- ឯកឧត្តម ឡេ មិញ ហ៊ឹង នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម;
- ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី និងអង្គវេទិកាទាំងមូល ជាទីមេត្រី!
ខ្ញុំពិតជាមានសេចក្តីសោមនស្សរីករាយ ដែលបានចូលរួមជាមួយ ឯកឧត្តម ឡេ មិញ ហ៊ឹង ក្នុងវេទិកាធុរកិច្ចកម្ពុជា-វៀតណាម ឆ្នាំ២០២៦ នាពេលនេះ។ ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ខ្ញុំសូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះ ឯកឧត្តមនាយករដ្ឋមន្រ្តី និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម ព្រមទាំងធុរជន និងវិនិយោគិនវៀតណាមទាំងអស់ ដែលបានអញ្ជើញមកកាន់ព្រះរាជាណាចក្រកម្ពុជា។ ខ្ញុំសូមថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្រសួងពាណិជ្ជកម្ម ស្ថានទូតវៀតណាមប្រចាំកម្ពុជា សភាពាណិជ្ជកម្មកម្ពុជា និងសមាគមធុរកិច្ចវៀតណាម-កម្ពុជា ដែលបានសហការរៀបចំវេទិកាដ៏មានសារៈសំខាន់នេះឡើង។ វត្តមានដ៏ច្រើនកុះកររបស់ធុរជនកម្ពុជា និងវៀតណាមនាថ្ងៃនេះ បានឆ្លុះបញ្ចាំងពីទំនុកចិត្ត និងចំណាប់អារម្មណ៍របស់វិស័យឯកជនក្នុងការពង្រីកកិច្ចសហប្រតិបត្តិការផ្នែកពាណិជ្ជកម្ម វិនិយោគ និងធុរកិច្ចរវាងប្រទេសយើងទាំងពីរ។
វេទិកានាថ្ងៃនេះប្រព្រឹត្តទៅក្នុងពេលដែលសភាពការណ៍តំបន់ និងសកលមានការប្រែប្រួលយ៉ាងឆាប់រហ័ស និងស្មុគស្មាញ ដែលការណ៍នេះកំពុងជំរុញឱ្យមានការរៀបចំឡើងវិញនូវខ្សែច្រវាក់ផ្គត់ផ្គង់ និងការផ្លាស់ប្តូរវិធាននៃការសម្រេចចិត្តក្នុងការវិនិយោគ។ ក្នុងបរិការណ៍នេះ អ្វីដែលគួរឱ្យកត់សម្គាល់នោះគឺ កម្ពុជា និងវៀតណាមបន្តជ្រើសរើសយកការតភ្ជាប់កិច្ចសហប្រតិបត្តិការ និងការបំពេញឱ្យគ្នាទៅវិញទៅមក។ ទំនាក់ទំនងរវាងប្រទេសយើងទាំងពីរ មិនត្រឹមតែបន្តរក្សាបាននូវភាពរឹងមាំ និងស្ថិរភាពប៉ុណ្ណោះទេ ប៉ុន្តែកំពុងមានសម្ទុះកាន់តែខ្លាំង ទាំងក្នុងទំនាក់ទំនងពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ ការតភ្ជាប់ និងការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន។
ជាក់ស្តែង ក្នុងឆ្នាំ២០២៦ នេះ ទំនាក់ទំនងរវាងប្រទេសយើងទាំងពីរទទួលបានសម្ទុះថ្មីមួយទៀត តាមរយៈការផ្លាស់ប្តូរទស្សនកិច្ច និងជំនួបជាន់ខ្ពស់ជាបន្តបន្ទាប់ នៃប្រទេសយើងទាំងពីរ។ ការផ្លាស់ប្តូរទស្សនកិច្ច និងជំនួបជាន់ខ្ពស់ដ៏ញឹកញាប់នេះ ឆ្លុះបញ្ចាំងពីទំនុកចិត្តនយោបាយដ៏រឹងមាំ និងឆន្ទៈរួមរបស់យើង ក្នុងការបន្តពង្រឹងទំនាក់ទំនងភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង ព្រមទាំងជំរុញទំនាក់ទំនងសេដ្ឋកិច្ចរវាងប្រទេសយើងទាំងពីរឱ្យឈានដល់កម្រិតថ្មីមួយទៀត។
ឆ្លៀតក្នុងឱកាសនេះ, ខ្ញុំសូមសម្តែងនូវការអបអរសាទរ និងការកោតសរសើរចំពោះវឌ្ឍនភាពដ៏ឆាប់ និងសមិទ្ធផលដ៏គួរឱ្យកត់សម្គាល់ ដែលវៀតណាមសម្រេចបានលើវិស័យជាច្រើន ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។
- ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី!
កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងកម្ពុជា និងវៀតណាមក៏បានបន្តរីកចម្រើនគួរឱ្យកត់សម្គាល់ [ដូចនៅក្នុងសុន្ទរកថារបស់ឯកឧត្ដមនាយករដ្ឋមន្រ្តីអម្បាញ់មិញអំពីសម្ទុះនៃការរីកចម្រើននៃទំហំពាណិជ្ជកម្មរបស់ប្រទេសយើងទាំងពីរ ជាពិសេសក្នុងរយៈពេល៩ខែដើមឆ្នាំនេះ]។
ប្រទេសយើងទាំងពីរក៏បានដាក់ចេញនូវមហិច្ឆតារួម ក្នុងការជំរុញទំហំពាណិជ្ជកម្មទ្វេភាគីឱ្យឈានដល់ ២០ ប៊ីលានដុល្លារអាម៉េរិក នាពេលខាងមុខ។ ផ្អែកលើទំនាក់ទំនងដ៏ស៊ីជម្រៅ និងសក្តានុពលរបស់ប្រទេសយើងទាំងពីរ ខ្ញុំជឿជាក់ថា គោលដៅនេះជាជំហានមួយដែលយើងអាចសម្រេចបាន ហើយសក្តានុពលរបស់យើង នឹងអាចពង្រីកបានច្រើនជាងនេះថែមទៀត។ សម្រាប់កម្ពុជា មហិច្ឆតារបស់យើងមិនគួរវាស់ត្រឹមតម្លៃទំនិញដែលឆ្លងកាត់ព្រំដែនប៉ុណ្ណោះទេ។ អ្វីដែលកាន់តែសំខាន់ គឺគុណភាព និងកម្រិតនៃការតភ្ជាប់សេដ្ឋកិច្ចរវាងប្រទេសយើងទាំងពីរ។
[នៅក្នុងរបាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា] គិតចាប់ពីឆ្នាំ១៩៩៤ ដល់ ខែកញ្ញា ឆ្នាំ២០២៦ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានចុះបញ្ជីគម្រោងវិនិយោគវៀតណាមសរុបចំនួន ១០៧ គម្រោង ក្នុងទំហំទុនវិនិយោគប្រមាណ ៣,៦ ប៊ីលានដុល្លារអាម៉េរិក។ ខ្ញុំសូមវាយតម្លៃខ្ពស់ចំពោះវត្តមាន និងការរួមចំណែករបស់វិនិយោគិនវៀតណាម ក្នុងដំណើរអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា អស់រយៈពេលជាង ៣ ទសវត្សរ៍កន្លងមកនេះ។
កម្ពុជា និងវៀតណាមមានឧត្តមភាព និងសក្តានុពលដែលអាចបំពេញឱ្យគ្នាទៅវិញទៅមក។ វៀតណាមមានមូលដ្ឋានកម្មន្តសាលដែលរីកចម្រើន, ខ្សែច្រវាក់ផ្គត់ផ្គង់ដែលមានភាពស៊ីជម្រៅ, បច្ចេកវិទ្យា, ជំនាញ, និងបណ្តាញទីផ្សារអន្តរជាតិដ៏ទូលំទូលាយ។ កម្ពុជាក៏កំពុងពង្រីកមូលដ្ឋានផលិតកម្មរបស់ខ្លួន, កម្ពុជាមានកម្លាំងពលកម្មវ័យក្មេងដែលមានជំនាញកាន់តែខ្ពស់, សក្តានុពលថាមពលស្អាត, ទីតាំងយុទ្ធសាស្ត្រ, និងលទ្ធភាពតភ្ជាប់ទៅកាន់ទីផ្សារតំបន់ និងអន្តរជាតិ។
