ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល
ឯកឧត្តម វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា
លោកស្រី Chen Jiacai អនុប្រធានក្រុមហ៊ុន GAC Group
លោក ណម តុង ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន TH Group
គណៈអធិបតី ភ្ញៀវកិត្តិយស កម្មករ កម្មការិនី និងអង្គពិធីទាំងមូលជាទីមេត្រី!
ថ្ងៃនេះ ខ្ញុំពិតជាមានសេចក្តីសោមនស្សរីករាយ ដែលបានមកចូលរួមក្នុងពិធីសម្ពោធជាផ្លូវការរោងចក្រផ្គុំដំឡើងរថយន្តម៉ាក GAC របស់ក្រុមហ៊ុន TH Automotive Manufacturing នាពេលនេះ។
ខ្ញុំសូមថ្លែងអំណរគុណចំពោះក្រុមប្រឹក្សាភិបាលនិងថ្នាក់ដឹកនាំក្រុមហ៊ុន TH Automotive Manufacturing ដែលបានមើលឃើញពីសក្តានុពលពិតប្រាកដរបស់កម្ពុជា តាមរយៈការសម្រេចចិត្តបោះទុនវិនិយោគសរុបចំនួន ២០លានដុល្លារអាមេរិក ដើម្បីបង្កើតរោងចក្រផ្គុំដំឡើងរថយន្តម៉ាក GAC ក្នុងខេត្តកំពង់ឆ្នាំង របស់កម្ពុជា។
[ចាប់ផ្ដើមសេចក្ដីអធិប្បាយ១]
(១) ពោធិ៍សាត់និងកំពង់ឆ្នាំង ប្រែមកជាខេត្តមានសក្តានុពលពង្រីកខ្លួនក្នុងវិស័យឧស្សាហកម្ម
ថ្ងៃមុនបានជួបគ្នានឹងលោកពូ ណម តុង។ បានសន្យាពីរកន្លែង។ ថ្ងៃនេះមួយ។ គាត់រៀបចំការដំឡើងរថយន្តពីរប្រភេទ។ ប្រភេទមួយគឺ GAC ថ្ងៃនេះ និងមួយទៀតដូចជា Chevrolet។ ខ្ញុំថា មហាអំណាចពីរនៅជាដៃគូរបស់គាត់។ សូមអបអរសាទរចំពោះការសម្ពោធនៅថ្ងៃនេះ។ យើងក៏គ្រោងចុងឆ្នាំទៅមួយទៀត។ តែអ្វីដែលអបអរសាទរផងនោះ គឺជូនអ្នកខេត្តកំពង់ឆ្នាំងតែម្តង ដែលជាខេត្តដែលគេទៅហួសមកហួស អត់មានអីទេ។ ពាក្យហ្នឹងធ្លាប់ឮ១០ ទៅ ២០ឆ្នាំមុន។ ភាគច្រើនទៅហួសមកហួស ខេត្តកំពង់ឆ្នាំង ហើយនិងពោធិ៍សាត់ ទៅទើនៅបាត់ដំបង។ ហួសពីហ្នឹងទៅ ដល់ព្រំដែន។ ប៉ុន្តែខេត្តពីរនេះ ខេត្តពោធិ៍សាត់ និងជាពិសេសខេត្តកំពង់ឆ្នាំង បានក្លាយទៅជាខេត្ត ដែលប្រែពីគេទៅហួសមកហួស ជាខេត្តដែលមានសក្តានុពលធំ និងកំពុងតែពង្រីកខ្លួននៅក្នុងវិស័យឧស្សាហកម្ម។ នេះអបអរសាទរ ដល់ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធ ផង ចំពោះការខិតខំប្រឹងប្រែង ព្រោះឃើញឈ្មោះឈ្មុល គិតគូរពីរឿងការប្រែក្លាយ។ កន្លែងខ្លះគាត់មានគំនិតច្នៃ ប្តូរប្រភេទសេដ្ឋកិច្ចពីពឹងផ្អែកលើកសិកម្ម ទៅជាកន្លែងដែលបង្កើតនូវសកម្មភាពឧស្សាហកម្ម កម្មន្តសាល ដែលជាកន្លែងសម្រាប់ទាញមនុស្ស និងបង្កើតផលិតផលបន្ថែមជូនប្រជាជន ជាពិសេសអ្នកកំពង់ឆ្នាំង។ ជាមុខមាត់ខេត្តមួយដែលនឹងក្លាយទៅជាមូលដ្ឋានសំខាន់នៃការផលិតនូវផលិតផលឧស្សាហកម្មនៅថ្ងៃអនាគត។
(២) ក្រៅពីតភ្ជាប់រវាងភាគខាងកើតនិងលិចទន្លេសាប ដោយស្ពាននិងផ្លូវ៥០C គិតអំពីកំពង់ផែពហុបំណងនិងមណ្ឌលភស្តុភារកម្មទៀត
ឥឡូវផ្លូវជាតិលេខ៥ យើងបានពង្រីកហើយ។ កាលខ្ញុំពីក្មេង ជិះពីភ្នំពេញមកដល់កំពង់ឆ្នាំង រាងលំបាកបន្តិច តែមកដល់ព្រែកក្តាមហ្នឹងក៏លំបាកដែរ។ រាងយូរ។ ឥឡូវ(ជិះភ្លេចមើល)បន្តិចហួសបាត់។ មកដល់កំពង់ឆ្នាំងហើយ បើអត់មានសក្តានុពលតភ្ជាប់បែបនេះ គឺកាន់តែលឿន កាន់តែហួសកំពង់ឆ្នាំងទៅទៀត។ ប៉ុន្តែអ្វីដែលសំខាន់ ខ្ញុំឃើញថាការប្រែប្រួល។ ទៅមុខសក្តានុពលកាន់តែត្រូវបានបង្កើន ជាពិសេសឥឡូវយើងរៀបចំតភ្ជាប់ពីខេត្តកំពង់ឆ្នាំង(ទៅខាងកំពង់ធំ) ឬតភ្ជាប់រវាងភាគខាងកើតនិងខាងលិចទន្លេសាប។ ផែនការនេះមានយូរមកហើយ ប៉ុន្តែយើងមិនទាន់បានអនុវត្តពេញលេញ។ ស្រុកកំពង់លែង/កំពង់ឆ្នាំង ទៅស្រុកស្ទឹងសែន/កំពង់ធំ តាមផ្លូវ៥០C ដែលយើងត្រូវកសាងស្ពាន។ កន្លែងហ្នឹង យើងនឹងគិតគូរអំពីកំពង់ផែពហុបំណងនិងមណ្ឌលភស្តុភារកម្មទៀត។ ហ្នឹងដែលឯកឧត្តម ស៊ុន ចាន់ថុល បានចរចា។ អាចក្នុងពេលឆាប់ៗ ទៅមុខ។ កន្លងទៅ យើងបានធ្វើផ្លូវ៥០C នេះបណ្តើរៗ ដែរ ប៉ុន្តែពេលដែលស្ពានឆ្លង(បានសង់រួចរាល់ ក៏នឹងត្រូវរៀបចំផ្លូវផងដែរ)។ លំបាកដែរ សឡង់ ត្រូវរើទៀតហើយ។ ក្រុមហ៊ុនសឡង់ ដូចសឡង់រើតាំងពីអ្នកលឿងមកដល់នេះ។ បន្តិចទៀត គេធ្វើស្ពានជាប់នឹងរើទៅណាទៀត? ជីវិតអ្នករត់សឡង់មិនខុសពីជីវិតអ្នករត់ទូកដរ ពេលស្ពានតភ្ជាប់នាងលែងមក។ មិនជាបញ្ហា។ សំខាន់គឺការទាញភ្ជាប់បង្កើតសក្តានុពលរបស់ខេត្ត។ បើឧស្សាហកម្មមក មនុស្សមក។ តែមនុស្សមកហើយចាប់ផ្តើមពង្រីកសក្តានុពល សម្រាប់វិស័យសេវាកម្ម វិស័យទេសចរណ៍ផ្សេងៗ នៅក្នុងខេត្ត។ ចំពោះក្រុមហ៊ុនវិនិយោគនេះ តាមរបាយការណ៍ សមត្ថភាពផលិតដែលគ្រោងអាចរហូតទៅដល់ ២ម៉ឺនគ្រឿង អាចផ្គុំសម្រាប់ទីផ្សារក្នុងស្រុក៩០% និងនាំចេញ១០%។ នេះជាចក្ខុវិស័យរបស់(ក្រុមហ៊ុន)។ ក្នុងរយៈពេលប៉ុន្មាននេះ យើងបានផ្គុំជាង ២០០គ្រឿង ហើយយើងបានដំឡើងរូបភាព CKD (Completely Knocked Down)។
(៣) មានរោងចក្រមានសមត្ថភាព មានធនធានមនុស្សមានជំនាញ ពង្រីកសមត្ថភាពផលិតនិងបង្គុំ
ថ្ងៃក្រោយ សង្ឃឹមថានឹងអាចបង្កើតធាតុផ្គុំ គ្រឿងបង្គុំមួយចំនួនក្នុងស្រុកបន្ថែម។ បន្តិចទៀតលើសពីរឿងហ្នឹង។ ខ្ញុំអរគុណចំពោះការវិនិយោគដែលបង្កើតកម្លាំងពលកម្មជំនាញនេះ។ ការធ្វើការនៅក្នុងរោងចក្រ ផ្គុំរថយន្ត ខុសពីធ្វើការក្នុងរោងចក្រកាត់ដេរ ឬមួយក៏រោងចក្រផលិតស្បៀងអីបន្តិចបន្តួច គឺត្រូវការជំនាញខ្ពស់។ នេះជាឱកាសក្នុងការបណ្តុះបណ្តាលធនធានមនុស្សបន្ថែម។ បើយើងអត់មានកន្លែងធ្វើការនៅកន្លែងនេះ យើងក៏មិនអាចបណ្តុះបណ្តាលជំនាញហ្នឹងដែរព្រោះអត់មានអ្នកណារៀន។ រៀនហើយអត់ការងារធ្វើ។ រៀនហើយ បើចង់បានការងារ ទាល់តែចាកស្រុកទៅនៅប្រទេសគេបានមានការងារធ្វើ។ អញ្ចឹងមិនសូវមានអ្នករៀន។ បើទោះជាយើងបណ្តុះបណ្តាលក៏អត់មានរោងចក្របែបនេះ។ យើងនឹងស្តាយអ្នកដែលរៀនជំនាញនេះ។ អញ្ចឹងហើយបានជាការរៀបចំបែបនេះ មានលក្ខណៈជាខ្សែច្រវាក់ ហើយក៏ជាវត្តមានរោងចក្រ មានមនុស្ស បង្រៀនតគ្នា។ មានមនុស្សកាន់តែច្រើន រោងចក្រមានសមត្ថភាព មានធនធានមនុស្សដែលមានជំនាញ អាចពង្រីកសមត្ថភាព ពង្រីកសមត្ថភាពផលិតនិងបង្គុំ។ អញ្ចឹងមកដល់ពេលនេះ ការចូលរួមរបស់ក្រុមហ៊ុនមាន ២៥០នាក់ហើយ ដែលសុទ្ធសឹងតែបានបណ្តុះបណ្តាលជំនាញបច្ចេកទេសច្បាស់លាស់ ដើម្បីធានាគុណភាព សុវត្ថិភាព និងតម្លៃសមរម្យរបស់រថយន្ត។
[ចប់សេចក្ដីអធិប្បាយ១]
បច្ចុប្បន្ន, កម្ពុជាមានរោងចក្រផ្គុំដំឡើងរថយន្តសរុបចំនួន ១៥, ក្នុងនោះ រោងចក្រកំពុងដំណើរការសរុបចំនួន ១០, រោងចក្រពុំទាន់ដំណើរការចំនួន ២, និង មានគម្រោងវិនិយោគផ្គុំដំឡើងរថយន្តចំនួន ៣ ផ្សេងទៀត ដែលបានស្នើចុះបញ្ជីវិនិយោគ និង កំពុងសាងសង់រោងចក្រ។ ទុនវិនិយោគសរុបក្នុងវិស័យនេះសរុបប្រមាណ ២៤៨ លានដុល្លារអាមេរិក, ក្នុងនោះ ទុន-វិនិយោគក្នុងស្រុកសរុប ២៨% និង ទុនវិនិយោគពីបរទេសសរុប ៧២% ដោយបានបង្កើតការងារសរុបចំនួន ២ ៧៤៤ កន្លែង ដែលជាកន្លែងជំនាញ។
[ចាប់ផ្ដើមសេចក្ដីអធិប្បាយ២]
(៤) សូម CDC ពិនិត្យមើលការពង្រីកចំនួនក្រុមហ៊ុនដំឡើងរថយន្ត និងទីផ្សារ
