សម្ដេចធិបតី៖«កម្ពុជាដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធីតែរក្សាសិទ្ធិក្នុងការការពារបូរណភាពទឹកដីរបស់ខ្លួនក្នុងករណីមានការព្យាយាមឈ្លានពានដោយកម្លាំងកងទ័ព»

Facebook Page ៖ សរសេរលើហ្វេសប៊ុកផ្លូវការ សម្ដេចធិបតីបានលើកឡើងថា៖ «ក្រោយពីត្រឡប់ពីបំពេញបេសកកម្មក្រៅប្រទេស ថ្ងៃនេះខ្ញុំបានជួបប្រជុំជាមួយថ្នាក់ដឹកនាំកងទ័ពរបស់យើងនៅព្រំដែនដើម្បីស្ដាប់នូវរបាយការណ៍ពីសភាពការណ៍ជាក់ស្ដែងនៅព្រំដែនកម្ពុជា-ថៃ។ ដូចខ្ញុំបានបញ្ជាក់រួចហើយ កម្ពុជាប្រកាន់ជំហរដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធីតាមរយៈការប្រើប្រាស់យន្តការបច្ចេកទេស និងច្បាប់អន្តរជាតិ ជាគោល។ ក្នុងន័យនេះខ្ញុំបានបញ្ជាឱ្យគណៈកម្មការព្រំដែនចម្រុះ(JBC) កម្ពុជា ÷ ១. រៀបចំការប្រជុំ JBC ជាមួយភាគីថៃជាបន្ទាន់ ដើម្បីដោះស្រាយបញ្ហាព្រំដែន និងបន្តការងារវាស់វែង ខណ្ឌសីមា និងបោះបង្គោលព្រំដែនរវាងប្រទេសទាំងពីរ។ ២. ត្រៀមដាក់ចូលក្នុងរបៀបវារៈសម្រាប់កិច្ចប្រជុំJBC ពាក់ព័ន្ធនឹងការយកបញ្ហាប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី ទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) តែម្ដង។ ដោយសារក្នុងពេលថ្មីៗនេះ ស្ថានភាពឈានដល់ចំណុចក្តៅនៅតំបន់មុំបី ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ដោយមានសកម្មភាពជាបន្តបន្ទាប់របស់ក្រុមជ្រុលនិយមមួយចំនួនតូចបានបំផុសនូវចលនាជាតិនិយមក្នុងប្រទេសទាំងពីរ ដែលអាចឈានទៅការប្រឈមមុខដាក់គ្នាសាជាថ្មីនៅពេលខាងមុខ។ ខ្ញុំសង្ឃឹមថាភាគីទាំងពីរនឹងអាចធ្វើការជាមួយគ្នាដើម្បីឈានទៅរកដំណោះស្រ័យបញ្ចប់ការវិវាទនៅតំបន់រសើបទាំងនេះ ក៏ដូចជាបន្តការងារវាស់វែង ខណ្ឌសីមា និងបោះបង្គោលព្រំដែននៅតំបន់មិនទាន់ឯកភាពគ្នាដោយសន្តិវិធី ផ្អែកលើមូលដ្ឋានបច្ចេកទេស និងច្បាប់អន្តរជាតិ។ ខ្ញុំសូមបញ្ជាក់សាជាថ្មីម្ដងទៀតថា បើទោះជាកម្ពុជាព្យាយាមដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី តាមយន្តការបច្ចេកទេស និងច្បាប់អន្តរជាតិក៏ដោយ ក៏កម្ពុជានៅរក្សាសិទ្ធិក្នុងការការពារបូរណភាពទឹកដីរបស់ខ្លួន តាមគ្រប់មធ្យោបាយរួមទាំងការប្រើប្រាស់កងកម្លាំងប្រដាប់អាវុធ ក្នុងករណីមានការព្យាយាមឈ្លានពានបូរណភាពទឹកដីកម្ពុជាដោយប្រើប្រាស់កម្លាំងកងទ័ព»។

សម្ដេចធិបតី៖ សូមប្រជាពលរដ្ឋកុំព្រួយបារម្ភ និងកុំបង្កឱ្យបញ្ហាទៅរីកធំរហូតក្លាយជាជម្លោះជាតិសាសន៍

