សូមអរគុណ!
ឯកឧត្តម រ៉េជីប ថាយយីប អ៊ែរដឺវ៉ាន់ (Recep Tayyip Erdoğan) ប្រធានាធិបតី នៃសាធារណរដ្ឋតួកគីយ៉េ
ឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកសារព័ត៌មាន!
ជាបឋម ខ្ញុំសូមថ្លែងអំណរគុណចំពោះ ឯកឧត្តមប្រធានាធិបតី អ៊ែរដឺវ៉ាន់ដែលបានអញ្ជើញខ្ញុំ និងគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជាមកបំពេញទស្សនកិច្ចនៅនៃទីក្រុងអ៊ីស្តង់ប៊ុលដ៏ស្រស់ស្អាត និងបានផ្ដល់ឱកាសឲ្យយើងបានជួបពិភាក្សាការងារគ្នាប្រកបដោយអត្ថន័យ និងផ្លែផ្កានៅថ្ងៃនេះ។ ខ្ញុំក៏សូមថ្លែងនូវអំណរគុណជ្រាលជ្រៅផងដែរ ចំពោះការទទួលស្វាគមន៍យ៉ាងកក់ក្តៅ និងបដិសណ្ឋារកិច្ចដ៏ល្អប្រពៃ ដែលបានផ្តល់ជូនខ្ញុំ និងគណៈប្រតិភូរបស់ខ្ញុំ។
ខ្ញុំសូមកោតសរសើរចំពោះការអភិវឌ្ឍដ៏គួរឲ្យស្ញប់ស្ញែងរបស់តួកគីយ៉េ និងការពង្រឹងអត្តសញ្ញាណជាតិ និង ស្វ័យភាពជាយុទ្ធសាស្ត្រ ព្រមទាំងតួនាទីកាន់តែសំខាន់របស់តួកគីយ៉េ នៅក្នុងកិច្ចការតំបន់ និងសកល។ ការចូលរួមយ៉ាងសកម្ម និងប្រកបដោយលក្ខណៈស្ថាបនារបស់តួកគីយ៉េ ក្នុងកិច្ចខិតខំប្រឹងប្រែងអន្តរជាតិ ដើម្បីលើកកម្ពស់សន្តិភាព និងស្ថិរភាព ទាំងនៅក្នុងតំបន់មជ្ឈិមបូព៌ា គឺពិតជាគួរឱ្យកោតសរសើរ។
កាលពី៨ឆ្នាំមុន ក្នុងឆ្នាំ២០១៨ សម្តេចតេជោ ហ៊ុន សែន ដែលជាកាលនោះជានាយករដ្ឋមន្ត្រីនៃកម្ពុជា បានបំពេញទស្សនកិច្ចជាប្រវត្តិសាស្ត្រនៅតួកគីយ៉េ ដោយបានក្លាយជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ការជំរុញទំនាក់ទំនង និងការពង្រឹងចំណងមិត្តភាពរវាងប្រទេសយើងទាំងពីរឱ្យកាន់តែស៊ីជម្រៅ។ ទស្សនកិច្ចរបស់ខ្ញុំនៅថ្ងៃនេះ គឺជាការបន្តពង្រឹងមូលដ្ឋានគ្រឹះដ៏សំខាន់ និងជាការបើកទំព័រថ្មីនៃទំនាក់ទំនងដ៏យូរអង្វែង រវាងប្រទេសយើងទាំងពីរ ដែលកំពុងបន្តរីកចម្រើនជាលំដាប់។
កម្ពុជា និងតួកគីយ៉េ មានទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ប្រកបដោយផ្លែផ្កាអស់រយៈពេលជាង៦ទសវត្សរ៍មកហើយ ដោយឈរលើមូលដ្ឋាននៃការគោរពគ្នាទៅវិញទៅមក ការយោគយល់គ្នា និង ផលប្រយោជន៍រួម។ ដូចដែល ឯកឧត្តមប្រធានាធិបតី អ៊ែរដឺវ៉ាន់ បានគូសរំលេចនៅមុននេះបន្តិច យើងបានជួបពិភាក្សាគ្នាយ៉ាងទូលំទូលាយ អំពីស្ថានភាពបច្ចុប្បន្ននៃទំនាក់ទំនងរវាងប្រទេសយើងទាំងពីរ អាទិភាពសំខាន់ៗរួមគ្នា និងទិសដៅទៅអនាគត នៅក្នុងកិច្ចសហប្រតិបត្តិការរបស់យើង។ យើងបានពិភាក្សាអំពីវិធានការជាក់ស្តែង ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ លើវិស័យនយោបាយ ការពារជាតិ និងសន្តិសុខ។
ការចុះហត្ថលេខាលើឯកសារកិច្ចព្រមព្រៀងក្នុងក្របខ័ណ្ឌយោធា នៅថ្ងៃនេះ នឹងផ្តល់នូវមូលដ្ឋានគ្រឹះដ៏សំខាន់ សម្រាប់ការជំរុញកិច្ចសហប្រតិបត្តិការជាក់ស្ដែងបន្ថែមទៀត រវាងកងកម្លាំងប្រដាប់អាវុធនៃប្រទេសទាំងពីរ។ យើងក៏បានទទួលស្គាល់នូវសក្តានុពលដ៏ធំធេង ក្នុងការពង្រីកពាណិជ្ជកម្មទ្វេភាគី ការសម្របសម្រួលការវិនិយោគ និងការពង្រឹងភាពជាដៃគូរវាងវិស័យឯកជននៃប្រទេសទាំងពីរ។ កម្ពុជាត្រៀមខ្លួនរួចជាស្រេចក្នុងការសហការជាមួយធុរជនតួកគីយ៉េ ដោយកម្ពុជាអាចដើរតួនាទីជាមូលដ្ឋានផលិតកម្ម ដែលមានសមត្ថភាពប្រកួតប្រជែង និងជាច្រកទ្វារយុទ្ធសាស្ត្រទៅកាន់ទីផ្សារអាស៊ាន ទីផ្សារក្រោមក្របខ័ណ្ឌRCEP និងទីផ្សារអាស៊ីដ៏ទូលំទូលាយ។
ចំពោះកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ ខ្ញុំសូមវាយតម្លៃខ្ពស់ចំពោះ ភ្នាក់ងារសហប្រតិបត្តិការ និងសម្របសម្រួលតួកគីយ៉េ (TIKA) ដែលបានចូលរួមចំណែកដ៏មានតម្លៃដល់វឌ្ឍនភាពសង្គមសេដ្ឋកិច្ចរបស់កម្ពុជា។ យើងសង្ឃឹមថា TIKA នឹងបន្តផ្ដល់ការគាំទ្រដល់ការអភិវឌ្ឍធនធានមនុស្ស និងការលើកកម្ពស់ជំនាញនៅកម្ពុជាបន្ថែមទៀត។
ចំពោះការភ្ជាប់រវាងប្រជាជន និងប្រជាជន យើងបានឯកភាពថា ការពង្រឹងទំនាក់ទំនងរវាងប្រជាជននៃប្រទេសទាំងពីរ គឺជាកត្តាចាំបាច់ក្នុងការកសាងចំណងមិត្តភាពដ៏រឹងមាំ យូរអង្វែង និងប្រកបដោយអត្ថន័យ។ខ្ញុំសូមស្វាគមន៍មិត្តភក្តិតួកគីយេទាំងអស់ មកឈ្វេងយល់ពីបេតិកភណ្ឌវប្បធម៌ដ៏សម្បូរបែបរបស់កម្ពុជា ឱកាសវិនិយោគដ៏ទាក់ទាញ និងបដិសណ្ឋារកិច្ចដ៏កក់ក្ដៅរបស់ប្រជាជនកម្ពុជា ជាពិសេស បច្ចុប្បន្នប្រទេសទាំងពីរ បានបើកដំណើរការជើងហោះហើរត្រង់រវាងទីក្រុងអ៊ីស្តង់ប៊ុល និងរាជធានីភ្នំពេញផងដែរ។
ឯកឧត្តម លោកជំទាវ លោក លោកស្រី!
នៅក្នុងក្របខ័ណ្ឌអន្តរជាតិ យើងបានគូសបញ្ជាក់អំពីសារៈសំខាន់នៃពហុភាគីនិយម និងភាពចាំបាច់ក្នុងការបន្តធ្វើការរួមគ្នា តាមរយៈអង្គការសហប្រជាជាតិ អាស៊ាន និងយន្តការតំបន់ និងអន្តរជាតិផ្សេងទៀត ដើម្បីលើកកម្ពស់សន្តិភាព ស្ថិរភាព ការអភិវឌ្ឍប្រកបដោយចីរភាព ព្រមទាំងការគោរពច្បាប់អន្តរជាតិ និងគោលការណ៍នានា ដែលមានចែងនៅក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិ។
ខ្ញុំសូមអបអរសាទរតួកគីយ៉េ ដែលបានក្លាយជាដៃគូសន្ទនារបស់អាស៊ាន។ កម្ពុជារង់ចាំការបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាក់ស្ដែងរវាងអាស៊ាន និងតួកគីយ៉េ ដើម្បីរួមចំណែកដល់ការធ្វើសមាហរណកម្មតំបន់ ការតភ្ជាប់ និងវិបុលភាពរួម។
ឯកឧត្តមប្រធានាធិបតី អ៊ែរដឺវ៉ាន់!
ខ្ញុំមានជំនឿយ៉ាងមុតមាំថា ទស្សនកិច្ចលើកនេះ រួមជាមួយនឹងកិច្ចពិភាក្សាប្រកបដោយផ្លែផ្ការបស់យើងនៅថ្ងៃនេះ នឹងផ្តល់សម្ទុះថ្មីដល់ចំណងមិត្តភាពដ៏យូរអង្វែងរវាងប្រទេសទាំងពីរ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការរបស់យើង ឱ្យកាន់តែស៊ីជម្រៅមានខ្លឹមសារជាក់ស្ដែង និងគ្របដណ្ដប់លើវិស័យកាន់តែច្រើនបន្ថែមទៀត។
ក្នុងស្មារតីមិត្តភាព និងការប្តេជ្ញាចិត្តរួមគ្នា ដើម្បីលើកកម្ពស់ ភាពជាដៃគូរវាងប្រទេសទាំងពីរឲ្យឈានទៅដល់កម្រិតថ្មីមួយ ខ្ញុំបានពាំនំនូវព្រះរាជបន្ទូលអញ្ជើញរបស់ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជូនចំពោះឯកឧត្តមប្រធានាធិបតី អ៊ែរដឺវ៉ាន់ ដើម្បីអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា នៅពេលវេលាសមស្របណាមួយ។
សូមអរគុណ!