ខ្ញុំក៏មានមោទនភាពដែរ ដែលលោកពូ ណម តុង និយាយថា ក្រុមហ៊ុននេះ គឺជាក្រុមហ៊ុនវិនិយោគទុនស្រុកខ្មែរ១០០%។ ពិតហើយ យើងមានវិស្វកម្ម មានដៃគូពីខាងក្រៅ តែការរៀបចំខាងក្នុងនេះគឺ១០០%។ ក្រុមហ៊ុនខ្លះ មានជាដៃគូ អ្នកក្នុងស្រុកប៉ុន្មាន (អ្នកក្រៅស្រុក)អីប៉ុន្មាន។ ការគិតគូរបែបនេះ គឺជាចំណុចសំខាន់។ ជាការគិតគូរបន្ថែមទៀត ខ្ញុំបានឲ្យ CDC ឯកឧត្តម ស៊ុន ចាន់ថុល, ឯកឧត្តម ជា វុទ្ធី ពិនិត្យមើលការកំណត់បន្ថែមទៀត(ទី១) ការពង្រីកចំនួនក្រុមហ៊ុនដំឡើងរថយន្ត។ យើងគិតថា ទំហំក្រុមហ៊ុនដំឡើងរថយន្ត ថ្ងៃក្រោយឈានទៅដល់ការផលិតកម្រិតណាមួយ ទោះបីជាមិនពេញ យើងចេញពី CKD ទៅ IKD អីទៅ។ គឺជាការវិនិយោគធំ មិនមែនការវិនិយោគតូច ដូចបើកហាងកាហ្វេនោះទេ។ ទីពីរ ទីផ្សារ។ អញ្ចឹង (ត្រូវមាន)ការគិតគូរអំពីការផ្តល់អាជ្ញាប័ណ្ណ។ ឥឡូវយើងមាន១៥ ហើយ។ ខ្ញុំឲ្យគិតគូរថា តើយើងគួរមានប៉ុន្មានក្នុងដំណាក់កាលនេះ ផ្អែកទៅលើតម្រូវការរថយន្តនៅក្នុងស្រុក? ភាគច្រើនក្រុមហ៊ុនដែលដំឡើងគឺផ្គត់ផ្គង់(តម្រូវ)ការក្នុងស្រុក។
(៥) ភាពធន់នៃវិស័យឧស្សាហកម្មបង្គុំរថយន្ត គឺលទ្ធភាពក្នុងការរស់និងរីករបស់ក្រុមហ៊ុនមួយៗ
តាមរបាយការណ៍របស់ក្រសួងឧស្សាហកម្មថ្ងៃមុន បច្ចុប្បន្នយើងមានសមត្ថភាពផលិតប្រមាណជា ៣៥ ០០០ គ្រឿងក្នុងមួយឆ្នាំរួចទៅហើយ។ អញ្ចឹង តើវាស៊ីគ្នាចំពោះតម្រូវការទីផ្សារសម្រាប់ឡានថ្មីប៉ុន្មានភាគរយ? ព្រោះឡានថ្មីខ្លះត្រូវនាំចូលដែរ។ បានផ្តល់អាជ្ញាប័ណ្ណ ១៥ហើយ តើយើងត្រូវបន្ថែមទៀតឬមួយយើងពន្យឺត? យើងធ្វើកិច្ចការ? ព្រោះជាទ្រឹស្តី មិនមែនផ្តោតអារម្មណ៍ទៅលើតែចំនួនក្រុមហ៊ុនដែលយើងឲ្យអាជ្ញាប័ណ្ណបើកនោះទេ។ នេះវាមិនបញ្ជាក់អំពីភាពធន់នៃវិស័យនេះទេ។ វាបញ្ជាក់អំពីការទាក់ទាញរយៈពេលខ្លី។ ភាពធន់ទាល់តែយើងនិយាយអំពីលទ្ធភាពក្នុងការរស់និងរីករបស់ក្រុមហ៊ុនមួយៗ។ បើបើក១០០ និង ៣ឆ្នាំក្រោយសល់តែ២០% ឯ ៨០%ដួល នោះវាទៅហើយ។ វិស័យហ្នឹងអត់ធន់ទេ។ តែបើបើក១០០ ថ្ងៃក្រោយនៅ១០០ ហើយរីកទៀត ហ្នឹងបានធន់នៅក្នុងវិស័យហ្នឹង។ អញ្ចឹង យើងមិនគួរប្រញាប់ក្នុងការបន្ថែមទេ។ ត្រូវគិតគូរឲ្យបានច្បាស់។ យើងអត់ត្រូវការឆ្នាំហ្នឹងមានក្រុមហ៊ុនចេញ ១៥ License ទៀតទេ។ គិតជួយ ១៥ នេះឲ្យរស់ និងឲ្យរីកសិន។
(៦) រីករាយមកសម្ពោធរោងចក្រទី១ តែនឹងកាន់តែរីករាយបើមកសម្ពោធរោងចក្រជាបន្តបន្ទាប់របស់ក្រុមហ៊ុន
(គិតពី)ការធានាទីផ្សារនិងការប្រកួតប្រជែង។ យើងមិនមែនបិទមិនឲ្យនាំចូលឡានពីក្រៅទេ។ អញ្ចឹង ទីផ្សារវាមិនមែនតែឡានផលិតក្នុងស្រុកទេ(មានខ្លះមកពី)ខាងក្រៅ។ យើងកុំចង់ថាត្រូវតែផលិតគ្រប់មុខក្នុងប្រទេស។ ឥឡូវយើងមាន Toyota, Ford, GAC។ យើងមានប៉ុន្មានម៉ាក គឺ ១៥ហើយដែលផលិតនៅក្នុងស្រុក។ អញ្ចឹងអ្វីដែលសំខាន់ គឺសូមឲ្យគិតគូរ តើពេលណាដែលយើងគួរពង្រីក? តើស្ថានភាពផ្សារបច្ចុប្បន្ននិង ១៥ហ្នឹងគ្រប់នៅ? បង្អាក់សិន ឬ(ចាំ)រហូតដល់ទីផ្សារមានតម្រូវការ ១ឆ្នាំឡើង ៥ម៉ឺន ៦ម៉ឺន ឬ ៧ម៉ឺនគ្រឿង ចាំយើងគិតបន្ថែមទៀតឬយ៉ាងណា? ដូចខ្ញុំនិយាយអញ្ចឹង វាជាគោលការណ៍ជួយដល់អ្នកវិនិយោគឲ្យរស់ឲ្យរីក។ ខ្ញុំសប្បាយចិត្តណាស់ពេលដែលអញ្ជើញខ្ញុំទៅសម្ពោធរោងចក្រណាមួយ … សប្បាយចិត្តដែលរោងចក្រនោះចាប់ផ្តើមថ្មី។ វាជាមោទនភាពរបស់យើង។ ប៉ុន្តែកាន់តែសប្បាយចិត្តទៅទៀត ពេលដែលខ្ញុំទៅសម្ពោធរោងចក្រណាមួយដែលគេថានេះជារោងចក្រទី២ របស់ក្រុមហ៊ុន នេះជារោងចក្រទី៥ របស់ក្រុមហ៊ុន។ បានន័យថាគាត់រស់គាត់រីកគាត់ទុកចិត្ត និងគាត់វិនិយោគបន្ថែម … សូម្បីតែនៅទីផ្សារអាមេរិកហ្នឹង ក៏មានក្រុមហ៊ុនតែប៉ុន្មានដែរ។ ប៉ុន្មានរយលាន មានតែក្រុមហ៊ុនធំៗ ប៉ុន្មានទេ។
(៧) រដ្ឋត្រៀមចេញគោលនយោបាយជំរុញឲ្យក្រុមហ៊ុនមួយចំនួន ជួយដល់ឧស្សាហកម្មប្រតិគមន៍
យើងចង់បានការរស់និងរីករបស់ក្រុមហ៊ុនរថយន្ត ជួយទៅដល់ការរស់និងរីករបស់ក្រុមហ៊ុនតូចៗ ដែលអាចជាដៃគូក្នុងការផ្គត់ផ្គង់នូវគ្រឿងបង្គុំ។ ហ្នឹងគេហៅឧស្សាហកម្មប្រតិកម្ម។ បន្តិចទៀត យើងនឹងចេញគោលនយោបាយលើកទឹកចិត្តដើម្បីជំរុញឲ្យក្រុមហ៊ុនមួយចំនួន ដែលផលិតដូចជារថយន្តដូចជាអីនេះជួយដល់ឧស្សាហកម្មប្រតិគមន៍របស់យើង។ បានន័យថា ឧទាហរណ៍ ការដំឡើងរថយន្តនៅទីនេះ។ ថ្ងៃមុននិយាយជាមួយ ប្រធានក្រុមប្រឹក្សាថា “ពូ! ខ្ញុំសួរតែមួយទេ ហើយបន្តិចទៀត ខ្ញុំនឹងត្រូវជួបជាមួយក្រុមហ៊ុនផលិតរថយន្តមួយចំនួនដែរ។ ឥឡូវស្ថានភាពយ៉ាងម៉េច? រដ្ឋជួយយ៉ាងម៉េចបាន? … តើយើងធ្វើយ៉ាងម៉េចឲ្យយកក្រុមហ៊ុនឡាននេះ ទៅជួយក្រុមហ៊ុនមួយចំនួនទៀត ដែលផលិតគ្រឿងបង្គុំនៅក្នុងស្រុក ជួយបណ្តុះ ជួយបង្កើត ហើយរដ្ឋជួយស្អី? ឥឡូវរថយន្តហ្នឹងមានគ្រឿងបង្គុំប៉ុន្មាន? ឧទាហរណ៍ មានប៉ុន្មានរយមុខអញ្ចឹង មានកម្រាលជើង ពូក ចង្កូត ចង្កៀង កញ្ចក់។ ឥឡូវ យើងយកមកពីក្រៅ១០០% តើថ្ងៃក្រោយ អាចភ្ជាប់ជាមួយដៃគូក្នុងស្រុក ផលិតកញ្ចក់បានទេ? អាចបើកសហគ្រាសធុនតូច និងមធ្យមមួយនៅកម្ពុជានេះ ដែលមានសមត្ថភាព ហើយជួយស្តង់ដាគាត់ ហើយគាត់ក្លាយទៅជាក្រុមហ៊ុនដែលផលិតកញ្ចក់ ឬមួយក៏ចង្កូត ឬស្បែកពូក ដើម្បីផ្គត់ផ្គង់ឲ្យក្រុមហ៊ុនរថយន្ត ឬបណ្តុំនៃក្រុមហ៊ុនរថយន្តបានទេ? នេះគឺជាគោលដៅរបស់យើង។
(៨) បើថាត្រូវបន្ថែមអ្នកវិនិយោគបង្គុំរថយន្ត ត្រូវរើសតួអង្គខ្លាំង កុំរើសអ្នកមកឲ្យតែគ្រប់
បានន័យថាជួយ ១៥នេះឱ្យរស់ឱ្យរីក ដើម្បីគាត់នឹងជួយបង្កើនការរីកបន្ថែមទៀត។ គេតែងតែនិយាយថា “ឮតែបិទ ឮតែមិនឱ្យ អត់ Free Market សោះ អត់បើកចំហសោះ”។ គេបើក ប៉ុន្តែក៏គេគិតអំពីការជួយនិងការធានានូវកម្រិតណាដើម្បីឱ្យមានប្រសិទ្ធភាព។ ទីផ្សារយើងតូច ប៉ុន្តែប្រសិនជាគាត់ផលិតហើយនាំចេញ១០០% ហ្នឹងយើងអត់អត់ហាមទេ។ តែផលិតសម្រាប់ទីផ្សារក្នុងស្រុក យើងត្រូវមើលទីផ្សារ(ផលិតផលនៃក្រុមហ៊ុនទាំង) ១៥នេះ តើយើងជួយធានាទីផ្សារឱ្យគាត់រីកបានប៉ុន្មានឬអត់? ដើម្បីគាត់មានសមត្ថភាពរស់ ហើយគាត់ពង្រីកបន្ថែម។ ឥឡូវប៉ុន្មាននេះ ផលិត២០០ តែថ្ងៃក្រោយគាត់អាចពង្រីកទៅដល់ ២០០០ គ្រឿងឬអត់? យើងសួរសំណួរហ្នឹងវិញ។ តើជួយកម្រិតណា? បើសិនជាតួអង្គច្រើន ជិះមកដល់នេះឃើញសុទ្ធតែរោងចក្រ ២០បន្ថែមទៀតនៅកន្លែងនេះ តើអ្នកណាទិញអ្វីខ្លះ? ក្រែងលោវាអត់មាន(និរន្តរភាព)។ ខុសពីហាងកាហ្វេនិងហាងគុយទាវ ដែលយើងអត់ចាំបាច់ហាមទេ។ សូមឱ្យ CDC ពិនិត្យមើល។ ខ្ញុំឱ្យវាយតម្លៃថា តើយើងគួរសមាមាត្រកម្រិតណា? រោងចក្រយើង ១៥នេះ ត្រូវពង្រីកយ៉ាងម៉េចទៀត? ទៅមុខទៀត យើងត្រូវរើសដែរ។ បើថាត្រូវបន្ថែម ត្រូវរើសតួអង្គដែលខ្លាំងតែម្ដង កុំរើសអ្នកណាមក(ឲ្យតែ)គ្រប់។ បើបើកហើយបិទហ្នឹង វាមិនមែនគ្រាន់តែជារឿងក្រុមហ៊ុនទេ។
(៩) ការដែលក្រុមហ៊ុនចេះតែបើកបិទៗ នឹងប៉ះពាល់ដល់កេរឈ្មោះប្រទេស បរិស្ថានវិនិយោគ និងទីផ្សារ
