សេចក្ដីអធិប្បាយ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ពិធីជួបសំណេះសំណាល និងចុះត្រួតពិនិត្យវឌ្ឍនភាព នៃគម្រោងសាងសង់ អាកាសយានដ្ឋានអន្តរជាតិតេជោ​ លំដាប់ថ្នាក់ 4F ដំណាក់កាលទី១

ឯកឧត្តម លោកជំទាវ លោក លោកស្រី​ គណៈធិបតីភ្ញៀវកិត្តិយសបុគ្គលិកសហការីក្រុមហ៊ុន Cambodia Airport Investment និងបងប្អូនវិស្វករ កម្មករ/ការនីទាំងអស់ ជាទីស្រលាញ់រាប់អាន! ថ្ងៃនេះខ្ញុំមានសេចក្ដីសោមនស្សរីករាយ ដែលបានចូលរួមជួបជាមួយនឹងបងប្អូន ជាពិសេសពិសេសបានត្រួតនូវវឌ្ឍនភាពគម្រោងកសាងអាកាសយានដ្ឋានអន្តរជាតិតេជោ លំដាប់ 4F នៅថ្ងៃនេះ។ ដូចប្លែកម៉េចទេ។ ធ្លាប់តែកាន់មេក្រូឈរ កាន់អង្គុយដូច(និយាយ)អត់លះ។ អ្នកច្រៀងដឹងហើយ ត្រូវទេ? ច្រៀងអង្គុយមិនសូវលះទេ។ តែសប្បាយរីករាយដែលបានមកចូលរួមជាមួយថ្នាក់ដឹកនាំរបស់យើង បានមើល(វឌ្ឍនភាពនៃគំរោង)ផ្ទាល់។ កន្លងទៅធ្លាប់មើលតាមទូរទស្សន៍។ ពេលខ្លះ ក៏ធ្វើដំណើរតាមឧទ្ធម្ភាគចក្រកាត់ពីលើនេះ។ (ថ្ងៃ)នេះបានចូលផ្ទាល់តែម្ដង។ ​មានអារម្មណ៍រំភើបតាំងពីឡានចូលមក។ តាំងពីផ្លូវបំបែកចូលមក។ ពីផ្លូវខ្សែក្រវ៉ាត់ក្រុងលេខ៣ ចូលមកដោយ(ឃើញ)ធំ។ ចូលមកដល់ខាងក្នុង ឡើងមកដល់ piste នេះ ទោះបីជាមិនទាន់ចប់ក៏ដោយ តែមានអារម្មណ៍ថារំភើប។ (១) ព្រលានយន្តហោះធំជាងគេនៅកម្ពុជាលំដាប់ 4F សាងសង់ ៦៥ ឆ្នាំក្រោយព្រលានយន្តហោះអន្តរជាតិទី១    ថ្ងៃមុន ខ្ញុំទៅសម្ពោធនៅអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ក៏មានអារម្មណ៍រំភើបម្ដងហើយ។  ខ្ញុំដើរច្រើនប្រទេសដែរ។ ព្រលានយន្តហោះបែបនេះ ក៏យើងធ្លាប់មានឃើញនៅប្រទេសផ្សេងដែរ ប៉ុន្តែអ្វីដែលជាមោទនភាពធ្វើឱ្យខ្ញុំរំភើបនោះ ប្រហែលជាដូចបងប្អូនដែរ គឺនេះនៅលើទឹកដីខ្មែរយើង…

សេចក្ដីអធិប្បាយ សម្ដេចធិបតី ហ៊ុន ម៉ាណែត សំណេះសំណាលជាមួយសហគមន៍ខ្មែរ នៅប្រទេសអូស្រ្តាលី និងញូវហ្សេលេន

