ការដកស្រង់ប្រសាសន៍របស់ សម្ដេចធិបតី ក្នុងកិច្ចសម្ភាសន៍ជាមួយសារព័ត៌មាន Fox News [បកប្រែក្រៅផ្លូវការ ដោយ Fresh News]

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ឥឡូវនេះនៅពេលដែលកងទ័ពត្រូវបានបញ្ឈប់ការប្រយុទ្ធ កងទ័ពថៃកំពុងកាន់កាប់ទាំងអស់នេះជាមួយនឹងកុងតឺន័រ និងលួសបន្លា។ នេះជាមូលហេតុដែលយើងនិយាយថា ការកាន់កាប់នេះគឺហួសពីការទាមទារឯកតោភាគីរបស់ប្រទេសថៃ។ ហើយតំបន់នេះជាកម្មសិទ្ធិរបស់ភូមិកម្ពុជា ដែលឥឡូវនេះអ្នកភូមិជាច្រើនមិនអាចត្រឡប់ ទៅស្រុកកំណើតរបស់ពួកគេវិញបានទេ។ នេះខុសពីសេចក្តីថ្លែងការណ៍រួមដែលយើងមានរវាងប្រទេសទាំងពីរ ដែលអនុញ្ញាតឱ្យជនស៊ីវិលត្រឡប់មកវិញ។ សូម្បីតែចំណុចដែលថា បន្ទាប់ពីការឈប់ បន្ទាប់ពីការបាញ់ប្រហារ កងទ័ពនៅទីតាំងដដែល ហើយមិនផ្លាស់ទីហួសពីការគ្រប់គ្រងតំបន់របស់ពួកគេ។ ប៉ុន្តែការពង្រីកការប្រើប្រាស់លួសបន្លា និងកុងតឺន័រដើម្បីបិទភូមិ នេះគឺជារឿងមួយចំនួនដែលយើងជំរុញឱ្យប្រទេសថៃ អនុញ្ញាតឱ្យប្រជាជនរបស់យើងត្រឡប់ទៅវិញ ហើយចាប់ផ្តើមដំណើរការកំណត់ព្រំដែនជាមួយកម្ពុជា តាមរយៈយន្តការរួមដែលយើងទាំងពីរយល់ស្រប។ ដូច្នេះនេះជាចំណុចសំខាន់របស់យើង។ សំណួរ៖ ប្រសិនបើវត្តមានរបស់ថៃ នៅតែបន្តរុញច្រានចូលទៅក្នុងទឹកដីរបស់អ្នក តើកម្ពុជាមានគម្រោងឆ្លើយតបយ៉ាងដូចម្តេច? តើក្នុងកាលៈទេសៈណាដែលបទឈប់បាញ់នឹងមិនអាចទ្រទ្រង់បាន? សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ជំហររបស់យើងតែងតែប្រកាន់ខ្ជាប់នូវដំណោះស្រាយដោយសន្តិវិធី ការសន្ទនាដោយសន្តិវិធី ពីព្រោះយើងមិនជឿថា ការប្រើប្រាស់សង្គ្រាម ដើម្បីបញ្ឈប់សង្គ្រាមគឺគ្មាននិរន្តរភាព ឬជាក់ស្តែងនោះទេ។ នេះជាមូលហេតុដែលយើងបានស្នើសុំឱ្យប្រទេសថៃ ត្រលប់ទៅរកកិច្ចព្រមព្រៀងដែលយើងមានវិញ រួមទាំងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងកូឡាឡាំពួរ ដែលលោកប្រធានាធិបតី Trump បានធ្វើជាសាក្សី ដែលបានកំណត់លក្ខខណ្ឌច្បាស់លាស់មួយ ដើម្បីដោះស្រាយបញ្ហានេះ ពីព្រោះជម្លោះរវាងប្រទេសថៃ មូលហេតុចម្បងគឺជម្លោះទឹកដី។ យើងបានដឹងរួចមកហើយថា ប្រាំមួយខែកន្លងមកនេះ លោកប្រធានាធិបតី Trump បានដើរតួនាទីយ៉ាងសំខាន់ក្នុងការសម្របសម្រួល និងធានាឱ្យមានបទឈប់បាញ់លើកដំបូងរវាងប្រទេសកម្ពុជា និងប្រទេសថៃ។ ហើយកិច្ចព្រមព្រៀងបទឈប់បាញ់ ក៏មានការចូលរួមពីប្រធានអាស៊ាន…

ការដកស្រង់ប្រសាសន៍របស់ សម្ដេចធិបតី ក្នុងកិច្ចសម្ភាសន៍ជាមួយសារព័ត៌មាន Reuters [បកប្រែក្រៅផ្លូវការ ពីខ្សែវដេអូ រៀបចំដោយ FN]

