ។ ឧស្សាហ៍ចូលហាងគាត់ …។
[ចប់សេចក្ដីអធិប្បាយ ២]
ជាងនេះទៀត, ផ្លូវជាតិលេខ ៧១ សេ ត្រូវបានរំពឹងថា នឹងជួយលើកកម្ពស់ប្រសិទ្ធភាពនៃការនាំចេញផលិតផលកសិកម្ម, កសិឧស្សាហកម្ម, ជាពិសេស កៅស៊ូ ដែលជាតម្រូវការចាំបាច់របស់សកលលោក ព្រមទាំងអាចជួយទាក់ទាញទេសចរណ៍ និង វិនិយោគិនបន្ថែមទៀត មកកាន់តំបន់នេះ សំដៅធ្វើឱ្យប្រសើរឡើងនូវជីវភាពរបស់បងប្អូនប្រជាពលរដ្ឋ ។ ម្យ៉ាងវិញទៀត ផ្លូវជាតិនេះ ក៏បានបង្ហាញនូវការតភ្ជាប់ក្តីសង្ឃឹមរបស់ប្រជាពលរដ្ឋ ដែលរស់នៅកុះករ ក្នុងតំបន់នេះ ជាពិសេស ភាពសុខដុមនីយកម្មខាងជំនឿសាសនារវាងអ្នកកាន់សាសនាព្រះពុទ្ធ និង សហគមន៍សាសនិកឥស្លាមកម្ពុជា ឱ្យកាន់តែជិតស្និទ្ធ និង រឹងមាំថែមទៀត តាមរយៈ ការប្រាស្រ័យ និង ទំនាក់ទំនងពាណិជ្ជកម្មរួមគ្នាផងដែរ ។
សមិទ្ធផលខ្សែផ្លូវនេះ ក៏នឹងផ្ដល់ភាពងាយស្រួលបន្ថែមទៀតដល់បងប្អូនប្រជាពលរដ្ឋយើង ក្នុងការធ្វើដំណើរកម្សាន្តទៅទីជិតឆ្ងាយ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងឈានមកដល់ក្នុងពេល ២ ថ្ងៃទៀតខាងមុខនេះ ។ ខ្ញុំសូមយកឱកាសនេះជម្រាបជូនដល់លោកយាយលោកតា អ៊ំពូមីង បងប្អូនប្រជាពលរដ្ឋ និងភ្ញៀវ-ទេសចរជាតិ-អន្តរជាតិជ្រាបថា ឆ្នាំនេះ យើងនឹងមានរៀបចំ ព្រឹត្តិការណ៍អង្គរសង្រ្កាន្ត ដើម្បីជួបជុំមហាគ្រួសារខ្មែរ អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នៅលើទឹកដីអង្គរវត្ត ខេត្តសៀមរាប ហើយក៏មានរៀបចំកម្មវិធីសង្រ្កាន្តឆ្នាំថ្មីនៅតាមបណ្ដាខេត្តផ្សេងៗក៏នឹងមានរៀបចំដូចៗគ្នាដែរ ។
[ចាប់ផ្ដើមសេចក្ដីអធិប្បាយ ៣]
ខេត្តកំពង់ចាមមានភាពទាក់ទាញមួយពិសេស។ អម្បាញ់មិញខ្ញុំសួរថា លៀស ៣តោនរកបានឬនៅ? ត្រៀមរួចហើយ។ តម្រៀបគ្នាមួយគីឡូដី។ ទាក់ម៉ូយអ្នកដែលស្រលាញ់លៀសមកខេត្តកំពង់ចាមអោយច្រើន។ លៀស ៣តោនរង់ចាំ។ ធ្វើម៉េចសុំកុំអោយមេឃស្រទុំ។ មេឃក្ដៅបានលៀសហាលឆ្ងាញ់។ បើមានសល់ខ្លះលើសពី ៣តោន បញ្ជូនទៅផ្ទះខ្ញុំផង …។
[ចប់សេចក្ដីអធិប្បាយ ៣]
ថ្ងៃនេះផងដែរ ខ្ញុំសូមថ្លែងអំណរគុណ តាមរយៈ ឯកឧត្ដមឯកអគ្គរដ្ឋទូតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា ដល់រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ដែលបានជួយកសាងផ្លូវជាតិលេខ ៧១ សេ ដ៏មានសារៈសំខាន់នេះ ។ ជាការពិត សាធារណរដ្ឋប្រជាមានិតចិន គឺជាមិត្តដ៏សំខាន់មួយរបស់កម្ពុជា ដែលបានជួយគាំទ្រដល់ការអភិវឌ្ឍរីកចម្រើន,ទាំងសេដ្ឋកិច្ច ទាំងសង្គម នៅទូទាំងប្រទេស, ហើយក្នុងនោះ មិត្តចិនក៏ត្រូវបានទទួលស្គាល់ថាជាប្រទេសដៃគូលំដាប់ទី ១ ដែលបាន និង កំពុងផ្ដល់ហិរញ្ញសប្បទានសម្បទាន និង ជំនួយឥតសំណងជាច្រើន និង ជាបន្តបន្ទាប់ ដើម្បីរួមចំណែកដល់ការអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវ-ស្ពាននៅកម្ពុជា ដែលគិតមកដល់បច្ចុប្បន្ននេះ គឺមានទឹកប្រាក់សរុបប្រមាណជាង ៣ ពាន់លានដុល្លារអាម៉េរិក សម្រាប់គាំទ្រដល់ការលើកកម្ពស់គុណភាពផ្លូវថ្នល់ និង ការតភ្ជាប់ដែលមានភាពប្រទាក់ក្រឡាពេញផ្ទៃក្នុងប្រទេស និង ក្នុងតំបន់ ។
បើនិយាយអំពីទំនាក់ទំនងការទូត កម្ពុជា-ចិន ក្នុងឆ្នាំ ២០២៥ នេះ គឺត្រូវនឹងខួបអនុស្សាវរីយ៍លើកទី៦៧ នៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា-ចិន ដែលបានចាប់ផ្តើមតាំងពីថ្ងៃទី ១៩ ខែ កក្កដា ឆ្នាំ ១៩៥៨។ ទំនាក់ទំនងកម្ពុជា-ចិន បានបន្តមានភាពល្អប្រសើរឡើងរហូតក្លាយទៅជាទំនាក់ទំនង «ភាពជាសហប្រតិបត្តិការនៃយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ» នៅខែ ធ្នូ ឆ្នាំ ២០១០។
ជាក់ស្ដែង ក្នុងឆ្នាំ២០២៥ នេះ យើងបានកំណត់យកជា “ឆ្នាំទេសចរណ៍ កម្ពុជា-ចិន ២០២៥” ដើម្បីបន្តរួមចំណែកលើកកម្ពស់វិស័យទេសចរណ៍កម្ពុជា-ចិន ឱ្យកាន់តែទូលំទូលាយទៅកាន់ទីផ្សារអន្តរជាតិ, ជាពិសេស ទីផ្សារប្រទេសចិន ព្រមទាំងពង្រឹងភាពជាដៃគូ និង កិច្ចសហប្រតិបត្តិការល្អរួមចំណែកបន្តគាំទ្រដល់ “កិច្ចសហប្រតិបត្តិការត្បូងពេជ្រកម្ពុជា-ចិន” និង ការកសាង “សហគមន៍ជោគវាសនារួមកម្ពុជា-ចិន”ប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និង ស្ដង់ដារខ្ពស់ ក្នុងយុគសម័យថ្មី ។
ក្នុងនាមប្រជាជន និង រាជរដ្ឋាភិបាលកម្ពុជា ខ្ញុំសូមវាយតម្លៃខ្ពស់ និង សូមសម្ដែងការអរគុណដ៏ជ្រាលជ្រៅចំពោះប្រជាជន និង រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ដែលជាដៃគូដ៏សំខាន់ គាំទ្រដល់ការអភិវឌ្ឍនៅកម្ពុជា លើគ្រប់វិស័យ នៅគ្រប់កាលៈទេសៈទាំងអស់ និងមិនមានលក្ខខណ្ឌស្មុគស្មាញ ហើយខ្ញុំក៏សូមថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំចិន ដែលសន្យាបន្តផ្ដល់ជំនួយឥតសំណង កម្ចីសម្បទាន បង្កើនវិនិយោគ និង ជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ឱ្យកាន់តែរឹងមាំខ្លាំងក្លាជាមួយកម្ពុជា ជាពិសេស បានឯកភាពក្នុងការជំរុញការបន្ស៊ីគ្នារវាងគំនិតផ្ដួចផ្ដើមខ្សែក្រវាត់ និង ផ្លូវ និង យុទ្ធសាស្ត្របញ្ចកោណរបស់កម្ពុជា ដើម្បីកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះផងដែរ។
[ចាប់ផ្ដើមសេចក្ដីអធិប្បាយ ៤]
(៥) សមិទ្ធិផលធំៗ ត្រូវបានសម្ពោធដោយបង្ហាញភាពរឹងមាំក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរកម្ពុជា–ចិន
