សូមក្រាបថ្វាយបង្គំព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គជាទីសក្ការៈ
បងប្អូនជនរួមជាតិជាទីស្នេហា!
ថ្ងៃនេះ ជាគម្រប់ខួបមួយឆ្នាំ ដែលរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ត្រូវបានចាប់បដិសន្ធិជាផ្លូវការ។ ក្នុងនាមរាជរដ្ឋាភិបាល ទូលព្រះបង្គំជាខ្ញុំសូមយកឱកាសនេះ ថ្លែងអំណរព្រះគុណថ្វាយ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដែលទ្រង់បានសព្វព្រះរាជហរទ័យ តែងតាំងរាជរដ្ឋាភិបាល បន្ទាប់ពីទទួលបានការផ្តល់សេចក្តីទុកចិត្តពីរដ្ឋសភា និងសូមថ្លែងអំណរគុណ ដល់ប្រជាពលរដ្ឋទូទាំងប្រទេស ដែលបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ដើម្បីបន្តបេសកកម្មបម្រើជាតិ និងប្រជាជន។
ខ្ញុំសូមយកឱកាសនេះ ធ្វើការថ្លែងអំណរគុណចំពោះ ថ្នាក់ដឹកនាំ មន្រ្តីរាជការស៊ីវិល កងកម្លាំងប្រដាប់អាវុធ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិទាំងអស់ ដែលបានរួមគ្នាក្នុងការបំពេញភារកិច្ចទៅតាមតួនាទីរបស់ខ្លួន បានយ៉ាងល្អប្រសើរ ដែលនាំឱ្យរាជរដ្ឋាភិបាលសម្រេចបាននូវសមិទ្ធផលជាផ្លែផ្កាជាច្រើន ជូនជាតិ និងប្រជាជន ក្នុងរយៈពេល១២ខែកន្លងទៅនេះ។
ចាប់តំាងពីថ្ងៃដំបូង រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា បានប្តេជ្ញាចិត្តកសាងសមិទ្ធផលថ្មីៗជូនជាតិមាតុភូមិ តាមរយៈការដាក់ចេញនូវ យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ព្រមទាំងកម្មវិធីគោលនយោបាយអាទិភាពចំនួន ៦ និងវិធានការគន្លឹះចំនួន ៥។
ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ សូមទូលថ្វាយព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ និងជម្រាបជូនបងប្អូនជនរួមជាតិទាំងអស់ នូវសមិទ្ធផលសំខាន់ៗ ដែលរាជរដ្ឋាភិបាលសម្រេចបានក្នុងរយៈពេល១២ខែកន្លងមកនេះ ក៏ដូចជាវិធានការ និងដំណោះស្រាយរបស់រាជរដ្ឋាភិបាលពាក់ព័ន្ធនឹងសេដ្ឋកិច្ចក្នុងស្រុក វិស័យដីធ្លី និងការអភិវឌ្ឍតំបន់ព្រំដែន ជាពិសេសទិសឦសាន។
ក. ស្ថានភាពទូទៅ
ក្នុងរយៈពេល១២ខែ កន្លងមកនេះ ទោះបីស្ថិតក្នុងដំណាក់កាលដែលសភាពការណ៍អន្តរជាតិមានការវិវត្តប្រកបដោយភាពស្មុគស្មាញ និងពិបាកប៉ាន់ស្មាន កម្ពុជានៅតែកំពុងបន្តធ្វើដំណើរក្នុងគន្លងវិជ្ជមាន និងសម្រេចបាននូវសមិទ្ធផលសំខាន់ៗជាច្រើនជូនប្រជាពលរដ្ឋ។
ទី១. ពាក់ព័ន្ធនឹងស្ថានភាពនយោបាយ និងសន្តិសុខសង្គម៖
- រាជរដ្ឋាភិបាលនៅបន្តរក្សាបាន នូវសន្តិភាព, ស្ថិរភាពនយោបាយ, សន្តិសុខ និង សណ្តាប់ធ្នាប់សង្គម។
ទី២. ពាក់ព័ន្ធនឹងកិច្ចការការទូត និងទំនាក់ទំនងអន្តរជាតិ៖
- ទន្ទឹមនឹងការបន្តពង្រឹង និងពង្រីកទំនាក់ទំនងល្អជាមួយប្រទេសជាមិត្ត ទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី កម្ពុជាបានដំឡើងកម្រិតទំនាក់ទំនងជាមួយប្រទេសមួយចំនួន រួមមាន៖ (១) ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ជាមួយប្រទេសជប៉ុន, (២) «ភាពជាដៃគូយុទ្ធសាស្ត្រ» ជាមួយប្រទេសថៃ និងកូរ៉េខាងត្បូង។
- កម្ពុជាក៏បានឯកភាពជាមួយប្រទេសបារាំងក្នុងពង្រីកទំនាក់ទំនងបន្ថែម ដើម្បីឈានដល់
«ភាពជាដៃគូយុទ្ធសាស្ត្រ» នាពេលខាងមុខ។
ទី៣. ពាក់ព័ន្ធនឹងស្ថានភាពសេដ្ឋកិច្ច៖
- សេដ្ឋកិច្ចកម្ពុជាសម្រេចបានកំណើន ៥% នៅឆ្នាំ២០២៣ និងត្រូវបានព្យាករថា នឹងកើនឡើងក្នុងរង្វង់ ៦% នៅឆ្នាំ២០២៤។ ក្នុងនោះ វិស័យសំខាន់ៗដែលគាំទ្រកំណើនរួមមាន៖ វិស័យកសិកម្ម វិស័យឧស្សាហកម្ម ជាពិសេសវិស័យកាត់ដេរ វិស័យកម្មន្តសាលមិនមែនកាត់ដេរ និងវិស័យសេវាកម្ម។
- គិតចាប់ពីខែសីហា ឆ្នាំ២០២៣ ដល់ខែកក្កដា ឆ្នាំ២០២៤ ធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន៖
ក. ពាណិជ្ជកម្មអន្តរជាតិសរុប បានកើនឡើងប្រមាណ ៩,៤% ក្នុងទំហំទឹកប្រាក់ប្រមាណ ៥២ ពាន់លានដុល្លារ ការនាំចេញ មានកំណើន ១២% ក្នុងទំហំប្រមាណ ២៥ ពាន់លានដុល្លារ ទៅកាន់១៧០ ប្រទេស ក្នុងនោះ ទីផ្សារធំៗមានដូចជា៖ អាស៊ាន សហភាពអឺរ៉ុប សហរដ្ឋ
អាមេរិក ចិន ជប៉ុន និងកាណាដា ជាដើម។
- នៃវិស័យកម្មន្តសាល មានកំណើនប្រមាណ ២០% ក្នុងទំហំទឹកប្រាក់ប្រមាណ ១៥,៦ ពាន់លានដុល្លារ ដែលក្នុងនោះទំនិញសំខាន់ៗ រួមមាន៖ សម្លៀកបំពាក់ វាយនភណ្ឌ ស្បែកជើង សម្ភារៈធ្វើដំណើរ សំបកកង់រថយន្ត កង់ និងសម្ភារៈអគ្គីសនី។
- បន្ថែមទៅលើនេះ ការនាំចេញផលិតផលកសិកម្ម មានកំណើនប្រមាណ ៣៦% ក្នុងទំហំទឹកប្រាក់ ៣,៧ ពាន់លានដុល្លារ ដែលក្នុងនោះទំនិញសំខាន់ៗ រួមមាន៖ ស្រូវ អង្ករ ម្រេច ដំឡូងមី ស្វាយចន្ទី ស្វាយកែវរមៀត ជ័រកៅស៊ូ និងទំនិញផ្សេងទៀត។
ខ. ទាក់ទងនឹងការវិនិយោគដោយវិនិយោគិនក្នុងស្រុក និងបរទេស៖ គិតចាប់ពីខែកញ្ញា ឆ្នាំ២០២៣ ដល់ខែសីហា ឆ្នាំ២០២៤ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងវិនិយោគសរុបចំនួន ៣៩១ គម្រោង ដែលមានទំហំទឹកប្រាក់ប្រមាណ ៧,៦ ពាន់លានដុល្លារ ដែលក្នុងនោះ មានវិនិយោគិនបរទេសមកពី៖ ចិន សហរដ្ឋអាមេរិក ជប៉ុន កាណាដា កូរ៉េខាងត្បូង ស៊ុយអែត អាស៊ាន សហភាពអឺរ៉ុប អូស្ត្រាលី និងពីបណ្តាប្រទេសជាច្រើនទៀត។ ការវិនិយោគខាងលើផ្តោតលើវិស័យសំខាន់ៗ ដូចជា៖ កសិកម្ម កសិ-ឧស្សាហកម្ម ឧស្សាហកម្ម ទេសចរណ៍ និងហេដ្ឋារចនាសម្ព័ន្ធ ហើយមានលទ្ធភាពនឹងបង្កើតការងារជាង ៣៤ម៉ឺន កន្លែងជូនប្រជាជនកម្ពុជា។
គ. ពាក់ព័ន្ធនឹងវិស័យការងារ៖ ទោះបីស្ថានភាពសន្តិសុខ និងសេដ្ឋកិច្ចពិភពលោកមានភាពមិនប្រាកដប្រជា ដែលជះឥទ្ធិពលអវិជ្ជមានដល់សេដ្ឋកិច្ចកម្ពុជាក៏ដោយ ក៏ស្ថានភាពការងារនៅតែវិជ្ជមាន។ ជាក់ស្តែង ក្នុងរយៈពេល១២ខែ ទោះជាមានរោងចក្រ-សហគ្រាសមួយចំនួនបានបិទក៏ដោយ ក៏មានរោងចក្រ-សហគ្រាសបើកថ្មីជាច្រើនផងដែរ ដែលបង្កើតការងារសរុបបានចំនួនជាង ២២ម៉ឺន កន្លែង ដោយក្នុងនោះរោងចក្រក្នុងវិស័យកាត់ដេរ និងវាយនភណ្ឌបើកថ្មី មានចំនួន ២៧៥ ដែលបានបង្កើតការងារថ្មីចំនួនជាង ១៣ម៉ឺន កន្លែង។
ទន្ទឹមនេះ រាជរដ្ឋាភិបាលក៏បានដំឡើងប្រាក់ឈ្នួលអប្បបរមាជូន កម្មករ-និយោជិត ក្នុងវិស័យកាត់ដេរ និងវាយនភណ្ឌ រហូតដល់ ២០៤ ដុល្លារ ក្នុងមួយខែ នៅក្នុងឆ្នាំ២០២៤ ដែលនាំឱ្យប្រាក់ឈ្នួលមធ្យមទាបបំផុតដែលកម្មករ-និយោជិតទទួលបាន ស្ថិតក្នុងចន្លោះពី ២២១ ទៅ ២៣២ ដុល្លារ ក្នុងមួយខែ។
បន្ថែមលើនេះ ក្នុងគោលដៅគាំទ្រ និងការពារសិទ្ធិ និងផលប្រយោជន៍ ក៏ដូចជាជួយសម្រាលដល់ការលំបាករបស់បងប្អូនពលករកម្ពុជាដែលធ្វើការងារនៅបរទេស រាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការជាច្រើន រួមមាន៖
- តាមសំណើរបស់ខ្ញុំ អាជ្ញាធរថៃបានឯកភាពកាត់បន្ថយតម្លៃទិដ្ឋាការការងារ ពី២.០០០ បាត មកនៅត្រឹម ៥០០ បាត និងកាត់បន្ថយតម្លៃពន្យារសុពលភាពទិដ្ឋាការការងារ ពី ១.៩០០ បាត មកនៅត្រឹម ៥០០ បាត សម្រាប់រយៈពេល៤ឆ្នាំ (ខែវិច្ឆិកា ឆ្នាំ២០២៣ ដល់ខែវិច្ឆិកា ឆ្នាំ២០២៧)
- យើងជំរុញឱ្យទីភ្នាក់ងារឯកជនកាត់បន្ថយតម្លៃសេវាបញ្ចូនពលករ និងបានសម្របសម្រួលឱ្យធនាគារធំៗចំនួន ៨ យល់ព្រមផ្តល់ប្រាក់កម្ចីមានអត្រាការប្រាក់ទាបត្រឹមកម្រិត ៨,៥%ក្នុងមួយឆ្នាំ ឬប្រហែល ០,៧១% ក្នុងមួយខែ ដល់ពលករដែលត្រូវការកម្ចី។ ការណ៍នេះ អាចជួយសម្រាលបន្ទុកដល់បងប្អូនពលករ បាន ១០% ជាមធ្យម ក្នុង១ ឆ្នាំ ដែលធម្មតា បងប្អូនត្រូវខ្ចីបង់ក្នុងអត្រាចាប់ពី ១៨% ឡើងទៅ។
- ក្នុងនោះផងដែរ បន្ថែមលើស្ថានអគ្គកុងស៊ុលកម្ពុជាដែលមានស្រាប់ នៅខេត្តស្រះកែវ ប្រទេសថៃ រាជរដ្ឋាភិបាលកំពុងរៀបចំបង្កើតស្ថានអគ្គកុងស៊ុលកម្ពុជា នៅខេត្តសុងក្លា ដើម្បីជួយសម្របសម្រួលកិច្ចការកុងស៊ុលជូនប្រជាពលរដ្ឋកម្ពុជាដែលកំពុងធ្វើការងារ និងរស់នៅភាគខាងត្បូងថៃ។
- រាជរដ្ឋាភិបាលក៏បានចាត់បញ្ជូនមន្រ្តីពីអគ្គនាយកដ្ឋានអត្តសញ្ញាណកម្មទៅធ្វើការផ្តល់សេវាធ្វើលិខិតឆ្លងដែនថ្មី ជូនពលករកម្ពុជាដែលលិខិតឆ្លងដែនពួកគាត់មានសុពលភាពក្រោម១ឆ្នាំ នៅស្ថានទូតកម្ពុជា ប្រចាំប្រទេសកូរ៉េខាងត្បូង ហើយក៏បង្កើតមជ្ឈមណ្ឌលគាំពារពលករបន្ថែមថ្មី នៅខេត្តកាណាហ្កាវ៉ា ប្រទេសជប៉ុន និងផ្តល់សេវាស្នើសុំលិខិតថ្កោលទោសតាមប្រព័ន្ធអនឡាញ ដើម្បីជួយសម្រួលតម្រូវការឆាប់រហ័ស និងសម្របសម្រួលការដោះស្រាយ ការលំបាករបស់ពលករកម្ពុជា នៅបរទេស។
ឃ. ពាក់ព័ន្ធនឹងវិស័យទេសចរណ៍៖ ទោះជាមិនទាន់ត្រូវបានស្តារឡើងវិញទាំងស្រុងដូចមុនវិបត្តិកូវីដ-១៩ ក៏ដោយ ចំនួនទេសចរមកកាន់ប្រទេសកម្ពុជាមានកំណើនវិជ្ជមាន។ ជាក់ស្តែង តួលេខភ្ញៀវទេសចរអន្តរជាតិមកកម្ពុជា ក្នុងរយៈពេល ៦ខែ ដើមឆ្នាំ២០២៤ មានកំណើនប្រមាណ ២២,៧% គឺកើនដល់ ៣,២ លាននាក់ ធៀបនឹង ២,៦ លាន នាក់ ក្នុងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣។ ភ្ញៀវភាគច្រើនមកពី អាស៊ាន ចិន សហរដ្ឋអាមេរិក កូរ៉េខាងត្បូង អង់គ្លេស ជប៉ុន អូស្រ្តាលី ឥណ្ឌា និងសហភាពអឺរ៉ុប។ ដូចគ្នានេះដែរ រមណីយដ្ឋានអង្គរទទួលបានភ្ញៀវទេសចរអន្តរជាតិជាង ៥២ម៉ឺន នាក់ ពោលគឺកំណើន ៣៥,៣% ធៀបនឹងរយៈពេលដូចគ្នានៅ ឆ្នាំ២០២៣។ ចំណែកឯចំនួនទេសចរក្នុងស្រុកក៏បានកើនឡើងជិត ៧% ផងដែរ ក្នុងរយៈពេលដូចគ្នា។
ទី៤. ពាក់ព័ន្ធនឹងការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តធំៗ៖
- ក្នុងរយៈពេល១២ខែនេះ ការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តកាន់តែមានភាពសកម្ម សំដៅជួយសម្រាលបន្ទុកជីវភាពរបស់បងប្អូនប្រជាពលរដ្ឋ និងជួយពង្រឹងភាពប្រកួតប្រជែងរបស់កម្ពុជា។