Facebook Page ៖ ព័ត៌មានពាក់ព័ន្ធនឹងការប៉ះទង្គិចប្រដាប់អាវុធរវាងកងទ័ពកម្ពុជានិងកងទ័ពថៃនៅព្រំដែនកាលពីថ្ងៃម្សិលមិញនៅមុំបី ក៏ដូចជាការចល័តកម្លាំងកងទ័ពនិងអាវុធុនធ្ងន់មួយចំនួនទៅព្រំដែន ក្នុងខណៈពេលដែលនាយករដ្ឋមន្ត្រីមិននៅក្នុងប្រទេស បានធ្វើឱ្យប្រជាពលរដ្ឋយើងជាច្រើនមានការព្រួយបារម្មណ៍ ជាមួយនឹងភាពស្រពិចស្រពិលអំពីស្ថានភាពនៅព្រំដែន។ តើសង្គ្រាមនឹងផ្ទុះឡើងឬទេ? តើអ្នកណាដឹកនាំគ្រប់គ្រងសភាពការណ៍ ឬបញ្ជាឱ្យមានការចល័តកម្លាំងកងទ័ព នៅពេលដែលនាយករដ្ឋមន្ត្រីកំពុងនៅក្រៅប្រទេស? ខ្ញុំសូមបញ្ជាក់ជូនបងប្អូនជនរួមជាតិដោយខ្លីថា ទោះបីរូបខ្ញុំកំពុងតែស្ថិតនៅប្រទេសជប៉ុន និងមានកិច្ចប្រជុំការងារផ្សេងៗជាច្រើនក៏ដោយ ប្រព័ន្ធនិងឋានានុក្រមនៃការដឹកនាំបញ្ជាកម្លាំង ក្នុងករណីធំបែបនេះ គឺស្ថិតក្នុងការទទួលខុសត្រូវរបស់នាយករដ្ឋមន្ត្រីដដែល។ រាល់ការវិវឌ្ឍនៃសភាពការណ៍ដែលកើតមាននៅបន្ទាត់ព្រំដែនគឺត្រូវបានរាយការណ៍ឱ្យខ្ញុំតាមរយៈឯកឧត្តមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ឯកឧត្តមអគ្គមេបញ្ជាការ និងឯកឧត្តមមេបញ្ជាការកងទ័ពជើងគោក រួមទាំងលទ្ធផលនៃការទាក់ទងគ្នារវាងរដ្ឋមន្ត្រីក្រសួងការពារជាតិ មេបញ្ជាការកងទ័ពជើងគោកកម្ពុជាជាមួយសមភាគីថៃ ក្នុងគោលដៅទប់ស្កាត់កុំឱ្យការប៉ះទង្គិចគ្នាកាន់តែរីក និងព្យាយាមឱ្យសភាពការណ៍វិលត្រឡប់ទៅភាពស្ងប់ស្ងាត់និងទំនាក់ទំនងល្អរវាងកងទ័ពជួរមុខនៃប្រទេសយើងទាំងពីរ។ ជាមួយគ្នានេះ រាល់ការសម្រេចចិត្តសំខាន់ៗក៏ត្រូវទទួលបានការឯកភាព ឬទទួលបទបញ្ជាពីរូបខ្ញុំ រួមទាំងការចល័តកម្លាំងកងទ័ព