ក្នុងរយៈពេលប៉ុន្មានខែនេះ ខ្ញុំឃើញសារព័ត៌មានបរទេស និងអ្នកវិភាគបរទេសជាច្រើន រួមទាំងអ្នកវិភាគសញ្ជាតិខ្មែរមួយចំនួន បានពិនិត្យវាយតម្លៃទៅលើទំនាក់ទំនងកម្ពុជា-ចិន។ ពួកគាត់វាយតម្លៃដោយផ្អែកទៅលើទិន្នន័យពីខាងណា ខ្ញុំមិនច្បាស់ទេ។ ពួកគេបានគិតថា តាំងពីរាជរដ្ឋាភិបាលថ្មីកម្ពុជាឡើងមក ទំនាក់ទំនងកម្ពុជា-ចិន បានចុះថយ មិនមានការជឿទុកចិត្តគ្នា មិនមានការចូលរួមជួយដូចមុន។ ខ្ញុំមិនដឹងថាគាត់យកទិន្នន័យពីណាទេ ព្រោះនៅក្នុងរយៈពេលជាង ១៧ខែនេះ ខ្ញុំបានចូលរួមសម្ពោធសមិទ្ធិផលធំៗ ដែលមាន ព្រលានយន្តហោះខេត្តសៀមរាប ផ្លូវក្រវ៉ាត់ក្រុងលេខ៣ ដែលយើងបានដាក់ឈ្មោះឯកឧត្តមប្រធានាធិបតី(ចិន) មហាវិថី ស៊ី ជីងភីង ដើម្បីបង្ហាញនូវភាពរឹងមាំ(ក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ)។ ការដាក់ឈ្មោះផ្លូវបង្ហាញនូវការទទួលស្គាល់ការចូលរួមរបស់ឯកឧត្តមប្រធានាធិបតី នៅក្នុងការជួយដល់សេដ្ឋកិច្ចកម្ពុជា។
(៦) ចិនឈរនៅលំដាប់ទីមួយក្នុងឆ្នាំ២០២៤ ក្នុងការវិនិយោគនៅកម្ពុជា
គេសួរថាម៉េចក៏ដាក់ឈ្មោះ? កន្លងទៅយើងធ្លាប់បានដាក់ឈ្មោះដូចនេះ។ នៅកំពង់ចាមនេះមានស្ពាន គីហ្សូណា និងមានស្ពាន ត្សឹបាសា (នៅអ្នកលឿង)។ យើងមានស្ពានច្រើនណាស់ដែលមានថ្នាក់ដឹកនាំចូលរួម។ ឯកឧត្តមប្រធានាធិបតី ស៊ី ជីងភីង ក៏បានចូលរួមច្រើនក្នុងនាមជាដៃគូរវាងចិននិងកម្ពុជា។ ការរៀបចំដាក់ឈ្មោះដើម្បីជាថ្លែងអំណរគុណជាការធម្មតា។ ការរៀបចំសម្ពោធផ្លូវនៅទីនេះ ក៏ជានិមិត្តរូបថាទំនាក់ទំនង(រវាងប្រទេសទាំងពីរ)ល្អ … រួមទាំងការដែលចិនឈរនៅលំដាប់ទីមួយក្នុងឆ្នាំ២០២៤ នេះ ក្នុងការវិនិយោគនៅកម្ពុជា។ ទំនាក់ទំនង(កម្ពុជាចិន)នេះមិនមានអីប្រែប្រួលឡើយ។ យើងនឹងបន្តទៅទៀត។ កម្ពុជាពង្រឹងទំនាក់ទំនងជាមួយគ្រប់ប្រទេសទាំងអស់ ក្នុងនោះទំនាក់ទំនងកម្ពុជា-ចិន ក៏មិនមានអីប្រែប្រួល ផ្អែកទៅលើមូលដ្ឋានដែលយើងមាន ៦៧ឆ្នាំមកនេះ។ យើងបន្តរឹងមាំតទៅទៀត។
(៧) ទំនាក់ទំនងកម្ពុជា–ចិន បន្តរឹងមាំ ជួយនិងគោរពអធិបតេយ្យភាពគ្នាទៅវិញទៅមក មិនលូកលាន់កិច្ចការផ្ទៃក្នុងរៀងៗ ខ្លួន
នៅក្នុងពេលឆាប់ខាងមុខនេះឯកឧត្តមប្រធានាធិបតីចិននឹងមកធ្វើទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា។ នោះក៏ជាសារបញ្ជាក់បន្ថែមទៀត។ សូមជូនព័ត៌មានបន្ថែមទៅអស់លោកសារព័ត៌មានអន្តរជាតិផ្សេងៗ ដែលធ្វើការវិភាគ …អ្វីដែលជាភាពជាក់ស្ដែង គឺទំនាក់ទំនងរវាងកម្ពុជា–ចិន នៅតែបន្តរឹងមាំ និងដើរទៅលើគន្លងនៃការជួយគ្នាទៅវិញទៅមក ការគោរពអធិបតេយ្យភាពគ្នាទៅវិញទៅមក ការគោរពសិទ្ធិ និងការជួយគ្នា ដោយមិនលូកលាន់ក្នុងកិច្ចការផ្ទៃក្នុងរៀងៗ ខ្លួនរបស់ប្រទេសនីមួយៗ។ យើងនៅបន្ត។ នេះមិនខុសពីអ្វីដែលកម្ពុជាធ្វើទំនាក់ទំនងជាមួយគ្រប់បណ្ដាប្រទេសទាំងអស់នៅលើពិភពលោកទេ។ ថ្ងៃនេះ គឺជាសក្ខីភាពមួយនៅក្នុងការបន្តពង្រឹងនូវទំនាក់ទំនងរវាងកម្ពុជា–ចិន ដើម្បីផលប្រយោជន៍រួមរបស់ប្រជាជនយើង ជាពិសេស ការកសាងហេដ្ឋារចនាសម្ព័ន្ធបន្ថែម ក្នុងប្រទេសកម្ពុជា និងការជួយឧបត្ថម្ភគាំទ្ររបស់ចិននៅតែបន្ត ដើម្បីជាប្រយោជន៍ជូនប្រជាពលរដ្ឋនិងជំរុញសេដ្ឋកិច្ចជាតិជូនប្រជាពលរដ្ឋនៅគ្រប់ទីកន្លែង។
(៨) ផ្លូវ ៧១សេ ជាសមិទ្ធផលដែលអ្នកកំពង់ចាម/ស្ទឹងត្រង់ អ្នកក្រូចឆ្មារ/ត្បូងឃ្មុំ បានប្រើប្រាស់ជាក់ស្ដែង
កាសែតមួយចំនួន ច្រើនតែកាសែតធំៗ របស់បរទេស បានយកប្រធានបទនេះមកវិភាគ។ វិភាគទៅចុះ យើងមិនចាំបាច់មាត់តទេ។ រូបភាព សមិទ្ធផលនៅលើដីជាក់ស្ដែង គឺជាសក្ខីភាពហើយ។ នេះមិនខុសពីអ្វីដែលរាជរដ្ឋាភិបាលយើងធ្វើរាល់ថ្ងៃទេ។ ខ្ញុំមើលរាល់ថ្ងៃនេះ អ្នកវិភាគ អ្នកវាយប្រហាររដ្ឋាភិបាលថាមិនធ្វើអីនោះ មានច្រើនណាស់។ ខ្ញុំក៏មិនចាំបាច់(ត)មាត់ដែរ។ ខ្ញុំដើរតែសម្ពោធសមិទ្ធផលទៅគឺបានហើយ។ បើមិនធ្វើអីសោះ មិនចាំបាច់មកសម្ពោធផ្លូវ៧១សេ មែនទេ? បើអត់ធ្វើអីសោះ មិនចាំបាច់ត្រៀមសម្រាប់រៀបចំហេដ្ឋារចនាសម្ព័ន្ធបន្ថែម ដាក់ផ្លូវបន្ថែម ភ្លើងបន្ថែម ជូនអ្នកស្ទឹងត្រង់ និងអ្នកក្រូចឆ្មារនោះទេ។ មិនចាំបាច់ធ្វើអគារប៉ុន្មានជាន់ ហើយថែមអគារសិក្សា ថែមផ្លូវប៉ុន្មានខ្សែថ្ងៃមុននៅអារក្សត្នោតអី។ យើងនឹងបន្តទៀត។ នេះជាការពិត។ គឺជាអ្វីដែលយើងបន្តធ្វើ។ ខ្ញុំសង្ឃឹមថា ប្រជាពលរដ្ឋអ្នកស្ទឹងត្រង់ អ្នកក្រូចឆ្មារ អ្នកដែលមកព្រឹកនេះ យ៉ាងហោចណាស់បានឃើញផ្ទាល់នូវផ្លូវដែលយើងបានធ្វើ បានជិះ។
ប៉ុន្មាននាក់ដែលបានជិះលើផ្លូវ៧១សេ ពេលមកព្រឹកមិញ? ទាំងអស់គ្នា។ អញ្ចឹងបានឃើញហើយផ្លូវនេះមិនមែនផ្លូវលើក្រដាសទេ គឺផ្លូវនៅលើដីជាក់ស្ដែង។ ហើយបងប្អូនជិះយ៉ាងស្រួលផង។ នេះគឺជាសមិទ្ធផលដែលយើងចង់ឲ្យប្រជាជនបានឃើញពិតប្រាកដ។ អ្វីក៏ដោយដែលបង្ហោះនៅលើហ្វេសប៊ុកជារឿងមួយ សំខាន់ថាប្រជាជនបានឃើញផ្ទាល់។ ដែលខ្ញុំកាន់មេក្រូថ្ងៃនេះ អាចនិយាយដោយមោទនភាព និងជឿជាក់ថា អ្វីដែលខ្ញុំបាននិយាយ អ្វីដែលយើងមកសម្ពោធថ្ងៃនេះ មិនត្រឹមតែសម្ពោធប៉ាណូទេ ប៉ុន្តែជាការសម្ពោធសមិទ្ធផលជាក់ស្ដែង ដែលអ្នកកំពង់ចាម អ្នកស្ទឹងត្រង់ អ្នកក្រូចឆ្មារ និងអ្នកត្បូងឃ្មុំបានប្រើប្រាស់ជាក់ស្ដែង។ គឺជាសមិទ្ធផលដែលឃើញ និងបានផ្ដល់ផលប្រយោជន៍ជូនបងប្អូនជាក់ស្ដែង។ អ្វីដែលសំខាន់គឺការទុកចិត្តនិងការជឿចិត្តរបស់ប្រជាជន ចំពោះអ្វីដែលយើងបានធ្វើ។ អ្នកណាថាអី ថាចុះ។ បន្តិចទៀត យើងអបអរឆ្នាំថ្មី។