សូមគោរពឯកឧត្តម លោកជំទាវ អស់លោក លោកស្រី អ៊ំពូមីង បងប្អូនប្រជាពលរដ្ឋ កូនក្មួយ ដែលបានចូលរួមជួបជុំគ្នានៅថ្ងៃនេះ នៅទីក្រុង Melbourne ហើយក៏អរគុណណាស់ ចំពោះការរៀបចំកម្មវិធីដ៏អធិកអធមនេះ។ ខ្ញុំសូមឆ្លៀតឱកាសនេះពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ផ្ញើជូនលោកតាលោកយាយ អ៊ំ ពូមីង បងប្អូនប្រជាពលរដ្ឋទាំងអស់។ តាមរបាយការណ៍ឯកឧត្តម ឯកអគ្គរាជទូត បានបង្ហាញថា លើកក្រោយទាល់តែរៀបនៅស្តាត។ តាមពិត តាមរបាយការណ៍ដែលក្រុមការងារបានជូនដំណឹងមក គឺមានអ៊ំ ពូមីង ប្រហែលខ្ទង់ ៣០០ នាក់ទៀត ដែលមិនបានចូល ដោយសារចុះឈ្មោះយឺត និងដោយសារយើងរកកន្លែងមិនបាន(ធំ)។ នៅទីនេះ យកអស់ហើយមួយជាន់នេះ។ មួយជាន់ មួយបន្ទប់នេះ (ដាក់បាន)ជាង ១១០០ នាក់ជាង ហើយថែមមួយបន្ទប់ទៀត ជិត ៥០០ នាក់ជាង ថាខ្ទង់ ៥០០នាក់។ តខ្សែ(បញ្ចាំង)ទូរទស្សន៍ទៅ។ អញ្ចឹងថា រកមើលកន្លែងណាផ្សេងទៀត ថែមបន្ទប់ ថែមអី ថែមមិនចេញទេ។ នៅអូស្ដ្រាលី ធម្មតានៅក្នុងសាលនីមួយៗ…

សុន្ទរកថា និងសេចក្ដីអធិប្បាយ សម្ដេចធិបតី ហ៊ុន ម៉ាណែត បិទសន្និបាតបូកសរុបការងារក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា

ឯកឧត្តម លោកជំទាវ សមាជិក-សមាជិការាជរដ្ឋាភិបាលគណៈអធិបតី ភ្ញៀវកិត្តិយស តំណាងដៃគូអភិវឌ្ឍន៍ និងអង្គសន្និបាតទាំងមូល ជាទីមេត្រី! ថ្ងៃនេះ ខ្ញុំពិតជាមានក្តីរីករាយ ដោយបានចូលរួមជាអធិបតីក្នុងពិធី «បិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤» ដែលម៉្យាងជាការជួបជុំដើម្បីអបអរសាទរនូវសមិទ្ធផលសម្រេចបានក្នុងឆ្នាំ២០២៣ និងម៉្យាងទៀត ជាការប្រមូលផ្តុំដើម្បីវាយតម្លៃសមិទ្ធកម្ម ក៏ដូចជាស្វែងយល់ស៊ីជម្រៅអំពីចំណុចខ្លាំង និងបញ្ហាប្រឈម ដែលក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ជួបប្រទះនៅក្នុងពេលអនុវត្តកម្មវិធីគោលនយោបាយដែលបានដាក់ចេញក្នុងយុទ្ធសាស្ត្រចតុកោណ-ដំណាក់កាលទី៤ ផែនការយុទ្ធសាស្ត្រអភិវឌ្ឍជាតិ ២០១៩-២០២៣ ផែនការយុទ្ធសាស្ត្រអភិវឌ្ឍវិស័យសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ២០១៩-២០២៣ ជាពិសេសការបំពេញផែនការការងារក្នុងឆ្នាំ២០២៣ កន្លងទៅ ដែលជាមូលដ្ឋានក្នុងការរៀបចំនូវទិសដៅកែទម្រង់ ការកំណត់វិធានការ គោលនយោបាយ ការដាក់ចេញនូវផែនការអភិវឌ្ឍវិស័យសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ២០២៤-២០២៨ និងការកែលម្អលិខិតបទដ្ឋានគតិយុត្ត ស្របតាមអភិក្រម «ឆ្លុះកញ្ចក់ ងូតទឹក ដុះក្អែល ព្យាបាល និងវះកាត់»។ ផ្អែកតាមរបាយការណ៍ ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ខ្ញុំសូមវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលការងារ ដែលក្រសួងសម្រេចបាននៅឆ្នាំ២០២៣ កន្លងទៅនេះ។ ខ្ញុំសូមកោតសរសើរចំពោះកិច្ចសហប្រតិបត្តិការល្អ និងការបំពេញការងារប្រកបដោយស្មារតីទទួលខុសត្រូវ…

សុន្ទរកថានិងសេចក្ដីអធិប្បាយ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ពិធីបិទសន្និបាតបូកសរុបការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឆ្នាំ២០២៣ និងលើកទិសដៅ ឆ្នាំ២០២៤

