សេចក្តីដកស្រង់ប្រសាសន៍ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពីការដាក់ចេញវិធានការមុតស្រួចមួយចំនួនស្តីពី SME

[…] ដើម្បីឲ្យសេដ្ឋកិច្ចរីកចម្រើន យើងត្រូវពង្រឹងខ្លួនឯង។ ក្នុងន័យនេះ យើងកំពុងធ្វើការងារកែទម្រង់ពីរ៖ ទី១ ការកែទម្រង់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ យើងបានធ្វើការវាយតម្លៃ រៀបចំ និងត្រូវធ្វើវិសោធនកម្មច្បាប់។ ទី២ គឺបង្កើនប្រសិទ្ធភាពរបស់ CDC។ នោះគឺការបង្កើនទម្ងន់នៅក្នុងការអនុវត្ត។ ត្រូវធ្វើនីតិវិធីមួយចំនួន។ ពេលនេះ មនុស្សកាន់ឯកសាររត់ទៅស្ថាប័ន។ បន្តិចទៀត មិនមានមនុស្សកាន់ឯកសាររត់ទៅស្ថាប័នទេ។ មនុស្សមកតែមួយកន្លែង ហើយឯកសារត្រូវរត់ទៅស្ថាប័នខ្លួនឯង តាមអនឡាញ (Online) ឬមួយ(ប្រព័ន្ធអវី)ផ្សេង … (យើង)ត្រូវការការពង្រឹង ការប្រទាក់ក្រឡាគ្នា ការកែសម្រួលនីតិវិធី និងបង្កើត SOP មួយចំនួន ដើម្បីឲ្យស្ថាប័នទាំងអស់ងាយស្រួល … ខ្ញុំគ្រាន់តែបញ្ជាក់ប៉ុណ្ណឹង ប៉ុន្តែនៅចំពោះមុខ កិច្ចការទីពីរសម្រាប់ SME  ត្រូវធ្វើការងារបន្ទាន់។ (វិបាកនៃ)សង្គ្រាមនិងការបិទព្រំដែន។ យើងចង់ឲ្យផលិតផលក្នុងស្រុករីកឲ្យលឿន។ (ដូចនេះត្រូវជំរុញ)ការចុះឈ្មោះ និងអ្វីៗ ផ្សេងៗ (ដែលពាក់ព័ន្ធ)ឲ្យវារលូន និងមានការគាំទ្រក្នុងកម្រិតមួយ។ យើងត្រូវធ្វើការងារច្រើន។ ប៉ុន្តែការ​ងារដំបូងដែលត្រូវដោះស្រាយ ខ្ញុំគិតថា គឺរឿងចុះឈ្មោះឬការចុះបញ្ជី(SME)។ ការចុះបញ្ជីនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ (ឧបនាយករដ្ឋមន្ត្រីនិងរដ្ឋមន្ត្រីសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ)បានសាកល្បង។ យើងនឹងសាកល្បង(អនុវត្តគំរោង)ផលិតផលសាប៊ូ (Pilot Project)…

សេចក្ដីថ្លែងការណ៍ពិសេសរបស់ សម្ដេចមហាបវរធិបតី ហ៊ុន​ ម៉ាណែត ស្ដីពី ”សមិទ្ធផល ១ឆ្នាំរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា”