ខ្ញុំសង្ឃឹមថានឹងមានផលិតផលកាន់តែច្រើន ដែលមានខ្សែច្រវាក់ផលិតកម្មឆ្លងកាត់ប្រទេសយើងទាំងពីរ។
ដើម្បីសម្រេចបាននូវមហិច្ឆតាទាំងនេះ កត្តាគន្លឹះគឺការតភ្ជាប់ និងការសម្រួលដល់ពាណិជ្ជកម្មឆ្លងដែន។ កម្ពុជា និងវៀតណាម បាននិងកំពុងធ្វើការរួមគ្នាតភ្ជាប់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ជាមួយផ្លូវល្បឿនលឿនម៉ុកបៃ-ហូជីមិញ, និងពន្លឿនការដាក់បញ្ចូលច្រកទ្វារអន្តរជាតិម៉ឺនជ័យ-តឺនណាម ទៅក្នុងកិច្ចព្រមព្រៀងស្ដីពីទំនិញឆ្លងកាត់ និងកិច្ចព្រមព្រៀងស្ដីពីការដឹកជញ្ជូនតាមផ្លូវគោក ដើម្បីសម្រួលដល់ការដឹកជញ្ជូនឆ្លងកាត់ព្រំដែន។ ទន្ទឹមនេះ ខ្ញុំសូមស្វាគមន៍ការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពី ការបង្កើតគណៈកម្មាធិការពាណិជ្ជកម្មចម្រុះ កម្ពុជា-វៀតណាម និងការបន្តអនុវត្តកិច្ចសម្របសម្រួលជំរុញពាណិជ្ជកម្មទ្វេភាគី កម្ពុជា- វៀតណាម សម្រាប់ ឆ្នាំ២០២៧-២០២៨។ ខ្ញុំសូមវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងពាណិជ្ជកម្មកម្ពុជា និងក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម ក្នុងកិច្ចការដ៏សំខាន់នេះ។
ខ្ញុំមានសុទិដ្ឋិនិយមខ្ពស់ថា គំនិតផ្ដួចផ្ដើមទាំងនេះនឹងរួមចំណែក លើកកម្ពស់ទំនាក់ទំនងពាណិជ្ជកម្មឱ្យឈានដល់កម្រិតថ្មីមួយទៀត និងសម្រេចបាននូវគោលដៅពាណិជ្ជកម្មដែលបានកំណត់។
ការតភ្ជាប់ផ្លូវរូបវន្ត គ្រាន់តែជាជំហានទីមួយប៉ុណ្ណោះ។ អ្វីដែលយើងត្រូវធ្វើបន្ទាប់គឺប្រែក្លាយការតភ្ជាប់ផ្លូវ ទៅជាការតភ្ជាប់ផលិតកម្ម។ ខ្ញុំចង់ឃើញការតភ្ជាប់ភ្នំពេញ-បាវិត-ម៉ុកបៃ-ហូជីមិញ វិវត្តពី របៀងដឹកជញ្ជូន ទៅជា របៀងសេដ្ឋកិច្ច និងផលិតកម្ម ដែលតភ្ជាប់រោងចក្រ, សួនឧស្សាហកម្ម, តំបន់សេដ្ឋកិច្ចពិសេស, អ្នកផ្គត់ផ្គង់, ឡូជីស្ទីក និងទីផ្សារនៃប្រទេសយើងទាំងពីរ។
- ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី!