[…] យើងជឿជាក់ថា ក្រុមប្រឹក្សាសន្តិភាពនឹងក្លាយជាការបន្ថែមដ៏មានតម្លៃមួយចំពោះយន្តការរបស់អង្គការអន្តរជាតិដែលមានស្រាប់ ដើម្បីលើកកម្ពស់សន្តិភាព ស្ថិរភាព កសាងនិងធានាសន្តិភាពនៅក្នុងតំបន់ជាច្រើនដែលរងផលប៉ះពាល់ និងរងការគំរាមកំហែងដោយសង្គ្រាម និងជម្លោះ។ នាពេលបច្ចុប្បន្ន កម្ពុជា មានបញ្ហាព្រំដែនជាមួយប្រទេសថៃអស់រយៈពេល ៦ខែកន្លងមកហើយៗ យើងសង្ឃឹមថា ក្រុមប្រឹក្សាសន្តិភាពក៏នឹងដើរតួនាទី ជួយស្តារសន្តិភាពនិងស្ថិរភាពរវាងប្រទេសកម្ពុជានិងប្រទេសថៃឡើងវិញផងដែរ […] […] ជាអកុសល រហូតមកដល់ពេលនេះ វានៅតែផុយស្រួយ។ យើងនៅតែមានកងកម្លាំងថៃកាន់កាប់ជ្រៅ ក្នុងទឹកដីកម្ពុជាក្នុងតំបន់ជាច្រើន។ នេះគឺហួសពីខ្សែព្រំដែនទាមទារដោយឯកតោភាគីដោយប្រទេសថៃទៅទៀត។ ជាមួយគ្នានេះ សកម្មភាពមួយចំនួនដែលត្រូវបានធ្វើឡើងដោយកងទ័ពថៃ មានដូចជាការដាក់កុងតៃន័រ និងលួសបន្លាដើម្បីបិទផ្លូវជាដើម … យើងមានប្រជាជនប្រហែល ៨០,០០០ នាក់ត្រូវបានផ្លាស់ទីលំនៅ ដែលមិនអាចត្រឡប់ទៅផ្ទះវិញបានឥឡូវនេះ ដោយសារតែការបិទផ្លូវនោះ។ ដោយហេតុនេះ ទាំងនេះមិនមែនជាការចោទប្រកាន់ទេ ប៉ុន្តែវាជាការថ្លែងការពិតនៅនឹងកន្លែង […] […] វាបានបញ្ជាក់យ៉ាងច្បាស់រួចហើយថា ភាគីទាំងពីរនឹងប្រើប្រាស់ JBC ជាយន្តការមួយដោះស្រាយការ​ងារកំណត់ព្រំដែន។ គ្មានយន្តការផ្សេងទៀត ឬការប្រើប្រាស់កម្លាំង អាច ផ្លាស់ប្តូរ ឬកំណត់ព្រំដែនរបស់ប្រទេសណាមួយបានទេ។ ដូច្នេះ ជំហររបស់យើងគឺថា ចង់ឲ្យ JBC នេះ ធានាថាការងារបច្ចេកទេសនឹងបន្តឡើងវិញឱ្យបានលឿនតាមដែលអាចធ្វើទៅបាន ដើម្បីកំណត់ថាដីទាំងនោះជាកម្មសិទ្ធិរបស់អ្នកណា។ កម្ពុជាមិនចង់…

សុន្ទរកថានិងសេចក្ដីដកស្រង់ប្រសាសន៍ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជួបសំណេះសំណាលជាមួយសិស្សប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា ២០២៤-២០២៥ ជាប់និទ្ទេសA  និងការប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត៣

ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា និង សមាជិក សមាជិកា រាជរដ្ឋាភិបាល;គណៈធិបតី ភ្ញៀវកិត្តិយស ថ្នាក់ដឹកនាំ និងគ្រឹះស្ថានសិក្សានានា មាតាបិតា អាណាព្យាបាល និង ក្មួយៗសិស្សជាប់និទ្ទេស A ជាទីមេត្រី! ថ្ងៃនេះ, ខ្ញុំពិតជាមានសេចក្ដីសោមនស្ស ដោយបានជួបសំណេះសំណាលជាមួយក្មួយៗសិស្សជាប់និទ្ទេស A ទាំង ៣ ០២០ នាក់ ដែលជំនួបលើកនេះ គឺជាជំនួបលើកទី១១, បន្ទាប់ពីក្រសួងអប់រំ យុវជន និង កីឡា បានធ្វើការកែទម្រង់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅឆ្នាំ ២០១៣ ក្រោមពាក្យស្លោក «អ្នកចេះ គឺជាប់» ។ ខ្ញុំសូមកោតសរសើរចំពោះក្រសួងអប់រំ យុវជន និង កីឡា ដែលបានសហការគ្នាយ៉ាងល្អជាមួយ ក្រសួងមហាផ្ទៃ, ក្រសួងសុខាភិបាល, កងរាជអាវុធហត្ថលើផ្ទៃប្រទេស, អង្គភាពប្រឆាំងអំពើពុករលួយ, សហភាពសហព័ន្ធយុវជនកម្ពុជា(ស.ស.យ.ក), អគ្គិសនីកម្ពុជា, រដ្ឋបាលរាជធានី ខេត្ត និង អ្នកពាក់ព័ន្ធ…