ការបើកបិទហ្នឹង វាប៉ះពាល់តែមប្រិ៍របស់កម្ពុជា។ ការឱ្យ license ហើយជួយឱ្យគេរស់សំខាន់ណាស់។ កុំឱ្យគេថា “បើកបិទៗ” បើក១០០ អបអរសាទរ ៥ឆ្នាំក្រោយនៅសល់តែ៥០។ បានន័យថា ៥០% បរាជ័យ។ វាក្លាយទៅជាហានិភ័យនៃការរកស៊ីស្រុកខ្មែរហើយ។ ក្រុមហ៊ុនមួយៗ មករកស៊ី គេមកវាយតម្លៃថាការរកស៊ីហ្នឹងមានឱកាសជោគជ័យប៉ុន្មាន? បើបើកបិទៗ ច្រើន វាគ្រោះថ្នាក់។ បើ Brand អន្តរជាតិទៀត បើកបិទៗ ដកមួយៗ ពិបាកណាស់។ វាប៉ះពាល់តែមប្រិ៍កម្ពុជា បរិស្ថាននៃការវិនិយោគនិងទីផ្សារ។ ខាង CDC បានគិតគូរ ហើយយើងបានពិនិត្យមើលលើវិស័យមួយចំនួន ដូចជាស៊ីម៉ងត៍។ ខាងស៊ីម៉ងត៍ សមាគមបានសុំតែម្តង កុំឱ្យចេញ license ទៀត។ ឥឡូវ យើងមាន ៨ហើយ។ ទីផ្សារយើង មួយឆ្នាំមានតែប៉ុន្មានលានតោនៗ ដែលគាត់ផលិតផ្គត់ផ្គង់ហើយ ប្រមាណ ៨លានតោន។ ឥឡូវសមត្ថភាពក្រុមហ៊ុន៨ ផលិតដល់ ១០លានតោនទៅហើយ។ មិនបាច់ឱ្យ license បន្ថែមទៀតទេ … ក្រុមហ៊ុនស្រាបៀរក៏យើងបិទដែរ។ ផលិតនាំចេញបាន។ ការផលិតសំរាប់ក្នុងស្រុកមានច្រើនហើយ។ ជួយប៉ុន្មានក្រុមហ៊ុនឱ្យរស់សិនដើម្បីធានាគុណភាពរបស់គាត់។ កុំឱ្យប្រកួតច្រើនពេក តួអង្គច្រើនពេក ទម្លាក់គុណភាព ដើម្បីទម្លាក់តម្លៃ។ ហ្នឹងគ្រោះថ្នាក់វិញ។ រៀបចំ Standard ឱ្យបាន ហើយធានាឱ្យគាត់រស់ ប្រកួតប្រជែងក្នុងកម្រិតណាមួយដែលអាចធ្វើបាន។
(១០) រៀបចំគោលនយោបាយ និងផ្តល់ជំនួយ ដើម្បីជួយឱ្យរីកចម្រើនដល់ឧស្សាហកម្មប្រតិគមន៍
ភាពជោគជ័យដែលខ្ញុំនិយាយ មិនមែនសំដៅលើតួលេខនៃការបើក(ផលិតកម្ម)ទេ។ ប៉ុន្តែ តួលេខឬអត្រាភាគរយនៃការបើក(ផលិតកម្ម)ហើយរស់និងរីក។ ដូចសាលាមួយអញ្ចឹង។ មិនអាស្រ័យលើតួលេខប៉ុន្មាននាក់ទទួលបានសញ្ញាបត្រទេ ប៉ុន្តែអាស្រ័យទៅលើភាគរយ ដែលទទួលបានសញ្ញាបត្រ បានការងារ ហើយរីក។ បានន័យថា គុណភាពដែលសាលាផ្តល់ឱ្យសិស្ស ភាគរយមានសមត្ថភាពចេញទៅអាចជោគជ័យ។ ហ្នឹងស្រដៀងគ្នា។ ការរៀបចំនិងការជួយដល់វិស័យនេះ ធ្វើការជាមួយក្រុមហ៊ុនដែលមានស្រាប់ ជាការគិតគូរបន្ថែមទៀតជួយយ៉ាងម៉េចបាន? គោលនយោបាយយើងជួយអ្វីខ្លះឱ្យក្រុមហ៊ុនដែលមានក្នុងស្រុករីក? ការលើកលែងអនុគ្រោះពន្ធកម្រិតណា? ការផ្តល់ជំនួយបន្ថែមណាដើម្បីឱ្យគាត់រស់ ឱ្យគាត់ក្លាយជាម៉ាស៊ីនជួយយើងពង្រីកឱកាសផ្សេងៗទៀត។ មិនថាការងារផ្ទាល់ទេ។ ថ្ងៃក្រោយ អាចជួយឱ្យរីកចម្រើនក្នុងឧស្សាហកម្មប្រតិគមន៍ បានន័យថាភ្ជាប់គ្នា។ បើសិនជាយើងអាចបង្កើតមុខរបរណាមួយ ដែលអាចជួយឧស្សាហកម្មរថយន្ត ១៥ហ្នឹងបាន (ដូចជា)ធ្វើកម្រាលព្រំ ឬមួយធ្វើអ្វីមួយ ដោយបង្កើតជាក្រុមហ៊ុនតូចៗ ជាសិប្បកម្មមួយចំនួនដែលអាចបង្កើតទីផ្សារហ្នឹងបាន គឺយើងជួយបានបន្ថែមទៀត។
(១១) ប្រហែលពិបាកក្លាយជាកន្លែងផលិតរថយន្តផ្គត់ផ្គង់តំបន់ តែមានលទ្ធភាពខ្ពស់ក្នុងការផលិតគ្រឿងបង្គុំ
ពេលដែលយើងមានសមត្ថភាពខ្ពស់ ថ្ងៃក្រោយយើងមិនត្រឹមតែអាចរុញទៅក្រុមហ៊ុនហ្នឹងដែលនៅក្នុងស្រុកទេ ជួនកាល បើមានសមត្ថភាពខ្ពស់ផលិត អាចយកកម្ពុជាជាមូលដ្ឋានផលិតគ្រឿងបង្គុំហ្នឹង សម្រាប់ចែកចាយក្នុងតំបន់ ព្រោះក្រុមហ៊ុនធំៗ ខ្លះដូចជា Toyota ដូច Ford អីមានសឹងតែគ្រប់ប្រទេសកន្លែងផលិតគ្រឿងបង្គុំ។ ប្រទេសមួយៗ ប្រាកដជាគាត់ធ្វើរថយន្តសម្រាប់ទីផ្សារហ្នឹងហើយ ប៉ុន្តែគ្រឿងបង្គុំអាចយកប្រទេសដូចជាយើង។ និយាយតាមត្រង់ ថ្ងៃក្រោយ ប្រហែលជាពិបាកក្នុងការក្លាយទៅជាកន្លែងផលិតរថយន្តផ្គត់ផ្គង់តំបន់ទាំងមូល ព្រោះបើប្រៀបធៀបជាមួយប្រទេសផ្សេងៗក្នុងតំបន់គេមានមូលដ្ឋានខ្ពស់ជាង។ តែបើសិនជាផលិតគ្រឿងបង្គុំ ហ្នឹងយើងមានលទ្ធភាពខ្ពស់ជាង។ បើយករថយន្តទាំងមូលផ្គុំនៅកម្ពុជាសម្រាប់ចេញទៅ យើងប្រហែលជារាងយឺតបន្តិច ប្រៀបធៀបជាមួយប្រទេសជិតខាងមួយចំនួន។ ប៉ុន្តែ បើជាគ្រឿងបង្គុំ ហើយគ្រឿងបង្គុំនេះមានតម្លៃខ្ពស់។ យើងអាចមើលថា “ត្រឹមតែខ្ចៅខ្យង វាមានតម្លៃអី ទាល់តែឡានទាំងមូលបានថ្លៃ”។ អត់ទេ! ខ្ចៅខ្យងហ្នឹង រាប់លានខ្ចៅខ្យង ដែលត្រូវការការផលិត អាចជួយបានការផលិតនៃក្រុមហ៊ុនសិប្បកម្មមួយចំនួននៅកម្ពុជា។
(១២) ធ្វើគ្រឿងបន្លាស់នាំចេញ ឬផលិតកង់ឡាន ឬចង្កូតចែកចាយក្នុងតំបន់ នឹងបង្កើតការងារនិងជំនាញ
ថ្ងៃមុន និយាយជាមួយខាងជប៉ុន។ គាត់រើការផលិតអ្វីមួយនោះ។ គាត់ដើររកមើល(តាមប្រទេសនានា)។ គាត់មើលនៅហ្វីលីពីន គាត់មើលនៅប៉ុន្មានប្រទេសទៀត។ ចុងក្រោយ គាត់សម្រេចយក Minebea។ ហ្នឹងដូចជា Bolts ឬអីទេ ដែលសម្រេចថា យកកម្ពុជាជាកន្លែងផលិតគ្រឿងបង្គុំហ្នឹងចែកចាយនៅក្នុងតំបន់។ ដូចគាត់ទៅពោធិ៍សាត់។ ខ្ញុំបានប្រាប់ឯកឧត្តម កែវ រតនៈ និងCDC “ឱ្យមើលៗ តើក្រុមហ៊ុនហ្នឹងត្រូវការអី ជួយស្អីខ្លះទៅ បើថាអត់ទាន់មានទេ យើងបង្កើតក្របខ័ណ្ឌលើកទឹកចិត្តថ្មីឱ្យគាត់” ទាញឱ្យមកធ្វើជាកន្លែងផលិត(សម្រាប់ចែកចាយក្នុង)តំបន់ មិនមែនផលិតសម្រាប់តែក្នុងស្រុកយើងទេ គឺផលិតទៅដល់ខ្សែច្រវាក់ផលិតកម្មរបស់គាត់នៅក្នុងតំបន់។ បើមានអញ្ចឹងទៀត ខ្ញុំថាជាគោលដៅធំរបស់យើង។ មិនបាច់ត្រូវការនាំឡានចេញទៅទាំងមូលផ្គត់ផ្គង់ទីផ្សារតំបន់ទេ។ ធ្វើគ្រឿងបន្លាស់ មួយឆ្នាំ ១០លានគ្រឿងបន្លាស់នាំចេញ ផលិតកង់ឡានចែកចាយក្នុងតំបន់ ផលិតតែចង្កូតចែកចាយក្នុងតំបន់ ខ្ញុំថាបង្កើតការងារ និងបង្កើតជំនាញច្បាស់ហើយ។ យើងត្រូវគិតថា ប្រទេសយើងជាផ្នែកមួយនៃខ្សែច្រវាក់ឧស្សាហកម្ម ឬរោងចក្រអាស៊ាន ឬមួយក៏ជាមួយប្រទេសផ្សេងទៀត។ ផលិតឡានមួយ ថ្ងៃក្រោយអាចផ្នែកមួយចំនួនចេញពីគេ។ ឥឡូវ ១០០% យកមកពីក្រៅទាំងអស់ដើម្បីមកផ្គុំ។ ថ្ងៃក្រោយ ផ្នែកមួយចំនួនត្រូវផលិតក្នុងប្រទេសដើម្បីផ្គត់ផ្គង់រោងចក្រក្នុងស្រុក។ បើរឹងមាំ យើងដាក់គោលដៅនាំចេញទៅក្រៅ ផ្គត់ផ្គង់ដល់ខ្សែច្រវាក់ផលិតកម្មនៅខាងក្រៅ។ នេះគឺជាគោលដៅ និងជាគោលនយោបាយអភិវឌ្ឍវិស័យឧស្សាហកម្មនៅកម្ពុជាផងដែរ។
[ចប់សេចក្ដីអធិប្បាយ២]
ការសម្ពោធជាផ្លូវការរោងចក្រផ្គុំដំឡើងរថយន្តម៉ាក GAC នេះ កំពុងបានឆ្លុះបញ្ចាំងពីជោគជ័យថ្មីមួយទៀតរបស់រាជរដ្ឋាភិបាល ក្នុងការជំរុញបរិវត្តកម្មវិស័យឧស្សាហកម្មកម្ពុជា ពីឧស្សាហកម្មដែលពឹងផ្អែកលើកម្លាំងពលកម្ម ទៅជាឧស្សាហកម្មដែលប្រើប្រាស់មូលធន បច្ចេកវិទ្យា និង ជំនាញកាន់តែខ្ពស់, ព្រមទាំងជំរុញ ការអភិវឌ្ឍឧស្សាហកម្មក្នុងស្រុក, ការបង្កើនតម្លៃបន្ថែមក្នុងសេដ្ឋកិច្ចជាតិ និង ការបង្កើតប្រភពកំណើនថ្មី ។
ខ្ញុំសូមវាយតម្លៃខ្ពស់ចំពោះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍, និង ក្រសួងស្ថាប័នពាក់ព័ន្ធ ដែលបានខិតខំប្រឹងប្រែងបំពេញភារកិច្ចរៀងៗខ្លួនប្រកបដោយស្មារតីបុរេសកម្ម និង អន្តរសកម្ម ក្នុងការសម្របសម្រួល និង គាំទ្រដល់ដំណើរការ វិនិយោគ, ចាប់តាំងពីការទាក់ទាញការវិនិយោគ និង បង្កើតរោងចក្រ រហូតដល់ការផលិត និង ចែកចាយផលិតផលក្នុងប្រទេសកម្ពុជា ។ ខ្ញុំសូមលើកទឹកចិត្តឱ្យក្រសួងស្ថាប័ន និង ភាគីពាក់ព័ន្ធទាំងអស់បន្តធ្វើការរួមគ្នា ក្រោមអភិក្រម «ជវភាពនៃប្រព័ន្ធតួអង្គតែមួយ» ក្នុងយុទ្ធនាការកែលម្អបរិយាកាសវិនិយោគ និង ធុរកិច្ចនៅកម្ពុជា ឱ្យមានប្រសិទ្ធភាព, ភាពប្រកួតប្រជែង និង នវានុវត្តន៍។
