នាយករដ្ឋមន្រ្តីកម្ពុជា៖ «គ្មានការលួចកាត់ដី» ជាថ្នូរនឹងបទឈប់បាញ់ ឬកិច្ចព្រមព្រៀងសន្ដិភាពឡើយ, ភូមិជោគជ័យ និងព្រៃចាន់ ត្រូវប្រគល់ជូនគណៈកម្មាធិការព្រំដែនចម្រុះកម្ពុជា-ថៃ ដើម្បីវាស់វែងរួមគ្នា តាមសន្ធិសញ្ញា១៩០៧
FN ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ បានចេញមកពន្យល់ទៅកាន់ប្រជាពលរដ្ឋជាថ្មីម្ដងទៀត ពាក់ព័ន្ធបញ្ហាព្រំដែនជាមួយប្រទេសថៃ ដោយសម្ដេចបាន សង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលកម្ពុជា មិនបានកាត់ដីក្នុងដែនអធិបតេយ្យណាមួយ ទៅឲ្យប្រទេសថៃ ដើម្បីជាថ្នូរនឹងបទឈប់បាញ់ ឬកិច្ចព្រមព្រៀងសន្ដិភាពនោះឡើយ។ តាមរយៈបណ្ដាញសង្គម Facebook សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានអះអាងថា បញ្ហានៅភូមិជោគជ័យ និងព្រៃចាន់ ស្ថិតក្នុងស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ រាជរដ្ឋាភិបាលកម្ពុជា រក្សាការអត់ធ្មត់ដើម្បីដោះស្រាយដោយសន្ដិវិធី ពោលត្រូវបានប្រគល់បញ្ហានេះឲ្យគណៈកម្មាធិការព្រំដែនចម្រុះកម្ពុជា-ថៃ (JBC) ដើម្បីវាស់វែងរួមគ្នា និងបោះបង្គោលព្រំដែនបណ្ដោះអាសន្ន ដោយប្រើប្រាស់ផែនទី១/២០០.០០០ សន្ធិសញ្ញា១៩០៧ និងកំណត់ហេតុបោះបង្គោល របស់គណៈកម្មការបោះបង្គោលបារាំង-សៀម ធ្វើជាមូលដ្ឋាន។ ខាងក្រោមនេះ ជាខ្លឹមសារទាំងស្រុងរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ «ជូនបងប្អូនជនរួមជាតិជាទីស្រលាញ់។ ថ្ងៃនេះខ្ញុំសូមជម្រាបជូនបងប្អូនខ្លះៗ អំពីការខិតខំដោះស្រាយបញ្ហានៅភូមិជោគជ័យ និងភូមិព្រៃចាន់ ដោយសារស្ថានការបានបោះមួយជំហ៊ានទៅមុខ ប្រកបដោយភាពច្បាស់លាស់ជាងពេលមុន ដោយភាគីទាំងពីរ អាចយកគោលការណ៍ច្បាប់មកជជែកគ្នា ដើម្បីរកដំណោះស្រាយមួយដោយសន្តិវិធី។ បញ្ហាដែលកើតមានឡើងនៅភូមិជោគជ័យ និងភូមិព្រៃចាន់ ដែលចាប់ផ្ដើមឡើងពីការប្រើប្រាស់លួសបន្លា…