សម្ដេចធិបតីអះអាងប្រាប់ពលរដ្ឋខ្មែររស់នៅបារាំងថា «រាជរដ្ឋាភិបាលប្តេជ្ញាការពារបូរណភាពទឹកដី ឱ្យបានជាដាច់ខាត ហើយខិតខំរកដំណោះស្រាយឱ្យអស់លទ្ធភាព តាមសន្តិវិធីដើម្បីជៀសវាងសង្គ្រាម និងការពារផលប្រយោជន៍ជាតិ»
Facebook Page ៖ សម្ដេចធិបតីបានបង្ហោះវីដេអូ និងសរសេរលើហ្វេសប៊ុក ដោយមានខ្លឹមសារទាំងស្រុងថា៖ មុនវិលត្រឡប់មកប្រទេសកម្ពុជាវិញ ខ្ញុំនិងភរិយាមានឱកាសទទួលទានអាហារពេលល្ងាចនៅភោជនីយដ្ឋានម្ហូបខ្មែរ របស់បងប្អូនខ្មែរយើងនៅទីក្រុងនីស។ បន្ទាប់មក ក៏បានជួបសាកសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋខ្មែរមួយចំនួន ដែលកំពុងរស់នៅនិងប្រកបមុខរបរនៅទីក្រុងនីស។ ទោះជាមិនបានជួបជាមួយបងប្អូនខ្មែរទាំងអស់ដែលរស់នៅទីក្រុងនីសដោយសារពេលវេលាមានកំណត់ ក៏ខ្ញុំមានការសប្បាយរីករាយដែលបានជួបជាមួយបងប្អូនប្រជាពលរដ្ឋខ្មែរយើងជាច្រើននៅទីនេះ។ ហើយខ្ញុំក៏សូមអរគុណចំពោះការស្វាគមន៍យ៉ាងកក់ក្តៅរបស់ លោកអ៊ំ មីង បងប្អូន ក្មួយៗ ចំពោះរូបខ្ញុំ ភរិយា និងក្រុមការងារ។ ទោះបីជាបងប្អូនរស់នៅឆ្ងាយពីស្រុកកំណើតយ៉ាងណាក៏ដោយ ក៏ការគិតគូរពីស្រុកកំណើតរបស់ខ្លួនមានជាប់ជាប្រចាំ។ ពួកគាត់ប្រាប់ខ្ញុំថា សម្តេចធ្វើយ៉ាងណាអភិវឌ្ឍន៍ប្រទេសយើងឱ្យកាន់តែរីកចម្រើន ហើយកុំឱ្យមានសង្គ្រាមទៀតអី ជាពិសេសពួកគាត់តាមដានដោយក្តីបារម្ភពីបញ្ហាព្រំដែនដែលកំពុងក្តៅ។ ខ្ញុំបានប្រាប់ពួកគាត់ថា រាជរដ្ឋាភិបាលប្តេជ្ញាការពារបូរណភាពទឹកដីរបស់យើងឱ្យបានជាដាច់ខាត ហើយខិតខំស្វែងរកដំណោះស្រាយឱ្យអស់លទ្ធភាព តាមសន្តិវិធីដើម្បីជៀសវាងសង្គ្រាម និងការពារផលប្រយោជន៍ជាតិនិងប្រជាជនយើង៕