និងអាវុធទៅព្រំដែន។ ខ្ញុំមិនចង់ឃើញមានការប្រយុទ្ធគ្នារវាងកងទ័ពនិងកងទ័ពដែលមិនផ្ដល់ផលចំណេញអ្វីសម្រាប់ប្រទេស និងប្រជាជនយើងទាំងពីរនោះទេ ជាពិសេសកងទ័ពដែលត្រូវប្រយុទ្ធគ្នាផ្ទាល់នៅសមរភូមិមុខ។ ក្នុងន័យនេះ ខ្ញុំសង្ឃឹមថាជំនួបរវាងមេបញ្ជាការកងទ័ពជើងគោកកម្ពុជា និងមេបញ្ជាការកងទ័ពជើងគោកថៃនៅល្ងាចនេះ នឹងទទួលបានលទ្ធផលវិជ្ជមាន ក្នុងការរក្សាស្ថានភាពស្ងប់ស្ងាត់ និងការប្រាស្រ័យទាក់ទងគ្នាល្អរវាងកងទ័ពជួរមុខរបស់យើងទាំងពីរដូចដែលបានធ្វើកន្លងមក។ ដូចខ្ញុំធ្លាប់បានលើកក្នុងវេទិកាសាធារណៈកន្លងរួចមកហើយ កម្ពុជាមិនមានបំណងឈ្លានពានប្រទេសណាមួយនោះទេ ហើយយើងចង់ឱ្យការដោះស្រាយបញ្ហាព្រំដែន ប្រព្រឹត្តទៅដោយផ្អែកលើមូលដ្ឋានបច្ចេកទេសនិងច្បាប់អន្តរជាតិ។ ប៉ុន្តែកម្ពុជាក៏រក្សាសិទ្ធិនៅក្នុងប្រើប្រាស់គ្រប់មធ្យោបាយដើម្បីការពារបូរណភាពទឹកដីរបស់ខ្លួន រួមទាំងការប្រើប្រាស់កងកម្លាំងប្រដាប់អាវុធ ក្នុងករណីមានការព្យាយាមឈ្លានពានរំលោភលើបូរណភាពទឹកដីកម្ពុជា តាមរយៈការប្រើប្រាស់កម្លាំងប្រដាប់អាវុធ។ ហេតុដូច្នេះខ្ញុំសូមបងប្អូនប្រជាពលរដ្ឋខ្មែរជ្រាបជាព័ត៌មាន និងសូមកុំឱ្យមានការព្រួយបារម្ភដោយផ្អែកលើព័ត៌មានមួយចំនួនដែលបានផ្សព្វផ្សាយដោយមិនមានប្រភពច្បាស់លាស់។ ខ្ញុំក៏សូមអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋខ្មែរយើង ទប់ស្កាត់កុំឱ្យបញ្ហានេះទៅរីកធំរហូតក្លាយជាជម្លោះជាតិសាសន៍ និងសូមផ្ដល់ការទុកចិត្តចំពោះរាជរដ្ឋាភិបាល ក៏ដូចជាកងទ័ពរបស់យើងក្នុងការស្វែងរកដំណោះស្រាយលើបញ្ហានេះដោយការទទួលខុសត្រូវខ្ពស់​។