- រាជរដ្ឋាភិបាលបានបញ្ចប់គម្រោងគមនាគមន៍ធំៗ នៅទូទាំងប្រទេស ជាពិសេស៖ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ និងកំពង់ផែពហុបំណងកំពត។ ជាមួយគ្នានេះ រាជរដ្ឋាភិបាល បាន និងកំពុងសាងសង់ហេដ្ឋារចនាសម្ព័ន្ធធំៗជាច្រើនផ្សេងទៀត ដូចជា៖ “ព្រែកជីកហ្វូណនតេជោ” អាកាសយានដ្ឋានអន្តរជាតិតេជោ ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងបាវិត ការពង្រីកសមត្ថភាពកំពង់ផែទឹកជ្រៅខេត្តព្រះសីហនុ ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ និងបណ្តាញលូគ្រប់ប្រភេទ ព្រមទាំង ស្ពានអាកាស និងស្ពានកាត់ទន្លេមួយចំនួនទៀត នៅរាជធានីភ្នំពេញ និងបណ្ដាខេត្ត។ រាជរដ្ឋាភិបាលក៏កំពុងរៀបចំចរចាជាមួយវិស័យឯកជន ដើម្បីធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធផ្លូវដែកនៅកម្ពុជា។
- រាជរដ្ឋាភិបាល ក៏បាន និងបន្តជំរុញកសាង ជួសជុល ថែទាំ និងកែលម្អផ្លូវជាតិ ផ្លូវខេត្ត ផ្លូវលំជនបទ និងផ្លូវក្រវាត់ព្រំដែន។
- រាជរដ្ឋាភិបាលបន្តយកចិត្តទុកដាក់ខ្ពស់ក្នុងការជំរុញកសាងប្រព័ន្ធធារាសាស្រ្ត និងប្រព័ន្ធរំដោះទឹក នៅទូទាំងប្រទេស ដែលផ្តល់ផលប្រយោជន៍ជាច្រើន ជូនប្រជាពលរដ្ឋខ្មែរ ជាពិសេស កសិករយើង។ គម្រោងសំខាន់ៗមានដូចជា៖
- គម្រោង អាងទឹកដងកាំបិត (នៅខេត្តព្រះវិហារ និងខេត្តកំពង់ធំ មានលទ្ធភាពស្រោចស្រពផ្ទៃដីជាង ១៣ម៉ឺន ហិកតា)
- គម្រោង អភិវឌ្ឍន៍ដូនទ្រី (នៅខេត្តបាត់ដំបង មានលទ្ធភាពស្រោចស្រពផ្ទៃដីជាង ៣ម៉ឺន ហិកតា)
- គម្រោង អភិវឌ្ឍន៍ធនធានទឹកស្វាហាប់ (នៅខេត្តកំពង់ស្ពឺ មានលទ្ធភាពស្រោចស្រពផ្ទៃដី ១ម៉ឺនហិកតា)
- គម្រោង ប្រព័ន្ធស្រោចស្រព និងការពារទឹកជំនន់ស្ទឹងព្រែកត្នោត (នៅខេត្តកណ្តាល រាជធានីភ្នំពេញ ខេត្តតាកែវ មានលទ្ធភាពស្រោចស្រពផ្ទៃដីជិត ៣ម៉ឺន ហិកតា)
- គម្រោង ប្រព័ន្ធរំដោះទឹកសម្រាប់បញ្ជៀសការជន់លិចក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ (ឆ្លងកាត់ និងគ្របដណ្តប់រាជធានីភ្នំពេញ ខេត្តកំពង់ស្ពឺ ខេត្តកណ្តាល និងខេត្តតាកែវ) ដែលការពារមិនឱ្យមានការជន់លិចលើផ្ទៃដីចំនួន៣០ម៉ឺន ហិកតា និងមានលទ្ធភាពស្រោចស្រពផ្ទៃ ប្រមាណ ៥០ម៉ឺន ហិកតាផងដែរ។
- គម្រោង ប្រព័ន្ធទំនប់អូរតេ (នៅខេត្តមណ្ឌលគីរី) មានលទ្ធភាពស្រោចស្រពផ្ទៃដី ប្រមាណ ១ម៉ឺន ហិកតា និងផ្គត់ផ្គង់ទឹកស្អាតបាន រហូតដល់ ១៥.០០០ ម៉ែត្រគូប ក្នុងមួយថ្ងៃ)
ទី៥. ចំពោះការងារសង្គមកិច្ច៖
រាជរដ្ឋាភិបាលផ្តល់សារៈសំខាន់ចំពោះការលើកកម្ពស់ជីវភាព និងសុខុមាលភាពរបស់ប្រជាពលរដ្ឋ រួមទាំងមន្ត្រីរាជការ។ ក្នុងរយៈពេល១២ខែនេះ រាជរដ្ឋាភិបាលបានសម្រេច៖
- ដំឡើងតម្លៃឯកតានៃសន្ទស្សន៍បៀវត្សន៍មូលដ្ឋានសម្រាប់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ពី ២.៥០០រៀល ទៅចំនួន ២.៦៣០ រៀល ក្នុងមួយសន្ទស្សន៍ ចាប់ផ្តើមអនុវត្ត កាលពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ កន្លងមកនេះ។
- ដំឡើងប្រាក់កម្រៃប្រចាំខែជូនមន្ត្រីជាប់កិច្ចសន្យាពីចំនួន ៧១ម៉ឺន រៀល ទៅ ៧៧ម៉ឺន រៀល ចាប់ផ្តើមអនុវត្ត កាលពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ផងដែរ។
- សម្រាប់ប្រាក់កម្រៃឧបត្ថម្ភប្រចាំខែជូនគរុសិស្ស គរុនិស្សិត និងសិស្សមន្ត្រីប្រឡងជាប់ ក្នុងពេលបណ្តុះបណ្តលនៅគ្រឹះស្ថានបណ្តុះបណ្តាលសាធារណៈ ត្រូវបានកំណត់យក៧០% នៃបៀវត្សសរុប ដើម្បីលើកទឹកចិត្តនូវការជ្រើសរើសធនធានមនុស្សដែលល្អ ដើម្បីក្លាយជាអ្នកអប់រំក្នុងវិស័យអប់រំរបស់យើង។ ជាលទ្ធផល៖
- ក្របខណ្ឌ ក កើនពី ៦០៣.៧៥០ រៀល ទៅ ១លាន ១សែន ៨ម៉ឺនរៀលជាង/ខែ
- ក្របខណ្ឌ ខ កើនពី ៥៦ម៉ឹនរៀលជាង ទៅ ១លានរៀលជាង/ខែ
- ក្របខណ្ឌ គ កើនពី ៥៣០.០០០ រៀល ទៅ ១លានរៀលជាង/ខែ ហើយបានអនុវត្ត ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៤
- បន្ថែមទៅលើនោះ រាជរដ្ឋាភិបាលក៏បានដំឡើងបន្ថែមប្រាក់បំណាច់មុខងាររបស់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ចន្លោះពី ២ ម៉ឺន ទៅ ២ម៉ឺន៥ពាន់ រៀល តាមកម្រិត ចាប់ផ្តើមអនុវត្ត កាលពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៤ កន្លងមក
- ដំឡើងបន្ថែមប្រាក់ឧបត្ថម្ភប្រចាំខែចន្លោះ ៤ម៉ឺន រៀល ទៅ ៨ម៉ឺន រៀល ជូនសមាជិកក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ មន្ត្រីភូមិ និងការិយាល័យប្រជាពលរដ្ឋរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ចាប់ផ្តើមអនុវត្ត កាលពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៤
- របស់អតីតមន្ត្រីរាជការស៊ីវិល និងអតីតយុទ្ធជន កើនពី ៧៧ម៉ឺន រៀល ទៅ ៨២ម៉ឺន៥ពាន់ រៀល ចាប់ផ្តើមអនុវត្ត កាលពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៤ មកនេះ
- ការផ្តល់ប្រាក់ឧបត្ថម្ភក្នុងឱកាស ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ចំនួន ៥ម៉ឺន រៀល និងបុណ្យភ្ជុំបិណ្ឌ ៥ម៉ឺន រៀល ជូនដល់មន្ត្រីរាជការស៊ីវិលគ្រប់ប្រភេទ មន្ត្រីនគរបាលជាតិ មន្រ្តីពន្ធនាគារ យោធិន មន្ត្រីជាប់កិច្ចសន្យា សមាជិកក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ មន្ត្រីភូមិ និវត្តន៍ជន គ្រួសារជនពលី គ្រួសារជនមរណៈ និងបាត់បង់សម្បទាវិជ្ជាជីវៈ ក៏បាននៅបន្តអនុវត្តសម្រាប់ឆ្នាំ២០២៤ និងបន្តទៅខាងមុខ
- រាជរដ្ឋាភិបាលក៏បានផ្តល់ការឧបត្ថម្ភសាច់ប្រាក់ជូនស្រី្តមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ ដែលជាសមាជិក ប.ស.ស សរុប ចំនួនជាង ១២៤.០០០ នាក់ និងកូនសរុបចំនួនជាង១០៤.០០០ នាក់ ដោយចំណាយថវិកាចំនួនជិត ១០២ ពាន់លានរៀល (ស្មើនឹងជាង ២៥ លានដុល្លារ)។ ហើយកាលពីថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៤ ខ្ញុំបានផ្តល់គោលការណ៍ឱ្យដាក់បញ្ចូល ទណ្ឌិតជាស្រ្តីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ ដែលរស់នៅក្នុងពន្ធនាគារ ទៅក្នុង កម្មវិធីផ្តល់សាច់ប្រាក់ឧបត្ថម្ភ នេះដែរ។
ខ. ពាក់ព័ន្ធទៅនឹងការអនុវត្តកម្មវិធីគោលនយោបាយអាទិភាពទាំង៦ និងវិធានការគន្លឹះទាំង៥ ដែលរាជរដ្ឋាភិបាលបានដាក់ចេញជាអាទិភាពនៅក្នុងអាណត្តិនេះ
សុខទុក្ខរបស់ប្រជាពលរដ្ឋជានិច្ចជាកាល គឺជាកង្វល់របស់រាជរដ្ឋាភិបាល ហើយពីមួយអាណត្តិទៅមួយអាណត្តិ រាជរដ្ឋាភិបាលដាក់ចេញនូវគោលនយោបាយ និងវិធានការចាំបាច់ ដើម្បីដោះស្រាយកង្វល់ និងលើកស្ទួយជីវភាពរបស់ប្រជាពលរដ្ឋ។
ចាប់តាំងពីដើមអាណត្តិនៃរាជរដ្ឋាភិបាលចាប់ផ្ដើមឡើង ខ្ញុំបានប្រកាសដាក់ចេញឱ្យអនុវត្តភ្លាមនូវ កម្មវិធីគោលនយោបាយជាឤទិភាពចំនួន៦ និងវិធានការគន្លឹះចំនួន៥ ដែលគោលនយោបាយអាទិភាពទាំង៦ មានគោលបំណងលើកស្ទួយជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ជាពិសេសគ្រួសារក្រីក្រ និងងាយរងគ្រោះ គ្រួសារងាយរងហានិភ័យ យុវជន អ្នកប្រកបមុខរបរ និងធ្វើការងារក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ កសិករ មន្ត្រីរាជការ អតីតយុទ្ធជន និងមន្ត្រីចូលនិវត្តន៍ ដែលមានតម្រូវការចំាចាច់ ក្នុងការទទួលបានសេវាគាំពារសង្គម ក៏ដូចជាថែទាំសុខភាព និងអប់រំ។
ចំណែកវិធានការគន្លឹះចំនួន៥ គឺដាក់ចេញក្នុងគោលដៅកសាងរដ្ឋបាលសាធារណៈ ប្រកបដោយសមត្ថភាព និងស្អាតស្អំ កសាងមូលធនមនុស្សប្រកបដោយចំណេះដឹង គុណធម៌ និងសុខភាពល្អមាំមួន ព្រមទាំងកសាងសង្គមមួយប្រកបដោយសន្តិសុខ សុវត្ថិភាព និងយុត្តិធម៌។
ក្នុងឱកាសនេះ ខ្ញុំសូមជម្រាបជូនបងប្អូនជនរួមជាតិដោយសង្ខេប អំពីវឌ្ឍនភាពនៃការអនុវត្តកម្មវិធីគោលនយោបាយអាទិភាពទាំង៦ និងវិធានការគន្លឹះទាំង៥ ក្នុងរយៈពេល១២ខែកន្លងមកនេះ ដូចខាងក្រោម៖
ខ.១. ពាក់ព័ន្ធទៅនឹងកម្មវិធីគោលនយោបាយអាទិភាពទាំង៦
១. កម្មវិធីទី១ – ការពង្រីកសេវាថែទាំសុខភាព ឆ្ពោះទៅរកការគ្របដណ្តប់សុខភាពជាសកល ដែលបានប្រកាសដាក់ឱ្យអនុវត្តកាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ រាជរដ្ឋាភិបាលបានដាក់ចេញកម្មវិធីនេះ ដើម្បីឱ្យប្រជាពលរដ្ឋកាន់តែច្រើន អាចមានលទ្ធភាពទទួលបានសេវាថែទាំសុខភាព និងព្យាបាលជំងឺ តាមរយៈការជួយឧបត្ថម្ភរបស់រដ្ឋ (មូលនិធិសមធម៌សុខាភិបាល) ឬការធានារ៉ាប់រងសុខភាពគាំទ្រដោយរដ្ឋ (ប.ស.ស)។ ជាលទ្ធផល ពីខែសីហា ឆ្នាំ២០២៣ ដល់ខែកក្កដា ឆ្នាំ២០២៤៖
- អ្នកទទួលបានបណ្ណមូលនិធិសមធម៌សុខាភិបាល កើនដល់ជាង ៤,៧ លាន នាក់ ដែលក្នុងនោះរួមមាន៖ គ្រួសារងាយរងហានិភ័យ គ្រួសារក្រីក្រ (ក្រ១ និងក្រ២) កម្មករ-និយោជិតក្រៅប្រព័ន្ធ មេភូមិ អនុភូមិ ជំនួយការភូមិ ក្រុមប្រឹក្សាឃុំ-សង្កាត់ កីឡាករ កីឡាការិនី បុគ្គលបម្រើការក្នុង សេវាកម្សាន្ដទេសចរណ៍ សមាគមម៉ូតូរ៉ឺម៉កកង់បី អ្នកធាក់ស៊ីក្លូ បុគ្គលិក និងអ្នកជំនាញដោះមីននៃប្រតិបត្តិករបោសសម្អាតមីន។
- អ្នកទទួលបានបណ្ណ ប.ស.ស. កើនពីចំនួនជាង ១,៨ លាន នាក់ ទៅដល់ជិត ២,៤ លាន នាក់ ពោលគឺ កើនជាង ៦៤ ម៉ឺន នាក់ ដែលក្នុងនោះ រួមមាន៖ មន្ត្រីសាធារណៈ អតីតមន្ត្រីរាជការ និងអតីតយុទ្ធជន កម្មករ-និយោជិត អ្នកកំពុងទទួលបានការថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្តជាបុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស.។
