សុន្ទរកថារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសពិធីបើកជាផ្លូវការ «ភូមិហ្វ្រង់កូហ្វូនី» (បកប្រែក្រៅផ្លូវការពីភាសាបារាំង)
លោកជំទាវ អគ្គលេខាធិការអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី (OIF) ឯកឧត្តម លោកជំទាវ ភ្ញៀវកិត្តិយស និងប្រតិភូទាំងអស់ លោក លោកស្រី អ្នកនាងកញ្ញា ជាទីមេត្រី! ជម្រាបសួរ! សូមស្វាគមន៍មកកាន់រាជធានីភ្នំពេញ! ខ្ញុំពិតជាមានកិត្តិយសដ៏ឧត្តុង្គឧត្តម និងសេចក្តីសោមនស្សរីករាយក្រៃលែង ដែលបានអញ្ជើញបើក «ភូមិហ្វ្រង់កូហ្វូនី» នាឱកាសនេះ។ នេះជាលើកទីមួយហើយ ដែលព្រះរាជាណាចក្រកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី ហើយក៏ជាលើកទីមួយផងដែរ ចាប់តាំងពីកិច្ចប្រជុំនៅទីក្រុងហាណូយ ក្នុងឆ្នាំ១៩៩៧ ដែលកិច្ចប្រជុំកំពូលនេះបានវិលត្រឡប់មកកាន់តំបន់អាស៊ីអាគ្នេយ៍សាជាថ្មី។ សម្រាប់ប្រទេសយើង នេះគឺជាមោទនភាព ជាពេលវេលានៃសាមគ្គីភាព និងជាពេលវេលានៃការអបអរសាទរដ៏វិសេសវិសាល។ ចាប់ពីទីក្រុងដាកា (Dakar) ដល់ទីក្រុងយេរេវ៉ាន់ (Yerevan) ពីកោះជែបា (Djerba) ដល់ទីក្រុងប៉ារីស «ភូមិហ្វ្រង់កូហ្វូនី» តែងតែរួមដំណើរជាមួយកិច្ចប្រជុំកំពូលជានិច្ច។ ភូមិនេះ គឺជាទ្វារបើកចំហរបស់កិច្ចប្រជុំកំពូល។ នៅឯកិច្ចប្រជុំកំពូល ថ្នាក់ដឹកនាំជួបពិភាក្សាគ្នា រីឯនៅក្នុងភូមិនេះវិញ ប្រជាជននៃបណ្តាប្រទេសនានាបានជួបជុំគ្នា។ ថ្ងៃនេះ គឺដល់វេនរាជធានីភ្នំពេញហើយ ដែលជាអ្នកបើកទ្វារស្វាគមន៍នេះ។ ភូមិរបស់យើង ស្ថិតនៅចំបេះដូងនៃរាជធានី ក្បែរតំបន់ទន្លេចតុមុខ ដែលជាទីប្រសព្វរវាងទន្លេសាប និងទន្លេមេគង្គ។ តាំងពីដើមរៀងមក រាជធានីរបស់យើងតែងតែជាទីកន្លែងនៃការជួបជុំគ្នា ពោលគឺទន្លេហូរមកប្រសព្វគ្នានៅទីនេះ ហើយប្រជាជនក៏មកជួបជុំគ្នានៅទីនេះដូចគ្នា។…