ក្នុងរយៈពេលជាងបីទសវត្សរ៍នេះ, មូលដ្ឋានសេដ្ឋកិច្ចកម្ពុជាបានប្រែប្រួលពីប្រទេសដែលពឹងផ្អែកស្ទើរទាំងស្រុងលើវិស័យកសិកម្មបែបប្រពៃណី ទៅជាប្រទេសដែលមានមូលដ្ឋានសេដ្ឋកិច្ចទូលាយ និង រឹងមាំ ដែលអាចចាប់យកឧស្សាហកម្មថ្មីៗ និង មានតម្លៃខ្ពស់ តាមរយៈការដាក់ចេញ និង អនុវត្តយ៉ាងសកម្ម ឱ្យទាន់ពេលនូវគោលនយោបាយត្រឹមត្រូវ មុតស្រួច និង ចំទិសដៅ ។ ជាក់ស្តែង, ចំណែកនៃវិស័យឧស្សាហកម្មក្នុង ផសស មានប្រមាណ ១២,៦% ក្នុងឆ្នាំ១៩៩៣ តែប៉ុណ្ណោះ, ឥឡូវយើងកើនឡើងរហូតដល់៤៣,២% ក្នុងឆ្នាំ២០២៥ ជាមួយនិន្នាការបន្តកើនឡើង ។
រាជរដ្ឋាភិបាលសម្រេចបានជោគជ័យជាបន្តបន្ទាប់ ក្នុងការធ្វើបរិវត្តកម្មវិស័យឧស្សាហកម្ម ពីឧស្សាហកម្មដែលពឹងផ្អែកជាចម្បងលើកម្លាំងពលកម្ម ទៅជាឧស្សាហកម្មដែលប្រើប្រាស់ជំនាញ និង បច្ចេកវិទ្យាកាន់តែខ្ពស់ តាមរយៈការដាក់ចេញ និង អនុវត្តយ៉ាងសកម្មនូវគោលនយោបាយជំរុញការនាំចេញ ជាពិសេស «គោលនយោបាយអភិវឌ្ឍវិស័យឧស្សាហកម្មកម្ពុជា ឆ្នាំ២០១៥–២០២៥» និង «ផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និង អេឡិចត្រូនិកកម្ពុជា» ។ ទន្ទឹមនេះ, រាជរដ្ឋាភិបាលក៏សម្រេចបានវឌ្ឍនភាពគួរឱ្យកត់សម្គាល់ ក្នុងយុទ្ធនាការធ្វើពិពិធកម្មផលិតផលនាំចេញ, ដែលបានឆ្លុះបញ្ចាំងតាមរយៈ ការកើនឡើងនៃការនាំចេញផលិតផលកម្មន្តសាលមិនមែនកាត់ដេរ ដូចជា កង់, សំបកកង់រថយន្ត, គ្រឿងបង្គុំអេឡិចត្រូនិក, ខ្សែចម្លងអគ្គិសនី, និង គ្រឿងបន្លាស់រថយន្ត ជាដើម ។
ក្នុងទសវត្សរ៍ខាងមុខ, កម្ពុជាត្រូវប្រឈមនឹងភាពមិនប្រាកដប្រជា, ទាំងក្នុងទិដ្ឋភាពភូមិសាស្រ្តនយោបាយ, សេដ្ឋកិច្ច និង ពាណិជ្ជកម្មអន្តរជាតិ, ខណៈដែលវិស័យឧស្សាហកម្មកម្ពុជា កាន់តែមានស្មុគស្មាញ និង ស៊ីជម្រៅជាងមុន; បច្ចេកវិទ្យា ជាពិសេស បញ្ញាសិប្បនិម្មិត កាន់តែរីកចម្រើនយ៉ាងឆាប់រហ័ស; សកលលោកមាននិន្នាការឆ្ពោះទៅរកអព្យាក្រឹតភាពកាបូន; និង ជាពិសេស ការត្រៀមខ្លួនរបស់កម្ពុជា ក្នុងការចាកចេញពីឋានៈជាប្រទេសមានការអភិវឌ្ឍតិចតួចនៅឆ្នាំ២០២៩ ខាងមុខ ។ ស្ថិតក្នុងបរិការណ៍នេះ, ឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ ដែលជាសេនាធិការផ្នែកគោលនយោបាយរបស់រាជរដ្ឋាភិបាល កំពុងសិក្សារៀបចំ «គោលនយោបាយអភិវឌ្ឍវិស័យឧស្សាហកម្មកម្ពុជា ឆ្នាំ២០២៦–២០៣៥» ក្នុងគោលបំណងដាក់ចេញនូវក្របខ័ណ្ឌប្រាកដនិយម សម្រាប់តម្រង់ទិសការធ្វើបរិវត្តកម្មរចនាសម្ព័ន្ធឧស្សាហកម្មកម្ពុជា សំដៅធានាបាននូវចីរភាពនៃការចូលរួមរយៈពេលវែងរបស់វិស័យឧស្សាហកម្មកម្ពុជា ក្នុងសេដ្ឋកិច្ចជាតិ និង ឈានទៅចាប់យកឧស្សាហកម្មដែលមានតម្លៃបន្ថែម ជំនាញ និង បច្ចេកវិទ្យាខ្ពស់ ។
ជាទិដ្ឋភាពរួម វិស័យឧស្សាហកម្មកម្ពុជា គិតត្រឹមខែកក្កដា ឆ្នាំ២០២៦ នេះ យើងមានក្រុមហ៊ុន រោងចក្រ ចំនួន ៣ ៣៥៧ រោងចក្រ ដែលចុះបញ្ជីនៅក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅតាមបណ្តារាជធានី-ខេត្តទាំង ២៥ របស់យើង ដែលប្រើប្រាស់កម្លាំងសរុប ១ លាន ៣ សែននាក់ ក្នុងនោះស្រ្តីជាង ៩០ ម៉ឺននាក់ ភាគច្រើននៅក្នុងវិស័យកម្មន្តសាល វាយនភណ្ឌ។
យើងមានទុនសរុប ២៨ ០០០ លានដុល្លារអាមេរិក កើនឡើងជាង ៦ ០០០ លានដុល្លារអាមេរិក ស្មើនឹង ២៨,៨២% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ក្នុងនោះ ទុនវិនិយោគក្នុងស្រុកមានចំនួនជាង ៤,៣ ពាន់លានដុល្លារអាមេរិក ស្មើនឹង ១៥,៤៨% នៃទុនវិនិយោគសរុប។
[ចាប់ផ្ដើមសេចក្ដីអធិប្បាយ៣]
(១៣) ពីគ្មានផលិតផលក្នុងស្រុក មកនាំចេញផលិតផលសម្លៀកបំពាក់ កសិកម្ម កសិ-ឧស្សាហកម្ម និងគ្រឿងបង្គុំអេឡិចត្រូនិក
ការជំរុញការបង្កើតរោងចក្របង្គុំនៅកម្ពុជា អាចជួយកាត់បន្ថយការនាំចូលផលិតផលសម្រេចពីក្រៅ ជំនួសមកវិញការផលិតផ្គត់ផ្គង់ក្នុងស្រុកដែលរក្សាបាននូវរូបិយប័ណ្ណបរទេស និងបង្កើតតម្លៃបន្ថែមផ្ទាល់ក្នុងប្រទេស។ បើកាលណាយើងនាំចូលមក យើងបង់តែលុយទាំងអស់ទៅក្រៅ ទាំងលុយសម្រាប់ពលកម្មស្អីៗ ដែលដំឡើងរថយន្តនៅក្រៅ។ តែបើយើងដំឡើងនៅក្នុង(ស្រុក) មួយផ្នែកនៃថវិកាគឺចូលប្រាក់បៀវត្សរ៍របស់បុគ្គលិក។ ការលក់ ការធានាតម្រូវការក្នុងស្រុកក៏បានជួយ។ យើងមានមោទនភាព ដែលខ្ញុំតែងតែនិយាយថា ពីមុនយើងសូម្បីតែទឹកក្រូចមួយកំប៉ុងក៏នាំចូលពីក្រៅប្រទេសដែរនោះ។ ពីដើមឆ្នាំ ១៩៩០ជាង យើងគ្មានផលិតផលក្នុងស្រុកទេ។ ឥឡូវយើងមានមិនត្រឹមតែផលិតសម្លៀកបំពាក់ទេ តែនាំចេញទាំងផលិតផលកសិកម្ម កសិ-ឧស្សាហកម្ម គ្រឿងហូប និងឈានទៅដល់គ្រឿងបង្គុំអេឡិចត្រូនិក។ ឥឡូវ ទឹកសុទ្ធនិងភេសជ្ជៈតិចណាស់ដែលយកមកពីខាងក្រៅ។ មានតែប្រភេទមួយចំនួនទេ។ ក្រៅពីហ្នឹងប្រើប្រាស់តែ(ផលិតផល)ក្នុងស្រុក។ អាចនិយាយបានថា យើងនាំសម្លៀកបំពាក់ភាគច្រើនចេញទៅច្រើនប្រទេស។ ថ្ងៃមុន ឱ្យលោកជំទាវ ចម និម្មល ទៅជួបជាមួយក្រុមអ្នកវិនិយោគពីអាមេរិក។ (សួរថា)គាត់ចង់មកធ្វើអី? (ថាមកដើម្បី)នាំផលិតផលយើងចេញទៅក្រៅ។
(១៤) ពីមានតែរថយន្តនាំចូលពីក្រៅប្រទេស មកអាចតម្លើងរថយន្តក្នុងស្រុកឱ្យប្រជាជនទិញប្រើ
កាលពីមុន យើងអត់មានសមត្ថភាព(នាំចេញ)ទៅទេ។ ឥឡូវយើងមានផលិតផលដែលមានស្តង់ដាកម្រិតខ្ពស់នាំទៅដាក់ទីផ្សារនៅអាមេរិកនិងអឺរ៉ុប។ កាលខ្ញុំទៅរៀននៅក្រៅ ទៅហាងអាស៊ីមួយណាក៏ផលិតផលអត់មានមកពីកម្ពុជាទេ។ ឥឡូវយើងមានកាន់តែច្រើន។ បានន័យថា វាបង្ហាញពីសមត្ថភាពផលិត ដែលមានគុណភាពអាចនាំចូលទៅប្រទេសនោះ(បាន)។ រថយន្ត(ខ្លះ)យើងនាំពីក្រៅ(ចូល)។ ឥឡូវ យើងផលិតរថយន្តនៅក្នុងស្រុកឱ្យប្រជាជនយើងទិញប្រើ។ យើងថាមិនទាន់ដល់ផលិតទេ យើងហៅបង្គុំទៅចុះ។ ប៉ុន្តែយ៉ាងហោចណាស់ ក៏វាផ្គុំនៅកម្ពុជា។ ក៏វាមានលេខស៊េរីរបស់វា។ លេខស៊េរីហ្នឹង ឥឡូវដាក់លេខស្រុកខ្មែរដែរ។ កាលមុន យើងទិញឡាន គេមើលលេខស៊េរីរបស់វា ភាគច្រើនគឺក្បាលបរទេស មកពីអារ៉ាប់ អាមេរិក អឺរ៉ុប … ឥឡូវមានលេខស៊េរីដែលដំឡើងនៅកម្ពុជា។ មិនទាន់បានផលិតខ្លួនឯង១០០% ក៏ផ្គុំនៅស្រុកខ្មែរដោយខ្មែរ។ នេះជាមោទនភាព។ យើងមិនមែនផ្គុំតែរទេះសេះ ធ្វើរ៉ឺម៉កទេ យើងធ្វើឡាន។ ពិតមែនតែប្រទេសផ្សេងធ្វើច្រើនជាងយើង ប៉ុន្តែយើងក៏ត្រូវមានមោទនភាព។ ពីមុន យើងធ្វើមិនបាន ឥឡូវយើងធ្វើបាន។ ហ្នឹងហើយជាមោទនភាពនៃការអភិវឌ្ឍខ្មែរ(ធ្វើបាន)នោះ។ បើយើងមិនមានមោទនភាពបែបនេះទេ គ្មានអ្នកណាមកមានមោទនភាពចំពោះយើងទេ។ នេះជាផលិតផលតូចតាច ប៉ុន្តែវាបង្ហាញអំពីការដើរទៅមុខ។
(១៥) មិនត្រឹមតែបង្កើតការងារទេ តែក៏ជំរុញការផ្ទេរបច្ចេកវិទ្យា ជំនាញ និងចំណេះដឹង
