សម្ដេចធិបតី និងឯកឧត្ដម លី សៀនលុង ពិនិត្យលទ្ធភាពនាំអង្ករ និងផលិតផលកសិកម្មកម្ពុជាចូលទៅទីផ្សារសិង្ហបុរី

នៅល្ងាចថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៣ នៅរដ្ឋធានីហ្សាការតា ឯកឧត្តម លី សៀនលុង (Lee Hsien Loong) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសិង្ហបុរី បានសម្តែងនូវការអបអរសាទរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលត្រូវបានជ្រើសតាំងជានាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងបានរំលឹកពីជំនួបចុងក្រោយកាលពីឆ្នាំ២០១៨។ ជាកិច្ចឆ្លើយតប សម្តេចមហាបវរធិបតី បានថ្លែងអំណរគុណ និងបង្ហាញនូវសេចក្ដីរីករាយចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ជាពិសេស វិស័យការពារជាតិ និងវិស័យអប់រំ។ ថ្នាក់ដឹកនាំទាំងពីរបានពិភាក្សាទៅលើការបន្តពង្រឹងកិច្ចសហប្រតិបត្តិការដែលមានស្រាប់ និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យនានាដែលមានសក្ដានុពល ពិសេស លទ្ធភាពក្នុងការនាំអង្ករ និងផលិតផលកសិកម្មដទៃទៀតពីកម្ពុជាចូលមកកាន់ទីផ្សារសិង្ហបុរី ក៏ដូចជាគម្រោងនៃការសាងសង់ខ្សែបញ្ជូនថាមពលក្រោមសមុទ្រ ពីប្រទេសឡាវ ឆ្ពោះទៅប្រទេសសិង្ហបុរីផងដែរ។ ឯកឧត្តម លី សៀនលុង ក៏បានអញ្ជើញ សម្តេចមហាបវរធិបតី ដើម្បីធ្វើទស្សនកិច្ចនៅសិង្ហបុរី ក្នុងពេលឆាប់ៗខាងមុខ។

កម្ពុជា-ហ្វីលីពីនចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា
សម្រាប់ភាពជាដៃគូក្នុងការអភិវឌ្ឍកសិកម្ម និងសហគ្រាស មីក្រូ-ធុនតូច និងមធ្យម

ល្ងាចថ្ងៃទី៥ ខែកញ្ញា ឆ្នាំ ២០២៣ ក្នុងឱកាសអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ និងកិច្ចប្រជុំពាក់ព័ន្ធ នៅប្រទេសឥណ្ឌូនេស៊ី សម្ដេចមហាបវរធិបតី ហ៊ុន ម៉ា ណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម ហ្វឺឌីណាន់ រ៉ូម៉ូលដេស ម៉ាកូស ជេអរ (Ferdinand Romualdez Marcos Jr.) ប្រធានាធិបតីហ្វីលីពីន បានអញ្ជើញធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខា លើអនុស្សរណៈ នៃការយោគយល់គ្នាសម្រាប់ភាពជាដៃគូ ក្នុងការអភិវឌ្ឍកសិកម្មនិងសហគ្រាស មីក្រូ-ធុនតូចនិងមធ្យម កម្ពុជា-ហ្វីលីពីន ដោយផ្តោតជាសំខាន់លើ ៖ (១) សិក្សានិងបង្កើតច្រកបង្រៀន ប្រកបដោយសក្តានុពលអំពីបច្ចេកវិទ្យា កសិកម្ម សន្តិសុខ ស្បៀង ម៉ូដែលធុរកិច្ច កសិសហគ្រិន និងការអភិវឌ្ឍ ខ្សែច្រវ៉ាក់តម្លៃរបស់កសិករ សហគ្រាស និងស្ថាប័នរដ្ឋទាំង តូចមធ្យម និងធំ។ (២) កំណត់ពីតម្រូវការធុរកិច្ចដើម្បី អភិវឌ្ឍកាលានុវត្តភាព ពាណិជ្ជកម្ម និងវិនិយោគក្នុងវិស័យស្រូវអង្ករ និង ផលិតផល និងសេវាកម្មកសិកម្ម ផ្សេងទៀត។ (៣)…

ថ្នាក់ដឹកនាំកម្ពុជានិងចិន ពង្រឹងនិងពង្រីកសហប្រតិបត្តិការប្រទេសទាំងពីរបន្ថែមដើម្បីឧត្ដមប្រយោជន៍

