សុន្ទរកថានិងសេចក្ដីអធិប្បាយ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងពិធីបើកវេទិកាធុរកិច្ចកម្ពុជា-វៀតណាម ឆ្នាំ២០២៦

ឯកឧត្តម ឡេ មិញ ហ៊ឹង នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម; ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី និងអង្គវេទិកាទាំងមូល ជាទីមេត្រី! ខ្ញុំពិតជាមានសេចក្តីសោមនស្សរីករាយ ដែលបានចូលរួមជាមួយ ឯកឧត្តម ឡេ មិញ ហ៊ឹង ក្នុងវេទិកាធុរកិច្ចកម្ពុជា-វៀតណាម ឆ្នាំ២០២៦ នាពេលនេះ។ ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ខ្ញុំសូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះ ឯកឧត្តមនាយករដ្ឋមន្រ្តី និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម ព្រមទាំងធុរជន និងវិនិយោគិនវៀតណាមទាំងអស់ ដែលបានអញ្ជើញមកកាន់ព្រះរាជាណាចក្រកម្ពុជា។ ខ្ញុំសូមថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្រសួងពាណិជ្ជកម្ម ស្ថានទូតវៀតណាមប្រចាំកម្ពុជា សភាពាណិជ្ជកម្មកម្ពុជា និងសមាគមធុរកិច្ចវៀតណាម-កម្ពុជា ដែលបានសហការរៀបចំវេទិកាដ៏មានសារៈសំខាន់នេះឡើង។ វត្តមានដ៏ច្រើនកុះកររបស់ធុរជនកម្ពុជា និងវៀតណាមនាថ្ងៃនេះ បានឆ្លុះបញ្ចាំងពីទំនុកចិត្ត និងចំណាប់អារម្មណ៍របស់វិស័យឯកជនក្នុងការពង្រីកកិច្ចសហប្រតិបត្តិការផ្នែកពាណិជ្ជកម្ម វិនិយោគ និងធុរកិច្ចរវាងប្រទេសយើងទាំងពីរ។ វេទិកានាថ្ងៃនេះប្រព្រឹត្តទៅក្នុងពេលដែលសភាពការណ៍តំបន់ និងសកលមានការប្រែប្រួលយ៉ាងឆាប់រហ័ស និងស្មុគស្មាញ ដែលការណ៍នេះកំពុងជំរុញឱ្យមានការរៀបចំឡើងវិញនូវខ្សែច្រវាក់ផ្គត់ផ្គង់ និងការផ្លាស់ប្តូរវិធាននៃការសម្រេចចិត្តក្នុងការវិនិយោគ។ ក្នុងបរិការណ៍នេះ អ្វីដែលគួរឱ្យកត់សម្គាល់នោះគឺ កម្ពុជា និងវៀតណាមបន្តជ្រើសរើសយកការតភ្ជាប់កិច្ចសហប្រតិបត្តិការ និងការបំពេញឱ្យគ្នាទៅវិញទៅមក។ ទំនាក់ទំនងរវាងប្រទេសយើងទាំងពីរ…