ប្រសាសន៍សំណេះសំណាល សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត សាកសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋភៀសសឹកចំនួន៥៤០គ្រួសារ នៅមណ្ឌលសុវត្ថិភាពវត្តបាក់កាំ ស្រុកត្បែងមានជ័យ​ ខេត្តព្រះវិហារ

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ឯកឧត្តមទេសរដ្ឋមន្រ្តី ឯកឧត្តមរដ្ឋមន្រ្តី ដែលបានចូលរួមឯកឧត្តមអភិបាល ថ្នាក់ដឹកនាំ ហើយជាពិសេស លោកតាលោកយាយ អ៊ំ ពូ មីង បងប្អូនប្រជាពលរដ្ឋនៅទីនេះ! ខ្ញុំអរគុណ ចំពោះឯកឧត្តម គឹម រិទ្ធី អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ និងក្រុមការងារ ដែលបានរៀបចំជំនួបនៅទីនេះ។ អរគុណចំពោះរបាយការណ៍សង្ខេបអម្បាញ់មិញ អំពីការខិតខំប្រឹងប្រែងរបស់គណៈអភិបាលខេត្តនៅក្នុងការរៀបចំនូវមណ្ឌលសុវត្ថិភាពនៅទីនេះ ក៏ដូចជាកន្លែងផ្សេងទៀតក្នុងខេត្តព្រះវិហាររបស់យើង។ ឆ្លៀតឱកាសនេះ អរគុណចំពោះគ្រប់បណ្ដាអង្គភាពពាក់ព័ន្ធ អរគុណទៅដល់មន្រ្តីរាជការ សប្បុរសជន ដៃគូ អង្គការជាតិនិងអន្តរជាតិ ប្រទេសជាមិត្ត ដែលបានទៅជួយឧបត្ថម្ភគាំទ្រទៅដល់ជនភៀសសឹករបស់យើង។ ក្នុងឱកាសនេះ ខ្ញុំសូមផ្ដាំផ្ញើថ្លែងអំណរគុណ ដឹងគុណចំពោះវីរកងទ័ព វីរនគរបាលជាតិរបស់យើង ដែលបានពលី របួស ក៏ដូចជាកំពុងឈរជើងនៅក្នុងបុព្វហេតុការពារទឹកដីរបស់យើង ហើយនៅទីនេះ បងប្អូនភាគច្រើន(ប្រហែល) ៩០% សុទ្ធតែ​ជាគ្រួសាររបស់កងទ័ព របស់នគរបាលរបស់យើង ដែលឈរជើងការពារទឹកដីរបស់យើង។ (១) ដោយស្គាល់ច្បាស់សោកនាដកម្មសង្រ្គាម រាជរដ្ឋាភិបាលខិតខំរកវិធីបញ្ចប់សង្រ្គាម ស្ថានភាពនៅក្នុងរយៈពេល ៦ខែនេះ អ៊ំ ពូ មីង បងប្អូនទាំងអស់នៅទីនេះដឹងហើយ។ ប្រទេសយើងរងនូវឥទ្ធិពលអាក្រក់ពីសង្រ្គាមឈ្លានពាន ដែលវាបានបង្កើតអោយមានការបាត់បង់អាយុជីវិត ខូចខាតទ្រព្យសម្បត្តិរបស់ប្រ​ជាពលរដ្ឋយើង របស់កងទ័ព…

សម្តេចធិបតី ហ៊ុន ម៉ាណែត ជួបរដ្ឋមន្ត្រីការបរទេសអាមេរិក តាមទូរស័ព្ទ បញ្ជាក់ជំហរគោរពសេចក្តីថ្លែងការណ៍រួមគូឡាឡាំពួរលើការដោះស្រាយជម្លោះព្រំដែនជាមួយថៃ