ខ្ញុំសូមបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលបានដាក់ចេញនូវកម្មវិធីរបបសន្តិសុខសង្គមផ្នែកសេវាថែទាំសុខភាព តាមរបបភាគទានស្ម័គ្រចិត្ត សម្រាប់បុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស. ផងដែរ។ តាមរយៈគោលនយោបាយនេះ បងប្អូនស្វ័យនិយោជន៍ក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដូចជា បងប្អូនអាជីវករនៅតាមផ្សារ ព្រមទាំងអ្នកក្នុងបន្ទុក នឹងអាចក្លាយជាសមាជិក ប.ស.ស. ដើម្បីទទួលបានប្រយោជន៍ពីសេវាគ្របដណ្តប់សុខាភិបាល ដូចគ្នាទៅនឹងមន្ត្រីសាធារណៈ និងកម្មករ-និយោជិត ដែលមកដល់ពេលនេះ មានបងប្អូនប្រមាណ ៣៧ម៉ឺននាក់ បានចុះឈ្មោះ ទទួលយកអត្ថប្រយោជន៍ពីកម្មវិធីនេះរួចហើយ។
២. កម្មវិធីទី២ – ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ជូនដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យនៅទូទាំងប្រទេស ចំនួន ១លាន៥សែន នាក់ ដែលខ្ញុំបានប្រកាសដាក់ឱ្យអនុវត្ត កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣កន្លងទៅ។ កម្មវិធីនេះមានគោលដៅជួយឱ្យយុវជនកម្ពុជាទទួលបានជំនាញវិជ្ជាជីវៈ និងបច្ចេកទេសច្បាស់លាស់ ដោយមិនបង់ថ្លៃសិក្សា ក្នុងរយៈពេល៤ខែ ហើយថែមទាំងទទួលបានប្រាក់ឧបត្ថម្ភពីរដ្ឋ សរុប ១លាន១សែន២ម៉ឺន រៀល ពោលគឺចំនួន២៨ម៉ឺនរៀល ក្នុងមួយខែ ក្នុងម្នាក់។
បើគិតត្រឹមថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤ មានយុវជនចំនួនជិត ៥ម៉ឺន៣ពាន់ នាក់ បានចុះឈ្មោះចូលរៀន ដែលមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យចំនួនជាង ១ម៉ឺន៩ពាន់ នាក់ នៅក្នុងកម្មវិធីសិក្សាចំនួន ៧៨៦ ថ្នាក់ លើមុខជំនាញចំនួន៤១ ដែលអនុវត្តនៅតាមគ្រឹះស្ថានបណ្តុះបណ្តាលសាធារណៈរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅគ្រប់រាជធានី-ខេត្ត។
បន្ថែមពីនេះ រាជរដ្ឋាភិបាលបានបន្តអនុវត្ត មូលនិធិអភិវឌ្ឍន៍ជំនាញ ដែលបានបង្កើតក្នុងឆ្នាំ២០១៨ ក្នុងគោលបំណងបណ្តុះបណ្តាលជំនាញ ដោយឥតគិតថ្លៃ ដល់យុវជន និងនិយោជិត ដើម្បីឱ្យត្រូវតាមទីផ្សារការងារបច្ចុប្បន្ន ក្នុងវិស័យសំខាន់ៗមួយចំនួន រួមមាន៖ វិស័យទេសចរណ៍ កម្មន្តសាល ឌីជីថល អេឡិចត្រូនិក និងសំណង់។ល។ ក្នុងរយៈពេល៦ឆ្នាំនេះ កម្មវិធីបានបណ្តុះបណ្តាលយុវជន និងនិយោជិត សរុបចំនួនជាង ៣ ម៉ឺន នាក់ ហើយបើគិតក្នុងរយៈពេល១២ខែចុងក្រោយនេះ គឺមានចំនួនជាង ១ម៉ឺន៦ពាន់ នាក់ បានទទួលផលពីកម្មវិធីនេះផងដែរ។
៣. ចំពោះកម្មវិធីទី៣នៃកម្មវិធីគោលនយោបាយអាទិភាពទាំង៦ – ការធ្វើស្ថាបនូបនីយកម្មកម្មវិធីជាតិជំនួយសង្គម សម្រាប់គ្រួសារក្រីក្រ ក្រុមជនងាយរងគ្រោះនៅក្នុងគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ នៅក្នុងគ្រាមានវិបត្តិសេដ្ឋកិច្ច និងគ្រាមានគ្រោះអាសន្ន ដែលខ្ញុំបានប្រកាសដាក់ឱ្យអនុវត្ត នៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៣កន្លងទៅ៖
កម្មវិធីនេះមានគោលដៅជួយទ្រទ្រង់ និងគាំពារជាថវិកាទាន់ពេល ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ និងគ្រួសារងាយរងហានិភ័យ ទៅតាមស្ថានភាពជាក់ស្តែងនៃវិបត្តិ ឬគ្រោះអាសន្ន នៅតាមគ្រប់
ទីតាំងភូមិសាស្រ្ត នៅទូទាំងប្រទេស។
ចន្លោះពីឆ្នាំ២០២០ ដល់ ខែមីនា ឆ្នាំ២០២៤ រាជរដ្ឋាភិបាលបានដាក់ចេញ និងអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ ដែលបានផ្តល់ប្រាក់ឧបត្ថម្ភជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ(ដូចជា គ្រួសារមានបណ្ណសមធម៌ប្រភេទ១ ប្រភេទ២ និងសមាជិកគ្រួសារជាមនុស្សចាស់អាយុ៦០ឆ្នាំឡើង មានពិការភាព មានផ្ទុកមេរោគអេសដ៍ និងជាកុមារអាយុក្រោម៥ ឆ្នាំ ដែលបានផ្តល់ជូនសរុបចំនួនប្រមាណ ៧០ម៉ឺនគ្រួសារ ស្មើនឹង ២,៨ លាន នាក់ ដោយចំណាយអស់ថវិកាជិត ១ពាន់៤រយលានដុល្លារ។
ចាប់ពីខែមេសា ឆ្នាំ២០២៤ រាជរដ្ឋាភិបាលបានដាក់ឱ្យដំណើរការនូវ កម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ ដែលផ្តល់ការឧបត្ថម្ភសាច់ប្រាក់ ជូនចំពោះគ្រួសារក្រីក្រ ដែលមានបណ្ណសមធម៌ និងសមាជិកគ្រួសារជាជនងាយរងគ្រោះ ដូចជា ស្រ្តីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ ជនមានពិការភាព ជនចាស់ជរាអាយុ៦០ឆ្នាំឡើង សិស្សានុសិស្សសិក្សាក្នុងគ្រឹះស្ថានចំណេះទូទៅសាធារណៈ អ្នកផ្ទុកមេរោគអេដស៍ និងជំងឺអេសដ៍។ គិតត្រឹមថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤ គ្រួសារក្រីក្រចំនួនប្រមាណ ៥៦ម៉ឺន គ្រួសារ បានទទួលការឧបត្ថម្ភជាសាច់ប្រាក់ ក្នុងទំហំថវិកាប្រមាណ ២0 លាន ដុល្លារ។
៤. កម្មវិធីទី៤ – ការដាក់ចេញយុទ្ធសាស្រ្តស្តីពី ការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឱ្យមានលទ្ធភាពចូលរួមក្នុងសេដ្ឋកិច្ចក្នុងប្រព័ន្ធ និងអាចទទួលបានផលប្រយោជន៍ពីប្រព័ន្ធគាំពារសង្គមផ្លូវការរបស់រដ្ឋ៖
កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣រាជរដ្ឋាភិបាលបានដាក់ចេញនូវ យុទ្ធសាស្ត្រជាតិស្តីពី ការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ២០២៣-២០២៨ ក្នុងគោលដៅលើកទឹកចិត្តអ្នកប្រកបមុខរបរ និងធ្វើការងារក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ ចូលរួមក្នុងសេដ្ឋកិច្ចក្នុងប្រព័ន្ធ ដើម្បីទទួលបានឱកាស និងផលប្រយោជន៍ពីប្រព័ន្ធគាំពារសង្គមផ្លូវការ ដូចជា ការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ និងការគាំពារសង្គម។ ជាក់ស្តែង ក្នុងរយៈពេល១២ខែ រាជរដ្ឋាភិបាលបានផ្តល់ការបណ្តុះបណ្តាលដោយឥតគិតថ្លៃ តាមរយៈ ស្ថាប័នសហគ្រិនខ្មែរ ជូនអ្នកប្រកបមុខរបរ និងធ្វើការងារក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ សរុបចំនួនជាង ១ម៉ឺន៣ពាន់ នាក់។
៥. កម្មវិធីទី៥ – ការដាក់ចេញនូវយន្តការសម្របសម្រួល និងកម្មវិធីហិរញ្ញប្បទាន សំដៅលើកស្ទួយផលិតកម្ម រកទីផ្សារ និងរក្សាលំនឹងថ្លៃកសិផលសំខាន់ៗ ក្នុងកម្រិតសមរម្យ ដែលខ្ញុំបានប្រកាសដាក់ឱ្យអនុវត្តនៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣កន្លងទៅនេះ៖
គិតត្រឹមពេលនេះ រាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការជាច្រើន ក្នុងនោះ បានរក្សាលំនឹងថ្លៃផលិតផលកសិកម្មសំខាន់ៗ រួមមាន៖ ស្រូវ សាច់ជ្រូក និងគ្រាប់ស្វាយចន្ទី។ ជាមួយគ្នានេះ តាមរយៈធនាគារអភិវឌ្ឍជនបទ និងកសិកម្ម រាជរដ្ឋាភិបាលក៏បានផ្ដល់ហិរញ្ញប្បទានចំនួនជិត ២៩ លាន ដុល្លារ ដល់រោងម៉ាស៊ីនកិនស្រូវចំនួន ១៦ ដើម្បីចូលរួមរក្សាសន្តិសុខស្បៀង។
ចំពោះកម្មវិធីទី៦ – ការដាក់ពង្រាយមន្រ្តីបច្ចេកទេសកសិកម្ម ទៅគ្រប់ឃុំ-សង្កាត់ ដែលមានសកម្មភាពកសិកម្ម នៅទូទាំងប្រទេស និងការរៀបចំឱ្យមានសហគមន៍កសិកម្មទំនើប នៅតាមទីជនបទ ប្រកាសដាក់ឱ្យអនុវត្តនៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣៖
គិតត្រឹមពេលនេះ រាជរដ្ឋាភិបាលបានធ្វើការប្រឡងជ្រើសរើសមន្រ្តីបច្ចេកទេសកសិកម្មឃុំចំនួន ២៥០ នាក់ និងបានដាក់ពង្រាយនៅតាមគោលដៅចំនួន ២៥០ ឃុំ ក្នុង ៨៩ ស្រុក និង ១៧ ខេត្ត ដែលបានចុះជួបផ្សព្វផ្សាយ និងបណ្តុះបណ្តាលបច្ចេកទេសកសិកម្ម ជូនប្រជាកសិករបានសរុបជិត ១២ ម៉ឺន គ្រួសារ។
ខ្ញុំបានឯកភាពឱ្យប្រឡងជ្រើសរើសមន្រ្តីបច្ចេកទេសកសិកម្មឃុំចំនួន ១ពាន់ នាក់ បន្ថែមទៀត ដោយផែនការចាស់មានត្រឹមតែ ៨រយនាក់ទេ [1] ខ្ញុំបានអនុញ្ញាតឲ្យបន្ថែម ២រយនាក់ទៀតឲ្យគ្រប់ ១ពាន់នាក់ ដើម្បីពន្លឿនការពង្រាយមន្ត្រីបច្ចេកទេសកសិកម្ម តាមបណ្តាខេត្ត ជាពិសេស នៅតាមឃុំទាំងអស់ នៃខេត្តស្ទឹងត្រែង ខេត្តក្រចេះ ខេត្តមណ្ឌលគីរី និងខេត្តរតនគីរី ដើម្បីចូលរួមជំរុញការអភិវឌ្ឍវិស័យកសិកម្ម នៅក្នុងខេត្តនៃតំបន់ឦសានរបស់យើង។
ជាមួយគ្នានេះផងដែរ រាជរដ្ឋាភិបាលក៏បានរៀបចំ និងដាក់ឱ្យដំណើរការនូវ សហគមន៍កសិកម្មទំនើបចំនួន ៨ ដែលបានអនុវត្តក្នុងខេត្តសៀមរាប ខេត្តតាកែវ ខេត្តកំពង់ឆ្នាំង ខេត្តកំពង់ធំ និងខេត្តកណ្តាលដើម្បីជួយកសិករ អំពីវិធីសាស្ត្រថ្មី ក្នុងការបង្កើនផលិតភាពដាំដុះ និងការបង្កើនប្រាក់ចំណូល។
ខ.២. វិធានការគន្លឹះទាំង៥
ក្នុងគោលបំណងកសាងរដ្ឋបាលសាធារណៈ ប្រកដោយសមត្ថភាព និងស្អាតស្អំ ក្នុងការបម្រើប្រជាពលរដ្ឋឱ្យបានកាន់តែល្អប្រសើរ កសាងមូលធនមនុស្សប្រកបដោយចំណេះដឹង ចំណេះធ្វើ គុណធម៌ និងសុខភាពល្អមាំមួន ព្រមទាំងកសាងសង្គមមួយប្រកបដោយសន្តិសុខ សុវត្ថិភាព និងយុត្តិធម៌ រាជរដ្ឋាភិបាល បានដាក់ចេញនូវវិធានការគន្លឹះចំនួន៥ បន្ថែមទៅលើកម្មវិធីគោលនយោបាយអាទិភាពទាំង៦ចំណុច។ វិធានការគន្លឹះទាំង ៥ នោះ មាន ទី១– ការពង្រឹងសមត្ថភាពរដ្ឋបាលសាធារណៈ ទី២– ការលើកកម្ពស់គុណភាពអប់រំ ទី៣- ការលើកកម្ពស់គុណភាពសេវាសុខាភិបាល ទី៤– ការពង្រឹងការអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព»,និង ទី៥– ការពង្រឹង និងលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃប្រព័ន្ធយុត្តិធម៌។ ក្នុងរយៈពេល១២ខែនេះ៖
- ពាក់ព័ន្ធការជំរុញគុណភាពរដ្ឋបាលសាធារណៈ រាជរដ្ឋាភិបាលបានរៀបចំយន្តការប្រឡងជ្រើសរើសមន្ត្រីរាជការស៊ីវិល ក្រោមនិយាមថ្មី បានចំនួន ៧ លើក ដោយមានការទទួលស្គាល់ពីបេក្ខជនរាប់ម៉ឺននាក់ គ្រួសារ និងមហាជនទូទៅ ថា ការប្រឡងបានប្រព្រឹត្តទៅប្រកបដោយសុក្រិតភាព តម្លាភាព និងយុត្តិធម៌ ក្រោមអភិក្រម “អ្នកចេះ ជាប់”។