សម្ដេចធិបតី៖ ទិវាជាតិនៃការចងចាំ ២០ ឧសភា ថ្ងៃដែលប្រជាជនកម្ពុជាគ្រប់ៗរូបចងចាំ មិនអាចបំភ្លេចបាន

(Facebook Page)៖  សម្ដេចធិបតីបានសរសេរថា៖ “ទិវាជាតិនៃការចងចាំ ២០ ឧសភា ដែលជាថ្ងៃប្រជាជនកម្ពុជាគ្រប់ៗរូបចងចាំមិនអាចបំភ្លេចបាន ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ឬហៅថារបបប្រល័យពូជសាសន៍ ប៉ុល ពត (១៧ មេសា ១៩៧៥ – ៦ មករា ១៩៧៩) ដែលជារបបដ៏ឃោរឃៅ និងខ្មៅងងឹត ។ ទិវានេះ ជាការរំលឹកដល់វិញ្ញាណក្ខន្ធដល់ជនរងគ្រោះជាង៣លាននាក់ ដែលបានស្លាប់បាត់បង់ជីវិត នៅក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត ។ ប្រជាពលរដ្ឋកម្ពុជាភាគច្រើនលើសលប់បានដឹង និងបានយល់ច្បាស់ អំពីរឿងរ៉ាវសោកនាដកម្មដ៏ជូរចត់ ដែលប្រជាពលរដ្ឋខ្មែរបានឆ្លងកាត់ជិត៣ទសវត្សរ៍ ក្នុងភ្នក់ភ្លើងសង្គ្រាម និងទឹកភ្នែក ការកាប់សម្លាប់ ការបំផ្លិចបំផ្លាញ ការជម្លៀសចេញពីទីលំនៅរបស់ខ្លួនដោយបង្ខំ និងការបង្ខំឱ្យធ្វើការដូចសត្វធាតុជាដើម។ មិនតែប៉ុណ្ណោះ ប្រជាពលរដ្ឋកម្ពុជា ត្រូវស្លាប់ដោយគ្មានថ្នាំសង្កូវព្យាបាល គ្មានអាហារបរិភោគគ្រប់គ្រាន់ គ្មានសិទ្ធិសេរីភាព គ្មានលទ្ធិប្រជាធិបតេយ្យ ហើយសូម្បីតែសិទ្ធិរស់រានមានជីវិតដែលជាសិទ្ធិមូលដ្ឋានមានពីកំណើតរបស់មនុស្សក៏គ្មានដែរ។ ដើម្បីកុំឱ្យរបបនេះវិលត្រឡប់មកវិញ ចូលរួមថែរក្សាការពារសន្តិភាពឱ្យបានគង់វង្ស ពីព្រោះសន្តិភាពបានផ្តល់ឱកាស គ្រប់យ៉ាងក្នុងការកសាងសង្គមគ្រួសារ សហគមន៍ និងប្រទេសជាតិ ឱ្យកាន់តែរីកចម្រើនទៅមុខទៀត”៕

សម្ដេចធិបតី សន្ទនាតាមទូរស័ព្ទជាមួយ ឯកឧត្ដម Lawrence Wong អបអរសាទរជោគជ័យរបស់គណបក្សសកម្មភាពប្រជាជន

ហ្វេសប៊ុកសម្ដេចធិបតី ៖ ទើបជួបតាមទូរសព្ទជាមួយឯកឧត្តម Lawrence Wong នាយករដ្ឋមន្ត្រីសិង្ហបុរី ដើម្បីអបអរសាទរជាមួយនឹងជោគជ័យរបស់គណបក្សសកម្មភាពប្រជាជន (People’s Action Party) របស់ឯកឧត្តម ក្នុងការបោះឆ្នោតសហព័ន្ធ កាលពីថ្ងៃសៅរ៍ទី ៣ ខែឧសភា ឆ្នាំ២០២៥ កន្លងទៅនេះ។ កំណើននៃចំនួនអាសនៈក្នុងសភា ក៏ដូចជាសំឡេងឆ្នោតគាំទ្រគណបក្ស PAP ដែលជាគណបក្សកាន់អំណាច បង្ហាញឱ្យឃើញច្បាស់នូវទំនុកចិត្តខ្ពស់របស់ប្រជាពលរដ្ឋសង្ហបុរី ចំពោះការដឹកនាំរបស់ឯកឧត្តមនាយករដ្ឋមន្ត្រី។ ក្នុងអំឡុងពេលនៃទស្សនកិច្ចផ្លូវការរបស់ខ្ញុំទៅកាន់ប្រទេសសិង្ហបុរីកាលពីខែមិថុនា ឆ្នាំ២០២៤ បន្ទាប់ពីឯកឧត្តមបានទទួលតំណែងជានាយករដ្ឋមន្ត្រី យើងទាំងពីរបានពិភាក្សាគ្នាជាច្រើន ក្នុងគោលដៅពង្រឹងទំនាក់ទំនងទ្វេភាគីរវាងប្រទេស និងប្រជាជនយើងទាំងពីរ។ ឆ្នាំនេះគឺជាខួបទី ៦០ឆ្នាំ នៃទំនាក់ទំនងការទូតរវាងប្រទេសកម្ពុជានិងសិង្ហបុរី។ ខ្ញុំមានជំនឿជឿជាក់យ៉ាងមុតមាំថា ក្រោមការដឹកនាំរបស់ឯកឧត្តមនាយករដ្ឋមន្ត្រី យើងនឹងមានឱកាសធ្វើការរួមគ្នាដើម្បីបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យអោយកាន់តែល្អប្រសើរបន្ថែមទៀត ដែលនឹងផ្តល់ ផលប្រយោជន៍រួមជូនប្រទេសនិងប្រជាជនយើងទាំងពីរ។ ខ្ញុំនឹងរង់ចាំស្វាគមន៍ឯកឧត្តមមកធ្វើទស្សនកិច្ចជាផ្លូវការនៅកម្ពុជា នាពេលអនាគត។