នាយប់ថ្ងៃទី ២៥ ធ្នូ ២០២៥ ខ្ញុំបានជួបពិភាក្សាតាមទូរសព្ទជាមួយ ឯកឧត្តម Marco Rubio រដ្ឋមន្ត្រីការបរទេសនៃសហរដ្ឋអាមេរិក ដើម្បីពិភាក្សាអំពីការវិវត្តសភាពការណ៍តាមបណ្តោយព្រំដែនកម្ពុជា-ថៃ ក្នុងគោលបំណងជំរុញអោយមានបទឈប់បាញ់អោយបានឆាប់រហ័ស និងការអនុវត្តកិច្ចព្រមព្រៀងសន្តិភាព ដេីម្បីស្វែងរកសន្តិភាពយូរអង្វែងសម្រាប់កម្ពុជា និងថៃ។ ឯកឧត្តមរដ្ឋមន្ត្រី Rubio បានគូសបញ្ជាក់ជំហរយ៉ាងច្បាស់លាស់ថា សហរដ្ឋអាមេរិក ចង់ឃេីញសន្តិភាពស្ថិតស្ថេររវាងកម្ពុជានិងថៃ និងខិតខំជំរុញអោយមានបទឈប់បាញ់អោយបានឆាប់តាមដែលអាចធ្វើទៅបាន។ ខ្ញុំបានបញ្ជាក់ជាថ្មីអំពីការប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់របស់កម្ពុជា ក្នុងការបន្តអនុវត្តតាមស្មារតីសេចក្ដីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួ និងសង្ឃឹមថា ភាគីទាំងពីរនឹងបន្តធ្វើការជាមួយគ្នាស្របតាមកិច្ចព្រមព្រៀងដែលមាន។ កម្ពុជាបន្តរក្សាជំហរក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ដោយអនុលោមតាមកិច្ចព្រមព្រៀង និងយន្តការដែលបានឯកភាពគ្នានាពេលកន្លងមក រួមទាំងសេចក្ដីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួរ ដេីម្បីដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ និងកសាងសន្តិភាពយូរអង្វែងរវាងប្រទេសទាំងពីរ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជួបជជែកជាមួយប្រធានាធិបតីអាមេរិក និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ព្រមទាំងផ្តល់យោបល់ឱ្យអ្នកជំនាញអាមេរិក និងម៉ាឡេស៊ី ប្រើវិធីសាស្ត្រនានា ស្វែងអ្នកផ្តើមបង្កសង្គ្រាមកាលពីថ្ងៃទី៧ ខែធ្នូ

ខ្ញុំបានពិភាក្សាតាមទូរស័ព្ទជាមួយ ឯកឧត្ដម Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ីនៅថ្ងៃព្រហស្បតិ៍ ទី១១ ខែធ្នូ និងកាលពីយប់មិញ ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥ ជាមួយ ឯកឧត្ដម Donald Trump ប្រធានាធិបតីសហរដ្ឋអាមេរិក ដើម្បីស្វែងរកវិធីអោយមានបទឈប់បាញ់រវាងកម្ពុជា-ថៃ ហើយអោយភាគីទាំងពីរវិលត្រលប់ទៅរកការអនុវត្តសេចក្ដីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួរ (Kuala Lumpur Joint Declaration)។ ខ្ញុំបានថ្លែងអំណរគុណឯកឧត្ដមទាំងពីរ ចំពោះការខិតខំប្រឹងប្រែងជាបន្តបន្ទាប់ សំដៅសម្រេចឱ្យបាននូវសន្តិភាពយូរអង្វែងរវាងកម្ពុជា និងថៃ។ កម្ពុជាតែងតែប្រកាន់ខ្ជាប់នូវជំហរក្នុងការស្វែងរកការដោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមស្មារតីនៃសេចក្ដីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួរ (Kuala Lumpur Joint Declaration)។ ចំពោះហេតុការណ៍បាញ់ប្រហារនៅរសៀលថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ ដែលបានបណ្ដាលឱ្យមានការផ្ទុះការប្រយុទ្ធជាថ្មីរវាងប្រទេសទាំងពីរ ខ្ញុំបានផ្តល់យោបល់ថា កងទ័ព ឬស្ថាប័នជំនាញរបស់សហរដ្ឋអាមេរិក និងប្រទេសម៉ាឡេស៊ី អាចប្រើសមត្ថភាពប្រមូលព័ត៌មានរបស់ពួកគេ ដូចជារូបភាពផ្កាយរណបដែលបានថតអំឡុងពេលនោះ និងក្រោយពេលនោះរយៈពេល ២៤ ម៉ោង ដើម្បីផ្ទៀងផ្ទាត់ថា តើភាគីណាបាញ់មុន។ វិធីសាស្រ្តនេះអាចជាវិធីសាស្ត្រងាយស្រួល និងមានតម្លាភាពបំផុត ក្នុងការផ្ទៀងផ្ទាត់ហេតុការណ៍នេះ។ កម្ពុជាត្រៀមខ្លួនសហការ ក្នុងករណីមានតម្រូវការ។