នៅថ្ងៃពុធ ៦រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង ១៤:៤៥ នាទីរសៀល, នៅទីក្រុងហ្សាការតា ឯកឧត្ដម លី​ ឈាង នាយករដ្ឋមន្រ្តីចិន បានអបអរសាទរ និងបានពាំនាំការសួរសុខទុក្ខ និងក្ដីនឹករលឹកពីសំណាក់ ឯកឧត្តម ប្រធានាធិបតី ស៊ី ជីនពីង មកកាន់ សម្ដេចធិបតី ហ៊ុន ម៉ាណែត និងសម្ដេចតេជោ ដែលសម្ដេចធិបតី បានផ្ញើត្រឡប់ទៅវិញចំពោះឯកឧត្ដម ប្រធានាធិបតី និងប្រជាជនចិន នូវការសួរសុខទុក្ខ និងការនឹករលឹកដូចគ្នា។ ក្នុងការពិភាក្សា ថ្នាក់ដឹកនាំទាំងពីរ ចង់បង្កើត និងបង្កើនឧត្តមប្រយោជន៍បន្ថែមទៀត សម្រាប់ប្រទេសទាំងពីរ តាមរយៈ ការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ដោយឈរលើចំណងមិត្តភាពដ៏រឹងមាំ និងស្អិតរមួត ហើយរំពឹងថានឹងបន្តការពិភាក្សាឲ្យកាន់តែស៊ីជម្រៅ នៅក្នុងទស្សនកិច្ចរបស់សម្ដេចធិបតីទៅកាន់ប្រទេសចិនក្នុងពេលខាងមុខ៕

សម្ដេចធិបតី ទទួលជួបពិភាក្សាការងារជាមួយស្ថាបនិក និងប្រធានប្រតិបត្តិ នៃវេទិកាសេដ្ឋកិច្ចពិភពលោក

នៅថ្ងៃពុធ ៦រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង ៨:០០ នាទីព្រឹក, នៅទីក្រុងហ្សាការតា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណដល់លោកសាស្រ្តាចារ្យ ក្លូស ស្វប់ ស្ថាបនិក និងជាប្រធានប្រតិបត្តិ នៃវេទិកាសេដ្ឋកិច្ចពិភពលោក ចំពោះការអបអរនិងសួរសុខទុក្ខ ហើយបានវាយតម្លៃខ្ពស់ចំពោះវេទិកាសេដ្ឋកិច្ចពិភពលោក ដែលតែងពាំនាំសមិទ្ធផលរបស់រាជរដ្ឋាភិបាល និងសក្តានុពលរបស់កម្ពុជា ទៅលើកបង្ហាញនៅលើឆាកអន្តរជាតិ។ ក្រោយពីអញ្ជើញចូលរួមប្រជុំកំពូលអាស៊ាននៅកម្ពុជាកាលពីឆ្នាំមុន លោកសាស្រ្តាចារ្យ បានកត់សម្គាល់និងវាយតម្លៃខ្ពស់ចំពោះសក្ដានុពល និងការរីកលូតលាស់របស់កម្ពុជា និងមានបំណងពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀតនៅកម្ពុជា ក៏ដូចជាតំបន់អាស៊ាន។ សម្ដេចធិបតី បានស្វាគមន៍ចំពោះបំណងនេះ និងបានលើកឡើងនូវសង្គតិភាព និងលទ្ធភាពបន្ស៊ីគ្នារវាងរបៀបវារៈនៃវេទិកាសេដ្ឋកិច្ចពិភពលោក និងយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១របស់កម្ពុជា ត្រង់ចំណុចការអភិវឌ្ឍវិស័យឯកជន និងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមឌីជីថល ហើយជឿជាក់វេទិកាសេដ្ឋកិច្ចពិភពលោកនឹងដើរតួនាទីសំខាន់ផ្សារភ្ជាប់នាក់ទំនងរវាងវិស័យសាធារណៈ និងវិស័យឯកជន ឱ្យកាន់តែប្រសើរឡើង។ នៅចុងបញ្ចប់ លោកសាស្រ្តាចារ្យក៏បានគោរពអញ្ជើញ សម្តេចធិបតី ដើម្បីចូលរួមក្នុងវេទិកា សេដ្ឋកិច្ចពិភពលោក នៅទីក្រុងដាវ៉ូស (Davos) នាពេលឆាប់ៗខាងមុខ ដែលសម្ដេចធិបតី នឹងពិនិត្យលទ្ធភាពដឹកនាំគណៈប្រតិភូ…