សូមក្រាបថ្វាយបង្គំព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ​ជាទីសក្ការៈបងប្អូនជនរួមជាតិជាទីស្នេហា! ថ្ងៃនេះ​  ជាគម្រប់ខួបមួយឆ្នាំ ដែលរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ត្រូវបានចាប់បដិសន្ធិជាផ្លូវការ។  ក្នុងនាមរាជរដ្ឋាភិបាល ទូលព្រះបង្គំជាខ្ញុំសូមយកឱកាសនេះ ថ្លែងអំណរព្រះគុណថ្វាយ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដែលទ្រង់បានសព្វព្រះរាជហរទ័យ តែងតាំងរាជរដ្ឋាភិបាល បន្ទាប់ពីទទួលបានការផ្តល់សេចក្តីទុកចិត្តពីរដ្ឋសភា និងសូមថ្លែងអំណរគុណ ដល់ប្រជាពលរដ្ឋទូទាំងប្រទេស ដែលបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ដើម្បីបន្តបេសកកម្មបម្រើជាតិ និងប្រជាជន។ ខ្ញុំសូមយកឱកាសនេះ ធ្វើការថ្លែងអំណរគុណចំពោះ ថ្នាក់ដឹកនាំ មន្រ្តីរាជការស៊ីវិល កងកម្លាំងប្រដាប់អាវុធ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិទាំងអស់ ដែលបានរួមគ្នាក្នុងការបំពេញភារកិច្ចទៅតាមតួនាទីរបស់ខ្លួន ​បានយ៉ាងល្អប្រសើរ ដែលនាំឱ្យរាជរដ្ឋាភិបាលសម្រេចបាននូវសមិទ្ធផលជាផ្លែផ្កាជាច្រើន ជូនជាតិ និងប្រជាជន ក្នុងរយៈពេល១២ខែកន្លងទៅនេះ។​ ចាប់តំាងពីថ្ងៃដំបូង រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា បានប្តេជ្ញាចិត្តកសាងសមិទ្ធផលថ្មីៗជូនជាតិមាតុភូមិ តាមរយៈការដាក់ចេញនូវ យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ព្រមទាំងកម្មវិធីគោលនយោបាយអាទិភាពចំនួន ៦ និងវិធានការគន្លឹះចំនួន ៥។ ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ សូមទូលថ្វាយព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ និងជម្រាបជូនបងប្អូនជនរួមជាតិទាំងអស់ នូវសមិទ្ធផលសំខាន់ៗ ដែលរាជរដ្ឋាភិបាលសម្រេចបានក្នុងរយៈពេល១២ខែកន្លងមកនេះ ក៏ដូចជាវិធានការ និងដំណោះស្រាយរបស់រាជរដ្ឋាភិបាលពាក់ព័ន្ធនឹងសេដ្ឋកិច្ចក្នុងស្រុក…

សុន្ទរកថា និងសេចក្ដីអធិប្បាយ សម្ដេចធិបតី ហ៊ុន ម៉ាណែត សំណេះសំណាលជាមួយថ្នាក់ដឹកនាំអង្គការវិជ្ជាជីវៈ ក្នុងឱកាសអបអរសាទរខួបអនុស្សាវរីយ៍ លើកទី១៣៨ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ២០២៤

ឯកឧត្តម លោកជំទាវ សមាជិក សមាជិកាព្រឹទ្ធសភា រដ្ឋសភា សមាជិក សមាជិការាជរដ្ឋាភិបាលគណៈធិបតី ភ្ញៀវកិត្តិយស ថ្នាក់ដឹកនាំ អង្គការវិជ្ជាជីវៈ សមាគមបុគ្គលិកសិក្សា តំណាងសេដ្ឋកិច្ចក្រៅប្រព័ន្ធ រួមទាំងបងប្អូនសហជីព កម្មករទាំងអស់ និងជនរួមជាតិជាទីមេត្រី! ថ្ងៃនេះ ខ្ញុំមានសេចក្តីសោមនស្សរីករាយ​ ដែលបានចូលរួមជា​មួ​យ​​ ឯកឧត្ដម លោកជំទាវ លោក លោកស្រី ព្រមទាំងបងប្អូនកម្មករ-កម្មការិនី សហជីព សេដ្ឋកិច្ចក្រៅប្រព័ន្ធ និងសមាគមបុគ្គលិកសិក្សា ដែលបានចូលរួមចំនួនជាង ៥ ១០០ នាក់ ក្នុងឱកាសអបអរសាទរខួប​អនុស្សា​វរីយ៍​លើកទី ១៣៨ នៃ ទិវាពលកម្មអន្ដរជាតិ ១ ឧសភា ក្រោមប្រធានបទ សហគ្រាស​មួយជាសហគមន៍សុខសាន្ត​មួយ ជាចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ​ក្នុងការអភិវឌ្ឍវិស័យ​ការងារ សំដៅប្រែក្លាយទៅជាចលនាជាតិមួយនៅកន្លែង​​ធ្វើការងារ ដែលគ្រប់ភាគីពាក់ព័ន្ធ ជាពិសេស កម្មករ ​និយោជិត និងនិយោជក ចូលរួម​អនុវត្ត ដើម្បីបង្កើតបាននូវវប្បធម៌អនុលោមភាពតាមច្បាប់ សុខដុមនីយកម្មនៃទំនាក់ទំនងវិជ្ជាជីវៈ និងទំនួលខុសត្រូវផ្នែកសង្គមរបស់សហគ្រាស។ [ចាប់ផ្ដើមសេចក្ដីអធិប្បាយ១] ថ្ងៃនេះ ក៏ជាខួប ១៤ឆ្នាំ ដែលខ្ញុំបានចាប់ផ្ដើមជួបជាមួយ​សហជីព។…