អ្នកកំពង់ឆ្នាំងថាឡានហ្នឹងផលិតនៅស្រុកខ្ញុំ។ ចេញពីខេត្តដែលគេទៅហួសមកហួស ទៅជាកន្លែងផ្គុំឡាន ដំឡើងឡាន។ ផលិតដោយកូនចៅអ្នកកំពង់ឆ្នាំង ដែលចូលធ្វើការនៅកន្លែងហ្នឹង។ នេះគឺជាការជួយ ការជំរុញផ្ទេរបច្ចេកវិទ្យា ឱ្យចេះធ្វើបណ្ដើរៗ។ នេះមិនត្រឹមតែបង្កើតការងារទេ។ អ្វីដែលសំខាន់គឺនិរន្តរភាព គឺផ្ទេរជំនាញនិងចំណេះដឹង។ បានន័យថាម៉េច? បានន័យថាកូនខ្មែរអាចប្រតិបត្តិការ បញ្ជាម៉ាស៊ីន និងបច្ចេកវិទ្យាមួយចំនួន មិនមែននៅក្នុងរោងចក្រនេះ កូនខ្មែរមកត្រឹមតែធ្វើអនាម័យនៅខាងក្រៅនោះទេ ឬនៅក្នុងទីនេះ សុទ្ធតែវិស្វករពីស្រុកគេទាំងអស់(ទេ) មិនមែនដល់ពេលចប់គេទៅស្រុកវិញយើងអត់ចេះអ្វីនោះទេ។ គឺផ្ទេរជំនាញ។ យើងរៀននៅក្នុងសាលា ចេញមកយើងធ្វើការផ្ទាល់ ដោយសារយើងយកបច្ចេកវិទ្យាទំនើបពីខាងក្រៅ។ ម្សិលមិញ ទៅសម្ពោធពេទ្យហ្លួងម៉ែ។ គួរជាមោទនភាព ដែលថានៅពេទ្យនោះ យើងបានបំពាក់ម៉ាស៊ីនព្យាបាលជំងឺមហារីកទំនើបជាងគេបំផុត។ គេថាម៉ូដែលថ្មីជាងគេបំផុត ដែលក្រុមហ៊ុនរបស់អាមេរិកផលិត។ បានន័យថា មិនមែនទិញរបស់ជជុះទេ តែជាប្រភេទស៊េរី ២០១០ ឬ២០២០ គឺថ្មីបំផុតដែលយើងបានបំពាក់។ ខ្ញុំសួរភ្លាម ថាម៉ាស៊ីនហ្នឹងមានអ្នកចេះប្រើឬអត់? ជាមោទនភាពដែលយើងមានពេទ្យដែលបានបណ្តុះបណ្តាល អាចប្រតិបត្តិម៉ាស៊ីនហ្នឹងបាន ហើយកំពុងតែពង្រីកបន្ថែមទៀត។ នេះគឺជាការផ្ទេរនៃជំនាញនិងចំណេះដឹង។
(១៦) ការផ្ទេរជំនាញនិងចំណេះដឹង ជាការបង្កើតនូវធនធាន ដែលជួយសេដ្ឋកិច្ចឲ្យមានភាពធន់
គាត់រៀនធ្វើពេទ្យហ្នឹងមែន តែចប់ពីហ្នឹង គាត់អាចទៅធ្វើការ ឧទាហរណ៍ ពេទ្យផ្សេងៗ នៅស្រុកខ្មែរ ដូចជាពេទ្យខេត្តអីចាប់ផ្តើមពង្រីក បើកសេវាព្យាបាលជំងឺ។ ថាពេទ្យតំបន់ចុះ ទៅថ្ងៃក្រោយព្យាបាលមហារីក។ អញ្ចឹងជំនាញដែលគាត់មានចេញពីហ្លួងម៉ែ អាចយកទៅជាមួយគាត់។ អ្នកដែលអាចប្រើម៉ាស៊ីនទំនើបព្យាបាលមហារីកនេះ នៅកម្ពុជាកាន់តែច្រើនឡើង។ អ្នកដែលអាចបញ្ជាម៉ាស៊ីនរ៉ូបូត៍ នៅក្នុងខ្សែច្រវាក់ដំឡើងបង្គំរថយន្ត ថ្ងៃក្រោយអាច Upgrade នៅពេលដែលយើងធ្វើអ្វីបន្ថែមមួយទៀត។ នេះគឺជាការផ្ទេរ ជាការបង្កើតនូវធនធាន ដែលជួយសេដ្ឋកិច្ចយើងឲ្យមានភាពធន់។ ជំនាញហ្នឹងអត់បាត់ទៅណាទេ។ គាត់រៀនហើយ គាត់មកធ្វើការមានបទពិសោធន៍ហើយ ទាល់តែគាត់បាត់ការចងចាំទើបបាត់។ ចំណេះដឹងនៅក្នុងខ្លួន។ ស្ថានភាពខាងក្រៅ អ្វីៗវាប្រែប្រួលយ៉ាងម៉េច តែចំណេះដឹងអត់ទៅណាទេ។ ធនធាននៅដដែល។ នេះគឺជាការបណ្តុះបណ្តាល និងការផ្ទេរ។ នេះហើយដែលយើងចង់បាន។ អញ្ចឹងហើយ ច្បាប់ការងាររបស់យើងថា បើបើករោងចក្រមួយ ឬមួយក្រុមហ៊ុនមួយ ត្រូវមានតែប៉ុន្មានភាគរយទេដែលមកពីក្រៅពីហ្នឹង ឯប៉ុន្មានភាគរយ(ជាខ្មែរ)។ ១០ភាគរយពីក្រៅប្រទេស ៩០ភាគរយត្រូវយកធនធានមនុស្សក្នុងស្រុក។
(១៧) រោងចក្រក្នុងស្រុកនឹងរើសយកបុគ្គលិកខ្មែរ តាមការតម្រូវនៃច្បាប់ បូកជាមួយការគិតគូរសេដ្ឋកិច្ច
មិនអាចបើករោងចក្រមួយមកសុទ្ធតែ(បរទេស) ខ្មែរតែ១០ភាគរយទេ។ ធ្វើសេវាអ្វីបន្តិចបន្តួច មកនៅក្នុងនេះសុទ្ធតែបរទេសទាំងអស់គឺអត់ទេ។ អញ្ចឹងអត់ផ្ទេរអ្វីទាំងអស់។ គេចប់ទៅស្រុកគេវិញ? យើងទាមទារឲ្យអតិបរមាត្រឹម១០ភាគរយ។ (នេះជា)ច្បាប់របស់យើង។ មានករណីលើកលែងជំនាញខ្លះ ឧទាហរណ៍ដូចនៅបញ្ជាថៅវើ (បញ្ជា)យន្តហោះអីអញ្ចឹង មនុស្សតែ ២០នាក់ ជំនាញយើងមិនទាន់មាន។ ពេលខ្លះយើងទុកពេលដើម្បីឲ្យបណ្ដុះបណ្ដាល … ប៉ុន្តែបើថាការងារធំអញ្ចេះ គោលបំណងអ្វី? គោលបំណងដើម្បីឲ្យ ទី១ ឱកាសការងារ, តែទី២ ឲ្យកូនខ្មែររបស់យើងមានឱកាសរៀនសូត្រ ប្រតិបត្តិ យកជំនាញផ្ទាល់ពីខាងហ្នឹង។ ខ្ញុំជឿក្រុមហ៊ុនវិនិយោគបរទេសដូចគ្នាដែរ មិនថាក្រុមហ៊ុនខ្មែរ ឬមកពីក្រៅ ក្រុមហ៊ុនបរទេសមកវិនិយោគ គ្មាននរណាចង់ស្ពាយ ១០០០ នាក់(ឬ)៥០០នាក់មកធ្វើការនៅទីនេះទេ។ បង់តែប្រាក់ខែ ក៏ទៅមិនរួច។ គេនឹងចង់យកបុគ្គលិកនៅស្រុកខ្មែរ។ បើគាត់បើករោងចក្រហ្នឹងនៅក្រៅ យកតែឡាននាំចូល ក៏អត់ឈឺក្បាលលើរឿងហ្នឹងដែរ។ លក់ឲ្យតែដាច់ទៅ។ តែបើបើករោងចក្រនៅស្រុកខ្មែរហើយ ត្រូវតែមានបុគ្គលិកធ្វើ ហើយដើម្បីធានាបុគ្គលិកត្រូវតែយកខ្មែរតាមច្បាប់ បូកជាមួយការគិតគូរសេដ្ឋកិច្ច ត្រូវតែយក។ អញ្ចឹង ត្រូវបង្រៀនកូនខ្មែរ អត់អាចលាក់បានទេ។ ខ្សែច្រវាក់ហ្នឹងត្រូវតែបង្រៀនឲ្យចេះទាំងអស់ បើគាត់អត់បង្រៀនឲ្យចេះទាំងអស់ បានន័យគុណភាពឡានគាត់អត់ល្អ។
(១៨) សញ្ញាឃើញពង្រីកសមត្ថភាពនិងភាពប៉ិនប្រសប់របស់មនុស្ស
ជាគោលការណ៍សំខាន់ ដាក់ទិសដៅសំខាន់ ការបណ្តុះបណ្តាល ភ្ជាប់ជាមួយការងារ ចេញពីសាលាបានមួយកម្រិតសញ្ញាបត្រ វិញ្ញាបនបត្រ ប៉ុន្តែធ្វើការផ្ទាល់បានសញ្ញាឃើញ។ យើងចង់បានសញ្ញាឃើញឲ្យច្រើន។ សញ្ញាឃើញនេះហើយដែលពង្រីកសមត្ថភាពនិងភាពប៉ិនប្រសប់របស់មនុស្ស។ យើងរៀននៅក្នុងសាលា អាចដោះស្រាយសមីការដែលគ្រូដាក់ឲ្យ ប៉ុន្តែចេញទៅក្នុងស្ថានភាពពិតប្រាកដ យើងប្រាកដជាត្រូវយកមូលដ្ឋាននោះដោះស្រាយបទពិសោធន៍ថ្មីៗហើយ។ បានជាការបង្កើតរោងចក្រមួយនៅកន្លែងនេះ ដែលរាល់ថ្ងៃបង្កើត ២៥០កន្លែង។ ក្នុងនោះប្រហែលមានអ្នកបច្ចេកទេសមួយចំនួន ជាការចាប់ផ្តើម ហើយធនធាននេះ មិនបាត់ទៅណាទេ។ ដូចខ្ញុំនិយាយអញ្ចឹង គាត់រៀនហើយ ទាល់តែថាគាត់ឈឺ គាត់ភ្លេច បាត់មនុស្សពីលើលោកតែម្តង បានបាត់សមត្ថភាពនោះចោល។ គឺជាធនធានដែលនឹងដើរពេញប្រទេសថ្ងៃក្រោយ បើគាត់ធ្វើការនៅទីនេះ បន្តកាន់តែរីក ទៅថ្ងៃក្រោយ គាត់អាច Upgrade skills ឬមួយក៏គាត់ចេញទៅកន្លែងផ្សេង គាត់អាចមានសមត្ថភាព យកជំនាញពីនេះយកទៅបន្ថែម ជួយទៅដល់ការជំរុញការផលិត និងវិស័យឧស្សាហកម្មរបស់យើង។
[ចប់សេចក្ដីអធិប្បាយ៣]
ពង្រឹងភាពជឿជាក់របស់សមាគមវិនិយោគអន្តរជាតិចំពោះកម្ពុជា ជាពិសេសបង្ហាញឲ្យឃើញថា កម្ពុជាមានសមត្ថភាពគ្រប់គ្រាន់ សម្រាប់គាំទ្រដល់ឧស្សាហកម្មធុនធ្ងន់ និងមានតម្លៃខ្ពស់បន្ថែម មិនត្រឹមតែវិស័យកាត់ដេរ និងកសិកម្មប្រពៃណីនោះទេ។
[ចាប់ផ្ដើមសេចក្ដីអធិប្បាយ៤]
(១៩) តួអង្គច្រើនប្រកួតប្រជែង នាំដល់ការដាក់ចេញវិធីសាស្ត្រដែលពេលខ្លះប៉ះពាល់គុណភាព
(គាំទ្រដល់ឧស្សាហកម្មធុនធ្ងន់ និងមានតម្លៃខ្ពស់បន្ថែម មិនត្រឹមតែវិស័យកាត់ដេរ និងកសិកម្មប្រពៃណី)នេះ ដែលខ្ញុំថា ត្រូវតែធានាឲ្យគាត់រស់ឲ្យគាត់រីក។ កុំឲ្យថាកម្ពុជាបានតែកាត់ដេរបានរីក បើកក្រុមហ៊ុនឡានដួលៗ។ អត់មានមនុស្ស អត់មានកម្មករ ឬមួយក៏គោលនយោបាយយើងអត់គ្រប់គ្រាន់ រួមទាំងរឿងធានាទីផ្សារកម្រិតណាមួយ។ ជួយគាត់។ លំហ មិនមែនយើងទៅធានាថាត្រូវតែលក់ប៉ុណ្ណេះៗទេ ប៉ុន្តែទុកបរិស្ថានហ្នឹងគាត់ប្រកួត កុំឲ្យតួអង្គច្រើនហួសពេក។ នេះគឺជាកត្តាមួយសំខាន់។ តួអង្គច្រើន ដើម្បីក្រុមហ៊ុននីមួយៗ រស់ គឺត្រូវតែដាក់ចេញនូវវិធីសាស្ត្រហើយ។ ពេលខ្លះវាប៉ះពាល់។ ប៉ះពាល់សំខាន់ដែលយើងបារម្ភជាងគេ គឺប៉ះពាល់នៅក្នុងការកាត់តម្លៃដើម្បីរកការធានាទីផ្សារ។ តែកាត់តម្លៃ វាឆ្លុះបញ្ចាំងអំពីកាត់គុណភាព។ ឥឡូវបើផលិតតាមស្តង់ដា វាអស់ប៉ុណ្ណេះក្នុងមួយគ្រឿង អញ្ចឹងត្រូវតែកាត់ស្អីខ្លះ។ អានេះកុំដាក់ល្អពេក។ អាហ្នឹងថ្លៃហើយ យកអាប្រភេទនេះមក។ បើដាក់មិនស្រួល ដោះម៉ាស៊ីនមិនស្រួល ទៅលេងឆិនឆៃ ហ្វ្រាំងទៀត ចប់បាត់ហើយ។ ហ្វ្រាំងហ្នឹងមួយ ៥០០០ ដាក់ប្រកួតអត់ឈ្នះគេ ទៅយកអាហ្វ្រាំងមួយ ១៥០០ យកមកដាក់ ជាន់បន្តិច(មិនជាប់) មានបញ្ហា។ ឧទាហរណ៍ទេ។ តែខ្ញុំនិយាយនេះ តែចំពោះវិស័យរថយន្តទេ ប៉ុន្តែវាឆ្លុះបញ្ចាំងនូវវិស័យមួយចំនួនដែលយើងធ្លាប់គិត និងបានចេញជាស្ថានភាពមួយចំនួនហើយ ជាពិសេសការវិនិយោគធំៗបែបនេះ។