សម្ដេចធិបតី សន្ទនាតាមទូរស័ព្ទជាមួយ ឯកឧត្ដម Anthony Albanese អបអរសាទរជោគជ័យរបស់គណបក្សពលករអូស្រ្តាលី

Page សម្ដេចធិបតី ៖ ថ្ងៃអង្គារ ទី៦ ខែឧសភា ឆ្នាំ២០២៥ នារសៀលនេះ ខ្ញុំបានសន្ទនាជាមួយឯកឧត្តម Anthony Albanese នាយករដ្ឋមន្ត្រីអូស្ត្រាលីតាមទូរសព្ទ ដើម្បីសម្ដែងការអបអរសាទរជាមួយនឹងជោគជ័យដ៏ត្រចះត្រចង់របស់គណបក្សពលករអូស្ត្រាលី (Australian Labor Party) របស់ឯកឧត្តម ក្នុងការបោះឆ្នោតសហព័ន្ធ កាលពីថ្ងៃសៅរ៍ទី ៣ ខែឧសភា ឆ្នាំ២០២៥ កន្លងទៅនេះ។ លទ្ធផលនៃការបោះឆ្នោតនេះបានបញ្ជាក់យ៉ាងច្បាស់ថា ប្រជាពលរដ្ឋអូស្ត្រាលី មានជំនឿជឿជាក់យ៉ាងមុតមាំលើការដឹកនាំរបស់ឯកឧត្តម Anthony Albanese និងបន្តគាំទ្រឯកឧត្តមធ្វើជានាយករដ្ឋមន្ត្រី ដើម្បីដឹកនាំរដ្ឋាភិបាល កសាងសមិទ្ធផលបន្ថែមទៀតជូនប្រជាពលរដ្ឋអូស្ត្រាលី។ ខ្ញុំមានជំនឿជឿជាក់យ៉ាងមុតមាំថា ក្រោមការដឹកនាំរបស់ឯកឧត្តម ប្រទេសយើងទាំងពីរនឹងបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យកាន់តែល្អប្រសើរបន្ថែមទៀត ដើម្បីជាផលប្រយោជន៍រួមរបស់ប្រទេសនិងប្រជាជនកម្ពុជានិងអូស្ត្រាលី។

សម្តេចមហាប​វរធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណរដ្ឋាភិបាលថៃ ចំពោះការលើកលែងថ្លៃទិដ្ឋាការសម្រាប់ពលរដ្ឋខ្មែរ ដែលមកលេងស្រុកកំណើត ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

FN ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលថៃ ដែលបានលើកលែងថ្លៃទិដ្ឋាការសម្រាប់ពលរដ្ឋខ្មែរ ដែលមកលេងស្រុកកំណើតនៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មី កន្លងទៅថ្មីៗនេះ។ ការថ្លែងបែបនេះរបស់សម្ដេចបវរធិបតី បានធ្វើឡើងក្នុងសន្និសីទសារព័ត៌មានរួមគ្នាជាមួយ នាយករដ្ឋមន្រ្តីថៃ ក្រោយបញ្ចប់ជំនួប និងពិធីចុះហត្ថលេខាលើឯកសារចំនួន៧ នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី២៣ ខែមេសានេះ អំឡុងពេលលោកស្រីនាយករដ្ឋមន្រ្តីថៃ មកបំពេញទស្សនកិច្ចនៅកម្ពុជា។ នាឱកាសនោះ សម្ដេចនាយករដ្ឋមន្ត្រី បានថ្លែងថា «ខ្ញុំសូមអរគុណមិត្តថៃ ដែលបានបន្តយកចិត្តទុកដាក់ចំពោះពលករកម្ពុជា ដែលថ្មីៗនេះ បានលើកលែងថ្លៃទិដ្ឋាការអនុញ្ញាតឱ្យចូលប្រទេសវិញ (Re-entry Permit Fee) សម្រាប់ពលករខ្មែរដែលមកលេងកម្ពុជា ក្នុងអំឡុងបុណ្យចូលឆ្នាំថ្មីកន្លងទៅនេះ ដើម្បីបានជួបជុំគ្រួសារ ស្របតាមការស្នើសុំរបស់ខ្ញុំកន្លងទៅ»។ សូមជម្រាបថា ការលើកលែងតម្លៃសេវាការអនុញ្ញាត ចេញ-ចូល ប្រទេសថៃ (Re-entry permit) បានចាប់ផ្តើមអនុវត្តពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៥ រហូតដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥ ដល់បងប្អូនពលករខ្មែរ អំឡុងពេលពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ គឺជាការឯកភាពព្រមព្រៀងរួមរវាងរាជរដ្ឋាភិបាលកម្ពុជា និងរាជរដ្ឋាភិបាលថៃ ក្នុងដំណើរទស្សនកិច្ចផ្លូវការរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅក្នុងប្រទេសថៃ…