កម្ពុជា-ម៉ាឡេស៊ីប្ដេជ្ញាពង្រឹងសហប្រតិបត្តិការប្រយុទ្ធប្រឆាំងនឹងបទឧក្រិដ្ឋឆ្លងដែន និងឧក្រិដ្ឋកម្មសាយប័រ

ថ្ងៃអង្គារ ៥រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង ១៣:០០ នៅរដ្ឋធានីហ្សាការតា ឯកឧត្តម ដាតុ ស៊េរី អាន់វ៉ា ប៊ីន អ៊ីប្រាហ៊ីម (Dato’ Seri Anwar_bin Ibrahim)នាយករដ្ឋមន្ត្រីម៉ាឡេស៊ី បានថ្លែងការអបអរសាទរដល់ សម្ដេចធិបតី ហ៊ុន ម៉ាណែត ដែលត្រូវបានជ្រើសតាំងជានាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងបានកោតសរសើរដល់សម្ដេចតេជោ ថាជាមេដឹកនាំដ៏កំពូលនៃកម្ពុជា និងជាមិត្តភក្ដិដ៏ល្អរបស់ម៉ាឡេស៊ី។ សម្ដេចធិបតី ក៏បានថ្លែងអំណរគុណចំពោះការអបអរសាទររបស់ឯកឧត្ដមនាយករដ្ឋមន្រ្តី និងចំពោះកិច្ចសម្របសម្រួលរបស់ម៉ាឡេស៊ីបានផ្ដល់ជូនពលករកម្ពុជា។ ថ្នាក់ដឹកនាំទាំងពីរក៏បានពិភាក្សាផងដែរទៅលើទិដ្ឋភាពនយោបាយ ពាណិជ្ជកម្ម ការវិនិយោគ ការអប់រំ សន្តិសុខថាមពល ការងារ និងការទប់ស្កាត់ និងប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន និងឧក្រិដ្ឋកម្មសាយប័រ៕

ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត អនុញ្ញាតលោកជំទាវឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបចូលជម្រាបលា

នាព្រឹកថ្ងៃទី ២៨ ខែ សីហា ឆ្នាំ ២០២៣, នៅវិមានសន្តិភាព, ក្នុងឱកាសទទួលជួបលោកជំទាវ ម៉ារីយា ដែល ខាមែន ម៉ូរេណូ (Maria Del Carmen Moreno) ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបដែលបញ្ចប់អាណត្តិបេសកកម្មការទូតនៅកម្ពុជាចូលជួបសម្ដែងការគួរសមនិងជម្រាបលា ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកិច្ចសហប្រតិបត្តិការស្អិតរមួតកន្លងមករវាងកម្ពុជា និងសហភាពអឺរ៉ុប។ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត បានជំរាបជូនភ្ញៀវអំពីនិរន្តរភាពនៃគោលនយោបាយរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដែលបន្តចាប់តាំងពីការដាក់ចេញយុទ្ធសាស្រ្តត្រីកោណនិងយុទ្ធសាស្រ្តចតុកោណទាំង ៤ ដំណាក់កាល, ហើយសម្រាប់អាណត្តិនេះឆ្ពោះទៅមុខ រាជរដ្ឋាភិបាលនឹងផ្តោតជាពិសេសបំផុតទៅលើការកសាងមូលធនមនុស្ស, ការកែទម្រង់វិស័យសុខាភិបាលនៅថ្នាក់មូលដ្ឋាន និងការកែទម្រង់វិស័យមុខងារសាធារណៈ។ បន្ថែមលើការប្តេជ្ញានៃភាគីទាំងពីរបន្តជំរុញនិងលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងសហភាពអឺរ៉ុប ឱ្យកាន់ជិតស្និទ្ធ ក៏ដូចជាការពង្រីកទិសដៅកិច្ចសហប្រតិបត្តិការទៅលើវិស័យថ្មីៗ ដូចជាអប់រំ ការអភិ​វឌ្ឍធនធានមនុស្ស សុខាភិបាល និងមុខងារសាធារណៈ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត បានស្នើឱ្យសហភាពអឺរ៉ុបពិចារណាគាំទ្រនិងផ្តល់ហិរញ្ញប្បទានលើ “កម្មវិធីសូចនាករពហុឆ្នាំ ២០២១-២០២៧ ដំ​ណាក់កាលទី២” ដើម្បីសម្រួលដល់ការធ្វើពាណិជ្ជកម្ម និងការនាំចេញរបស់កម្ពុជាឆ្ពោះទៅកាន់ទីផ្សារសហភាពអឺរ៉ុប៕

ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ទទួលឱ្យឧបនាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើតចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារ

បន្ទាប់ពីបានរំលឹកអំពីទំនាក់ទំនងការទូតជាប្រវត្តិសាស្រ្តរវាងប្រទេសទាំង២ កម្ពុជានិងទីម័រឡេស្តេ ដែលបានចាប់ផ្តើមនាឆ្នាំ២០០២ និងការសម្រេចជាផ្លែផ្កាគួរឱ្យកត់សម្គាល់ក្នុងឆ្នាំ២០២២ ពេលដែលកម្ពុជាជាប្រធានអាស៊ាន, ក្នុងឱកាសទទួលជួប ឯកឧត្តម ហ្វ្រាន់ស៊ីសស្កូ កាលប៊ូអាឌី ឡៃ (Francisco Kalbuadi Lay) ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីសម្របសម្រួលកិច្ចការសេដ្ឋកិច្ច និងជារដ្ឋមន្ត្រីក្រសួងទេសចរណ៍និងបរិស្ថាន នៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត នារសៀលថ្ងៃទី ២៨ ខែសីហា ឆ្នាំ២០២៣​ នៅវិមានសន្តិភាព ឯកឧត្តមកិតិ្តទេសាភិបាលបណ្ឌិត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា  បានបន្តរក្សាជំហរក្នុងការគាំទ្របេក្ខភាពរបស់ប្រទេសទីម័រខាងកើតនៅក្នុងអាស៊ាន, អង្គការពាណិជ្ជកម្មពិភពលោក ក៏ដូចជានិម្មាបនកម្មតំបន់និងសកលដទៃទៀត។ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត បានឧទ្ទេសជូនភ្ញៀវអំពីបទពិសោធន៍នៃដំណើរការនៃការកសាងជាតិរបស់កម្ពុជា ដែលជាដំណើរមួយដ៏លំបាក និងគូសបញ្ជាក់ថាបរិការណ៍របស់ប្រទេសទីម័រខាងកើតនាបច្ចុប្បន្ន ក៏មិនខុសពីអ្វីដែលកម្ពុជាបានឆ្លងកាត់កន្លងមកដែរ។ ព្រមជាមួយនឹងការផ្តាំផ្ញើរសួរសុខទុក្ខចំ​ពោះឯកឧត្តមនាយករដ្ឋមន្រ្តីនៃប្រទេសទីម័រខាងកើត ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត សង្ឃឹមថានឹងអាចជួបដោយផ្ទាល់ជាមួយឯកឧត្តមនាយករដ្ឋមន្រ្តី នៅទីក្រុងហ្សាកាតា នាកិច្ចប្រជុំកំពូលអាស៊ាននាពេលខាងមុខនេះ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីសម្របសម្រួលកិច្ចការសេដ្ឋកិច្ច និងជារដ្ឋមន្ត្រីក្រសួងទេសចរណ៍និងបរិស្ថាន នៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត បានថ្លែងអំណរគុណនិងសំដែងនូវកត្តញ្ញូតាធម៌ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សម្តេចតេជោ ជួយនិងផ្តល់ការគាំទ្រដល់សាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើតនាពេលកន្លងមក អោយក្លាយជាប្រទេសសង្កេតការនៅក្នុងអាស៊ាន ជាសមាជិកទី១១ និង ការបញ្ចុះបញ្ចូលសមាជិកអាស៊ានផ្សេងទៀតឱ្យគាំទ្រប្រទេសទីម័រខាងកើត ចូលរួមជាសមាជិកអាស៊ាន ផងដែរ។ ឯកឧត្តមបានសម្តែងនូវជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំរបស់ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត កម្ពុជានឹងកាន់តែអភិវឌ្ឍឈានទៅមុខមួយកម្រិតថែមទៀត និងបានគោរពអញ្ជើញ…

ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ទទួលជួបរដ្ឋមន្ត្រីកសិកម្ម ស្បៀង និងកិច្ចការជនបទនៃសាធារណរដ្ឋកូរ៉េ