(សារលើហ្វេសប៊ុក)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត សង្ឃឹមថា ភាគីថៃដែលតែងតែប្រកាសថា ជាប្រទេសស្រលាញ់សន្តិភាព និងគោរពច្បាប់អន្តរជាតិ នឹងបន្តប្រើប្រាស់មធ្យោបាយសន្តិវិធី ស្របតាមគោលការណ៍ច្បាប់ ក្នុងការធ្វើការវាស់វែង និងបោះបង្គោលព្រំដែន ដើម្បីកំណត់ដែនអធិបតេយ្យភាពរបស់ប្រទេសនីមួយៗ

ថ្នាក់ដឹកនាំថៃធ្លាប់ប្រកាសនៅតាមបណ្តាញសារព័ត៌មាន និងនៅតាមវេទិកាអន្តរជាតិជាប្រចាំថា ប្រទេសថៃជាប្រទេសស្រឡាញ់សន្តិភាព និងគោរពច្បាប់អន្តរជាតិ។ ហេតុដូច្នេះ គឺជាការភ្ញាក់ផ្អើលមួយនៅពេលដែលឃើញព័ត៌មានចុះផ្សាយនៅថ្ងៃទី ៨ ធ្នូ ២០២៥ ថាកងទ័ពភូមិភាគទី១ របស់ថៃបានប្រកាសថានឹងប្រើប្រាស់កម្លាំងដើម្បីដណ្ដើមដែនអធិបតេយ្យរបស់ថៃមកវិញ រួមទាំងការបាញ់កាំភ្លើងផ្លោង និងចល័តកម្លាំងយោធា ចូលក្នុងភូមិព្រៃចាន់ ភូមិជោគជ័យ និងគោលដៅមួយចំនួនទៀតនៅខេត្តបន្ទាយមានជ័យ។ បើថៃពិតជាស្រឡាញ់សន្តិភាព និងស្រឡាញ់ទឹកដីដូចកម្ពុជា គួររាជរដ្ឋាភិបាលនិងកងទ័ពថៃ ប្រកាន់យកការដោះស្រាយបញ្ហាព្រំដែនតាមសន្តិវិធី ដោយប្រើប្រាស់យន្តការដែលបានឯកភាពគ្នានិងបានកំពុងអនុវត្តជាមួយគ្នា។ បើថៃពិតជាគោរពច្បាប់អន្តរជាតិមែន គឺមិនត្រូវប្រើប្រាស់កម្លាំងយោធាធ្វើការវាយប្រហារលើភូមិប្រជាជនស៊ីវីលទេ ក្រោមហេតុផលដណ្ដើមយកដែនអធិបតេយ្យរបស់ខ្លួនមកវិញនោះទេ។ កម្ពុជាបានប្រកាន់ខ្ជាប់ជាប្រចាំនូវគោលការណ៍គោរពអធិបតេយ្យ និងបូរណភាពទឹកដីរបស់ប្រទេសជិតខាង ប៉ុន្តែក៏មិនអនុញ្ញាតឱ្យប្រទេសណារំលោភលើដែនអធិបតេយ្យ និងបូរណភាពទឹកដីរបស់ខ្លួនដែរ។ ខ្ញុំក៏បានលឺថ្នាក់ដឹកនាំថៃប្រកាសដូចគ្នា។ មូលហេតុនេះហើយ បានជាប្រទេសទាំងពីរបានបង្កើតគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោកកម្ពុជា-ថៃ (JBC) ដែលបានដំណើរការជាង ២០ឆ្នាំ ដោយផ្អែកលើមូលដ្ឋាននៃឯកសារគតិយុត្តដែលបន្សល់ទុកពីអាណាព្យាបាលបារាំង ជាពិសេសកំណត់ហេតុ (Procès Verbaux) បោះបង្គោលរបស់គណៈកម្មការកំណត់ព្រំដែនរវាងឥណ្ឌូចិន-សៀម ឆ្នាំ១៩០៨-១៩០៩ និងគណៈកម្មការបោះបង្គោលព្រំដែនរវាងឥណ្ឌូចិន-សៀម ឆ្នាំ១៩១៩-១៩២០។ ថ្មីៗនេះ ស្របតាមស្មារតីដែលបានឯកភាពគ្នារវាងគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោកកម្ពុជា-ថៃ (JBC) ភាគីកម្ពុជា និងភាគីថៃបានឯកភាពគ្នាបញ្ជូនក្រុមវាស់វែងចម្រុះចុះអនុវត្តការងារវាស់វែងនិងបោះបង្គោលព្រំដែនបណ្តោះអាសន្ននៅកំណាត់ខ្សែព្រំដែនចន្លោះបង្គោលព្រំដែនលេខ៤២-៤៧ នៅខេត្តបន្ទាយមានជ័យ និង លេខ៥២-៥៩ នៅខេត្តបាត់ដំបង។ ការងារនេះបានប្រព្រឹត្តទៅដោយរលូនដោយមានការសហការគ្នាល្អរវាងក្រុមការងារបច្ចេកទេសព្រំដែននៃប្រទេសទាំងពីរ។ ជាលទ្ធផល ការងារវាស់វែងនិងបោះបង្គោលព្រំដែនបណ្តោះអាសន្ននៅកំណាត់ខ្សែព្រំដែនចន្លោះបង្គោលព្រំដែនលេខ៥២-៥៩ នៅខេត្តបាត់ដំបងបានដំណើរការស្ទើរតែបញ្ចប់…

សារពិសេសរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ឆ្លើយតបទៅនឹងអ្នកនយោបាយមួយចំនួនដែលឆ្លៀតប្រឌិតរឿងមិនពិតក្នុងចេតនាកេងចំណេញនយោបាយ និងដើម្បីឱ្យប្រជាពលរដ្ឋមានការយល់ច្រឡំមកលើរាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសជិតខាង

ក្នុងកាលៈទេសៈដែលយើងកំពុងដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសជិតខាង ខ្ញុំមិនចង់មានការឆ្លើយឆ្លងជាមួយអ្នកនយោបាយខ្មែរមួយចំនួននោះទេ។ ក៏ប៉ុន្តែពេលខ្លះក៏មានការចាំបាច់ក្នុងការលើកឡើងនូវចំណុចមួយចំនួន កុំឱ្យក្រុមអ្នកនយោបាយខ្លះឆ្លៀតប្រឌិតរឿងមិនពិតក្នុងចេតនាកេងចំណេញនយោបាយ និងដើម្បីឲ្យប្រជាពលរដ្ឋមានការយល់ច្រឡំមកលើរាជរដ្ឋាភិបាល។ កាលពីព្រឹកមិញនេះ លោក អ៊ុំ សំអាន បានបង្ហោះសារនៅក្នុងគណនីហ្វេសប៊ុករបស់ខ្លួនថា៖ Pong Nam Ron នេះជាប់ស្រុកកំរៀង ខេត្តបាត់ដំបងដែលជាអតីតតំបន់មូលដ្ឋានយោធាខ្មែរក្រហមដែលលោក អៀង សារី បានកាន់កាប់ហើយមានលោក អ៊ី ឈាន ជាមេទ័ព នាសម័យសង្រ្គាមសុីវិលនាទសវត្សទី៨០។ លោក អ៊ី ឈាន អតីតអភិបាលខេត្តប៉ៃលិនធ្លាប់និយាយថា ថៃបានបង្ខិតចូលដីខ្មែររាប់រយម៉ែត្រនៅតំបន់ Pong Nam Ron ជាប់ស្រុកកំរៀងនេះ។ ព្រំដែនចាស់ មិនមែនស្ថិតនៅព្រំដែនបច្ចុប្បន្ននេះទេ។ ប៉ុន្តែឥឡូវនេះ កម្ពុជាទទួលស្គាល់ព្រំដែនថ្មីគឺធ្វើអោយបាត់បង់ទឹកដីខ្មែរជាច្រើនគីឡូម៉ែត្រការ៉េនៅតំបន់នោះ។ ប៉ុន្តែ ប៉ុន្មានមួយម៉ោងក្រោយមក ឯ.ឧ អ៊ី ឈាន បានចេញសារបញ្ជាក់ជូនបងប្អូនជនរួមជាតិថា៖ អ្វីដែល អ៊ុំ សំអាន សរសេរនេះគឺជាការប្រឌិតទាំងស្រុង និងមានចរិតញុះញង់ដើម្បីបង្ករឿង និងកេងចំណេញនយោបាយក្នុងចេតនាបង្កចលាចលសង្គម និងការយល់ច្រឡំមកលើកិច្ចការព្រំដែន ដែលរាជរដ្ឋាភិបាល និងគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក(JBC) កម្ពុជាកំពុងអនុវត្តដោយឈរលើមូលដ្ឋានច្បាប់អន្ដរជាតិ អនុសញ្ញា សទ្ធិសញ្ញា ផែនទីនិងឯកសារដែលបន្សល់ទុកពីបារាំង។ ខ្ញុំនិងប្រជាជនទាំងអស់នឹងរង់ចាំមើលថាតើលោក…