ថ្ងៃនេះ ខ្ញុំមានសេចក្តីរីករាយ ដែលបានមកចូលរួមជាអធិបតីក្នុង ពិធីបិទ​សន្និបាត​បូក​សរុប​​ការងារ​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឆ្នាំ២០២៣ និងលើកទិសដៅ ឆ្នាំ២០២៤។ ក្នុងនាមរាជរដ្ឋាភិបាល ខ្ញុំសូមអបអរសាទរ និងវាយតម្លៃខ្ពស់ ចំពោះសមិទ្ធផលការងារដែលមន្ត្រីរាជការ និងថ្នាក់ដឹកនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សម្រេចបានក្នុងឆ្នាំ២០២៣ ដូចដែលឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានរាយការណ៍ជូនអង្គពិធីមុននេះ។ ជាការពិត  វិស័យកសិកម្មកម្ពុជា នៅតែបន្តរក្សាបាននូវភាពរឹងមាំ រក្សាបាននូវភាពរឹងមាំ និងរួមចំណែកយ៉ាងសំខាន់ក្នុងការបន្ធូរបន្ថយភាពតានតឹងផ្នែកសេដ្ឋកិច្ច ជាពិសេស ធានាបាននូវសន្តិសុខស្បៀង បញ្ចៀសបាននូវវិបត្តិស្បៀងអាហារ និងកាត់បន្ថយបញ្ហាអតិផរណា នៃតម្លៃស្បៀងក្នុងប្រទេស ទោះបីក្នុងស្ថានភាពដែលពិភពលោកជួបប្រទះនូវវិបត្តិជាបន្តបន្ទាប់ ដូចជាការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងបញ្ហាស្មុគស្មាញផ្នែកភូមិសាស្រ្តនយោបាយ ដែលបានជះឥទ្ធិពលយ៉ាងខ្លាំងដល់​ស្ថានភាពសង្គមសេដ្ឋកិច្ចកម្ពុជាយ៉ាងណាក្តី។ ក្នុងស្មារតីបុរេសកម្ម រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយមួយចំនួន សំដៅជំរុញសេដ្ឋកិច្ចឱ្យងើបឡើងវិញយ៉ាងឆាប់រហ័ស ជាមួយនឹងកំណើន ៥,៦% នៅឆ្នាំ២០២៣ និងការរំពឹងទុកថាអាចសម្រេចបានកំណើនប្រមាណ ៦,៦% នៅឆ្នាំ២០២៤នេះ។ ខណៈពេលដែលពិភពលោកប្រឈមនឹងបញ្ហាប្រែប្រួលអាកាសធាតុកាន់តែខ្លាំង ដែលបណ្តាលឱ្យមានវិបត្តិស្បៀងអាហារ និងការព្រួយបារម្ភអំពីសន្តិសុខស្បៀង ដែលញ៉ាំង​ឱ្យប្រទេសមួយចំនួនឈានទៅដល់ការដាក់កម្រិត​ការនាំចេញស្បៀងអាហារក្តី ក៏វិស័យកសិកម្មកម្ពុជានៅតែសម្រេចបាននូវកំណើនល្អក្នុងឆ្នាំ២០២៣​។ ជាក់ស្តែង អនុវិស័យដំណាំសម្រេចបាន ៣៦,៨១ លានតោន កើនឡើងប្រមាណ ៦%…

សេចក្ដីអធិប្បាយ សម្ដេចធិបតី ហ៊ុន ម៉ាណែត សំណេះសំណាលជាមួយសហគមន៍ខ្មែរ នៅប្រទេសក្នុងសហភាពអឺរ៉ុបនិងប្រទេសអង់គ្លេស