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ជាថ្មីអំពីការប្តេជ្ញាចិត្ត​របស់កម្ពុជា-ថៃ សម្រាប់ព្រះរាជាណាចក្រពីរគោលដៅតែមួយ

FN៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា​ នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥នេះ​ បានថ្លែងទៅកាន់នាយករដ្ឋមន្ត្រីថៃថា កម្ពុជាបានត្រៀមខ្លួនជាស្រេច និងបើកចំហរជានិច្ច ព្រមទាំងមានសុច្ឆន្ទៈចង់រីកចម្រើនជាមួយគ្នា ក្នុងវិស័យពាណិជ្ជកម្ម វិនិយោគ និងនវានុវត្តន៍។ ការថ្លែងបែបនេះរបស់សម្ដេចបវរធិបតី បានធ្វើឡើងក្នុងសន្និសីទសារព័ត៌មានរួមគ្នាជាមួយ នាយករដ្ឋមន្រ្តីថៃ ក្រោយបញ្ចប់ជំនួប និងពិធីចុះហត្ថលេខាលើឯកសារចំនួន៧ នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី២៣ ខែមេសានេះ អំឡុងពេលលោកស្រីនាយករដ្ឋមន្រ្តីថៃ មកបំពេញទស្សនកិច្ចនៅកម្ពុជា។ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍យ៉ាងដូច្នេះថា «វិស័យទេសចរណ៍ និងការតភ្ជាប់ ពិតជាមានសារៈសំខាន់ណាស់សម្រាប់ប្រជាជន និងប្រជាជន យើងបានបញ្ជាក់ជាថ្មីអំពីការប្តេជ្ញាចិត្តរបស់យើង សម្រាប់ព្រះរាជាណាចក្រពីរគោលដៅតែមួយ»។ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា «កម្ពុជានឹងស្វាគមន៍ ចំពោះគំនិតផ្ដួចផ្ដើមប្រទេសតែមួយគោលដៅតែមួយជាពិសេសកម្ពុជារីករាយសហការគ្នាជានិច្ច ក្នុងការបង្កើតក្រុមការងារ ដើម្បីពិភាក្សាក្នុងក្របខណ្ឌកិច្ចសហប្រតិបត្តិការជាក់ស្តែងក្នុងការងារនេះ»។ នាឱកាសនោះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានអរគុណដល់មិត្តថៃដែលបានបន្តយកចិត្តទុកដាក់ចំពោះពលករខ្មែរ និងថ្មីៗនេះបានលើកលែងលើថ្លៃទិដ្ឋាការអនុញ្ញាតឲ្យចូលប្រទេសវិញ សម្រាប់ពលករខ្មែរដែលបានធ្វើដំណើរមកលេងគ្រួសារនៅប្រទេសកម្ពុជា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ស្របតាមការស្នើសុំដោយផ្ទាល់ របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាពេលកន្លងមក៕

កម្ពុជា-ថៃ ឯកភាពបន្តពង្រឹង និងពង្រីកភាពជាដៃគូយុទ្ធសាស្ត្រ ឱ្យកាន់តែរឹងមាំបន្ថែមទៀត