សារ(លើហ្វេសប៊ុក) ពាក់ព័ន្ធនឹងការចុះអនុវត្តការងារវាស់វែងនិងបោះបង្គោលព្រំដែន បណ្តោះអាសន្ននៅកំណាត់ខ្សែព្រំដែនចន្លោះបង្គោលព្រំដែនលេខ៤២-៤៧ នៅខេត្តបន្ទាយមានជ័យ និងលេខ៥២-៥៩ នៅខេត្តបាត់ដំបង

ជូនចំពោះបងប្អូនជនរួមជាតិ។ បញ្ហាព្រំដែន គឺជាបញ្ហាស្មុគស្មាញ ដែលបានបន្សល់ទុករាប់រយឆ្នាំមកហើយ ហើយដែលយើងត្រូវរួមគ្នាដោះស្រាយ ដើម្បីប្រជាពលរដ្ឋនៃប្រទេសទាំងពីរអាចរស់នៅជាមួយគ្នាតាមបណ្ដោយព្រំដែនដោយសុខសាន្ត ក្នុងរយៈពេលវែងទៅខាងមុខ។ ខ្ញុំធ្លាប់បានបញ្ជាក់ជូនបងប្អូនជនរួមជាតិម្តងរួចហើយ អំពីការខិតខំរបស់រាជរដ្ឋាភិបាល ក្នុងការស្វែងរកដំណោះស្រាយមួយដែលត្រឹមត្រូវសម្រាប់រយៈពេលវែង និងជួយអោយបញ្ហាដូចដែលបានកើតឡើងនៅភូមិជោគជ័យនិងព្រៃចាន់អាចដោះស្រាយបញ្ចប់បាន ហើយប្រជាពលរដ្ឋអាចរស់នៅប្រកបរបរចិញ្ចឹមជីវិតជាប្រក្រតីឡើងវិញបាន ជៀសវាងអូសបន្លាយបញ្ហាអោយបន្តនៅរ៉ាំរ៉ៃរយៈពេលវែងទៅមុខ។ ដំណោះស្រាយបែបនេះ គឺមិនអាចសម្រេចបានតាមរយៈការប្រើប្រាស់មធ្យោបាយហិង្សា ឬតាមរយៈការប្រើប្រាស់កម្លាំងប្រដាប់អាវុធនោះទេ។ ផ្ទុយទៅវិញ មានតែការដោះស្រាយដោយសន្តិវិធី ស្របតាមសន្ធិសញ្ញា អនុសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់រវាងប្រទេសទាំងពីរកម្ពុជានិងថៃ ទើបធានាបាននូវលទ្ធផលដូចចង់បានខាងលើ។ ក្នុងន័យនេះ ស្របតាមស្មារតីដែលបានឯកភាពគ្នារវាងគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោកកម្ពុជា-ថៃ (JBC) ភាគីកម្ពុជា និងភាគីថៃបានឯកភាពគ្នាបញ្ជូនក្រុមវាស់វែងចម្រុះចុះអនុវត្តការងារវាស់វែងនិងបោះបង្គោលព្រំដែន បណ្តោះអាសន្ននៅកំណាត់ខ្សែព្រំដែនចន្លោះបង្គោលព្រំដែនលេខ៤២-៤៧ នៅខេត្តបន្ទាយមានជ័យ និង លេខ៥២-៥៩ នៅខេត្តបាត់ដំបង។ ខ្ញុំបានសង្កេតឃើញនៅតាមបណ្ដាញសង្គមមានការជជែកវែកញែក ក៏ដូចជាការបញ្ចេញមតិ ការចោទជាសំណួរ និងការបង្ហាញពីកង្វល់ របស់បងប្អូន ប្រជាពលរដ្ឋពាក់ព័ន្ធទៅនឹងការវាស់វែងនិងការបោះបង្គោលព្រំដែនបណ្ដោះអាសន្ននៅចន្លោះបង្គោលព្រំដែនលេខ៤២-៤៧ និងលេខ៥២-៥៩។ ខ្ញុំសូមយកឱកាសនេះ ធ្វើការបញ្ជាក់ជូនបងប្អូនប្រជាពលរដ្ឋបានជ្រាបពាក់ព័ន្ធនឹងចំណុចមួយចំនួន៖ ១. មានមតិខ្លះលើកឡើងថា ការវាស់វែងនិងបោះបង្គោលព្រំដែនបណ្តោះអាសន្ននៅចន្លោះបង្គោលព្រំដែនលេខ៤២-៤៧ និង លេខ៥២-៥៩ ធ្វើឡើងដោយប្រញ៉ាប់ប្រញ៉ាល់ ក្នុងរយៈពេលខ្លី។ នេះជាការពិតឬទេ? ខ្ញុំសូមបញ្ជាក់ថា ការវាស់វែងនិងបោះបង្គោលព្រំដែនបណ្តោះអាសន្ននៅចន្លោះបង្គោលព្រំដែនខាងលើមិនមែនជាការងារដែលចាប់ផ្ដើមថ្មីទាំងស្រុងនោះទេ ប៉ុន្តែវាជាការងារបច្ចេកទេសដែលបន្តពីអ្វីដែលក្រុមការងារបច្ចេកទេសព្រំដែននៃប្រទេសទាំងពីរបានរួមគ្នាធ្វើជិត ២០ឆ្នាំមកហើយ។ រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនបានបញ្ជាក់ជូនបងប្អូនប្រជាពលរដ្ឋនៅពេលថ្មីៗនេះរួចហើយថា ក្នុងការងារវាស់វែងនិងខណ្ឌសីមាព្រំដែនគោកកម្ពុជា-ថៃ…

