សុន្ទរកថានិងសេចក្ដីអធិប្បាយ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បើកការដ្ឋានគម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា)
ឯកឧត្តម វ៉ាង វិនធៀន (Wang Wentian) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា រដ្ឋសភា សមាជិករាជរដ្ឋាភិបាល គណៈធិបតី ភ្ញៀវកិត្តិយសជាតិ អន្តរជាតិ ក្នុងអង្គពិធីទាំងមូល និងបងប្អូនជនរួមជាតិជាទីស្រលាញ់ ថ្ងៃនេះ ខ្ញុំមានកិត្តិយស និងសេចក្ដីរីករាយក្រៃលែង ដែលបានចូលរួមជាមួយឯកឧត្តម វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា និងជាមួយឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញា ក្នុងពិធីបើកការដ្ឋានគម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) ដ៏អធិកអធមនេះ។ ដែលស្ពាននេះ ដែលមិនមែនសំដៅសម្រាប់តែប្រជាពលរដ្ឋរស់នៅរាជធានីភ្នំពេញតែប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្ដល់អត្ថប្រយោជន៍ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់នៅទូទាំងប្រទេស ក្នុងការជួយសម្រួលដល់ការធ្វើដំណើរឆ្លងកាត់ពីត្រោយខាងកើតទៅត្រោយខាងលិចបានឆាប់រហ័ស និងសុវត្ថិភាព។ ជាការពិត ការប្រកាសបើកការដ្ឋាននៅព្រឹកនេះ គឺអាស្រ័យដោយមានកិច្ចសហការ និងការត្រៀមលក្ខណៈបានយ៉ាងល្អប្រសើររវាងក្រសួងសាធារណការ និងដឹកជញ្ជូន អាជ្ញាធរមូលដ្ឋាន និងក្រុមហ៊ុនសាងសង់ ដែលបានខិតខំប្រឹងប្រែងជំរុញ និងពន្លឿនការងាររៀបចំទីតាំងការដ្ឋានសាងសង់នេះឡើង អមដោយសម្ភារបរិក្ខារ និងគ្រឿងចក្រគ្រប់គ្រាន់ ជាពិសេសការត្រៀមលក្ខណៈរបស់ថ្នាក់ដឹកនាំ មន្ត្រីបច្ចេកទេស និងវិស្វករជំនាញទាំងអស់របស់ភាគីទាំងពីរ…