(២០) ផ្តល់ធនធានមនុស្ស ការពារទំនុកចិត្ត ធានាកេរ្តិ៍ឈ្មោះ និងបរិស្ថានវិនិយោគរបស់កម្ពុជា
យើងត្រូវធ្វើម៉េចធានាឲ្យការរីកចម្រើន ធានាភាពជឿជាក់របស់សហគមន៍វិនិយោគអន្តរជាតិ ជាតិទាំងអន្តរជាតិ ជាពិសេសអន្តរជាតិ ព្រោះក្រុមហ៊ុន GAC គឺក្រុមហ៊ុនអន្តរជាតិ, Chevrolet ក៏អន្តរជាតិ Toyota BYD Ford សុទ្ធតែក្រុមហ៊ុនកម្រិតអន្តរជាតិ។ អញ្ចឹងត្រូវធានា។ តែមប្រិ៍សំខាន់។ គាត់បើក គាត់រីក បង្កើតភាពជឿជាក់។ ខ្ញុំចាំ កាលយើងសួរនៅក្នុងវិស័យលក់កាបូបលក់អីហ្នឹង គេមានប្រេនមួយចំនួន ដែលអ្នកនាំមុខ។ ប្រេនខ្លះដូចជាLV Hermes អ្វីហ្នឹង តែចូលទៅកន្លែងណា គឺអ្នកតូចៗ ល្មមៗ ជឿហើយ ព្រោះអ្នកហ្នឹងជានាក់ដែលនាំមុខ។ គេសិក្សាច្បាស់លាស់។ អញ្ចឹង យើងទម្រាំតែបានតែប្រេនអន្តរជាតិមកវិនិយោគប៉ុណ្ណេះ មិនមែនក្រុមហ៊ុនទាំងអស់នោះ(មិនបានសិក្សាទេ)។ ខាងក្រុមហ៊ុន GAC មិនមែនមិនបានសិក្សាទីផ្សារទេ។ បើសិនជាធ្វើមិនស្រួល ខូចប្រេនរបស់គាត់ទូទាំងពិភពលោក។ អញ្ចឹងទាល់តែមានការជឿទុកចិត្ត ទាំងសមត្ថភាពទាំងច្បាប់ទម្លាប់ទាំងការលើកទឹកចិត្ត ផ្នែកធុរកិច្ចដែល(មាន)គុណភាព។ អ្វីដែលសំខាន់គឺយើងមានសមត្ថភាពនៅក្នុងការផ្តល់នូវតម្រូវការធនធានមនុស្សផ្សេងៗនេះឯង។ អញ្ចឹងធ្វើម៉េច កុំភ្លេចការពារទំនុកចិត្ត ការពារបរិស្ថានដែលអាចធានាកេរ្តិ៍ឈ្មោះរបស់កម្ពុជា បរិស្ថានវិនិយោគរបស់កម្ពុជា។ អញ្ចឹងធានាទាំងការអោយ license គេ ទាំងការ operate របស់គេ … ហ្នឹងហើយជាភារកិច្ចរបស់ CDC និងក្រសួងស្ថាប័ននិងខេត្ត។
(២១) កែទម្រង់ CDC បង្កើនសមត្ថភាពទាក់ទាញ សម្រួល ថែទាំនិងជួយដោះស្រាយពេលមានបញ្ហា
ឯកឧត្តម ស៊ុន សុវណ្ណរិទ្ធិ នៅទីនេះ។ យើងខំប្រឹងជួយហើយ បើកហើយ ប៉ុន្តែកុំភ្លេចពេលបើកហើយកុំព្រលែង ត្រូវតែនៅជួយថែទាំ។ គេមានការអីត្រូវតែថែទាំឱ្យគេ។ បន្តិចៗហ្នឹងគឺជាកត្តាសំខាន់ណាស់។ តូចៗហ្នឹងហើយបូកទៅធំ។ ជួនកាលល្បឿននៃការដោះស្រាយរឿងតូចមួយសោះ ធ្វើឱ្យប៉ះពាល់ដល់តម្លៃផលិតទាំងមូល។ គាត់ដាក់ផែនការអត់ចេញ រវល់តែសុំឯកសារសុំស្អីៗនេះ អត់ព្រមឱ្យគេ អញ្ចឹងវាយូរពេកវាធ្វើឱ្យខូចខ្សែច្រវាក់ និងផែនការប្រចាំឆ្នាំ ឬមួយបីបួនឆ្នាំរបស់គេ។ CDC បានខិតខំធ្វើ យើងបង្កើតវេទិកា។ ឯកឧត្តម ស៊ុន ចាន់ថុល ថ្ងៃខ្លះទូរស័ព្ទមកប្រាប់ខ្ញុំ “សម្ដេច ថ្ងៃនេះតាំងពីព្រឹករហូតដល់យប់ ដាក់ជួប ១០ក្រុមហ៊ុន។ មួយក្រុមហ៊ុនមួយម៉ោង។ អង្គុយស្ដាប់ត្រូវការជួយដោះស្រាយអី្វ។ ឥឡូវយើងកំពុងកែទម្រង់ CDC ដើម្បីបង្កើនសមត្ថភាពក្នុងការជួយដោះរឿងហ្នឹង ទាក់ទាញ សម្រួល ដើម្បីឱ្យមានការវិនិយោគចាប់ផ្ដើម ថែទាំនិងជួយដោះស្រាយពេលដែលមានបញ្ហា។ អញ្ចឹងខេត្តនីមួយៗ ទាញមកហើយកុំភ្លេច(ធានា និងថែទាំ)។ ខ្ញុំជឿថា គេមកខេត្តកំពង់ឆ្នាំងបើកក្រុមហ៊ុននេះចេញ មិនមែនគ្មានការជួយគាំទ្រស្វះស្វែងពីគ្រប់ភាគីពាក់ព័ន្ធ ជាពិសេសមូលដ្ឋានហ្នឹងទេ។ បើសិនជាមកដោះស្រាយដីមិនចេញផង ទៅធ្វើម៉េច។ នេះជាកត្តាសំខាន់។ បើក្រុមហ៊ុនមួយនាំមុខមកហើយ គាត់ទៅនិយាយតគ្នា ដាក់នៅណាវើយ?
(២២) កំពង់ឆ្នាំងឈរកណ្ដាលរវាងខាងកើតនិងខាងលិចទន្លេសាប ព្រមទាំងនឹងមានគន្លងព្រែកជីកហ្វូណន
ដាក់កំពង់ឆ្នាំងទៅ រាងឆ្ងាយពីភ្នំពេញបន្តិច ឆ្ងាយពីកំពង់សោម ប៉ុន្តែខេត្តគេជួយ ស្រួល អត់បញ្ហា។ ខេត្តកំពង់ឆ្នាំង បើនិយាយពីហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ អាចទៅជាកន្លែងកណ្ដាលមួយ ជាពិសេសខាងកើត ខាងលិចទន្លេសាបនៅកន្លែងហ្នឹង។ ជិតទៅដល់ផ្លូវទៅកំពង់ស្ពឺ។ កំពង់ស្ពឺហ្នឹងទៀត យើងធ្វើផ្លូវ៤៤ បុកទៅកោះកុង កំពង់ស្ពឺហ្នឹងបុកទៅកំពង់សោម។ ឥឡូវ ផ្លូវយើងខ្វាត់ខ្វែង។ កាលពីមុន យើងថាកំពង់ស្ពឺលំបាក ឥឡូវកំពង់ស្ពឺឧស្សាហកម្មដេញជើងគ្នា ហៀរមកដល់កំពង់ឆ្នាំង ពោធិ៍សាត់ចាប់ផ្ដើមបុកដែរ។ អញ្ចឹង ខ្ញុំថាផ្លូវជាតិលេខ៥ តំបន់ឧស្សាហកម្ម ទៅដល់ខាងលើហ្នឹងច្រករបៀង កសិឧស្សាហកម្មចុះ ប៉ុន្តែផ្លូវនេះ ខ្សែច្រវាក់កំពង់ឆ្នាំង ពោធិ៍សាត់ ភ្នំពេញ តភ្ជាប់ទៅតាមកំពង់លែង ផ្លូវ៥០C ជាមួយកំពង់ធំ(សុទ្ធតែតំបន់)ឧស្សាហកម្ម និងកម្មន្តសាល។ បន្តិចទៀត ការដឹកជញ្ជូននឹងមានគន្លងព្រែកជីកហ្វូណនមកដល់ កំពង់ផែពហុបំណង(ដែល)យើងគ្រោងធ្វើ ដើម្បីតភ្ជាប់ហ្នឹង។ អញ្ចឹង ដឹកថ្ងៃក្រោយទៅកំពង់ផែព្រះសីហនុ ដាក់ទៅទូកនៅកន្លែងណាមួយចុះទៅថោក។ ខេត្តកំពង់ឆ្នាំងមានសក្តានុពលធំ ប៉ុន្តែវាអាស្រ័យទៅលើ(ការចេះទាញ)។ មានរបស់ល្អហើយ មិនប្រាកដថាទាក់ទាញទេ ទាល់តែរឿងបរិស្ថានមានទំនុកទុកចិត្ត។
(២៣) អនុវត្តគោលការណ៍ “ធ្វើឱ្យស្រួលរស់ ឱ្យស្រួលរីក” សំរាប់វិនិយោគក្នុងនិងក្រៅប្រទេស
ខ្ញុំឃើញ ខេត្តនីមួយៗ ខិតខំប្រឹងប្រែងប្រកួតប្រជែងគ្នា ចេញទៅក្រៅទាក់ម៉ូយខ្លួនឯង ចូលមកខំធ្វើឱ្យម៉ូយសប្បាយចិត្ត។ នេះគឺជាកិច្ចការសំខាន់។ រាជរដ្ឋាភិបាលបានត្រឹមតែដាក់ចេញគោលនយោបាយលើកទឹកចិត្តទេ ប៉ុន្តែការអនុវត្តយ៉ាងណា កុំឱ្យមានបញ្ហា ឱ្យអ្នកវិនិយោគសប្បាយចិត្ត ទាំងវិនិយោគក្នុងប្រទេស ទាំងវិនិយោគក្រៅប្រទេសគឺឱ្យសប្បាយចិត្ត។ ឱ្យរីក ឱ្យរស់ ឱ្យស្រួលរស់ ឱ្យស្រួលរីក។ អាហ្នឹងគឺជាគោលការណ៍។ វិស័យឯកជនរីក គឺជួយរាជរដ្ឋាភិបាលច្រើនក្នុងការបង្កើតការងារ ក្នុងការជួយដោះស្រាយចំណូល។ ក្រុមហ៊ុនរកស៊ីចំណេញទៅបង់ពន្ធមក។ យកពន្ធហ្នឹងទៅធ្វើផ្លូវធ្វើអីបន្ថែមទៀត បើកប្រាក់ខែជូនមន្ត្រីរាជការ ពង្រីកសក្តានុពលលើកទឹកចិត្តដល់វិស័យឯកជនថែមទៀត។ ពន្ធខ្លះយើងទម្លាក់មែន ប៉ុន្តែយើងទម្លាក់ដើម្បីឱ្យគាត់រីក។ អញ្ចឹងអាចទម្លាក់ពន្ធអាករមួយចំនួន។ តែពេលគាត់រីក គាត់ដើរទៅ ពន្ធខាងនេះមក ហោប៉ៅឆ្វេង ហោប៉ៅស្ដាំ។ នេះជាចំណុចដែលត្រូវការពារ។ ភាពជឿជាក់របស់វិនិយោគិនអន្តរជាតិ វិនិយោគិនជាតិ ចំពោះកម្ពុជាមិនត្រឹមតែសមត្ថភាពរបស់យើងក្នុងការធានាខ្សែច្រវាក់ទេ ប៉ុន្តែក្នុងការធានានូវបរិស្ថាន …។
[ចប់សេចក្តីអធិប្បាយ៤]
តាមរបាយការណ៍វាយតម្លៃការអនុវត្ត «ផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និង អេឡិចត្រូនិកកម្ពុជា» ក្នុងឆ្នាំ២០២៣-២០២៤, ឧស្សាហកម្មប្រតិគមន៍នៅមានកម្រិតនៅឡើយ ដោយសារកង្វះអ្នកផ្គត់ផ្គង់ក្នុងស្រុក ដែលត្រូវបន្តពឹងផ្អែកលើការនាំចូលធាតុចូលផលិតកម្មពីបរទេស ។