សារពិសេសរបស់ សម្ដេចធិបតី លើគណនេយ្យហ្វេសប៊ុកផ្ទាល់ខ្លួន បន្ទាប់ពីមានការវាយប្រហារពីភាគីថៃមកលើជនស៊ីវិលស្លូតត្រង់កម្ពុជានៅភូមិព្រៃចាន់

ខ្ញុំសូមថ្កោលទោសចំពោះការប្រើប្រាស់អំពើហិង្សារបស់ភាគីថៃមកលើប្រជាពលរដ្ឋស៊ីវិលស្លូតត្រង់កម្ពុជានៅភូមិព្រៃចាន់ នាល្ងាចថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ ២០២៥ នេះ ដែលបណ្តាលឱ្យប្រជាពលរដ្ឋស៊ីវិលស្លូតត្រង់កម្ពុជារបួស៣នាក់ និងស្លាប់បាត់បង់ជីវិត ១នាក់។  ទង្វើនេះ គឺផ្ទុយទៅនឹងស្មារតីមនុស្សធម៌ ក៏ដូចជាការឯកភាពគ្នាកន្លងមកក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ជាពិសេស ការឯកភាពឱ្យយន្តការ គណៈកម្មាការចម្រុះព្រំដែន (JBC) ចុះវាស់វែង និងបោះបង្គោលបណ្តោះអាសន្ន និងត្រូវរក្សាស្ថានភាពដើម ដដែលរហូតដល់ការវាស់វែងត្រូវបានបញ្ចប់ និងរង់ចាំការសម្រេចដោយ JBC។  ខ្ញុំសូមអោយភាគីថៃ បញ្ឈប់ជាបន្ទាន់នូវការប្រើប្រាស់កម្លាំងមកលើប្រជាពលរដ្ឋស៊ីវិលស្លូតត្រង់កម្ពុជានៅភូមិព្រៃចាន់ ក៏ដូចជាការប្រើប្រាស់កម្លាំងក្នុងការដោះស្រាយបញ្ហាព្រំដែនរវាងប្រទេសទាំងពីរ។  ខ្ញុំសូមអោយមានការបើកការស៊ើបអង្កេតដោយឯករាជ្យលើករណីនេះ និងសូមអំពាវនាវអោយមានការចូលរួមពីភាគីបរទេសដែលមានជំនាញ ដើម្បីស្វែងរកការពិត និងផ្តល់យុត្តិធម៌ជូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារការបាញ់ប្រហារនេះ។  ជាមួយគ្នានេះ ខ្ញុំសូមឱ្យអាជ្ញាធរដែនដី និងគ្រប់កងកម្លាំងសមត្ថកិច្ចទាំងអស់ចាត់វិធានការជាបន្ទាន់ ក្នុងការការពារប្រជាពលរដ្ឋរបស់យើង ជាពិសេសត្រូវគិតគូរលើសុវត្ថិភាព និងអាយុជីវិតរបស់ពួកគាត់ ឱ្យបានជាដាច់ខាត ។  កម្ពុជានៅរក្សាជំហរក្នុងការដោះស្រាយបញ្ហាដោយសន្តិវិធី ស្របតាមស្មារតីនៃសេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួ នៅថ្ងៃទី ២៦ ខែតុលា ឆ្នាំ២០២៥ ដើម្បីឈានទៅដល់ការបញ្ចប់ជម្លោះ និងកសាងសន្តិភាពរវាងប្រទេសទាំងពីរ។