សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្ដល់ឱកាសមាសដល់លោក អ៊ុំ សំអាន បង្ហាញសមត្ថភាពជាអ្នកជំនាញព្រំដែនប្រកបដោយការទទួលខុសត្រូវ
FN ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានផ្ញើសារមួយទៅកាន់លោក អ៊ុំ សំអាន ដោយផ្តល់ឱកាសមាសមួយដល់រូបលោក និងក្រុមការងារ ដើម្បីបង្ហាញសមត្ថភាពពិតប្រាកដជាអ្នកជំនាញព្រំដែនដែលមានការទទួលខុសត្រូវ។ ការអញ្ជើញនេះធ្វើឡើងបន្ទាប់ពីលោក អ៊ុំ សំអាន ដែលធ្លាប់ជាទណ្ឌិតជាប់ពន្ធនាគារ បានបន្តផ្សព្វផ្សាយព័ត៌មានពាក់ព័ន្ធនឹងព្រំដែនកម្ពុជា-ថៃ ដោយគ្មានមូលដ្ឋានច្បាស់លាស់ ជាពិសេសករណីព្រំដែនចន្លោះបង្គោលសីមាលេខ ៥២ និង៥៩។ លោក អ៊ុំ សំអាន បានចោទប្រកាន់ថា ការបោះបង្គោលបណ្តោះអាសន្នដោយក្រុមការងារបច្ចេកទេសនៃគណៈកម្មាធិការព្រំដែនចម្រុះ (JBC) កម្ពុជា-ថៃ ភាគច្រើនបានចូលក្នុងដីខ្មែរ ដែលធ្វើឱ្យកម្ពុជាបាត់បង់ទឹកដី និងថា រាជរដ្ឋាភិបាលបានកាត់ដីឱ្យថៃ ដើម្បីប្តូរយកសន្តិភាព និងអំណាច។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានចាត់ទុកការចោទប្រកាន់នេះថា ជារឿងធ្ងន់ធ្ងរ និងមិនអាចទទួលយកបាន ដែលមិនត្រឹមតែចោទប្រកាន់រាជរដ្ឋាភិបាលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងចោទប្រកាន់មន្ត្រីជំនាញព្រំដែនកម្ពុជា ដែលបានខិតខំបំពេញភារកិច្ចការពារអធិបតេយ្យភាព និងទឹកដីស្របច្បាប់អស់ជាច្រើនទសវត្សរ៍។ ដើម្បីបង្ហាញនូវតម្លាភាព គណនេយ្យភាព និងការទទួលខុសត្រូវចំពោះមុខប្រជាពលរដ្ឋ សម្តេចធិបតី ហ៊ុន ម៉ាណែត បានផ្តល់ឱកាសចំនួន៥ ដល់លោក អ៊ុំ សំអាន និងក្រុមរបស់លោក។…

