សេចក្តីដកស្រង់ប្រសាសន៍ សម្ដេចធិបតី ហ៊ុន ម៉ាណែត ប្រកាសអនុវត្តកម្មវិធីគោលនយោបាយ អាទិភាពចំនួន៦(កម្មវិធីទី៤) របស់រាជរដ្ឋាភិបាល
ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ឯកឧត្តម លោកជំទាវ សមាជិក សមាជិការាជរដ្ឋាភិបាល!ឯកឧត្តម លោកជំទាវ ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត និងអង្គពិធីទាំងមូលជាទីរាប់អាន! ថ្ងៃនេះ ខ្ញុំពិតជាមានសេចក្ដីសោមនស្សរីករាយក្រៃលែង ដែលបានចូលរួមជាអធិបតីនៅក្នុងពិធីសម្ពោធដាក់ឱ្យអនុវត្តជាផ្លូវការនូវយុទ្ធសាស្រ្តជាតិស្ដីអំពី “ការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធឆ្នាំ ២០២៣-២០២៨” ដែលជាឯកសារដ៏មានសារសំខាន់ ដែលត្រូវបានដាក់បញ្ចូលទៅក្នុងកម្មវិធីគោលនយោបាយអាទិភាពមួយ ក្នុងចំណោម អាទិភាព ៦ របស់រាជរដ្ឋាភិបាល ដែលត្រូវចាប់ផ្ដើមអនុវត្តឱ្យបាននៅមុនដំណាច់ឆ្នាំ ២០២៣។ នៅក្នុងឱកាសដ៏វិសេសវិសាលនេះ សូមពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលជាអគ្គមគ្គទេសក៍ដ៏ឆ្នើម ក្នុងការផ្ដួចផ្ដើម និងចង្អុលបង្ហាញឱ្យរៀបចំនូវយុទ្ធសាស្រ្តជាតិនេះឡើង។ [ចាប់ផ្ដើមសេចក្ដីអត្ថាធិប្បាយ ១] (១) សុវត្ថិភាពរបស់ប្រជាពលរដ្ឋ ពិសេសរបស់និស្សិត ជាអាទិភាពធំបំផុតរបស់រាជរដ្ឋាភិបាល មុននឹងចូលដល់ប្រធានបទ ដែលយើងជជែកគ្នាអំពីសេដ្ឋកិច្ចក្រៅប្រព័ន្ធ តាងនាមឱ្យរាជរដ្ឋាភិបាល និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមចូលរួមរំលែកទុក្ខក្រៀមក្រំបំផុតជាមួយនឹងគ្រួសារសពនៃនិស្សិតខ្មែររបស់យើងម្នាក់ឈ្មោះ ចាន់ ឧត្តម ដែលបានបាត់បង់ជីវិតនៅក្នុងហេតុការណ៍ប្រយុទ្ធគ្នា រវាងកងទ័ពអ៊ីស្រាអែល និងកងទ័ព (Hamas) ហាម៉ាសដែលចាប់ផ្ដើមតាំងពីថ្ងៃទី ០៧ ខែតុលា កន្លងមកនេះ។ សូមយកឱកាសនេះ បញ្ជាក់ជូនបងប្អូនជនរួមជាតិទាំងអស់ ជាពិសេសនិស្សិតដែលកំពុងមានវត្តមាននៅប្រទេសអ៊ីស្រាអែល ក៏ដូចជាគ្រួសាររបស់ខ្លួននៅប្រទេសកម្ពុជាថា…