សូមក្រាបបង្គំព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គជាទីគោរពសក្ការៈឯកឧត្តម​ លោកជំទាវ លោក លោកស្រី លោកអ៊ំ ពូមីងបងប្អូនសហគមន៍ខ្មែររស់នៅទ្វីបអឺរ៉ុបទាំងអស់ ជាទីគោរពស្រឡាញ់! ថ្ងៃនេះ ខ្ញុំមានសេចក្ដីសោមនស្សរីករាយដែលបានជួបគ្នាជាថ្មីម្ដងទៀតជាមួយលោកអ៊ំ ពូមីង បងប្អូនមួយចំនួន ដែលយើងធ្លាប់ជួបគ្នាពីលើកមុន ហើយក៏រីករាយដែលបានជួបជាមួយនឹងលោកអ៊ំ ពូមីង បងប្អូន ដែលទើបតែជួបគ្នាលើកទី១។ ពេលចូលមកនេះ បានជួបក្មួយដែល(លើកមុន)ម្ដាយឪពុកបានមក។ ក្មួយប្រាប់ថា ជួបលើកមុនទើបបាន(អាយុ) ៤ខែ ឥឡូវ ៥ឆ្នាំបាត់ហើយ។ បានន័យថាខ្ញុំកាន់តែចាស់ទៅដែរ។ ថ្ងៃនេះ ដោយសារមុនចេញមកបានលាបសក់ កុំអីស្កូវ(ពេញ)។ ១៥នាទី បន្ថយអាយុប្រហែលជា ១០ឆ្នាំ។ បើពីមុន មើលមក(អាយុ)ប្រ​ហែល ៥០ឆ្នាំ ឥឡូវសល់ ៤០ឆ្នាំ។ នៅក្នុងប្រទេសក៏ដូចគ្នា។ ក្នុងពេលជួបជាមួយបងប្អូនប្រជាពលរដ្ឋ ជាពិសេស កម្មករ កម្មការិនី អាយុកើនកាន់តែវែង សម្រស់កាន់តែក្មេង ដោយសារតែងតែ(ត្រូវបានចាប់ថើប)។ ចុងក្រោយនេះ នៅខេត្តកោះកុង។ ឡើងវេទិកា មានអ្នកមកខ្សឹបប្រាប់ថា ក្រែមជាប់ថ្ពាល់ច្រើនណាស់ … ប្រពន្ធគាត់លែងខឹង រឿងតែកូនខ្ញុំគាត់ខឹង។ គាត់ថា “ប៉ាប៉ា! ឃើញគេថើបប៉ាប៉ានៅលើហ្វេសប៊ុក” ហើយគាត់ថា…

សុន្ទរកថានិងសេចក្ដីអធិប្បាយ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រកាសកម្មវិធីទី៥និងទី៦នៃ កម្មវិធីគោលនយោបាយអាទិភាព៦ រៀបចំដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

ឯកឧត្តម លោកជំទាវ សមាជិក សមាជិការាជរដ្ឋាភិបាលគណៈអធិបតី ភ្ញៀវកិត្តិយស លោក លោកស្រី តំណាងវិស័យឯកជនអង្គពិធីទាំងមូល និងជនរួមជាតិទាំងអស់ជាទីមេត្រី! [ចាប់ផ្ដើមសេចក្ដីអធិប្បាយ១] ថ្ងៃនេះ ខ្ញុំមានកិត្តិយសនិងសប្បាយរីករាយចូលរួមជាអធិបតីក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវកម្មវិធីគោលនយោបាយអាទិភាពទី៥ និងទី៦ របស់រាជរដ្ឋាភិបាលនាពេលនេះ។ កម្មវិធីអាទិភាពទី៥ និងទី៦ គឺជាកម្មវិធីចុងក្រោយនៅក្នុងកម្មវិធីអាទិភាព៦ របស់រាជរដ្ឋាភិបាលថ្មី ដែលត្រូវរៀបចំនិងប្រកាសដាក់ឲ្យអនុវត្តនៅមុនដំណាច់ឆ្នាំ២០២៣។ នៅក្នុងដំណាក់កាលនេះ ខ្ញុំសូមកោតសរសើរចំពោះគណៈកម្មាការគោលនយោ​បាយ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ក្រុមការងារ ក៏ដូចជាគ្រប់បណ្តាស្ថាប័នក្រសួងទាំងអស់ ដែលបានរួមគ្នា រៀបចំចេញជាគោលនយោបាយ និងដាក់ឲ្យអនុវត្ត (ក្នុងពេល)មិនដល់៩០ ថ្ងៃផង។ នៅសល់ ២ថ្ងៃទៀត ទើបរាជរដ្ឋាភិបាលគ្រប់៩០ ថ្ងៃ។ យើងគិតថា deadline សំរាប់គោលការណ៍នេះគឺនៅមុនដំ​ណាច់ឆ្នាំ២០២៣ ប៉ុន្តែយើងបានរួមគ្នាគិតគូរនិងខិតខំធ្វើកិច្ចការនេះយូរមកហើយៗ (ទីបំផុត)បានចេញជារូបរាងនៅក្នុងដំណាក់កាលដែលមិនដល់៩០ ថ្ងៃនេះ។ ខ្ញុំសូមយកឱកាសនេះ ថ្លែងអំណរគុណដល់សម្តេចអគ្គមហាសេ​នា​បតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ដែលលោកបានផ្តួចផ្តើមគោលគំនិតមួយចំនួន រួមទាំងកិច្ចការ​ងារ​ពាក់ព័ន្ធវិស័យកសិកម្មនេះ ដែល(ជួយអោយ)យើងអាចរៀបចំ​ការត្រៀមលក្ខណៈ និងជាមូលដ្ឋានដែលយើងបានកសាងក្នុងរយៈពេល ៤០ឆ្នាំមកនេះ ធ្វើកំណែទម្រង់និងការពង្រឹងបន្តសម្រាប់អាណត្តិទី៧ នេះ។ [ចប់សេចក្តីអធិប្បាយ១] ខ្ញុំសូមអបអរសាទរ…