[2]នៅក្នុងន័យនេះ ខ្ញុំសូមរំលេចបន្ថែមថា ការធានាសុក្រឹតភាព និងយុត្ដិធម៌សម្រាប់យុវជន គឺធានាឲ្យបាននូវការស្មើភាពគ្នាក្នុងការប្រកួតប្រជែង ដំបូងបំផុតនៅក្នុងការកសាងមូលដ្ឋានមន្ដ្រីដែលមានភាពស្អាតស្អំ សមត្ថភាព ដែលជាមូលដ្ឋានសម្រាប់ធ្វើកំណែទម្រង់។ ជាក់ស្ដែង ក្នុងការប្រឡងទាំង ៧លើក មានបេក្ខជន ៨ ម៉ឺននាក់ចូលរួម ដែលយើងយកជាប់ជាង ២ពាន់នាក់ នោះគឺមានការសាទរជាខ្លាំង និងទទួលស្គាល់ការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលនៅក្នុងការធ្វើឲ្យបានការសម្រេចនូវគោលដៅដែលដាក់ចេញដើម្បីធានានូវឱកាសស្មើគ្នាសម្រាប់យុវជនរបស់យើង។
បន្ថែមលើនេះ រាជរដ្ឋាភិបាល បាន និងកំពុងជំរុញដំណើរការពិនិត្យ និងកែសម្រួលលើមុខងារ និងរចនាសម្ព័ន្ធរបស់ក្រសួងស្ថាប័នទាំងអស់ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពស្ថាប័ន និងគុណភាពនៃការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ក៏ដូចជាកំពុងរៀបចំប្រព័ន្ធលើកទឹកចិត្តមន្រ្តី ដោយផ្អែកលើលទ្ធផលការងារ។ ទន្ទឹមនឹងការដាក់ចេញនូវវិធានការកែទម្រង់រដ្ឋបាលសាធារណៈខាងលើ រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក៏បានដាក់ចេញនិងចាត់វិធានការយ៉ាងម៉ឺងម៉ាត់ចំពោះមន្រ្តីដែលបានប្រព្រឹត្តល្មើសវិន័យ និងបំពានក្រមសីលធម៌វិជ្ជាជីវៈ តាមរយៈការអនុវត្ត អភិក្រមទី៥ គឺការវះកាត់ ដោយរាជរដ្ឋាភិបាលបានចាត់វិធានការបញ្ចប់មុខតំណែង និងបន្ថយឋានន្តរស័ក្តិ ព្រមទាំងបណ្ដេញចេញពីក្របខ័ណ្ឌ ចំពោះមន្រ្តីរាជការស៊ីវិល និងកងកម្លាំងប្រដាប់អាវុធមួយចំនួន។ ក្រៅពីនោះ រាជរដ្ឋាភិបាលបានទូលស្នើសុំព្រះមហាក្សត្រ បញ្ចប់គោរមងារ អ្នកឧកញ៉ា និងឧកញ៉ា មួយចំនួន ដែលបានប្រព្រឹត្តល្មើសច្បាប់ផងដែរ។
- ពាក់ព័ន្ធនឹងការលើកកម្ពស់គុណភាពអប់រំ រាជរដ្ឋាភិបាល តាមរយៈក្រសួងអប់រំ យុវជន និងកីឡា បានយកចិត្តទុកដាក់ និងដាក់ចេញនូវកម្មវិធីផ្សេងៗ សំដៅលើកកម្ពស់ការអប់រំបណ្តុះបណ្តាលមូលដ្ឋាន ពីកម្រិត មត្តេយ្យ ដល់ វិទ្យាល័យ ដោយផ្តោតលើការពង្រឹងសមត្ថភាព និងឥរិយាបថរបស់គ្រូ និងសិស្ស ព្រមទាំងការគ្រប់គ្រងសាលារៀន ដោយលើកទឹកចិត្តឱ្យមានការចូលរួមពីសហគមន៍។ កម្មវិធីសំខាន់ៗដែលបានដាក់ឱ្យអនុវត្តនៅសាលារៀនមួយចំនួន រួមមាន៖ ការបន្ថែមម៉ោងសិក្សា (២ម៉ោងក្នុងមួយថ្ងៃ) បំនិនជីវិត សីលធម៌ វប្បធម៌ សិល្បៈ ភាសាបរទេស និងកុំព្យូទ័រ។
- ចំពោះការលើកកម្ពស់គុណភាពសេវាសុខាភិបាល រាជរដ្ឋាភិបាលបានដាក់ចេញវិធានការចាំបាច់នានា ដើម្បីបង្កើនគុណភាពសេវាសុខាភិបាលសាធារណៈនៅមូលដ្ឋាន ដោយយកចិត្តទុកដាក់ជាពិសេសលើ មណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែកស្រុក ដែលរួមមាន៖ ការបង្កើនបរិមាណ និងគុណភាពថ្នាំ និងបរិក្ខារពេទ្យ ការជំរុញសេវា ២៤ ម៉ោង លើ ២៤ ម៉ោង និង ៧ថ្ងៃ ក្នុងមួយសប្តាហ៍ ការពង្រឹងក្រមសីលធម៌ និងការទទួលខុសត្រូវវិជ្ជាជីវៈរបស់បុគ្គលិកសុខាភិបាល និងគ្រូពេទ្យ ក៏ដូចជាការពង្រីកសមត្ថភាពក្នុងការផ្តល់សេវាសុខភាពសាធារណៈ។
[3] ខ្ញុំបានទទួលព័ត៌មានពីប្រជាជនជាច្រើន ដែលសប្បាយចិត្ត និងជឿទុកចិត្តកាន់តែខ្លាំងទៅលើស្ថាប័នផ្ដល់សេវាកម្មសុខាភិបាលរបស់រដ្ឋ ជាពិសេសមណ្ឌលសុខភាព ពាក់ព័ន្ធនឹងការផ្ដល់គុណភាពសេវា ក៏ដូចជាថ្នាំជូនដល់ប្រជាពលរដ្ឋ។ ខ្ញុំសូមយកឱកាសនេះ អរគុណទៅដល់លោកគ្រូពេទ្យ អ្នកគ្រូពេទ្យគ្រប់កន្លែង ដែលបានខិតខំបម្រើប្រជាពលរដ្ឋដ៏ល្អ។ យើងនឹងបន្ដការងារនេះទៅមុខទៀត ធ្វើយ៉ាងណាឲ្យគុណភាពនៃការផ្ដល់សេវាគុណភាពនៃពេទ្យបង្អែកស្រុក និងពេទ្យគ្រប់កម្រិតកាន់តែមានប្រសិទ្ធភាព និងផ្ដល់សេវាកាន់តែល្អ និងទុកចិត្តរបស់ប្រជាពលរដ្ឋ។ នៅក្នុង ១២ ខែនេះ ខ្ញុំក៏បានដាក់សម្ពោធឲ្យប្រើប្រាស់នូវសមិទ្ធផលធំៗ ក្នុងវិស័យសុខាភិបាលផ្សេងទៀត រួមមានមន្ទីរពេទ្យជាតិតេជោសន្ដិភាព ដែលមានជាង ៩ពាន់គ្រែ មន្ទីរពេទ្យតេជោសែនកោះធំ និងអគារបម្រើសេវាវះកាត់ បំពាក់ដោយឧបករណ៍ទំនើបនៅមន្ទីរពេទ្យបង្អែកសៀមរាប។ - ពាក់ព័ន្ធនឹងការពង្រឹងការអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» រាជរដ្ឋាភិបាលផ្តោតការយកចិត្តទុកដាក់លើសុខសុវត្ថិភាពរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ជាពិសេសការកាត់បន្ថយ និងឈានទៅដល់ការលុបបំបាត់ការជួញដូរ និងការប្រើប្រាស់គ្រឿងញៀន ល្បែងស៊ីសង និងក្មេងទំនើងនៅក្នុងសហគមន៍។ រាជរដ្ឋាភិបាលបានដាក់ចេញនូវបទបញ្ជាប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀន តាមរយៈ ការធ្វើតេស្ត មន្ត្រីរាជការស៊ីវិល និងកងកម្លាំងប្រដាប់អាវុធ សរុបជាង ១០ម៉ឺន នាក់ និងបានបណ្តេញចេញពីក្របខ័ណ្ឌចំពោះមន្រ្តីមួយចំនួន ដែលត្រូវបានរកឃើញលទ្ធផលតេស្តវិជ្ជមាន។ ទន្ទឹមនេះ កម្លាំងសមត្ថកិច្ចក៏បានអនុវត្តយ៉ាងម៉ឺងម៉ាត់ក្នុងការបង្ក្រាបបទល្មើសគ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់ និងក្មេងទំនើង។
- ពាក់ព័ន្ធការពង្រឹង និងលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃប្រព័ន្ធយុត្តិធម៌ រាជរដ្ឋាភិបាល តាមរយៈក្រសួងយុត្តិធម៌ បានបង្កើត អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដែលបានចាប់ផ្តើមដំណើរការសម្រុះសម្រួល និងផ្សះផ្សារវិវាទរបស់ប្រជាពលរដ្ឋ ចាប់តាំងពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៤នេះមក។ ជាមួយគ្នានេះ ក្រសួងយុត្តិធម៌បានដាក់ចេញនូវយុទ្ធនាការចំនួនពីរ គឺ៖ (ទី១) យុទ្ធនាការជំរុញ និងពន្លឿនការដោះស្រាយរឿងក្តីនៅតាមតុលាការ និង(ទី២) យុទ្ធនាការត្រួតពិនិត្យនិងដោះស្រាយភាពមិនប្រក្រតីតាមតុលាការ ព្រមទាំងបានយកចិត្តទុកដាក់ជាពិសេស លើសំណុំរឿងអាទិភាពចំនួន ៤ប្រភេទ គឺសំណុំរឿងអត្រានុកូលដ្ឋាន សំណុំរឿងគ្រឿងញៀន សំណុំរឿងគ្រោះថ្នាក់ចរាចរណ៍ និងសំណុំរឿងពាក់ព័ន្ធនឹងក្មេងទំនើង។
ខ្ញុំសូមបញ្ជាក់ថា អ្វីដែលខ្ញុំរៀបរាប់ដោយសង្ខេបនៅខាងលើទាំងអស់នេះ គឺឆ្លុះបញ្ចាំងអំពីសមិទ្ធផលជាក់ស្តែងតែមួយចំណែកតូចតែប៉ុណ្ណោះ ដែលរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា សម្រេចបាន។ យើងនៅមានសមិទ្ធផលជាច្រើនទៀត ដែលក្រសួង-ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិសម្រេចបានជូនប្រជាពលរដ្ឋទៅតាមវិស័យ និងមូលដ្ឋានរបស់ខ្លួន ដែលប្រជាពលរដ្ឋអាចទទួលបានព័ត៌មានលម្អិតជាច្រើននៅតាមក្រសួង-ស្ថាប័ន និងសារព័ត៌មាននានា ទាំងរបស់រដ្ឋ និងឯកជន ជាពិសេស ក្នុង វេទិកាសារព័ត៌មាន កាលពីថ្ងៃទី១៩ ខែសីហា កន្លងទៅថ្មីៗនេះ ឯកឧត្តម ប៉ែន បូណា និងឯកឧត្តម ហ្សង់ហ្វ្រង់ស័រ តាន់ បានធ្វើអត្ថាធិប្បាយអំពីសមិទ្ធផលរយៈពេល១២ខែ របស់រាជរដ្ឋាភិបាល នីតិកាលទី៧។
គ. វិធានការអន្តរាគមន៍ និងដំណោះស្រាយចំពោះវិស័យអាទិភាពមួយចំនួន
- ព្រះថេរានុថេរៈគ្រប់ព្រះអង្គជាទីសក្ការៈ
- បងប្អូនជនរួមជាតិជាទីស្រឡាញ់!ឮ
[4] បន្ទាប់ទៅ អនុញ្ញាតឲ្យខ្ញុំផ្ដល់ជូនព័ត៌មានសង្ខេបអំពីវិធានការអន្តរាគមន៍ និងដំណោះស្រាយចំពោះវិស័យអាទិភាពមួយចំនួន ដែលរួមមានវិស័យសេដ្ឋកិច្ចក្នុងស្រុក ដីធ្លី និងការអភិវឌ្ឍតាមតំបន់ព្រំដែន។
១. ពាក់ព័ន្ធនឹងវិស័យសេដ្ឋកិច្ចក្នុងស្រុក រាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការអន្តរាគមន៍ចំពោះវិស័យសេដ្ឋកិច្ចក្នុងស្រុក តាមរយៈការដាក់ចេញនូវវិធានការលើកទឹកចិត្តផ្នែកពន្ធដារ និងវិធានការលើកទឹកចិត្តផ្នែកវិស័យធនាគារ និងហិរញ្ញវត្ថុជាច្រើន ក្នុងរយៈពេល១២ខែកន្លងមកនេះ។
ក. ពាក់ព័ន្ធនឹងវិធានការលើកទឹកចិត្តផ្នែកពន្ធដារ
- ចំណុចទី១ ពាក់ព័ន្ធនឹងភាស៊ី៖ រាជរដ្ឋាភិបាលនៃអាណត្តិថ្មីបន្តអនុវត្តនូវការលុបការបង់ភាស៊ី និងការបង់ថ្លៃផ្សេងៗទៀត ចំពោះការលក់ដូររបស់ប្រជាពលរដ្ឋតាមកញ្ច្រែង កញ្ជើ ល្អី នៅតាមទីផ្សារនានា ទូទាំងប្រទេស ព្រមជាមួយនឹងគោលនយោបាយនៃការអនុញ្ញាតឱ្យអាជីវករលក់ដូរតាមផ្សាររដ្ឋ និងទីតាំងផ្សាររដ្ឋ មានសិទ្ធិកាន់កាប់ប្រើប្រាស់ និងអាស្រ័យផលលើតូប រាន ស្តង់លក់ដូរ និងមានសិទ្ធិផ្ទេរសិទ្ធិទាំងនេះ ឱ្យកូនចៅ និងអ្នកដទៃបាន។
- ចំពោះវិស័យសំខាន់ៗដែលខ្ញុំសូមជម្រាបជូនបងប្អូន ក្នុងនោះមាន វិស័យអចលនទ្រព្យ៖
- ក្នុង វេទិការាជរដ្ឋាភិបាល-វិស័យឯកជនលើកទី១៩ កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣កន្លងទៅ ខ្ញុំបានសម្រេចផ្តល់គោលការណ៍លើកទឹកចិត្តពន្ធដារ ក្នុងវិស័យអចលនទ្រព្យ ដែលបានកាត់បន្ថយបន្ទុកចំណាយបង់ពន្ធ ដល់អ្នកអភិវឌ្ឍអចលនទ្រព្យ និងប្រជាពលរដ្ឋដែលជាម្ចាស់អចលនទ្រព្យដែលនៅក្នុងនោះរួមមាន៖ (១) ការលើកលែងពន្ធលើចំណេញមូលធនលើ អចលនទ្រព្យ (២) ការអនុញ្ញាតការបង់ពន្ធជាកញ្ចប់តាមគម្រោងដល់ក្រុមហ៊ុនអភិវឌ្ឍន៍សំណង់ និង (៣) ការលើកលែងពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់លំនៅដ្ឋានគ្រប់ប្រភេទ ដែលមានលក្ខណៈជាបូរី ដែលមានថ្លៃក្រោម ឬស្មើ ៧ ម៉ឺនដុល្លារ។ ដោយគោលការណ៍លើកទឹកចិត្តទាំងនេះ នឹងត្រូវផុតកំណត់នៅដំណាច់ឆ្នាំ២០២៤ ហើយតាមរយៈការពិគ្រោះយោបលជាមួយវិស័យអចលនទ្រព្យ រាជរដ្ឋាភិបាលសម្រេចបន្តអនុវត្តគោលការណ៍លើកទឹកចិត្តនេះ រហូតដល់ដំណាច់ឆ្នាំ២០២៥។ ជាមួយគ្នានេះ ខ្ញុំក៏បានណែនាំឱ្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ពិនិត្យលើគោលការណ៍លើកទឹកចិត្តផ្សេងទៀតសម្រាប់វិស័យអចលនទ្រព្យ ដែលនឹងត្រូវផុតកំណត់ ដើម្បីពិនិត្យលទ្ធភាពបន្តការអនុគ្រោះ ក្នុងករណីចាំបាច់។