(៩) ២៥រាជធានី/ខេត្ត អួតពីការរៀបចំតុបតែងលំអសំរាប់ពិធីបុណ្យចូលឆ្នាំ និងសមិទ្ធផលដែលសំរេចបាន
ដែលខ្ញុំប្រកាសថាមានលៀស ៣តោននេះ មិនមែនក្លែងក្លាយទេ ព្រោះអម្បាញ់មិញនេះ(អភិបាលខេត្ត)គាត់ប្រាប់ខ្ញុំថាត្រៀមរួចហើយ … ទៅដល់ មិនមែនហូបលៀសតាម internet ទេ គឺហូបជាក់ស្ដែង។ ទាល់តែទៅកន្លែងនោះបានមាន។ លៀសកំពង់ចាម។ ខ្ញុំអរគុណខេត្តត្បូងឃ្មុំ និងកំពង់ចាម ដែលបានរៀបចំ(សម្រាប់ព្រឹត្តិការណ៍សង្រ្កាន្ត)។ យើងប្រកួតប្រជែងគ្នា ទាំង២៥រាជធានី/ខេត្ត ឃើញរៀបចំល្អណាស់ décor មិនថាខេត្តតូចឬធំ រៀបចំទាំងអស់តាមកន្លែងសាធារណៈ រៀបទាំងល្បែងប្រជាប្រិយជាដើម ដើម្បីអួតសមិទ្ធផលរបស់ខ្លួន។ ខ្ញុំថា អួតបែបនេះគឺអួតល្អ។ អួតនាំគ្នាធ្វើលទ្ធផលវិជ្ជមានជាក់ស្ដែងជូនប្រជាពលរដ្ឋ បានតិច ឬច្រើន យើងអួតតទៅទៀត។ ចង់អួត ទាល់តែខិតខំកាន់តែខ្លាំង។ កំពង់ចាម និងត្បូងឃ្មុំ ប្រកួតគ្នាទៅ តើនរណាបានល្អជាងគេ។ មិនស្រួលឮកំពង់ចាមរៀបចំលៀស ៣តោន ខាងត្បូងឃ្មុំអាចដាក់ត្រី ៥តោនអីអញ្ចឹងទៅ ព្រោះមួយឆ្នាំៗ ឃើញនៅបឹងក្រោម ចាប់បានត្រីច្រើនដែរ។ អាចលេងអញ្ចឹងពេលចូលឆ្នាំ។ បានត្រី៥តោន ច្រើនជាងលៀស ៣តោន។ អញ្ចឹង កំពង់ចាមឮលើសអញ្ចឹង ថែមត្រីឆ្អើរ ៣តោនទៀត។ ប្រកួតបែបហ្នឹងកាន់តែល្អ។ កុំប្រកួតជេរគ្នា រិះគន់គ្នា។ បង្អួតរឿងមួលបង្កាច់គ្នា បង្អួតរឿងធ្វើទៅ បានតិច ឬច្រើន បានផលដល់ប្រជាជន បានសប្បាយទាំងអស់គ្នាពេលចូលឆ្នាំនេះ។
(១០) ផលវិជ្ជមានរបស់ម្នាក់ៗ និងគ្រួសារ បូកសរុបជាលទ្ធផលរបស់ខេត្ត ភូមិ ឃុំ ស្រុក និងប្រទេសជាតិ
ប្រជាជនសប្បាយពេលចូលឆ្នាំ មិនមែនបានន័យថាប្រជាជនមិនគិតរឿងជាតិទេ។ ខិតខំរួចហើយ។ ការអបអរបុណ្យប្រពៃណីជាតិ ក៏គិតពីវប្បធម៌ សាសនា និងតម្លៃប្រពៃណីយើងដែរ។ អបអរឲ្យបានទាំងអស់គ្នា។ ខំប្រឹងធ្វើពេញមួយឆ្នាំ២០២៤ មួយឆ្នាំរោងហើយ។ ឥឡូវយើងសម្រាកអបអរសាទរ។ ចប់ពីហ្នឹង យើងខំប្រឹងបន្តទៀតមួយឆ្នាំម្សាញ់ ដើម្បីដល់ពេលខែ៤ ឆ្នាំក្រោយ យើងអាចបូកសរុប សប្បាយ អបអរសាទរសមិទ្ធផលមួយឆ្នាំទៀត។ សមិទ្ធផលមួយឆ្នាំរបស់ប្រទេសជាតិកើតពីអី? កើតពីសមិទ្ធផលរបស់ក្រសួង/ស្ថាប័ន ខេត្តនីមួយៗ កើតពីសមិទ្ធផលរបស់ឃុំ/ស្រុក/ភូមិនីមួយៗ។ ភូមិស្រុកនីមួយៗកើតពីសមិទ្ធផលរបស់សហគមន៍ របស់ប្រជាជនម្នាក់ៗ។ អញ្ចឹង ដើម្បីជាតិយើងកាន់តែលឿន កាន់តែរឹងមាំ ប្រជាជនម្នាក់ៗ ត្រូវតែផ្ដោតលើការខិតខំប្រឹងប្រែងពង្រឹងខ្លួន លើកកម្ពស់ជីវភាពរស់នៅ និងពង្រឹងកសាងនូវផលវិជ្ជមានសម្រាប់ខ្លួន សម្រាប់គ្រួសារ។ ហ្នឹងគឺជាកត្តាសំខាន់ដែលបូកសរុបទៅជាលទ្ធផលរបស់ខេត្ត ភូមិ ឃុំ ស្រុក និងប្រទេសជាតិរបស់យើង។ អបអរថ្ងៃនេះឆ្នាំនេះ ជាសមិទ្ធផលរួមរបស់ប្រជាពលរដ្ឋយើងដែលខិតខំរៀងៗខ្លួន។
(១១) ម្ចាស់ការនិងសហការជាមួយប្រទេសនានា ពង្រឹងសេដ្ឋកិច្ចនិងជីវភាពរស់នៅរបស់ប្រជាជនឱ្យកាន់តែបានប្រសើពីមួយឆ្នាំទៅមួយឆ្នាំ
រាជរដ្ឋាភិបាលនឹងខិតខំបង្កលក្ខណៈ តាមរយៈការកសាងហេដ្ឋារចនាសម្ព័ន្ធ ធានាស្ថានភាពសេដ្ឋកិច្ច ថែរក្សាសន្តិភាព ស្ថិរភាព សន្តិសុខ ជូនប្រជាពលរដ្ឋ។ អរគុណដល់អាជ្ញាធរខេត្ត សមត្ថកិច្ចទាំងអស់ ទាំងប៉ូលីស នគរបាល អាវុធហត្ថ ប្រជាការពារ កងទ័ព ចូលរួមជាមួយប្រជាពលរដ្ឋ និងមន្រ្តីរាជការ ពេទ្យ គ្រូបង្រៀន កសាងសមិទ្ធផល កសាងធនធានមនុស្ស។ ក្មួយៗ សិស្សខំប្រឹងរៀន ជាជាងដើរលេង កាប់ចាក់គ្នា។ ប្រឹងរៀនដើម្បីមួយឆ្នាំៗ កាន់តែពង្រឹងសមត្ថភាពអ្នកស្ទឹងត្រង់។ ប្រជាកសិករខំប្រឹងបង្កបង្កើនផល។ អ្នកធ្វើការក្នុងវិស័យឧស្សាហកម្ម រោងចក្រ … ខិតខំរៀងៗខ្លួន។ តាម៉ាប់ខិតខំពង្រីកអាជីវកម្មរបស់ខ្លួនកាន់តែល្អ។ យើងរួមគ្នាគ្រប់វិស័យ ដែលថាថ្ងៃ១៤ ១៥ ១៦នេះ យើងអបអរសាទរឆ្នាំថ្មីបូកសរុបជោគជ័យមួយឆ្នាំ។ ឆ្នាំក្រោយបន្តទៅទៀត។ រដ្ឋាភិបាលនឹងបន្តខិតខំបម្រើ និងជួយប្រជាពលរដ្ឋទៅតាមអ្វីដែលយើងធ្វើបាន តាមរយៈការធ្វើខ្លួនឯង និងការសហការជាមួយបណ្ដាប្រទេសទាំងអស់ ដើម្បីយើងពង្រឹងសេដ្ឋកិច្ច និងជីវភាពរស់នៅរបស់ប្រជាជនរបស់យើងតទៅទៀត ពីមួយឆ្នាំទៅមួយឆ្នាំកាន់តែរីកចម្រើន។
(១២) កសាងផ្លូវ បង្កើតរោងចក្រ សង់សាលារៀន និងរៀបចំគោលនយោបាយថ្មី ដើម្បីបានផលសេដ្ឋកិច្ចជូនប្រជាពលរដ្ឋ
ស្ថានភាពសេដ្ឋកិច្ចមិនងាយស្រួលទេ។ ឥឡូវ កំពុងតែវឹកវរ។ បងប្អូនប្រហែលជាតាមដានហើយពីសង្រ្គាមពាណិជ្ជកម្ម។ ទោះជាយ៉ាងណាក៏ដោយ រដ្ឋាភិបាលមិនអាចគេចមិនប្រឈមបានទេ។ យើងមិនអាចធ្វើមិនដឹងមិនឮទេ។ យើងត្រូវតែរកវិធីដោះស្រាយ ដោះឲ្យលឿន ដោះឲ្យបានប្រសិទ្ធភាពដើម្បីការពារផលប្រយោជន៍ប្រទេសជាតិ។ កន្លងទៅ មានការចេញលិខិតសុំចរចា ការរៀបចំដើម្បីធានាពិពិធកម្មសេដ្ឋកិច្ចរបស់យើង និងការបង្កើនមូលដ្ឋានធនធានមនុស្ស និងសេដ្ឋកិច្ច។ នោះជាកិច្ចការរបស់រាជរដ្ឋាភិបាល។ ធ្វើដើម្បីអី? ដើម្បីធានាសេដ្ឋកិច្ចឲ្យរីកចម្រើន។ សេដ្ឋកិច្ចរីកចម្រើនដើម្បីអ្នកណា? ដើម្បីប្រជាពលរដ្ឋទាំងអស់គ្នា។ មិនដូចពីជំនាន់ប៉ុល ពត ដែលសេដ្ឋកិច្ចប្រមូលបាន គឺអង្គការប្រមូលបានមួយដុំហើយចែកប្រជាជនតិចៗ។