សម្តេចមហាប​វរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតី ក្នុងកម្មវិធី «វេទិការរាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី ១៩»

ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា រាជរដ្ឋាភិបាល! ឯកឧត្តម លោកជំទាវ ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត និងតំណាងអង្គទូត!ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី! ខ្ញុំពិតជាមានសេចក្តីសោមនស្សដែលបានចូលរួមជាអធិបតីក្នុងវេទិកា រាជរដ្ឋាភិបាលផ្នែកឯកជន លើកទី ១៩ ដែលជាប្រពៃណីបន្តពីវេទិកាជាបន្តបន្ទាប់កន្លងមក។ ជំនួបរបស់យើងពេលនេះត្រូវបានចាត់ទុកថាជាកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីបើកទូលាយមួយ ហើយខ្ញុំគិតថាសាធារណៈជន ជាពិសេសនៅក្នុងវិស័យឯកជនគឺរង់ចាំអ៊ុតមើលថា តើរាជរដ្ឋាភិបាលមានគោលការណ៍អ្វីខ្លះដែលជួយជំរុញវិស័យឯកជនដែលជាដៃគូសំខាន់របស់រាជរដ្ឋាភិបាលនៅក្នុងការជំរុញសេដ្ឋកិច្ចជាតិ។ សេដ្ឋកិច្ចជាតិជាកត្តាសំខាន់ព្រោះវាពាក់ព័ន្ធទៅនឹងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ ប្រការនេះមានន័យថា រាល់សេចក្តីសម្រេចនានាចេញពីវេទិកានេះ នឹងមានអានុភាព (ស្មើ)នឹងសេចក្តីសម្រេចរបស់គណៈរដ្ឋមន្ត្រី។ អញ្ចឹង ការដាក់ចេញនូវគោលនយោបាយពីវេទិកានៅថ្ងៃនេះ ក៏ជាសក្ខីភាពនៃកិច្ចសហការស្អិតរមួតនិងវប្បធម៌សន្ទនារវាងរដ្ឋាភិបាលនិងផ្នែកឯកជន រួមគ្នាដោះស្រាយបញ្ហាប្រឈម និងកង្វល់របស់ធុរជន វិនិយោគិន ក្នុងគោលដៅជំរុញការអភិវឌ្ឍវិស័យឯកជននៅកម្ពុជា។ មួយវិញទៀត ការរៀបចំវេទិការដ្ឋាភិបាលផ្នែកឯកជនលើកទី១៩ នេះ ជាការសន្យារបស់ខ្ញុំដែលបានលើកឡើងនៅក្នុងកិច្ចប្រជុំពេញអង្គលើកដំបូងនៃគណៈរដ្ឋមន្ត្រីនីតិកាលទី៧ នៃរដ្ឋសភា កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ ២០២៣ កន្លងទៅ។ កិច្ចការដំបូងរបស់រាជរដ្ឋាភិបាលគឺត្រូវមើលថាតើអ្វីខ្លះដែលជាកត្តាចាំបាច់ ជាកិច្ចការសំ​ខាន់ដែលយើងត្រូវធ្វើ? ថ្ងៃនេះគឺជាកិច្ចការប្រវត្តិសាស្ត្រថ្មីមួយសម្រាប់រាជរដ្ឋាភិបាលនីតិកាលទី៧ ក៏ដូចជាសម្រាប់ខ្លួនខ្ញុំផ្ទាល់ ក្នុងការដឹកនាំវេទិកា(រាជរដ្ឋាភិបាលនិងវិស័យឯកជន)ជាលើកទី១ ហើយក៏ជា(វេទិកា)លើកទី១ ក្នុងរយៈពេល ៤ឆ្នាំ ក្រោយវិបត្តិនៃជំងឺកូវីដ-១៩។…

សារពិសេសសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ផ្ញើជូនជនរួមជាតិក្នុងប្រទេស និងនិស្សិតនៅអ៊ីស្រាអែល អំពីការរៀបចំផ្លាស់ទីនិស្សិតទៅកាន់តំបន់មានសុវត្ថិភាព(ជាប់ប្រទេសអេហ្ស៊ីបនិងហ្សកដេន) តាមការស្ម័គ្រចិត្ត

ជូនចំពោះ បងប្អូនជនរួមជាតិជាទីស្រឡាញ់! ខ្ញុំសូមឆ្លៀតឱកាសនេះដើម្បីជម្រាបជូនបងប្អូនជនរួមជាតិ អំពីស្ថានភាពរបស់និស្សិតខ្មែរ ដែលកំពុងមានវត្តមាននៅក្នុងប្រទេសអ៊ីស្រាអែល។ ខ្ញុំសូមបញ្ជាក់ជូនបងប្អូនជនរួមជាតិទាំងអស់ ជាពិសេសនិស្សិតខ្មែរដែលកំពុងមានវត្តមាននៅក្នុងប្រទេសអ៊ីស្រាអែល ក៏ដូចជាក្រុមគ្រួសារនៅកម្ពុជាថា សុខសុវត្ថិភាពរបស់បងប្អូននិស្សិតខ្មែរ គឺជាអាទិភាពខ្ពស់បំផុតរបស់រាជរដ្ឋាភិបាល។ បច្ចុប្បន្ននេះ មាននិស្សិតខ្មែរដែលមានវត្តមាននៅក្នុងប្រទេសអ៊ីស្រាអែលចំនួន ៤៥២ នាក់ ហើយមកទល់នឹងពេលនេះ ប្អូនៗមានសុវត្ថិភាពទាំងអស់គ្នា ដោយមានការការពារយ៉ាងតឹងរ៉ឹងពីសំណាក់អាជ្ញាធរពាក់ព័ន្ធ និងកងកម្លាំងរបស់អ៊ីស្រាអែលនៅក្នុងតំបន់ដែលពួកគាត់រស់នៅ ក៏ដូចជាពីសំណាក់កសិដ្ឋានដែលពួកគាត់កំពុងស្នាក់នៅ និងហាត់ការ។ ក្រុមការងាររបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ក្រសួងកសិកម្ម ក្រសួងអប់រំ យុវជន និងកីឡា អគ្គនាយកដ្ឋានចារកិច្ចក្រសួងការពារជាតិ ព្រមទាំងស្ថាប័នពាក់ព័ន្ធមួយចំនួនទៀត បានតាមដានយ៉ាងយកចិត្តដាក់នូវរាល់ការវិវឌ្ឍនៃសភាពការណ៍នៅក្នុងប្រទេសអ៊ីស្រាអែល ក៏ដូចជាទាក់ទងផ្ទាល់ជាមួយប្អូនៗនិស្សិតជាប់ជាប្រចាំ ដើម្បីក្ដាប់បាននូវសុខទុក្ខ ជាពិសេស នូវសុវត្ថិភាពរបស់ប្អូនៗទាំងយប់ទាំងថ្ងៃ ចាប់តាំងពីស្ថានការណ៍ផ្ទុះឡើងកាលពីថ្ងៃទី៧ តុលា គឺមួយសប្ដាហ៍មុននេះ។ ដោយសារតែស្ថានភាពវិវឌ្ឍប្រែប្រួលនៅក្នុងប្រទេសអ៊ីស្រាអែល ជាពិសេស នៅតំបន់កាហ្សា ដែលមិនទាន់មានភាពច្បាស់លាស់នៅឡើយ និងដើម្បីត្រៀមជាយថាហេតុ ខ្ញុំបានប្រគល់ភារកិច្ចឲ្យក្រុមការងាររបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីរៀបចំនូវទីកន្លែងសុវត្ថិភាពបណ្ដោះអាសន្នមួយ ស្ថិតនៅភាគត្បូងនៃប្រទេសអ៊ីស្រាអែល ជាប់ព្រំប្រទល់ជាមួយប្រទេសអេហ្ស៊ីប និងប្រទេសហ្សកដេន ដែលមានចម្ងាយជិត ៣០០គីឡូម៉ែត្រ ពីតំ​បន់កាហ្សា។ ចំពោះប្អូនៗនិស្សិតដែលមានបំណងចាកចេញពីតំបន់ដែលខ្លួនកំពុងស្នាក់នៅ​ និងហាត់ការ​មួយរយៈ ទៅកាន់ទីសុវត្ថិភាពនោះ គឺរាជរដ្ឋាភិបាលបានត្រៀមមធ្យោបាយដឹកជញ្ជូន ក៏ដូចជាទទួលខុសត្រូវលើការស្នាក់នៅ…

សារពិសេសសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ផ្ញើជូនជនរួមជាតិអំពីករណីនៅប្រទេសអ៊ីស្រាអែល

ជូនចំពោះជនរួមជាតិទាំងអស់ជាទីស្រឡាញ់! ខ្ញុំសូមយកឱកាសនេះដើម្បីជម្រាបជូនពីការវិវត្តពាក់ព័ន្ធនឹងប្រជាពលរដ្ឋខ្មែរ ជាពិសេស ប្អូនៗ និងក្មួយៗនិស្សិតខ្មែរ​ ដែលកំពុងរស់នៅ និងធ្វើការសិក្សា​នៅក្នុងប្រទេសអ៊ីស្រាអែល។ ជាដំបូង ក្នុងនាមរាជរដ្ឋាភិបាល និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតជាមួយនឹងគ្រួសារសពរបស់និស្សិតខ្មែរយើងម្នាក់ គឺប្អូនប្រុស ចាន់ ឧត្ដម ដែលបានបាត់បង់ជីវិតនៅក្នុងហេតុការណ៍ប្រយុទ្ធគ្នារវាងកងទ័ពអ៊ីស្រាអែល និងក្រុម​ហាម៉ាស់ កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣កន្លងទៅនេះ។ ខ្ញុំសូមយកឱកាសនេះធ្វើការបញ្ជាក់ជូនបងប្អូនជនរួមជាតិទាំងអស់ ជាពិសេស និស្សិតរបស់យើង និងប្រជាពលរដ្ឋខ្មែរដែលមានវត្តមានក្នុងប្រទេសអ៊ីស្រាអែល ក៏ដូចជាក្រុមគ្រួសារនៅកម្ពុជាថា សុវត្ថិភាពរបស់ប្រជាពលរដ្ឋខ្មែរ ពិសេស និស្សិតរបស់យើងដែលកំពុងមានវត្តមានក្នុងប្រទេសអ៊ីស្រាអែល គឺជាអាទិភាពខ្ពស់បំផុតរបស់រាជរដ្ឋាភិបាល។ នៅក្នុងន័យនេះ រាជរដ្ឋាភិបាល តាមរយៈស្ថាប័នពាក់ព័ន្ធដែលមានក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ក្រសួងកសិកម្ម ក្រសួងអប់រំ យុវជន និងកីឡា ស្ថាប័នចារកិច្ចនៃក្រសួងការពារជាតិ និងស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា បានតាមដានសភាពការណ៍ទាំងអស់ ទាំងយប់ ទាំងថ្ងៃ ចាប់តាំងពីសភាពការណ៍ផ្ទុះឡើងនៅប្រទេសអ៊ីស្រាអែល ហើយបានខិតខំគ្រប់មធ្យោបាយដើម្បីធានានូវសុវត្ថិភាពបងប្អូនយើងនៅទីនោះ។ នៅពេលដែលសភាពការណ៍ផ្ទុះឡើង ខ្ញុំបានប្រគល់ភារកិច្ចជូនឯកឧត្ដម សុខ ចិន្ដាសោភា ឧបនាយករដ្ឋមន្រ្តី​ រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ឯកឧត្ដម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម និងស្ថាប័នចារកិច្ចក្រសួងការពារជាតិ…

សារសម្លេងពិសេស របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ទាក់ទងនឹងមរណភាពរបស់និស្សិតខ្មែរមួយរូប ដោយសារហេតុការណ៍ប្រយុទ្ធគ្នារវាងកងទ័ពអ៊ីស្រាអែល និងក្រុមហាម៉ាស់