- ចំពោះពន្ធលើដីធ្លីមិនប្រើប្រាស់ ដែលកន្លងទៅមានបងប្អូនប្រជាពលរដ្ឋជាច្រើនមានការព្រួយបារម្ភ ដែលក្នុងវេទិកាជួបវិស័យឯកជន ខ្ញុំក៏បានសម្រេចប្រកាស លើកលែងការយក ពន្ធលើដីធ្លីមិនប្រើប្រាស់ សម្រាប់ដីក្រោម ៥ ហិកតា ក្នុងមួយកន្លែង។ [5] អញ្ចឹងបានន័យថា ប្រជាពលរដ្ឋដែលមានដីត្រឹម ៥ហិកតាចុះ គឺមិនមានការព្រួយបារម្ភនៅក្នុងការជាប់ពន្ធដីមិនប្រើប្រាស់នោះទេ។
- ក្រៅពីវិធានការលើកទឹកចិត្តផ្នែកពន្ធដារ រាជរដ្ឋាភិបាល តាមរយៈក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាន និងកំពុងខិតខំសម្របសម្រួលដោះស្រាយគម្រោងអភិវឌ្ឍអចលនទ្រព្យដែលកំពុងមានបញ្ហា ដោយឈរលើគោលការណ៍សម្របសម្រួល និងច្បាប់ ដើម្បីស្វែងរកច្រកចេញក្នុងគ្រាលំបាក និងស្របតាមយុទ្ធសាស្រ្តឈ្នះ-ឈ្នះ។ ជាក់ស្តែង ក្នុងចំណោម ៣៧ គម្រោង ក្រសួងបានបញ្ចប់នីតិវិធីនៅកម្រិតក្រសួង បានចំនួន ៩ គម្រោង និងបន្តដោះស្រាយគម្រោងដែលនៅសេសសល់។ ខ្ញុំសូមយកឱកាសនេះថ្លែងអំណរគុណចំពោះគ្រប់ភាគីពាក់ព័ន្ធ ដែលរួមមាន ម្ចាស់បូរី ម្ចាស់បំណុល និងអតិថិជនទាំងអស់ដែលបានយោគយល់ និងផ្តល់កិច្ចសហការជាមួយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីព្យាយាមសម្របសម្រួលដោះស្រាយបញ្ហានេះ និងសូមគ្រប់ភាគីទាំងអស់បន្តចូលរួម ដើម្បីឈានទៅរកដំណោះស្រាយបញ្ចប់ នៅពេលខាងមុខ។
- ចំពោះការកែតម្រូវលិខិតប្រកាសពន្ធ រាជរដ្ឋាភិបាលបានសម្រេចអនុញ្ញាតឱ្យអ្នកជាប់ពន្ធ ធ្វើការប្រកាសពន្ធឡើងវិញដោយស្ម័គ្រចិត្ត ដោយមិនជាប់ប្រាក់ពិន័យ ១០% និងការប្រាក់ ១,៥% ក្នុង១ខែ ដែលមានប្រសិទ្ធភាពត្រឹមដំណាច់ខែមិថុនា ឆ្នាំ២០២៤។ ជាលទ្ធផល មានអ្នកជាប់ពន្ធបានស្ម័គ្រចិត្តទៅធ្វើការប្រកាសពន្ធឡើងវិញ ក្នុងរយៈពេលកន្លងមកនេះ [6] ជាបន្តបន្ទាប់ (ការនេះគឺ)ដើម្បីផ្ដល់ឱកាសឲ្យបងប្អូនមានពេលគ្រប់គ្រាន់ធ្វើការប្រកាសពន្ធឡើងវិញ។ ខ្ញុំបានសម្រេចឱ្យបន្តការអនុគ្រោះ រហូតដល់ដំណាច់ខែមិថុនា ឆ្នាំ២០២៥ ។
- ពាក់ព័ន្ធនឹងការលើកទឹកចិត្តថ្មីបន្ថែមចំពោះសហគ្រាសក្នុងវិស័យឯកជន
- រាជរដ្ឋាភិបាលនឹងបន្តលើកលែងការធ្វើសវនកម្មដល់កន្លែង សម្រាប់អ្នកជាប់ពន្ធតូច ទាំងក្នុងអំឡុងពេលប្រតិបត្តិការអាជីវកម្មធម្មតា និងទាំងក្នុងពេលស្នើសុំបិទអាជីវកម្ម។ អគ្គនាយកដ្ឋានពន្ធដារ មិនដែលតម្រូវឱ្យធ្វើសវនកម្មសហគ្រាសជាមួយអ្នកជាប់ពន្ធតូចទេ ទោះបីក្នុងករណីដែលសហគ្រាសនោះសុំបិទក៏ដោយ។
[7] កាលពីថ្ងៃទី១៩ មិថុនា ឆ្នាំ២០២៤ កន្លងទៅនេះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានចេញប្រកាសលេខ៣៦០ ស្ដីពីការណែនាំការអនុវត្តអនុក្រឹត្យអំពីការលើកទឹកចិត្តផ្នែកពន្ធដារ សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ។ ប្រកាសនេះរៀបចំឡើងក្នុងគោលបំណងល្អ ចង់ឱ្យបងប្អូននៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធអាចចុះឈ្មោះដោយស្ម័គ្រចិត្ត ដើម្បីអាចទទួលបាននូវអត្ថប្រយោជន៍ដែលរាជរដ្ឋាភិបាលបានផ្ដល់ជូន ដូចជាការបណ្ដុះបណ្ដាលបង្កើនសមត្ថភាពផ្សេងៗ ដោយមិនជាប់ពន្ធអីទាំងអស់។ ប៉ុន្តែពេលដែលដាក់ប្រកាសនេះចេញទៅ (បែជា)ធ្វើឱ្យមានការយល់ច្រឡំដោយបងប្អូនជាច្រើនមានការព្រួយបារម្ភថា ការចុះឈ្មោះនឹងនាំឱ្យមានការទារពន្ធ ឬផាកពិន័យពន្ធទៅថ្ងៃក្រោយ។
ដើម្បីកុំឱ្យមានយល់ច្រឡំ ខ្ញុំបានផ្ដល់គោលការណ៍ឱ្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ធ្វើនិរាករណ៍ប្រកាសនេះ ហើយពិភាក្សាជាមួយភាគីពាក់ព័ន្ធទាំងអស់ថា តើយើងមានវិធីសាស្ត្រណាដែលអាចឱ្យបងប្អូននៅក្នុងវិស័យក្រៅប្រព័ន្ធចូលរួមទទួលផលពីកម្មវិធីនយោបាយដែលយើងដាក់ចេញជូនគាត់។ ជាទូទៅទាល់តែយើងអាចកំណត់បានអត្តសញ្ញាណ ទើបយើងអាចជួយចំគោលដៅ។ អញ្ចឹង ដើម្បីកុំឱ្យមានការមន្ទិលសង្ស័យ ការភ័យបារម្ភ ឬមួយក៏មានការយកទៅបកស្រាយផ្សេងៗ ដែលខុសន័យដើមនៃប្រកាសនេះ នាំឱ្យមានការយល់ច្រឡំ និងការភិតភ័យរបស់ប្រជាពលរដ្ឋ ជាពិសេស អាជីវករខ្នាតតូច និងក្រៅប្រព័ន្ធ គឺ(ខ្ញុំបានសំរេចអោយធ្វើ)និរាករណ៍ចោលតែម្ដង។
ខ្ញុំសូមប្រកាសដោយខ្លីថា បងប្អូនអាជីវករដែលមានចំណូលដុលក្រោម ២៥០លានរៀល គិតជាខ្នាតមីក្រូ មិនមានកាតព្វកិច្ចបង់ពន្ធអ្វីទាំងអស់ ពោលគឺមិនចាំបាច់ជាប់ពន្ធប៉ាតង់ ឬប្រកាសពន្ធអ្វីទេ។ ប្រកាសដោយខ្លីបែបនេះ។
- ពាក់ព័ន្ធនឹងវិធានការអន្តរាគមន៍ផ្នែកពន្ធដារ ក្នុងវិស័យកសិកម្ម៖
- រាជរដ្ឋាភិបាលបន្តអនុវត្តគោលការណ៍មិនយកពន្ធលើដីកសិកម្ម ដីស្រែជាលក្ខណៈគ្រួសារ, ពន្ធនាំចូលសម្ភារៈកសិកម្ម កសិផលកសិកម្ម រួមមាន៖ ជីគ្រប់ប្រភេទ ពូជដំណាំគ្រប់ប្រភេទ
បសុឱសថ ចំណីសត្វ ពូជសត្វ គ្រឿងយន្ត និងឧបករណ៍កសិកម្មមួយចំនួន។
- បន្ថែមការផ្តល់ការលើកទឹកចិត្តពន្ធដារ ដោយទុកជាបន្ទុករបស់រដ្ឋ នូវអាករលើតម្លៃបន្ថែម ព្រមទាំង ព្យួរទុកការបង់ពន្ធ ប្រាក់រំដោះលើប្រាក់ចំណូល និងអនុញ្ញាតឱ្យរួចកាតព្វកិច្ចកាត់ទុកប្រាក់ពន្ធលើការទូទាត់ ដល់សហគ្រាសដាំដុះ ផលិត ផ្គត់ផ្គង់ក្នុងស្រុក ឬនាំចេញនូវផលិតផលកសិកម្មចំនួន ១១មុខ ក្នុងនោះរួមមាន ស្រូវ អង្ករ ពោត សណ្តែក ម្រេច ដំឡូងមី គ្រាប់ស្វាយចន្ទី ជ័រកៅស៊ូ មៀនប៉ៃលិន ស្វាយ និងចេក ការចិញ្ចឹមសត្វ វារីវប្បកម្ម និងផលិតផលដូងប្រេងនៅក្នុងស្រុក ដែលជាវត្ថុធាតុដើមផលិតចំណីសត្វ ក៏ទទួលបានផលនេះផងដែរ។
- រាជរដ្ឋាភិបាលបន្តអនុវត្តគោលការណ៍មិនយកពន្ធលើដីកសិកម្ម ដីស្រែជាលក្ខណៈគ្រួសារ, ពន្ធនាំចូលសម្ភារៈកសិកម្ម កសិផលកសិកម្ម រួមមាន៖ ជីគ្រប់ប្រភេទ ពូជដំណាំគ្រប់ប្រភេទ
- ចំពោះ វិស័យទេសចរណ៍
- ក្នុងខេត្តសៀមរាបកន្លងមក ខ្ញុំបានសម្រេចឱ្យមានការលើកលែងការបង់ពន្ធប្រចាំខែគ្រប់ប្រភេទ លើកលែងតែអាករលើតម្លៃបន្ថែម និងអាករលើការស្នាក់នៅ លើកលែងពន្ធលើប្រាក់ចំណូលសម្រាប់ឆ្នាំ២០២៣ មិនចុះធ្វើសវនកម្មលើអាជីវកម្មក្នុងវិស័យទេសចរណ៍ រហូតដល់ ខែមិថុនា ឆ្នាំ២០២៤។ ដើម្បីបន្តជួយសម្រាលបន្ទុកចំណាយរបស់ប្រតិបត្តិករក្នុងវិស័យទេសចរណ៍ និងស្តារវិស័យទេសចរណ៍នៅខេត្តសៀមរាបឡើងវិញ ថ្ងៃនេះ ខ្ញុំបានសម្រេចបន្តសុពលភាពនៃការលើកលែងដដែលនេះ មួយឆ្នាំបន្ថែមទៀត រហូតដល់ដំណាច់ខែមិថុនា ឆ្នាំ២០២៥។
- បន្ថែមលើការលើកលែងពន្ធនេះ រាជរដ្ឋាភិបាលបានផ្តល់ថវិកាចំនួន ៥០លាន ដុល្លារ តាម
រយៈ ធនាគារ SME Bank សម្រាប់ត្រៀមផ្តល់ឥណទានពិសេស ជូនប្រតិបត្តិករទេសចរណ៍ខេត្តសៀមរាប។ ហើយក្រុមការងារចំពោះកិច្ចកំពុងសិក្សាវាយតម្លៃសកម្មភាព និងសេវាកម្មទេសចរណ៍ ដែលជំរុញទេសចរមកខេត្តសៀមរាប ដើម្បីផ្ដល់ជាអាទិភាពដើម្បីទទួលបានឥណទានពិសេសនេះ។
[8] ពាក់ព័ន្ធនឹងវិស័យទេសចរណ៍ ជាពិសេសនៅខេត្តសៀមរាប យើងមានតួអង្គនិងកិច្ចការសំខាន់ៗមួយចំនួនទៀតដែលត្រូវយកចិត្តទុកដាក់ដោះស្រាយ ដើម្បីជួយជំរុញទេសចរនៅទីនោះ ក្រៅពីវិធានពន្ធដារ។ ទី១ គឺពាក់ព័ន្ធទៅនឹងមគ្គុទេ្ទសក៍ទេសចរដែលជាតួអង្គសំខាន់។ បងប្អូនជាតួអង្គសំខាន់នៅក្នុងការបង្ហាញដល់ភ្ញៀវជាតិ និងអន្តរជាតិ អំពីប្រវត្តិសាស្រ្ត អំពីអត្ថន័យនៃប្រាសាទ ក៏ដូចជាពន្យល់បន្ថែមអំពីស្ថានភាពប្រវត្តិសាស្រ្ត។ កន្លងទៅ ខ្ញុំបានចាត់ក្រុមការងារពិសេសរបស់ខ្ញុំ ជួបពិភាក្សាក្រៅផ្លូវការជាមួយបងប្អូននៅទីនោះ ដើម្បីពិនិត្យមើលថាចំណុចណាខ្លះដែលយើងអាចជួយ(ដល់ពួកគាត់) ព្រោះការដាក់ចេញវិធានការអន្តរាគមន៍ ចាំបាច់ត្រូវពិគ្រោះជាមួយនឹងអ្នកដែលធ្វើផ្ទាល់។
យើងគិតជាយុទ្ធសាស្រ្ត ជាទ្រង់ទ្រាយធំ ប៉ុន្តែយើងត្រូវដោះលក្ខណៈតូចៗ។ ខ្ញុំតែងតែលើកថា ស្លឹកឈើមួយសន្លឹក ស្លឹកឈើពីរសន្លឹក អាចធ្វើឱ្យស្ទះលូ ឬមួយក៏ទឹកហូរយឺតបាន។ អញ្ចឹង ការដោះស្រាយបញ្ហាតូចៗនេះ ជាបញ្ហាចម្បងដែលត្រូវគិតគូរ។ អញ្ចឹងពាក់ព័ន្ធទៅនឹងបងប្អូនមគ្គុទេ្ទសក៍ … ការស្នើសុំមានការលើកលែងពិន័យអន្តរការណ៍ជាប្រាក់ចំពោះការហួសសុពលភាពអាជ្ញាបណ្ណមគ្គុទ្ទេសក៍ទេសចរ ដែលកន្លងទៅ បន្ទាប់ពីវិបត្តិកូវីដ-១៩ រាជរដ្ឋាភិបាលបានជួយបងប្អូនម្តងរួចមកហើយ ដោយលើកលែងពិន័យនេះត្រឹមដំណាច់ខែមីនា ឆ្នាំ២០២៤។
ដើម្បីជួយសម្រួលបន្ទុកជូនបងប្អូនមគ្គុទ្ទេសក៍ទេសចរណ៍បន្ថែម ខ្ញុំបានសម្រេចពន្យាឱសានវាទអនុវត្តរហូតដល់ដំណាច់ឆ្នាំ ២០២៤។ ចំពោះប្រាក់ពិន័យ ដែលបានបង់រួចរាល់ សូមទោស គឺនឹងមិនអាចបង្វិលសងវិញនោះទេ។ ប៉ុន្តែការពន្យាឱសានវាទនេះ នឹងអាចជួយដល់បងប្អូនជាច្រើន។
- បន្ថែមពីលើនោះ ខ្ញុំបានសម្រេច៖
- ប្រគល់ភារកិច្ចជូនក្រសួងទេសចរណ៍ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ពិភាក្សាគ្នារកលទ្ធភាពបន្ថយការផាកពិន័យលើការយឺតយ៉ាវក្នុងការបន្តសុពលភាពអាជ្ញាបណ្ណមគ្គុទេ្ទសក៍ទេសចរណ៍។
- ខ្ញុំក៏បានឱ្យក្រសួងទេសចរណ៍ពិនិត្យឡើងវិញនូវនីតិវិធីក្នុងការសុំអាជ្ញាបណ្ណថ្មី និងបន្តសុពលភាពអាជ្ញាបណ្ណរបស់មគ្គុទេ្ទសក៍ទេសចរណ៍ឱ្យមានភាពងាយស្រួល ជាពិសេស គឺការស្នើសុំបន្តសុពលភាពអាជ្ញាបណ្ណឱ្យបានលឿន ជូនបងប្អូនមគ្គុទេ្ទសក៍ ទេសចរណ៍។
- ខ្ញុំសូមយកឱកាសនេះ ដើម្បីប្រកាសជូនដល់បងប្អូនមគ្គុទេ្ទសក៍ទេសចរណ៍ទាំងអស់ឲ្យបានជ្រាបថា ដើម្បីជួយដល់បងប្អូន និងសម្រួលក្នុងការប្រកបរបរការងារ ខ្ញុំបានសម្រេចបន្ថែមសុពលភាពអាជ្ញាបណ្ណមគ្គុទេ្ទសក៍ទេសចរណ៍ ពី២ឆ្នាំ ទៅ៣ឆ្នាំ តែម្តង។
- លើសពីនេះទៀត ខ្ញុំបានណែនាំឲ្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ពិនិត្យលទ្ធភាពបន្ថែមម៉ោងទស្សនាទៅលើប្រាសាទមួយចំនួនបន្ថែមទៀត ដើម្បីឱ្យភ្ញៀវទេសចរអាចមើលថ្ងៃលិច ថ្ងៃរះ និងស្តាប់សត្វយំនាពេលព្រលឹម ដូចជាប្រាសាទអង្គរវត្ត ជាដើម។