[ចាប់ផ្តើមសេចក្តីអធិប្បាយ៥]
(២៤) SME ជាក្រុមហ៊ុនឯកទេសជំនាញលើផលិតផលអ្វីមួយ
(… ឧស្សាហកម្មប្រតិគមន៍នៅមានកម្រិតនៅឡើយ …) នេះដែលខ្ញុំបានលើកអម្បាញ់មិញ។ យើងកំពុងតែចង់ពង្រីក SME នៅខាងក្នុង ព្រោះរូបមន្ត ឬអភិក្រមដែលយើងដើរគឺត្រូវជំរុញ SME។ យើងមិនចាំបាច់ពឹងផ្អែកទៅលើក្រុមហ៊ុនធំ ក្រុមហ៊ុនយក្សពេកទេ។ ក្រុមហ៊ុនយក្ស ក៏យើងជួយលើកទឹកចិត្ត ប៉ុន្តែក៏មិនចាំបាច់មានច្រើនដែរទេ។ គ្មានប្រទេសណាមានក្រុមហ៊ុនយក្សធំច្រើនទេ តែក្រុមហ៊ុន SME តូចៗច្រើន ហើយក្រុមហ៊ុនមួយៗ អាចជាក្រុមហ៊ុនផលិត គេហៅឯកទេសជំនាញលើផលិតផលអ្វីមួយ។ ការដោះស្រាយខ្សែច្រវាក់ផលិតកម្ម ការគិតគូរអំពីការលើកទឹកចិត្តបន្ថែមក្នុងដំណាក់កាលដែលយើងមានសង្គ្រាមព្រំដែន ការបិទច្រក ឱកាសក្នុងការពង្រីកត្រូវតែមើលទៅលើជ្រុងពីរ។ ជ្រុងមួយដែលយើងប៉ះពាល់អវិជ្ជមាន ត្រូវរកវិធីដោះស្រាយកាត់បន្ថយផលលំបាក តែពេលជាមួយគ្នាគឺប្រែក្លាយទៅជាកាលានុវត្តន៍ ជាឱកាសសម្រាប់យកមកពង្រឹងអ្វីដែលយើងអាចធ្វើបាន។ ក្នុងនោះការពង្រីកផលិតផលនៅក្នុងស្រុកត្រូវតែមានចីរភាព។ មានឱកាសហើយ យកឱកាសនេះដើម្បីធានាចីរភាព។ មិនមែនកំណើនតែចំនួនទេ ប៉ុន្តែកំណើនគុណភាពដើម្បីធានានូវទីផ្សាររយៈពេលវែង។
(២៥) ទិញរថយន្តផលិតក្នុងស្រុកជាមោទនភាពជាតិ ប៉ុន្តែបើមិនធានាទីផ្សារ តម្លៃ និងគុណភាព ក៏ទៅមិនរួច
SME ដើរតួនាទីសំខាន់ ហើយរាជរដ្ឋាភិបាលក្រសួងឧស្សាហកម្ម បច្ចេកវិទ្យា នវានុវត្តន៍ ក៏បានដើរតួនាទីជាសេនាធិការដ៏សំខាន់ក្នុងការអនុវត្តគោលការណ៍នេះ។ កិច្ចការមួយចំនួនទៀតគឺត្រូវគិតគូរជាកញ្ចប់។ មិនមែនគិតគូរដាច់ដោយឡែកទេ។ បានន័យថា យើងមិនមែនឱ្យលើកទឹកចិត្តតែក្រុមហ៊ុនរថយន្ត តែយើងអត់លើកទឹកចិត្តទៅឱ្យក្រុមហ៊ុនដែលតភ្ជាប់ទេ។ អញ្ចឹងឱ្យគិតគូរថាតើយើងអាចផលិតប៉ុន្មាន នៅក្នុងតួរថយន្តហ្នឹងមានប៉ុន្មាន ហើយប៉ុន្មានអាចធ្វើក្នុងស្រុក។ យើងគិតគូរជាកញ្ចប់ ជាខ្សែច្រវាក់តែម្ដង។ កុំឲ្យគ្រឿងបង្គុំថ្លៃ យកមកផ្គុំចុងក្រោយគង់តែថ្លៃទេ។ អញ្ចឹង បើចង់ឲ្យឡានហ្នឹងថោក ប្រជាជនយើងទិញ ព្រោះផលិតក្នុងស្រុក ជាមោទនភាពជាតិ ប៉ុន្តែមិនធានាទីផ្សារ(ក៏មិនជាជំរើសល្អដែរ) ទាល់តែតម្លៃ និងគុណភាព។ បើចង់ឲ្យយកគ្រឿងបង្គុំក្នុងស្រុក ទាល់តែយើងជួយលើកទឹកចិត្ត ទាំងការផលិតគ្រឿងបង្គុំ ទាំងគុណភាព ទាំងតម្លៃឲ្យប្រទាក់ក្រឡាគ្នា ដើម្បីឡាននេះចុងក្រោយទៅតម្លៃសមរម្យ ប្រកួតប្រជែងបាន ប្រជាជនយើងទិញ។ យើងចង់បានឱ្យប្រជាពលរដ្ឋមានលទ្ធភាពប្រើប្រាស់យានយន្តថ្មី តម្លៃសមរម្យ ដោយយើងមិនចាំបាច់ទៅដាក់ការហាមមិនឲ្យនាំរថយន្តមួយទឹកមក។ យើងមិនអាចទៅហាមបិទជិតដូចប្រទេសខ្លះដែលហាមមិនឲ្យចូលនិងត្រូវតែទិញតែថ្មី។ អត់ទេ។ យើងទុកឲ្យប្រជាជនគាត់សម្រេចវិញ។ បើឡានមួយទឹកមកតម្លៃប៉ុណ្ណឹង តែទិញឡានថ្មីគុណភាពល្អតម្លៃប្រហាក់ប្រហែល ខ្ញុំទិញថ្មី។ ឥឡូវជិះច្រើនសឹងអីហើយហ្នឹង ជាពិសេសឡាន EV …
(២៦) ភាពប្រកួតប្រជែងរបស់ក្រុមហ៊ុនដំឡើងក្នុងស្រុក គឺសេវាគាំទ្រ
ពិតណាស់ យើងដាក់វិធានការមួយចំនួនបណ្ដោះអាសន្នទេ រឿងការបន្ធូរពន្ធ បន្ធូរអី EV នេះសម្រាប់រថយន្តនាំចូល។ យើងក៏គិតអំពីសុខភាពនៃការដំឡើងក្នុងស្រុក។ បើសិនជានាំពីក្រៅមកវាថោកជាងហើយគឺវាចប់ហើយ មិនបាច់ដំឡើងក្នុងស្រុកអី។ ក្រុមហ៊ុនក្នុងស្រុកមិនបាច់ដំឡើងក្នុងស្រុកធ្វើអីទៅយកពីក្រៅមកដដែលទៅ។ តែយើងនឹងជួយកម្រិតណាមួយ គិតទាំងអ្នកលក់ គិតទាំងប្រជាពលរដ្ឋ គិតទាំងអ្នកផលិត ឲ្យមានតុល្យភាព។ មានសំណួរខាងវិស័យរថយន្តថាចុះគោលនយោបាយយើងទម្លាក់ពន្ធហ្នឹងធ្វើយ៉ាងម៉េច។ ឥឡូវអាចប្រឈមការប្រកួតប្រជែងជាមួយក្នុងស្រុក។ យើងមានការគិតគូរហើយ។ ប៉ុន្តែអ្វីដែលក្នុងដំណាក់កាលសង្គ្រាមនៅមជ្ឈិមបូព៌ាដំឡើងថ្លៃប្រេងឥន្ធនៈ យើងទម្លាក់ពន្ធទៅលើឧបករណ៍គ្រឿងយន្ត យានយន្តមួយចំនួនដែលប្រើប្រាស់ EV ដើម្បីឲ្យគាត់មានលទ្ធភាពប្រើ។ ប៉ុន្តែ ចុងក្រោយនៅតែ(អាស្រ័យលើ)គុណភាព និងតម្លៃ ហើយជាពិសេសសេវាគាំទ្រ។ គេថា ភាពប្រកួតប្រជែងមួយរបស់ក្រុមហ៊ុនដែលដំឡើងក្នុងស្រុកគឺសេវាគាំទ្រ ព្រោះបើទិញពីរោងចក្រ គឺមានមានការធានា។ ទិញមកពីក្រៅ ជួនកាលទៅរក dealer វិញ អត់ដឹងគេធានាយ៉ាងម៉េច តែនៅទីនេះសេវាគាំទ្រក៏សំខាន់ដែរ។ សួរលោកពូ ណម តុង ដូចរថយន្តពីនេះ យើងធានាប៉ុន្មានដូច ២ឆ្នាំអីដែរ។ អញ្ចឹងគាត់ដឹងថាមានក្រុមហ៊ុនមួយដែលមិនទៅណា។ ចំណុចវិជ្ជមានមួយរបស់កន្លែងដែលដំឡើង គឺសេវាគាំទ្រហ្នឹងឯង។ សំខាន់ណាស់ ទិញសម្ភារៈមក តែទិញហើយចេញមកមានបញ្ហា ទៅវិញ អត់មានខ្ចៅមានខ្យង ទិញទៅវិញចាំ ៣ខែ ឬមួយក៏ទៅដល់អត់មានអ្នកដែលធ្វើ។ ឥឡូវបច្ចេកទេសឡានអត់បានទេ។ ឡានបច្ចេកវិទ្យាឥឡូវនេះ ដូរតែចង្កៀងមួយជួនកាលឡានលែងទៅមុខ។ ដូរដាក់មិនត្រូវថ្លឹងភ្លើងមិនគ្រប់។ អញ្ចឹងត្រូវការការធានា សេវា …។
[ចប់សេចក្ដីអធិប្បាយ៥]
នៅក្នុងទិសដៅរបស់យើង ខ្ញុំសូមលើកទឹកចិត្តឲ្យរោងចក្រសិក្សាលទ្ធភាពនៅក្នុងការសហការជាមួយរោងចក្រ សហគ្រាសក្នុងស្រុក ដើម្បីផលិត និងផ្គត់ផ្គង់គ្រឿងបង្គុំរថយន្តផ្សេងៗ សំដៅកាត់បន្ថយថ្លៃដើមដូចបានលើកខាងលើ។ ជាក់ស្ដែងឥឡូវនេះ យើងមានក្រុមហ៊ុនផ្គុំដំឡើងរថយន្តលំដាប់អន្តរជាតិមួយ ដែលទទួលការផ្គត់ផ្គង់គ្រឿងបង្គុំពីប្រភពក្នុងស្រុក ២០ ភាគរយហើយ។
[ចាប់់ផ្ដើមសេចក្ដីអធិប្បាយ៦]
មានន័យថាក្នុងស្រុកធ្វើបាន គ្រាន់តែទាញយកបទពិសោធន៍នេះ ទាញយកគំរូនេះ ដើម្បីពង្រីកឲ្យកាន់តែធំ។
[ចប់សេចក្ដីអធិប្បាយ៦]
ដូច្នេះ, ខ្ញុំសូមលើកទឹកចិត្តឱ្យគ្រប់ក្រុមហ៊ុនផ្គុំដំឡើងរថយន្តទាំងអស់ ចូលរួមគាំទ្រក្រុមហ៊ុនផ្គត់ផ្គង់ក្នុងស្រុក ឱ្យបានកាន់តែខ្លាំងក្លាថែមទៀត ដើម្បីកាត់បន្ថយថ្លៃដើមផលិតកម្ម និង ចំណាយប្រតិបត្តិការ ។
យើងចាប់ផ្តើមពីការផ្គុំសម្រាប់លក់ក្នុងស្រុក ទៅរកការផលិត សម្រាប់នាំចេញ តាមរយៈ ការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីឧស្សាហកម្មយានយន្ត, និង ការអនុវត្តយន្តការពាណិជ្ជកម្មសេរីដែលកម្ពុជាបានចុះកិច្ចព្រមព្រៀង ដើម្បីជៀសផុតពី «អន្ទាក់នៃការផ្គុំដំឡើង» ដោយអនុវត្តតាមអភិក្រម «ផ្គុំដំឡើង→ផលិតគ្រឿងបង្គុំ →បង្កើតជំនាញវិស្វកម្ម→អភិវឌ្ឍបច្ចេកវិទ្យា→នាំចេញ» ។
[ចាប់ផ្ដើមសេចក្ដីអធិប្បាយ៧]
(២៧) គិតគូរជាវិស័យ កុំគិតគូរជាក្រុមហ៊ុននីមួយៗ បើជួយគឺជួយវិស័យទាំងមូល