FN ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា និង លោកស្រី ផែថងថាន ស៉ីណាវ៉ាត់ (Paetongtarn Shinawatra) នាយករដ្ឋមន្ត្រីថៃ បានឯកភាពបន្តពង្រឹង និងពង្រីកភាពជាដៃគូយុទ្ធសាស្ត្រ ឱ្យកាន់តែរឹងមាំបន្ថែមទៀត។ ការឯកភាពគ្នានេះបានធ្វើឡើង នាព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥ ក្នុងឱកាសដែល សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ជួបពិភាក្សាការងារទ្វេភាគី ជាមួយ លោកស្រី ផែថងថាន ស៉ីណាវ៉ាត់ (Paetongtarn Shinawatra) នាយករដ្ឋមន្ត្រីថៃ ដែលដឹកនាំគណៈប្រតិភូជាន់ខ្ពស់ មកបំពេញទស្សនកិច្ចផ្លូវការ នៅកម្ពុជា។ ជាកិច្ចចាប់ផ្ដើម សម្តេចបវរធិបតីបានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះលោកស្រីនាយករដ្ឋមន្ត្រី និងគណៈប្រតិភូ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា។ វត្តមានរបស់លោកស្រីនាយករដ្ឋមន្ត្រីថៃ នាពេលនេះ នឹងក្លាយជាកម្លាំងចលករដ៏សំខាន់ ក្នុងការជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ឱ្យកាន់តែរីកចម្រើន ក្នុងស្មារតីមិត្តភាពដ៏យូរអង្វែង និងភាពជាដៃគូយុទ្ធសាស្ត្រ។ លោកស្រីនាយករដ្ឋមន្ត្រីថៃបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការស្វាគមន៍ និងការធ្វើបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅជូនចំពោះលោកជំទាវ និងគណៈប្រតិភូ។ លោកស្រីក៏បានសម្តែងនូវសេចក្ដីសោមនស្សរីករាយ ដែលបានដឹកនាំគណៈប្រតិភូ មកបំពេញទស្សកិច្ចផ្លូវការនៅកម្ពុជា ដេីម្បីពង្រឹងមិត្តភាព និងកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធ ជាមួយកម្ពុជា។…

នាយករដ្ឋមន្ដ្រីកម្ពុជា-ថៃ ប្ដេជ្ញារួមគ្នាពង្រឹងកិច្ចសហប្រតិបត្តិការប្រឆាំងឧក្រិដ្ឋកម្មឆបោកតាមអនឡាញ, នាយករដ្ឋមន្ដ្រីថៃ អរគុណសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលបន្ដកិច្ចសហការល្អ