[9] ជាលទ្ធផល លោកជំទាវ ភឿង សក្កណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានពិភាក្សាជាមួយជំនាញ លើកជាយោបល់ និងសុំគោលការណ៍ឯកភាព។ ខ្ញុំបានប្រគល់ការឯកភាពដូចតទៅ។ ស្ថានភាពបច្ចុប្បន្នគឺប្រាសាទអង្គរវត្ត បើកពីម៉ោង ៥ព្រឹក ដល់ម៉ោង ៥កន្លះល្ងាច ដែលប្រាសាទបិទម៉ោង ៥កន្លះល្ងាចហ្នឹង គ្រាន់តែបញ្ចប់ភ្ញៀវចូលថ្មីតែប៉ុណ្ណោះ ហើយភ្ញៀវដែលមានស្រាប់គឺអនុញ្ញាតឲ្យនៅនិងចេញជាបណ្តើរៗ រហូតដល់ម៉ោង ៦កន្លះល្ងាច។ ប្រាសាទប្រែរូប ប្រាសាទភ្នំបាខែង និងប្រាសាទភ្នំក្រោម ដែលទេសចរនិយមទស្សនានៅពេលថ្ងៃលិច បច្ចុប្បន្នបើកម៉ោង ៧ព្រឹក និងបិទម៉ោង ៧យប់។ ដោយឡែកប្រាសាទផ្សេងៗទៀត បើកពីម៉ោង ៧ព្រឹក ដល់ម៉ោង ៥កន្លះល្ងាច។
ជាគោលបំណង គឺថែរក្សាសុវត្ថិភាពរបស់ប្រាសាទនិងភ្ញៀវ ក្នុងគោលបំណងឲ្យភ្ញៀវទេសចរមានពេលវេលាគ្រប់គ្រាន់ ក្នុងការរៀបចំខ្លួនចាកចេញពីប្រាសាទដោយសន្សឹមៗ រហូតដល់មេឃងងឹត ដោយសារតែប្រាសាទមួយចំនួនមានទំហំធំ។ អញ្ចឹង ក្រោយពីការពិភាក្សាគ្នារបស់ជំនាញក្រសួងវប្បធម៌ ដែលខ្ញុំមានការឯកភាពនោះ គឺយើងធ្វើការកែសម្រួលដូច្នេះ។ ទី១ សម្រាប់ប្រាសាទអង្គរវត្ត យើងកែសម្រួលពីបើកម៉ោង ៥ព្រឹក បិទម៉ោង ៥កន្លះល្ងាច ទៅម៉ោងថ្មី គឺបើកម៉ោង ៥ព្រឹកដដែល តែបិទនៅម៉ោង ៦ល្ងាចវិញ។ ទី២ ប្រាសាទប្រែរូប ប្រាសាទភ្នំបាខែង និងប្រាសាទភ្នំក្រោម យើងកែសម្រួលម៉ោងបើកបិទ គឺពី ៧ព្រឹក ទៅម៉ោង ៧យប់។ យើងបន្ថែមម៉ោងបើក ១ម៉ោង គឺបើកនៅម៉ោង ៦ព្រឹក ហើយបិទម៉ោង ៧យប់វិញ។ ដោយឡែកប្រាសាទផ្សេងៗទៀត ដែលបច្ចុប្បន្នយើងបើកម៉ោង ៧ព្រឹក ហើយបិទម៉ោង ៥កន្លះល្ងាច គឺម៉ោងថ្មីដែលអនុញ្ញាតគឺបើកចាប់ផ្តើមពីម៉ោង ៦ព្រឹក ហើយបិទម៉ោង ៦កន្លះល្ងាច។
ប៉ុន្តែ ពេលវេលាបើកបិទនេះ អាចប្រែប្រួលតាមរដូវកាល ដែលផ្អែកទៅលើមេឃឆាប់ងងឹត ពីខែវិច្ឆិកា ទៅខែឧសភា និងរដូវដែលមេឃក្រងងឹតពីខែមិថុនាដល់ខែតុលា ក្នុងគោលដៅដើម្បីថែរក្សាសុវត្ថិភាពរបស់ប្រាសាទនិងភ្ញៀវ។ ក្រសួងវប្បធម៌ត្រូវប្រកាសចេញនិងអនុវត្តគោលការណ៍នេះពេលខាងមុខ។
- ក្រៅពីការប្ដូរម៉ោងនេះ កន្លងមក ខ្ញុំក៏បានណែនាំក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បន្ធូរលក្ខខណ្ឌនៃការថតរូបនៅតំបន់រមណីយដ្ឋានអង្គរ ដើម្បីជួយបង្កលក្ខណៈឱ្យប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ក្នុងគោលបំណងលើកកម្ពស់ការផ្សព្វផ្សាយសម្បត្តិបេតិកភណ្ឌជាតិ និងជំរុញវិស័យទេសចរណ៍ប្រទេសយើង។
- ខ្ញុំបានណែនាំក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រគល់ភារកិច្ចជូនគ្រឹះស្ថានអង្គរឱ្យកែសម្រួលនីតិវិធីនៃការកំណត់អត្តសញ្ញាណទេសចរចូលទស្សនាប្រាសាទក្នុងតំបន់អង្គរ ឱ្យមានភាពសាមញ្ញ។ បច្ចុប្បន្នភ្ញៀវទិញសំបុត្រចូលទស្សនា ត្រូវឆ្លងកាត់នីតិវិធីបែបបទច្រើន រួមទាំងការថតរូប ពាក់កាត [10] ពេលខ្លះ ការឆែក(ការធ្វើ)នៅពេលដើរកម្សាន្តក្នុងបរិវេណប្រាសាទ ដែលអាចធ្វើឲ្យប៉ះពាល់ដល់អារម្មណ៍ភ្ញៀវ។ មិនមែនបន្ទោសទៅដល់មន្រ្តីរបស់យើងទេ។ វាជាកាតព្វកិច្ច និងភារកិច្ចដែលធ្វើ។ ប៉ុន្តែ យើងត្រូវកែនីតិវិធី។ គប្បីគិតគូរពីនីតិវិធីអ្វីដែលចៀសពីការថតរូបយកព័ត៌មាន ហើយធ្វើបណ្ណដូចរាល់ថ្ងៃ ទៅជាធ្វើនីតិវិធីដែលឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានរាយការណ៍មកខ្ញុំ។ (យើង)បាននិងកំពុងគិតគូរពីជម្រើសមួយចំនួន រួមទាំងកងដៃពាក់ដែលមាន barcode នៅហ្នឹង ឬមួយក៏ QR code នៅក្នុងទូរស័ព្ទតែម្តង ដែលភ្ញៀវទិញហើយមិនចាំបាច់ថតរូប ដាក់រូបថតពាក់កាតចេញចូលទៀតទេ។ រកវិធីយ៉ាងណាឲ្យកាន់តែប្រសើរឡើង។
ចំណុចតូចៗនេះហើយដែលធ្វើប៉ះពាល់ដល់ការងារធំ។ បើយើងសម្រួលចំណុចតូចៗនេះ ខ្ញុំគិតថាយើងអាចជួយសម្រួលទៅដល់វិស័យទេសចរណ៍នៅតំបន់អង្គរកាន់តែល្អប្រសើរ។ ទាំងមគ្គុទេ្ទសក៍ទេសចរក៏យើងអាចជួយសម្រួលតាមគោលការណ៍ដែលខ្ញុំដាក់ខាងលើ ក៏ដូចជាគោលការណ៍សំរាប់ភ្ញៀវទេសចរផ្សេងៗ ដើម្បីធ្វើយ៉ាងណាឲ្យបទពិសោធភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ ក៏ដូចជាបងប្អូនដែលចង់ទៅថតរូបនៅតំបន់អង្គរ កាន់តែមានភាពងាយស្រួល កុំឲ្យពាក់ព័ន្ធនីតិវិធីច្រើន។ ជាមួយគ្នានេះ វាក៏ងាយស្រួលដល់បងប្អូនមន្រ្តីអាជ្ញាធរអប្សារាក្នុងការអនុវត្ត ព្រោះបើលក្ខខណ្ឌកាន់តែសាមញ្ញ ការងារបងប្អូនពិនិត្យក៏កាន់តែអាចថយ ផ្តោតតែលើការងារធំៗ ក្នុងការថែរក្សាសុវត្ថិភាពប្រាសាទ និងទេសចរនៅទីនោះ។
- ឆ្លៀតក្នុងឱកាសនេះ ខ្ញុំក៏សូមលើកបន្តិចពាក់ព័ន្ធនឹងបញ្ហាកន្លងទៅដែលមាន រវាងប្រជាពលរដ្ឋជាមួយនឹងអាជ្ញាធរការពាររមណីយដ្ឋាន និងគ្រប់គ្រងតំបន់អង្គរ គឺអាជ្ញាធរជាតិអប្សរា។ ខ្ញុំសូមជម្រាបជូនបងប្អូនដែលរស់នៅ តំបន់ការពាររមណីយដ្ឋានអង្គរ ថា ខ្ញុំបានប្រគល់ភារកិច្ចជូន ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីដឹកនាំ និងពិភាក្សាជាមួយគ្រប់ភាគីពាក់ព័ន្ធទាំងអស់ សំដៅបន្តស្វែងរកដំណោះស្រាយសេសសល់ ដែលរក្សាតុល្យភាពរវាងការថែរក្សា និងអភិរក្សនូវសម្បតិ្តបេតិកភណ្ឌដូនតាយើង ជាមួយនឹងវឌ្ឍនភាពនៃជីវភាពរបស់ពលរដ្ឋ ដើម្បីឆ្ពោះទៅរកការលុបបំបាត់បញ្ហា និងទំនាស់នានា ដែលកើតមានឡើងជាយូរឆ្នាំមកហើយ ហើយកើតឡើងជារឿយៗរវាងប្រជាពលរដ្ឋ និងអាជ្ញាធរជាតិអប្សរា។
[11] កាតព្វកិច្ចការពារបេតិកភណ្ឌជាតិ ដែលជាកេរ្ដិ៍ដំណែលដូនតារបស់យើង ក៏ត្រូវតែការពារ ប៉ុន្ដែការយកចិត្តទុកដាក់លើការវិវឌ្ឍប្រែប្រួលជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅក្នុងតំបន់នោះ ក៏ត្រូវគិតគូរ ដោយធ្វើយ៉ាងណាពន្លត់ភ្លើងតែម្ដង កុំឲ្យបក់ផ្សែង។ បានន័យថា ពិនិត្យមើលឫសគល់នៃបញ្ហា ពិនិត្យមើលការកំណត់នូវតំបន់ដែលត្រូវការពារ និយមន័យ ក៏ដូចជាលក្ខខណ្ឌមួយចំនួន ដើម្បីយើងអាចសម្រេចបានតុល្យភាពនៃការការពារតំបន់បេតិកភណ្ឌ ជាមួយនឹងតម្រូវការរស់នៅរបស់ប្រជាពលរដ្ឋ។
- ចំពោះវិស័យសំខាន់មួយទៀត ដែលរាជរដ្ឋាភិបាលផ្ដល់ការអន្តរាគមន៍ លើកទឹកចិត្ត គឺ វិស័យអប់រំ៖
- រាជរដ្ឋាភិបាលបានផ្តល់ការលើកទឹកចិត្តផ្នែកពន្ធដារដល់គ្រឹះស្ថានសិក្សានៅទូទាំងព្រះរាជាណាចក្រកម្ពុជារហូតដល់ ដំណាច់ឆ្នាំ២០២៨។ ការលើកទឹកចិត្តនេះនឹងបន្តផ្តល់លទ្ធភាពដល់គ្រឹះស្ថានសិក្សា ក្នុងការពង្រឹងគុណភាពគ្រឹះស្ថានរបស់ខ្លួន ក៏ដូចជាការចូលរួមចំណែកដល់ការលើកកម្ពស់គុណភាពអប់រំជាទូទៅ។
ក្រៅអំពីការលើកទឹកចិត្តផ្នែកពន្ធដារលើវិស័យអាទិភាពខាងលើ រាជរដ្ឋាភិបាលក៏បានលើកទឹកចិត្ត និងផ្តល់ការអនុគ្រោះដល់វិស័យអាទិភាពដទៃទៀតជាច្រើនដែលខ្ញុំមិនអាចរៀបរាប់អស់ក្នុងថ្ងៃនេះ។
ខ. ចំពោះវិធានការលើកទឹកចិត្តវិស័យធនាគារ និងហិរញ្ញវត្ថុ
ធនាគារជាតិនៃកម្ពុជា បានពិភាក្សាជាមួយធនាគារឯកជន និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដើម្បីស្វែងវិធីសាស្រ្តជួយសម្រាលបន្ទុកចំណាយរបស់អាជីវកម្ម សហគ្រាស ប្រជាពលរដ្ឋ និងបង្កើនរំហូរសាច់ប្រាក់ចូលក្នុងទីផ្សារ។ ជាលទ្ធផល ក្នុងទិសដៅធានាបាននូវសាច់ប្រាក់គ្រប់គ្រាន់នៅក្នុងទីផ្សារ រាជរដ្ឋាភិបាល តាមរយៈ ធនាគារជាតិនៃកម្ពុជា បានបន្ធូរបន្ថយនូវលក្ខខណ្ឌមួយចំនួន ដែលអាចបង្កើនលទ្ធភាពឱ្យគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ បញ្ចេញសាច់ប្រាក់ចូលក្នុងសេដ្ឋកិច្ច អាចបានជាង ២ពាន់៣រយលានដុល្លារបន្ថែមទៀត។
[12] បន្ថែមលើនេះ កាលពីវេទិការាជរដ្ឋាភិបាលជួបវិស័យឯកជនលើកទី១៩ នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣កន្លងទៅនេះ ធនាគារជាតិនៃកម្ពុជាបាន៖
- សម្រេចកាត់បន្ថយអត្រាប្រាក់បម្រុងកាតព្វកិច្ចជារូបិយបណ្ណរបស់គ្រឹះស្ថានធនាគារពី ៩% មក ៧% រហូតដល់ដំណាច់ឆ្នាំ២០២៤។ ជាលទ្ធផល ប្រព័ន្ធធនាគារមានសាច់ប្រាក់បន្ថែម ប្រមាណជាង ១ពាន់លានដុល្លារ ដែលបានបញ្ចេញទៅក្នុងសេដ្ឋកិច្ច។ ដើម្បីជួយសម្រួលដល់លំហូរសាច់ប្រាក់ក្នុងសេដ្ឋកិច្ច ធនាគារជាតិបានសម្រេចអនុញ្ញាតឲ្យបន្តគោលការណ៍នេះរហូតដល់ចុងឆ្នាំ២០២៥។
បន្ថែមលើនេះ ធនាគារជាតិក៏បានឯកភាពសម្រាប់ពីនេះរហូតទៅមុខ៖
- បន្ធូរបន្ថយបទប្បញ្ញត្តិពាក់ព័ន្ធនឹងការចាត់ថ្នាក់ហានិភ័យឥណទានបច្ចុប្បន្នរបស់ធនាគារជាតិនៃកម្ពុជា ដោយអនុញ្ញាតឱ្យគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ រៀបចំឥណទានស្តង់ដារឡើងវិញ(ឥណទានមានប្រវត្តិសងត្រឡប់ទៀងទាត់) ជូនអតិថិជនបានចំនួន ២លើក ដោយមិនចាំបាច់ធ្វើចំណាត់ថ្នាក់មកជាឥណទានមិនល្អ រហូតដល់ដំណាច់ឆ្នាំ ២០២៥។ វិធានការនេះ ជួយសម្រួលឱ្យអតិថិជនមានសាច់ប្រាក់ក្នុងដៃស្រាប់សម្រាប់ទ្រទ្រង់ជីវភាពប្រចាំថ្ងៃ។
ជាឧទាហរណ៍ ករណីដែលបងប្អូនត្រូវបង់ធនាគារក្នុងមួយខែ ៥០០ដុល្លារ ទាំងប្រាក់ដើម និងការប្រាក់។ តាមរយៈគោលការណ៍ថ្មីនេះ ដែលធនាគារជាតិបានដាក់ចេញនេះ បងប្អូនប្រហែលជាបង់ត្រឹមពី៣00 ដុល្លារ-៤០០ ដុល្លារ ទាំងប្រាក់ដើម និងការប្រាក់ ឯប្រាក់ដែលនៅសល់ ១០០ដុល្លារ-២០០ដុល្លារ/ខែ គឺសម្រាប់ប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃបាន។
- ធនាគារជាតិក៏អនុញ្ញាតឱ្យគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ បន្ថយរយៈពេលវាយតម្លៃក្នុងការដំឡើងចំណាត់ថ្នាក់ឥណទានរៀបចំឡើងវិញពី ៦ (ប្រាំមួយ) ខែ មកត្រឹម ៣ (បី) ខែ ដោយចាប់ផ្ដើមអនុវត្តពីត្រីមាសទី៤ ឆ្នាំ២០២៤ រហូតដល់ដំណាច់ឆ្នាំ២០២៥ ដើម្បីឱ្យបងប្អូនអាចស្នើសុំរៀបចំឥណទានឡើងវិញបាន ២ (ពីរ) ដង ដោយមិនប៉ះពាល់ដល់ប្រវត្តិឥណទាន នៅក្នុងប្រព័ន្ធការិយាល័យឥណទាន ឬ CBC។ [13] បានន័យថា ធ្វើការរៀបចំឥណទានឡើងវិញបាន ២ដង ដោយមិនចាំបាច់មានចុះក្នុង CBC។