យើងខិតខំធ្វើឲ្យប្រជាពលរដ្ឋមានបាន ចូលទៅហោប៉ៅប្រជាពលរដ្ឋ ធ្វើផ្លូវកន្លែងនេះ ដើម្បី រុញផ្លូវឲ្យជិតដល់អ្នកក្រូចឆ្មារ ទៅដល់អ្នកត្បូងឃ្មុំ អ្នកស្ទឹងត្រង់ ដើម្បីឲ្យសេដ្ឋកិច្ច ដឹកជញ្ជូនកាន់តែច្រើន លុយចូលហោប៉ៅប្រជាពលរដ្ឋ។ រុញរោងចក្រទៅណា? រុញទៅតាមខេត្តឲ្យបានច្រើន មកខេត្តត្បូងឃ្មុំ កំពង់ចាម។ ធ្វើផ្លូវនេះសង្ឃឹមថានឹងមានការបង្កើតសកម្មភាពសេដ្ឋកិច្ចបន្ថែមទៀត។ រុញសាលារៀនទៅណា? រុញទៅដល់មូលដ្ឋានដើម្បីអ្នកស្ទឹងត្រង់ អ្នកក្រូចឆ្មារអាចរៀនបាន។ ទាំងអស់នេះគឺធ្វើដើម្បីអី? ផលប្រយោជន៍សេដ្ឋកិច្ចដើម្បីចែកទៅឲ្យប្រជាពលរដ្ឋ។ ខំដាក់គោលនយោបាយថ្មីធ្វើអ្វី? គោលនយោបាយហ្នឹងផ្ដោតលើអ្នកណា? ផ្ដោតលើអ្នកនៅភ្នំពេញ ឬទូទាំងប្រទេស។
(១៣) បំរើប្រជាពលរដ្ឋតាមរូបមន្ដចែករំលែកការអភិវឌ្ឍដោយដាក់ប្រជាពលរដ្ឋជាគោល
គោលនយោបាយអាណត្ដិទី៧ ដែលយើងបន្ដពីអាណត្ដិទី៦ ធំបំផុត ទី១ គឺរឿងសុខភាពប្រជាពលរដ្ឋ។ រៀបចំជួយប្រជាពលរដ្ឋរឿងសុខភាព ពង្រីក(វិសាលភាពផ្ដល់)ប័ណ្ណសមធម៌ បសស បណ្ណក្រីក្រ។ ផ្ដល់អាហារូបករណ៍ ១លាន ៥សែន នាក់សំរាប់កូនចៅប្រជាពលរដ្ឋនៅទូទាំងប្រទេសបានរៀន ដើម្បីមានសមត្ថភាពចាប់យកជំនាញចូលបាន។ នេះគឺអ្វីដែលរាជរដ្ឋាភិបាលបានដឹកនាំធ្វើ ៤០ឆ្នាំជាងនេះ គឺពង្រាយផលប្រយោជន៍ជូនប្រជាពលរដ្ឋ។ មិនមែនប្រមូលផ្ដុំផលប្រយោជន៍ យកប្រជាពលរដ្ឋជាឧបករណ៍ដើម្បីបំរើរដ្ឋបាល ប្រមូលទាំងអស់យកមកដាក់រដ្ឋ ហើយប្រជាជនអត់អីហូបនោះទេ។ គឺមានតែរដ្ឋជាឧបករណ៍ខិតខំដើម្បីប្រជាពលរដ្ឋ បង្កើតគោលនយោបាយជាមួយភាគីមិត្តជំរុញការវិនិយោគ ជំរុញទាំងសាធារណៈ ទាំងរដ្ឋ គ្រប់វិស័យទាំងអស់ សុខាភិបាល អប់រំ បើកច្រកឲ្យប្រជាពលរដ្ឋដើម្បីមានឱកាសការងារ រៀនសូត្រ ដើម្បីរុញផលឲ្យប្រជាពលរដ្ឋទូទាំងប្រទេស។ នេះគឺជាអ្វី ដែលរាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជន(បានគិតបានធ្វើ) ពង្រាយផលជូនប្រជាពលរដ្ឋ។ នេះជាការអភិវឌ្ឍសេដ្ឋកិច្ចរីកចំរើន ដែលជួយឱ្យប្រជាជនមានបាន។
បើរាជរដ្ឋាភិបាលធ្វើឲ្យតែអ្នកដឹកនាំ(មានបាន) ហើយប្រជាជនអត់មានលទ្ធភាព មិនចំាបាច់ពង្រីកផ្លូវធ្វើអីទេ។ ប្រសិនបើតែមន្ដ្រីរាជការ ថ្នាក់ដឹកនាំ ជិះឡានតែប៉ុន្មានរយពាន់គ្រឿងគ្រប់ហើយ។ តែនេះដោយសារឡាន ម៉ូតូយើងចូលរាប់លានគ្រឿង ដោយសារប្រជាពលរដ្ឋរបស់យើង។ ឥឡូវ ខ្ញុំតែងតែនិយាយមើលការ(រៀបការ)។ កាលពីជំនាន់ខ្ញុំការ ១០០ តុឡើង ទាល់តែនៅភ្នំពេញ ហើយការធំណាស់។ ឥឡូវ នៅតាមខេត្តអីចូលរាប់រយតុ។ បើនៅរោងការនៅខេត្តកំពង់ចាម ត្បូងឃ្មុំ អីវិញ ឡានក៏រាប់រយគ្រឿង ម៉ូតូក៏ច្រើនដែរ។ អញ្ចឹងបានន័យថាផលបានទៅប្រជាពលរដ្ឋ ហើយយើងនៅបន្ដធ្វើបែបនេះ ដរាបណាប្រជាពលរដ្ឋនៅផ្ដល់ទំនុកទុកចិត្ត ការគាំទ្រដល់គណបក្សប្រជាជន ដើម្បីបំរើប្រជាពលរដ្ឋតទៅទៀត តាមរូបមន្ដចែករំលែកការអភិវឌ្ឍយ៉ាងណាត្រូវដាក់ប្រជាពលរដ្ឋជាគោលមុន។ យើងធ្វើគោលនយោបាយដើម្បីឲ្យផលដល់ប្រជាពលរដ្ឋ។ យើងត្រូវបន្ដធ្វើ (ទោះ)មិនបានល្អឥតខ្ចោះ មិនទាន់បានគ្រប់គ្រាន់ទេ ហើយយើងនឹងបន្ដធ្វើជាជំហានៗឲ្យបានកាន់តែច្រើន។
(១៤) ថ្នាក់ជាតិកសាងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ ខេត្តខិតខំដើរទាក់ម៉ូយដើម្បីរៀបចំការអភិវឌ្ឍ
ដូចដែលខ្ញុំបានលើកហើយ ពីមុនគ្រាន់តែផ្លូវទៅក្រូចឆ្មារ យើងអាចថាទៅផ្លូវជាតិលេខ៧ ពីក្រូចឆ្មារទៅទីរួមខេត្តកំពង់ចាម។ ពីមុនយើងមិនមានជំរើសច្រើនទេ។ ឥឡូវ បើនិយាយពីផ្លូវកៅស៊ូ ផ្លូវប៉េតុងមានច្រើនខ្សែមកតាមមាត់ទន្លេក៏ដល់ មកដល់ឆ្លងស្ពាន ទៅតាមឈូកផ្លូវ៧១ ចូលតាមចំការកៅស៊ូជប់ … ហួសទៅទៀតដល់ឆ្លូង ទៅដល់ផ្លូវ ៧៣ចាក់មក ត្រឡប់មកវិញបើចង់ជិះឆ្ងាយ។ អត់ទេ អ្នកខ្លះសល់ពេលច្រើនគាត់ចង់ជិះមើលក្រុងដែរ … ជួនកាល (ពេលខ្លះ) ស្មុគ(ស្មាញ) ជិះមើលសិនក្នុងខេត្ត/ស្រុក។ ជួនកាលអ្នកនៅក្នុងស្រុក ក្នុងក្រុងអត់ដឹងទេ។ ខ្ញុំចាំកាលខ្ញុំរៀននៅអាមេរិក អគារ ២ដែលគេបុកកាលពី២០០១ អ្នកខ្លះនៅជិតហ្នឹង ២០ ឆ្នាំ មិនដែលឡើងទេ។ ទាល់តែដួលហើយ ទើបថាខ្ញុំរៀបចំឡើងហើយតែមិនបានទៅ។ ជួនកាលអ្នកក្រូចឆ្មារមែន ប៉ុន្តែមិនដែលជិះកាត់ (ចំការ) កៅស៊ូជប់ទេ។ អត់ដឹងថាយើងមានផ្លូវកៅស៊ូ។ ថ្ងៃមុនដូចជាក្រសួងកសិកម្មឲ្យរើសរៀបចំ(ដើម)កៅស៊ូ ដែលចាស់ជាងគេ១០០ ឆ្នាំជាងធ្វើសួន ហើយឲ្យខ្ញុំមកសម្ពោធ តែខ្ញុំឲ្យឯកឧត្តម ហ៊ុន ម៉ានី និង ឯកឧត្តម (ឌិត) ទីណា មកសម្ពោធ។
ជួនកាលអ្នកនៅហ្នឹងអត់ដឹងថានៅទឹកដីរបស់ខ្លួនមានកៅស៊ូអាយុ ១០០ឆ្នាំផង។ ឥឡូវធ្វើផ្លូវហ្នឹងជិះទៅមើលមួយភ្លែតបាន។ ពីមុនចង់ទៅទាល់តែជិះមួយថ្ងៃ។ ឥឡូវជិះមួយព្រឹកមកបាន។ ប៉ុន្ដែនិយាយអញ្ចឹងមិនមែនឲ្យសិស្សទៅរៀន ទៅដល់មាត់(ទ្វារ)សាលាហើយ ថាសម្ដេចឲ្យជិះទៅមើលកៅស៊ូទេ … អញ្ចឹង យើងនឹងបន្ដខិតខំការកសាងទាំងអស់នេះ និងរៀបចំ … ហើយខេត្តនីមួយៗ នៅពេលថ្នាក់ជាតិខិតខំកសាងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ឲ្យ ខេត្តបានខិតខំទៅទាក់ម៉ូយអីខ្លួនឯងដើម្បីរៀបចំការអភិវឌ្ឍ។ កំរិតខ្លះ ទាល់តែថ្នាក់ជាតិទើបធ្វើបាន ដូចជាផ្លូវ ៧១ នេះ ថវិកា អស់ជាង ១៣៣លាន(ដុល្លារ) ។ ឯកឧត្តម ប៉េង ពោធិ៍នា បាន(លើក)ឡើងអម្បាញ់មិញ គឺយើងមានគំរោង(ផ្លូវ)បន្ថែមទៀតមួយចំនួន។ ផ្លូវលេខ៧១ នេះ មិនត្រឹមតែភ្ជាប់ផ្លូវជាតិលេខ៧ ទេ យើងមានផ្លូវអាចភ្ជាប់ទៅផ្លូវលេខ៧៣ ទៅតំបែរ។ អញ្ចឹងបើអ្នកឈូកទៅតំបែរមានផ្លូវកាត់។ ពីមុនក្រោលដីក្រហម ឥលូវក្រាលកៅស៊ូទៅកាន់តែលឿន ចំណាយពេលតិច ហើយបើអ្នកឈឺថ្កាត់ត្រូវការសង្គ្រោះបន្ទាន់អីគឺ(ធ្វើដំណើរ)លឿន។ អ្នកទ្រាលត្រូវការមណ្ឌលសុខភាពអី ជួនកាលឆ្លងទឹកមកស្ទឹងត្រង់បន្ដិចមក។ ជិតជាង។ អ្នកស្ទឹងត្រង់ដូចគ្នា។