ការតភ្ជាប់កាន់តែប្រសើររវាងប្រទេសយើងទាំងពីរ មិនត្រឹមតែជួយសម្រួលដល់ការដឹកជញ្ជូនទំនិញប៉ុណ្ណោះទេ ប៉ុន្តែក៏អាចជំរុញការធ្វើដំណើរ និងវិស័យទេសចរណ៍ ឱ្យកាន់តែរីកចម្រើនផងដែរ។
ខ្ញុំយល់ថា វិស័យនេះមានសក្តានុពលធំធេង ដែលប្រទេសយើងទាំងពីរមិនទាន់ទាញយកបានពេញលេញនៅឡើយ។ ក្នុងឆ្នាំ២០២៥ កម្ពុជាបានទទួលភ្ញៀវទេសចរវៀតណាម ប្រមាណជាង ១ លាននាក់ ដែលធ្វើឱ្យវៀតណាមក្លាយជាទីផ្សារទេសចរណ៍ធំជាងគេរបស់កម្ពុជា។ ទន្ទឹមគ្នានេះប្រជាជនកម្ពុជាកាន់តែច្រើនក៏កំពុងជ្រើសរើសវៀតណាមជាគោលដៅសម្រាប់ទេសចរណ៍ និងសេវាសុខភាព ផងដែរ។ ក្នុងឆ្នាំ២០២៥ ភ្ញៀវទេសចរពីកម្ពុជាទៅវៀតណាមបានកើនឡើងប្រមាណ ៤៥% បើធៀបនឹងឆ្នាំ២០២៤។
ទេសចរណ៍រវាងកម្ពុជា និងវៀតណាមមានមូលដ្ឋានរឹងមាំរួចទៅហើយ ប៉ុន្តែខ្ញុំយល់ថា យើងអាចធ្វើបានច្រើនជាងនេះ។ ជំហានបន្ទាប់ គឺត្រូវប្រែក្លាយរំហូរទេសចរណ៍ដែលមានស្រាប់ ទៅជាកិច្ចសហប្រតិបត្តិការទេសចរណ៍កាន់តែស៊ីជម្រៅ។
ក្នុងស្មារតីនេះ ខ្ញុំសូមលើកទឹកចិត្តដល់ក្រសួង ស្ថាប័ន និងវិស័យឯកជននៃប្រទេសទាំងពីរ ជាពិសេសក្រុមហ៊ុនអាកាសចរណ៍, ក្រុមហ៊ុនទេសចរណ៍, សណ្ឋាគារ, និងអ្នកផ្តល់សេវាពាក់ព័ន្ធ ឱ្យបង្កើនការផ្សព្វផ្សាយរួមគ្នា និងអភិវឌ្ឍផលិតផល និងកញ្ចប់ទេសចរណ៍រួម កម្ពុជា-វៀតណាម ដែលភ្ជាប់គោលដៅទេសចរណ៍ធម្មជាតិ, វប្បធម៌ និងបេតិកភណ្ឌ, ទេសចរណ៍ទីក្រុង, ទេសចរណ៍ឆ្នេរ, ព្រមទាំងទេសចរណ៍សុខភាព។
លើសពីការជំរុញការធ្វើដំណើររវាងប្រជាជននៃប្រទេសយើងទាំងពីរ យើងក៏គួរមើល កម្ពុជា និងវៀតណាម ជាគោលដៅទេសចរណ៍ដែលអាចបំពេញឱ្យគ្នាទៅវិញទៅមក សម្រាប់ទាក់ទាញភ្ញៀវ ពីទីផ្សារទីបី។
- ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី!
រាជរដ្ឋាភិបាលកម្ពុជាប្ដេជ្ញាចិត្តបន្តផ្តល់នូវមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ការវិនិយោគ ពោលគឺ សុខសន្តិភាព ស្ថិរភាពសេដ្ឋកិច្ច និងនយោបាយ ព្រមទាំងការបន្តខិតខំប្រឹងប្រែងកែលម្អបរិយាកាសធុរកិច្ច និងវិនិយោគ។ យើងនឹងធ្វើជាដៃគូជាមួយវិស័យឯកជន នៅគ្រប់ដំណាក់កាលនៃការវិនិយោគ។ យើងនឹងបន្តស្តាប់, បន្តកែទម្រង់, បន្តសម្របសម្រួល, និងបន្តដោះស្រាយបញ្ហាប្រឈម ដើម្បីឱ្យវិនិយោគិននៅកម្ពុជា អាចចាប់ផ្តើមអាជីវកម្ម, ពង្រីកប្រតិបត្តិការ, និងបន្តវិនិយោគជាមួយយើងខ្ញុំក្នុងរយៈពេលវែង។
- ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី!