ចំពោះឥណទានរៀបចំឡើងវិញ គ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ ក៏បានឯកភាពដាក់ចេញនូវគោលការណ៍ ដូចខាងក្រោម៖
- គ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ នឹងពិនិត្យឱ្យអស់លទ្ធភាពក្នុងការរៀបចំឥណទានទ្បើងវិញតាមការស្នើសុំរបស់អតិថិជនដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ឱ្យបានទូលំទូលាយ។
- ដើម្បីជួយសម្រាលបន្ទុករបស់អតិថិជនដែលមានបំណងស្នើសុំឥណទានរៀបចំឡើងវិញ គ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ នឹងធ្វើការរៀបចំឥណទានទ្បើងវិញ ដោយ៖
- ឈរលើគោលការណ៍បន្ធូរបន្ថយប្រាក់ពិន័យ ឬឈានទៅដល់ការលុបចោលប្រាក់ពិន័យ
- មិនយកកម្រៃសេវាផ្សេងៗ
- មិនបញ្ចូលការប្រាក់យឺតយ៉ាវដែលអតិថិជនមិនទាន់បានសងទៅជាប្រាក់ដើម ប៉ុន្តែ អតិថិជននៅមានកាតព្វកិច្ចសងការប្រាក់ដែលជំពាក់ទៅតាមវិធាននៃការរៀបចំឥណទានទ្បើងវិញ។ ក្នុងករណីដែលអតិថិជនបង់យឺតយ៉ាវ និង/ឬ ចង់បង់ផ្តាច់ឥណទានមិនដំណើរការ គ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ លុបចោលប្រាក់ពិន័យ។ ដោយទ្បែក ចំពោះការប្រាក់ គ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ អាចពិចារណាលើកលែងមួយផ្នែក ឬទាំងស្រុង ទៅតាមស្ថានភាពជាក់ស្តែងរបស់គ្រឹះស្ថាន ឬគោលការណ៍របស់គ្រឹះស្ថាននីមួយៗ
- ផ្សព្វផ្សាយ និងពន្យល់ដល់អតិថិជនឱ្យបានច្បាស់ថា ព័ត៌មានរបស់អតិថិជនស្តីពីការធ្លាប់រៀបចំឥណទានទ្បើងវិញក្នុងប្រព័ន្ធការិយាល័យឥណទាន គឺជាព័ត៌មានដែលបង្ហាញពីប្រវត្តិរបស់អតិថិជន ដែលមិនមែនជាលក្ខខណ្ឌស្វ័យប្រវត្តិក្នុងការបដិសេធឥណទានថ្មីរបស់អតិថិជននោះទេ។
ក្នុងន័យនេះ ខ្ញុំសូមឱ្យធនាគារជាតិនៃកម្ពុជា គ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ រៀបចំនីតិវិធីនេះឱ្យបានលឿនដើម្បីសម្រួលដល់អតិថិជនដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់បានរៀបចំឥណទានឡើងវិញ ដោយរលូន និងទាន់ពេលវេលា។
[14] បន្ទាប់ទៅនេះ សូមអនុញ្ញាតឲ្យខ្ញុំជម្រាបជូនចំពោះជនរួមជាតិទាំងអស់ ពីអាទិភាពក្នុងវិស័យមួយទៀតដែលរាជរដ្ឋាភិបាលយកចិត្តទុកដាក់គឺវិស័យដីធ្លី។
២. វិស័យដីធ្លី
ទំនាស់ដីធ្លី កង្វះដីធ្លី ការចុះបញ្ជីកម្មសិទ្ធិ និងការទន្ទ្រានដីរដ្ឋ គឺជាបញ្ហាស្មុគស្មាញ និងរ៉ាំរ៉ៃ នៅកម្ពុជា។ ក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ រដ្ឋាភិបាលបានបែងចែកដីកសិកម្មលើកដំបូង ជូនប្រជាពលរដ្ឋ នៅឆ្នាំ១៩៨៥ និងទទួលស្គាល់កម្មសិទ្ធិឯកជនលើដីលំនៅដ្ឋាន នៅឆ្នាំ១៩៨៩។
បន្ថែមលើនេះ រាជរដ្ឋាភិបាលជាច្រើនអាណត្តិបានបន្តដាក់ចេញនូវគោលនយោបាយ និងវិធានការជាក់ស្តែង ដើម្បីព្យាយាមដោះស្រាយទំនាស់ដីធ្លី កង្វះដីធ្លី ការចុះបញ្ជីកម្មសិទ្ធិ និងការទន្ទ្រានដីរដ្ឋ។
- ពាក់ព័ន្ធនឹងការដោះស្រាយវិវាទដីធ្លី៖ ចន្លោះឆ្នាំ២០១៦ ដល់ខែសីហា ឆ្នាំ២០២៤ រាជរដ្ឋាភិបាលបានទទួលពាក្យបណ្តឹងចំនួនជិត ១ម៉ឺន៦ពាន់ ករណី ក្នុងនោះ បានដោះស្រាយរួចរាល់បានចំនួន ១ម៉ឺន៤ពាន់៣រយ ករណី ហើយ នៅសល់ចំនួនជិត ១ពាន់៧រយ ករណីទៀតដែលនៅបន្តដោះ។
- ចំពោះកង្វះខាតដីធ្លី៖ កន្លងមក រាជរដ្ឋាភិបាលបានដាក់ចេញគោលនយោបាយ និងផ្តល់ដីជូនប្រជាពលរដ្ឋ ជាដំណាក់កាល ដូចខាងក្រោម៖
- ជូនប្រជាជនធ្វើមាតុភូមិនិវត្តន៍ពីជាយដែនកម្ពុជា-ថៃ ពីឆ្នាំ១៩៩១ ដល់ឆ្នាំ១៩៩៣
- ជូនអតីតកម្លាំងខ្មែរក្រហមដែលធ្វើសមាហរណកម្ម នៅឆ្នាំ១៩៩៨
- ប្រទានកម្មដីរដ្ឋជូនប្រជាពលរដ្ឋ តាមការអនុវត្តបទបញ្ជា០១ (បប០១) នៅឆ្នាំ២០១២ (បាន ៧០ម៉ឺនក្បាលដី ស្មើ ១លាន២សែន ហិកតា)។
- បន្ថែមលើនោះ រាជរដ្ឋាភិបាលក៏មានធ្វើប្រទានកម្មដីរដ្ឋ តាមរយៈដីសម្បទានសង្គមកិច្ច សម្រាប់អតីតកងកម្លាំងប្រដាប់អាវុធ និងគ្រួសារ គ្រួសារកងទ័ព និងនគរបាលជាតិតាមព្រំដែន ព្រមទាំងប្រជាពលរដ្ឋក្រីក្រស៊ីវិល ចាប់ផ្តើមពីឆ្នាំ២០០៣ បានបែងចែកដីសរុបប្រមាណ ១លាន៤សែន ហិកតា ជូនប្រជាពលរដ្ឋសរុបចំនួន ៤៩ម៉ឺន គ្រួសារ និងសង់ផ្ទះបានចំនួនប្រមាណ ៨ពាន់២រយ ខ្នង។
- ចំពោះការចុះបញ្ជីដីធ្លី៖ រាជរដ្ឋាភិបាល ក្នុងអាណត្តិកន្លងមក បានវាស់វែង និងចុះបញ្ជីដីចំនួនជាង
៧លាន៧សែន ក្បាលដី និងចេញបណ្ណចំនួនប្រមាណ ៧លាន បណ្ណ។ - ដោយឡែក ក្នុងរយៈពេល១២ខែនេះ រាជរដ្ឋាភិបាលបានវាស់វែង និងចុះបញ្ជីដីបន្ថែមបានចំនួនជាង ២ លាន ក្បាលដី និងចេញបណ្ណចំនួនជិត ៥៩ ម៉ឺន បណ្ណ ហើយរំពឹងថា នឹងបញ្ចប់ការវាស់វែងប្រមាណ ២លាន៥សែន ក្បាលដី ដែលនៅសេសសល់ នៅត្រឹមដំណាច់ឆ្នាំ២០២៥ (ដែលជាការបញ្ចប់ទាំងស្រុងនូវការវាស់វែងក្បាលដី នៅទូទាំងប្រទេស) ដោយប្រើប្រាស់កម្លាំងសរុបចំនួនជាង ៥ពាន់នាក់ និងគ្រោងចំណាយថវិកាចំនួន ១០០ លាន ដុល្លារ។ ក្រោយពីការចុះបញ្ជីដីធ្លី និងការចេញបណ្ណកម្មសិទ្ធិ រាជរដ្ឋាភិបាលសង្ឃឹមមុតមាំថា ទំនាស់ដីធ្លីនឹងត្រូវបានកាត់បន្ថយ និងឈានដល់ការលុបបំបាត់នៅពេលខាងមុខ។
- ចំពោះពាក់ព័ន្ធនឹងការទន្ទ្រានកាន់កាប់ដីរដ្ឋ៖ ក្នុងរយៈពេល១២ខែនេះ រាជរដ្ឋាភិបាលបាន និងបន្តចាត់វិធានការទប់ស្កាត់ការទទ្រ្ទានយកដីរដ្ឋ ដីព្រៃឈើ ដីតំបន់ការពារធនធានធម្មជាតិ និងបឹងទន្លេសាប ធ្វើជាកម្មសិទ្ធិឯកជន។ ទន្ទឹមនេះ រាជរដ្ឋាភិបាលក៏បានជំរុញការវាស់វែង កំណត់ព្រំ និងចុះបញ្ជីដីឱ្យបានចប់សព្វគ្រប់ នាពេលខាងមុខ ដើម្បីឈានទៅបញ្ចប់ទំនាស់។
ចំពោះករណីបឹងទន្លេសាប ខ្ញុំសូមអំពាវនាវជាថ្មីទៀត ឱ្យអាជ្ញាធរមូលដ្ឋាន មន្ត្រី និងប្រជាពលរដ្ឋ ចូលរួមទប់ស្កាត់ការកាប់ទន្ទ្រានព្រៃនៅទីនោះ។ ការចូលរួមថែរក្សា និងការពារបឹងទន្លេសាប គឺជាការចូលរួមរក្សាធនធានជលផល និងសន្តិសុខស្បៀងសម្រាប់ប្រជាពលរដ្ឋយើង ក៏ដូចជាសន្តិសុខទឹកសម្រាប់ការប្រើប្រាស់ និងស្រោចស្រព ព្រមទាំងរក្សាបាននូវតុល្យភាពប្រព័ន្ធអេកូឡូស៊ីបឹងទន្លេសាបផងដែរ។
ថ្ងៃនេះ ក្នុ្ងងគោលដៅបន្តដោះស្រាយតម្រូវការរបស់ប្រជាពលរដ្ឋដែលខ្វះដីពិតប្រាកដ និងទប់ស្កាត់សកម្មភាពទន្ទ្រានដីរដ្ឋ ក្នុងនាមរាជរដ្ឋាភិបាល ខ្ញុំសូមជម្រាបជូនជនរួមជាតិនូវកម្មវិធីផ្តល់ដី សម្បទានសង្គមកិច្ចថ្មីមួយទៀតដែលឲ្យឈ្មោះថា “កម្មវិធីផ្តល់ដី ការពារព្រៃ ដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព” សំដៅផ្ដល់ដីសម្បទានសង្គមកិច្ចជូនប្រជាពលរដ្ឋខ្មែរដែលខ្វះដីពិតប្រាកដ និងផ្តល់ឱកាសជូនប្រជាពលរដ្ឋទាំងនេះ បានចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការការពារដីរដ្ឋ និងព្រៃឈើ។ គោលគំនិតដោយសង្ខេបនៃកម្មវិធីនេះ គឺយើងរៀបចំផ្តល់ដីសម្បទានក្នុងក្របខ័ណ្ឌដីសម្បទានសង្គមកិច្ច ជូនប្រជាពលរដ្ឋខ្មែរដែលខ្វះដីពិតប្រាកដ និងជួយរៀបចំការអភិវឌ្ឍនៅនឹងកន្លែងជួយពួកគាត់ ដើម្បីលើកស្ទួយជីវភាពរបស់ប្រជាពលរដ្ឋ។ ត្រឡប់មកវិញ ប្រជាពលរដ្ឋទាំងនេះនឹងជួយដល់រាជរដ្ឋាភិបាលក្នុងការការពារ ទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើ និងទន្ទ្រានដីរដ្ឋខុសច្បាប់ នៅជុំវិញតំបន់ដែលពួកគាត់រស់នៅ។
[15] កិច្ចការនេះ គឺយើងអាចរំលត់បញ្ហាពីរក្នុងពេលតែមួយ។ ទី១ ប្រជាពលរដ្ឋដែលខ្វះខាតដីពិតប្រាកដ យើងនឹងរៀបចំយន្តការដើម្បីបង្កើនប្រសិទ្ធភាព និងសន្ទុះ នៅក្នុងការជួយដល់គាត់ឱ្យទាន់ពេលវេលា តាមរយៈការរៀបចំយន្តការថ្នាក់ជាតិ ដែលនាយករដ្ឋមន្រ្តីជាប្រធាន និងមានយន្តការលេខាធិការដ្ឋាន ដើម្បីធ្វើការងារនេះដោយប្រសិទ្ធភាព ធានានូវភាពត្រឹមត្រូវ និងសុក្រឹតភាព ធានាថាប្រជាពលរដ្ឋដែលអត់ដីពិតប្រាកដនឹងទទួលបានផល។ ពេលជាមួយគ្នា យើងប្រើប្រាស់ការចូលរួមរបស់ប្រជាពលរដ្ឋទាំងនេះ នៅក្នុងការការពារតំបន់ធម្មជាតិ និងដីរដ្ឋផ្សេងៗទៀត ដែលគាត់តាំងទីលំនៅនោះ។ ការដៅចំណុចរៀបចំនូវកម្មវិធីនេះ ក៏បានគិតគូរដល់តំបន់ទិសឦសាន និងតំបន់មួយចំនួនទៀត ដែលមានការចាំបាច់ នៅក្នុងការការពារធនធានធម្មជាតិ ក៏ដូចជាជំរុញការអភិវឌ្ឍប្រទេស។ អញ្ចឹងទាក់ទងទៅនឹងកិច្ចការនេះ យើងនឹងរៀបចំគោលការណ៍អនុវត្ត។ សង្ឃឹមថាអាចអនុវត្តបាននៅក្នុងដំណាច់ឆ្នាំ២០២៤ នេះ។
៣. ចំណុចចុងក្រោយដែលខ្ញុំនឹងលើកជម្រាបជូនបងប្អូនជនរួមជាតិទាំងអស់ គឺពាក់ព័ន្ធនឹងការអភិវឌ្ឍតំបន់ព្រំដែន
- ការកសាងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់តាមបណ្តោយព្រំដែន ជាពិសេសផ្លូវតាមខ្សែក្រវាត់ព្រំដែន គឺជាកិច្ចការមួយដែលសំខាន់ក្នុងការជំរុញការអភិវឌ្ឍតាមបណ្តោយព្រំដែន។ [16] ជាក់ស្ដែង រាជរដ្ឋាភិបាលជាច្រើនអាណត្តិ បានរៀបចំក្នុងការជំរុញការកសាងផ្លូវនេះ។
- ចាប់តាំងពីឆ្នាំ១៩៩៤មក រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ក្នុងការកសាងផ្លូវក្រវាត់ព្រំដែនជាមួយប្រទេសវៀតណាម ឡាវ និងថៃ។ គិតដល់ពេលនេះ យើងកសាងបានផ្លូវតាមបណ្តាយ៖
- ព្រំដែនកម្ពុជា-វៀតណាម ចន្លោះ២០១៧-២០២២ កសាងផ្លូវបាន ៦៨៥,៩៦ គ.ម លើផែនការសរុប ១.០៦៩ គ.ម។
- ព្រំដែនកម្ពុជា-ថៃ ដែលចាប់ផ្ដើមកសារពីឆ្នាំ១៩៩៤-២០២៣ កសាងផ្លូវបាន ៤៥៥,៥០ គ.ម លើផែនការសរុប ៥០៩ គ.ម។
- ចំពោះផ្លូវតាមបណ្ដោយព្រំដែនកម្ពុជា-ឡាវ ចន្លោះ២០១៥-២០២២ យើងកសាងផ្លូវបាន ១៧៩,២០ គ.ម លើផែនការសរុប ៣៧៧ គ.ម។
កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤ ខ្ញុំបានផ្តល់គោលការណ៍ឯកភាពលើផែនការមេរបស់បញ្ជាការដ្ឋានវិស្វកម្មអគ្គបញ្ជាការដ្ឋាន នៃខ.ភ.ម សម្រាប់បញ្ចប់ជំហាន១ លើការបោះបង្គោលខណ្ឌសីមា និងការស្ថាបនាបណ្តាញផ្លូវគមនាគមន៍តំបន់ព្រំដែនកម្ពុជា ជាប់ប្រទេសថៃ ឡាវ និងវៀតណាម សម្រាប់រយៈពេល ១០ ឆ្នាំ (២០២៤-២០៣៤) លើដីដែលបានឯកភាពគ្នារួចហើយ។
ខ្ញុំសូមយកឱកាសនេះ ប្រកាសជូនបងប្អូនជនរួមជាតិថា ខ្ញុំបានសម្រេចផ្តួចផ្តើមបង្កើត “មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមបណ្តោយព្រំដែន” ដែលមានគោលដៅពីរគឺ (ទី១) កៀរគរថវិកាបន្ថែម និង (ទី២) ផ្តល់ឱកាសឱ្យប្រជាពលរដ្ឋទូទាំងប្រទេស បានចូលរួមដោយផ្ទាល់ ជាមួយរាជរដ្ឋាភិបាល ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត នៅតាមបណ្តោយព្រំដែន ដោយផ្តោតការយកចិត្តទុកដាក់ពិសេស លើផ្លូវក្រវាត់ព្រំដែន។ ហេតុដូច្នេះ ខ្ញុំសូមអំពាវនាវដល់បងប្អូនជនរួមជាតិទាំងអស់ចូលរួមជាមួយខ្ញុំក្នុងបុព្វហេតុនេះ [17] ដើម្បីរួមគ្នាក្នុងការកសាងផ្លូវក្រវាត់ព្រំដែន ដែលរួមគ្នាក្នុងការការពារបូរណភាពទឹកដីរបស់យើង។
[18] ពាក់ព័ន្ធនឹងកង្វល់របស់ប្រជាពលរដ្ឋ អំពីការអភិវឌ្ឍខេត្ត៤នៅទិសឦសាននេះ ដូចបងប្អូនជនរួមជាតិបានឃើញហើយថា គំនិតផ្តួចផ្តើមនិងកម្មវិធីនយោបាយដែលយើងដាក់ចេញខាងលើរួមមាន៖ “មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមបណ្តោយព្រំដែន” ផ្តោតលើការកសាងផ្លូវក្រវាត់ព្រំដែន, “កម្មវិធីផ្តល់ដី ការពារព្រៃ ដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព” ដែលនឹងបង្កលក្ខណៈជំរុញឱ្យប្រជាពលរដ្ឋទៅរស់នៅកាន់ច្រើនក្នុងខេត្តឦសាន, និង “ការពង្រាយមន្ត្រីបច្ចេកទេសកសិកម្ម” ដែលនឹងត្រូវពង្រាយនៅគ្រប់ឃុំនៅខេត្តទាំង៤ គឺសុទ្ធតែជួយបង្កើតជាសហថាមពលក្នុងការអភិវឌ្ឍទិសឦសាន ជាពិសេសខេត្តទាំង៤នោះតែម្ដង។
បន្ថែមលើនេះ ខ្ញុំបានណែនាំឱ្យរៀបចំកម្មវិធី ២បន្ថែមទៀត។ កម្មវិធីទី១ គឺដំណើរកម្សាន្តដោយឥតគិតថ្លៃ នៅរៀងរាល់ចុងសប្តាហ៍ ដែលចាប់ផ្តើមអនុវត្តពីខែកញ្ញា រហូតដល់ចុងឆ្នាំ២០២៤ ដើម្បីឱ្យបងប្អូនប្រជាពលរដ្ឋ ជាពិសេស យុវជន បានទៅដល់ខេត្ត និងឃើញទិដ្ឋភាពជាក់ស្តែងតាមផ្លូវព្រំដែន ការអភិវឌ្ឍព្រំដែន ក៏ដូចជាការអភិវឌ្ឍរបស់ប្រជាជនក្នុងខេត្តនោះ។ កន្លងទៅ ខ្ញុំធ្លាប់បានអំពាវនាវឲ្យបងប្អូនទៅលេងឲ្យច្រើន។ ពេលខ្លះ បងប្អូនថាចង់ទៅដែរ តែអត់លុយ។ ឥឡូវ រាជរដ្ឋាភិបាលនឹងរៀបចំកម្មវិធីនេះ ដោយផ្ដល់ជូនមធ្យោបាយដឹកជញ្ជូន រថយន្ត និងអាហារដោយមិនគិតថ្លៃ នៅរៀងរាល់ចុងសប្ដាហ៍ ចាប់ពីខែកញ្ញារហូតដល់ខែធ្នូ។
ឯកឧត្ដម នេត ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មានបានទទួលភារកិច្ចរៀបចំនិងដាក់ចេញជាព័ត៌មានលម្អិត អំពីការចុះឈ្មោះ និងពេលវេលាដើម្បីអនុវត្ត។ ខ្ញុំសូមអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋ មានអ្នកភ្នំពេញ ជាពិសេសយុវជន និងនិស្សិត ដែលចង់ទៅមើលឲ្យស្គាល់ តើនៅព្រំដែន(មានសភាព)យ៉ាងណា។ តើផ្លូវដែលយើងបានធ្វើ មានចម្ងាយប៉ុន្មានពីព្រំដែន។ តើប្រជាពលរដ្ឋដែលរស់នៅទីនោះមានជីវភាពដូចម្ដេច។ តើអាចទេ ដែលថាទៅថ្ងៃក្រោយ ប្រជាពលរដ្ឋទាំងនោះនឹងក្លាយទៅជាមិនមែនប្រជាពលរដ្ឋខ្មែរ។ តើអាចទេ ដែលថាកម្ពុជានឹងត្រូវបាត់បង់ខេត្តទាំង៤ និងបាត់បង់អធិបតេយ្យភាពនៅខេត្តទាំង៤។
នេះគឺជាកង្វល់របស់ប្រជាពលរដ្ឋទាំងអស់ មិនថាអ្នកគាំទ្រឬមិនគាំទ្រ នូវកិច្ចសហប្រតិបត្តិការត្រីកោណអភិវឌ្ឍ DTA នោះទេ។ នេះគឺជាសិទ្ធិ និងកាតព្វកិច្ច។ ខ្ញុំសុំដាក់ចេញនូវកម្មវិធីទាំងប៉ុន្មាននេះ ដោយសារខ្ញុំស្ដាប់ប្រជាពលរដ្ឋ អំពីការព្រួយបារម្ភរបស់គាត់។ ដូចខ្ញុំបានលើកកន្លងទៅ ប្រជាពលរដ្ឋភាគច្រើនលើសលប់ មិនខ្វល់ប៉ុន្មានរឿង DTA ឬមិន DTA ទេ តែខ្វល់ថា ធ្វើយ៉ាងណាកុំឲ្យបាត់ខេត្តទាំង៤ បាត់ដី បាត់អធិបតេយ្យភាព មិនត្រឹមតែខេត្តទាំង៤ទេ គឺនៅទូទាំងប្រទេសតែម្ដង ហើយជំរុញការអភិវឌ្ឍនិងថែរក្សានូវស្ថិរភាព និងសន្តិសុខជូនគាត់ឲ្យបាន។
អញ្ចឹងកម្មវិធីដែលបានដាក់ចេញ ព្រមទាំងគំនិតផ្ដួចផ្ដើម ទាំងការកសាងហេដ្ឋារចនាសម្ព័ន្ធព្រំដែន កសាងផ្លូវ ការជំរុញអភិវឌ្ឍន៍នៅទីនោះ ក៏ដូចជាការរៀបចំដីសម្បទានសង្គមកិច្ចជូនប្រជាពលរដ្ឋដែលអត់មានដីពិតប្រាកដ ដើម្បីបានទៅរស់នៅទីនោះ និងការជួយកសាងភូមិឃុំអភិវឌ្ឍនៅតាមខេត្តជាប់ព្រំដែន ជាពិសេសនៅតំបន់ព្រំដែននេះ គឺអាចបញ្ជាក់ដល់បងប្អូនអាចមានការព្រួយបារម្ភទាំងនោះថារាជរដ្ឋាភិបាលបានស្ដាប់(មតិរបស់បងប្អូន)។ យើងមិនមែនបានត្រឹមតែស្ដាប់ តែមិនធ្វើសកម្មភាពនោះទេ។ យើងធ្វើសកម្មភាពជាក់ស្ដែង ដាក់ចេញនូវគោលនយោបាយពិតប្រាកដ ត្រៀមលក្ខណៈជាស្រេចដើម្បីជំរុញការអភិវឌ្ឍនៅតំបន់នោះឲ្យកើនទាំងមនុស្សឲ្យលឿន ឲ្យកើនការអភិវឌ្ឍឲ្យច្រើន បូកជាមួយការកសាងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ ដើម្បីប្រជាពលរដ្ឋខ្មែរអាចបានទៅដល់ទីនោះ អាចបានចូលរួមថែរក្សាការពារទឹកដីរបស់យើង។
បន្ថែមទៅលើដំណើរកម្សាន្ត ខ្ញុំក៏បានប្រគល់ភារកិច្ចមួយទៀតជូន ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ប្រធានគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រៀបចំកញ្ចប់លើកទឹកចិត្តជំរុញការវិនិយោគនៅតំបន់ភាគឦសាន សម្រាប់ឆ្នាំ២០២៥ ហើយសូមរៀបចំឲ្យបានចប់សព្វគ្រប់នៅចុងឆ្នាំ២០២៤។ ធ្វើយ៉ាងនេះគឺចង់លើកទឹកចិត្តទៅដល់វិនិយោគិន ជាពិសេសវិនិយោគិនក្នុងស្រុកឲ្យទៅអភិវឌ្ឍនៅតំបន់នោះ។
គោលនយោបាយ និងសកម្មភាពទាំងអស់នេះ ជាអ្វីដែលសបញ្ជាក់ពីសុឆន្ទៈរបស់រាជរដ្ឋាភិបាលនៅក្នុងការធានាឲ្យបានថាមិនមានការបាត់បង់ទឹកដី និងអធិបតេយ្យភាពរបស់កម្ពុជា មិនត្រឹមខេត្ត ៤ទេ ប៉ុន្តែនៅទូទាំងប្រទេស។ គ្រាន់តែថា បើនិយាយពីកង្វល់របស់ប្រជាជនបច្ចុប្បន្ន គឺនៅក្នុងក្របខ័ណ្ឌ CLV-DTA នៃខេត្តទាំង ៤នេះ។ គោលនយោបាយ និងលទ្ធផលការងារទាំងនេះ នឹងពង្រឹងសមត្ថភាពរបស់កម្ពុជាក្នុងការរស់នៅ ការអភិវឌ្ឍប្រទេស ការអភិវឌ្ឍក្នុងតំបន់ ដែលនឹងជួយដោះស្រាយកង្វល់របស់ប្រជាពលរដ្ឋ និងភាពមន្ទិលសង្ស័យមកលើរដ្ឋាភិបាលថាមានចេតនាចង់ឲ្យខេត្តទាំង ៤នេះ ទៅប្រទេសផ្សេង ឬមួយក៏បាត់បង់អធិបតេយ្យភាព។
ដោយហេតុហ្នឹង (ដោយធ្វ់ដូចនេះបញ្ជាក់ថា) ខ្ញុំបានស្តាប់ប្រជាពលរដ្ឋយើង ទាំងអ្នកគាំទ្រនិងអ្នកមិនគាំទ្រ។ ការព្រួយបារម្ភជាងគេ គឺនៅថ្ងៃអនាគត ខ្លាចប្រជាជនកម្ពុជាបាត់បង់អធិបតេយ្យភាព ខ្លាចអត់មានប្រជាជនកម្ពុជានៅទីនោះច្រើន ខ្លាចមានជនជាតិផ្សេងច្រើន ខ្លាចប្រទេសយើងអត់អភិវឌ្ឍ ឬដាច់ទៅគេ ខ្លាចយើងអត់មានតភ្ជាប់ខេត្តទាំង ៤ នោះ ជាមួយនឹងខេត្តផ្សេងៗទៀត ដែលទុកឱកាសឲ្យប្រទេសផ្សេងត្រួតត្រា។
គោលនយោបាយ និងគំនិតផ្តួចផ្តើមដែលខ្ញុំដាក់ចេញទាំងនេះ ជាថ្មីម្តងទៀតពាក់ព័ន្ធនឹងការកសាងហេដ្ឋារចនាសម្ព័ន្ធជំរុញអភិវឌ្ឍនៅទីនោះ និងជំរុញកំណើនប្រជាជននៅទីនោះ ដើម្បីឆ្លើយតបទៅនឹងអ្វីដែលបងប្អូនបានលើក(ឡើងជាក្តីបារម្ភ)។ ប្រជាពលរដ្ឋភាគច្រើនលើសលប់ ចង់បាននូវការធានាថា កម្ពុជានឹងមិនបាត់បង់ខេត្តទាំង៤ កម្ពុជានឹងមិនបាត់បង់អធិបតេយ្យភាពលើខេត្តទាំង៤ កម្ពុជានឹងមានប្រជាពលរដ្ឋកាន់តែរីកច្រើនក្នុងខេត្តទាំង៤ ប្រជាពលរដ្ឋខ្មែរកាន់តែរឹងមាំក្នុងខេត្តទាំង៤ សេដ្ឋកិច្ចកាន់តែរីកចម្រើនក្នុងខេត្តទាំង៤ ដោយធានាបានភាពម្ចាស់ការរបស់កម្ពុជាក្នុងការអភិវឌ្ឍ បូកជាមួយនឹងការធានាឲ្យបានសុខសន្តិភាព ស្ថិរភាព កុំឲ្យមានការបែកបាក់ឯកភាពជាតិខ្មែរតទៅទៀត។
ជាថ្មីម្តងទៀត ខ្ញុំសុំធានាចំពោះប្រជាពលរដ្ឋ ចំពោះមុខព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ ក៏ដូចជាជនរួមជាតិទាំងអស់ថា រាជរដ្ឋាភិបាលសុំធានាថា (ការរក្សា)អធិបតេយ្យភាព បូរណភាពទឹកដី ការអភិវឌ្ឍប្រទេសជាតិកម្ពុជា ក្នុងបុព្វហេតុបម្រើជាតិ និងប្រជាជន គឺជាគោលដៅ និងការប្តេជ្ញាចិត្តធំបំផុតរបស់រាជរដ្ឋាភិបាល។ យើងនឹងបន្តរួមគ្នាដើម្បីធ្វើការងារនេះ។ ខ្ញុំសុំឲ្យប្រជាពលរដ្ឋយើងទាំងអស់គ្រប់និន្នាការ ទាំងក្នុងនិងក្រៅប្រទេសជឿទុកចិត្តទៅលើរាជរដ្ឋាភិបាល ហើយរួមគ្នាជាមួយនឹងរាជរដ្ឋាភិបាលនៅក្នុងការថែរក្សាសុខសន្តិភាព ស្ថិរភាព ការឯកភាពជាតិ ក៏ដូចជាជំរុញក្នុងការអភិវឌ្ឍប្រទេសជាតិយើង ដើម្បីឲ្យខ្មែរកាន់តែខ្លាំង ខ្មែរកាន់តែរួមគ្នា ដើម្បីកំណត់ជោគវាសនារបស់ខ្មែរ។ គ្មានអ្នកណាស្រលាញ់ខ្មែរជាងខ្មែរទេ គ្មានអ្នកណាការពារផលប្រយោជន៍ខ្មែរជាងខ្មែរនោះទេ។ ហេតុដូច្នេះ ខ្មែរត្រូវតែរួមគ្នាដើម្បីខ្មែរកាន់តែខ្លាំង។
នេះជាសាររបស់ខ្ញុំ ក្នុងនាមជាប្រមុខរាជរដ្ឋាភិបាលអាណត្តិទី៧ នៃរដ្ឋសភា។ រាជរដ្ឋាភិបាលបានប្តេជ្ញាចិត្ត និងអនុវត្តបន្តទៀតនូវគោលដៅទាំងអស់នេះ ក្នុងការជំរុញសេដ្ឋកិច្ចជាតិ មិនត្រឹមតែខេត្តទាំង៤ (ប៉ុណ្ណោះទេ តែ)គឺនៅទូទាំងប្រទេស និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ដើម្បីបានប្រសើរឡើង ឆ្ពោះទៅរកគោលដៅនៃប្រទេសរីកចម្រើន ប្រទេសអ្នកមាននៅឆ្នាំ២០៥០។
ជាទីបញ្ចប់ ខ្ញុំព្រះករុណាខ្ញុំ សូមថ្វាយប្រគេនពរចំពោះព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ និងសូមជូនពរដល់បងប្អូនជនរួមជាតិគ្រប់ៗរូប ឱ្យទទួលបាននូវសេចក្តីសុខ និង សូមប្រកបដោយពុទ្ធពរ និងពរ ៥ ទាំងប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ និង បដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ។ សូមអរព្រះគុណ និងសូមអរគុណ៕