ឆ្លើយតបចំពោះការកត់សម្គាល់របស់ឯកឧត្តម ឆុង វ៉ាងគឺន (Chung Hwang-Keun) រដ្ឋមន្ត្រីកសិកម្ម, ស្បៀង និងកិច្ចការជនបទនៃសាធារណរដ្ឋកូរ៉េ អំពីភាពជាដៃគូដ៏ជិតស្និទ្ធរវាងប្រទេសទាំងពីរកម្ពុជានិងកូរ៉េ ទាំងក្នុងន័យកិច្ចសហប្រតិបត្តិការអន្តរជាតិនិងការផ្តល់ជំនួយអភិវឌ្ឍន៍ផ្លូវការ បន្ទាប់ពីទំនាក់ទំនងរវាងប្រទេសទាំងពីរ ត្រូវបានផ្សារភ្ជាប់ឡើងវិញចាប់ពីចុងទសវត្សរ៍៩០, ក្នុងជំនួបថ្ងៃទី ២៨ សីហា ២០២៣, នៅវិមានសន្តិភាព, ឯកឧត្តមកិតិ្តទេសាភិបាលបណ្ឌិតនាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអរគុណចំពោះភាគីកូរ៉េ ដែលតែងផ្តល់ការគាំទ្រនិងយកអាសារដល់ពលករកម្ពុជានៅកូរ៉េ តាមរយៈមណ្ឌលគាំពារការងារ ផ្តល់សេវាគាំពារដល់កម្មករគ្រប់ប្រទេស ដោយរាប់ទាំងពលករកម្ពុជាផងដែរ។ ឯកឧត្តមកិតិ្តទេសាភិបាលបណ្ឌិតនាយករដ្ឋមន្ត្រី បានសំដែងជំហរគាំទ្រចំពោះបេក្ខភាពកូរ៉េក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំពិព័រណ៍ពិភពលោក ឆ្នាំ២០៣០ នៅទីក្រុងប៊ូសាន។ ព្រមគ្នានឹងការកត់សម្គាល់របស់ភ្ញៀវអំពីសក្តានុពលដ៏ធំធេងរបស់កម្ពុជា ដូចជាកត្តាធនធានធម្មជាតិ, កត្តាប្រជាសាស្រ្ត ជាពិសេសការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលនឹងធ្វើឱ្យវិស័យកសិកម្ម ក៏ដូចជាវិស័យសំខាន់ៗដទៃទៀតមានវឌ្ឍនភាពល្អប្រសើរនាពេលអនាគត ឯកឧត្តមកិតិ្តទេសាភិបាលបណ្ឌិត បានស្នើភាគីកូរ៉េជំរុញការវិនិយោគមកកម្ពុជា ជាពិសេសនៅក្នុងវិស័យកសិកម្ម បម្រើឱ្យការនាំចេញ។ ភាគីទាំងពីរក៏បានឯកភាព ក្នុងការបន្តពង្រឹងនិងពង្រីកបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការ និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ៕

យុទ្ធសាស្ត្របញ្ចកោណសម្លឹងទៅមុខសម្រាប់រយៈពេល ២៥ ឆ្នាំ និងអនុវត្តជា ៥ដំណាក់កាលបន្តបន្ទាប់

ព្រឹកថ្ងៃទី២៤ សីហា ២០២៣, នៅវិមានសន្តិភាព, ក្នុងឱកាសអញ្ជើញនាំសម័យប្រជុំគណៈរដ្ឋមន្រ្តីលើកដំបូង ​ឯកឧត្ដមកិត្តិទេសភិបាលបណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងឧទ្ទេសនាមអំពី “យុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១” និង “វិធានការគន្លឹះរបស់រាជរដ្ឋាភិបាលនីតិកាលទី ៧ នៃរដ្ឋសភា” ជូនជនរួមជាតិកម្ពុជានិងតួអង្គពាក់ព័ន្ធទាំងអស់ឲ្យបានជ្រាប។ យុទ្ធសាស្ត្របញ្ចកោណសម្លឹងទៅមុខសម្រាប់រយៈពេល ២៥ ឆ្នាំ និងអនុវត្តជា ៥ដំណាក់កាលបន្តបន្ទាប់ តម្រង់និងសម្របសំរួលទៅតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលនៃនីតិកាលនីមួយៗ ដើម្បីកំណើនការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដែល ទី១. ពង្រឹងនិងពង្រីកសមិទ្ធផលនានាដែលរាជរដ្ឋាភិបាលសម្រេចបាននៅក្នុងនីតិកាលកន្លងមក ក្នុងក្របខណ្ឌយុទ្ធសាស្ត្រត្រីកោណ និងយុទ្ធសាស្តចតុកោណទាំង ៤ដំណាក់កាល, ទី២. បន្តកែទម្រង់ស្ថាប័ននិងអភិបាលកិច្ច ឱ្យសម្រេចបាននូវរដ្ឋបាលសាធារណៈដែលមានសមត្ថភាពខ្ពស់, ខ្លាំង, វៃឆ្លាត និងស្អាតស្អំ, ទី៣. កសាងនិងពង្រឹងមូលដ្ឋានគ្រឹះ ជំរុញការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គម ដោយផ្តោតជាសំខាន់លើការកសាងមូលធនមនុស្សរឹងមាំ, ទី៤. ធ្វើពិពិធកម្មសេដ្ឋកិច្ចនិងភាពប្រ​កួតប្រជែងរបស់កម្ពុជា កសាងភាពធន់នឹងការប្រែប្រួលកត្តាសង្គម-សេដ្ឋកិច្ចនិងកត្តាបរិស្ថានធម្មជាតិ និងទី៥. ដាក់ចេញរបៀបវារៈគោលនយោបាយសង្គមសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ​ កសាងមូលដ្ឋានគ្រឹះដ៏រឹងមាំ ឈានទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០៕