កម្ពុជា និងវៀតណាមមានមូលដ្ឋានដ៏រឹងមាំ សម្រាប់បន្តពង្រីកកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច និងធុរកិច្ច។ យើងមានព្រំដែនជាប់គ្នា និងវិស័យជាច្រើនដែលអាចបំពេញឱ្យគ្នាទៅវិញទៅមក។ យើងត្រូវបន្តពង្រឹងការតភ្ជាប់, សម្រួលការវិនិយោគ, ធុរកិច្ច និងពាណិជ្ជកម្ម និងបង្កើតលក្ខខណ្ឌកាន់តែអំណោយផល ដើម្បីឱ្យវិស័យឯកជននៃប្រទេសទាំងពីរ អាចធ្វើការជាមួយគ្នាបានកាន់តែងាយស្រួល និងបង្កើតតម្លៃបន្ថែមកាន់តែច្រើន។
ក្នុងន័យនេះ ខ្ញុំសូមលើកទឹកចិត្តដល់ធុរជន និងវិនិយោគិននៃប្រទេសទាំងពីរ បន្តស្វែងរកកាលានុវត្តភាពថ្មីៗ និងពង្រីកកិច្ចសហការពីការធ្វើពាណិជ្ជកម្ម ទៅកាន់ការវិនិយោគ, ការផលិត, ការកែច្នៃ, និងការភ្ជាប់ខ្សែច្រវាក់ផ្គត់ផ្គង់ក្នុងតំបន់ឱ្យបានកាន់តែច្រើន។ ខ្ញុំសង្ឃឹមថា វេទិកានាថ្ងៃនេះ នឹងមិនបញ្ចប់ត្រឹមការផ្លាស់ប្តូរ យោបល់ និងនាមបណ្ណអាជីវកម្មនោះទេ។
[ផ្ដើមសេចក្ដីអធិប្បាយ]
ដូចដែលឯកឧត្ដមនាយករដ្ឋមន្រ្តីវៀតណាម បានលើកឡើងអម្បាញ់មិញនេះ យើងបានឯកភាពគ្នានៅក្នុងកិច្ចប្រជុំមុននេះ គឺរៀបចំនូវក្របខ័ណ្ឌ កិច្ចសហប្រតិបត្តិការ និងការគិតគូរថ្មីនូវយន្តការមួយ ដើម្បីពិភាក្សាគ្នាអំពីយុទ្ធសាស្រ្តនៅក្នុងការតភ្ជាប់សេដ្ឋកិច្ចរបស់យើង។ ហើយបានលើកកម្រិតទៅដល់ថ្នាក់ឧបនាយករដ្ឋមន្រ្តី ដើម្បីដឹកនាំការងារនេះទាំងសងខាង នៅក្នុងការដាក់ចេញនូវយុទ្ធសាស្រ្តរួម ជាយុទ្ធសាស្រ្តរយៈពេលវែងសម្រាប់កម្ពុជានិងវៀតណាមក្នុងការតភ្ជាប់ខ្សែច្រវាក់ផលិតកម្មនេះ។
[ចប់សេចក្ដីអធិប្បាយ]
ខ្ញុំចង់ឃើញការពិភាក្សា ប្រែក្លាយទៅជាដំណើរទស្សនកិច្ចសិក្សាដល់ទីតាំង, ភាពជាដៃគូ, កិច្ចព្រមព្រៀង, និងគម្រោងវិនិយោគជាក់ស្តែងនៅឆ្នាំ២០២៧ និងឆ្នាំបន្តបន្ទាប់ [រវាងវិស័យឯកជនយើងទាំងពីរ]។
ជាទីបញ្ចប់, ខ្ញុំសូមជូនពរ ឯកឧត្តម ឡេ មិញ ហ៊ឹង ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី និងអង្គវេទិកាទាំងមូល សូមមានសុខភាពល្អបរិបូរណ៍ និងទទួលបានជោគជ័យគ្រប់ភារកិច្ច។ ខ្ញុំសូមជូនពរ វេទិកាធុរកិច្ចកម្ពុជា–វៀតណាម ឆ្នាំ២០២៦ ទទួលបានជោគជ័យដ៏ត្រចះត្រចង់ និងនាំមកនូវភាពជាដៃគូ គម្រោងវិនិយោគ និងកាលានុវត្តភាពធុរកិច្ចថ្មីៗជាច្រើន សម្រាប់ប្រទេស និងប្រជាជនយើងទាំងពីរ៕
សូមអរគុណ!