[ចប់សេចក្ដីអធិប្បាយ ៤]
លើសពីនេះ យើងក៏បាន និង កំពុងគិតគូរ រលើការតភ្ជាប់ប្រទាក់ក្រឡារវាងតំបន់ប៉ូលសេដ្ឋកិច្ចនៃភូមិភាគកណ្ដាល ភូមិភាគឦសាន និង ភូមិភាគនិរតី និង ជំរុញការអភិវឌ្ឍបណ្ដាញខ្សែផ្លូវតភ្ជាប់ទៅកាន់តំបន់ដែលមានសក្ដានុពលសេដ្ឋកិច្ច ទេសចរណ៍ វប្បធម៌ ប្រវត្តិសាស្ត្រ ជាពិសេស ផ្លូវក្រវាត់ព្រំដែន និងផ្លូវតភ្ជាប់ទៅកាន់ច្រកទ្វារព្រំដែនផងដែរ ។
ដោយឡែក ក្នុងក្របខ័ណ្ឌនៃការបំពេញភារកិច្ចរបស់ក្រសួងសាធារណការ និង ដឹកជញ្ជូន ខ្ញុំសូមយកឱកាសនេះ ធ្វើការកោតសរសើរ និង វាយតម្លៃខ្ពស់ចំពោះក្រសួង ដែលបានខិតខំប្រឹងប្រែង និង យកចិត្តទុកដាក់ខ្ពស់ក្នុងការអនុវត្តការងារប្រកបដោយឆន្ទៈមោះមុត ដោយសម្រេចបាននូវសមិទ្ធផលផ្លូវ-ស្ពានជាច្រើន នាពេលកន្លងមក ជាពិសេស ក្នុងរយៈពេលជាង ១ឆ្នាំ នៃដើមអាណត្តិទី ៧ នេះ រួមទាំងបានកំណត់នូវ ចក្ខុវិស័យច្បាស់លាស់ ក្នុងការលើកកម្ពស់ការតភ្ជាប់ប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ ឡូជីស្ទីក និង ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនឱ្យមានគុណភាព សុវត្ថិភាព ចីរភាព ភាពធន់ និង បរិយាបន្ន ស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ។
ជាមួយនឹងសមិទ្ធផលដែលសម្រេចបាន និងចក្ខុវិស័យដែលបានដាក់ចេញមកនេះ ខ្ញុំសូមស្នើដល់ក្រសួងសាធារណការ និងដឹកជញ្ជូន បន្តជំរុញការសិក្សា និងរៀបចំយន្តការគាំទ្រដល់ការធ្វើឱ្យប្រសើរឡើងនូវគុណភាពហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងការបង្កើនការតភ្ជាប់ប្រទាក់ក្រឡាបន្ថែមទៀតជាមួយបណ្ដាញប្រព័ន្ធដឹកជញ្ជូនពហុមធ្យោបាយ ដូចជា៖ ផ្លូវគោក ផ្លូវដែក ផ្លូវទឹក និងកំពង់ផែ ដោយផ្ដោតអាទិភាពលើការតភ្ជាប់រវាងតំបន់ទីក្រុង តំបន់ទីប្រជុំជន តំបន់ផលិតកម្មកសិកម្ម តំបន់ឧស្សាហកម្ម តំបន់ទេសចរណ៍ និងតំបន់សមុទ្រ។ ខ្ញុំក៏សូមស្នើឱ្យក្រសួងជំរុញបញ្ចប់គម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ដទៃទៀត ដើម្បីឈានទៅរកការសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ ហើយត្រូវជំរុញបញ្ចប់ការសិក្សា និងនីតិវិធីផ្សេងៗ ដើម្បីត្រៀមបើកការដ្ឋានគម្រោងផ្លូវថ្នល់មួយចំនួនទៀតតាមការគ្រោងទុក នាពេលខាងមុខ។
[ចាប់ផ្តើមសេចក្តីអធិប្បាយ ៥]
(១៥) ប៉ូលសេដ្ឋកិច្ចត្រូវធ្វើផ្លូវជាតិពីសង្គមឱ្យកាន់តែប្រសើរ ជួសជុលឬពង្រីក និងសង់បន្ថែមឱ្យច្រើនខ្សែ
បើគេថាយើងអត់ធ្វើអីទាំងអស់ ជំរុញការសិក្សា បើកការដ្ឋាននិងសម្ពោធឱ្យបានច្រើន ជាពិសេសហេដ្ឋារចនាសម្ព័ន្ធ ដើម្បីយើងបញ្ជាក់ពីផលជូនប្រជាពលរដ្ឋ។ ឥឡូវផ្លូវនៅទីនេះយើងសម្ពោធថ្ងៃនេះ។ ទៅមុខទៀតនៅក្នុងឆ្នាំ ២០២៦ ២០២៧ នេះ ការសិក្សាដែលយើងឱ្យធ្វើជាអភិក្រម ទី១ បើសិក្សាពីតំបន់ដែលមានសក្តានុពលអាទិភាព ទៅថ្ងៃក្រោយយើងចង់ឱ្យភ្ជាប់ផ្លូវដូចសរសៃឈាមក្នុងដៃ។ ពិតណាស់ វាមានសរសៃមេមួយពីរ ប៉ុន្តែមានរាប់ពាន់រាប់ម៉ឺនសរសៃតូចៗ ដើម្បីចិញ្ចឹមកោសិកា។ អញ្ចឹងផ្លូវថ្នាក់មូលដ្ឋាន ផ្លូវក្រោមជាតិ ផ្លូវអភិវឌ្ឍជនបទ … ដោយឡែកសម្រាប់ថ្នាក់ជាតិ កន្លែងដែលជាប៉ូលសេដ្ឋកិច្ចសំខាន់ៗ យើងធ្វើតាមអភិក្រមភ្ជាប់តគ្នា ដោយ ទី១ ពិនិត្យមើលផ្លូវដែលមានពីសង្គម ហើយយើងធ្វើឱ្យកាន់តែប្រសើរឡើង ជួសជុល ឬមួយពង្រីកផ្លូវជាតិថែទាំឱ្យបានល្អ និង ទី២ ពង្រីកនិងសង់បន្ថែមឱ្យបានច្រើនខ្សែ។
(១៦) នឹងសង់ផ្លូវ ៦០បេ ក្រចេះកំពង់ថ្ម ក្រោយបញ្ចប់ការសាងសង់ស្ពានព្រែកប្រសប់នៅឆ្នាំ២០២៦
គ្រាន់តែនៅកន្លែងនេះ ពីផ្លូវជាតិលេខ៦ ទៅផ្លូវជាតិលេខ៧ កាលមុន បើចង់ផ្លូវគោកទាល់តែទៅដល់ផ្លូវលេខ៧១ ចាក់ទៅត្រើង … ពីមុនយើងមិនទាន់មានស្ពានទៀត។ ទៅឆ្លងសាឡង។ បើចង់ផ្លូវគោក ចាក់ទៅតាមផ្លូវព្រែកក្តាមឡើងមក … ឥឡូវយើងភ្ជាប់មកម្ខាងទៀត។ ការតភ្ជាប់ផ្លូវលេខ៧១ នេះ គឺបើកច្រកបន្ថែមឱ្យប្រជាពលរដ្ឋមានជម្រើស។ ការធ្វើផ្លូវនៅក្រូចឆ្មារនេះចាក់ទៅឆ្លូង ធ្វើឱ្យអ្នកក្រចេះអាចទៅផ្លូវជាតិលេខ៦ បានតាមនេះឆ្លងស្ពានទៅតែម្តង។ ឆ្នាំ ២០២៦នេះ យើងគ្រោងបញ្ចប់(ការសាងសង់)ស្ពានព្រែកប្រសប់។ ឥឡូវធ្វើម៉េចឱ្យអ្នកក្រចេះជិះទៅកំពង់ធំបាន។ មានអ្នកកំពង់ធំមកទេ? អភិបាលរងខេត្ត។ ឥឡូវពីកំពង់ធំទៅក្រចេះទៅតាមណា? មកតាមផ្លូវនេះ។ កាលពីមុនមានផ្លូវនេះ ទៅតាមណា? ទៅតាមសួង។ ទៅតាមព្រះវិហារ។ ឥឡូវ ចង់បានផ្លូវកាត់ថែមទៀតពីកំពង់ធំទៅក្រចេះឬទេ? យើងគ្រោងធ្វើហើយ។ ស្ពានព្រែកប្រសព្វធ្វើចប់ យើងនឹងតផ្លូវ ៦០B។ ត្រូវទេ? ផ្លូវ ៦០B នេះនឹងតពីក្រចេះទៅកំពង់ថ្ម។ ផ្លូវ ៦០B នេះនឹងមកចាក់មកដល់បុកផ្លូវ៧១ កន្លែងតំណនេះបន្តិច ហើយចាក់ឡើងទៅលើទៅកំពង់ថ្ម។
(១៧) ប្រទាក់ក្រឡាដូចសរសៃឈាមនូវផ្លូវមេថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ
ថ្ងៃក្រោយ អ្នកកំពង់ធំនិងក្រចេះ ភ្ជាប់និស្ស័យដោយមិនចាំបាច់ទៅស្ពានគីហ្សូណាទៀតទេ។ យើងតភ្ជាប់ឱ្យច្រើន។ អញ្ចឹងស្ពានព្រែកប្រសព្វឆ្លងមកហើយ ជិះឡានមកតែម្តងមកត្រង់។ អញ្ចឹងអ្នកតាមផ្លូវហ្នឹងមិនមែនបានតែអ្នកនៅកំពង់ថ្ម ឬមួយអ្នកនៅស្ទឹងសែន ទៅភ្ជាប់នៅក្រចេះនោះទេ អ្នកនៅតាមផ្លូវហ្នឹងទាំងអស់ នឹងក្លាយទៅជាប្រភពនៃតំបន់កសិកម្ម តំបន់ឧស្សាហកម្ម ដែលយើងអាចធ្វើបានតភ្ជាប់។ នេះហើយដែលថាយើងគ្រោងប្រទាក់ក្រឡាជាផ្លូវសរសៃឈាមឱ្យកាន់តែច្រើនថែមទៀត ទាំងផ្លូវមេថ្នាក់ជាតិ ទាំងផ្លូវនៅក្នុងថ្នាក់ខេត្ត និងថ្នាក់ក្រោមជាតិ។ យើងនឹងបន្តឱ្យបានច្រើនជូនប្រជាពលរដ្ឋនៅគ្រប់កន្លែង។
យើងកំពុងតែសិក្សាបន្តទៀតពីខាងរតនគិរី មណ្ឌលគិរី តភ្ជាប់មក មិនចាំបាច់ ទាល់តែមកកាត់ក្រចេះ មកកាត់ស្នួល ហើយចាក់មកត្បូងឃ្មុំទេ។ ឆ្ងាយ។ យើងសិក្សាផ្លូវដែលអាចកាត់ពី រតនគិរី មណ្ឌលគិរី តាមផ្លូវគោក តាមឆ្អឹងជំនី មកភ្ជាប់ក្រចេះភ្ជាប់អីឡើងមកទៀត។ ថ្ងៃក្រោយ អ្នកស្ទឹងត្រង់ចង់មកលេងមណ្ឌលគិរីកាន់តែជិតហើយ។ ឥឡូវរៀងឆ្ងាយបន្តិច។ តែយើងមានផ្លូវ។ ពីមុនដេកផ្លូវ មានផ្លូវតែដេកផ្លូវ។ ដូចផ្លូវទៅមណ្ឌលគិរីអីហ្នឹង ដាក់រូបពីមុនមកសុទ្ធតែភក់កប់ជង្គង់។ ឥឡូវគឺយើងជួសជុលបាន។ យើងធ្វើផ្លូវជាតិពង្រីកបាន។ នេះហើយគឺជាគោលការណ៍ដែលយើងត្រូវធ្វើបន្តទៀតតាមរូបមន្តនេះ។
ថ្ងៃក្រោយ សូមកុំបន្ទោសរដ្ឋាភិបាលថា ផ្លូវច្រើនខ្សែពេក ជិះវង្វេងផ្លូវ។ មានម្តង ខ្ញុំចេញពេលយប់ជ្រៅពីស្ទឹងត្រែងទៅព្រះវិហារ។ អ្នកនាំផ្លូវហ្នឹងជាប៉ូលីសព្រំដែន។ មិនមែនបង្អាប់ប៉ូលីសទេ។ នាំផ្លូវខ្ញុំទៅ ក៏វង្វេងផ្លូវជិតចូលត្បែង។ ខ្ញុំថាមិនដែលប៉ូលីសណានៅមុខហ្នឹងវង្វេងផ្លូវ។ ដល់តែប៉ូលីសវង្វេងផ្លូវ កងទ័ពវង្វេងតាមហើយ។ ហេតុផលរបស់គាត់គឺ “មេមិនមែនកំហុសខ្ញុំទេ ពីមុនខ្ញុំជិះអត់វង្វេងទេព្រោះមានផ្លូវកៅស៊ូតែ ១ខ្សែ។ ជិះមក ឱ្យតែតាមផ្លូវកៅស៊ូហ្នឹងគឺអត់វង្វេងទេ” … គាត់ថាគាត់ដឹងដែរថាបែកជា៤ តែផ្លូវដី។ អញ្ចឹងគាត់ថាជិះទៅផ្លូវកៅស៊ូរហូតទៅ។ តែលើកហ្នឹងមានឯណា កៅស៊ូទាំង ៤ខ្សែ … គាត់បន្ទោសរដ្ឋធ្វើផ្លូវច្រើន។ សង្ឃឹមថាអ្នកក្រូចឆ្មារ ថ្ងៃក្រោយកុំបន្ទោសថា រដ្ឋធ្វើផ្លូវច្រើនពេកពិបាកសម្រេចចិត្តថាទៅផ្លូវណា ជិះផ្លូវនេះអាណិតផ្លូវនោះ ជិះផ្លូវ ៧១ អាណិតតាម៉ាប់ … យើងនឹងធ្វើឱ្យកាន់តែច្រើនតភ្ជាប់ទូទាំងប្រទេស។
(១៨) ធ្វើផ្លូវតភ្ជាប់ ផ្លូវកាន់តែល្អ ទំនើប ធំ មនុស្សទៅនៅ កំណើនសេដ្ឋកិច្ចកាន់ខ្ពស់
នេះជាផែនការរយៈពេលវែង។ យើងមិនអាចជប់ម្តងចេញទាំងអស់ទេ។ យើងធ្វើបន្តិចម្តងៗ។ ទោះបីគេហៅជំហានគីង្គក់ក៏ដោយ ក៏វាលោតទៅមុខ។ ទោះបីជាយើងមិនទាន់មានផ្លូវ High way ច្រើនខ្សែក៏ដោយ តែយើងមានមួយខ្សែផ្លូវល្បឿនលឿន។ យើងមានផ្លូវជាតិកាន់តែច្រើនជូនប្រជាពលរដ្ឋ គ្របដណ្តប់កាន់តែច្រើន ជូនប្រជាពលរដ្ឋនៅតាមតំបន់នីមួយៗ។ ពាក្យដែលគេថា មានផ្លូវមានសង្ឃឹម គឺពិតដូចឯកអគ្គរដ្ឋទូត វ៉ាង វិនពីន និយាយ “ពេលណាដែលផ្លូវធ្វើហើយ សេដ្ឋកិច្ចកើតខ្លួនឯង”។ ពេលដែលមានផ្លូវហើយ គឺចាប់ផ្តើមមានហាង មាន restaurant មានហាងគុយទាវ មានការ៉ាសសាំង រោងចក្រដំឡូងមី រោងចក្រជ័រកៅស៊ូ សាលារៀន ទីប្រជុំជន មកដាក់ហើយ។ ខ្ញុំចាំ ផ្លូវនៅតំបែរ ផ្លូវ៧៣។ កាលហ្នឹងធ្វើផ្លូវ ប្រជាពលរដ្ឋខាងឥស្លាមពីក្រូចឆ្មារដូចអត់ទាន់ទៅនៅទេ។ ដល់ពេលយើងធ្វើផ្លូវហើយ មានបងប្អូនទៅនៅទីនោះ។ ឥឡូវក្លាយជាភូមិធំមួយនៅទីនោះ។ នៅសេដា កាន់តែធំ។ ថ្ងៃមុនខ្ញុំជិះចូលទៅមើលព្រំដែនរវាងក្រចេះ ជាមួយនិងមណ្ឌលគីរី កន្លែងហ្នឹងកាលមិនទាន់ធ្វើផ្លូវ អត់មានមនុស្សទៅនៅ។ ដល់ពេលយើងធ្វើផ្លូវ ប្រជាពលរដ្ឋពីត្បូងឃ្មុំ ដែលខ្ញុំបានជួបអ៊ំម្នាក់ទៅបើកហាងនៅហ្នឹង។ គាត់ទៅដំបូងមានតែ ៤ ឬ១០គ្រួសារ។ ឥឡូវទៅជាភូមិមួយដែលរីកចម្រើនព្រោះមានផ្លូវតភ្ជាប់។ ហ្នឹងហើយពេលដែលយើងធ្វើផ្លូវតភ្ជាប់មានមនុស្សទៅនៅ ធ្វើផ្លូវកាន់តែល្អ កាន់តែទំនើប កាន់តែធំ កំណើនសេដ្ឋកិច្ចកាន់តែរីកខ្ពស់។ បើធ្វើត្រឹមតែផ្លូវរទេះសម្រាប់ប្រជាជនដឹករទេះគោអីនេះ គឺអត់មានរោងចក្រទៅទេ ព្រោះពិបាកដឹកឡានធំ។ តែបើធ្វើផ្លូវកៅស៊ូរីកធំ មានភ្លើងទៅដល់ អញ្ចឹងការរីកចម្រើនក៏កាន់តែមាន។ បើកាន់តែរីកនៅហ្នឹង បានន័យថាប្រជាពលរដ្ឋនៅហ្នឹងមូលដ្ឋានក៏អាចធ្វើដំណើរទៅបាន ហើយក៏អាចប្រកបរបរទៅបាន។
(១៩) ប្រជាជនមូលដ្ឋានរីកចម្រើន កាន់តែបានផល គឺប្រទេសជាតិបានផល
លោកអ៊ំ ពូ មីង បងប្អូនប្រជាពលរដ្ឋ តើយើងធ្វើបែបនេះត្រូវទេ? ចង់បានផ្លូវកាន់តែធំទៀតទេ។ កែច្នៃជាផ្លូវឲ្យកាន់តែធំមែនទេ? សាលារៀន យើងកាន់តែកែច្នៃឲ្យកាន់តែធំ កាន់តែរីកចម្រើន ត្រូវទេ។ វត្តអារាមគ្រប់កន្លែងទាំងអស់កាន់តែរីក ហើយកន្លែងមួយៗ មានវិហារកាន់តែទំនើប មែនទេ? មិនដូចជំនាន់ប៉ុលពតអីច្នៃវិហារអីទៅទ្រុងជ្រូកអស់រលីង។ យើងបន្តអភិវឌ្ឍនៅហ្នឹងកន្លែង។ នេះជាអ្វីដែលរាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនធ្វើ និងអភិវឌ្ឍនៅហ្នឹងកន្លែង ដើម្បីផ្តល់ផលឲ្យប្រជាជននៅមូលដ្ឋាន។ បើសិនជាប្រជាជននៅមូលដ្ឋាននីមួយៗកាន់តែរីកចម្រើន កាន់តែមានផលច្រើនជូនគាត់ គឺប្រទេសជាតិបានផលច្រើន។ អត់និយាយថាគ្រាន់តែចេញពីភ្នំពេញមក ឃើញមានគម្លាតខុសគ្នាបានទេ។ គ្រាន់តែចេញមកភ្លាម សុទ្ធតែខ្ទមអត់បានទេ។