“ការធានា៥ តាមកម្មវិធីនយោបាយ សំរាប់ដំណើរទៅមុខរបស់កម្ពុជា”

ទទួលបានការអនុម័តទាំងស្រុងលើសមាសភាពគណរដ្ឋមន្ត្រី សំរាប់នីតិកាលទី៧ នៃរដ្ឋសភា ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានសន្យាជាឱឡាឫកនៅចំពោះរដ្ឋសភាក៏ដូចជាប្រជាជនកម្ពុជាទូទាំងប្រទេសពីការធានា ៥យ៉ាងរបស់រាជរដ្ឋាភិបាល ផ្អែកតាមការដឹកនាំអនុវត្ត “កម្មវិធីគោលនយោបាយ” សំរាប់ដំណើរទៅមុខរបស់កម្ពុជា ថានឹង៖ (ទី១) ការធានាការពារឱ្យបានជាដាច់ខាត នូវសន្តិភាព, ស្ថិរភាព, សន្តិសុខ, និងសុវត្ថិភាព សម្រាប់ការរស់នៅដោយក្សេមក្សាន្តរបស់ប្រជាជននៅគ្រប់ទិសទីក្នុងផ្ទៃប្រទេស; ការពារឯករាជ្យ, អធិបតេយ្យ និងបូរណភាពទឹកដីឱ្យបានគង់វង្សចីរកាល មិនឱ្យកម្លាំងណាមកបំពាន ឬបំផ្លាញបានឡើយ។ (ទី២) ធានាបន្តជំរុញអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា ក្នុងគ្រប់វិស័យ ដោយផ្តោតអាទិភាពលើការកែទម្រង់អភិបាលកិច្ច សំដៅពង្រឹងស្ថាប័នសាធារណៈ ដែលមានសមត្ថភាពខ្ពស់, ខ្លាំង, វៃឆ្លាត និងស្អាតស្អំ រួមបញ្ចូលផងដែរនូវការពង្រឹងគោលការណ៍នីតិរដ្ឋ និងការពង្រឹងយុត្តិធម៌ក្នុងសង្គម […] (ទី៣) ធានាបន្តជំរុញលើកកម្ពស់ និងកែលម្អជីវភាពរបស់ប្រជាជន តាមរយៈការផ្តល់ជូនដល់ស្រទាប់យុវជននូវការអប់រំ និងការបណ្ដុះបណ្តាលជំនាញវិជ្ជាជីវៈ ប្រកបដោយគុណភាព ព្រមជាមួយនឹងឱកាសទទួលបានការងារធ្វើ; ការជួយកសិករក្នុងការពង្រីកផលិតកម្ម និងការរកទីផ្សារលក់កសិផលដោយថ្លៃសមរម្យ, ការបន្តដំឡើងប្រាក់ឈ្នួលអប្បបរមា […] (ទី៤) ធានានូវសុវត្ថិភាពសង្គម និងលំនឹងក្នុងការរស់នៅរបស់ប្រជាជន ទាំងនាបច្ចុប្បន្ន ក៏ដូចជាទៅអនាគត, តាមរយៈការអភិវឌ្ឍ…