ទិសដៅចក្ខុវិស័យ និងគោលនយោបាយរបស់យើងគឺមិនត្រឹមតែមក CKD ផលិត ផ្គុំនាំចេញទេ ប៉ុន្តែឈានទៅ (IKD)បន្តិចម្ដងៗ។ ការផលិតគ្រឿងបង្គុំ បង្កើតជំនាញ និងថ្ងៃក្រោយអាចនាំចេញ ជារថយន្ត ឬមួយគ្រឿងបង្គុំ ដែលខ្ញុំបាននិយាយខាងលើ នេះគឺចក្ខុវិស័យរបស់យើង។ យើងអាចធ្វើបាន។ អ្វីដែលត្រូវការគឺការសម្របសម្រួលនិងរៀបចំយន្តការសម្របសម្រួល ដាក់ទិសដៅដើម្បីជួយជម្រុញ ដែលដើរតួនាទីសំខាន់ ជាពិសេសខាង CDC ដែលថា គិតគូរជាវិស័យតែម្ដង កុំគិតគូរជាក្រុមហ៊ុននីមួយៗ។ ខ្ញុំជឿថា លោកពូ ណម តុង ក៏គាត់មិនអន់ចិត្តដែរ បើមិនបានជួយតែក្រុមហ៊ុនគាត់ តែជួយដល់វិស័យ។ យើងធ្លាប់មានសំណើ ហើយមានការលើកយោបល់ថា គួរតែចង់ជួយវិស័យនេះ គួរតែអនុញ្ញាតឲ្យក្រុមហ៊ុននេះនាំចូលអានេះលើកលែងអានេះ ដើម្បីឲ្យដើរតួនាទី មានទុនវិនិយោគនៅក្នុងការជម្រុញអនុវត្ត។ ឧទាហរណ៍ថាដឹកជញ្ជូន ឬមួយភស្តុភារកម្ម តែខ្ញុំថាអត់ទេ។ បើជួយគឺជួយវិស័យទាំងមូល។ តួអង្គប៉ុន្មាននៅក្នុងហ្នឹងត្រូវតែបានផលដូចគ្នា។ បើយើងជួយតែម្នាក់ ប៉ុន្មានទៀតទៅណា។ ទី២ បង្កើតការប្រកួតប្រជែងអត់ស្មើភាព។ យើងលើកទឹកចិត្តមួយចំនួន កន្លែងខ្លះក្រុមហ៊ុនដំឡើងរថយន្តបានផ្ដល់ការលើកទឹកចិត្តខ្លះ តែរយៈពេលខ្លីទេ។ យើងអត់អាចឲ្យទៀតបាន។
(២៨) គិតដល់វិស័យទាំងមូល ធានាបរិស្ថានយុត្តិធម៌ តម្លាភាព និងភាពប្រកួតប្រជែងស្មើភាព
មានក្រុមហ៊ុនមួយ ដែល ២ខែមុនខ្ញុំបានចារមិនឯកភាព។ ឃើញដាក់ទៅខាងគោលនយោបាយ សុំបង្កើតក្រុមហ៊ុនដំឡើងរថយន្តដែរ ប៉ុន្តែលក្ខខណ្ឌជូនគាត់រថយន្ត free អត់ពន្ធ ៤០០០ គ្រឿង ចូលមកសិនដើម្បីបានទុនរៀបចំ។ ខ្ញុំថាអត់ទេ។ អ្វីដែលយើងត្រូវ(ធ្វើ) ត្រូវថាស្អីដែលយើងធ្លាប់ឲ្យទៅកន្លែងណា យ៉ាងច្រើនបានប៉ុណ្ណឹង យើងលើកទឹកចិត្ត គិតវិស័យទាំងមូលតែម្ដង។ តួអង្គទាំងអស់ត្រូវដើរជាមួយគ្នា គិតនៅក្នុងវិស័យ។ ក្រុមហ៊ុនប្រកួតប្រជែងក្នុងការផលិតមានគុណភាព ដាក់តម្លៃអីផ្សេងៗ ប៉ុន្តែកន្លែងខ្លះត្រូវគិតគូរឲ្យវិស័យទាំងមូលរីក។ អញ្ចឹងការដាក់គោលនយោបាយមិនសំដៅ(តែ)លើកទឹកចិត្ត ឬមួយឲ្យពិសេសទៅក្រុមហ៊ុនណា មិនឲ្យក្រុមហ៊ុនណាទេ។ ដើម្បីធានាបរិស្ថានប្រកួតប្រជែងដោយជោគជ័យគឺយើងនឹងឲ្យទាំងមូលតែម្ដង។ អញ្ចឹងបានត្រូវជួបជាមួយក្រុមហ៊ុនរថយន្តទាំងអស់។ បើត្រូវអភិវឌ្ឍឧស្សាហកម្មប្រតិគមន៍ប្រភេទណាមួយ គឺយើងមិនមែននិយាយតែក្រុមហ៊ុននេះក្រុមហ៊ុននោះដែលដើរតួជាមួយដៃគូនេះ។ យើងឲ្យតែប៉ុណ្ណឹងទេ។ យើងគិតជាកញ្ចប់នៃវិស័យហ្នឹង។ បើអ្នកផលិតពូកផលិតអីដែលតភ្ជាប់ជាមួយរថយន្ត គឺគិតនៅក្នុងហ្នឹងតែម្ដង។ អ្នកដែលមកធ្វើរបស់ទាំងហ្នឹងភ្ជាប់ជាមួយនឹងឧស្សាហកម្មរថយន្តត្រូវបានដូចគ្នា។ ហ្នឹងទើបធានាយុត្តិធម៌ តម្លាភាព និងភាពប្រកួតប្រជែងស្មើភាព។ នេះជាការដាក់ចេញការអនុវត្តនូវគោលនយោបាយបានត្រឹមត្រូវ។ មិនជួយមួយសម្លាប់ ១០ទេ។ ត្រូវតែជួយទាំង១០ ឲ្យស្មើភាពគ្នា ឲ្យគាត់មានមូលដ្ឋានប្រកួតប្រជែងដូចគ្នា។
[ចប់សេចក្តីអធិប្បាយ៧]
ក្នុងគោលបំណងដោះស្រាយបញ្ហាប្រឈម និង ជំរុញការអភិវឌ្ឍវិស័យឧស្សាហកម្មនៅកម្ពុជា ប្រកបដោយភាពប្រកួតប្រជែងខ្ពស់ តាមរយៈ ការពង្រឹងប្រសិទ្ធភាព ភាពធន់ ពិពិធភាព និង នវានុវត្តន៍ ខ្ញុំសូមផ្តល់ជាអនុសាសន៍មួយចំនួន ដូចខាងក្រោម៖
ទី១. ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ត្រូវសិក្សារៀបចំផែនការ ឬ កម្មវិធីទាក់ទាញវិនិយោគលើវិស័យអាទិភាព និង ផលិតផលគោលដៅ ដោយផ្អែកលើការវិភាគទីផ្សារជាក់លាក់តាមវិស័យ និន្នាការនៃតម្រូវការទីផ្សារ និង ការប្រៀបធៀបសមត្ថភាពប្រកួតប្រជែងជាមួយប្រទេសប្រហាក់ប្រហែល ជាពិសេសបណ្តាប្រទេសក្នុងតំបន់ ។ ការជំរុញវិនិយោគនេះ ត្រូវធ្វើឡើងក្រោមស្មារតីបុរេសកម្ម និង ត្រូវផ្តោតចំក្រុមហ៊ុនជាក់លាក់ តាមរយៈ ការកំណត់អត្តសញ្ញាណក្រុមហ៊ុនគោលដៅ និង ការទាក់ទងទៅក្រុមហ៊ុនដោយផ្ទាល់ ដោយមិនត្រូវរង់ចាំការស្នើសុំវិនិយោគនោះឡើយ ។
ទី២. ក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ, និង ក្រសួងអប់រំ យុវជន និង កីឡា ត្រូវសហការគ្នាកាន់តែជិតស្និទ្ធដើម្បីជំរុញការអភិវឌ្ឍជំនាញ ការបង្កើនជំនាញ និងការផ្លាស់ប្តូរ ជំនាញ ដល់ប្រជាពលរដ្ឋ និង ប្រជាពលករកម្ពុជា ព្រមទាំងពង្រីកសមត្ថភាពគ្រឹះស្ថានអប់រំ និង បណ្តុះបណ្តាលវិជ្ជាជីវៈ រៀបចំឱ្យមានអាហារូបករណ៍សម្រាប់មុខជំនាញ STEM បង្កើតកិច្ចសហប្រតិបត្តិការរវាងរោងចក្រ និង គ្រឹះស្ថានអប់រំ និង បណ្តុះបណ្តាលវិជ្ជាជីវៈ សំដៅពង្រឹងសមត្ថភាពជំនាញឧស្សាហកម្ម ធ្វើវិសិដ្ឋកម្មបច្ចេកវិទ្យាសម្រាប់គាំទ្រដល់ឧស្សាហកម្មអាទិភាព និង កាត់បន្ថយគម្លាតជំនាញ ។
ទី៣.ឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ ត្រូវជំរុញការសិក្សារៀបចំ «គោលនយោបាយអភិវឌ្ឍវិស័យឧស្សាហកម្មកម្ពុជា ឆ្នាំ២០២៦-២០៣៥» ដោយត្រូវផ្តោតលើការធ្វើទំនើបកម្មរចនាសម្ព័ន្ធឧស្សាហកម្មកម្ពុជាពីឧស្សាហកម្មអតិពលកម្ម និង ជំនាញទាប ទៅជាឧស្សាហកម្មដែលពឹងផ្អែកលើជំនាញ និង បច្ចេកវិទ្យាខ្ពស់ ព្រមទាំង ការតភ្ជាប់ទៅនឹងខ្សែច្រវាក់តម្លៃសកល សមាហរណកម្មទៅក្នុងខ្សែច្រវាក់ផលិតកម្មតំបន់ និង ការកសាងមូលដ្ឋានឧស្សាហកម្មក្នុងស្រុក ឱ្យមានភាពប្រកួតប្រជែង ពិពិធភាព និង ភាពធន់ ។
មុននឹងបញ្ចប់ ខ្ញុំសូមចូលរួមអបអរសាទរប្រជាពលរដ្ឋខេត្តកំពង់ឆ្នាំង ជាពិសេសប្រជាពលរដ្ឋស្រុកកំពង់ត្រឡាច ចំពោះសមិទ្ធផលថ្មី គឺរោងចក្រផ្គុំដំឡើងរថយន្តម៉ាក GAC ដែលនឹងចូលរួមលើកកម្ពស់កម្រិតជីវភាព និង កាត់បន្ថយការធ្វើចំណាកស្រុក របស់ប្រជាពលរដ្ឋ តាមរយៈ ការបង្កើតការងារនៅមូលដ្ឋាន និង បង្កើនជំនាញ ស្របតាមទិសស្លោក «រោងចក្រមិនមែនត្រឹមតែជាកន្លែងផលិតទំនិញប៉ុណ្ណោះទេ ប៉ុន្តែគឺជាកន្លែងផលិតការងារ ផលិតជំនាញ ផលិតទំនុកចិត្ត និង ផលិតអនាគត» ។
ក្នុងន័យនេះ ខ្ញុំសូមផ្តាំផ្ញើដល់ប្អូនៗកម្មករ និយោជិត ដែលបម្រើការងារនៅតាមរោងចក្រសហគ្រាស សូមប្រឹងប្រែងធ្វើការ ព្រមទាំង ត្រូវគោរពវិន័យ និង ពេលវេលាធ្វើការ ឱ្យបានខ្ជាប់ខ្ជួន ដោយត្រូវចងចាំថា «នៅពីក្រោយរោងចក្រសហគ្រាស គឺមានប្រាក់ខែរបស់កម្មករ មានអាហារ របស់គ្រួសារ មានថ្លៃសិក្សារបស់កូន និង មានក្តីសង្ឃឹមរបស់យុវជន» ។
ជាទីបញ្ចប់ ជាមួយនឹងការប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «រោងចក្រផ្គុំដំឡើងរថយន្តម៉ាក GAC របស់ក្រុមហ៊ុន TH Automotive Manufacturing», ខ្ញុំសូមជូនពរ ឯកឧត្តម លោកជំទាវ លោក លោកស្រី និង អង្គពិធី សូមមានសុខភាពល្អបរិបូរណ៍ ព្រមទំាងមានសុភមង្គលក្នុងគ្រួសារ និង សម្រេចបានជោគជ័យលើគ្រប់ភារកិច្ចការងារ និង សូមប្រកបដោយពុទ្ធពរ និង ពរទាំង ៥ ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ និង បដិភាណ កុំបីឃ្លៀងឃ្លាតឡើយ ។
នៅក្នុងឱកាសនេះផងដែរ គឺមានការចូលរួមរបស់បុគ្គលិក កម្មករ កម្មការិនី សរុប ២៥០នាក់ អញ្ចឹងម្នាក់ៗថវិកា ២០០ ០០០រៀល សូមជូនសាលាស្រុកកំពង់ត្រឡាចថវិកា ២លានរៀល និងជូនក្រុមគ្រូពេទ្យប្រចាំការក្នុងអង្គពិធីថវិកា ៣លានរៀលផងដែរ។ សូមអរគុណ៕