ពីឆ្នាំ ៩០ជាង យើងរីកដំបូង អញ្ចឹងមែន។ នៅភ្នំពេញ ចេញមកដល់ព្រែកឯង គឺផ្ទះខ្ទមផ្ទះអី។ ឥឡូវអត់ទេ ផ្ទះរាប់សិបជាន់ ផ្លូវកាន់តែច្រើន។ មកដល់កំពង់ចាមដូចគ្នា។ ពីព្រែកក្តាមមកស្គន់ កាលពីក្មេងកន្លែងនេះមានការបាញ់ឡាន។ កន្លែងហ្នឹងសុទ្ធតែព្រៃជុំវិញ។ ថ្ងៃខ្លះជិះទៅ ឡានទើបឆេះពីថ្ងៃមុន ព្រោះកន្លែងខ្មែរក្រហមឆ្លងកាត់។ ឥឡូវ ពីភ្នំពេញមកដល់ហ្នឹងគឺថាអត់មានកន្លែងទំនេរទេ។ ផ្ទះប្រជាជន ភូមិប្រជាជន សាលារៀន ចំការពេញហ្នឹង។ ឥឡូវផ្លូវធ្វើអត់ទាន់ កំណើនឡានលឿនពេក។ ផ្លូវគន្លងមួយខ្សែ តែពីរខ្សែ។ យើងធ្វើបានបន្តិចស្ទះ ពង្រីកទៅបួនខ្សែ ក៏ស្ទះទៀត។ បើចូលឆ្នាំវិញ សូម្បីតែផ្លូវជាតិលេខ ៦A ក៏ស្ទះដែរ ពេលខ្លះពីភ្នំពេញដល់ព្រែកក្តាម … យើងមិនអាចហាមប្រជាជនមិនឲ្យទិញឡានជិះទេ ហើយក៏មិនអាចហាមប្រជាជនមិនឲ្យកើតកូនបន្ថែមដែរ មានតែជួយឲ្យមានកូនឲ្យកាន់តែច្រើន។
(២០) ឆ្នាំ២០២៤ រថយន្តជាង ៥លានគ្រឿងប្រើប្រាស់ផ្លូវល្បឿនលឿន
យើងមានតែខិតខំពង្រីកហេដ្ឋារចនាសម្ព័ន្ធ។ ឥឡូវយើងខំចរចាធ្វើផ្លូវល្បឿនលឿនពីភ្នំពេញទៅបាវិត។ ថ្ងៃក្រោយ យើងអាចកសាងពីភ្នំពេញទៅសៀមរាប ប៉ោយប៉ែត បន្ថែមលើផ្លូវលេខ៦ ផ្លូវលេខ៧ … យើងនឹងសិក្សាធ្វើផ្លូវ ២ ឬ៣ ខ្សែទៀត។ តាមផ្លូវជាតិលេខ៤ ឥឡូវ មានផ្លូវជាតិលេខ៤ និង highway។ ឆ្នាំ ២០២៤ មានជាង ៥លានឡានឆ្លងកាត់។ អញ្ចឹងកើនរហូត។ កាត់បន្ថយចំងាយ។ កាលមុនទៅកំពង់សោមជិះល្មមៗ ៣ម៉ោងអី។ បើឡានកុងទ័រនឺច្រើន … ឥឡូវតែ ១ម៉ោងកន្លះ ២ម៉ោងកន្លះទៅដល់ហើយ។ អាណិតជាងគេអ្នកដែលធ្លាប់ទៅកំពង់សោមដេកមួយយប់។ ឥឡូវលែងបានច្បាប់ប្រពន្ធដេកមួយយប់ហើយ។ កាលមុនអ្នកមកកំពង់ចាមសុំ ៣ថ្ងៃ។ ក្រុមការងារនៅហ្នឹងឆ្នាំ២០១១ សុំ ៣ថ្ងៃ។ គេថាផ្លូវពីភ្នំពេញមកស្គន់ អត់ស្ទះទេ តែពីស្គន់មកដល់កំពង់ចាមហ្នឹង កដប បើកយូរណាស់។ អញ្ចឹងទាល់តែប្រើពេល ៣ថ្ងៃ។ ឥឡូវពេលផ្លូវហ្នឹងធ្វើហើយក្រុមការងារនៅកំពង់ចាម ឯកឧត្តម នេត សាវឿន ក្រុមការងារប្រហែលអស់លេសហើយ។ សុំប្រពន្ធមកដេក ៣ ថ្ងៃ គាត់លែងឲ្យមកហើយ …។
សូមរៀបចំផែនការ ហើយគម្រោងដែលយើងបានធ្វើហើយ ខិតខំចរចាធ្វើបន្តឲ្យបានលឿន ដើម្បីសម្ពោធឲ្យបានច្រើន។ តែបើកការដ្ឋានលឿន សម្ពោធក៏បានលឿនដែរ។ សម្ពោធបានលឿន ប្រជាពលរដ្ឋក៏បានប្រើប្រាស់ច្រើន ហើយអ្នកកំពង់ថ្ម អ្នកកំពង់ធំឥឡូវប្រហែលជារំពឹងហើយ។ លឺសូរថាតិចទៀតបានផ្លូវកាត់ទៅក្រចេះ។ អញ្ចឹងក្រចេះកំពង់ធំ អាចភ្ជាប់និស្ស័យបានកាន់តែលឿន ស្ពានព្រែកប្រសព្វ។ អ្នករតនគីរី មណ្ឌលគីរីអី អ្នកពីស្ទឹងត្រែងអីជួនកាលមកតាមហ្នឹង ទៅកំពង់ធំអីប្រាកដជាមកតាមក្រចេះហើយ។ អញ្ចឹងក្រចេះកាន់តែអ៊ូអរទៀតហើយ ព្រោះមកពីព្រះវិហារឥឡូវចាក់មកកំពង់ធំ អាចមកពីផ្លូវនោះបាន តែបើមកពីស្ទឹងត្រែង មកពីអីហ្នឹង កាត់ហើយទាល់តែមកក្រោមនេះ ចូលក្រចេះហើយ។ ឥឡូវបានស្ពានព្រែកប្រសព្វ ឆ្លងមកតែម្តង។ អញ្ចឹងទៅមកទាំងសងខាង អញ្ចឹងអ្នកស្ទឹងត្រែងក៏កាន់តែសប្បាយថែមទៀត ព្រោះរាងឆ្ងាយជាងគេ។ តែអត់អីទេ ឆ្ងាយតែមិនឆ្ងាយដាច់ស្រយាលទៀតទេ ផ្លូវកាន់តែតភ្ជាប់ សេដ្ឋកិច្ចកាន់តែកើន។
(២១) វិនិយោគលើហេដ្ឋារចនាសម្ព័ន្ធផ្លូវបន្ថែមទាញការវិនិយោគ ជំរុញការអភិវឌ្ឍបណ្តាខេត្តទិសឦសាន
ល្ងាចមិញខ្ញុំទើបតែឯកភាពឲ្យមានការរៀបចំ កែសម្រួលវិនិយោគជាង ៦ ០០០ ហិកតា ដែលក្រុមហ៊ុនមួយនៅស្ទឹងត្រែងនេះអត់មានលទ្ធភាពធ្វើ ឱ្យក្រុមហ៊ុនមួយទៀតវិនិយោគវិស័យកសិកម្ម។ អញ្ចឹងនឹងបង្កើតកសិកម្ម គ្រោងរៀបចំរោងចក្រនៅនោះទៅជាខេត្តកសិឧស្សាហកម្ម។ ខេត្តស្ទឹងត្រែងជាខេត្តដែលល្អនៅនោះ។ ពិតណាស់មានទន្លេសុភ័ក្រមិត្តមានត្រីប៉ាស៊ីអ៊ី នៅខាងព្រះវិហារព្រះនិម្មិតល្បីខាងត្រីប៉ាស៊ីអ៊ី ល្បីខាងប៉ាវ៉ា។ អញ្ចឹងទៅមុខទៀតអាចជាខេត្តល្បីខាងកសិឧស្សាហកម្ម ផលិតផលមួយចំនួននៅទីនោះ ខេត្តស្ទឹងត្រែងបន្ថែមទៀត។ អញ្ចឹងគ្រប់កន្លែងទាំងអស់ពីមុនឆ្ងាយដាច់ស្រយាល។ ឥឡូវគ្រាន់តែឆ្ងាយ តែមិនដាច់ស្រយាលទៀតទេ គឺប្រទាក់ក្រឡាតភ្ជាប់តាមបណ្តាខេត្ត និងប៉ូលសេដ្ឋកិច្ចផ្សេងៗទៀត។ យើងនឹងខិតខំធ្វើយ៉ាងណា ឲ្យកាន់តែខិតជិតបន្តទៅទៀត កាន់តែឆ្ងាយ កាន់តែរួមជិត តាមរយៈពេលធ្វើដំណើរ។
យើងមិនបង្រួមដីទេ ១៥០ គីឡូ នៅតែ ១៥០ គីឡូម៉ែត្រ ប៉ុន្តែធ្វើដំណើរកាន់តែលឿន ព្រោះមានផ្លូវច្រើន ផ្លូវកាន់តែទំនើប ផ្លូវកាន់តែល្អ។ យើងនឹងខិតខំទាញខេត្ត ជាពិសេសខេត្តនៅទិសឦសានដែលខ្ញុំប្រកាសនៅកម្មវិធីគោលនយោបាយ ២ ឬ ៣ ថ្ងៃមុននេះដើម្បីជំរុញការអភិវឌ្ឍខេត្តនៅទិសឦសាន ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ដើម្បីឲ្យលឿនលើកទឹកចិត្តវិនិយោគទៅឲ្យច្រើន។ វិនិយោគទៅគាត់ថាឆ្ងាយ ឥឡូវវិនិយោគទៅលើហេដ្ឋារចនាសម្ព័ន្ធផ្លូវបន្ថែមទៀត ដើម្បីឲ្យគាត់កាន់តែជិត អញ្ចឹងខេត្តទាំងអស់នោះ គឺថាខេត្តដែលនឹងចូលកៀកជាមួយនឹងផ្នែកផ្សេងៗទៀតនៃប្រទេសរបស់យើងហើយ។ នេះជាអ្វីដែលយើងនឹងបន្តធ្វើតទៅទៀតជូនប្រជាពលរដ្ឋរបស់យើង។
[ចប់សេចក្តីអធិប្បាយ ៥]