FN ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងលោកស្រី ផែថងថាន ស៊ីណាវ៉ាត្រ នាយករដ្ឋមន្ត្រីថៃ បានប្ដេជ្ញាចិត្តរួមគ្នាពង្រឹងកិច្ចសហប្រតិបត្តិការប្រឆាំងរាល់ឧក្រិដ្ឋកម្មឆបោកបានប្រព័ន្ធអនឡាញ ពិសេសនៅតាមព្រំដែនប្រទេសទាំងពីរ។ ការប្ដេជ្ញាចិត្តរួមគ្នារវាងនាយករដ្ឋមន្ដ្រីប្រទេសទាំងពីរកម្ពុជា-ថៃ ធ្វើឡើងអំឡុងដំណើរទស្សនកិច្ចផ្លូវការរបស់លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រ នាយករដ្ឋមន្ត្រីថៃ នៅប្រទេសកម្ពុជា នាព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥នេះ។ ក្នុងសន្និសីទសារព័ត៌មាន បង្ហាញអំពីសេចក្ដីថ្លែងការណ៍រួមដែលធ្វើឡើងដោយនាយករដ្ឋមន្ដ្រីទាំងពីរ បន្ទាប់ពីបញ្ចប់ការចុះហត្ថលេខាលើឯកសារសំខាន់ៗ មួយចំនួនហើយនោះ លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រ បានអះអាងថា ភាគីទាំងពីរនឹងបន្ដសហការដើម្បីលុបបំបាត់បណ្ដាញឧក្រិដ្ឋកម្មនេះឲ្យអស់ពីព្រំដែនកម្ពុជា-ថៃ។ នាយករដ្ឋមន្ដ្រីថៃ លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រា បានថ្លែងយ៉ាងដូច្នេះថា «ខ្ញុំសូមថ្លែងអំណរគុណនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ាណែត ចំពោះភាពជាដៃគូដ៏រឹងមាំរវាងកងកម្លាំងនគរបាល ក្នុងការប្រឆាំងអំពើឆបោកអនឡាញ ហើយនឹងបន្ដសហការដើម្បីលុបបំបាត់បណ្ដាញឧក្រិដ្ឋកម្មនេះឲ្យអស់ពីព្រំដែនកម្ពុជា-ថៃ»។ បន្ថែមពីនេះ លោកស្រីនាយករដ្ឋមន្ដ្រីថៃ បានឲ្យដឹងទៀតថា ភាគីទាំងពីរ ក៏នឹងពង្រឹងភាពជាដៃគូផ្នែកសន្ដិសុខ ដោយឯកភាពដើម្បីជំរុញនូវកិច្ចសហប្រតិបត្តិការវិស័យយោធាឲ្យកាន់តែជិតស្និតនៅគ្រប់កម្រិត ដើម្បីរក្សាសន្ដិភាព ស្ថេរភាព នូវតាមព្រំដែនកម្ពុជា-ថៃ៕

នាយករដ្ឋមន្ត្រីកម្ពុជា ថ្លែងអំណរគុណថៃ ដែលមិនអនុញ្ញាតឱ្យជនណាម្នាក់ប្រើប្រាស់ទឹកដីថៃ ដើម្បីជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង និងធ្វើសកម្មភាពបង្កគ្រោះថ្នាក់ដល់កម្ពុជា ហើយកម្ពុជានឹងអនុវត្តដូចគ្នា

FN ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងអំណរគុណចំពោះគោលនយោបាយរបស់រាជរដ្ឋាភិបាលថៃ ដែលមិនអនុញ្ញាតឱ្យជនណាម្នាក់ប្រើប្រាស់ទឹកដីថៃ ដើម្បីជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង និងធ្វើសកម្មភាពដែល​បង្កគ្រោះថ្នាក់ដល់កម្ពុជា ហើយសម្តេចថ្លែងបន្តថា រាជរដ្ឋាភិបាលកម្ពុជានឹងអនុវត្តគោលការណ៍នេះដូចគ្នា។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងបែបនេះ ក្នុងឱកាសសម្តេច និងលោកស្រី ផែថងថាន ស៉ីណាវ៉ាត្រា នាយករដ្ឋមន្រ្តីថៃ អញ្ជើញធ្វើសេចក្តីថ្លែងការណ៍រួម នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥។ សម្តេចមហាបវរធិបតី បានបញ្ជាក់យ៉ាងដូច្នេះ «ខ្ញុំសូមអរគុណនូវគោលនយោបាយការបរទេសថៃ ដែលមិនអនុញ្ញាតឲ្យជនណាម្នាក់ប្រើប្រាស់ទឹកដីថៃ ដើម្បីជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង និងធ្វើសកម្មភាពបង្កគ្រោះថ្នាក់ដល់កម្ពុជា។ រាជរដ្ឋាភិបាលកម្ពុជា នឹងអនុវត្តគោលការណ៍នេះដូចគ្នា»។ សូមជម្រាបថា ក្នុងឱកាសថ្លែងសុន្ទរកថា នៅក្នុងសម័យប្រជុំលើកទី៧៨ នៃមហាសន្និបាតអង្គការសហប្រជាជាតិ សម្តេចមហាបវរធិបតី បានអះអាងថា កម្ពុជាមិនអនុញ្ញាតឲ្យប្រទេសណាមួយ ឬក្រុមណាមួយ ប្រើប្រាស់ទឹកដីកម្ពុជា ប្រឆាំងនឹងប្រទេសណាមួយនោះឡើយ៕