សន្និសីទសារព័ត៌មានរួម រវាងសម្តេចធិបតី ហ៊ុន ម៉ាណែត និងឯកឧត្តម រ៉េសេប តៃយីប អ៊ែរដូហ្គាន (Recep Tayyip Erdoğan) ប្រធានាធិបតីនៃសាធារណរដ្ឋតួកគីយ៉េ [ចម្លងតាម subtitles]

សូមអរគុណ! ឯកឧត្តម រ៉េជីប ថាយយីប អ៊ែរដឺវ៉ាន់ (Recep Tayyip Erdoğan) ប្រធានាធិបតី នៃសាធារណរដ្ឋតួកគីយ៉េ ឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកសារព័ត៌មាន! ជាបឋម ខ្ញុំសូមថ្លែងអំណរគុណចំពោះ ឯកឧត្តមប្រធានាធិបតី អ៊ែរដឺវ៉ាន់ដែលបានអញ្ជើញខ្ញុំ និងគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជាមកបំពេញទស្សនកិច្ចនៅនៃទីក្រុងអ៊ីស្តង់ប៊ុលដ៏ស្រស់ស្អាត និងបានផ្ដល់ឱកាសឲ្យយើងបានជួបពិភាក្សាការងារគ្នាប្រកបដោយអត្ថន័យ និងផ្លែផ្កានៅថ្ងៃនេះ។ ខ្ញុំក៏សូមថ្លែងនូវអំណរគុណជ្រាលជ្រៅផងដែរ ចំពោះការទទួលស្វាគមន៍យ៉ាងកក់ក្តៅ និងបដិសណ្ឋារកិច្ចដ៏ល្អប្រពៃ ដែលបានផ្តល់ជូនខ្ញុំ និងគណៈប្រតិភូរបស់ខ្ញុំ។ ខ្ញុំសូមកោតសរសើរចំពោះការអភិវឌ្ឍដ៏គួរឲ្យស្ញប់ស្ញែងរបស់តួកគីយ៉េ និងការពង្រឹងអត្តសញ្ញាណជាតិ និង ស្វ័យភាពជាយុទ្ធសាស្ត្រ ព្រមទាំងតួនាទីកាន់តែសំខាន់របស់តួកគីយ៉េ នៅក្នុងកិច្ចការតំបន់ និងសកល។ ការចូលរួមយ៉ាងសកម្ម និងប្រកបដោយលក្ខណៈស្ថាបនារបស់តួកគីយ៉េ ក្នុងកិច្ចខិតខំប្រឹងប្រែងអន្តរជាតិ ដើម្បីលើកកម្ពស់សន្តិភាព និងស្ថិរភាព ទាំងនៅក្នុងតំបន់មជ្ឈិមបូព៌ា គឺពិតជាគួរឱ្យកោតសរសើរ។ កាលពី៨ឆ្នាំមុន ក្នុងឆ្នាំ២០១៨ សម្តេចតេជោ ហ៊ុន សែន ដែលជាកាលនោះជានាយករដ្ឋមន្ត្រីនៃកម្ពុជា បានបំពេញទស្សនកិច្ចជាប្រវត្តិសាស្ត្រនៅតួកគីយ៉េ ដោយបានក្លាយជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ការជំរុញទំនាក់ទំនង និងការពង្រឹងចំណងមិត្តភាពរវាងប្រទេសយើងទាំងពីរឱ្យកាន់តែស៊ីជម្រៅ។ ទស្សនកិច្ចរបស់ខ្ញុំនៅថ្ងៃនេះ គឺជាការបន្តពង្រឹងមូលដ្ឋានគ្រឹះដ៏សំខាន់ និងជាការបើកទំព័រថ្មីនៃទំនាក់ទំនងដ៏យូរអង្វែង រវាងប្រទេសយើងទាំងពីរ ដែលកំពុងបន្តរីកចម្រើនជាលំដាប់។…