ខ្ញុំសូមសម្តែងនូវការកោតសរសើរ និងថ្លែងអំណរគុណចំពោះក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋបាលខេត្តត្បូងឃ្មុំ និងខេត្តកំពង់ចាម រួមទាំងភាគីពាក់ព័ន្ធទាំងអស់ ដែលបានខិតខំយកអស់កម្លាំងកាយ និងផ្ដល់កិច្ចសហការ យ៉ាងល្អប្រសើរជាមួយក្រុមហ៊ុនសាងសង់ និងក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស ក្នុងការរៀបចំពិធីសម្ពោធផ្លូវជាតិលេខ៧១សេ ដែលនឹងត្រូវប្រកាសឱ្យប្រើប្រាស់ជាផ្លូវការនាពេលបន្តិចទៀតនេះ។
ខ្ញុំក៏សូមធ្វើការផ្ដាំផ្ញើដល់ក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ត្រូវបន្ដរួមសហការខិតខំបំពេញការងារឱ្យបានកាន់តែខ្លាំងក្លាថែមទៀត ក្នុងការលើកកម្ពស់ការចូលរួមចំណែកថែទាំ និងអភិវឌ្ឍន៍ផ្លូវ-ស្ពាន ដើម្បីតភ្ជាប់បណ្ដាញផ្លូវគមនាគមន៍ទៅគ្រប់តំបន់ជិតឆ្ងាយទូទាំងប្រទេស និងភ្ជាប់ជាមួយប្រទេសជិតខាងឱ្យមាននិរន្ដរភាពទាំងគុណភាព និងប្រសិទ្ធផល។
[ចាប់ផ្តើមសេចក្តីអធិប្បាយ ៦]
ចង់បញ្ជាក់ទៅមុខបន្តិច។ ស្ពានយើងនេះអាចចប់ ២០២៥ដែរ? ស្ពានព្រែកប្រសប់ ២០២៦ សម្ពោធ។ អញ្ចឹងផ្លូវ៦០Bនេះ យើងគ្រោងដាក់ក្នុងឆ្នាំ ២០២៦-២០២៧ ដើម្បីរៀបចំចរចា។ សង្ឃឹមថានឹងតាមផែនការ នឹងបានឆាប់ៗ។ មិនមែន ២០៥៧ទេ ខ្ទង់ ២០២៧ បាន។ អញ្ចឹងសូមឲ្យក្រសួងជំនាញខិតខំចរចាពិនិត្យមើល ដើម្បីយើងអាចមានលទ្ធភាពខិតខំបន្តទៀត បានកាន់ឆាប់។
[ចប់សេចក្តីអធិប្បាយ ៦]
ជាមួយគ្នានេះ ខ្ញុំសូមសំណូមពរដល់បងប្អូនប្រជាពលរដ្ឋ អ្នកប្រើប្រាស់ផ្លូវថ្នល់ សូមបន្តចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកទាំងអស់គ្នា កុំបើកបរលើសល្បឿនកំណត់ ចូលរួមទប់ស្កាត់ការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ និងត្រូវត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តឱ្យបានត្រឹមត្រូវ ដើម្បីបញ្ចៀសគ្រោះថ្នាក់ជាយថាហេតុ។
ទន្ទឹមនឹងនេះ ខ្ញុំសូមថ្លែងអំណរគុណ និងកោតសរសើរចំពោះ ឯកឧត្តមឯកអគ្គរដ្ឋទូត និងសហការីទាំងអស់នៃស្ថានទូតសាធារណរដ្ឋប្រជាមានិតចិន ធនាគារនីហរ័ណអាហរ័ណចិន ដែលបានរួមសហការជំរុញលំហូរចរន្តហិរញ្ញប្បទានរបស់រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិនសម្រាប់ការស្តារ សាងសង់ និងអភិវឌ្ឍន៍ផ្លូវ-ស្ពាននៅកម្ពុជា អាចប្រព្រឹត្តទៅដោយរលូននិងឆាប់រហ័ស ហើយយើងសង្ឃឹមយ៉ាងមុតមាំថាមិត្តចិននឹងបន្តផ្ដល់កិច្ចសហប្រតិបត្តិការ និងបន្ត ជួយអភិវឌ្ឍប្រទេសកម្ពុជាបន្ថែមទៀត ។ ខ្ញុំក៏សូមថ្លែងអំណរគុណ និងកោតសរសើរដល់ក្រុមហ៊ុនសំណង់សៀងហៃ (SCG) ដែលជាអ្នកសាងសង់ និងក្រុមហ៊ុនក្វាងចូវវ៉ាន់អាន (WACC) ដែលទទួលបន្ទុកត្រួតពិនិត្យ បច្ចេកទេស ដែលបានខិតខំជំរុញបញ្ចប់ការសាងសង់ផ្លូវជាតិលេខ៧១សេ ជាស្ថាពរតាមការគ្រោងទុក។
ជាទីបញ្ចប់ ជាមួយនឹងការប្រកាសសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ចាប់ពីពេលនេះតទៅ និងក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្ដស័ក ពុទ្ធសករាជ ២៥៦៩ ដែលនឹងឈានមកដល់នៅប៉ុន្មានថ្ងៃខាងមុខនេះ ខ្ញុំសូមប្រសិទ្ធពរជូន ឯកឧត្តម លោកជំទាវ អ្នកឧញ៉ា ឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញា ភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ លោកយាយ លោកតា អ៊ំពូមីង លោកគ្រូ អ្នកគ្រូ ក្មួយៗសិស្សានុសិស្ស និងបងប្អូនប្រជាពលរដ្ឋទាំងអស់ ជាពិសេសជូនដល់ ឯកឧត្តមឯកអគ្គរាជទូតចិនប្រចាំកម្ពុជា សហការី និងអ្នកជំនាញការចិនទាំងអស់ ដែលបាន និងកំពុងបំពេញបេសកកម្មនៅក្នុងព្រះរាជាណាចក្រកម្ពុជា សូមធ្វើដំណើរដោយសុវត្ថិភាព និងទទួលបានជោគជ័យគ្រប់ភារកិច្ច ព្រមទាំងសូមប្រកបដោយពុទ្ធពរ និងពរទាំងប្រាំប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណ កុំបីឃ្លៀងឃ្លាតឡើយ។
[ចាប់ផ្តើមសេចក្តីអធិប្បាយ ៧]
នៅក្នុងឱកាសនេះដែរ សម្រាប់ក្រុមយុវជនកាយឬទ្ធិកម្ពុជា កាកបាទក្រហម សហភាពសហព័ន្ធយុវជន យុវជនសមាគមនិស្សិត អវត ២០០ នាក់ ម្នាក់ៗ ២ ម៉ឺនរៀល។ ជូនលោកគ្រូ អ្នកគ្រូ ទូទាំងស្រុកក្រូចឆ្មា ៧២៣ នាក់ ម្នាក់ៗថវិកា ៥ ម៉ឺនរៀល។ ក្មួយៗសិស្សានុសិស្សចំនួន ៧៦៥ នាក់ ម្នាក់ៗទទួលបានសៀវភៅ ២ ក្បាល ប៉ិចមួយដើមថវិកាមួយម៉ឺនរៀល។ ជូនវិទ្យាល័យក្រូចឆ្មារថវិកា ២ លាន សាលាស្រុកក្រូចឆ្មារ ២ លាន សាលាស្រុកស្ទឹងត្រង់ថវិកា ២ លាន ក្រុមគ្រូពេទ្យប្រចាំការក្នុងអង្គពិធីថវិកា ៥ លាន ហើយក្រុមតន្រ្តីសម័យថវិកា ១០ លានរៀលផងដែរ។ ថ្ងៃនេះសិល្បករដែលមកចូលរួម សូមអរគុណណាស់ នៅខាងណា? សូមបង្ហាញមុខបន្តិចមើល មានលោក ហេង ប៊ុនលាភ អ្នកនាងឆោម និមល លោក ណយ វណ្ណា កញ្ញា ជ័យ ស្រីរ័ត្ន លោក ញ៉ែម សុគន្ធ អ្នកនាង ស៊ុន សន្យា លោក វណ្ណ ផាន់ណារា កញ្ញា ឱម វិច្ឆិកា លោក ផឿន សុភាព និងអ្នកនាង មឿន និមល ហៅប៉េងប៉ោង។ សូមអរគុណ ហើយសូមជូនពរចូលឆ្នាំថ្មីផង មិនស្រួលជាប់រវល់គ្រប់ៗគ្នា អ្នកខ្លះទៅសង្រ្កាន្ត អ្នកខ្លះទៅតាមខេត្តផ្សេងៗទៀត សូមជូនពរ អបអរសាទរ បង្កលក្ខណៈឲ្យសប្បាយរីករាយទូទាំងប្រទេស។ ហើយក៏មានក្រុមតន្រ្តីពីអង្គភាពប្រឆាំងភេរវកម្ម ៦ រូប អ្នកចម្រៀង ៧ រូបផងដែរ មាននាយចយ មានតាចំប៉ីចូលរួម អបអរសាទរ និងជូនពរទាំងអស់គ្នា។ លោកយាយ លោកតា កុំភ្លេចចូលមកថត selfie ជាមួយនឹង idol មុនចូលឆ្នាំ ហើយក្មួយៗនិស្សិតនៅទីនេះ យុវជននៅទីនេះផងដែរ អញ្ចឹងសូមអរគុណណាស់។ ហើយសូមជូនពរ និងជំរាបលាទាំងអស់គ្នាផងដែរ។ សូមអរគុណ៕