ជូនចំពោះបងប្អូនជនរួមជាតិជាតីមេត្រី! រាជរដ្ឋាភិបាលបានទទួលដំណឹងដ៏ក្រៀមក្រំបំផុតចំពោះមរណភាពនិស្សិតខ្មែរ ដែលទទួលរងគ្រោះក្នុងហេតុ​ការណ៍ប្រយុទ្ធគ្នារវាងកងទ័ពអ៊ីស្រាអែល និងក្រុមហាម៉ាស់ ដែលបានផ្ទុះឡើងកាលពីថ្ងៃទី៧ តុលា ២០២៣ កាលពីម្សិលមិញនេះ។ តាំងពីសភាពការណ៍ផ្ទុះឡើងនៅអ៊ីស្រាអែល រាជរដ្ឋាភិបាលបានចាត់វិធានការទំនាក់ទំនងជាប់ជាប្រចាំជាមួយអាជ្ញាធរអ៊ីស្រាអែលដើម្បីធ្វើការធានាដល់សុវត្ថិភាពរបស់បងប្អូនប្រជាពលរដ្ឋខ្មែរ។ជាលទ្ធផល​ នៅក្នុងពេញមួយយប់នេះ យើងបានធ្វើការទំនាក់ទំនងជាមួយប្រជាពលរដ្ឋខ្មែរ និងនិស្សិតខ្មែរយើងបានភាគច្រើន និងបានកំណត់ទីតាំងរបស់ពួកគាត់ ហើយក្នុងនោះយើងក៏បានខិតខំជួយសង្គ្រោះនិស្សិត ៣ រូប នៅក្នុងចំណោម ៤ រូប ដែល ១ នាក់ បានស្លាប់ នៅសល់ ៣ រូប ចេញពីតំបន់ក្រហម ហើយបានយកគាត់មកតំបន់សុវត្ថិភាព ហើយស្នាក់នៅជាមួយកុងស៊ុលកិត្តិយសរបស់កម្ពុជានៅអ៊ីស្រាអែល។ ខ្ញុំសូមបញ្ជាក់ជូនបងប្អូនជនរួមជាតិទាំងអស់ឲ្យបានជ្រាបថា កិច្ចការនេះជាកិច្ចការសំខាន់បំផុតរបស់រាជរដ្ឋាភិបាល​ក្នុងការធានានូវសុវត្ថិភាពជូនដល់ប្រជាពលរដ្ឋខ្មែរដែលមានវត្ដមាននៅអ៊ីស្រាអែល ជាពិសេសនិស្សិតរបស់យើង។ ក្នុងន័យនេះរាជរដ្ឋាភិបាល ក្រសួងការបរទេស ក្រសួងកសិកម្ម ក្រសួងពាក់ព័ន្ធបានធ្វើការជាប់ជាប្រចាំ​ មកដល់ម៉ោងនេះជាមួយដៃគូរបស់ខ្លួននៅអ៊ីស្រាអែល ដើម្បីព្យាយាមធ្វើយ៉ាងណា ទី១ គឺធ្វើការសហការជាមួយនឹងអាជ្ញាធរអ៊ីស្រាអែល សមត្ថកិច្ចអ៊ីស្រាអែលដើម្បីផ្ដល់ការការពារនូវសុវត្ថិភាពប្រជាពលរដ្ឋខ្មែរយើងដែលនៅទីនោះ។ ទី ២ គឺទាក់ទងនឹងប្រជាពលរដ្ឋខ្មែរដែលរស់នៅទីនោះទាំងនិស្សិត ទាំងបងប្អូនផ្សេង ធ្វើយ៉ាងណាយើងអាចទាក់ទង​និងដឹងសុខទុក្ខរបស់គាត់ និងអាចផ្ដល់នូវការសហការសម្របសម្រួលជាមួយអាជ្ញាធរអ៊ីស្រាអែលជួយគាត់ក្នុងករណីចាំបាច់នានា ដែលកើតមាននៅទីនោះ ធ្វើយ៉ាងណាធានានូវសុវត្ថិភាព និងជាពិសេសអាយុជីវិតរបស់ពួកគាត់​។ ទន្ទឹមនឹងនេះ ខ្ញុំសូមឲ្យបងប្អូនខ្មែរយើងដែលមានវត្ដមាននៅអ៊ីស្រាអែលជាថ្មីម្ដងទៀត ធ្វើយ៉ាងណារក្សានូវកន្លែងសុវត្ថិភាពរបស់ខ្លួន ហើយស្ដាប់…