កម្ពុជាបំបែកកំណត់ត្រាប្រវត្តិសាស្ត្រថ្មីក្នុងការនាំចេញអង្ករផ្លូវការ កើនឡើងលើស ១លានតោន

FN ៖ កម្ពុជាបានសម្រេចនូវសមិទ្ធផលប្រវត្តិសាស្ត្រថ្មីមួយទៀតក្នុងវិស័យកសិកម្ម ដោយបានបំបែកកំណត់ត្រានៃការនាំចេញអង្ករជាស្ថាពរ។ យោងតាមប្រសាសន៍របស់ លោក ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា គិតត្រឹមថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ ទំហំនៃការនាំចេញអង្ករផ្លូវការរបស់កម្ពុជាបានហក់ឡើងរហូតដល់ ១,០១៤,៤៤២តោន។ ផ្អែកលើទិន្នន័យនៃប្រព័ន្ធទិន្នន័យគ្រឹះភូតគាមអនាម័យជាតិនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ការសម្រេចបាននូវតួលេខដ៏ច្រើនលើសលប់នេះគឺជាការបំបែកកំណត់ត្រាឆ្នាំចាស់ៗ និងជាមោទនភាពយ៉ាងធំធេងសម្រាប់ជាតិ ក៏ដូចជាវិស័យកសិកម្មទាំងមូល។ របាយការណ៍បង្ហាញថា ការនាំចេញអង្ករចាប់ពីឆ្នាំ២០១៥ ដល់ឆ្នាំ២០២៦ មានកំណើនយ៉ាងលេចធ្លោ ដោយកាលពីឆ្នាំ២០២៥ ការនាំចេញមានចំនួន ៩៤០តោន (៩៤០,០០០តោន) ប៉ុន្តែនៅក្នុងឆ្នាំ២០២៦ ត្រឹមរយៈពេលចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី១៩ ខែតុលាប៉ុណ្ណោះ កម្ពុជាបានស្ទុះហក់ឡើងរហូតដល់លើស ១លានតោន ជាលើកដំបូង។ សមិទ្ធផលត្រចះត្រចង់នេះ បានស្តែងឱ្យឃើញពីកិច្ចខិតខំប្រឹងប្រែងរួមគ្នារវាងរាជរដ្ឋាភិបាល ក្រសួងស្ថាប័នពាក់ព័ន្ធ ប្រជាកសិករ និងវិស័យឯកជន ក្នុងការលើកកម្ពស់គុណភាព និងការពង្រីកទីផ្សារអង្ករកម្ពុជាលើឆាកអន្តរជាតិ៕

សារដកស្រង់ពីហ្វេសប៊ុករបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពីលក្ខខណ្ឌសម្រាប់ការជជែក និងផ្ទៀងផ្ទាត់ ពាក់ព័ន្ធនឹងព្រំដែនកម្ពុជា-ថៃចន្លោះបង្គោល ៥២-៥៩ ចំពោះលោក អ៊ុំ សំអាន និងក្រុមជំនាញព្រំដែនរបស់គាត់ (សារទី៤)

ខ្ញុំសូមស្វាគមន៍ការឆ្លើយតបជាវិជ្ជមាន របស់លោក អ៊ុំ សំអាន ទៅនឹងការអញ្ជើញរបស់ខ្ញុំចំពោះគាត់ និងក្រុមជំនាញព្រំដែនរបស់គាត់ ឱ្យនាំយកនូវឯកសារ និងភស្តុតាងទាំងឡាយដែលលោកមាន ពាក់ព័ន្ធនឹងព្រំដែនកម្ពុជា-ថៃ នៅចន្លោះបង្គោលសីមាលេខ ៥២ និង ៥៩ មកជជែកគ្នាជាមួយក្រុមការងារជំនាញព្រំដែនរបស់រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែននៅកម្ពុជា ដើម្បីបង្ហាញអំណះអំណាងរបស់លោក ដែលបានចោទប្រកាន់រាជរដ្ឋាភិបាលថាបានកាត់ដីឱ្យថៃនៅកន្លែងនោះ។ ក្នុងរយៈពេលជិត ២សប្តាហ៍កន្លងមកនេះ ជំហររបស់លោក អ៊ុំ សំអាន មានការប្រែប្រួលមិនឈប់ឈរ៖ ម្តងគាត់ថាមិនហ៊ានមកព្រោះខ្លាចគេលួចបាញ់ឬវាយបែកក្បាល, ម្តងគាត់ថាមកទាល់តែមានការលើកលែងទោស, ឥឡូវគាត់ថាមកដោយមិនបាច់មានការលើកលែងទោស, ម្តងគាត់ថាមានឯកសារនិងភស្តុតាងគ្រប់គ្រាន់, ម្តងគាត់ថាអត់មានឯកសារអ្វីច្បាស់លាស់ទេ លឺតែគេថា ឬដឹងតាមញាណពិសេសរបស់គាត់, ម្តងគាត់ថាទាល់តែមានជំនាញព្រំដែនបារាំងមកទើបគាត់ទទួលស្គាល់លទ្ធផលនៃការជជែកគ្នា, ម្តងគាត់ថាអត់និយាយរឿងព្រំដែនចន្លោះបង្គោល៥២-៥៩ ទេ គាត់ត្រូវនិយាយអំពីព្រំដែនទាំងមូល ទាំងព្រំដែនទឹក ទាំងព្រំដែនគោក, ម្តងគាត់ថាគាត់ជាអ្នកនយោបាយគាត់ត្រូវមកនិយាយ(ឬធ្វើ)កិច្ចការនយោបាយ ។ល។ ជំហររបស់ខ្ញុំគឺច្បាស់លាស់និងមិនប្រែប្រួល ដូចបញ្ជាក់តាំងពីដំបូងរហូតមក គឺអញ្ជើញលោក អ៊ុំ សំអាន និងក្រុមជំនាញព្រំដែនរបស់គាត់ ឱ្យនាំយកនូវឯកសារ និងភស្តុតាងទាំងឡាយដែលលោកមាន ពាក់ព័ន្ធនឹងព្រំដែនកម្ពុជា-ថៃ នៅចន្លោះបង្គោលសីមាលេខ ៥២ និង ៥៩ ជាពិសេសកន្លែងដែលគាត់ចោទប្រកាន់រាជរដ្ឋាភិបាលនិងក្រុមការងារព្រំដែនរបស់រាជរដ្ឋាភិបាលថាបានបោះបង្គោលចូលក្នុងដីខ្មែរ ធ្វើឱ្យខ្មែរបាត់បង់ទឹកដីទៅថៃ។ ហេតុដូច្នេះ ដើម្បីឱ្យមានភាពច្បាស់លាស់ ខ្ញុំសូមបញ្ជាក់នូវលក្ខខណ្ឌមួយចំនួនសម្រាប់ការជួបជជែក…